បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/១២ ទំ. ១០-ទំ. ១២ វ. ១៣
  • គោលសំខាន់ៗពីសំបុត្ររបស់យ៉ូហាន និងយូដាស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសំបុត្ររបស់យ៉ូហាន និងយូដាស
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ដើរ​ក្នុង​ពន្លឺ សេចក្ដី​ស្រឡាញ់ និង​ដោយ​ជំនឿ
  • (១យ៉ូន. ១:១​–​៥:២១)
  • ចូរ​បន្ត​«ប្រព្រឹត្ត​តាម​សេចក្ដី​ពិត»
  • (២យ៉ូន. ១​-​១៣)
  • ចូរ​ក្លាយ​ជា​អ្នក​«ធ្វើការ​ជា​មួយ​នឹង​គេ​ក្នុង​សេចក្ដី​ពិត»
  • (៣យ៉ូន. ១​-​១៤)
  • ​«ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចុះ!»
  • (យូ. ១​-​២៥)
  • ឱវាទអំពីជំនឿ ការប្រព្រឹត្ត និងសេចក្ដីស្រឡាញ់
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
  • «ខំតយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ»
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូរកាន់ខ្ជាប់តាមសេចក្ដីពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • មេរៀនពីជីវិតរបស់«អ្នកកាន់តាមដែលលោកយេស៊ូធ្លាប់ស្រឡាញ់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/១២ ទំ. ១០-ទំ. ១២ វ. ១៣

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់នៅ

គោល​សំខាន់ៗ​ពី​សំបុត្រ​របស់​យ៉ូហាន និង​យូដាស

សំបុត្រ​ទាំង​បី​របស់​សាវ័ក​យ៉ូហាន​ទំនង​ជា​បាន​សរសេរ​នៅ​ឆ្នាំ​៩៨ គ.ស. នៅ​ទីក្រុង​អេភេសូរ។ សំបុត្រ​ទាំង​បី​នោះ​ស្ថិត​ក្នុង​ចំណោម​សៀវភៅ​ចុង​ក្រោយ​ដែល​បាន​ចង​ក្រង​ឡើង​ជា​គម្ពីរ។ សំបុត្រ​ពីរ​ដំបូង គាត់​សរសេរ​លើក​ទឹកចិត្ត​គ្រិស្ត​សាសនិក​ឲ្យ​ដើរ​ក្នុង​ពន្លឺ និង​ឲ្យ​ចេះ​ទប់ទល់​នឹង​ការ​ជ្រៀត​ចូល​នៃ​សេចក្ដី​ក្បត់​ជំនឿ។ សំបុត្រ​ទី​៣ យ៉ូហាន​មិន​បាន​រៀបរាប់​ត្រឹមតែ​អំពី​ការ​ដើរ​ក្នុង​សេចក្ដី​ពិត​ប៉ុណ្ណោះ​ទេ តែ​ក៏​លើក​ទឹកចិត្ត​គ្រិស្ត​សាសនិក​ឲ្យ​ចេះ​សហការ​គ្នា​ដែរ។

សំបុត្រ​របស់​យូដាស​ដែល​ជា​ប្អូន​ព្រះ​យេស៊ូ​បាន​សរសេរ​នៅ​ប៉ាឡេស្ទីន ប្រហែល​ជា​នៅ​ឆ្នាំ​៦៥ គ.ស.។ យូដាស​បាន​ព្រមាន​ពួក​គ្រិស្ត​សាសនិក​គ្នីគ្នា​ស្តី​អំពី​មនុស្ស​អាក្រក់​ដែល​បាន​លួច​បន្លំ​ចូល​ក្នុង​ក្រុម​ជំនុំ ព្រម​ទាំង​ជូន​ឱវាទ​ពី​របៀប​ខ្លះៗ​ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​អាក្រក់​របស់​មនុស្ស​ទាំង​នោះ​ដែរ។ ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សារ​ដែល​មាននៅ​ក្នុង​សំបុត្រ​ទាំង​បី​របស់​យ៉ូហាន និង​យូដាស អាច​ជួយ​យើង​រក្សា​ជំហរ​ឲ្យ​បាន​រឹង​ប៊ឹង​ក្នុង​ជំនឿ​ទោះជា​មាន​ឧបសគ្គ​អ្វី​ក៏​ដោយ។—ហេ. ៤:១២

ចូរ​ដើរ​ក្នុង​ពន្លឺ សេចក្ដី​ស្រឡាញ់ និង​ដោយ​ជំនឿ

(១យ៉ូន. ១:១​–​៥:២១)

ដោយ​មាន​បំណង​ចង់​ជួយ​បង​ប្អូន​គ្រិស្ត​សាសនិក​ទាំងអស់ សំបុត្រ​ទី​១​របស់​យ៉ូហាន​បាន​ជូន​ឱវាទ​ដល់​ពួក​គាត់ ដើម្បី​ឲ្យ​ចេះ​ទប់ទល់​នឹង​ការ​ក្បត់​ជំនឿ ហើយ​រក្សា​ជំហរ​ឲ្យ​បាន​រឹង​ប៊ឹង​ក្នុង​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត។ គាត់​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ចាំបាច់​ដែល​ត្រូវ​ដើរ​ក្នុង​ពន្លឺ ក្នុង​សេចក្ដី​ពិត និង​ដោយ​ជំនឿ។

យ៉ូហាន​សរសេរ​ថា​៖ «បើ​យើង​រាល់​គ្នា​ដើរ​ក្នុង​ពន្លឺ​វិញ ដូច​ជា​[ព្រះ]​ក៏​គង់​ក្នុង​ពន្លឺ​ដែរ នោះ​យើង​មាន​សេចក្ដី​ប្រកប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក»។ ដោយ​ហេតុ​ថា​ព្រះ​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់ សាវ័ក​យ៉ូហាន​មាន​ប្រសាសន៍​ថា​៖ «យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក»។ ដូច្នេះ «សេចក្ដី​ស្រឡាញ់​ដល់​ព្រះ»​ជំរុញ​យើង​ឲ្យ​«កាន់​តាម​អស់ទាំង​បញ្ញត្ត​របស់​ទ្រង់»។ យើង​ឈ្នះ​លោកិយ​នេះ​ដោយ​«ជំនឿ»​លើ​ព្រះ​យេហូវ៉ា បន្ទូល​របស់​ទ្រង់ និង​បុត្រ​របស់​ទ្រង់។—១យ៉ូន. ១:៧; ៤:៧; ៥:៣, ៤

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

២:២; ៤:១០—តើ​ព្រះ​យេស៊ូ​ជា​«ដង្វាយ​ធួន​នឹង​បាប»​យ៉ាង​ដូច​ម្ដេច? ធួន​មាន​ន័យ​ថា «ល្មម គ្រប់ គ្រប់គ្រាន់ គួរ​ដល់»។ ព្រះ​យេស៊ូ​លះ​បង់​ជីវិត​ជា​តង្វាយ​ធួន​នឹង​បាប​ក្នុង​ន័យ​ថា ដោយ​ធ្វើ​ដូច្នេះ​ទ្រង់​បំពេញ​តម្រូវការ​នៃ​គោលការណ៍​យុត្ដិធម៌​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ​យេហូវ៉ា។ ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​តង្វាយ​នោះ ព្រះ​អាច​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា ហើយ​អាច​លើក​លែង​ទោស​ដោយ​ឲ្យ​រួច​ពី​អំពើ​ខុសឆ្គង ដល់​អ្នក​ដែល​អនុវត្ត​ជំនឿ​លើ​ព្រះ​យេស៊ូ។—យ៉ូន. ៣:១៦; រ៉ូម ៦:២៣

២:៧, ៨—តើ​យ៉ូហាន​និយាយ​ពី​បទ​បញ្ញត្ដិ​អ្វី​ដែល​ចង់​ថា​«ចាស់»​ក៏​បាន​«ថ្មី»​ក៏​បាន? យ៉ូហាន​និយាយ​អំពី​បទ​បញ្ញត្ដិ​ស្តី​អំពី​សេចក្ដី​ស្រឡាញ់​ដែល​សុខ​ចិត្ត​លះបង់​ប្រយោជន៍​ខ្លួន​ដើម្បី​បង​ប្អូន។ (យ៉ូន. ១៣:៣៤) គាត់​ថា «ចាស់» ពីព្រោះ​ព្រះ​យេស៊ូ​បាន​ឲ្យ​បទ​បញ្ញត្ដិ​នេះ ជាង​៦០​ឆ្នាំ​មុន​ពេល​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​យ៉ូហាន​សរសេរ​សំបុត្រ​ទី​១​ទៅ​ទៀត។ ដូច្នេះ អ្នក​ជឿ​ទាំងអស់​បាន​ទទួល​បទ​បញ្ញត្ដិ​នេះ​តាំងពី​ពួក​គាត់​ផ្ដើម​ជីវិត​ជា​គ្រិស្ត​សាសនិក​ម្ល៉េះ។ បទ​បញ្ញត្ដិ​នេះ​«ថ្មី»​ក្នុង​ន័យ​ថា​មិន​ត្រឹមតែ‹ស្រឡាញ់​បង​ប្អូន​គ្នីគ្នា​ឲ្យ​ដូច​ខ្លួនឯង›ប៉ុណ្ណោះ​ទេ តែ​ជា​សេចក្ដី​ស្រឡាញ់​ដែល​សុខចិត្ត​លះបង់​ប្រយោជន៍​ខ្លួន។—លេវី. ១៩:១៨; យ៉ូន. ១៥:១២, ១៣

៣:២—តើ​អ្វី​ដែល​«មិន​ទាន់​សំ​ដែង​មក​នៅ​ឡើយ»​ដល់​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌? ហើយ​តើ​នរណា​នឹង​ឃើញ​«ទ្រង់​យ៉ាង​នោះ​ឯង»? អ្វី​ដែល​មិន​ទាន់​សម្ដែង​មក​ពួក​គាត់​នៅ​ឡើយ​គឺ​អ្វី​ដែល​ពួក​គាត់​នឹង​បាន​ទៅ​ដូច​ជា​ទ្រង់ ពេល​ពួក​គាត់​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​រូប​កាយ​វិញ្ញាណ​នៅ​ឯ​ស្ថាន​សួគ៌។ (ភី. ៣:២០, ២១) យ៉ាង​ណា​ក្ដី អ្វី​ដែល​ពួក​គាត់​ដឹង​គឺ​«កាលណា​[ព្រះ]​លេច​មក នោះ​[ពួក​គាត់]​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​[ពួក​គាត់]​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង» គឺជា​«វិញ្ញាណ»។—២កូ. ៣:១៧, ១៨

៥:៥​-​៨—តើ​ទឹក ឈាម និង​វិញ្ញាណ​ធ្វើ​បន្ទាល់​ដើម្បី​បញ្ជាក់​ថា «ព្រះ​យេស៊ូ​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ»​យ៉ាង​ដូច​ម្ដេច? ព្រះ​យេហូវ៉ា​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​ព្រះ​យេស៊ូ​ដែល​ជា​បុត្រ​របស់​ទ្រង់ ពេល​ដែល​ព្រះ​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក គឺ​ទឹក​ដែល​ជា​សាក្សី​បញ្ជាក់។ (ម៉ាថ. ៣:១៧) ឈាម​ឬ​ជីវិត​របស់​ព្រះ​យេស៊ូ បាន​ឲ្យ​«ទុកជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់» ហើយ​ក៏​បង្ហាញ​ថា​ទ្រង់​ជា​បុត្រ​របស់​ព្រះ​ដែរ។ (១ធី. ២:៥, ៦) សកម្ម​ពល​របស់​ព្រះ​ផ្ដល់​សក្ខីភាព​ថា​ព្រះ​យេស៊ូ​ជា​រាជបុត្រ​នៃ​ព្រះ ពេល​សកម្ម​ពល​របស់​ព្រះ​ចុះ​ពី​លើ​មេឃ មក​សណ្ឋិត​លើ​ទ្រង់ ធ្វើ​ឲ្យ​ទ្រង់​អាច​យាង​«ចុះឡើង​ធ្វើការ​ល្អ ព្រម​ទាំង​ប្រោស​ឲ្យ​អស់អ្នក ដែល​ត្រូវ​អារក្ស​សង្កត់​សង្កិន​បាន​ជា​ផង»។—យ៉ូន. ១:២៩​-​៣៤; កិច្ច. ១០:៣៨

មេរៀន​សម្រាប់​យើង:

២:៩​-​១១; ៣:១៥: ប្រសិនបើ​គ្រិស្ត​សាសនិក​អនុញ្ញាត​ឲ្យ​អ្វី​មួយ​ឬ​នរណា​ម្នាក់​មក​បំផ្លាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន នោះ​គាត់​កំពុង​តែ​ដើរ​ក្នុង​សេចក្ដី​ងងឹត​អន្ធការ មិន​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ទី​ណា​ទេ។

ចូរ​បន្ត​«ប្រព្រឹត្ត​តាម​សេចក្ដី​ពិត»

(២យ៉ូន. ១​-​១៣)

យ៉ូហាន​ផ្ដើម​សំបុត្រ​ទី​២​របស់​គាត់​ដោយ​ពាក្យ​ថា​៖ «សំបុត្រ​អ្នក​ចាស់ទុំ ផ្ញើ​មក​លោក​ស្រី​រើស​តាំង នឹង​កូនចៅ​របស់​លោក​ស្រី»។ គាត់​បង្ហាញ​ចិត្ត​អបអរ​ដោយ​បាន​រក​ឃើញ​«កូនចៅ​ខ្លះ​របស់​លោក​ស្រី ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត»។—២យ៉ូន. ១, ៤

បន្ទាប់​ពី​បាន​លើក​ទឹកចិត្ត​ឲ្យ​បណ្ដុះ​នូវ​សេចក្ដី​ស្រឡាញ់ យ៉ូហាន​សរសេរ​ថា​៖ «នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ គឺ​ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​បញ្ញត្ត​ទ្រង់»។ យ៉ូហាន​ក៏​ព្រមាន​អំពី «អ្នក​ប្រវ័ញ្ច​បញ្ឆោត ហើយ​ជា​អ្នក​ទទឹង​នឹង​ព្រះ​គ្រីស្ទ​ផង»។—២យ៉ូន. ៥​-​៧

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១, ១៣—តើ​នរណា​ជា​«លោក​ស្រី​រើស​តាំង»? យ៉ូហាន​អាច​សំដៅ​ទៅ​ស្ត្រី​ម្នាក់​ដោយ​ហៅ​ថា​កេរីយ៉ា ភាសា​ក្រិច​មាន​ន័យ​ថា «ស្ត្រី»។ ឬ​ក៏​ប្រហែល​ជា​គាត់​ប្រើ​ជា​ការ​ប្រៀប​ប្រដូច ពេល​គាត់​មាន​ប្រសាសន៍​ទៅ​រក​ក្រុម​ជំនុំ​មួយ​ណា​ជា​ពិសេស ដើម្បី​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​បៀតបៀន​ភាន់ច្រឡំ។ ប្រសិនបើ​ការ​ពន្យល់​ដូច​បាន​រៀប​រាប់​មក​នេះ​ត្រឹមត្រូវ កូនចៅ​របស់​លោក​ស្រី​គួរ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​នោះ ហើយ​«កូនចៅ​របស់​ប្អូន​ស្រី»​គួរតែ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​មួយ​ផ្សេង​ទៀត។

៧—តើ​ការ​«មក»​របស់​ព្រះ​យេស៊ូ​ដែល​យ៉ូហាន​និយាយ​នៅ​ទី​នេះ​ជា​អ្វី? ហើយ​តើ​អ្នក​ប្រវ័ញ្ច​បញ្ឆោត​«មិន​ព្រម​ទទួល»​យ៉ាង​ដូច​ម្ដេច? ការ​«មក»​នេះ​មិនមែន​ជា​ការ​មក​វិញ​របស់​ព្រះ​យេស៊ូ​ដែល​យើង​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​នៅ​ពេល​អនាគត​ទេ។ នេះ​គឺជា​ការ​បាន​មក​វិញ​ក្នុង​សាច់​ឈាម​និង​ត្រូវ​បាន​រើស​តាំង​ជា​ព្រះ​គ្រិស្ត។ (១យ៉ូន. ៤:២) ពួក​អ្នក​ប្រវ័ញ្ច​បញ្ឆោត​មិន​ព្រម​ជឿ​ការ​មក​វិញ​ក្នុង​សាច់​ឈាម​នេះ​ទេ។ ទំនង​ជា​ពួក​គេ​ចង់​បដិសេធ​ថា​ព្រះ​យេស៊ូ​ធ្លាប់​រស់នៅ ឬ​មិន​ព្រម​ទទួល​ស្គាល់​ថា​ទ្រង់​ត្រូវ​បាន​រើស​តាំង​ដោយ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​ឡើយ។

មេរៀន​សម្រាប់​យើង:

២, ៤: យើង​ស្គាល់​«សេចក្ដី​ពិត» សេចក្ដី​បង្រៀន​ទាំងអស់​ក្នុង​គម្ពីរ ហើយ​ការ​ប្រព្រឹត្ត​តាម​សេចក្ដី​បង្រៀន​ទាំងអស់​នោះ គឺជា​កត្ដា​សំខាន់​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង។—៣យ៉ូន. ៣, ៤

៨​-​១១: ប្រសិនបើ​យើង​មិន​ចង់​បាត់បង់​«ព្រះ​គុណ នឹង​សេចក្ដី​មេត្ដា​ករុណា ហើយ​នឹង​សេចក្ដី​សុខសាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ​វរបិតា ហើយ​អំពី​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ» ព្រម​ទាំង​ការ​សេពគប់​នឹង​ពួក​គ្រិស្ត​សាសនិក​គ្នីគ្នា​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ យើង​ត្រូវ​តែ​«ប្រយ័ត»​ទាំង​គិត​ថា​ខ្លួន​ស្ថិត​ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ​គ្រិស្ត និង​បដិសេធ​អស់អ្នក​ដែល «មិន​កាន់ខ្ជាប់​ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ​គ្រីស្ទ»។—២យ៉ូន. ៣

ចូរ​ក្លាយ​ជា​អ្នក​«ធ្វើការ​ជា​មួយ​នឹង​គេ​ក្នុង​សេចក្ដី​ពិត»

(៣យ៉ូន. ១​-​១៤)

យ៉ូហាន​សរសេរ​សំបុត្រ​ទី​៣​ជូន​ចំពោះ​សម្លាញ់​របស់​គាត់​ឈ្មោះ​កៃយុស។ គាត់​សរសេរ​ថា​៖ «គ្មាន​សេចក្ដី​ណា​ដែល​នាំ​ឲ្យ​ខ្ញុំ​អរ​សប្បាយ លើស​ជាង​សេចក្ដី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា ពួក​កូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​នោះ​ឯង»។—៣យ៉ូន. ៤

យ៉ូហាន​សរសើរ​កៃយុស​ចំពោះ​កិច្ចការ​ដែល​គាត់​ធ្វើ​ដើម្បី​ជួយ​បង​ប្អូន​ទាំង​នោះ​ថា គាត់​ធ្វើ​«ដោយ​ស្មោះត្រង់»។ សាវ័ក​យ៉ូហាន​មាន​ប្រសាសន៍​ថា​៖ «យើង​រាល់​គ្នា​ត្រូវ​ជួយ​ទំនុក​បំរុង​ដល់​មនុស្ស​យ៉ាង​នោះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើការ​ជា​មួយ​នឹង​គេ​ក្នុង​សេចក្ដី​ពិត»។—៣យ៉ូន. ៥​-​៨

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១១—ហេតុ​អ្វី​បានជា​អ្នក​ខ្លះ​ប្រព្រឹត្ត​អាក្រក់? ដោយសារ​អ្នក​ទាំងនោះ​មិន​មាន​ជំហរ​រឹង​ប៊ឹង​ក្នុង​សេចក្ដី​ពិត អ្នក​ខ្លះ​មិន​ស្គាល់​ព្រះ និង​មិន​មានចិត្ត​អបអរ​ចំពោះ​លក្ខណៈ​សម្បត្ដិ​ល្អៗ​របស់​ទ្រង់​ទេ។ ដោយ​ហេតុ​ថា ពួក​គេ​មើល​មិន​ឃើញ​ទ្រង់​ដោយ​ភ្នែក​មែនទែន ពួក​គេ​ប្រព្រឹត្ត​ហាក់​បីដូច​ជា​ទ្រង់​មើល​មិន​ឃើញ​ពួក​គេ​ទៅ​វិញ។—អេសេ. ៩:៩

១៤—តើ​«ពួក​សំ​ឡាញ់»​សំដៅ​ទៅ​លើ​នរណា? ពាក្យ​ថា «ពួក​សំ​ឡាញ់»​នៅ​ទី​នេះ​មិន​រាប់​ត្រឹមតែ​អស់អ្នក​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ។ យ៉ូហាន​សរសេរ​ពាក្យ​នេះ​សំដៅ​ទៅ​លើ​អ្នក​ជឿ​គ្នីគ្នា​ជា​ទូទៅ។

មេរៀន​សម្រាប់​យើង:

៤: បង​ប្អូន​ប្រុស​ស្រី​ដែល​មាន​ពិសោធន៍​ក្នុង​ក្រុម​ជំនុំ​មាន​អំណរ​ខ្លាំង ពេល​ពួក​គាត់​ឃើញ​បង​ប្អូន​ដែល​មាន​វ័យ​ក្មេង​ជាង​កំពុង​«ប្រព្រឹត្ត​តាម​សេចក្ដី​ពិត»។ ពេល​មាតា​បិតា​ទទួល​ជោគជ័យ​ក្នុង​ការ​អប់រំ​បុត្រ​ធីតា​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា នោះ​គឺជា​អំណរ​ដែល​គ្មាន​អ្វី​ប្រៀប​បាន​ឡើយ!

៥​-​៨: ក្នុង​ចំណោម​អ្នក​ដែល​ធ្វើការ​យ៉ាង​នឿយ​ហត់ ដើម្បី​បម្រើ​បង​ប្អូន​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គាត់​និង​ចំពោះ​ព្រះ​យេហូវ៉ា​មាន​ពួក​អ្នក​ធ្វើ​ដំណើរ​ត្រួតពិនិត្យ សាសនទូត បង​ប្អូន​ដែល​បម្រើ​នៅ​បេតអែល​ឬ​នៅ​ការិយាល័យ​សាខា ព្រម​ទាំង​អស់​អ្នក​ដែល​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ផង។ យើង​គួរ​យក​តម្រាប់​តាម​ជំនឿ​របស់​ពួក​គាត់ ហើយ​ពួក​គាត់​ក៏​សម​នឹង​ទទួល​ការ​គាំទ្រ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ។

៩​-​១២: យើង​ត្រូវ​តែ​ធ្វើ​តាម​គំរូ​របស់​ដេមេទ្រាស​ដែល​មានចិត្ត​ស្មោះ​ភក្ដី តែ​មិន​ត្រូវ​ធ្វើ​តាម​ឌីអូត្រេព​ដែល​ចូល​ចិត្ត​និយាយ​បេះបួយ​ឡើយ។

​«ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចុះ!»

(យូ. ១​-​២៥)

យូដាស​រៀបរាប់​អំពី​អ្នក​ដែល​ជ្រៀតចូល​ក្នុង​ក្រុម​ជំនុំ​ថា «ជា​ពួក​ដែល​ចេះ​តែ​រទូរទាំ ហើយ​ត្អូញត្អែរ ដែល​ដើរ​តាមតែ​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន»។ ពួក​គេ​«ពោល​សុទ្ធតែ​ពាក្យ​អំនួត​អួត​យ៉ាង​សំបើម»។—យូ. ៤, ១៦

តើ​ពួក​គ្រិស្ត​សាសនិក​អាច​ទប់ទល់​នឹង​ឥទ្ធិពល​អាក្រក់​យ៉ាង​ដូច​ម្ដេច? យូដាស​សរសេរ​ថា​៖ «ពួក​ស្ងួនភ្ងា​អើយ! ចូរ​នឹក​ចាំ​ពី​ព្រះ​បន្ទូល ដែល​ពួក​សាវក​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង បាន​ផ្សាយ​ប្រាប់​ពី​ដើម​រៀង​មក​ចុះ!»។ រួច​គាត់​បន្ថែម​ថា​៖ «ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចុះ!»។—យូ. ១៧​-​២១

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៣, ៤—ហេតុ​អ្វី​បានជា​យូដាស​ដាស់តឿន​គ្រិស្ត​សាសនិក​«ឲ្យ​ខំ​តយុទ្ធ​ដើម្បី​ការពារ​សេចក្ដី​ជំនឿ»? ពីព្រោះ ‹មាន​ពួក​បុរស​ដែល​មិន​គោរព​ព្រះ​លួច​បន្លំ​ចូល​ក្នុង​ក្រុម​ជំនុំ›។ បុរស​ទាំងនេះ‹បាន​យក​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ជា​លេស ដើម្បី​បណ្ដោយ​ខ្លួន​ទៅ​តាម​សីលធម៌​ធូរ​រលុង›វិញ។

២០, ២១—តើ​យើង​អាច​«រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ»​យ៉ាង​ដូច​ម្ដេច? យើង​អាច​ធ្វើ​យ៉ាង​នេះ​ដោយ​វិធី​បី​យ៉ាង: (១) ដោយ​បណ្ដុះ​ឲ្យ​មាន​«ជំនឿ​ដ៏​បរិសុទ្ធ​បំផុត»​តាម​រយៈ​ការ​សិក្សា​បណ្ដាំ​របស់​ព្រះ​យ៉ាង​ហ្មត់ចត់​ដោយ​ខ្លួនឯង និង​ចូល​រួម​ដោយ​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ (២) ដោយ​អធិដ្ឋាន​«ដោយនូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ» ឬ​រស់នៅ​សម​ស្រប​តាម​ការ​ដឹកនាំ​នៃ​សកម្ម​ពល​របស់​ព្រះ និង (៣) ដោយ​អនុវត្ត​ជំនឿ​ទៅ​លើ​កត្ដា​ដែល​នាំ​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពោល​គឺ​ការ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រិស្ត។—យ៉ូន. ៣:១៦, ៣៦

មេរៀន​សម្រាប់​យើង:

៥​-​៧: តើ​មនុស្ស​អាក្រក់​អាច​គេច​ផុត​ពី​សេចក្ដី​ជំនុំជម្រះ​របស់​ព្រះ​យេហូវ៉ា​ទេ? ដោយ​ផ្អែក​ទៅ​លើ​កត្ដា​បី​យ៉ាង​ដែល​យូដាស​បាន​រៀបរាប់ មនុស្ស​អាក្រក់​ពិតជា​មិន​អាច​គេច​រួច​ឡើយ។

៨​-​១០: យើង​ត្រូវ​តែ​ធ្វើ​តាម​មី​កែ​ល​ដែល​ជា​មហា​ទេវតា ហើយ​បង្ហាញ​ការ​គោរព​ចំពោះ​អស់អ្នក​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​អំណាច​គ្រប់​គ្រង​ឲ្យ។

១២: ពួក​អ្នក​ក្បត់​ជំនឿ​មាន​សេចក្ដី​ស្រឡាញ់​ក្លែងបន្លំ ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជំនឿ​របស់​យើង ដូច​ជា​ផ្ទាំង​ថ្ម​នៅ​ក្រោម​ផ្ទៃ​ទឹក​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​កប៉ាល់ ឬ​អ្នក​ហែល​ទឹក។ គ្រូ​ក្លែង​ក្លាយ​មើល​ទៅ​ទំនង​ដូច​ជា​មានចិត្ត​សទ្ធា ប៉ុន្តែ ប្រៀប​ដូច​ជា​ពពក​ឥត​ភ្លៀង​ដែល​រសាត់​ទៅ​តាម​ខ្យល់ ក្នុង​ករណី​នេះ​ពួក​គេ​ដាច់​ទំនាក់ទំនង​ជាមួយ​ព្រះ​យេហូវ៉ា។ ពួក​ទាំងនោះ​ក៏​ប្រៀប​បាន​នឹង​ដើមឈើ​ដែល​មិន​បង្កើត​ផល​តាម​រដូវ​កាល​ដែរ។ ពួក​គេ​ត្រូវ​ទទួល​ការ​ហិន​វិនាស​ដូច​ដើមឈើ​ដែល​ត្រូវ​គេ​រំលើង​ចោល។ យើង​ត្រូវ​តែ​ចេះ​គេច​ចេញពី​ពួក​ក្បត់​ជំនឿ។

២២, ២៣: គ្រិស្ត​សាសនិក​ពិត​ស្អប់​អ្វី​ដែល​អាក្រក់។ ពួក​អ្នក​ដែល​មានគំនិត​ចាស់ទុំ​ក្នុង​ក្រុម​ជំនុំ ជា​ពិសេស​ពួក​អ្នក​ដែល​ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ត្រួតពិនិត្យ​ខំ​ព្យាយាម​ជួយ​សង្គ្រោះ​«អ្នក​ខ្លះ​ដែល​មាន​សេចក្ដី​សង្ស័យ»​ឲ្យ​មាន​ជំនឿ​រឹង​មាំ​ឡើង​វិញ ដោយ​ឆក់​យក​ពួក​គេ​ចេញពី​ភ្លើង​នៃ​សេចក្ដី​ហិន​វិនាស​ជា​រៀង​រហូត។

[រូបភាព​នៅ​ទំព័រ​១០]

ទឹក វិញ្ញាណ និង​ឈាម​ធ្វើ​បន្ទាល់​ដើម្បី​បញ្ជាក់​ថា «ព្រះ​យេស៊ូ​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ»

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក