ការរំដោះចូលទៅពិភពលោកថ្មីដ៏សុចរិត
«ហើយ[ពួកគេ]នឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។—ទំនុកដំកើង ៣៧:១១
១, ២. (ក) តើការរំដោះរបស់ព្រះយេហូវ៉ាក្នុងសម័យយើងនេះ ខុសគ្នាយ៉ាងណាពីការរំដោះនៃសម័យពីដើម? (ខ) តើព្រះយេហូវ៉ានឹងនាំប្រជារាស្ត្ររបស់ទ្រង់ចូលទៅពិភពលោកបែបណា?
ព្រះយេហូវ៉ាជាព្រះនៃការរំដោះ។ ក្នុងសម័យពីដើម ទ្រង់បានរំដោះប្រជារាស្ត្ររបស់ទ្រង់ជាច្រើនលើកច្រើនសា។ ការរំដោះទាំងនោះគឺគ្រាន់តែជាការបណ្ដោះអាសន្នប៉ុណ្ណោះទេ ពីព្រោះព្រះយេហូវ៉ាមិនបានកាត់សេចក្ដីជំនុំជំរះជាអចិន្ត្រៃយ៍របស់ទ្រង់ លើលោកីយ៍ទាំងមូលរបស់សាតាំងនៅឡើយ។ ប៉ុន្តែក្នុងសម័យយើងនេះ មិនយូរប៉ុន្មានទៀត ព្រះយេហូវ៉ានឹងចាត់វិធានការរំដោះដ៏ធំបំផុតសំរាប់ពួកអ្នកបំរើរបស់ទ្រង់។ នៅលើកនេះ ទ្រង់នឹងកំទេចអ្វីៗទាំងអស់នៃប្រព័ន្ធរបស់សាតាំងទូទាំងពិភពលោក ហើយទ្រង់នឹងនាំពួកអ្នកបំរើចូលទៅពិភពលោកថ្មីដ៏សុចរិតជាអចិន្ត្រៃយ៍។—ពេត្រុសទី២ ២:៩; ៣:១០-១៣
២ ព្រះយេហូវ៉ាបានសន្យាថា៖ «ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ . . . ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។ (ទំនុកដំកើង ៣៧:១០, ១១) តើនឹងរស់នៅបានប៉ុន្មានឆ្នាំ? «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។ (ទំនុកដំកើង ៣៧:២៩; ម៉ាថាយ ៥:៥) ប៉ុន្តែ មុននឹងការណ៍ទាំងនេះកើតឡើង ពិភពលោកនេះនឹងត្រូវឆ្លងកាត់គ្រាលំបាកដ៏ធំមួយដែលមិនដែលធ្លាប់មានពីមុនមក។
«សេចក្ដីវេទនាជាខ្លាំង»
៣. តើព្រះយេស៊ូបានរៀបរាប់យ៉ាងណាខ្លះអំពី«សេចក្ដីវេទនាជាខ្លាំង»?
៣ ក្នុងឆ្នាំ១៩១៤ ពិភពលោកនេះបានចូលទៅក្នុង«ថ្ងៃជាន់ក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១-៥, ១៣) ឥឡូវនេះ យើងបានមកដល់៨៣ឆ្នាំក្នុងកំឡុងគ្រានោះ ហើយជិតមកដល់ទីបញ្ចប់ ជាគ្រាដែលរបស់ទាំងនេះនឹងកើតឡើង ដូចព្រះយេស៊ូបានទាយមក៖ «ដ្បិតនៅគ្រានោះ នឹងមានសេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម្ល៉េះបានជាតាំងពីដើមកំណើតលោកីយ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ»។ (ម៉ាថាយ ២៤:២១) ត្រូវហើយ គឺអាក្រក់ជាងសង្គ្រាមលោកលើកទីពីរទៅទៀតដែលមនុស្ស៥០លាននាក់បានស្លាប់។ គ្រាដ៏សំខាន់នេះគឺជិតមកដល់ហើយ!
៤. ហេតុអ្វីក៏សេចក្ដីជំនុំជំរះរបស់ព្រះធ្លាក់មកលើ«បាប៊ីឡូនដ៏ធំ»?
៤ «សេចក្ដីវេទនាជាខ្លាំង»នឹងមកមួយភ្លែត «តែ១ម៉ោងទេ»។ (វិវរណៈ ១៨:១០) ការផ្ទុះឡើងនេះនឹងឃើញជាក់ស្តែងដោយការកាត់ទោសរបស់ព្រះ ទៅលើសាសនាមិនពិតទាំងឡាយ ដែលបន្ទូលរបស់ព្រះហៅថា«បាប៊ីឡូនដ៏ធំ»។ (វិវរណៈ ១៧:១-៦, ១៥) លក្ខណៈដ៏ធំនៃក្រុងបាប៊ីឡូនពីដើមគឺសាសនាមិនពិត។ ក្រុងបាប៊ីឡូនទំនើបនេះក៏ដូចក្រុងបាប៊ីឡូនពីដើមដែរ ដែលតំណាងដោយចក្រភពទូទៅនៃសាសនាមិនពិត។ វាបានដើរតួជាស្ត្រីពេស្យា ដោយសុខចិត្តប្រតិបត្ដិតាមផ្នែកនៃលោកីយ៍នេះ។ វាបានគាំទ្រសង្គ្រាមហើយបានប្រទានពរដល់ពួកកងទ័ពសងខាង ដែលធ្វើឲ្យមនុស្សក្នុងសាសនាដូចគ្នាកាប់សម្លាប់គ្នាឯង។ (ម៉ាថាយ ២៦:៥១, ៥២; យ៉ូហានទី១ ៤:២០, ២១) វាមិនបានអើពើដល់ការប្រព្រឹត្តដ៏ពុករលួយនៃពួកអ្នកកាន់សាសនានោះទេ ហើយបានបៀតបៀនដល់ពួកគ្រីស្ទានពិត។—វិវរណៈ ១៨:៥, ២៤
៥. តើ«សេចក្ដីវេទនាជាខ្លាំង»នឹងចាប់ផ្ដើមដោយយ៉ាងណា?
៥ «សេចក្ដីវេទនាជាខ្លាំង»នឹងចាប់ផ្ដើមឡើង នៅពេលដែលផ្នែកនយោបាយចាប់វាយប្រហារភ្លាមលើ«បាប៊ីឡូនដ៏ធំ»។ ពួកគេ«នឹងស្អប់ដល់ស្រីសំផឹង ហើយនឹងបំផ្លាញវាទៅ ទាំងធ្វើឲ្យវានៅអាក្រាត រួចនឹងស៊ីសាច់វា ហើយដុតវានៅក្នុងភ្លើង»។ (វិវរណៈ ១៧:១៦) ក្រោយមក ពួកគាំទ្ររបស់វាពីមុន «នឹងយំទួញហើយសោកសង្រេង»។ (វិវរណៈ ១៨:៩-១៩) ប៉ុន្តែ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាបានទន្ទឹងចាំពេលនេះជាយូរមកហើយ ពួកគេនឹងលាន់មាត់ថា៖ «ហាលេលូយ៉ា . . . ពីព្រោះទ្រង់បានកាត់ទោសស្រីសំផឹងដ៏ធំនោះ ដែលបង្ខូចផែនដី ដោយការកំផិតរបស់វា ទ្រង់ក៏សងសឹក ដោយព្រោះឈាមពួកបាវបំរើរបស់ទ្រង់ ដែលវាបានកំចាយ»។—វិវរណៈ ១៩:១, ២
ការវាយប្រហារមកលើពួកអ្នកបំរើរបស់ព្រះ
៦, ៧. ហេតុអ្វីក៏ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាមានចិត្តមាំមួន នៅពេលគេវាយប្រហារមកលើក្នុងកំឡុង«សេចក្ដីវេទនាជាខ្លាំង»?
