បានត្រូវគេស្អប់ដោយព្រោះសេចក្ដីជំនឿរបស់គេ
«មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ»។—ម៉ាថាយ ១០:២២
១, ២. តើអ្នកអាចរៀបរាប់បទពិសោធន៍ពិតប្រាកដពីជីវិតខ្លះៗ ដែលពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានស៊ូទ្រាំដោយសារការអនុវត្តជំនឿសាសនារបស់គេបានទេ?
ម្ចាស់ហាងដ៏ស្មោះត្រង់ម្នាក់ពីកោះគ្រីត បានត្រូវគេចាប់ខ្លួនជាច្រើនដង ហើយបានត្រូវគេនាំទៅតុលាការប្រទេសក្រិកម្ដងហើយម្ដងទៀត។ សរុបទៅ គាត់បានជាប់គុកជាងប្រាំមួយឆ្នាំ នៅដាច់ឆ្ងាយពីប្រពន្ធ និងកូនប្រាំនាក់របស់គាត់។ នៅប្រទេសជប៉ុន សិស្សម្នាក់ដែលមានអាយុ១៧ឆ្នាំបានត្រូវគេបណ្ដេញគាត់ពីសាលា ទោះបីគាត់ជាសិស្សដែលមានចរិយាល្អក៏ដោយ ព្រមទាំងជាសិស្សលេខមួយក្នុងថ្នាក់របស់គាត់ ដែលមានសិស្សចំនួន៤២នាក់។ នៅប្រទេសបារាំង មនុស្សជាច្រើនបានត្រូវគេបញ្ឈប់ការងារយ៉ាងឆាប់រហ័ស ទោះបីគេមានកិត្ដិសព្ទដ៏ល្អប្រពៃជាអ្នកធ្វើការដោយខិតខំនិងយកចិត្តទុកដាក់ក្ដី។ តើបទពិសោធន៍ពិតប្រាកដពីជីវិតទាំងនេះ គឺស្រដៀងគ្នាយ៉ាងដូចម្ដេច?
២ បុគ្គលគ្រប់រូបដែលបានពិសោធន៍នេះ គឺជាស្មរបន្ទាល់ព្រះយេហូវ៉ា។ តើ«បទឧក្រិដ្ឋ»របស់គេជាអ្វី? បើនិយាយឲ្យចំទៅ គឺការអនុវត្តជំនឿខាងសាសនារបស់គេ។ ដោយស្ដាប់បង្គាប់តាមសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ ម្ចាស់ហាងនោះបានផ្សាយប្រាប់អ្នកដទៃអំពីជំនឿរបស់គាត់។ (ម៉ាថាយ ២៨:១៩, ២០) គាត់បានត្រូវគេដាក់ទោសដោយព្រោះច្បាប់ដ៏ចាស់បុរាណរបស់ប្រទេសក្រិក ដែលរាប់ទុកការនាំឲ្យមនុស្សផ្លាស់សាសនាជាបទល្មើស។ សិស្សម្នាក់នោះបានត្រូវបណ្ដេញ ដោយព្រោះមនសិការរបស់គាត់ដែលបានត្រូវអប់រំដោយព្រះគម្ពីរ មិនឲ្យគាត់ចូលរួមក្នុងកីឡាក្បាច់កិនដូ (ល្បិចដាវរបៀបជប៉ុន)។ (អេសាយ ២:៤) ហើយអស់អ្នកដែលបានត្រូវគេបញ្ឈប់ការងារនៅប្រទេសបារាំង បានត្រូវគេពន្យល់ថា មូលហេតុតែមួយគត់ចំពោះការបញ្ឈប់នេះ គឺព្រោះតែគេបានសម្គាល់ខ្លួនជាស្មរបន្ទាល់ព្រះយេហូវ៉ា។
៣. ហេតុអ្វីបានជាការរងទុក្ខយ៉ាងខ្លាំងនៅក្រោមកណ្ដាប់ដៃមនុស្ស គឺជាព្រឹត្ដិការណ៍ដ៏កម្រសំរាប់ស្មរបន្ទាល់ព្រះយេហូវ៉ាភាគច្រើន?
៣ បទពិសោធន៍ដ៏ពិបាកបែបនេះ គឺជាអ្វីដែលពួកស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសខ្លះៗបានស៊ូទ្រាំ។ ចំពោះស្មរបន្ទាល់ព្រះយេហូវ៉ាភាគច្រើន ការរងទុក្ខវេទនាក្នុងកណ្ដាប់ដៃមនុស្សលោក គឺជាព្រឹត្ដិការណ៍កម្រមាន។ រាស្ត្ររបស់ព្រះយេហូវ៉ាមានឈ្មោះល្បីដោយចរិយាដ៏ល្អរបស់ពួកគេ។ នេះគឺជាកិត្ដិសព្ទដែលមនុស្សមានមូលហេតុដ៏សមក្នុងការធ្វើបាបពួកគេ។ (ពេត្រុសទី១ ២:១១, ១២) ពួកគេមិនបង្កើតផែនការដើម្បីធ្វើអាក្រក់ ឬក៏ចូលរួមក្នុងការប្រព្រឹត្តដែលធ្វើបាបអ្នកដទៃ។ (ពេត្រុសទី១ ៤:១៥) ផ្ទុយទៅវិញ គេខិតខំរស់នៅដោយធ្វើតាមគោលការណ៍ព្រះគម្ពីរដែលថា ចុះចូលនឹងព្រះជាមុនសិន ហើយនឹងរដ្ឋាភិបាលដែរ។ គេបង់ពន្ធដែលច្បាប់តម្រូវ និងខិតខំ«នៅជាមេត្រីនឹងមនុស្សទាំងអស់»។ (រ៉ូម ១២:១៨; ១៣:៦, ៧; ពេត្រុសទី១ ២:១៣-១៧) ក្នុងកិច្ចការអប់រំពីព្រះគម្ពីររបស់គេ គេលើកទឹកចិត្តឲ្យគោរពច្បាប់ គោលការណ៍ក្នុងគ្រួសារហើយសីលធម៌។ រដ្ឋាភិបាលជាច្រើនបានសរសើរពួកគេ ពីព្រោះគេជាពលរដ្ឋដ៏ចេះគោរពច្បាប់។ (រ៉ូម ១៣:៣) ក៏ប៉ុន្តែ ដូចបានបង្ហាញក្នុងវគ្គដើម ជួនកាលគេជាគោលដៅនៃការប្រឆាំង ហើយក្នុងប្រទេសខ្លះ ព្រមទាំងមានការបម្រាមនៃរដ្ឋាភិបាលផង។ តើនេះគួរធ្វើឲ្យយើងភ្ញាក់ផ្អើលទេ?
‹តម្លៃ›នៃភាពជាសិស្ស
៤. យោងទៅតាមព្រះយេស៊ូ តើបុគ្គលម្នាក់អាចសង្ឃឹមថាគេនឹងទទួលអ្វីបន្ទាប់ពីក្លាយទៅជាសិស្សរបស់ទ្រង់?
៤ ព្រះយេស៊ូមិនបានឲ្យមានការសង្ស័យអំពីអ្វី ដែលរួមបញ្ចូលក្នុងភាពជាសិស្សទេ។ ទ្រង់បានមានបន្ទូលប្រាប់អ្នកកាន់តាមទ្រង់ថា៖ «បាវមិនមែនធំជាងចៅហ្វាយទេ។ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា»។ ព្រះយេស៊ូបានត្រូវគេស្អប់ទ្រង់«ដោយឥតហេតុ»។ (យ៉ូហាន ១៥:១៨-២០, ២៥; ទំនុកដំកើង ៦៩:៤; លូកា ២៣:២២) អ្នកកាន់តាមទ្រង់អាចសង្ឃឹមថា គេនឹងទទួលការបៀតបៀនដូចគ្នាដែរ គឺជាការប្រឆាំងដោយគ្មានមូលហេតុត្រឹមត្រូវទេ។ ទ្រង់បានព្រមានគេជាច្រើនដងថា៖ «មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា»។—ម៉ាថាយ ១០:២២; ២៤:៩
៥, ៦. (ក) ហេតុអ្វីព្រះយេស៊ូបានជំរុញចិត្តអ្នកដែលប្រហែលនឹងទៅជាអ្នកកាន់តាមទ្រង់ឲ្យ«គិតគូរថ្លៃ»? (ខ) ដូច្នេះ ហេតុអ្វីយើងមិនគួរងឿងឆ្ងល់ពេលយើងជួបប្រទះការប្រឆាំង?
៥ ដូច្នេះ ព្រះយេស៊ូបានលើកទឹកចិត្តអ្នកដែលប្រហែលនឹងទៅជាសិស្សរបស់ទ្រង់ ឲ្យ«គិតគូរមើលថ្លៃ»នៃភាពជាសិស្ស។ (លូកា ១៤:២៨, ភាសាខ្មែរសម្រាយ) ហេតុអ្វី? មិនមែនដើម្បីសម្រេចចិត្ត ថាតើគេគួរទៅជាអ្នកកាន់តាមទ្រង់ឬក៏អត់នោះទេ ក៏ប៉ុន្តែ ដើម្បីប្ដេជ្ញាបំពេញអ្វីដែលរួមបញ្ចូលក្នុងនេះ។ យើងត្រូវតែត្រៀមទ្រាំការល្បងល ឬក៏ការពិបាកណា ដែលមានមកដោយសារឯកសិទ្ធិយើងនេះ។ (លូកា ១៤:២៧) គ្មានអ្នកណាម្នាក់បង្ខំយើងឲ្យថ្វាយបង្ខំព្រះយេហូវ៉ា ជាអ្នកកាន់តាមព្រះគ្រីស្ទនោះទេ។ នេះគឺជាការសម្រេចចិត្តដ៏ស្ម័គ្រពីចិត្ត ហើយគឺជាការសម្រេចចិត្តដែលមានមូលដ្ឋានក្នុងចំណេះ។ យើងដឹងជាមុនថា បន្ថែមពីពរដែលយើងទទួល ដោយការចូលក្នុងទំនាក់ទំនងពីការថ្វាយខ្លួនចំពោះព្រះ នោះយើងនឹងបានត្រូវ‹មនុស្សទាំងអស់គ្នានឹងស្អប់យើង›ដែរ។ ដូច្នេះ យើងមិនងឿងឆ្ងល់ទេ ពេលយើងជួបប្រទះនឹងការប្រឆាំង។ យើងបាន«គិតគូរថ្លៃ» ហើយយើងសុខចិត្តបង់ថ្លៃនោះ។—ពេត្រុសទី១ ៤:១២-១៤
៦ ហេតុអ្វីបានជាមនុស្សខ្លះនិងអាជ្ញាធរខ្លះៗ ចង់ប្រឆាំងពួកគ្រីស្ទានពិត? ដើម្បីទទួលចម្លើយ គឺជាការជួយដោយមានប្រយោជន៍ក្នុងការពិនិត្យមើលសាសនាពីរក្រុម នៅសតវត្សទីមួយ ស.យ.។ ក្រុមសាសនាទាំងពីរនោះបានត្រូវគេស្អប់ ក៏ប៉ុន្តែ សំរាប់ហេតុខុសឆ្ងាយពីគ្នាណាស់។
អ្នកពេញដោយសំអប់និងអ្នកដែលត្រូវគេស្អប់
៧, ៨. តើសេចក្ដីបង្រៀនអ្វីខ្លះដែលបានបង្ហាញសេចក្ដីមើលងាយចំពោះសាសន៍ដទៃ ហើយតើអាកប្បកិរិយាអ្វីបានកើតមានឡើងក្នុងចំណោមពួកយូដាជាលទ្ធផល?
៧ នៅសតវត្សទីមួយ ស.យ. នោះសាសន៍អ៊ីស្រាអែលនៅក្រោមការគ្រប់គ្រងរបស់រ៉ូមរួចទៅហើយ និងយូដានិយមដែលគឺជាប្រព័ន្ធសាសនារបស់សាសន៍យូដា ជាទូទៅស្ថិតនៅក្នុងកណ្ដាប់ដៃ ដ៏ជិះជាន់របស់អ្នកដឹកនាំដូចពួកស្ក្រែបនិងពួកផារីស៊ី។ (ម៉ាថាយ ២៣:២-៤) អ្នកដែលកាន់លទ្ធិហួសហេតុទាំងនេះ បានយកសិក្ខាបទទាំងប៉ុន្មាននៃក្រិត្យវិន័យម៉ូសេ ហើយបានកែប្រែអត្ថន័យនោះ ដើម្បីតម្រូវឲ្យមានសេចក្ដីមើលងាយចំពោះមនុស្សដែលមិនជាសាសន៍យូដា។ ក្នុងដំណើរធ្វើអីចឹង គេបានបង្កើតសាសនាមួយដែលបណ្ដាលឲ្យមានសេចក្ដីស្អប់ចំពោះសាសន៍ដទៃ ហើយបានធ្វើឲ្យមានសេចក្ដីស្អប់ពីសាសន៍ដទៃ។
៨ ការប្រកាសប្រាប់ឲ្យមើលងាយសាសន៍ដទៃ មិនជាការពិបាកចំពោះអ្នកដឹកនាំសាសន៍យូដាទេ ពីព្រោះពួកយូដានោះបានរាប់ទុកសាសន៍ដទៃជាមនុស្សអាក្រក់ជួជាតិ។ អ្នកដឹកនាំសាសន៍យូដាបានបង្រៀនថា ស្ត្រីយូដាម្នាក់ត្រូវតែមិននៅម្នាក់ឯងជាមួយសាសន៍ដទៃ ដ្បិតគេ «ត្រូវសង្ស័យថាអាសគ្រាម»។ បុរសយូដាត្រូវតែមិន «នៅម្នាក់ឯងជាមួយគេ ពីព្រោះគេត្រូវសង្ស័យពីការបង្ហូរឈាម»។ ទឹកដោះគោដែលសាសន៍ដទៃបានរឹត មិនអាចយកទៅប្រើបានលុះត្រាតែមានសាសន៍យូដាម្នាក់នៅនោះដើម្បីមើលដំណើរការនេះ។ ដោយមានឥទ្ធិពលពីអ្នកដឹកនាំរបស់គេ សាសន៍យូដាបានកើតមានភាពសោះអង្គើយ ហើយមានចរិតបក្សពួកដ៏តឹងរឹង។—ប្រៀបមើល យ៉ូហាន ៤:៩
៩. តើសេចក្ដីបង្រៀនរបស់ពួកអ្នកដឹកនាំយូដាអំពីសាសន៍ដទៃ បានមានអនុភាពអ្វី?
៩ សេចក្ដីបង្រៀនបែបនេះដែលសំដៅទៅសាសន៍ដទៃ មិនបានបណ្ដាលឲ្យមានទំនាក់ទំនងល្អរវាងសាសន៍យូដានិងសាសន៍ដទៃឡើយ។ សាសន៍ដទៃបានចាប់រាប់ទុកពួកយូដា ជាអ្នកដែលស្អប់មនុស្សលោកជាក្រុម។ ប្រវត្ដិវិទូម្នាក់ឈ្មោះថាស៊ីថឹស (ដែលបានកើតប្រមាណឆ្នាំ ៥៦ ស.យ.) ស្តីអំពីពួកយូដាថា «គេបានស្អប់មនុស្សដទៃដូចពួកនោះជាសត្រូវ»។ លោកថាស៊ីថឹសបានអះអាងបន្ថែមទៅទៀតថា អ្នកសាសន៍ដទៃដែលប្ដូរសាសនាទៅសាសនាយូដា បានត្រូវគេបង្រៀនឲ្យលះចោលប្រទេសគេ ហើយរាប់ទុកគ្រួសារនិងមិត្តរបស់គេជាអ្វីដែលគ្មានតម្លៃ។ ជាទូទៅ ពួករ៉ូមបានទ្រាំនឹងពួកយូដាដោយព្រោះគេមានចំនួនប្រជាជនដ៏គួរឲ្យខ្លាច។ ក៏ប៉ុន្តែ ការបះបោររបស់ពួកយូដានៅឆ្នាំ៦៦ ស.យ. បានបណ្ដាលឲ្យមានការសងសឹកដ៏ខ្លាំងក្លាពីពួករ៉ូម ដែលនាំទៅដល់ការបំផ្លាញចោលនៃក្រុងយេរូសាឡិមនៅឆ្នាំ៧០ ស.យ.។
១០, ១១. (ក) តើក្រិត្យវិន័យម៉ូសេបានតម្រូវឲ្យគេប្រព្រឹត្តយ៉ាងណាចំពោះជនបរទេស? (ខ) តើអ្វីដែលយើងអាចរៀនមេរៀនពីអ្វីដែលបានកើតមានឡើងចំពោះយូដានិយម?
១០ តើទស្សនៈអំពីជនបរទេសនោះប្រៀបផ្ទឹមយ៉ាងណា ចំពោះទ្រង់ទ្រាយថ្វាយបង្គំ ដែលបានត្រូវរៀបរាប់ក្នុងក្រិត្យវិន័យម៉ូសេ? ក្រិត្យនោះពិតជាបាននាំឲ្យមានការដាច់ឡែកពីសាសន៍ដទៃ ក៏ប៉ុន្តែ នេះគឺដើម្បីការពារសាសន៍អ៊ីស្រាអែល ជាពិសេសក្នុងការថ្វាយបង្គំបរិសុទ្ធ។ (យ៉ូស្វេ ២៣:៦-៨) ទោះបីជាដូច្នេះក៏ដោយ ក្រិត្យនោះបានតម្រូវឲ្យគេប្រព្រឹត្តដោយយុត្ដិធម៌ និងភាពទៀងត្រង់ដល់ជនបរទេស ព្រមទាំងត្រូវគេទទួលយ៉ាងរាក់ទាក់ ឲ្យតែគេជៀសពីការមិនគោរពតាមច្បាប់សាសន៍អ៊ីស្រាអែលនោះដោយចេតនា។ (លេវីវិន័យ ២៤:២២) ដោយការចាកចេញពីខ្លឹមសារដ៏សមហេតុផល នៃក្រិត្យវិន័យដែលស្តីពីជនបរទេសនោះ អ្នកដឹកនាំសាសនាយូដាបានផ្ដល់សាសនាមួយប្រភេទ ដែលបណ្ដាលឲ្យមានសេចក្ដីសំអប់ហើយក៏ត្រូវគេស្អប់វិញ។ នៅទីបំផុត សាសន៍យូដានៅសតវត្សទីមួយបានបាត់បង់ព្រះគុណរបស់ព្រះយេហូវ៉ា។—ម៉ាថាយ ២៣:៣៨
១១ តើនេះមានមេរៀនមួយសំរាប់យើងទេ? ត្រូវហើយ គឺមាន! អាកប្បកិរិយាដែលលើកដំកើងភាពសុចរិតរបស់ខ្លួននិងរាប់ខ្លួនជាធំ ហើយដែលមើលងាយអ្នកដែលមិនមានសេចក្ដីជំនឿរបស់យើង មិនតំណាងល្អនូវការថ្វាយបង្គំដ៏បរិសុទ្ធរបស់ព្រះយេហូវ៉ាទេ ហើយមិនផ្គាប់ព្រះហឫទ័យរបស់ទ្រង់ទៀតផង។ សូមពិចារណាមើលពួកគ្រីស្ទានស្មោះត្រង់។ ពួកគេមិនបានស្អប់អ្នកដែលមិនមែនជាគ្រីស្ទានទេ ហើយក៏គេមិនបះបោរនឹងប្រទេសរ៉ូមឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានទៅជា‹អ្នកដែលត្រូវគេស្អប់›។ ហេតុអ្វី? ហើយដោយអ្នកណា?
ពួកគ្រីស្ទាននៅសម័យដើម តើអ្នកណាបានស្អប់គេ?
១២. តើយ៉ាងដូចម្ដេចដែលយើងអាចយល់ច្បាស់ពីព្រះគម្ពីរថា ព្រះយេស៊ូចង់ឲ្យអ្នកកាន់តាមទ្រង់មានតុល្យភាពក្នុងគំនិតគេអំពីអ្នកដែលមិនជាគ្រីស្ទាន?
១២ សេចក្ដីបង្រៀនរបស់ព្រះយេស៊ូគឺឃើញច្បាស់ថា ទ្រង់មានបំណងឲ្យអ្នកកាន់តាមទ្រង់មានតុល្យភាព ក្នុងទស្សនៈរបស់គេអំពីអ្នកដែលមិនជាសាសន៍គ្រីស្ទាន។ ក៏ប៉ុន្តែទ្រង់បានមានបន្ទូលថា អ្នកកាន់តាមទ្រង់នឹងមិនជារបស់លោកនេះទេ មានន័យថា គេនឹងបដិសេធអាកប្បកិរិយានិងចរិយា ដែលប្រឆាំងនឹងការប្រព្រឹត្តដ៏សុចរិតរបស់ព្រះ។ គេនឹងនៅអព្យាក្រឹតក្នុងរឿងសង្គ្រាមនិងនយោបាយ។ (យ៉ូហាន ១៧:១៤, ១៦) ម្យ៉ាងវិញទៀត ព្រះយេស៊ូបានមានបន្ទូលប្រាប់អ្នកកាន់តាមទ្រង់ ឲ្យ‹ស្រឡាញ់ពួកខ្មាំងសត្រូវរបស់គេ› ជាជាងប្រកាសប្រាប់ឲ្យមើលងាយមនុស្សដែលមិនកាន់សាសនាគ្រីស្ទាន។ (ម៉ាថាយ ៥:៤៤) សាវ័កប៉ុលបានជំរុញពួកគ្រីស្ទានថា៖ «បើសិនណាជាខ្មាំងសត្រូវអ្នកឃ្លាន នោះចូរឲ្យគេបរិភោគចុះ បើគេស្រេក ចូរឲ្យផឹកទៅ»។ (រ៉ូម ១២:២០) បន្ថែមទៅទៀតគាត់បានប្រាប់ពួកគ្រីស្ទានឲ្យ«ធ្វើល្អដល់មនុស្សទាំងអស់»។—កាឡាទី ៦:១០
១៣. ហេតុអ្វីបានជាអ្នកដឹកនាំសាសន៍យូដាបានប្រឆាំងនឹងសិស្សរបស់ព្រះយេស៊ូ?
១៣ ក៏ប៉ុន្តែ មិនយូរក្រោយមក សិស្សរបស់ទ្រង់បានទៅជា ‹អ្នកដែលត្រូវគេស្អប់›ពីបីប្រភព។ ទីមួយ គឺពីអ្នកដឹកនាំសាសនាយូដា។ យើងមិនឆ្ងល់នោះទេ ដែលពួកគ្រីស្ទានបានទាក់ទាញអារម្មណ៍គេ! ពួកគ្រីស្ទានបានមានគោលការណ៍សីលធម៌និងភក្ដីភាពដ៏ខ្ពង់ខ្ពស់ ហើយគេបានផ្សព្វផ្សាយយ៉ាងខ្នះខ្នែងនូវសារមួយដែលនាំឲ្យមានសេចក្ដីសង្ឃឹម។ មនុស្សរាប់ពាន់នាក់បានលះបង់ចោលយូដានិយមហើយបានទទួលសាសនាគ្រីស្ទានវិញ។ (កិច្ចការ ២:៤១; ៤:៤; ៦:៧) ចំពោះអ្នកដឹកនាំសាសនាយូដា សិស្សសាសន៍យូដារបស់ព្រះយេស៊ូគ្រាន់តែជាអ្នកក្បត់ជំនឿ! (ប្រៀបមើល កិច្ចការ ១៣:៤៥) ពួកអ្នកដឹកនាំដ៏ខឹងនេះ បានមានអារម្មណ៍ថាសាសន៍គ្រីស្ទានបានធ្វើទំនៀមទំលាប់របស់គេទៅជាមោឃៈ។ បន្ថែមទៅទៀត សាសនានោះបានបដិសេធទស្សនៈរបស់គេអំពីសាសន៍ដទៃ! តាំងពី៣៦ ស.យ. សាសន៍ដទៃអាចទៅជាគ្រីស្ទាន ទាំងមានជំនឿនិងទទួលឯកសិទ្ធិដូចពួកគ្រីស្ទានសាសន៍យូដាដែរ។—កិច្ចការ ១០:៣៤, ៣៥
១៤, ១៥. (ក) ហេតុអ្វីបានជាពួកគ្រីស្ទានបានទទួលរងសេចក្ដីសំអប់ពីអ្នកថ្វាយបង្គំពាហិរជន? ឲ្យឧទាហរណ៍មួយ។ (ខ) ពួកគ្រីស្ទាននៅសម័យដើមបានទៅជា ‹អ្នកដែលត្រូវគេស្អប់› ដោយក្រុមទីបីដែលជាអ្នកណា?
១៤ ទីពីរ ពួកគ្រីស្ទានបានទទួលរងសេចក្ដីសំអប់ពីអ្នកថ្វាយបង្គំពាហិរជន។ ឧទាហរណ៍ នៅក្រុងអេភេសូរ ការធ្វើសក្ការៈបូជាព្រះឌីអានពីប្រាក់ គឺជាពាណិជ្ជកម្មមួយប្រភេទ ដែលមានចំណូលនិងចំណេញច្រើន។ ក៏ប៉ុន្តែ ពេលប៉ុលផ្សព្វផ្សាយនៅកន្លែងនោះ ពួកអេភេសូរជាច្រើនបានចាប់ផ្ដើមជឿ ដោយចាកចេញពីការថ្វាយបង្គំព្រះឌីអាន។ ជាងប្រាក់ទាំងនោះបានធ្វើកុប្បកម្ម ដោយឃើញថាមុខរបររបស់គេត្រូវគំរាមកំហែង។ (កិច្ចការ ១៩:២៤-៤១) ព្រឹត្ដិការណ៍ស្រដៀងនេះ បានកើតឡើងក្រោយសាសនាគ្រីស្ទានបានសាយភាយទៅប្រទេសបាថីណេ (ដែលឥឡូវគឺជាប្រទេសទួរគីខាងពាយព្យ)។ មិនយូរក្រោយមកព្រះគម្ពីរភាសាក្រិកបានត្រូវបង្ហើយ ចៅហ្វាយប្រទេសបាថីណេដែលមានឈ្មោះប្ល៉ាយនី បានរាយការណ៍ថាវិហារពាហិរជនបានត្រូវគេចាកចោល ហើយការលក់ចំណីសំរាប់សត្វបូជាបានថយចុះយ៉ាងច្រើន។ ពួកគ្រីស្ទានបានត្រូវគេបន្ទោសហើយបៀតបៀន ពីព្រោះសាសនារបស់គេ មិនអនុញ្ញាតឲ្យមានការបូជាសត្វនិងរូបបដិមាករទេ។ (ហេព្រើរ ១០:១-៩; យ៉ូហានទី១ ៥:២១) យ៉ាងច្បាស់ណាស់ ការសាយភាយនៃសាសនាគ្រីស្ទានបានប៉ះពាល់លើអ្នកខ្លះៗ ដែលធ្លាប់ទទួលចំណេញពីការថ្វាយបង្គំពាហិរ ហើយអ្នកដែលបានបាត់បង់មុខរបរទាំងលុយបានទៅជាតូចចិត្តវិញ។
១៥ ទីបី ពួកគ្រីស្ទានបានទៅជា ‹អ្នកដែលត្រូវគេស្អប់› ដោយពួករ៉ូមដែលប្រកបដោយជាតិនិយម។ ដើមដំបូង ពួករ៉ូមបានស្គាល់ពួកគ្រីស្ទានជាក្រុមដ៏តូចមួយ ហើយដែលប្រហែលកាន់លទ្ធិហួសហេតុ។ ក៏ប៉ុន្តែក្រោយមក សូម្បីតែការអះអាងថាខ្លួនជាគ្រីស្ទានបានទៅជាបទឧក្រិដ្ឋមួយ ដែលគេអាចកាត់ទោសប្រហារជីវិត។ ហេតុអ្វីបានជាពលរដ្ឋដ៏ស្មោះត្រង់ ដែលរស់នៅតាមលទ្ធិគ្រីស្ទាន បានត្រូវគេរាប់ទុកជាគួរនឹងរងការបៀតបៀននិងសេចក្ដីស្លាប់?
ពួកគ្រីស្ទាននៅសម័យដើម—ហេតុអ្វីបានត្រូវគេស្អប់ក្នុងពិភពរ៉ូម?
១៦. តើតាមរបៀបណាដែលពួកគ្រីស្ទាននៅឡែកពីលោកីយ៍ ហើយហេតុអ្វីបានជានេះធ្វើឲ្យគេទៅជាអប្រិយក្នុងពិភពរ៉ូម?
១៦ ជាទូទៅ ពួកគ្រីស្ទានបានត្រូវគេស្អប់ក្នុងពិភពរ៉ូមសំរាប់ការអនុវត្តសាសនារបស់គេ។ ឧទាហរណ៍ គេមិនបានចូលរួមក្នុងសង្គ្រាមនិងនយោបាយនៃលោកីយ៍។ (យ៉ូហាន ១៥:១៩) ដូច្នេះ គេមិនកាន់តំណែងនយោបាយ ហើយគេបានបដិសេធកិច្ចបំរើខាងយោធា។ ជាលទ្ធផល ប្រវត្ដិវិទូម្នាក់ឈ្មោះ អកឹស្ដឹស នេអានដេ បាននិយាយថា គេបាន«ត្រូវរាប់ជាមនុស្សក្នុងលោកីយ៍ដែលបានស្លាប់រួចហើយ ទាំងគ្មានប្រយោជន៍សំរាប់កិច្ចការអ្វីក្នុងជីវិត»។ ការមិនជារបស់លោកីយ៍មានន័យថា គេត្រូវជៀសវាងការប្រព្រឹត្តដ៏ទុច្ចរិតនៃពិភពរ៉ូមដ៏ពុករលួយនោះ។ ប្រវត្ដិវិទូ ឈ្មោះ វីល ឌូរ៉ាន្ត បានពន្យល់ថា «សហគមន៍គ្រីស្ទានដ៏តូចៗទាំងប៉ុន្មាន បានធ្វើទុក្ខដល់មនសិការរបស់ពិភពពាហិរជនដែលនិយមកំសាន្តហួសហេតុ ដោយការគោរពសាសនានិងសុភាវធម៌របស់គេ»។ (ពេត្រុសទី១ ៤:៣, ៤) ប្រហែលពួករ៉ូមបានខិតខំធ្វើឲ្យមនសិការដែលរំខានគេទៅជាស្ងាត់វិញ ដោយការបៀតបៀនហើយប្រហារជីវិតពួកគ្រីស្ទាន។
១៧. តើអ្វីបង្ហាញថា ការផ្សព្វផ្សាយរបស់ពួកគ្រីស្ទាននៅសតវត្សទីមួយមានប្រសិទ្ធភាព?
១៧ ពួកគ្រីស្ទាននៅសតវត្សទីមួយបានប្រកាសប្រាប់ដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ ដោយការខ្នះខ្នែងដ៏ឥតឈប់ឈរ។ (ម៉ាថាយ ២៤:១៤) ប្រមាណឆ្នាំ៦០ ស.យ. ប៉ុលអាចបាននិយាយថា ដំណឹងល្អនោះបានត្រូវ«ផ្សាយទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃផង»។ (កូល៉ុស ១:២៣) នៅចុងសតវត្សទីមួយនោះ អ្នកកាន់តាមព្រះយេស៊ូបានសិស្សទូទាំងចក្រភពរ៉ូម ដែលរួមបញ្ចូលទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិកដែរ! សូម្បីតែសមាជិកនៅ«ដំណាក់សេសារ» បានទៅជាគ្រីស្ទាន។a (ភីលីព ៤:២២) ការប្រកាសយ៉ាងឧស្សាហ៍បានបណ្ដាលឲ្យមានការតូចចិត្ត។ លោកនេអានដេ បានមានប្រសាសន៍ថា៖ «សាសនាគ្រីស្ទានបានលូតលាស់ជាដរាបក្នុងចំណោមមនុស្សគ្រប់ឋានៈ ហើយបានគំរាមកំហែងរំលំសាសនាជាតិ»។
១៨. តើយ៉ាងដូចម្ដេចដែលការគោរពព្រះយេហូវ៉ាដោយភក្ដីភាពដាច់មុខ បានធ្វើឲ្យពួកគ្រីស្ទានមិនចុះសម្រុងជាមួយនឹងរ៉ូម?
១៨ អ្នកកាន់តាមព្រះយេស៊ូបាន គោរពដល់ព្រះយេហូវ៉ាដោយភក្ដីភាពដាច់មុខ។ (ម៉ាថាយ ៤:៨-១០) ប្រហែលគឺជាកត្ដានេះនៃការថ្វាយបង្គំរបស់គេ ដែលបានធ្វើឲ្យគេមិនចុះសម្រុងជាមួយរ៉ូម។ ពួករ៉ូមបានត្រាប្រណីនឹងសាសនាដទៃ ដរាបណាអ្នកកាន់សាសនានោះបានចូលរួមក្នុងការថ្វាយបង្គំស្តេចចក្រពត្ដិ។ ពួកគ្រីស្ទានពីសម័យដើមមិនអាចចូលរួមក្នុងការថ្វាយបង្គំបែបនេះទេ។ គេមានទស្សនៈថាគេត្រូវទទួលខុសត្រូវចំពោះអាជ្ញាធរដ៏ខ្ពស់ជាងរដ្ឋរ៉ូម នោះគឺព្រះយេហូវ៉ា។ (កិច្ចការ ៥:២៩) ជាលទ្ធផល ទោះបីគ្រីស្ទានម្នាក់គឺជាពលរដ្ឋដ៏ល្អប្រសើរក្នុងករណីដទៃយ៉ាងណាក៏ដោយ គាត់នឹងត្រូវរាប់ជាសត្រូវរដ្ឋ។
១៩, ២០. (ក) តើអ្នកណាទទួលខុសត្រូវភាគធំចំពោះរឿងបង្កាច់បង្ខូចដ៏សាហាវ ដែលបានត្រូវផ្សាយអំពីពួកគ្រីស្ទានដ៏ស្មោះត្រង់? (ខ) តើការចោទប្រកាន់មិនពិតអ្វីខ្លះបានត្រូវលើកដើម្បីប្រឆាំងនឹងពួកគ្រីស្ទាន?
១៩ នៅមានហេតុមួយទៀតដែលពួកគ្រីស្ទានស្មោះត្រង់បានទៅជា ‹អ្នកដែលត្រូវគេស្អប់› ក្នុងពិភពរ៉ូម៖ ពាក្យបង្កាច់បង្ខូចដ៏សាហាវអំពីគេបានត្រូវមនុស្សជឿយ៉ាងឆាប់រហ័ស ការចោទប្រកាន់ដែលអ្នកដឹកនាំសាសនាយូដាទទួលខុសត្រូវភាគធំ។ (កិច្ចការ ១៧:៥-៨) ប្រមាណនៅឆ្នាំ៦០ឬ៦១ ស.យ. នៅពេលប៉ុលកំពុងតែរង់ចាំនៅក្រុងរ៉ូម សំរាប់ការវិនិច្ឆ័យក្ដីដោយស្តេចចក្រភពនីរ៉ូ ពួកយូដាបានស្តីពីគ្រីស្ទានថា៖ «យើងដឹងថានៅគ្រប់ទីកន្លែង គេតែងតែនិយាយអាក្រក់ពីពួកអ្នកកាន់សាសនានេះណាស់»។ (កិច្ចការ ២៨:២២) ស្តេចនីរ៉ូបានឮរឿងបង្កាច់បង្ខូចអំពីពួកគេជាមិនខាន។ នៅឆ្នាំ៦៤ ស.យ. នៅពេលដែលទ្រង់បានត្រូវគេបន្ទោសចំពោះរឿងអគ្គិភ័យ ដែលបានបំផ្លិចបំផ្លាញក្រុងរ៉ូម ពួកគ្រីស្ទានដែលបានត្រូវគេនិយាយបង្ខូចកិត្ដិសព្ទហើយ បានត្រូវនីរ៉ូទំលាក់កំហុសលើគេ។ នេះទំនងជាបាននាំឲ្យមានការបៀតបៀនដ៏ឃោរឃៅ ដើម្បីបំផ្លាញពួកគ្រីស្ទានឲ្យសូន្យ។
២០ ការចោទប្រកាន់មិនពិតដែលប្រឆាំងនឹងពួកគ្រីស្ទាន ច្រើនតែជាពាក្យកុហកលាយនឹងការមួលបង្កាច់ជំនឿរបស់គេ។ ពីព្រោះពួកគេថ្វាយបង្គំព្រះតែមួយហើយមិនថ្វាយបង្គំស្តេចចក្រពត្ដិ គេបានត្រូវរាប់ជាអ្នកដែលមិនជឿថាមានព្រះទេ។ ពីព្រោះសមាជិកគ្រួសារដែលមិនជាគ្រីស្ទានបានប្រឆាំងនឹងសាច់ញាតិគ្រីស្ទានរបស់គេ ពួកគ្រីស្ទានបានត្រូវគេចោទប្រកាន់ថាគេបំបែកបំបាក់ក្រុមគ្រួសារ។ (ម៉ាថាយ ១០:២១) ប្រភពខ្លះបាននិយាយថា ដោយការមួលបង្កាច់បន្ទូលរបស់ព្រះយេស៊ូ ដែលទ្រង់បានថានៅអាហារល្ងាចរបស់ព្រះអម្ចាស់ ពួកគ្រីស្ទានបានត្រូវចាត់ទុកជាអ្នកដែលស៊ីសាច់មនុស្ស។—ម៉ាថាយ ២៦:២៦-២៨
២១. សំរាប់មូលហេតុពីរអ្វីដែលពួកគ្រីស្ទានបានជា ‹អ្នកដែលត្រូវគេស្អប់›?
២១ ដូច្នេះ ពួកគ្រីស្ទានដ៏ស្មោះត្រង់បានជា ‹អ្នកដែលត្រូវគេស្អប់› ដោយពួករ៉ូមសំរាប់ហេតុពីរជាបឋម៖ (១) ជំនឿនិងការប្រព្រឹត្តរបស់គេដែលមានមូលដ្ឋានក្នុងព្រះគម្ពីរ ហើយ (២) ការចោទប្រកាន់មិនពិតដែលប្រឆាំងនឹងគេ។ ទោះបីមានមូលហេតុណាក៏ដោយ ពួកអ្នកប្រឆាំងនោះមានគោលដៅតែមួយគត់ គឺជាការបង្ក្រាបសាសនាគ្រីស្ទាន។ ពិតមែនហើយ អ្នកដែលបានញុះញង់ឲ្យមានការបៀតបៀនពួកគ្រីស្ទាន គឺជាអ្នកប្រឆាំងអធិធម្មជាតិ អំណាចវិញ្ញាណអាក្រក់ដែលមើលមិនឃើញ។—អេភេសូរ ៦:១២
២២. (ក) តើឧទាហរណ៍អ្វីបង្ហាញថាពួកស្មរបន្ទាល់ព្រះយេហូវ៉ាខិតខំ «ធ្វើល្អដល់មនុស្សទាំងអស់»? (សូមមើលប្រអប់នៅទំព័រ ១១) (ខ) តើអ្វីនឹងត្រូវយកមកពិភាក្សាក្នុងអត្ថបទជាបន្ទាប់?
២២ ដូចពួកគ្រីស្ទាននៅសម័យដើម ពួកស្មរបន្ទាល់ព្រះយេហូវ៉ានៅសម័យបច្ចុប្បន្ននេះបានជា ‹អ្នកដែលបានត្រូវគេស្អប់› នៅប្រទេសផ្សេងៗ។ ក៏ប៉ុន្តែ គេមិនស្អប់អ្នកដែលមិនជាស្មរបន្ទាល់ព្រះយេហូវ៉ា ឬក៏បានជាប្រភពមួយនៃការបះបោរប្រឆាំងនឹងរដ្ឋាភិបាល។ ផ្ទុយទៅវិញ គេមានឈ្មោះល្បីសំរាប់ការអនុវត្តសេចក្ដីស្រឡាញ់ពិតប្រាកដ ដែលឆ្លងកាត់គ្រប់ទាំងរបាំងនៃសង្គម សាសន៍ និងជាតិ។ ដូច្នេះ ហេតុអ្វីបានជាគេបានត្រូវបៀតបៀន? ហើយ តើគេមានប្រតិកម្មអ្វីចំពោះការប្រឆាំង? សំនួរទាំងនេះនឹងត្រូវយកមកពិភាក្សាក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a ឃ្លាដែលថា «ដំណាក់សេសារ» មិនចាំបាច់សំដៅទៅលើសាច់ញាតិរបស់នីរ៉ូ ដែលជាអ្នកដែលកំពុងតែគ្រប់គ្រងនៅពេលនោះ។ ផ្ទុយទៅវិញ ប្រហែលនេះសំដៅទៅលើអ្នកបំរើនៅដំណាក់និងមន្ត្រីរង ដែលប្រហែលបានបំពេញកិច្ចការផ្ទះដូចការធ្វើម្ហូបនិងការបោសសំអាត ដើម្បីញាតិវង្សហើយបុគ្គលិករបស់គេ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ហេតុអ្វីបានជាព្រះយេស៊ូបានលើកទឹកចិត្តអ្នកកាន់តាមទ្រង់ ឲ្យគិតគូរថ្លៃនៃភាពជាសិស្ស?
◻ ទស្សនៈអំពីពួកអ្នកដែលមិនជាសាសន៍យូដាមានអនុភាពអ្វីលើយូដានិយម ហើយតើយើងរៀនមេរៀនអ្វីពីនេះ?
◻ តើអ្វីជាប្រភពបីនៃការប្រឆាំងដែលពួកគ្រីស្ទាននៅសម័យដើមបានប្រឈម?
◻ តើអ្វីជាមូលហេតុដ៏សំខាន់ដែលពួកគ្រីស្ទាននៅសម័យដើមបានជា‹អ្នកដែលត្រូវគេស្អប់›ដោយពួករ៉ូម?
[ប្រអប់នៅទំព័រ១០]
‹ការធ្វើល្អដល់មនុស្សទាំងអស់›
ពួកស្មរបន្ទាល់ព្រះយេហូវ៉ាព្យាយាមប្រព្រឹត្តតាមដំបូន្មានព្រះគម្ពីរដែលថា «ធ្វើល្អដល់មនុស្សទាំងអស់»។ (កាឡាទី ៦:១០) ក្នុងគ្រាលំបាក សេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងជំរុញឲ្យគេជួយអ្នកដែលឥតកាន់សាសនាគេ។ ឧទាហរណ៍ នៅពេលមានវិបត្ដិភ័យនៅប្រទេសរ្វ៉ាន់ដានៅឆ្នាំ ១៩៩៤ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាពីទ្វីបអឺរ៉ុប បានស្ម័គ្រចិត្តទៅទ្វីបអាហ្វ្រិកដើម្បីផ្ដល់ជំនួយ។ ជំរំនិងមន្ទីរពេទ្យបានត្រូវរៀបចំល្អហើយយ៉ាងឆាប់រហ័សដើម្បីផ្ដល់ជំនួយ។ ម្ហូបអាហារ សំលៀកបំពាក់និងភួយបរិមាណជាច្រើនបានត្រូវជូនតាមយន្តហោះ។ ជនភៀសខ្លួនដែលបានទទួលប្រយោជន៍ពីជំនួយនេះ គឺច្រើនជាងមួយជាបីចំនួនពួកស្មរបន្ទាល់ព្រះយេហូវ៉ានៅតំបន់នោះ។
[រូបភាពនៅទំព័រ៩]
ពួកគ្រីស្ទាននៅសតវត្សទីមួយ បានប្រកាសប្រាប់ដំណឹងល្អដោយការខ្នះខ្នែង