ភាគ២៥
ឱវាទអំពីជំនឿ ការប្រព្រឹត្ត និងសេចក្ដីស្រឡាញ់
យ៉ាកុប ពេត្រុស យ៉ូហាន និងយូដាសបានសរសេរសំបុត្រដើម្បីលើកទឹកចិត្តបងប្អូនរួមជំនឿ
យ៉ាកុបនិងយូដាសជាប្អូនរបស់លោកយេស៊ូដោយមានម្ដាយជាមួយឪពុកទីទៃ។ ពេត្រុសនិងយ៉ូហាននៅក្នុងចំណោមពួកសាវ័ក១២នាក់។ បុរសបួននាក់នេះបានសរសេរសំបុត្រ៧ច្បាប់ ដែលមានក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ សំបុត្រនីមួយៗមានឈ្មោះរបស់អ្នកសរសេរនោះ។ ការដាស់តឿនដែលព្រះបានដឹកនាំឲ្យតែងដែលមានក្នុងសំបុត្រទាំងនេះ គឺដើម្បីជួយពួកគ្រិស្តសាសនិកឲ្យរក្សាចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះយេហូវ៉ា និងចំពោះរាជាណាចក្ររបស់ព្រះ។
ចូរបង្ហាញជំនឿ។ គ្រាន់តែនិយាយថាមានជំនឿ គឺមិនគ្រប់គ្រាន់ទេ។ ជំនឿពិតនាំឲ្យមានការប្រព្រឹត្ត។ យ៉ាកុបបានសរសេរថា៖ «ពិតមែនហើយ ជំនឿដែលគ្មានការប្រព្រឹត្តគឺស្លាប់ហើយ»។ (យ៉ាកុប ២:២៦) ពេលជួបប្រទះទុក្ខលំបាក ការប្រព្រឹត្តដោយមានជំនឿជួយយើងឲ្យចេះស៊ូទ្រាំ។ ដើម្បីឲ្យអាចស៊ូទ្រាំបាន នោះគ្រិស្តសាសនិកត្រូវសុំប្រាជ្ញាពីព្រះ ដោយជឿជាក់ថា ព្រះនឹងផ្ដល់ប្រាជ្ញាឲ្យគាត់។ ការស៊ូទ្រាំនាំឲ្យព្រះពេញចិត្ត។ (យ៉ាកុប ១:២-៦, ១២) ប្រសិនបើអ្នកដែលគោរពព្រះរក្សាចិត្តស្មោះគ្រប់លក្ខណៈចំពោះលោកដោយមានជំនឿ នោះព្រះយេហូវ៉ានឹងប្រព្រឹត្តតបមកវិញដែរ។ យ៉ាកុបនិយាយថា៖ «ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។—យ៉ាកុប ៤:៨
ជំនឿរបស់គ្រិស្តសាសនិកត្រូវតែខ្លាំងល្មមឲ្យគាត់អាចទប់ចិត្តមិនចុះចាញ់នឹងសេចក្ដីល្បួងនិងឥទ្ធិពលដែលទាក់ទាញឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ ដោយសារពួកគេត្រូវរស់នៅក្នុងសង្គមពេញទៅដោយអំពើប្រាសចាកសីលធម៌ នោះយូដាសដាស់តឿនពួកអ្នករួមជំនឿឲ្យ«តស៊ូដើម្បីការពារជំនឿ»។—យូដាស ៣
ចូរកាន់តាមខ្នាតតម្រារបស់ព្រះ។ ព្រះយេហូវ៉ាតម្រូវឲ្យអ្នកគោរពប្រណិប័តន៍លោកជាមនុស្សបរិសុទ្ធ ពោលគឺស្អាតស្អំក្នុងគ្រប់ការទាំងអស់។ ពេត្រុសសរសេរថា៖ «ចូរក្លាយទៅជាមនុស្សបរិសុទ្ធក្នុងការប្រព្រឹត្តទាំងអស់ . . . ពីព្រោះបទគម្ពីរចែងថា៖ ‹អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ពីព្រោះខ្ញុំ[ព្រះយេហូវ៉ា]បរិសុទ្ធ›»។ (ពេត្រុសទី១ ១:១៥, ១៦) មានគំរូមួយដែលសមឲ្យគ្រិស្តសាសនិកយកតម្រាប់តាម។ ពេត្រុសនិយាយថា៖ «គ្រិស្តបានរងទុក្ខដើម្បីអ្នករាល់គ្នា ហើយទុកគំរូដើម្បីឲ្យអ្នករាល់គ្នាខំដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់»។ (ពេត្រុសទី១ ២:២១) ថ្វីបើពួកគ្រិស្តសាសនិកអាចរងទុក្ខពីព្រោះពួកគេកាន់តាមខ្នាតតម្រារបស់ព្រះក៏ដោយ ពួកគេមិន«ធ្វើអ្វីដែលនាំឲ្យសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោស»ពួកគេទេ។ (ពេត្រុសទី១ ៣:១៦, ១៧) ពេត្រុសដាស់តឿនពួកគ្រិស្តសាសនិកឲ្យធ្វើជាមនុស្សដែលមានការប្រព្រឹត្តបរិសុទ្ធ ហើយធ្វើការអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ កាលដែលរង់ចាំថ្ងៃព្រះវិនិច្ឆ័យទោសនិងពិភពលោកថ្មីដែលព្រះបានសន្យា ដែលទីនោះ«សេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប»។—ពេត្រុសទី២ ៣:១១-១៣
«ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។—យ៉ាកុប ៤:៨
ចូរបង្ហាញសេចក្ដីស្រឡាញ់។ យ៉ូហានសរសេរថា៖ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ សាវ័កនេះបញ្ជាក់ថា ព្រះបានសម្ដែងសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់លោក ដោយចាត់លោកយេស៊ូ«ឲ្យធ្វើជាគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងយើងនិងព្រះ»។ តើពួកគ្រិស្តសាសនិកត្រូវប្រព្រឹត្តតបទៅវិញយ៉ាងដូចម្ដេច? យ៉ូហានពន្យល់ថា៖ «បងប្អូនជាទីស្រឡាញ់អើយ! ប្រសិនបើព្រះបានស្រឡាញ់យើងយ៉ាងនេះ យើងទាំងអស់គ្នាក៏មានកាតព្វកិច្ចស្រឡាញ់គ្នាទៅវិញទៅមកដែរ»។ (យ៉ូហានទី១ ៤:៨-១១) វិធីមួយដើម្បីបង្ហាញសេចក្ដីស្រឡាញ់បែបនេះ គឺចេះទទួលស្វាគមន៍បងប្អូនរួមជំនឿយ៉ាងរាក់ទាក់។—យ៉ូហានទី៣ ៥-៨
ប៉ុន្តែ តើអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាសម្ដែងសេចក្ដីស្រឡាញ់របស់គេចំពោះព្រះយ៉ាងដូចម្ដេច? យ៉ូហានឆ្លើយថា៖ «ការស្រឡាញ់ព្រះ មានន័យថា យើងកាន់តាមបញ្ញត្ដិរបស់លោក ហើយបញ្ញត្ដិរបស់លោកមិនមែនជាបន្ទុកធ្ងន់ទេ»។ (យ៉ូហានទី១ ៥:៣; យ៉ូហានទី២ ៦) ដូច្នេះហើយ អ្នកដែលស្ដាប់បង្គាប់តាមព្រះ នោះដឹងប្រាកដថា ព្រះនឹងបន្តស្រឡាញ់ពួកគេ«ដើម្បីឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។—យូដាស ២១
—មានមូលដ្ឋានលើសៀវភៅយ៉ាកុប ពេត្រុសទី១ ពេត្រុសទី២ យ៉ូហានទី១ យ៉ូហានទី២ យ៉ូហានទី៣ និងយូដាស។