ឪពុកម្ដាយ តើគំរូរបស់អ្នកបង្រៀនយ៉ាងណា?
«ដូច្នេះ ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា ហើយដើរក្នុងសេចក្ដីស្រឡាញ់»។—អេភេសូរ ៥:១, ២
១. តើគោលការណ៍ណែនាំបែបណា ដែលព្រះយេហូវ៉ាប្រទានឲ្យគូស្វាមីភរិយាដំបូង?
ព្រះយេហូវ៉ាជាអ្នកផ្ដើមនូវការរៀបចំក្រុមគ្រួសារ។ ក្រុមគ្រួសារទាំងអស់មានអត្ថិភាពដោយសារទ្រង់ ពីព្រោះទ្រង់បានស្ថាបនាក្រុមគ្រួសារដំបូង ហើយបានប្រទានអំណាចនៃការបង្កើតកូនដល់គូស្វាមីភរិយាដំបូង។ (អេភេសូរ ៣:១៤, ១៥) ទ្រង់បានប្រទានឲ្យអ័ដាមនិងអេវ៉ានូវពាក្យណែនាំដ៏បឋមស្តីអំពីភារកិច្ចរបស់ពួកគាត់ ហើយក៏បានអនុញ្ញាតឲ្យពួកគាត់នូវឱកាសជាច្រើន ដើម្បីប្រើគំនិតដើមផ្ទាល់ខ្លួន ក្នុងការអនុវត្តតាមសេចក្ដីទាំងនេះ។ (លោកុប្បត្តិ ១:២៨-៣០; ២:១៥-២២) ក្រោយពីអ័ដាមនិងអេវ៉ាបានប្រព្រឹត្តអំពើបាប នោះស្ថានការណ៍ដែលក្រុមគ្រួសារត្រូវតែលៃលកដោះស្រាយ ក៏បានក្លាយទៅជាស្មុគស្មាញកាន់តែខ្លាំងឡើង។ ក៏ប៉ុន្តែដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាបានប្រទានឲ្យគោលការណ៍ណែនាំ ដែលនឹងជួយពួកអ្នកបំរើរបស់ទ្រង់ឲ្យលៃលកដោះស្រាយនឹងស្ថានការណ៍បែបនេះ។
២. (ក) តើតាមរយៈអ្វីដែលព្រះយេហូវ៉ារួមបញ្ចូលឱវាទជាលាយលក្ខណ៍អក្សរ ជាមួយនឹងការបង្ហាត់បង្រៀនដោយមាត់នោះ? (ខ) តើសំនួរអ្វីដែលឪពុកម្ដាយត្រូវសួរខ្លួននោះ?
២ ជាអ្នកបង្ហាត់បង្រៀនដ៏ឧត្តមរបស់យើង នោះព្រះយេហូវ៉ាបានធ្វើច្រើនណាស់ មិនគ្រាន់តែប្រទានឲ្យនូវសេចក្ដីណែនាំជាលាយលក្ខណ៍អក្សរអំពី ចំណែកអ្វីដែលយើងគួរធ្វើនិងអ្វីដែលយើងគួរជៀសវាងនោះប៉ុណ្ណោះទេ។ នៅសម័យបុរាណ នោះទ្រង់បានរួមបញ្ចូលការបង្ហាត់បង្រៀនជាលាយលក្ខណ៍អក្សរ ជាមួយនឹងការបង្ហាត់បង្រៀនដោយមាត់ តាមរយៈពួកសង្ឃនិងពួកព្យាការី ហើយតាមរយៈមេគ្រួសារផងដែរ។ តើអ្នកណាដែលទ្រង់កំពុងតែប្រើនៅក្នុងសម័យយើងនេះ ដើម្បីផ្ដល់ឲ្យការបង្រៀនដោយមាត់? គឺពួកអ្នកចាស់ទុំគ្រីស្ទាននិងឪពុកម្ដាយ។ ប្រសិនបើអ្នកជាឪពុកឬម្ដាយម្នាក់ តើអ្នកកំពុងធ្វើកិច្ចការរបស់អ្នក ដើម្បីបង្ហាត់បង្រៀនក្រុមគ្រួសាររបស់អ្នក តាមផ្លូវរបស់ព្រះយេហូវ៉ាឬទេ?—សុភាសិត ៦:២០-២៣
៣. តើមេគ្រួសារអាចរៀនអ្វីពីព្រះយេហូវ៉ាស្តីអំពីការបង្រៀនដ៏ប្រសិទ្ធិភាព?
៣ តើគួរប្រគល់ឲ្យការបង្ហាត់បង្រៀនបែបនេះនៅក្នុងគ្រួសារយ៉ាងដូចម្ដេច? ព្រះយេហូវ៉ាទុកគំរូឲ្យ។ ទ្រង់មានបន្ទូលយ៉ាងច្បាស់លាស់អំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់ ហើយទ្រង់ប្រើជាច្រើនដងនូវការមានបន្ទូលឡើងវិញ។ (និក្ខមនំ ២០:៤, ៥; ចោទិយកថា ៤:២៣, ២៤; ៥:៨, ៩; ៦:១៤, ១៥; យ៉ូស្វេ ២៤:១៩, ២០) ទ្រង់ប្រើសំនួរដែលធ្វើឲ្យត្រិះរិះពិចារណា។ (យ៉ូប ៣៨:៤, ៨, ៣១) តាមរយៈរឿងប្រៀបប្រដូចនិងការពិសោធន៍ពិត នោះទ្រង់ជំរុញអារម្មណ៍របស់យើង ហើយបំពាក់បំប៉នចិត្តរបស់យើង។ (លោកុប្បត្តិ ១៥:៥; ដានីយ៉ែល ៣:១-២៩) ឪពុកម្ដាយអើយ ពេលអ្នកបង្រៀនកូនរបស់អ្នក តើអ្នកខំធ្វើតម្រាប់តាមគំរូនេះឬទេ?
៤. តើយើងរៀនអ្វីពីព្រះយេហូវ៉ាស្តីពីការទូន្មានប្រដៅ ហើយហេតុអ្វីក៏ការទូន្មានប្រដៅសំខាន់ម្ល៉េះ?
៤ ព្រះយេហូវ៉ាមានព្រះទ័យមុតមាំចំពោះអ្វីដែលត្រឹមត្រូវ ក៏ប៉ុន្តែទ្រង់យល់អំពីឥទ្ធិពលនៃភាពឥតគ្រប់ល័ក្ខណ៍។ ដូច្នេះមុននឹងទ្រង់ដាក់ទណ្ឌកម្ម ទ្រង់បង្រៀនហើយឲ្យការព្រមាននិងការរំឭកម្ដងហើយម្ដងទៀតដល់មនុស្សឥតគ្រប់ល័ក្ខណ៍។ (លោកុប្បត្តិ ១៩:១៥, ១៦; យេរេមា ៧:២៣-២៦) ពេលទ្រង់ទូន្មានប្រដៅ នោះទ្រង់ធ្វើឡើងតាមកំរិតត្រឹមត្រូវ មិនមែនយ៉ាងហួសហេតុនោះទេ។ (ទំនុកដំកើង ១០៣:១០, ១១; អេសាយ ២៨:២៦-២៩) បើនេះជារបៀបដែលយើងប្រព្រឹត្តនឹងកូនរបស់យើង នោះនឹងឲ្យទីសំអាងថា យើងស្គាល់ព្រះយេហូវ៉ា ហើយនេះក៏ធ្វើឲ្យស្រួលជាងចំពោះគេដើម្បីឲ្យស្គាល់ទ្រង់ផងដែរ។—យេរេមា ២២:១៦; យ៉ូហានទី១ ៤:៨
៥. តើអ្វីដែលឪពុកម្ដាយអាចរៀនពីព្រះយេហូវ៉ាស្តីពីការស្ដាប់នោះ?
៥ គួរឲ្យអស្ចារ្យ ជាព្រះវរបិតានៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់ នោះព្រះយេហូវ៉ាទ្រង់ព្រះសណ្ដាប់។ ទ្រង់មិនគ្រាន់តែចេញបញ្ជានោះទេ។ ទ្រង់លើកទឹកចិត្តយើងឲ្យបើកចំហចិត្តយើងប្រាប់ទ្រង់។ (ទំនុកដំកើង ៦២:៨) ហើយបើសិនជាមនោសញ្ចេតនាដែលយើងសម្ដែងប្រាប់មិនត្រឹមត្រូវទេ នោះទ្រង់មិនស្តីបន្ទោសដោយសម្លេងយ៉ាងខ្លាំងពីស្ថានសួគ៌ឡើយ។ ដោយអត់ធ្មត់ នោះទ្រង់បង្ហាត់បង្រៀនយើង។ ដូច្នេះ ឱវាទរបស់សាវ័កប៉ុលគឺសមហេតុផលមែន ដែលថា៖ «ដូច្នេះ ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា»! (អេភេសូរ ៤:៣១–៥:១) នេះជាគំរូដ៏ល្អយ៉ាងណាទៅហ្ន៎ ដែលព្រះយេហូវ៉ាទុកឲ្យឪពុកម្ដាយ កាលដែលពួកគាត់ខំបង្ហាត់បង្រៀនកូននោះ! នេះគឺជាគំរូមួយដែលមានឥទ្ធិពលជ្រួតជ្រាបលើចិត្តយើង ហើយធ្វើឲ្យយើងចង់ដើរតាមផ្លូវរបស់ទ្រង់ខាងឯជីវិត។
ឥទ្ធិពលជាគំរូមានមកលើគេ
៦. តើតាមរបៀបណាដែលអាកប្បកិរិយានិងគំរូនៃឪពុកម្ដាយ មានឥទ្ធិពលលើកូនៗរបស់ខ្លួន?
៦ ថែមពីលើការបង្ហាត់បង្រៀនដោយពាក្យសំដី នោះគំរូក៏មានឥទ្ធិពលដ៏ជ្រាលជ្រៅលើក្មេងៗដែរ។ ទោះជាឪពុកម្ដាយចូលចិត្តឬក៏មិនចូលចិត្តក៏ដោយ នោះកូននឹងធ្វើតម្រាប់តាមពួកគាត់។ នេះប្រហែលជាធ្វើឲ្យឪពុកម្ដាយពេញចិត្ត ហើយជួនកាលក៏ប្រហែលជាធ្វើឲ្យគាត់តក់ស្លុតដែរ ពេលដែលគាត់ឮកូននិយាយអ្វីមួយ ដែលខ្លួនបាននិយាយហើយ។ នៅពេលដែលចរិយានិងអាកប្បកិរិយារបស់ឪពុកម្ដាយ បង្ហាញនូវការអបអរដ៏ជ្រៅលើរឿងខាងវិញ្ញាណ នេះនឹងមានឥទ្ធិពលដ៏វិជ្ជមានលើកូនដែរ។—សុភាសិត ២០:៧
៧. ជាឪពុក តើយែបថាបានទុកគំរូបែបណាសំរាប់កូនស្រីរបស់គាត់ ហើយតើមានលទ្ធផលយ៉ាងណា?
៧ ឥទ្ធិពលពីគំរូរបស់ឪពុកម្ដាយគឺបានត្រូវបង្ហាញយ៉ាងល្អនៅក្នុងព្រះគម្ពីរ។ លោកយែបថា ដែលបានត្រូវប្រើដោយព្រះយេហូវ៉ាឲ្យដឹកនាំអ៊ីស្រាអែលមានជ័យជំនះលើពួកអាំម៉ូន ក៏ជាឪពុកម្នាក់ដែរ។ សេចក្ដីដែលរាយការណ៍ពីការតបឆ្លើយរបស់គាត់ដល់ស្តេចនៃសាសន៍អាំម៉ូន សឲ្យឃើញថា យែបថាច្បាស់ជាធ្លាប់អានយ៉ាងញឹកញយអំពីប្រវត្ដិសាស្ត្រ នៃការប្រព្រឹត្តរបស់ព្រះយេហូវ៉ាជាមួយនឹងសាសន៍អ៊ីស្រាអែល។ គាត់អាចដកស្រង់ប្រវត្ដិសាស្ត្រនោះដោយស្រួល ហើយគាត់បានបង្ហាញនូវជំនឿដ៏មុតមាំលើព្រះយេហូវ៉ា។ ប្រាកដណាស់ គំរូរបស់គាត់បានជួយកូនស្រីរបស់គាត់ឲ្យបណ្ដុះបណ្ដាលសេចក្ដីជំនឿនិងការយល់ព្រមពលិកម្មខ្លួន ដែលនាងបានសម្ដែងដោយទទួលយកកិច្ចបំរើអស់មួយជីវិតជាស្ត្រីនៅលីវ ដើម្បីបំរើព្រះយេហូវ៉ា។—ពួកចៅហ្វាយ ១១:១៤-២៧, ៣៤-៤០; ប្រៀបមើល យ៉ូស្វេ ១:៨
៨. (ក) តើអាកប្បកិរិយាដ៏ល្អអ្វីដែលឪពុកម្ដាយរបស់សាំយូអែលបានសម្ដែង? (ខ) តើនេះបានមានប្រយោជន៍ដល់សាំយូអែលយ៉ាងដូចម្ដេច?
៨ ជាកូនម្នាក់ នោះសាំយូអែលជាគំរូដ៏ល្អ ហើយជាព្យាការីម្នាក់ ក៏មានចិត្តស្មោះត្រង់នឹងព្រះ អស់មួយជីវិតរបស់គាត់។ តើអ្នកចង់ឲ្យកូនរបស់អ្នកបានដូចគាត់ឬទេ? ចូរពិចារណាមើលគំរូដែលទុកដោយឪពុកម្ដាយរបស់សាំយូអែល ដែលមានឈ្មោះ អែលកាណា និងហាណា។ ទោះជាស្ថានការណ៍នៅក្នុងក្រុមគ្រួសាររបស់គេគឺឥតគ្រប់ល័ក្ខណ៍ក្ដី តែពួកគេតែងឡើងទៅឯស៊ីឡូរដើម្បីថ្វាយបង្គំ ជាទីតាំងនៃរោងឧបោសថដ៏ពិសិដ្ឋ។ (សាំយូអែលទី១ ១:៣-៨, ២១) ចូរកត់សម្គាល់នូវអារម្មណ៍ដ៏ជ្រៅ ដែលហាណាមានកាលដែលបានអធិស្ឋាននោះ។ (សាំយូអែលទី១ ១:៩-១៣) ចូរពិនិត្យមើលនូវអារម្មណ៍យ៉ាងណាដែលពីរនាក់នេះមាន ចំពោះសារៈសំខាន់នៃការបំពេញតាមសេចក្ដីសន្យាណាដែលបានធ្វើជាមួយនឹងព្រះ។ (សាំយូអែលទី១ ១:២២-២៨) គំរូដ៏ល្អរបស់ពួកគាត់ប្រាកដជាបានជួយសាំយូអែល ឲ្យបណ្ដុះបណ្ដាលនូវគុណសម្បត្ដិ ដែលបានជួយគាត់ឲ្យខំធ្វើតាមដំណើរត្រឹមត្រូវ ទោះជាមនុស្សនៅជុំវិញគាត់ដែលអះអាងថាបំរើព្រះយេហូវ៉ា បានបង្ហាញនូវការឥតគោរពចំពោះផ្លូវរបស់ព្រះទៅវិញ។ នៅក្រោយមក ព្រះយេហូវ៉ាបានប្រគល់ឲ្យសាំយូអែលនូវភារកិច្ចជាព្យាការីរបស់ទ្រង់។—សាំយូអែលទី១ ២:១១, ១២; ៣:១-២១
៩. (ក) តើមានឥទ្ធិពលអ្វីនៅឯផ្ទះ ដែលមានផលដ៏ល្អលើធីម៉ូថេនោះ? (ខ) តើធីម៉ូថេបានក្លាយទៅជាមនុស្សបែបណា?
៩ តើអ្នកចង់បានកូនប្រុសរបស់អ្នកឲ្យក្លាយដូចជាធីម៉ូថេ ដែលជាយុវបុរសម្នាក់ បានក្លាយទៅជាគូកនរបស់សាវ័កប៉ុលនោះទេ? ឪពុករបស់ធីម៉ូថេមិនមែនជាអ្នកជឿព្រះទេ ប៉ុន្តែម្ដាយនិងជីដូនរបស់គាត់បានទុកគំរូដ៏ល្អ ចំពោះការអបអរលើរឿងខាងវិញ្ញាណ។ នេះប្រាកដជាបានជួយចាក់គ្រឹះដ៏ល្អមួយសំរាប់ជីវិតរបស់ធីម៉ូថេ ជាគ្រីស្ទានម្នាក់។ យើងបានត្រូវប្រាប់ថា ម្ដាយរបស់គាត់ឈ្មោះ អ៊ើនីស ហើយជីដូនរបស់គាត់ឈ្មោះ ឡូអ៊ីស មាន«សេចក្ដីជំនឿស្មោះត្រង់»។ ជីវិតរបស់ពួកគាត់ជាពួកគ្រីស្ទាន មិនមែនជាអ្វីដ៏លាក់ពុតទេ។ ពួកគាត់ពិតជាបានរស់នៅស្របតាមអ្វីដែលគាត់បានអះអាងថាជឿនោះ ហើយក៏បានបង្រៀនក្មេងធីម៉ូថេឲ្យធ្វើដូចនេះដែរ។ ធីម៉ូថេបានបង្ហាញភស្តុតាងថាគេអាចពឹងពាក់លើគាត់បាន ហើយដែលគាត់បានមើលថែទាំយ៉ាងស្មោះនូវសុខុមាលភាពនៃអ្នកឯទៀត។—ធីម៉ូថេទី២ ១:៥; ភីលីព ២:២០-២២
១០. (ក) តើគំរូអ្វីដែលនៅខាងក្រៅផ្ទះសម្បែង ដែលប្រហែលជាមានឥទ្ធិពលលើកូនរបស់យើង? (ខ) តើយើងត្រូវមានប្រតិកម្មយ៉ាងណាពេលឥទ្ធិពលទាំងនេះ លេចចេញមកតាមពាក្យសំដីឬអាកប្បកិរិយានៃកូនយើងនោះ?
១០ គំរូទាំងឡាយដែលមានឥទ្ធិពលលើកូនរបស់យើង មិនគ្រាន់តែមានមកពីក្នុងផ្ទះសម្បែងនោះទេ។ ក៏មានពីកូនក្មេងនៅឯសាលារៀន ហើយគ្រូៗ ដែលកិច្ចការរបស់គេគឺដើម្បីបំពាក់បំប៉នចិត្តរបស់ក្មេងៗដែរ។ គឺមានឥទ្ធិពលពីមនុស្សដែលមានអារម្មណ៍យ៉ាងខ្លាំងថា មនុស្សគ្រប់គ្នាគួរតែធ្វើតាមទំនៀមទម្លាប់ខាងកុលសម្ព័ន្ធឬសហគមន៍ ដែលបានចាក់ឫសយ៉ាងជ្រៅ។ ក៏មានឥទ្ធិពលពីតួឯកខាងកីឡា ដែលថ្វីដៃរបស់គេបានត្រូវសរសើរទូទៅ ហើយដោយមន្ត្រីសាធារណៈ ដែលចរិយារបស់គេបានបង្ហាញនៅក្នុងពត៌មាន។ កូនក្មេងជាច្រើនលាននាក់ក៏បានរងគ្រោះថ្នាក់ដោយភាពសាហាវនៃសង្គ្រាម។ តើនេះគួរធ្វើឲ្យយើងភ្ញាក់ផ្អើលឬ បើឥទ្ធិពលទាំងនេះក៏បានសឲ្យឃើញ ដោយពាក្យសំដីឬអាកប្បកិរិយារបស់កូនយើងនោះ? តើយើងមានប្រតិកម្មយ៉ាងដូចម្ដេចនៅពេលដែលមាននោះមែន? តើការស្តីបន្ទោសឬក៏ការស្តីប្រដៅយ៉ាងខ្លាំងដោះស្រាយបញ្ហានេះទេ? ជាជាងមានប្រតិកម្មយ៉ាងរហ័សដល់កូនរបស់យើង តើមិនជាប្រសើរទេឬបើសួរខ្លួនយើងថា ‹ស្របតាមរបៀបដែលព្រះយេហូវ៉ាប្រស្រ័យទាក់ទងនឹងយើង តើមានអ្វីខ្លះដែលប្រហែលជាអាចជួយ ឲ្យយើងចេះគិតពីរបៀបដោះស្រាយរឿងនេះឬទេ›?—ប្រៀបមើល រ៉ូម ២:៤
១១. នៅពេលដែលឪពុកម្ដាយធ្វើខុស តើនេះប្រហែលជាមានឥទ្ធិពលលើអាកប្បកិរិយារបស់កូនៗយ៉ាងដូចម្ដេច?
១១ ប្រាកដហើយ ឪពុកម្ដាយដ៏ឥតគ្រប់ល័ក្ខណ៍ នឹងមិនតែងដោះស្រាយរឿងតាមរបៀបដ៏ប្រសើរនោះឡើយ។ ពួកគេនឹងធ្វើខុស។ នៅពេលដែលកូនដឹងរឿងនោះ តើនេះនឹងធ្វើឲ្យកូនលែងមានការគោរពចំពោះឪពុកម្ដាយរបស់គេឬ? គឺប្រហែល ជាពិសេសបើឪពុកម្ដាយធ្វើពើនឹងកំហុសរបស់គាត់ ដោយអាងអំណាចរបស់ខ្លួនយ៉ាងខ្លាំង។ ប៉ុន្តែ លទ្ធផលប្រហែលជាខុសស្រឡះ បើឪពុកម្ដាយមានចិត្តរាបទាប ហើយសារភាពនូវកំហុសរបស់ខ្លួន។ ក្នុងករណីនេះ គាត់អាចទុកគំរូដ៏មានតម្លៃសំរាប់កូន ដែលត្រូវរៀនឲ្យធ្វើដូច្នេះដែរ។—យ៉ាកុប ៤:៦
អ្វីដែលគំរូរបស់យើងអាចបង្រៀនបាន
១២, ១៣. (ក) តើកូនៗត្រូវតែរៀនអ្វីអំពីសេចក្ដីស្រឡាញ់ ហើយតើអាចបង្រៀននេះដោយមានប្រសិទ្ធិភាពបំផុតដូចម្ដេច? (ខ) ហេតុអ្វីក៏សំខាន់ម្ល៉េះដែលកូនៗត្រូវរៀនអំពីសេចក្ដីស្រឡាញ់?
១២ គឺមានមេរៀនជាច្រើនដ៏មានតម្លៃ ដែលអាចបង្រៀនបានតាមរបៀបដ៏មានប្រសិទ្ធិភាពបំផុត ពេលដែលរួមបញ្ចូលការបង្ហាត់បង្រៀនដោយមាត់ជាមួយនឹងគំរូល្អ។ សូមពិនិត្យមើលមេរៀនទាំងនេះខ្លះៗ។
១៣ ការសម្ដែងសេចក្ដីស្រឡាញ់ដ៏ឥតកំណាញ់: មេរៀនដ៏សំខាន់បំផុតមួយ ដែលត្រូវពង្រឹងដោយគំរូនោះ គឺអត្ថន័យនៃសេចក្ដីស្រឡាញ់។ «យើងស្រឡាញ់ទ្រង់ ពីព្រោះ[ព្រះ]បានស្រឡាញ់យើងជាមុន»។ (យ៉ូហានទី១ ៤:១៩) ទ្រង់ជាប្រភពនិងគំរូដ៏ឧត្តមបំផុតនៃសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់ជាគោលការណ៍នេះ គឺអាហ្កាប៉េ បានត្រូវរៀបរាប់នៅក្នុងព្រះគម្ពីរជាង១០០ដង។ នេះជាគុណសម្បត្ដិមួយដែលសម្គាល់ពួកគ្រីស្ទានពិត។ (យ៉ូហាន ១៣:៣៥) សេចក្ដីស្រឡាញ់បែបនេះត្រូវបង្ហាញដល់ព្រះ និងព្រះយេស៊ូគ្រីស្ទ ហើយដល់មនុស្សគ្នីគ្នា ព្រមទាំងចំពោះមនុស្សណា ដែលយើងប្រហែលជាពុំមានសេចក្ដីស្រឡាញ់ដ៏ថ្នាក់ថ្នមចំពោះនោះ។ (ម៉ាថាយ ៥:៤៤, ៤៥; យ៉ូហានទី១ ៥:៣) សេចក្ដីស្រឡាញ់នេះគឺត្រូវតែមាននៅក្នុងចិត្តយើង ហើយឃើញជាក់ស្តែងនៅក្នុងជីវិតរបស់យើងសិន មុននឹងយើងអាចបង្រៀនដោយប្រសិទ្ធិភាពដល់កូនរបស់យើងនោះ។ ការអនុវត្តន៍មានសារៈប្រយោជន៍ជាងទ្រឹស្តី។ នៅក្នុងគ្រួសារ កូនៗត្រូវឃើញនិងពិសោធសេចក្ដីស្រឡាញ់និងគុណសម្បត្ដិផ្សេងៗទៀត ដូចជាការបង្ហាញមនោសញ្ចេតនា។ បើឥតមានរបស់ទាំងនេះ ការធំធាត់ឡើងនៃកូនក្មេងម្នាក់ គឺបានត្រូវរិចរិលខាងរូបកាយ គំនិត និងអារម្មណ៍។ កូនក្មេងក៏ត្រូវការឃើញនូវរបៀបដែលសេចក្ដីស្រឡាញ់ បានត្រូវសម្ដែងយ៉ាងត្រឹមត្រូវចំពោះពួកគ្រីស្ទានគ្នីគ្នានៅខាងក្រៅក្រុមគ្រួសារ។—រ៉ូម ១២:១០; ពេត្រុសទី១ ៣:៨
១៤. (ក) តើតាមរបៀបណាដែលអាចបង្រៀនកូនក្មេងឲ្យធ្វើកិច្ចការល្អ ដែលនាំឲ្យមានការស្កប់ចិត្តនោះ? (ខ) តើនេះអាចសម្រេចយ៉ាងណាបានក្នុងក្រុមគ្រួសាររបស់អ្នក?
១៤ ការរៀនឲ្យចេះធ្វើការ: កិច្ចការជាលក្ខណៈដ៏សំខាន់មួយនៃជីវិត។ ដើម្បីឲ្យមានអារម្មណ៍ថាខ្លួនមានតម្លៃ នោះបុគ្គលម្នាក់ត្រូវរៀនឲ្យចេះធ្វើកិច្ចការល្អ។ (សាស្ដា ២:២៤; ថែស្សាឡូនីចទី២ ៣:១០) ប្រសិនបើកូនម្នាក់បានត្រូវទទួលធ្វើកិច្ចការអ្វីខ្លះ ដោយមិនសូវមានសេចក្ដីណែនាំ ហើយរួចមកបានត្រូវស្តីបន្ទោសដោយធ្វើឥតបានល្អ នោះមិនសូវមានលទ្ធភាពដែលគេនឹងរៀនចេះធ្វើការល្អបានឡើយ។ ប៉ុន្តែ នៅពេលដែលកូនក្មេងរៀនដោយធ្វើការជិតឪពុកម្ដាយរបស់គេ ហើយទទួលបានសេចក្ដីសរសើរត្រឹមត្រូវ នោះគេនឹងប្រហែលជារៀនចេះធ្វើការ ដែលនាំឲ្យមានការស្កប់ចិត្ត។ បើគំរូរបស់ឪពុកម្ដាយរួមបញ្ចូលនឹងការពន្យល់ នោះកូនក្មេងប្រហែលជារៀនចេះសម្រេចកិច្ចការ ហើយទាំងអាចចេះពុះពារនឹងបញ្ហា និងចេះតស៊ូនឹងមុខងារនោះរហូតដល់ធ្វើបានចប់ ហើយនិងអាចចេះវែកញែកនិងធ្វើសេចក្ដីសម្រេចចិត្តផង។ នៅក្នុងឆាកនេះ គឺអាចជួយគេឲ្យអបអរថាព្រះយេហូវ៉ាក៏ធ្វើការដែរ ហើយថាទ្រង់ធ្វើកិច្ចការល្អ និងថាព្រះយេស៊ូត្រាប់តាមព្រះវរបិតារបស់ទ្រង់។ (លោកុប្បត្តិ ១:៣១; សុភាសិត ៨:២៧-៣១; យ៉ូហាន ៥:១៧) ប្រសិនបើគ្រួសារមួយប្រកបការងារខាងស្រែចំការ ឬខាងជំនួញ នោះសមាជិកខ្លះក្នុងគ្រួសារអាចធ្វើការជាមួយគ្នា។ ឬក៏ប្រហែលជាម្ដាយអាចបង្រៀនកូនប្រុសឬកូនស្រីឲ្យចេះចំអិនអាហារ និងលាងចានក្បានក្រោយពីបរិភោគអាហារ។ ឪពុកម្នាក់ដែលប្រកបមុខងារខាងក្រៅផ្ទះ អាចគ្រោងការណ៍ដើម្បីធ្វើកិច្ចការនៅឯផ្ទះជាមួយនឹងកូនៗរបស់គាត់។ មានប្រយោជន៍យ៉ាងណាទៅហ្ន៎ ពេលដែលឪពុកម្ដាយចងចាំមិនគ្រាន់តែធ្វើការភ្លាមៗនោះ ប៉ុន្តែប្រដាប់កូនរបស់ខ្លួនសំរាប់ជីវិត។
១៥. តើតាមរបៀបណាដែលមេរៀនអំពីសេចក្ដីជំនឿអាចត្រូវបង្រៀននោះ? សូមសម្ដែងប្រាប់។
១៥ ការរក្សាសេចក្ដីជំនឿពេលប្រឈមមុខនឹងព្រឹត្ដិការណ៍អាក្រក់: សេចក្ដីជំនឿក៏ជាលក្ខណៈដ៏សំខាន់នៃជីវិតរបស់យើងដែរ។ នៅពេលដែលសេចក្ដីជំនឿបានត្រូវពិគ្រោះនៅក្នុងការសិក្សាក្នុងគ្រួសារ នោះកូនក្មេងប្រហែលជារៀនឲ្យចេះបកស្រាយចំពោះរឿងនេះ។ គេក៏ប្រហែលជាក្លាយទៅជាដឹងនូវទីសំអាង ដែលបណ្ដាលឲ្យសេចក្ដីជំនឿចាប់ផ្ដើមរីកចំរើននៅក្នុងចិត្តរបស់គេ។ ក៏ប៉ុន្តែនៅពេលដែលគេឃើញឪពុកម្ដាយរបស់គេបង្ហាញនូវសេចក្ដីជំនឿឥតរង្គើ ពេលប្រឈមមុខនឹងសេចក្ដីទុក្ខលំបាកដ៏ខ្លាំង នោះឥទ្ធិពលប្រហែលជាធ្វើឲ្យមានអស់មួយជីវិត។ សិស្សព្រះគម្ពីរម្នាក់នៅប្រទេសប៉ាណាម៉ាបានត្រូវគំរាមកំហែងដោយប្ដីរបស់នាង ថានឹងដេញចេញពីផ្ទះ បើនាងមិនឈប់បំរើព្រះយេហូវ៉ា។ ក៏ប៉ុន្តែ ជាមួយនឹងកូនបួននាក់តូចៗរបស់នាង ជារឿយៗនោះនាងបានដើរអស់១៦គីឡូម៉ែត្រ ហើយរួចមកជិះឡានក្រុងអស់៣០គីឡូម៉ែត្រទៀត ដើម្បីទៅឯសាលព្រះរាជាណាចក្រដែលនៅជិតជាងគេនោះ។ ដោយបានត្រូវលើកទឹកចិត្តដោយសារគំរូនេះ នោះសមាជិក២០នាក់ទៀតនៅក្នុងគ្រួសារនាង បានទទួលយកផ្លូវនៃសេចក្ដីពិត។
ការទុកគំរូដោយអានព្រះគម្ពីររៀងរាល់ថ្ងៃ
១៦. ហេតុអ្វីក៏ការអានព្រះគម្ពីរជាគ្រួសាររៀងរាល់ថ្ងៃបានត្រូវអនុលោមយក?
១៦ ទំនៀមទំលាប់ដែលមានតម្លៃដ៏សំខាន់បំផុតមួយ ដែលគ្រួសារណាមួយអាចស្ថាបនា នោះគឺទំនៀមទំលាប់ដែលនាំឲ្យមានផលប្រយោជន៍ដល់ឪពុកម្ដាយ ហើយជាគំរូមួយឲ្យកូនត្រាប់តាម នោះគឺការអានព្រះគម្ពីរជារឿយៗ។ បើអាចធ្វើទៅបាន ចូរអានបទគម្ពីរខ្លះៗរៀងរាល់ថ្ងៃ។ ចំនួនអានគឺមិនមែនជាអ្វីដែលសំខាន់បំផុតនោះទេ។ អ្វីដែលសំខាន់ជាងនោះគឺការធ្វើឡើងជារឿយៗ និងរបៀបនៃការអាននោះ។ ចំពោះកូនក្មេង ក៏ប្រហែលជាអាចបន្ថែមលើការអានព្រះគម្ពីរដោយស្ដាប់ខ្សែអាត់សម្លេងនៃ សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ បើនេះមានជាភាសារបស់អ្នក។ ការអានបន្ទូលរបស់ព្រះរៀងរាល់ថ្ងៃជួយយើងឲ្យរក្សាគំនិតរបស់ព្រះនៅខាងមុខ។ ហើយបើការអានព្រះគម្ពីរមិនគ្រាន់តែធ្វើឡើងដោយបុគ្គលម្នាក់ៗ ប៉ុន្តែដោយក្រុមគ្រួសារ នេះនឹងជួយក្រុមគ្រួសារទាំងមូលឲ្យដើរតាមផ្លូវរបស់ព្រះយេហូវ៉ា។ គឺការប្រព្រឹត្តនេះហើយដែលបានត្រូវលើកទឹកចិត្តនៅឯមហាសន្និបាតថ្មីៗនេះ ដែលមានចំណងជើង «ផ្លូវរបស់ព្រះខាងឯជីវិត» នៅក្នុងការសម្ដែងមួយគឺ ក្រុមគ្រួសារ—ចូរឲ្យការអានព្រះគម្ពីររៀងរាល់ថ្ងៃជាផ្លូវនៃជីវិតរបស់អ្នក!—ទំនុកដំកើង ១:១-៣
១៧. តើតាមរបៀបណាដែលការអានព្រះគម្ពីរ និងការទន្ទេញបទគម្ពីរសំខាន់ៗ ជួយក្នុងការអនុវត្តន៍តាមឱវាទនៅឯអេភេសូរ ៦:៤?
១៧ ការអានព្រះគម្ពីរជាក្រុមគ្រួសារ គឺសមស្របនឹងអ្វីដែលសាវ័កប៉ុលបានសរសេរនៅក្នុងសំបុត្ររបស់គាត់ ជូនពួកគ្រីស្ទាននៅក្នុងក្រុងអេភេសូរ គឺថា៖ «ឪពុករាល់គ្នាអើយ កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ»។ (អេភេសូរ ៦:៤) តើនេះមានន័យយ៉ាងណា? «សេចក្ដីដាស់តឿន» ន័យចំៗគឺ«ការដាក់គំនិតក្នុង» ដូច្នេះឪពុកជាគ្រីស្ទានបានត្រូវជំរុញឲ្យដាក់គំនិតនៃព្រះយេហូវ៉ាក្នុងកូនៗរបស់គាត់ ដើម្បីជួយកូនឲ្យដឹងគំនិតរបស់ព្រះ។ ការលើកទឹកចិត្តកូនក្មេងឲ្យទន្ទេញបទគម្ពីរសំខាន់ៗ អាចជួយឲ្យសម្រេចការនេះ។ គោលដៅគឺដើម្បីឲ្យគំនិតរបស់ព្រះយេហូវ៉ាដឹកនាំគំនិតរបស់កូនក្មេង ដើម្បីឲ្យសេចក្ដីប្រាថ្នានិងចរិយារបស់គេ នឹងបង្ហាញឲ្យឃើញនូវខ្នាតតម្រារបស់ព្រះជាបណ្ដើរៗ ទោះជាឪពុកម្ដាយនៅជាមួយនឹងកូនឬក៏មិននៅក៏ដោយ។ ព្រះគម្ពីរជាគ្រឹះសំរាប់គំនិតបែបនេះ។—ចោទិយកថា ៦:៦, ៧
១៨. ពេលអានព្រះគម្ពីរ តើអ្វីដែលប្រហែលត្រូវការ ដើម្បីឲ្យ (ក) យល់យ៉ាងច្បាស់លាស់? (ខ) ទទួលប្រយោជន៍ពីឱវាទនោះ? (គ) តបឆ្លើយដល់អ្វីដែលព្រះគម្ពីរលាតត្រដាងអំពីគោលបំណងរបស់ព្រះយេហូវ៉ា? (ឃ) ទទួលប្រយោជន៍ពីអ្វីដែលព្រះគម្ពីរចែងអំពីអាកប្បកិរិយានិងការប្រព្រឹត្តនៃមនុស្ស?
១៨ ប្រាកដហើយ បើចង់ឲ្យព្រះគម្ពីរមានឥទ្ធិពលលើជីវិតរបស់យើង យើងត្រូវតែយល់នូវអ្វីដែលព្រះគម្ពីរចែងមក។ ចំពោះមនុស្សជាច្រើន នេះប្រហែលជាមានន័យថាត្រូវអានមួយភាគជាច្រើនដង។ ដើម្បីឲ្យបានយល់ច្បាស់លាស់នូវពាក្យណាមួយ នោះយើងប្រហែលជាត្រូវឆែកមើលពាក្យនោះនៅក្នុងវចនានុក្រម ឬក៏នៅក្នុងសៀវភៅ ការយល់ធ្លុះជ្រៅនឹងបទគម្ពីរ។ បើបទគម្ពីរមានឱវាទឬក៏សេចក្ដីបញ្ជាមួយ ចូរចំណាយពេលនិយាយអំពីស្ថានការណ៍នៅសម័យយើងនេះ ដែលធ្វើឲ្យរបស់នោះសមហេតុផល។ រួចមកអ្នកប្រហែលជាអាចសួរថា៖ ‹តើការអនុវត្តន៍តាមឱវាទនេះអាចមានប្រយោជន៍ដល់យើងយ៉ាងដូចម្ដេច›? (អេសាយ ៤៨:១៧, ១៨) បើបទគម្ពីរនោះកំពុងប្រាប់លក្ខណៈខ្លះៗនៃគោលបំណងរបស់ព្រះយេហូវ៉ា សួរខ្លួនថា៖ ‹តើនេះមានឥទ្ធិពលលើជីវិតរបស់យើងយ៉ាងដូចម្ដេច›? ប្រហែលជាអ្នកកំពុងអានដំណើររឿងមួយ ដែលប្រាប់អំពីអាកប្បកិរិយានិងការប្រព្រឹត្តនៃមនុស្ស។ តើមានការពិបាកអ្វីក្នុងជីវិតដែលគេកំពុងពិសោធ? តើគេបានពុះពារនឹងរឿងនេះយ៉ាងដូចម្ដេច? តើតាមរបៀបណាដែលយើងអាចទទួលប្រយោជន៍ពីគំរូរបស់គេ? ចូរអនុញ្ញាតឲ្យមានពេលវេលាដើម្បីពិគ្រោះនូវដំណើររឿង ថាមានអត្ថន័យយ៉ាងណា នៅក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ។—រ៉ូម ១៥:៤; កូរិនថូសទី១ ១០:១១
១៩. ដោយធ្វើជាអ្នកត្រាប់តាមព្រះ តើអ្វីដែលយើងនឹងផ្ដល់ឲ្យកូនៗរបស់យើងនោះ?
១៩ នេះជាផ្លូវដ៏ប្រសើរយ៉ាងណាទៅហ្ន៎ ដើម្បីឲ្យបានគំនិតរបស់ព្រះជាប់ក្នុងចិត្តគំនិតរបស់យើង! ដូច្នេះយើងនឹងពិតជាបានជួយឲ្យក្លាយទៅជា‹ពួកអ្នកត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា›។ (អេភេសូរ ៥:១) ហើយយើងនឹងផ្ដល់នូវគំរូមួយ ដែលពិតជាសមគួរឲ្យកូនរបស់យើងយកតម្រាប់តាមដែរ។
តើអ្នកនៅចាំឬទេ?
◻ តើតាមរបៀបណាដែលឪពុកម្ដាយទទួលប្រយោជន៍ពីគំរូរបស់ព្រះយេហូវ៉ា?
◻ ហេតុអ្វីក៏ការបង្ហាត់បង្រៀនដោយមាត់ដល់កូនៗ ត្រូវរួមបញ្ចូលគំរូដ៏ល្អពីឪពុកម្ដាយនោះ?
◻ តើមានមេរៀនអ្វីខ្លះ ដែលអាចបង្រៀនយ៉ាងប្រសើរបំផុត ដោយគំរូពីឪពុកម្ដាយ?
◻ តើតាមរបៀបណាដែលយើងអាចទទួលប្រយោជន៍បានពេញលេញ ពីការអានព្រះគម្ពីរជាគ្រួសារ?
[រូបភាពនៅទំព័រ១០]
មនុស្សជាច្រើនរីករាយនឹងការអានព្រះគម្ពីររៀងរាល់ថ្ងៃជាគ្រួសារ