ចូរយកតម្រាប់តាមយ៉ូអែលជាអ្នកប្រកាសទំនាយ
១. តើតាមរបៀបណាយើងអាចយកតម្រាប់តាមចិត្តរាបទាបរបស់យ៉ូអែលកាលដែលយើងផ្សព្វផ្សាយ?
១ តើអ្នកប្រកាសទំនាយយ៉ូអែលជាអ្នកណា? គាត់គ្រាន់តែបញ្ជាក់ថាគាត់ជា«កូនពេធូអែល»។ (យ៉ូល. ១:១) អ្នកប្រកាសទំនាយដ៏រាបទាបនេះបានបញ្ជាក់អំពីដំណឹងរបស់ព្រះយេហូវ៉ា មិនមែនអំពីតួនាទីរបស់គាត់ជាអ្នកប្រកាសទំនាយទេ។ ដូចគ្នាដែរ ជាជាងស្វែងរកការទទួលស្គាល់ឬការសរសើរដល់ខ្លួន យើងចង់ផ្ចង់អារម្មណ៍ទៅលើព្រះយេហូវ៉ានិងគម្ពីរក្នុងកិច្ចបម្រើផ្សាយរបស់យើង។ (១កូ. ៩:១៦; ២កូ. ៣:៥) បន្ថែមទៅទៀត យើងទទួលកម្លាំងពីដំណឹងដែលយើងប្រកាសផ្សាយ។ តើទំនាយរបស់យ៉ូអែលមានលក្ខណៈអ្វីខ្លះដែលអាចជួយយើងឲ្យមានចិត្តខ្នះខ្នែងនិងសេចក្ដីសង្ឃឹមនៅសព្វថ្ងៃនេះ?
២. ដោយសារថ្ងៃរបស់ព្រះយេហូវ៉ាកាន់តែជិតមកដល់ តើនេះគួរជំរុញយើងឲ្យធ្វើអ្វី?
២ «ថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ»។ (យ៉ូអែល ១:១៥): ទោះជាពាក្យទាំងនេះបានត្រូវសរសេរអស់រាប់ពាន់ឆ្នាំមកហើយក៏ដោយ យើងកំពុងរស់នៅគ្រានៃការសម្រេចចុងក្រោយនៃទំនាយនេះ។ ស្ថានភាពពិភពលោកនេះកាន់តែអាក្រក់ទៅៗ ហើយការមិនអើពើ និងការចំអករបស់មនុស្សដែលយើងជួបនៅតំបន់ផ្សាយគឺជាភ័ស្តុតាងដែលបញ្ជាក់យ៉ាងច្បាស់ថា គ្រាចុងក្រោយបង្អស់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះបានមកដល់ហើយ។ (២ធី. ៣:១-៥; ២ពេ. ៣:៣, ៤) ពេលយើងពិចារណាអំពីទីបញ្ចប់ដែលកាន់តែជិតមកដល់ យើងមានហេតុជាច្រើនដើម្បីចាត់ទុកកិច្ចបម្រើផ្សាយជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើង។—២ពេ. ៣:១១, ១២
៣. កាលដែលគ្រាវេទនាដ៏ខ្លាំងជិតមកដល់ ហេតុអ្វីកិច្ចបម្រើផ្សាយគឺសំខាន់ម្ល៉េះ?
៣ «ព្រះយេហូវ៉ានឹងធ្វើជាទីពំនាក់ដល់រាស្ត្រទ្រង់»។ (យ៉ូអែល ៣:១៦): ការកក្រើករំពើកដែលបានរៀបរាប់ក្នុងខនេះនឹងត្រូវសម្រេចនៅគ្រាវិនិច្ឆ័យទោសរបស់ព្រះយេហូវ៉ាក្នុងអំឡុងគ្រាវេទនាដ៏ខ្លាំង។ យើងទទួលការសម្រាលទុក្ខណាស់ ដោយដឹងថាព្រះយេហូវ៉ានឹងរំដោះអ្នកបម្រើស្មោះត្រង់របស់លោកឲ្យរួចជីវិតនៅអំឡុងគ្រានោះ។ (បប. ៧:៩, ១៤) កាលដែលយើងរួមចំណែកក្នុងកិច្ចបម្រើផ្សាយ ហើយពិសោធនូវរបៀបដែលព្រះយេហូវ៉ាផ្គត់ផ្គង់និងពង្រឹងកម្លាំងរបស់យើង នេះធ្វើឲ្យជំនឿនិងការស៊ូទ្រាំរបស់យើងកាន់តែរឹងមាំឡើង ហើយគុណសម្បត្ដិទាំងនេះនឹងជួយយើងក្នុងអំឡុងគ្រាវេទនាដ៏ខ្លាំងដែលជិតមកដល់។
៤. ហេតុអ្វីយើងអាចអរសប្បាយនិងអាចមានទំនុកចិត្តចំពោះអ្វីៗដែលនឹងកើតឡើងនៅពេលអនាគត?
៤ ទោះជាអ្នកខ្លះថាដំណឹងក្នុងសៀវភៅយ៉ូអែលនាំឲ្យអស់សង្ឃឹមក្ដី តែសម្រាប់រាស្ត្រព្រះសៀវភៅនេះផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យអំពីការសង្គ្រោះជីវិត។ (យ៉ូល. ២:៣២) ដូច្នេះ សូមមានទំនុកចិត្តចំពោះអ្វីៗដែលនឹងកើតឡើងនៅពេលអនាគត ហើយខ្នះខ្នែងប្រកាសផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ ដោយធ្វើតាមពាក្យរបស់យ៉ូអែល ២:២៣ ដែលថា៖ «ចូរអរសប្បាយឡើង ចូរមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ាជាព្រះនៃឯងចុះ»។