បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៩ ទំ. ១៤-១៩
  • «ខំតយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ខំតយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ»
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ទប់​ទល់​នឹង​អំពើ​អសីលធម៌
  • គោរព​តាម​អាជ្ញា​ដែល​ព្រះ​ស្ថាបនា​ឡើង
  • «ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ»
  • យើងត្រូវតែតយុទ្ធដើម្បីនៅជាប់នឹងសេចក្ដីពិត
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
  • ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • គោលសំខាន់ៗពីសំបុត្ររបស់យ៉ូហាន និងយូដាស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ឱវាទអំពីជំនឿ ការប្រព្រឹត្ត និងសេចក្ដីស្រឡាញ់
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៩ ទំ. ១៤-១៩

«ខំ​ត​យុទ្ធ ដើម្បី​ការ​ពារ​សេចក្ដី​ជំនឿ»

«ខំ​ត​យុទ្ធ ដើម្បី​ការ​ពារ​សេចក្ដី​ជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​១​ដង​ជា​សំរេច»។—យូដាស ៣

១. ក្នុង​ន័យ​យ៉ាង​ណា ដែល​ពួក​គ្រីស្ទាន​ពិត​សព្វ​ថ្ងៃ​នេះ​បាន​ជាប់​ក្នុង​ចម្បាំង​មួយ?

ពួក​ទាហាន​ក្នុង​សង្គ្រាម​មាន​ជីវិត​ដ៏​ពិបាក​ជា​និច្ច។ សូម​គិត​អំពី​ការ​ពាក់​ខោ​អាវ​ចម្បាំង ហើយ​ដើរ​អស់​ច្រើន​គីឡូ​ម៉ែត្រ​ក្នុង​គ្រប់​អាកាសធាតុ ហើយ​ទទួល​ការ​ហាត់​ដ៏​នឿយ​ហត់​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រើ​អាវុធ ឬ​ក៏​ត្រូវ​តែ​ការ​ពារ​ខ្លួន​ពី​ការ​គំរាម​កំហែង​គ្រប់​បែប​យ៉ាង ដែល​អាច​នាំ​ឲ្យ​ស្លាប់​ឬ​ក៏​របួស​នោះ​វិញ។ ប៉ុន្តែ ពួក​គ្រីស្ទាន​ពិត​ពុំ​មាន​ចំណែក​ក្នុង​សង្គ្រាម​នៃ​សាសន៍​ទាំង​ឡាយ​ទេ។ (អេសាយ ២:២​-​៤; យ៉ូហាន ១៧:១៤) ប៉ុន្តែ បើ​និយាយ​ខាង​វិញ្ញាណ យើង​មិន​ត្រូវ​ភ្លេច​ឡើយ​ថា យើង​ទាំង​អស់​គ្នា​នៅ​ក្នុង​សង្គ្រាម។ សាតាំង​គឺ​មាន​សេចក្ដី​ស្អប់​យ៉ាង​ខ្លាំង​នឹង​ព្រះ​យេស៊ូ​គ្រីស្ទ និង​ពួក​អ្នក​កាន់​តាម​ទ្រង់​នៅ​លើ​ផែនដី​នេះ។ (វិវរណៈ ១២:១៧) មនុស្ស​គ្រប់​គ្នា​ដែល​សម្រេច​ចិត្ត​ធ្វើ​ការ​បំរើ​ព្រះ​យេហូវ៉ា គឺ​ចុះ​ឈ្មោះ​ជា​ពួក​ទាហាន​ចូល​ធ្វើ​សង្គ្រាម​ខាង​វិញ្ញាណ។—កូរិនថូស​ទី​២ ១០:៤

២. តើ​យូដាស​បាន​រៀប​រាប់​យ៉ាង​ណា​អំពី​សង្គ្រាម​របស់​ពួក​គ្រីស្ទាន ហើយ​តើ​សំបុត្រ​របស់​គាត់​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​យ៉ាង​ដូច​ម្ដេច?

២ យ៉ាង​សម​ហេតុ​ផល​ណាស់ យូដាស​ដែល​ជា​ប្អូន​ខាង​ម្ដាយ​របស់​ព្រះ​យេស៊ូ បាន​សរសេរ​ថា៖ «ពួក​ស្ងួន​ភ្ងា​អើយ កំពុង​ដែល​ខ្ញុំ​ខ្មី​ឃ្មាត​សរសេរ​ពី​សេចក្ដី​សង្គ្រោះ ដែល​សំរាប់​យើង​ទាំង​អស់​គ្នា នោះ​ខ្ញុំ​មាន​សេចក្ដី​បង្ខំ​នឹង​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា ទាំង​ទូន្មាន​ឲ្យ​ខំ​ត​យុទ្ធ ដើម្បី​ការ​ពារ​សេចក្ដី​ជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​១​ដង​ជា​សំរេច»។ (យូដាស ៣) នៅ​ពេល​ដែល​យូដាស​បាន​ដាស់​តឿន​ពួក​គ្រីស្ទាន​ឲ្យ«ខំ​ត​យុទ្ធ» គាត់​បាន​ប្រើ​ពាក្យ​ដែល​ទាក់​ទង​នឹង​ពាក្យ«ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង»។ ត្រូវ​ហើយ ការ​ត​យុទ្ធ​នេះ​អាច​ទៅ​ជា​អ្វីដ៏​ពិបាក​មួយ ព្រម​ទាំង​អ្វី​ដ៏​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ផង! តើ​អ្នក​មាន​ការ​ពិបាក​ស៊ូ​ទ្រាំ​នឹង​ការ​ត​យុទ្ធ​នេះ​នៅ​ពេល​ខ្លះ​ឬ​ទេ? សំបុត្រ​ពី​យូដាស​នេះ ទោះ​ជា​ខ្លី​ក៏​ដោយ​អាច​មាន​ឥទ្ធិពល​ជួយ​យើង​បាន។ សំបុត្រ​នេះ​ដាស់​តឿន​យើង​ឲ្យ​ទប់​ទល់​នឹង​អំពើ​ឥត​សីលធម៌ ហើយ​ឲ្យ​គោរព​តាម​អាជ្ញា​ដែល​ព្រះ​ស្ថាបនា​ឡើង ហើយ​ឲ្យ​យើង​រក្សា​ខ្លួន​ទុក​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​របៀប​ដែល​យើង​អាច​អនុវត្ត​តាម​ឱវាទ​នេះ។

ការ​ទប់​ទល់​នឹង​អំពើ​អសីលធម៌

៣. តើ​ស្ថានការណ៍​ដ៏​អាសន្ន​អ្វី​ដែល​ប្រឈម​មុខ​ក្រុម​ជំនុំ​គ្រីស្ទាន​នៅ​សម័យ​របស់​យូដាស?

៣ យូដាស​អាច​ឃើញ​ថា មិន​មែន​ពួក​គ្រីស្ទាន​ទាំង​អស់​ទេ ដែល​កំពុង​តែ​ឈ្នះ​លើ​សាតាំង​ក្នុង​ចំបាំង​នោះ​ឡើយ។ ស្ថានការណ៍​ដ៏​អាសន្ន​បាន​ប្រឈម​មុខ​នឹង​ពួក​ហ្វូង​ចៀម។ យូដាស​បាន​សរសេរ​ថា ពួក​មនុស្ស​ដ៏​ពុក​រលួយ​បាន«លួច​ចូល»។ ដោយ​កលល្បិច ពួក​បុរស​ទាំង​នេះ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​គេ​ធ្វើ​អំពើ​ឥត​សីលធម៌។ ហើយ​គេ​បាន​និយាយ​យ៉ាង​ប៉ិន​ប្រសប់​ក្នុង​ការ​ដោះ​សារ​នូវ​អំពើ​របស់​គេ ដោយ«បំផ្លាស់​ព្រះ​គុណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​ទៅ​ជា​សេចក្ដី​អាសអាភាស»។ (យូដាស ៤) ប្រហែល​ដូច​ពួក​ដែល​មិន​ជឿ​ព្រះ​ខ្លះ​នៅ​ពី​បុរាណ គេ​បាន​វែក​ញែក​ថា បើ​បុគ្គល​ម្នាក់​ប្រព្រឹត្ត​បាប​ឲ្យ​កាន់​តែ​ច្រើន នោះ​គេ​នឹង​អាច​ទទួល​នូវ​សេចក្ដី​មេត្ដា​ករុណា​ពី​ព្រះ​ក៏​ច្រើន​ទៀត​ដែរ—ដូច្នេះ​ជា​ការ​ប្រសើរ​ក្នុង​ការ​ប្រព្រឹត្ត​បាប​ឲ្យ​បាន​ច្រើន​ទៀត! ឬ​ក៏​គេ​ប្រហែល​ជា​គិត​ថា ព្រះ​បែប​ដ៏​ស្លូត​នេះ​នឹង​មិន​ដាក់​ទណ្ឌកម្ម​គេ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​បាន​គិត​ខុស​ហើយ។—កូរិនថូស​ទី​១ ៣:១៩

៤. តើ​ឧទាហរណ៍​បី​យ៉ាង​ណា​ក្នុង​ព្រះ​គម្ពីរ ដែល​យូដាស​រៀប​រាប់​អំពី​ការ​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា?

៤ យូដាស​ឆ្លើយ​បដិសេធ​នឹង​ការ​វែក​ញែក​ដ៏​អាក្រក់​របស់​គេ ដោយ​រៀប​រាប់​ឧទាហរណ៍​បី​នៃ​ការ​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា នៅ​សម័យ​ពី​ដើម៖ ការ​ជំនុំ​ជំរះ​នូវ ពួក​អ៊ីស្រាអែល​ដែល​មិន​បាន‹បង្ហាញ​ជំនឿ› និង«ពួក​ទេវតា​ដែល​មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន» ដើម្បី​នឹង​ប្រព្រឹត្ត​អំពើ​បាប​ជា​មួយ​ពួក​ស្ត្រី ហើយ​និង​ជំនុំ​ជំរះ​ពួក​អ្នក​នៅ​ក្នុង​ក្រុង​សូដុំម​និង​ពួក​កូម៉ូរ៉ា ដែល«គេ​បាន​ប្រគល់​ខ្លួន​ទៅ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដូច​គ្នា ទាំង​បណ្ដោយ​ទៅ​តាម​សាច់​ដទៃ»។ (យូដាស ៥​-​៧; លោកុប្បត្តិ ៦:២​-​៤; ១៩:៤​-​២៥; ជន​គណនា ១៤:៣៥) ក្នុង​ករណី​និមួយ​ៗ ព្រះ​យេហូវ៉ា​បាន​នាំ​ឲ្យ​មាន​ការ​ជំនុំ​ជំរះ​ដ៏​គ្រប់​ពេញ​ទី​មក​លើ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាំង​នោះ។

៥. តើ​យូដាស​បាន​ដក​ស្រង់​ពាក្យ​ពី​ព្យាការី​នៅ​ពី​បុរាណ​មួយ​ណា ហើយ​តើ​ទំនាយ​នោះ​បាន​ថ្លែង​អំពី​ការ​សម្រេច​ពិត​ប្រាកដ​យ៉ាង​ដូច​ម្ដេច?

៥ ក្រោយ​មក យូដាស​សំដៅ​ទៅ​ការ​ជំនុំ​ជំរះ​ដែល​មាន​កាន់​តែ​ច្រើន​ជាង​នោះ​ទៅ​ទៀត។ គាត់​បាន​ដក​ស្រង់​ពី​ទំនាយ​របស់អេណុក ដែល​ពាក្យ​ទាំង​នេះ​មិន​មាន​នៅ​ឯ​ណា​ទៀត​ក្នុង​បទ​គម្ពីរ​បរិសុទ្ធ។a (យូដាស ១៤, ១៥) លោក​អេណុក​បាន​ទាយ​ប្រាប់​អំពី​គ្រា​ដែល​ព្រះ​យេហូវ៉ា​នឹង​ជំនុំ​ជំរះ​ពួក​ទមិល​ល្មើស​ទាំង​អម្បាល​ម៉ាន និង​អំពើ​ដ៏​អាក្រក់​របស់​គេ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ អេណុក​បាន​និយាយ​ដោយ​ប្រើ​ពាក្យ​ជា​អតីតកាល ដ្បិត​ការ​ជំនុំ​ជំរះ​របស់​ព្រះ គឺ​ពិត​ប្រាកដ​ដ៏​ម្ល៉េះ នេះ​ហាក់​ដូច​ជា​បាន​កើត​ឡើង​រួច​ទៅ​ហើយ។ មនុស្ស​ប្រហែល​ជា​បាន​ចំអក​មើល​ងាយ​ដាក់​អេណុក និង​លោក​ណូអេ ប៉ុន្តែ​ពួក​មនុស្ស​ចំអក​បែប​នេះ បាន​លង់​ទឹក​ស្លាប់​ពេល​ទឹក​ជំនន់​បាន​ពេញ​ពិភព​លោក​ទៅ​ហើយ។

៦. (ក) តើ​ពួក​គ្រីស្ទាន​នៅ​សម័យ​យូដាស​ត្រូវ​បាន​រំឭក​អំពី​អ្វី? (ខ) ហេតុ​អ្វី​ក៏​យើង​ត្រូវ​ធ្វើ​តាម​ការ​រំឭក​របស់​យូដាស?

៦ ហេតុ​អ្វី​ក៏​យូដាស​បាន​សរសេរ​អំពី​ការ​ជំនុំ​ជំរះ​នេះ​របស់​ព្រះ? ពី​ព្រោះ​លោក​បាន​ដឹង​ថា អ្នក​ខ្លះ​ដែល​បាន​ចូល​រួម​ជា​មួយ​ក្រុម​ជំនុំ​គ្រីស្ទាន​ក្នុង​សម័យ​នោះ បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​អាក្រក់ ហើយ​ត្រូវ​ទទួល​ទោស ដូច​ពួក​ដែល​នាំ​ឲ្យ​មាន​ការ​ជំនុំ​ជំរះ​ពី​មុន​ៗ។ ដូច្នេះ យូដាស​សរសេរ​ថា ក្រុម​ជំនុំ​និមួយ​ៗ​ត្រូវ​បាន​រំឭក​អំពី​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដ៏​សំខាន់​ៗ។ (យូដាស ៥) ពួក​គេ​ច្បាស់​ជា​ភ្លេច​ថា​ព្រះ​យេហូវ៉ា​បាន​ទត​ឃើញ​នូវ​អ្វី​ដែល​គេ​កំពុង​តែ​ធ្វើ។ ត្រូវ​ហើយ នៅ​ពេល​ដែល​ពួក​អ្នក​បំរើ​របស់​ទ្រង់​បាន​បំពាន​ច្បាប់​ទ្រង់​ដោយ​ចេតនា ដែល​ធ្វើ​ខ្លួន​និង​អ្នក​ដទៃ​ឲ្យ​បាន​ប្រឡាក់ នោះ​ទ្រង់​ទត​ឃើញ​ហើយ។ (សុភាសិត ១៥:៣) ការ​ប្រព្រឹត្ត​បែប​នេះ​ធ្វើ​ឲ្យ​ទ្រង់​ឈឺ​ព្រះ​ហឫទ័យ​ណាស់។ (លោកុប្បត្តិ ៦:៦; ទំនុកដំកើង ៧៨:៤០) ជា​អ្វី​ដ៏​គួរ​ឲ្យ​អស្ចារ្យ​ណាស់ ដែល​យើង​ជា​មនុស្ស​អាច​មាន​ឥទ្ធិពល​លើ​ព្រះ​ហឫទ័យ នៃ​ព្រះ​អម្ចាស់​មហា​ក្សត្រ​នៃ​សកល​លោក​នេះ។ ទ្រង់​ទត​មើល​យើង​រៀង​រាល់​ថ្ងៃ ហើយ​នៅ​ពេល​ដែល​យើង​ខំ​ប្រឹង​ធ្វើ​តាម​ដាន​របស់​បុត្រា​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ នោះ​ចរិយា​របស់​យើង​ធ្វើ​ឲ្យ​ទ្រង់​មាន​ព្រះ​ហឫទ័យ​សប្បាយ​ដែរ។ ដូច្នេះ សូម​កុំ​ឲ្យ​យើង​តូច​ចិត្ត​នឹង​ការ​រំឭក​របស់​យូដាស​ឲ្យ​សោះ ប៉ុន្តែ​សូម​ឲ្យ​យើង​ធ្វើ​តាម​ឱវាទ​នោះ​ចុះ។—សុភាសិត ២៧:១១; ពេត្រុស​ទី​១ ២:២១

៧. (ក) ហេតុ​អ្វី​ក៏​ជា​ការ​សំខាន់​ចំពោះ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ទំនង​ដ៏​ធ្ងន់ ក្នុង​ការ​រក​ជំនួយ​ភ្លាម​នោះ? (ខ) តើ​យើង​រាល់​គ្នា​អាច​ចៀស​វាង​ពី​អំពើ​ឥត​សីលធម៌​យ៉ាង​ដូច​ម្ដេច​បាន?

៧ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ទត​ឃើញ​ប៉ុណ្ណោះ តែ​ទ្រង់​ក៏​ចាត់​វិធានការ​ដែរ។ ជា​ព្រះ​នៃ​សេចក្ដី​យុត្ដិធម៌ នោះ​ទ្រង់​នឹង​នាំ​ឲ្យ​មាន​ការ​ជំនុំ​ជំរះ​លើ​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់ តែ​ក្នុង​គ្រា​កំណត់​របស់​ទ្រង់។ (ធីម៉ូថេ​ទី​១ ៥:២៤) អស់​អ្នក​ដែល​វែក​ញែក​ថា ការ​ជំនុំ​ជំរះ​របស់​ទ្រង់​គ្រាន់​តែ​ជា​រឿង​ក្នុង​ប្រវត្ដិសាស្ត្រ ហើយ​ថា​ទ្រង់​ឥត​ខ្វល់​ខ្វាយ​នឹង​អំពើ​អាក្រក់ នោះ​គេ​ច្បាស់​ជា​និយាយ​បំភាន់​ខ្លួន​ឯង​ហើយ។ គឺ​ជា​ការ​សំខាន់​ណាស់ ចំពោះ​អ្នក​ណា​ដែល​ជាប់​ធ្វើ​អំពើ​ឥត​សីលធម៌​នៅ​សព្វ​ថ្ងៃ​នេះ ឲ្យ​មក​រក​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ជា​ប្រញាប់! (យ៉ាកុប ៥:១៤, ១៥) យើង​គ្រប់​គ្នា​ប្រហែល​ជា​បាន​គិត​ឲ្យ​បាន​មធ្យ័ត ដោយ​ការ​គំរាម​កំហែង​នៃ​អំពើ​ឥត​សីលធម៌​ក្នុង​ការ​ត​យុទ្ធ​ខាង​វិញ្ញាណ​របស់​យើង។ រៀង​រាល់​ឆ្នាំ​គឺ​មាន​គ្រោះ​ថ្នាក់ ជា​បុគ្គល​ដែល​បាន​បណ្ដេញ​ចេញ​ពី​ចំណោម​យើង ហើយ​ភាគ​ច្រើន​នៃ​ចំនួន​នេះ ជា​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​អសីលធម៌ ដែល​មិន​ព្រម​កែ​ប្រែ​ចិត្ត។ យើង​ត្រូវ​តែ​ប្ដេជ្ញា​ត​ទល់​នឹង​សេចក្ដី​ល្បួង​ណា ដែល​ប្រហែល​ជា​ចាប់​ផ្ដើម​នាំ​យើង​ឲ្យ​ទៅ​តាម​ផ្លូវ​បែប​នេះ។—ប្រៀប​ធៀប ម៉ាថាយ ២៦:៤១

គោរព​តាម​អាជ្ញា​ដែល​ព្រះ​ស្ថាបនា​ឡើង

៨. តើ​អ្នក​ណា​ជា«ពួក​ប្រសើរ​ឧត្តម»ដែល​បាន​រៀប​រាប់​នៅ​ក្នុង​យូដាស ៨?

៨ បញ្ហា​មួយ​ទៀត​ដែល​យូដាស​បាន​លើក​មក​ពិគ្រោះ គឺ​ជា​ការ​ឥត​គោរព​តាម​អាជ្ញា​ដែល​ព្រះ​ស្ថាបនា​ឡើង។ ជា​ឧទាហរណ៍ ក្នុង​ខ​៨ គាត់​បាន​ចោទ​ប្រកាន់​ពួក​បុរស​ដ៏​អាក្រក់​ដដែល​នេះ ថា​គេ«ជេរ​ប្រមាថ​ដល់​ពួក​ប្រសើរ​ឧត្តម​ផង»។ តើ«ពួក​ប្រសើរ​ឧត្តម»ជា​អ្នក​ណា? ពួក​គេ​ជា​បុរស​ដែល​ឥត​គ្រប់ល័ក្ខណ៍ ប៉ុន្តែ​មាន​ភារៈ​ដាក់​មក​លើ​គេ​ដោយ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ក្រុម​ជំនុំ​ទាំង​ឡាយ​មាន​ពួក​អ្នក​ចាស់​ទុំ ដែល​បាន​ទទួល​ខុស​ត្រូវ​ធ្វើ​ការ​គង្វាល​ហ្វូង​ចៀម​របស់​ព្រះ។ (ពេត្រុស​ទី​១ ៥:២) គឺ​មាន​ពួក​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ដែរ ដូច​ជា​សាវ័ក​ប៉ុល។ ហើយ​ក្រុម​អ្នក​ចាស់​ទុំ​ក្នុង​ក្រុង​យេរូសាឡិម​បាន​ធ្វើ​ជា​គណៈ​អភិបាល ដែល​ការ​ធ្វើ​សេចក្ដី​សម្រេច​ដែល​មាន​ឥទ្ធិពល​លើ​ក្រុម​ជំនុំ​គ្រីស្ទាន​ទាំង​ឡាយ។ (កិច្ច​ការ ១៥:៦) យូដាស​បាន​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង ដោយ​សារបុគ្គល​ខ្លះ​ៗ​ក្នុង​ក្រុម​ជំនុំ​បាន​និយាយ​មើល​ងាយ​ឬ​ប្រមាថ​ដល់​ពួក​បុរស​បែប​នេះ។

៩. តើ​ឧទាហរណ៍​អ្វី​ដែល​ស្តី​អំពី​ការ​មិន​គោរព​ដល់​អំណាច ដែល​យូដាស​បាន​រៀប​រាប់​នោះ?

៩ ដើម្បី​នឹង​ស្តី​បន្ទោស​ការ​និយាយ​ដ៏​មិន​គោរព​នេះ ក្នុង​ខ​១១ យូដាស​បាន​រៀប​រាប់​ឧទាហរណ៍​បី​យ៉ាង​ទៀត ទុក​ជា​ការ​រំឭក គឺ​ជា៖ កាអ៊ីន បាឡាម និង​កូរេ។ កាអ៊ីន​បាន​មិន​អើពើ​នូវ​ឱវាទ​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​បន្ត​តាម​ផ្លូវ​សម្អប់​ចង់​សម្លាប់​របស់​គាត់។ (លោកុប្បត្តិ ៤:៤​-​៨) បាឡាម​បាន​ទទួល​ការ​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត ដែល​ច្បាស់​ជា​មក​ពី​ប្រភព​អធិធម្មជាតិ ដែល​សូម្បី​តែ​សត្វ​លា​របស់​គាត់​ក៏​បាន​និយាយ​ប្រាប់​គាត់​ដែរ! ប៉ុន្តែ បាឡាម​បន្ត​យ៉ាង​កំណាញ់​តាម​ផ្លូវ​របស់​គាត់ ដើម្បី​ប្រឆាំង​នឹង​រាស្ត្រ​របស់​ព្រះ។ (ជន​គណនា ២២:២៨, ៣២​-​៣៤; ចោទិយកថា ២៣:៥) កូរេ​មាន​ឋានៈ​ខ្ពស់​ទទួល​ខុស​ត្រូវ​ហើយ ប៉ុន្តែ​គាត់​មិន​ពេញ​ចិត្ត​ទាំង​ស្រុង​នោះ​ទេ។ គាត់​បាន​បណ្ដាល​ឲ្យ​មាន​ការ​បះ​បោរ​នឹង​បុរស​ដ៏​សុភាព​បំផុត​នៅ​លើ​ផែនដី គឺ​ម៉ូសេ។—ជន​គណនា ១២:៣; ១៦:១​-​៣, ៣២

១០. តើ​តាម​របៀប​ណា​ដែល​មនុស្ស​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ការ«ជេរ​ប្រមាថ​ដល់​ពួក​ប្រសើរ​ឧត្តម» ហើយ​ហេតុ​អ្វី​ក៏​យើង​ត្រូវ​ចៀស​វាង​ការ​និយាយ​បែប​នេះ?

១០ ឧទាហរណ៍​ទាំង​នេះ​បង្រៀន​យើង​យ៉ាង​ច្បាស់ ឲ្យ​ស្ដាប់​តាម​ឱវាទ​ហើយ​ឲ្យ​គោរព​តាម​អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​ប្រើ ក្នុង​ឋានៈ​មើល​ការ​ខុស​ត្រូវ! (ហេព្រើរ ១៣:១៧) គឺ​ជា​ការ​ស្រួល​មែន​ក្នុង​ការ​រក​កំហុស​របស់​ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​តែង​តាំង ដ្បិត​គេ​ជា​មនុស្ស​ដែល​ឥត​គ្រប់ល័ក្ខណ៍​ដូច​យើង​ដែរ។ ប៉ុន្តែ ប្រសិន​បើ​យើង​គិត​តែ​លើ​កំហុស​របស់​គេ ហើយ​មិន​គោរព​ដល់​គេ នោះ​តើ​យើង​ប្រហែល​ជា«ជេរ​ប្រមាថ​ដល់​ពួក​ប្រសើរ​ឧត្តម»ទេ​ដឹង? ក្នុង​ខ​១០ យូដាស​បាន​រៀប​រាប់​អំពី​អស់​អ្នក​ដែល«ជេរ​ប្រមាថ​ដល់​ទាំង​អ្វី​ៗ​ដែល​គេ​មិន​ស្គាល់​ផង»។ នៅ​ពេល​ខ្លះ មនុស្ស​ខ្លះ​នឹង​រិះ​គន់​នឹង​សេចក្ដី​សម្រេច​ចិត្ត​ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ចាស់​ទុំ​ឬ ដោយ​គណៈ​កម្មាធិការ​វិនិច្ឆ័យ​មួយ។ ប៉ុន្តែ ពួក​គេ​មិន​បាន​ចូល​រួម​ដឹង​អំពី​សេចក្ដី​ល្អិត​ល្អន់ ដែល​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​តែ​ពិចារណា ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នោះ​ទេ។ ដូច្នេះ ហេតុ​អ្វី​ក៏​ជេរ​ប្រមាថ​អំពី​អ្វី​ដែល​គេ​មិន​ស្គាល់​សោះ​នោះ? (សុភាសិត ១៨:១៣) ពួក​អ្នក​ដែល​ខំ​ចង់​និយាយ​យ៉ាង​អវិជ្ជមាន អាច​នាំ​ឲ្យ​មាន​ការ​បែក​ខ្ញែក​ក្នុង​ក្រុម​ជំនុំ ហើយ​ប្រហែល​ជា​អាច​ប្រដូច​ទៅ​នឹង«ដុំ​ស្មោក​គ្រោក» នៅ​កន្លែង​មក​ចូល​រួម​នៃ​ពួក​អ្នក​ជឿ​គ្នី​គ្នា។ (យូដាស ១២, ១៦, ១៩) ហើយ​យើង​ក៏​មិន​ចង់​ធ្វើ​ជា​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ​ដល់​អ្នក​ដទៃ​ឡើយ។ ផ្ទុយ​ទៅ​វិញ សូម​ឲ្យ​យើង​រាល់​គ្នា​សម្រេច​ចិត្ត​ធ្វើ​ការ​អបអរ​នឹង​បុរស​ដែល​មើល​ខុស​ត្រូវ​ទាំង​នេះ ដោយ​កិច្ច​ការ​និង​ចិត្ត​ភក្ដី​របស់​គេ​ចំពោះ​ហ្វូង​ចៀម​របស់​ព្រះ។—ធីម៉ូថេ​ទី​១ ៥:១៧

១១. ហេតុ​អ្វី​ក៏​មីកែល​បាន​ទប់​ខ្លួន​ពី​ការ​ជំនុំ​ជំរះ​សាតាំង ដោយ​ពាក្យ​ប្រមាថ​នោះ​ទេ?

១១ យូដាស​រៀប​រាប់​អំពី​គំរូ​នៃ​បុគ្គល​មួយ​អង្គ ដែល​បាន​គោរព​តាម​អំណាច​ដែល​បាន​តែង​តាំង​មក។ គាត់​សរសេរ​ថា៖ «រីឯ​មីកែល ជា​មហា​ទេវតា លោក​មិន​ហ៊ាន​ប្ដឹង​ប្រមាថ​ដល់​អារក្ស ក្នុង​កាល​ដែល​កំពុង​តែ​ជជែក​នឹង​វា ទាំង​ប្រកែក​ពី​ដំណើរ​សព​របស់​លោក​ម៉ូសេ​នោះ​ទេ គឺ​បាន​និយាយ​ដូច្នេះ​វិញ​ថា សូម​ឲ្យ​ព្រះ​អម្ចាស់​បន្ទោស​ឯង​ចុះ»។ (យូដាស ៩) ដំណើរ​រឿង​ដ៏​អស្ចារ្យ​នេះ ដែល​មាន​តែ​យូដាស​បាន​កត់​ទុក​ក្នុង​បទ​គម្ពីរ គឺ​បង្រៀន​មេ​រៀន​ដ៏​ច្បាស់​ពីរ​យ៉ាង។ ទី​មួយ គឺ​បង្រៀន​យើង​ឲ្យ​ទុក​ការ​ជំនុំ​ជំរះ​ជា​មួយ​ព្រះ​យេហូវ៉ា។ យ៉ាង​ច្បាស់​ណាស់ សាតាំង​ចង់​ប្រើ​យ៉ាង​មិន​ត្រឹម​ត្រូវ​នូវ​សព​នៃ​បុរស​ស្មោះ​ត្រង់ គឺ​លោក​ម៉ូសេ ក្នុង​ការ​បណ្ដាល​ឲ្យ​មាន​ការ​ថ្វាយ​បង្គំ​ខ្លែង​ក្លាយ។ នេះ​ជា​អំពើ​ដ៏​អាក្រក់​មែន! ប៉ុន្តែ ដោយ​ចិត្ត​រាប​ទាប មីកែល​បាន​ទប់​ចិត្ត​ពី​ការ​ជំនុំ​ជំរះ ដ្បិត​មាន​តែ​ព្រះ​យេហូវ៉ា​ទេ​ដែល​មាន​អំណាច​នោះ។ ដូច្នេះ ជា​ការ​សំខាន់​ណាស់ ដែល​យើង​ត្រូវ​ចៀស​វាង​ពី​ការ​ជំនុំ​ជំរះ​ពួក​បុរស​ដ៏​ស្មោះ​ត្រង់ ដែល​ខំ​បំរើ​ព្រះ​យេហូវ៉ា ទោះ​ជា​គេ​មិន​គ្រប់ល័ក្ខណ៍​យ៉ាង​ណា​ក៏​ដោយ​នោះ។

១២. តើ​ពួក​ដែល​មាន​ភារៈ​មើល​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​អាច​រៀន​អ្វី ពី​គំរូ​របស់​មីកែល?

១២ ម្យ៉ាង​វិញ​ទៀត ពួក​អ្នក​ដែល​មាន​អំណាច​ក្នុង​ក្រុម​ជំនុំ ក៏​អាច​រៀន​មេ​រៀន​ពី​មីកែល​ដែរ។ ដ្បិត​ទោះ​ជា​មីកែល​ជា«មហា​ទេវតា» ឬ​ក៏​ជា​មេ​ទេវតា​ទាំង​អស់​ក៏​ដោយ ទ្រង់​មិន​បាន​ប្រើ​អំណាច​ទ្រង់​យ៉ាង​ឥត​ត្រឹម​ត្រូវ​ឡើយ ទោះ​ជា​គេ​នាំ​ឲ្យ​មាន​ការ​រក​រឿង​ក៏​ដោយ។ ពួក​អ្នក​ចាស់​ទុំ​ដ៏​ស្មោះ​ត្រង់​ធ្វើ​តាម​គំរូ​នេះ​យ៉ាង​ដិត​ដល់ ដោយ​ទទួល​ស្គាល់​ថា​ការ​ប្រើ​អំណាច​របៀប​ឥត​ត្រឹម​ត្រូវ គឺ​ជា​ការ​ឥត​គោរព​ដល់​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា។ សំបុត្រ​របស់​យូដាស​បាន​និយាយ​ជា​ច្រើន​អំពី ពួក​បុរស​ដែល​មាន​ឋានៈ​គួរ​ឲ្យ​គោរព​ស្តី​អំពី​ក្រុម​ជំនុំ ប៉ុន្តែ​ដែល​ជា​ទី​បំផុត​បាន​រំលោភ​លើ​អំណាច​របស់​គេ​ទៅ​វិញ។ ជា​ឧទាហរណ៍ ក្នុង​ខ​១២​ទៅ​១៤ យូដាស​បាន​សរសេរ​ពាក្យ​កាត់​ទោស​យ៉ាង​ខ្លាំង​នូវ​អ្នក​គង្វាល​ដែល«បរិភោគ​ជា​មួយ​ឥត​ខ្លាច ទាំង​ចិញ្ចឹម​តែ​ខ្លួន​គេ»។ (ប្រៀប​ធៀប អេសេគាល ៣៤:៧​-​១០) នេះ​មាន​សេចក្ដី​ថា គោល​បំណង​របស់​គេ គឺ​ដើម្បី​ឲ្យ​គេ​បាន​ប្រយោជន៍​ខ្លួន​ឯង មិន​មែន​គិត​អំពី​ហ្វូង​ចៀម​របស់​ព្រះ​យេហូវ៉ា​ទេ។ ពួក​អ្នក​ចាស់​ទុំ​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​អាច​រៀន​មេ​រៀន​ពី​ឧទាហរណ៍​ដ៏​អវិជ្ជមាន​នេះ​ដែរ។ ពិត​មែន ពាក្យ​សំដី​របស់​យូដាស​រៀប​រាប់​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​យើង​មិន​ចង់​ក្លាយ​ទៅ​ជា​ទេ។ នៅ​ពេល​ដែល​យើង​ចុះ​ចូល​នឹង​ចិត្ត​កំណាញ់ នោះ​យើង​មិន​អាច​ជា​ទាហាន​របស់​ព្រះ​គ្រីស្ទ​ទេ ព្រោះ​យើង​រវល់​តែ​នឹង​ត​យុទ្ធ​ចំពោះ​ខ្លួន​ឯង។ ផ្ទុយ​ទៅ​វិញ សូម​ឲ្យ​យើង​ធ្វើ​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ៖ «ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល»។—កិច្ច​ការ ២០:៣៥

«ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ»

១៣. ហេតុ​អ្វី​ក៏​យើង​រាល់​គ្នា​ខំ​ប្រឹង​ក្នុង​ការ‹រក្សា​ខ្លួន​ឲ្យ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ›?

១៣ មក​ដល់​ទី​បញ្ចប់​នៃ​សំបុត្រ​របស់​គាត់ យូដាស​បាន​ផ្ដល់​ឱវាទ​ដ៏​កក់​ក្ដៅ​នេះ​ថា៖ «ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចុះ»។ (យូដាស ២០) គ្មាន​អ្វី​មួយ​ដែល​នឹង​ជួយ​យើង​ឲ្យ​ត​យុទ្ធ​ក្នុង​សង្គ្រាម​គ្រីស្ទាន ជាង​របស់​មួយ​នេះ​ឡើយ គឺ​ការ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។ ដ្បិត សេចក្ដី​ស្រឡាញ់​ជា​គុណសម្បត្ដិ​ដែល​លេច​ចេញ​ឡើង​ជាង​គេ​របស់​ព្រះ​យេហូវ៉ា។ (យ៉ូហាន​ទី​១ ៤:៨) ប៉ុល​បាន​សរសេរ​ទៅ​ពួក​គ្រីស្ទាន​នៅ​ក្នុង​រ៉ូម​ថា៖ «ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា​ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិ​ឫទ្ធិ​អ្វី ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្ដី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ បាន​ឡើយ»។ (រ៉ូម ៨:៣៨, ៣៩) ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​យើង​រក្សា​ខ្លួន​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​នោះ? សូម​កត់​សម្គាល់​នូវ​ជំហាន​បី​យ៉ាង​ដែល​យើង​អាច​ធ្វើ​យោង​ទៅ​តាម​យូដាស។

១៤, ១៥. (ក) តើ​មាន​ន័យ​យ៉ាង​ណា​ក្នុង​ការ‹ស្អាង​ខ្លួន​យើង​ក្នុង​សេចក្ដី​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​យើង›? (ខ) តើ​តាម​របៀប​ណា​ដែល​យើង​អាច​ពិនិត្យ​មើល​ស្ថានភាព នៃ​អាវ​ក្រោះ​ខាង​វិញ្ញាណ​របស់​យើង?

១៤ នៅ​ទី​មួយ យូដាស​ប្រាប់​យើង​ឲ្យ​បន្ត​ស្អាង​ឡើង​លើ«សេចក្ដី​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត»។ (យូដាស ២១) ដូច​ជា​យើង​បាន​ឃើញ​ក្នុង​អត្ថបទ​នៅ​ពី​មុខ នេះ​ជា​ដំណើរ​ដែល​មាន​បន្ត​ទៅ​មុខ។ យើង​ដូច​ជា​អាគារ ដែល​ត្រូវ​បាន​ពង្រឹង​ជា​ច្រើន​ទៀត ដើម្បី​ទប់​ទល់​នឹង​របស់​ខាង​ក្រៅ។ (ប្រៀប​ធៀប ម៉ាថាយ ៧:២៤, ២៥) ដូច្នេះ សូម​កុំ​ឲ្យ​យើង​ទុក​ចិត្ត​លើ​ខ្លួន​ហួស​ហេតុ​ពេក។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​គិត​មើល​នៅ​កន្លែង​ណា​ដែល​យើង​អាច​ស្អាង​ខ្លួន​លើ​គ្រឹះ​នៃ​ជំនឿ​របស់​យើង ដើម្បី​ទៅ​ជា​ខ្លាំង​មាំ​មួន ជា​ទាហាន​ដ៏​ស្មោះ​ត្រង់​ថែម​ទៀត​របស់​ព្រះ​គ្រីស្ទ។ ជា​ឧទាហរណ៍ យើង​អាច​ពិចារណា​មើល​សមាស​ភាគ​នៃ​ក្រោះ​ខាង​វិញ្ញាណ ដែល​បាន​រៀប​រាប់​នៅ​អេភេសូរ ៦:១១​-​១៨។

១៥ តើ​អាវ​ក្រោះ​ខាង​វិញ្ញាណ​របស់​យើង​មាន​ស្ថានភាព​យ៉ាង​ណា? តើ«សេចក្ដី​ជំនឿ​ទុក​ជា​ខែល»របស់​យើង​នៅ​ខ្លាំង​ឬ​ទេ? កាល​ដែល​យើង​ពិនិត្យ​មើល​ទៅ​ឆ្នាំ​មុន​ៗ​នេះ តើ​យើង​ឃើញ​សញ្ញា​ដែល​បង្ហាញ​នូវ​ភាព​បន្ថយ ដូច​ជា​ការ​បន្ថយ​ក្នុង​ការ​ចូល​ប្រជុំ ការ​ដែល​ឥត​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ការ​ផ្សាយ ឬ​ការ​បាត់​បង់​នូវ​សេចក្ដី​សាទរ​ចំពោះ​ការ​សិក្សា​ផ្ទាល់​ខ្លួន? សញ្ញា​សម្គាល់​បែប​នេះ​ជា​ការ​មិន​លេង​សើច​ទេ! យើង​ត្រូវ​តែ​ចាត់​វិធានការ​ឥឡូវ​នេះ ដើម្បី​ស្អាង​និង​ពង្រឹង​ខ្លួន​យើង​ក្នុង​សេចក្ដី​ពិត។—ធីម៉ូថេ​ទី​១ ៤:១៥; ធីម៉ូថេ​ទី​២ ៤:២; ហេព្រើរ ១០:២៤, ២៥

១៦. តើ​មាន​ន័យ​យ៉ាង​ណា​ក្នុង​ការ​អធិស្ឋាន​ដោយ​វិញ្ញាណ​បរិសុទ្ធ ហើយ​តើ​អ្វី​មួយ​ដែល​យើង​ត្រូវ​សុំ​ពី​ព្រះ​យេហូវ៉ា​ជា​ញឹក​ញយ?

១៦ ផ្លូវ​ទី​ពីរ​ដើម្បី​នឹង​រក្សា​ខ្លួន​ឲ្យ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ គឺ​ត្រូវ​ឲ្យ​បន្ត«អធិស្ឋាន ដោយ​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង»។ (យូដាស ២១) នេះ​មាន​សេចក្ដី​ថា ឲ្យ​អធិស្ឋាន​នៅ​ក្រោម​ឥទ្ធិពល​នៃ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​សម​ស្រប​ជា​មួយ​នឹង​បន្ទូល​របស់​ព្រះ។ ការ​អធិស្ឋាន​ជា​ផ្លូវ​ដ៏​សំខាន់​មួយ​ដើម្បី​ទៅ​ជិត​ព្រះ​យេហូវ៉ា​ផ្ទាល់​ខ្លួន ហើយ​សម្ដែង​ភក្ដី​ភាព​របស់​យើង​ចំពោះ​ទ្រង់។ យើង​មិន​ត្រូវ​ភ្លេច​អំពី​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​នេះ​ឡើយ! ហើយ​នៅ​ពេល​ដែល​យើង​អធិស្ឋាន យើង​អាច​បន្ត​សុំ​វិញ្ញាណ​បរិសុទ្ធ​វិញ។ (លូកា ១១:១៣) នេះ​ជា​កម្លាំង​ដ៏​ខ្លាំង​បំផុត​ដែល​យើង​អាច​ទទួល​បាន។ ដោយ​មាន​ជំនួយ​បែប​នេះ យើង​អាច​រក្សា​ខ្លួន​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​និច្ច ហើយ​អាច​ស៊ូ​ទ្រាំ​ជា​ពួក​ទាហាន​របស់​ព្រះ​គ្រីស្ទ។

១៧. (ក) ហេតុ​អ្វី​ក៏​គំរូ​របស់​យូដាស​ក្នុង​រឿង​ចិត្ត​អាណិត​ជា​ការ​គួរ​ឲ្យ​អស្ចារ្យ​ម្ល៉េះ? (ខ) តើ​យើង​ម្នាក់​ៗ​អាច​បន្ត​ក្នុង​ការ​បង្ហាញ​ចិត្ត​អាណិត​យ៉ាង​ដូច​ម្ដេច?

១៧ ទី​បី យូដាស​ដាស់​តឿន​យើង​ឲ្យ​បន្ត​ក្នុង​ការ​បង្ហាញ​នូវ​ចិត្ត​អាណិត។ (យូដាស ២២) គំរូ​របស់​គាត់​ផ្ទាល់​ស្តី​អំពី​រឿង​នេះ ជា​ការ​ដ៏​អស្ចារ្យ​មែន។ ដ្បិត ជា​ការ​ត្រឹម​ត្រូវ​ហើយ​ដែល​គាត់​បាន​ខ្វល់​ខ្វាយ​នឹង​ការ​ពុក​រលួយ អំពើ​ឥត​សីលធម៌ និង​សេចក្ដី​ក្បត់​ជំនឿ​ដែល​កំពុង​តែ​ជ្រាប​ចូល​ក្នុង​ក្រុម​ជំនុំ។ យ៉ាង​ណា​ក៏​ដោយ គាត់​មិន​បាន​ទៅ​ជា​ភ័យ​ស្លន់​នោះ​ទេ ដោយ​គិត​ថា គ្រា​នោះ​មាន​គ្រោះ​ថ្នាក់​ដល់​ម្ល៉េះ​បាន​ជា​គាត់​មិន​អាច​បង្ហាញ​គុណសម្បត្ដិ«ដ៏​ខ្សោយ» ដូច​ជា​ចិត្ត​អាណិត​នោះ​ទេ។ ប៉ុន្តែ​គាត់​បាន​ដាស់​តឿន​បង​ប្អូន​របស់​គាត់​ឲ្យ​បន្ត​ក្នុង​ការ​បង្ហាញ​ចិត្ត​អាណិត ក្នុង​កាល​ដែល​អាច​ធ្វើ​បាន ដោយ​ការ​វែក​ញែក​ដ៏​សប្បុរស​ជា​មួយ​អស់​អ្នក​ដែល​មាន​ការ​សង្ស័យ ហើយ‹ឆក់​យក​ចេញ​ពី​ភ្លើង› អស់​អ្នក​ដែល​ខិត​ទៅ​រក​អំពើ​បាប​ដ៏​ធ្ងន់​នោះ។ (យូដាស ២៣; កាឡាទី ៦:១) នេះ​ជា​ការ​ដាស់​តឿន​ដ៏​ល្អ​មែន​ចំពោះ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​គ្រា​ដ៏​ពិបាក​ដូច​នេះ! ហើយ​គេ​ក៏​ខំ​ប្រឹង​ដើម្បី​បង្ហាញ​ចិត្ត​អាណិត កាល​ណា​ដែល​មាន​មូលដ្ឋាន​នឹង​ធ្វើ ក្នុង​កាល​ដែល​ត្រូវ​តែ​នៅ​មុត​មាំ​នោះ​ដែរ។ យើង​គ្រប់​គ្នា​ក៏​ត្រូវ​ចង់​បង្ហាញ​ចិត្ត​អាណិត​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ជា​ឧទាហរណ៍ ជា​ជាង​ចង​កំហឹង​នឹង​រឿង​តិច​តួច យើង​អាច​មាន​ចិត្ត​សប្បុរស​ដោយ​ការ​អត់​ឱន​ទោស។—កូល៉ុស ៣:១៣

១៨. ហេតុ​អ្វី​បាន​ជា​យើង​អាច​ដឹង​ជា​ពិត​ប្រាកដ​ថា យើង​នឹង​មាន​ជោគ​ជ័យ​ក្នុង​ចម្បាំង​ខាង​វិញ្ញាណ​របស់​យើង?

១៨ ចម្បាំង​របស់​យើង​មិន​មែន​ស្រួល​ទេ។ ដូច​យូដាស​និយាយ​ប្រាប់​ថា យើង​ត្រូវ​តែ«ខំ​ត​យុទ្ធ»។ (យូដាស ៣) ពួក​សត្រូវ​របស់​យើង​គឺ​ខ្លាំង​ក្លា​ណាស់។ មិន​គ្រាន់​តែ​សាតាំង​ប៉ុណ្ណោះ តែ​លោកីយ៍​ដ៏​អាក្រក់​របស់​វា ហើយ​ភាព​មិន​គ្រប់ល័ក្ខណ៍​របស់​យើង ទាំង​នេះ​គឺ​សុទ្ធ​តែ​ជា​សត្រូវ​របស់​យើង។ ប៉ុន្តែ យើង​អាច​មាន​ការ​ទុក​ចិត្ត​ទាំង​ស្រុង​ថា នឹង​អាច​ឈ្នះ​ជោគ​ជ័យ​បាន! ហេតុ​អ្វី? ពី​ព្រោះ​យើង​នៅ​ខាង​ព្រះ​យេហូវ៉ា។ យូដាស​បញ្ចប់​ពាក្យ​របស់​គាត់ ដោយ​រំឭក​ថា​ព្រះ​យេហូវ៉ា​សម​ទទួល​យ៉ាង​ត្រឹម​ត្រូវ​នូវ«សិរី​ល្អ ឫទ្ធានុភាព ព្រះ​ចេស្ដា នឹង​អំណាច តាំង​ពី​មុន​អស់​កល្ប នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ជា​និច្ច​ត​ទៅ»។ (យូដាស ២៥) តើ​នេះ​មិន​មែន​ជា​អ្វី​ដ៏​ស្ញប់​ស្ញែង​ទេ​ឬ? ដូច្នេះ តើ​មាន​ការ​សង្ស័យ​ទេ ថា​ព្រះ​ដដែល​នេះ«អាច​នឹង​ថែ​រក្សា មិន​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល»នោះ? (យូដាស ២៤) គឺ​ប្រាកដ​ជា​អត់​ទេ! សូម​ឲ្យ​យើង​តាំង​ចិត្ត​ដើម្បី​បន្ត​ទប់​ទល់​នឹង​អំពើ​ឥត​សីលធម៌ ហើយ​ឲ្យ​គោរព​តាម​អាជ្ញា​ដែល​ព្រះ​បាន​ស្ថាបនា​ឡើង ហើយ​ឲ្យ​រក្សា​ខ្លួន​យើង​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ។ ដោយ​ធ្វើ​តាម​របៀប​នេះ នោះ​យើង​នឹង​បាន​ទទួល​ជោគ​ជ័យ​ដ៏​រុង​រឿង​ទាំង​អស់​គ្នា។

[កំណត់​សម្គាល់]

a អ្នក​ស្រាវ​ជ្រាវ​ខ្លះ​អះអាង​ថា យូដាស​ដក​ស្រង់​ពាក្យ​ចេញ​ពី​សៀវភៅ​របស់​អេណុក ដែល​ជា​សៀវភៅ​មួយ​ក្នុង​ចំណោម​សៀវភៅ​អាផុករីហ្វា។ ប៉ុន្តែ រិឆឌ លិនស្គី កត់​សម្គាល់​ថា៖ «យើង​សួរ​ថា៖ ‹តើ​អ្វី​ទៅ​ជា​ប្រភព​នៃ​សៀវភៅ​ដ៏​ច្របូក​ច្របល់​នេះ ដែល​ជា​សៀវភៅ​របស់​អេណុក›? សៀវភៅ​នេះ​បាន​បូក​បញ្ចូល​បន្ដិច​ម្ដង​ៗ ហើយ​គ្មាន​អ្នក​ណា​ដឹង​ពិត​ប្រាកដ​នៅ​កាល​បរិច្ឆេទ​ផ្នែក​ផ្សេង​ៗ​នោះ​ទេ . . . ហើយ​គ្មាន​អ្នក​ណា​អាច​ដឹង​ប្រាកដ​ទេ ថា​សេចក្ដី​ខ្លះ​ក្នុង​សៀវភៅ​នេះ ប្រហែល​ជា​បាន​ដក​ស្រង់​ចេញ​ពី​យូដាស​នោះ​វិញ»។

សំនួរ​សំរាប់​ពិនិត្យ​សា​ឡើង​វិញ

◻ តើ​សំបុត្រ​យូដាស​បង្រៀន​យើង​ឲ្យ​ទប់​ទល់​អំពើ​ឥត​សីលធម៌​យ៉ាង​ដូច​ម្ដេច?

◻ ហេតុ​អ្វី​ក៏​ជា​ការ​សំខាន់​ក្នុង​ការ​គោរព​អំណាច ដែល​បាន​តែង​តាំង​ឡើង​ដោយ​ព្រះ?

◻ ហេតុ​អ្វី​បាន​ជា​ការ​រំលោភ​អំណាច​ក្នុង​ក្រុម​ជំនុំ​ជា​ការ​អាក្រក់​ដ៏​ធ្ងន់​ធ្ងរ?

◻ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​បាន​រក្សា​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ?

[រូប​ភាព​នៅ​ទំព័រ​១៥]

មិន​ដូច​ពួក​ទាហាន​រ៉ូម៉ាំង​ទេ ពួក​គ្រីស្ទាន​ចូល​ធ្វើ​សង្គ្រាម​ខាង​វិញ្ញាណ

[រូប​ភាព​នៅ​ទំព័រ​១៨]

ពួក​អ្នក​គង្វាល​គ្រីស្ទាន​បំរើ មិន​មែន​ដោយ​ចិត្ត​កំណាញ់​ទេ ប៉ុន្តែ​ដោ យ​សេចក្ដី​ស្រឡាញ់​វិញ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក