មេរៀនទី១១
ពួកគាត់បានសរសេរអំពីលោកយេស៊ូ
តើកូនឃើញបុរសទាំងនេះនៅក្នុងរូបភាពទេ?— ពួកគាត់ឈ្មោះម៉ាថាយ ម៉ាកុស លូកា យ៉ូហាន ពេត្រុស យ៉ាកុប យូដាស និងប៉ូល។ បុរសទាំងនេះសុទ្ធតែរស់នៅសម័យលោកយេស៊ូ ហើយពួកគាត់ក៏បានសរសេរអំពីលោកដែរ។ សូមយើងរៀនថែមទៀតអំពីពួកគាត់។
តើកូនដឹងអ្វីខ្លះអំពីបុរសទាំងនេះ?
ក្នុងចំណោមពួកគាត់មានបីនាក់ជាសាវ័ក។ សាវ័កគឺជាក្រុមពិសេសមួយដែលលោកយេស៊ូបានជ្រើសរើសពីចំណោមអ្នកកាន់តាមលោក។ ពួកគាត់បានផ្សព្វផ្សាយជាមួយលោកយេស៊ូ។ តើពួកគាត់ទាំងបីនាក់នោះជាអ្នកណា?— គឺម៉ាថាយ យ៉ូហាន និងពេត្រុស។ សាវ័កម៉ាថាយនិងយ៉ូហានបានស្គាល់លោកយេស៊ូយ៉ាងច្បាស់ ហើយពួកគាត់ម្នាក់ៗបានសរសេរសៀវភៅមួយអំពីជីវិតរបស់លោកយេស៊ូ។ សាវ័កយ៉ូហានក៏បានសរសេរសៀវភៅមួយដែលហៅថា ការបើកបង្ហាញ និងសំបុត្របីដែលហៅថា យ៉ូហានទី១ យ៉ូហានទី២ និងយ៉ូហានទី៣។ សាវ័កពេត្រុសបានសរសេរសំបុត្រពីរដែលមានក្នុងគម្ពីរ។ សៀវភៅនោះហៅថា ពេត្រុសទី១ និងពេត្រុសទី២។ ក្នុងសំបុត្រទី២របស់ពេត្រុស គាត់បានសរសេរអំពីពេលដែលព្រះយេហូវ៉ានិយាយពីស្ថានសួគ៌ ហើយប្រាប់អំពីលោកយេស៊ូថា៖ ‹នេះជាកូនខ្ញុំ។ ខ្ញុំស្រឡាញ់ និងពេញចិត្តគាត់ណាស់›។
បុរសផ្សេងទៀតក្នុងរូបភាពនេះ ក៏បានសរសេរសៀវភៅដែលបង្រៀនយើងអំពីលោកយេស៊ូដែរ។ ក្នុងចំណោមនោះ មានម្នាក់ឈ្មោះម៉ាកុស។ ពេលគេមកចាប់លោកយេស៊ូ ម៉ាកុសប្រហែលជាបាននៅទីនោះ ហើយឃើញអ្វីៗទាំងអស់ដែលបានកើតឡើង។ បុរសម្នាក់ទៀតឈ្មោះលូកា។ លូកាជាគ្រូពេទ្យ ហើយគាត់ប្រហែលជាបានក្លាយជាគ្រិស្តសាសនិកក្រោយលោកយេស៊ូស្លាប់។
អ្នកសរសេរគម្ពីរពីរនាក់ទៀតដែលកូនបានឃើញក្នុងរូបភាពនេះ គឺជាប្អូនប្រុសរបស់លោកយេស៊ូ។ តើកូនស្គាល់ឈ្មោះរបស់ពួកគាត់ទេ?— ពួកគាត់ឈ្មោះយ៉ាកុបនិងយូដាស។ មុនដំបូង ពួកគាត់មិនជឿលើលោកយេស៊ូទេ។ ពួកគាត់ថែមទាំងបានគិតថា លោកវង្វេងស្មារតីទៀតផង។ ប៉ុន្តែក្រោយមក ពួកគាត់បានជឿលើលោកយេស៊ូ ហើយទៅជាគ្រិស្តសាសនិក។
ដូចកូនឃើញនៅក្នុងរូបភាពនេះ អ្នកចុងក្រោយបង្អស់ដែលបានសរសេរគម្ពីរគឺប៉ូល។ មុនគាត់ទៅជាគ្រិស្តសាសនិក គាត់មានឈ្មោះសុល។ គាត់ស្អប់ពួកគ្រិស្តសាសនិក ហើយបានប្រព្រឹត្តយ៉ាងកាចសាហាវដល់ពួកគេ។ ប៉ុន្តែ តើអ្វីបានធ្វើឲ្យប៉ូលចង់ធ្វើជាគ្រិស្តសាសនិក? តើកូនដឹងទេ?— នៅថ្ងៃមួយ ពេលប៉ូលកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែគាត់បានឮនរណាម្នាក់និយាយមករកគាត់ពីស្ថានសួគ៌។ អ្នកនោះគឺលោកយេស៊ូ! លោកបានសួរប៉ូលថា៖ ‹ហេតុអ្វីអ្នកធ្វើបាបពួកអ្នកកាន់តាមខ្ញុំ?›។ ក្រោយពីនោះមក ប៉ូលបានក្លាយជាមនុស្សល្អ ហើយទៅជាគ្រិស្តសាសនិកម្នាក់។ ប៉ូលបានសរសេរសៀវភៅ១៤ក្បាលដែលមានក្នុងគម្ពីរ គឺពីសៀវភៅរ៉ូមដល់សៀវភៅហេប្រឺ។
យើងចង់អានគម្ពីររាល់ថ្ងៃ មែនទេ?— ពេលយើងអានគម្ពីរ យើងអាចរៀនអ្វីៗជាច្រើនអំពីលោកយេស៊ូ។ តើកូនចង់រៀនថែមទៀតអំពីលោកយេស៊ូឬទេ?—