សៀវភៅដែលមកពីព្រះ
«ដ្បិតសេចក្ដីទំនាយមិនដែលមក ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្ដាលវិញ»។—ពេត្រុសទី២ ១:២១
១, ២. (ក) ហេតុអ្វីក៏មនុស្សខ្លះសង្ស័យថាតើព្រះគម្ពីរគឺទាក់ទងចំពោះការរស់នៅសព្វថ្ងៃនេះ? (ខ) តើមានភស្តុតាងបីយ៉ាងណាដែលយើងអាចប្រើ ដើម្បីបង្ហាញថាព្រះគម្ពីរគឺមកពីព្រះ?
តើព្រះគម្ពីរទាក់ទងចំពោះមនុស្សដែលនៅរស់នៅជិតសតវត្សទី២១នេះទេ? មនុស្សខ្លះគិតថាឥតទាក់ទងឡើយ។ គ្រូពេទ្យលោក អ៊ីឡែ ឈីសិនបានសរសេរពន្យល់នូវហេតុដែលលោកគិតថាព្រះគម្ពីរឥតទាន់សម័យ៖ «គ្មានអ្នកណាយកសៀវភៅគីមីនៅឆ្នាំ១៩២៤ ដើម្បីបង្រៀននៅថ្នាក់រៀនគីមីទំនើបនេះឡើយ—តាំងពីនោះមក អ្វីៗជាច្រើនបានរៀនបន្ថែមអំពីគីមីហើយ»។ ការវែកញែកនេះហាក់ដូចជាសមហេតុផល បើពិនិត្យមើលសើៗ។ មែនហើយ មនុស្សជាតិបានរៀនច្រើនអំពីវិទ្យាសាស្ត្រ សុខភាពនៃខួរក្បាល និងមារយាទរបស់មនុស្សតាំងពីជំនាន់ព្រះគម្ពីរមកម្ល៉េះ។ ដូច្នេះ អ្នកខ្លះឆ្ងល់ថា៖ ‹តើសៀវភៅពីបុរាណបែបនេះ អាចជៀសផុតពីភាពឥតត្រឹមត្រូវខាងវិទ្យាសាស្ត្រយ៉ាងណាបាន? តើយ៉ាងដូចម្ដេចដែលសៀវភៅនេះមានឱវាទ ដែលមានប្រយោជន៍សំរាប់ការរស់នៅសព្វថ្ងៃនេះ›?
២ ព្រះគម្ពីរផ្ដល់ឲ្យចម្លើយ។ នៅពេត្រុសទី២ ១:២១ គឺបានប្រាប់យើងថា ព្យាការីព្រះគម្ពីរ«បានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្ដាលវិញ»។ ដូច្នេះព្រះគម្ពីរបង្ហាញថានេះជាសៀវភៅដែលមកពីព្រះ។ ប៉ុន្តែ តើយើងអាចធ្វើឲ្យអ្នកផ្សេងទៀតជឿរឿងនេះយ៉ាងដូចម្ដេច? សូមឲ្យយើងពិនិត្យមើលភស្តុតាងបីយ៉ាង ដែលថាព្រះគម្ពីរជាបន្ទូលនៃព្រះ៖ (១) គឺទៀងត្រូវខាងវិទ្យាសាស្ត្រ (២) មានគោលការណ៍ជាច្រើន ដែលមានប្រយោជន៍ក្នុងការរស់នៅសព្វថ្ងៃនេះ ហើយ(៣) មានទំនាយចំៗដែលបានសម្រេច ដូចបានបញ្ជាក់ដោយហេតុការណ៍ខាងប្រវត្ដិសាស្ត្រ។
សៀវភៅដែលយល់ស្របនឹងវិទ្យាសាស្ត្រ
៣. ហេតុអ្វីក៏ការស្រាវជ្រាវខាងវិទ្យាសាស្ត្រមិនបានគំរាមកំហែងដល់ព្រះគម្ពីរ?
៣ ព្រះគម្ពីរមិនមែនជាសៀវភៅខាងវិទ្យាសាស្ត្រទេ។ ប៉ុន្តែ ព្រះគម្ពីរជាសៀវភៅនៃសេចក្ដីពិត ហើយសេចក្ដីពិតអាចនៅស៊ូទ្រាំនឹងការសាកល្បងបាន។ (យ៉ូហាន ១៧:១៧) ព្រះគម្ពីរមិនបានត្រូវគំរាមកំហែងដោយអ្វីដែលបានរកឃើញខាងវិទ្យាសាស្ត្រឡើយ។ នៅពេលដែលព្រះគម្ពីររៀបរាប់អំពីរឿងវិទ្យាសាស្ត្រ នោះព្រះគម្ពីរឥតមានការទាក់ទងនឹងទ្រឹស្តីពីបុរាណ«ខាងវិទ្យាសាស្ត្រ» ដែលបង្ហាញជារឿងព្រេងនោះឡើយ។ តាមពិត ព្រះគម្ពីរមានសេចក្ដីថ្លែង ដែលមិនគ្រាន់តែទៀងត្រូវខាងវិទ្យាសាស្ត្រ ប៉ុន្តែនិយាយប្រឆាំងទាំងស្រុងនឹងមតិដែលគេនិយមព្រមនៅសម័យនោះ។ ជាឧទាហរណ៍ សូមពិចារណាមើលសេចក្ដីស្របគ្នារវាងព្រះគម្ពីរនិងវិទ្យាសាស្ត្រខាងវិជ្ជាពេទ្យ។
៤, ៥. (ក) គ្រូពេទ្យពីបុរាណមិនយល់អ្វីអំពីរោគ? (ខ) ហេតុអ្វីក៏ម៉ូសេច្បាស់ជាដឹងអំពីការព្យាបាលនៃគ្រូពេទ្យអេស៊ីប?
៤ គ្រូពេទ្យពីបុរាណមិនបានយល់យ៉ាងច្បាស់លាស់នូវរបៀបដែលរោគរាលដាលនោះទេ ហើយគេក៏មិនដឹងនូវសារៈសំខាន់នៃអនាម័យ ក្នុងការបង្ការជម្ងឺនោះដែរ។ ការព្យាបាលជាច្រើននៅពីបុរាណ នឹងហាក់ដូចធ្វើឡើងយ៉ាងឃោរឃៅ បើប្រៀបធៀបនឹងកំរិតដ៏ទំនើបនេះ។ ឯកសារខាងវិជ្ជាពេទ្យដ៏ចាស់ជាងគេមួយ គឺហៅថា ផែបផាយរ៉ុសអ៊ីបឺ ដែលជាការប្រមូលផ្ដុំនៃវិជ្ជាពេទ្យរបស់អេស៊ីប ដែលមានពីឆ្នាំ១៥៥០ ម.ស.យ.។ សៀវភៅនេះមានរបៀបព្យាបាល៧០០យ៉ាងសំរាប់សេចក្ដីសោកទុក្ខផ្សេងៗ «ពីក្រពើខាំដល់ការឈឺក្រចកជើង»។ របៀបព្យាបាលទាំងនេះភាគច្រើនគឺឥតមានប្រសិទ្ធិភាពទេ ហើយរបៀបព្យាបាលខ្លះគឺមានគ្រោះថ្នាក់ណាស់។ ចំពោះការព្យាបាលរបួស នោះវិធីព្យាបាលមួយបានប្រាប់ឲ្យលាយលាមកមនុស្សជាមួយនឹងរបស់ផ្សេងៗទៀតដាក់ឲ្យជាប់នឹងរបួស។
៥ សៀវភៅខាងវិជ្ជាពេទ្យរបស់អេស៊ីបនេះបានសរសេរឡើង ប្រហែលនៅគ្រាដែលសៀវភៅដំបូងនៃព្រះគម្ពីរបានសរសេរឡើង ដែលរួមបញ្ចូលក្រិត្យវិន័យម៉ូសេ។ ម៉ូសេ ដែលបានកើតនៅឆ្នាំ១៥៩៣ ម.ស.យ. បានធំពេញវ័យនៅស្រុកអេស៊ីប។ (និក្ខមនំ ២:១-១០) ដោយគេបានចិញ្ចឹមនៅដំណាក់របស់ផារ៉ោន នោះម៉ូសេ«បានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជា នៃសាសន៍អេស៊ីព្ទ»។ (កិច្ចការ ៧:២២) លោកក៏បានដឹងអំពី«ពួកគ្រូពេទ្យ»នៃស្រុកអេស៊ីបដែរ។ (លោកុប្បត្តិ ៥០:១-៣) តើការព្យាបាលដ៏ឥតប្រសិទ្ធិភាពឬដែលគ្រោះថ្នាក់នេះ មានឥទ្ធិពលលើអ្វីដែលគាត់សរសេរទេ?
៦. តើបទបញ្ជាខាងអនាម័យអ្វីនៅក្នុងក្រិត្យវិន័យម៉ូសេ ដែលអាចចាត់ទុកជាសមហេតុផលដោយវិទ្យាសាស្ត្រនៅសម័យទំនើបនេះ?
៦ ផ្ទុយទៅវិញ ក្រិត្យវិន័យម៉ូសេបានរួមបញ្ចូលបទបញ្ជាអនាម័យ ដែលអាចចាត់ទុកថាសមហេតុផល ដោយវិទ្យាសាស្ត្រខាងពេទ្យនៅសម័យទំនើបនេះ។ ជាឧទាហរណ៍ ក្រិត្យវិន័យចំពោះការបោះជំរំទាហាន បានតម្រូវឲ្យកប់លាមកនៅខាងក្រៅជំរំ។ (ចោទិយកថា ២៣:១៣) នេះជាវិធានការខាងការបង្ការដ៏ជឿនលឿនមែន។ ហើយបានជួយរក្សាឲ្យប្រភពទឹករបស់គេ រួចផុតពីការក្រខ្វក់ ហើយបានការពារពីរោគដែលឆ្លងដោយសត្វរុយ ហើយនិងរោគរាគ ដែលកំពុងសម្លាប់មនុស្សជាច្រើនលាននាក់រៀងរាល់ឆ្នាំ ហើយភាគច្រើននៅក្នុងស្រុកដែលឥតទាន់ចំរើនលូតលាស់។
៧. តើបទបញ្ជាខាងអនាម័យអ្វីនៅក្នុងក្រិត្យវិន័យម៉ូសេ ដែលបានជួយបង្ការការឆ្លងរាលដាលរោគ?
៧ ក្រិត្យវិន័យម៉ូសេមានបទបញ្ជាអនាម័យឯទៀត ដែលបានជួយបង្ការការឆ្លងរោគ។ បុគ្គលដែលមានឬប្រហែលជាមានរោគដែលអាចឆ្លង នោះបានត្រូវដាក់ឲ្យនៅដាច់ពីគេ។ (លេវីវិន័យ ១៣:១-៥) សំលៀកបំពាក់ឬប្រដាប់ណាដែលប៉ះលើសត្វដែលស្លាប់ដោយឯង (ប្រហែលដោយរោគ) គឺត្រូវឲ្យលៀងបោកមុនយកមកប្រើ ឬក៏កំទេចចោល។ (លេវីវិន័យ ១១:២៧, ២៨, ៣២, ៣៣) បុគ្គលណាមួយដែលប៉ះខ្មោច បានត្រូវចាត់ទុកជាឥតស្អាត ហើយត្រូវតែធ្វើតាមតម្រាប់នៃការសំអាត ដែលរួមបញ្ចូលការបោកសំលៀកបំពាក់និងងូតទឹក។ ក្នុងកំឡុងពេលប្រាំពីរថ្ងៃនៃការឥតស្អាត នោះគាត់ត្រូវជៀសវាងប៉ះជាមួយអ្នកដទៃ។—ជនគណនា ១៩:១-១៣
៨, ៩. ហេតុអ្វីក៏អាចនិយាយថា ក្រិត្យក្រមអនាម័យនៅក្នុងក្រិត្យវិន័យម៉ូសេមានភាពជឿនលឿនដ៏លើសសម័យនោះ?
៨ ក្រិត្យក្រមអនាម័យនេះ បង្ហាញនូវប្រាជ្ញា ដែលមានភាពជឿនលឿនដ៏លើសសម័យ។ វិទ្យាសាស្ត្រវិជ្ជាខាងពេទ្យនៅសម័យទំនើបនេះ បានរៀនជាច្រើនអំពីការឆ្លងរាលដាលនិងការបង្ការរោគ។ ជាឧទាហរណ៍ ការរីកចំរើនខាងវិធីព្យាបាលនៅសតវត្សទី១៩ បាននាំឲ្យមានបូតិប្រតិបក្សវិធី—ដែលជាការសំអាតដើម្បីបន្ថយរោគ។ ជាលទ្ធផល គឺមានការបន្ថយជាច្រើននៃមេរោគ និងការស្លាប់តែនៅវ័យក្មេង។ នៅឆ្នាំ១៩០០ អាយុកាលមធ្យមនៅពេលកើត នៅប្រទេសជាច្រើននៃទ្វីបអឺរ៉ុប និងនៅសហរដ្ឋអាមេរិក គឺមានតិចជាង៥០ឆ្នាំ។ តាំងពីនោះមក អាយុកាលមធ្យមបានរីកចំរើនជាច្រើន មិនមែនគ្រាន់តែដោយសារការចំរើនលូតលាស់ខាងវិជ្ជាពេទ្យក្នុងការទប់ទល់មេរោគ ប៉ុន្តែដោយមានអនាម័យនិងស្ថានភាពរស់នៅល្អ។
៩ ប៉ុន្តែ ជាច្រើនពាន់ឆ្នាំមុននឹងវិទ្យាសាស្ត្រខាងវិជ្ជាពេទ្យ បានរៀនដឹងអំពីការឆ្លងរាលដាលនៃមេរោគ នោះព្រះគម្ពីរបានដាក់បញ្ញត្ដិវិធានការបង្ការដែលសមហេតុផល ដើម្បីការពារពីរោគ។ មិនជាការភ្ញាក់ទេ ដែលម៉ូសេបាននិយាយអំពីអ៊ីស្រាអែលជាទូទៅនៅសម័យគាត់ ថាគេរស់នៅដល់អាយុ៧០ឬ៨០ឆ្នាំនោះ។ (ទំនុកដំកើង ៩០:១០) តើម៉ូសេអាចដឹងយ៉ាងដូចម្ដេចបានអំពីបទបញ្ជាខាងអនាម័យបែបនេះ? ព្រះគម្ពីរពន្យល់ថា៖ ក្រិត្យក្រម«នោះឲ្យដោយសារពួកទេវតា»។ (កាឡាទី ៣:១៩) ត្រូវហើយ ព្រះគម្ពីរមិនមែនជាសៀវភៅនៃប្រាជ្ញារបស់មនុស្សនោះទេ ព្រះគម្ពីរជាសៀវភៅពីព្រះ។
សៀវភៅដែលមានប្រយោជន៍សំរាប់ការរស់នៅសម័យទំនើប
១០. ថ្វីបើព្រះគម្ពីរបានសរសេរចប់ជិត២.០០០ឆ្នាំមកហើយ តើឱវាទរបស់ព្រះគម្ពីរយ៉ាងណាដែរ?
១០ សៀវភៅដែលផ្ដល់ឲ្យឱវាទលំអៀងនោះក្លាយទៅជាហួសសម័យ ហើយមិនយូរប៉ុន្មាននឹងត្រូវកែបន្ថែមបន្ថយឬមានថ្មីមួយទៀត។ ប៉ុន្តែ ព្រះគម្ពីរគឺចម្លែកអស្ចារ្យជាពិតមែន។ ទំនុកដំកើង ៩៣:៥ ចែងថា៖ «អស់ទាំងសេចក្ដីបន្ទាល់របស់ទ្រង់សុទ្ធតែពិតប្រាកដ»។ ថ្វីបើព្រះគម្ពីរបានសរសេរចប់ជិត២.០០០ឆ្នាំមកហើយ ពាក្យសំដីក្នុងព្រះគម្ពីរគឺនៅអាចអនុវត្តបាន។ ហើយពាក្យទាំងនោះអាចយកមកអនុវត្តដោយមានប្រសិទ្ធិភាព មិនថាដោយសម្បុរស្បែកឬស្រុកដែលយើងរស់នៅនោះឡើយ។ សូមពិចារណាមើលឧទាហរណ៍ខ្លះនៃឱវាទដែល«សុទ្ធតែពិតប្រាកដ»របស់ព្រះគម្ពីរ។
១១. បីបួនទសវត្សមុននេះ តើឪពុកម្ដាយជាច្រើនបានបង្ខំឲ្យជឿយ៉ាងណាអំពីការទូន្មានកូន?
១១ បីបួនទសវត្សកន្លងទៅនេះ ឪពុកម្ដាយជាច្រើន ដែលបានជំរុញដោយ«គំនិតថ្មីៗ»អំពីការចិញ្ចឹមកូននោះបានគិតថា «ឪពុកម្ដាយមិនត្រូវទូន្មានកូនទេ»។ គេខ្លាចថា ការដាក់កំរិតលើកូន នឹងធ្វើឲ្យខូចចិត្តនិងការអន្ទះអន្ទែងយ៉ាងខ្លាំង។ អ្នកឲ្យឱវាទដែលមានចេតនាល្អ បានទទូចថាឪពុកម្ដាយត្រូវជៀសវាងធ្វើអ្វីក្រៅពីការប្រដៅកូនក្មេងបន្ដិចបន្តួច។ ពួកអ្នកជំនាញជាច្រើនបែបនេះ ឥឡូវ«កំពុងដាស់តឿនឲ្យឪពុកម្ដាយទៅជាតឹងបន្ដិច ឲ្យប្រើការប្រដៅទូន្មានលើកូនគេ» ដែលបានរាយការណ៍ដោយញូវយ៉ក ថែម្ស។
១២. តើពាក្យក្រិកជានាម ដែលបានបកប្រែជា«ដំបូន្មាន»មានន័យយ៉ាងណា ហើយហេតុអ្វីបានជាកូនត្រូវការប្រដៅទូន្មានបែបនេះ?
១២ ប៉ុន្តែ តាំងពីដើមមក ព្រះគម្ពីរផ្ដល់ឲ្យឱវាទដែលចំៗហើយដែលថ្លឹងថ្លែងលើរឿងនៃការអប់រំកូន។ ព្រះគម្ពីរឲ្យឱវាទថា៖ «ឪពុករាល់គ្នាអើយ កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ»។ (អេភេសូរ ៦:៤) នាមនេះក្នុងភាសាក្រិកដែលបានបកប្រែ «ដំបូន្មាន» មានន័យថា «ការអប់រំ ការបង្ហាត់ ការបង្រៀន»។ ព្រះគម្ពីរចែងថា ដំបូន្មាន ឬការបង្រៀន ជាទីសំអាងនៃសេចក្ដីស្រឡាញ់ពីឪពុកម្ដាយ។ (សុភាសិត ១៣:២៤) កូននឹងលូតលាស់នៅក្រោមគោលការណ៍ណែនាំ ដែលជួយគេឲ្យបណ្ដុះការដឹងខុសត្រូវ។ ដំបូន្មានដែលប្រើយ៉ាងត្រឹមត្រូវ នឹងធ្វើឲ្យគេមានអារម្មណ៍ដ៏សុខ ហើយបង្ហាញថាឪពុកម្ដាយរបស់គេ មើលថែរក្សាគេ និងអំពីរបៀបដែលគេនឹងក្លាយទៅជាមនុស្សយ៉ាងណា។—ប្រៀបធៀប សុភាសិត ៤:១០-១៣
១៣. (ក) ពេលទាក់ទងនឹងការទូន្មាន តើឱវាទអ្វីដែលព្រះគម្ពីរឲ្យឪពុកម្ដាយ? (ខ) តើព្រះគម្ពីរដាស់តឿនការទូន្មានប្រភេទណា?
១៣ ប៉ុន្តែ ព្រះគម្ពីរព្រមានឪពុកម្ដាយក្នុងរឿងដំបូន្មាននេះ។ អំណាចគ្រប់គ្រងរបស់ឪពុកម្ដាយមិនត្រូវធ្វើឡើងដោយធ្វើបាបកូនឡើយ។ (សុភាសិត ២២:១៥) ក្មេងណាមួយមិនត្រូវនៅក្រោមការដាក់ទណ្ឌកម្មដ៏ឃោរឃៅទេ។ អំពើឃោរឃៅលើរូបកាយ គឺមិនត្រូវឲ្យមានក្នុងគ្រួសារ ដែលរស់នៅតាមព្រះគម្ពីរឡើយ។ (ទំនុកដំកើង ១១:៥) ហើយអំពើឃោរឃៅខាងចិត្ត ក៏មិនត្រូវឲ្យមានដែរ—ដូចជាពាក្យមិនពីរោះ រិះគន់មិនចេះឈប់ ដាក់ផ្លែផ្កាដ៏ឈឺចាប់ ដែលអាចកំទេចទឹកចិត្តរបស់ក្មេងម្នាក់។ (ប្រៀបធៀប សុភាសិត ១២:១៨) ដោយប្រាជ្ញា ព្រះគម្ពីរព្រមានឪពុកម្ដាយថា៖ «ឱឪពុករាល់គ្នាអើយ កុំឌុកដាន់កូនចៅឡើយ ក្រែងវារសាយចិត្តចេញ»។ (កូល៉ុស ៣:២១) ព្រះគម្ពីរដាស់តឿនឲ្យមានវិធានការដែលបង្ការ។ នៅចោទិយកថា ១១:១៩ ឪពុកម្ដាយបានដាស់តឿនឲ្យយកគ្រាពេលលេងកំសាន្ត ឲ្យបង្គាប់គោលការណ៍ខាងសីលធម៌និងខាងវិញ្ញាណក្នុងកូនរបស់គេ។ ឱវាទយ៉ាងច្បាស់ហើយដែលសមហេតុផលបែបនេះ អំពីការចិញ្ចឹមកូន គឺទាក់ទងដល់សព្វថ្ងៃនេះ ដូចនៅសម័យព្រះគម្ពីរផងដែរ។
១៤, ១៥. (ក) ក្នុងផ្លូវណាដែលព្រះគម្ពីរផ្ដល់អ្វីដែលមិនគ្រាន់តែឱវាទដ៏ប្រាជ្ញនោះ? (ខ) តើការបង្រៀនព្រះគម្ពីរអ្វីដែលអាចជួយមនុស្សប្រុសស្រីនៃជាតិផ្សេងៗគ្នា ឲ្យចាត់ទុកគ្នាស្មើគ្នានោះ?
១៤ ព្រះគម្ពីរមិនគ្រាន់តែផ្ដល់ឱវាទប្រាជ្ញនោះទេ។ សាររបស់ព្រះគម្ពីរគឺទាក់ទាញចិត្តដែរ។ ហេព្រើរ ៤:១២ ចែងថា៖ «ឯព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់នឹងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសំរេចដែរ»។ សូមពិចារណាមើលឧទាហរណ៍នៃអំណាចរបស់ព្រះគម្ពីរ។
១៥ មនុស្សសព្វថ្ងៃនេះ គឺបានបែកខ្ញែកដោយឧបសគ្គខាងសាសន៍ ជាតិ និងជាតិពន្ធ។ ឧបសគ្គបែបនេះបាននាំឲ្យមានការកាប់សម្លាប់មនុស្សដែលគ្មានទោស នៅសង្គ្រាមទូទាំងពិភពលោក។ ផ្ទុយទៅវិញ ព្រះគម្ពីរមានការបង្រៀនដែលជួយមនុស្សប្រុសស្រីពីគ្រប់សាសន៍និងជាតិ ឲ្យចាត់ទុកគ្នាដោយស្មើគ្នា។ ជាឧទាហរណ៍ នៅកិច្ចការ ១៧:២៦ ចែងថាព្រះ«ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១»។ នេះបង្ហាញថា គឺមានជាតិតែមួយប៉ុណ្ណោះ—គឺមនុស្សជាតិ! ព្រះគម្ពីរលើកទឹកចិត្តយើងឲ្យ«ត្រាប់តាមព្រះ» ដែលព្រះគម្ពីរចែងថា៖ «ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។ (អេភេសូរ ៥:១; កិច្ចការ ១០:៣៤, ៣៥) ចំណេះនេះនាំឲ្យមានផលជាសាមគ្គីភាព ចំពោះអ្នកណាដែលពិតជាចង់រស់តាមការបង្រៀនព្រះគម្ពីរ។ ចំណេះនេះមានឥទ្ធិពលដ៏ជ្រៅជ្រះទៅលើចិត្តមនុស្ស ដោយរំលាយឧបសគ្គរបស់មនុស្សដែលបំបែកមនុស្សគ្នាឯង។ តើនេះពិតជាមានប្រសិទ្ធិភាពនៅសព្វថ្ងៃនេះទេ?
១៦. សូមរៀបរាប់ការពិសោធដែលបង្ហាញថា ស្មរបន្ទាល់ព្រះយេហូវ៉ាជាភាតរភាពអន្តរជាតិពិត?
១៦ គឺប្រាកដជាមានប្រសិទ្ធិភាពមែន! ស្មរបន្ទាល់ព្រះយេហូវ៉ាគឺបានត្រូវគេស្គាល់ដោយព្រោះភាតរភាពអន្តរជាតិរបស់គេ ដែលរួបរួមមនុស្សពីគ្រប់សាសន៍ ដែលធម្មតាមិនមានសេចក្ដីសុខសាន្តជាមួយគ្នា។ ជាឧទាហរណ៍ ក្នុងកំឡុងការប្រឆាំងនៅប្រទេសរ្វ៉ាន់ដា ស្មរបន្ទាល់ព្រះយេហូវ៉ានៃកុលសម្ព័ន្ធរៀងៗខ្លួន បានការពារបងប្អូនប្រុសស្រីរបស់គេនៃកុលសម្ព័ន្ធផ្សេងទៀត ដោយប្រថុយជីវិតរបស់គេក្នុងការធ្វើបែបនេះ។ ក្នុងករណីមួយ ស្មរបន្ទាល់ជាតិហ៊ុតធូបានលាក់គ្រួសារដែលមានប្រាំមួយនាក់ជាតិធុត្ស៊ីក្នុងផ្ទះរបស់គាត់ ពីក្រុមជំនុំរបស់គាត់។ គួរឲ្យស្ដាយណាស់ គ្រួសារធុត្ស៊ីនេះបានត្រូវគេរកឃើញ ហើយក៏បានគេសម្លាប់ចោលទៅ។ បងប្រុសនិងគ្រួសាររបស់គាត់ដែលជាជាតិហ៊ុតធូ ឥឡូវនេះប្រឈមសេចក្ដីកំហឹងនៃពួកសម្លាប់ ហើយត្រូវតែរត់គេចទៅប្រទេសតង់ហ្សានី។ ឧទាហរណ៍បែបនេះជាច្រើនបានត្រូវរាយការណ៍មក។ ស្មរបន្ទាល់ព្រះយេហូវ៉ាទទួលស្គាល់យ៉ាងឆាប់ថា ការមានសាមគ្គីភាពបែបនេះ គឺដោយសារចិត្តរបស់គេបានទាក់ទាញដោយអំណាចនៃសាររបស់ព្រះគម្ពីរ។ ហេតុដែលព្រះគម្ពីររួបរួមមនុស្សក្នុងលោកីយ៍ដែលពេញទៅដោយសេចក្ដីស្អប់ នោះជាភស្តុតាងយ៉ាងធំថា ព្រះគម្ពីរជាបន្ទូលនៃព្រះ។
សៀវភៅនៃទំនាយពិត
១៧. តើតាមរបៀបណាដែលទំនាយព្រះគម្ពីរ មិនដូចទំនាយរបស់មនុស្ស?
១៧ ពេត្រុសទី២ ១:២០ ចែងថា «គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលស្រាយបានតាមតែចិត្តនោះឡើយ»។ ព្យាការីរបស់ព្រះគម្ពីរមិនបានគិតអំពីការនិយមនៅលោកីយ៍ ហើយរួចមកធ្វើការទាយ ដែលមានមូលដ្ឋានលើការបកស្រាយរបស់គេអំពីរឿងទាំងនេះឡើយ។ ហើយគេក៏មិនបានទាយទំនាយដ៏ពិបាកយល់ ដែលយកមកធ្វើឲ្យសមនឹងហេតុការណ៍នៅអនាគតណាមួយនោះទេ។ ជាឧទាហរណ៍ សូមឲ្យយើងពិចារណាមើល ទំនាយព្រះគម្ពីរដែលមានចំៗយ៉ាងអស្ចារ្យ ដែលបានទាយផ្ទុយនឹងអ្វីដែលមនុស្សអាចទន្ទឹងចាំ។
១៨. ហេតុអ្វីក៏មនុស្សនៅបាប៊ីឡូនពីបុរាណមានអារម្មណ៍រួចពីគ្រោះថ្នាក់ ប៉ុន្តែ តើអ្វីដែលអេសាយបានទាយប្រាប់អំពីបាប៊ីឡូន?
១៨ មកដល់សតវត្សទីប្រាំពីរ ម.ស.យ. ទីក្រុងបាប៊ីឡូន ដែលជារាជធានីចក្រភពបាប៊ីឡូននោះ មើលទៅហាក់ដូចជាមិនអាចមានគេឈ្នះលើបានឡើយ។ ទីក្រុងនោះគឺនៅជាប់នឹងទន្លេអ៊ើប្រាត ហើយទឹកទន្លេបានប្រើ ដើម្បីបង្កើតឲ្យមានប្រព័ន្ធប្រឡាយទឹកដែលមានយ៉ាងជ្រៅ។ ទីក្រុងនេះក៏បានការពារដោយប្រព័ន្ធកំផែងដ៏ធំ ដែលទប់ទង់ដោយប៉មការពារ។ ពួកអ្នករស់នៅក្នុងបាប៊ីឡូន គឺច្បាស់ជាមានចិត្តផុតពីគ្រោះថ្នាក់។ ប៉ុន្តែ នៅសតវត្សទីប្រាំបី ម.ស.យ. ទោះជានៅពេលដែលបាប៊ីឡូនបានឡើងដល់កំពូលដ៏រុងរឿងក៏ដោយ ព្យាការីអេសាយបានទាយថា៖ «នោះក្រុងបាប៊ីឡូន . . . នឹងត្រូវដូចជាកាលព្រះបានរំលាងក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ាបង់ ក្រុងនោះនឹងគ្មានអ្នកណានៅតទៅទៀតឡើយ ក៏មិនដែលមានអ្នកណាអាស្រ័យនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ ទោះទាំងសាសន៍អារ៉ាប់ គេក៏មិនដំឡើងត្រសាលនៅទីនោះ ហើយពួកគង្វាលក៏មិននាំហ្វូងសត្វរបស់គេទៅដេកនៅទីនោះដែរ»។ (អេសាយ ១៣:១៩, ២០) សូមកត់សម្គាល់ថា ទំនាយបានទាយថា មិនគ្រាន់តែនឹងត្រូវកំទេចចោលបាប៊ីឡូនប៉ុណ្ណោះ តែនឹងគ្មានមនុស្សរស់នៅទីនោះជារៀងរហូត។ នេះជាការទាយដ៏ក្លាហានមែន! តើអេសាយអាចសរសេរទំនាយរបស់លោក ក្រោយពីលោកបានសង្កេតឃើញបាប៊ីឡូនដ៏សោះកក្រោះឬ? ប្រវត្ដិសាស្ត្រឆ្លើយថា មិនមែនទេ!
១៩. ហេតុអ្វីក៏ទំនាយរបស់អេសាយមិនបានចប់នៅថ្ងៃទី៥ខែតុលា ឆ្នាំ៥៣៩ ម.ស.យ.?
១៩ នៅយប់ថ្ងៃទី៥ខែតុលា ឆ្នាំ៥៣៩ ម.ស.យ. បាប៊ីឡូនបានធ្លាក់អំណាចចាញ់ពួកទ័ពមេឌី-ពើស៊ី ក្រោមស៊ីរូសដ៏ឧត្តម។ ប៉ុន្តែ ទំនាយរបស់អេសាយមិនបានសម្រេចទាំងអស់នៅពេលនោះទេ។ ក្រោយពីស៊ីរូសបានយកក្រុងនោះ ពួករស់នៅបាប៊ីឡូន បានបន្តរស់នៅជាច្រើនសតវត្ស ទោះជាទីក្រុងនោះខ្សោយជាងមុនក៏ដោយ។ នៅសតវត្សទីពីរ ម.ស.យ. ប្រហែលនៅគ្រាដែលរមូរក្រដាសសមុទ្រស្លាប់របស់អេសាយបានត្រូវចម្លង នោះពួកផាថៀនបានកាន់កាប់បាប៊ីឡូន ដែលនៅពេលនោះបានចាត់ទុកជាក្រុងដ៏មានតម្លៃ ដែលសាសន៍នៅជុំវិញច្បាំងដណ្ដើមយក។ លោកយ៉ូស៊ីហ្វឺសជាអ្នកប្រវត្ដិសាស្ត្រជាតិយូដា បានរាយការណ៍ថា«មួយចំនួនធំ»នៃពួកយូដា បានរស់នៅទីនោះនៅសតវត្សទីមួយ ម.ស.យ.។ យោងទៅតាម ខែមប្រីជប្រវត្ដិសាស្ត្រពីបុរាណ ពួកជំនួញជនជាតិផាមរ៉ែ បានរកឃើញក្រុមជំនួញយ៉ាងរីកចំរើននៅបាប៊ីឡូន នៅក្នុងឆ្នាំ២៤ ស.យ.។ ដូច្នេះ ព្រមទាំងដល់សតវត្សទីមួយ ស.យ. បាប៊ីឡូនមិនទាន់បាននៅសោះកក្រោះទេ។ ប៉ុន្តែ សៀវភៅអេសាយបានសរសេរចប់មុនពេលនោះទៅទៀត។—ពេត្រុសទី១ ៥:១៣
២០. តើមានទីសំអាងណាខ្លះដែលថាបាប៊ីឡូននៅទីបំផុតនឹងបានក្លាយទៅជា«កងគំនរ»?
២០ អេសាយមិនបានរស់នៅឃើញបាប៊ីឡូនក្លាយទៅជាសោះកក្រោះនោះទេ។ ប៉ុន្តែដោយពិតជាក់ស្តែងនឹងទំនាយ នៅទីបំផុត បាប៊ីឡូនបានក្លាយទៅ«ជាកងគំនរ»។ (យេរេមា ៥១:៣៧) យោងទៅតាមវិជ្ជាករជាតិហេព្រើរ យេរ៉ូម (ដែលកើតនៅសតវត្សទីបួន ស.យ.) មកដល់សម័យរបស់លោក បាប៊ីឡូនជាកន្លែងដែល«សត្វគ្រប់ប្រភេទ»បានដើរចរច្រប់ ហើយនៅសោះកក្រោះរហូតមកដល់សព្វថ្ងៃនេះ។ ការកសាងឡើងវិញណា ដែលធ្វើសំរាប់ទេសចរ អាចអូសទាញពួកទេសចរបាន ប៉ុន្តែ«សំណល់មនុស្ស ទាំងកូននឹងចៅ» គឺបានបាត់រលីងអស់ហើយ ដូចអេសាយបានទាយមកមែន។—អេសាយ ១៤:២២
២១. ហេតុអ្វីក៏ព្យាការីដ៏ស្មោះត្រង់អាចប្រាប់ពិតប្រាកដអំពីអនាគតបាន?
២១ ព្យាការីអេសាយមិនបានធ្វើការស្មានយ៉ាងឆ្លាតនោះទេ។ ហើយលោកក៏មិនបានសរសេរប្រវត្ដិសាស្ត្រម្ដងទៀត ដើម្បីធ្វើឲ្យហាក់ដូចជាទំនាយនោះឡើយ។ អេសាយជាព្យាការីពិត។ ហើយព្យាការីដ៏ស្មោះត្រង់ឯទៀតនៃព្រះគម្ពីរ ក៏ដូច្នោះដែរ។ ហេតុអ្វីក៏បុរសទាំងនេះអាចធ្វើអ្វី ដែលមនុស្សឯទៀតមិនអាចធ្វើទៅបាន—ដោយទាយប្រាប់អំពីអនាគតដែលមានពិតយ៉ាងទៀងត្រូវនោះ? ចម្លើយគឺឃើញច្បាស់ហើយ។ ទំនាយទាំងនេះគឺបានមកពីព្រះយេហូវ៉ា ជាព្រះនៃទំនាយ «តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត ហើយតាំងពីចាស់បុរាណ»។—អេសាយ ៤៦:១០
២២. ហេតុអ្វីក៏យើងត្រូវធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីដាស់តឿនមនុស្សស្មោះត្រង់ឲ្យពិចារណាមើលព្រះគម្ពីរសំរាប់ខ្លួនគេ?
២២ ដូច្នេះ តើគួរតែពិចារណាមើលព្រះគម្ពីរទេ? យើងដឹងថាគួរមែន! ប៉ុន្តែ មនុស្សជាច្រើនឥតបានជឿស៊ប់ទេ។ គេបានបង្កើតមតិអំពីព្រះគម្ពីរ ទោះជាគេមិនដែលអានព្រះគម្ពីរផង។ តើអ្នកនៅចាំសាស្ដ្រាចារ្យ នៅដើមនៃអត្ថបទមុននេះទេ? លោកបានសុខចិត្តរៀនព្រះគម្ពីរ ហើយក្រោយពីបានពិចារណាមើលព្រះគម្ពីរយ៉ាងប្រយ័ត្នប្រយែង នោះលោកបានសន្និដ្ឋានថា នេះជាសៀវភៅដែលមកពីព្រះមែន។ នៅទីបំផុត លោកបានធ្វើបុណ្យជ្រមុជទឹកធ្វើជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ ហើយសព្វថ្ងៃនេះបំរើជាអ្នកចាស់ទុំម្នាក់! សូមឲ្យយើងខំអស់ពីសមត្ថភាព ដើម្បីដាស់តឿនមនុស្សដែលមានចិត្តស្មោះត្រង់ ឲ្យពិចារណាមើលព្រះគម្ពីរខ្លួនគេ ហើយរួចមកឲ្យគេធ្វើសេចក្ដីសន្និដ្ឋានខ្លួនគេចុះ។ យើងមានការទុកចិត្តថា ប្រសិនបើគេធ្វើការពិចារណាមើលខ្លួនគេ នោះគេនឹងដឹងថា សៀវភៅដ៏ចម្លែកអស្ចារ្យនេះ ព្រះគម្ពីរ គឺប្រាកដជាសំរាប់មនុស្សគ្រប់គ្នាមែន!
តើអ្នកអាចពន្យល់បានទេ?
◻ តើតាមរបៀបណាដែលអ្នកអាចប្រើក្រិត្យវិន័យម៉ូសេ ដើម្បីបង្ហាញថាព្រះគម្ពីរមិនមែន កើតមកពីមនុស្ស?
◻ តើគោលការណ៍ដ៏មិនចេះចប់ណាក្នុងព្រះគម្ពីរ ដែលមានប្រយោជន៍សំរាប់ការរស់នៅសព្វថ្ងៃនេះ?
◻ ហេតុអ្វីក៏ទំនាយនៅអេសាយ ១៣:១៩, ២០ មិនបានសរសេរឡើងក្រោយពីព្រឹត្ដិការណ៍បានកើតឡើង?
◻ តើយើងត្រូវលើកទឹកចិត្តមនុស្សដែលមានចិត្តស្មោះត្រង់ឲ្យធ្វើអ្វី ហើយហេតុអ្វី?
[ប្រអប់នៅទំព័រ១៩]
ចុះយ៉ាងណាវិញចំពោះសេចក្ដីដែលមិនអាចបញ្ជាក់បាន?
ព្រះគម្ពីរមានសេចក្ដីថ្លែងផ្សេងៗ ដែលឥតមានទីសំអាងផ្ទាល់។ ជាឧទាហរណ៍ អ្វីដែលព្រះគម្ពីរចែងអំពីវិស័យដែលមើលមិនឃើញ ដែលជាទីរស់នៅរបស់សត្តនិករវិញ្ញាណគឺមិនអាចបញ្ជាក់បានឬធ្វើឲ្យឃើញជាខុស ខាងវិទ្យាសាស្ត្របានឡើយ។ តើការមិនអាចបង្ហាញភស្តុតាង ធ្វើឲ្យព្រះគម្ពីរជំទាស់នឹងវិទ្យាសាស្ត្រឬ?
នេះជាសំនួរកំពុងប្រឈមភូគព្ភវិទូ ដែលបានចាប់ផ្ដើមរៀនព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា ជាច្រើនឆ្នាំមកហើយនេះ។ គាត់នឹកចាំថា «ខ្ញុំត្រូវតែសារភាពថា ការស្គាល់ព្រះគម្ពីរជាអ្វីដ៏ពិបាកនៅដើមដំបូង ពីព្រោះខ្ញុំមិនអាចបង្ហាញភស្តុតាងអំពីសេចក្ដីថ្លែងរបស់ព្រះគម្ពីរខាងវិទ្យាសាស្ត្រ»។ បុរសដ៏ស្មោះនេះបានបន្តសិក្សាព្រះគម្ពីរ ហើយនៅទីបំផុតបានក្លាយទៅជាជឿស៊ប់ថា មានទីសំអាងដែលបង្ហាញថាជាបន្ទូលរបស់ព្រះមែន។ គាត់ពន្យល់ថា «នេះបានបន្ថយការចង់រកភស្តុតាងរបស់ព្រះគម្ពីរដោយឯកឯង។ បុគ្គលដែលទោរទន់ទៅខាងវិទ្យាសាស្ត្រត្រូវតែ សុខចិត្តពិចារណាមើលព្រះគម្ពីរពីចំណុចខាងវិញ្ញាណ ឬគាត់នឹងមិនទទួលសេចក្ដីពិតឡើយ។ វិទ្យាសាស្ត្រមិនអាចចង្អុលភស្តុតាងអំពីគ្រប់សេចក្ដីដែលព្រះគម្ពីរថ្លែងឡើយ។ ដោយព្រោះសេចក្ដីថ្លែងខ្លះមិនអាចបង្ហាញភស្តុតាងបាន នោះមិនមានសេចក្ដីថា សេចក្ដីថ្លែងនោះគឺមិនពិតនោះឡើយ។ អ្វីដែលសំខាន់ នោះគឺថាពេលអាចបង្ហាញភស្តុតាងបាន នោះភាពត្រឹមត្រូវរបស់ព្រះគម្ពីរគឺបានបង្ហាញសេចក្ដីពិត»។
[រូបភាពនៅទំព័រ១៧]
ម៉ូសេបានកត់ទុកបទបញ្ជាខាងអនាម័យ ដែលមានភាពជឿនលឿនដ៏លើសសម័យនោះ