បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/២ ទំ. ៦-១១
  • គ្រីស្ទាននិងលោកីយ៍នៃមនុស្សជាតិ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គ្រីស្ទាននិងលោកីយ៍នៃមនុស្សជាតិ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គំរូ​របស់​ព្រះ​យេស៊ូ
  • អាកប្បកិរិយា​របស់​ប៉ុល​ដល់​មនុស្ស«ខាង​ក្រៅ»
  • ជួយ​ពួក​អ្នក​ជំនឿ​ដែល​មិន​មែន​សាសន៍​យូដា
  • ការ​ផ្សាយ​ក្នុង​ចំណោម«ពួក​មនុស្ស​មិន​ជឿ»
  • ខំ​ប្រឹង​សង្គ្រោះ«មនុស្ស​ទាំង​ឡាយ»សព្វ​ថ្ងៃ​នេះ
  • ដូចសាវ័កប៉ុល ចូរបណ្ដុះឲ្យមានលក្ខណៈកាន់តែល្អក្នុងកិច្ចបម្រើព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • តើអ្នកមានទស្សនៈយ៉ាងណាចំពោះវាលស្រូវ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • «ចូរបន្តនិយាយ ហើយកុំនៅស្ងៀម»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • ‹គាត់បានលើកបទគម្ពីរមកជជែកវែកញែកជាមួយនឹងពួកគេ›
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/២ ទំ. ៦-១១

គ្រីស្ទាន​និង​លោកីយ៍​នៃ​មនុស្សជាតិ

«ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា»។—កូល៉ុស ៤:៥

១. តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​អ្វី​ចំពោះ​ពួក​អ្នក​កាន់​តាម​ទ្រង់​និង​លោកីយ៍?

ក្នុង​សេចក្ដី​អធិស្ឋាន​ទៅ​ព្រះ​វរបិតា​របស់​ទ្រង់ ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា៖ «លោកីយ៍​បាន​ស្អប់​គេ ពី​ព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ៍​ទេ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ៍​ដែរ»។ រួច​មក​ទ្រង់​មាន​បន្ទូល​ទៀត​ថា៖ «ទូល​បង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ៍​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ»។ (យ៉ូហាន ១៧:១៤, ១៥) ពួក​គ្រីស្ទាន​មិន​ចាំ​បាច់​ញែក​ចេញ​ពី​លោកីយ៍​មែន​ទែន​នោះ​ទេ—ជា​ឧទាហរណ៍ ដោយ​រស់​នៅ​ដាច់​ពី​គេ​តាម​វត្ត។ ផ្ទុយ​ទៅ​វិញ ព្រះ​គ្រីស្ទ«បាន​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោកីយ៍» ដើម្បី​ឲ្យ​ធ្វើ​ជា​ពួក​បន្ទាល់​របស់​ទ្រង់ «រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។ (យ៉ូហាន ១៧:១៨; កិច្ច​ការ ១:៨) ប៉ុន្តែ ទ្រង់​ស្នើ​សុំ​ព្រះ​ឲ្យ​មើល​រក្សា​ពួក​គេ ពី​ព្រោះ​សាតាំង​ជា«ចៅហ្វាយ​របស់​លោកីយ៍​នេះ» នឹង​នាំ​ឲ្យ​មាន​ការ​ស្អប់​ដល់​ពួក​គេ ដោយ​ព្រោះ​ឈ្មោះ​ព្រះ​គ្រីស្ទ។—យ៉ូហាន ១២:៣១; ម៉ាថាយ ២៤:៩

២. (ក) តើ​ព្រះ​គម្ពីរ​ប្រើ​ពាក្យ«លោកីយ៍»តាម​របៀប​ណា? (ខ) តើ​អ្វី​ជា​អាកប្បកិរិយា​ដ៏​ថ្លឹង​ថ្លែង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​លោកីយ៍?

២ នៅ​ក្នុង​ព្រះ​គម្ពីរ​ពាក្យ«លោកីយ៍» (ភាសា​ក្រិក ឃូម៉ូស) ជា​ញឹក​ញាប់​បាន​សម្គាល់​ជា​សង្គម​មនុស្ស​ទុច្ចរិត​ដែល​នៅ«ក្នុង​ឱវាទ​នៃ​មេ​កំណាច»។ (យ៉ូហាន​ទី​១ ៥:១៩) ពី​ព្រោះ​ពួក​គ្រីស្ទាន​ធ្វើ​តាម​ខ្នាត​គំរូ​របស់​ព្រះ​យេហូវ៉ា ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​បង្គាប់​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ដល់​លោកីយ៍ ជួន​កាល​គឺ​មាន​ទំនាក់​ទំនង​ដ៏​ពិបាក​រវាង​ពួក​គេ​នឹង​លោកីយ៍។ (ធីម៉ូថេ​ទី​២ ៣:១២; យ៉ូហាន​ទី​១ ៣:១, ១៣) ប៉ុន្តែ ពាក្យ​ឃូម៉ូស ក៏​បាន​ប្រើ​ក្នុង​បទ​គម្ពីរ ដើម្បី​សំដៅ​ទៅ​គ្រួសារ​មនុស្សជាតិ​ទូទៅ។ ស្តី​អំពី​លោកីយ៍​ក្នុង​អត្ថន័យ​នេះ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ ពី​ព្រោះ​ព្រះ​ទ្រង់​មិន​បាន​ចាត់​ព្រះ​រាជបុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជំនុំ​ជំរះ​លោកីយ៍​នោះ​ទេ គឺ​ឲ្យ​លោកីយ៍​បាន​សង្គ្រោះ ដោយ​សារ​ទ្រង់​វិញ»។ (យ៉ូហាន ៣:១៦, ១៧; កូរិនថូស​ទី​២ ៥:១៩; យ៉ូហាន​ទី​១ ៤:១៤) ដូច្នេះ កាល​ដែល​ស្អប់​អ្វី​ដែល​មាន​លក្ខណៈ​ដ៏​អាក្រក់​របស់​សាតាំង ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស​លោក ដោយ​បញ្ជូន​បុត្រា​របស់​ទ្រង់​មក​ផែនដី ដើម្បី​សង្គ្រោះ​អស់​អ្នក​ណា​ដែល «បាន​ប្រែ​ចិត្ត​វិញ»។ (ពេត្រុស​ទី​២ ៣:៩; សុភាសិត ៦:១៦​-​១៩) អាកប្បកិរិយា​ដ៏​ថ្លឹង​ថ្លែង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​លោកីយ៍ នោះ​គួរ​ដឹក​នាំ​ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ទ្រង់។

គំរូ​របស់​ព្រះ​យេស៊ូ

៣, ៤. (ក) តើ​អ្វី​ជា​ជំហរ​ដែល​ព្រះ​យេស៊ូ​មាន​ចំពោះ​ការ​គ្រប់​គ្រង? (ខ) តើ​ព្រះ​យេស៊ូ​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​លោកីយ៍​នៃ​មនុស្សជាតិ?

៣ មិន​យូរ​ប៉ុន្មាន​មុន​ការ​សោយ​ទិវង្គត​របស់​ទ្រង់ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​លោក​ប៉ុនទាស​ពីឡាត់៖ «នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ៍​នេះ​ទេ»។ (យ៉ូហាន ១៨:៣៦) ស្រប​តាម​ពាក្យ​ទាំង​នេះ ព្រះ​យេស៊ូ​មុន​នេះ​បាន​បដិសេធ​អំណាច​ដែល​សាតាំង​ប្រគល់​ឲ្យ​ទ្រង់ ដើម្បី​គ្រប់​គ្រង​លើ​ព្រះ​រាជាណាចក្រ​នៃ​លោកីយ៍ ហើយ​ទ្រង់​មិន​ព្រម​ឲ្យ​សាសន៍​យូដា​តម្កើង​ទ្រង់​ជា​ស្តេច​ឡើយ។ (លូកា ៤:៥​-​៨; យ៉ូហាន ៦:១៤, ១៥) ប៉ុន្តែ ព្រះ​យេស៊ូ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ឧត្តម​សំរាប់​មនុស្ស​លោក។ ជា​ឧទាហរណ៍​នៃ​រឿង​នេះ បាន​រាយ​ការណ៍​មក​ដោយ​សាវ័ក​ម៉ាថាយ​ថា៖ «កាល​ទ្រង់​ឃើញ​ហ្វូង​មនុស្ស​ហើយ នោះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ដល់​គេ ដ្បិត​គេ​ល្វើយ ហើយ​ខ្ចាត់​ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល»។ ដោយ​សេចក្ដី​ស្រឡាញ់ ទ្រង់​បាន​ផ្សាយ​ប្រាប់​មនុស្ស​នៅ​តាម​ទី​ក្រុង​និង​តាម​ភូមិ។ ទ្រង់​បាន​បង្រៀន​ពួក​គេ ហើយ​បាន​ប្រោស​ជម្ងឺ​របស់​គេ។ (ម៉ាថាយ ៩:៣៦) ទ្រង់​ក៏​មាន​ព្រះ​ទ័យ​យោគ​យល់​ដល់​សេចក្ដី​ត្រូវ​ការ​ខាង​រូប​កាយ នៃ​ពួក​អ្នក​ដែល​បាន​មក​រៀន​ពី​ទ្រង់​ដែរ។ យើង​អាន​ថា៖ «ព្រះ​យេស៊ូ ទ្រង់​ហៅ​ពួក​សិស្ស​មក មាន​បន្ទូល​ថា៖ ‹ខ្ញុំ​មាន​ចិត្ត​ក្ដួល​អាណិត ដល់​ហ្វូង​មនុស្ស​នេះ​ណាស់ ដ្បិត​គេ​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​អស់​៣​ថ្ងៃ​មក​ហើយ គេ​គ្មាន​អ្វី​នឹង​បរិភោគ​សោះ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ទៅ​វិញ​ទាំង​អត់​ឃ្លាន​ទេ ក្រែង​ហេវ​តាម​ផ្លូវ›»។ (ម៉ាថាយ ១៥:៣២) នេះ​ជា​សេចក្ដី​ខ្វល់​ខ្វាយ​ដ៏​ជា​ទី​ស្រឡាញ់​មែន!

៤ ពួក​សាសន៍​យូដា​ប្រកាន់​សាសន៍​សាម៉ារី​ខ្លាំង​ណាស់ ប៉ុន្តែ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​យ៉ាង​យូរ​ជា​មួយ​ស្ត្រី​សាសន៍​សាម៉ារី ហើយ​បាន​ចំណាយ​អស់​ពីរ​ថ្ងៃ​ក្នុង​ការ​ធ្វើ​បន្ទាល់​ក្នុង​ស្រុក​សាម៉ារី។ (យ៉ូហាន ៤:៥​-​៤២) ទោះ​បី​ព្រះ​បញ្ជូន​ទ្រង់​ឲ្យ​ទៅ«ពួក​កូន​ចៀម​ដែល​បាត់​បង់ របស់​ពូជ​ពង្ស​សាសន៍​អ៊ីស្រាអែល»ក៏​ដោយ តែ​នៅ​គ្រា​ខ្លះ ព្រះ​យេស៊ូ​បាន​តប​ឆ្លើយ​ដល់​សេចក្ដី​ជំនឿ​នៃ​ពួក​អ្នក​ដែល​មិន​មែន​សាសន៍​យូដា។ (ម៉ាថាយ ៨:៥​-​១៣; ១៥:២១​-​២៨) ត្រូវ​ហើយ ព្រះ​យេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ«មិន​មែន​ជា​របស់​លោកីយ៍»គឺ​អាច​ធ្វើ​ទៅ​បាន ហើយ​នៅ​ពេល​ដំណាល​គ្នា​នេះ បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​បណ្ដា​មនុស្ស​ដែរ។ តើ​យើង​បង្ហាញ​សេចក្ដី​មេត្ដា​ដល់​មនុស្ស​នៅ​កន្លែង​ដែល​យើង​រស់​នៅ កន្លែង​ធ្វើ​ការ ឬ​ពេល​យើង​ទៅ​ផ្សារ ដូច​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​នោះ​ទេ? តើ​យើង​មាន​កង្វល់​សំរាប់​សុខុមាលភាព​របស់​គេ—មិន​គ្រាន់​តែ​ខាង​វិញ្ញាណ តែ​ខាង​សេចក្ដី​ត្រូវ​ការ​ផ្សេង​ៗ​ទៀត​ឬ​ទេ ប្រសិន​បើ​យើង​អាច​ធ្វើ​ទៅ​បាន? ដោយ​ធ្វើ​បែប​នេះ ព្រះ​យេស៊ូ​បាន​បើក​ផ្លូវ​បង្រៀន​មនុស្ស​អំពី​ព្រះ​រាជាណាចក្រ។ ពិត​មែន យើង​មិន​អាច​ធ្វើ​អព្ភូតហេតុ​មែន​ទែន​ដូច​ព្រះ​យេស៊ូ​បាន​ធ្វើ​នោះ​ទេ។ បើ​និយាយ​ជា​អត្ថបដិរូប ការ​ប្រព្រឹត្ត​សេចក្ដី​សប្បុរស​គឺ​ធ្វើ​ឲ្យ​កើត​មាន​អព្ភូតហេតុ​ក្នុង​ការ​បំបាត់​សេចក្ដី​ប្រកាន់​ដល់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

អាកប្បកិរិយា​របស់​ប៉ុល​ដល់​មនុស្ស«ខាង​ក្រៅ»

៥, ៦. តើ​សាវ័ក​ប៉ុល​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​សាសន៍​យូដា​ដែល​ជា​អ្នក​នៅ«ខាង​ក្រៅ»យ៉ាង​ដូច​ម្ដេច?

៥ ក្នុង​សំបុត្រ​ពីរ​បី​ច្បាប់​របស់​គាត់ សាវ័ក​ប៉ុល​សំដៅ​ទៅ​មនុស្ស «ក្រៅ» ឬ «ខាង​ក្រៅ» ដែល​ជា​ពួក​ឥត​គ្រីស្ទាន មិន​ថា​សាសន៍​យូដា ឬ​ក៏​សាសន៍​ដទៃ។ (កូរិនថូស​ទី​១ ៥:១២; ថែស្សាឡូនីច​ទី​១ ៤:១២; ធីម៉ូថេ​ទី​១ ៣:៧) តើ​គាត់​បាន​ប្រស្រ័យ​ទាក់​ទង​ដល់​មនុស្ស​បែប​នោះ យ៉ាង​ដូច​ម្ដេច? គាត់‹បាន​ធ្វើ​ឲ្យ​ដូច​មនុស្ស​ទាំង​អស់​ក្នុង​គ្រប់​កាលៈទេសៈ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ›។ (កូរិនថូស​ទី​១ ៩:២០​-​២២) ពេល​ដែល​គាត់​បាន​មក​ដល់​ទី​ក្រុង មុន​ដំបូង របៀប​នៃ​ការ​ផ្សាយ​របស់​គាត់ គឺ​ទៅ​សាសន៍​យូដា​ដែល​រស់​នៅ​ទី​នោះ។ តើ​គាត់​បាន​សម្ដែង​យ៉ាង​ដូច​ម្ដេច? ដោយ​ប៉ិន​ប្រសប់​ហើយ​គោរព គាត់​បាន​ផ្ដល់​ភស្តុ​តាង​ពី​ព្រះ​គម្ពីរ​ដ៏​គួរ​ឲ្យ​ជឿ ដែល​ថា​ព្រះ​មេស្ស៊ី​បាន​មក​ហើយ បាន​សោយ​ទិវង្គត​ជា​យញ្ញ​បូជា ហើយ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—កិច្ច​ការ ១៣:៥, ១៤​-​១៦, ៤៣; ១៧:១​-​៣, ១០

៦ តាម​របៀប​នេះ ប៉ុល​បាន​បណ្ដុះ​ចំណេះ​នៃ​ច្បាប់​ដល់​សាសន៍​យូដា និង​ព្យាការី ដើម្បី​បង្រៀន​គេ​អំពី​ព្រះ​មេស្ស៊ី​និង​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ ហើយ​គាត់​បាន​ជោគ​ជ័យ​ក្នុង​ការ​ផ្ដល់​ឲ្យ​អ្នក​ខ្លះ​មាន​ជំនឿ។ (កិច្ច​ការ ១៤:១; ១៧:៤) ថ្វី​បើ​មាន​ការ​បៀត​បៀន​ដោយ​មេ​ដឹក​នាំ​សាសន៍​យូដា​ក្ដី ប៉ុល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​កក់​ក្ដៅ​ដល់​ពួក​យូដា ពេល​គាត់​បាន​សរសេរ​ថា៖ «បង​ប្អូន​អើយ បំណង​ចិត្ត​ខ្ញុំ នឹង​សេចក្ដី​ដែល​ខ្ញុំ​អង្វរ​ដល់​ព្រះ ឲ្យ[សាសន៍​អ៊ីស្រាអែល]នោះ​គឺ​ឲ្យ​គេ​បាន​សង្គ្រោះ ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​ព្រះ ប៉ុន្តែ មិន​មែន​ដោយ​ប្រាជ្ញា​ទេ»។—រ៉ូម ១០:១, ២

ជួយ​ពួក​អ្នក​ជំនឿ​ដែល​មិន​មែន​សាសន៍​យូដា

៧. តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​ចូល​សាសនា​យូដា​ជា​ច្រើន ប្រព្រឹត្ត​តាម​ដំណឹង​ល្អ​ដែល​ប៉ុល​បាន​ផ្សាយ?

៧ ពួក​ដែល​ចូល​សាសនា​យូដា​ជា​ពួក​សាសន៍​ដទៃ​ដែល​បាន​កាត់​ស្បែក ដែល​កាន់​លទ្ធិ​យូដា​និយម។ ជាក់​ស្តែង​ណាស់ មាន​ពួក​ចូល​សាសនា​យូដា​រស់​នៅ​ក្នុង​រ៉ូម អាន់ទីយ៉ូក​នៅ​ស្រុក​ស៊ីរី ស្រុក​អេស្យូពី និង​អាន់ទីយ៉ូក​នៅ​ស្រុក​ពីស៊ីឌា—មែន​ហើយ គឺ​រស់​នៅ​ដ៏​រប៉ាត់​រប៉ាយ។ (កិច្ច​ការ ២:៨​-​១០; ៦:៥; ៨:២៧; ១៣:១៤, ៤៣; ប្រៀប​ធៀប ម៉ាថាយ ២៣:១៥) មិន​ដូច​ពួក​គ្រប់​គ្រង​សាសន៍​យូដា ពួក​អ្នក​ចូល​សាសនា​យូដា​ប្រហែល​មិន​ក្រ​អើត​ក្រ​ទង​ទេ ហើយ​គេ​ក៏​មិន​អាច​អួត​ថា​ពួក​គេ​ជា​ពូជ​របស់​លោក​អ័ប្រាហាំ​ឡើយ។ (ម៉ាថាយ ៣:៩; យ៉ូហាន ៨:៣៣) ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ​ពាហិរជន ហើយ​បាន​បែរ​យ៉ាង​សុភាព​ទៅ​ព្រះ​យេហូវ៉ា ដោយ​យក​ចំណេះ​អំពី​ទ្រង់​និង​ក្រិត្យ​វិន័យ​របស់​ទ្រង់។ ហើយ​ពួក​គេ​បាន​ទទួល​ស្គាល់​សេចក្ដី​សង្ឃឹម​សាសន៍​យូដា​នៃ​ព្រះ​មេស្ស៊ី​ដែល​នឹង​យាង​មក។ ដោយ​បាន​បង្ហាញ​សេចក្ដី​ស្ម័គ្រ​ចិត្ត​នូវ​ការ​កែ​ប្រែ​ក្នុង​ការ​ស្វែង​រក​សេចក្ដី​ពិត ពួក​គេ​ជា​ច្រើន​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​កែ​ប្រែ​ថែម​ទៀត ហើយ​ប្រព្រឹត្ត​តាម​ការ​ផ្សាយ​នៃ​សាវ័ក​ប៉ុល។ (កិច្ច​ការ ១៣:៤២, ៤៣) ពេល​ដែល​បុគ្គល​ចូល​សាសនា​យូដា ដែល​ធ្លាប់​ថ្វាយ​បង្គំ​ព្រះ​ពាហិរជន​បាន​ប្ដូរ​ទៅ​សាសនា​គ្រីស្ទាន គាត់​បាន​ប្រដាប់​យ៉ាង​ពិសេស​ដើម្បី​ធ្វើ​បន្ទាល់​ទៅ​សាសន៍​ដទៃ ដែល​នៅ​ថ្វាយ​បង្គំ​ព្រះ​ទាំង​នោះ។

៨, ៩. (ក) ក្រៅ​ពី​ពួក​អ្នក​ចូល​សាសនា​យូដា តើ​មាន​ក្រុម​ណា​ទៀត​នៃ​ពួក​សាសន៍​ដទៃ ដែល​បាន​ចាប់​អារម្មណ៍​នឹង​សាសនា​យូដា? (ខ) តើ​ពួក​អ្នក​កោត​ខ្លាច​ដល់​ព្រះ​ដែល​មិន​បាន​កាត់​ស្បែក ទទួល​យក​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​តាម​របៀប​ណា?

៨ ក្រៅ​ពី​ពួក​ចូល​សាសនា​យូដា​ដែល​បាន​កាត់​ស្បែក ពួក​អ្នក​សាសន៍​ដទៃ​ខ្លះ​បាន​ចាប់​អារម្មណ៍​លើ​សាសនា​យូដា។ បុគ្គល​ទី​មួយ​ដែល​បាន​ក្លាយ​ជា​គ្រីស្ទាន គឺ​កូនេលាស ទោះ​ជា​ឥត​បាន​ចូល​សាសនា​យូដា​ក៏​ដោយ គាត់​ជា«អ្នក​គោរព ហើយ​កោត​ខ្លាច​ដល់​ព្រះ»។ (កិច្ច​ការ ១០:២) សាស្ដ្រាចារ្យ​ហ្រីកឌឺរិក ប្រូស ក្នុង​យោបល់​របស់​លោក​អំពី​សៀវភៅ​កិច្ច​ការ បាន​សរសេរ​ថា៖ «ពួក​សាសន៍​ដទៃ​បែប​នោះ បាន​ត្រូវ​ហៅ​ជា​ទូទៅ‹ពួក​អ្នក​កោត​ខ្លាច​ដល់​ព្រះ› ឯ​នេះ​មិន​មែន​ពាក្យ​ដ៏​ល្អិត​ល្អន់​ទេ តែ​ជា​ពាក្យ​ស្រួល​ប្រើ។ ពួក​សាសន៍​ដទៃ​ជា​ច្រើន​នៅ​ពេល​នោះ មិន​បាន​ប្រុង​ប្រៀប​ក្លាយ​ទៅ​ជា​ពួក​កាន់​លទ្ធិសាសនា​យូដា​និយម​ទេ (សេចក្ដី​តម្រូវ​ឲ្យ​កាត់​ស្បែក​ជា​ការ​ជំពប់​ចំពោះ​មនុស្ស​ប្រុស) បាន​ទាញ​ចិត្ត​ដោយ​ឯក​ទិ​ទេព​និយម​នៃ​កន្លែង​ថ្វាយ​បង្គំ​យូដា ហើយ​ដោយ​ខ្នាត​គំរូ​ខាង​សីលធម៌​នៃ​ជីវិត​សាសន៍​យូដា។ ពួក​គេ​ខ្លះ​បាន​ទៅ​សាល​ប្រជុំ​ហើយ​បាន​ដឹង​អំពី​សេចក្ដី​អធិស្ឋាន និង​មេ​រៀន​ព្រះ​គម្ពីរ ដែល​ពួក​គេ​បាន​ឮ​ក្នុង​សេចក្ដី​បក​ប្រែ​គម្ពីរ»។

៩ សាវ័ក​ប៉ុល​បាន​ជួប​ពួក​អ្នក​កោត​ខ្លាច​ព្រះ​ជា​ច្រើន ពេល​ដែល​កំពុង​នៅ​ឯ​សាលា​ប្រជុំ​ក្នុង​ភូមិ​ភាគ​អាស៊ីមីនើរ​និង​ប្រទេស​ក្រិក។ ក្នុង​ក្រុង​អាន់ទីយ៉ូក​នៅ​ប្រទេស​ពីស៊ីឌា លោក​បាន​សំដៅ​ទៅ​ពួក​ដែល​បាន​ផ្ដុំ​គ្នា ជា«ពួក​សាសន៍​អ៊ីស្រាអែល នឹង​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ»។ (កិច្ច​ការ ១៣:១៦, ២៦) លូកា​បាន​សរសេរ​ថា ក្រោយ​ពី​ប៉ុល​បាន​ផ្សាយ​អស់​បី​ថ្ងៃ​ក្នុង​សាលា​ប្រជុំ​នៃ​ក្នុង​ក្រុង​ថែស្សាឡូនីច «ពួក​អ្នក​នោះ​ខ្លះ[ពួក​យូដា]ក៏​យល់​ព្រម[ពួក​គ្រីស្ទាន]ហើយ​បាន​ចូល​ខាង​ប៉ុល នឹង​ស៊ីឡាស ព្រម​ទាំង​ពួក​សាសន៍​ក្រេក​សន្ធឹក ដែល​តែង​តែ​ថ្វាយ​បង្គំ​ព្រះ នឹង​ពួក​ស្រី​អ្នក​មុខ​ជា​ក្រែល​ដែរ»។ (កិច្ច​ការ ១៧:៤) ប្រហែល​ពួក​ក្រិក​ខ្លះ ជា​អ្នក​កោត​ខ្លាច​ព្រះ​ដែល​មិន​បាន​កាត់​ស្បែក។ គឺ​មាន​ទី​សំអាង​ជា​ច្រើន​ដែល​ពួក​សាសន៍​ដទៃ​បែប​នេះ បាន​ចូល​រួម​ជា​មួយ​សហគមន៍​យូដា។

ការ​ផ្សាយ​ក្នុង​ចំណោម«ពួក​មនុស្ស​មិន​ជឿ»

១០. តើ​តាម​របៀប​ណា​ដែល​ប៉ុល​ផ្សាយ​ដំណឹង​ល្អ​ទៅ​ពួក​សាសន៍​ដទៃ ដែល​ឥត​មាន​ចំណេះ​អំពី​ព្រះ​គម្ពីរ ហើយ​អ្វី​ជា​លទ្ធផល?

១០ នៅ​ក្នុង​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក ពាក្យ«ពួក​មនុស្ស​មិន​ជឿ» អាច​សំដៅ​ទៅ​មនុស្ស​ទូទៅ​នៅ​ខាង​ក្រៅ​ក្រុម​ជំនុំ​គ្រីស្ទាន។ ជា​ញឹក​ញាប់​គឺ​សំដៅ​ទៅ​ពួក​ពាហិរជន។ (រ៉ូម ១៥:៣១; កូរិនថូស​ទី​១ ១៤:២២, ២៣; កូរិនថូស​ទី​២ ៤:៤; ៦:១៤) នៅ​ក្រុង​អាថែន ពួក​អ្នក​មិន​ជឿ​ជា​ច្រើន​បាន​ចេះ​ដឹង​ក្នុង​ទស្សនវិជ្ជា​ក្រិក ដោយ​គ្មាន​ចំណេះ​អំពី​បទ​គម្ពីរ​ទាល់​តែ​សោះ។ តើ​នេះ​ធ្វើ​ឲ្យ​ប៉ុល​បាក់​ទឹក​ចិត្ត​ក្នុង​ការ​ធ្វើ​បន្ទាល់​ដល់​ពួក​គេ​ឬ? មិន​មែន​ទេ។ ប៉ុន្តែ គាត់​បាន​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ។ គាត់​បាន​សម្ដែង​បទ​គម្ពីរ​ដ៏​ប៉ិន​ប្រសប់​ដោយ​មិន​ស្រង់​ចំ​ៗ​ពី​បទ​គម្ពីរ​ហេព្រើរ ដែល​ពួក​អាថែន​មិន​សូវ​ដឹង​នោះ។ គាត់​បង្ហាញ​យ៉ាង​ប៉ិន​ប្រសប់​នូវ​ការ​ស្រដៀង​គ្នា​រវាង​សេចក្ដី​ពិត​ព្រះ​គម្ពីរ​និង​គំនិត​ខ្លះ ដែល​បាន​សម្ដែង​ដោយ​កវី​ស្ទូអិក​សម័យ​បុរាណ។ ហើយ​គាត់​ថ្លែង​ប្រាប់​អំពី​ព្រះ​ពិត​តែ​មួយ​សំរាប់​មនុស្សជាតិ ជា​ព្រះ​ដែល​នឹង​ជំនុំ​ជំរះ​សេចក្ដី​សុចរិត តាម​រយៈ​បុគ្គល​មួយ​អង្គ​ដែល​បាន​សោយ​ទិវង្គត​ហើយ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ដូច្នេះ ប៉ុល​បាន​ផ្សាយ​យ៉ាង​ប៉ិន​ប្រសប់​អំពី​ព្រះ​គ្រីស្ទ​ទៅ​ពួក​អាថែន។ តើ​មាន​លទ្ធផល​អ្វី? ថ្វី​បើ​ភាគ​ច្រើន​បាន​សើច​ចំអក​ដាក់​គាត់ ឬ​ចេះ​តែ​សង្ស័យ​ក៏​ដោយ «មាន​មនុស្ស​ខ្លះ​ត្រូវ​ចិត្ត​ជាប់​នឹង​គាត់ ព្រម​ទាំង​ជឿ​ផង ក្នុង​ពួក​នោះ​មាន​ឈ្មោះ​ឌេវនីស ជា​ចៅ​ក្រម​នៅ​ភ្នំ​អើរីយ៉ូស នឹង​ស្ត្រី​ម្នាក់​ឈ្មោះ​ដាម៉ារីស ហើយ​នឹង​អ្នក​ខ្លះ​ទៀត​ដែរ»។—កិច្ច​ការ ១៧:១៨, ២១​-​៣៤

១១. តើ​ក្រុង​កូរិនថូស​ជា​ក្រុង​ប្រភេទ​ណា ហើយ​អ្វី​ជា​លទ្ធផល​នៃ​សកម្មភាព​ផ្សាយ​របស់​ប៉ុល​នៅ​ទី​នោះ?

១១ នៅ​ក្រុង​កូរិនថូស​ក៏​មាន​សហគមន៍​យូដា​ដ៏​ធំ​ដែរ ដូច្នេះ ប៉ុល​ចាប់​ផ្ដើម​កិច្ច​បំរើ​របស់​គាត់​នៅ​ទី​នោះ ដោយ​ផ្សាយ​នៅ​ឯ​សាលា​ប្រជុំ។ ប៉ុន្តែ ពេល​ពួក​យូដា​ក្លាយ​ទៅ​ជា​ប្រឆាំង​វិញ ប៉ុល​ក៏​ទៅ​ផ្សាយ​ដល់​ពួក​សាសន៍​ដទៃ។ (កិច្ច​ការ ១៨:១​-​៦) ហើយ​មាន​មនុស្ស​ដ៏​ច្រើន​មែន! កូរិនថូស​ជា​ទី​ក្រុង​ដ៏​រវល់ ដែល​មាន​មនុស្ស​ពី​គ្រប់​តំបន់ ខាង​ពាណិជ្ជកម្ម ដែល​ល្បី​ទូទាំង​ពិភព​ក្រិក​-​រ៉ូម ដោយ​ព្រោះ​អំពើ​ឥត​សីលធម៌។ មែន​ហើយ «ការ​ធ្វើ​ដូច​ពួក​កូរិនថូស» មាន​ន័យ​ថា​ប្រព្រឹត្ត​ដោយ​ឥត​សីលធម៌។ ប៉ុន្តែ គឺ​ក្រោយ​ពី​ពួក​យូដា​បាន​បដិសេធ​ការ​ផ្សាយ​របស់​ប៉ុល ដែល​ព្រះ​គ្រីស្ទ​បាន​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​គាត់​ឃើញ ហើយ​មាន​បន្ទូល​ថា៖ «កុំ​ខ្លាច​អ្វី ចូរ​សម្ដែង​ទៅ កុំ​នៅ​ស្ងៀម​ឡើយ ខ្ញុំ​ក៏​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នេះ​ដែរ»។ (កិច្ច​ការ ១៨:៩, ១០) ពិត​ប្រាកដ​មែន ប៉ុល​បាន​ស្ថាបនា​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស ទោះ​បី​សមាជិក​ខ្លះ​ធ្លាប់​មាន​ជីវិត​រស់​នៅ​ដូច«ពួក​កូរិនថូស»ក៏​ដោយ។—កូរិនថូស​ទី​១ ៦:៩​-​១១

ខំ​ប្រឹង​សង្គ្រោះ«មនុស្ស​ទាំង​ឡាយ»សព្វ​ថ្ងៃ​នេះ

១២, ១៣. (ក) តើ​តំបន់​យើង​សព្វ​ថ្ងៃ​នេះ មាន​សភាព​ដូច​សម័យ​ប៉ុល យ៉ាង​ដូច​ម្ដេច? (ខ) តើ​អ្វី​ជា​អាកប្បកិរិយា​ដែល​យើង​ត្រូវ​មាន ក្នុង​តំបន់​ដែល​ពិភព​គ្រីស្ទ​សាសនា​បាន​នៅ​ទី​នោះ​ជា​យូរ​មក​ហើយ ឬ​កន្លែង​ដែល​មនុស្ស​បាន​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង​នឹង​សាសនា​ធំ​ៗ?

១២ សព្វ​ថ្ងៃ​នេះ ដូច​នៅ​សតវត្ស​ទី​មួយ «ព្រះ​គុណ​នៃ​ព្រះ . . . នាំ​សេចក្ដី​សង្គ្រោះ​មក​ដល់​មនុស្ស​ទាំង​ឡាយ»។ (ទីតុស ២:១១) តំបន់​សំរាប់​ការ​ផ្សាយ​ដំណឹង​ល្អ​បាន​រីក​ចំរើន​នៅ​គ្រប់​ទ្វីប និង​កោះ​ជា​ច្រើន​នៃ​សមុទ្រ។ ហើយ ដូច​នៅ​សម័យ​របស់​ប៉ុល គឺ​បាន​ជួប​ប្រទះ«មនុស្ស​ទាំង​ឡាយ»។ ជា​ឧទាហរណ៍ ពួក​យើង​ខ្លះ​ៗ​ផ្សាយ​នៅ​កន្លែង​ដែល​និកាយ​នៃ​ពិភពគ្រីស្ទ​សាសនា​បាន​ស្ថាបនា​អស់​រាប់​សតវត្ស​មក​ហើយ។ ដូច​ពួក​យូដា​នៅ​សតវត្ស​ទី​មួយ សមាជិក​ជា​ច្រើន​របស់​គេ​ប្រហែល​មាន​ជំនឿ​យ៉ាង​ខ្លាំង​តាម​ទំនៀម​ទម្លាប់​សាសនា។ យ៉ាង​ណា​ក៏​ដោយ យើង​មាន​ចិត្ត​រីករាយ​ក្នុង​ការ​ស្វែង​រក​បុគ្គល​ដែល​មាន​ចិត្ត​ល្អ ហើយ​ចំរើន​ចំណេះ​ដែល​គេ​មាន​លើ​ព្រះ​គម្ពីរ។ យើង​មិន​មើល​ងាយ​គេ ឬ​ប្រមាថ​គេ​ទេ ថ្វី​បើ​ពួក​ដឹក​នាំ​សាសនា​របស់​គេ ពេល​ខ្លះ​ប្រឆាំង​និង​បៀត​បៀន​យើង​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ យើង​ទទួល​ស្គាល់​ថា​ពួក​អ្នក​ខ្លះ​ក្នុង​ចំណោម​គេ​ប្រហែល​មាន«សេចក្ដី​ឧស្សាហ៍​ដល់​ព្រះ» ថ្វី​បើ​ខ្វះ​ខាត​ចំណេះ​ត្រឹម​ត្រូវ។ ដូច​ព្រះ​យេស៊ូ​និង​ប៉ុល យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពិត​ចំពោះ​មនុស្ស ហើយ​យើង​មាន​សេចក្ដី​ប្រាថ្នា​ដ៏​ខ្លាំង​ក្លា ឲ្យ​គេ​បាន​សង្គ្រោះ។—រ៉ូម ១០:២

១៣ ពេល​ដែល​ផ្សាយ យើង​ជួប​មនុស្ស​ដែល​បាន​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​សាសនា​ធំ​ៗ។ ប៉ុន្តែ ប្រហែល​ជា​គេ​នៅ​កោត​ខ្លាច​ព្រះ ដោយ​ជឿ​លើ​ព្រះ​ដល់​មួយ​កំរិត ហើយ​ខំ​ប្រកប​ជីវិត​ឲ្យ​បាន​ទៀង​ត្រង់។ ក្នុង​ជំនាន់​មនុស្ស​ដ៏​វៀច​វេរ​និង​ដ៏​ល្មើស​នេះ តើ​យើង​មិន​សប្បាយ​ទេ​ឬ ដោយ​ជួប​មនុស្ស​ដែល​មាន​ជំនឿ​ខ្លះ​លើ​ព្រះ​នោះ? ហើយ​តើ​យើង​មិន​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​ប្រាប់​គេ​អំពី​បែប​បទ​នៃ​ការ​ថ្វាយ​បង្គំ ដែល​ឥត​មាន​ការ​លាក់​ពុត​និង​ភាព​ក្លែង​ក្លាយ​ទេ​ឬ?—ភីលីព ២:១៥

១៤, ១៥. តើ​តាម​របៀប​ណា​ដែល​តំបន់​ដ៏​ធំ​ក្លាយ​ទៅ​ជា​មាន​សំរាប់​ការ​ផ្សាយ​ដំណឹង​ល្អ?

១៤ ក្នុង​រឿង​ប្រៀប​ប្រដូច​នៃ​អួន ព្រះ​យេស៊ូ​បាន​ទាយ​ប្រាប់​ថា​នឹង​មាន​តំបន់​ធំ​សំរាប់​កិច្ច​ការ​ផ្សាយ។ (ម៉ាថាយ ១៣:៤៧​-​៤៩) ដោយ​ពន្យល់​រឿង​ប្រៀប​ប្រដូច​នេះ ប៉ម​យាម នៃ ១៥ មិថុនា ១៩៩២ បាន​ចែង​លើ​ទំព័រ ២០ ថា៖ «ជា​ច្រើន​សតវត្ស​មក ពួក​សមាជិក​នៃ​ពិភព​គ្រីស្ទ​សាសនា បាន​ដើរ​តួ​ដ៏​សំខាន់​ក្នុង​ការ​បក​ប្រែ បោះ​ពុម្ព និង​ការ​ចែក​ចាយ​បន្ទូល​នៃ​ព្រះ។ ក្រោយ​មក ពួក​និកាយ​សាសនា ក៏​បាន​បង្កើត​ឬ​គាំទ្រ​សមាគម​ព្រះ​គម្ពីរ ដែល​បក​ប្រែ​ព្រះ​គម្ពីរ​ក្នុង​ភាសា​នៃ​ស្រុក​ដ៏​ដាច់​ស្រយាល។ គេ​ក៏​បញ្ជូន​ពួក​សាសនទូត​ខាង​ព្យាបាល​និង​គ្រូ ដែល​បង្កើត​បាន​គ្រីស្ទាន​ដែល​គិត​តែ​ពី​ប្រយោជន៍​ខ្លួន។ នេះ​បាន​នាំ​ចូល​មួយ​ចំនួន​ធំ​នៃ​ត្រី​ដែល​មិន​ល្អ ដែល​ព្រះ​ឥត​យល់​ព្រម។ ប៉ុន្តែ យ៉ាង​ហោច​ណាស់ ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ដែល​ឥត​កាន់​គ្រីស្ទាន ឲ្យ​មាន​ព្រះ​គម្ពីរ ហើយ​កាន់​តាម​បែប​បទ​គ្រីស្ទាន ទោះ​ជា​មាន​ការ​ពុក​រលួយ​ក៏​ដោយ»។

១៥ ការ​នាំ​ឲ្យ​ចូល​សាសនា​ដោយ​ពួក​ពិភព​គ្រីស្ទ​សាសនា មាន​ប្រសិទ្ធិភាព​ជា​ពិសេស​នៅ​អាមេរិក​ខាង​ត្បូង អាហ្វ្រិក និង​កោះ​ខ្លះ​នៃ​សមុទ្រ។ ក្នុង​សម័យ​យើង​នេះ បាន​រក​ឃើញ​មនុស្ស​រាប​សា​ជា​ច្រើន​ក្នុង​កន្លែង​នេះ ហើយ​យើង​អាច​បន្ត​ធ្វើ​ការ​ច្រើន បើ​យើង​មាន​អាកប្បកិរិយា​ដ៏​វិជ្ជមាន​និង​ដ៏​ស្រឡាញ់​ដល់​មនុស្ស​រាប​ទាប ដូច​ប៉ុល​មាន​លើ​ពួក​ចូល​សាសនា​យូដា​នោះ។ ក្នុង​ចំណោម​ពួក​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​របស់​យើង គឺ​ក្នុង​ពួក​រាប់​លាន​នាក់ ដែល​បាន​ត្រូវ​ហៅ​ថា «អ្នក​ដែល​មាន​បំណង​ស្មើ​គ្នា​នឹង»ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ពួក​គេ​តែង​មាន​ចិត្ត​រីករាយ ក្នុង​ការ​ឃើញ​យើង​ទៅ​ជួប​គេ។ អ្នក​ខ្លះ​បាន​រៀន​ព្រះ​គម្ពីរ​ជា​មួយ​យើង ហើយ​បាន​មក​ឯ​កិច្ច​ប្រជុំ ជា​ពិសេស​នៅ​ឯ​ពិធី​បុណ្យ​រំឭក​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​គ្រីស្ទ។ តើ​ពួក​នេះ មិន​តំណាង​នូវ​កន្លែង​ដ៏​ធំ​ចំពោះ​ការ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​ទេ​ឬ?

១៦, ១៧. (ក) តើ​មនុស្ស​ប្រភេទ​ណា​ដែល​យើង​ផ្សាយ​ដំណឹង​ល្អ​ប្រាប់​នោះ? (ខ) តើ​យើង​កាន់​តាម​គំរូ​ប៉ុល​ក្នុង​ការ​ផ្សាយ​ដល់​មនុស្ស​ផ្សេង​ៗ​យ៉ាង​ដូច​ម្ដេច?

១៦ ម្យ៉ាង​ទៀត ចុះ​យ៉ាង​ណា​វិញ ចំពោះ​អ្នក​ដែល​មក​ពី​វប្បធម៌​ដែល​នៅ​ខាង​ក្រៅ​ពិភព​គ្រីស្ទ​សាសនា—មិន​ថា​យើង​ជួប​គេ​ក្នុង​ស្រុក​របស់​គេ ឬ​ជា​អន្ដោប្រវេសន៍​នៅ​ក្នុង​ប្រទេស​ខាង​លិច? ហើយ​ចុះ​យ៉ាង​ណា​វិញ ចំពោះ​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​បដិសេធ​សាសនា ដែល​ក្លាយ​ទៅ​ជា​អ្នក​មិន​ជឿ​ព្រះ ឬ​ថា​ឥត​មាន​ព្រះ​នោះ? ម្យ៉ាង​វិញ​ទៀត ចុះ​យ៉ាង​ណា​ដែរ ចំពោះ​អ្នក​ដែល​កាន់​តាម​ទស្សនៈ​វិទូ​ខាង​ទំនើប ដែល​បោះ​ពុម្ព​សៀវភៅ​នៃ​ការ​ជួយ​ខ្លួន​ឯង ដែល​មាន​ក្នុង​ហាង? តើ​យើង​ត្រូវ​បដិសេធ​មនុស្ស​បែប​នេះ ដោយ​ចាត់​ទុក​ថា​មិន​អាច​លោះ​បាន​ឬ? បើ​យើង​ធ្វើ​តាម​គំរូ​របស់​សាវ័ក​ប៉ុល នោះ​យើង​មិន​មាន​គំនិត​ដូច្នេះ​ទេ។

១៧ ពេល​ដែល​ផ្សាយ​នៅ​ក្រុង​អាថែន ប៉ុល​មិន​បាន​ធ្លាក់​ចូល​អន្ទាក់​នៃ​ការ​ប្រកែក​ខាង​ទស្សនៈ​ជា​មួយ​ពួក​អ្នក​ស្ដាប់​របស់​គាត់​ឡើយ។ ប៉ុន្តែ គាត់​បាន​ប្រែ​ប្រួល​ការ​វែក​ញែក​របស់​គាត់ ជា​មួយ​មនុស្ស​ដែល​គាត់​និយាយ​ជា​មួយ ដោយ​បង្ហាញ​សេចក្ដី​ពិត​ព្រះ​គម្ពីរ តាម​របៀប​ដ៏​ច្បាស់​ហើយ​ដ៏​សម​ហេតុ​ផល។ ស្រដៀង​គ្នា​ដែរ យើង​មិន​ចាំ​បាច់​ក្លាយ​ទៅ​ជា​អ្នក​ជំនាញ​សាសនា​ទេ ឬ​ពួក​ទស្សនៈ​វិទូ​នៃ​មនុស្ស​ដែល​យើង​ផ្សាយ​ទៅ​ឡើយ។ ប៉ុន្តែ យើង​អាច​ប្រែ​ប្រួល​ការ​និយាយ​របស់​យើង ដើម្បី​ធ្វើ​ឲ្យ​ការ​ផ្សាយ​របស់​យើង​មាន​ប្រសិទ្ធិភាព ដែល​ក្លាយ​ទៅ​ជា«គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់»។ (កូរិនថូស​ទី​១ ៩:២២) ក្នុង​ការ​សរសេរ​សំបុត្រ​ទៅ​ក្រុង​កូល៉ុស ប៉ុល​បាន​ថ្លែង​ថា៖ «ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ​គុណ​ជា​និច្ច ទាំង​បង់​អំបិល​ផង ដើម្បី​ឲ្យ​ដឹង​ជា​បែប​យ៉ាង​ណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​និមួយ​ៗ»។—កូល៉ុស ៤:៥, ៦

១៨. តើ​ភារកិច្ច​អ្វី​ដែល​យើង​មាន ហើយ​តើ​យើង​មិន​ត្រូវ​ភ្លេច​អ្វី?

១៨ ដូច​ព្រះ​យេស៊ូ​និង​សាវ័ក​ប៉ុល សូម​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស​ទាំង​អស់។ ជា​ពិសេស សូម​ឲ្យ​យើង​ខំ​ខ្នះ​ខ្នែង​ដើម្បី​ចូល​រួម​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​ដល់​អ្នក​ដទៃ។ ម្យ៉ាង​ទៀត សូម​ឲ្យ​យើង​កុំ​ភ្លេច​នូវ​អ្វី​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ទ្រង់​ថា៖ «គេ​មិន​មែន​ជា​របស់​ផង​លោកីយ៍»។ (យ៉ូហាន ១៧:១៦) សេចក្ដី​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង នឹង​ត្រូវ​ពិចារណា​មើល​ថែម​ទៀត​ក្នុង​អត្ថបទ​ជា​បន្ទាប់។

តាម​របៀប​សើរើ​ឡើង​វិញ

◻ សូម​រៀប​រាប់​អាកប្បកិរិយា​ដ៏​ថ្លឹង​ថ្លែង​របស់​ព្រះ​យេស៊ូ​ចំពោះ​លោកីយ៍។

◻ តើ​តាម​របៀប​ណា​ដែល​សាវ័ក​ប៉ុល​ផ្សាយ​ដល់​ពួក​យូដា​និង​ពួក​ចូល​សាសនា​យូដា?

◻ តើ​ប៉ុល​និយាយ​ដល់​មនុស្ស​ដែល​កោត​ខ្លាច​ព្រះ​និង​មនុស្ស​មិន​ជឿ​ព្រះ​យ៉ាង​ដូច​ម្ដេច?

◻ តើ​តាម​របៀប​ណា​ដែល​យើង​អាច«គ្រប់​សណ្ឋាន​ទាំង​អស់​ដល់​មនុស្ស​ទាំង​អស់» ក្នុង​សកម្មភាព​ផ្សាយ​របស់​យើង?

[រូប​ភាព​នៅ​ទំព័រ​៨]

ដោយ​ប្រព្រឹត្ត​សេចក្ដី​សប្បុរស​ដល់​ពួក​អ្នក​ជិត​ខាង​របស់​គេ ពួក​គ្រីស្ទាន​តែង​ធ្វើ​ឲ្យ​លែង​មាន​មនុស្ស​ប្រកាន់​គេ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក