បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/១២ ទំ. ១២-១៦
  • ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ!
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • លទ្ធផល​នៃ​ការ​បង្រៀន​ក្លែង​ក្លាយ
  • ការ​បង្រៀន​ក្លែង​ក្លាយ​ផ្ដើម​មាន​ឡើង
  • គំរូ​ដែល​ទុក​ជា​ការ​ព្រមាន
  • ការ​ប្រព្រឹត្ត​ដែល​សម​ទទួល​ទណ្ឌកម្ម
  • «ក្នុង​ពេល​កំពុង​ដែល​គេ​ស៊ី​លៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»
  • ‹តាម​ផ្លូវ​របស់​ព្យាការី​បាឡាម›
  • ការ​ប្រលោម​ដ៏​កំណាច​របស់​គេ
  • ការ​ពារ​ដោយ​ចំណេះ​ត្រឹម​ត្រូវ
  • សូមឲ្យយើងកាន់ខ្ជាប់ខ្ជួននឹងសេចក្ដីជំនឿដ៏មានតម្លៃរបស់យើង!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • «ខំតយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ»
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • រក្សាទុកថ្ងៃនៃព្រះយេហូវ៉ាឲ្យជាប់ក្នុងគំនិត
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/១២ ទំ. ១២-១៦

ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​ក្លែង​ក្លាយ!

«នឹង​មាន​គ្រូ​ក្លែង​ក្លាយ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ»។—ពេត្រុស​ទី​២ ២:១

១. តើ​យូដាស​មាន​បំណង​នឹង​សរសេរ​អំពី​អ្វី ហេតុ​អ្វី​ក៏​គាត់​បាន​ផ្លាស់​ប្ដូរ​ប្រធាន​រឿង​របស់​គាត់?

នេះ​ជា​អ្វី​ដ៏​គួរ​ឲ្យ​រន្ធត់​មែន! ពួក​គ្រូ​ក្លែង​ក្លាយ​ក្នុង​ចំណោម​ក្រុម​ជំនុំ​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ! (ម៉ាថាយ ៧:១៥; កិច្ច​ការ ២០:២៩, ៣០) យូដាស ជា​ប្អូន​ប្រុស​របស់​ព្រះ​យេស៊ូ​បាន​ដឹង​អំពី​ព្រឹត្ដិការណ៍​នេះ។ គាត់​មាន​ប្រសាសន៍​ថា គាត់​មាន​បំណង​នឹង​សរសេរ​ទៅ​ពួក​ជឿ​គ្នី​គ្នា «ពី​សេចក្ដី​សង្គ្រោះ ដែល​សំរាប់​យើង​ទាំង​អស់​គ្នា» ប៉ុន្តែ គាត់​បាន​ពន្យល់​ថា៖ «ខ្ញុំ​មាន​សេចក្ដី​បង្ខំ​នឹង​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា ទាំង​ទូន្មាន​ឲ្យ​ខំ​ត​យុទ្ធ ដើម្បី​ការ​ពារ​សេចក្ដី​ជំនឿ»។ ហេតុ​អ្វី​ក៏​យូដាស​បាន​ផ្លាស់​ប្ដូរ​ប្រធាន​រឿង​របស់​គាត់? ពី​ព្រោះ គាត់​មាន​ប្រសាសន៍​ថា «មាន​មនុស្ស​ខ្លះ​បាន​លួច​ចូល[ក្រុម​ជំនុំ] . . . ដែល​បំផ្លាស់​ព្រះ​គុណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​ទៅ​ជា​សេចក្ដី​អាសអាភាស»។—យូដាស ៣, ៤

២. ហេតុ​អ្វី​ក៏​ពេត្រុស​ទី​២ ជំពូក ២ និង​សៀវភៅ​យូដាស​មាន​ភាព​ស្រដៀង​គ្នា​ម្ល៉េះ?

២ តាម​ប្រមើល​ទៅ យូដាស​បាន​សរសេរ​សំបុត្រ​នេះ បន្ដិច​ក្រោយ​ពី​ពេត្រុស​បាន​សរសេរ​សំបុត្រ​ទី​ពីរ​របស់​គាត់។ យូដាស​ច្បាស់​ជា​ដឹង​អំពី​សំបុត្រ​របស់​ពេត្រុស​ហើយ។ ប្រាកដ​ហើយ គាត់​បាន​សម្ដែង​គំនិត​ដូច​គ្នា​ច្រើន​ក្នុង​សំបុត្រ​នៃ​ការ​ដាស់​តឿន​ដ៏​មាន​ឥទ្ធិពល​របស់​គាត់។ ដូច្នេះ កាល​ដែល​យើង​ពិចារណា​មើល ពេត្រុស​ទី​២ ជំពូក ២ យើង​នឹង​កត់​សម្គាល់​នូវ​ភាព​ស្រដៀង​គ្នា​ជា​មួយ​នឹង​សំបុត្រ​របស់​យូដាស។

លទ្ធផល​នៃ​ការ​បង្រៀន​ក្លែង​ក្លាយ

៣. តើ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​អតីតកាល ដែល​ពេត្រុស​មាន​ប្រសាសន៍​ថា​នឹង​កើត​ឡើង​ម្ដង​ទៀត?

៣ ក្រោយ​ពី​ពេត្រុស​បាន​ដាស់​តឿន​បង​ប្អូន​របស់​គាត់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​ទំនាយ គាត់​មាន​ប្រសាសន៍​ថា៖ «តែ​កាល​ពី​ដើម មាន​ហោរា​ក្លែង​ក្លាយ នៅ​ក្នុង​ពួក​ជន[អ៊ីស្រាអែល​ពី​សម័យ​បុរាណ] ដូច​ជា​នឹង​មាន​គ្រូ​ក្លែង​ក្លាយ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ»។ (ពេត្រុស​ទី​២ ១:១៤–២:១) រាស្ត្រ​របស់​ព្រះ​ក្នុង​ពី​សម័យ​ដើម បាន​ទទួល​ទំនាយ​ពិត ប៉ុន្តែ ពួក​គេ​ត្រូវ​តែ​ខំ​ពុះ​ពារ​នឹង​ការ​បង្រៀន​ដ៏​ពុក​រលួយ​នៃ​ពួក​ព្យាការី​ក្លែង​ក្លាយ។ (យេរេមា ៦:១៣, ១៤; ២៨:១​-​៣, ១៥) យេរេមា​បាន​សរសេរ​ថា៖ «ក្នុង​ពួក​ហោរា​នៅ​ក្រុង​យេរូសាឡិម នោះ​អញ​ក៏​ឃើញ​មាន​សេចក្ដី​គួរ​ស្បើម​ណាស់​ដែរ គេ​ប្រព្រឹត្ត​សេចក្ដី​កំផិត ហើយ​ដើរ​តាម​តែ​សេចក្ដី​កំភូត​ទទេ»។—យេរេមា ២៣:១៤

៤. ហេតុ​អ្វី​ក៏​ពួក​គ្រូ​ក្លែង​ក្លាយ​សម​នឹង​ទទួល​សេចក្ដី​ហិន​វិនាស?

៤ ក្នុង​ការ​រៀប​រាប់​នូវ​អ្វី​ដែល​ពួក​គ្រូ​ក្លែង​ក្លាយ​នឹង​ធ្វើ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន ពេត្រុស​បាន​សរសេរ​ថា៖ «គេ​នឹង​លួច​នាំ​បញ្ចូល​បក្ស​ពួក​ដែល​បង្ខូច​បំផ្លាញ គេ​មិន​ព្រម​ស្គាល់​ព្រះ​ដ៏ជា​ម្ចាស់[ព្រះ​យេស៊ូ​គ្រីស្ទ] ដែល​បាន​លោះ​គេ​នោះ​ឡើយ ក៏​នាំ​សេចក្ដី​វិនាស​ដ៏​ឆាប់​រហ័ស​ឲ្យ​មក​លើ​គេ​ផង»។ (ពេត្រុស​ទី​២ ២:១; យូដាស ៤) លទ្ធផល​ក្រោយ​បំផុត​នៃ​និកាយិក​និយម​បែប​នេះ គឺ​ពិភព​គ្រីស្ទ​សាសនា ដែល​យើង​ស្គាល់​សព្វ​ថ្ងៃ​នេះ។ ពេត្រុស​បង្ហាញ​នូវ​មូលហេតុ​ដែល​ពួក​គ្រូ​ក្លែង​ក្លាយ​ទាំង​នេះ សម​ទទួល​សេចក្ដី​ហិន​វិនាស៖ «នឹង​មាន​មនុស្ស​ជា​ច្រើន​ទៅ​តាម​ផ្លូវ​វិនាស​របស់​គេ នោះ​ផ្លូវ​ពិត​នឹង​ត្រូវ​សេចក្ដី​ប្រមាថ​មើល​ងាយ ដោយ​ព្រោះ​គេ​ដែរ»។—ពេត្រុស​ទី​២ ២:២

៥. ចំពោះ​អ្វី​ដែល​ពួក​គ្រូ​ក្លែង​ក្លាយ​ត្រូវ​ទទួល​ខុស​ត្រូវ​នោះ?

៥ ចូរ​គិត​អំពី​រឿង​នេះ! ដោយ​សារ​ឥទ្ធិពល​នៃ​ពួក​គ្រូ​ក្លែង​ក្លាយ មនុស្ស​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ នឹង​ក្លាយ​ទៅ​ជា​ជាប់​ទាក់​ទង​នឹង​មារយាទ​អាវ៉ាសែ។ ពាក្យ​ក្រិក​បាន​បក​ប្រែ «មារយាទ​អាវ៉ាសែ» ឲ្យ​អត្ថន័យ​ថា ភាព​សុខ​សីលធម៌, ឥត​មាន​ការ​ទប់​ទល់​ចិត្ត, ឥត​គប្បី, ភាព​អាសគ្រាម, ចរិយា​ដែល​ឥត​ខ្មាស។ មុន​នេះ ពេត្រុស​បាន​មាន​ប្រសាសន៍​ថា ពួក​គ្រីស្ទាន​បាន«រួច​ពី​សេចក្ដី​ពុក​រលួយ​នៅ​ក្នុង​លោកីយ៍​នេះ ដែល​កើត​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា»។ (ពេត្រុស​ទី​២ ១:៤) ប៉ុន្តែ មនុស្ស​ខ្លះ​នឹង​ត្រឡប់​ឯ​សេចក្ដី​ពុក​រលួយ​នោះ ហើយ​ពួក​គ្រូ​ក្លែង​ក្លាយ​ក្នុង​ក្រុម​ជំនុំ គឺ​ជា​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង! ដូច្នេះ​ហើយ​ផ្លូវ​នៃ​សេចក្ដី​ពិត​នឹង​ឥត​មាន​កេរ្ដិ៍​ឈ្មោះ។ នេះ​គឺ​ជា​ការ​ស្ដាយ​មែន! យ៉ាង​ប្រាកដ​ហើយ នេះ​ជា​រឿង​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទាំង​អស់​សព្វ​ថ្ងៃ​នេះ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន។ យើង​មិន​ត្រូវ​ភ្លេច​ថា ដោយ​សារ​ចរិយា​របស់​យើង យើង​អាច​នាំ​ឲ្យ​មាន​ការ​សរសើរ​ដល់​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​របស់​ទ្រង់ ឬ​ក៏​ធ្វើ​ឲ្យ​ខូច​កិត្ដិយស​លើ​គេ​ដែរ។—សុភាសិត ២៧:១១; រ៉ូម ២:២៤

ការ​បង្រៀន​ក្លែង​ក្លាយ​ផ្ដើម​មាន​ឡើង

៦. តើ​អ្វី​ដែល​ជំរុញ​ពួក​គ្រូ​ក្លែង​ក្លាយ ហើយ​តើ​តាម​របៀប​ណា​ដែល​គេ​ស្វែង​រក​អ្វី​ដែល​ចង់​បាន?

៦ យ៉ាង​ប្រាជ្ញា យើង​កត់​សម្គាល់​នូវ​របៀប​ដែល​ពួក​គ្រូ​ក្លែង​ក្លាយ​បាន​ផ្ដើម​គំនិត​ដ៏​ពុក​រលួយ​របស់​គេ។ មុន​ដំបូង ពេត្រុស​មាន​ប្រសាសន៍​ថា គេ​នឹង​ធ្វើ​ឡើង​ដោយ​សម្ងាត់ ឬ​តាម​របៀប​ដែល​ឥត​លាក់​លាម ដ៏​ចេះ​កលល្បិច។ គាត់​មាន​ប្រសាសន៍​ទៀត​ថា៖ «ដោយ​គេ​មាន​ចិត្ត​លោភ នោះ​គេ​នឹង​ប្រើ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ចំណេញ ដោយ​ពោល​ពាក្យ​បញ្ឆោត​បំពោត»។ សេចក្ដី​ប្រាថ្នា​ដ៏​កំណាញ់​ជា​អ្វី​ដែល​ជំរុញ​ពួក​គ្រូ​ក្លែង​ក្លាយ​ឲ្យ​ធ្វើ​ដូច្នេះ ដូច​បាន​បញ្ជាក់​មក​ដោយ​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​យេរូសាឡិម៖ «ពួក​គេ​នឹង​ខំ​ប្រឹង​យ៉ាង​ខ្នះ​ខ្នែង​ដើម្បី​ទិញ​អ្នក​សំរាប់​ខ្លួន​គេ ដោយ​ពាក្យ​សំដី​បញ្ឆោត»។ ស្រដៀង​គ្នា​នេះ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​របស់​លោក​ជែម្ស ម៉ូហ្វាត់ ចែង​នៅ​ទី​នេះ​ថា៖ «ដោយ​គេ​មាន​ចិត្ត​លោភ នោះ​គេ​នឹង​បោក​ប្រាស​បង​ប្អូន ដោយ​ពោល​ពាក្យ​ដែល​ប្រសប់»។ (ពេត្រុស​ទី​២ ២:១, ៣) ការ​ពោល​ពាក្យ​នៃ​ពួក​គ្រូ​ក្លែង​ក្លាយ ប្រហែល​ដូច​ជា​គួរ​ឲ្យ​ជឿ​ចំពោះ​បុគ្គល ដែល​ឥត​ប្រុង​ប្រយ័ត្ន​ខាង​វិញ្ញាណ ប៉ុន្តែ ពាក្យ​សំដី​របស់​គេ​បាន​ពោល​ឡើង​ដោយ​ផ្ចិត​ផ្ចង់ «ដើម្បី​ទិញ»មនុស្ស ប្រលោម​ទាក់​ចិត្ត​មនុស្ស ឲ្យ​ជា​ប្រយោជន៍​ដ៏​កំណាញ់​នៃ​ពួក​អ្នក​បំភាន់​ទៅ​វិញ។

