របាយការណ៍ពីពួកអ្នកប្រកាសព្រះរាជាណាចក្រ
«រាស្ត្ររបស់ឯងគេថ្វាយខ្លួនស្ម័គ្រពីចិត្ត»
លោក ណាម៉ាន់ ដែលជាមេទ័ពដ៏ខ្លាំងពូកែរបស់សាសន៍ស៊ីរី មានរោគឃ្លង់។ ប្រសិនបើមិនព្យាបាលទេ រោគដែលគួរឲ្យខ្ពើមនេះអាចធ្វើឲ្យខូចរូបកាយហើយធ្វើឲ្យស្លាប់ដែរ។ តើលោកណាម៉ាន់នឹងធ្វើយ៉ាងណា? ក្នុងចំណោមពួកអ្នកដែលរស់នៅក្នុងផ្ទះរបស់លោកណាម៉ាន់ នោះគឺមានក្មេងស្រីម្នាក់ ដែលគេ‹ចាប់នាំមកពីស្រុកអ៊ីស្រាអែល›។ នាងបាននិយាយយ៉ាងក្លាហាន ហើយបានប្រាប់អំពីព្យាការីអេលីសេ ជាបុគ្គលដែលអាចជួយលោកណាម៉ាន់ឲ្យជាបាន។—ពង្សាវតារក្សត្រទី២ ៥:១-៣
ដោយព្រោះជំហរដ៏ក្លាហានរបស់នាង នោះលោកណាម៉ាន់ក៏ទៅរកព្យាការីអេលីសេ ហើយក៏បានជាទៅ។ ថែមទៀតនោះ លោកណាម៉ាន់ក៏ក្លាយទៅជាអ្នកថ្វាយបង្គំរបស់ព្រះយេហូវ៉ាដែរ! ការពិសោធនេះដែលបានកត់ទុកក្នុងព្រះគម្ពីរ បានកើតឡើងនៅសតវត្សទីដប់ ម.ស.យ.។ (ពង្សាវតារក្សត្រទី២ ៥:៤-១៥) សព្វថ្ងៃនេះ ក្មេងៗជាច្រើនបង្ហាញសេចក្ដីក្លាហានដូចនេះដែរ ក្នុងការនិយាយប្រាប់ជាប្រយោជន៍នៃព្រះរាជាណាចក្រ។ ការពិសោធដូចតទៅនេះពីប្រទេសម៉ូសាប៊ិកបញ្ជាក់អំពីរឿងនេះ។
នូនូដែលមានអាយុប្រាំមួយឆ្នាំ គឺជាអ្នកផ្សាយដំណឹងល្អដែលមិនទាន់ជ្រមុជទឹក។ សូម្បីតែមុននឹងក្មេងនេះបានក្លាយទៅជាអ្នកផ្សាយដែលមិនទាន់ជ្រមុជទឹក នោះនូនូតែងប្រមូលក្មេងជាច្រើននៅសង្កាត់របស់គាត់ រួចមកក៏អធិស្ឋានទៅព្រះ ហើយបង្រៀនពួកគេអំពីព្រះគម្ពីរ ដោយប្រើប្រកាសនវត្ថុ សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ។
ជាច្រើនដង នូនូក្រោកឡើងពីព្រលឹមនៅថ្ងៃសៅរ៍ ហើយរំឭកគ្រួសាររបស់គាត់ថា៖ «ថ្ងៃនេះ យើងនឹងចេញទៅដើរផ្សាយ»។ ការខ្នះខ្នែងរបស់គាត់ចំពោះកិច្ចបំរើផ្សាយ គឺសម្ដែងឲ្យឃើញនៅតាមរបៀបផ្សេងៗទៀត។ កាលដែលទៅជាមួយឪពុកម្ដាយរបស់គាត់នៅតាមផ្លូវផ្សាយនៅក្រុងម៉ាភូតូ នូនូតែងទៅនិយាយជាមួយមនុស្សដោយខ្លួនឯង។ នៅគ្រាផ្សាយបែបនេះ អ្នកជំនួញម្នាក់ក៏មកឯគាត់ ហើយបានសួរថា៖ «ហេតុអ្វីក៏ឯងលក់ទស្សនាវដ្ដីទាំងនេះ»? នូនូបាននិយាយថា៖ «ខ្ញុំមិនលក់ទស្សនាវដ្ដីនេះ ប៉ុន្តែខ្ញុំព្រមទទួលវិភាគទាន ដើម្បីជួយចំពោះកិច្ចការផ្សាយ»។ អ្នកជំនួញនោះបានតបឆ្លើយថា៖ «ទោះជាខ្ញុំមិនចូលចិត្តក៏ដោយ តែខ្ញុំមានចិត្តសរសើរនឹងអាកប្បកិរិយានិងសមត្ថភាពរបស់អ្នកណាស់។ ខ្ញុំចង់ជួយជាវិភាគទានដល់កិច្ចការនេះ»។
នៅពេលផ្សេងមួយទៀត នូនូបានទៅនិយាយជាមួយបុរសនៅតាមផ្លូវ ហើយក៏ផ្ដល់ជូនសៀវភៅ សន្ដិភាពនិងសន្ដិសុខពិត—តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? ទៅឲ្យគាត់។ បុរសនេះបានសួរថា៖ «តើឯងមិនទៅសាលារៀននៅខាងណោះទេឬ»? នូនូបានឆ្លើយថា៖ «បាទ ខ្ញុំទៅសាលារៀននោះ ប៉ុន្តែថ្ងៃនេះខ្ញុំផ្សាយប្រកាសសារដ៏សំខាន់មួយពីសៀវភៅនេះ។ វាបង្ហាញថាលោកអាចរស់នៅក្នុងពិភពលោកថ្មី ដែលព្រះនឹងនាំមក ដូចបានបង្ហាញនៅក្នុងសៀវភៅនេះ»។ នូនូមិនបានដឹងថា បុរសដែលគាត់បាននិយាយជាមួយនោះ គឺជាគ្រូបង្រៀននៅឯសាលារៀនរបស់គាត់។ គ្រូនេះមិនគ្រាន់តែព្រមទទួលសៀវភៅនោះ ប៉ុន្តែឥឡូវនេះក៏ទទួលជារឿយៗនូវទស្សនាវដ្ដី ប៉មយាម និងភ្ញាក់រឭក! ពីនូនូ។
នៅពេលដែលគេបានសួរនូនូ នូវហេតុអ្វីបានជាគាត់ចូលចិត្តនឹងកិច្ចការផ្សាយនេះ គាត់និយាយថា៖ «ខ្ញុំចង់និយាយនឹងមនុស្ស ហើយបង្រៀនគេអំពីព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ ជាបុត្រារបស់ទ្រង់»។ គាត់និយាយទៀតថា៖ «ហើយប្រសិនបើមនុស្សមិនចង់ស្ដាប់ទេ នោះគឺគ្មានមូលហេតុនឹងទៅជាតូចចិត្តនោះទេ»។
ទូទាំងពិភពលោក គឺមានក្មេងជាច្រើនពាន់នាក់ដូចនូនូដែរ ដែល«គេថ្វាយខ្លួនស្ម័គ្រពីចិត្ត» ដើម្បីបង្រៀននិងប្រកាសផ្សាយអំពីព្រះរាជាណាចក្ររបស់ព្រះ។ (ទំនុកដំកើង ១១០:៣) ប៉ុន្តែ នេះមិនបានកើតឡើងដោយចៃដន្យនោះទេ។ ឪពុកម្ដាយដែលបង្រៀនកូនរបស់គេអំពីព្រះយេហូវ៉ាតាំងពីក្មេង ហើយទុកគំរូយ៉ាងល្អខាងកិច្ចបំរើផ្សាយ ហើយបានស្វែងរកផលប្រយោជន៍ព្រះរាជាណាចក្រយ៉ាងខ្នះខ្នែង នោះនឹងទទួលបានរង្វាន់យ៉ាងវិសេស។