៦ ក្រោយពីបានកំទេចសាសនាមិនពិត ពួកផ្នែកនយោបាយនឹងមកប្រឆាំងពួកអ្នកបំរើរបស់ព្រះយេហូវ៉ា។ សាតាំង«កុកនៃស្រុកម៉ាកុក» ក្នុងទំនាយ ថ្លែងថា៖ «អញនឹងទៅឯពួកមនុស្ស ដែលនៅដោយឥតកង្វល់ ហើយដោយសុខសាន្ត»។ ដោយគិតថា ពួកនេះគឺស្រួលនឹងចាប់បាន វាវាយប្រហារពួកគេដោយប្រើ«ពួកកងយ៉ាងសន្ធឹក . . . ដូចជាពពកដែលក្របស្រុក»។ (អេសេគាល ៣៨:២, ១០-១៦) ប្រជារាស្ត្ររបស់ព្រះយេហូវ៉ាដឹងថា ការវាយប្រហារនេះនឹងមិនបានសម្រេចទេ ពីព្រោះពួកគេទុកចិត្តលើព្រះយេហូវ៉ា។
៧ នៅពេលដែលស្តេចផារ៉ោននិងកងទ័ពខ្លួនបានគិតថា គេបានធ្វើឲ្យពួកអ្នកបំរើព្រះជាប់អន្ទាក់នៅឯសមុទ្រក្រហម ព្រះយេហូវ៉ាបានរំដោះប្រជារាស្ត្រទ្រង់ដោយអព្ភូតហេតុ ហើយបានកំទេចពួកកងទ័ពអេស៊ីប។ (និក្ខមនំ ១៤:២៦-២៨) ក្នុងកំឡុង«សេចក្ដីវេទនាជាខ្លាំង» នៅពេលដែលសាសន៍ទាំងឡាយគិតថា គេបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះយេហូវ៉ាជាប់អន្ទាក់ហើយ ម្ដងនេះទៀត ទ្រង់នឹងរំដោះពួកគេដោយអព្ភូតហេតុ៖ «នៅគ្រានោះ . . . សេចក្ដីក្រោធរបស់អញនឹងឆួលឡើងនៅច្រមុះអញ ដ្បិតគឺដោយសេចក្ដីប្រចណ្ឌរបស់អញ នឹងភ្លើងនៃសេចក្ដីក្រោធរបស់អញ ដែលអញបានថា»។ (អេសេគាល ៣៨:១៨, ១៩) «សេចក្ដីវេទនាជាខ្លាំង»នឹងឡើងដល់កំពូលជាមិនខាន!
៨. តើព្រឹត្ដិការណ៍អធិធម្មជាតិអ្វីកើតឡើងមុននឹងព្រះយេហូវ៉ាកាត់សេចក្ដីជំនុំជំរះពួកមនុស្សអាក្រក់ ហើយនឹងមានឥទ្ធិពលយ៉ាងណា?
៨ នៅពេលណាមួយ ក្រោយពី«សេចក្ដីវេទនាជាខ្លាំង»បានចាប់ផ្ដើមឡើង ប៉ុន្តែមុននឹងព្រះយេហូវ៉ាកាត់សេចក្ដីជំនុំជំរះលើលោកីយ៍ទាំងមូល ព្រឹត្ដិការណ៍អធិធម្មជាតិនឹងកើតឡើង។ សូមកត់សម្គាល់នូវឥទ្ធិពលនេះ។ «នោះទីសំគាល់របស់កូនមនុស្ស[ព្រះគ្រីស្ទ]នឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូងយំ ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្ដា នឹងសិរីល្អជាខ្លាំង»។ (ម៉ាថាយ ២៤:២៩, ៣០) «កាលណោះ នឹងមានទីសំគាល់នៅក្នុងព្រះអាទិត្យក្នុងព្រះចន្ទ នឹងក្នុងអស់ទាំងផ្កាយ . . . មនុស្សនឹងស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី ដ្បិតអស់ទាំងអំណាចនៅលើមេឃ នឹងត្រូវកក្រើករំពើក»។—លូកា ២១:២៥, ២៦
«សេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»
៩. ហេតុអ្វីក៏ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាអាច‹ងើបមើលទៅលើ› នៅពេលដែលព្រឹត្ដិការណ៍អធិធម្មជាតិកើតឡើង?
៩ ក្នុងរយៈពេលនោះ ទំនាយនៃលូកា ២១:២៨ នឹងបានសម្រេច។ ព្រះយេស៊ូមានបន្ទូលថា៖ «កាលណាការទាំងនេះចាប់តាំងកើតមក នោះឲ្យអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះសេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»។ ពួកសត្រូវរបស់ព្រះនឹងភ័យញ័រ ពីព្រោះពួកគេនឹងដឹងថា ព្រឹត្ដិការណ៍អធិធម្មជាតិគឺមកពីព្រះយេហូវ៉ា។ ប៉ុន្តែ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ានឹងមានចិត្តសប្បាយ ពីព្រោះគេដឹងថាការរំដោះរបស់គេជិតដល់ហើយ។
១០. តើបន្ទូលរបស់ព្រះរៀបរាប់កំពូលនៃ«សេចក្ដីវេទនាជាខ្លាំង»យ៉ាងដូចម្ដេច?
១០ រួចមក ព្រះយេហូវ៉ានឹងកំទេចរបបរបស់សាតាំងទាំងអស់ដោយផ្ដាច់ព្រាត់។ «អញនឹងសំរេចទោសដល់វា ដោយអាសន្នរោគ នឹងឈាម។ អញនឹងបង្អុរភ្លៀងរំលា ព្រមទាំងព្រឹលយ៉ាងធំនឹងភ្លើង ហើយស្ពាន់ធ័រមកលើវា នឹងពួកកកកុញរបស់វា . . . នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត»។ (អេសេគាល ៣៨:២២, ២៣) អ្វីៗទាំងអស់នៃរបបសាតាំងនឹងត្រូវបានកំទេចចោល។ សង្គមមនុស្សទាំងមូលដែលមិនអើពើនឹងព្រះ គឺត្រូវហិនវិនាស។ នោះហើយជាកំពូលខ្ពស់នៃអើម៉ាគេដូននៃ«សេចក្ដីវេទនាជាខ្លាំង»។—យេរេមា ២៥:៣១-៣៣; ថែស្សាឡូនីចទី២ ១:៦-៨; វិវរណៈ ១៦:១៤, ១៦; ១៩:១១-២១
១១. ហេតុអ្វីក៏ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាបានរំដោះពី«សេចក្ដីវេទនាជាខ្លាំង»?
១១ ពួកមនុស្សរាប់លាននាក់ដែលថ្វាយបង្គំព្រះយេហូវ៉ាពេញពិភពលោក នឹងបានរំដោះឆ្លងពី«សេចក្ដីវេទនាជាខ្លាំង»។ ពួកនេះជា«ហ្វូងធំ» ដែលចេញ«ពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ ហេតុអ្វីក៏ពួកគេបានរំដោះតាមរបៀបដ៏ស្ញប់ស្ញែងម្ល៉េះ? ពីព្រោះពួកគេផ្ដល់ឲ្យព្រះយេហូវ៉ានូវ‹កិច្ចបំរើបរិសុទ្ធទាំងយប់ទាំងថ្ងៃ›។ ដូច្នេះ ពួកគេនឹងបានរួចរស់ជីវិតពីទីបញ្ចប់នៃលោកីយ៍នេះ ហើយនឹងនាំឲ្យចូលពិភពលោកថ្មីដ៏សុចរិត។ (វិវរណៈ ៧:៩-១៥) ពួកគេនឹងឃើញការសម្រេចនៃសេចក្ដីសន្យារបស់ព្រះយេហូវ៉ា៖ «ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះ។ នោះទ្រង់នឹងដំកើងអ្នក ឲ្យបានផែនដីជាមរដក។ នៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញ នោះអ្នកនឹងបានឃើញហើយ»។—ទំនុកដំកើង ៣៧:៣៤
ពិភពលោកថ្មី
១២. តើពួកអ្នករួចរស់ជីវិតពីអើម៉ាគេដូនអាចទន្ទឹងចាំអ្វី?
១២ តើនោះជាគ្រាដ៏ល្អអស្ចារ្យយ៉ាងណាទៅហ្ន៎—ការបំបាត់អំពើកំណាច និងការចាប់ផ្ដើមសម័យដ៏រុងរឿងក្នុងប្រវត្ដិសាស្ត្រមនុស្សជាតិ! (វិវរណៈ ២០:១-៤) ពួករួចរស់ជីវិតពីអើម៉ាគេដូននឹងមានអំណរគុណណាស់ដល់ព្រះយេហូវ៉ា ដែលគេនឹងបានចូលក្នុងអារ្យធម៌ដ៏ស្អាតស្អំ ដែលព្រះបានស្ថាបនា គឺពិភពលោកថ្មីនៅលើផែនដីដែលនឹងផ្លាស់ប្រែទៅជាទីមនោរម្យ! (លូកា ២៣:៤៣) ហើយពួកគេមិនចាំបាច់ស្លាប់ទេ! (យ៉ូហាន ១១:២៦) ត្រូវហើយ ចាប់ពីពេលនោះតទៅ ពួកគេនឹងមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យនៃការរស់នៅបានយូរដូចព្រះយេហូវ៉ាដែរ!
១៣. តើតាមរបៀបណាដែលព្រះយេស៊ូនឹងចាប់ផ្ដើមធ្វើកិច្ចការប្រោសដែលទ្រង់បានធ្វើនៅលើផែនដី?
១៣ ព្រះយេស៊ូជាបុគ្គលដែលព្រះយេហូវ៉ាបានរើសតាំងឲ្យធ្វើជាស្តេចនៅស្ថានសួគ៌ នឹងមើលខុសត្រូវលើពរដ៏អស្ចារ្យដែលពួកមនុស្សដែលបានរំដោះនឹងទទួល។ ពេលនៅលើផែនដី ទ្រង់បានប្រោសមនុស្សខ្វាក់ ហើយមនុស្សថ្លង់ និងប្រោស«អស់ទាំងជម្ងឺរោគានឹងជរាពិការ ក្នុងពួកបណ្ដាជនឲ្យបានជា»។ (ម៉ាថាយ ៩:៣៥; ១៥:៣០, ៣១) ក្នុងពិភពលោកថ្មី ទ្រង់នឹងចាប់ធ្វើកិច្ចការប្រោសដ៏ធំនោះម្ដងទៀត ប៉ុន្តែម្ដងនេះនឹងមានពេញទូទាំងផែនដី។ ជាភ្នាក់ងាររបស់ព្រះ ទ្រង់នឹងសម្រេចសេចក្ដីសន្យានេះ៖ «ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។ (វិវរណៈ ២១:៤) គឺនឹងលែងមានពួកអ្នកប្រកបមុខវិជ្ជាពេទ្យឬពួកអ្នករកស៊ីរៀបចំបុណ្យខ្មោចទៀតឡើយ!—អេសាយ ២៥:៨; ៣៣:២៤
១៤. តើពួកអ្នកបំរើរបស់ព្រះយេហូវ៉ាដែលបានស្លាប់ទៅហើយនឹងបានការរំដោះយ៉ាងណា?
១៤ ពួកអ្នកបំរើដ៏ស្មោះត្រង់នៃព្រះក្នុងសម័យដើមក៏នឹងបានរំដោះដែរ។ ក្នុងពិភពលោកថ្មី ពួកគេនឹងបានរួចផុតពីកណ្ដាប់ដៃនៃផ្នូរ។ ព្រះយេហូវ៉ាធានារ៉ាប់រងថា៖ «ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។ (កិច្ចការ ២៤:១៥) ប្រហែល«មនុស្សសុចរិត»នឹងប្រោសឲ្យរស់ឡើងវិញមកមុន ហើយចូលរួមក្នុងការពង្រីកសួនមនោរម្យ។ តើនេះនឹងជាការអស្ចារ្យយ៉ាងណាហ្ន៎ សំរាប់ពួករួចរស់ជីវិតពីអើម៉ាគេដូន ក្នុងការឮរឿងពិសោធនៃពួកស្មោះត្រង់ទាំងនោះដែលបានស្លាប់ជាយូរយារមកហើយ ដែលឥឡូវនេះមានជីវិតឡើងវិញ!—យ៉ូហាន ៥:២៨, ២៩
១៥. សូមរៀបរាប់នូវស្ថានភាពខ្លះៗដែលនឹងមានក្នុងពិភពលោកថ្មី។
១៥ អស់ពួកអ្នកដែលរស់នៅគ្រានោះ នឹងបានពិសោធនូវអ្វីដែលអ្នកតែងបទទំនុកដំកើងនិយាយអំពីព្រះយេហូវ៉ាថា៖ «ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ»។ (ទំនុកដំកើង ១៤៥:១៦) នឹងលែងមានការអត់បាយ៖ ផែនដីនឹងត្រូវកសាងឲ្យមានបរិយាការថ្លឹងថ្លែង ហើយបង្កើតផលដ៏បរិបូរ។ (ទំនុកដំកើង ៧២:១៦) នឹងលែងមានការអត់ផ្ទះសម្បែង៖ «មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង» ហើយមនុស្សម្នាក់ៗនឹងអង្គុយ«ក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន»។ (អេសាយ ៦៥:២១, ២២; មីកា ៤:៤) នឹងឥតមានការខ្លាចទៀត៖ នឹងលែងមានសង្គ្រាម អំពើឃោរឃៅ ឬបទឧក្រិដ្ឋ។ (ទំនុកដំកើង ៤៦:៨, ៩; សុភាសិត ២:២២) «ផែនដីទាំងមូលបានស្រាកស្រាន្តអស់ហើយ ក៏ស្ងៀមស្ងប់ដែរ។ គេទំលាយសម្លេងច្រៀងចេញមក»។—អេសាយ ១៤:៧
១៦. ហេតុអ្វីក៏សេចក្ដីសុចរិតនឹងមានក្នុងពិភពលោកថ្មី?
១៦ ក្នុងពិភពលោកថ្មី ឃោសនារបស់សាតាំងនឹងត្រូវបានដកចេញ។ ផ្ទុយទៅវិញ «ពួកមនុស្សនៅលោកីយ៍ គេរៀនតាមសេចក្ដីសុចរិត»។ (អេសាយ ២៦:៩; ៥៤:១៣) ដោយមានការបង្រៀនវិញ្ញាណដ៏ត្រឹមត្រូវរៀងរាល់ឆ្នាំ «ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ»។ (អេសាយ ១១:៩) គំនិតនិងសកម្មភាពដ៏លើកទឹកចិត្តនឹងមានក្នុងមនុស្សជាតិ។ (ភីលីព ៤:៨) សូមគិតអំពីសង្គមមនុស្សលើផែនដីដែលឥតមានបទឧក្រិដ្ឋ អហង្ការនិយម សេចក្ដីច្រណែន—ជាភាតរភាពអន្តរជាតិដែលមនុស្សទាំងអស់មានផលផ្លែនៃវិញ្ញាណរបស់ព្រះ។ ប្រាកដហើយ សូម្បីតែឥឡូវនេះ ក៏គុណសម្បត្ដិបែបនេះត្រូវបានបណ្ដុះដោយពួកហ្វូងធំដែរ។—កាឡាទី ៥:២២, ២៣
ហេតុអ្វីក៏យូរម្ល៉េះ?
១៧. ហេតុអ្វីក៏ព្រះយេហូវ៉ាចាំយូរម្ល៉េះមុននឹងបញ្ចប់អំពើអាក្រក់ជួជាតិ?
១៧ ប៉ុន្តែ ហេតុអ្វីក៏ព្រះយេហូវ៉ាចាំយូរម្ល៉េះ ក្នុងការដកចេញអំពើអាក្រក់ជួជាតិ ហើយរំដោះប្រជារាស្ត្រទ្រង់ចូលទៅពិភពលោកថ្មីនោះ? សូមពិចារណានូវអ្វីដែលត្រូវតែសម្រេច។ អ្វីដែលសំខាន់បំផុត គឺការធ្វើយុត្ដិកម្មនៃអធិបតេយ្យភាពរបស់ព្រះយេហូវ៉ា ជាសិទ្ធិរបស់ទ្រង់ដើម្បីគ្រប់គ្រង។ ដោយអនុញ្ញាតឲ្យមានពេលគ្រប់គ្រាន់ ទ្រង់បានសឲ្យឃើញដោយឥតសង្ស័យថា ការគ្រប់គ្រងរបស់មនុស្សដែលមិនពឹងទៅលើអធិបតេយ្យភាពទ្រង់ គឺមានបរាជ័យទាំងស្រុង។ (យេរេមា ១០:២៣) ដូច្នេះ ឥឡូវនេះព្រះយេហូវ៉ាស្កប់ព្រះទ័យហើយ ក្នុងការដកចេញការគ្រប់គ្រងរបស់មនុស្សជាតិ ហើយយកព្រះរាជាណាចក្រនៅស្ថានសួគ៌ក្រោមព្រះគ្រីស្ទមកជំនួសវិញ។—ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:៩, ១០
១៨. នៅពេលណាដែលកូនចៅរបស់អ័ប្រាហាំបានស្រុកកាណានជាមរតក?
១៨ អ្វីដែលបានកើតឡើងក្នុងកំឡុងសតវត្សទាំងនេះ គឺដូចនឹងអ្វីដែលបានកើតឡើងក្នុងសម័យអ័ប្រាហាំដែរ។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់អ័ប្រាហាំថាកូនចៅរបស់គាត់នឹងបានស្រុកកាណានជាមរតក—ប៉ុន្តែ ពួកគេត្រូវតែរង់ចាំដល់បួនរយឆ្នាំ«ដ្បិតសេចក្ដីទុច្ចរិតរបស់ពួកសាសន៍អាម៉ូរីមិនទាន់ពោរពេញនៅឡើយ»។ (លោកុប្បត្តិ ១២:១-៥; ១៥:១៣-១៦) ឃ្លានៅទីនេះ«ពួកសាសន៍អាម៉ូរី» (កុលសម្ព័ន្ធធំ) ប្រហែលជាតំណាងពួកមនុស្សនៃស្រុកកាណានទាំងមូល។ ប្រហែលជាបួនសតវត្សបានកន្លងមក មុននឹងព្រះយេហូវ៉ាឲ្យប្រជារាស្ត្រទ្រង់យកស្រុកកាណាន។ ក្នុងពេលចន្លោះនោះ ព្រះយេហូវ៉ាឲ្យសាសន៍ទាំងឡាយក្នុងស្រុកកាណានបង្កើតសង្គមរបស់គេ។ តើមានលទ្ធផលយ៉ាងណា?
១៩, ២០. តើពួកកាណានបានបង្កើតសង្គមប្រភេទណា?
១៩ ក្បួនសៀវភៅព្រះគម្ពីរ ដោយហេនរី ហាល៉ី កត់សម្គាល់ថា នៅមេគីដោ ពួកបុរាណវត្ថុវិទូបានរកឃើញសំណង់បាក់បែកនៃវិហារមួយរបស់អាសថារ៉ូត ព្រះនាង-ភរិយានៃព្រះបាល។ គាត់បានសរសេរថា៖ «គ្រាន់តែបីបួនជំហានពីវិហារនេះ គឺមានកន្លែងបញ្ចុះសព ដែលឃើញមានក្រឡជាច្រើន ដែលមានសពនៃកូនង៉ាដែលបានបូជាក្នុងវិហារនេះ . . . ពួកព្យាការីនៃព្រះបាលនិងអាសថូរ៉ូត គឺជាអ្នកសម្លាប់ក្មេងតូចៗ»។ «ការប្រព្រឹត្តដ៏អាក្រក់មួយទៀត គឺ[អ្វី]ដែលគេហៅថា‹បូជាគ្រឹះ›។ នៅពេលដែលគេសង់ផ្ទះណាមួយ គេនឹងបូជាកូនក្មេងមួយ ហើយសពរបស់វាយកមកសង់ក្នុងជញ្ជាំង»។
២០ លោកហាល៉ី និយាយថា៖ «ការថ្វាយបង្គំព្រះបាល អាសថូរ៉ូត និងព្រះរបស់ពួកកាណានឯទៀត គឺមានការសេពហួសប្រមាណ វិហាររបស់គេជាមណ្ឌលនៃបាបធម៌។ . . . ពួកកាណានថ្វាយបង្គំដោយបណ្ដោយខ្លួនក្នុងអំពើឥតសីលធម៌ . . . ហើយដោយសម្លាប់កូនច្បងរបស់គេ ធ្វើជាបូជាដល់ព្រះទាំងនេះ។ ក្នុងទំហំដ៏ធំ នេះហាក់បីដូចស្រុកកាណានបានក្លាយដូចជាក្រុងសូដុំមនិងកូម៉ូរ៉ា។ . . . តើអារ្យធម៌ដ៏ជាទីស្អប់ខ្ពើមនិងឃោរឃៅបែបនេះមានសិទ្ធិស្ថិតស្ថេរនៅបានទៀតទេ? . . . ពួកបុរាណវត្ថុវិទូដែលបានជីកក្នុងសំណង់បាក់បែបនៃទីក្រុងទាំងឡាយនៃពួកកាណាន បានឆ្ងល់នូវហេតុអ្វីដែលព្រះមិនបានកំទេចពួកគេឲ្យឆាប់ជាងនោះ»។—ប្រៀបធៀប ពង្សាវតារក្សត្រទី១ ២១:២៥, ២៦
២១. តើមានភាពស្រដៀងគ្នាយ៉ាងណារវាងអ្វីដែលបានកើតឡើងជាមួយពួកកាណាននិងសម័យយើងនេះ?
២១ អំពើអាក្រក់ជួជាតិនៃពួកអាម៉ូរី‹បានមកដល់ទីបញ្ចប់›។ ដូច្នេះ ឥឡូវនេះព្រះយេហូវ៉ាមានហេតុត្រឹមត្រូវយ៉ាងពេញលេញក្នុងការកំទេចពួកគេ។ សព្វថ្ងៃនេះក៏ដូច្នេះដែរ។ លោកីយ៍គឺពោរពេញទៅដោយអំពើឃោរឃៅ អំពើឥតសីលធម៌ និងការស្អប់ខ្ពើមច្បាប់របស់ព្រះ។ ហើយព្រោះយើងមានការស្រងាកចិត្តចំពោះការបូជាកូនក្មេងក្នុងស្រុកកាណានពីដើម ចុះយ៉ាងណាវិញចំពោះការបូជានៃក្មេងរាប់លាននាក់ក្នុងសង្គ្រាមនៃពិភពលោកនេះ ដែលអាក្រក់ជាងអ្វីដែលបានកើតឡើងក្នុងស្រុកកាណាន? ប្រាកដហើយ ឥឡូវនេះព្រះយេហូវ៉ាមានហេតុត្រឹមត្រូវយ៉ាងពេញលេញក្នុងការបញ្ចប់របបលោកីយ៍ដ៏អាក្រក់នេះ។
សម្រេចអ្វីមួយទៀត
២២. តើអ្វីដែលបានសម្រេចដោយសារការអត់ធ្មត់របស់ព្រះយេហូវ៉ាក្នុងសម័យយើងនេះ?
២២ ការអត់ធ្មត់របស់ព្រះយេហូវ៉ាក្នុងថ្ងៃជាន់ក្រោយបង្អស់ គឺសម្រេចអ្វីមួយទៀត។ ទ្រង់អនុញ្ញាតឲ្យមានពេលវេលាដើម្បីប្រមូលនិងអប់រំពួកហ្វូងធំ ដែលមានមនុស្សជាងប្រាំលាននាក់។ នៅក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា ពួកគេបានក្លាយទៅជាអង្គការដែលជឿនទៅមុខ។ បុរស ស្ត្រី និងយុវជនត្រូវបានអប់រំឲ្យបង្រៀនសេចក្ដីពិតពីព្រះគម្ពីរ។ តាមរយៈកិច្ចប្រជុំនិងប្រកាសនវត្ថុព្រះគម្ពីររបស់គេ ពួកគេរៀនអំពីផ្លូវដ៏ស្រឡាញ់របស់ព្រះ។ (យ៉ូហាន ១៣:៣៤, ៣៥; កូល៉ុស ៣:១៤; ហេព្រើរ ១០:២៤, ២៥) ម្យ៉ាងទៀត ពួកគេបណ្ដុះឲ្យមានជំនាញការខាងសំណង់ អេឡិចត្រូនិច បោះពុម្ព និងជំនាញផ្សេងៗទៀតដើម្បីគាំទ្រការផ្សាយនៃ«ដំណឹងល្អ»។ (ម៉ាថាយ ២៤:១៤) ប្រហែលជាជំនាញខាងការបង្រៀនហើយការសង់នឹងប្រើពាសពេញក្នុងពិភពលោកថ្មី។
២៣. ហេតុអ្វីជាឯកសិទ្ធិដ៏ល្អក្នុងការមានជីវិតរស់នៅសព្វថ្ងៃនេះ?
២៣ ត្រូវហើយ សព្វថ្ងៃនេះព្រះយេហូវ៉ាគឺត្រៀមខ្លួនពួកអ្នកបំរើទ្រង់ ដើម្បីឲ្យគេអាចឆ្លងកាត់«សេចក្ដីវេទនាជាខ្លាំង»ចូលទៅក្នុងពិភពលោកថ្មីដ៏សុចរិត។ រួចមក នឹងលែងមានសាតាំងនិងលោកីយ៍ដ៏អាក្រក់របស់វាទៀតទេ ឥតមានការឈឺ សោកសង្រេង និងសេចក្ដីស្លាប់។ ដោយមានសេចក្ដីសាទរនិងអំណរ ប្រជារាស្ត្ររបស់ព្រះនឹងបន្តធ្វើកិច្ចការស្ថាបនាសួនមនោរម្យ ដែលរៀងរាល់ថ្ងៃនឹងមាន«ចិត្តរីករាយ»។ យើងមានឯកសិទ្ធិល្អណាស់ដោយរស់នៅសព្វថ្ងៃនេះ ដោយដឹងហើយបំរើព្រះយេហូវ៉ា ថាបន្ដិចទៀតយើងនឹង‹ងើបមើលទៅលើ ពីព្រោះសេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ›!—លូកា ២១:២៨; ទំនុកដំកើង ១៤៦:៥
សំនួរសារឡើងវិញ
◻ តើអ្វីជា«សេចក្ដីវេទនាជាខ្លាំង» ហើយចាប់ផ្ដើមឡើងដូចម្ដេច?
◻ ហេតុអ្វីក៏ការវាយប្រហាររបស់កុកលើព្រះយេហូវ៉ានឹងបានបរាជ័យ?
◻ តើ«សេចក្ដីវេទនាជាខ្លាំង»នឹងបានចប់ដោយដូចម្ដេច?
◻ តើពិភពលោកថ្មីនឹងផ្ដល់ផលប្រយោជន៍ដ៏អស្ចារ្យអ្វី?
◻ ហេតុអ្វីក៏ព្រះយេហូវ៉ាចាំយូរម្ល៉េះមុននឹងទ្រង់បញ្ចប់របបសម័យនេះ?
[រូបភាពនៅទំព័រ១៦]
ផែនដីទាំងមូលនឹងផ្លាស់ប្រែជាសួនមនោរម្យ