ព្រះយេហូវ៉ាត្រូវជាទីទុកចិត្តដល់យើង
«ព្រះយេហូវ៉ាទ្រង់នឹងបានជាទីទុកចិត្តដល់ឯង»។—សុភាសិត ៣:២៦
១. ទោះជាមនុស្សជាច្រើនអះអាងថាទុកចិត្តលើព្រះ តើអ្វីដែលបង្ហាញថាគេឥតទុកចិត្តជានិច្ចនោះទេ?
បាវចនា ដែលថា «យើងទុកចិត្តលើព្រះ» គឺមានលើប្រាក់របស់សហរដ្ឋអាមេរិក។ ប៉ុន្តែ តើមនុស្សគ្រប់គ្នាដែលប្រើរូបិយប័ណ្ណនៅក្នុងស្រុកនោះឬកន្លែងផ្សេងទៀត ពិតជាទុកចិត្តលើព្រះមែនឬ? ឬក៏គេទុកចិត្តលើប្រាក់ជាងទៅវិញ? ការទុកចិត្តលើប្រាក់នៅស្រុកនោះឬស្រុកណាផ្សេងទៀត គឺមិនអាចដូចការទុកចិត្តលើព្រះដ៏មានព្រះចេស្ដាបំផុត ដែលមិនរំលោភលើអំណាចហើយឥតចេះលោភសោះឡើយ។ តាមពិត តាមបែបបទយ៉ាងច្បាស់ជាក់លាក់ នោះទ្រង់ផ្ដន្ទាទោសសេចក្ដីលោភទៅវិញ។—អេភេសូរ ៥:៥
២. តើគ្រីស្ទានពិតមានអាកប្បកិរិយាយ៉ាងណា អំពីអំណាចនៃទ្រព្យសម្បត្ដិ?
២ ពួកគ្រីស្ទានពិត ទុកចិត្តលើព្រះ មិនមែនលើទ្រព្យសម្បត្ដិ ដែលមាន«សេចក្ដីឆបោក»នោះឡើយ។ (ម៉ាថាយ ១៣:២២) ពួកគេទទួលស្គាល់ថាអំណាចប្រាក់ ក្នុងការនាំឲ្យមានសុភមង្គលនិងរក្សាការពារជីវិត គឺមានតិចតួចណាស់។ តែចំពោះព្រះដ៏មានព្រះចេស្ដាបំផុត គឺមិនមែនដូច្នេះទេ។ (សេផានា ១:១៨) ដូច្នេះ ការដាស់តឿននេះគឺមានប្រាជ្ញាណាស់ ដែលថា៖ «ចូរឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្ត បានឥតលោភឡើយ ឲ្យស្កប់ចិត្តនឹងរបស់ដែលមាន ហើយប៉ុណ្ណោះចុះ ដ្បិតទ្រង់មានបន្ទូលថា៖ ‹អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ› »!—ហេព្រើរ ១៣:៥
៣. តើបរិបទនៃចោទិយកថា ៣១:៦ ជួយឲ្យយល់យ៉ាងណានូវពាក្យដែលប៉ុលស្រង់ចេញពីនោះមក?
៣ នៅពេលដែលបានសរសេរពាក្យខាងលើនេះទៅពួកគ្រីស្ទានសាសន៍ហេព្រើរ នោះសាវ័កប៉ុលបានដកស្រង់សេចក្ដីបង្គាប់ ដែលលោកម៉ូសេបានឲ្យពួកអ៊ីស្រាអែលមុននឹងលោកទទួលមរណភាព៖ «ចូរមានកំឡាំងហើយចិត្តក្លាហានឡើង កុំឲ្យខ្លាច ឬមានសេចក្ដីភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ»។ (ចោទិយកថា ៣១:៦) ក្នុងបរិបទខនេះបង្ហាញថា លោកម៉ូសេកំពុងលើកទឹកចិត្ត ឲ្យគេមានការទុកចិត្តលើព្រះយេហូវ៉ា ដែលមានហួសពីការទុកចិត្តឲ្យទ្រង់ផ្ដល់នូវរបស់ត្រូវការខាងសាច់ឈាមទៅទៀត។ តើយ៉ាងដូចម្ដេចទៅ?
៤. តើតាមរបៀបណាដែលព្រះបានបង្ហាញឲ្យពួកអ៊ីស្រាអែលឃើញ ថាគេអាចទុកចិត្តលើទ្រង់បាន?
៤ ក្នុងកំឡុង៤០ឆ្នាំដែលសាសន៍អ៊ីស្រាអែលបានត្រូវដើរក្នុងទីរហោស្ថាន នោះព្រះបានផ្ដល់ឲ្យគេយ៉ាងស្មោះត្រង់ នូវរបស់ត្រូវការសំរាប់ជីវិត។ (ចោទិយកថា ២:៧; ២៩:៥) ទ្រង់ក៏បានផ្ដល់ឲ្យគេនូវការដឹកនាំផងដែរ។ ការសម្ដែងមួយដែលបង្ហាញអំពីរឿងនេះ គឺមានពពកនៅពេលថ្ងៃ និងភ្លើងនៅពេលយប់ ដែលបាននាំពួកអ៊ីស្រាអែលទៅ«ស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរ»។ (និក្ខមនំ ៣:៨; ៤០:៣៦-៣៨) នៅពេលដល់គ្រាចូលទៅក្នុងស្រុកដែលបានសន្យានោះ ព្រះយេហូវ៉ាបានរើសយកយ៉ូស្វេ ឲ្យធ្វើជាអ្នកដឹកនាំបន្ទាប់ពីលោកម៉ូសេ។ ពួកអ្នករស់នៅក្នុងស្រុកនោះក៏អាចទប់ទល់ដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាបានដើរជាមួយរាស្ត្ររបស់ទ្រង់ជាច្រើនទសវត្សមកហើយ ដូច្នេះគេមិនចាំបាច់ត្រូវខ្លាចឡើយ។ ពួកអ៊ីស្រាអែលមានមូលហេតុត្រឹមត្រូវ ដោយដឹងថាព្រះយេហូវ៉ា ជាព្រះដែលគេអាចទុកចិត្តលើបាន!
៥. តើស្ថានការណ៍របស់គ្រីស្ទានសព្វថ្ងៃនេះ មានស្រដៀងគ្នានឹងស្ថានការណ៍របស់អ៊ីស្រាអែលយ៉ាងណា មុននឹងចូលទៅក្នុងស្រុកដែលបានសន្យានោះ?
៥ ពួកគ្រីស្ទានសព្វថ្ងៃនេះបានដើរកាត់ទីរហោស្ថាន ដែលជារបបលោកីយ៍ដ៏អាក្រក់នេះ ដើម្បីចូលទៅក្នុងពិភពលោកថ្មីរបស់ព្រះ។ ពួកគេខ្លះបានដើរតាមផ្លូវនេះច្រើនជាង៤០ឆ្នាំទៅទៀត។ ឥឡូវនេះគេកំពុងតែឈរនៅព្រំដែននៃពិភពលោកថ្មីរបស់ព្រះ។ ប៉ុន្តែ នៅមានពួកសត្រូវមកបាំងផ្លូវគេ ដែលមានបំណងដើម្បីបង្ការគេពីការចូលទៅក្នុងស្រុកដែលបានសន្យាមកនោះ ដែលមានសិរីរុងរឿងជាងស្រុកពីបុរាណ ដែលមានទឹកដោះគោនិងទឹកឃ្មុំហូរហៀរនោះ។ ដូច្នេះ ចំពោះពួកគ្រីស្ទានសព្វថ្ងៃនេះ ពាក្យរបស់ម៉ូសេគឺសមត្រឹមត្រូវណាស់ ដែលប៉ុលបានយកមកនិយាយម្ដងទៀត៖ «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ»! ពួកអ្នកដែលរក្សាខ្លួននៅមាំមួននិងក្លាហាន មានពេញដោយជំនឿ ហើយទុកចិត្តលើព្រះយេហូវ៉ា នឹងប្រាកដជាបានទទួលនូវរង្វាន់ពុំខាន។
ការទុកចិត្តដែលមានមូលដ្ឋានលើចំណេះនិងមិត្តភាព
៦, ៧. (ក) តើអ្វីដែលធ្វើឲ្យការទុកចិត្តរបស់អ័ប្រាហាំលើព្រះយេហូវ៉ាបានត្រូវសាកល្បង? (ខ) តើអ័ប្រាហាំអាចមានអារម្មណ៍យ៉ាងណា កាលដែលធ្វើដំណើរទៅកន្លែងដើម្បីធ្វើយញ្ញបូជាអ៊ីសាកនោះ?
៦ នៅពេលមួយ អ័ប្រាហាំដែលជាឰយុកោរបស់ពួកអ៊ីស្រាអែលបានត្រូវបង្គាប់ ឲ្យធ្វើយញ្ញបូជាអ៊ីសាកដែលជាកូនរបស់គាត់ ទុកជាដង្វាយដុត។ (លោកុប្បត្តិ ២២:២) តើអ្វីទៅដែលបានបណ្ដាលឲ្យឪពុកដែលប្រកបដោយសេចក្ដីស្រឡាញ់នេះ មានការទុកចិត្តយ៉ាងខ្លាំងលើព្រះយេហូវ៉ា ដល់ម្ល៉េះបានជាគាត់សុខចិត្តគោរពតាមភ្លាមនោះ? ហេព្រើរ ១១:១៧-១៩ ឆ្លើយថា៖ «ដោយសារសេចក្ដីជំនឿ នោះអ័ប្រាហាំបានថ្វាយអ៊ីសាក ក្នុងកាលដែលទ្រង់ល្បងលលោក គឺអ្នកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មាន លោកបានថ្វាយកូនលោកតែមួយ ដែលមានសេចក្ដីចែងទុកពីដំណើរកូននោះថា‹ពូជឯងនឹងបានរាប់តាមអ៊ីសាក» លោកបានរាប់ថា ព្រះទ្រង់អាចនឹងប្រោសកូន ឲ្យរស់ពីស្លាប់ឡើងវិញបានផង ហើយលោកបានទទួលវាមកវិញមែន ធៀបដូចជារស់ពីស្លាប់ឡើងវិញ› »។
៧ ចូរចាំថា អ័ប្រាហាំនិងអ៊ីសាកបានដើរអស់រយៈបីថ្ងៃ ទើបដល់កន្លែងដែលនឹងត្រូវធ្វើយញ្ញបូជានោះ។ (លោកុប្បត្តិ ២២:៤) អ័ប្រាហាំមានពេលវេលាច្រើនក្នុងការពិចារណាសាឡើងវិញ នូវអ្វីដែលព្រះបានបង្គាប់ឲ្យគាត់ធ្វើនោះ។ តើអ្នកអាចនឹកគិតពីអារម្មណ៍ និងទឹកចិត្តរបស់គាត់នោះទេ? កំណើតរបស់អ៊ីសាកគឺជាអ្វីដែលបាននាំឲ្យមានការអរសប្បាយណាស់។ ទីសំអាងនោះពីអន្តរាគមន៍របស់ព្រះ បានធ្វើឲ្យអ័ប្រាហាំនិងសារ៉ាជាប្រពន្ធ ដែលពីមុនជាស្រីអារនោះ មានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើងចំពោះព្រះ។ ក្រោយមក ពួកគេច្បាស់ជារស់នៅដោយទន្ទឹងមើល ថានឹងមានអនាគតយ៉ាងណា សំរាប់អ៊ីសាកនិងកូនចៅរបស់គាត់។ តើសេចក្ដីប្រាថ្នារបស់គេឥឡូវមកដល់ទីបញ្ចប់ព្រឹប ដោយព្រោះអ្វីដែលព្រះទ្រង់បានបញ្ជានោះឬ?
៨. តើតាមរបៀបណាដែលការទុកចិត្តរបស់អ័ប្រាហាំបានត្រូវមានច្រើនទៀត មិនគ្រាន់តែជឿថាទ្រង់អាចប្រោសអ៊ីសាកឲ្យរស់នោះ?
៨ យ៉ាងណាក៏ដោយ អ័ប្រាហាំមានការទុកចិត្ត ដែលមានមូលដ្ឋានលើការស្គាល់គ្នា ដែលមិត្តស្និទ្ធស្នាលមាននឹងគ្នា។ ជា‹សំឡាញ់របស់ព្រះយេហូវ៉ា› អ័ប្រាហាំ«បានជឿដល់ព្រះ ហើយសេចក្ដីនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក»។ (យ៉ាកុប ២:២៣) អ័ប្រាហាំមានការទុកចិត្តលើព្រះយេហូវ៉ាច្រើនទៀត មិនគ្រាន់តែជឿថាព្រះអាចប្រោសអ៊ីសាកឲ្យរស់ឡើងវិញនោះទេ។ អ័ប្រាហាំបានជឿជាក់ថា អ្វីដែលព្រះយេហូវ៉ាបានចង់ឲ្យគាត់ធ្វើ នោះជាអ្វីដែលត្រឹមត្រូវ ទោះជាអ័ប្រាហាំឥតដឹងហេតុការណ៍ពិតទាំងអស់ក៏ដោយ។ គាត់ឥតមានចិត្តសង្ស័យឡើយថា ព្រះយេហូវ៉ាគឺប្រកបដោយសេចក្ដីសុចរិតក្នុងការធ្វើសេចក្ដីស្នើសុំនោះ។ រួចមក ការទុកចិត្តរបស់អ័ប្រាហាំបានត្រូវពង្រឹងឡើង កាលដែលទេវតារបស់ព្រះយេហូវ៉ាបានធ្វើអន្តរាគមន៍ ដើម្បីបង្ការកុំឲ្យអ៊ីសាកត្រូវស្លាប់ជាយញ្ញបូជានោះ។—លោកុប្បត្តិ ២២:៩-១៤
៩, ១០. (ក) តើនៅពេលណាដែលអ័ប្រាហាំបានបង្ហាញការទុកចិត្តលើព្រះហើយនោះ? (ខ) តើមេរៀនដ៏សំខាន់អ្វីដែលយើងអាចរៀនពីអ័ប្រាហាំ?
៩ ប្រមាណ២៥ឆ្នាំមុននេះ អ័ប្រាហាំបានបង្ហាញការទុកចិត្តលើសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ាដូចនេះដែរ។ ដោយបានព្រមានប្រាប់ថាក្រុងសូដុំមនិងក្រុងកូម៉ូរ៉ានឹងត្រូវកំទេចចោល នោះគាត់ជាធម្មតាមានបារម្ភព្រួយអំពីសុខភាពរបស់មនុស្សសុចរិតដែលរស់នៅទីនោះ ដែលរួមបញ្ចូលក្មួយរបស់គាត់ឈ្មោះឡុត។ អ័ប្រាហាំបានអង្វរព្រះដោយពាក្យដូចនេះថា៖ «មិនគួរគប្បីឲ្យទ្រង់ប្រព្រឹត្តដូច្នោះ នឹងសំឡាប់មនុស្ស សុចរិតជាមួយនឹងមនុស្សអាក្រក់នោះទេ យ៉ាងនោះឈ្មោះថាធ្វើឲ្យមនុស្សសុចរិតបានដូចជាមនុស្សអាក្រក់ដែរ សូមកុំឲ្យទ្រង់ធ្វើដូច្នោះឡើយ ឯព្រះដ៏ជាចៅក្រមនៃផែនដីទាំងមូល តើទ្រង់មិនត្រូវប្រព្រឹត្តដោយយុត្ដិធម៌ទេឬអី»?—លោកុប្បត្តិ ១៨:២៥
១០ អ័ប្រាហាំដ៏ជាឰយុកោនេះ បានជឿជាក់ថាព្រះយេហូវ៉ានឹងមិនដែលធ្វើអ្វីមួយដ៏ទុច្ចរិតនោះឡើយ។ អ្នកតែងបទទំនុកដំកើង ក្រោយមកបានច្រៀងថា៖ «ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់ដែរ»។ (ទំនុកដំកើង ១៤៥:១៧) ជាការល្អបើយើងសួរខ្លួនយើងថា៖ ‹តើខ្ញុំទទួលយកអ្វីដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យខ្ញុំពិសោធ ដោយឥតសង្ស័យលើសេចក្ដីសុចរិតរបស់ទ្រង់ឬទេ? តើខ្ញុំបានជឿជាក់ថាអ្វីក៏ដោយដែលទ្រង់អនុញ្ញាតឲ្យមាននឹងបានទៅជាប្រយោជន៍សំរាប់ខ្ញុំ នឹងជាប្រយោជន៍សំរាប់អ្នកឯទៀតដែរឬទេ›? ប្រសិនបើយើងអាចឆ្លើយយ៉ាងវិជ្ជមាន នោះយើងបានរៀនមេរៀនដ៏សំខាន់មួយពីអ័ប្រាហាំហើយ។
ការបង្ហាញសេចក្ដីទុកចិត្តលើការជ្រើសរើសរបស់ព្រះយេហូវ៉ា
១១, ១២. (ក) តើលក្ខណៈអ្វីនៃការទុកចិត្តដែលត្រូវការចាំបាច់សំរាប់រាស្ត្ររបស់ព្រះ? (ខ) តើអ្វីដែលអាចជាបញ្ហាមួយសំរាប់យើងនៅពេលខ្លះ?
១១ អស់អ្នកដែលចាត់ទុកព្រះយេហូវ៉ា ជាព្រះអង្គដែលគេទុកចិត្តលើនោះ ក៏បង្ហាញការទុកចិត្តលើពួកបុរសដែលព្រះយេហូវ៉ាជ្រើសរើសយកមកប្រើ ក្នុងការសម្រេចគោលបំណងរបស់ទ្រង់ដែរ។ ចំពោះពួកអ៊ីស្រាអែល នេះមានន័យថា គេត្រូវបង្ហាញនូវការទុកចិត្តលើម៉ូសេ ហើយក្រោយមកត្រូវទុកចិត្តលើយ៉ូស្វេ ដែលជាអ្នកស្នង។ ចំពោះពួកគ្រីស្ទានសម័យដើម នេះមានន័យថា គេត្រូវបង្ហាញការទុកចិត្តលើពួកសាវ័កនិងពួកចាស់ទុំក្នុងក្រុមជំនុំនៅទីក្រុងយេរូសាឡិម។ ចំពោះយើងសព្វថ្ងៃនេះ មានន័យថាយើងត្រូវបង្ហាញការទុកចិត្តលើ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ដែលបានរើសតាំងឡើងដើម្បីផ្ដល់ឲ្យយើងនូវ‹អាហារខាងវិញ្ញាណ តាមត្រូវពេល› ព្រមទាំងទុកចិត្តលើអ្នកដែលក្នុងចំណោមពួកគេ ដែលធ្វើជាគណៈអភិបាលនោះ។—ម៉ាថាយ ២៤:៤៥
១២ តាមពិតទៅ ការទុកចិត្តលើពួកអ្នកដែលនាំមុខក្នុងក្រុមជំនុំគ្រីស្ទាន គឺសំរាប់ជាប្រយោជន៍ខ្លួនយើង។ យើងបានត្រូវបង្គាប់ថា៖ «ចូរស្ដាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះ បានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរនោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ»។—ហេព្រើរ ១៣:១៧
ជៀសវាងពីការរិះគន់នូវជម្រើសរបស់ព្រះយេហូវ៉ា
១៣. តើយើងមានមូលហេតុអ្វីសំរាប់ការទុកចិត្ត លើពួកអ្នកដែលបានត្រូវរើសតាំងឲ្យនាំមុខនោះ?
១៣ ព្រះគម្ពីរជួយយើងឲ្យមានតុល្យភាពក្នុងការបង្ហាញការទុកចិត្ត លើអស់អ្នកដែលកំពុងតែនាំមុខក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ា។ យើងប្រហែលជាសួរខ្លួនថា៖ ‹តើម៉ូសេធ្លាប់ដែលធ្វើខុសឬទេ? តើពួកសាវ័កតែងតែបង្ហាញអាកប្បកិរិយាដូចព្រះគ្រីស្ទ ដែលព្រះយេស៊ូចង់ឲ្យគេមាននោះទេ›? ចម្លើយគឺឃើញជាក់ស្តែងហើយ។ ព្រះយេហូវ៉ាបានជ្រើសរើសពួកបុរសដែលមានចិត្តស្មោះ ដើម្បីដឹកនាំរាស្ត្ររបស់ទ្រង់ ទោះជាគេជាមនុស្សឥតគ្រប់ល័ក្ខណ៍ក៏ដោយ។ ដោយហេតុនេះ ទោះជាពួកអ្នកចាស់ទុំសព្វថ្ងៃនេះជាមនុស្សឥតគ្រប់ល័ក្ខណ៍ក៏ដោយ នោះយើងត្រូវតែទទួលស្គាល់ពួកអ្នកចាស់ទុំ ជាអ្នកដែល«[បានរើសតាំងដោយ]ព្រះវិញ្ញាណបរិសុទ្ធ . . . ឲ្យធ្វើជាអ្នកគង្វាលដល់គេដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះ»។ ពួកអ្នកចាស់ទុំត្រូវទទួលការគាំទ្រនិងការគោរពពីយើង។—កិច្ចការ ២០:២៨
១៤. តើអ្វីដែលគួរឲ្យចាប់អារម្មណ៍អំពីការជ្រើសរើសយកម៉ូសេមកប្រើ ជាជាងអើរ៉ុនឬម៉ារាមជាអ្នកដឹកនាំនោះ?
១៤ អើរ៉ុនមានអាយុចាស់ជាងម៉ូសេបីឆ្នាំ ប៉ុន្តែពីរនាក់ហ្នឹង គឺប្អូនម៉ារាម ដែលជាបងស្រីរបស់គេ។ (និក្ខមនំ ២:៣, ៤; ៧:៧) ហើយដោយព្រោះអើរ៉ុនមានវោហារជាងម៉ូសេ នោះព្រះបានរើសតាំងគាត់ឲ្យបំរើជាអ្នកនាំពាក្យសំរាប់ប្អូនរបស់គាត់ទៅវិញ។ (និក្ខមនំ ៦:២៩–៧:២) ប៉ុន្តែ ដើម្បីដឹកនាំពួកអ៊ីស្រាអែល នោះព្រះយេហូវ៉ាឥតបានជ្រើសរើសម៉ារាម ដែលមានអាយុចាស់ជាងគាត់ ឬជ្រើសរើសយកអើរ៉ុនដែលមានវោហារជាងគាត់នោះទេ។ ទ្រង់បានជ្រើសរើសយកម៉ូសេ ដោយទទួលស្គាល់នូវហេតុការណ៍ពិតទាំងអស់ និងសេចក្ដីត្រូវការនៅគ្រានោះ។ នៅពេលដែលគេបានខ្វះការយល់ជ្រៅធ្លុះ នោះអើរ៉ុននិងម៉ារាមបានត្អូញត្អែរថា៖ «តើព្រះយេហូវ៉ាបានមានបន្ទូលតែនឹងម៉ូសេតែម្នាក់ឯង ឥតបានមានបន្ទូលនឹងយើងដែរទេឬអី»? ម៉ារាមប្រហែលជាអ្នកចាក់រុកជាងគេ ហើយបានត្រូវទទួលពិន័យ ដោយព្រោះអាកប្បកិរិយាដ៏ឥតគោរពលើការជ្រើសរើសរបស់ព្រះយេហូវ៉ា ដែលនាងនិងអើរ៉ុនត្រូវទទួលស្គាល់ជាបុរស«ដ៏សុភាពណាស់លើសអស់ទាំងមនុស្សនៅលើផែនដី»។—ជនគណនា ១២:១-៣, ៩-១៥
១៥, ១៦. តើតាមរបៀបណាដែលកាលែបបង្ហាញថា គាត់បានទុកចិត្តលើព្រះយេហូវ៉ា?
១៥ នៅពេលដែលពួកឈ្លប១២នាក់បានត្រូវចាត់ឲ្យទៅសង្កេតមើលស្រុកដែលបានសន្យា នោះឈ្លប១០នាក់បានយកពត៌មានអវិជ្ជមានមកវិញ។ គេបានបណ្ដាលឲ្យបណ្ដាជនអ៊ីស្រាអែលមានចិត្តខ្លាច ដោយនិយាយអំពីពួកកាណានថា«សុទ្ធតែមានមាឌធំៗ»។ ជាលទ្ធផលនេះក៏ធ្វើឲ្យពួកអ៊ីស្រាអែល«រទូរទាំទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុន»។ ប៉ុន្តែ មិនមែនឈ្លបទាំងអស់បានបង្ហាញការឥតទុកចិត្តលើម៉ូសេនិងលើព្រះយេហូវ៉ានោះឡើយ។ យើងអានថា៖ «ឯកាលែប លោកឲ្យបណ្ដាជននៅស្ងៀមចំពោះមុខម៉ូសេ រួចនិយាយថា ‹ចូរយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់កុំខាន ដ្បិតយើងអាចនឹងយកបានដោយស្រួល› »។ (ជនគណនា ១៣:២, ២៥-៣៣; ១៤:២) យ៉ូស្វេក៏មានជំហរដ៏មាំមួនដូចកាលែបដែរ។ ទាំងពីរនាក់ហ្នឹងបានបង្ហាញថាគេទុកចិត្តលើព្រះយេហូវ៉ា នៅពេលដែលគេបានមានប្រសាសន៍ថា៖ «បើសិនជាព្រះយេហូវ៉ា ទ្រង់សព្វព្រះហឫទ័យនឹងយើងរាល់គ្នា នោះទ្រង់នឹងនាំយើង ឲ្យបានចូលទៅក្នុងស្រុកនោះជាមិនខាន ហើយនឹងប្រទានមកយើងផង គឺជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំដ៏ហូរហៀរ។ កុំឲ្យតែ . . . ខ្លាចមនុស្សនៅស្រុកនោះប៉ុណ្ណោះ . . . ព្រះយេហូវ៉ាក៏គង់នៅខាងយើងរាល់គ្នាដែរ។ កុំឲ្យខ្លាចគេឡើយ»។ (ជនគណនា ១៤:៦-៩) គេបានត្រូវទទួលរង្វាន់ដោយសារការទុកចិត្តលើព្រះយេហូវ៉ា។ ពីចំណោមអ្នកពេញវ័យនៃមនុស្សមានជីវិតក្នុងតំណនោះ មានតែកាលែប យ៉ូស្វេនិងពួកលេវីខ្លះទេ ដែលបានមានឯកសិទ្ធិចូលទៅក្នុងស្រុកដែលបានសន្យាមកនោះ។
១៦ ប៉ុន្មានឆ្នាំក្រោយមក កាលែបបានមានប្រសាសន៍ថា៖ «ឯខ្ញុំបានធ្វើតាមព្រះយេហូវ៉ា ជាព្រះនៃខ្ញុំគ្រប់ជំពូក . . . ឥឡូវនេះ មើល ព្រះយេហូវ៉ាទ្រង់បានទុកឲ្យខ្ញុំរស់នៅដូចជាទ្រង់បានមានបន្ទូល គឺមាន៤៥ឆ្នាំនេះហើយ តាំងពីព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីនោះ នឹងលោកម៉ូសេក្នុងកាលដែលពួកអ៊ីស្រាអែល កំពុងដើរក្នុងទីរហោស្ថាននៅឡើយ។ ហើយមើល នៅថ្ងៃនេះខ្ញុំមានអាយុ៨៥ឆ្នាំហើយ សព្វថ្ងៃនេះខ្ញុំនៅតែមានកំឡាំង ដូចក្នុងកាលដែលលោកម៉ូសេបានចាត់ខ្ញុំឲ្យទៅនោះនៅឡើយ កំឡាំងខ្ញុំឥឡូវនេះក៏ដូចជាកាលពីដើមដែរ សំរាប់នឹងទៅច្បាំងទាំងចេញទៅហើយចូលមកវិញផង»។ (យ៉ូស្វេ ១៤:៦-១១) សូមកត់មើលនូវអាកប្បកិរិយាដ៏វិជ្ជមានរបស់កាលែប សេចក្ដីស្មោះត្រង់របស់លោក និងសមត្ថភាពខាងរូបកាយរបស់លោក។ ប៉ុន្តែ ព្រះយេហូវ៉ាមិនបានជ្រើសរើសយកកាលែបមកប្រើជាអ្នកស្នងរបស់ម៉ូសេឡើយ។ ឯកសិទ្ធិនេះបានត្រូវប្រគល់ឲ្យទៅយ៉ូស្វេវិញ។ យើងអាចទុកចិត្តថា ព្រះយេហូវ៉ាមានមូលហេតុល្អចំពោះសេចក្ដីជ្រើសរើសរបស់ទ្រង់ ហើយជាសេចក្ដីដ៏ល្អបំផុតទៀតផង។
១៧. តើអ្វីដែលមើលដូចជាធ្វើឲ្យពេត្រុសមិនសមបានការទទួលភារកិច្ចនោះ?
១៧ សាវ័កពេត្រុសបានបដិសេធចៅហ្វាយរបស់លោកបីដង។ ហើយលោកក៏បានចាត់វិធានការដោយខ្លួនឯង ដោយកាត់ត្រចៀកនៃអ្នកបំរើម្នាក់របស់សម្ដេចសង្ឃមួយអង្គ។ (ម៉ាថាយ ២៦:៤៧-៥៥, ៦៩-៧៥; យ៉ូហាន ១៨:១០, ១១) អ្នកខ្លះប្រហែលជានិយាយថា ពេត្រុសជាមនុស្សដ៏ភ័យខ្លាច ហើយឥតមានចិត្តនឹងន ដែលមិនសមទទួលឯកសិទ្ធិដ៏ពិសេសបែបនេះឡើយ។ ប៉ុន្តែ តើអ្នកណាដែលបានទទួលសោនៃព្រះរាជាណាចក្រ ដែលមានឯកសិទ្ធិបើកផ្លូវឲ្យការត្រាស់ហៅខាងស្ថានសួគ៌ដល់ក្រុមទាំងបីនេះ? គឺលោកពេត្រុសតែម្ដងនោះហើយ។—កិច្ចការ ២:១-៤១; ៨:១៤-១៧; ១០:១-៤៨
១៨. ដូចបានរៀបរាប់ដោយយូដាស តើអ្វីជាកំហុសដែលយើងចង់ជៀសវាងនោះ?
១៨ គំរូទាំងនេះបង្ហាញថា យើងត្រូវប្រយ័ត្នអំពីការកាត់ក្ដីដោយអាការក្រៅរបស់បុគ្គលណាម្នាក់។ ប្រសិនបើយើងទុកចិត្តលើព្រះយេហូវ៉ា នោះយើងនឹងមិនសង្ស័យអំពីសេចក្ដីជ្រើសរើសរបស់ទ្រង់ទេ។ ទោះជាក្រុមជំនុំគ្រីស្ទានរបស់ទ្រង់នៅលើផែនដី មានតែមនុស្សដ៏ឥតគ្រប់ល័ក្ខណ៍ ដែលមិនអះអាងថាគ្មានកំហុសនោះទេ នោះទ្រង់នៅតែកំពុងតែប្រើពួកគេឲ្យសម្រេចការដ៏ធំដែរ។ យូដាស ដែលប្អូនរបស់ព្រះយេស៊ូខាងម្ដាយ បានព្រមានប្រាប់ពួកគ្រីស្ទាននៅសតវត្សទីមួយអំពីបុគ្គលដែល«មើលងាយដល់អស់ទាំងអំណាចគ្រប់គ្រង ហើយជេរប្រមាថដល់ពួកប្រសើរឧត្តមផង»។ (យូដាស ៨-១០) ចូរកុំឲ្យយើងបានដូចពួកគេឲ្យសោះ។
១៩. ហេតុអ្វីក៏យើងមិនមានមូលហេតុរិះគន់នឹងជម្រើសរបស់ព្រះយេហូវ៉ា?
១៩ តាមមើលទៅ ព្រះយេហូវ៉ាជ្រើសរើសបុគ្គលសំរាប់ភារកិច្ចណាមួយ ដែលបុគ្គលនោះមានគុណសម្បត្ដិដ៏ពិសេស ដែលត្រូវការដើម្បីដឹកនាំរាស្ត្ររបស់ទ្រង់តាមផ្លូវ ដែលទ្រង់ចង់ឲ្យគេទៅ នៅក្នុងគ្រាណាមួយ។ យើងត្រូវតែទទួលស្គាល់អំពីហេតុការណ៍នេះ មិនត្រូវសង្ស័យនឹងសេចក្ដីជ្រើសរើសរបស់ព្រះឡើយ ប៉ុន្តែត្រូវមានចិត្តស្កប់យ៉ាងរាបទាប ក្នុងការបំរើនៅកន្លែងណាដែលទ្រង់ចង់ឲ្យយើងធ្វើនោះ។ ដូច្នេះហើយ យើងបង្ហាញថាយើងមានការទុកចិត្តលើព្រះយេហូវ៉ា។—អេភេសូរ ៤:១១-១៦; ភីលីព ២:៣
បង្ហាញការទុកចិត្តលើសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ា
២០, ២១. តើអ្វីដែលយើងអាចរៀនពីរបៀបដែលព្រះបានទាក់ទងនឹងម៉ូសេ?
២០ ប្រសិនបើនៅពេលខ្លះ យើងដូចជាទុកចិត្តលើខ្លួនឯងហួសហេតុ ហើយឥតសូវទុកចិត្តលើព្រះយេហូវ៉ា ចូរឲ្យយើងរៀនពីលោកម៉ូសេ។ កាលដែលគាត់មានអាយុ៤០ឆ្នាំ គាត់ចាត់វិធានការខ្លួនឯងដើម្បីដោះលែងពួកអ៊ីស្រាអែលចេញពីការឃុំឃាំង។ គាត់ច្បាស់ជាមានសេចក្ដីប្រាថ្នាដ៏ល្អមែន ប៉ុន្តែគឺឥតបានសង្គ្រោះពួកអ៊ីស្រាអែលភ្លាមនោះទេ ហើយក៏មិនបានធ្វើឲ្យស្ថានការណ៍ប្រសើរឡើងដែរ។ តាមពិត គាត់បានត្រូវបង្ខំឲ្យភៀសខ្លួនចេញ។ ក្រោយពីបានទទួលការហាត់រហូតអស់៤០ឆ្នាំក្នុងប្រទេសក្រៅ ទើបគាត់មានសមត្ថភាពឲ្យរើសមកធ្វើអ្វីដែលគាត់ចង់ធ្វើនៅមុននេះ។ នៅពេលនេះ គាត់អាចទុកចិត្តលើការគាំទ្ររបស់ព្រះយេហូវ៉ា ដោយព្រោះឥឡូវនេះគឺនឹងបានត្រូវធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា នៅក្នុងពេលវេលាដែលបានសមស្របនឹងកំណត់ពេលរបស់ទ្រង់។—និក្ខមនំ ២:១១–៣:១០
២១ យើងម្នាក់ៗអាចសួរខ្លួនឯងថា៖ ‹តើនៅពេលខ្លះខ្ញុំរត់ទៅមុនព្រះយេហូវ៉ានិងពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ ដោយខំប្រឹងធ្វើឲ្យបានលឿនឬធ្វើអ្វីមួយតាមផ្លូវរបស់ខ្ញុំឬ? ជាជាងមានអារម្មណ៍ថាពួកគេមិនរើសខ្ញុំឲ្យទទួលឯកសិទ្ធិណាមួយ តើខ្ញុំពិតជាទទួលយកការអប់រំនោះឬទេ›? អ្វីដែលចាំបាច់ តើយើងបានរៀនមេរៀនដ៏សំខាន់ពីម៉ូសេឬទេ?
២២. ទោះជាបាត់បង់ឯកសិទ្ធិដ៏ធំក៏ដោយ តើម៉ូសេនៅមានអារម្មណ៍យ៉ាងណាចំពោះព្រះយេហូវ៉ា?
២២ ម្យ៉ាងទៀត យើងអាចរៀនមេរៀនមួយទៀតពីម៉ូសេ។ ជនគណនា ២០:៧-១៣ ប្រាប់យើងអំពីកំហុសដែលគាត់បានធ្វើ ដែលបានខូចបង់ដល់គាត់យ៉ាងខ្លាំង។ គាត់បានបាត់បង់នូវឯកសិទ្ធិនៃការដឹកនាំពួកអ៊ីស្រាអែលចូលទៅក្នុងស្រុកដែលបានសន្យាមក។ តើគាត់បានតបឆ្លើយថា សេចក្ដីសម្រេចរបស់ព្រះយេហូវ៉ាក្នុងរឿងនេះគឺឥតសមហេតុផលឬ? តើគាត់ទៅនៅដាច់ពីគេ មិនមាត់មិនកដោយព្រោះព្រះបានប្រព្រឹត្តមកលើគាត់ដោយឥតត្រឹមត្រូវឬ? តើម៉ូសេលែងមានការទុកចិត្តលើសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ាឬ? យើងអាចរកចម្លើយក្នុងពាក្យដែលម៉ូសេបានសរសេរទៅពួកអ៊ីស្រាអែល មុននឹងលោកស្លាប់ទៅ។ ម៉ូសេបានមានប្រសាសន៍អំពីព្រះយេហូវ៉ាថា៖ «ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់ល៍ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់»។ (ចោទិយកថា ៣២:៤) ម៉ូសេប្រាកដជាមានការទុកចិត្តលើព្រះយេហូវ៉ារហូតដល់ស្លាប់។ ចុះយើងវិញនោះ យ៉ាងណាដែរ? តើយើងម្នាក់ៗចាត់វិធានការដើម្បីពង្រឹងការទុកចិត្តលើព្រះយេហូវ៉ានិងសេចក្ដីសុចរិតរបស់ទ្រង់ឬទេ? តើយើងអាចធ្វើនេះយ៉ាងណាបាន? សូមឲ្យយើងពិនិត្យមើល។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើពួកអ៊ីស្រាអែលមានមូលហេតុអ្វីសំរាប់ការទុកចិត្តលើព្រះយេហូវ៉ា?
◻ បើស្តីអំពីការទុកចិត្ត តើយើងអាចរៀនអ្វីពីអ័ប្រាហាំនោះ?
◻ ហេតុអ្វីក៏យើងត្រូវជៀសវាងការរិះគន់អំពីការជ្រើសរើសរបស់ព្រះយេហូវ៉ា?
[រូបភាពនៅទំព័រ២១]
ការទុកចិត្តលើព្រះយេហូវ៉ារួមបញ្ចូលការគោរពដល់ពួកអ្នកដែលនាំមុខក្នុងក្រុមជំនុំ