សូមស្វែងរកសន្ដិភាពរបស់ព្រះក្នុងជីវភាពគ្រួសារ
«ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ា អស់ទាំងពូជពង្សនៃសាសន៍ទាំងឡាយអើយ ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ទ្រង់មានសិរីល្អនឹងព្រះចេស្ដា»។—ទំនុកដំកើង ៩៦:៧
១. តើព្រះយេហូវ៉ាបាននាំឲ្យគ្រួសារមានការចាប់ផ្ដើមប្រភេទណា?
ព្រះយេហូវ៉ាបានចាប់ផ្ដើមជីវភាពគ្រួសារដែលប្រកបដោយសន្ដិភាពនិងសុភមង្គល ពេលដែលទ្រង់យកបុរសនិងស្ត្រីទីមួយមករៀបជាអាពាហ៍ពិពាហ៍។ តាមការពិត អ័ដាមមានចិត្តសប្បាយដល់ម្ល៉េះ ដែលគាត់បានថ្លែងអំណររបស់គាត់ក្នុងកំណាព្យដែលបានកត់ទុកថា៖ «នេះហើយជាឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ នឹងត្រូវហៅថាស្ត្រី ពីព្រោះបានយកចេញពីបុរសមក»។—លោកុប្បត្តិ ២:២៣
២. ក្រៅពីចង់ឲ្យកូនចៅទ្រង់មានសុភមង្គល តើព្រះចង់បានអ្វីសំរាប់អាពាហ៍ពិពាហ៍?
២ ពេលដែលព្រះបានផ្ដើមអាពាហ៍ពិពាហ៍និងការរៀបចំគ្រួសារ ទ្រង់មិនគ្រាន់តែចង់ឲ្យមានសុភមង្គលដល់កូនចៅមនុស្សប៉ុណ្ណោះទេ។ ទ្រង់ក៏ចង់ឲ្យគេធ្វើតាមបំណងរបស់ទ្រង់ដែរ។ ព្រះបានមានបន្ទូលប្រាប់គូទីមួយនេះថា៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស នឹងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង»។ (លោកុប្បត្តិ ១:២៨) ប្រាកដហើយ នេះជាភារកិច្ចដ៏មានរង្វាន់មែន។ តើអ័ដាម នាងអេវ៉ា និងកូនចៅរបស់គេនឹងសប្បាយយ៉ាងណាទៅហ្ន៎ បើប្ដីប្រពន្ធទីមួយនេះបានគោរពធ្វើតាមបំណងរបស់ព្រះយេហូវ៉ានោះ!
៣. តើអ្វីដែលត្រូវការសំរាប់គ្រួសារទាំងឡាយឲ្យរស់នៅតាមសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ?
៣ សព្វថ្ងៃនេះ គ្រួសារជាច្រើនមានចិត្តដ៏រីករាយ ពេលដែលគេរួមដៃគ្នាធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។ ហើយគ្រួសារទាំងឡាយនេះគឺមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យមែន! សាវ័កប៉ុលបានសរសេរថា៖ «សេចក្ដីគោរពប្រតិបត្ដិដល់ព្រះ នោះទើបមានប្រយោជន៍គ្រប់ជំពូកវិញ ក៏មានសេចក្ដីសន្យាឲ្យបានជីវិតនៅជាន់ឥឡូវនេះ ហើយទៅខាងនាយផង»។ (ធីម៉ូថេទី១ ៤:៨) គ្រួសារទាំងឡាយណាដែលប្រកបជីវិតដោយការគោរពប្រតិបត្ដិដល់ព្រះ គឺធ្វើតាមគោលការណ៍នៃបន្ទូលរបស់ព្រះយេហូវ៉ា ហើយធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ពួកគេស្វែងរកសន្ដិភាពរបស់ព្រះ ដូច្នេះហើយក៏រកឃើញសុភមង្គលក្នុង‹ជីវិតឥឡូវនេះ›។
ជីវភាពគ្រួសារមានគ្រោះថ្នាក់
៤, ៥. ហេតុអ្វីក៏អាចនិយាយថា ជីវភាពគ្រួសារមានគ្រោះថ្នាក់ពាសពេញពិភពលោកសព្វថ្ងៃនេះ?
៤ ជាការធម្មតា យើងមិនអាចរកឃើញសន្ដិសុខនិងសុភមង្គលក្នុងគ្រប់គ្រួសារបានឡើយ។ ក្នុងការពិនិត្យមើលការស្ទង់មតិមួយ ដែលបានធ្វើឡើងដោយវិជ្ជាស្ថានប្រជាសាស្ត្រ ដែលបានហៅថា ក្រុមប្រឹក្សាប្រជាជន កាសែត ញូវយ៉ក ថែម្ស ថ្លែងថា៖ «ក្នុងប្រទេសរីកចំរើននិងប្រទេសក្រទាំងឡាយ រចនាសម្ព័ន្ធនៃជីវភាពគ្រួសារ គឺកំពុងតែមានការប្រែប្រួលយ៉ាងខ្លាំង»។ អ្នកនិពន្ធម្នាក់នៃការស្រាវជ្រាវបានត្រូវគេស្រង់ពាក្យគាត់ថា៖ «គំនិតដែលថា គ្រួសារគឺមិនផ្លាស់ប្ដូរហើយដែលមានកម្លាំងស្អិតជាប់ ដែលឪពុកបំរើជាអ្នកផ្ដល់ខាងអាហារ និងម្ដាយបំរើជាអ្នកថែរក្សាខាងផ្លូវចិត្ត នោះគឺជារឿងប្រពៃណីទេ។ ហេតុការណ៍ពិតនោះគឺជម្រាលទៅខាងមាតុភាពដែលឥតរៀបការ ចំនួននៃការលែងលះគ្នាកាន់តែច្រើនឡើង [ហើយ]គ្រួសារដែលមានគ្នាតិច . . . គឺកំពុងតែមានពាសពេញពិភពលោក»។ ដោយសារតែជម្រាលបែបនេះ រាប់លានគ្រួសារមិនមានស្ថិរភាព សន្ដិសុខ និងសុភមង្គលទេ ហើយគ្រួសារជាច្រើនកំពុងតែបាក់បែកគ្នា។ ក្នុងប្រទេសអេស្បាញ ចំនួននៃការលែងលះគ្នាបានឡើងទៅ១ក្នុង៨នៃអាពាហ៍ពិពាហ៍ នៅដើមទសវត្សនៃឆ្នាំ១៩៩០—គឺបានឡើងយ៉ាងច្រើនពី១ក្នុង១០០អាពាហ៍ពិពាហ៍ គ្រាន់តែ២៥ឆ្នាំមុននោះ។ ប្រទេសអង់គ្លេសបានត្រូវរាយការណ៍ថាមានចំនួនការលែងលះគ្នាច្រើនជាងគេក្នុងអឺរ៉ុប—គឺ ៤ក្នុង១០ មានបរាជ័យក្នុងអាពាហ៍ពិពាហ៍។ ក្នុងប្រទេសនោះក៏មានការឡើងចំនួននៃគ្រួសារដែលមានតែឪពុកឬម្ដាយដែរ។
៥ នេះហាក់បីដូចជាមនុស្សខ្លះ អន្ទះអន្ទែងចង់តែលែងលះគ្នា។ មនុស្សជាច្រើនទៅ«ទីសក្ការៈសំខាន់សំរាប់ផ្ដាច់ចំណង» ជិតក្រុងតូខ្យូ ប្រទេសជប៉ុន។ វត្តស៊ិនតូនេះ ទទួលសំណូមពរចំពោះការលែងលះគ្នា និងសំរាប់ការកាត់ផ្ដាច់ទំនាក់ទំនងដែលមិនចង់បានទៀត។ អ្នកថ្វាយបង្គំនិមួយៗ សរសេរការអង្វររបស់គាត់លើផ្ទាំងឈើដ៏ស្តើងមួយរួច ព្យួរលើជញ្ជាំងវត្ត ហើយខំសូត្រធម៌រកចម្លើយ។ កាសែតតូខ្យូ ចែងថា កាលដែលវត្តនេះបានស្ថាបនាឡើងជាងមួយសតវត្សកន្លងទៅនេះ «ប្រពន្ធទាំងឡាយនៃពួកពាណិជ្ជករក្នុងតំបន់បានសរសេរធម៌សុំឲ្យប្ដីរបស់គេចាកចេញពីសហាយ ហើយឲ្យត្រឡប់មកខ្លួនវិញ»។ ប៉ុន្តែ សព្វថ្ងៃនេះ សំណូមពរភាគច្រើនគឺសំរាប់ការលែងលះគ្នា មិនមែនសំរាប់ការផ្សះផ្សាគ្នាទេ។ យ៉ាងច្បាស់ណាស់ ជីវភាពគ្រួសារមានគ្រោះថ្នាក់នៅជុំវិញពិភពលោក។ តើនេះធ្វើឲ្យពួកគ្រីស្ទានភ្ញាក់ផ្អើលឬ? អត់ទេ ពីព្រោះព្រះគម្ពីរផ្ដល់ឲ្យយើងនូវការយល់ជ្រៅជ្រះនៃវិបត្ដិគ្រួសារក្នុងបច្ចុប្បន្ននេះ។
ហេតុអ្វីក៏មានវិបត្ដិគ្រួសារ?
៦. តើយ៉ូហានទី១ ៥:១៩ មានការទាក់ទងយ៉ាងណាលើវិបត្ដិគ្រួសារសព្វថ្ងៃនេះ?
៦ មូលហេតុមួយដែលមានវិបត្ដិគ្រួសារជាច្រើនសព្វថ្ងៃនេះ គឺថា៖ «លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ»។ (យ៉ូហានទី១ ៥:១៩) តើឲ្យយើងសង្ឃឹមបានអ្វីពីមេកំណាច អារក្សសាតាំង? វាជាបុគ្គលដ៏អាក្រក់ អ្នកភូតភរដ៏ឥតសីលធម៌។ (យ៉ូហាន ៨:៤៤) ដូច្នេះហើយ បានជាលោកីយ៍របស់វាលង់ទៅក្នុងការបោកបញ្ឆោតនិងអំពើឥតសីលធម៌ ជាអ្វីដ៏ហិនហោចដល់ជីវភាពគ្រួសារ! នៅខាងក្រៅអង្គការរបស់ព្រះ ឥទ្ធិពលរបស់សាតាំង គឺគំរាមកំហែងបំផ្លាញស្ថាប័នអាពាហ៍ពិពាហ៍របស់ព្រះយេហូវ៉ា ហើយកំទេចចោលជីវភាពគ្រួសារដ៏សុខសាន្ត។
៧. តើគ្រួសារទាំងឡាយអាចមានឥទ្ធិពលយ៉ាងណាពីលក្ខណៈដែលមនុស្សជាច្រើនមានក្នុងថ្ងៃជាន់ក្រោយបង្អស់នេះ?
៧ មូលហេតុមួយទៀត ចំពោះបញ្ហាគ្រួសារ ដែលកំពុងធ្វើទុក្ខដល់មនុស្សជាតិសព្វថ្ងៃនេះ គឺបានបង្ហាញមកក្នុងធីម៉ូថេទី២ ៣:១-៥។ ពាក្យទំនាយរបស់ប៉ុលដែលបានកត់ទុកទីនោះ បង្ហាញថាយើងកំពុងតែរស់នៅក្នុង«ថ្ងៃជាន់ក្រោយបង្អស់»។ គ្រួសារទាំងឡាយមិនអាចមានសន្ដិសុខនិងការសប្បាយចិត្តបានទេ បើសមាជិកគ្រួសាររបស់គេ«ស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្ដីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ គេមានឫកពាជាអ្នកគោរពប្រតិបត្ដិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្ដា ដែលមកដោយការគោរពប្រតិបត្ដិនោះទេ»។ គ្រួសារមួយមិនអាចមានការសប្បាយយ៉ាងពេញលេញទេ បើមានសមាជិកម្នាក់ក្នុងគ្រួសារឥតមានសេចក្ដីស្រឡាញ់ឬឥតមានចិត្តស្មោះត្រង់នោះ។ តើជីវភាពគ្រួសារអាចទៅជាសុខសាន្តយ៉ាងណាបាន បើសមាជិកម្នាក់ក្នុងគ្រួសារមានចិត្តឃោរឃៅ ហើយមិនព្រមស្ដាប់យោបល់អ្វីណាសោះនោះ? អ្វីដែលអាក្រក់ទៅទៀត តើនឹងអាចមានសន្ដិភាពនិងសុភមង្គលយ៉ាងណាបាន បើពួកសមាជិកគ្រួសារជាអ្នកចូលចិត្តនឹងល្បែងលេងជាជាងស្រឡាញ់ព្រះនោះ? ទាំងនេះជាលក្ខណៈនៃមនុស្សក្នុងលោកនេះ ដែលបានគ្រប់គ្រងដោយសាតាំង។ ដូច្នេះហើយបានជាសុភមង្គលក្នុងគ្រួសារ គឺកម្រមានក្នុងថ្ងៃជាន់ក្រោយបង្អស់!
៨, ៩. តើមារយាទនៃកូនចៅអាចមានឥទ្ធិពលយ៉ាងណាលើសុភមង្គលគ្រួសារ?
៨ មូលហេតុមួយទៀតដែលគ្រួសារជាច្រើនឥតមានសន្ដិភាពនិងសុភមង្គល នោះគឺឫកពាដ៏អាក្រក់នៃកូនចៅ។ ពេលដែលទាយប្រាប់អំពីស្ថានភាពក្នុងថ្ងៃជាន់ក្រោយបង្អស់ លោកប៉ុលបានទាយថាកូនចៅជាច្រើននឹងមិនគោរពតាមឪពុកម្ដាយឡើយ។ បើសិនអ្នកជាមនុស្សវ័យក្មេង តើមារយាទរបស់អ្នកជួយធ្វើឲ្យគ្រួសាររបស់អ្នកមានសន្ដិសុខនិងសុភមង្គលទេ?
៩ កូនចៅខ្លះឥតមានមារយាទល្អទេ។ ឧទាហរណ៍ ក្មេងប្រុសម្នាក់បានសរសេរសំបុត្រដ៏អាក្រក់មួយទៅឪពុករបស់ខ្លួនថា៖ «បើសិនជាឪពុកមិនយកខ្ញុំទៅអ័លេក្សានត្រុសទេ ខ្ញុំនឹងមិនសរសេរសំបុត្រទៅលេងទេ ឬនិយាយដល់ឪពុក ឬលាឪពុកឡើយ ហើយបើសិនជាឪពុកទៅអ័លេក្សានត្រុសដោយឥតយកខ្ញុំទៅជាមួយ ខ្ញុំនឹងមិនកាន់ដៃឬជំរាបសួរដល់ឪពុកទៀត។ នេះជាអ្វីដែលនឹងកើតឡើងបើឪពុកមិនយកខ្ញុំទៅជាមួយ . . . ប៉ុន្តែសូមផ្ញើ[ពិណ]ឲ្យខ្ញុំ ខ្ញុំសូមអង្វរ។ បើមិនផ្ញើទេ ខ្ញុំនឹងមិនញ៉ាំអាហារឬផឹកឡើយ។ ឃើញទេ»! តើពាក្យនេះដូចក្នុងស្ថានការណ៍ទំនើបនេះទេ? សំបុត្រនោះគឺពីក្មេងប្រុសម្នាក់ផ្ញើទៅឪពុក ដែលបានសរសេរក្នុងប្រទេសអេស៊ីបពីបុរាណ ជាង២០០០ឆ្នាំកន្លងទៅនេះ។
១០. តើតាមរបៀបណាដែលពួកក្មេងៗជួយគ្រួសាររបស់គេឲ្យស្វែងរកសន្ដិភាពរបស់ព្រះនោះ?
១០ អាកប្បកិរិយារបស់ក្មេងប្រុសនេះមិនបានធ្វើឲ្យមានសន្ដិភាពក្នុងគ្រួសារទេ។ ប្រាកដហើយ មានការអាក្រក់ជាងនោះទៀតក្នុងថ្ងៃជាន់ក្រោយបង្អស់នេះ។ ប៉ុន្តែ ពួកក្មេងៗអើយ អ្នករាល់គ្នាអាចជួយគ្រួសាររបស់អ្នកឲ្យស្វែងរកសន្ដិភាពរបស់ព្រះ។ តើតាមរបៀបណា? ដោយគោរពតាមឱវាទក្នុងព្រះគម្ពីរ៖ «ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយ ក្នុងគ្រប់ការទាំងអស់ ដ្បិតព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យយ៉ាងដូច្នោះឯង»។—កូល៉ុស ៣:២០
១១. តើតាមរបៀបណាដែលឪពុកម្ដាយជួយកូនចៅរបស់គេឲ្យក្លាយទៅជាពួកអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា?
១១ ចុះយ៉ាងណាវិញដែរ ចំពោះឪពុកម្ដាយទាំងឡាយ? ដោយសេចក្ដីស្រឡាញ់ សូមជួយកូនចៅរបស់អ្នកឲ្យក្លាយទៅជាពួកអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។ សុភាសិត ២២:៦ ចែងថា៖ «ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់»។ ដោយមានការអប់រំដ៏ល្អពីព្រះគម្ពីរនិងគំរូដ៏ល្អពីឪពុកម្ដាយ ក្មេងប្រុសស្រីជាច្រើនមិនបានបែរចេញពីផ្លូវត្រឹមត្រូវទេ ពេលគេមានវ័យធំឡើង។ ប៉ុន្តែ ភាគច្រើនគឺស្រេចទៅលើគុណសម្បត្ដិនិងពេលវេលាការអប់រំនៃព្រះគម្ពីរ ហើយលើចិត្តក្មេងៗ។
១២. ហេតុអ្វីក៏ផ្ទះគ្រីស្ទានគួរតែមានសេចក្ដីសុខសាន្ត?
១២ បើសិនជាសមាជិកទាំងអស់នៃគ្រួសាររបស់យើង ខំប្រឹងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា យើងមុខជាមានសន្ដិភាពរបស់ព្រះ។ ក្នុងផ្ទះគ្រីស្ទានគួរតែពោរពេញទៅដោយ‹មិត្តនៃសន្ដិភាព›។ លូកា ១០:១-៦ បង្ហាញថាព្រះយេស៊ូបានចងចាំអំពីមនុស្សបែបនេះ ពេលដែលទ្រង់បានបញ្ជូនសិស្ស៧០នាក់ ជាអ្នកបំរើ ហើយបានប្រាប់គេថា៖ «ឯផ្ទះណា ដែលអ្នករាល់គ្នាចូលទៅ នោះមុនដំបូងត្រូវថា សូមឲ្យផ្ទះនេះបានសេចក្ដីសុខសាន្ត បើនៅផ្ទះនោះ មានមនុស្សណាចូលចិត្តនឹងសេចក្ដីសុខសាន្ត នោះសេចក្ដីសុខរបស់អ្នករាល់គ្នា នឹងនៅជាប់នឹងផ្ទះនោះ»។ កាលដែលពួកអ្នកបំរើរបស់ព្រះយេហូវ៉ាទៅយ៉ាងសុខសាន្តពីផ្ទះមួយទៅផ្ទះមួយ ដោយមាន«ដំណឹងល្អ ជាសេចក្ដីមេត្រី» គេខំរកមិត្តៗនៃសន្ដិភាព។ (កិច្ចការ ១០:៣៤-៣៦; អេភេសូរ ២:១៣-១៨) យ៉ាងប្រាកដណាស់ គ្រួសារគ្រីស្ទានគឺធ្វើឡើងពីមិត្តនៃសន្ដិភាព ដូច្នេះគួរតែមានសេចក្ដីសុខសាន្ត។
១៣, ១៤. (ក) តើន៉ាអូមីមានបំណងយ៉ាងណាសំរាប់នាងរស់និងអ័រប៉ា? (ខ) ផ្ទះសម្បែងគ្រីស្ទានត្រូវតែជាទីសំរាកក្សេមក្សាន្តប្រភេទណា?
១៣ ផ្ទះសម្បែងត្រូវតែជាកន្លែងសន្ដិភាពនិងកន្លែងដែលឥតមានការព្រួយបារម្ភ។ មេម៉ាយចាស់ម្នាក់ឈ្មោះ ន៉ាអូមី បានសង្ឃឹមថាព្រះនឹងប្រទានឲ្យកូនប្រសាស្រីរបស់នាង ឈ្មោះ នាងរស់និងអ័រប៉ាដែលមេម៉ាយ នូវការសំរាកនិងការសម្រាលទុក្ខជាលទ្ធផលនៃរមានប្ដីនិងផ្ទះសម្បែងល្អ។ ន៉ាអូមីបានមានប្រសាសន៍ថា៖ «សូមឲ្យព្រះយេហូវ៉ាប្រោសមេត្ដា ឲ្យឯងបានសេចក្ដីស្រាកស្រាន្ត នៅក្នុងផ្ទះរបស់ប្ដី១ទៀតរៀងខ្លួនចុះ»។ (នាងរស់ ១:៩) ចំពោះសំណូមពររបស់ន៉ាអូមី វិជ្ជាករម្នាក់បានសរសេរថា ក្នុងគ្រួសារបែបនេះ នាងរស់និងអ័រប៉ា«នឹងបានរួចផុតពីសេចក្ដីឥតស្រាកស្រាន្តនិងការថប់បារម្ភ។ ពួកគេនឹងមានចិត្តដ៏សុខសាន្ត។ នេះជាកន្លែងដែលគេអាចតាំងលំនៅ ហើយអារម្មណ៍និងបំណងដ៏ថ្លៃថ្នូររបស់គេនឹងមានសេចក្ដីស្កប់ស្កល់ហើយ សុខសាន្ត។ ឥទ្ធិពលដ៏ពិសេសនៃពាក្យហេព្រើរ . . . បានសម្ដែងឲ្យឃើញច្បាស់ពីលក្ខណៈនៃឃ្លាដែលប្រើនៅក្នុង[អេសាយ ៣២:១៧, ១៨]»។
១៤ សូមកត់សម្គាល់នូវសេចក្ដីយោងនេះនៅអេសាយ ៣២:១៧, ១៨។ នៅទីនេះ យើងអានថា៖ «ឯការនៃសេចក្ដីសុចរិត នោះនឹងបានជាសន្ដិសុខ ហើយផលនៃសេចក្ដីសុចរិត នោះនឹងបានជាសេចក្ដីស្រាកស្រាន្ត នឹងជាសេចក្ដីទុកចិត្តជាដរាបទៅ ឯរាស្ត្រអញ គេនឹងអាស្រ័យក្នុងទីលំនៅដ៏មានសន្ដិសុខ ហើយនៅផ្ទះសំបែងមាំមួន ជាទីសំរាកក្សេមក្សាន្ត»។ ផ្ទះសម្បែងគ្រីស្ទានត្រូវតែជាទីសំរាកក្សេមក្សាន្តនៃសុចរិត សេចក្ដីស្ងាត់ សន្ដិសុខ និងសន្ដិភាពរបស់ព្រះ។ ប៉ុន្តែ ចុះយ៉ាងណាវិញបើមានសេចក្ដីទុក្ខលំបាក ការទាស់គំនិតគ្នា ឬបញ្ហាឯទៀតត្រូវកើតឡើង? បើដូច្នេះ យើងជាពិសេសត្រូវតែឲ្យដឹងកូនសោនៃសុភមង្គលគ្រួសារ។
គោលការណ៍ដ៏សំខាន់បួន
១៥. តើអ្នកពន្យល់ថាកូនសោនៃសុភមង្គលគ្រួសារយ៉ាងដូចម្ដេច?
១៥ គ្រួសារទាំងអស់លើផែនដីកើតមកដោយសារព្រះយេហូវ៉ា ជាអ្នកបង្កើតនៃគ្រួសារទាំងឡាយ។ (អេភេសូរ ៣:១៤, ១៥) ដូច្នេះ អស់អ្នកដែលចង់បានសុភមង្គលគ្រួសារ គួរស្វែងរកការណែនាំពីទ្រង់ហើយសរសើរទ្រង់ ដូចអ្នកតែងបទទំនុកដំកើងថ្លែងថា៖ «ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ា អស់ទាំងពូជពង្សនៃសាសន៍ទាំងឡាយអើយ ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ទ្រង់មានសិរីល្អនឹងព្រះចេស្ដា»។ (ទំនុកដំកើង ៩៦:៧) កូនសោនៃសុភមង្គលគ្រួសារ គឺរកឃើញក្នុងបន្ទូលរបស់ព្រះ ព្រះគម្ពីរ និងដោយការអនុវត្តតាមគោលការណ៍ព្រះគម្ពីរ។ គ្រួសារណាដែលអនុវត្តតាមគោលការណ៍ទាំងនេះ នឹងមានចិត្តរីករាយ ហើយនិងមានសន្ដិភាពរបស់ព្រះ។ ដូច្នេះ សូមឲ្យយើងមើលគុណសម្បត្ដិដ៏សំខាន់បួននេះ។
១៦. តើការចេះទប់ចិត្តខ្លួនឯង នឹងមានមុខនាទីយ៉ាងណាក្នុងជីវភាពគ្រួសារ?
១៦ គុណសម្បត្ដិមួយ គឺ៖ ការចេះទប់ចិត្តខ្លួនឯង គឺសំខាន់ណាស់ដើម្បីឲ្យមានសន្ដិភាពរបស់ព្រះក្នុងជីវភាពគ្រួសារ។ ស្តេចសាឡូម៉ូនមានបន្ទូលថា៖ «បើអ្នកណាដែលមិនចេះគ្រប់គ្រងលើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង»។ (សុភាសិត ២៥:២៨) ការទប់អារម្មណ៍របស់យើង—ដោយចេះទប់ចិត្តខ្លួនឯង—គឺសំខាន់ណាស់ បើយើងចង់បានគ្រួសារដ៏សុខសាន្តនិងដ៏រីករាយ។ ទោះជាយើងមិនគ្រប់ល័ក្ខណ៍ក៏ដោយ យើងត្រូវចេះទប់ចិត្តខ្លួនឯង ដែលជាផលផ្លែមួយនៃវិញ្ញាណបរិសុទ្ធ។ (រ៉ូម ៧:២១, ២២; កាឡាទី ៥:២២, ២៣) វិញ្ញាណនេះនឹងផលិតការចេះទប់ចិត្តខ្លួនឯង បើយើងអធិស្ឋានសុំគុណសម្បត្ដិនេះ អនុវត្តតាមឱវាទព្រះគម្ពីរ ហើយចូលរួមជាមួយអ្នកដទៃដែលសម្ដែងគុណសម្បត្ដិនេះ។ នេះនឹងជួយយើងឲ្យ«រត់ពីការសហាយស្មន់ចេញ»។ (កូរិនថូសទី១ ៦:១៨) ការចេះទប់ចិត្តខ្លួនឯង ក៏នឹងជួយយើងឲ្យបដិសេធអំពើឃោរឃៅ ជៀសវាងឬឈ្នះលើរោគស្រា ហើយនិងដោះស្រាយយ៉ាងស្រួលក្នុងស្ថានការណ៍ដ៏ពិបាក។
១៧, ១៨. (ក) តើកូរិនថូសទី១ ១១:៣ ទាក់ទងលើជីវភាពគ្រួសារគ្រីស្ទានយ៉ាងដូចម្ដេច? (ខ) តើការទទួលស្គាល់ប្រមុខភាពធ្វើឲ្យមានសន្ដិភាពរបស់ព្រះក្នុងគ្រួសារយ៉ាងដូចម្ដេច?
១៧ គោលការណ៍ដ៏សំខាន់មួយទៀត អាចនិយាយដូចនេះថា៖ ការទទួលស្គាល់ប្រមុខភាពនឹងជួយយើងឲ្យស្វែងរកសន្ដិភាពរបស់ព្រះក្នុងគ្រួសាររបស់យើង។ ប៉ុលបានសរសេរថា៖ «ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាសិរសានៃបុរសទាំងអស់ ឯបុរសវិញ នោះជាក្បាលនៃស្ត្រី ហើយសិរសានៃព្រះគ្រីស្ទ គឺជាព្រះ»។ (កូរិនថូសទី១ ១១:៣) នេះមានន័យថា បុរសជាអ្នកនាំមុខក្នុងគ្រួសារ ហើយថាប្រពន្ធគាត់ជួយជ្រោមជ្រែងដ៏ស្មោះត្រង់ ហើយថាកូនចៅត្រូវគោរពតាម។ (អេភេសូរ ៥:២២-២៥, ២៨-៣៣; ៦:១-៤) ការកាន់កិរិយាបែបនេះនឹងធ្វើឲ្យមានសន្ដិភាពរបស់ព្រះក្នុងជីវភាពគ្រួសារ។
១៨ ប្ដីជាគ្រីស្ទានត្រូវការឲ្យចាំ ថាប្រមុខភាពខាងបទគម្ពីរ គឺមិនមែនជាអំណាចផ្ដាច់ការនោះទេ។ គាត់ត្រូវតែធ្វើតាមព្រះយេស៊ូជាអ្នកនាំមុខគាត់។ ទោះបីជាទ្រង់ជា‹សិរសានៃរបស់ទាំងអស់›ក្ដី ព្រះយេស៊ូ«បានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ»។ (អេភេសូរ ១:២២; ម៉ាថាយ ២០:២៨) តាមរបៀបស្រដៀងនេះ បុរសគ្រីស្ទានត្រូវប្រើប្រមុខភាពគាត់ដោយវិធីស្រឡាញ់ ដែលជួយគាត់ឲ្យមើលថែរក្សាបានល្អដល់គ្រួសាររបស់គាត់។ ប្រាកដហើយ ប្រពន្ធគ្រីស្ទាននឹងចង់ធ្វើតាមប្ដីរបស់នាង។ ជា«អ្នកជំនួយ» និងជា«អ្នកបង្គ្រប់» នាងផ្ដល់គុណសម្បត្ដិដែលប្ដីរបស់នាងឥតមាន ហើយនឹងជួយជ្រោមជ្រែងគាត់ដែលគាត់ត្រូវការ។ (លោកុប្បត្តិ ២:២០; សុភាសិត ៣១:១០-៣១) ការប្រើប្រមុខភាពដ៏ត្រឹមត្រូវនេះនឹងជួយប្ដីទាំងឡាយនិងប្រពន្ធទាំងឡាយ ឲ្យប្រព្រឹត្តនឹងគ្នាដោយគោរព ហើយនេះនឹងបណ្ដាលឲ្យកូនចៅចេះគោរពតាមគេ។ ត្រូវហើយ ការទទួលស្គាល់នៃប្រមុខភាពនាំឲ្យមានសន្ដិភាពរបស់ព្រះក្នុងជីវភាពគ្រួសារ។
១៩. ហេតុអ្វីក៏ការប្រស្រ័យកាន់គ្នាល្អជាការចាំបាច់សំរាប់សន្ដិភាពគ្រួសារនិងសុភមង្គល?
១៩ គោលការណ៍ទីបីដ៏សំខាន់ អាចរៀបរាប់តាមពាក្យនេះថា៖ ការប្រស័យកាន់គ្នាល្អជាការសំខាន់សំរាប់សន្ដិភាពនិងសុភមង្គលក្នុងគ្រួសារ។ យ៉ាកុប ១:១៩ ប្រាប់យើងថា៖ «ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្ដាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ»។ សមាជិកក្នុងគ្រួសារត្រូវការស្ដាប់និងនិយាយរកគ្នាទៅវិញទៅមក ពីព្រោះការប្រស័យកាន់គ្នាក្នុងគ្រួសារមានន័យថាការនិយាយនិងការស្ដាប់។ ប៉ុន្តែ ទោះបីជាអ្វីដែលយើងនិយាយនោះជាការពិតក៏ដោយ នោះនឹងធ្វើឲ្យខូចខាត បើជាជាងធ្វើល្អនិយាយតាមបែបបទដ៏សាហាវ មានះ ឬបែបបទដ៏ឥតចេះយោគយល់ចិត្ត។ ពាក្យសំដីរបស់យើងត្រូវតែថ្លៃថ្នូរ «ទាំងបង់អំបិលផង»។ (កូល៉ុស ៤:៦) គ្រួសារទាំងឡាយណាដែលធ្វើតាមគោលការណ៍បទគម្ពីរហើយធ្វើការប្រស្រ័យកាន់គ្នាល្អ គឺកំពុងតែស្វែងរកសន្ដិភាពរបស់ព្រះ។
២០. ហេតុអ្វីក៏អ្នកនិយាយថា សេចក្ដីស្រឡាញ់ជាការចាំបាច់ចំពោះសន្ដិភាពគ្រួសារ?
២០ គោលការណ៍ទីបួន គឺ៖ សេចក្ដីស្រឡាញ់ ជាអ្វីចាំបាច់ដល់សន្ដិភាពនិងសុភមង្គលក្នុងគ្រួសារ។ សេចក្ដីសេចក្ដីស្រឡាញ់ខាងស្នេហាប្រហែលជាមានមុខនាទីដ៏សំខាន់ក្នុងអាពាហ៍ពិពាហ៍ ហើយសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅអាចបណ្ដុះក្នុងចំណោមសមាជិកនៃគ្រួសារមួយ។ ប៉ុន្តែ អ្វីដែលសំខាន់បំផុត គឺសេចក្ដីស្រឡាញ់ ដែលបកស្រាយក្នុងភាសាក្រិកថា អាហ្គាប៉េ។ នេះជាសេចក្ដីស្រឡាញ់ ដែលយើងបណ្ដុះឲ្យមានចំពោះព្រះយេហូវ៉ា ព្រះយេស៊ូ និងពួកអ្នកជិតខាងរបស់យើង។ (ម៉ាថាយ ២២:៣៧-៣៩) ព្រះបានបង្ហាញសេចក្ដីស្រឡាញ់នេះចំពោះមនុស្សជាតិ ដោយ«ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ (យ៉ូហាន ៣:១៦) ជាការដ៏អស្ចារ្យមែន ដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដូចនេះដល់សមាជិកគ្រួសាររបស់យើង! សេចក្ដីស្រឡាញ់ដ៏ឧត្តមនេះ ជា«ចំណងនៃសេចក្ដីគ្រប់ល័ក្ខណ៍»។ (កូល៉ុស ៣:១៤) សេចក្ដីស្រឡាញ់នេះភ្ជាប់ប្ដីប្រពន្ធឲ្យនៅជាមួយគ្នា ហើយជំរុញទឹកចិត្តគេឲ្យធ្វើអ្វីដែលជាផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងកូនចៅរបស់គេ។ ពេលមានការទាស់គំនិតគ្នា សេចក្ដីស្រឡាញ់នឹងជួយគេឲ្យដោះស្រាយបញ្ហាដោយសាមគ្គីគ្នា។ យើងអាចដឹងជាប្រាកដអំពីរឿងនេះ ពីព្រោះ«សេចក្ដីស្រឡាញ់ . . . មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន . . . ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់ សេចក្ដីស្រឡាញ់មិនដែលផុតឡើយ»។ (កូរិនថូសទី១ ១៣:៤-៨) សប្បាយហើយចំពោះគ្រួសារទាំងឡាយណា ដែលមានសេចក្ដីស្រឡាញ់នឹងគ្នាទៅវិញទៅមកបានភ្ជាប់ដោយសារសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា!
សូមខំបន្តដេញតាមសន្ដិភាពរបស់ព្រះ
២១. តើអ្វីនឹងបង្កើនសន្ដិភាពនិងសុភមង្គលក្នុងគ្រួសាររបស់អ្នក?
២១ គោលការណ៍ទាំងបួននេះនិងគោលការណ៍ឯទៀតពីព្រះគម្ពីរ បានត្រូវកត់ទុកក្នុងប្រកាសនវត្ថុដែលព្រះយេហូវ៉ាប្រទានដ៏សប្បុរសតាមរយៈ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ២៤:៤៥) ឧទាហរណ៍ ពត៌មានបែបនេះគឺមានក្នុងសៀវភៅ ដែលមាន១៩២ទំព័រ កូនសោនៃសុភមង្គលក្នុងគ្រួសារ ដែលបានចេញមកនៅឯមហាសន្និបាតនៃស្មរបន្ទាល់ព្រះយេហូវ៉ា «ពួកអ្នកនាំសារនៃសន្ដិភាពរបស់ព្រះ» ក្នុងឆ្នាំ១៩៩៦និង១៩៩៧។ ការសិក្សាផ្ទាល់ខ្លួននិងការសិក្សាជាគ្រួសារនៃព្រះគម្ពីរ ដោយប្រើឧបករណ៍បែបនេះ នឹងផ្ដល់ឲ្យមានផលប្រយោជន៍ជាច្រើន។ (អេសាយ ៤៨:១៧, ១៨) ត្រូវហើយ ការអនុវត្តតាមឱវាទព្រះគម្ពីរ គឺនឹងបង្កើនសន្ដិភាពនិងសុភមង្គលក្នុងគ្រួសាររបស់អ្នក។
២២. តើយើងគួរចាត់ទុកអ្វីសំខាន់ជាងគេក្នុងជីវភាពគ្រួសាររបស់យើង?
២២ ព្រះយេហូវ៉ាមានរបស់អស្ចារ្យទុកសំរាប់គ្រួសារទាំងឡាយដែលធ្វើតាមព្រះហឫទ័យទ្រង់ ហើយទ្រង់សមទទួលការសរសើរនិងការបំរើពីយើង។ (វិវរណៈ ២១:១-៤) ដូច្នេះ សូមឲ្យគ្រួសាររបស់អ្នកចាត់ទុកការថ្វាយបង្គំព្រះដ៏ពិតជាការសំខាន់ក្នុងជីវិត។ ហើយសូមឲ្យព្រះវរបិតាដ៏ជាទីស្រឡាញ់នៅស្ថានសួគ៌ គឺព្រះយេហូវ៉ា ប្រទានអ្នកឲ្យមានសុភមង្គល កាលដែលអ្នកខំដេញតាមសន្ដិភាពរបស់ព្រះក្នុងជីវភាពគ្រួសាររបស់អ្នក!
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើត្រូវការអ្វីបើគ្រួសារទាំងឡាយចង់រស់នៅតាមការគោរពប្រតិបត្ដិដល់ព្រះនោះ?
◻ ហេតុអ្វីក៏មានវិបត្ដិគ្រួសារសព្វថ្ងៃនេះ?
◻ តើអ្វីជាកូនសោនៃសុភមង្គលគ្រួសារ?
◻ តើមានគោលការណ៍ណាខ្លះ ដែលនឹងជួយយើងឲ្យមានសន្ដិភាពនិងសុភមង្គលក្នុងជីវភាពគ្រួសារ?
[រូបភាពនៅទំព័រ៣០]
ការប្រស្រ័យកាន់គ្នាល្អជួយយើងឲ្យស្វែងរកសន្ដិភាពរបស់ព្រះក្នុងជីវភាពគ្រួសារ