ការបំផ្លាញទ្រព្យអាចបំបាត់ចោលបាន
អ្នកនិពន្ធឈ្មោះ ចេន នម៉ាន និងម៉ែរ៉ាន ហារិស បានពន្យល់ថា៖ «ដែលយុវជនបំផ្លាញទ្រព្យ នោះបានត្រូវរាប់ជាការសម្ដែងនៅការមិនគោរពហើយការប្រឆាំងតទល់មនុស្សចំណាស់ និងខ្នាតតម្រារបស់គេ»។ អ្នកនិពន្ធនោះបានរាយការណ៍ថា កាលដែលយុវជនជាច្រើនជឿថា គ្មានអ្វីដែលអាចត្រូវធ្វើដើម្បីកែប្រែស្ថានភាពនោះ «មួយក្នុងបីជឿថា ការបំផ្លាញទ្រព្យដោយយុវជន នោះអាចត្រូវទប់ស្កាត់បើសិនជាឪពុកម្ដាយអើពើនឹងកូនៗរបស់គេ ហើយបើសិនជាយុវជនមិនអផ្សុកម្ល៉េះ»។ ពេលដែលការធ្វើឲ្យយុវជនរវល់ហើយធ្វើការត្រួតមើលដ៏ល្អជាង អាចជួយកាត់បន្ថយការបំផ្លាញទ្រព្យ តើមានតែប៉ុណ្ណោះឯងទេឬដែលនឹងមានអានុភាពលើដើមហេតុ?
ពេលគេនៅម្នាក់ឯង យុវជនជាច្រើនមិនជាអ្នកបង្ករឿងទេ។ ក៏ប៉ុន្តែ បើសិនជាគេនៅក្នុងក្រុមឬក៏មានគូកន ប្រហែលជាពួកគេនឹងខិតខំឲ្យមនុស្សយកចិត្តទុកដាក់ ដោយធ្វើអ្វីដ៏ចោលម្សៀតនិងកំណាច។ នេះជាករណីរបស់ក្មេងម្នាក់ឈ្មោះ និលសិន ដែលច្រើនតែបង្ហាញកំហឹងនិងភាពមិនស្កប់ចិត្តរបស់គាត់ ដោយការបំផ្លាញទ្រព្យពេលគាត់នៅក្រោមអានុភាពនៃគ្រឿងញៀននិងស្រា។ ម្នាក់ឈ្មោះហូសេ ដោយគាត់បានត្រូវជំរុញដោយធម្មទានក្នុងវិហារសាសនាកាតូលិក អំពីការបែងចែកដីធ្លីនិងសិទ្ធិរបស់កម្មករ នោះគាត់មានអារម្មណ៍ថា គាត់គួរចូលរួមក្នុងកូដកម្ម ហើយក៏បានរៀបចំការបំផ្លាញទ្រព្យជាវិធីប្រឆាំង។ ក៏ប៉ុន្តែ និលសិននិងហូសេបានរកឃើញអ្វីល្អប្រសើរជាងការធ្វើកុបកម្មនិងការបំផ្លាញទ្រព្យ។
ដើមហេតុដ៏ជ្រៅជាងនៃការបំផ្លាញទ្រព្យ
សូមឲ្យយើងពិនិត្យមើលនូវមូលហេតុដែលយុវជនខ្លះចូលរួមក្នុងការបំផ្លាញទ្រព្យ។ យុវជនជាច្រើនគឺសុញគំនិត ហើយគេ«ពណ៌នាពីលោកីយ៍ថាវាគឺកន្លែងដ៏ច្របូកច្របល់និងឆ្កួត ហើយក៏ពោរពេញទៅដោយមនុស្សឆ្កួតដែរ»។ យ៉ាងណាក៏ដោយ ហើយជាផ្ទុយនឹងអ្វីដែលមនុស្សខ្លះជឿ សេចក្ដីរាយការណ៍មួយថា៖ «យុវជនពិតជាខ្វល់ខ្វាយមែនអំពីទិសដៅនៃជីវិតខ្លួន។ ពួកគេក៏ខ្វល់ខ្វាយអំពីលោកីយ៍ច្រើនជាងពួកពេញវ័យបាននឹកស្មាន»។ ដោយចេតនាឬក៏ឥតចេតនា យុវជនម្នាក់ដែលចូលរួមក្នុងការបំផ្លាញទ្រព្យ ប្រហែលជាកំពុងតែសម្ដែងការតឹងតែងដ៏ជ្រៅក្នុងចិត្ត បញ្ហាដែលមិនទាន់ត្រូវដោះស្រាយ ឬក៏សេចក្ដីត្រូវការមិនទាន់ត្រូវបំពេញ។ យោងទៅតាមការសិក្សាដែលបានរៀបរាប់នៅដើមអត្ថបទ «ក្នុងចំណោមអ្នកដែលបានត្រូវគេស្ទង់មតិ នោះគ្មានអ្នកណាម្នាក់ដែលគាំទ្រឬក៏បង្ហាញថា ការបំផ្លាញទ្រព្យជាការសមហេតុផលនោះទេ សូម្បីតែអ្នកដែលធ្លាប់ចូលរួមក្នុងសកម្មភាពនោះក៏ដោយ»។
យុវជនម្នាក់ប្រហែលជាកម្រឮពាក្យសម្ដែងការដឹងគុណឬពាក្យលើកទឹកចិត្ត។ ដោយព្រោះការអប់រំគឺកាន់តែសំខាន់ ហើយមុខងារកាន់តែច្រើនតម្រូវឲ្យមានសញ្ញាប័ត្រនៃចំណោះឯកទេសឬក៏ជំនាញបច្ចេកទេសមួយពីមហាវិទ្យាល័យ នោះគាត់ប្រហែលជាមានអារម្មណ៍ខ្មាសគេ។ ម្ល៉ោះហើយ ឪពុកម្ដាយ ពួកគ្រូ ឬអភិជនប្រហែលជារិះគន់ច្រើនណាស់ហើយទាមទារ ដោយដាក់ទម្ងន់ទៅលើអ្វីដែលយុវជននោះសម្រេច ហើយមិនទៅលើបុគ្គលិកលក្ខណៈរបស់គេផ្ទាល់។ យុវជនជាច្រើនបះបោរឬក៏ធ្វើការបំផ្លាញទ្រព្យ ព្រោះតែពួកគេខកចិត្តនឹងខ្លួនគេ។ តើសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់របស់ឪពុកម្ដាយនឹងមិនកាត់បន្ថយការតានតឹងបែបនេះទេឬ?
ប្រហែលជាអ្នកធ្លាប់ឃើញថា ទោះបីអាជ្ញាធរខ្លះៗហាក់ដូចជាបានឈប់ខំប្រឹងទប់ទល់នឹងការសរសេរដោយអក្សរធំៗលើជញ្ជាំងហើយបទល្មើសផ្សេងទៀតក៏ដោយ ពលរដ្ឋជាទូទៅដែលមានចិត្តខ្វល់ខ្វាយ នៅតែពឹងពាក់លើពួកគ្រូនិងពួកបុគ្គលិកនៅសាលាសិក្សាឲ្យទប់ទល់នឹងការបំផ្លាញទ្រព្យ។ ស្តីអំពីការអនុវត្តន៍ច្បាប់ នោះសព្វវចនាធិប្បាយសៀវភៅពិភពលោក ចែងថា៖ «ការបំផ្លាញទ្រព្យអាចត្រូវដាក់ទោសជាពិន័យឬក៏ជាប់គុក។ រដ្ឋាភិបាលប្រចាំតំបន់មានច្បាប់ដែលរាប់ឪពុកម្ដាយជាអ្នកទទួលខុសត្រូវចំពោះការបំផ្លាញទ្រព្យដែលពួកកូនរបស់គេធ្វើ។ ក៏ប៉ុន្តែ ការបំផ្លាញទ្រព្យភាគច្រើនមិនត្រូវគេដាក់ទោសទេ។ ការអនុវត្តន៍ច្បាប់គឺពិបាកក្នុងករណីបែបនេះ ហើយតម្លៃនៃការខូចខាតនិមួយៗភាគច្រើន គឺមិនធំដុំទេគ្រប់គ្រាន់ដើម្បីសមនឹងការចាត់វិធានការតាមច្បាប់»។ សេចក្ដីរាយការណ៍មួយបានបង្ហាញថា មានតែ៣ភាគរយនៃអ្នកល្មើសច្បាប់ដែលត្រូវគេចាប់។
ទំនងជាអ្នកនឹងយល់ព្រមថា សេចក្ដីណែនាំដ៏គ្រប់គ្រាន់ពីឪពុកម្ដាយ ប្រហែលជាវិធីដ៏ល្អបំផុតដើម្បីតយុទ្ធនឹងដើមហេតុនៃការល្មើស។ ក៏ប៉ុន្តែ នៅពេលដែលជីវភាពគ្រួសារឱនថយទៅ នោះសហគមន៍រងទុក្ខវេទនា។ សាស្ដ្រាចារ្យម្នាក់ឈ្មោះ អាណា លូអ៊ីស វីអេរ៉ា ដេ ម៉ាតុស នៅសកលវិទ្យាល័យសោប៉ោឡូប្រទេសប្រេហ្ស៊ីល គាត់កត់សម្គាល់ហេតុខ្លះៗសំរាប់បញ្ហាជាមួយនឹងយុវជន គឺ«ការត្រួតមើលដ៏ខ្សោយពីឪពុកម្ដាយ ការខ្វះខាតនូវច្បាប់គ្រួសារ កង្វះខាងការប្រស្រ័យទាក់ទង ការមិនយកចិត្តទុកដាក់ ភាពមិនអើពើឬកន្តើយ»។
នៅសម័យយើងនេះ យើងពិតជាឃើញការសម្រេចនៃបន្ទូលរបស់ព្រះយេស៊ូ ដែលថា៖ «រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្ដីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ»។ (ម៉ាថាយ ២៤:១២) ហើយតើអ្នកណានឹងបដិសេធពាក្យដែលបានត្រូវកត់ក្នុងធីម៉ូថេទី២ ៣:១-៤ នោះកំពុងតែសម្រេចជាពិត? សាវ័កប៉ុលបានសរសេរថា៖ «ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្ដីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ»។ ការពិតគឺគ្រាន់តែនៅជាមួយមនុស្សដែលមានលក្ខណៈបែបនេះ នោះជួយបង្កើនការល្មើស។ ក៏ប៉ុន្តែ យើងមិនចាំបាច់ចុះចាញ់ទេ។ សហគមន៍ជាទូទៅបានបរាជ័យក្នុងការបំបាត់ចោលការបំផ្លាញទ្រព្យ ក៏ប៉ុន្តែ យើងអាចរកឃើញមនុស្សដែលបានជោគជ័យក្នុងការកែប្រែរបៀបរស់នៅរបស់ខ្លួន ហើយឥឡូវគឺមិនខ្វះសុជីវធម៌ឬកំព្រើលទៀតទេ។ ក្នុងករណីរបស់ពួកគេ ការបំផ្លាញទ្រព្យបានត្រូវបញ្ឈប់។
សេចក្ដីណែនាំដ៏សមហេតុសមផល សំរាប់យុវជន
តើអ្វីដែលបានជួយអ្នកបំផ្លាញទ្រព្យនិងអ្នកផ្សេងទៀត ឲ្យកែប្រែបុគ្គលិកលក្ខណៈរបស់ខ្លួន? ទោះបីប្រហែលជាអ្វីដ៏ពិបាកជឿចំពោះអ្នកអប់រំនិងឪពុកម្ដាយខ្លះៗ នោះព្រះគម្ពីរផ្ដល់ឲ្យនូវសេចក្ដីណែនាំដ៏ល្អប្រពៃនិងទាន់សម័យផង។ ដោយការប្រព្រឹត្តតាមនោះ អតីតអ្នកបំផ្លាញទ្រព្យបានត្រូវជំរុញឲ្យគោរពតាមច្បាប់ច្បាស់លាស់របស់ព្រះដែលថា៖ «កុំឲ្យតាមពួកមានគ្នាច្រើន ដើម្បីប្រព្រឹត្តសេចក្ដីអាក្រក់»។ (និក្ខមនំ ២៣:២) ជាច្រើននាក់បានត្រូវទាក់ទាញមកដល់សេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះ អំពីជំនឿនិងលទ្ធិដែលគេមិនធ្លាប់យល់ពីមុនទេ ហើយអ្វីដែលគេបានរៀនក៏មានអានុភាពល្អចំពោះគេ។ សូមពិចារណានូវករណីរបស់ហូសេ យុវជនម្នាក់នៅទីក្រុងសោប៉ោឡូ។ គាត់បានត្រូវចិញ្ចឹមអប់រំឲ្យជឿលើការប្រើរូបបដិមាករក្នុងការថ្វាយបង្គំ។ នៅពេលគាត់រៀនថាព្រះមានព្រះនាមព្រះយេហូវ៉ា ហើយទ្រង់មិនពេញព្រះហឫទ័យនឹងការថ្វាយបង្គំរូបបដិមាករ នោះហូសេបានធ្វើការកែប្រែដើម្បីធ្វើអ្វីដែលគួរពេញព្រះទ័យចំពោះព្រះ។—និក្ខមនំ ២០:៤, ៥; ទំនុកដំកើង ៨៣:១៨; យ៉ូហានទី១ ៥:២១; វិវរណៈ ៤:១១
និលសិន បានរកឃើញនូវសេចក្ដីសង្ឃឹមដ៏ពិតប្រាកដចំពោះអនាគត ហើយនេះបាននាំមកនូវការសម្រាលទុក្ខចំពោះគាត់ ជាជាងការមានបទពិសោធន៍ដ៏ធ្វើឲ្យតានតឹងជាបន្តបន្ទាប់គ្នា ក្នុងក្រុមអន្ធពាលដ៏ឃោរឃៅនិងកូដកម្ម។ គាត់និយាយថា៖ «ជំនួសការបដិសេធដោយក្រុមគ្រួសាររបស់ខ្ញុំ ដោយព្រោះពួកសេពគប់ដ៏អាក្រក់របស់ខ្ញុំហើយពីព្រោះខ្ញុំជាអ្នកញៀនថ្នាំ នោះឥឡូវនេះខ្ញុំជាអ្នកដែលគេគោរពជាងគេនៅក្នុងផ្ទះ។ ជាញឹកញយឪពុកខ្ញុំសូមខ្ញុំឲ្យជួយប្រដៅពួកបងប្រុសរបស់ខ្ញុំ។ ចាប់ពីពេលដែលខ្ញុំចាប់ផ្ដើមសិក្សាជាមួយពួកស្មរបន្ទាល់ព្រះយេហូវ៉ា ខ្ញុំបានស្គាល់អំណរពីព្រោះឥឡូវខ្ញុំមានគោលបំណងក្នុងជីវិត»។ ហើយចំពោះយុវជនម្នាក់នៅឯទីក្រុង ដូចម៉ាកូ ដែលធ្លាប់នឹងការរស់នៅក្នុងបរិយាការដ៏ឃោរឃៅ នោះការស្គាល់ថាព្រះរាជាណាចក្ររបស់ព្រះនឹងធ្វើឲ្យផែនដីទៅជាសួនមនោរម្យពិតជាបានធ្វើឲ្យគាត់សប្បាយចិត្ត។—វិវរណៈ ២១:៣, ៤
សូមពិចារណាដែរនូវករណីនៃអតីតសមាជិកក្រុមអន្ធពាលម្នាក់ ដែលជាអ្នកវាយទាស់នឹងគេតាមថ្នល់ ហើយក៏ជាអ្នកបំផ្លាញទ្រព្យ។ ដោយគាត់ជាកូនកំព្រាដែលមានកុមារភាពដ៏គួរសោយសោក នោះវ៉ាលថឺបានកោតស្ងើចថា នៅក្នុងចំណោមលោកីយ៍មួយដ៏ពុករលួយនិងទុច្ចរិត ព្រះក៏មានរាស្ត្ររបស់ទ្រង់។ ពួកគេខិតខំយ៉ាងស្មោះឲ្យអនុវត្តតាមគោលការណ៍ព្រះគម្ពីរក្នុងជីវិតរបស់គេ ដោយបង្ហាញសេចក្ដីមេត្ដាករុណា ការរាប់អាន និងសេចក្ដីសប្បុរស។ វ៉ាលថឺពន្យល់ថា៖ «យ៉ាងពិតប្រាកដតាមសេចក្ដីសន្យារបស់ព្រះយេស៊ូ ឥឡូវខ្ញុំមានក្រុមគ្រួសារមួយដ៏ធំ ជា‹បងប្អូនប្រុសស្រីនិងឪពុកនិងម្ដាយ›។ ចំពោះអនាគត ខ្ញុំទន្ទឹងចាំគ្រាដែលមនុស្សនឹងរស់ដោយសុភមង្គលនិងសាមគ្គីភាព នៅក្រោមការគ្រប់គ្រងដ៏សុចរិតរបស់រដ្ឋាភិបាលរបស់ព្រះ»។—ម៉ាកុស ១០:២៩, ៣០; ទំនុកដំកើង ៣៧:១០, ១១, ២៩
អ្វីដ៏ល្អជាងប្រតិកម្ម
បន្ថែមនឹងការបង្ហាញនូវការរាប់អាននិងសេចក្ដីស្រឡាញ់សំរាប់មនុស្ស ពួកអតីតអ្នកបំផ្លាញទ្រព្យបានរៀន«ស្អប់ការអាក្រក់»។ (ទំនុកដំកើង ៩៧:១០; ម៉ាថាយ ៧:១២) ចុះយ៉ាងណាវិញចំពោះអ្នក? សូម្បីតែបើសិនជាអ្នកគ្រាន់តែរងគ្រោះដោយសារលទ្ធផលពីការបំផ្លាញទ្រព្យដែលមានជាទូទៅនោះ ការសិក្សាព្រះបន្ទូលរបស់ព្រះនិងធ្វើឲ្យព្រះយេហូវ៉ាជាបុគ្គលពិតប្រាកដចំពោះអ្នក ជាព្រះវរបិតាមួយអង្គដែលមានព្រះទ័យចង់យកព្រះទ័យទុកដាក់លើអ្នក។ (ពេត្រុសទី១ ៥:៦, ៧) ព្រះក៏អាចជួយអ្នកលូតលាស់ខាងវិញ្ញាណ ថ្វីបើមានភាពខ្សោយផ្ទាល់ខ្លួនឬភាពក្រីក្រក៏ដោយ។ នោះឯងជាបទពិសោធន៍មួយដ៏ល្អប្រពៃម្ល៉េះហ្ន៎!
ព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់ ជាព្រះយេស៊ូគ្រីស្ទ ពិតជាមានព្រះទ័យចង់ឲ្យមនុស្សគ្រប់ប្រភេទមានឱកាសរៀនសេចក្ដីពិតពីព្រះគម្ពីរ។ ព្រះបន្ទូលរបស់ព្រះអាចធ្វើច្រើនជាងការជួយមនុស្សប៉ុណ្ណោះ ក្នុងការឈប់ធ្វើជាអ្នកបំផ្លាញទ្រព្យឥឡូវនេះ។ បន្ទូលនោះក៏អាចជំរុញពួកគេឲ្យធ្វើការលូតលាស់បន្តទៅទៀតក្នុងការអនុវត្តតាមគោលការណ៍ពីព្រះ។ ជាលទ្ធផល ពួកគេទៅជាផ្នែកមួយ នៃភាតរភាពអន្តរជាតិមួយ ដែលត្រូវគេសម្គាល់សំរាប់ភាពស្អាតស្អំនិងសុជីវធម៌ល្អ។ គេនោះជាក្រុមជំនុំអន្តរជាតិនៃពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ ស្របតាមអេភេសូរ ៤:២៤ ពួកគ្រីស្ទានដ៏ស្មោះត្រង់ទាំងនេះបាន«ប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្ដីសុចរិត ហើយក្នុងសេចក្ដីបរិសុទ្ធរបស់ផងសេចក្ដីពិត»។ បន្ដិចទៀត ពិភពលោកនេះនឹងត្រូវពោរពេញទៅដោយមនុស្សបែបនេះ ពីព្រោះគេនេះនឹងជាក្រុមមនុស្សតែមួយគត់ដែលនឹងរួចរស់ហើយរស់នៅជានិរន្តរ៍។—ប្រៀបមើល លូកា ២៣:៤៣
គឺអាចមានពិភពលោកថ្មីមួយដែលគ្មានការបំផ្លាញទ្រព្យ
តើអ្នកជឿថា ការបំផ្លាញទ្រព្យពិតជាអាចត្រូវបំបាត់ចោលទេឬ? បើសិនជាអ៊ីចឹងមែន តើយ៉ាងដូចម្ដេចដែលការប្រែប្រួលដ៏ធំបែបនេះនឹងកើតមានឡើង? ព្រះរាជាណាចក្ររបស់ព្រះបន្ដិចទៀតនឹងបំបាត់ចោលនូវរបបដ៏អាក្រក់នេះ។ អ្នកដែលរស់នៅលើផែនដីនឹងទទួលខុសត្រូវសំរាប់ការល្មើសច្បាប់ដ៏សុចរិតរបស់ព្រះដោយចេតនា។ (ប្រៀបមើល អេសាយ ២៤:៥, ៦) កាលដែល«ពួកមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា» ពួកអ្នកដែលស្រឡាញ់សេចក្ដីសុចរិតនឹងត្រូវសង្គ្រោះ។ «ព្រះយេហូវ៉ាទ្រង់ជួយគេ ក៏ប្រោសឲ្យរួចទ្រង់ប្រោសគេឲ្យរួចពីមនុស្សអាក្រក់ ព្រមទាំងជួយសង្គ្រោះគេផង ពីព្រោះគេបានពឹងជ្រកក្នុងទ្រង់»។—ទំនុកដំកើង ៣៧:៣៨-៤០
ពិតមែនហើយ ដើមហេតុនៃការបំផ្លាញទ្រព្យនឹងត្រូវបំបាត់ចោលទាំងស្រុង។ ហើយក៏អ៊ីចឹងដែរចំពោះឧក្រិដ្ឋកម្ម ការជិះជាន់ ការរងទុក្ខវេទនា និងសេចក្ដីទុច្ចរិតគ្រប់ជំពូក។ ផ្ទុយទៅវិញ សន្ដិភាព សេចក្ដីសុចរិតដ៏ពិត សេចក្ដីស្ងប់ស្ងាត់ និងសន្ដិសុខនឹងជាលក្ខណៈនៃជីវភាពក្នុងពិភពលោកថ្មីនោះ។ អេសាយ ៣២:១៨ ពិពណ៌នាអ្វីដែលនឹងត្រូវសម្រេចតាមន័យចំៗ៖ «ឯរាស្ត្រអញ គេនឹងអាស្រ័យក្នុងទីលំនៅដ៏មានសន្ដិសុខ ហើយនៅផ្ទះសំបែងមាំមួន ជាទីសំរាកក្សេមក្សាន្ត»។ មែនហើយ សួនមនោរម្យមួយដ៏ស្អាតនិងទូទាំងផែនដី នឹងមានមនុស្សដែលបង្ហាញសេចក្ដីស្រឡាញ់និងការរាប់អានចំពោះអ្នកដទៃ។
ជាមួយនឹងរាប់លាននាក់ទៀត នោះពួកអតីតអ្នកបំផ្លាញទ្រព្យអរសប្បាយ ហើយនឹងទំនាក់ទំនងមួយដ៏ជិតស្និទ្ធិជាមួយនឹងព្រះយេហូវ៉ា។ ពួកគេគ្មានចំណែកតទៅទៀតក្នុងការបំផ្លាញទ្រព្យទេ។ តើអ្នកនឹងឲ្យព្រះបន្ទូលរបស់ព្រះនាំអ្នកទៅដល់ជីវិតក្នុងពិភពលោកថ្មីរបស់ទ្រង់ទេ? សូមអញ្ជើញធ្វើតម្រាប់តាមអ្នកតែងបទទំនុកដំកើងពីបុរាណ ដែលបានសរសេរការប្រកាសរបស់ព្រះយេហូវ៉ាថា៖ «អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវដែលឯងត្រូវដើរ អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់»។—ទំនុកដំកើង ៣២:៨
[រូបភាពនៅទំព័រ៧]
ការយកចិត្តទុកដាក់និងសេចក្ដីស្រឡាញ់ពីឪពុកម្ដាយ ការពារយុវជន