ចូរមានចិត្តក្លាហានកាលដែលការរំដោះជិតមកដល់
«‹អញនៅជាមួយ ដើម្បីនឹងជួយឯងឲ្យរួច› នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។—យេរេមា ១:១៩
១, ២. ហេតុអ្វីក៏គ្រួសារមនុស្សជាតិត្រូវការការរំដោះ?
ការរំដោះ! នេះជាពាក្យដ៏គួរឲ្យសម្រាលទុក្ខណាស់! ឲ្យបានរំដោះមានន័យថា ឲ្យបានសង្គ្រោះ ឲ្យបានរួចពីស្ថានការណ៍អាក្រក់ ដែលមិនសប្បាយរីករាយ។ នេះរួមបញ្ចូលគំនិតនៃការយកចូលក្នុងស្ថានភាពដ៏ប្រសើរនិងដ៏សប្បាយ។
២ គ្រួសារមនុស្សជាតិត្រូវការការដោះបែបនេះក្នុងគ្រានេះណាស់! មនុស្សនៅគ្រប់កន្លែងត្រូវបានសង្កត់សង្កិននិងបានធ្លាក់ទឹកចិត្តដោយបញ្ហាដ៏ធ្ងន់—ខាងសេដ្ឋកិច្ច សង្គម រូបកាយ គំនិត និងអារម្មណ៍។ មនុស្សភាគច្រើនមិនសប្បាយចិត្តហើយតូចចិត្តនឹងរបៀបដែលលោកីយ៍កំពុងឈានទៅមុខ ហើយចង់បានការផ្លាស់ប្រែដ៏ប្រសើរ។—អេសាយ ៦០:២; ម៉ាថាយ ៩:៣៦
«គ្រាលំបាកណាស់»
៣, ៤. ហេតុអ្វីក៏ត្រូវការការរំដោះកាន់តែខ្លាំងឡើងនៅសព្វថ្ងៃនេះ?
៣ ពីព្រោះសតវត្សទី២០នេះ បានមានការរងទុក្ខវេទនាជាច្រើនជាងសតវត្សឯណាទៅទៀត គឺត្រូវការការរំដោះកាន់តែខ្លាំងឡើងជាងសម័យមុនៗ។ សព្វថ្ងៃនេះ មានមនុស្សជាងមួយរយកោដិនាក់រស់នៅក្នុងភាពក្រីក្រជាខ្លាំង ហើយកើនឡើងប្រហែលជាង២៥លាននាក់រៀងរាល់ឆ្នាំ។ រៀងរាល់ឆ្នាំមានកូនក្មេងប្រហែល១៣លាននាក់ស្លាប់ដោយឥតមានអាហារគ្រប់គ្រាន់ ឬពីកត្ដាដែលទាក់ទងភាពក្រីក្រឯទៀត—ដែលមានជាង៣៥០០០នាក់ស្លាប់ក្នុងមួយថ្ងៃ! ហើយមានមនុស្សចាស់រាប់លាននាក់ក៏បានស្លាប់ពីរោគផ្សេងៗទៀត។—លូកា ២១:១១; វិវរណៈ ៦:៨
៤ សង្គ្រាមនិងការវឹកវរខាងស៊ីវិលបានបណ្ដាលឲ្យមានការរងទុក្ខវេទនាជាច្រើន។ សៀវភៅឈ្មោះ សេចក្ដីស្លាប់ដោយរដ្ឋាភិបាល ចែងថា សង្គ្រាម ទំនាស់ខាងអាណិកជននិងសាសនា ហើយការកាប់សម្លាប់មនុស្សចំនួនច្រើននៃសាសន៍ខ្លួនឯងដោយរដ្ឋាភិបាល បាន«សម្លាប់មនុស្សជាង២០៣លាននាក់ក្នុងសតវត្សនេះ»។ រួចចែងទៀតថា៖ «ចំនួនមនុស្សស្លាប់អាចមានជិត៣៦០លាននាក់។ នេះហាក់បីដូចជាមនុស្សជាតិត្រូវបានសម្លាប់ដោយរោគរាតត្បាតដ៏ខ្លោចផ្សា។ ត្រូវហើយ មនុស្សជាតិត្រូវបានស្លាប់ មិនមែនដោយមេរោគទេ តែដោយរោគនៃអំណាច»។ អ្នកនិពន្ធឈ្មោះ រ៉ីឆាទ ហាវ៉ូឌ បានសង្កេតថា៖ «សង្គ្រាមនៃមនុស្សសម័យដំបូងក្នុងសតវត្សមុនៗ មិនសំខាន់ប៉ុន្មានទេ បើយកមកប្រៀបធៀបនោះ»។—ម៉ាថាយ ២៤:៦, ៧; វិវរណៈ ៦:៤
៥, ៦. តើអ្វីដែលធ្វើឲ្យសម័យយើងមានការទុក្ខព្រួយច្រើនម្ល៉េះ?
៥ ក្រៅពីស្ថានភាពដ៏ទុក្ខព្រួយនៃឆ្នាំថ្មីៗនេះ គឺមានការកើនឡើងខាងឧក្រិដ្ឋកម្មដ៏ឃោរឃៅ អំពើឥតសីលធម៌ និងការបាក់បែកគ្រួសារ។ អតីតលេខាធិការនៃការអប់រំនៅសហរដ្ឋអាមេរិក វ៉ីលាម បិននិត បានកត់សម្គាល់ថាក្នុង៣០ឆ្នាំ ចំនួនប្រជាជននៃសហរដ្ឋអាមេរិកបានកើន៤១ភាគរយ ប៉ុន្តែឧក្រិដ្ឋកម្មដ៏ឃោរឃៅបានកើន៥៦០ភាគរយ កូនឥតខាន់ស្លាមាន៤០០ភាគរយ ការលែងលះគ្នាមាន៣០០ភាគរយ និងការសម្លាប់ខ្លួនឯងនៃពួកក្មេងជំទង់កើនឡើង២០០ភាគរយ។ សាស្ដ្រាចារ្យ ចន ឌីលូលីអូ នៃសកលវិទ្យាល័យប្រិនស្ទិន បានព្រមានអំពី«ក្មេងឆក់ដណ្ដើមដ៏អាក្រក់» ដែល«សម្លាប់ វាយតប់ ចាប់រំលោភ ប្លន់ ហើយបង្កើតឲ្យមានការវឹកវរក្នុងសង្គម។ ពួកគេមិនខ្លាចគេចាប់បាន ការឈឺចាប់នៃការចាប់គុក ឬការឈឺចាប់នៃមនសិការឡើយ»។ ក្នុងប្រទេសនោះ មនុស្សឃាត ឥឡូវនេះជាកត្ដាទីពីរនៃសេចក្ដីស្លាប់ក្នុងចំណោមពួកដែលមានអាយុ១៥ទៅ១៩ឆ្នាំ។ ហើយមានកូនក្មេងក្រោមអាយុបួនឆ្នាំស្លាប់ពីការធ្វើទុក្ខទោសជាងរោគអ្វីទៅទៀត។
៦ ឧក្រិដ្ឋកម្មនិងអំពើឃោរឃៅបែបនេះ មិនមែនមានតែក្នុងប្រទេសតែមួយទេ។ ប្រទេសភាគច្រើនក៏បានរាយការណ៍ស្រដៀងគ្នានេះដែរ។ បន្ថែមទៅលើនេះគឺការកើនឡើងនៃការប្រើអាភៀនឥតពេញច្បាប់ ដែលធ្វើឲ្យពុករលួយដល់មនុស្សរាប់លាននាក់។ កាសែតពត៌មានស៊ីដនីយប្រចាំថ្ងៃនៃប្រទេសអូស្ដ្រាលី (Sydney Morning Herald) ចែងថា៖ «ជំនួញខាងលក់អាភៀនបានក្លាយទៅជាជំនួញដ៏ចំណេញទីពីរ ក្រោយពីជំនួញអាវុធ»។ កត្ដាមួយទៀតគឺអំពើឃោរឃៅនិងអំពើឥតសីលធម៌ ដែលឥឡូវនេះមានពេញក្នុងទូរទស្សន៍។ ក្នុងប្រទេសជាច្រើន ពេលដែលកូនក្មេងដល់អាយុ១៨ឆ្នាំ គាត់បានឃើញការប្រព្រឹត្តដ៏ឃោរឃៅរាប់ពាន់ដងក្នុងទូរទស្សន៍ ហើយការប្រព្រឹត្តដ៏ឥតសីលធម៌រាប់មិនអស់។ នោះជាអានុភាពដ៏ពុករលួយមែន ពីព្រោះបុគ្គលិកលក្ខណៈរបស់យើងត្រូវបានប្រែប្រួលទៅតាមអ្វីៗដែលយើងបំប៉នគំនិតរបស់យើង។—រ៉ូម ១២:២; អេភេសូរ ៥:៣, ៤
៧. តើតាមរបៀបណាដែលព្រះគម្ពីរបានទាយប្រាប់អំពីស្ថានភាពដ៏អាក្រក់ក្នុងបច្ចុប្បន្ននេះ?
៧ ទំនាយព្រះគម្ពីរបានទាយប្រាប់យ៉ាងត្រឹមត្រូវអំពីព្រឹត្ដិការណ៍ដ៏អាក្រក់ក្នុងសតវត្សរបស់យើង។ នេះបានទាយមកថា សង្គ្រាមនឹងមានកាន់តែច្រើនឡើងក្នុងពិភពលោក រោគរាតត្បាត ការខ្វះខាតអាហារ និងការគ្មានច្បាប់ទម្លាប់។ (ម៉ាថាយ ២៤:៧-១២; លូកា ២១:១០, ១១) ហើយនៅពេលដែលយើងពិចារណាទំនាយក្នុងធីម៉ូថេទី២ ៣:១-៥ នេះគឺដូចស្ដាប់របាយការណ៍ពត៌មានរៀងរាល់ថ្ងៃ។ ទំនាយនេះសម្គាល់សម័យយើងជា«ថ្ងៃជាន់ក្រោយបង្អស់» ហើយរៀបរាប់ពីមនុស្សជាតិថា‹ស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្ដីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ›។ ពិភពលោកយើងសព្វថ្ងៃនេះគឺមានសភាពដូចនេះមែន។ ដូចលោកវ៉ីលាម បិននិត បានទទួលស្គាល់ថា៖ «គឺមានសញ្ញាច្រើនណាស់នៃ . . . អារ្យធម៌ដែលបានចុះអាប់ឱន»។ គេបាននិយាយថា អារ្យធម៌នេះបានវិនាសជាមួយនឹងសង្គ្រាមលោកលើកទីមួយហើយ។
៨. ហេតុអ្វីក៏ព្រះយេហូវ៉ានាំឲ្យមានទឹកជំនន់ក្នុងសម័យណូអេ ហើយតើតាមរបៀបណាដែលនេះទាក់ទងនឹងសម័យយើង?
៨ ស្ថានការណ៍ឥឡូវនេះគឺកាន់តែអាក្រក់ជាងសម័យទឹកជំនន់នៃណូអេទៅទៀត នៅពេលដែលផែនដី«មានពេញជាសេចក្ដីកាចសហ័ស»។ នៅសម័យនោះ មនុស្សជាតិទូទៅបានបដិសេធមិនប្រែចិត្តពីផ្លូវអាក្រក់របស់គេ។ ដូច្នេះហើយ បានជាព្រះមានបន្ទូលថា៖ «ផែនដីបានពេញជាសេចក្ដីកាចសហ័សដោយសារគេ មើល អញនឹងបំផ្លាញគេ»។ ទឹកជំនន់បានបញ្ចប់លោកីយ៍ដ៏ឃោរឃៅនោះ។—លោកុប្បត្តិ ៦:១១, ១៣; ៧:១៧-២៤
គ្មានការរំដោះដោយមនុស្សជាតិទេ
៩, ១០. ហេតុអ្វីក៏យើងមិនពឹងមនុស្សជាតិឲ្យផ្ដល់ការរំដោះ?
៩ តើការខំប្រឹងប្រែងរបស់មនុស្សអាចរំដោះយើងចេញពីស្ថានភាពដ៏អាក្រក់នេះបានទេ? បន្ទូលរបស់ព្រះចែងថា៖ «កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយ គេនឹងជួយឯងមិនបានទេ»។ «ហើយដែលដំរង់ជំហានរបស់ខ្លួន នោះមិនស្រេចនៅមនុស្សដែលដើរដែរ»។ (ទំនុកដំកើង ១៤៦:៣; យេរេមា ១០:២៣) ប្រវត្ដិសាស្ត្ររាប់ពាន់ឆ្នាំបានឲ្យឃើញអំពីរឿងនេះ។ មនុស្សជាតិបានសាកល្បងគ្រប់របបនយោបាយ សេដ្ឋកិច្ច និងសង្គម ប៉ុន្តែស្ថានភាពកាន់តែអាក្រក់ឡើង។ បើសិនជាមានការដោះស្រាយដោយមនុស្សជាតិ នោះយើងនឹងឃើញជាក់ស្តែងនៅឥឡូវនេះហើយ។ ផ្ទុយទៅវិញ ការពិតនោះគឺថា «មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។—សាស្ដា ៨:៩; សុភាសិត ២៩:២; យេរេមា ១៧:៥, ៦
១០ ជាងដប់ឆ្នាំកន្លងទៅនេះ អតីតប្រឹក្សាសន្ដិសុខជាតិនៃសហរដ្ឋអាមេរិក ឈ្មោះស៊ីបនឺ ប្រាហ្សីនស្គី បានមានប្រសាសន៍ថា៖ «សេចក្ដីសន្និដ្ឋានដ៏ចាំបាច់ចំពោះការវែកញែកឥតលំអៀងអំពីការនិយមពេញពិភពលោក គឺថា ការជ្រួលច្របល់ខាងសង្គម អស្ថេរភាពខាងនយោបាយ វិបត្ដិភ័យខាងសេដ្ឋកិច្ច និងការខ្វែងគំនិតគ្នាក្នុងអន្តរជាតិ គឺនឹងមានពាសពេញច្រើនឡើង»។ គាត់មានប្រសាសន៍ទៀតថា៖ «ការគំរាមកំហែងដែលប្រឈមមុខមនុស្សជាតិ [គឺ]អនាធិបតេយ្យពេញពិភពលោក»។ ការសង្កេតមើលស្ថានភាពលោកីយ៍ គឺឃើញកាន់តែច្បាស់ឡើងក្នុងសព្វថ្ងៃនេះ។ ក្នុងការសង្កេតមើលទៅលើសម័យនៃការកើនឡើងខាងអំពើឃោរឃៅ វិចារណកថាមួយនៃកាសែតពត៌មាន រីជីស្ទើ (Register) នៅ ញូវ ហាវិន រដ្ឋកុនណិចទីកឹត បានប្រកាសថា៖ «ស្ថានការណ៍គឺដល់កំរិតដែលមិនអាចទប់ទល់បានឡើយ»។ ទេ គឺនឹងមិនអាចបញ្ឈប់ការចុះអាប់ឱននៃលោកីយ៍នេះបានឡើយ ពីព្រោះទំនាយអំពី«ថ្ងៃជាន់ក្រោយបង្អស់» ក៏បានចែងថា៖ «ហើយពួកអាក្រក់ នឹងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្ដីអាក្រក់ កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង»។—ធីម៉ូថេទី២ ៣:១៣
១១. ហេតុអ្វីក៏ស្ថានភាពដ៏អាក្រក់នេះមិនអាចកែបានដោយមនុស្សជាតិ?
១១ មនុស្សជាតិមិនអាចកែស្ថានភាពទាំងនេះបានទេ ពីព្រោះសាតាំងជា«ព្រះរបស់លោកីយនេះ»។ (កូរិនថូសទី២ ៤:៤) ត្រូវហើយ «លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច»។ (យ៉ូហានទី១ ៥:១៩; សូមមើល យ៉ូហាន ១៤:៣០) យ៉ាងត្រឹមត្រូវណាស់ ព្រះគម្ពីរចែងអំពីសម័យយើងថា៖ «វេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។ (វិវរណៈ ១២:១២) សាតាំងដឹងថាការគ្រប់គ្រងនិងលោកីយ៍របស់វានឹងត្រូវវិនាសសាបសូន្យហើយ ដូច្នេះវា«ដើរក្រវែលទាំងគ្រហឹមដូចជាសិង្ហដើម្បីនឹងរកអ្នកណាដែលវាត្របាក់លេបបាន»។—ពេត្រុសទី១ ៥:៨
ការរំដោះជិតមកដល់ហើយ—សំរាប់អ្នកណា?
១២. តើការរំដោះជិតមកដល់សំរាប់អ្នកណា?
១២ ស្ថានភាពដ៏កាន់តែពិបាកឡើងនៅលើផែនដី ជាទីសំអាងជាក់ស្តែងចំពោះការផ្លាស់ប្រែដ៏ធំមួយ—ត្រូវហើយ ការរំដោះដ៏ធំ—គឺជិតមកដល់ហើយ! សំរាប់អ្នកណា? ការរំដោះគឺជិតមកដល់សំរាប់ពួកអ្នកណាដែលយកចិត្តទុកដាក់នឹងសញ្ញាព្រមាន ហើយសំរាប់អ្នកណាដែលបានចាត់វិធានការត្រឹមត្រូវ។ យ៉ូហានទី១ ២:១៧ បង្ហាញនូវអ្វីដែលយើងត្រូវធ្វើ៖ «ឯលោកីយនេះ[របបរបស់សាតាំង]នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។—សូមមើល ពេត្រុសទី២ ៣:១០-១៣
១៣, ១៤. តើតាមរបៀបណាដែលព្រះយេស៊ូបញ្ជាក់លើសេចក្ដីត្រូវការឲ្យនៅភ្ញាក់?
១៣ ព្រះយេស៊ូបានទាយប្រាប់ថាសង្គមដ៏ពុករលួយនៃសព្វថ្ងៃនេះ នឹងត្រូវកំទេចចោល ក្នុងគ្រាវេទនា«ដល់ម្ល៉េះបានជាតាំងពីដើមកំណើតលោកីយ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ»។ (ម៉ាថាយ ២៤:២១) ដោយហេតុនេះបានជាទ្រង់បានព្រមានថា៖ «ចូរអ្នករាល់គ្នាប្រយ័តខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្ដីវក់នឹងស៊ីផឹក ហើយនឹងសេចក្ដីខ្វល់ខ្វាយនៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅគ្រប់លើផែនដី ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យបានរាប់ជាគួរនឹងរួចពីការទាំងនេះដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្សផង»។—លូកា ២១:៣៤-៣៦
១៤ ពួកអ្នកដែល‹ប្រុងស្មារតី› ហើយ‹នៅភ្ញាក់› នឹងខំស្វែងរកបំណងព្រះហឫទ័យរបស់ព្រះ ហើយធ្វើតាមបំណងនោះ។ (សុភាសិត ២:១-៥; រ៉ូម ១២:២) ពួកអ្នកទាំងនេះជាបុគ្គលដែលនឹង‹បានជោគជ័យក្នុងការរត់គេច›ពីសេចក្ដីហិនវិនាស ដែលនឹងមានមកលើរបបរបស់សាតាំង។ ហើយពួកគេអាចមានការទុកចិត្តទាំងស្រុងថា ពួកគេនឹងបានរួចរស់ជីវិតជាមិនខាន។—ទំនុកដំកើង ៣៤:១៥; សុភាសិត ១០:២៨-៣០
អ្នករំដោះដ៏សំខាន់បំផុត
១៥, ១៦. តើអ្នកណាជាអ្នករំដោះដ៏សំខាន់បំផុត ហើយហេតុអ្វីក៏យើងដឹងជាប្រាកដថា សេចក្ដីជំនុំជំរះរបស់ទ្រង់នឹងប្រកបដោយសុចរិត?
១៥ ដើម្បីឲ្យពួកអ្នកបំរើរបស់ព្រះបានរំដោះ នោះគឺត្រូវការដកយកចេញសាតាំងនិងរបបទូទាំងពិភពលោកទាំងមូលរបស់វាចេញ។ នេះគឺត្រូវការប្រភពនៃការរំដោះដែលមានអំណាចខ្លាំងក្លាជាងមនុស្សទៅទៀត។ ប្រភពនោះគឺព្រះយេហូវ៉ា ជាព្រះមហាក្សត្រដ៏ឧត្តម ព្រះអាទិទេពដ៏មានព្រះចេស្ដាបំផុតនៃសកលលោកដ៏ធំអស្ចារ្យនេះ។ ទ្រង់ជាអ្នករំដោះដ៏សំខាន់បំផុត៖ «គឺអញ អញនេះហើយជាយេហូវ៉ា ក្រៅពីអញ គ្មានអ្នកសង្គ្រោះណាទៀតឡើយ»។—អេសាយ ៤៣:១១; សុភាសិត ១៨:១០
១៦ ក្នុងព្រះយេហូវ៉ាគឺមានអំណាច ប្រាជ្ញា យុត្ដិធម៌ និងសេចក្ដីស្រឡាញ់ដ៏ខ្ពស់បំផុត។ (ទំនុកដំកើង ១៤៧:៥; សុភាសិត ២:៦; អេសាយ ៦១:៨; យ៉ូហានទី១ ៤:៨) ដូច្នេះនៅពេលដែលទ្រង់កាត់សេចក្ដីជំនុំជំរះរបស់ទ្រង់ យើងអាចដឹងជាប្រាកដថា ការប្រព្រឹត្តរបស់ទ្រង់នឹងប្រកបដោយសុចរិត។ អ័ប្រាហាំបានសួរថា៖ ‹តើព្រះដ៏ជាចៅក្រមនៃផែនដីទាំងមូលនឹងមិនត្រូវប្រព្រឹត្តដោយយុត្ដិធម៌ទេឬ›? (លោកុប្បត្តិ ១៨:២៤-៣៣) ប៉ុលបានលាន់មាត់ថា៖ «តើព្រះមានសេចក្ដីទុច្ចរិតឬអី ទេ គ្មានសោះ»! (រ៉ូម ៩:១៤) យ៉ូហានបានសរសេរថា៖ «មែនហើយ ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាបំផុតអើយ សេចក្ដីជំនុំជំរះរបស់ទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ទាំងអស់»។—វិវរណៈ ១៦:៧
១៧. តើតាមរបៀបណាដែលពួកអ្នកបំរើរបស់ព្រះយេហូវ៉ាក្នុងសម័យដើម បានបង្ហាញការទុកចិត្តលើសេចក្ដីសន្យារបស់ទ្រង់?
១៧ នៅពេលដែលព្រះយេហូវ៉ាបានសន្យាពីការរំដោះ ទ្រង់នឹងធ្វើឲ្យសម្រេចជាមិនខាន។ យ៉ូស្វេបានមានប្រសាសន៍ថា៖ «ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាបានមានបន្ទូលសន្យា . . . នោះបានសម្រេចគ្រប់ជំពូក»។ (យ៉ូស្វេ ២១:៤៥) សាឡូម៉ូនបានមានប្រសាសន៍ថា៖ «គ្រប់ទាំងសេចក្ដីដែលទ្រង់បានសន្យា ឥតមានខ្វះព្រះបន្ទូលណាមួយ»។ (ពង្សាវតារក្សត្រទី១ ៨:៥៦) សាវ័កប៉ុលបានកត់សម្គាល់ថា អ័ប្រាហាំ«មិនបានសង្ស័យ ចំពោះសេចក្ដីសន្យារបស់ព្រះ ដោយចិត្តមិនជឿឡើយ . . . ហើយក៏ជឿជាក់អស់ពីចិត្តថាសេចក្ដីអ្វីដែលទ្រង់សន្យា នោះអាចនឹងធ្វើឲ្យសំរេចបាន»។ សារ៉ាក៏បាន«រាប់ព្រះដែលសន្យានោះ ទុកជាស្មោះត្រង់»ដែរ។—រ៉ូម ៤:២០, ២១; ហេព្រើរ ១១:១១
១៨. ហេតុអ្វីក៏ពួកអ្នកបំរើរបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ អាចទុកចិត្តថា គេនឹងបានរំដោះនោះ?
១៨ មិនដូចមនុស្ស យើងអាចទុកចិត្តទៅលើព្រះយេហូវ៉ាទាំងស្រុងបាន ដោយធ្វើតាមបន្ទូលរបស់ទ្រង់។ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានស្បថថា៖ ‹ពិតប្រាកដជានឹងកើតមានដូចជាអញបានគិតហើយ។ ក៏នឹងសំរេចដូចជាអញបានកំណត់ទុកផង›»។ (អេសាយ ១៤:២៤) ដូច្នេះ នៅពេលដែលព្រះគម្ពីរចែងថា «ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្ដិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បួង ហើយនឹងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ» នោះយើងអាចមានការទុកចិត្តទាំងស្រុងថានេះនឹងកើតឡើងមែន។ (ពេត្រុសទី២ ២:៩) សូម្បីតែត្រូវបានគំរាមកំហែងនឹងសេចក្ដីហិនវិនាសដោយពួកសត្រូវដ៏ខ្លាំងក្លាក៏ដោយ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាមានសេចក្ដីក្លាហាន ដោយសារព្រះហឫទ័យរបស់ទ្រង់ដែលសម្ដែងឲ្យឃើញក្នុងសេចក្ដីសន្យាដល់ព្យាការីរបស់ទ្រង់ម្នាក់៖ «គេនឹងតនឹងឯងតែមិនឈ្នះឯងឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយឯងឲ្យរួច នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។—យេរេមា ១:១៩; ទំនុកដំកើង ៣៣:១៨, ១៩; ទីតុស ១:២
ការរំដោះក្នុងសម័យដើម
១៩. តើតាមរបៀបណាដែលព្រះយេហូវ៉ាបានរំដោះឡុត ហើយមានការស្រដៀងគ្នាក្នុងសម័យយើងយ៉ាងណា?
១៩ យើងអាចមានការលើកទឹកចិត្តយ៉ាងខ្លាំង ដោយរៀបរាប់ម្ដងទៀតនូវការរំដោះរបស់ព្រះយេហូវ៉ាខ្លះនៅសម័យមុនៗ។ ជាឧទាហរណ៍ ឡុត«មានចិត្តព្រួយលំបាក» ដោយអំពើអាក្រក់ជួជាតិនៃក្រុងសូដុំមនឹងក្រុងកូម៉ូរ៉ា។ ប៉ុន្តែ ព្រះយេហូវ៉ាបានជ្រាបអំពី‹សម្រែកនៃការរអ៊ូរទាំ›ទាស់នឹងក្រុងទាំងនោះ។ ដល់ពេលកំណត់ត្រឹមត្រូវ ទ្រង់បានបញ្ជូនពួកនាំសារទ្រង់ឲ្យទៅដាស់តឿនឡុតនិងគ្រួសារ ឲ្យចាកចេញពីកន្លែងនោះភ្លាម។ តើមានលទ្ធផលយ៉ាងណា? ព្រះយេហូវ៉ា«បានប្រោសលោកឡុត ជាអ្នកសុចរិតឲ្យរួចវិញ» «ទ្រង់បានបញ្ឆេះក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ាឲ្យទៅជាផែះ»។ (ពេត្រុសទី២ ២:៦-៨; លោកុប្បត្តិ ១៨:២០, ២១) នៅសព្វថ្ងៃនេះដែរ ព្រះយេហូវ៉ាជ្រាបអំពីការសម្រែកនៃការរអ៊ូរទាំចំពោះអំពើអាក្រក់ជួជាតិរបស់លោកីយ៍នេះ។ នៅពេលដែលពួកអ្នកនាំសារនៅសម័យទំនើប បានបញ្ចប់កិច្ចការផ្សាយរបស់គេដល់កំរិតដែលទ្រង់សព្វព្រះហឫទ័យ ទ្រង់នឹងចាត់វិធានការប្រឆាំងលោកីយ៍នេះ ហើយរំដោះពួកអ្នកបំរើរបស់ទ្រង់ ដូចកាលទ្រង់បានរំដោះឡុតដែរ។—ម៉ាថាយ ២៤:១៤
២០. សូមរៀបរាប់ការរំដោះរបស់ព្រះយេហូវ៉ាជួយពួកអ៊ីស្រាអែលពីសម័យបុរាណចេញពីប្រទេសអេស៊ីប។
២០ ក្នុងប្រទេសអេស៊ីបពីបុរាណ មានប្រជារាស្ត្ររបស់ព្រះយេហូវ៉ារាប់លាននាក់ត្រូវបានគេយកធ្វើជាទាសៈ។ ព្រះយេហូវ៉ាមានបន្ទូលអំពីគេថា៖ ‹អញបានឮពាក្យគេអំពាវនាវ អញស្គាល់សេចក្ដីទុក្ខព្រួយរបស់គេ។ ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួច›។ (និក្ខមនំ ៣:៧, ៨) ប៉ុន្តែ ក្រោយពីបានឲ្យប្រជារាស្ត្ររបស់ទ្រង់ចេញទៅ ស្តេចផារ៉ោនបានប្រែគំនិត ហើយក៏ដេញតាមពួកគេដោយប្រើកងទ័ពយ៉ាងខ្លាំងរបស់ខ្លួន។ ពួកអ៊ីស្រាអែល មើលទៅប្រហែលជាជាប់អន្ទាក់នៅឯសមុទ្រក្រហម។ តែម៉ូសេមានប្រសាសន៍ថា៖ «កុំខ្លាចអ៊ី ឈប់សិន ចាំមើល សេចក្ដីរបស់ព្រះយេហូវ៉ា ដែលទ្រង់នឹងប្រោសដល់អ្នករាល់គ្នានៅថ្ងៃនេះ»។ (និក្ខមនំ ១៤:៨-១៤) ព្រះយេហូវ៉ាបានវែកចំហៀងសមុទ្រក្រហម ហើយពួកអ៊ីស្រាអែលបានរត់គេចរួចទៅ។ ពួកកងទ័ពរបស់ស្តេចផារ៉ោនបានដេញតាមពួកគេ តែព្រះយេហូវ៉ាបានប្រើអំណាចរបស់ទ្រង់ ដើម្បីឲ្យ‹សមុទ្រគ្របលើគេវិញ ហើយគេត្រូវលិចចុះទៅក្នុងទឹកធំដូចជាសំណ›។ ក្រោយមក ម៉ូសេបានដំកើងដល់ព្រះយេហូវ៉ាដោយច្រៀងថា៖ «តើមានអ្នកឯណាដែលមានសេចក្ដីបរិសុទ្ធដ៏វិសេសដូចទ្រង់? ដែលគួរសរសើរដំកើង ហើយក៏ធ្វើការអស្ចារ្យផង»។—និក្ខមនំ ១៥:៤-១២,១៩
២១. តើតាមរបៀបណាដែលពួករាស្ត្ររបស់ព្រះយេហូវ៉ាត្រូវបានរំដោះពីពួកអាំម៉ូន ម៉ូអាប់ និងពួកសៀរ?
២១ នៅគ្រាមួយទៀត ពួកសាសន៍សត្រូវអាំម៉ូន ម៉ូអាប់ និង ពួកសៀរ (អេដំម) បានគំរាមកំហែងកំទេចប្រជារាស្ត្ររបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានមានបន្ទូលថា៖ «កុំឲ្យភ័យខ្លាចអ្វីឡើយ ក៏កុំឲ្យស្រយុតចិត្ត ដោយព្រោះពួកធំទាំងម្ល៉េះនេះដែរ ដ្បិតចំបាំងនេះមិនមែនស្រេចនៅអ្នករាល់គ្នាទេ គឺស្រេចនៅព្រះវិញ។ . . . អ្នករាល់គ្នាមិនបាច់នឹងតស៊ូក្នុងចំបាំងនេះទេ . . . ឲ្យគ្រាន់តែឈរនៅស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះ ដែលព្រះយេហូវ៉ានឹងប្រោសដល់អ្នករាល់គ្នាប៉ុណ្ណោះ»។ ព្រះយេហូវ៉ាបានរំដោះរាស្ត្រទ្រង់ដោយធ្វើឲ្យមានការភាន់ច្រឡំក្នុងចំណោមពួកសត្រូវ ដើម្បីឲ្យគេសម្លាប់គ្នាទៅវិញទៅមក។—របាក្សត្រទី២ ២០:១៥-២៣
២២. តើការរំដោះដ៏អព្ភូតហេតុអ្វី ដែលព្រះយេហូវ៉ាផ្ដល់សំរាប់អ៊ីស្រាអែលចេញពីពួកអាសស៊ើរ?
២២ នៅពេលដែលមហាអំណាចនៃប្រទេសអាសស៊ើរ បានមកប្រឆាំងក្រុងយេរូសាឡិម ស្តេចសាហេរីប បាននិយាយឡកឡឺយដល់ព្រះយេហូវ៉ា ដោយនិយាយដល់រាស្ត្រលើកំផែងថា៖ «ក្នុងបណ្ដាព្រះទាំងប៉ុន្មាននោះ តើមានព្រះណា ដែលជួយស្រុកគេ ឲ្យរួចពីកណ្ដាប់ដៃអញបាន បានជាព្រះយេហូវ៉ា ទ្រង់នឹងជួយឲ្យក្រុងយេរូសាឡិមរួចពីកណ្ដាប់ដៃអញបានដែរ»? ចំពោះពួករាស្ត្ររបស់ព្រះ គាត់និយាយថា៖ «ចូរប្រយ័ត្នក្រែងហេសេគាបបួលឯងរាល់គ្នា ដោយពាក្យថា៖ ‹ព្រះយេហូវ៉ាទ្រង់នឹងជួយឲ្យរួចជាមិនខាន›»។ នៅពេលនោះ ហេសេគាបានខំប្រឹងប្រែងអធិស្ឋានឲ្យព្រះជួយរំដោះ ដើម្បីឲ្យ«គ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ទ្រង់ជាព្រះយេហូវ៉ា គឺទ្រង់តែ១ព្រះអង្គទេ»។ ព្រះយេហូវ៉ាបានសម្លាប់ពួកទាហានអាសស៊ើរ ១៨៥,០០០នាក់ ហើយពួករាស្ត្រត្រូវបានរំដោះ។ ក្រោយមក កាលដែលស្តេចសាហេរីបថ្វាយបង្គំព្រះមិនពិតរបស់ខ្លួន ពួកបុត្រទ្រង់បានសម្លាប់ទ្រង់ចោល។—អេសាយ ជំពូក ៣៦ និង ៣៧
២៣. តើមានសំនួរអ្វីខ្លះដែលត្រូវការឆ្លើយអំពីការរំដោះនៅសព្វថ្ងៃនេះ?
២៣ យើងពិតជាអាចមានចិត្តក្លាហាន នៅពេលដែលយើងឃើញនូវរបៀបដែលព្រះយេហូវ៉ាបានរំដោះរាស្ត្រទ្រង់តាមរបៀបដ៏អស្ចារ្យក្នុងសម័យដើម។ ចុះយ៉ាងណាវិញសព្វថ្ងៃនេះ? តើពួកអ្នកបំរើទ្រង់នឹងចូលក្នុងស្ថានការណ៍ដ៏គ្រោះថ្នាក់អ្វីនៅបន្ដិចទៀត ដែលត្រូវការការរំដោះដោយអព្ភូតហេតុនោះ? ហេតុអ្វីក៏ទ្រង់ចាំរហូតដល់ឥឡូវនេះ ក្នុងការនាំឲ្យគេមានការរំដោះ? តើនឹងមានសេចក្ដីសម្រេចនៃបន្ទូលរបស់ព្រះយេស៊ូយ៉ាងណា ដែលថា៖ «កាលណាការទាំងនេះចាប់តាំងកើតមក នោះឲ្យអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះសេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»? (លូកា ២១:២៨) ហើយចំពោះមនុស្សដែលបានស្លាប់ទៅហើយ តើគេនឹងបានការរំដោះយ៉ាងណា? អត្ថបទជាបន្ទាប់នឹងពិគ្រោះនឹងសំនួរទាំងនេះ។
សំនួរសារឡើងវិញ
◻ ហេតុអ្វីក៏ត្រូវការការរំដោះយ៉ាងខ្លាំង?
◻ ហេតុអ្វីក៏យើងមិនត្រូវពឹងលើមនុស្សជាតិសំរាប់ការរំដោះ?
◻ តើការរំដោះជិតមកដល់សំរាប់អ្នកណា?
◻ ហេតុអ្វីក៏យើងអាចទុកចិត្តនឹងការរំដោះរបស់ព្រះយេហូវ៉ា?
◻ តើឧទាហរណ៍នៃការរំដោះពីដើមគួរលើកទឹកចិត្តយ៉ាងណា?
[រូបភាពនៅទំព័រ១០]
អ័ប្រាហាំគឺបាននៅក្នុងចំណោមពួកអ្នកដែលបានទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា