ក្រីក្រមែនប៉ុន្តែមានច្រើន—ម្ដេចក៏ដូច្នេះ?
ជាច្រើនសតវត្សកន្លងមកនេះ អ្នកប្រាជ្ញម្នាក់បានអធិស្ឋានសុំកុំឲ្យគាត់ទៅជាអ្នកក្រ។ ហេតុអ្វីបានជាស្នើសុំបែបនេះ? ពីព្រោះគាត់ខ្លាចថាភាពក្រីក្រធ្វើឲ្យគាត់កាន់អាកប្បកិរិយានិងសកម្មភាពដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់ទំនាក់ទំនងរវាងគាត់និងព្រះ។ នេះគឺជាពាក្យអះអាងរបស់គាត់៖ «សូមគ្រាន់តែចិញ្ចឹម ទូលបង្គំដោយអាហារដែលត្រូវការ . . . ក្រែងទូលបង្គំបានឆ្អែត ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង»។—សុភាសិត ៣០:៨, ៩
តើនេះមានន័យថា មនុស្សក្រីក្រមិនអាចបំរើព្រះដោយស្មោះត្រង់បានទេឬ? មិនពិតទេ! ក្នុងគ្រប់ប្រវត្ដិសាស្ត្រ អ្នកបំរើរាប់មិនអស់នៃព្រះយេហូវ៉ាបានកាន់ចិត្តស្មោះត្រង់ចំពោះទ្រង់ ថ្វីបើមានការលំបាកវេទនាដែលបណ្ដាលដោយភាពក្រីក្រក៏ដោយ។ ព្រះយេហូវ៉ាស្រឡាញ់អ្នកណាដែលទុកចិត្តលើទ្រង់ ហើយទ្រង់ជួយទំនុកបំរុងពួកគេ។
ពួកអ្នកស្មោះត្រង់ពីបុរាណ
សាវ័កប៉ុលក៏ធ្លាប់ពិសោធការពិបាកដែរ។ (កូរិនថូសទី២ ៦:៣, ៤) គាត់បានថ្លែងប្រាប់ថា ក្នុងមួយ‹ហ្វូងធំ›នៃពួកស្មរបន្ទាល់គ្រីស្ទានស្មោះត្រង់ពីសម័យដើម អ្នកខ្លះគឺជាអ្នក «ត្រូវដើរវីមវាម ទាំងស្លៀកស្បែកចៀម នឹងស្បែកពពែ ត្រូវគេសង្កត់សង្កិន . . . ដើរសាត់ព្រាត់នៅក្នុងទីរហោស្ថាន ហើយនៅទីភ្នំ ទាំងនៅក្នុងរអាង ហើយនឹងរូងក្នុងដី»។—ហេព្រើរ ១១:៣៧, ៣៨; ១២:១
បុគ្គលម្នាក់ក្នុងចំណោមពួកអ្នកស្មោះត្រង់គឺជាព្យាការីអេលីយ៉ា។ កំឡុងរដូវរាំងភ្លៀងបីឆ្នាំកន្លះ ព្រះយេហូវ៉ាបានផ្ដល់អាហារឲ្យគាត់ជារឿយៗ។ មុនដំបូង ព្រះបានឲ្យក្អែកយកនំប៉័ងនិងសាច់ទៅឲ្យព្យាការីនេះ។ (ពង្សាវតារក្សត្រទី១ ១៧:២-៦) ពេលក្រោយមក ព្រះយេហូវ៉ាបានធ្វើម្សៅនិងខ្លាញ់តាមរយៈស្ត្រីមេម៉ាយម្នាក់ ឲ្យទៅអេលីយ៉ា។ (ពង្សាវតារក្សត្រទី១ ១៧:៨-១៦) អាហារនេះមិនជាអស្ចារ្យណាស់ណាទេ តែអាហារនេះបានទ្រទ្រង់ជីវិតនៃព្យាការី ស្រីមេម៉ាយ និងកូនរបស់នាង។
ព្រះយេហូវ៉ាក៏ទ្រទ្រង់ព្យាការីយេរេមាដ៏ស្មោះត្រង់ក្នុងកំឡុងក្រីក្រដ៏ពិបាកមួយដែរ។ យេរេមាបានរួចរស់ជីវិតពីការឡោមព័ទ្ធក្រុងយេរូសាឡិមដោយពួកបាប៊ីឡូន ក្នុងកាលមនុស្សជាតិ«ស៊ីនំប៉័ងដោយថ្លឹង ហើយបារម្ភព្រួយ»។ (អេសេគាល ៤:១៦) ដល់ក្រោយមក ការអត់បាយនៅក្នុងទីក្រុងនោះមានយ៉ាងខ្លាំងដ៏ម្ល៉េះ ដែលស្ត្រីខ្លះបានស៊ីសាច់កូនរបស់ខ្លួន។ (បរិទេវ ២:២០) ទោះជាយេរេមាជាប់ការឃុំឃាំងដោយសារការផ្សាយរបស់គាត់ដោយឥតខ្លាចក្រែង ព្រះយេហូវ៉ាបានផ្គត់ផ្គង់គាត់ដោយ «នំប៉័ង១ដុំ» រៀងរាល់ថ្ងៃ «ដរាបដល់នំប៉័ងទាំងប៉ុន្មាននៅទីក្រុងបានអស់»។—យេរេមា ៣៧:២១
ដូច្នេះ យេរេមា ដូចលោកអេលីយ៉ា មិនសូវមានម្ហូបបរិភោគទេ។ ក្រោយពីទីក្រុងយេរូសាឡិមអស់អាហារទៅ បទគម្ពីរមិនបានប្រាប់យើងថាតើយេរេមាទទួលទានអាហារអ្វីឬប៉ុន្មានពេលនោះទេ។ ប៉ុន្តែ យើងដឹងថា ព្រះយេហូវ៉ាបានទ្រទ្រង់គាត់ ហើយគាត់បានរួចរស់ជីវិតពីការអត់បាយដ៏ខ្លាំងនោះ។
សព្វថ្ងៃនេះ ភាពក្រីក្រមានពាសពេញពិភពលោក។ យោងទៅតាមអង្គការសហប្រជាជាតិ កន្លែងដែលក្រជាងគេគឺនៅទ្វីបអាហ្វ្រិក។ ក្នុងពត៌មានឆ្នាំ១៩៩៦បានថ្លែងថា៖ «ជាងពាក់កណ្ដាលជនជាតិអាហ្វ្រិកគឺក្រ»។ ទោះបីជាស្ថានភាពសេដ្ឋកិច្ចកាន់តែក្រីក្រខ្លាំងឡើង ជនជាតិអាហ្វ្រិកកាន់តែច្រើនឡើងៗគឺកំពុងអនុវត្តតាមគោលការណ៍ព្រះគម្ពីរក្នុងជីវិតរបស់គេ ហើយបំរើព្រះយ៉ាងស្មោះត្រង់ ដោយទុកចិត្តថាទ្រង់នឹងផ្គត់ផ្គង់គេ។ សូមពិចារណាឧទាហរណ៍ខ្លះៗ ពីភូមិភាគមួយចំណែកនៃលោកដ៏មានបញ្ហារបស់យើង។
រក្សាទុកសេចក្ដីទៀងត្រង់
មីកែលរស់នៅប្រទេសនីហ្សេរ្ស៉ាa ជាកសិករម្នាក់ ដែលត្រូវចិញ្ចឹមកូនប្រាំមួយនាក់។ គាត់និយាយថា៖ «គឺពិបាករក្សាសេចក្ដីទៀងត្រង់ណាស់ ពេលអ្នកគ្មានលុយចិញ្ចឹមគ្រួសាររបស់អ្នក។ ប៉ុន្តែពេលខ្ញុំត្រូវល្បួងឲ្យប្រព្រឹត្តអំពើមិនទៀងត្រង់ ខ្ញុំរំឭកខ្លួនខ្ញុំពីអេភេសូរ ៤:២៨ ដែលចែងថា៖ ‹អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៅ ស៊ូឲ្យអ្នកនោះទ្រាំនឿយហត់ជាជាង ទាំងធ្វើការល្អដោយដៃខ្លួនវិញ›។ ដូច្នេះ ប្រសិនបើខ្ញុំត្រូវល្បួង នោះខ្ញុំសួរខ្លួនឯងថា ‹តើខ្ញុំបានធ្វើការសំរាប់លុយនេះទេ›»?
មីកែលនិយាយទៀតថា៖ «ជាឧទាហរណ៍ កាលដែលខ្ញុំកំពុងតែដើរក្នុងថ្ងៃមួយ ខ្ញុំបានឃើញកាបូបជ្រុះពីក្រោយម៉ូតូ។ ខ្ញុំមិនអាចបញ្ឈប់អ្នកបើកម៉ូតូនោះទេ ដូច្នេះ ខ្ញុំក៏បានរើសកាបូបនោះឡើង ហើយឃើញថាមានលុយយ៉ាងច្រើន! ដោយប្រើអត្តសញ្ញាណប័ណ្ណនៅក្នុងកាបូប នោះខ្ញុំរកឃើញម្ចាស់ហើយយកកាបូបទៅជូនគាត់»។
ប្រយុទ្ធនឹងការធ្លាក់ទឹកចិត្ត
បុរសម្នាក់នៅទ្វីបអាហ្វ្រិកខាងជើងបានសង្កេតឃើញថា៖ «ភាពក្រីក្រគឺដូចបុគ្គលម្នាក់ជាប់អន្ទាក់ក្នុងប្រហោងដ៏ជ្រៅ ដែលអាចឃើញពន្លឺពីលើ ហើយឃើញមនុស្សកំពុងតែដើរមកជិតយ៉ាងសប្បាយរីករាយ ប៉ុន្តែ បុគ្គលដែលជាប់អន្ទាក់នោះមិនអាចស្រែកហៅឲ្យគេជួយឬក៏សុំឲ្យគេបោះជណ្ដើរមកឲ្យឡើងនោះបានទេ»។ អញ្ចឹងហើយបានជាភាពក្រភាគច្រើនធ្វើឲ្យមានអារម្មណ៍ធ្លាក់ទឹកចិត្តនិងការអន្ទះអន្ទែង! សូម្បីតែអ្នកបំរើព្រះប្រហែលឃើញទ្រព្យសម្បត្ដិរបស់អ្នកដទៃ ហើយចាប់ផ្ដើមគិតថាជីវិតស្មោះគ្រប់ល័ក្ខណ៍គឺគ្មានប្រយោជន៍ទេ។ (ប្រៀបធៀប ទំនុកដំកើង ៧៣:២-១៣) តើអាចមានជ័យជំនះលើអារម្មណ៍បែបនេះយ៉ាងដូចម្ដេច?
ភីធើ ជាតិអាហ្វ្រិកខាងលិច បានចូលនិវត្តក្រោយពីធ្វើការក្នុងរដ្ឋាភិបាលអស់រយៈ១៩ឆ្នាំ។ ឥឡូវនេះគាត់រស់នៅដោយស៊ីប្រាក់រ៉ីត្រែតបន្ដិចបន្តួចប៉ុណ្ណោះ។ ភីធើនិយាយថា៖ «ពេលដែលខ្ញុំបាក់ទឹកចិត្ត ខ្ញុំរំឭកខ្លួនឯងអំពីអ្វីដែលខ្ញុំបានអានក្នុងព្រះគម្ពីរនិងប្រកាសនវត្ថុសមាគមប៉មយាម។ ប្រព័ន្ធដ៏ចាស់នេះនឹងរសាយបាត់ទៅ ហើយយើងកំពុងរង់ចាំប្រព័ន្ធដ៏ប្រសើរជាងនេះ។
«ខ្ញុំក៏គិតអំពី ពេត្រុសទី១ ៥:៩ ដែលចែងថា៖ ‹ចូរតស៊ូនឹងវា[សាតាំង]ដោយមានចិត្តជឿមាំមួន ទាំងដឹងថា ពួកបងប្អូនរបស់អ្នករាល់គ្នា ដែលនៅក្នុងលោកីយនេះ គេកំពុងតែរងទុក្ខលំបាកដូចគ្នាដែរ›។ ដូច្នេះ មិនមែនតែខ្ញុំទេដែលរងទុក្ខលំបាកនោះ។ ការរំឭកទាំងនេះជួយខ្ញុំកុំឲ្យមានគំនិតធ្លាក់ទឹកចិត្ត»។
ភីធើនិយាយទៀតថា៖ «ម្យ៉ាងទៀត ព្រះយេស៊ូបានធ្វើអព្ភូតហេតុច្រើនពេលដែលទ្រង់គង់នៅផែនដី ប៉ុន្តែ ទ្រង់មិនដែលធ្វើឲ្យអ្នកណាម្នាក់ទៅជាមានទ្រព្យសម្បត្ដិឡើយ។ ហេតុអ្វីបានជាខ្ញុំគួរគិតថាទ្រង់នឹងធ្វើឲ្យខ្ញុំមាននោះ»?
អំណាចនៃការអធិស្ឋាន
ការចូលទៅជិតព្រះយេហូវ៉ាក្នុងការអធិស្ឋាន គឺជាផ្លូវមួយដើម្បីប្រយុទ្ធនឹងគំនិតអវិជ្ជមាន។ ពេលដែលម៉ារីបានក្លាយជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់នៅឆ្មាំ១៩៦០ គ្រួសាររបស់នាងបានបោះបង់ចោលគាត់។ មិនបានរៀបការហើយអាយុជាង៥០ឆ្នាំ គាត់មានសភាពទន់ខ្សោយ ហើយមិនសូវមានទ្រព្យសម្បត្ដិទេ។ យ៉ាងណាក៏ដោយ គាត់តែងតែខ្នះខ្នែងក្នុងកិច្ចបំរើគ្រីស្ទាន។
ម៉ារីនិយាយថា៖ «ពេលដែលខ្ញុំធ្លាក់ទឹកចិត្ត ខ្ញុំទៅរកព្រះយេហូវ៉ាក្នុងសេចក្ដីអធិស្ឋាន។ ខ្ញុំដឹងថាគ្មានអ្នកណាអាចជួយខ្ញុំបានប្រសើរជាងទ្រង់ទេ។ ខ្ញុំបានដឹងថា កាលណាអ្នកទុកចិត្តលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយអ្នក។ ខ្ញុំតែងតែនឹកចាំនូវពាក្យនៃស្តេចដាវីឌ នៅទំនុកដំកើង ៣៧:២៥៖ ‹យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ›។
«ខ្ញុំក៏មានការលើកទឹកចិត្តពីបទពិសោធន៍នៃបងប្អូនប្រុសស្រីដែលមានវ័យចាស់ខាងវិញ្ញាណ ដែលបានរៀបរាប់ក្នុងទស្សនាវដ្ដីប៉មយាម។ ព្រះយេហូវ៉ាបានជួយពួកគេ ដូច្នេះ ខ្ញុំដឹងថាទ្រង់នឹងជួយខ្ញុំដែរ។ ទ្រង់បានឲ្យពរដល់ការលក់ដូរអាហារហ្វូហ្វូ(fufu)បន្ដិចបន្តួច [អាហារក្ដួច] ហើយខ្ញុំក៏បំពេញសេចក្ដីត្រូវការប្រចាំថ្ងៃរបស់ខ្ញុំ។ ពេលខ្លះខ្ញុំស្ទើរតែមិនមានលុយសោះ ហើយមិនដឹងគិតធ្វើអ្វីទេ ស្រាប់តែព្រះយេហូវ៉ាប្រើអ្នកណាម្នាក់មកផ្ដល់ឲ្យរង្វាន់ខ្ញុំ ហើយនិយាយថា ‹បងស្រី សូមទទួលយកទៅ›។ ព្រះយេហូវ៉ាមិនដែលធ្វើឲ្យខ្ញុំអស់សង្ឃឹមឡើយ»។
តម្លៃនៃការសិក្សាព្រះគម្ពីរ
ពួកស្មរបន្ទាល់ព្រះយេហូវ៉ាចាត់ទុកការសិក្សាបន្ទូលនៃព្រះ ព្រះគម្ពីរ ជាអ្វីសំខាន់ណាស់ ហើយអ្នកក្រក្នុងចំណោមពួកគេក៏មានគំនិតដូចនេះដែរ។ ចនដែលមានអាយុហុកសិបឆ្នាំ បំរើជាអ្នកត្រួសត្រាយ (អ្នកផ្សាយពេញពេល) ហើយជាអ្នកងារជំនួយក្នុងក្រុមជំនុំ។ គាត់រស់នៅកន្លែងដ៏ទ្រុឌទ្រោមក្នុងអាគារពីរជាន់ ដែលមាន១៣គ្រួសាររស់នៅ។ កន្លែងដែលគាត់រស់នៅគឺផ្នែកនៃផ្លូវដើរជាន់ទីមួយ ដែលមានជញ្ជាំងឈើ។ នៅក្នុងមានកៅអីចាស់ពីរ និងតុដែលមានសៀវភៅជំនួយខាងព្រះគម្ពីរដាក់តម្រួតលើគ្នា។ គាត់គេងនៅលើកន្ទេល។
ចនលក់នំប៉័ងបានប្រហែលមួយដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែ ពេលគេដាក់បំរាមកុំឲ្យយកស្រូវសាលីចូលក្នុងប្រទេសគាត់ ការបានបាត់បង់នៃការរកស៊ីចិញ្ចឹមជីវិតបែបនេះ។ គាត់និយាយថា៖ «ខ្ញុំដឹងថាជីវិតពេលខ្លះគឺពិបាកណាស់ ប៉ុន្តែ ខ្ញុំនៅតែបន្តការត្រួសត្រាយជានិច្ច។ គឺព្រះយេហូវ៉ាជាអ្នកផ្គត់ផ្គង់ខ្ញុំ។ ខ្ញុំធ្វើការដែលខ្ញុំអាចរកបាន ហើយខ្ញុំមិនពឹងពាក់អ្នកណាមកជួយខ្ញុំឡើយ ឬក៏ផ្ដល់អាហារខ្ញុំ ប៉ុន្តែបងប្អូនក្នុងក្រុមជំនុំចិត្តបានណាស់។ គេជួយរកការងារឲ្យខ្ញុំហើយពេលខ្លះផ្ដល់អំណោយជាប្រាក់ដល់ខ្ញុំ។
«ខ្ញុំតែងតែឆ្លៀតយកពេលវេលាដើម្បីអានព្រះគម្ពីរ ហើយប្រកាសនវត្ថុសមាគមប៉មយាម។ ខ្ញុំសិក្សាចាប់ពីព្រលឹមជាពេលដែលមិនសូវអ៊ូអរ ហើយអានពេលយប់ពេលណាដែលយើងមានអគ្គីសនី។ ខ្ញុំដឹងថាខ្ញុំត្រូវតែរក្សាការសិក្សាផ្ទាល់ខ្លួនរបស់ខ្ញុំជាប់ជានិច្ច»។
អប់រំកូនចៅសំរាប់ជីវិតអស់កល្បជានិច្ច
ឌានីយ៉ែលជាពោះម៉ាយដែលមានកូនប្រាំមួយនាក់។ នៅឆ្នាំ១៩៨៥ គាត់បានបាត់បង់ការងារដែលគាត់បានធ្វើអស់រយ:២៥ឆ្នាំ ប៉ុន្តែ គាត់រកបានការធ្វើជាអ្នកម្ចាស់ហាង។ គាត់និយាយថា «ជីវិតគឺពិបាកណាស់សំរាប់គ្រួសារខាងរកស៊ី។ ឥឡូវនេះយើងបរិភោគតែម្ដងក្នុងមួយថ្ងៃ។ នៅពេលមួយ យើងអត់អាហារអស់រយៈបីថ្ងៃ។ យើងបានគ្រាន់តែផឹកទឹកឲ្យបានរស់ប៉ុណ្ណោះ»។
ឌានីយ៉ែលបំរើជាអ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំ។ គាត់និយាយថា «ខ្ញុំមិនដែលខានទៅប្រជុំឡើយ ហើយខ្ញុំតែងតែរវល់ខាងកិច្ចការព្រះធិបតេយ្យ។ កាលណាមានកិច្ចការត្រូវធ្វើនៅឯសាលព្រះរាជាណាចក្រ ខ្ញុំធ្វើយ៉ាងណាដើម្បីឲ្យខ្ញុំទៅជួយ។ ហើយពេលស្ថានការណ៍កាន់តែពិបាកឡើង ខ្ញុំរំឭកខ្លួនខ្ញុំនៃពាក្យរបស់ពេត្រុស ដែលបានទូលទៅព្រះយេស៊ូ នៅយ៉ូហាន ៦:៦៨៖ ‹តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ›? ប្រសិនបើខ្ញុំឈប់ធ្វើជាអ្នកបំរើព្រះយេហូវ៉ា តើឲ្យខ្ញុំនឹងទៅឯណាវិញ? ពាក្យរបស់ប៉ុលដែលយើងឃើញនៅរ៉ូម ៨:៣៥-៣៩ ក៏ធ្វើឲ្យខ្ញុំខំប្ដេជ្ញា ពីព្រោះនេះសម្ដែងឲ្យឃើញថា គ្មានអ្វីនឹងពង្រាត់យើងពីសេចក្ដីស្រឡាញ់របស់ផងព្រះនិងព្រះគ្រីស្ទបានទេ។ នេះជាអាកប្បកិរិយាដែលខ្ញុំបណ្ដុះដល់កូនរបស់ខ្ញុំ។ ខ្ញុំតែងតែប្រាប់ពួកគេថា យើងមិនត្រូវបោះបង់ចោលព្រះយេហូវ៉ាទេ»។ ការខ្នះខ្នែងរបស់ឌានីយ៉ែលនិងការសិក្សាព្រះគម្ពីរជាគ្រួសារដ៏ទៀងទាត់ មានឥទ្ធិពលដ៏វិជ្ជមានទៅលើកូនរបស់គាត់។
គតិនៃការចែកទាន
បុគ្គលម្នាក់អាចគិតថា ពួកអ្នកដែលរស់ក្នុងសភាពដ៏ក្រីក្រមិនអាចឲ្យវិភាគទានជាប្រាក់កាស សំរាប់ប្រយោជន៍ខាងព្រះរាជាណាចក្រទេ។ ប៉ុន្តែ នេះគឺមិនជាការពិតទេ។ (ប្រៀបធៀប លូកា ២១:១-៤) ពួកស្មរបន្ទាល់ខ្លះនៅប្រទេសហ្គាណា ដែលមុខងារគេគឺជាអ្នកស្រែចំការ បានទុកដីមួយឡែកសំរាប់ជួយទំនុកបំរុងប្រយោជន៍នៃព្រះរាជាណាចក្រព្រះ។ ពេលដែលផលិតផលបានត្រូវលក់ ក៏ទុកប្រាក់នោះសំរាប់ជាប្រយោជន៍ខាងព្រះរាជាណាចក្រ ដែលរួមបញ្ចូលធ្វើវិភាគទានទៅសាលព្រះរាជាណាចក្រស្មរបន្ទាល់ព្រះយេហូវ៉ាប្រចាំតំបន់។
ចូណ ជាអ្នកត្រួសត្រាយពេញពេលម្នាក់ រស់នៅទ្វីបអាហ្វ្រិកកណ្ដាល។ គាត់លក់នំប៉័ង ដើម្បីចិញ្ចឹមប្ដីខ្វិនម្នាក់និងបុគ្គលបួននាក់ទៀត។ ពេលក្រុមជំនុំដែលគាត់ធ្លាប់ទៅប្រជុំ ត្រូវការជើងម៉ាសំរាប់សាលព្រះរាជាណាចក្រ គ្រួសាររបស់ចូណសម្រេចចិត្តធ្វើវិភាគទាន ជាប្រាក់ដែលគេមានទាំងប៉ុន្មាននោះ។ ក្រោយមកពួកគេគ្មាននៅសល់អ្វីសោះ។ ទោះជាយ៉ាងណាក៏ដោយ ស្អែកឡើង មានបុគ្គលម្នាក់បានសងបំណុលដែលគេបានអស់សង្ឃឹមនឹងទទួលមកវិញតាំងពីយូរយារមកម្ល៉េះ!
ចូណសប្បាយរីករាយហើយមិនបារម្ភហួសហេតុអំពីប្រាក់កាសឡើយ។ «ខ្ញុំពន្យល់ស្ថានការណ៍របស់ខ្ញុំទៅព្រះយេហូវ៉ាក្នុងសេចក្ដីអធិស្ឋាន ហើយខ្ញុំក៏ចេញទៅផ្សាយ។ យើងដឹងថា គឺគ្មានសេចក្ដីសង្ឃឹមទៅលើពេលល្អក្នុងរបបលោកីយ៍នេះប៉ុន្មានទេ។ ប៉ុន្តែ យើងដឹងថាព្រះយេហូវ៉ានឹងផ្គត់ផ្គង់នូវសេចក្ដីត្រូវការរបស់យើង»។
សម្ដែងការឧស្សាហ៍
ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវសម្គាល់ដោយសេចក្ដីស្រឡាញ់គ្នាទៅវិញទៅមក។ (យ៉ូហាន ១៣:៣៥) ពួកអ្នកដែលមានប្រាក់កាសជួយបងប្អូនគ្រីស្ទានដែលខ្វះខាត។ ជួនកាលផ្ដល់ឲ្យជាអំណោយទាន ហើយពេលខ្លះជួយរកការងារ។
ម៉ាករស់នៅប្រទេសកុងហ្គោ គឺមានជម្ងឺឃ្លង់។ នេះធ្វើឲ្យខូចម្រាមជើងនិងម្រាមដៃរបស់គាត់។ ដើម្បីដើរ គាត់ត្រូវពឹងពាក់ទៅលើឈើឆ្ពាប។ ពេលម៉ាកសម្រេចចិត្តបំរើព្រះយេហូវ៉ា គាត់ចាប់ផ្ដើមផ្លាស់ប្ដូរជីវិតរបស់គាត់ដ៏មែនទែន។ ជាជាងសុំទានអាហារដូចដែលគាត់ធ្លាប់បានធ្វើពីមុននោះ គាត់ចាប់ផ្ដើមដាំដំណាំខ្លួនឯង។ គាត់ក៏ធ្វើឥដ្ឋឆៅដែលគាត់លក់។
ថ្វីបើមានបញ្ហាខាងរូបកាយក៏ដោយ ម៉ាកតែងតែធ្វើការដ៏ឧស្សាហ៍។ ដល់ក្រោយមកគាត់ក៏ទិញដីមួយតូចហើយសង់ផ្ទះរស់នៅបាន។ សព្វថ្ងៃនេះ ម៉ាកបំរើជាអ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំ ហើយគាត់ជាបុគ្គលដ៏ជាទីគោរពពីជននៅទីក្រុងជាមួយគ្នា។ ឥឡូវនេះគាត់ជួយអ្នកឯទៀតដែលខ្វះខាត។
មែនហើយ នៅកន្លែងច្រើនពិបាករកការងារធ្វើណាស់។ អ្នកចាស់ទុំគ្រីស្ទានម្នាក់ ដែលបំរើនៅការិយាល័យសាខាសមាគមប៉មយាមនៅទ្វីបអាហ្វ្រិកកណ្ដាលបានសរសេរថា៖ «បងប្អូនជាច្រើនគ្មានការងារធ្វើទេ។ អ្នកខ្លះខំប្រឹងបង្កើតកិច្ចការខ្លួនឯង ប៉ុន្តែនេះជាការដ៏ពិបាកមួយ។ មនុស្សជាច្រើនគិតឃើញថា ពួកគេធ្វើយ៉ាងណាក៏ដោយក៏នៅតែរងទុក្ខ ពួកគេសុកចិត្តលះបង់ទ្រព្យសម្បត្ដិធ្វើជាអ្នកបំរើត្រួសត្រាយ។ ដោយធ្វើដូច្នោះ មនុស្សជាច្រើនបានពរយ៉ាងបរិបូរជាងគេមានការងារបានប្រាក់បន្ដិចបន្តួច ឬក៏អត់ប្រាក់ខែ»។
ព្រះយេហូវ៉ាផ្គត់ផ្គង់រាស្ត្ររបស់ទ្រង់
ព្រះយេស៊ូគ្រីស្ទមានបន្ទូលអំពីអង្គទ្រង់ថា៖ «កញ្ជ្រោងមានរូងវា ហើយសត្វលើអាកាសក៏មានសំបុកដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។ (លូកា ៩:៥៨) ដូចគ្នាដែរ សាវ័កប៉ុលបានសរសេរថា៖ «លុះមកដល់ឥឡូវនេះ យើងខ្ញុំត្រូវទាំងឃ្លាន ទាំងស្រេក ហើយនៅអាក្រាត ទាំងត្រូវគេវាយ ហើយក៏ដើរសាត់អណ្ដែត»។—កូរិនថូសទី១ ៤:១១
ព្រះយេស៊ូនិងប៉ុលបានជ្រើសរើសយកជីវិតដ៏ខ្វះខាត ដើម្បីពួកគេអាចបំពេញកិច្ចបំរើរបស់គេឲ្យបានពេញលេញ។ ពួកគ្រីស្ទានជាច្រើននៅបច្ចុប្បន្ននេះក្រពីព្រោះគេឥតមានជម្រើសឯណាទៀត។ យ៉ាងណាក៏ដោយ ពួកគេអនុវត្តតាមគោលការណ៍ព្រះគម្ពីរក្នុងជីវិត ហើយខ្នះខ្នែងខំបំរើព្រះ។ ពួកគេដឹងថា ព្រះយេហូវ៉ាស្រឡាញ់គេណាស់ ដូចដែលគេបានពិសោធភាពពិតនៃបន្ទូលរបស់ព្រះយេស៊ូថា៖ «ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់[របស់ទាំងនោះ] នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។ (ម៉ាថាយ ៦:២៥-៣៣) ម្យ៉ាងទៀត ពួកអ្នកបំរើព្រះដែលមិនសូវមានទ្រព្យសម្បត្ដិមានទីសំអាងថា «អំណោយពរនៃព្រះយេហូវ៉ា—នោះធ្វើឲ្យទៅជាមាន»។—សុភាសិត ១០:២២
[កំណត់សម្គាល់]
a បានប្រើឈ្មោះប្រឌិតក្នុងអត្ថបទនេះ។