បន្ទូលនៃព្រះស្ថិតស្ថេរជាដរាប
«ព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញ នោះស្ថិតស្ថេរនៅជាដរាប»។—អេសាយ ៤០:៨
១. (ក) តើ«ព្រះបន្ទូលនៃព្រះរបស់យើងរាល់គ្នា»នៅទីនេះ មានន័យយ៉ាងណា? (ខ) តើសេចក្ដីសន្យានៃមនុស្សយ៉ាងណាដែរ បើប្រៀបធៀបនឹងបន្ទូលនៃព្រះ?
មនុស្សឆាប់ទុកចិត្តលើសេចក្ដីសន្យានៃពួកបុរសនិងស្ត្រីដែលមានឋានៈធំដុំ។ ប៉ុន្តែ ទោះជាសេចក្ដីសន្យាទាំងនេះគួរជាទីចង់បានចំពោះមនុស្សជាច្រើនដែលរង់ចាំការធូរស្រាលក្នុងស្ថានភាពនៃជីវិតរបស់គេក្ដី តែទាំងនេះដូចជាផ្កាដែលរោយរុះចុះ បើប្រៀបធៀបនឹងបន្ទូលនៃព្រះរបស់យើង។ (ទំនុកដំកើង ១៤៦:៣, ៤) ជាង២.៧០០ឆ្នាំកន្លងទៅនេះ ព្រះយេហូវ៉ាបានបណ្ដាលឲ្យព្យាការីអេសាយ សរសេរថា៖ «មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេក៏ដូចជាផ្កានៅទីវាល ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញ នោះស្ថិតស្ថេរនៅជាដរាប»។ (អេសាយ ៤០:៦, ៨) តើអ្វីទៅជា«ព្រះបន្ទូល»ដែលនៅស្ថិតស្ថេរនោះ? នេះគឺជាសេចក្ដីថ្លែងនៃព្រះអំពីគោលបំណងរបស់ទ្រង់។ សព្វថ្ងៃនេះ យើងមាន«ព្រះបន្ទូល»នោះ ក្នុងបែបបទជាលាយល័ក្សអក្សរក្នុងព្រះគម្ពីរ។—ពេត្រុសទី១ ១:២៤, ២៥
២. ក្នុងការប្រឈមមុខនឹងអាកប្បកិរិយានិងសកម្មភាពអ្វី ដែលព្រះយេហូវ៉ាបំពេញបន្ទូលរបស់ទ្រង់ចំពោះអ៊ីស្រាអែលនិងយូដាពីបុរាណ?
២ មនុស្សដែលរស់នៅអ៊ីស្រាអែលពីសម័យបុរាណ បានពិសោធនូវភាពជាក់ស្តែងនៃៗអ្វីដែលអេសាយបានសរសេរ។ ដោយសារមិនស្មោះត្រង់ចំពោះទ្រង់ នោះតាមរយៈព្យាការីរបស់ទ្រង់ ព្រះយេហូវ៉ាបានទាយប្រាប់ថា មុនដំបូង រាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់ ហើយរួចមក រាជាណាចក្រយូដាដែលមានកុលសម្ព័ន្ធពីរ នឹងត្រូវគេចាប់យកទៅជាឈ្លើយ។ (យេរេមា ២០:៤; អេម៉ុស ៥:២, ២៧) ទោះបីជាពួកព្យាការីរបស់ព្រះយេហូវ៉ាត្រូវគេបៀតបៀនរហូតដល់ស្លាប់ ហើយទោះបីជាគេដុតបញ្ជីដែលមានសារព្រមានរបស់ព្រះ ហើយអំពាវនាវទៅពួកអេស៊ីបឲ្យជួយដើម្បីបង្ការទំនាយពីការសម្រេច បន្ទូលនៃព្រះយេហូវ៉ា នោះគឺនៅតែមិនបានទទួលបរាជ័យឡើយ។ (យេរេមា ៣៦:១, ២, ២១-២៤; ៣៧:៥-១០; លូកា ១៣:៣៤) ម្យ៉ាងទៀត សេចក្ដីសន្យារបស់ព្រះដើម្បីកសាងពួកអ៊ីស្រាអែលដែលបានប្រែចិត្ត ដែលនៅសល់ទាំងប៉ុន្មានឲ្យទៅនៅក្នុងស្រុកគេវិញ នោះមានការសម្រេចដ៏អស្ចារ្យ។—អេសាយជំពូក ៣៥
៣. (ក) តើសេចក្ដីសន្យាអ្វីដែលបានកត់ទុកដោយអេសាយ ដែលជាប្រយោជន៍ដ៏ពិសេសដល់យើង? (ខ) ហេតុអ្វីក៏អ្នកជឿជាក់ថា របស់ទាំងនេះនឹងបានសម្រេចមែន?
៣ តាមរយៈអេសាយ ព្រះយេហូវ៉ាក៏បានប្រាប់អំពីការគ្រប់គ្រងដ៏សុចរិតរបស់ព្រះមេស្ស៊ីលើមនុស្សលោក ដែលរំដោះពីបាបនិងសេចក្ដីស្លាប់ ហើយអំពីការកសាងផែនដីឲ្យក្លាយទៅជាសួនមនោរម្យ។ (អេសាយ ៩:៦, ៧; ១១:១-៩; ២៥:៦-៨; ៣៥:៥-៧; ៦៥:១៧-២៥) តើទំនាយទាំងនេះនឹងបានសម្រេចទេ? គឺគ្មានសង្ស័យសោះឡើយ! ‹ព្រះមិនចេះភូតភរទេ›។ ទ្រង់បានឲ្យគេកត់ទុកទំនាយរបស់ទ្រង់ សំរាប់ជាប្រយោជន៍របស់យើង ហើយទ្រង់បានធានារ៉ាប់រងឲ្យពាក្យទាំងនេះត្រូវការពារទុក។—ទីតុស ១:២; រ៉ូម ១៥:៤
៤. ទោះជាឯកសារសរសេរព្រះគម្ពីរដើមបង្អស់មិនបានការពារទុក តើយ៉ាងដូចម្ដេចដែលបន្ទូលរបស់ព្រះគឺ«នៅរស់»?
៤ ព្រះយេហូវ៉ាមិនបានការពារទុកឯកសារសរសេរដើមបង្អស់ទេ ដែលពួកអ្នកសរសេរពីបុរាណរបស់ទ្រង់បានសរសេរទំនាយទាំងនោះ។ ប៉ុន្តែ «ព្រះបន្ទូល»នៃទ្រង់ ដែលបានថ្លែងអំពីគោលបំណងរបស់ទ្រង់ បានសឲ្យឃើញថាជាពាក្យដ៏នៅរស់។ គោលបំណងនោះ គឺដើរទៅមុខជានិច្ច ហើយក្នុងកាលដែលដើរទៅមុខនេះ ចិត្តគំនិតនិងទឹកចិត្តរបស់មនុស្ស នឹងឃើញច្បាស់ឡើងៗ ពេលដែលគេឲ្យបន្ទូលនៃទ្រង់មានឥទ្ធិពលលើជីវិតរបស់គេ។ (ហេព្រើរ ៤:១២) ម្យ៉ាងទៀត ឯកសារដែលមានក្នុងប្រវត្ដិសាស្ត្រ បង្ហាញថាការការពារនិងការបកប្រែនៃបទគម្ពីរ គឺបានសម្រេចដោយការដឹកនាំរបស់ព្រះ។
ពេលដែលប្រឈមមុខនឹងការប៉ុនប៉ងកំចាត់ព្រះគម្ពីរ
៥. (ក) តើស្តេចស៊ីរីបានខំប្រឹងធ្វើខ្លះ ដើម្បីបំផ្លាញបទគម្ពីរហេព្រើរ? (ខ) ហេតុអ្វីក៏លោកទទួលបរាជ័យ?
៥ ជាច្រើនលើកច្រើនសា ពួកគ្រប់គ្រងបានខំប្រឹងបំផ្លាញសេចក្ដីសរសេរដែលបណ្ដាលដោយព្រះ។ ក្នុងឆ្នាំ១៦៨ម.ស.យ. ក្រោមអំណាចសាសន៍ស៊ីរី ស្តេចអាន់ទីយ៉ូកឹស អេភីផាន (បង្ហាញលើទំព័រ ១០) បានសង់អាសនៈថ្វាយជូនព្រះសេយូស ក្នុងព្រះវិហារដែលបានថ្វាយជូនព្រះយេហូវ៉ា។ ទ្រង់ក៏បានតាមរក‹សៀវភៅនៃច្បាប់› ហើយបានដុតចោល និងបានប្រកាសថាអ្នកណាដែលមានបទគម្ពីរបែបនេះ នឹងត្រូវសម្លាប់ចោល។ មិនថាទ្រង់បានដុតចោលប៉ុន្មានក្បាលក៏ដោយក្នុងក្រុងយេរូសាឡិមនិងយូដា គឺមិនអាចកំចាត់បទគម្ពីរទាំងមូលបានឡើយ។ នៅគ្រានោះ ក្រុមនៃពួកយូដាមានរស់នៅក្នុងស្រុកជាច្រើន ហើយសាលាប្រជុំនិមួយៗមានបញ្ជីនៃបទគម្ពីររបស់គេរៀងខ្លួន។—ប្រៀបធៀប កិច្ចការ ១៣:១៤, ១៥
៦. (ក) តើការខិតខំខ្លាំងអ្វី ដើម្បីកំទេចបទគម្ពីរដោយពួកគ្រីស្ទានពីដើម? (ខ) តើមានលទ្ធផលយ៉ាងណា?
៦ ក្នុងឆ្នាំ៣០៣ស.យ. អធិរាជជាតិរ៉ូម ដែអូគ្លីសៀន បានចេញច្បាប់ថា ត្រូវកំទេចចោលកន្លែងប្រជុំគ្រីស្ទាន ហើយថា‹បទគម្ពីររបស់គេត្រូវដុតចោលទាំងអស់›។ សេចក្ដីបំផ្លាញបែបនេះគឺមានជាច្រើនទសវត្ស។ ទោះជាការបៀតបៀនមានខ្លាំងយ៉ាងណាក៏ដោយ អធិរាជដែអូគ្លីសៀន មិនបានសម្រេចក្នុងការបង្ក្រាបសាសនាគ្រីស្ទានទេ ហើយព្រះក៏មិនអនុញ្ញាតឲ្យមធ្យោបាយនៃអធិរាជនេះ កំទេចចោលទាំងស្រុងចំណែកណាមួយនៃបន្ទូលរបស់ទ្រង់ឡើយ។ ប៉ុន្តែ ដោយប្រតិកម្មដល់ការចែកចាយនិងការផ្សាយបន្ទូលរបស់ព្រះ ពួកសត្រូវបានសម្ដែងឲ្យឃើញអ្វីដែលនៅក្នុងចិត្តរបស់គេ។ ពួកគេបានសម្គាល់ខ្លួនគេជាពួកដែលសាតាំងបង្វេង ហើយធ្វើតាមបំណងរបស់វា។—យ៉ូហាន ៨:៤៤; យ៉ូហានទី១ ៣:១០-១២
៧. (ក) តើអ្វីជាការខ្នះខ្នែង ដែលបានធ្វើឡើងដើម្បីបង្ក្រាបការចែកចាយនៃចំណេះព្រះគម្ពីរក្នុងអឺរ៉ុបខាងលិច? (ខ) តើអ្វីដែលបានសម្រេចក្នុងការបកប្រែនិងបោះពុម្ពព្រះគម្ពីរ?
៧ ការខិតខំដើម្បីបង្ក្រាបការចែកចាយនៃចំណេះព្រះគម្ពីរ ក៏មានបែបបទផ្សេងទៀតដែរ។ ពេលដែលភាសាឡាតាំងបានសាបសូន្យទៅ គឺមិនមែនជាពួកពាហិរជនទេ តែពួកប្រកាន់ថាខ្លួនគ្រីស្ទានទៅវិញ—សម្ដេចប៉ាប ក្រេកួរីទី៧ (១០៧៣-៨៥) និងសម្ដេចប៉ាប អ៊ីណូសែន្តទី៣ (១១៩៨-១២១៦)—ដែលបានប្រឆាំងយ៉ាងសកម្មនឹងការបកប្រែព្រះគម្ពីរ ក្នុងភាសាផ្សេងៗ ដែលមនុស្សជាច្រើននិយមប្រើ។ ក្នុងការកំចាត់មតិប្រឆាំង នឹងពួកកាន់អំណាចនៃសាសនាកាតូលិក ក្រុមប្រឹក្សាកាតូលិករ៉ូមនៅក្រុងទូលូសនៃប្រទេសបារាំង នៅឆ្នាំ១២២៩ បានដាក់បញ្ជាមិនឲ្យមនុស្សធម្មតាមានសៀវភៅព្រះគម្ពីរក្នុងភាសាសាមញ្ញឡើយ។ ទារុណកម្មសាសនាបានយកមកប្រើយ៉ាងសាហាវ ក្នុងការប្រតិបត្ដិច្បាប់នោះ។ ប៉ុន្តែ ក្រោយពី៤០០ឆ្នាំនៃទារុណកម្មសាសនា ពួកអ្នកដែលស្រឡាញ់បន្ទូលរបស់ព្រះ បានបកប្រែព្រះគម្ពីរទាំងមូលចប់ ហើយបានចែកចាយព្រះគម្ពីរក្នុងជាង២០ភាសា រួមទាំងគ្រាមភាសាមួយចំនួន និងមួយចំណែកធំក្នុង១៦ភាសាទៀត។
៨. ក្នុងកំឡុងសតវត្សទី១៩ តើអ្វីដែលបានកើតឡើងដល់វិស័យនៃការបកប្រែ និងការចែកចាយព្រះគម្ពីរក្នុងប្រទេសរុស្ស៊ី?
៨ គឺមិនមែនតែសាសនាកាតូលិកទេ ដែលបានខំប្រឹងទុកព្រះគម្ពីរពីមនុស្សធម្មតានោះ។ នៅដើមសតវត្សទី១៩ លោក ផាស្គី ជាសាស្ដ្រាចារ្យនៅបណ្ឌិតសភានៃទេវភាពក្នុងក្រុង សន្ត ភីធឺបឺក បានបកប្រែសិក្ខាបទម៉ាថាយពីភាសាក្រិកទៅភាសារុស្ស៊ី។ សៀវភៅឯទៀតនៃបទគម្ពីរគ្រីស្ទានភាសាក្រិក ក៏បានបកប្រែទៅភាសារុស្ស៊ី ហើយលោកផាស្គី បានធ្វើជាអ្នកពិនិត្យផ្ទៀងផ្ទាត់។ សៀវភៅទាំងនេះបានចែកចាយយ៉ាងពាសពេញ រហូតដល់កលល្បិចនៃបព្វជិត ក្នុងឆ្នាំ១៨២៦ អធិរាជ ហ្សា បានអន្ទោកអន្ទោងឲ្យសមាគមព្រះគម្ពីររុស្ស៊ី នៅក្រោមការចាត់ចែងនៃ«ក្រុមប្រឹក្សាបរិសុទ្ធ» នៃសាសនាអូធូដុក្សរុស្ស៊ី ដែលក្រោយមក បានបង្ក្រាបសកម្មភាពនៃសមាគមព្រះគម្ពីរ។ ក្រោយមក លោកផាស្គីបានបកប្រែបទគម្ពីរហេព្រើរ ចូលទៅជាភាសារុស្ស៊ី។ នៅពេលដំណាលគ្នានេះ ម៉ាការីអូ ជាសាសនាទូតអូធូដុក្ស ក៏បានបកប្រែបទគម្ពីរហេព្រើរ ពីហេព្រើរទៅភាសារុស្ស៊ីដែរ។ គេទាំងពីរនាក់បានត្រូវទទួលទណ្ឌកម្ម ហើយការបកប្រែរបស់គេបានដាក់ក្នុងប័ណ្ណសារបព្វជិត។ សាសនាអូធូដុក្សរុស្ស៊ីបានប្ដេជ្ញាទុកព្រះគម្ពីរក្នុងភាសាស្លាវ៉ូនិក ដែលនៅពេលនោះ មនុស្សសាមញ្ញមិនអាចអានឬយល់បានឡើយ។ ដោយសារតែគេមិនអាចបង្ក្រាបការខ្នះខ្នែងរបស់មនុស្ស ក្នុងការទទួលចំណេះនៃព្រះគម្ពីរ ទើប«ក្រុមប្រឹក្សាបរិសុទ្ធ» ក្នុងឆ្នាំ១៨៥៦ បានចាប់ផ្ដើមប្រែដោយខ្លួនគេ ដោយបានធ្វើយ៉ាងប្រយ័ត្នប្រយែង ដើម្បីធានាថាការបកប្រែគឺសមស្របនឹងទស្សនៈសាសនា។ ដូច្នេះ ជាប់ទាក់ទងនឹងការសាបព្រោះបន្ទូលនៃព្រះ នោះគឺឃើញមានការបែងចែករវាងអាការក្រៅនៃពួកមេដឹកនាំសាសនា និងបំណងពិតរបស់គេ ដែលបានសម្ដែងដោយពាក្យនិងសកម្មភាពរបស់គេ។—ថែស្សាឡូនីចទី២ ២:៣, ៤
ការពារបន្ទូលរបស់ព្រះពីអំពើពុករលួយ
៩. តើតាមរបៀបណាដែលអ្នកបកប្រែព្រះគម្ពីរខ្លះ បង្ហាញនូវសេចក្ដីស្រឡាញ់របស់គេចំពោះបន្ទូលនៃព្រះ?
៩ ក្នុងចំណោមពួកអ្នកដែលបកប្រែនិងចម្លងបទគម្ពីរ គឺមានពួកបុរសដែលពិតជាស្រឡាញ់បន្ទូលរបស់ព្រះ ហើយបានខំខ្នះខ្នែងឲ្យមនុស្សគ្រប់គ្នាទទួលបានដែរ។ លោក វាល្លាម ធីនដេល ជាទុក្ករបុគ្គល (ក្នុងឆ្នាំ១៥៣៦) ចំពោះអ្វីដែលលោកបានធ្វើ ដើម្បីឲ្យមានព្រះគម្ពីរក្នុងភាសាអង់គ្លេស។ លោក ហ្វ្រេនស៊ីស្កូ ឌី អីនហ្សិន៉ាស បានត្រូវជាប់គុកដោយទារុណកម្មសាសនាកាតូលិក (ក្រោយពី១៥៤៤) ដោយសារបកប្រែនិងបោះពុម្ពបទគម្ពីរគ្រីស្ទានភាសាក្រិក ក្នុងភាសាអេស្ប៉ាញ។ ដោយប្រថុយជីវិត លោករ៉ូបឺត ម៉ូរីសិន (ពីឆ្នាំ១៨០៧ទៅ១៨១៨) បានបកប្រែព្រះគម្ពីរចេញជាភាសាចិន។
១០. តើឧទាហរណ៍អ្វីដែលបង្ហាញថា មានពួកអ្នកបកប្រែដែលបានជំរុញចិត្ត មិនគ្រាន់តែលើសេចក្ដីស្រឡាញ់នៃបន្ទូលនៃព្រះ?
១០ ប៉ុន្តែ នៅពេលខ្លះ បើពិចារណាមើលទៅ មិនគ្រាន់តែសេចក្ដីស្រឡាញ់ចំពោះបន្ទូលរបស់ព្រះ ដែលមានឥទ្ធិពលលើកិច្ចការនៃពួកចម្លងនិងអ្នកបកប្រែ។ សូមពិចារណាមើលឧទាហរណ៍បួន៖ (១) ពួកសាម៉ារីបានសង់ព្រះវិហារលើភ្នំកេរិស៊ីម ជាគូប្រជែងនឹងព្រះវិហារក្នុងក្រុងយេរូសាឡិម។ ក្នុងការគាំទ្រសកម្មភាពនោះ មានការបន្ថែមសេចក្ដីក្នុងសៀវភៅប្រាំដំបូងនៃព្រះគម្ពីរសាម៉ារី ក្នុងនិក្ខមនំ ២០:១៧។ សេចក្ដីបង្គាប់បានដាក់បញ្ចូល ហាក់បីដូចជាផ្នែកនៃក្រិត្យវិន័យដប់ប្រការ ដើម្បីសង់អាសនៈពីថ្មលើភ្នំកេរិស៊ីម ហើយដើម្បីថ្វាយតង្វាយនៅទីនោះ។ (២) បុគ្គលដែលបានបកប្រែសៀវភៅដានីយ៉ែលជាដំបូង ចេញជាសេបទូជីនភាសាក្រិក បានធ្វើដោយគ្មានការអនុញ្ញាត។ គាត់បានបន្ថែមសេចក្ដី ដែលគាត់បានគិតថានឹងពន្យល់ឬធ្វើឲ្យប្រសើរឡើងអ្វីដែលនៅក្នុងគម្ពីរហេព្រើរ។ គាត់បានលុបចោលសេចក្ដីដែលគាត់បានគិតថា ជាអ្វីមិនសមរម្យដល់ពួកអ្នកអាន។ ពេលដែលគាត់បានបកប្រែទំនាយដែលស្តីអំពីគ្រានៃការលិចមកនៃព្រះមេស្ស៊ី ក្នុងដានីយ៉ែល ៩:២៤-២៧ គាត់បានកែបន្លំពេលកំណត់ដែលបានថ្លែងមក ហើយបន្ថែម និងកែប្រែ ហើយបានផ្លាស់កន្លែងពាក្យ តាមមើលទៅ ដោយមានបំណងនៃការធ្វើឲ្យទំនាយហាក់ដូចជាគាំទ្រនិងទស្សនៈការប្រយុទ្ធនៃម៉ាកកាប៊ី។ (៣) ក្នុងសតវត្សទីបួន ស.យ. ក្នុងអភិប្រាយឡាតាំង បុគ្គលដែលគាំទ្រព្រះត្រីឯកភាពដ៏ហួសហេតុ បានបញ្ចូលពាក្យ«នៅស្ថានសួគ៌ គឺជាព្រះវរបិតា១ ព្រះបន្ទូល១ និងព្រះវិញ្ញាណបរិសុទ្ធ១ តែទាំង៣អង្គនេះរួមមកតែ១ទេ» ហាក់ដូចជាសេចក្ដីសម្រង់ពីយ៉ូហានទី១ ៥:៧។ ក្រោយមក វគ្គនោះបានដាក់ចូលក្នុងឯកសារឡាតាំងព្រះគម្ពីរ។ (៤) លូវីសទី១៣ (១៦១០-៤៣) ប្រទេសបារាំងអនុញ្ញាតឲ្យហ្សាក កូបីន បកប្រែព្រះគម្ពីរជាភាសាបារាំង ដើម្បីនឹងប្រជែងការខំប្រឹងនៃពួកប្រូតេស្តង់។ ដោយមានគោលបំណងបែបនេះ លោកកូបីន បានបញ្ចូលបទខ្លះ ដែលស្តីអំពី«យញ្ញបូជាបរិសុទ្ធនៃម៉ាស់» នៅកិច្ចការ ១៣:២។
១១. (ក) តើតាមរបៀបណាដែលបន្ទូលនៃព្រះបាននៅស្ថិតស្ថេរ ទោះជាពួកអ្នកបកប្រែខ្លះឥតមានចិត្តទៀងត្រង់នោះ? (ខ) តើមានទីសំអាងនៃឯកសារសរសេរពីបុរាណដូចម្ដេច ដើម្បីបញ្ជាក់នូវអ្វីដែលព្រះគម្ពីរបានថ្លែងពីដើមមកនោះ? (សូមមើលប្រអប់)
១១ ព្រះយេហូវ៉ាមិនបានបង្ការការអុកឡុកបែបនេះលើបន្ទូលរបស់ទ្រង់ទេ ហើយនេះក៏មិនបានកែប្រែគោលបំណងរបស់ទ្រង់ដែរ។ តើនេះមានឥទ្ធិពលយ៉ាងណា? ការបន្ថែមលើឯកសារយោងដល់ភ្នំកេរិស៊ីម មិនបានបណ្ដាលឲ្យសាសនាសាម៉ារីក្លាយទៅជាផ្លូវរបស់ព្រះដល់មនុស្សលោកឡើយ។ ផ្ទុយទៅ នេះឲ្យទីសំអាងថា ទោះជាសាសនាសាម៉ារីបានអះអាងថា ជឿសៀវភៅប្រាំដំបូងក៏ដោយ នេះមិនអាចចាត់ទុកថាបង្រៀនសេចក្ដីពិតទេ។ (យ៉ូហាន ៤:២០-២៤) ការដាក់បន្ថែមសេចក្ដីក្នុងសេបទូជីន មិនបានបង្ការព្រះមេស្ស៊ីពីការយាងមកក្នុងគ្រាដែលបានប្រាប់តាមរយៈព្យាការីដានីយ៉ែលនោះឡើយ។ ម្យ៉ាងទៀត ទោះជាសេបទូជីន បានត្រូវប្រើក្នុងសតវត្សទីមួយ ពួកយូដាគឺធ្លាប់ឮគេអានបទគម្ពីរក្នុងភាសាហេព្រើរ ក្នុងសាលាប្រជុំរបស់គេ។ ជាលទ្ធផល «បណ្ដាមនុស្សនៅតែចាំមើល» ពេលគ្រាសំរាប់ការសម្រេចនៃទំនាយជិតមកដល់។ (លូកា ៣:១៥) ចំពោះការបន្ថែមសេចក្ដីនៅយ៉ូហានទី១ ៥:៧ ដើម្បីគាំទ្រព្រះត្រីឯកភាព និងនៅកិច្ចការ ១៣:២ ដើម្បីគាំទ្រការបង្រៀននៃម៉ាស់ ទាំងនេះក៏មិនបានផ្លាស់ប្ដូរអ្វីជាសេចក្ដីពិតដែរ។ ហើយក្រោយមក ការបំភាន់បានត្រូវលាតត្រដាងឲ្យឃើញច្បាស់ក្រឡែត។ ឯកសារនៃព្រះគម្ពីរដែលមានជាច្រើននៃភាសាដើម ផ្ដល់ឲ្យយើងឆែកមើលសុពលភាពនៃការបកប្រែណាមួយ។
១២. (ក) តើមានការប្រែប្រួលខ្លាំងអ្វីដោយពួកអ្នកបកប្រែព្រះគម្ពីរខ្លះ? (ខ) តើមានដល់ទំហំណាទៅ?
១២ ការខំខ្នះខ្នែងឯទៀត ដើម្បីកែប្រែបទគម្ពីរ គឺទាក់ទងច្រើនទៀត មិនគ្រាន់តែកែពាក្យនៃខពីរបីនោះទេ។ នេះជាការប្រយុទ្ធលើអត្តសញ្ញាណនៃព្រះដ៏ពិត។ សភាពនិងការផ្លាស់ប្ដូរដ៏ជាច្រើន ផ្ដល់ទីសំអាងយ៉ាងច្បាស់នៃឥទ្ធិពលពីប្រភពដែលខ្លាំងជាងមនុស្សឬអង្គការរបស់មនុស្សណាមួយ—ត្រូវហើយ គឺឥទ្ធិពលពីមេសត្រូវរបស់ព្រះយេហូវ៉ា អារក្សសាតាំង។ ដោយបន្ទន់ទៅតាមឥទ្ធិពលនោះ ពួកអ្នកបកប្រែនិងអ្នកចម្លង—អ្នកខ្លះធ្វើឡើងដោយខ្នះខ្នែង អ្នកខ្លះមានចិត្តស្ទាក់ស្ទើរ—បានចាប់ផ្ដើមដកព្រះនាមផ្ទាល់របស់ទ្រង់ ព្រះយេហូវ៉ា ចេញពីពាក្យដែលទ្រង់បានបណ្ដាលឲ្យតែងមក ក្នុងរាប់ពាន់កន្លែងដែលមានក្នុងព្រះគម្ពីរ។ នៅពេលពីដើម ការបកប្រែកខ្លះពីភាសាហេព្រើរទៅភាសាក្រិក ឡាតាំង អាល្លឺម៉ង់ អ៊ីតាលី និង ភាសាហុលឡង់ដេ ក្នុងចំណោមឯទៀត បានដកចេញព្រះនាមព្រះទាំងអស់ ឬក៏ទុកតែពីរបីកន្លែងប៉ុណ្ណោះ។ ហើយក៏បានដកចេញពីបទគម្ពីរគ្រីស្ទានភាសាក្រិកដែរ។
១៣. ហេតុអ្វីក៏ការខំខ្នះខ្នែងដើម្បីផ្លាស់ប្ដូរព្រះគម្ពីរ មិនបានដកចេញព្រះនាមរបស់ព្រះពីគំនិតរបស់មនុស្ស?
១៣ ប៉ុន្តែ ព្រះនាមដ៏រុងរឿង មិនបានដកចេញពីគំនិតរបស់មនុស្សទេ។ ការបកប្រែនៃបទគម្ពីរភាសាហេព្រើរទៅភាសាអេស្ប៉ាញ ព័រទុយហ្គេល អាល្លឺម៉ង់ អង់គ្លេស បារាំង និងជាច្រើនទៀត បានរួមបញ្ចូលព្រះនាមទ្រង់ដោយទៀងត្រង់។ មកដល់សតវត្សទី១៦ ព្រះនាមរបស់ព្រះក៏ចាប់ផ្ដើមលេចឡើងក្នុងការបកប្រែភាសាហេព្រើរផ្សេងៗទៀត នៃបទគម្ពីរគ្រីស្ទានភាសាក្រិក។ មកដល់សតវត្សទី១៨ ក្នុងប្រទេសអាល្លឺម៉ង់; ហើយដល់សតវត្សទី១៩ ក្នុងភាសាក្រូអាស៊ីនិងភាសាអង់គ្លេស។ ទោះជាមនុស្សប្រហែលជាខំលាក់ព្រះនាមទ្រង់ក៏ដោយ នៅពេលដែល«ថ្ងៃនៃព្រះយេហូវ៉ា»មកដល់ ដូចព្រះបានប្រកាសប្រាប់‹សាសន៍ទាំងឡាយនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត›។ គោលបំណងដែលបានប្រកាសប្រាប់នោះ នឹងបានសម្រេចជាមិនខាន។—ពេត្រុសទី២ ៣:១០; អេសេគាល ៣៨:២៣; អេសាយ ១១:៩; ៥៥:១១
សារដែលមានទូទាំងពិភពលោក
១៤. (ក) ដល់សតវត្សទី២០ ក្នុងប៉ុន្មានភាសានៃអឺរ៉ុបដែលព្រះគម្ពីរបានត្រូវបោះពុម្ពមក ហើយមានឥទ្ធិពលយ៉ាងណា? (ខ) ដល់ចុងឆ្នាំនៃ១៩១៤ តើព្រះគម្ពីរមានប៉ុន្មានភាសានៃអាហ្វ្រិក?
១៤ មកដល់ដើមសតវត្សទី២០ ព្រះគម្ពីរក៏បានត្រូវបោះពុម្ពក្នុង៩៤ភាសានៃទ្វីបអឺរ៉ុបទៅហើយ។ នេះបានប្រាប់ឲ្យដឹងជាមុនដល់ពួកសិស្សព្រះគម្ពីរ ក្នុងភូមិភាគនោះ ដល់ការណ៍ពិតថា ព្រឹត្ដិការណ៍ដ៏សំខាន់នឹងមកដល់ នៅទីចុងបញ្ចប់គ្រារបស់សាសន៍ដទៃក្នុងឆ្នាំ១៩១៤។ ប្រាកដហើយ គឺបានកើតមកមែន! (លូកា ២១:២៤) មុនឆ្នាំ១៩១៤បានចប់នោះ ព្រះគម្ពីរ មិនថាទាំងមូលឬជាផ្នែកខ្លះ បានត្រូវបោះពុម្ពក្នុង១៥៧ភាសានៃទ្វីបអាហ្វ្រិក បន្ថែមពីលើការបកប្រែក្នុងភាសាអង់គ្លេស បារាំង និងព័រទុយហ្គេល។ ដូច្នេះហើយ គ្រឹះបានចាក់សំរាប់បង្រៀនសេចក្ដីពិតព្រះគម្ពីរដែលដោះលែងខាងវិញ្ញាណ ដល់មនុស្សរាបទាបនៃជាតិជាច្រើនរស់នៅកន្លែងនោះ។
១៥. កាលដែលថ្ងៃជាន់ក្រោយបង្អស់បានចាប់ផ្ដើម ដល់ទំហំណាដែលព្រះគម្ពីរមានក្នុងភាសានៃទ្វីបអាមេរិក?
១៥ កាលដែលលោកនេះចូលទៅក្នុងថ្ងៃជាន់ក្រោយបង្អស់ដែលបានទាយមកនោះ ព្រះគម្ពីរបានមានទូទាំងទ្វីបអាមេរិក។ អន្ដោប្រវេសីពីអឺរ៉ុបក៏បាននាំព្រះគម្ពីរមកជាមួយគេក្នុងភាសាផ្សេងៗ។ ការអប់រំកម្មវិធីព្រះគម្ពីរក៏ចាប់ផ្ដើមមានឡើង ដោយមានអធិប្បាយជាសាធារណៈនិងការចែកចាយប្រកាសនវត្ថុ ដែលបានបោះពុម្ពដោយសិស្សព្រះគម្ពីរអន្តរជាតិ ជាឈ្មោះរបស់ស្មរបន្ទាល់ព្រះយេហូវ៉ានៅពេលនោះ។ ថែមទៀតនោះ ការបោះពុម្ពព្រះគម្ពីរក៏បានធ្វើដោយសមាគមព្រះគម្ពីរក្នុង៥៧ភាសា ដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាជននៃសាសន៍ច្រើននៅអឌ្ឍគោលខាងលិច។
១៦, ១៧. (ក) តើព្រះគម្ពីរមានដល់ទំហំណា ពេលដែលគ្រានៃការផ្សាយទូទាំងពិភពលោកមកដល់? (ខ) តើតាមរបៀបណាដែលព្រះគម្ពីរពិតជាសឲ្យឃើញថានៅស្ថិតស្ថេរ ហើយជាសៀវភៅដ៏មានអនុភាពនោះ?
១៦ នៅពេលគ្រាមកដល់សំរាប់ការផ្សាយដំណឹងល្អទូទាំងពិភពលោក មុន‹បានដល់ចុងបំផុត› ព្រះគម្ពីរមិនមែនជាអ្វីដ៏ថ្មីចំពោះពួកអាស៊ីនិងកោះទាំងឡាយនៃប៉ាស៊ីហ្វិកឡើយ។ (ម៉ាថាយ ២៤:១៤) ព្រះគម្ពីរបានត្រូវបោះពុម្ពក្នុង២៣២ភាសាទៅហើយ ដែលមានក្នុងភូមិភាគខាងនោះ។ ខ្លះគឺមានព្រះគម្ពីរទាំងមូល ខ្លះទៀតជាសៀវភៅតែមួយនៃបទគម្ពីរពិសិដ្ឋ។
១៧ យ៉ាងច្បាស់ណាស់ ព្រះគម្ពីរមិនបាននៅស្ថិតស្ថេរសំរាប់ដាក់តាំងនៅសារមន្ទីរឡើយ។ ចំពោះសៀវភៅទាំងឡាយដែលមាន នេះជាសៀវភៅដែលបានបកប្រែច្រើនជាងគេ ហើយបានចែកចាយច្រើនជាងគេបង្អស់។ ស្របតាមទីសំអាងនៃព្រះគុណរបស់ព្រះ អ្វីដែលបានកត់ទុកក្នុងសៀវភៅ នឹងបានត្រូវសម្រេច។ សេចក្ដីបង្រៀនរបស់ព្រះគម្ពីរ និងវិញ្ញាណបរិសុទ្ធដែលបានគាំទ្រនោះ ក៏មានឥទ្ធិពលជាស្ថាពរលើជីវិតមនុស្សក្នុងស្រុកជាច្រើន។ (ពេត្រុសទី១ ១:២៤, ២៥) ប៉ុន្តែ នឹងមានច្រើនទៀត។
តើអ្នកនៅចាំទេ?
◻ តើអ្វីជា«ព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នា» ដែលស្ថិតស្ថេរជាដរាបនោះ?
◻ តើមានការប៉ុនប៉ងអ្វីដើម្បីបង្ក្រាបព្រះគម្ពីរ ហើយតើមានលទ្ធផលយ៉ាងណា?
◻ តើបូរណភាពនៃព្រះគម្ពីរបានត្រូវការពារដោយដូចម្ដេច?
◻ តើសេចក្ដីថ្លែងរបស់ព្រះនៃគោលបំណងរបស់ទ្រង់ បានសឲ្យឃើញថាបន្ទូលរបស់ទ្រង់មាននៅរស់យ៉ាងណា?
[ប្រអប់នៅទំព័រ១០]
តើយើងដឹងជាពិតប្រាកដនូវអ្វីដែលព្រះគម្ពីរបានថ្លែងដើមដំបូងទេ?
ប្រមាណ៦.០០០ ឯកសារសរសេរនៃបទគម្ពីរភាសាហេព្រើរ បានផ្ដល់ទីសំអាងអំពីបញ្ជីរឿងនៃបទគម្ពីរភាសាហេព្រើរ។ ឯកសារខ្លះបានមានតាំងពីសម័យមុនគ្រីស្ទានទៅទៀត។ យ៉ាងហោចណាស់ មានឯកសារសរសេរ១៩ក្បាលនៃបទគម្ពីរភាសាហេព្រើរទាំងមូល ពីពេលវេលាមុននឹងការបោះពុម្ពទៅទៀត។ បន្ថែមទៀត ពីគ្រាដដែលនេះ ក៏មានការបកប្រែដែលបានធ្វើឡើងក្នុង២៨ភាសាទៀត។
ចំពោះ បទគម្ពីរគ្រីស្ទានភាសាក្រិក មានឯកសារសរសេរ៥.០០០ក្បាលក្នុងភាសាក្រិកបានកត់បញ្ជីទុក។ ឯកសារមួយក្នុងចំណោមនេះ គឺមានមកមុនឆ្នាំ១២៥ ស.យ. ដូច្នេះហើយគ្រាន់តែបីបួនឆ្នាំក្រោយការសរសេរដើមប៉ុណ្ណោះ។ ហើយចំណែកឯទៀត ត្រូវបានគេគិតថា មានមុននេះទៅទៀត។ ចំពោះសៀវភៅ២២ ក្នុងចំណោម២៧ គឺមាន១០ទៅ១៩បានសរសេរចប់ទាំងមូលក្នុងឯកសារ។ សៀវភៅវិវរណៈមានឯកសារសរសេរចប់ទាំងមូល ចំនួនតិចបំផុត—មានតែបី។ ឯកសារមួយនៃបទគម្ពីរគ្រីស្ទានភាសាក្រិកទាំងមូល មានមកពីសតវត្សទីបួន ស.យ.។
គ្មានឯកសារសរសេរពីបុរាណណាមួយ បានត្រូវបញ្ជាក់ដោយទីសំអាងជាច្រើនដូចនេះឡើយ។