តើអ្នកចំណាយពេលជាមួយគ្រួសារអ្នកឬទេ?
«ឪពុកជាជនជាតិជប៉ុនទាំងឡាយ ត្រូវគេស្រឡាញ់ ទោះជារវល់ធ្វើការហើយមិនលេងសើចជាមួយនឹងកូនៗគេក៏ដោយ»។ ប៉ុន្មានឆ្នាំមុន ចំណងជើងនេះបានមាននៅកាសែតម៉ានីឈី ហ្ស៊ីប៊ូន។ អត្ថបទនោះបានរាយការណ៍ថា ៨៧,៨ភាគរយនៃកុមារជប៉ុនដែលបានចូលរួមក្នុងការស្ទង់មតិដោយរដ្ឋាភិបាល នោះគេបានប្រាប់ពីសេចក្ដីប្រាថ្នាចង់មើលថែរក្សាឪពុករបស់គេនៅនាអនាគតកាល។ ក៏ប៉ុន្តែ ក្នុងកាសែតនោះដែលបោះពុម្ពជាភាសាអង់គ្លេសនោះ អត្ថបទដដែលបានលេចមក ប៉ុន្តែនៅក្រោមចំណងជើងផ្សេង។ នោះបានអានថា «ឪពុកនិងកូនប្រុស៖ ករណីនៃការមិនយកចិត្តទុកដាក់»។ ផ្ទុយពីកាសែតបោះពុម្ភជាភាសាជប៉ុន អត្ថបទនោះបានបញ្ជាក់មួយទៀតនៃការស្ទង់មតិនោះ៖ រៀងរាល់ថ្ងៃធ្វើការ ឪពុកជាជនជាតិជប៉ុនចំណាយតែ៣៦នាទីប៉ុណ្ណោះនឹងកូនៗរបស់គេ។ បើប្រៀបនឹងឪពុកនៅប្រទេសអាឡឺម៉ង់ ដែលចំណាយ៤៤នាទីនឹងកូនៗរបស់គេនៅថ្ងៃធ្វើការមួយហើយនៅសហរដ្ឋអាមេរិក ចំនួននោះគឺជា៥៦នាទី។
មិនគ្រាន់តែឪពុកប៉ុណ្ណោះដែលចំណាយពេលតិចនឹងកូនៗរបស់គេនោះឡើយ។ ម្ដាយកាន់តែច្រើនធ្វើការក្រៅពីផ្ទះ។ ឧទាហរណ៍ ម្ដាយដែលគ្មានគូជាច្រើន ត្រូវតែធ្វើការរកស៊ីដើម្បីចិញ្ចឹមគ្រួសាររបស់គេ។ ជាលទ្ធផល ចំនួនពេលដែលឪពុកនិងម្ដាយចំណាយលើកូនៗរបស់គេ គឺបានថយចុះដូចគ្នា។
ការស្រាវជ្រាវមួយនៅឆ្នាំ១៩៩៧ ដែលបានត្រូវធ្វើឡើងចំពោះយុវជនជំទង់១២.០០០នាក់ជនជាតិអាមេរិក បានបង្ហាញថា យុវជនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងឪពុកម្ដាយរបស់គេ មានលទ្ធភាពតិចជាង ចំពោះការមានការពិបាកខាងផ្លូវចិត្ត គំនិតចង់ប្រព្រឹត្តអត្តឃាត ចូលរួមអំពើហិង្សា ឬប្រើថ្នាំញៀន។ ម្ល៉ោះហើយ អ្នកស្រាវជ្រាវម្នាក់ ដែលបានចូលរួមការសិក្សាដ៏ទូលំទូលាយនេះ បាននិយាយថា៖ «អ្នកមិនអាចមានអារម្មណ៍នៃភាពជិតស្និទ្ធជាមួយនឹងកូនៗ លុះត្រាតែអ្នកនៅជាមួយគេពេលគេត្រូវការអ្នក»។ ការចំណាយពេលលើកូនៗរបស់អ្នក និងការទាក់ទងជាមួយគេគឺសំខាន់មែន។
កង្វះខាងការប្រស្រ័យទាក់ទង
គ្រួសារដែលងាយរងការបែកបាក់នូវការប្រស្រ័យទាក់ទង នោះពិសេសគឺគ្រួសារណាដែលឪពុកឬម្ដាយម្នាក់នៅឆ្ងាយពីផ្ទះ ធ្វើការរកស៊ី។ ប្រាកដហើយ កង្វះខាងការប្រស្រ័យទាក់ទងមិនមានក្នុងតែគ្រួសារណាដែលមានឪពុកឬម្ដាយម្នាក់ដែលនៅឆ្ងាយពីផ្ទះទេ។ ឪពុកម្ដាយខ្លះ ទោះបីនៅផ្ទះក៏ដោយ ពួកគេទៅធ្វើការមុនដែលកូនៗរបស់គេងើបពីដេក ហើយមកវិញក្រោយគេបានដេកទៅហើយ។ ដើម្បីសងវិញនូវកង្វះខាងការប្រស្រ័យទាក់ទង នោះឪពុកម្ដាយខ្លះចំណាយពេលនឹងគ្រួសាររបស់គេនៅថ្ងៃសៅរ៍និងអាទិត្យ ហើយនៅថ្ងៃបុណ្យ។ គេនិយាយអំពីការចំណាយ«ពេលដែលមានគុណភាព»នឹងកូនៗរបស់គេ។
ក៏ប៉ុន្តែ តើកង្វះខាងចំនួនត្រូវទូទាត់ដោយគុណភាពឬទេ? អ្នកស្រាវជ្រាវម្នាក់ឈ្មោះលោក ឡរិន្ស ស្តែនបឺក ឆ្លើយថា៖ «ជាទូទៅ យុវជនដែលចំណាយពេលច្រើនជាងជាមួយឪពុកម្ដាយ នោះមានលទ្ធផលល្អជាងយុវជនដែលចំណាយពេលតិចជាង។ គឺហាក់ដូចជា កង្វះនូវពេលនោះគឺពិបាកទូទាត់។ គំនិតពីពេលដែលមានគុណភាពបានរាប់ជាមានតម្លៃច្រើនពេក»។ នោះឯងជាអារម្មណ៍នៃស្ត្រីជនជាតិភូមាម្នាក់។ ប្ដីរបស់គាត់ ដែលជាបុរសជនជាតិជប៉ុនធម្មតា គាត់មកដល់ផ្ទះពីកន្លែងធ្វើការនៅម៉ោងមួយឬពីររៀងរាល់យប់។ ទោះបីគាត់ចំណាយពេលនឹងគ្រួសាររបស់គាត់នៅថ្ងៃសៅរ៍និងអាទិត្យក៏ដោយ ប្រពន្ធរបស់គាត់និយាយថា៖ «ដែលនៅផ្ទះនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ នោះមិនអាចបំពេញនូវកង្វះពីការមិននៅជាមួយគ្រួសារសំរាប់ថ្ងៃសល់ទាំងប៉ុន្មានក្នុងមួយសប្ដាហ៍បានឡើយដើម្បីឲ្យមានអត្ថន័យពេញលេញ។ . . . តើអ្នកអាចខានហូបបាយអស់ទាំងថ្ងៃធ្វើការ ហើយហូបបាយទាំងអស់សំរាប់សប្ដាហ៍នោះនៅថ្ងៃសៅរ៍និងអាទិត្យឬទេ»?
ការខ្នះខ្នែងដោយយកចិត្តទុកដាក់គឺត្រូវការ
ការរក្សាឲ្យមានការប្រស្រ័យទាក់ទងដ៏ល្អក្នុងគ្រួសារ គឺអ្វីដែលស្រួលនិយាយតែមិនស្រួលធ្វើទេ។ សេចក្ដីទាមទារនៃការរកស៊ីនិងចិញ្ចឹមគ្រួសារ គឺមិនធ្វើឲ្យឪពុកឬម្ដាយម្នាក់ដែលធ្វើការនោះ ងាយចំណាយពេលនឹងគ្រួសារបាននោះទេ។ មនុស្សជាច្រើនដែលកាលៈទេសៈរបស់គេតម្រូវឲ្យគេនៅឆ្ងាយពីផ្ទះនោះ គេទាក់ទងយ៉ាងទៀងទាត់ដោយទូរស័ព្ទឬក៏សរសេរសំបុត្រ។ ក៏ប៉ុន្តែ មិនថាយើងនៅជាមួយគ្នានៅផ្ទះឬអត់ក្ដី នោះការខ្នះខ្នែងដ៏យកចិត្តទុកដាក់ត្រូវការដើម្បីរក្សាការប្រស្រ័យទាក់ទងដ៏ល្អក្នុងគ្រួសារ។
ឪពុកម្ដាយដែលធ្វេសប្រហែសនឹងការប្រស្រ័យទាក់ទងជាមួយគ្រួសាររបស់គេ គឺនឹងទទួលលទ្ធផលពីការធ្វេសប្រហែសនោះ។ ឪពុកម្នាក់ដែលធ្លាប់ចំណាយពេលតែតិចតួចនឹងគ្រួសាររបស់គាត់ សូម្បីតែមិនបរិភោគជាមួយគេទៅទៀត នោះគាត់បានប្រឈមនឹងលទ្ធផលដ៏ធ្ងន់ធ្ងរ។ កូនប្រុសរបស់គាត់បានទៅជាឃោរឃៅ ហើយកូនស្រីរបស់គាត់បានត្រូវគេចាប់ ពីព្រោះតែលួចនៅហាង។ នៅព្រឹកថ្ងៃអាទិត្យមួយ កាលដែលឪពុកកំពុងតែរៀបចំទៅកន្លែងវាយកូនគោល នោះកូនប្រុសគាត់បានលាន់មាត់ស្រែកថា៖ «តើមានតែម៉ាក់ក្នុងផ្ទះទេឬ? ម៉ាក់សម្រេចអ្វីទាំងអស់ក្នុងគ្រួសារ។ ប៉ាមិនដែលទេ . . .» កូនប្រុសនោះបាននិយាយដូច្នេះដោយសោយសោក។
ពាក្យទាំងប៉ុន្មាននោះ បានធ្វើឲ្យឪពុកគិត។ នៅទីបំផុតគាត់បានសម្រេចចិត្តថា គាត់គួរទទួលអាហារពេលព្រឹកជាមួយគ្រួសារ។ ដើមដំបូង គឺគាត់និងប្រពន្ធគាត់តែប៉ុណ្ណោះ។ ជាបណ្ដើរៗពួកកូនរបស់គាត់បានចូលរួម ហើយកន្លែងទទួលអាហារពេលព្រឹកនោះ បានទៅជាបរិស្ថានសំរាប់ការប្រស្រ័យទាក់ទង។ នេះបាននាំទៅដល់ការទទួលអាហារពេលល្ងាចជាគ្រួសារ។ ដូច្នេះ បុរសនោះកំពុងតែសង្គ្រោះគ្រួសាររបស់គាត់ ពីការបែកបាក់គ្នាទាំងស្រុង។
ជំនួយពីបន្ទូលរបស់ព្រះ
ព្រះគម្ពីរលើកទឹកចិត្តឪពុកម្ដាយ ឲ្យឆ្លៀតពេលដើម្បីធ្វើទំនាក់ទំនងជាមួយនឹងពួកកូនរបស់គេ។ តាមរយៈព្យាការីលោកម៉ូសេ សាសន៍អ៊ីស្រាអែលបានត្រូវណែនាំថា៖ «ចូរស្ដាប់ចុះ ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់ ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង សេចក្ដីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ ត្រូវឲ្យប្រិតប្រៀនសេចក្ដីទាំងនេះដល់កូនចៅឯងព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង»។ (ចោទិយកថា ៦:៤-៧) មែនហើយ ពួកយើងដែលជាឪពុកម្ដាយ ត្រូវតែផ្ដើមឡើងនូវការចំណាយពេលជាមួយនឹងគ្រួសាររបស់យើង បើសិនជាយើងចង់ដាក់ភ្ជាប់បន្ទូលរបស់ព្រះ ក្នុងចិត្តនិងគំនិតរបស់កូនៗយើង។
គួរឲ្យចាប់អារម្មណ៍ ដែលការស្ទង់មតិនៅឆ្នាំ១៩៩៧ដែលបានត្រូវរៀបរាប់មុននោះនៃយុវជនជំទង់ជនជាតិអាមេរិកដែលមានជាង១២.០០០នាក់ បានសម្ដែងថា «ក្នុងចំណោមជិត៨៨% . . . នៃពួកអ្នកដែលបានប្រាប់ថាខ្លួនមានសាសនា នោះគេមានទស្សនៈថា សារៈសំខាន់នៃសាសនានិងការអធិស្ឋាន គឺដើម្បីការពារ»។ ពួកគ្រីស្ទានពិតទទួលស្គាល់ថា ដែលនៅឯផ្ទះ សេចក្ដីណែនាំខាងសាសនាជួយការពារយុវជនពីអ្វីខ្លះៗ ដូចជាការប្រើប្រាស់នូវគ្រឿងញៀន ការថប់អារម្មណ៍ អត្តឃាត អំពើហិង្សា។ល។
ឪពុកម្ដាយខ្លះមានគំនិតថា ការឆ្លៀតពេលដើម្បីគ្រួសាររបស់គេគឺពិបាក។ ជាពិសេសសំរាប់ម្ដាយដែលគ្មានគូ ដែលមានចំណង់យ៉ាងខ្លាំងដើម្បីចំណាយពេលនឹងកូនៗរបស់គេ ក៏ប៉ុន្តែត្រូវតែធ្វើការរកស៊ី។ តើយ៉ាងដូចម្ដេចដែលពួកគេអាចប្រជ្រៀតចូលពេលដ៏មានតម្លៃនោះ ដើម្បីនៅជាមួយគ្រួសាររបស់គេ? ព្រះគម្ពីរជំរុញថា៖ «ចូររក្សាសេចក្ដីដែលមានប្រយោជន៍ នឹងគំនិតវាងវៃចុះ»។ (សុភាសិត ៣:២១) ឪពុកម្ដាយអាចប្រើ«គំនិតវាងវៃ» ដើម្បីឆ្លៀតពេលសំរាប់គ្រួសារ។ តើយ៉ាងដូចម្ដេច?
បើសិនជាអ្នកម្ដាយដែលធ្វើការម្នាក់ ដែលអស់កម្លាំងក្រោយបានធ្វើការ ចុះយ៉ាងណាបើសិនជាអ្នកសូមកូនៗរបស់អ្នកធ្វើម្ហូបជាមួយអ្នក? ពេលនេះដែលត្រូវចំណាយជាមួយគ្នា នោះនឹងផ្ដល់ឲ្យឱកាសដើម្បីស្និទ្ធស្នាលគ្នា។ ដើមដំបូង ការនាំឲ្យកូនៗចូលរួម ប្រហែលនឹងត្រូវការពេលច្រើនជាង។ ក៏ប៉ុន្តែ មិនយូរប៉ុន្មានទេ អ្នកនឹងឃើញថានោះជាអ្វីដ៏គួរអរសប្បាយ ហើយដែលសំចៃពេលទៅទៀត។
ប្រហែលអ្នកជាឪពុកម្នាក់ ដែលមានកិច្ចការច្រើននៅថ្ងៃសៅរ៍ថ្ងៃអាទិត្យ។ សូមអញ្ជើញធ្វើកិច្ចការខ្លះជាមួយនឹងកូនៗរបស់អ្នក។ អ្នកអាចនិយាយជាមួយគេពេលដែលធ្វើការជាមួយនឹងគេហើយផ្ដល់ឲ្យសេចក្ដីណែនាំដ៏មានតម្លៃផងដែរ។ ការដាស់តឿនពីព្រះគម្ពីរឲ្យបញ្ចូលបន្ទូលរបស់ព្រះក្នុងកូនៗរបស់អ្នក នោះលើកទឹកចិត្តអ្នកឲ្យនិយាយជាមួយគេ ‹ពេលអង្គុយក្នុងផ្ទះរបស់អ្នក ហើយពេលដើរតាមផ្លូវ›—ត្រូវហើយ នៅគ្រប់ឱកាស។ គឺជាការមួយដែលបង្ហាញ «សេចក្ដីដែលមានប្រយោជន៍» ដើម្បីទាក់ទងជាមួយនឹងកូនៗរបស់អ្នក ពេលអ្នកធ្វើការជាមួយគ្នា។
ការចំណាយពេលនឹងគ្រួសាររបស់អ្នក នោះមានប្រយោជន៍ដ៏យឺនយូរ។ សុភាសិតព្រះគម្ពីរមួយចែងថា៖ «ប្រាជ្ញាស្ថិតនៅនឹងពួកអ្នកដែលស្ដាប់តាមសេចក្ដីទូន្មាន»។ (សុភាសិត ១៣:១០) ដោយការឆ្លៀតពេលដើម្បីនិយាយជាមួយគ្រួសាររបស់អ្នក អ្នកនឹងអាចផ្ដល់ឲ្យសេចក្ដីណែនាំដែលប្រកបដោយប្រាជ្ញា អំពីការពុះពារក្នុងជីវិតប្រចាំថ្ងៃ។ សេចក្ដីណែនាំបែបនេះ បើត្រូវឲ្យឥឡូវ នោះអាចសំចៃពេលវេលានិងឲ្យរួចពីការឈឺចិត្តនៅនាអនាគត។ ម្ល៉ោះហើយ នេះអាចជួយបង្កើននូវសុភមង្គលរបស់អ្នកហើយរបស់ពួកគេផងដែរ។ ដើម្បីផ្ដល់ឲ្យសេចក្ដីណែនាំបែបនេះ អ្នកត្រូវតែប្រើប្រាស់នូវប្រាជ្ញាដ៏មានជាបរិបូរក្នុងបន្ទូលរបស់ព្រះ គឺព្រះគម្ពីរ។ ចូរប្រើនោះដើម្បីបង្រៀនកូនៗរបស់អ្នក និងដើម្បីណែនាំជំហានគ្រួសាររបស់អ្នក។—ទំនុកដំកើង ១១៩:១០៥
[រូបភាពនៅទំព័រ៤]
យុវជនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងឪពុកម្ដាយរបស់គេ មានលទ្ធភាពតិចជាង ចំពោះការមានការពិបាកខាងផ្លូវចិត្ត