បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៨ ទំ. ១២-១៦
  • តើអ្នកណានឹង«បានប្រោសឲ្យរួច»?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកណានឹង«បានប្រោសឲ្យរួច»?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​សម្រេច​ពីរ​នៃ​ទំនាយ
  • តើ​យើង​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?
  • សួន​មនោរម្យ​ខាង​វិញ្ញាណ
  • ទី​បញ្ចប់​នៃ​របប​លោកីយ៍​មួយ
  • ការវាយប្រហារពីទិសខាងជើង!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ចូរយកតម្រាប់តាមយ៉ូអែលជាអ្នកប្រកាសទំនាយ
    ២០១៣ កិច្ចបម្រើព្រះ
  • សូមធ្វើសេចក្ដីប្រកាសជាសាធារណៈចំពោះសេចក្ដីសង្គ្រោះ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៨ ទំ. ១២-១៦

តើ​អ្នក​ណា​នឹង«បាន​ប្រោស​ឲ្យ​រួច»?

«នោះ​អស់​អ្នក​ណា​ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​អម្ចាស់ គេ​នឹង​បាន​សង្គ្រោះ»។—កិច្ច​ការ ២:២១

១. ហេតុ​អ្វី​ក៏​បុណ្យ​ភិន្ដាកុស​នៅ​ឆ្នាំ​៣៣ ស.យ. ជា​ថ្ងៃ​ដ៏​សំខាន់​ក្នុង​ប្រវត្ដិសាស្ត្រ​ពិភព​លោក?

បុណ្យ​ភិន្ដាកុស ឆ្នាំ​៣៣ ស.យ. ជា​ឆ្នាំ​ដ៏​សំខាន់​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ​ពិភព​លោក។ ហេតុ​អ្វី? ពី​ព្រោះ​នៅ​ថ្ងៃ​នោះ សាសន៍​ថ្មី​មួយ​បាន​កើត​ឡើង។ នៅ​ដើម​ដំបូង សាសន៍​នេះ​គឺ​មិន​ធំ​ប៉ុន្មាន​ទេ—មាន​តែ​សិស្ស​១២០​នាក់​ប៉ុណ្ណោះ​របស់​ព្រះ​យេស៊ូ ដែល​បាន​នាំ​គ្នា​មក​ឯ​បន្ទប់​មួយ​នៅ​ក្រុង​យេរូសាឡិម។ ប៉ុន្តែ សព្វ​ថ្ងៃ​នេះ សាសន៍​ទាំង​ឡាយ​ដែល​មាន​នៅ​ពេល​នោះ បាន​គេ​ភ្លេច​អស់​ទៅ​ហើយ តែ​សាសន៍​ដែល​បាន​កើត​នៅ​ក្នុង​បន្ទប់​នោះ​កំពុង​តែ​មាន​វត្តមាន​ជា​មួយ​យើង​នៅ​ឡើយ។ ហេតុ​ការណ៍​នេះ​ជា​អ្វី​មួយ​ដ៏​សំខាន់​ចំពោះ​យើង​រាល់​គ្នា ពី​ព្រោះ​នេះ​ជា​សាសន៍​ដែល​បាន​តែង​តាំង​ឡើង​ដោយ​ព្រះ ឲ្យ​ធ្វើ​ជា​ស្មរបន្ទាល់​របស់​ទ្រង់​នៅ​ពី​មុខ​មនុស្ស​លោក។

២. តើ​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​អ្វី​ដែល​សម្គាល់​ទុក​កំណើត​នៃ​សាសន៍​ថ្មី?

២ នៅ​ពេល​ដែល​សាសន៍​ថ្មី​នេះ​ចាប់​ផ្ដើម​មាន​រូប​ឡើង​នោះ ព្រឹត្ដិការណ៍​ដ៏​សំខាន់​បាន​កើត​ឡើង ដែល​បាន​សម្រេច​ទំនាយ​របស់​យ៉ូអែល។ យើង​អាន​អំពី​ព្រឹត្ដិការណ៍​ទាំង​នេះ​នៅ​កិច្ច​ការ ២:២​-​៤៖ «ស្រាប់​តែ​មាន​ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​អង្គុយ​នៅ ក៏​មាន​អណ្ដាត ដូច​ជា​អណ្ដាត​ភ្លើង ដែល​បែក​ចេញ​ពី​គ្នា លេច​មក​ឲ្យ​គេ​ឃើញ ហើយ​មក​សណ្ឋិត​លើ​គេ​គ្រប់​គ្នា រួច​ពួក​គេ​បាន​ពេញ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់ ក៏​តាំង​និយាយ​ភាសា​ផ្សេង​ៗ តាម​ដែល​ព្រះ​វិញ្ញាណ​ប្រទាន​ឲ្យ»។ តាម​របៀប​នេះ ពួក​មនុស្ស​១២០​នាក់​នោះ​ទាំង​ប្រុស​ទាំង​ស្រី​បាន​ក្លាយ​ទៅ​ជា​សាសន៍​ខាង​វិញ្ញាណ ជា​សមាជិក​ដំបូង ដែល​សាវ័ក​ប៉ុល​ក្រោយ​មក​បាន​ហៅ​ថា«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»។—កាឡាទី ៦:១៦

៣. តើ​ទំនាយ​មួយ​ណា​របស់​យ៉ូអែល ដែល​បាន​សម្រេច​នៅ​បុណ្យ​ភិន្ដាកុស​ឆ្នាំ​៣៣ ស.យ.?

៣ ពួក​បណ្ដា​ជន​បាន​ប្រជុំ​គ្នា​ដើម្បី​សង្កេត​មើល«ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង» ហើយ​កាល​ដែល​សាវ័ក​ពេត្រុស​បាន​ពន្យល់​រឿង​នេះ នោះ​ទំនាយ​មួយ​របស់​យ៉ូអែល​កំពុង​តែ​បាន​សម្រេច។ តើ​ទំនាយ​មួយ​ណា? សូម​ស្ដាប់​ចុះ​នូវ​អ្វី​ដែល​បាន​ចែង​មក៖ «ព្រះ​ត្រង់​មាន​បន្ទូល​ថា៖ ‹ដល់​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ អញ​នឹង​ចាក់​ព្រះ​វិញ្ញាណ​អញ ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​កូន​ស្រី​ឯង​រាល់​គ្នា​នឹង​ទាយ​ទំនាយ ពួក​កំឡោះ​ឯង​រាល់​គ្នា នឹង​ឃើញ​ការ​ជាក់​ស្តែង ហើយ​ពួក​ចាស់​ៗ​របស់​ឯង​រាល់​គ្នា​នឹង​យល់​សប្ដិ នៅ​គ្រា​នោះ អញ​នឹង​ចាក់​ព្រះ​វិញ្ញាណ​អញ ទៅ​លើ​ទាំង​ពួក​អ្នក​បំរើ​ប្រុស​ស្រី​ផង ហើយ​គេ​នឹង​ទាយ​ទំនាយ​ដែរ អញ​នឹង​សំដែង​ការ​អស្ចារ្យ នៅ​លើ​មេឃ នឹង​ទី​សំគាល់​នៅ​ផែនដី គឺ​ជា​ឈាម ភ្លើង ហើយ​នឹង​កំសួល​ផ្សែង ថ្ងៃ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​ឧត្តម​របស់​ព្រះ​អម្ចាស់​មក​ដល់ នោះ​អស់​អ្នក​ណា​ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​អម្ចាស់ គេ​នឹង​បាន​សង្គ្រោះ› »។ (កិច្ច​ការ ២:១៧​-​២១) ពាក្យ​ដែល​ពេត្រុស​បាន​ដក​ស្រង់​នោះ​គឺ​មក​ពី​យ៉ូអែល ២:២៨​-​៣២ ហើយ​ការ​សម្រេច​ទំនាយ​នេះ មាន​ន័យ​ថា ពេល​វេលា​កាន់​តែ​តិច​ណាស់​ហើយ​ចំពោះ​សាសន៍​យូដា។ «ថ្ងៃ​ធំ​ឧត្តម​របស់​ព្រះ​អម្ចាស់» ជា​គ្រា​នៃ​ការ​ជំនុំ​ជំរះ​ពួក​អ៊ីស្រាអែល​ដែល​ឥត​ស្មោះ​ត្រង់ គឺ​ជិត​ដល់​ហើយ។ ប៉ុន្តែ តើ​អ្នក​ណា​នឹង​បាន​សង្គ្រោះ​ឬ​បាន​គេច​រួច​រស់​ជីវិត? ហើយ​តើ​នេះ​តំណាង​អ្វី?

ការ​សម្រេច​ពីរ​នៃ​ទំនាយ

៤, ៥. ដោយ​ដឹង​នូវ​ព្រឹត្ដិការណ៍​នៅ​ខាង​មុខ តើ​ឱវាទ​អ្វី​ដែល​ពេត្រុស​បាន​ឲ្យ ហើយ​ហេតុ​អ្វី​ក៏​ឱវាទ​នោះ​ទាក់​ទង​ហួស​សម័យ​របស់​លោក​ទៅ​ទៀត?

៤ នៅ​ក្នុង​ឆ្នាំ​ជា​បន្ទាប់​នៃ​ឆ្នាំ​៣៣ ស.យ. សាសន៍​អ៊ីស្រាអែល​ខាង​វិញ្ញាណ​របស់​ព្រះ​បាន​រីក​ចំរើន ប៉ុន្តែ​សាសន៍​អ៊ីស្រាអែល​ខាង​សាច់​ឈាម​ឥត​បាន​រីក​ចំរើន​ទេ។ នៅ​ឆ្នាំ​៦៦​ស.យ. អ៊ីស្រាអែល​ខាង​សាច់​ឈាម​បាន​ច្បាំង​ជា​មួយ​ស្រុក​រ៉ូម។ នៅ​ឆ្នាំ​៧០ ស.យ. អ៊ីស្រាអែល​សឹង​តែ​ឥត​មាន​វត្តមាន​ទៀត​ឡើយ ហើយ​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ​បាន​ត្រូវ​គេ​ដុត​ចោល​អស់​រលីង។ នៅ​បុណ្យ​ភិន្ដាកុស​នៅ​ឆ្នាំ​៣៣ ស.យ. ពេត្រុស​បាន​ឲ្យ​ឱវាទ​ដ៏​ល្អ​ដែល​ស្តី​អំពី​វិបត្ដិ​ភ័យ​នៅ​ខាង​មុខ។ ក្នុង​ការ​ដក​ស្រង់​ពី​យ៉ូអែល​ម្ដង​ទៀត លោក​មាន​ប្រសាសន៍​ថា៖ «នោះ​អស់​អ្នក​ណា​ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​អម្ចាស់ គេ​នឹង​បាន​សង្គ្រោះ»។ បុគ្គល​ជាតិ​យូដា​ម្នាក់​ត្រូវ​តែ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ដើម្បី​អំពាវ​នា​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា។ នេះ​បាន​រួម​បញ្ចូល​ការ​អនុវត្ត​តាម​សេចក្ដី​បង្គាប់​ថែម​ទៀត​របស់​ពេត្រុស៖ «ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូគ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប»។ (កិច្ច​ការ ២:៣៨) ពួក​អ្នក​ស្ដាប់​ពេត្រុស​ត្រូវ​តែ​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី ដែល​សាសន៍​អ៊ីស្រាអែល​ជា​សាសន៍​មួយ​បាន​បោះ​បង់​ចោល។

៥ ពាក្យ​ទំនាយ​ទាំង​នោះ​របស់​យ៉ូអែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​មនុស្ស​រាប​សារ​នៅ​សតវត្ស​ទី​មួយ។ ប៉ុន្តែ ពាក្យ​នេះ​ក៏​កាន់​តែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​ទៀត​នៅ​សព្វ​ថ្ងៃ​នេះ កាល​ដែល​ព្រឹត្ដិការណ៍​ឃើញ​ថា ការ​សម្រេច​ទី​ពីរ​នៃ​ទំនាយ​របស់​យ៉ូអែល​បាន​សម្រេច​ហើយ។ សូម​ឲ្យ​យើង​ពិចារណា​មើល​អំពី​របៀប​ណា។

៦. តើ​តាម​របៀប​ណា​ដែល​អត្ថ​សញ្ញាណ​នៃ​អ៊ីស្រាអែល​របស់​ព្រះ បាន​ឃើញ​ជាក់​ស្តែង​កាល​ដែល​មក​ដល់​ឆ្នាំ​១៩១៤?

៦ ក្រោយ​ពី​មរណភាព​នៃ​ពួក​សាវ័ក អ៊ីស្រាអែល​នៃ​ព្រះ​បាន​ត្រូវ​បំបាំង​ដោយ​ស្រងែ​នៃ​សាសនា​គ្រីស្ទាន​ក្លែង​ក្លាយ។ ប៉ុន្តែ ក្នុង​កំឡុង​គ្រា​ចុង​បញ្ចប់ ដែល​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤ ការ​សម្គាល់​នៃ​សាសន៍​ខាង​វិញ្ញាណ​ក៏​បាន​ឃើញ​ជាក់​ស្តែង​ម្ដង​ទៀត។ នេះ​ជា​ការ​សម្រេច​នៃ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​ស្រូវ​សាលី​និង​ស្រងែ។ (ម៉ាថាយ ១៣:២៤​-​៣០, ៣៦​-​៤៣) កាល​ដែល​ឆ្នាំ​១៩១៤​បាន​មក​ដល់ ពួក​គ្រីស្ទាន​ដែល​បាន​ចាក់​ប្រេង​តាំង​បាន​ចាប់​ផ្ដើម​ញែក​ខ្លួន​គេ​ចេញ ពី​ពិភព​គ្រីស្ទ​សាសនា​ដ៏​ឥត​ស្មោះ​ត្រង់ ដោយ​បដិសេធ​ចោល​ការ​បង្រៀន​របស់​វា ហើយ​ផ្សាយ​អំពី​ទី​បញ្ចប់​នៃ‹គ្រា​កំណត់​នៃ​សាសន៍​ដទៃ›។ (លូកា ២១:២៤) ប៉ុន្តែ​សង្គ្រាម​លោក​លើក​ទី​១ ដែល​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​១៩១៤ បាន​នាំ​ឲ្យ​មាន​រឿង ដែល​គេ​មិន​បាន​ប្រុង​ប្រៀប​ទុក​ជា​មុន។ នៅ​ក្រោម​ការ​បង្ខិត​បង្ខំ​យ៉ាង​ខ្លាំង មនុស្ស​ច្រើន​នាក់​បាន​បង្អង់ ហើយ​អ្នក​ខ្លះ​ទៀត​បាន​បោះ​បង់​ចោល​ជំនឿ​របស់​គេ។ មក​ដល់​១៩១៨ សកម្មភាព​ប្រកាស​ផ្សាយ​របស់​គេ​សឹង​តែ​បាន​ឈប់​តែ​ម្ដង។

៧. (ក) តើ​ព្រឹត្ដិការណ៍​អ្វី​ស្រដៀង​នឹង​បុណ្យ​ភិន្ដាកុស​នៅ​ឆ្នាំ​៣៣ ស.យ. ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៩? (ខ) ចាប់​ផ្ដើម​ពី​ឆ្នាំ​១៩១៩ តើ​ការ​ចាក់​វិញ្ញាណ​របស់​ព្រះ​លើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​យ៉ាង​ណា?

៧ ប៉ុន្តែ ភាព​នោះ​មាន​មិន​យូរ​ប៉ុន្មាន​ទេ។ តាំង​ពី​ឆ្នាំ​១៩១៩ ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​ចាក់​វិញ្ញាណ​របស់​ទ្រង់​លើ​រាស្ត្រ​របស់​ទ្រង់ តាម​របៀប​ដូច​នៅ​បុណ្យ​ភិន្ដាកុស​ឆ្នាំ​៣៣ ស.យ.។ ប្រាកដ​ហើយ នៅ​ឆ្នាំ​១៩១៩ គឺ​ឥត​មាន​មនុស្ស​និយាយ​ភាសា​ចំ​ឡែក​អស្ចារ្យ ហើយ​ក៏​គ្មាន​ខ្យល់​យ៉ាង​ខ្លាំង​នោះ​ដែរ។ យើង​យល់​ពី​ពាក្យ​របស់​ប៉ុល​ដែល​បាន​កត់​ទុក​នៅ​កូរិនថូស​ទី​១ ១៣:៨ ថា​គ្រា​ចំពោះ​អព្ភូតហេតុ​បាន​កន្លង​ផុត​រួច​ទៅ​ហើយ។ យ៉ាង​ណា​ក៏​ដោយ វិញ្ញាណ​របស់​ព្រះ​បាន​ឃើញ​ជាក់​ស្តែង​នៅ​ឆ្នាំ​១៩១៩ នៅ​ឯ​មហា​សន្និបាត​នៅ​តំបន់​ស៊ីដាផូញ រដ្ឋ​អូហៃយ៉ូ ស.រ.អ​. ដែល​បាន​ត្រូវ​ពង្រឹង​សា​ឡើង​វិញ​នូវ​ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់ ហើយ​គេ​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ។ នៅ​ឆ្នាំ​១៩២២ គេ​បាន​ត្រឡប់​ទៅ​តំបន់​ស៊ីដាផូញ ហើយ​បាន​ដាស់​តឿន​ដោយ​ពាក្យ​អំពាវ​នាវ​ឲ្យ«ប្រកាស ប្រកាស ប្រកាស ស្តេច​និង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់»។ ដូច​បាន​កើត​ឡើង​នៅ​សតវត្ស​ទី​មួយ ពិភព​លោក​បាន​ឃើញ​នូវ​ឥទ្ធិពល​នៃ​ការ​ចូល​វិញ្ញាណ​របស់​ព្រះ។ ពួក​គ្រីស្ទាន​ទាំង​ប្រុស​ស្រី ចាស់​និង​ក្មេង​រាល់​គ្នា​ដែល​បាន​ថ្វាយ​ខ្លួន បាន​ចាប់​ផ្ដើម«ទាយ» ឬ​ក៏​ប្រកាស«ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ»។ (កិច្ច​ការ ២:១១) ដូច​ពេត្រុស គេ​បាន​ដាស់​តឿន​ពួក​រាប​សារ​ថា៖ «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ រួច​ពី​ពូជ​ដំណ​វៀច​នេះ»។ (កិច្ច​ការ ២:៤០) តើ​ពួក​អ្នក​ដែល​ស្ដាប់​តាម​អាច​ធ្វើ​យ៉ាង​ដូច​ម្ដេច? គេ​អាច​ធ្វើ​តាម​ពាក្យ​នៅ​យ៉ូអែល ២:៣២៖ «អស់​អ្នក​ណា​ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​នឹង​បាន​ប្រោស​ឲ្យ​រួច»។

៨. តើ​មាន​ការ​រីក​ចំរើន​យ៉ាង​ណា​ចំពោះ​អ៊ីស្រាអែល​នៃ​ព្រះ​តាំង​ពី​ឆ្នាំ​១៩១៩?

៨ តាំង​ពី​ឆ្នាំ​ទាំង​នោះ​មក រឿង​នៃ​អ៊ីស្រាអែល​របស់​ព្រះ​បាន​បន្ត​ទៅ​មុខ។ ការ​បោះ​ត្រា​នៃ​ពួក​ចាក់​ប្រេង​តាំង​កំពុង​តែ​ជឿន​ទៅ​មុខ ហើយ​តាំង​ពី​ទសវត្ស​នៃ​ឆ្នាំ​១៩៣០ មនុស្ស​មួយ​ហ្វូង​ធំ​នៃ​ពួក​រាប​សារ​ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​លើ​ផែនដី បាន​លេច​ខ្លួន​មក។ (វិវរណៈ ៧:៣, ៩) មនុស្ស​គ្រប់​គ្នា​ដឹង​នូវ​ភាព​ជា​បន្ទាន់ ដ្បិត​សេចក្ដី​សម្រេច​ទី​ពីរ​នៃ​យ៉ូអែល ២:២៨, ២៩ បង្ហាញ​ថា​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​កាន់​តែ​ជិត​មក​ដល់​ហើយ នៅ​ពេល​ដែល​ប្រព័ន្ធ​ខាង​សាសនា ខាង​នយោបាយ និង​ខាង​ពាណិជ្ជកម្ម​នៃ​លោកីយ៍​នេះ​នឹង​ត្រូវ​កំទេច​ចោល។ យើង​មាន​មូលហេតុ​ដ៏​មាំ​មួន ក្នុង​ការ‹អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា› ដោយ​ជឿ​ស៊ប់​ថា ទ្រង់​នឹង​សង្គ្រោះ​យើង!

តើ​យើង​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

៩. តើ​មាន​អ្វី​ខ្លះ​ដែល​ទាក់​ទង​នឹង​ការ​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា?

៩ តើ​ការ​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ទាក់​ទង​អ្វី​ខ្លះ? សាច់​រឿង​នៅ​យ៉ូអែល ២:២៨, ២៩ ជួយ​យើង​ឲ្យ​ឆ្លើយ​សំនួរ​នោះ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​មិន​ស្ដាប់​នឹង​មនុស្ស​គ្រប់​គ្នា​ដែល​អំពាវ​នាវ​រក​ទ្រង់​នោះ​ទេ។ តាម​រយៈ​ព្យាការី​មួយ​ទៀត គឺ​អេសាយ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​អ៊ីស្រាអែល​ថា៖ «កាល​ណា​ឯង​រាល់​គ្នា​ប្រ​ទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្ដាប់​ឡើយ»។ ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​បដិសេធ​មិន​ស្ដាប់​សាសន៍​ផ្ទាល់​របស់​ទ្រង់​នោះ​ទេ? ទ្រង់​ពន្យល់​ថា៖ «ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម»។ (អេសាយ ១:១៥) ព្រះ​យេហូវ៉ា​មិន​ស្ដាប់​អ្នក​ណា​ដែល​មាន​ទោស​សម្លាប់​គេ​ឬ​ប្រព្រឹត្ត​អំពើ​បាបនោះ​ឡើយ។ ដូច្នេះ​ហើយ​បាន​ជា​ពេត្រុស​ប្រាប់​ពួក​យូដា​នៅ​បុណ្យ​ភិន្ដាកុស​ឲ្យ​ប្រែ​ចិត្ត​របស់​គេ។ នៅ​ក្នុង​សាច់​រឿង​នៃ​យ៉ូអែល ២:២៨, ២៩ យើង​ឃើញ​ថា សូម្បី​តែ​យ៉ូអែល​ក៏​បញ្ជាក់​អំពី​ការ​ប្រែ​ចិត្ត​ដែរ។ ជា​ឧទាហរណ៍ នៅ​យ៉ូអែល ២:១២, ១៣ យើង​អាន​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ‹ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ឲ្យ​អស់​អំពី​ចិត្ត​ដោយ​តម​អត់ ហើយ​យំ​ពិលាប ព្រម​ទាំង​សៅសោក​ឥឡូវ​នេះ​ចុះ មិន​ត្រូវ​ឲ្យ​ហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​ហែក​ចិត្ត​វិញ​ហើយ​វិល​មក​ឯ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ដ្បិត​ទ្រង់​ប្រកប​ដោយ​ព្រះ​គុណ នឹង​សេចក្ដី​មេត្ដា​ករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​ក៏​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ› »។ ចាប់​ផ្ដើម​ពី​ឆ្នាំ​១៩១៩ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ប្រព្រឹត្ត​ស្រប​នឹង​ពាក្យ​ទាំង​នេះ។ គេ​បាន​ប្រែ​ចិត្ត​ពី​គុណ​វិបត្ដិ​របស់​គេ ហើយ​បាន​តាំង​ចិត្ត​នឹង​មិន​បោះ​បង់​ចោល​ឬ​បង្អង់​ទៀត​ឡើយ។ នេះ​បាន​បើក​ផ្លូវ​ដើម្បី​ឲ្យ​វិញ្ញាណ​របស់​ព្រះ​អាច​ចាក់​មក​លើ​គេ។ មនុស្ស​គ្រប់​គ្នា​ដែល​ចង់​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​ទ្រង់​ស្ដាប់​នោះ គឺ​ត្រូវ​ធ្វើ​ដូច​នេះ​ដែរ។

១០. (ក) តើ​ការ​ប្រែ​ចិត្ត​ដ៏​ស្មោះ​ជា​អ្វី? (ខ) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​តប​នឹង​ការ​ប្រែ​ចិត្ត​ដ៏​ស្មោះ?

១០ សូម​ចាំ​ថា ការ​ប្រែ​ចិត្ត​ដ៏​ស្មោះ គឺ​ទាក់​ទង​ច្រើន​ទៀត មិន​គ្រាន់​តែ​និយាយ​ថា «ខ្ញុំ​សុំ​ទោស​នោះ​ទេ»។ ពួក​អ៊ីស្រាអែល​ធ្លាប់​ហែក​អាវ​របស់​គេ ដើម្បី​បង្ហាញ​នូវ​អារម្មណ៍​ដ៏​ខ្លាំង​របស់​គេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា៖ ‹ចូរ​ហែក​ចិត្ត​របស់​ឯង​ចេញ មិន​មែន​អាវ​របស់​ឯង​ទេ›។ ការ​ប្រែ​ចិត្ត​ដ៏​ស្មោះ​គឺ​ចេញ​មក​ពី​ចិត្ត ពី​ជំរៅ​នៃ​អារម្មណ៍​របស់​យើង​តែ​ម្ដង។ នេះ​គឺ​រួម​បញ្ចូល​ការ​លះបង់​ចោល​អំពើ​ខុស​ទំនង ដូច​អ្វី​ដែល​យើង​អាន​នៅ​អេសាយ ៥៥:៧៖ «ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះ​បង់​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មនុស្ស​ទុច្ចរិត​ចោល​គំនិត​អាក្រក់​របស់​ខ្លួន​ដែរ រួច​ឲ្យ​គេ​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ»។ នេះ​គឺ​ទាក់​ទង​ការ​ស្អប់​អំពើ​បាប ដូច​ព្រះ​យេស៊ូ​ដែរ។ (ហេព្រើរ ១:៩) រួច​មក យើង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ឲ្យ​អត់​ទោស​ឲ្យ​យើង ដែល​មាន​មូលដ្ឋាន​លើ​យញ្ញ​បូជា​លោះ ពី​ព្រោះ​ព្រះ​យេហូវ៉ា«ប្រកប​ដោយ​ព្រះ​គុណ នឹង​សេចក្ដី​មេត្ដា​ករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​ក៏​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ»។ ទ្រង់​នឹង​ទទួល​យក​ការ​ថ្វាយ​បង្គំ​របស់​យើង គឺ​ការ​ថ្វាយ​ស្រូវ​ខាង​វិញ្ញាណ​របស់​យើង។ ទ្រង់​នឹង​ស្ដាប់​យើង នៅ​ពេល​ដែល​យើង​អំពាវ​នាវ​ដល់​ព្រះ​នាម​របស់​ទ្រង់។—យ៉ូអែល ២:១៤

១១. តើ​ការ​ថ្វាយ​បង្គំ​ពិត​ត្រូវ​ចាត់​ទុក​យ៉ាង​ណា​ក្នុង​ជីវិត​របស់​យើង?

១១ នៅ​ឯ​ធម្មទាន​នៅ​លើ​ភ្នំ ព្រះ​យេស៊ូ​បាន​ប្រទាន​អ្វី​មួយ​ទៀត​ឲ្យ​គេ​ចាំ នៅ​ពេល​ដែល​ទ្រង់​បាន​សួរ​ថា៖ «ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន»។ (ម៉ាថាយ ៦:៣៣) យើង​មិន​ត្រូវ​ចាត់​ទុក​ការ​ថ្វាយ​បង្គំ​របស់​យើង ជា​អ្វី​ដ៏​ឥត​សំខាន់​នោះ​ទេ ឬ​ជា​អ្វី​មួយ​ដើម្បី​នឹង​ធ្វើ​ឲ្យ​មនសិការ​របស់​យើង​បាន​ធូរ​ស្បើយ​ឡើយ។ ការ​បំរើ​ព្រះ​គួរ​តែ​ជា​ទី​មួយ​ក្នុង​ជីវិត​របស់​យើង។ ដូច្នេះ តាម​រយៈ​យ៉ូអែល ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៀត​ថា៖ «ចូរ​ផ្លុំ​ត្រែ​ឡើង​នៅ​ក្រុង​ស៊ីយ៉ូន . . . ត្រូវ​ឲ្យ​ប្រមូល​ពួក​ជន ហើយ​ញែក​ពួក​ជំនុំ​ចេញ​ជា​បរិសុទ្ធ ចូរ​ប្រជុំ​ពួក​ចាស់​ៗ ហើយ​ប្រមូល​កូន​ក្មេង នឹង​កូន​ដែល​នៅ​បៅ​ដោះ ត្រូវ​ឲ្យ​ប្ដី​ថ្មោង​ថ្មី​ចេញ​ពី​បន្ទប់​មក ហើយ​ប្រពន្ធ​ថ្មោង​ថ្មី​ចេញ​ពី​ក្នុង​វាំងនន​ដែរ»។ (យ៉ូអែល ២:១៥, ១៦) ជា​ការ​ធម្មតា​ទេ ដែល​ប្ដី​ប្រពន្ធ​ថ្មោង​ថ្មី​នឹង​បាន​ត្រូវ​រំខាន ដោយ​ព្រោះ​គេ​យក​ចិត្ត​ទុក​ដាក់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ សូម្បី​តែ​ចំពោះ​ពួក​គេ ការ​បំរើ​ព្រះ​យេហូវ៉ា​ក៏​ត្រូវ​តែ​ជា​ទី​មួយ​ដែរ។ គ្មាន​អ្វី​មួយ​ត្រូវ​មក​មុន​ការ​ថ្វាយ​បង្គំ​ព្រះ​របស់​យើង ហើយ​មុន​ការ​អំពាវ​នាវ​ដល់​ព្រះ​នាម​របស់​ទ្រង់​នោះ​ទេ។

១២. តើ​នឹង​អាច​មាន​ការ​រីក​ចំរើន​យ៉ាង​ណា ដូច​បាន​បញ្ជាក់​ដោយ​របាយការណ៍​នៃ​ចំនួន​អ្នក​ដែល​មក​ពិធី​បុណ្យ​រំឭក​ឆ្នាំ​មុន​នេះ?

១២ ដោយ​ដឹង​អំពី​រឿង​នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​ស្ថិតិ ដែល​បាន​បង្ហាញ​ដោយ​របាយការណ៍​កិច្ច​បំរើ​ឆ្នាំ​១៩៩៧ នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ឆ្នាំ​មុន​នេះ យើង​ឃើញ​ចំនួន​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​ឡើង​ទៅ​៥,៥៩៩,៩៣១​នាក់—គឺ​ពិត​ជា​ពួក​ហ្វូង​ធំ​នៃ​ពួក​អ្នក​សរសើរ​មែន! ពួក​អ្នក​ដែល​មក​ធ្វើ​ពិធី​បុណ្យ​រំឭក​មាន​១៤,៣២២,២២៦​នាក់—មាន​ប្រមាណ​ប្រាំ​បី​លាន​ប្រាំ​សែន​នាក់​ជាង​ចំនួន​អ្នក​ផ្សាយ​ទៅ​វិញ។ ចំនួន​មនុស្ស​នេះ​បង្ហាញ​នូវ​លទ្ធភាព​រីក​ចំរើន​ទៅ​ទៀត។ ភាគ​ច្រើន​នៃ​ប្រាំ​បី​លាន​ប្រាំ​សែន​នាក់​នោះ បាន​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ជា​អ្នក​ចាប់​អារម្មណ៍​ឬ​ជា​កូន​របស់​ឪពុក​ម្ដាយ​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ។ មួយ​ចំនួន​ធំ​បាន​មក​ប្រជុំ​ជា​លើក​ដំបូង​បង្អស់។ វត្តមាន​របស់​គេ​ផ្ដល់​ឲ្យ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នូវ​ឱកាស​ដ៏​ល្អ​ដើម្បី​ឲ្យ​បាន​ស្គាល់​គេ​ល្អ​ថែម​ទៀត ហើយ​នឹង​ជួយ​គេ​ឲ្យ​រីក​ចំរើន​ទៅ​មុខ។ រួច​មក គឺ​មាន​មនុស្ស​ដែល​មក​ពិធី​បុណ្យ​រំឭក​រៀង​រាល់​ឆ្នាំ ហើយ​ប្រហែល​មក​កិច្ច​ប្រជុំ​បី​បួន​ដង ប៉ុន្តែ ឥត​មាន​ការ​រីក​ចំរើន​ថែម​ទៀត​ទេ។ ប្រាកដ​ហើយ បុគ្គល​បែប​នេះ​អាច​មក​កិច្ច​ប្រជុំ​ដោយ​ស្វាគមន៍។ ប៉ុន្តែ យើង​ដាស់​តឿន​គេ​ឲ្យ​ពិនិត្យ​មើល​ពាក្យ​ទំនាយ​របស់​យ៉ូអែល​ឲ្យ​ហ្មត់​ចត់ ហើយ​នូវ​ជំហាន​ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ស្ដាប់​គេ នៅ​ពេល​ដែល​គេ​អំពាវ​នាវ​ដល់​ព្រះ​នាម​របស់​ទ្រង់។

១៣. ប្រសិន​បើ​យើង​កំពុង​អំពាវ​នាវ​លើ​ព្រះ​នាម​ព្រះ​យេហូវ៉ា​ហើយ តើ​ភារកិច្ច​អ្វី​ដែល​យើង​មាន​ចំពោះ​អ្នក​ដទៃ?

១៣ សាវ័ក​ប៉ុល​បាន​បញ្ជាក់​នូវ​លក្ខណៈ​មួយ​ទៀត នៃ​ការ​អំពាវ​នាវដល់​ព្រះ​នាម​របស់​ព្រះ។ ក្នុង​សំបុត្រ​របស់​លោក​ជូន​ពួក​រ៉ូម លោក​បាន​ដក​ស្រង់​ពាក្យ​ទំនាយ​របស់​យ៉ូអែល​ថា៖ «គ្រប់​គ្នា គឺ​អស់​អ្នក​ណា ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ»។ រួច​មក គាត់​បាន​វែក​ញែក​ថា៖ «ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អំពាវ​នាវ​ដល់​ព្រះ​បាន ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ជឿ​ដល់ ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ»? (រ៉ូម ១០:១៣, ១៤) ត្រូវ​ហើយ មនុស្ស​ជា​ច្រើន​ទៀត​ដែល​មិន​ទាន់​ស្គាល់​ព្រះ​យេហូវ៉ា ត្រូវ​តែ​អំពាវ​នាវ​ដល់​ព្រះ​នាម​ទ្រង់។ អស់​អ្នក​ដែល​បាន​ស្គាល់​ព្រះ​យេហូវ៉ា មាន​ភារកិច្ច​ផ្សាយ ដើម្បី​នឹង​ផ្ដល់​ជំនួយ​នោះ​ដល់​គេ។

សួន​មនោរម្យ​ខាង​វិញ្ញាណ

១៤, ១៥. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទទួល​ពរ​អ្វី​ខាង​សួន​មនោរម្យ ដោយ​ព្រោះ​គេ​អំពាវ​នាវ​ដល់​ព្រះ​នាម​ទ្រង់ តាម​របៀប​ដែល​ធ្វើ​ឲ្យ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ?

១៤ នេះ​ហើយ​ជា​ទស្សនៈ​ដែល​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង និង​ចៀម​ឯ​ទៀត​មាន​នោះ ហើយ​ជា​លទ្ធផល ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ឲ្យ​គេ។ «នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ប្រចណ្ឌ​ចំពោះ​ស្រុក​របស់​ទ្រង់ ក៏​មាន​សេចក្ដី​អាណិត​មេត្ដា​ដល់​រាស្ត្រ​ទ្រង់»។ (យ៉ូអែល ២:១៨) នៅ​ឆ្នាំ​១៩១៩ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ការ​ខ្នះ​ខ្នែង​និង​សេចក្ដី​មេត្ដា​ករុណា​ដល់​រាស្ត្រ​របស់​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​កសាង​គេ ហើយ​នាំ​គេ​ឲ្យ​មក​ចូល​វិស័យ​ខាង​សកម្មភាព​វិញ្ញាណ។ នេះ​ពិត​ជា​សួន​មនោរម្យ​ខាង​វិញ្ញាណ​មែន ដែល​បាន​រៀប​រាប់​ដ៏​ល្អ​ដោយ​យ៉ូអែល​តាម​ពាក្យ​នេះ៖ «ឱ​ស្រុក​អើយ កុំ​ឲ្យ​ភ័យ​ឡើយ ចូរ​មាន​សេចក្ដី​ត្រេក​អរ ហើយ​រីករាយ​ឡើង ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​សំបើម​ដែរ ម្នាល​សត្វ​នៅ​ផែនដី​ទាំង​ឡាយ​កុំ​ខ្លាច​អ្វី ដ្បិត​វាល​ស្មៅ​នៅ​ទី​រហោ​ស្ថាន​កំពុង​លូត​លាស់​ឡើង ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​ក៏​កើត​ផល ឯ​ដើម​ល្វា​នឹង​ដើម​ទំពាំង​បាយ​ជូរ​កំពុង​តែ​បញ្ចេញ​សម្បត្ដិ​វា ដូច្នេះ​ពួក​កូន​ស្រុក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​អរ​សប្បាយ​ឡើង ចូរ​មាន​សេចក្ដី​រីករាយ​ក្នុង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ចុះ ពី​ព្រោះ​ទ្រង់​ប្រទាន​ភ្លៀង​ដំបូង​មក​តាម​ខ្នាត​ត្រឹម​ត្រូវ ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ សំរាប់​ឯង​រាល់​គ្នា គឺ​ជា​ភ្លៀង​ដើម នឹង​ភ្លៀង​ចុង​រដូវ ដូច​កាល​មុន អស់​ទាំង​ទី​លាន​នឹង​បាន​ពេញ​ដោយ​ស្រូវ​សាលី ហើយ​ធុង​ទាំង​ប៉ុន្មាន​នឹង​ពេញ​ព្រៀប​ទៅ ដោយ​ទឹក​ទំពាំង​បាយ​ជូរ នឹង​ប្រេង»។—យ៉ូអែល ២:២១​-​២៤

១៥ នេះ​ជា​ការ​រៀប​រាប់​ដ៏​រីករាយ​មែន! ស្បៀង​ដ៏​បរិបូរ​ដើម្បី​នឹង​ទ្រ​ទ្រង់​ជីវិត​នៅ​អ៊ីស្រាអែល​គឺ—ស្រូវ ប្រេង​អូលីវ និង​ស្រា—ព្រម​ទាំង​ហ្វូង​សត្វ​ជា​ច្រើន។ នៅ​សម័យ​យើង​នេះ ពាក្យ​ទំនាយ​ទាំង​នោះ​គឺ​ប្រាកដ​ជា​បាន​សម្រេច​តាម​របៀប​ខាង​វិញ្ញាណ​មែន។ ព្រះ​យេហូវ៉ា​ប្រទាន​នូវ​អាហារ​ខាង​វិញ្ញាណ​ដែល​យើង​ត្រូវ​ការ។ តើ​យើង​មិន​សប្បាយ​រីករាយ​នឹង​របស់​ដ៏​បរិបូរ​ដែល​ព្រះ​ប្រទាន​ឲ្យ​នេះ​ទេ​ឬ? ពិត​មែន ដូច​ម៉ាឡាគី​បាន​ទាយ​មក ព្រះ​របស់​យើង​បាន‹បើក​ទ្វារ​ស្ថាន​សួគ៌ ដើម្បី​ចាក់​ព្រះ​ពរ​មក​លើ​យើង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ›។—ម៉ាឡាគី ៣:១០

ទី​បញ្ចប់​នៃ​របប​លោកីយ៍​មួយ

១៦. (ក) តើ​ការ​ចាក់​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ណា​នៅ​សម័យ​យើង​នេះ? (ខ) តើ​អនាគត​នឹង​មាន​យ៉ាង​ណា?

១៦ គឺ​ក្រោយ​ពី​បាន​ទាយ​ប្រាប់​អំពី​ស្ថានភាព​ខាង​សួន​មនោរម្យ​នៃ​រាស្ត្រ​របស់​ព្រះ ដែល​យ៉ូអែល​ទាយ​អំពី​ការ​ចាក់​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា។ នៅ​ពេល​ដែល​ពេត្រុស​បាន​ដក​ស្រង់​ទំនាយ​នេះនៅ​បុណ្យ​ភិន្ដាកុស លោក​បាន​មាន​ប្រសាសន៍​ថា​នឹង​បាន​ត្រូវ​សម្រេច​នៅ«ថ្ងៃ​ជាន់​ក្រោយ​បង្អស់»។ (កិច្ច​ការ ២:១៧) ការ​ចាក់​វិញ្ញាណ​របស់​ព្រះ​នៅ​ពេល​នោះ មាន​ន័យ​ថា​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​បាន​ចាប់​ផ្ដើម​សំរាប់​របប​សម័យ​យូដា​ទៅ​ហើយ។ ការ​ចាក់​វិញ្ញាណ​របស់​ព្រះ​លើ​អ៊ីស្រាអែល​នៃ​ព្រះ​នៅ​សតវត្ស​ទី​២០​នេះ មាន​ន័យ​ថា យើង​កំពុង​តែ​រស់​នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នៃ​របប​លោកីយ៍​នេះ។ ដោយ​ដឹង​អំពី​រឿង​នេះ តើ​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា? ទំនាយ​របស់​យ៉ូអែល​ប្រាប់​យើង​បន្ត​ទៀត​ថា៖ «អញ​នឹង​សម្ដែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ ហើយ​នៅ​ផែនដី​ផង គឺ​ជា​ឈាម នឹង​ភ្លើង ហើយ​នឹង​កំសួល​ផ្សែង ព្រះ​អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​ហើយ​ព្រះ​ចន្ទ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់»។—យ៉ូអែល ២:៣០, ៣១

១៧, ១៨. (ក) តើ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​មួយ​ណា​ដែល​បាន​កើត​ឡើង​មាន​ឡើង​នៅ​ក្រុង​យេរូសាឡិម? (ខ) ភាព​ពិត​ប្រាកដ​នៃ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​នៅ​អនាគត ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី?

១៧ នៅ​ឆ្នាំ​៦៦ ស.យ. ពាក្យ​ទំនាយ​ទាំង​នេះ​បាន​កើត​ពិត​មែន​នៅ​ស្រុក​យូដា កាល​ដែល​ព្រឹត្ដិការណ៍​បាន​ខិត​ទៅ​មុខ​ដោយ​ឥត​បង្អង់​ទេ រហូត​ដល់​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​នៅ​ឆ្នាំ​៧០ ស.យ.។ ជា​ការ​គួរ​ឲ្យ​ភ័យ​រន្ធត់​មែន​នៅ​គ្រា​នោះ បើ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ឥត​គាំទ្រ​ព្រះ​នាម​ព្រះ​យេហូវ៉ា! សព្វ​ថ្ងៃ​នេះ ព្រឹត្ដិការណ៍​ដ៏​ភ័យ​រន្ធត់​ដូច​គ្នា​គឺ​មាន​នៅ​ខាង​មុខ នៅ​ពេល​ដែល​របប​ទាំង​មូល​នៃ​លោកីយ៍​នេះ នឹង​ត្រូវ​កំទេច​ចោល​ដោយ​ព្រះ​ហស្ត​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ មនុស្ស​នៅ​អាច​រត់​គេច​បាន។ ទំនាយ​និយាយ​បន្ត​ទៀត​ថា៖ «នោះ​អស់​អ្នក​ណា​ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​នឹង​បាន​ប្រោស​ឲ្យ​រួច ដ្បិត​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​នៅ​ក្រុង​យេរូសាឡិម នោះ​នឹង​មាន​សេចក្ដី​សង្គ្រោះ ដូច​ជា​ព្រះ​យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ទុក ហើយ​ក្នុង​ពួក​មនុស្ស​ដែល​សល់​នៅ នឹង​មាន​អ្នក​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ហៅ​ផង»។ (យ៉ូអែល ២:៣២) ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​អំណរ​គុណ​ណាស់ ដោយ​ស្គាល់​ព្រះ​នាម​ព្រះ​យេហូវ៉ា ហើយ​គេ​មាន​ការ​ទុក​ចិត្ត​ទាំង​ស្រុង​ថា ទ្រង់​នឹង​សង្គ្រោះ​គេ នៅ​ពេល​ដែល​គេ​អំពាវ​នាវ​រក​ទ្រង់។

១៨ ប៉ុន្តែ តើ​អ្វី​ទៅ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ដែល​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដ៏​ធំ​និង​ដ៏​អស្ចារ្យ​នេះ​ផ្ទុះ​ឡើង? រឿង​នេះ​នឹង​ត្រូវ​ពិនិត្យ​មើល​ក្នុង​អត្ថបទ​ចុង​ក្រោយ​របស់​យើង។

តើ​អ្នក​នៅ​ចាំ​ទេ?

◻ តើ​នៅ​ពេល​ណា​ដែល​ព្រះ​យេហូវ៉ា​ចាក់​វិញ្ញាណ​របស់​ទ្រង់ ជា​លើក​ដំបូង​មក​លើ​រាស្ត្រ​របស់​ទ្រង់?

◻ តើ​មាន​អ្វី​ខ្លះ​ដែល​ទាក់​ទង​ការ​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា?

◻ តើ​នៅ​ពេល​ណា​ដែល​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដ៏​ធំ​និង​ដ៏​អស្ចារ្យ បាន​ធ្លាក់​មក​លើ​អ៊ីស្រាអែល​ខាង​សាច់​ឈាម?

◻ តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ដល់​អ្នក​ណា ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ទ្រង់​នៅ​សព្វ​ថ្ងៃ​នេះ?

[រូប​ភាព​នៅ​ទំព័រ​១៥]

នៅ​ដើម​សតវត្ស​នេះ ព្រះ​យេហូវ៉ា​បាន​ចាក់​វិញ្ញាណ​របស់​ទ្រង់​ម្ដង​ទៀត​លើ​រាស្ត្រ​ទ្រង់ ក្នុង​ការ​សម្រេច​នៃ​យ៉ូអែល ២:២៨, ២៩

[រូប​ភាព​នៅ​ទំព័រ​១៦]

មនុស្ស​ត្រូវ​ការ​ជំនួយ​ដើម្បី​ឲ្យ​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក