បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៣ ទំ. ២៧-៣២
  • នេះជាថ្ងៃសង្គ្រោះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • នេះជាថ្ងៃសង្គ្រោះ!
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «យើង​ខ្ញុំ​ក៏​ខំ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ»
  • តើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​បង្ខំ​អ្នក​ឬ​ទេ?
  • «ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ»
  • «វេលា​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់»
  • ‹ការ​ផ្ទុក​ផ្ដាក់​ខ្លួន ទុក​ដូច​ជា​អ្នក​បំរើ​ព្រះ›
  • ទុក​ចិត្ត​លើ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ​យេហូវ៉ា
  • «ឥឡូវនេះគឺជាគ្រាដែលលោកពេញចិត្ត»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ចូររក្សា«សេចក្ដីសង្ឃឹមលើការសង្គ្រោះ»របស់អ្នកឲ្យបានភ្លឺស្វាង!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ចូរផ្សព្វផ្សាយដំណឹងល្អអំពីគុណដ៏វិសេសលើសលប់របស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៣ ទំ. ២៧-៣២

នេះ​ជា​ថ្ងៃ​សង្គ្រោះ!

«មើល! ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់។ មើល! ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ»។—កូរិនថូស​ទី​២ ៦:២

១. តើ​អ្វី​ដែល​ត្រូវ​ការ​ចាំ​បាច់ ដើម្បី​ឲ្យ​មាន​ឋានៈ​ដែល​បាន​យល់​ព្រម​ជា​មួយ​នឹង​ព្រះ​និង​ព្រះ​គ្រីស្ទ​នោះ?

ព្រះ​យេហូវ៉ា​បាន​កំណត់​ទុក​ថ្ងៃ​ជំនុំ​ជំរះ​សំរាប់​មនុស្ស​លោក។ (កិច្ច​ការ ១៧:៣១) ប្រសិន​បើ​យើង​ចង់​ឲ្យ​ថ្ងៃ​នោះ​ជា​ថ្ងៃ​សង្គ្រោះ​យើង នោះ​យើង​ត្រូវ​តែ​មាន​ឋានៈ​ដ៏​បាន​យល់​ព្រម​ជា​មួយ​ព្រះ ព្រម​ទាំង​ចៅ​ក្រម​ដែល​បាន​រើស​តាំង គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ (យ៉ូហាន ៥:២២) ការ​មាន​ឋានៈ​បែប​នេះ តម្រូវ​ឲ្យ​មាន​ចរិយា​ដែល​ស្រប​តាម​បន្ទូល​របស់​ព្រះ ហើយ​សេចក្ដី​ជំនឿ​ដែល​ជំរុញ​យើង​ឲ្យ​ជួយ​អ្នក​ឯ​ទៀត ឲ្យ​បាន​ទៅ​ជា​សិស្ស​ពិត​របស់​ព្រះ​យេស៊ូ​ដែរ។

២. ហេតុ​អ្វី​ក៏​មនុស្ស​លោក​ក្នុង​លោកីយ៍​បាន​ដាច់​ចេញ​ពី​ព្រះ?

២ មនុស្ស​ក្នុង​លោកីយ៍​នេះ​គឺ​ដាច់​ចេញ​ពី​ព្រះ ដោយ​ព្រោះ​មាន​បាប​ជា​មរតក។ (រ៉ូម ៥:១២; អេភេសូរ ៤:១៧, ១៨) ដូច្នេះ អស់​អ្នក​ដែល​យើង​ផ្សាយ​ប្រាប់ អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន​លុះ​ត្រា​តែ​គេ​បាន​ផ្សះ​ផ្សា​ជា​មួយ​នឹង​ទ្រង់។ សាវ័ក​ប៉ុល​បាន​ធ្វើ​ឲ្យ​ឃើញ​ច្បាស់​អំពី​ចំណុច​នេះ នៅ​ពេល​ដែល​សរសេរ​ទៅ​ពួក​គ្រីស្ទាន​នៅ​ក្នុង​ក្រុង​កូរិនថូស។ ចូរ​ឲ្យ​យើង​ពិចារណា​មើល​កូរិនថូស​ទី​២ ៥:១០–៦:១០ ដើម្បី​មើល​នូវ​អ្វី​ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​អំពី​ការ​ជំនុំ​ជំរះ ការ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ និង​សេចក្ដី​សង្គ្រោះ​ដែរ។

«យើង​ខ្ញុំ​ក៏​ខំ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ»

៣. តើ​តាម​របៀប​ណា​ដែល​ប៉ុល«ខំ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ» ហើយ​ហេតុ​អ្វី​ក៏​យើង​ត្រូវ​តែ​ធ្វើ​ដូច​នេះ​ដែរ​សព្វ​ថ្ងៃ​នេះ?

៣ ប៉ុល​បាន​ភ្ជាប់​ការ​ជំនុំ​ជំរះ​ជា​មួយ​នឹង​ការ​ផ្សាយ​ដំណឹង​ល្អ នៅ​ពេល​ដែល​គាត់​បាន​សរសេរ​ថា៖ «យើង​ទាំង​អស់​គ្នា​ត្រូវ​ទៅ​នៅ​មុខ​ទី​ជំនុំ​ជំរះ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ការ​ដែល​បាន​ធ្វើ ពី​កាល​នៅ​ក្នុង​រូប​កាយ​រៀង​ខ្លួន ទោះ​ល្អឬ​អាក្រក់​ក្ដី ដូច្នេះ ដែល​ស្គាល់​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ​អម្ចាស់ នោះ​យើង​ខ្ញុំ​ក៏​ខំ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ»។ (កូរិនថូស​ទី​២ ៥:១០, ១១) សាវ័ក​ប៉ុល‹បាន​ខំ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ›ដោយ​ផ្សាយ​ដំណឹង​ល្អ។ ចុះ​យើង​វិញ​នោះ? ដោយ​ព្រោះ​យើង​កំពុង​តែ​ប្រឈម​មុខ​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ យើង​ត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​បញ្ចុះ​បញ្ចូល​អ្នក​ឯ​ទៀត​ឲ្យ​យក​ជំហាន​ដ៏​ចាំ​បាច់ ដើម្បី​ទទួល​ការ​ជំនុំ​ជំរះ​ដ៏​ល្អ​ពី​ព្រះ​យេស៊ូ ហើយ​ការ​យល់​ព្រម​ពី​ប្រភព​នៃ​សេចក្ដី​សង្គ្រោះ គឺ​ព្រះ​យេហូវ៉ា។

៤, ៥. (ក) ហេតុ​អ្វី​ក៏​យើង​មិន​ត្រូវ​អួត​អំពី​ការ​សម្រេច​របស់​យើង ក្នុង​កិច្ច​ការ​បំរើ​ព្រះ​យេហូវ៉ា? (ខ) តើ​តាម​របៀប​ណា​ដែល​ប៉ុល​បាន​អួត«សំរាប់​ព្រះ​អង្គ»?

៤ ប៉ុន្តែ ប្រសិន​បើ​ព្រះ​ប្រទាន​ពរ​ដល់​កិច្ច​បំរើ​ផ្សាយ​របស់​យើង នោះ​យើង​មិន​ត្រូវ​អួត​ទេ។ ក្នុង​ក្រុង​កូរិនថូស មនុស្ស​ខ្លះ​មាន​អំនួត​ក្នុង​ខ្លួន​គេ ឬ​ក្នុង​បុរស​ឯ​ទៀត ដែល​ធ្វើ​ឲ្យ​មាន​ការ​បែក​ខ្ញែក​ក្នុង​ក្រុម​ជំនុំ។ (កូរិនថូស​ទី​១ ១:១០​-​១៣; ៣:៣, ៤) ក្នុង​ការ​សំដៅ​នឹង​ស្ថានការណ៍​នេះ នោះ​ប៉ុល​បាន​សរសេរ​ថា៖ «ដ្បិត​យើង​ខ្ញុំ​មិន​មែន​ផ្ទុក​ផ្ដាក់​ខ្លួន​នឹង​អ្នក​រាល់​គ្នា​ម្ដង​ទៀត​ទេ គឺ​យើង​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ឱកាស​នឹង​អួត​ពី​យើង​ខ្ញុំ​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ពាក្យ​តប​ឆ្លើយ ដល់​អស់​អ្នក​ដែល​អួត​តែ​ពី​ចរិត​ខាង​ក្រៅ មិន​មែន​ពី​សណ្ឋាន​ក្នុង​ចិត្ត​នោះ​ទេ ដ្បិត​ទោះ​បើ​យើង​ខ្ញុំ​វង្វេង​ស្មារតី​ក្ដី នោះ​គឺ​វង្វេង​សំរាប់​ព្រះ​អង្គ ឬ​បើ​មាន​គំនិត​នឹង​ធឹង​ក្ដី ក៏​សំរាប់​អ្នក​រាល់​គ្នា​វិញ»។ (កូរិនថូស​ទី​២ ៥:១២, ១៣) ពួក​មនុស្ស​ក្រអឺត​នោះ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ឯកភាព​នៃ​ក្រុម​ជំនុំ និង​សុខភាព​ខាង​វិញ្ញាណ​នោះ​ទេ។ គេ​ចង់​អួត​ពី​អាការ​ក្រៅ ជា​ជាង​ជួយ​អ្នក​ជឿ​គ្នី​គ្នា​បង្កើត​ឲ្យ​មាន​ចិត្ត​ល្អ​នៅ​ចំពោះ​ព្រះ។ ដូច្នេះ ប៉ុល​បាន​កែ​ប្រដៅ​ក្រុម​ជំនុំ​នេះ ហើយ​ក្រោយ​មក​បាន​មាន​ប្រសាសន៍​ថា៖ «ឯ​អ្នក​ណា​ដែល​អួត នោះ​ត្រូវ​អួត​តែ​ក្នុង​ព្រះ​អម្ចាស់​ប៉ុណ្ណោះ»។—កូរិនថូស​ទី​២ ១០:១៧

៥ តើ​ប៉ុល​មិន​បាន​អួត​ដែរ​ទេ​ឬ​អ្វី? អ្នក​ខ្លះ​ប្រហែល​ជា​គិត​អីចឹង​មែន ដោយ​ព្រោះ​នូវ​អ្វី​ដែល​គាត់​បាន​មាន​ប្រសាសន៍​មក អំពី​ការ​ធ្វើ​ជា​សាវ័ក។ ប៉ុន្តែ​គាត់​បាន​អួត«សំរាប់​ព្រះ​អង្គ»។ គាត់​បាន​អួត​អំពី​ការ​តាំង​ឡើង​ជា​សាវ័ក​ម្នាក់ ដើម្បី​កុំ​ឲ្យ​ពួក​នៅ​ក្រុង​កូរិនថូស​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា។ ប៉ុល​បាន​ធ្វើ​នេះ ដើម្បី​នាំ​គេ​ឲ្យ​ត្រឡប់​មក​ព្រះ​វិញ ពី​ព្រោះ​ពួក​សាវ័ក​ក្លែង​ក្លាយ​កំពុង​តែ​បំបែរ​ពួក​គេ​ទៅ​ផ្លូវ​ខុស។ (កូរិនថូស​ទី​២ ១១:១៦​-​២១; ១២:១១, ១២, ១៩​-​២១; ១៣:១០) ប៉ុន្តែ ប៉ុល​មិន​បាន​ខំ​ប្រឹង​ជា​ញឹក​ញាប់ ដើម្បី​ឲ្យ​មនុស្ស​ឯ​ទៀត​ស្ងើច​នឹង​ការ​សម្រេច​របស់​គាត់​នោះ​ទេ។—សុភាសិត ២១:៤

តើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​បង្ខំ​អ្នក​ឬ​ទេ?

៦. តើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ត្រូវ​មាន​ឥទ្ធិពល​លើ​យើង​យ៉ាង​ដូច​ម្ដេច?

៦ ជា​សាវ័ក​ដ៏​ពិត​ម្នាក់ នោះ​ប៉ុល​បាន​បង្រៀន​អ្នក​ឯ​ទៀត អំពី​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ។ នេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ជីវិត​របស់​ប៉ុល ដ្បិត​គាត់​បាន​សរសេរ​ថា៖ «ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​បង្ខំ​យើង​ខ្ញុំ ដោយ​យើង​ខ្ញុំ​ពិចារណា​ឃើញ​ថា បើ​ម្នាក់​បាន​ស្លាប់​ជំនួស​អ្នក​ទាំង​អស់ នោះ​ទាំង​អស់​ឈ្មោះ​ថា​បាន​ស្លាប់​ហើយ ទ្រង់​ក៏​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះ​អង្គ ដែល​សុគត​ជំនួស​គេ ហើយ​បាន​រស់​ឡើង​នោះ​វិញ»។ (កូរិនថូស​ទី​២ ៥:១៤, ១៥) គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​មែន ដែល​ព្រះ​យេស៊ូ​បាន​សម្ដែង​ក្នុង​ការ​ឲ្យ​ជីវិត​ទ្រង់​សំរាប់​យើង​រាល់​គ្នា! ប្រាកដ​ហើយ នេះ​ត្រូវ​ជា​ឥទ្ធិពល​ដែល​បង្ខំ​ក្នុង​ជីវិត​របស់​យើង។ ការ​ដឹង​គុណ​ដល់​ព្រះ​យេស៊ូ ដែល​ទ្រង់​បាន​ប្រទាន​ជីវិត​សំរាប់​ប្រយោជន៍​ដល់​យើង ត្រូវ​ជំរុញ​យើង​ឲ្យ​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ អំពី​សេចក្ដី​សង្គ្រោះ ដែល​បាន​ផ្ដល់​មក​ដោយ​ព្រះ​យេហូវ៉ា​តាម​រយៈ​បុត្រា​ដ៏​ស្ងួន​ភ្ងា​របស់​ទ្រង់។ (យ៉ូហាន ៣:១៦; ប្រៀប​មើល ទំនុកដំកើង ៩៦:២) តើ«សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ»កំពុង​បង្ខំ​យើង ឲ្យ​ចូល​រួម​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ការ​ផ្សាយ​ព្រះ​រាជាណាចក្រ និង​ការ​ធ្វើ​ឲ្យ​មាន​សិស្ស​នេះ​ឬ​ទេ?—ម៉ាថាយ ២៨:១៩, ២០

៧. តើ​ការ«មិន​ស្គាល់​អ្នក​ណា​ខាង​ឯ​សាច់​ឈាម»មាន​ន័យ​យ៉ាង​ដូច​ម្ដេច?

៧ ដោយ​ប្រើ​ជីវិត​របស់​គេ​តាម​របៀប​ដែល​បង្ហាញ​នូវ​កតញ្ញូ​ធម៌ ចំពោះ​អ្វី​ដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​សំរាប់​គេ នោះ​ពួក​ចាក់​ប្រេង​តាំង‹មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះ​អង្គ›វិញ។ ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «បាន​ជា​ពី​នេះ​ទៅ​មុខ យើង​ខ្ញុំ​មិន​ស្គាល់​អ្នក​ណា​ខាង​ឯ​សាច់​ឈាម​ទៀត​ទេ តែ​បើ​យើង​ខ្ញុំ​បាន​ស្គាល់​ព្រះ​គ្រីស្ទ​ខាង​សាច់​ឈាម​ហើយ គង់​តែ​ឥឡូវ​នេះ​មិន​ស្គាល់​ទ្រង់​យ៉ាង​នោះ​ទៀត​ឡើយ»។ (កូរិនថូស​ទី​២ ៥:១៦) ពួក​គ្រីស្ទាន​មិន​ត្រូវ​ចាត់​ទុក​មនុស្ស​តាម​ផ្លូវ​ខាង​សាច់​ឈាម​នោះ​ទេ ប្រហែល​ដោយ​ចូល​ចិត្ត​ពួក​យូដា​ជាង​ពួក​សាសន៍​ឯ​ទៀត ឬ​ដោយ​ចូល​ចិត្ត​អ្នក​មាន​ជាង​ពួក​អ្នក​ក្រ។ ពួក​អ្នក​ចាក់​ប្រេង​តាំង«មិន​ស្គាល់​អ្នក​ណា​ខាង​ឯ​សាច់​ឈាម» ពី​ព្រោះ​អ្វី​ដែល​សំខាន់​នោះ គឺ​ទំនាក់​ទំនង​ខាង​វិញ្ញាណ​របស់​គេ​ជា​មួយ​នឹង​ពួក​អ្នក​ជឿ​គ្នី​គ្នា។ អស់​អ្នក​ដែល«បាន​ស្គាល់​ព្រះ​គ្រីស្ទ​ខាង​សាច់​ឈាម» មិន​គ្រាន់​តែ​ជា​ពួក​មនុស្ស​ដែល​បាន​ឃើញ​ព្រះ​យេស៊ូ​ផ្ទាល់ ពេល​ដែល​ទ្រង់​នៅ​លើ​ផែនដី​នេះ​ឡើយ។ ទោះ​ជា​អ្នក​ខ្លះ​ដែល​បានសង្ឃឹម​ទៅ​លើ​ព្រះ​មេស្ស៊ី នោះ​ធ្លាប់​ឃើញ​ព្រះ​គ្រីស្ទ​ជា​មនុស្ស ក៏​នឹង​លែង​ចាត់​ទុក​ទ្រង់​ជា​មនុស្ស​ទៀត​ឡើយ។ ទ្រង់​បាន​ប្រទាន​រូប​កាយ​ជា​តម្លៃ​លោះ ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ជា​វិញ្ញាណ​ដែល​ផ្ដល់​ឲ្យ​ជីវិត។ ពួក​អ្នក​ឯ​ទៀត​នឹង​បាន​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​ស្ថាន​សួគ៌ នឹង​លះ​ចោល​រូប​កាយ​របស់​គេ​ជា​មនុស្ស ដោយ​ឥត​ដែល​ឃើញ​ព្រះ​យេស៊ូ​គ្រីស្ទ​ខាង​សាច់​ឈាម​ផង។—កូរិនថូស​ទី​១ ១៥:៤៥, ៥០; កូរិនថូស​ទី​២ ៥:១​-​៥

៨. តើ​តាម​របៀប​ណា​ដែល​បុគ្គល​ខ្លះ​បាន​ទៅ​ជា«នៅ​ក្នុង​ព្រះ​គ្រីស្ទ»?

៨ ដោយ​សំដៅ​ទៅ​ពួក​ចាក់​ប្រេង​តាំង​នៅ​ឡើយ នោះ​ប៉ុល​និយាយ​បន្ថែម​ថា៖ «បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ​គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្ដី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ»។ (កូរិនថូស​ទី​២ ៥:១៧) ដើម្បី​ឲ្យ​បាន«នៅ​ក្នុង​ព្រះ​គ្រីស្ទ» មាន​ន័យ​ថា​ឲ្យ​បាន​រួម​មក​តែ​មួយ​ជា​មួយ​នឹង​ទ្រង់។ (យ៉ូហាន ១៧:២១) ទំនាក់​ទំនង​នេះ​បាន​មាន​ឡើង​ចំពោះ​ម្នាក់​នោះ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ទាញ​ចិត្ត​គាត់​ទៅ​ឯ​បុត្រា​របស់​ទ្រង់ ហើយ​នាំ​មក​បុគ្គល​នោះ​ដោយ​ប្រើ​វិញ្ញាណ​បរិសុទ្ធ។ ជា​កូន​របស់​ព្រះ​ដែល​បាន​នាំ​មក​ដោយ​វិញ្ញាណ​បរិសុទ្ធ នោះ​គាត់​ជា«ការ​បង្កើត​ថ្មី» ដែល​មាន​ការ​ទន្ទឹង​រង់​ចាំ​ចូល​រួម​ជា​មួយ​ព្រះ​គ្រីស្ទ​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។ (យ៉ូហាន ៣:៣​-​៨; ៦:៤៤; កាឡាទី ៤:៦, ៧) ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទាំង​នេះ បាន​ត្រូវ​ប្រទាន​ឲ្យ​នូវ​ឯកសិទ្ធិ​ជា​កិច្ច​បំរើ​ដ៏​អស្ចារ្យ។

«ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ»

៩. តើ​ព្រះ​ទ្រង់​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​មាន​ការ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ទ្រង់​នោះ?

៩ ព្រះ​យេហូវ៉ា​បាន​មាន​ព្រះ​ទ័យ​យល់​ព្រម​នឹង«ការ​បង្កើត​ថ្មី»នេះ​ម្ល៉េះ​ហ្ន៎! ប៉ុល​មាន​ប្រសាសន៍​ថា៖ «គ្រប់​ទាំង​អស់​ក៏​មក​ពី​ព្រះ ដែល​ទ្រង់​បាន​ផ្សះ​ផ្សា​យើង​នឹង​ព្រះ​អង្គ​ទ្រង់ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​បាន​ប្រទាន​ការងារ​ផ្សះ​ផ្សា​នោះ មក​យើង​ខ្ញុំ​ដែរ គឺ​ពី​ដំណើរ​ដែល​ព្រះ​ទ្រង់​គង់​ក្នុង​ព្រះ​គ្រីស្ទ កំពុង​ផ្សះ​ផ្សា​លោកីយ​នឹង​ព្រះ​អង្គ​ទ្រង់ ឥត​ប្រកាន់​ទោស​គេ​ទៀត ហើយ​ទ្រង់​បាន​ប្រគល់​ព្រះ​បន្ទូល ពី​ការ​ផ្សះ​ផ្សា​នោះ​មក​យើង​ខ្ញុំ»។ (កូរិនថូស​ទី​២ ៥:១៨, ១៩) មនុស្ស​លោក​បាន​ត្រូវ​ដាច់​ចេញ​ពី​ព្រះ តាំង​ពី​អ័ដាម​បាន​ប្រព្រឹត្ត​អំពើ​បាប​មក​ម្ល៉េះ។ ប៉ុន្តែ ដោយ​ព្រះ​ទ័យ​ស្រឡាញ់ នោះ​ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ក្នុង​ការ​បើក​ផ្លូវ​សំរាប់​ការ​ផ្សះ​ផ្សា តាម​រយៈ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ។—រ៉ូម ៥:៦​-​១២

១០. តើ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​អ្នក​ណា​គេ​នូវ​កិច្ច​បំរើ​នៃ​ការ​ផ្សះ​ផ្សា ហើយ​តើ​គេ​បាន​ធ្វើ​អ្វី​ក្នុង​ការ​ប្រព្រឹត្ត​តាម​នោះ?

១០ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​កិច្ច​ការ​ខាង​ការ​ផ្សះ​ផ្សា ដល់​ពួក​អ្នក​ចាក់​ប្រេង​តាំង ដូច្នេះ ប៉ុល​អាច​និយាយ​ថា៖ «ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​ដំ​ណាង​ព្រះ​គ្រីស្ទ ហាក់​ដូច​ជា​ព្រះ​ទ្រង់​អង្វរ​ដោយ​សារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះ​គ្រីស្ទ​ថា ‹ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ› »។ (កូរិនថូស​ទី​២ ៥:២០) ពី​បុរាណ រាជទូត​បាន​ត្រូវ​បញ្ជូន​ទៅ ក្នុង​កាល​មាន​ប្រទូស​ភាព ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​កើត​មាន​សង្គ្រាម។ (លូកា ១៤:៣១, ៣២) ដោយ​ព្រោះ​លោកីយ៍​នេះ​ដែល​មាន​បាប​បាន​ត្រូវ​ដាច់​ចេញ​ពី​ព្រះ នោះ​ទ្រង់​បាន​ចាត់​រាជទូត​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង​របស់​ទ្រង់ ដើម្បី​ឲ្យ​ប្រាប់​មនុស្ស​អំពី​ល័ក្ខខ័ណ្ឌ​សំរាប់​ការ​ផ្សះ​ផ្សា​នេះ។ ជា​រាជទូត​តំណាង​ព្រះ​គ្រីស្ទ នោះ​ពួក​អ្នក​ចាក់​ប្រេង​តាំង​អង្វរ​ថា៖ «ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ»។ សេចក្ដី​អង្វរ​នេះ​ជា​ការ​ដាស់​តឿន​ដ៏​មេត្ដា​ករុណា ឲ្យ​ស្វែង​រក​មេត្រី​ភាព​ជា​មួយ​នឹង​ព្រះ ហើយ​ទទួល​យក​សេចក្ដី​សង្គ្រោះ​ដែល​ទ្រង់​បាន​ប្រទាន​មក តាម​រយៈ​ព្រះ​គ្រីស្ទ។

១១. ដោយ​មាន​ជំនឿ​លើ​តម្លៃ​លោះ តើ​អ្នក​ណា​នឹង​បាន​ឋានៈ​សុចរិត​ចំពោះ​ព្រះ​ជា​ផ្ដាច់​ព្រាត់​នោះ?

១១ មនុស្ស​គ្រប់​គ្នា​ដែល​អនុវត្ត​ជំនឿ​លើ​តម្លៃ​លោះ អាច​បាន​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ។ (យ៉ូហាន ៣:៣៦) ប៉ុល​មាន​ប្រសាសន៍​ថា៖ «ដ្បិត​ឯ​ព្រះ​អង្គ[ព្រះ​យេស៊ូ] ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ព្រះ​ទ្រង់[ព្រះ​យេហូវ៉ា]បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះ​អង្គ​នោះ​ឯង»។ (កូរិនថូស​ទី​២ ៥:២១) បុរស​ដ៏​ល្អ​គ្រប់ល័ក្ខណ៍ គឺ​ព្រះ​យេស៊ូ ជា​តង្វាយ​លោះ​បាប​សំរាប់​កូន​ចៅ​អ័ដាម​ទាំង​អស់ ដែល​បាន​រំដោះ​ពី​សេចក្ដី​បាប​ដែល​មាន​ពី​កំណើត​នោះ។ ពួក​គេ​ក្លាយ​ទៅ​ជា«សេចក្ដី​សុចរិត​របស់​ព្រះ»តាម​រយៈ​ព្រះ​យេស៊ូ។ សេចក្ដី​សុចរិត​នេះ ឬ​ឋានៈ​សុចរិត​ចំពោះ​ព្រះ គឺ​ប្រគល់​ឲ្យ​ជា​មុន​សិន​ដល់​ពួក​គ្រង​មរតក​របស់​ព្រះ​គ្រីស្ទ ដែល​មាន​ចំនួន​១៤៤.០០០​នាក់។ ក្នុង​កំឡុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ទ្រង់ នោះ​ឋានៈ​សុចរិត​ជា​មនុស្ស​គ្រប់ល័ក្ខណ៍ នឹង​មាន​សំរាប់​ពួក​កូន​នៅ​លើ​ផែនដី ដែល​ជា​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ដ៏​ជា​ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប។ ទ្រង់​នឹង​លើក​ពួក​គេ​ឲ្យ​មាន​ឋានៈ​សុចរិត​ដ៏​ល្អ​គ្រប់ល័ក្ខណ៍ ដើម្បី​ឲ្យ​គេ​អាច​បង្ហាញ​នូវ​ចិត្ត​ស្មោះ​ត្រង់​ដល់​ព្រះ ហើយ​និង​ទទួល​អំណោយ​ជា​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច។—អេសាយ ៩:៦; វិវរណៈ ១៤:១; ២០:៤​-​៦, ១១​-​១៥

«វេលា​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់»

១២. តើ​កិច្ច​ការ​សំខាន់​អ្វី​ដែល​កំពុង​តែ​សម្រេច ដោយ​រាជទូត​និង​អ្នក​នាំ​សារ​របស់​ព្រះ​យេហូវ៉ា​នោះ?

១២ ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ នោះ​យើង​ត្រូវ​តែ​ប្រព្រឹត្ត​ឲ្យស្រប​តាម​ពាក្យ​សំដី​របស់​ប៉ុល ដែល​ថា៖ «ហើយ​ដែល​យើង​ខ្ញុំ​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ [ព្រះ​យេហូវ៉ា] បាន​ជា​យើង​ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ទទួល​ព្រះ​គុណ​របស់​ព្រះ ដោយ​បែប​ឥត​ប្រយោជន៍​ឡើយ។ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា៖ ‹នៅ​វេលា​ដែល​គាប់​ចិត្ត​ដល់​អញ នោះ​អញ​បាន​ស្ដាប់​ឯង ហើយ​ក្នុង​ថ្ងៃ​សង្គ្រោះ នោះ​អញ​បាន​ជួយ​ឯង›។ មើល! ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់ មើល! ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ»។ (កូរិនថូស​ទី​២ ៦:១, ២) រាជទូត​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា និង​អ្នក​នាំ​សារ​របស់​ទ្រង់ គឺ«ចៀម​ឯ​ទៀត» ក៏​មិន​មែន​ទទួល​នូវ​ព្រះ​គុណ​ដែល​មិន​សម​ទទួល​របស់​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌ ហើយ​មិន​យល់​នឹង​គោល​បំណង​នោះ​ឡើយ។ (យ៉ូហាន ១០:១៦) ដោយ​ចរិយា​ដ៏​ទៀង​ត្រង់​និង​កិច្ច​បំរើ​ផ្សាយ​ដ៏​ខ្នះ​ខ្នែង​របស់​គេ​ក្នុង«វេលា[នេះ]ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់» នោះ​គេ​ស្វែង​រក​ព្រះ​គុណ​របស់​ព្រះ ហើយ​កំពុង​តែ​ប្រាប់​មនុស្ស​លោក ថា​នេះ​ជា«ថ្ងៃ​សង្គ្រោះ​ហើយ»។

១៣. តើ​អេសាយ ៤៩:៨ មាន​សារៈ​សំខាន់​យ៉ាង​ណា ហើយ​តើ​ទំនាយ​នេះ​បាន​ត្រូវ​សម្រេច​ជា​ដំបូង​យ៉ាង​ដូច​ម្ដេច?

១៣ ប៉ុល​បាន​ដក​ស្រង់​ពាក្យ​ពី​អេសាយ ៤៩:៨ ដែល​អាន​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ‹ដល់​វេលា​ដែល​គាប់​ចិត្ត​អញ នោះ​អញ​បាន​ឆ្លើយ​ដល់​ឯង ហើយ​នៅ​ថ្ងៃ​សំរាប់​សង្គ្រោះ នោះ​អញ​បាន​ជួយ​ឯង អញ​នឹង​ទំនុក​បំរុង​ឯង ហើយ​តាំង​ឯង​ឡើង​ទុក​ជា​សេចក្ដី​សញ្ញា​ដល់​បណ្ដា​ជន ប្រយោជន៍​នឹង​រៀបចំ​ផែនដី​ឡើង ឲ្យ​គេ​បាន​គ្រង​ទី ដែល​ចោល​ស្ងាត់ ទុក​ជា​មរដក› »។ ទំនាយ​នេះ​បាន​ត្រូវ​សម្រេច​មុន​ដំបូង នៅ​ពេល​ដែល​បណ្ដា​រាស្ត្រ​ជាតិ​អ៊ីស្រាអែល​បាន​រួច​ចេញ​ពី​សេវកភាព​ក្នុង​ស្រុក​បាប៊ីឡូន ហើយ​ក្រោយ​មក បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​ដ៏​សោះ​កក្រោះ​របស់​គេ។—អេសាយ ៤៩:៣, ៩

១៤. តើ​តាម​របៀប​ណា​ដែល​អេសាយ ៤៩:៨ បាន​សម្រេច​ក្នុង​ករណី​របស់​ព្រះ​យេស៊ូ?

១៤ ក្នុង​ការ​សម្រេច​ថែម​ទៀត​នូវ​ទំនាយ​របស់​អេសាយ នោះ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ«អ្នក​បំរើ»របស់​ទ្រង់ ដែល​ជា​ព្រះ​យេស៊ូ ឲ្យ​ធ្វើ​ជា«ពន្លឺ​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​អញ រហូត​ដល់​ចុង​ផែនដី​បំផុត»។ (អេសាយ ៤៩:៦, ៨; ប្រៀប​មើល អេសាយ ៤២:១​-​៤, ៦, ៧; ម៉ាថាយ ១២:១៨​-​២១) «វេលា​ដែល​គាប់​ចិត្ត» ឬ​ក៏«វេលា​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់» តាម​ប្រមើល​ទៅ​សំដៅ​ទៅ​ព្រះ​យេស៊ូ កាល​ដែល​ទ្រង់​គង់​នៅ​លើ​ផែនដី​នៅ​ឡើយ។ ទ្រង់​បាន​អធិស្ឋាន ហើយ​ព្រះ«បាន​ឆ្លើយ»ដល់​ទ្រង់។ នោះ​បាន​សម្ដែង​ទៅ​ជា«ថ្ងៃ​សង្គ្រោះ»មែន ដោយ​ព្រោះ​ទ្រង់​បាន​រក្សា​នូវ​ភាព​ស្មោះ​គ្រប់​លក្ខណ៍​យ៉ាង​ពេញ​លេញ ហើយ​ក៏«បាន​ត្រឡប់​ជា​មេ​បង្កើត នៃ​សេចក្ដី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច ដល់​អស់​អ្នក​ណា​ដែល​ស្ដាប់​បង្គាប់​ទ្រង់»។—ហេព្រើរ ៥:៧, ៩; យ៉ូហាន ១២:២៧, ២៨

១៥. តាំង​ពី​ពេល​ណា​មក ដែល​ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណ​ត្រូវ​តែ​សម្ដែង​ថា គេ​សម​បាន​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​របស់​ព្រះ ហើយ​ដោយ​មាន​គោល​បំណង​អ្វី?

១៥ ប៉ុល​បាន​អនុវត្ត​អេសាយ ៤៩:៨ ដល់​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ដោយ​អង្វរ​ពួក​គេ‹កុំ​ឲ្យ​យល់​ខុស​នូវ​បំណង​របស់​ព្រះ​គុណ​ដែល​មិន​សម​ទទួល› ដោយ​ខាន​ស្វះ​ស្វែង​នឹង​គាប់​ចិត្ត​ទ្រង់ ក្នុង​កំឡុង«វេលា​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់» ហើយ​ក្នុង​កំឡុង«ថ្ងៃ​សង្គ្រោះ»ដែល​ទ្រង់​ប្រទាន​មក។ ប៉ុល​និយាយ​ថែម​ថា៖ «មើល! ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់ មើល! ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ»។ (កូរិនថូស​ទី​២ ៦:២) តាំង​ពី​បុណ្យ​ភិន្ដាកុស​នៅ​ឆ្នាំ​៣៣ ស.យ. នោះ​ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណ​បាន​ត្រូវ​សម្ដែង​ថា គេ​គួរ​នឹង​ទទួល​ព្រះ​គុណ​ដែល​មិន​សម​ទទួល ដើម្បី​ឲ្យ«វេលា​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់» នឹង​ធ្វើ​ជា«ថ្ងៃ​សង្គ្រោះ»ចំពោះ​ពួក​គេ។

‹ការ​ផ្ទុក​ផ្ដាក់​ខ្លួន ទុក​ដូច​ជា​អ្នក​បំរើ​ព្រះ›

១៦. តើ​ប៉ុល​បាន​ផ្ទុក​ផ្ដាក់​ខ្លួន​ជា​អ្នក​បំរើ​របស់​ព្រះ​ក្នុង​កាលៈទេសៈ​យ៉ាង​ណា?

១៦ ពួក​បុរស​ខ្លះ​ដែល​បាន​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស មិន​បាន​សម្ដែង​ឲ្យ​ឃើញ​ថា​គួរ​ទទួល​ព្រះ​គុណ​ដែល​មិន​សម​ទទួល។ ពួក​គេ​បាន​និយាយ​បង្ខូច​ប៉ុល ក្នុង​ការ​ខំ​ប្រឹង​ដើម្បី​បំផ្លាញ​អំណាច​ជា​សាវ័ក​របស់​គាត់ ទោះ​ជា​គាត់​បាន​ជៀស​វាង​ពី​ការ«បង្អាក់​បង្អន់​ចិត្ត​ដល់​អ្នក​ណា​ក្នុង​កិច្ច​ការ​អ្វី»ក្ដី។ គាត់​ប្រាកដ​ជា​បាន​ផ្ទុក​ផ្ដាក់​ខ្លួន​ជា​អ្នក​បំរើ​របស់​ព្រះ «គឺ​ក្នុង​ការ​ទ្រាំ​ទ្រ​ជា​ច្រើន ក្នុង​ការ​ទុក្ខ​លំបាក ការ​ខ្វះ​ខាត ការ​ចង្អៀត​ចង្អល់ កាល​គេ​វាយ ដាក់​គុក កើត​វឹកវរ ក្នុង​ការ​នឿយ​ហត់ ចាំ​យាម តម​អត់»។ (កូរិនថូស​ទី​២ ៦:៣​-​៥) ក្រោយ​មក ប៉ុល​បាន​វែក​ញែក​ថា ប្រសិន​បើ​ពួក​ជំទាស់​គាត់​ជា​អ្នក​បំរើ​ព្រះ នោះ​គាត់«លើស​ជាង​គេ​ទៅ​ទៀត» ពី​ព្រោះ​គាត់​បាន​ត្រូវ​ជាប់​គុក គេ​វាយ មាន​គ្រោះ​ថ្នាក់ និង​ការ​ខ្វះ​ខាត​ច្រើន​ជាង​គេ។—កូរិនថូស​ទី​២ ១១:២៣​-​២៧

១៧. (ក) ដោយ​សម្ដែង​គុណសម្បត្ដិ​ណា​ខ្លះ ដែល​យើង​អាច​ផ្ទុក​ផ្ដាក់​ខ្លួន​ជា​អ្នក​បំរើ​របស់​ព្រះ​នោះ? (ខ) តើ«សស្ដ្រាវុធ​សុចរិត»ជា​អ្វី​ខ្លះ?

១៧ ដូច​ប៉ុល​និង​ពួក​គូកន​របស់​គាត់ យើង​ក៏​អាច​ផ្ទុក​ផ្ដាក់​ខ្លួន​យើង​ជា​អ្នក​បំរើ​របស់​ព្រះ​ដែរ។ តើ​តាម​របៀប​ណា? «ដោយ​ចិត្ត​ស្អាត» ឬ​ក៏​ភាព​បរិសុទ្ធ ហើយ​ដោយ​ប្រព្រឹត្ត​តាម​ចំណេះ​ត្រឹម​ត្រូវ​ក្នុង​ព្រះ​គម្ពីរ។ យើង​ក៏​អាច​ផ្ទុក​ផ្ដាក់​ខ្លួន«ដោយ​អត់​ធ្មត់» ដោយ​ស៊ូ​ទ្រាំ​យ៉ាង​អត់​ធ្មត់​នឹង​ការ​ដែល​គេ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​នឹង​យើង ឬ​ការ​រក​រឿង ព្រម​ទាំង«ដោយ​សប្បុរស» កាល​ដែល​យើង​ធ្វើ​កិច្ច​ការ​ដ៏​មាន​ប្រយោជន៍​សំរាប់​អ្នក​ឯ​ទៀត។ ម្យ៉ាង​វិញ​ទៀត យើង​អាច​ផ្ទុក​ផ្ដាក់​ខ្លួន​យើង​ជា​អ្នក​បំរើ​របស់​ព្រះ ដោយ​ទទួល​យក​ការ​ណែនាំ​ពី​វិញ្ញាណ​របស់​ទ្រង់ ដោយ​សម្ដែង«សេចក្ដី​ស្រឡាញ់​ស្មោះ​ត្រង់» គឺ​និយាយ​ស្មោះ​ត្រង់ ហើយ​ទុក​ចិត្ត​លើ​ទ្រង់​ឲ្យ​ប្រទាន​កម្លាំង ដើម្បី​សម្រេច​កិច្ច​បំរើ​ផ្សាយ​របស់​យើង។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ ប៉ុល​ក៏​បាន​សម្ដែង​នូវ​ឋានៈ​ជា​អ្នក​បំរើ «ដោយ​កាន់​គ្រឿង​សស្ដ្រាវុធ​សុចរិត ទាំង​ស្ដាំ​ទាំង​ឆ្វេង»។ ក្នុង​ចំបាំង​ពី​បុរាណ ដៃ​ស្ដាំ​ធម្មតា​គឺ​សំរាប់​កាន់​ដាវ កាល​ដែល​ដៃ​ឆ្វេង​កាន់​ខែល។ ក្នុង​ការ​ធ្វើ​សង្គ្រាម​ខាង​វិញ្ញាណ​ជំទាស់​នឹង​ពួក​គ្រូ​ក្លែង​ក្លាយ នោះ​ប៉ុល​មិន​បាន​ប្រើ​សាស្ដ្រាវុធ​ខាង​សាច់​ឈាម​ដែល​មាន​បាប​នោះ​ទេ មិន​ដោយ​ប្រើ​ភាព​វៀច​វេរ ការ​បំភាន់ និង​ការ​ឆបោក​ផង។ (កូរិនថូស​ទី​២ ៦:៦, ៧; ១១:១២​-​១៤; សុភាសិត ៣:៣២) គាត់​បាន​ប្រើ«សស្ដ្រាវុធ»ឬ​ក៏​មធ្យោបាយ​សុចរិត សំរាប់​ធ្វើ​ឲ្យ​មាន​ការ​ចំរើន​នៃ​ការ​ថ្វាយ​បង្គំ​ពិត។ ហើយ​យើង​ក៏​ត្រូវ​តែ​ធ្វើ​អីចឹង​ដែរ។

១៨. ប្រសិន​បើ​យើង​ជា​អ្នក​បំរើ​របស់​ព្រះ តើ​យើង​នឹង​កាន់​គំនិត​មារយាទ​យ៉ាង​ដូច​ម្ដេច?

១៨ ប្រសិន​បើ​យើង​ជា​អ្នក​បំរើ​របស់​ព្រះ នោះ​យើង​នឹង​មាន​គំនិត​មារយាទ​ដូច​ប៉ុល និង​ពួក​គូកន​របស់​គាត់​ដែរ។ យើង​នឹង​ប្រព្រឹត្ត​ដូច​គ្រីស្ទាន ទោះ​ជា​បាន​ត្រូវ​គេ​គោរព​ឬ​គេ​មិន​គោរព​ក៏​ដោយ។ របាយការណ៍​មិន​ល្អ​អំពី​យើង នឹង​មិន​បញ្ឈប់​យើង​ពី​កិច្ច​ការ​ផ្សាយ​ឡើយ ហើយ​យើង​ក៏​មិន​ទៅ​ជា​ក្រអឺត​ដែរ ប្រសិន​បើ​មាន​របាយការណ៍​ដ៏​ល្អ​នោះ។ យើង​នឹង​និយាយ​សេចក្ដី​ពិត ហើយ​ប្រហែល​ជា​នឹង​បាន​គេ​ទទួល​ស្គាល់​យើង ដោយ​កិច្ច​ការ​របស់​ព្រះ​នេះ។ នៅ​ពេល​ដែល​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ពី​ការ​វាយលុក​របស់​ពួក​សត្រូវ នោះ​យើង​នឹង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។ ហើយ​យើង​នឹង​ទទួល​ការ​ប្រដៅ​ទូន្មាន​ដោយ​កតញ្ញូ​ធម៌។—កូរិនថូស​ទី​២ ៦:៨, ៩

១៩. តើ‹ការ​ធ្វើ​ឲ្យ​មាន​ជា​ច្រើន›ខាង​វិញ្ញាណ​អាច​ធ្វើ​ឡើង យ៉ាង​ដូច​ម្ដេច​បាន?

១៩ ក្នុង​ការ​បញ្ចប់​ការ​ពិគ្រោះ​របស់​គាត់​អំពី​កិច្ច​បំរើ ជា​ការ​ផ្សះ​ផ្សា នោះ​ប៉ុល​បាន​និយាយ​អំពី​ខ្លួន​គាត់​និង​ពួក​គូកន «ដូច​ជា​មាន​សេចក្ដី​ព្រួយ តែ​ចេះ​តែ​បាន​សប្បាយ​វិញ ដូច​ជា​ទ័ល​ក្រ តែ​កំពុង​តែ​ចំរើន​ដល់​មនុស្ស​ជា​ច្រើន ដូច​ជា​គ្មាន​អ្វី​សោះ តែ​មាន​គ្រប់​ទាំង​អស់​វិញ»។ (កូរិនថូស​ទី​២ ៦:១០) កាល​ដែល​ពួក​អ្នក​បំរើ​ព្រះ​ទាំង​នោះ​មាន​មូលហេតុ សោក​ស្ដាយ​ដោយ​ទុក្ខ​លំបាក​របស់​គេ តែ​គេ​មាន​សេចក្ដី​អរ​ក្នុង​ចិត្ត។ ពួក​គេ​ទ័ល​ក្រខាង​វត្ថុ ប៉ុន្តែ​ពួក​គេ‹បាន​ចំរើន​ដល់​មនុស្ស​ជា​ច្រើន›ខាង​វិញ្ញាណ។ តាម​ការ​ពិត ពួក​គេ«មាន​គ្រប់​ទាំង​អស់» ពី​ព្រោះ​ជំនឿ​របស់​គេ​បាន​នាំ​គេ​មាន​ច្រើន​ខាង​វិញ្ញាណ ព្រម​ទាំង​ការ​ទន្ទឹង​ចាំ​ឲ្យ​បាន​ជា​កូន​របស់​ព្រះ​នៅ​ស្ថាន​សួគ៌​ផង។ ហើយ​ជា​អ្នក​បំរើ​គ្រីស្ទាន នោះ​គេ​មាន​ជីវិត​ដែល​ប្រកប​ដោយ​សុភមង្គល​យ៉ាង​វិសេស។ (កិច្ច​ការ ២០:៣៥) ដូច​ពួក​គេ​ដែរ នោះ​យើង​ក៏​អាច‹ចំរើន​ដល់​មនុស្ស​ជា​ច្រើន› ដោយ​ចូល​រួម​ក្នុង​កិច្ច​ការ​បំរើ​ខាង​ការ​ផ្សះ​ផ្សា​នៅ​ពេល​ឥឡូវ​នេះ ក្នុង​ថ្ងៃ​សង្គ្រោះ!

ទុក​ចិត្ត​លើ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ​យេហូវ៉ា

២០. (ក) តើ​អ្វី​ជា​ចិត្ត​ដ៏​ខ្នះ​ខ្នែង​របស់​ប៉ុល ហើយ​ហេតុ​អ្វី​ក៏​មិន​ត្រូវ​ពន្យារ​ពេល​នោះ? (ខ) តើ​អ្វី​ដែល​សម្គាល់​ថ្ងៃ​សង្គ្រោះ ដែល​យើង​កំពុង​តែ​រស់​នៅ​សព្វ​ថ្ងៃ​នេះ?

២០ នៅ​ពេល​ដែល​ប៉ុល​បាន​សរសេរ​សំបុត្រ​ទី​ពីរ​របស់​គាត់ ទៅ​ពួក​នៅ​ក្រុង​កូរិនថូស​ប្រហែល​នៅ​ឆ្នាំ​៥៥ ស.យ. នោះ​របប​លោកីយ៍​យូដា​នៅ​សល់​តែ​ប្រមាណ​១៥​ឆ្នាំ​ទៀត​ទេ។ សាវ័ក​ប៉ុល​ចង់​ឲ្យ​ពួក​យូដា​និង​ពួក​សាសន៍​ឯ​ទៀត ឲ្យ​បាន​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ តាម​រយៈ​ព្រះ​គ្រីស្ទ។ នោះ​ហើយ​ជា​ថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ ហើយ​គឺ​មិន​ត្រូវ​ពន្យារ​ពេល​នោះ​ឡើយ។ បើ​អីចឹង យើង​ក៏​បាន​មក​ដល់​ក្នុង​គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍ ដែល​មាន​សភាព​ស្មើ​គ្នា​នេះ​តាំង​ពី​ឆ្នាំ​១៩១៤​មក​ម្ល៉េះ​ដែរ។ កិច្ច​ការ​ផ្សាយ​ដំណឹង​ល្អ​ទូទាំង​ពិភព​លោក ដែល​កំពុង​តែ​មាន​ឡើង​ឥឡូវ​នេះ នោះ​សម្គាល់​ថា​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ។

២១. (ក) តើ​បទ​គម្ពីរ​ដែល​បាន​ជ្រើស​រើស​សំរាប់​ឆ្នាំ​១៩៩៩​ជា​អ្វី? (ខ) តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ក្នុង​កំឡុង​ថ្ងៃ​សង្គ្រោះ​នេះ?

២១ មនុស្ស​ពី​គ្រប់​សាសន៍​ត្រូវ​តែ​ឮ​អំពី​សំ​វិធានការ​របស់​ព្រះ​ចំពោះ​សេចក្ដី​សង្គ្រោះ តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ។ គឺ​មិន​ត្រូវ​ពន្យារ​ពេល​នោះ​ទេ។ ប៉ុល​បាន​សរសេរ​ថា៖ «មើល! ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ»។ ពាក្យ​ទាំង​នេះ​ដែល​ស្រង់​ចេញ​ពី​កូរិនថូស​ទី​២ ៦:២ នឹង​ជា​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សំរាប់​ឆ្នាំ​១៩៩៩។ នេះ​គឺ​សម​ហេតុ​ផល​មែន ដ្បិត​យើង​នឹង​ប្រឈម​មុខ​នូវ​អ្វី​មួយ ដែល​អាក្រក់​ជាង​សេចក្ដី​បំផ្លាញ​នៃ​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ​នៅ​ទី​នោះ​ទៅ​ទៀត! នៅ​ខាង​មុខ​យើង​នេះ គឺ​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ​ទាំង​មូល ដែល​ទាក់​ទង​មនុស្ស​គ្រប់​គ្នា​នៅ​លើ​ផែនដី។ ឥឡូវ​នេះ មិន​មែន​ស្អែក​ទេ គឺ​ជា​វេលា​ដែល​ត្រូវ​ចាត់​វិធានការ​នោះ។ ប្រសិន​បើ​យើង​ថា សេចក្ដី​សង្គ្រោះ​គឺ​ពឹង​លើ​ព្រះ​យេហូវ៉ា ហើយ​ប្រសិន​បើ​យើង​ស្រឡាញ់​ទ្រង់ ហើយ​បើ​ចាត់​ជីវិត​ដ៏​អនន្ត​ជា​អ្វី​ដ៏​សំខាន់​បំផុត នោះ​យើង​នឹង​មិន​ត្រូវ​បំភ្លេច​គោល​បំណង​នៃ​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​ទេ។ ដោយ​មាន​ចិត្ត​ចង់​ដ៏​ស្មោះ​ក្នុង​ការ​ឲ្យ​កិត្ដិនាម​ដល់​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​បង្ហាញ​តាម​ពាក្យ​សំដី​និង​ការ​ប្រព្រឹត្ត ថា​យើង​ពិត​ជា​និយាយ​ម៉ាត់​ណា​ម៉ាត់​នឹង​មែន នៅ​ពេល​ដែល​យើង​ស្រែក​អបអរសាទរ​ថា៖ «មើល! ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ»។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ ហេតុ​អ្វី​ក៏​ការ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ​ជា​អ្វី​ដ៏​សំខាន់​ម្ល៉េះ?

◻ តើ​អ្នក​ណា​ជា​ពួក​រាជទូត​និង​ពួក​អ្នក​នាំ​សារ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សះ​ផ្សា​នេះ?

◻ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ផ្ទុក​ផ្ដាក់​ខ្លួន​យើង​ជា​អ្នក​បំរើ​របស់​ព្រះ​នោះ?

◻ តើ​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​១៩៩៩​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក?

[រូប​ភាព​នៅ​ទំព័រ​៣១]

ដូច​ប៉ុល​ដែរ តើ​កំពុង​តែ​ផ្សាយ​ដ៏​ខ្នះ​ខ្នែង ហើយ​កំពុង​ជួយ​ពួក​អ្នក​ឯ​ទៀត ឲ្យ​បាន​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ​ឬ​ទេ?

សហរដ្ឋ​អាមេរិក

ប្រទេស​បារាំង

ប្រទេស​កូថឌីវ័រ

[រូប​ភាព​នៅ​ទំព័រ​៣២]

ក្នុង​កំឡុង​ថ្ងៃ​សង្គ្រោះ​នេះ តើ​អ្នក​នៅ​ក្នុង​ចំណោម​ពួក​បណ្ដា​ជន ដែល​បាន​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឬ​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក