រស់នៅសំរាប់បច្ចុប្បន្ននេះឬក៏សំរាប់អនាគតអស់កល្បជានិច្ច?
«យើងបានសង្គ្រោះរួច ដោយសេចក្ដីសង្ឃឹម»។—រ៉ូម ៨:២៤
១. តើពួកអ៊ឺភីខូរ៉ុសបង្រៀនអ្វី ហើយតើតាមរបៀបណាដែលទស្សនវិជ្ជាបែបនេះ មានឥទ្ធិពលលើពួកគ្រីស្ទានខ្លះ?
សាវ័កប៉ុលបានសរសេរទៅពួកគ្រីស្ទានរស់នៅក្នុងក្រុងកូរិនថូសថា៖ «ធ្វើដូចម្ដេចឲ្យពួកអ្នករាល់គ្នាខ្លះ និយាយបាន ថាពួកស្លាប់មិនរស់ឡើងវិញទេ»? (កូរិនថូសទី១ ១៥:១២) តាមប្រមើលទៅ ទស្សនវិជ្ជាដ៏ពុលនៃអ្នកប្រាជ្ញសាសន៍ក្រិក អ៊ឺភីខូរ៉ុស បានមានឥទ្ធិពលក្នុងចំណោមពួកគ្រីស្ទានសតវត្សទីមួយ។ ដូច្នេះ ប៉ុលមានប្រសាសន៍សំដៅដល់ការបង្រៀនអ៊ឺភីខូរ៉ុស ថា៖ «ចូរយើងស៊ីផឹកទៅចុះ ដ្បិតស្អែកយើងត្រូវស្លាប់ហើយ»។ (កូរិនថូសទី១ ១៥:៣២) ដោយមើលងាយដល់សេចក្ដីសង្ឃឹមនៃជីវិតក្រោយពីស្លាប់ ពួកអ្នកកាន់តាមទស្សនវិទូនេះ បានជឿជាក់ថា ការសប្បាយខាងសាច់ឈាម ជាអ្វីដែលមានប្រយោជន៍តែមួយក្នុងជីវិត។ (កិច្ចការ ១៧:១៨, ៣២) ទស្សនវិជ្ជានៃអ៊ឺភីខូរ៉ុសបានគិតតែប្រយោជន៍ខ្លួន មើលឃើញតែអាក្រក់ ហើយធ្វើឲ្យខូចទាំងស្រុង។
២. (ក) ហេតុអ្វីក៏មានគ្រោះថ្នាក់ម្ល៉េះក្នុងការបដិសេធចោលដំណើររស់ឡើងវិញ? (ខ) តើតាមរបៀបណាដែលប៉ុលបានពង្រឹងជំនឿពួកគ្រីស្ទានក្នុងក្រុងកូរិនថូស?
២ ការបដិសេធចោលនៃដំណើររស់ឡើងវិញ មានការជំពាក់ទាក់ទងយ៉ាងជ្រាលជ្រៅ។ ប៉ុលបានវែកញែកថា៖ «បើសិនជាពួកស្លាប់មិនរស់ឡើងវិញមែន នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្ដីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ . . . បើសិនជាយើងមានទីសង្ឃឹមក្នុងព្រះគ្រីស្ទ នៅតែក្នុងជីវិតនេះប៉ុណ្ណោះ នោះយើងវេទនា លើសជាងមនុស្សទាំងអស់ទៅទៀត»។ (កូរិនថូសទី១ ១៥:១៣-១៩) ត្រូវហើយ បើឥតមានសេចក្ដីសង្ឃឹមនៃអនាគតអស់កល្បជានិច្ច នោះសាសនាគ្រីស្ទាននឹង«ជាការឥតប្រយោជន៍ទទេ»។ នេះនឹងឥតមានគោលបំណង។ អញ្ចឹងហើយ ការនៅក្រោមឥទ្ធិពលនៃគំនិតពាហិរជន នេះធ្វើឲ្យក្រុមជំនុំកូរិនថូសបានក្លាយទៅជាកន្លែងបណ្ដុះបណ្ដាលនៃបញ្ហាទាំងឡាយ។ (កូរិនថូសទី១ ១:១១; ៥:១; ៦:១; ១១:២០-២២) ដូច្នេះ ប៉ុលមានបំណងដើម្បីពង្រឹងជំនឿរបស់គេក្នុងដំណើររស់ឡើងវិញ។ ដោយប្រើការវែកញែកដ៏ខ្លាំងក្លា ការដកស្រង់ពីបទគម្ពីរ និងរឿងប្រៀបប្រដូច គាត់បានសឲ្យឃើញច្បាស់ថា សេចក្ដីសង្ឃឹមនៃដំណើររស់ឡើងវិញ មិនមែនជារឿងព្រេងទេ ប៉ុន្តែអ្វីជាពិតមួយដែលនឹងបានសម្រេចជាមិនខាន។ លើមូលដ្ឋាននេះ គាត់បានដាស់តឿនពួកជឿគ្នាឯង៖ «ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ ដោយដឹងថា ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ»។—កូរិនថូសទី១ ១៥:២០-៥៨
‹ចូរចាំយាមចុះ›
៣, ៤. (ក) យោងទៅតាមពេត្រុស តើអាកប្បកិរិយាដ៏គ្រោះថ្នាក់អ្វីដែលមនុស្សខ្លះមាន ក្នុងសម័យជាន់ក្រោយបង្អស់នេះ? (ខ) តើយើងត្រូវរំឭកខ្លួនយើងអំពីអ្វី?
៣ សព្វថ្ងៃនេះ មនុស្សជាច្រើនមានអាកប្បកិរិយាដែលមើលឃើញតែអាក្រក់ ដែលរស់នៅសំរាប់តែបច្ចុប្បន្ននេះ។ (អេភេសូរ ២:២) នេះគឺដូចសាវ័កពេត្រុសបានទាយមកមែន។ គាត់បាននិយាយអំពី«មានមនុស្សចំអកមក ដែលគេដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា៖ ‹តើសេចក្ដីសន្យាពីព្រះអង្គយាងមកនៅឯណា? ដ្បិតតាំងពីពួកឰយុកោដេកលក់ទៅ នោះគ្រប់ទាំងអស់នៅតែដដែល ដូចជាពីកំណើតលោកីយរៀងមកដែរ›»។ (ពេត្រុសទី២ ៣:៣, ៤) បើពួកអ្នកថ្វាយបង្គំពិតបង្អោនទៅតាមទស្សនៈបែបនេះ ពួកគេអាចក្លាយទៅជា ‹ឥតសកម្មនិងឥតផល›។ (ពេត្រុសទី២ ១:៨) យ៉ាងសប្បាយណាស់ ចំពោះរាស្ត្ររបស់ព្រះភាគច្រើនសព្វថ្ងៃនេះ គេមិនមានទស្សនៈបែបហ្នឹងទេ។
៤ មិនជាការខុសទេ ក្នុងការខ្វល់ខ្វាយអំពីទីបញ្ចប់នៃរបបសម័យដ៏អាក្រក់នេះ។ សូមនឹកចាំនូវការខ្វល់ខ្វាយនៃពួកសាវ័ករបស់ព្រះយេស៊ូ៖ «ព្រះអម្ចាស់អើយ តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ»? ព្រះយេស៊ូបានតបឆ្លើយថា៖ «មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅ ក្នុងអំណាចរបស់ទ្រង់នោះឡើយ»។ (កិច្ចការ ១:៦, ៧) ពាក្យទាំងនោះជាសារដ៏សំខាន់ ដែលទ្រង់បានសម្ដែងលើភ្នំនៃដើមអូលីវ៖ «អ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ . . . កូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត»។ (ម៉ាថាយ ២៤:៤២, ៤៤) យើងត្រូវតែរំឭកខ្លួនយើងអំពីឱវាទនោះ! អ្នកខ្លះប្រហែលជាមានអាកប្បកិរិយាថា ‹ប្រហែលជាខ្ញុំមិនត្រូវមានសកម្មពេកទេ ហើយមិនចាំខ្វល់ខ្វាយច្រើនអំពីទីបញ្ចប់›។ នេះជាការយល់ដ៏ខុសធំមួយមែន! សូមពិចារណាមើលអំពីយ៉ាកុបនិងយ៉ូហាន «ជាកូនផ្គរលាន់»។—ម៉ាកុស ៣:១៧
៥, ៦. តើអ្វីជាមេរៀនដែលយើងអាចរៀនពីគំរូរបស់យ៉ាកុបនិងយ៉ូហាន?
៥ យើងដឹងថា យ៉ាកុបជាសាវ័កដ៏ខ្នះខ្នែងម្នាក់។ (លូកា ៩:៥១-៥៥) ពេលដែលក្រុមជំនុំគ្រីស្ទានបានស្ថាបនារួចហើយ គាត់ច្បាស់ជាមានមុខនាទីដ៏សកម្មមួយ។ ប៉ុន្តែ ពេលដែលយ៉ាកុបនៅវ័យក្មេងនៅឡើយនោះ ស្តេច ហេរ៉ូឌ អាគ្រីប៉ា ១ បានឲ្យគេសម្លាប់គាត់។ (កិច្ចការ ១២:១-៣) ដោយឃើញជីវិតរបស់គាត់បានស្លាប់នោះ តើយើងគិតថា យ៉ាកុបមានអារម្មណ៍ស្រងូតស្រងាត់ ដែលគាត់មានចិត្តខ្នះខ្នែងពេកក្នុងកិច្ចបំរើផ្សាយរបស់គាត់ឬ? គឺអត់ទេ! គាត់ច្បាស់ជាសប្បាយចិត្តណាស់ ដែលគាត់បានចំណាយច្រើនឆ្នាំនៃជីវិតដ៏ខ្លីរបស់គាត់ ក្នុងកិច្ចបំរើរបស់ព្រះយេហូវ៉ា។ ឥឡូវនេះ គ្មានយើងណាម្នាក់អាចដឹង ថាតើជីវិតរបស់យើងនឹងចប់ភ្លាមបានទេ។ (សាស្ដា ៩:១១; ប្រៀបធៀប លូកា ១២:២០, ២១) ដូច្នេះ គឺច្បាស់ជាមានប្រាជ្ញាណាស់ ដោយរក្សាការខ្នះខ្នែងនិងឲ្យមានសកម្មក្នុងការបំរើព្រះយេហូវ៉ា។ តាមរបៀបនេះ យើងនឹងអាចរក្សាឈ្មោះល្អរបស់យើងជាមួយទ្រង់ ហើយបន្តការរស់នៅ ដោយមានសង្ឃឹមដល់អនាគតដ៏អស់កល្បជានិច្ចរបស់យើង។—សាស្ដា ៧:១
៦ គឺមានមេរៀនមួយដែលទាក់ទងនឹងសាវ័កយ៉ូហាន ដែលមានវត្តមានពេលដែលព្រះយេស៊ូបានដាស់តឿនយ៉ាងខ្លាំងថា៖ «ចូរចាំយាមចុះ»។ (ម៉ាថាយ ២៥:១៣; ម៉ាកុស ១៣:៣៧; លូកា ២១:៣៤-៣៦) យ៉ូហានបានធ្វើតាមសេចក្ដីបង្គាប់នោះ ដោយបំរើដ៏ខ្នះខ្នែងជាច្រើនទសវត្ស។ តាមការពិត គាត់បាននៅរស់ កាលដែលពួកសាវ័កឯទៀតបានស្លាប់អស់ទៅ។ ពេលដែលយ៉ូហានមានអាយុកាន់តែចាស់ទៅ ហើយអាចពិនិត្យមើលក្នុងសកម្មភាពដ៏ស្មោះត្រង់ជាច្រើនទសវត្ស តើគាត់គិតថាជាការខុស ជាជីវិតដែលឥតដឹងទិសឬឥតចេះថ្លឹងថ្លែងឬ? គឺអត់ទេ! គាត់នៅតែសង្ឃឹមដ៏ខ្នះខ្នែងទៅអនាគត។ ពេលដែលព្រះយេស៊ូដែលបានមានព្រះជន្មរស់ឡើងវិញ មានបន្ទូលថា៖ «អើ អញមកជាឆាប់»។ យ៉ូហានបានឆ្លើយតបយ៉ាងលឿនថា៖ «អាម៉ែន ព្រះអម្ចាស់យេស៊ូអើយ សូមយាងមក»។ (វិវរណៈ ២២:២០) យ៉ាងច្បាស់ណាស់ យ៉ូហានមិនមែនរស់នៅសំរាប់តែបច្ចុប្បន្ននេះ ដោយចង់បាន‹ជីវិតធម្មតា› ដែលយឺតហើយស្ងៀមស្ងាត់នោះទេ។ គាត់បានប្ដេជ្ញាខំបំរើអស់ពីជីវិតនិងកម្លាំងរបស់គាត់ ទោះជាព្រះអម្ចាស់យាងមកពេលណាក៏ដោយ។ ចំពោះយើងវិញនោះ តើយ៉ាងណាដែរ?
គ្រឹះចំពោះការជឿក្នុងជីវិតអស់កល្បជានិច្ច
៧. (ក) តើតាមរបៀបណាដែលសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច «បានសន្យាមុនអស់ទាំងកល្ប»? (ខ) តើតាមរបៀបណាដែលព្រះយេស៊ូបញ្ចាំងពន្លឺលើសេចក្ដីសង្ឃឹមនៃជីវិតដ៏អស់កល្បជានិច្ច?
៧ ចូរឲ្យដឹងប្រាកដថា សេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច មិនមែនជាការយល់សប្ដិឬគំនិតរវើរវាយដែលធ្វើឡើងដោយមនុស្សទេ។ ទីតុស ១:២ ចែងថា ការគោរពប្រតិបត្ដិដល់ព្រះរបស់យើង គឺមានមូលដ្ឋានលើ«សេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាមុនអស់ទាំងកល្ប»។ ជាគោលបំណងដើមរបស់ព្រះ សំរាប់ឲ្យមនុស្សជាតិទាំងអស់ដែលស្ដាប់បង្គាប់រស់នៅអស់កល្បជានិច្ច។ (លោកុប្បត្តិ ១:២៨) គ្មានអ្វីមួយ សូម្បីតែការបះបោរនៃអ័ដាមនិងអេវ៉ា ក៏មិនអាចប្រឆាំងដល់គោលបំណងនេះដែរ។ ដូចបានកត់ទុកមកក្នុងលោកុប្បត្តិ ៣:១៥ ភ្លាមនោះ ព្រះបានសន្យា«ពូជ»មួយ ដែលនឹងយកចេញនូវគ្រោះថ្នាក់ទាំងឡាយដែលមានលើមនុស្សជាតិ។ នៅពេលដែល«ពូជ» ឬព្រះមេស្ស៊ី ជាព្រះយេស៊ូបានយាងមក ទ្រង់បានយកសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច ជាសេចក្ដីបង្រៀនដ៏សំខាន់មួយរបស់ទ្រង់។ (យ៉ូហាន ៣:១៦; ៦:៤៧, ៥១; ១០:២៨; ១៧:៣) ដោយបានបូជាជីវិតដ៏គ្រប់ល័ក្ខណ៍របស់ទ្រង់ជាការលោះ ព្រះគ្រីស្ទបានមានសិទ្ធិពេញច្បាប់ ក្នុងការឲ្យជីវិតដ៏អស់កល្បជានិច្ចលើមនុស្សជាតិ។ (ម៉ាថាយ ២០:២៨) សិស្សរបស់ទ្រង់ខ្លះ ដែលសរុបទៅមាន១៤៤.០០០នាក់ នឹងរស់នៅអស់កល្បជានិច្ចក្នុងស្ថានសួគ៌។ (វិវរណៈ ១៤:១-៤) ដូច្នេះ មនុស្សដែលពីដើមអាចស្លាប់ទៅបាន នោះនឹង«ប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញ»!—កូរិនថូសទី១ ១៥:៥៣
៨. (ក) តើអ្វីជា«សេចក្ដីមិនចេះស្លាប់» ហើយហេតុអ្វីក៏ព្រះយេហូវ៉ាប្រទានដល់ពួក១៤៤.០០០នាក់? (ខ) តើអ្វីជាសេចក្ដីសង្ឃឹមដែលព្រះយេស៊ូមានចំពោះពួក«ចៀមឯទៀត»?
៨ «សេចក្ដីមិនចេះស្លាប់» មានន័យទាក់ទងច្រើនទៀត មិនគ្រាន់តែមិនចេះស្លាប់នោះឡើយ។ នេះគឺទាក់ទង«ព្រះចេស្ដារបស់ជីវិតដ៏មិនចេះសូន្យឡើយ»។ (ហេព្រើរ ៧:១៦; ប្រៀបធៀប វិវរណៈ ២០:៦) ប៉ុន្តែ តើអ្វីទៅដែលព្រះបានសម្រេចដោយប្រទានរង្វាន់ដ៏អស្ចារ្យនេះ? តើអ្នកចាំការប្រកួតរបស់សាតាំងទេ ដែលថាគ្មានអ្នកបំរើព្រះណាមួយអាចទុកចិត្តលើបានឡើយ។ (យ៉ូប ១:៩-១១; ២:៤, ៥) ដោយប្រទានអមតភាពដល់ពួក១៤៤.០០០នាក់ ព្រះបង្ហាញនូវការទុកចិត្តរបស់ទ្រង់លើក្រុមនេះ ដែលបានប្រព្រឹត្តតបឆ្លើយដ៏អស្ចារ្យនឹងសេចក្ដីប្រកួតរបស់សាតាំង។ ប៉ុន្តែ ចុះយ៉ាងណាចំពោះមនុស្សជាតិទាំងអស់ឯទៀតវិញ? ព្រះយេស៊ូមានបន្ទូលប្រាប់ពួកសមាជិកដំបូងរបស់«ហ្វូងតូច»នៃពួកអ្នកទទួលមរតកព្រះរាជាណាចក្រ ថាគេនឹង«បានអង្គុយលើបល្ល័ង្ក ជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២ផង»។ (លូកា ១២:៣២; ២២:៣០) នេះបង្ហាញថា ពួកដទៃទៀតនឹងទទួលជីវិតអស់កល្បជានិច្ចលើផែនដី ជាអនុរាស្ត្រនៃព្រះរាជាណាចក្ររបស់ទ្រង់។ ទោះជាពួក«ចៀមឯទៀត»ទាំងនេះ មិនបានទទួលអមតភាពក៏ដោយ តែគេនឹងទទួល«ជីវិតដ៏អស់កល្បជានិច្ច»។ (យ៉ូហាន ១០:១៦; ម៉ាថាយ ២៥:៤៦) ដូច្នេះ ជីវិតអស់កល្បជានិច្ចជាសេចក្ដីសង្ឃឹមនៃគ្រីស្ទានទាំងអស់គ្នា។ នេះមិនមែនជាគំនិតរវើរវាយ ប៉ុន្តែជាអ្វីមួយដែលបានសន្យាមកយ៉ាងឧឡារិកដោយ«ព្រះដ៏មិនចេះភូត» ហើយបានបង់ដោយលោហិតដ៏មានតម្លៃរបស់ព្រះយេស៊ូ។—ទីតុស ១:២
នឹងបានសម្រេចក្នុងអនាគតយូរអង្វែងឬ?
៩, ១០. តើអ្វីជាការបង្ហាញដ៏ច្បាស់ដែលថាយើងជិតមកដល់ទីបញ្ចប់?
៩ សាវ័កប៉ុលបានទាយប្រាប់ថា«នឹងមានគ្រាលំបាកណាស់» ដែលបង្ហាញថាយើងបានមកដល់«ថ្ងៃជាន់ក្រោយបង្អស់»។ កាលដែលសង្គមរបស់មនុស្សនៅជុំវិញយើង ធ្លាក់ចុះអាប់ឱនចូលក្នុងសភាពនៃការឥតមានសេចក្ដីស្រឡាញ់ ការល្មោភ ការចំអែតតែខ្លួនឯង និងភាពល្មើសនឹងព្រះ តើយើងមិនដឹងថា ថ្ងៃនៃព្រះយេហូវ៉ាសំរាប់ធ្វើសេចក្ដីជំនុំជំរះលើរបបលោកដ៏អាក្រក់នេះ កាន់តែមកជិតដល់ទេឬ? កាលដែលអំពើឃោរឃៅនិងការស្អប់មានកាន់តែច្រើនឡើង តើយើងមិនឃើញនូវការសម្រេចនៃពាក្យរបស់ប៉ុល ដែលថា៖ «ពួកអាក្រក់ នឹងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្ដីអាក្រក់ កាន់តែខ្លាំងឡើង»ទេឬ? (ធីម៉ូថេទី២ ៣:១-៥, ១៣) អ្នកខ្លះប្រហែលជាបន្លឺសូរនៃ«សន្ដិភាពនិងសន្ដិសុខ»ដោយសង្ឃឹមល្អ តែការមានសន្ដិភាពនឹងរសាយបាត់ទៅ នោះ«លោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រី មានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ»។ យើងមិនបាននៅក្នុងសេចក្ដីងងឹត ចំពោះអត្ថន័យនៃសម័យយើងនេះឡើយ។ ដូច្នេះ «ត្រូវឲ្យយើងចាំយាម ហើយដឹងខ្លួន»។—ថែស្សាឡូនីចទី១ ៥:១-៦
១០ ថែមទៀតនោះ ព្រះគម្ពីរបង្ហាញថា ថ្ងៃជាន់ក្រោយបង្អស់ គឺ‹ពេលវេលាខ្លី›។ (វិវរណៈ ១២:១២; ប្រៀបធៀប ១៧:១០) ហើយ‹ពេលវេលាខ្លី›នោះ បានកន្លងទៅជិតអស់ហើយ។ ឧទាហរណ៍ ទំនាយរបស់ដានីយ៉ែល បានរៀបរាប់យ៉ាងត្រឹមត្រូវអំពីទំនាស់រវាង«ស្តេចខាងត្បូង» និង«ស្តេចខាងជើង» ដែលមានរហូតដល់សតវត្សយើងនេះ។ (ដានីយ៉ែល ១១:៥, ៦) ហើយអ្វីដែលនៅសល់ដើម្បីនឹងសម្រេចនោះ គឺការពាធាចុងក្រោយនៃ«ស្តេចខាងជើង» ដែលបានរៀបរាប់មកក្នុងដានីយ៉ែល ១១:៤៤, ៤៥។—សូមមើល ប៉មយាម ១ កក្កដា ១៩៨៧ និង ១ វិច្ឆិកា ១៩៩៣ សំរាប់ការពិគ្រោះនៃទំនាយនេះ។
១១. (ក) តើម៉ាថាយ ២៤:១៤ បានសម្រេចដល់កំរិតណា? (ខ) តើបន្ទូលរបស់ព្រះយេស៊ូដែលបានកត់ទុកក្នុងម៉ាថាយ ១០:២៣ បង្ហាញអំពីអ្វី?
១១ ហើយក៏មានការទាយរបស់ព្រះយេស៊ូ ដែលថា«ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤:១៤) សព្វថ្ងៃនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាធ្វើកិច្ចការរបស់គេក្នុង២៣៣ប្រទេស តាមកោះ និងតាមតំបន់។ ពិតហើយ គឺនៅមានតំបន់ដែលមិនទាន់បានទៅផ្សាយ ហើយប្រហែលជាដល់គ្រាកំណត់របស់ព្រះយេហូវ៉ា នឹងមានទ្វារបើកឡើង។ (កូរិនថូសទី១ ១៦:៩) ប៉ុន្តែ បន្ទូលរបស់ព្រះយេស៊ូដែលបានកត់ទុកក្នុងម៉ាថាយ ១០:២៣ គឺគួរយកចិត្តទុកដាក់៖ «អ្នករាល់គ្នានឹងដើរ មិនទាន់ដល់គ្រប់ទាំងទីក្រុងនៃសាសន៍អ៊ីស្រាអែលនៅឡើយ នោះកូនមនុស្សនឹងបានមកដល់ហើយ»។ កាលដែលដំណឹងល្អនឹងច្បាស់ជាបានប្រកាសក្នុងទូទាំងផែនដី យើងនឹងមិនអាចផ្សាយសារព្រះរាជាណាចក្រទៅដល់មនុស្សគ្រប់កន្លែងនៃផែនដី មុនព្រះយេស៊ូ«មកដល់»ជាអ្នកប្រហារជីវិត។
១២. (ក) តើ‹ការបោះត្រា›អ្វី ដែលបានសំដៅមកនៅវិវរណៈ ៧:៣? (ខ) តើអ្វីជាសារៈសំខាន់នៃការបន្ថយចំនួននៃពួកចាក់ប្រេងតាំងលើផែនដី?
១២ សូមពិចារណាមើលវិវរណៈ ៧:១, ៣ ដែលចែងថា ‹ខ្យល់ទាំងបួន›នៃសេចក្ដីហិនវិនាស បានត្រូវទប់ «ទាល់តែបោះត្រានៅត្រង់ថ្ងាសនៃពួកបាវបំរើរបស់ព្រះនៃយើងសិន»។ នេះមិនមែនសំដៅទៅការបោះត្រាដំបូងទេ ដែលបានកើតឡើងនៅពេលដែលពួក១៤៤.០០០នាក់ ទទួលការត្រាស់ហៅទៅស្ថានសួគ៌។ (អេភេសូរ ១:១៣) នេះគឺសំដៅទៅការបោះត្រាចុងក្រោយបង្អស់ នៅពេលដែលពួកគេបានត្រូវសម្គាល់ ជា«ពួកបាវបំរើរបស់ព្រះនៃយើង» ដែលសាកល្បងហើយស្មោះត្រង់។ ចំនួននៃកូនចាក់ប្រេងតាំងរបស់ព្រះ ដែលមានជីវិតលើផែនដី គឺបានថយយ៉ាងច្រើន។ ម្យ៉ាងវិញទៀត ព្រះគម្ពីរចែងយ៉ាងច្បាស់ថា «ដោយយល់ដល់ពួករើសតាំង» ដែលដំណើរដំបូងនៃសេចក្ដីវេទនាជាខ្លាំងនឹងបានត្រូវ«បន្ថយថ្ងៃទាំងនោះឲ្យខ្លីចុះ»។ (ម៉ាថាយ ២៤:២១, ២២) ពួកអ្នកភាគច្រើនដែលអះអាងជាពួកអ្នកចាក់ប្រេងតាំងគឺកាន់តែចាស់ណាស់ទៅហើយ។ ម្ដងនេះទៀត តើនេះមិនបញ្ជាក់ថាទីបញ្ចប់គឺកាន់តែជិតណាស់ហើយឬទេ?
អ្នកយាមដ៏ស្មោះត្រង់
១៣, ១៤. តើអ្វីជាភារកិច្ចរបស់ក្រុមអ្នកយាម?
១៣ ក្នុងពេលចន្លោះ ជាការល្អដែលយើងធ្វើតាមសេចក្ដីបង្គាប់នៃ‹អ្នកបំរើស្មោះត្រង់›។ (ម៉ាថាយ ២៤:៤៥) អស់រយៈជាងមួយរយឆ្នាំហើយ «អ្នកបំរើ»ក្នុងសម័យទំនើបនេះ បានបំរើយ៉ាងស្មោះត្រង់ ជា«អ្នកយាម»។ (អេសេគាល ៣:១៧-២១) ប៉មយាម នៃ ១ មករា ១៩៨៤ បានពន្យល់ថា៖ «អ្នកយាមនេះពិនិត្យមើលនូវរបៀបដែលព្រឹត្ដិការណ៍កំពុងតែកើតឡើងលើផែនដី ដែលបានសម្រេចតាមទំនាយព្រះគម្ពីរ ហើយព្រមានប្រាប់នូវ‹សេចក្ដីវេទនាជាខ្លាំង ដែលមិនដែលមានតាំងពីដើមកំណើតលោកីយ៍› ហើយផ្សព្វផ្សាយ‹ដំណឹងល្អពីការប្រសើរ›»។—ម៉ាថាយ ២៤:២១; អេសាយ ៥២:៧
១៤ ចូរចាំថា៖ ជាភារកិច្ចរបស់អ្នកយាម ក្នុងការស្រែកប្រាប់‹ហេតុការអ្វីដែលគាត់ឃើញ›។ (អេសាយ ២១:៦-៨) ក្នុងជំនាន់ព្រះគម្ពីរ អ្នកយាមម្នាក់នឹងស្រែកប្រាប់ ទោះបីការគំរាមកំហែងមាននៅឆ្ងាយដែលមិនអាចឃើញច្បាស់ក៏ដោយ។ (ពង្សាវតារក្សត្រទី២ ៩:១៧, ១៨) ការស្រែកប្រាប់ខុសគឺច្បាស់ជាបានកើតឡើងនៅគ្រានោះហើយ។ ប៉ុន្តែ អ្នកយាមល្អម្នាក់នឹងមិនទប់ពីការស្រែកប្រាប់ ដោយភ័យខ្លាចនៃសេចក្ដីខ្មាសនោះឡើយ។ ប្រសិនបើភ្លើងកំពុងតែឆេះផ្ទះរបស់អ្នក តើអ្នកនឹងមានអារម្មណ៍យ៉ាងណាដែរ បើពួកអ្នកលត់ភ្លើងមិនបានមក ពីព្រោះគេគិតថានេះជាការបង្អើលក្លែងក្លាយនោះ? អត់ទេ យើងសង្ឃឹមថា ពួកបុរសបែបនេះនឹងប្រព្រឹត្តតបយ៉ាងលឿននឹងសញ្ញាអ្វីណាមួយនៃគ្រោះថ្នាក់! ក្នុងរបៀបដូចគ្នាដែរ ក្រុមអ្នកយាមបាននិយាយប្រាប់ នៅពេលដែលកាលៈទេសៈដូចជាសមនឹងធ្វើឡើង។
១៥, ១៦. (ក) ហេតុអ្វីក៏មានការលៃសម្រួលលើការយល់របស់យើងនៃទំនាយ? (ខ) តើអ្វីដែលយើងអាចរៀនពីពួកអ្នកបំរើស្មោះត្រង់របស់ព្រះ ដែលបានយល់ខុសនៃទំនាយខ្លះៗ?
១៥ ប៉ុន្តែ កាលដែលព្រឹត្ដិការណ៍កើតឡើង ការយល់របស់យើងនៃទំនាយបានកាន់តែច្បាស់ឡើង។ ប្រវត្ដិសាស្ត្របង្ហាញថា ជាការកម្រណាស់ ដែលទំនាយរបស់ព្រះទាំងឡាយបានយល់ឃើញច្បាស់ មុននឹងបានសម្រេចនោះ។ ព្រះទ្រង់បានមានបន្ទូលប្រាប់អាប់រ៉ាម ថាពូជរបស់គាត់នឹង«ត្រូវទៅជាអ្នកដទៃនៅស្រុក១ ដែលមិនមែនជាស្រុករបស់ផងខ្លួន» អស់រយ:៤០០ឆ្នាំ។ (លោកុប្បត្តិ ១៥:១៣) ប៉ុន្តែ ម៉ូសេបានថ្វាយខ្លួនគាត់ជាអ្នករំដោះដោយធ្វើឡើងមុនកាលកំណត់។—កិច្ចការ ៧:២៣-៣០
១៦ សូមពិចារណាអំពីទំនាយទាំងឡាយនៃព្រះមេស្ស៊ីដែរ។ បើក្រឡេកមើលទៅក្រោយ គឺឃើញច្បាស់ថា ការសោយទិវង្គតរបស់ព្រះមេស្ស៊ីនិងដំណើររស់ឡើងវិញ បានត្រូវទាយប្រាប់មក។ (អេសាយ ៥៣:៨-១០) ប៉ុន្តែ ពួកសិស្សរបស់ព្រះយេស៊ូផ្ទាល់មិនបានយល់អំពីរឿងនេះទេ។ (ម៉ាថាយ ១៦:២១-២៣) ពួកគេមិនបានឃើញថាដានីយ៉ែល ៧:១៣, ១៤ នឹងបានសម្រេចក្នុងកំឡុង«វត្តមាន»នៅអនាគតរបស់ព្រះគ្រីស្ទទេ។ (ម៉ាថាយ ២៤:៣) ដូច្នេះ ការត្រិះរិះជាមុនរបស់គេបានខុសជិត២០០០ឆ្នាំ ពេលដែលគេបានសួរព្រះយេស៊ូថា៖ «តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ»? (កិច្ចការ ១:៦) សូម្បីតែក្រោយក្រុមជំនុំគ្រីស្ទានបានស្ថាបនាយ៉ាងល្អរួចហើយក៏ដោយ គំនិតខុសនិងការទន្ទឹងចាំមិនពិត បានបន្តនៅតែមានឡើង។ (ថែស្សាឡូនីចទី២ ២:១, ២) ទោះបីគ្រីស្ទានខ្លះមានទស្សនៈខុសមួយដងមួយកាលក៏ដោយ ព្រះយេហូវ៉ានៅតែប្រទានពរលើកិច្ចការនៃពួកអ្នកជឿក្នុងសតវត្សទីមួយ!
១៧. តើអ្វីជាទស្សនៈរបស់យើងចំពោះការលៃសម្រួលលើការយល់របស់យើងនៃបទគម្ពីរ?
១៧ ក្រុមអ្នកយាមសព្វថ្ងៃនេះ ក៏ត្រូវតែបំភ្លឺទស្សនៈរបស់គេពីពេលមួយទៅពេលមួយដែរ។ ប៉ុន្តែ តើអ្នកណាអាចសង្ស័យថា ព្រះយេហូវ៉ាមិនបានប្រទានពរដល់‹អ្នកបំរើស្មោះត្រង់›? ម្យ៉ាងទៀត បើមើលក្នុងបរិបទ តើការលៃសម្រួលភាគច្រើនមិនជាអ្វីតិចតួចទេឬ? ការយល់ជាគោលអំពីព្រះគម្ពីររបស់យើង មិនបានផ្លាស់ប្ដូរទេ។ ការជឿស៊ប់របស់យើង ថាយើងរស់នៅក្នុងថ្ងៃជាន់ក្រោយបង្អស់ គឺកាន់តែមុតមាំជាងមុនៗទៅទៀត!
រស់នៅសំរាប់អនាគតអស់កល្បជានិច្ច
១៨. ហេតុអ្វីក៏យើងត្រូវតែជៀសវាងពីការរស់នៅសំរាប់តែបច្ចុប្បន្ននេះ?
១៨ មនុស្សក្នុងលោកប្រហែលជានិយាយថា ‹ចូរឲ្យយើងស៊ីផឹក ព្រោះស្អែកយើងនឹងត្រូវស្លាប់› ប៉ុន្តែនេះមិនត្រូវជាអាកប្បកិរិយារបស់យើងទេ។ ហេតុអ្វីក៏ខំរកដោយឥតប្រយោជន៍ចំពោះការកំសាន្តនៃជីវិតឥឡូវនេះ ពេលដែលអ្នកអាចធ្វើការសំរាប់អនាគតអស់កល្បជានិច្ចនោះ? សេចក្ដីសង្ឃឹមនោះ មិនថាជាជីវិតអមតៈលើស្ថានសួគ៌ ឬក៏ជីវិតអស់កល្បជានិច្ចលើផែនដី គឺមិនមែនជាការយល់សប្ដិឬគំនិតវើរវាយទេ។ នេះជាការពិតដែលបានសន្យាដោយព្រះ«ដ៏មិនចេះភូត»។ (ទីតុស ១:២) ទីសំអាងគឺមានច្រើនណាស់ ថាការសម្រេចនៃសេចក្ដីសង្ឃឹមរបស់យើង គឺកាន់តែជិតណាស់ទៅហើយ! ‹ពេលវេលាកាន់តែកៀកណាស់ហើយ›។—កូរិនថូសទី១ ៧:២៩
១៩, ២០. (ក) តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណា ចំពោះការបូជាខ្លួនដែលយើងបានធ្វើសំរាប់ព្រះរាជាណាចក្រ? (ខ) ហេតុអ្វីក៏យើងត្រូវរស់នៅដោយមានទស្សនៈអំពីភាពអស់កល្បជានិច្ច?
១៩ ពិតហើយ របបលោកីយ៍នេះមាននៅយូរជាងមនុស្សជាច្រើនបាននឹកស្មាន។ អ្នកខ្លះប្រហែលជាគិតថា បើគេបានដឹងអំពីរឿងពីមុន នោះគេប្រហែលជាមិនខំបូជាខ្លួនខ្លាំងទេ។ ប៉ុន្តែ យើងមិនគួរមានចិត្តស្ដាយដោយបានធ្វើដូចនោះទេ។ ពីព្រោះ ការបូជាខ្លួនបែបនេះជាផ្នែកដ៏សំខាន់ជាអ្នកគ្រីស្ទានម្នាក់។ ពួកគ្រីស្ទាន‹លះកាត់ចិត្តខ្លួនគេ›។ (ម៉ាថាយ ១៦:២៤) ហើយយើងក៏មិនគួរមានអារម្មណ៍ថា ការខំខ្នះខ្នែងរបស់យើងដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះ ជាអ្វីដ៏ឥតប្រយោជន៍ឡើយ។ ព្រះយេស៊ូបានសន្យាថា៖ «មិនដែលមានអ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយ ប្រពន្ធកូន ឬស្រែចំការ ដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ ឥតបានទទួលជា១រយភាគឡើង ក្នុងសម័យនេះនោះឡើយ . . . ហើយដល់បរលោកនាយ នឹងបានជីវិតរស់អស់កល្បជានិច្ចផង»។ (ម៉ាកុស ១០:២៩, ៣០) មួយពាន់ឆ្នាំពីឥឡូវនេះ តើកិច្ចការ ផ្ទះ ឬគណនីធនាគារនឹងមានសារៈសំខាន់យ៉ាងណាទៅ? ប៉ុន្តែ ការបូជាខ្លួនដែលអ្នកបានធ្វើសំរាប់ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា នឹងមានអត្ថន័យក្នុងរយៈមួយកោដិឆ្នាំពីឥឡូវនេះ—មួយរយកោដិឆ្នាំពីឥឡូវនេះ! «ដ្បិតព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ»។—ហេព្រើរ ៦:១០
២០ ដូច្នេះ សូមឲ្យយើង រស់នៅដោយគិតអំពីភាពអស់កល្បជានិច្ច ដោយរក្សាភ្នែករបស់យើងលើ«របស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ»។ (កូរិនថូសទី២ ៤:១៨) ព្យាការីហាបាគុកបានសរសេរថា៖ «ការជាក់ស្តែងនេះ ទុកសំរាប់ដល់វេលាកំណត់ ក៏កំពុងត្រួតឲ្យដល់ពេលនោះហើយ នៅគ្រានោះ នឹងមិនកុហកទេ បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ»។ (ហាបាគុក ២:៣) តើតាមរបៀបណាដែល‹ការរង់ចាំ›នៃទីបញ្ចប់ មានឥទ្ធិពលលើរបៀបដែលយើងកាន់ភារកិច្ចផ្ទាល់ខ្លួននិងភារកិច្ចគ្រួសាររបស់យើង? អត្ថបទជាបន្ទាប់របស់យើងនឹងពិគ្រោះអំពីរឿងទាំងនេះ។
ចំណុចសំរាប់សើរើឡើងវិញ
◻ តើការដូចជាបង្អង់យូរនៃទីបញ្ចប់នៃរបបលោកីយ៍នេះ បានមានអនុភាពយ៉ាងណាលើមនុស្សខ្លះ?
◻ តើអ្វីជាគ្រឹះនៃសេចក្ដីសង្ឃឹមរបស់យើងនៃជីវិតអស់កល្បជានិច្ច?
◻ តើយើងត្រូវមានទស្សនៈយ៉ាងណា ចំពោះការបូជាខ្លួនដែលធ្វើសំរាប់ប្រយោជន៍នៃព្រះរាជាណាចក្រ?
[រូបភាពនៅទំព័រ២២]
កិច្ចការផ្សព្វផ្សាយក្នុងលោកត្រូវតែសម្រេចមុនទីបញ្ចប់មកដល់