៧. តើ​ទស្សនវិជ្ជា​អ្វី​ដែល​បាន​ក្លាយ​ទៅ​ជា​ប្រជាប្រិយ​ក្នុង​សតវត្ស​ទី​មួយ?

៧ ប្រាកដ​ហើយ ពួក​គ្រូ​ក្លែង​ក្លាយ​ក្នុង​សតវត្ស​ទី​មួយ បាន​មាន​ឥទ្ធិពល​ដោយ​គំនិត​លោកីយ៍​ដែល​មាន​នៅ​ជំនាន់​នោះ។ ក្នុង​គ្រា​ដែល​ពេត្រុស​សរសេរ​សំបុត្រ​របស់​គាត់ ទស្សនវិជ្ជា​មួយ ដែល​ហៅ​ថា ប្រព័ន្ធ​ទស្សនវិជ្ជា​បាន​ក្លាយ​ទៅ​ជា​ប្រជាប្រិយ។ ពួក​អ្នក​ប្រកាន់​ទស្សនវិជ្ជា​នេះ បាន​ជឿ​ថា​រឿង​ទាំង​អស់​ជា​អាក្រក់ ហើយ​មាន​តែ​អ្វី​ដែល​ទាក់​ទង​នឹង​វិញ្ញាណ​ទេ ដែល​ល្អ​នោះ។ ដូច្នេះ ពួក​គេ​ខ្លះ​មាន​ប្រសាសន៍​ថា មិន​ជា​មាន​បញ្ហា​ទេ ដែល​បុរស​ម្នាក់​ធ្វើ​អ្វី​លើ​រូប​កាយ​របស់​គាត់។ ដល់​ក្រោយ​មក គេ​បាន​និយាយ​ថា បុរស​នឹង​ឥត​មាន​រូប​កាយ​នេះ​ទេ។ ដូច្នេះ គេ​បាន​សន្និដ្ឋាន​ថា របស់​ខាង​រូប​កាយ—រួម​បញ្ចូល​កាម—បាប​គឺ​មិន​ជា​សំខាន់​ទេ។ តាម​ប្រមើល​ទៅ ទស្សនៈ​បែប​នេះ​បាន​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​លើ​មនុស្ស​ខ្លះ​ដែល​អះអាង​កាន់​សាសនា​គ្រីស្ទាន។

៨, ៩. (ក) តើ​ការ​វែក​ញែក​ដ៏​វៀច​វេរ​អ្វី ដែល​មាន​ឥទ្ធិពល​លើ​ពួក​គ្រីស្ទាន​ពី​ដើម? (ខ) យោង​ទៅ​តាម​យូដាស តើ​មនុស្ស​ខ្លះ​ក្នុង​ក្រុម​ជំនុំ​បាន​ធ្វើ​អ្វី?

៨ អ្នក​ប្រាជ្ញ​ខាង​ព្រះ​គម្ពីរ​ម្នាក់ បាន​កត់​សម្គាល់​ថា«មាន​មនុស្ស​ខ្លះ​ក្នុង​សាសនា ដែល​បាន​ធ្វើ​ឲ្យ​ពុក​រលួយ​ដល់​លទ្ធិ​នៃ​អនុគ្រោះ» ឬ​ក៏ «ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល»។ (អេភេសូរ ១:៥​-​៧) យោង​ទៅ​តាម​លោក ការ​វែក​ញែក​របស់​មនុស្ស​ខ្លះ​មាន​ដូច​នេះ៖ «តើ​អ្នក​និយាយ​ថា[ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល] គឺ​មាន​ច្រើន​ដើម្បី​គ្រប​បាប​របស់​យើង​ទាំង​អស់​ឬ? . . . ដូច្នេះ សូម​ឲ្យ​យើង​បន្ត​ប្រព្រឹត្ត​អំពើ​បាប ពី​ព្រោះ[ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល]អាច​លុប​ចោល​បាប​ទាំង​អស់។ តាម​ពិត បើ​យើង​ប្រព្រឹត្ត​អំពើ​បាប​ច្រើន នោះ​នឹង​មាន[ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល] នឹង​ធ្វើ​ប្រតិបត្ដិ​ការ​ច្រើន​ដែរ»។ តើ​អ្នក​ដែល​ឮ​ការ​វែក​ញែក​ដ៏​វៀច​វេរ​ជាង​នេះ​ទេ?

៩ សាវ័ក​ប៉ុល​បាន​រាប់​ថា​ជា​ខុស ដោយ​គិត​យ៉ាង​នេះ​អំពី​មេត្ដា​ករុណា​របស់​ព្រះ ពេល​ដែល​គាត់​បាន​សួរ​ថា៖ «តើ​ត្រូវ​ឲ្យ​យើង​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​ទៀត ដើម្បី​ឲ្យ​ព្រះ​គុណ​បាន​ចំរើន​ឡើង​ឬ​អី»? គាត់​ក៏​បាន​សួរ​ទៀត​ថា៖ «តើ​គួរ​ឲ្យ​យើងប្រព្រឹត្ត​អំពើ​បាប ដោយ​ព្រោះ​នៅ​ក្រោម​ព្រះ​គុណ មិន​នៅ​ក្រោម​ក្រិត្យ​វិន័យ​ឬ​អី»? ចំពោះ​សំនួរ​និមួយ​ៗ ប៉ុល​បាន​ឆ្លើយ​យ៉ាង​ច្បាស់​ថា៖ «ទេ មិន​គួរ​ឡើយ»! (រ៉ូម ៦:១, ២, ១៥) យ៉ាង​ច្បាស់​ណាស់ ដូច​យូដាស​សង្កេត​ឃើញ មនុស្ស​ខ្លះ​បាន«បំផ្លាស់​ព្រះ​គុណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​ទៅ​ជា​សេចក្ដី​អាសអាភាស»។ ប៉ុន្តែ ពេត្រុស​កត់​សម្គាល់​ថា​ចំពោះ​ពួក​បែប​នេះ ‹សេចក្ដី​ហិន​វិនាស​របស់​គេ​ក៏​មិន​ងុយ​ងោក​ដែរ›។—យូដាស ៤; ពេត្រុស​ទី​២ ២:៣

គំរូ​ដែល​ទុក​ជា​ការ​ព្រមាន

១០, ១១. តើ​ពេត្រុស​បាន​ផ្ដល់​ឲ្យ​គំរូ​ដែល​ទុក​ជា​ការ​ព្រមាន​បី​អ្វី?

១០ ដើម្បី​បញ្ជាក់​ថា ព្រះ​នឹង​ចាត់​វិធានការ​ប្រឆាំង​មនុស្ស​ប្រព្រឹត្ត​អាក្រក់​ដោយ​ចេតនា​នោះ ពេត្រុស​បាន​ផ្ដល់​ពី​បទ​គម្ពីរ​នូវ​គំរូ​ដែល​ជា​ការ​ព្រមាន​បី​យ៉ាង។ ទី​មួយ គាត់​សរសេរ​ថា៖ «ព្រះ​មិន​បាន​ប្រណី ដល់​ពួក​ទេវតា​ដែល​បាន​ធ្វើ​អំពើ​បាប»។ ចំពោះ​ពួក​ទេវតា​ទាំង​នេះ យូដាស​មាន​ប្រសាសន៍​ថា «មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន គឺ​ជា​ទេវតា​ដែល​បោះ​បង់​ចោល​ទី​លំនៅ​ចេញ»នៅ​ស្ថាន​សួគ៌។ ពួក​គេ​បាន​ចុះ​មក​ផែនដី​មុន​ទឹក​ជំនន់ ហើយ​បាន​ប្រែ​ក្រឡា​ក្នុង​រូប​កាយ​មនុស្ស ដើម្បី​រួម​ដំណេក​នឹង​កូន​ស្រី​របស់​មនុស្ស។ ជា​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ចរិយា​ដ៏​មិន​ត្រឹម​ត្រូវ ដែល​ឥត​ធម្មតា​នោះ ពួក​គេ​បាន​ត្រូវ​បោះ​ទំលាក់​ទៅ​ក្នុង «ជង្ហុក​ជ្រៅ​បំផុត» ឬ​ដូច​ដំណើរ​រឿង​របស់​យូដាស បាន​ចែង​ថា ពួក​គេ​បាន​ត្រូវ«ឃុំ​ក្នុង​សេចក្ដី​ងងឹត ទាំង​ជាប់​ចំណង​អស់​កល្ប​ជា​និច្ច ទុក​សំរាប់​នឹង​ជំនុំ​ជំរះ​នៅ​ថ្ងៃ​ដ៏​ធំ​នោះ»។—ពេត្រុស​ទី​២ ២:៤; យូដាស ៦; លោកុប្បត្តិ ៦:១​-​៣

១១ បន្ទាប់​មក ពេត្រុស​សំដៅ​ទៅ​មនុស្ស​នៃ​ជំនាន់​លោក​ណូអេ។ (លោកុប្បត្តិ ៧:១៧​-​២៤) គាត់​មាន​ប្រសាសន៍​ថា ក្នុង​ជំនាន់​លោក​ណូអេ ព្រះ«ទ្រង់​មិន​បាន​ប្រណី​ដល់​លោកីយ​ពី​ចាស់​បុរាណ ក្នុង​កាល​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពួក​មនុស្ស​ទមិល​ល្មើស»។ ចំណុច​ចុង​ក្រោយ ពេត្រុស​បាន​សរសេរ​ថា ព្រះ​បាន«ទុក​ជា​គំរូ​ដល់​ពួក​មនុស្ស​ត​ទៅ​មុខ ដែល​គិត​រស់​នៅ​ដោយ​សេចក្ដី​ទមិល​ល្មើស» ដោយ«បញ្ឆេះ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា​ឲ្យ​ទៅ​ជា​ផែះ»។ យូដាស​ឲ្យ​ពត៌មាន​ថែម​ទៀត ថា​ពួក​ទាំង​នោះ​នឹង«បាន​ប្រគល់​ខ្លួន​ទៅ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដូច​គ្នា ទាំង​បណ្ដោយ​ទៅ​តាម​សាច់​ដទៃ»។ (ពេត្រុស​ទី​២ ២:៥, ៦; យូដាស ៧) ពួក​បុរស​មិន​គ្រាន់​តែ​មាន​ការ​រួម​ដំណេក​ខុស​ច្បាប់​ជា​មួយ​នឹង​ស្ត្រី ប៉ុន្តែ ត្រអាល​នឹង​កាម​នៃ​ពួក​បុរស​ដទៃ ព្រម​ទាំង​បាន​ត្រអាល​នឹង​កាម​ជា​មួយ​សត្វ​ផង។—លោកុប្បត្តិ ១៩:៤, ៥; លេវីវិន័យ ១៨:២២​-​២៥

១២. យោង​ទៅ​តាម​ពេត្រុស តើ​តាម​របៀប​ណា​ដែល​មារយាទ​សុចរិត​បាន​ត្រូវ​ទទួល​រង្វាន់?

១២ ប៉ុន្តែ ក្នុង​ពេល​ដំណាល​គ្នា​នេះ ពេត្រុស​កត់​សម្គាល់​ថា ព្រះ​យេហូវ៉ា​ជា​អ្នក​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​បំរើ​ទ្រង់​ដោយ​ស្មោះ​ត្រង់។ ជា​ឧទាហរណ៍ គាត់​បាន​រៀប​រាប់​នូវ​របៀប​ដែល​ព្រះ«បាន​ជួយ​សង្គ្រោះ​លោក​ណូអេ ទាំង​អស់​គ្នា​មាន​៨​នាក់ ដែល​លោក​ជា​អ្នក​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត» ពេល​ដែល​ទ្រង់​ធ្វើ​ឲ្យ​ទឹក​ជន់។ គាត់​ក៏​បាន​ប្រាប់​អំពី​ការ​រំដោះ​របស់​ព្រះ​យេហូវ៉ា​នៃ«លោក​ឡុត ជា​អ្នក​សុចរិត​ឲ្យ​រួច» ក្នុង​ជំនាន់​នៃ​ក្រុង​សូដុំម ដោយ​បញ្ចប់​ពាក្យ​របស់​គាត់ ថា៖ «ព្រះ​អម្ចាស់​ទ្រង់​ចេះ​ប្រោស​មនុស្ស​ដែល​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់ ឲ្យ​រួច​ពី​សេចក្ដី​ល្បួង ហើយ​នឹង​ឃុំ​ទុក​មនុស្ស​ទុច្ចរិត សំរាប់​នឹង​ធ្វើ​ទោស​ក្នុង​ថ្ងៃ​ជំនុំ​ជំរះ​វិញ»។—ពេត្រុស​ទី​២ ២:៥, ៧​-​៩

ការ​ប្រព្រឹត្ត​ដែល​សម​ទទួល​ទណ្ឌកម្ម

១៣. តើ​អ្នក​ណា​ជា​ពិសេស ដែល​បាន​ទុក​សំរាប់​ការ​ជំនុំ​ជំរះ ហើយ​ក្នុង​សុបិន​អ្វី​ដែល​គេ​ប្រព្រឹត្ត​នោះ?

១៣ ពេត្រុស​បង្ហាញ​ជាក់​លាក់​នៃ​ពួក​បុគ្គល ដែល​ជា​ពិសេស​បាន​ទុក​សំរាប់​ការ​ជំនុំ​ជំរះ​របស់​ព្រះ ដោយ​និយាយ​ថា«ពួក​អស់​អ្នក​ដែល​ដើរ​តាម​សាច់​ឈាម​ជា​ដើម ដែល​គេ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​ឯ​ការ​ស្មោក​គ្រោក ហើយ​ក៏​មើល​ងាយ​ដល់​អស់​ទាំង​អំណាច​ត្រួត​ត្រា​ដែរ»។ យើង​សឹង​តែ​អាច​យល់​នូវ​កំហឹង​របស់​ពេត្រុស កាល​ដែល​គាត់​មាន​ប្រសាសន៍​ថា៖ «គេ​ជា​ពួក​ព្រហើន មាន​ក្បាល​រឹង ដែល​មិន​ខ្លាច​នឹង​ជេរ​ប្រមាថ​ដល់​ទាំង​ពួក​ប្រសើរ​ឧត្តម​ផង»។ យូដាស​សរសេរ​ថា «មនុស្ស​ទាំង​នេះ . . . នឹក​តែ​ពី​ផ្លូវ​ខូច​អាក្រក់ . . . ហើយ​ជេរ​ប្រមាថ​ដល់​ពួក​ប្រសើរ​ឧត្តម​ផង»។ (ពេត្រុស​ទី​២ ២:១០; យូដាស ៨) សុបិន​របស់​គេ គឺ​ប្រហែល​ជា​អំពី​កាម​ដ៏​ឥត​បរិសុទ្ធ ដែល​គិត​តែ​ពី​ការ​ស្វែង​រក​នៃ​ការ​ចំអែ​ត​កាម​ដ៏​ឥត​សីលធម៌។ ប៉ុន្តែ ក្នុង​ន័យ​ណា ដែល​គេ«មើល​ងាយ​ដល់​អស់​ទាំង​អំណាច​ត្រួត​ត្រា» ហើយ«ជេរ​ប្រមាថ​ដល់​ពួក​ប្រសើរ​ឧត្តម​ផង»?

១៤. ក្នុង​ន័យ​អ្វី​ដែល​ពួក​គ្រូ​ក្លែង​ក្លាយ«មើល​ងាយ​ដល់​អស់​ទាំង​អំណាច​ត្រួត​ត្រា» ហើយ«ជេរ​ប្រមាថ​ដល់​ពួក​ប្រសើរ​ឧត្តម​ផង»?

១៤ គេ​ធ្វើ​ដូច្នេះ ក្នុង​របៀប​ថា គេ​ស្អប់​អំណាច​ដែល​បាន​តែង​តាំង​មក​ដោយ​ព្រះ។ ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​តំណាង​ព្រះ​យេហូវ៉ា​ដ៏​រុង​រឿង និង​បុត្រា​របស់​ទ្រង់ ហើយ​ជា​លទ្ធផល គឺ​មាន​សិរី​រុង​រឿង​ខ្លះ​ដែល​បាន​ប្រទាន​ដល់​គេ។ ពិត​មែន គេ​ក៏​មាន​ធ្វើ​ខុស ដូច​ពេត្រុស​ដែរ ប៉ុន្តែ បទ​គម្ពីរ​ដាស់​តឿន​ពួក​សមាជិក​នៃ​ក្រុម​ជំនុំ ឲ្យ​ចុះ​ចូល​ដល់​ពួក​បុគ្គល​បែប​នេះ។ (ហេព្រើរ ១៣:១៧) គុណ​វិបត្ដិ​របស់​គេ គឺ​មិន​មែន​ជា​មូលហេតុ​ក្នុង​ការ​ជេរ​ប្រមាថ​មើល​ងាយ​គេ​ទេ។ ពេត្រុស​និយាយ​ថា ពួក​ទេវតា​មិន​បាន«ប្រមាថ​ដល់​ពួក​នោះ [ពួក​គ្រូ​ក្លែង​ក្លាយ]» ទោះ​ជា​សម​នឹង​ធ្វើ​បែប​នេះ​ក៏​ដោយ។ ពេត្រុស​និយាយ​ទៀត​ថា៖ «តែ​ដោយ​ព្រោះ​គេ​ជេរ​ប្រមាថ​ដល់​ការ​ដែល​គេ​មិន​ស្គាល់ នោះ​គេ​នឹង​ត្រូវ​វិនាស​បាត់​ក្នុង​ការ​ខូច​អាក្រក់​របស់​គេ​អស់​រលីង ដូច​ជា​សត្វ​តិរច្ឆាន ដែល​កើត​មក​សំរាប់​តែ​ឲ្យ​គេ​ចាប់ ហើយ​កាប់​សម្លាប់​ប៉ុណ្ណោះ​ដែរ»។—ពេត្រុស​ទី​២ ២:១០​-​១៣

«ក្នុង​ពេល​កំពុង​ដែល​គេ​ស៊ី​លៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»

១៥. តើ​អ្វី​ជា​កលល្បិច​នៃ​ពួក​គ្រូ​ក្លែង​ក្លាយ ហើយ​នៅ​ទី​ណា​ដែល​គេ​ស្វែង​រក​ការ​ប្រលោម​របស់​គេ?

១៥ ទោះ​បី​ជា​ពួក​បុរស​ដ៏​ពុក​រលួយ​ទាំង​នេះ«ជា​ពួក​អ្នក​ដែល​រាប់​ការ​ស្រើប​ស្រាល​នៅ​ពេល​ថ្ងៃ ទុក​ជា​ការ​ត្រេក​អរ​សប្បាយ» ហើយ«គេ​ជា​ស្នាម​ប្រឡាក់ ហើយ​ជា​សេចក្ដី​ស្មោក​គ្រោក» តែ​ពួក​គេ​ក៏​វៀច​វេរ​ដែរ។ ពួក​គេ​ប្រព្រឹត្ត‹យ៉ាង​ស្ងាត់› ដោយ​ប្រើ«ពាក្យ​បញ្ឆោត​បំពោត» ដូច​ពេត្រុស​បាន​សរសេរ​ទុក​មុន​នេះ។ (ពេត្រុស​ទី​២ ២:១, ៣, ១៣) ដូច្នេះ ពួក​គេ​ប្រហែល​ជា​មិន​ប្រកួត​ដោយ​ចេញ​ឲ្យ​ឃើញ ដល់​ការ​ខំ​ប្រឹង​របស់​ពួក​អ្នក​ចាស់​ទុំ​ដើម្បី​តំកើង​ខ្នាត​គំរូ​សីលធម៌​របស់​ព្រះ ឬ​ស្វែង​រក​ដ៏​ឥត​លាក់​លាម​នៃ​ការ​ចំអែ​ត​ខាង​កាម។ ផ្ទុយ​ទៅ​វិញ ពេត្រុស​និយាយ​ថា គេ​ប្រព្រឹត្ត​នូវ​ការ«ត្រេក​អរ​ដោយ​សេចក្ដី​បញ្ឆោត​របស់​ខ្លួន ក្នុង​ពេល​កំពុង​តែ​ដែល​គេ​ស៊ី​លៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»។ ហើយ​យូដាស​សរសេរ​ថា៖ «ពួក​នោះ​ជា​ដុំ​ស្មោក​គ្រោក ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​បរិភោគ ជា​មួយ​គ្នា​ដោយ​ស្រឡាញ់»។ (យូដាស ១២) ត្រូវ​ហើយ ដូច​ជា​ដុំ​ថ្ម​ដែល​រ​ឆេ​ក​រឆូច​នៅ​ក្រោម​ទឹក ដែល​អាច​ច្រៀក​បាត​ទូក ដែល​បណ្ដាល​ឲ្យ​ពួក​បើក​ទូក​ដែល​ឥត​ប្រុង​ប្រយ័ត្ន​លង់​ទឹក​ស្លាប់ នោះ​ពួក​គ្រូ​ក្លែង​ក្លាយ​ធ្វើ​ឲ្យ​ពុក​រលួយ​ដល់​ពួក​ឥត​ប្រុង​ប្រយ័ត្ន ដែល​គេ​ធ្វើ​ពុត​ជា​ស្រឡាញ់ ក្នុង«ពេល​ដែល​អ្នក​រាល់​គ្នា​បរិភោគ ជា​មួយ​គ្នា​ដោយ​ស្រឡាញ់»។

១៦. (ក) តើ​អ្វី​ជា‹អាហារ​រួម​គ្នា​ដោយ​ស្រឡាញ់› ហើយ​ក្នុង​ស្ថានការណ៍​យ៉ាង​ណា ដែល​មនុស្ស​ឥត​សីលធម៌​សហប្រតិបត្ដិការ​សព្វ​ថ្ងៃ​នេះ? (ខ) តើ​ពួក​គ្រូ​ក្លែង​ក្លាយ​គិត​សំដៅ​លើ​អ្នក​ណា ដូច្នេះ តើ​បុគ្គល​បែប​នេះ​ត្រូវ​ធ្វើ​យ៉ាង​ណា?

១៦ តាម​ប្រមើល​ទៅ ‹អាហារ​រួម​គ្នា​ដោយ​ស្រឡាញ់›ទាំង​នេះ ជា​គ្រា​ជប់​លៀង​ដែល​ពួក​គ្រីស្ទាន​ក្នុង​សតវត្ស​ទី​មួយ បាន​មក​រួម​គ្នា​ដើម្បី​ទទួល​ទាន​អាហារ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ ក៏​មក​រួម​ជា​មួយ​គ្នា ប្រហែល​ជា​ពិធី​រៀប​ការ ពិចនិច ឬ​ក៏​សំរាប់​ការ​រួម​ប្រជុំ​គ្នា​នៅ​រាត្រី​មួយ។ តើ​តាម​របៀប​ណា​ដែល​ពួក​បុគ្គល​បែប​នេះ​ប្រើ​ព្រឹត្ដិការណ៍​បែប​នេះ ដើម្បី​នឹង​ប្រលោម​អ្នក​រង​គ្រោះ? ពេត្រុស​សរសេរ​ថា៖ «គេ​មាន​ចិត្ត​នឹក​ឃើញ​តែ​ស្រី​សំផឹង . . . ក៏​បិទ​នុយ​ចាប់​ព្រលឹង​មនុស្ស​ដែល​មិន​ខ្ជាប់​ខ្ជួន»។ គេ​គិត​តែ«មាន​ចិត្ត​ធ្លាប់​ខាង​ឯ​សេចក្ដី​លោភ» លើ​ពួក​មិន​មុត​មាំ​ខាង​វិញ្ញាណ ដែល​មិន​បាន​ធ្វើ​សេចក្ដី​ពិត​ឲ្យ​បាន​ពេញ​លេញ​ខ្លួន​គេ។ ដូច្នេះ ចូរ​យក​ទុក​ជា​គំរូ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​សម័យ​ពេត្រុស ហើយ​ចូរ​ឲ្យ​ប្រុង​ប្រយ័ត្ន! ចូរ​ទប់​ទល់​នឹង​ការ​ដាក់​ស្នើ​ណា​មួយ ហើយ​កុំ​ឲ្យ​បំភាន់​ដោយ​ស្នេហ៍​ឬ​សម្រស់​របស់​អ្នក​ណា ដែល​ចង់​ប្រព្រឹត្ត​អំពើ​ឥត​សីលធម៌!—ពេត្រុស​ទី​២ ២:១៤

‹តាម​ផ្លូវ​របស់​ព្យាការី​បាឡាម›

១៧. តើ​អ្វី​ជា‹ផ្លូវ​របស់​ព្យាការី​បាឡាម› ហើយ​តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ពួក​អ៊ីស្រាអែល​២៤.០០០​នាក់?

១៧ «មនុស្ស​ដែល​ត្រូវ​បណ្ដាសា»ទាំង​នេះ បាន​ស្គាល់​សេចក្ដី​ពិត​ជា​យូរ​យារ​ដែរ​ហើយ។ គេ​ប្រហែល​ជា​មើល​ទៅ ជា​មនុស្ស​ដ៏​សកម្ម​ក្នុង​ក្រុម​ជំនុំ។ ប៉ុន្តែ ពេត្រុស​មាន​ប្រសាសន៍​ថា៖ «គេ​បាន​បោះ​បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ហោរា​បាឡាម​ជា​កូន​បេអ៊រ ដែល​ស្រឡាញ់​កំរៃ​នៃ​ការ​ទុច្ចរិត»។ (ពេត្រុស​ទី​២ ២:១៤, ១៥) ផ្លូវ​របស់​ព្យាការី​បាឡាម គឺ​ដើម្បី​ឲ្យ​ទូន្មាន​នៃ​ការ​ប្រលោម​ដ៏​ឥត​សីលធម៌ សំរាប់​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​គាត់។ គាត់​បាន​ប្រាប់​ស្តេច​បាឡាក សាសន៍​ម៉ូអាប់ ថា​ព្រះ​នឹង​ដាក់​បណ្ដាសា​ពួក​អ៊ីស្រាអែល ប្រសិន​បើ​អាច​ប្រលោម​រាស្ត្រ​ឲ្យ​ប្រព្រឹត្ត​អំពើ​សហាយស្មន់។ ជា​លទ្ធផល រាស្ត្រ​ជា​ច្រើន​របស់​ព្រះ​បាន​ត្រូវ​ប្រលោម​ដោយ​ពួក​ស្ត្រី​ម៉ូអាប់ ហើយ​២៤.០០០​នាក់​បាន​ត្រូវ​ស្លាប់ ដោយ​សារ​ចរិយា​ដ៏​ឥត​សីលធម៌​របស់​គេ។—ជន​គណនា ២៥:១​-​៩; ៣១:១៥, ១៦; វិវរណៈ ២:១៤

១៨. តើ​បាឡាម​បាន​ខំ​ត​ស៊ូ​យ៉ាង​ណា ហើយ​លទ្ធផល​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ណា​សំរាប់​ពួក​គ្រូ​ក្លែង​ក្លាយ?

១៨ ពេត្រុស​កត់​សម្គាល់​ថា​បាឡាម​បាន​ត្រូវ​បង្អាក់ ពេល​ដែល​សត្វ​លា​របស់​គាត់​បាន​និយាយ​ដាក់​គាត់ ប៉ុន្តែ បាឡាម«ដែល​ស្រឡាញ់​កំរៃ​នៃ​ការ​ទុច្ចរិត»ដល់​ម្ល៉េះ ទោះ​ជា​រឿង​នោះ​បាន​កើត​ឡើង​ក៏​ដោយ គាត់​ឥត​បាន​ឈប់​បន្ត«សេចក្ដី​ចំ​កួត​របស់​គាត់»ទេ។ (ពេត្រុស​ទី​២ ២:១៥, ១៦) នេះ​គឺ​អាក្រក់​ក្រៃ​លែង​មែន! វេទនា​ហើយ​ដល់​ពួក​ដែល​មាន​លក្ខណៈ​ដូច​បាឡាម ដែល​ខំ​ប្រឹង​ធ្វើ​ឲ្យ​ពុក​រលួយ​ដល់​រាស្ត្រ​ព្រះ ដោយ​ល្បួង​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​ឥត​សីលធម៌! បាឡាម​បាន​ស្លាប់​ដោយ​សារ​អំពើ​អាក្រក់​របស់​គាត់ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​កើត​ឡើង​ដល់​មនុស្ស​ដែល​កាន់​តាម​ផ្លូវ​របស់​គាត់។—ជន​គណនា ៣១:៨

ការ​ប្រលោម​ដ៏​កំណាច​របស់​គេ

១៩, ២០. (ក) តើ​ពួក​អ្នក​ដែល​មាន​លក្ខណៈ​ដូច​បាឡាម​អាច​ប្រៀប​ធៀប​នឹង​អ្វី ហើយ​ហេតុ​អ្វី? (ខ) តើ​គេ​ល្បួង​អ្នក​ណា ហើយ​តាម​របៀប​ណា? (គ) ហេតុ​អ្វី​ក៏​យើង​អាច​និយាយ​ថា ការ​ប្រលោម​របស់​គេ​គឺ​កំណាច ហើយ​តើ​យើង​អាច​ការ​ពារ​ខ្លួន​យើង​និង​អ្នក​ដទៃ​ពី​ពួក​គេ​ដូច​ម្ដេច?

១៩ ក្នុង​ការ​រៀប​រាប់​ពួក​អ្នក​ដែល​មាន​លក្ខណៈ​ដូច​បាឡាម ពេត្រុស​បាន​សរសេរ​ថា៖ «ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​រន្ធ​ទឹក[ឬ​អណ្ដូង]ខ្សោះ ជា​ពពក​ដែល​ខ្យល់​ព្យុះ​បក់​ផាត់»។ ចំពោះ​អ្នក​ធ្វើ​ដំណើរ​ដ៏​ស្រេក​ទឹក​ក្នុង​ទី​រហោ​ស្ថាន អណ្ដូង​រីង​អាច​មាន​ន័យ​ជា​សេចក្ដី​ស្លាប់។ ដូច្នេះ​ហើយ «ដែល​សេចក្ដី​ងងឹត​សូន្យ​ឈឹង បាន​បម្រុង​ទុក​ឲ្យ»ពួក​ដែល​មាន​សភាព​បែប​នេះ! ពេត្រុស​និយាយ​ទៀត​ថា៖ «ដ្បិត​គេ​និយាយ​សេចក្ដី​អំនួត​អួត​យ៉ាង​សម្បើម ទាំង​បិទ​នុយ​ដែល​ប្រកប​ដោយ​សេចក្ដី​សំ​រើប​ខាង​សាច់​ឈាម នឹង​សេចក្ដី​ខូច​អាក្រក់​ទាំង​ប៉ុន្មាន ដើម្បី​ចាប់​ពួក​អស់​អ្នក ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​វង្វេង»។ ពួក​គេ​ប្រលោម​មនុស្ស​ឥត​ពិសោធ ដោយ«សន្យា​ឲ្យ​អ្នក​ទាំង​នោះ​បាន​សេរី​ភាព» កាល​ដែល«ខ្លួន​គេ​នៅ​ជាប់​ជា​បាវ​បំរើ​របស់​សេចក្ដី​ពុក​រលួយ»។—ពេត្រុស​ទី​២ ២:១៧​-​១៩; កាឡាទី ៥:១៣

២០ ការ​ប្រលោម​នៃ​ពួក​គ្រូ​ដ៏​ពុក​រលួយ​បែប​នេះ គឺ​កំណាច​ណាស់។ ជា​ឧទាហរណ៍ គេ​ប្រហែល​ជា​និយាយ​ថា៖ ‹ព្រះ​ជ្រាប​ថា​យើង​ទន់​ខ្សោយ ហើយ​ងប់​ទៅ​លើ​កាមរាគ។ ដូច្នេះ បើ​សិន​ជា​យើង​ប្រព្រឹត្ត ហើយ​បំពេញ​នឹង​កាមរាគ​របស់​យើង ព្រះ​នឹង​មាន​ព្រះ​ទ័យ​មេត្ដា​ករុណា។ ប្រសិន​បើ​យើង​សារភាព​បាប​របស់​យើង ទ្រង់​នឹង​អភ័យ​ទោស​ឲ្យ​យើង ដូច​ជា​កាល​ដែល​យើង​បាន​មក​ស្គាល់​សេចក្ដី​ពិត​ដំបូង​ដែរ›។ ចូរ​ចាំ​ថា អារក្ស​បាន​ប្រើ​វិធី​បែប​នេះ​ជា​មួយ​នឹង​អេវ៉ា​ដែរ ដោយ​សន្យា​ថា នាង​អាច​ប្រព្រឹត្ត​បាប​ដោយ​ដំណើរ​គ្មាន​ទោស។ ក្នុង​ករណី​អេវ៉ា វា​អះអាង​ថា ប្រព្រឹត្ត​បាប​ប្រឆាំង​ព្រះ​នឹង​ផ្ដល់​ឲ្យ​នាង​មាន​ពន្លឺ​និង​សេរី​ភាព។ (លោកុប្បត្តិ ៣:៤, ៥) ប្រសិន​បើ​យើង​ជួប​ប្រទះ​មនុស្ស​ដ៏​ពុក​រលួយ​បែប​នេះ ដែល​នៅ​ក្នុង​ក្រុម​ជំនុំ យើង​មាន​កាតព្វកិច្ច​ដើម្បី​ការ​ពារ​ខ្លួន​យើង និង​អ្នក​ដទៃ ដោយ​រាយ​ការណ៍​ប្រាប់​ដល់​ពួក​មើល​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន។—លេវីវិន័យ ៥:១

ការ​ពារ​ដោយ​ចំណេះ​ត្រឹម​ត្រូវ

២១​-​២៣. (ក) តើ​អ្វី​ជា​លទ្ធផល​នៃ​ការ​មិន​ប្រព្រឹត្ត​តាម​ចំណេះ​ត្រឹម​ត្រូវ? (ខ) តើ​បញ្ហា​អ្វី​ទៀត​ដែល​ពេត្រុស​ពិគ្រោះ ដែល​នឹង​ពិចារណា​មើល​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២១ ពេត្រុស​បញ្ចប់​ភាគ​នេះ​នៃ​សំបុត្រ​របស់​គាត់ ដោយ​រៀប​រាប់​លទ្ធផល​នៃ​ការ​មិន​ប្រព្រឹត្ត​តាម​ចំណេះ​ត្រឹម​ត្រូវ ដែល​គាត់​បាន​មាន​ប្រសាសន៍​មក​មុន​នេះ ដែល​ថា«ជីវិត នឹង​សេចក្ដី​គោរព​ប្រតិបត្ដិ​ដល់​ព្រះ» គឺ​សំខាន់​ចាំ​បាច់។ (ពេត្រុស​ទី​២ ១:២, ៣, ៨) គាត់​សរសេរ​ថា៖ «ពី​ព្រោះ​ក្រោយ​ដែល​បាន​រួច​ពី​សេចក្ដី​ស្មោក​គ្រោក របស់​លោកីយ​នេះ ដោយ​បាន​ស្គាល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ​ហើយ បើ​អ្នក​ណា​ត្រឡប់​ទៅ​ជា​ជាប់​ទាក់​ទិន ឲ្យ​សេចក្ដី​ទាំង​នោះ​បាន​បង្ក្រាប​ខ្លួន​វិញ នោះ​សណ្ឋាន​ក្រោយ​របស់​អ្នក​នោះ បាន​អាក្រក់​ជាង​មុន​ទៅ​ទៀត»។ (ពេត្រុស​ទី​២ ២:២០) គួរ​ឲ្យ​ស្ដាយ​មែន! បុគ្គល​បែប​នេះ​ក្នុង​សម័យ​ពេត្រុស​បាន​បោះ​បង់​ចោល​សេចក្ដី​សង្ឃឹម​ដ៏​មាន​តម្លៃ​នៃ​ជីវិត​អម​ត​នៅ​ស្ថាន​សួគ៌ ចំពោះ​ការ​ចំអែ​ត​ខាង​កាម​ដ៏​ខ្លី។

២២ ដូច្នេះ ពេត្រុស​មាន​ប្រសាសន៍​ថា៖ «ដ្បិត​បើ​មិន​បាន​ស្គាល់​ផ្លូវ​សុចរិត​សោះ នោះ​ជា​ជាង​បាន​ស្គាល់ រួច​បែរ​ចេញ​ពី​សេចក្ដី​បញ្ញត្ត​បរិសុទ្ធ ដែល​បាន​ប្រគល់​មក​ហើយ​នោះ​វិញ តែ​មាន​ការ​កើត​មក​ដល់​គេ ដូច​ជា​ពាក្យ​ទំនៀម​ពិត​ដែល​ថា «ឆ្កែ​បាន​ត្រឡប់​ទៅ​ស៊ី​កំអួត​វា ឯ​ជ្រូក​ញី​ដែល​គេ​លាង​ស្អាត​ហើយ បាន​ទៅ​ននៀល​នៅ​ក្នុង​ខ្នាច​វិញ›»។—ពេត្រុស​ទី​២ ២:២១, ២២; សុភាសិត ២៦:១១

២៣ បញ្ហា​មួយ​ទៀត​ដែល​ឃើញ​ជាក់​ស្តែង បាន​ចាប់​មាន​ឥទ្ធិពល​លើ​ពួក​គ្រីស្ទាន​សម័យ​ដើម ក៏​ដូច​មាន​លើ​ពួក​មនុស្ស​ខ្លះ​ក្នុង​សម័យ​នេះ​ដែរ។ នៅ​សម័យ​នោះ មនុស្ស​ខ្លះ​បាន​ត្អូញត្អែរ​អំពី​វត្តមាន​របស់​ព្រះ​គ្រីស្ទ ដែល​ដូច​ជា​មិន​មាន​មក​ដល់។ សូម​ឲ្យ​យើង​ពិចារណា​មើល​នូវ​របៀប​ដែល​ពេត្រុស​ពិគ្រោះ​អំពី​រឿង​នេះ។

តើ​អ្នក​នៅ​ចាំ​ទេ?

◻ តើ​ពេត្រុស​ផ្ដល់​ឲ្យ​គំរូ​ទុក​ជា​ការ​ព្រមាន​បី​ណា?

◻ តើ​តាម​របៀប​ណា​ដែល​ពួក​គ្រូ​ក្លែង​ក្លាយ‹មើល​ងាយ​ដល់​អស់​ទាំង​អំណាច​ត្រួត​ត្រា›?

◻ តើ​អ្វី​ជា​ផ្លូវ​របស់​ព្យាការី​បាឡាម ហើយ​តើ​តាម​របៀប​ណា​ដែល​ពួក​កាន់​តាម​ផ្លូវ​នេះ ខំ​ប្រឹង​ប្រលោម​អ្នក​ដទៃ​នោះ?

◻ តើ​មាន​លទ្ធផល​អ្វី ដោយ​ឥត​ប្រព្រឹត្ត​តាម​ចំណេះ​ត្រឹម​ត្រូវ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក