ជំនួយដ៏ពិតសំរាប់ក្រុមគ្រួសារ
«ជាការត្រឹមត្រូវ ក្នុងការនិយាយថា ប្រទេសអាមេរិកមានវិបត្ដិភ័យក្នុងក្រុមគ្រួសារ។នេះជាសេចក្ដីសន្និដ្ឋានតែមួយគត់ដែលអាចត្រូវសន្និដ្ឋានពីចំនួននៃការលែងលះគ្នា ស្ថិតិលេខនៃការកើតកូនពីឪពុកម្ដាយដែលឥតរៀបការត្រឹមត្រូវតាមច្បាប់ [និង]ករណីនៃការធ្វើបាបដល់យុវជននិងគូអាពាហ៍ពិពាហ៍»។
ពាក្យទាំងនេះរបស់ ប្រូករ ដែលជាអ្នកផ្សាយពត៌មានតាមទូរទស្សន៍នៅសហរដ្ឋអាមេរិក ក៏អាចសំដៅទៅលើប្រទេសភាគច្រើនដែរ។ តើវិបត្ដិភ័យនេះមានន័យយ៉ាងណា?
តាមរបៀបជាច្រើន ក្រុមគ្រួសារជាសមាសភាពជាមូលដ្ឋាននៃសង្គម។ ប្រសិនបើគ្រួសារមានបញ្ហា នោះសង្គមក៏មានបញ្ហាដែរ។ ម្យ៉ាងវិញទៀត គ្រួសារជាប្រភពនៃការគាំទ្រកូនក្មេងខាងចិត្តនិងខាងលុយកាក់។ នេះជាកន្លែងដែលគេរៀនជាលើកដំបូង អំពីមេរៀនដ៏សំខាន់បំផុតនៃជីវិត។ តើកូនក្មេងកំពុងតែរៀនអ្វីទៅ ប្រសិនបើគ្រួសារមានបញ្ហានោះ? តើដំណើរគ្មានភ័យអន្តរាយរបស់គេនៅឯណា? តើគេនឹងធំឡើងទៅជាបុគ្គលបែបណា?
តើមានជំនួយឯណាសំរាប់គ្រួសារក្នុងគ្រានៃវិបត្ដិភ័យនេះឬទេ? ត្រូវហើយ គឺមាន។ គ្រួសារជាគ្រឹះដែលព្រះបានស្ថាបនាផ្ទាល់។ (លោកុប្បត្តិ ១:២៧, ២៨) ហើយទ្រង់បានប្រទានឲ្យនូវការណែនាំដ៏សំខាន់ចាំបាច់ក្នុងបន្ទូលរបស់ទ្រង់ គឺព្រះគម្ពីរ។ (កូល៉ុស ៣:១៨-២១) ពិតមែន យើងមិនអាចផ្លាស់ប្ដូរសង្គមមនុស្សទាំងមូលនោះទេ ប៉ុន្តែយើងអាចអនុវត្តឱវាទរបស់ព្រះគម្ពីរក្នុងក្រុមគ្រួសារផ្ទាល់របស់យើង។ យើងចង់ប្រាប់លោកអ្នកអំពីបុគ្គលខ្លះៗដែលបានធ្វើបែបនេះ និងអំពីលទ្ធផលដ៏ល្អដែលគេបានទទួល។
បង្ការពីការលែងលះគ្នា
នៅក្នុងប្រទេសមួយចំនួន ប្រមាណ៥០ភាគរយនៃអាពាហ៍ពិពាហ៍ ចប់ដោយការលែងលះគ្នា។ នេះជាបរាជ័យដល់កំរិតធំខាងទំនាក់ទំនងរបស់មនុស្ស! ពិតមែន មនុស្សជាច្រើនបានទៅជាឪពុកឬម្ដាយដែលនៅម្នាក់ឯង ដោយមូលហេតុនេះ បានខំប្រឹងយ៉ាងក្លាហានក្នុងការចិញ្ចឹមកូនៗរបស់គេ។ ប៉ុន្តែមនុស្សភាគច្រើន ប្រាកដជាយល់ស្របថា គឺជាការប្រសើរជាង នៅពេលដែលគូស្វាមីភរិយាអាចដោះស្រាយបញ្ហារបស់គេ ហើយបន្តរស់នៅជាមួយគ្នានោះ។
អាពាហ៍ពិពាហ៍នៃគូស្វាមីភរិយានៅកោះសាឡូម៉ូន បានសំដៅឆ្ពោះទៅឯវិបត្ដិភ័យ។ ប្ដី ដែលជាកូនប្រុសរបស់ប្រធាន គឺជាបុរសដែលមានចិត្តឃោរឃៅ និងមានទម្លាប់អាក្រក់ជាច្រើនទៀត។ ការរស់នៅរបស់ប្រពន្ធគាត់គឺពិបាកដល់ម្ល៉េះ ដែលនាងព្រមទាំងបានខំប្រឹងសម្លាប់ខ្លួនឯងផង។ រួចមក ប្ដីនោះបានយល់ស្របឲ្យស្មរបន្ទាល់ព្រះយេហូវ៉ាសិក្សាព្រះគម្ពីរជាមួយគាត់។ គាត់បានរៀនដឹងថា អ្នកណាម្នាក់ដែលចង់ផ្គាប់ព្រះហឫទ័យរបស់ព្រះ មិនគ្រាន់តែត្រូវដឹងថាអ្វីមួយដែលខុសប៉ុណ្ណោះ ក៏ប៉ុន្តែត្រូវ«ស្អប់ការអាក្រក់»ដែរ។ (ទំនុកដំកើង ៩៧:១០) នេះគឺរួមបញ្ចូលការស្អប់អ្វីដូចជា ការកុហក ការលួច អំពើឃោរឃៅ និងការប្រមឹក។ គាត់បានធ្វើតាមឱវាទនេះ ហើយមិនយូរប៉ុន្មានមកបានមានជ័យជំនះលើទម្លាប់អាក្រក់ និងកំហឹងដ៏ឃោរឃៅរបស់គាត់។ ប្រពន្ធរបស់គាត់មានចិត្តអស្ចារ្យនឹងការកែប្រែនេះណាស់ ហើយអាពាហ៍ពិពាហ៍របស់គាត់បានប្រសើរយ៉ាងខ្លាំង ដោយព្រោះឥទ្ធិពលនៃបន្ទូលរបស់ព្រះ។
នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ស្ត្រីម្នាក់ដែលជាស្មរបន្ទាល់ព្រះយេហូវ៉ា បានឮថានិយោជករបស់នាង និងប្ដីរបស់និយោជកនាង កំពុងតែគិតរកផ្លូវលែងលះគ្នា។ ស្មរបន្ទាល់នេះបាននិយាយដល់និយោជករបស់នាង អំពីទស្សនៈរបស់ព្រះអំពីអាពាហ៍ពិពាហ៍ ហើយបានបង្ហាញនាងនូវសៀវភៅមួយ ដែលមានចំណងជើង កូនសោនៃសុភមង្គលក្នុងគ្រួសារ។ (ភាសាអង់គ្លេស) សៀវភៅនេះ ដែលបានបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា លើកយកគោលការណ៍ព្រះគម្ពីរ ដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ ដែលជាពិសេសបញ្ជាក់នូវការដាក់ទម្ងន់ទៅលើរបៀបដែលព្រះគម្ពីរ ជួយគូស្វាមីភរិយាឲ្យដោះស្រាយបញ្ហា។ និយោជកនេះនិងប្ដីរបស់នាងអានសៀវភៅនេះ ហើយបានខំយ៉ាងស្មោះក្នុងការអនុវត្តឱវាទព្រះគម្ពីរដែលមាននៅក្នុងនោះ។ ជាលទ្ធផលនោះ គេបានសម្រេចចិត្តមិនធ្វើការលែងលះគ្នាឡើយ។ អាពាហ៍ពិពាហ៍មួយទៀតបានត្រូវជួយឲ្យរួចពីគ្រោះថ្នាក់ ដោយការអនុវត្តន៍នូវគោលការណ៍ព្រះគម្ពីរ។
សាសនាផ្សេងៗគ្នា
ចុះយ៉ាងណាវិញចំពោះអាពាហ៍ពិពាហ៍ ពេលដែលគូខ្លួនមានសាសនាផ្សេងនោះ? ដោយសមហេតុផល ព្រះគម្ពីរឲ្យឱវាទជូនគ្រីស្ទានទាំងឡាយឲ្យរៀបការ«ក្នុងព្រះអម្ចាស់»។ (កូរិនថូសទី១ ៧:៣៩) ប៉ុន្តែ នៅពេលខ្លះ គូស្វាមីភរិយាផ្លាស់ប្ដូរសាសនារបស់ខ្លួន។ តើនេះត្រូវចាំបាច់បញ្ចប់អាពាហ៍ពិពាហ៍ឬ? មិនទាល់តែសោះ។
នៅក្នុងប្រទេសបុតស្វាណា ស្ត្រីម្នាក់ដែលនៅពេលថ្មីៗនេះបានក្លាយទៅជាស្មរបន្ទាល់ព្រះយេហូវ៉ា បានត្រូវគេសួរនូវរបៀបដែលជំនឿថ្មីរបស់នាងបានកែប្រែនាង។ នាងបានសុំឲ្យប្ដីនាងឆ្លើយសំរាប់នាង ហើយនេះជាអ្វីដែលប្ដីរបស់នាងបាននិយាយ៖ «តាំងពីប្រពន្ធរបស់ខ្ញុំបានក្លាយទៅជាស្មរបន្ទាល់ព្រះយេហូវ៉ា ខ្ញុំបានឃើញនូវការកែប្រែដ៏វិជ្ជមានជាច្រើន។ ឥឡូវនេះនាងមានកម្លាំងដែលស្ងប់ស្ងៀម និងប្រកបដោយប្រាជ្ញា ដែលពីមុននាងពុំមានទេ។ នាងមានកម្លាំងនិងជំនឿស៊ប់ដើម្បីឈប់ជក់បារី ជាគុណវិបត្ដិដែលខ្ញុំពុំអាចឈ្នះបាននៅឡើយ។ ប្រពន្ធរបស់ខ្ញុំមានចិត្តកាន់តែស្រឡាញ់ដល់កូនៗនិងខ្ញុំ ព្រមទាំងដល់អ្នកឯទៀតផងដែរ។ នាងមានចិត្តដែលអត់អោនច្រើនជាង ជាពិសេសដល់កូនៗ។ ខ្ញុំឃើញនាងចំណាយពេលក្នុងកិច្ចបំរើផ្សាយ ខំជួយអ្នកឯទៀតឲ្យធ្វើជីវិតរបស់គេបានប្រសើរឡើង។ ខ្ញុំក៏ឃើញនូវការកែប្រែដ៏វិជ្ជមានក្នុងខ្លួនខ្ញុំដែរ។ ខ្ញុំជឿថា នេះគឺដោយគំរូរបស់នាងទាំងស្រុង»។ គោលការណ៍ព្រះគម្ពីរមានឥទ្ធិពលដ៏ល្អមែនលើអាពាហ៍ពិពាហ៍នេះ! មនុស្សជាច្រើនដែលមិនមែនជាស្មរបន្ទាល់ព្រះយេហូវ៉ា បាននិយាយស្រដៀងនេះអំពីគូរបស់គេ ដែលជាស្មរបន្ទាល់នោះ។
នៅពេលដែលឪពុកឥតអើពើភារកិច្ចរបស់ខ្លួន
ទំនាក់ទំនងនៃឪពុកនិងកូនរបស់គាត់ ជាកូនសោនៃការស្ថាបនាគ្រួសារដ៏មុតមាំនោះ។ សាវ័កប៉ុលឲ្យឱវាទនេះថា៖ «ឪពុករាល់គ្នាអើយ កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ។» (អេភេសូរ ៦:៤) ដូច្នេះ គួរឲ្យយោគយល់ដែរ ដែលអត្ថបទមួយក្នុង ទស្សនាវដ្ដីវីលសិនចេញបីខែម្ដង (ភាសាអង់គ្លេស) បានបន្ទោសឪពុកដែលមិនបានសម្រេចមុខនាទីរបស់គេ ចំពោះបញ្ហាជាច្រើនក្នុងសង្គម។ អត្ថបទនេះចែងថា៖ «រវាងឆ្នាំ១៩៦០និងឆ្នាំ១៩៩០ ការកំរិតភាគរយនៃកូនក្មេងរស់នៅដាច់ឡែកពីឪពុកបង្កើតរបស់គេ គឺមានឡើងមួយជាពីរ . . . ការចុះថយនៃភាពជាឪពុក ជាអនុភាពដ៏ធំមួយនៃបញ្ហាដ៏ចលាចលជាច្រើន ដែលបង្កវិបត្ដិភ័យក្នុងសង្គមអាមេរិក»។
តើនេះមានសេចក្ដីថា កូនក្មេងដែលមានឪពុកដែលមិនណែនាំគេ នឹងទទួលបរាជ័យជាមិនខានឬ? អត់ទេ អ្នកតែងបទទំនុកដំកើងពីបុរាណមានប្រសាសន៍ថា៖ «បើកាលណាឪពុកម្ដាយលះចោលទូលបង្គំ នោះព្រះយេហូវ៉ាទ្រង់នឹងទទួលទូលបង្គំទុកវិញ»។ (ទំនុកដំកើង ២៧:១០) ក្មេងប្រុសម្នាក់ដែលមានអាយុប្រាំបួនឆ្នាំពីប្រទេសថៃ បានឃើញថានេះគឺពិតមែន។ ម្ដាយរបស់គាត់បានស្លាប់ទៅពេលដែលខ្លួនជាកូនង៉ា ហើយឪពុករបស់គាត់ ដោយមិនចង់បានគាត់ ក៏ទុកឲ្យជីដូនមើលថែរក្សាទៅ។ ដោយមានអារម្មណ៍ថាគេមិនចង់បាន ហើយគ្មានអ្នកណាស្រឡាញ់ខ្លួន ក្មេងនេះមិនបានស្ដាប់បង្គាប់ ហើយមានកេរ្ដិ៍ឈ្មោះជាមនុស្សដែលចូលចិត្តតែសម្លុតគេ។ គាត់ព្រមទាំងគំរាមកំហែងជីដូនរបស់ខ្លួនផង។ ស្មរបន្ទាល់ព្រះយេហូវ៉ាពីរនាក់ដែលបំរើព្រះពេញពេល បានសង្កេតឃើញថា គាត់តែងឈរនៅខាងក្រៅសាលព្រះរាជាណាចក្រ ហើយថ្ងៃមួយក៏បានអញ្ជើញគាត់ឲ្យចូលផ្ទះរបស់គេ។
ពួកគេបានប្រាប់គាត់អំពីព្រះ ថាទ្រង់ស្រឡាញ់កូនរបស់ទ្រង់ ដូចឪពុកម្នាក់អញ្ចឹង។ គេក៏បាននិយាយអំពីផែនដីមនោរម្យ ដែលព្រះទ្រង់បានសន្យាដល់មនុស្សដែលមានចិត្តស្មោះត្រង់។ (វិវរណៈ ២១:៣, ៤) រឿងទាំងនេះធ្វើឲ្យក្មេងនេះចូលចិត្តណាស់ ហើយគាត់ត្រឡប់មកវិញរៀងរាល់ថ្ងៃ ដើម្បីរៀនថែមទៀត។ ស្មរបន្ទាល់បានប្រាប់គាត់ថា គាត់ត្រូវតែឈប់សម្លុតគេ ប្រសិនបើគាត់ពិតជាចង់បានព្រះជាបិតារបស់គាត់នោះ។ នេះគឺសមស្របនឹងពាក្យរបស់ប៉ុលជូនដល់ពួករ៉ូម ដែលថា៖ «ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន»។ (រ៉ូម ១២:១៨) ហើយគាត់ក៏ត្រូវតែប្រព្រឹត្តដ៏សប្បុរសដល់ជីដូនរបស់គាត់ដែរ។ (ធីម៉ូថេទី១ ៥:១, ២) មិនយូរប៉ុន្មានក្រោយមក នោះគាត់បានអនុវត្តតាមគោលការណ៍ព្រះគម្ពីរ ហើយប្រាកដជាធ្វើឲ្យប្រសើរដល់ជីវិតក្នុងគ្រួសាររបស់គាត់ និងជាមួយនឹងជីដូនគាត់ហើយ។ (កាឡាទី ៥:២២, ២៣) ពួកអ្នកជិតខាងបានរំភើបចិត្តអស្ចារ្យដល់ម្ល៉េះចំពោះការកែប្រែ ដែលគេបានសង្កេតឃើញក្នុងគាត់ ដែលគេចង់ឲ្យកូនចៅរបស់គេសិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ាដែរ!
ចរិយាដែលប្រកបដោយសន្ដិភាព
សាវ័កប៉ុលបានសរសេរជូនដល់ពួកនៅក្រុងកូល៉ុសថា៖ «ចូរបន្ថែមទាំងសេចក្ដីស្រឡាញ់ថែមទៀត ជាចំណងនៃ សេចក្ដីគ្រប់ល័ក្ខណ៍ ចូរឲ្យសេចក្ដីមេត្រីរបស់ព្រះគ្រីស្ទ ត្រួតត្រានៅក្នុងចិត្ត»។ (កូល៉ុស ៣:១៤, ១៥) ចរិយាដែលប្រកបដោយសន្ដិភាពនិងសេចក្ដីស្រឡាញ់ដ៏អស់ពីចិត្ត នឹងប្រាកដជាចងសម្ព័ន្ធគ្រួសារឲ្យនៅជាមួយគ្នាហើយ។ ហើយក៏អាចផ្សះផ្សាការទាស់ទែងគ្នាក្នុងគ្រួសារ ដែលមានជាយូរមកហើយបានដែរ។ រូគា ដែលរស់នៅក្នុងប្រទេសអាល់បានី មិននិយាយជាមួយប្អូនប្រុសរបស់នាងអស់រយៈ១៧ឆ្នាំ ដោយព្រោះមានការខ្វែងគំនិតក្នុងគ្រួសារ។ នៅពេលដែលនាងបានសិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា នោះនាងបានរៀនដឹងថា អ្នកបំរើរបស់ព្រះគ្រប់គ្នាបានត្រូវដាស់តឿនឲ្យបណ្ដុះឲ្យមានការសុខសាន្តជាមួយអ្នកដទៃ។ «ត្រូវស្វែងរក ហើយដេញតាមសេចក្ដីមេត្រីភាព»។—ពេត្រុសទី១ ៣:១១
រូគាបានដឹងថា នាងត្រូវតែស្វែងរកការសុខសាន្តជាមួយប្អូនរបស់នាង។ នាងបានអធិស្ឋានពេញមួយយប់ ហើយស្អែកឡើង បេះដូងរបស់នាងលោតយ៉ាងខ្លាំង នោះនាងក៏បានដើរចូលទៅផ្ទះប្អូនរបស់នាង។ ក្មួយរបស់រូគាបានបើកទ្វារ ហើយបានសួរដោយភ្ញាក់ផ្អើលថា៖ «តើមីងមកធ្វើអ្វីនៅនេះ»? ដោយស្ងប់ស្ងៀម នោះរូគាសុំជួបប្អូនរបស់គាត់ ដោយពន្យល់ថា នាងចង់ស្រុះស្រួលជាមួយនឹងគាត់។ ហេតុអ្វី? ពីព្រោះឥឡូវនេះ នាងបានដឹងថា នេះជាបំណងព្រះហឫទ័យរបស់ព្រះ។ ប្អូនរបស់នាងបានតបឆ្លើយយ៉ាងល្អ ហើយការជួបគ្នារបស់គេ បានត្រូវសម្គាល់ដោយការឱបនិងទឹកភ្នែកដោយអំណរ គ្រួសារបានត្រូវជួបជុំគ្នាវិញ ដោយព្រោះបានធ្វើតាមគោលការណ៍ព្រះគម្ពីរ។
ការសេពគប់អាក្រក់
«សព្វថ្ងៃនេះ ក្មេងធម្មតាមើលទូរទស្សន៍ប្រាំពីរម៉ោងរៀងរាល់ថ្ងៃ។ ពេលចប់រៀនសាលាបឋមសិក្សា នោះគាត់បានមើលឃើញឃាតកម្មលើសជាងប្រាំបីពាន់ដង និងអំពើឃោរឃៅមួយសែនដង»។ ដែលចែងដោយសៀវភៅ ទម្លាប់៧នៃគ្រួសារដែលមានជោគជ័យយ៉ាងប្រសើរ។ (ភាសាអង់គ្លេស) តើការមើលឃើញបែបនេះមានឥទ្ធិពលយ៉ាងណាទៅលើកូនក្មេងម្នាក់? «អ្នកឯកទេស»ឥតបានយល់ស្របគ្នាក្នុងចំណោមគេអំពីរឿងនេះទេ ប៉ុន្តែព្រះគម្ពីរព្រមានយ៉ាងខ្លាំងអំពីការសេពគប់អាក្រក់។ ជាឧទាហរណ៍ ព្រះគម្ពីរចែងថា៖ «អ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។ (សុភាសិត ១៣:២០) ហើយក៏ចែងទៀតថា៖ «ពួកម៉ាកអាក្រក់តែងនឹងបង្ខូចកិរិយាល្អ»។ (កូរិនថូសទី១ ១៥:៣៣) ការរស់នៅក្នុងគ្រួសារអាចទៅជាប្រសើរឡើង ប្រសិនបើយើងចាត់ទុកដោយប្រយ័ត្នថា គោលការណ៍នេះគឺជាពិត មិនថាការសេពគប់អាក្រក់មានតាមរយៈមនុស្សឬតាមកម្មវិធីទូរទស្សន៍នោះ។
ម្ដាយម្នាក់នៅប្រទេសលុចហ្សឹមបឺក កំពុងសិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា។ នៅថ្ងៃមួយនាងបានប្រាប់ស្មរបន្ទាល់នេះថា នៅពេលល្ងាច កូនស្រីពីរនាក់របស់នាង ដែលមានអាយុប្រាំពីរនិងប្រាំបីឆ្នាំ គឺប៉ិនខាងឈ្លោះគ្នានិងមិនដែលខ្លាចគេ។ ស្មរបន្ទាល់នេះបានសួរថាតើក្មេងស្រីពីរនាក់បានធ្វើអ្វីដែរនៅពេលល្ងាចនោះ។ ម្ដាយនោះមានប្រសាសន៍ថា គេមើលទូរទស្សន៍កាលដែលនាងបោសសំអាតផ្ទះបាយ។ តើមើលកម្មវិធីអ្វី? ម្ដាយបានឆ្លើយថា៖ «ចា៎ មើលគំនូរជីវចលខ្លះៗ»។ នៅពេលដែលស្មរបន្ទាល់បាននិយាយ កម្មវិធីបែបនោះគឺតែងប្រកបដោយភាពឃោរឃៅជារឿយៗ ហើយម្ដាយក្មេងស្រីនេះក៏បានសន្យាថានឹងចាំយាមមើលគេ។
ថ្ងៃស្អែក ម្ដាយបានប្រាប់ថា នាងមានចិត្ត ភ្ញាក់ផ្អើលនឹងគំនូរជីវចល ដែលកូនស្រីទាំងពីររបស់នាងកំពុងមើលនោះ។ កម្មវិធីនេះបញ្ចាំងសត្វវិរូបកាយក្នុងមនោគតិពីអវកាស ដែលបានកំទេចអ្វីៗទាំងអស់ដែលគេប្រទះ។ នាងបានពន្យល់ប្រាប់កូនស្រីៗរបស់នាងថា ព្រះយេហូវ៉ាស្អប់ខ្ពើមអំពើឃោរឃៅ និងឥតសប្បាយព្រះហឫទ័យ នៅពេលដែលយើងមើលភាពឃោរឃៅបែបនេះ។ (ទំនុកដំកើង ១១:៥) ក្មេងស្រីពីរនាក់នេះ ដោយចង់ផ្គាប់ព្រះហឫទ័យព្រះ ក៏យល់ស្របថានឹងគូរគំនូរនិងលាបពណ៌ ជាជាងមើលទូរទស្សន៍។ ភ្លាមនោះ ចរិយាដ៏ទ្រគោះរបស់គេបានកែប្រែ ហើយបរិយាកាសក្នុងគ្រួសារបានប្រសើរឡើង។
នេះគឺគ្រាន់តែឧទាហរណ៍ខ្លះៗ ដើម្បីបង្ហាញថា ការអនុវត្តតាមគោលការណ៍ព្រះគម្ពីរនឹងធ្វើឲ្យមានជីវភាពគ្រួសារដ៏ប្រសើរ។ ឱវាទព្រះគម្ពីរមានសំរាប់ស្ថានការណ៍ទាំងអស់។ ឱវាទនេះគឺអាចទុកចិត្តបាន ហើយមានឥទ្ធិពលដ៏ខ្លាំង ដ៏ជាប្រយោជន៍ល្អ។ (ហេព្រើរ ៤:១២) នៅពេលដែលមនុស្សសិក្សាព្រះគម្ពីរ ហើយខំយ៉ាងស្មោះដើម្បីអនុវត្តតាមព្រះគម្ពីរ នោះគ្រួសារបានត្រូវពង្រឹងឡើង បុគ្គលិកលក្ខណៈក៏បានប្រសើរ ហើយកំហុសគឺអាចជៀសវាងបាន។ ទោះជាសមាជិកតែម្នាក់ក្នុងគ្រួសារធ្វើតាមឱវាទរបស់ព្រះក៏ដោយ នោះក៏អាចបានប្រសើរដែរ។ ពិតហើយ ក្នុងគ្រប់ស្ថានការណ៍ក្នុងជីវិត យើងត្រូវចាត់ទុកបន្ទូលរបស់ព្រះ ដូចអ្នកតែងបទទំនុកដំកើងដែរ ដែលបានសរសេរថា៖ «ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំផង»។—ទំនុកដំកើង ១១៩:១០៥
[រូបភាពនៅទំព័រ៥]
បញ្ហាក្នុងគ្រួសារអាចបានត្រូវដោះស្រាយ នៅពេលដែលទាំងអស់គ្នាខំប្រឹងយ៉ាងស្មោះត្រង់ ដើម្បីអនុវត្តគោលការណ៍ព្រះគម្ពីរ