បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៧ ទំ. ១០-១៥
  • សៀវភៅសំរាប់មនុស្សគ្រប់គ្នា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សៀវភៅសំរាប់មនុស្សគ្រប់គ្នា
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សៀវភៅ​ដែល​បាន​ចែក​ចាយ​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក
  • ប្រវត្ដិ​ចម្លែក​អស្ចារ្យ​ក្នុង​ការ​រក្សា​ទុក
  • បាន​បក​ប្រែ​ចូល​ជា​ភាសា​នៅ​រស់​នៃ​មនុស្ស​លោក
  • សម​គួរ​នឹង​ការ​ទុក​ចិត្ត​ទៅ​លើ​បាន
  • តើព្រះគម្ពីរពិតជាមកពីព្រះមែនឬ?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើតាមរបៀបណាគម្ពីរនៅគង់វង្សរហូតដល់សព្វថ្ងៃ?
    ភ្ញាក់រឭក! ២០០៧
  • ព្រះគម្ពីរខំប្រឹងពុះពារដើម្បីឲ្យបាននៅគង់វង់
    ព្រះគម្ពីរបន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស?
  • បន្ទូលនៃព្រះស្ថិតស្ថេរជាដរាប
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៧ ទំ. ១០-១៥

សៀវភៅ​សំរាប់​មនុស្ស​គ្រប់​គ្នា

«ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ»។—កិច្ច​ការ ១០:៣៤, ៣៥

១. តើ​សាស្ដ្រាចារ្យ​ម្នាក់​បាន​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច នៅ​ពេល​ដែល​គេ​សួរ​ថា​តើ​លោក​គិត​យ៉ាង​ណា​អំពី​ព្រះ​គម្ពីរ ហើយ​តើ​លោក​សម្រេច​ចិត្ត​ធ្វើ​អ្វី?

សាស្ដ្រា ចារ្យ​ម្នាក់​បាន​សំរាក​នៅ​ផ្ទះ​ពេល​រសៀល​នៅ​ថ្ងៃ​អាទិត្យ ដែល​ឥត​សង្ឃឹម​ថា​មាន​ភ្ញៀវ​សោះ​ឡើយ។ ប៉ុន្តែ នៅ​ពេល​ដែល​បង​ស្រី​គ្រីស្ទាន​ម្នាក់​របស់​យើង​បាន​ទៅ​គោះ​ទ្វារ​របស់​គាត់ នោះ​គាត់​បាន​ស្ដាប់។ នាង​បាន​និយាយ​អំពី​ភាព​កខ្វក់ និង​អនាគត​នៃ​ផែនដី—ជា​ប្រធាន​ដែល​គាត់​ចូល​ចិត្ត។ ប៉ុន្តែ នៅ​ពេល​ដែល​នាង​លើក​ព្រះ​គម្ពីរ​មក​ក្នុង​ការ​ពិគ្រោះ គាត់​ហាក់​បី​ដូច​ជា​សង្ស័យ​ណាស់។ ដូច្នេះ នាង​ក៏​បាន​សួរ​ថា​តើ​គាត់​គិត​យ៉ាង​ណា​ដែរ​អំពី​ព្រះ​គម្ពីរ។

គាត់​បាន​តប​ឆ្លើយ​ថា «នេះ​ជា​សៀវភៅ​ល្អ​មួយ ដែល​បាន​សរសេរ​ដោយ​មនុស្ស​ឆ្លាត​មួយ​ចំនួន។ ប៉ុន្តែ មិន​គួរ​ពិចារណា​មើល​ព្រះ​គម្ពីរ​ឲ្យ​មែន​ទែន​នោះ​ឡើយ»។

នាង​បាន​សួរ​ថា «តើ​លោក​ដែល​អាន​ព្រះ​គម្ពីរ​ឬ​ទេ»?

ដោយ​ស្រឡាំងកាំង សាស្ដ្រាចារ្យ​នេះ​បាន​សន្និដ្ឋាន​ថា មិន​ដែល​អាន​ទេ។

រួច​មក នាង​បាន​សួរ​ថា៖ «តើ​យ៉ាង​ដូច​ម្ដេច​ដែល​លោក​អាច​និយាយ​ដោយ​ម៉ឺង​ម៉ាត់​បាន​អំពី​សៀវភៅ ដែល​លោក​មិន​ដែល​អាន​ផង​នោះ»?

បង​ស្រី​យើង​នេះ​បាន​និយាយ​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ សាស្ដ្រាចារ្យ​នេះ​បាន​សម្រេច​ចិត្ត​នឹង​ពិនិត្យ​មើល​ព្រះ​គម្ពីរ ហើយ​រួច​មក នឹង​ធ្វើ​ការ​សន្និដ្ឋាន​អំពី​សៀវភៅ​នេះ។

២, ៣. ហេតុ​អ្វី​ក៏​ព្រះ​គម្ពីរ​ជា​សៀវភៅ​ដែល​មនុស្ស​ជា​ច្រើន​មិន​ដែល​អាន ហើយ​តើ​នេះ​ធ្វើ​ឲ្យ​យើង​មាន​ការ​ពិបាក​អ្វី?

២​សាស្ដ្រាចារ្យ​នេះ​មិន​មែន​មាន​មតិ​ដូច​នេះ តែ​ម្នាក់​ឯង​នោះ​ទេ។ មនុស្ស​ជា​ច្រើន​មាន​មតិ​ដូច​នេះ​អំពី​ព្រះ​គម្ពីរ ទោះ​ជា​គេ​មិន​ដែល​បាន​អាន​ផ្ទាល់​ខ្លួន​ក៏​ដោយ។ គេ​ប្រហែល​ជា​មាន​ព្រះ​គម្ពីរ។ គេ​ព្រម​ទាំង​ទទួល​ស្គាល់​អក្សរ​សាស្ត្រ​ឬ​តម្លៃ​ខាង​ប្រវត្ដិសាស្ត្រ​ផង។ ប៉ុន្តែ​ចំពោះ​មនុស្ស​ជា​ច្រើន នេះ​ជា​សៀវភៅ​ដែល​មិន​ដែល​អាន។ អ្នក​ខ្លះ​និយាយ​ថា ‹ខ្ញុំ​ឥត​មាន​ពេល​អាន​ព្រះ​គម្ពីរ​ទេ›។ អ្នក​ឯ​ទៀត​ឆ្ងល់​ថា ‹តើ​សៀវភៅ​ពី​បុរាណ​អាច​ទាក់​ទង​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​បាន›? ទស្សនៈ​បែប​នេះ​ផ្ដល់​ឲ្យ​យើង​មាន​ការ​ពិបាក​មួយ​មែន។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជឿ​យ៉ាង​ប្រាកដ​ថា ព្រះ​គម្ពីរ«គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន»។ (ធីម៉ូថេ​ទី​២ ៣:១៦, ១៧) ប៉ុន្តែ តើ​យ៉ាង​ដូច​ម្ដេច​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា គេ​គួរ​តែ​ពិចារណា​មើល​ព្រះ​គម្ពីរ ទោះ​ជា​គេ​មក​ពី​សាសន៍​ណា ជាតិ​ណា ឬ​ប្រវត្ដិ​ណា​ក៏​ដោយ?

៣ សូម​ឲ្យ​យើង​ពិគ្រោះ​ពី​មូលហេតុ​ខ្លះ​ៗ ដែល​យើង​គួរ​តែ​ពិចារណា​មើល​ព្រះ​គម្ពីរ។ ការ​ពិគ្រោះ​បែប​នេះ​អាច​ប្រដាប់​យើង​ឲ្យ​វែក​ញែក​ជា​មួយ​មនុស្ស ដែល​យើង​ជួប​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង ដែល​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​គេ​ជឿ​ថា គេ​គួរ​តែ​ពិចារណា​មើល​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​មក។ នៅ​ពេល​ដដែល​គ្នា​នេះ ការ​ពិនិត្យ​មើល​ឡើង​វិញ ត្រូវ​ពង្រឹង​ជំនឿ​របស់​យើង​ផ្ទាល់​ថា​ព្រះ​គម្ពីរ គឺ​ប្រាកដ​ជា​អ្វី​ដែល​បាន​អះអាង​នោះ​ជា«ព្រះ​បន្ទូល​នៃ​ព្រះ»។—ហេព្រើរ ៤:១២

សៀវភៅ​ដែល​បាន​ចែក​ចាយ​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក

៤. ហេតុ​អ្វី​ក៏​អាច​និយាយ​ថា​ព្រះ​គម្ពីរ​ជា​សៀវភៅ ដែល​បាន​ចែក​ចាយ​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក?

៤ ទី​មួយ ព្រះ​គម្ពីរ​សម​នឹង​ពិចារណា​មើល ពី​ព្រោះ​នេះ​ជា​សៀវភៅ​ដែល​បាន​ចែក​ចាយ​ច្រើន​ជាង​គេ​ឆ្ងាយ​ណាស់ ហើយ​បាន​បក​ប្រែ​ច្រើន​ជាង​គេ​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស។ ជាង​៥០០​ឆ្នាំ​កន្លង​ទៅ​នេះ សេចក្ដី​បក​ប្រែ​ទី​មួយ​បាន​បោះ​ពុម្ព ដោយ​ម៉ាស៊ីន​បោះ​ពុម្ព​ចល័ត​របស់​យ៉ូហាន ហ្គូថិនបឺក។ តាំង​ពី​នោះ​មក ប្រមាណ​បួន​រយ​កោដិ​ក្បាល​នៃ​ព្រះ​គម្ពីរ ទាំង​មូល​ឬ​ជា​ចំណែក​ខ្លះ​ៗ បាន​ត្រូវ​បោះ​ពុម្ព។ ដល់​ឆ្នាំ​១៩៩៦ ព្រះ​គម្ពីរ​ទាំង​មូល​ឬ​ជា​ចំណែក​ខ្លះ​ៗ​នៃ​ព្រះ​គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ជាង​២.១៦៧​ភាសា និង​គ្រាម​ភាសា។a យ៉ាង​តិច​បំផុត ៩០​ភាគ​រយ​នៃ​មនុស្ស​លោក​អាច​ទទួល​សារ​ព្រះ​គម្ពីរ ជា​ភាសា​របស់​គេ។ គ្មាន​សៀវភៅ​ខាង​សាសនា​ឬ​មុខ​វិជ្ជា​ផ្សេង​ណា​ទៀត​ទេ ដែល​អាច​ប្រៀប​ធៀប​បាន​ឡើយ!

៥. ហេតុ​អ្វី​ក៏​យើង​អាច​សង្ឃឹម​ថា​ព្រះ​គម្ពីរ អាច​មាន​ដល់​មនុស្ស​ពាស​ពេញ​លើ​ផែនដី?

៥ ស្ថិតិ​លេខ​តែ​ប៉ុណ្ណោះ មិន​បង្ហាញ​ថា​ព្រះ​គម្ពីរ​ជា​បន្ទូល​នៃ​ព្រះ​នោះ​ទេ។ ប៉ុន្តែ យើង​ត្រូវ​សង្ឃឹម​ថា ឯកសារ​នេះ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​តែង គួរ​ឲ្យ​មនុស្ស​ពាស​ពេញ​ពិភព​លោក​ទទួល​បាន។ ដ្បិត​ព្រះ​គម្ពីរ​ចែង​ប្រាប់​យើង​ថា «ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ»។ (កិច្ច​ការ ១០:៣៤, ៣៥) មិន​ដូច​សៀវភៅ​ឯ​ទៀត ព្រះ​គម្ពីរ​បាន​ឆ្លង​កាត់​ព្រំ​ដែន​ខាង​ជាតិ ហើយ​មាន​ជ័យ​ជំនះ​លើ​ឧបសគ្គ​ខាង​សាសន៍​និង​ជាតិ​ពន្ធ។ យ៉ាង​ប្រាកដ​ហើយ ព្រះ​គម្ពីរ ជា​សៀវភៅ​សំរាប់​មនុស្ស​គ្រប់​គ្នា!

ប្រវត្ដិ​ចម្លែក​អស្ចារ្យ​ក្នុង​ការ​រក្សា​ទុក

៦, ៧. ហេតុ​អ្វី​ក៏​មិន​ជា​ចម្លែក​ថា​ឥត​មាន​ឯកសារ​ដើម​នៃ​ព្រះ​គម្ពីរ​ទៀត​ទេ ហើយ​សំនួរ​អ្វី​ដែល​បាន​សួរ​ឡើង?

៦ គឺ​មាន​មូលហេតុ​មួយ​ទៀត ដែល​យើង​គួរ​តែ​ពិចារណា​មើល​ព្រះ​គម្ពីរ។ ព្រះ​គម្ពីរ​បាន​នៅ​គង់​វង់​ទោះ​ជា​មាន​ឧបសគ្គ​ខាង​ធម្មជាតិ​និង​មនុស្ស​លោក។ អំពី​របៀប​ដែល​ព្រះ​គម្ពីរ​បាន​ការ​ពារ​ទុក ថ្វី​បើ​មាន​ឧបសគ្គ​ដ៏​ធំ​នោះ គឺ​ប្រាកដ​ជា​ចម្លែក​អស្ចារ្យ​ក្នុង​ចំណោម​ឯកសារ​ពី​បុរាណ។

៧ យ៉ាង​ជាក់​ស្តែង អ្នក​សរសេរ​ព្រះ​គម្ពីរ​កត់​ទុក​ពាក្យ​របស់​គេ​ដោយ​ប្រើ​ទឹក​ខ្មៅ​លើ​ក្រដាស​ផែបផាយរ៉ុស (ធ្វើ​ពី​រុក្ខជាតិ​អេស៊ីប​ដែល​មាន​ឈ្មោះ​ដូច​គ្នា) ហើយ​លើ​ស្បែក​ស្ងួត (ធ្វើ​ពី​ស្បែក​សត្វ)។b (យ៉ូប ៨:១១) ប៉ុន្តែ វត្ថុ​សំរាប់​សរសេរបែប​នេះ មាន​សត្រូវ​ធម្មជាតិ។ វិជ្ជាករ លោក អូស្កា ផារ៉ែត ពន្យល់​ថា៖ «ការ​សរសេរ​លើ​វត្ថុ​ទាំង​ពីរ​នេះ អាច​ប៉ះ​ពាល់​ដូច​នឹង​គ្នា​ដោយ​សំណើម ដោយ​ដុះ​ផ្សិត ហើយ​ដោយ​ដង្កូវ​ផ្សេង​ៗ។ យើង​ដឹង​ពី​ការ​ពិសោធ​ប្រចាំ​ថ្ងៃ ថា​ក្រដាស ព្រម​ទាំង​ស្បែក​ដ៏​ជាប់ អាច​ទៅ​ជា​ពុក​យ៉ាង​ស្រួល​បាន បើ​ប៉ះ​ដោយ​ខ្យល់​ឬ នៅ​ក្នុង​បន្ទប់​សើម»។ ដូច្នេះ មិន​ជា​ការ​ចម្លែក​ទេ ដែល​ឯកសារ​ដើម​ដំបូង គឺ​បាន​បាត់​បង់​យូរ​យារ​ណាស់​មក​ហើយ។ ប៉ុន្តែ ប្រសិន​បើ​អ្វី​ដែល​បាន​សរសេរ​ពី​ដំបូង​បាន​ខូច​ដោយ​សត្រូវ​ធម្មជាតិ តើ​ព្រះ​គម្ពីរ​បាន​នៅ​គង់​វង់​យ៉ាង​ដូច​ម្ដេច?

៨. ជា​ច្រើន​សតវត្ស​កន្លង​មក តើ​ការ​សរសេរ​ព្រះ​គម្ពីរ​បាន​រក្សា​ទុក​យ៉ាង​ដូច​ម្ដេច?

៨ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ការ​សរសេរ​ដើម​ដំបូង នោះ​ការ​សរសេរ​ចម្លង​ដោយ​ដៃ​ក៏​ចាប់​ផ្ដើម​ផលិត​ឡើង។ តាម​ពិត ការ​ចម្លង​ក្រិត្យ​វិន័យ​និង​ផ្នែក​ផ្សេង​ទៀត​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ បាន​ក្លាយ​ទៅ​ជា​វិជ្ជា​ជីវៈ​នៅ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ។ ជា​ឧទាហរណ៍ អែសរ៉ា​ជា​សង្ឃ បាន​ត្រូវ​ហៅ​ថា​ជា«ស្មៀន​ស្ទាត់​ជំនាញ​ខាង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ»។ (អែសរ៉ា ៧:៦, ១១; ប្រៀប​ធៀប ទំនុកដំកើង ៤៥:១) ប៉ុន្តែ ឯកសារ​ចម្លង​ដែល​បាន​ផលិត​នោះ​ក៏​អាច​ខូច​ខ្ទេច​ទៅ​ដែរ។ នៅ​ទី​បំផុត ឯកសារ​ចម្លង​ទាំង​នេះ​ក៏​ត្រូវ​បាន​ចម្លង​ដោយ​ដៃ​ផ្សេង​ទៀត។ ដំណើរ​នៃ​ការ​ចម្លង​នេះ គឺ​បន្ត​មាន​ជា​ច្រើន​សតវត្ស។ ដោយ​ព្រោះ​មនុស្ស​មិន​មែន​ជា​មនុស្ស​គ្រប់ល័ក្ខណ៍ តើ​កំហុស​របស់​អ្នក​ចម្លង បាន​ប្រែ​ប្រួល​បទ​គម្ពីរ​ជា​ច្រើន​ឬ​ទេ? ទី​សំអាង​ជា​ច្រើន​បង្ហាញ​ឲ្យ​ឃើញ​ង​ថា អត់​មាន​ការ​ប្រែ​ប្រួល​ទេ!

៩. តើ​គំរូ​របស់​ពួក​ម៉ាសូរីត បង្ហាញ​យ៉ាង​ដូច​ម្ដេច​នូវ​ការ​មើល​ប្រយ័ត្ន​ប្រយែង និង​ភាព​ទៀង​ត្រូវ​នៃ​ពួក​អ្នក​ចម្លង​ព្រះ​គម្ពីរ?

៩ ពួក​អ្នក​ចម្លង​មិន​គ្រាន់​តែ​ជំនាញ​យ៉ាង​ខ្លាំង​ប៉ុណ្ណោះ តែ​គេ​ក៏​មាន​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​លើ​ពាក្យ​ដែល​គេ​ចម្លង​ដែរ។ ពាក្យ​ហេព្រើរ​សំរាប់«អ្នក​ចម្លង» គឺ​សំដៅ​ទៅ​ការ​រាប់​និង​ការ​កត់​ទុក។ ដើម្បី​ពន្យល់​នូវ​ការ​ប្រយ័ត្ន​យ៉ាង​ផ្ចិត​ផ្ចង់ ហើយ​ភាព​ត្រឹម​ត្រូវ​នៃ​អ្នក​ចម្លង សូម​ពិចារណា​មើល​ពួក​ម៉ាសូរីត ជា​អ្នក​ចម្លង​នៃ​បទ​គម្ពីរ​ភាសា​ហេព្រើរ ដែល​រស់​នៅ​រវាង​សតវត្ស​ទី​ប្រាំ​មួយ​ហើយ​និង​សតវត្ស​ទី​ដប់ ស.យ.។ យោង​ទៅ​តាម​វិជ្ជាករ លោក​ថូម៉ាស ហាថវ៉ែល ហូន គេ​បាន​គិត​គូរ​ដល់«តួ​អក្សរ​និមួយ​នៃ[ហេព្រើរ]មាន​ប៉ុន្មាន​ដង​ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ»។ សូម​គិត​មើល​អំពី​រឿង​នេះ! ដើម្បី​ជៀស​វាង​ការ​លុប​ចោល​អក្សរ​ណា​មួយ នោះ​ពួក​អ្នក​ចម្លង​ទាំង​នេះ​បាន​រាប់​មិន​គ្រាន់​តែ​ពាក្យ​ដែល​គេ​បាន​ចម្លង តែ​ព្រម​ទាំង​តួ​អក្សរ​និមួយ​ៗ​ផង​ដែរ។ ហើយ​យោង​ទៅ​តាម​ការ​រាប់​របស់​វិជ្ជាករ​ម្នាក់ គេ​បាន​កត់​ទុក​បាន​ជាង​៨១៥.១៤០​តួ​អក្សរ​នៅ​ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ! ការ​ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​បែប​នេះ ប្រាកដ​ជា​ធ្វើ​ឲ្យ​មាន​ភាព​ត្រឹម​ត្រូវ​ដ៏​ខ្ពស់​បំផុត។

១០. តើ​ទី​សំអាង​ជាក់​ស្តែង​អ្វី ដែល​ថា​បទ​គម្ពីរ​ហេព្រើរ​និង​ក្រិក ដែល​សេចក្ដី​បក​ប្រែ​សម័យ​ទំនើប​យក​ធ្វើ​ជា​គ្រឹះ តំណាង​យ៉ាង​ត្រឹម​ត្រូវ​នូវ​អ្នក​សរសេរ​ដើម​ដំបូង?

១០ តាម​ការ​ពិត គឺ​មាន​ទី​សំអាង​ច្រើន​ដែល​ថា បទ​គម្ពីរ​ហេព្រើរ​និង​ក្រិក ដែល​យក​មក​ធ្វើ​ជា​គ្រឹះ​សំរាប់​សេចក្ដី​បក​ប្រែ​ទំនើប ដែល​តំណាង​ភាព​ដ៏​ស្មោះ​ត្រង់​អស្ចារ្យ​នៃ​អ្នក​សរសេរ​ដើម​ដំបូង។ ទី​សំអាង​ជា​ឯកសារ​សរសេរ​នៃ​ព្រះ​គម្ពីរ​ជា​ច្រើន​ពាន់—ប្រមាណ​៦.០០០​ច្បាប់​សរុប​ទាំង​អស់ ជា​ផ្នែក​នៃ​បទ​គម្ពីរ​ភាសា​ហេព្រើរ ហើយ​ប្រមាណ​៥.០០០​នៃ​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក—បាន​នៅ​គង់​វង់​ដល់​សម័យ​យើង​នេះ។ ការ​យក​មក​ប្រៀប​ធៀប​យ៉ាង​ផ្ចិត​ផ្ចង់​នូវ​ឯកសារ​សរសេរ​ជា​ច្រើន អាច​ជួយ​ពួក​វិជ្ជាករ​ខាង​បទ​គម្ពីរ​ឲ្យ​រក​ឃើញ​កំហុស​ណា​មួយ​នៃ​អ្នក​ចម្លង។ វិជ្ជាករ លោក​វីល្លាម ហ្គ្រីន ក្នុង​ការ​និយាយ​អំពី​បទ​គម្ពីរ​ភាសា​ហេព្រើរ អាច​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «គឺ​ប្រហែល​ជា​អាច​និយាយ​ថា គ្មាន​កិច្ច​ការ​ឯ​ទៀត​នៅ​ជំនាន់​បុរាណ​ដែល​បាន​ត្រូវ​ចម្លង​យ៉ាង​ទៀង​ត្រូវ​ដូច​នេះ​ឡើយ»។ ការ​ទុក​ចិត្ត​ស្រដៀង​នេះ ក៏​អាច​ដាក់​លើ​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក​ដែរ។

១១. ដោយ​ស្រប​នឹង​ពេត្រុស​ទី​១ ១:២៤, ២៥ ហេតុ​អ្វី​ក៏​ព្រះ​គម្ពីរ​នៅ​គង់​វង់​ដល់​សម័យ​យើង​នេះ?

១១ ជា​ការ​ងាយ​ស្រួល​បាត់​បង់​ព្រះ​គម្ពីរ​មែន បើ​គ្មាន​ការ​ចម្លង​ដោយ​ដៃ ដែល​យក​មក​ជំនួស​ឯកសារ​ដើម ដែល​មាន​សារ​ដ៏​មាន​តម្លៃ​នោះ! គឺ​មាន​មូលហេតុ​តែ​មួយ​ទេ​ដែល​ព្រះ​គម្ពីរ​នៅ​គង់​វង់—នោះ​គឺ​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​ការ​ពារ​បន្ទូល​របស់​ទ្រង់។ ដូច​ព្រះ​គម្ពីរ​ចែង​នៅ​ពេត្រុស​ទី​១ ១:២៤, ២៥៖ «គ្រប់​ទាំង​មនុស្ស​ប្រៀប​ដូច​ជា​ស្មៅ ហើយ​សិរី​ល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​ផ្កា​ស្មៅ រីឯ​ធម្មតា​ស្មៅ​នោះ​តែង​តែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ​ទៅ តែ​ឯ​ព្រះ​បន្ទូល​នៃ[ព្រះ​យេហូវ៉ា]នោះ​នៅ​ជាប់​អស់​កល្ប​ជា​និច្ច​វិញ»។

បាន​បក​ប្រែ​ចូល​ជា​ភាសា​នៅ​រស់​នៃ​មនុស្ស​លោក

១២. បន្ថែម​ពី​លើ​ការ​ចម្លង​ជា​ច្រើន​សតវត្ស តើ​មាន​ឧបសគ្គ​អ្វី​ទៀត​ដែល​ព្រះ​គម្ពីរ​ប្រឈម?

១២ ដែល​ឯកសារ​ចម្លង​អាច​នៅ​គង់​វង់​ជា​ច្រើន​សតវត្ស គឺ​ជាការ​ពិបាក​មួយ​ទៅ​ហើយ ប៉ុន្តែ​ព្រះ​គម្ពីរ​បាន​ប្រឈម​ឧបសគ្គ​មួយ​ទៀត—ការ​បក​ប្រែ​ចូល​ជា​ភាសា​នៃ​សម័យ​បច្ចុប្បន្ន។ ព្រះ​គម្ពីរ​ត្រូវ​តែ​និយាយ​ជា​ភាសា​របស់​មនុស្ស ដើម្បី​ឲ្យ​ជ្រាប​ចូល​ចិត្ត​របស់​គេ​នោះ។ ប៉ុន្តែ ការ​បក​ប្រែ​ព្រះ​គម្ពីរ ដែល​មាន​ជាង​១.១០០​ជំពូក​និង​៣១.០០០​ខ​នោះ មិន​មែន​ជា​កិច្ច​ការ​ស្រួល​ទេ។ ប៉ុន្តែ ជា​ច្រើន​សតវត្ស​កន្លង​មក ពួក​អ្នក​បក​ប្រែ​បាន​ទទួល​យក​មុខ​ងារ​នេះ​ដោយ​រីករាយ ហើយ​នៅ​ពេល​ខ្លះ បាន​ប្រឈម​ឧបសគ្គ​ដ៏​ហាក់​ដូច​ជា​មិន​អាច​ពុះ​ពារ​បាន។

១៣, ១៤. (ក) តើ​ការ​ពិបាក​អ្វី​ដែល​អ្នក​បក​ប្រែ​ព្រះ​គម្ពីរ លោក​រ៉ូប៊ឺត ម៉ូហ្វាត់​ប្រឈម​នៅ​ទ្វីប​អាហ្វ្រិក នៅ​ដើម​សតវត្ស​ទី​១៩? (ខ) តើ​មនុស្ស​ដែល​និយាយ​ភាសា​ស្វាណ្ណា​បាន​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​ដែល​ដំណឹង​ល្អ​របស់​លូកា​មាន​ជា​ភាសា​របស់​គេ?

១៣ ជា​ឧទាហរណ៍ សូម​ពិចារណា​មើល​នូវ​របៀប​ដែល​ព្រះ​គម្ពីរ​បាន​បក​ប្រែ​ជា​ភាសា​ជា​ច្រើន​នៃ​ទ្វីប​អាហ្វ្រិក។ នៅ​ឆ្នាំ​១៨០០ គឺ​មាន​ប្រហែល​តែ​ដប់​ពីរ​ភាសា​ទេ​ដែល​មាន​ប្រព័ន្ធ​សរសេរ​នៅ​ទ្វីប​អាហ្វ្រិក​ទាំង​មូល។ ភាសា​និយាយ​រាប់​រយ​ឯ​ទៀត ឥត​មាន​ប្រព័ន្ធ​សរសេរ​ឡើយ។ នេះ​ជា​ការ​ពិបាក​មួយ ដែល​ប្រឈម​ដោយ​អ្នក​បក​ប្រែ​ព្រះ​គម្ពីរ ឈ្មោះ រ៉ូប៊ឺត ម៉ូហ្វាត់។ នៅ​ឆ្នាំ​១៨២១ កាល​ដែល​មាន​អាយុ​២៥​ឆ្នាំ លោក​ម៉ូហ្វាត់​បាន​រៀបចំ​បេសកកម្ម ក្នុង​ចំណោម​មនុស្ស​ដែល​និយាយ​ភាសា​ស្វាណ្ណា​នៃ​ទ្វីប​អាហ្វ្រិក​ខាង​ត្បូង។ ដើម្បី​នឹង​រៀន​ភាសា​ដែល​គ្មាន​ប្រព័ន្ធ​សរសេរ​របស់​គេ គាត់​ក៏​បាន​ចូល​រួម​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​មនុស្ស​នោះ។ លោក​ម៉ូហ្វាត់​បាន​ខំ​ត​ស៊ូ ហើយ​ដោយ​គ្មាន​ជំនួយ​ពី​សៀវភៅ​ហាត់​អាន​ដំបូង​ឬ​វចនានុក្រម នៅ​ទី​បំផុត បាន​ស្ទាត់​ជំនាញ​ភាសា​នោះ បាន​បង្កើត​ប្រព័ន្ធ​សរសេរ ហើយ​បាន​បង្រៀន​ពួក​ស្វាណ្ណា​នូវ​របៀប​អាន​អក្សរ។ នៅ​ឆ្នាំ​១៨២៩ ក្រោយ​ពី​បាន​ធ្វើ​ការ​ជា​មួយ​ពួក​ស្វាណ្ណា​អស់​រយៈ​ប្រាំ​បី​ឆ្នាំ នោះ​លោក​បាន​បក​ប្រែ​ចប់​ដំណឹង​ល្អ​របស់​លូកា។ ក្រោយ​មក លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ដឹង​ឮ​អំពី​មនុស្ស​ដែល​បាន​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ ដើម្បី​មក​យក​សៀវភៅ​លូកា​មួយ​ក្បាល។ . . . ខ្ញុំ​បាន​ឃើញ​គេ​ទទួល​សៀវភៅ​លូកា​មួយ​ចំណែក ហើយ​ក៏​យំ ហើយ​កាន់​នឹង​ទ្រូង​របស់​គេ ហើយ​ក៏​យំ​ដោយ​អំណរ​អរ រហូត​ដល់​ខ្ញុំ​និយាយ​ដល់​មនុស្ស​ជា​ច្រើន​ថា ‹អ្នក​នឹង​ធ្វើ​ឲ្យ​ខូច​ខ្ទេច​ដល់​សៀវភៅ​របស់​អ្នក​ដោយ​សារ​ទឹក​ភ្នែក​នោះ​ហើយ› »។ លោក​ម៉ូហ្វាត់​ក៏​ប្រាប់​បុរស​អាហ្វ្រិក​ម្នាក់ ដែល​បាន​ឃើញ​មនុស្ស​អាន​ដំណឹង​ល្អ​របស់​លូកា ហើយ​បាន​សួរ​គេ​នូវ​អ្វី​ដែល​គេ​មាន។ គេ​ឆ្លើយ​ថា «នេះ​ជា​បន្ទូល​របស់​ព្រះ»។ បុរស​នោះ​សួរ​ថា «តើ​សៀវភៅ​នេះ​ចេះ​និយាយ​ទេ»? គេ​ឆ្លើយ​ថា «ត្រូវ​ហើយ គឺ​និយាយ​ដល់​ចិត្ត»។

១៤ អ្នក​បក​ប្រែ​ដ៏​បូជា​ខ្លួន​ទាំង​នេះ ដូច​លោក​ម៉ូហ្វាត់​បាន​ផ្ដល់​ជាតិ​អាហ្វ្រិក​នូវ​ឱកាស​ទី​មួយ ឲ្យ​ប្រស្រ័យ​ទាក់​ទង​តាម​រយៈ​ការ​សរសេរ។ ប៉ុន្តែ ពួក​បក​ប្រែ​បាន​ឲ្យ​ប្រជាជន​អាហ្វ្រិក​នូវ​អំណោយ​ដ៏​មាន​តម្លៃ​ជាង​នេះ—គឺ​ព្រះ​គម្ពីរ​ជា​ភាសា​របស់​គេ។ ម្យ៉ាង​ទៀត លោក​ម៉ូហ្វាត់​បាន​នាំ​ព្រះ​នាម​នៃ​ព្រះ​ដល់​ពួក​ស្វាណ្ណា ហើយ​លោក​បាន​ប្រើ​ព្រះ​នាម​នោះ​ទូទាំង​សេចក្ដី​បក​ប្រែ​របស់​លោក។c ដូច្នេះ ពួក​ស្វាណ្ណា​ហៅ​ព្រះ​គម្ពីរ​ជា«ព្រះ​ឱស្ឋ​របស់​ព្រះ​យេហូវ៉ា»។—ទំនុកដំកើង ៨៣:១៨

១៥. ហេតុ​អ្វី​ក៏​ព្រះ​គម្ពីរ​មាន​នៅ​គង់​វង់​សព្វ​ថ្ងៃ​នេះ?

១៥ ពួក​អ្នក​បក​ប្រែ​ឯ​ទៀត​នៅ​កន្លែង​ផ្សេង​ៗ​ក្នុង​ពិភព​លោក ក៏​បាន​ប្រឈម​ឧបសគ្គ​ស្រដៀង​នេះ​ដែរ។ អ្នក​ខ្លះ​ព្រម​ទាំង​ប្រថុយ​ជីវិត​របស់​គេ ដើម្បី​បក​ប្រែ​ព្រះ​គម្ពីរ​ផង។ សូម​គិត​អំពី​រឿង​នេះ​មើល៖ ប្រសិន​បើ​ព្រះ​គម្ពីរ​រក្សា​នៅ​តែ​ភាសា​ហេព្រើរ​និង​ក្រិក​ពី​បុរាណ នោះ​ប្រហែល​ជា«សាប​សូន្យ»ជា​យូរ​យារ​មក​ហើយ ដ្បិត​ភាសា​ទាំង​នោះ នៅ​ពេល​ក្រោយ​មក បាន​ភ្លេច​អស់​ទៅ​ហើយ​ដោយ​មនុស្ស​ជា​ច្រើន ហើយ​អត់​ដែល​ប្រើ​ក្នុង​ភូមិ​ភាគ​ជា​ច្រើន​នៅ​លើ​ផែនដី​នេះ​ទេ។ ប៉ុន្តែ ព្រះ​គម្ពីរ​គឺ​នៅ​គង់​វង់ ពី​ព្រោះ​មិន​ដូច​សៀវភៅ​ឯ​ទៀត ព្រះ​គម្ពីរ​អាច«និយាយ»ឆ្ពោះ​ទៅ​មនុស្ស​ពាស​ពេញ​ពិភព​លោក​ជា​ភាសា​របស់​គេ។ ជា​លទ្ធផល សារ​របស់​ព្រះ​គម្ពីរ​នៅ​មាន«ក្នុង​អ្នក​រាល់​គ្នា​ជា​ពួក​អ្នក​ជឿ»។ (ថែស្សាឡូនីច​ទី​១ ២:១៣) ព្រះ​គម្ពីរ​យេរូសាឡិម បក​ប្រែ​ដូច​នេះ​ថា៖ «គឺ​នៅ​តែ​ជា​អំណាច​ដែល​នៅ​រស់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​អាន​ព្រះ​គម្ពីរ»។

សម​គួរ​នឹង​ការ​ទុក​ចិត្ត​ទៅ​លើ​បាន

១៦, ១៧. (ក) បើ​ឲ្យ​ទុក​ចិត្ត​លើ​ព្រះ​គម្ពីរ តើ​ត្រូវ​មាន​ទី​សំអាង​អ្វី​សិន? (ខ) សូម​ឲ្យ​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​នូវ​ភាព​ត្រង់​នៃ​ម៉ូសេ ជា​អ្នក​សរសេរ​ព្រះ​គម្ពីរ។

១៦ អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ពិត​ជា​អាច​ទុក​ចិត្ត​លើ​ព្រះ​គម្ពីរ​បាន​ទេ›? ‹តើ​ព្រះ​គម្ពីរ​សំដៅ​ទៅ​មនុស្ស​ដែល​ធ្លាប់​បាន​រស់​នៅ កន្លែង​ដែល​ពិត​ជា​មាន​មែន និង​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ពិត​មែន​ទេ›? ដើម្បី​ឲ្យ​យើង​ទុក​ចិត្ត​លើ​ព្រះ​គម្ពីរ នោះ​ត្រូវ​មាន​ទី​សំអាង​ថា បាន​ត្រូវ​សរសេរ​ដោយ​ពួក​និពន្ធ​យ៉ាង​ប្រយ័ត្ន​ប្រយែង​និង​យ៉ាង​ទៀង​ត្រង់។ នេះ​នាំ​ឲ្យ​យើង​មក​ដល់​មូលហេតុ​មួយ​ទៀត សំរាប់​ការ​ពិចារណា​មើល​ព្រះ​គម្ពីរ៖ គឺ​មាន​ទី​សំអាង​ជាក់​ស្តែង​ដែល​ថា ព្រះ​គម្ពីរ​ទៀង​ត្រូវ​និង​គួរ​ឲ្យ​ទុក​ចិត្ត​បាន។

១៧ អ្នក​សរសេរ​យ៉ាង​ស្មោះ​ត្រង់ មិន​គ្រាន់​តែ​កត់​ទុក​អំពី​ការ​ជោគ​ជ័យ ប៉ុន្តែ​ក៏​កត់​ទុក​ការ​ដែល​បរាជ័យ​ដែរ ហើយ​មិន​គ្រាន់​តែ​កត់​ទុក​អំពី​កម្លាំង ប៉ុន្តែ​ពី​ភាព​ទន់​ខ្សោយ​ផង​ដែរ។ អ្នក​និពន្ធ​ព្រះ​គម្ពីរ​បង្ហាញ​ភាព​ត្រង់​បែប​នេះ។ ឧទាហរណ៍ សូម​ពិចារណា​មើល​អំពី​ភាព​ស្មោះ​ត្រង់​នៃ​លោក​ម៉ូសេ។ ក្នុង​ចំណោម​រឿង​ដែល​លោក​បាន​កត់​ទុក​យ៉ាង​ស្មោះ​ត្រង់ នោះ​គឺ​ការ​គ្មាន​វោហារ​កោស​ល្ប​របស់​លោក​ផ្ទាល់ ដែល​ក្នុង​មតិ​របស់​ម៉ូសេ ធ្វើ​ឲ្យ​គាត់​មិន​សម​ជា​មេ​ដឹក​នាំ​របស់​អ៊ីស្រាអែល (និក្ខមនំ ៤:១០) កំហុស​ដ៏​ធ្ងន់​ដែល​លោក​បាន​ធ្វើ ដែល​បាន​បង្ការ​លោក​ពី​ការ​ចូល​ស្រុក​ដែល​បាន​សន្យា (ជន​គណនា ២០:៩​-​១២; ២៧:១២​-​១៤) ការ​បំបែរ​នៃ​អើរ៉ុន​ជា​បង​ប្រុស​របស់​គាត់ ដែល​បាន​រួម​ដៃ​ជា​មួយ​នឹង​ពួក​អ៊ីស្រាអែល​ដ៏​បះ​បោរ ក្នុង​ការ​ធ្វើ​រូប​ចម្លាក់​កូន​គោ (និក្ខមនំ ៣២:១​-​៦) ការ​បះ​បោរ​នៃ​ម៉ារាម និង​ការ​ទទួល​ទណ្ឌកម្ម​ដែល​ធ្វើ​ឲ្យ​អាម៉ាស់​មុខ (ជន​គណនា ១២:១​-​៣, ១០) ភាព​ប្រមាថ​នៃ​ក្មួយ​របស់​គាត់ ឈ្មោះ​ណាដាប និង​អ័ប៊ីហ៊ូវ (លេវីវិន័យ ១០:១, ២) ហើយ​និង​ការ​បន្ទោស​និង​ការ​ត្អូញត្អែរ​មិន​ចេះ​ចប់​នៃ​រាស្ត្រ​របស់​ព្រះ។ (និក្ខមនំ ១៤:១១, ១២; ជន​គណនា ១៤:១​-​១០) តើ​សេចក្ដី​រាយ​ការណ៍​យ៉ាង​ស្មោះ​ត្រង់ ដែល​ឥត​លាក់​លាម​បែប​នេះ មិន​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ពិត​ទេ​ឬ? ដោយ​ព្រោះ​អ្នក​សរសេរ​ព្រះ​គម្ពីរ​បាន​សុខ​ចិត្ត​រាយ​ការណ៍ អំពី​កំហុស​នៃ​បុគ្គល​ដ៏​ជា​ទី​ស្រឡាញ់ និង​អំពី​ប្រជាជន និង​ខ្លួន​គេ​នោះ យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ ក្នុង​ការ​ទុក​ចិត្ត​លើ​ការ​សរសេរ​របស់​គេ។

១៨. តើ​អ្វី​ដែល​បញ្ជាក់​ថា អ្វី​ដែល​បាន​សរសេរ​ក្នុង​ព្រះ​គម្ពីរ​អាច​ទុក​ចិត្ត​លើ​បាន?

១៨ ភាព​ឥត​ប្រែ​ប្រួល​នៃ​អ្នក​សរសេរ​ព្រះ​គម្ពីរ ក៏​បញ្ជាក់​ថា​សេចក្ដី​ដែល​គេ​សរសេរ ជា​ការ​ទុក​ចិត្ត​លើ​បាន។ គឺ​ពិត​ជា​អស្ចារ្យ​មែន​អ្វី​ដែល​បុរស​៤០​នាក់​នោះ​សរសេរ ក្នុង​រយៈ​លើស​ជាង​១.៦០០​ឆ្នាំ គឺ​យល់​ស្រប​គំនិត​គ្នា សូម្បី​ពេល​ទាក់​ទង​សេចក្ដី​ល្អិត​ល្អន់​ដែរ។ ប៉ុន្តែ ការ​យល់​ស្រប​គ្នា​នេះ​មិន​មែន​បាន​រៀបចំ​ឡើង ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​អំពី​ការ​គប់​គំនិត​ឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​ឥត​មាន​មធ្យោបាយ​ធ្វើ​ឲ្យ​ស្រប​នូវ​សេចក្ដី​ល្អិត​ល្អន់​ផ្សេង​ៗ​នោះ​ទេ។ ជា​រឿយ​ៗ​ការ​យល់​ស្រប​គ្នា​គឺ​គាប់​ជួន​យ៉ាង​ជាក់​ច្បាស់​លាស់។

១៩. ក្នុង​សៀវភៅ​ដំណឹង​ល្អ​អំពី​ការ​ចាប់​ព្រះ​យេស៊ូ​នោះ បង្ហាញ​នូវ​ការ​ស្រប​គ្នា​ទោះ​ជា​ឥត​មាន​ចេតនា​នោះ?

១៩ ដើម្បី​នឹង​ពន្យល់ សូម​ពិចារណា​មើល​ព្រឹត្ដិការណ៍ ដែល​បាន​កើត​ឡើង​នៅ​យប់​នៃ​ការ​ចាប់​ព្រះ​យេស៊ូ។ អ្នក​សរសេរ​ដំណឹង​ល្អ​ទាំង​បួន​នាក់ កត់​ទុក​ថា​សិស្ស​ម្នាក់​បាន​ហូត​ដាវ​ហើយ​កាប់​អ្នក​បំរើ​របស់​សម្ដេច​សង្ឃ ដែល​ធ្វើ​ឲ្យ​ដាច់​ត្រចៀក​របស់​បុរស​នោះ។ ប៉ុន្តែ មាន​តែ​លូកា​ទេ ដែល​ប្រាប់​យើង​ថា ព្រះ​យេស៊ូ«ពាល់​ត្រចៀក​អ្នក​នោះ​ឲ្យ​ជា​វិញ»។ (លូកា ២២:៥១) ប៉ុន្តែ តើ​នេះ​មិន​មែន​ជា​អ្វី​ដែល​យើង​សង្ឃឹម​ពី​អ្នក​សរសេរ ដែល​បាន​ល្បី​ជា«គ្រូ​ពេទ្យ​ស្ងួន​ភ្ងា»ទេ​ឬ? (កូល៉ុស ៤:១៤) ដំណើរ​រឿង​របស់​យ៉ូហាន ប្រាប់​យើង​ថា​សិស្ស​របស់​ទ្រង់​ទាំង​អស់​មាន​វត្តមាន ហើយ​បុគ្គល​ដែល​ប្រើ​ដាវ នោះ​ជា​ពេត្រុស—ជា​ហេតុ​ការណ៍ ដែល​មិន​មែន​ជា​ចម្លែក ដោយ​ដឹង​អំពី​ចរិត​របស់​ពេត្រុស ដែល​រហ័ស​ធ្វើ​អ្វី ហើយ​ធ្វើ​ឡើង​ដោយ​ឥត​គិត​មុខ​ក្រោយ។ (យ៉ូហាន ១៨:១០; ប្រៀប​ធៀប ម៉ាថាយ ១៦:២២, ២៣ និង​យ៉ូហាន ២១:៧, ៨) យ៉ូហាន​បាន​រាយ​ការណ៍​ពត៌មាន​ចំណុច​មួយ​ទៀត​ដែល​ហាក់​ដូច​ជា​ឥត​ចាំ​បាច់​ថា៖ «បាវ​នោះ​ឈ្មោះ​ម៉ាលកុស»។ ហេតុ​អ្វី​ក៏​មាន​តែ​យ៉ូហាន​ដែល​ប្រាប់​ឈ្មោះ​បុរស​នេះ? សេចក្ដី​ពន្យល់​បាន​ផ្ដល់​មក​ក្នុង​ដំណើរ​រឿង​របស់​យ៉ូហាន​ដែល​ថា៖ យ៉ូហាន​ជា«សិស្ស​ម្នាក់​ដែល​សំ​ដេ​ច​សង្ឃ​ស្គាល់»។ គ្រួសារ​សម្ដេច​សង្ឃ​នោះ​ក៏​ស្គាល់​លោក​ដែរ និង​បាវ​បំរើ​នោះ​បាន​ស្គាល់​គាត់ ហើយ​លោក​ក៏​ស្គាល់​គេដែរ។d (យ៉ូហាន ១៨:១០, ១៥, ១៦) ដូច្នេះ គឺ​ជា​ធម្មតា​ទេ ដែល​យ៉ូហាន​បាន​រៀប​រាប់​អំពី​ឈ្មោះ​នៃ​បុរស​របួស​នេះ។ រីឯ​ពួក​អ្នក​សរសេរ​ដំណឹង​ល្អ​ឯ​ទៀត ដែល​គេ​ឥត​ស្គាល់​បាវ​នេះ គឺ​ឥត​បាន​ប្រាប់​អំពី​ឈ្មោះ​គាត់​ទេ។ សេចក្ដី​ស្រប​គ្នា​រវាង​ពត៌មាន​ទាំង​នេះ គឺ​អស្ចារ្យ​មែន ប៉ុន្តែ​យ៉ាង​ជាក់​ច្បាស់​ដោយ​អចេតនា។ គឺ​មាន​ឧទាហរណ៍​ស្រដៀង​នេះ​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ។

២០. តើ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ត្រូវ​ការ​ឲ្យ​ដឹង​អ្វី​អំពី​ព្រះ​គម្ពីរ?

២០ ដូច្នេះ តើ​យើង​អាច​ទុក​ចិត្ត​លើ​ព្រះ​គម្ពីរ​បាន​ទេ? ប្រាកដ​មែន! ភាព​ត្រង់​នៃ​អ្នក​សរសេរ​ព្រះ​គម្ពីរ​និង​ភាព​ឥត​ប្រែ​ប្រួល​នៅ​ខាង​ក្នុង​សាច់​រឿង ផ្ដល់​ឲ្យ​ឃើញ​ថា​ពិត​ជា​សេចក្ដី​ពិត។ មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ត្រូវ​ការ​ឲ្យ​ដឹង​ថា គេ​អាច​ទុក​ចិត្ត​លើ​ព្រះ​គម្ពីរ ដ្បិត​ព្រះ​គម្ពីរ​ជា​ពាក្យ​ដែល​បណ្ដាល​មក​របស់«ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​សេចក្ដី​ពិត»។ (ទំនុកដំកើង ៣១:៥) គឺ​មាន​មូលហេតុ​បន្ថែម​ទៀត​ថា​ព្រះ​គម្ពីរ​ជា​សៀវភៅ​សំរាប់​មនុស្ស​គ្រប់​គ្នា ហើយ​អត្ថបទ​ជា​បន្ទាប់​នឹង​ពិគ្រោះ​អំពី​រឿង​នេះ។

[កំណត់​សម្គាល់]

a មូលដ្ឋាន​ចំនួន​លេខ​បាន​បោះ​ពុម្ព​ដោយ​សមាគម​ព្រះ​គម្ពីរ។

b ក្នុង​កំឡុង​ការ​ជាប់​គុក​លើក​ទី​ពីរ​នៅ​ក្រុង​រ៉ូម ប៉ុល​បាន​សុំ​ធីម៉ូថេ​ឲ្យ​យក«សៀវភៅ​ទាំង​ប៉ុន្មាន​ដែរ តែ​សូម​យក​ក្រាំង​ស្បែក​ជា​ដើម»។ (ធីម៉ូថេ​ទី​២ ៤:១៣) ប៉ុល​ប្រហែល​ជា​សុំ​បទ​គម្ពីរ​ភាសា​ហេព្រើរ​មួយ​ចំណែក ដើម្បី​ឲ្យ​គាត់​រៀន​កាល​នៅ​ក្នុង​គុក។ ឃ្លា‹ជា​ពិសេស ក្រាំង​ស្បែក› អាច​បង្ហាញ​ថា​ក្រាំង​ទាំង​ពីរ គឺ​ក្រដាស​ផែបផាយរ៉ុស​និង​ក្រាំង​ស្បែក​ឯ​ទៀត។

c នៅ​ឆ្នាំ​១៨៣៨ លោក​ម៉ូហ្វាត់​បាន​បក​ប្រែ​ចប់​នូវ​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក។ ដោយ​មាន​ជំនួយ​ពី​សហសេវិក លោក​ក៏​បាន​បក​ប្រែ​ចប់​បទ​គម្ពីរ​ភាសា​ហេព្រើរ​នៅ​ឆ្នាំ​១៨៥៧។

d ដែល​យ៉ូហាន​ស្គាល់​សម្ដេច​សង្ឃ​និង​គ្រួសារ​របស់​លោក ក៏​បាន​បង្ហាញ​ក្រោយ​មក​ក្នុង​ដំណឹង​ល្អ​នេះ​ដែរ។ នៅ​ពេល​ដែល​បាវ​របស់​សម្ដេច​សង្ឃ​បាន​ចោទ​ថា ពេត្រុស​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​ម្នាក់ នោះ​យ៉ូហាន​ពន្យល់​ថា បាវ​នេះ​ជា«សាច់​ញាតិ​នឹង​អ្នក​ដែល​ពេត្រុស​បាន​កាប់​ដាច់​ត្រចៀក»។—យ៉ូហាន ១៨:២៦

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ ហេតុ​អ្វី​ក៏​យើង​សង្ឃឹម​ថា ព្រះ​គម្ពីរ​ជា​សៀវភៅ​ដែល​ចែក​ចាយ​បាន​ច្រើន​ជាង​គេ?

◻ តើ​មាន​ទី​សំអាង​អ្វី​ដែល​ថា​ព្រះ​គម្ពីរ​បាន​រក្សា​ទុក​យ៉ាង​ត្រឹម​ត្រូវ​នោះ?

◻ តើ​ឧបសគ្គ​អ្វី​ដែល​ប្រឈម​ពួក​អ្នក​ដែល​បាន​បក​ប្រែ​ព្រះ​គម្ពីរ?

◻ តើ​អ្វី​ដែល​បញ្ជាក់​ថា សេចក្ដី​ដែល​បាន​សរសេរ​ក្នុង​ព្រះ​គម្ពីរ​ជា​ការ​ទុក​ចិត្ត​លើ​បាន?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក