បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៨ ទំ. ៧-១១
  • ថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​លុក​លុយ​ដោយ​សត្វ​ល្អិត
  • «ម្នាល​ពួក​ប្រមឹក ចូរ​ភ្ញាក់​ឡើង»!
  • «ឱ​ពួក​សង្ឃ​អើយ ចូរ​ក្រវាត់​ខ្លួន​ឡើង»
  • «ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​កំពុង​តែ​មក»
  • «ព្រះ​យេហូវ៉ា​មិន​ផ្អាក»
  • ការវាយប្រហារពីទិសខាងជើង!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ចូរយកតម្រាប់តាមយ៉ូអែលជាអ្នកប្រកាសទំនាយ
    ២០១៣ កិច្ចបម្រើព្រះ
  • តើអ្នកណានឹង«បានប្រោសឲ្យរួច»?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • គោលសំខាន់ៗពីសៀវភៅយ៉ូអែលនិងអេម៉ុស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៨ ទំ. ៧-១១

ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ជិត​ដល់​ហើយ

«ឱ​ពួក​ចាស់​ព្រឹទ្ធាចារ្យ​ទាំង​ឡាយ​អើយ ចូរ​ស្ដាប់​ចុះ​ឱ​ពួក​អ្នក​ស្រុក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ»។—យ៉ូអែល ១:២

១, ២. ដោយ​ព្រោះ​មាន​ព្រឹត្ដិការណ៍​យ៉ាង​ណា​នៅ​ស្រុក​យូដា ដែល​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​យ៉ូអែល​ប្រកាស​ពាក្យ​ទំនាយ​ដ៏​ខ្លាំង​នេះ?

«វរ​ហើយ​ថ្ងៃ​នោះ ដ្បិត​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​ការ​បំផ្លាញ​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា»! នេះ​ជា​សេចក្ដី​ប្រកាស​ដ៏​អស្ចារ្យ​មែន! នេះ​ជា​សារ​របស់​ព្រះ​ជូន​រាស្ត្រ​របស់​ទ្រង់ ដែល​បាន​ប្រកាស​ដោយ​ព្យាការី​យ៉ូអែល។

២ ពាក្យ​ទាំង​នោះ​នៅ​យ៉ូអែល ១:១៥ បាន​កត់​ទុក​នៅ​ស្រុក​យូដា ប្រហែល​ជា​នៅ​ឆ្នាំ​៨២០ ម.​ស.យ.។ នៅ​ពេល​នោះ​គឺ​មាន​ភ្នំ​ដ៏​ខៀវ​ស្រងាត់​នៅ​ក្នុង​ស្រុក។ ផ្លែ​ឈើ​និង​ស្រូវ​គឺ​មាន​សំបូរ​ហូរ​ហៀរ ហើយ​មាន​វាល​ស្មៅ​ដ៏​ធំ​ហើយ​ដែល​ខៀវ​ស្រងាត់។ ប៉ុន្តែ អ្វី​មួយ​មាន​ភាព​ខុស​យ៉ាង​ខ្លាំង។ ការ​ថ្វាយ​បង្គំ​ព្រះ​បាល​បាន​រីក​ចំរើន​នៅ​ក្រុង​យេរូសាឡិម ហើយ​នៅ​ស្រុក​យូដា។ ពួក​បណ្ដា​ជន​បាន​ស្រវឹង​អ៊ូអែ​នៅ​ពី​មុខ​ព្រះ​ក្លែង​ក្លាយ​នេះ។ (ប្រៀប​ធៀប របាក្សត្រ​ទី​២ ២១:៤​-​៦, ១១) តើ​ព្រះ​យេហូវ៉ា​នឹង​អនុញ្ញាត​ឲ្យ​ព្រឹត្ដិការណ៍​ទាំង​នេះ​បន្ត​ទៀត​ឬ?

៣. តើ​ព្រះ​យេហូវ៉ា​បាន​ព្រមាន​ប្រាប់​អំពី​អ្វី ហើយ​តើ​សាសន៍​ទាំង​ឡាយ​ត្រូវ​រៀបចំ​អ្វី?

៣ សៀវភៅ​យ៉ូអែល​គឺ​ប្រាប់​ចម្លើយ​យ៉ាង​ច្បាស់។ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​យុត្ដិកម្ម​ដល់​អធិបតេយ្យភាព​របស់​ទ្រង់ ហើយ​នឹង​ធ្វើ​ឲ្យ​ព្រះ​នាម​របស់​ទ្រង់​បាន​បរិសុទ្ធ។ ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​បាន​ជិត​ដល់​ហើយ។ នៅ​ពេល​នោះ ព្រះ​នឹង​ប្រហារ​សេចក្ដី​ជំនុំ​ជំរះ​លើ​អស់​ទាំង​សាសន៍ នៅ​ឯ«ច្រក​ភ្នំ​យ៉ូសាផាត»។ (យ៉ូអែល ៣:១២) ចូរ​ឲ្យ​គេ​រៀបចំ​ធ្វើ​សង្គ្រាម​ទាស់​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ព្រះ​ចេស្ដា​បំផុត​ចុះ។ យើង​ក៏​ប្រឈម​មុខ​នឹង​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដ៏​ធំ​នោះ​ដែរ។ ដូច្នេះ សូម​ឲ្យ​យើង​ពិចារណា​មើល​ពាក្យ​ទំនាយ​របស់​យ៉ូអែល​សំរាប់​សម័យ​នេះ និង​សម័យ​ពី​ដើម​ដែរ។

ការ​លុក​លុយ​ដោយ​សត្វ​ល្អិត

៤. តើ​ព្រឹត្ដិការណ៍​ដែល​បាន​ព្រមាន​ប្រាប់​ដោយ​យ៉ូអែល​នឹង​មាន​ទំហំ​ប៉ុន​ណា​ទៅ?

៤ ព្រះ​យេហូវ៉ា​មាន​បន្ទូល​តាម​រយៈ​ព្យាការី​របស់​ទ្រង់​ថា៖ «ឱ​ពួក​ចាស់​ព្រឹទ្ធាចារ្យ​ទាំង​ឡាយ​អើយ ចូរ​ស្ដាប់​ចុះ ឱ​ពួក​អ្នក​ស្រុក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ ការ​យ៉ាង​នេះ​ដែល​កើត​មាន​ក្នុង​គ្រា​របស់​អ្នក​រាល់​គ្នា ឬ​ក្នុង​ជំនាន់​នៃ​ឪពុក​អ្នក​រាល់​គ្នា​ដែរ​ឬ ចូរ​ប្រាប់​ដល់​កូន​អ្នក​រាល់​គ្នា​ចុះ​ហើយ​ឲ្យ​កូន​ប្រាប់​ដល់​ចៅ រួច​ឲ្យ​ចៅ​ប្រាប់​ដល់​ដំណ​ទៅ​មុខ​ទៀត​ត​ៗ​ទៅ»។ (យ៉ូអែល ១:២, ៣) ពួក​ចាស់​ព្រឹទ្ធាចារ្យ​និង​បណ្ដា​ជន​ទាំង​ឡាយ​អាច​ទន្ទឹង​ចាំ​អ្វី​មួយ ដែល​មិន​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​គេ ឬ​ក្នុង​សម័យ​នៃ​ពួក​ឰយុកោ​របស់​គេ​ឡើយ។ ព្រឹត្ដិការណ៍​នេះ​នឹង​មាន​ភាព​អស្ចារ្យ​ដ៏​ម្ល៉េះ ដែល​នឹង​ប្រាប់​ដល់​ដំណ​ទៅ​មុខ​ទៀត! តើ​អ្វី​ទៅ​ជា​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​នេះ? ដើម្បី​នឹង​រក​ចម្លើយ សូម​ឲ្យ​យើង​គិត​ថា យើង​កំពុង​នៅ​សម័យ​របស់​លោក​យ៉ូអែល​នោះ។

៥, ៦. (ក) សូម​រៀប​រាប់​អំពី​គ្រោះ​កាច​ដែល​យ៉ូអែល​បាន​ទាយ។ (ខ) តើ​អ្នក​ណា​ជា​ប្រភព​នៃ​គ្រោះ​កាច​នោះ?

៥ សូម​ស្ដាប់! យ៉ូអែល​ឮ​សូរ​រោទ៍​ពី​ចម្ងាយ! មេឃ​ឡើង​ងងឹត ហើយ​សម្លេង​ដែល​គួរ​ឲ្យ​ព្រឺ​ក្បាល​មាន​កាន់​តែ​ខ្លាំង​ឡើង កាល​ភាព​ងងឹត​មាន​នៅ​ខាង​លើ។ ហើយ​ពពក​ដែល​មាន​សភាព​ដូច​ផ្សែង​ក៏​ចុះ​មក​ក្រោម។ នេះ​ជា​កង​ទ័ព​នៃ​សត្វ​ល្អិត​ជា​ច្រើន​លាន។ ហើយ​ពួក​វា​បណ្ដាល​ឲ្យ​មាន​ការ​ហិនហោច​យ៉ាង​ខ្លាំង​មែន! ឥឡូវ​នេះ​សូម​ពិចារណា​មើល​យ៉ូអែល ១:៤។ សត្វ​ល្អិត​រុក​រាន​នេះ​មិន​មាន​តែ​កណ្ដូប​ដែល​មាន​ស្លាប​នោះ​ទេ។ គឺ​នៅ​មាន​សត្វ​ល្អិត​ផ្សេង​ទៀត! ហ្វូង​យ៉ាង​ធំ​នៃ​កណ្ដូប​ឥត​ស្លាប​ដែល​លូន​ហើយ​ឃ្លាន​ក៏​បាន​មក​ដែរ។ កណ្ដូប​បាន​មក​ដល់​យ៉ាងរហ័ស​ដោយ​សារ​ខ្យល់ ហើយ​ឮ​សន្ធឹក​ដូច​ជា​រទេះ​ចំបាំង​អញ្ចឹង។ (យ៉ូអែល ២:៥) ដោយ​ពួក​វា​ប៉ិន​ស៊ី​នោះ កណ្ដូប​រាប់​លាន​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​សួន​មនោរម្យ​ទៅ​ជា​ទី​រហោ​ស្ថាន​យ៉ាង​រហ័ស។

៦ សូម្បី​តែ​ដង្កូវ​ក៏​កំពុង​ធ្វើ​ដំណើរ​ដែរ—ដែល​ជា​គ្រា​ញាស់​កូន​រេណុ​ប្ប​ត្ត​សត្វ​និង​មេ​អំបៅ។ ពល​ទ័ព​ដង្កូវ​អាច​ស៊ី​ស្លឹក​រុក្ខជាតិ​បន្ដិច​ម្ដង​ៗ មួយ​ស្លឹក​ម្ដង​ៗ រហូត​ដល់​ស៊ី​អស់​រលីង។ ហើយ​អ្វី​ដែល​នៅ​សល់ នោះ​កណ្ដូប​នឹង​ស៊ី។ ហើយ​អ្វី​ដែល​នៅ​សល់​ពី​កណ្ដូប នោះ​កន្លាត​នឹង​ស៊ី​ឲ្យ​អស់​រលីង។ ប៉ុន្តែ​សូម​កត់​សម្គាល់​មើល៖ នៅ​យ៉ូអែល​ជំពូក ២ ខ​១១ ព្រះ​បាន​ហៅ​កណ្ដូប​ជា«ពល​ទ័ព​របស់​ទ្រង់»។ ត្រូវ​ហើយ ទ្រង់​ជា​ប្រភព​គ្រោះ​កាច​ដោយ​កណ្ដូប​មួយ​ហ្វូង​យ៉ាង​ធំ ដែល​នឹង​បង្ហិន​ស្រុក ហើយ​ធ្វើ​ឲ្យ​មាន​ទុរភិក្ស​យ៉ាង​ខ្លាំង។ តើ​នៅ​ពេល​ណា? គឺ​នៅ​បន្ដិច​មុន«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»។

«ម្នាល​ពួក​ប្រមឹក ចូរ​ភ្ញាក់​ឡើង»!

៧. (ក) តើ​អ្វី​ជា​ស្ថានការណ៍​ក្នុង​ចំណោម​មេ​ដឹក​នាំ​សាសនា​នៅ​ស្រុក​យូដា? (ខ) តើ​តាម​របៀប​ណា​ដែល​មេ​ដឹក​នាំ​ខាង​ពិភព​គ្រីស្ទ​សាសនា​សព្វ​ថ្ងៃ​នេះ មាន​សភាព​ដូច​ពួក​ដឹក​នាំ​ខាង​សាសនា​នៅ​ស្រុក​យូដា?

៧ មេ​ដឹក​នាំ​សាសនា​របស់​ស្រុក​យូដា ដែល​ជា​បណ្ដា​ជន​ដែល​គួរ​ឲ្យ​មើល​ងាយ គឺ​បាន​ត្រូវ​ជាប់​ទោស នៅ​ពេល​ដែល​សេចក្ដី​បង្គាប់​បាន​ចេញ​ថា៖ «ម្នាល​ពួក​ប្រមឹក ចូរ​ភ្ញាក់​ឡើង ហើយ​យំ​ចុះ ឱ​ពួក​អ្នក​ដែល​ធ្លាប់​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដោយ​នឹក​ស្ដាយ​ទឹក​ទំពាំង​បាយ​ជូរ​ផ្អែម ដ្បិត​ត្រូវ​ដាច់​ពី​មាត់​អ្នក​រាល់​គ្នា​ហើយ»។ (យ៉ូអែល ១:៥) ត្រូវ​ហើយ ពួក​ប្រមឹក​ខាង​វិញ្ញាណ​នៃ​ស្រុក​យូដា បាន​ត្រូវ​បង្គាប់​ឲ្យ«ភ្ញាក់​ឡើង»ពី​ការ​ស្រវឹង។ ប៉ុន្តែ សូម​កុំ​គិត​ថា​នេះ​គ្រាន់​តែ​ជា​រឿង​ប្រវត្ដិសាស្ត្រ​នោះ​ឡើយ។ ឥឡូវ​នេះ មុន​នឹង​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា បព្វជិត​នៃ​ពិភព​គ្រីស្ទ​សាសនា បើ​និយាយ​ជា​ប្រៀប​ប្រដូច គឺ​ពេញ​ទៅ​ដោយ​ស្រា​ផ្អែម ដែល​គេ​មិន​ទាំង​ដឹង​អំពី​សេចក្ដី​បង្គាប់​នេះ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត​ឡើយ។ តើ​គេ​នឹង​ភ្ញាក់​ផ្អើល​យ៉ាង​ណា​ទៅ​ហ្ន៎ នៅ​ពេល​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច ធ្វើ​ឲ្យ​គេ​ក្រោក​ឡើង​ពី​ភាព​ប្រមឹក​ខាង​វិញ្ញាណ​របស់​គេ!

៨, ៩. (ក) តើ​តាម​របៀប​ណា​ដែល​យ៉ូអែល​រៀប​រាប់​អំពី​កណ្ដូប ហើយ​និង​ឥទ្ធិពល​នៃ​គ្រោះ​កាច​ដោយ​គេ? (ខ) សព្វ​ថ្ងៃ​នេះ តើ​កណ្ដូប​តំណាង​អ្នក​ណា​គេ?

៨ សូម​មើល​ពល​ទ័ព​កណ្ដូប​ដ៏​ធំ​នេះ! «ពី​ព្រោះ​មាន​ជាតិ​១​ឡើង​មក​លើ​ស្រុក​អញ ជា​ជាតិ​ខ្លាំង​ពូកែ ហើយ​មាន​ច្រើន​ឥត​គណនា វា​មាន​ធ្មេញ​ដូច​ជា​ធ្មេញ​សិង្ហ មាន​ថ្គាម​ជា​របស់​សិង្ហ​ញី វា​បាន​បំផ្លាញ​ដើម​ទំពាំង​បាយ​ជូរ​របស់​អញ ក៏​បាន​ស៊ី​សំបក​ដើម​ល្វា​របស់​អញ ព្រម​ទាំង​ឲ្យ​នៅ​រលីង​ផង គឺ​បាន​ធ្វើ​ឲ្យ​មែក​ទាំង​អស់​ទៅ​ជា​ស​ទទេ។ ចូរ​សោក​ពិលាប ដូច​ជា​ស្រី​ក្រមុំ​ដែល​ស្លៀក​ពាក់​សំពត់​ធ្មៃ​កាន់​ទុក្ខ​ប្ដី​ដែល​ដណ្ដឹង​នាង​ពី​កាល​នៅ​ក្មេង»។—យ៉ូអែល ១:៦​-​៨

៩ តើ​នេះ​គ្រាន់​តែ​ជា​ទំនាយ​អំពី«សាសន៍»នៃ​កណ្ដូប ដែល​ព័ទ្ធ​ស្រុក​យូដា​នោះ​ឬ? អត់​ទេ ទំនាយ​នេះ​គឺ​មាន​ន័យ​សារៈ​សំខាន់​ទៀត។ នៅ​យ៉ូអែល ១:៦ និង​វិវរណៈ ៩:៧ រាស្ត្រ​របស់​ព្រះ គឺ​បាន​ត្រូវ​តំណាង​ដោយ​កណ្ដូប។ ពល​ទ័ព​កណ្ដូប​នៃ​សម័យ​ទំនើប​នេះ គឺ​ជា​ពួក​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា ដែល​ឥឡូវ​នេះ​មាន«ចៀម​ឯ​ទៀត»ជាង​៥.៦០០.០០០​នាក់​មក​ចូល​រួម​ជា​មួយ​ពួក​គេ។ (យ៉ូហាន ១០:១៦) តើ​អ្នក​សប្បាយ​ចិត្ត​រួម​ចំណែក​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដ៏​ធំ​នេះ​ឬ​ទេ?

១០. តើ​កណ្ដូប​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ស្រុក​យូដា?

១០ នៅ​យ៉ូអែល ១:៩​-​១២ យើង​អាន​អំពី​លទ្ធផល​នៃ​គ្រោះកាច​ដោយ​កណ្ដូប​មួយ​ហ្វូង​យ៉ាង​ធំ​នេះ។ មួយ​ហ្វូង​ៗ​ធ្វើ​ឲ្យ​ការ​ហិនហោច​ដល់​ស្រុក។ ដោយ​ឥត​មាន​ស្រូវ ស្រា និង​ប្រេង នោះ​ពួក​សង្ឃ​ដ៏​ឥត​ស្មោះ​ត្រង់​មិន​អាច​បន្ត​ធ្វើ​កិច្ច​ការ​របស់​គេ​ទេ។ សូម្បី​តែ​ដី​ក៏​កាន់​ទុក្ខ​ដែរ ពី​ព្រោះ​កណ្ដូប​ធ្វើ​វា​មិន​អោយ​មាន​ស្រូវ និង​ដើម​ឈើ​ក៏​ឥត​មាន​ផ្លែ​ដែរ។ ដោយ​សារ​ដើម​ទំពាំង​បាយ​ជូរ​បាន​ហិន​ហោច​អស់ នោះ​គឺ​ឥត​មាន​ស្រា​ឲ្យ​អស់​អ្នក​ផឹក​ស្រា​ដ៏​ហួស​ហេតុ​នេះ ដែល​បាន​ប្រមឹក​ខាង​វិញ្ញាណ​ដែរ។

«ឱ​ពួក​សង្ឃ​អើយ ចូរ​ក្រវាត់​ខ្លួន​ឡើង»

១១, ១២. (ក) តើ​អ្នក​ណា​ដែល​អះអាង​ធ្វើ​ជា​ពួក​សង្ឃ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ? (ខ) តើ​កណ្ដូប​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​មេ​ដឹក​នាំ​សាសនា​ខាង​ពិភព​គ្រីស្ទ​សាសនា?

១១ សូម​ស្ដាប់​នូវ​សារ​របស់​ព្រះ​ចំពោះ​ពួក​សង្ឃ​ដ៏​វង្វេង​នេះ៖ «ឱ​ពួក​សង្ឃ​អើយ ចូរ​ក្រវាត់​ខ្លួន​ឡើង ហើយ​ទួញ​យំ​ចុះ ឱ​ពួក​អ្នក​ដែល​ធ្វើ​ការងារ​ចំពោះ​អាស​នា​អើយ»។ (យ៉ូអែល ១:១៣) ក្នុង​ការ​សម្រេច​ដំបូង​នៃ​ទំនាយ​របស់​យ៉ូអែល ពួក​សង្ឃ​លេវី​បាន​បំរើ​នៅ​ឯ​អាស​នា។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ការ​សម្រេច​នៅ​ចុង​ក្រោយ? សព្វ​ថ្ងៃ​នេះ បព្វជិត​ខាង​ពិភព​គ្រីស្ទ​សាសនា​បាន​ទទួល​កាន់​កាប់​មាន​អំណាច​នៅ​ឯ​អាស​នា​របស់​ព្រះ ដោយ​អះអាង​ថា​គេ​ជា​អ្នក​បំរើ​ទ្រង់ ជា«ពួក​សង្ឃ»របស់​ទ្រង់។ ប៉ុន្តែ តើ​អ្វី​ដែល​កើត​ឡើង​នៅ​សម័យ​នេះ ពេល​ដែល​កណ្ដូប​នា​បច្ចុប្បន្នកាល​នៃ​ព្រះ​កំពុង​ជឿន​ទៅ​មុខ​នោះ?

១២ នៅ​ពេល«ពួក​សង្ឃ»នៃ​ពិភព​គ្រីស្ទ​សាសនា​ឃើញ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​កំពុង​ប្រព្រឹត្ត​ទៅ ហើយ​ឮ​ការ​ព្រមាន​អំពី​សេចក្ដី​ជំនុំ​ជំរះ​របស់​ព្រះ នោះ​គេ​ក្លាយ​ទៅ​ជា​ក្រ​ហល់​ក្រហាយ។ គេ​វាយ​ទ្រូង​របស់​គេ​ដោយ​មួម៉ៅ ហើយ​មាន​ចិត្ត​ក្ដៅ​ក្រហាយ​នឹង​ឥទ្ធិពល​ដ៏​ហិនហោច​នៃ​សារ​អំពី​ព្រះ​រាជាណាចក្រ។ កាល​ដែល​ហ្វូង​របស់​គេ​ចាក​ចេញ​ពី​ខ្លួន​គេ នោះ​គេ​ក៏​ថ្ងូរ។ ពួក​គេ​ដេក​គ្រលុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ​មួយ​យប់ ដោយ​វាល​ស្មៅ​របស់​គេ​បាន​ក្លាយ​ទៅ​ជា​ទទេ​ឡត ហើយ​កាន់​ទុក្ខ​លើ​ការ​បាត់​បង់​ប្រាក់​ចំណូល​របស់​គេ។ មិន​យូរ​ប៉ុន្មាន គេ​ក៏​នឹង​បាត់​បង់​កិច្ច​ការ​របស់​គេ​ជា​សង្ឃ​ផង​ដែរ! តាម​ពិត ព្រះ​ប្រាប់​គេ​ឲ្យ​កាន់​ទុក្ខ​រាល់​យប់ ពី​ព្រោះ​ទី​បញ្ចប់​របស់​គេ​គឺ​ជិត​ដល់​ហើយ។

១៣. តើ​ពិភព​គ្រីស្ទ​សាសនា​ទាំង​មូល​នឹង​ទទួល​តប​យ៉ាង​ល្អ នឹង​ការ​ព្រមាន​របស់​ព្រះ​យេហូវ៉ា​ទេ?

១៣ យោង​ទៅ​តាម​យ៉ូអែល ១:១៤ សេចក្ដី​សង្ឃឹម​តែ​មួយ​របស់​គេ គឺ​ពឹង​លើ​ការ​ប្រែ​ចិត្ត ហើយ«អំពាវ​នាវ​ដល់​ព្រះ​យេហូវ៉ា»។ តើ​យើង​អាច​ទន្ទឹង​ចាំ​ពួក​បព្វជិត​ទាំង​មូល​នៃ​ពិភព​គ្រីស្ទ​សាសនា ឲ្យ​អំពាវ​នាវ​ទៅ​រក​ព្រះ​យេហូវ៉ា​ឬ? គឺ​ប្រាកដ​ជា​អត់​ទេ! បុគ្គល​ម្នាក់​ៗ​ក្នុង​ចំណោម​គេ​ប្រហែល​ជា​តប​ឆ្លើយ​ដល់​ការ​ព្រមាន​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​ស្ថានភាព​ដ៏​អត់​ឃ្លាន​ខាង​វិញ្ញាណ​នឹង​មាន​ជា​បន្ត​នៃ​មេ​ដឹក​នាំ​សាសនា​ទាំង​នេះ និង​ពួក​បរិ​ស័​ទ្ធ​របស់​គេ។ ព្យាការី​អេម៉ុស​បាន​ទាយ​ថា៖ «ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ‹មើល មាន​គ្រា​មក ដែល​អញ​នឹង​ចាត់​ប្រើ​អំណត់​មក​ក្នុង​ស្រុក មិន​មែន​ជា​អំណត់​ដែល​អត់​អាហារ ឬ​ដែល​ស្រេក​ទឹក​ទេ គឺ​ជា​អំ​ណ​ង់​ខាង​ឯ​ការ​ឮ​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​វិញ› »។ (អេម៉ុស ៨:១១) ម្យ៉ាង​ទៀត យើង​មាន​អំណរ​គុណ​ណាស់ ដោយ​មាន​អាហារ​ខាង​វិញ្ញាណ​ដ៏​បរិបូរ ដែល​ព្រះ​ប្រទាន​តាម​រយៈ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›!—ម៉ាថាយ ២៤:៤៥​-​៤៧

១៤. តើ​គ្រោះ​កាច​ដោយ​កណ្ដូប​មួយ​ហ្វូង​យ៉ាង​ធំ​នោះ​ជា​ប្រថ្នូល​អ្វី?

១៤ គ្រោះ​កាច​ដោយ​កណ្ដូប​មួយ​ហ្វូង​យ៉ាង​ធំ​នេះ គឺ​ជា​ប្រថ្នូល​ចំពោះ​អ្វី​មួយ​ទៀត។ តើ​នឹង​ប្រថ្នូល​អ្វី​ទៅ? យ៉ូអែល​ប្រាប់​យើង​យ៉ាង​ច្បាស់​ថា៖ «វរ​ហើយ​ថ្ងៃ​នោះ ដ្បិត​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​ការ​បំផ្លាញ​ពី​ព្រះដ៏​មាន​គ្រប់​ព្រះ​ចេស្ដា»! (យ៉ូអែល ១:១៥) ការ​រុក​រាន​នៃ​ពល​ទ័ព​កណ្ដូប​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច នោះ​គឺ​ជិត​ដល់​ហើយ។ យ៉ាង​ប្រាកដ​ណាស់ មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ទន្ទឹង​ចាំ​ថ្ងៃ​ដ៏​ពិសេស​នេះ នៅ​ពេល​ដែល​ការ​ជំនុំ​ជំរះ​របស់​ព្រះ​នឹង​ត្រូវ​ប្រហារ​លើ​ពួក​មនុស្ស​អាក្រក់ ហើយ​ព្រះ​យេហូវ៉ា​នឹង​បាន​ជោគ​ជ័យ​ជា​ព្រះ​មហា​ក្សត្រ​សកល​លោក។

១៥. ដោយ​ដឹង​អំពី​ស្ថានការណ៍​ដ៏​អាក្រក់​នៃ​ស្រុក តើ​ពួក​អ្នក​ដែល​ស្ដាប់​តាម​ការ​ព្រមាន​របស់​ព្រះ​នឹង​ធ្វើ​យ៉ាង​ណា?

១៥ ដូច​នៅ​យ៉ូអែល ១:១៦​-​២០ បង្ហាញ​មក អាហារ​បាន​ត្រូវ​បណ្ដាច់​នៅ​ក្នុង​ស្រុក​យូដា​ពី​បុរាណ។ ហើយ​សេចក្ដី​អំណរ​ក៏​ឥត​មាន​ដែរ។ ជង្រុក​ទាំង​ប៉ុន្មាន​ក៏​នៅ​ទទេ ហើយ​រោង​ក៏​បាន​រុះ​ចោល។ ឥត​មាន​វាល​ស្មៅ ដោយ​ព្រោះ​កណ្ដូប​បាន​ស៊ី​រុក្ខជាតិ​អស់ ហើយ​ហ្វូង​គោ​ត្រូវ​ដើរ​រវើ​រវាយ​យ៉ាង​ស្រឡាំងកាំង ហើយ​សត្វ​ចៀម​ជា​ច្រើន​ក៏​បាត់​បង់​ទៅ​ដែរ។ នេះ​ជា​វិបត្ដិ​ភ័យ​មួយ​មែន! នៅ​កណ្ដាល​ស្ថានភាព​បែប​នេះ តើ​អ្វី​បាន​កើត​ឡើង​ដល់​យ៉ូអែល? យោង​ទៅ​តាម​ខ​១៩ លោក​មាន​ប្រសាសន៍​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ​ទូល​បង្គំ​អំពាវ​នាវ​ដល់​ទ្រង់»។ សព្វ​ថ្ងៃ​នេះ​ដែរ មនុស្ស​ជា​ច្រើន​ធ្វើ​តាម​ការ​ព្រមាន​របស់​ព្រះ ហើយ​អំពាវ​នាវ​ដល់​ព្រះ​យេហូវ៉ា​ដោយ​ជំនឿ។

«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​កំពុង​តែ​មក»

១៦. ហេតុ​អ្វី​ក៏«អ្នក​ស្រុក»ត្រូវ​ជ្រួល​ច្រាល់​ជា​ខ្លាំង?

១៦ សូម​ស្ដាប់​បទ​បញ្ជា​នេះ​ពី​ព្រះ៖ «ចូរ​ផ្លុំ​ត្រែ​ឡើង​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ធ្វើ​សូរ​សញ្ញា​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ត្រូវ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញាប់​ញ័រ»។ (យ៉ូអែល ២:១) ហេតុ​អ្វី​ក៏​ត្រូវ​ធ្វើ​តាម​របៀប​នេះ? ទំនាយ​ឆ្លើយ​ថា៖ «ពី​ព្រោះ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​កំពុង​តែ​មក ក៏​ជិត​ដល់​ហើយ គឺ​ជា​ថ្ងៃ​ងងឹត ហើយ​មីរ​ស្រទំ ជា​ថ្ងៃ​មាន​ពពក​ហើយ​ងងឹត​យ៉ាង​ក្រាស់ មាន​ជាតិ​១​ធំ ហើយ​ខ្លាំង​ពូកែ​មក​ដូច​ជា​ពន្លឺ​នៅ​ពេល​បំព្រាង​លាត​ផ្សាយ​ទៅ​នៅ​លើ​ភ្នំ»។ (យ៉ូអែល ២:១, ២) គឺ​មាន​ការ​ដឹង​នូវ​ភាព​ជា​បន្ទាន់​ដែល​ទាក់​ទង​នឹង​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា។

១៧. តើ​ស្រុក​និង​មនុស្ស​នៅ​យូដា​មាន​ឥទ្ធិពល​យ៉ាង​ណា​ពី​គ្រោះ​កាច​ដោយ​កណ្ដូប​មួយ​ហ្វូង​យ៉ាង​ធំ​នោះ?

១៧ សូម​គិត​នូវ​ឥទ្ធិពល​នៃ​ចក្ខុនិមិត្ត​របស់​ព្យាការី​នេះ កាល​ដែល​កណ្ដូប​ធ្វើ​ឲ្យ​សួន​មនោរម្យ​ក្លាយ​ទៅ​ជា​វាល។ សូម​ស្ដាប់​នូវ​ការ​ពិពណ៌នា​ពល​ទ័ព​កណ្ដូប៖ «ភាព​រូប​របស់​គេ​មើល​ទៅ​ដូច​ជា​សេះ គេ​ក៏​រត់​ដូច​ជា​សេះ​ចំបាំង​ដែរ គេ​កញ្ឆល​ឮ​សន្ធឹក ដូច​ជា​រទេះ​ចំបាំង​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន គឺ​ដូច​ជា​សន្ធឹក​អណ្ដាត​ភ្លើង​ដែល​ឆេះ​ជញ្ជ្រាំង ហើយ​ដូច​ជា​កង​ទ័ព​យ៉ាង​ខ្លាំង​ពូកែ​ដែល​ដំ​រៀប​គ្នា​ប្រុង​ចូល​ច្បាំង អស់​ទាំង​សាសន៍​មាន​សេចក្ដី​បារម្ភ​ព្រួយ​នៅ​មុខ​គេ មុខ​មនុស្ស​ទាំង​អស់​ក៏​ស្លេក​ស្លាំង​ទៅ»។ (យ៉ូអែល ២:៤​-​៦) ក្នុង​កំឡុង​គ្រោះ​កាច​ដោយ​កណ្ដូប​មួយ​ហ្វូង​យ៉ាង​ធំ​នៅ​សម័យ​របស់​យ៉ូអែល នោះ​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​បាល​មាន​ការ​ភ័យ​ព្រួយ​កាន់​តែ​ខ្លាំង​ឡើង ហើយ​ការ​ភ័យ​ព្រួយ​គឺ​អាច​ឃើញ​បាន​ដោយ​ទឹក​មុខ​របស់​គេ។

១៨, ១៩. តើ​តាម​របៀប​ណា​ដែល​សកម្មភាព​នៃ​រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ មាន​ដូច​ជា​គ្រោះ​កាច​ដោយ​កណ្ដូប​មួយ​ហ្វូង​យ៉ាង​ធំ​នោះ?

១៨ គ្មាន​អ្វី​សោះ​ដែល​អាច​បញ្ឈប់​កណ្ដូប​ដ៏​មិន​ចេះ​ហត់​នេះ ហើយ​ដែល​មាន​របៀប​រៀប​រយ​នោះ​ទេ។ ពួក​គេ​រត់«ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ» ហើយ​ព្រម​ទាំង​ឡើង​តាម​ជញ្ជាំង​ទៀត​ផង។ ប្រសិន​បើ‹ពួក​គេ​ខ្លះ​ធ្លាក់​ក្នុង​ចំណោម​គ្រឿង​សាស្ដ្រាវុធ នោះ​អ្នក​ឯ​ទៀត​មិន​រុញ​រា​ថយ​ក្រោយ​ឡើយ›។ (យ៉ូអែល ២:៧, ៨) នេះ​ជា​ទំនាយ​ដ៏​ជាក់​ស្តែង​នៃ​ពល​ទ័ព​របស់​ព្រះ​នៅ​សម័យ​ទំនើប​នេះ ដែល​ប្រៀប​ប្រដូច​ទៅ​នឹង​កណ្ដូប​នោះ! សព្វ​ថ្ងៃ​នេះ​ដែរ ពល​ទ័ព​កណ្ដូប​របស់​ព្រះ​យេហូវ៉ា​ខំ​បន្ត​ទៅ​មុខ​ជា​និច្ច។ ការ​ប្រឆាំង​ដែល​មាន​ដូច​ជា«ជញ្ជាំង» ក៏​ពុំ​ធ្វើ​ឲ្យ​គេ​ខ្លាច​នោះ​ទេ។ គេ​មិន​បោះ​បង់​ចោល​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​របស់​គេ​ចំពោះ​ព្រះ​ឡើយ ប៉ុន្តែ​សុខ​ចិត្ត​ស្លាប់ ដូច​ពួក​ស្មរបន្ទាល់​ជា​ច្រើន​ពាន់​នាក់​ដែល‹ធ្លាក់​ក្នុង​ចំណោម​គ្រឿង​សាស្ដ្រាវុធ› ដោយ​ព្រោះ​គេ​មិន​តម្កើង​ហិត្លើ​ក្នុង​របប​ណាត្ស៊ី​នៅ​ប្រទេស​អាល្លឺម៉ង់។

១៩ ពល​កណ្ដូប​របស់​ព្រះ​នៅ​សម័យ​ទំនើប​នេះ បាន​ផ្សាយ​យ៉ាង​ហ្មត់​ចត់​នៅ​ក្នុង«ទី​ក្រុង»នៃ​ពិភព​គ្រីស្ទ​សាសនា។ (យ៉ូអែល ២:៩) គេ​បាន​ធ្វើ​បែប​នេះ​ទូទាំង​ពិភព​លោក។ គេ​កំពុង​តែ​មាន​ជ័យ​ជំនះ​លើ​ឧបសគ្គ​ទាំង​ឡាយ ដោយ​ចូល​ទៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​ជា​ច្រើន​លាន​នាក់ ហើយ​ទៅ​ជួប​មនុស្ស​នៅ​តាម​ផ្លូវ និយាយ​ជា​មួយ​គេ​ដោយ​ប្រើ​ទូរស័ព្ទ ហើយ​ទៅ​ជួប​គេ​តាម​របៀប​ណា​ក៏​ដោយ កាល​ដែល​គេ​ប្រកាស​ផ្សាយ​សារ​របស់​ព្រះ​យេហូវ៉ា។ ប្រាកដ​ហើយ គេ​បាន​ចែក​ចាយ​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​ជា​ច្រើន​លាន​ក្បាល ហើយ​នឹង​ចែក​ចាយ​ជា​ច្រើន​ទៀត​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​គេ—គឺ​ដោយ​សាធារណៈ​និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។—កិច្ច​ការ ២០:២០, ២១

២០. តើ​អ្នក​ណា​ដែល​គាំទ្រ​កណ្ដូប​នៅ​សម័យ​នេះ ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

២០ យ៉ូអែល ២:១០ បង្ហាញ​ថា​ហ្វូង​កណ្ដូប​ដ៏​ធំ​អាច​ធ្វើ​ដូច​ជា​ពពក​ដែល​អាច​បំបាំង​ថ្ងៃ លោក​ខែ និង​ផ្កាយ​ទាំង​ឡាយ។ (ប្រៀប​ធៀប អេសាយ ៦០:៨) តើ​មាន​ការ​សង្ស័យ​ថា​អ្នក​ណា​គេ​គាំទ្រ​កង​ទ័ព​ទាហាន​នេះ​ឬ​ទេ? ក្រៅ​ពី​សូរ​ខ្លាំង​ដោយ​សត្វ​ទាំង​នេះ យើង​ឮ​ពាក្យ​ទាំង​នេះ​នៃ​យ៉ូអែល ២:១១ ថា៖ «ព្រះ​យេហូវ៉ា ទ្រង់​បញ្ចេញ​ព្រះ​សូរ​សៀង នៅ​មុខ​ពល​ទ័ព​របស់​ទ្រង់ ដ្បិត​ទី​បោះ​ទ័ព​របស់​ទ្រង់​ធំ​ណាស់ ពី​ព្រោះ​អ្នក​ដែល​ធ្វើសំរេច​តាម​ព្រះ​បន្ទូល​ទ្រង់ នោះ​មាន​កំឡាំង​ខ្លាំង ដ្បិត​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ធំ​ក្រៃ​លែង ហើយ​គួរ​ស្ញែង​ខ្លាច​ណាស់​តើ​អ្នក​ណា​អាច​នឹង​ធន់​នៅ​បាន»? ត្រូវ​ហើយ ព្រះ​យេហូវ៉ា​បញ្ជូន​ពល​ទ័ព​កណ្ដូប​របស់​ទ្រង់​នៅ​សព្វ​ថ្ងៃ​នេះ—មុន​នឹង​ថ្ងៃ​ដ៏​ធំ​របស់​ទ្រង់​មក​ដល់។

«ព្រះ​យេហូវ៉ា​មិន​ផ្អាក»

២១. តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា នៅ​ពេល​ដែល‹ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​មក​ដល់​ដូច​ជា​ចោរ›?

២១ ដូច​យ៉ូអែល សាវ័ក​ពេត្រុស​បាន​និយាយ​អំពី​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា។ លោក​បាន​សរសេរ​ថា៖ «រីឯ​ថ្ងៃ​នៃ​ព្រះ​អម្ចាស់ នោះ​នឹង​មក​ដូច​ជា​ចោរ​ប្លន់ នៅ​ថ្ងៃ​នោះ​ផ្ទៃ​មេឃ​នឹង​បាត់​ទៅ ដោយ​សូរ​គ្រាំ​គ្រេង ឯ​ធាតុ​សព្វសារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃ​លែង ហើយ​ផែនដី​នឹង​ការ​សព្វសារពើ នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ»។ (ពេត្រុស​ទី​២ ៣:១០) នៅ​ក្រោម​ឥទ្ធិពល​របស់​អារក្ស​សាតាំង ការ​គ្រប់​គ្រង​ដ៏​អាក្រក់​ដែល​ជា«ស្ថាន​សួគ៌» កំពុង​គ្រប់​គ្រង​លើ«ផែនដី» នោះ​គឺ​ថា មនុស្ស​ដែល​ឃ្លាត​ឆ្ងាយ​ចេញ​ពី​ព្រះ។ (អេភេសូរ ៦:១២; យ៉ូហាន​ទី​១ ៥:១៩) ផ្ទៃ​មេឃ​និង​ផែនដី​ដែល​ជា​និមិត្តរូប​នេះ នឹង​មិន​រួច​រស់​ពី​កំហឹង​របស់​ព្រះ​ក្នុង​កំឡុង​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​នឹង​បាន​ត្រូវ​ជំនួស​ដោយ«សេចក្ដី​សន្យា​របស់​ទ្រង់ នោះ​យើង​រាល់​គ្នា​ទន្ទឹង​ចាំ​ផ្ទៃ​មេឃ​ថ្មី​និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ»។—ពេត្រុស​ទី​២ ៣:១៣

២២, ២៣. (ក) តើ​យើង​ត្រូវ​មាន​ចិត្ត​យ៉ាង​ណា​ចំពោះ​ការ​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​ដ៏​មេត្ដា​ករុណា​នោះ? (ខ) តើ​យើង​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ភាព​ជិត​ដល់​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា?

២២ យើង​អាច​បាត់​បង់​នូវ​ភាព​បន្ទាន់​នៅ​សព្វ​ថ្ងៃ​នេះ ដោយ​សារ​ការ​រំខាន​និង​ការ​ល្បួង​ជំនឿ​នៅ​សម័យ​នេះ។ ប៉ុន្តែ កាល​ដែល​កណ្ដូប​ជា​និមិត្តរូប​នេះ​ខំ​ប្រឹង​បន្ត​ទៅ​មុខ មនុស្ស​ជា​ច្រើន​កំពុង​តែ​តប​ឆ្លើយ​នឹង​សារ​ព្រះ​រាជាណាចក្រ។ ទោះ​ជា​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ពេល​សំរាប់​រឿង​នេះ យើង​មិន​ត្រូវ​ច្រឡំ​ការ​អត់​ធ្មត់​ជា​មួយ​នឹង​ការ​យឺត​នោះ​ឡើយ។ «ព្រះ​អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់​ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ»។—ពេត្រុស​ទី​២ ៣:៩

២៣ កាល​ដែល​យើង​ទន្ទឹង​ចាំ​ថ្ងៃ​ដ៏​ធំ​នេះ​នៃ​ព្រះ​យេហូវ៉ា សូម​ឲ្យ​យើង​ធ្វើ​តាម​ពាក្យ​របស់​ពេត្រុស ដែល​បាន​កត់​ទុក​នៅ​ពេត្រុស​ទី​២ ៣:១១, ១២៖ «ចុះ​ដែល​របស់​ទាំង​នោះ​ត្រូវ​រលាយ​ទៅ នោះ​តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ នឹង​សេចក្ដី​គោរព​ប្រតិបត្ដិ ទាំង​ទន្ទឹង​ចាំ​ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​បាន​ឆាប់​មក​ដល់​ផង ដែល​នៅ​ថ្ងៃ​នោះ​ផ្ទៃ​មេឃ​នឹង​ឆេះ​រលាយ​អស់ ហើយ​ធាតុ​សព្វសារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃ​លែង​ដូច្នេះ»! ការ​ប្រព្រឹត្ត​ទាំង​នេះ​ច្បាស់​ជា​ទាក់​ទង​ការ​ធ្វើ​តាម​ឲ្យ​ទាន់​ពល​ទ័ព​កណ្ដូប​របស់​ព្រះ​យេហូវ៉ា ដោយ​មាន​ការ​ចូល​រួម​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ មុន​នឹង​ទី​បញ្ចប់​មក​ដល់។—ម៉ាកុស ១៣:១០

២៤, ២៥. (ក) តើ​អ្នក​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ឯកសិទ្ធិ​នៃ​ការ​ចូល​រួម​ក្នុង​ពល​ទ័ព​កណ្ដូប​របស់​ព្រះ​យេហូវ៉ា? (ខ) តើ​សំនួរ​ដ៏​សំខាន់​អ្វី​ដែល​យ៉ូអែល​បាន​សួរ​ឡើង?

២៤ ពល​ទ័ព​កណ្ដូប​របស់​ព្រះ​នឹង​មិន​ឈប់​ធ្វើ​ការ​ទេ រហូត​ដល់​ការ​ផ្ទុះ​ឡើង​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច។ វត្តមាន​នៃ​កណ្ដូប​ដ៏​មិន​អាច​បញ្ឈប់​នេះ គឺ​ជា​ភស្តុ​តាង​យ៉ាង​អស្ចារ្យ​ថា​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​គឺ​ជិត​មក​ដល់​ហើយ។ តើ​អ្នក​មាន​ចិត្ត​រីករាយ​ក្នុង​ការ​បំរើ​ជា​មួយ​កណ្ដូប​ដ៏​ចាក់​ប្រេង​តាំង​របស់​ព្រះ និង​គូកន​របស់​គេ ក្នុង​កិច្ច​ការ​ចុង​ក្រោយ​បង្អស់​នេះ មុន​នឹង​ថ្ងៃ​ធំ​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​មក​ដល់​ទេ​ឬ?

២៥ ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​បាន​ធំ​ជា​យ៉ាង​ណា​ទៅ​ហ្ន៎! អញ្ចឹង​ហើយ​បាន​ជា​សំនួរ​បាន​សួរ​ថា៖ «តើ​អ្នក​ណា​អាច​នឹង​ធន់​នៅ​បាន»? (យ៉ូអែល ២:១១) សំនួរ​នេះ​និង​សំនួរ​ជា​ច្រើន​ទៀត​នឹង​ត្រូវ​ពិចារណា​ក្នុង​អត្ថបទ​ពីរ​ទៀត​ជា​បន្ទាប់។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

◻ ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​បាន​ព្រមាន​ប្រាប់​អំពី​គ្រោះ​កាច​ដោយ​សត្វ​ល្អិត​ទៅ​លើ​ស្រុក​យូដា?

◻ ក្នុង​ការ​សម្រេច​ទំនាយ​របស់​យ៉ូអែល​នៅ​សម័យ​ទំនើប​នេះ តើ​អ្នក​ណា​ជា​កណ្ដូប​របស់​ព្រះ​យេហូវ៉ា?

◻ តើ​តាម​របៀប​ណា​ដែល​មេ​ដឹក​នាំ​នៃ​ពិភព​គ្រីស្ទ​សាសនា តប​នឹង​គ្រោះ​កាច​ដោយ​កណ្ដូប​មួយ​ហ្វូង​យ៉ាង​ធំ និង​តើ​ពួក​គេ​ខ្លះ​អាច​គេច​ចេញ​ពី​កម្មផល​យ៉ាង​ដូច​ម្ដេច?

◻ តើ​គ្រោះ​កាច​ដោយ​កណ្ដូប​មួយ​ហ្វូង​យ៉ាង​ធំ​មាន​កំរិត​ប៉ុន​ណា​ក្នុង​សតវត្ស​ទី​២០​នេះ ហើយ​តើ​នឹង​មាន​រហូត​ដល់​ត្រឹម​ណា?

[រូប​ភាព​នៅ​ទំព័រ​៨]

គ្រោះ​កាច​ដោយ​កណ្ដូប​មួយ​ហ្វូង​យ៉ាង​ធំ​ជា​ប្រថ្នូល​នៃ​អ្វី​ដ៏​អាក្រក់​ជាង​នោះ​ទៅ​ទៀត

[អ្នក​ផ្ដល់​សិទ្ធិ]

Barren tree: FAO photo/G. Singh

[រូប​ភាព​នៅ​ទំព័រ​៩]

ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​គាំទ្រ​នៃ​គ្រោះ​កាច​ដោយ​កណ្ដូប​មួយ​ហ្វូង​យ៉ាង​ធំ​នៅ​សម័យ​ទំនើប​នេះ

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​នៅ​ទំព័រ​៧]

Locust: FAO photo/G. Tortoli; locust swarm: FAO photo/Desert Locust Survey

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក