បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w00 ១/៦ ទំ. ៣-៤
  • អានុភាពនៃសេចក្ដីអធិស្ឋាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អានុភាពនៃសេចក្ដីអធិស្ឋាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មិន​មែន​គ្រប់​សំណូម​ពរ​ទាំង​អស់​ដែល​ទទួល​ការ​យល់​ព្រម​ទេ
  • ពេល​សំរាប់​ការ​ព្យាបាល​ខាង​វិញ្ញាណ
  • រេបិកាចង់ធ្វើឲ្យព្រះយេហូវ៉ាមានចិត្តរីករាយ
    ចូរបង្រៀនកូនរបស់អ្នក
  • ‹ខ្ញុំព្រមទៅ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • សាកយកប្រពន្ធដ៏ល្អមួយ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ចូរធ្វើឲ្យសេចក្ដីអធិដ្ឋានរបស់អ្នកមានន័យខ្លឹមសារដោយសិក្សាគម្ពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
w00 ១/៦ ទំ. ៣-៤

អានុភាព​នៃ​សេចក្ដី​អធិស្ឋាន

ព្រះ​អាទិត្យ​កំពុង​តែ​លិច​នៅ​ទី​ក្រុង​ណា​ឃរ​នៅ​មជ្ឈិមបូព៌ាប្រទេស។ បុរស​ជន​ជាតិ​ស៊ីរី​ម្នាក់​ឈ្មោះ​អេលាស៊ើរ ទើប​មក​ដល់​អណ្ដូង​ទឹក​មួយ​នៅ​ក្រៅ​ទី​ក្រុង ទាំង​នាំ​សត្វ​អូដ្ឋ​ដប់​ដើរ​ជា​ខ្សែ។ ទោះ​បី​អេលាស៊ើរ​ច្បាស់​ជា​អស់​កម្លាំង​ហើយ​ស្រេក​ទឹក​ក៏​ដោយ គាត់​មាន​កង្វល់​ខ្លាំង​ជាង​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត។ គាត់​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​បរទេស​មួយ ដើម្បី​ទៅ​រក​ប្រពន្ធ​មួយ​សំរាប់​កូន​ប្រុស​របស់ចៅហ្វាយគាត់។ ម្យ៉ាង​វិញ​ទៀត គាត់​ត្រូវ​តែ​រក​ប្រពន្ធ​នេះ​ក្នុង​ចំណោម​ញាតិ​សន្ដាន​របស់ចៅហ្វាយគាត់។ តើ​គាត់​នឹង​សម្រេចកិច្ច​ការដ៏​ពិបាក​នេះ​យ៉ាង​ដូច​ម្ដេច?

អេលាស៊ើរ​មាន​ជំនឿ​ទៅ​លើ​អានុភាព​នៃ​សេចក្ដី​អធិស្ឋាន។ ដោយ​ជំនឿ​ដ៏​គួរ​សរសើរ​និង​ទំនុក​ចិត្ត​ទាំង​ស្រុង នោះ​គាត់​ទូល​សូម​ដូច្នេះ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រាហាំ ចៅហ្វាយទូល​បង្គំ​អើយ នៅ​ថ្ងៃ​នេះ​សូម​ប្រោស​មេត្ដា​ដល់​ទូល​បង្គំ សូម​សំដែង​សេចក្ដី​សប្បុរស​ដល់​អ័ប្រាហាំ ជាចៅហ្វាយទូល​បង្គំ​ផង មើល ទូល​បង្គំ​ឈរ​នៅ​ជិត​អណ្ដូង​ទឹក​នេះ ដូច្នេះ​កាល​ណា​ពួក​កូន​ស្រី​របស់​មនុស្ស​ក្នុង​ក្រុង​នេះ ចេញ​មក​ដង​ទឹក នោះ​នាង​ក្រមុំ​ណា​ដែល​ទូល​បង្គំ​និយាយ​ថា សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​ផឹក​ផង ហើយ​នាង​នោះ​នឹង​ឆ្លើយ​មក​ថា អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​ផឹក​ដែរ សូម​ឲ្យ​ត្រូវ​ត្រង់​រូប​ស្ត្រី​នោះ​ឯង ដែល​ទ្រង់​ដំរូវ​ឲ្យ​អ៊ីសាក​ជា​អ្នក​បំរើ​ទ្រង់ យ៉ាង​នោះ​ទូល​បង្គំ​នឹង​ដឹង​ថា ទ្រង់​បាន​សំដែង សេចក្ដី​សប្បុរស​ចំពោះចៅហ្វាយទូល​បង្គំ​មែន»។—លោកុប្បត្តិ ២៤:១២​-​១៤

ជំនឿ​របស់​អេលាស៊ើរ​ទៅ​លើ​អានុភាព​នៃ​សេចក្ដី​អធិស្ឋាន មិន​មែន​ជា​ការ​ឥត​ប្រយោជន៍​ទេ។ ស្ត្រី​ទី​មួយ​ដែល​មក​ឯ​អណ្ដូង​នោះ គឺ​ជា​កូន​ស្រី​របស់​ប្អូន​លោក​អ័ប្រាហាំ! នាង​មាន​ឈ្មោះ​រេបិកា ហើយ​នាង​នៅ​ក្រមុំ មាន​លក្ខណៈ​ពិសុទ្ធ​ខាង​សីលធម៌ និង​ស្រស់​ស្អាត​ទៀត​ផង។ គួរ​ឲ្យ​សរសើរ​មែន ដែល​នាង​មិន​គ្រាន់​តែ​ដង​ទឹក​ឲ្យ​អេលាស៊ើរ​ផឹក​ទេ ក៏​ប៉ុន្តែ​ដោយ​សប្បុរស​នាង​ក៏​ធ្វើ​តាម​សេចក្ដី​ស្នើ​ដែល​ថា​សូម​ដង​ទឹក​ឲ្យ​សត្វ​អូដ្ឋ​ផង​ដែរ។ បន្ទាប់​មក ក្រោយ​ពី​សួរ​យោបល់​ក្រុម​គ្រួសារ នោះ​រេបិកា​សុខ​ចិត្ត​ព្រម​ត្រឡប់​ទៅ​ជា​មួយ​អេលាស៊ើរ​ដល់​ស្រុក​ឆ្ងាយ​មួយ ដើម្បី​ទៅ​ជា​ប្រពន្ធ​នៃ​អ៊ីសាក​ជា​កូន​ប្រុស​របស់​អ័ប្រាហាំ។ នេះ​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ម្ល៉េះ​ហ្ន៎! ហើយ​ក៏​ជា​ចម្លើយ​ច្បាស់​លាស់ ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​អេលាស៊ើរ​នៅ​សម័យ​មួយ ពេល​ព្រះ​ជួន​កាល​ធ្វើ​អន្តរាគមន៍​ដោយ​អព្ភូតហេតុ។

យើង​អាច​រៀន​អ្វី​ជា​ច្រើន​ពី​សេចក្ដី​អធិស្ឋាន​របស់​អេលាស៊ើរ។ សេចក្ដី​អធិស្ឋាន​នោះ​បាន​បង្ហាញ​ជំនឿ ការ​បន្ទាប​ខ្លួន និង​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ល្អ​ប្រសើរ​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត ដោយ​មិន​គិត​ពី​ប្រយោជន៍​ខ្លួន។ សេចក្ដី​អធិស្ឋាន​របស់​អេលាស៊ើរ ក៏​បាន​បង្ហាញ​ការ​ចុះ​ចូល​របស់​គាត់ ចំពោះ​របៀប​ដែល​ព្រះ​យេហូវ៉ា​ទាក់​ទង​ជា​មួយ​នឹង​មនុស្សជាតិ។ គាត់​ពិត​ជា​ដឹង​អំពី​ទំនាក់​ទំនង​ពិសេស​រវាង​ព្រះ​នឹង​អ័ប្រាហាំ ព្រម​ទាំង​ដឹង​ពី​សេចក្ដី​សន្យា​របស់​ទ្រង់​ដែល​ថា នា​អនាគត​ពរ​នឹង​មក​ដល់​មនុស្សជាតិ​គ្រប់​គ្នា​តាម​រយៈ​អ័ប្រាហាំ។ (លោកុប្បត្តិ ១២:៣) ដូច្នេះ​អេលាស៊ើរ​បាន​ចាប់​ផ្ដើម​អធិស្ឋាន ដោយ​ប្រើ​ពាក្យ«ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រាហាំ ចៅហ្វាយទូល​បង្គំ»។

ព្រះ​យេស៊ូ​គ្រីស្ទ​ជា​កូន​ចៅ​អ័ប្រាហាំ ដែល​នឹង​ជា​ខ្សែ​រយៈ​សំរាប់​ពរ​ដល់​មនុស្សជាតិ​ទាំង​ឡាយ​ដែល​ស្ដាប់​បង្គាប់។ (លោកុប្បត្តិ ២២:១៨) សព្វ​ថ្ងៃ​នេះ បើ​សិន​ជា​យើង​ចង់​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​យើង​ទទួល​នូវ​ចម្លើយ នោះ​យើង​ត្រូវ​តែ​បន្ទាប​ខ្លួន ទទួល​ស្គាល់​របៀប​ដែល​ព្រះ​ទាក់​ទង​នឹង​មនុស្សជាតិ តាម​រយៈ​ព្រះ​រាជបុត្រា​របស់​ទ្រង់។ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​មាន​បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​ក្នុងអ្នក​រាល់​គ្នា នោះ​ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សំរេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន»។—យ៉ូហាន ១៥:៧

អ្នក​កាន់​តាម​ព្រះ​យេស៊ូ​ម្នាក់ ដែល​បាន​ពិសោធន៍​សេចក្ដី​ពិត​នៃ​បន្ទូល​របស់​ព្រះ​យេស៊ូ គឺ​ជា​សាវ័ក​ប៉ុល។ ជំនឿ​របស់​គាត់​ទៅ​លើ​អានុភាព​នៃ​សេចក្ដី​អធិស្ឋាន ពិត​ជា​មិន​មែន​អសារ​ឥត​ការ​នោះ​ទេ។ គាត់​បាន​លើក​ទឹក​ចិត្ត​គ្រីស្ទាន​គ្នី​គ្នា​ឲ្យ​ទូល​ដល់​ព្រះ​តាម​រយៈ​សេចក្ដី​អធិស្ឋាន អំពី​កង្វល់​ទាំង​អស់​របស់​គេ ហើយ​គាត់​បាន​បញ្ជាក់​ថា​នោះ​ជា​ការ​ពិត​ដោយ​និយាយ​ថា៖ «ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ​សារ​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ»។ (ភីលីព ៤:៦, ៧, ១៣) តើ​នេះ​មាន​ន័យ​ថា​គ្រប់​ទាំង​សំណូម​ពរ​របស់​ប៉ុល​ជូន​ព្រះ នោះ​បាន​ទទួល​នូវ​ការ​យល់​ព្រម​ទេ? សូម​ឲ្យ​យើង​ពិនិត្យ​មើល។

មិន​មែន​គ្រប់​សំណូម​ពរ​ទាំង​អស់​ដែល​ទទួល​ការ​យល់​ព្រម​ទេ

ក្នុង​កិច្ច​បំរើ​របស់​ប៉ុល​ដោយ​មិន​គិត​ពី​ប្រយោជន៍​ខ្លួន នោះ​ប៉ុល​បាន​រង​ទុក្ខ​ដោយ​អ្វី​ដែល​គាត់​បាន​រៀប​រាប់​ជា«បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម»។ (កូរិនថូស​ទី​២ ១២:៧) នេះ​អាច​ជា​ការ​ឈឺ​ចាប់​ខាង​គំនិត​និង​ផ្លូវ​ចិត្ត ដែល​អ្នក​ប្រឆាំង​និង«បង​ប្អូន​ក្លែង​ក្លាយ»បាន​បណ្ដាល​ឲ្យ​មាន។ (កូរិនថូស​ទី​២ ១១:២៦; កាឡាទី ២:៤) ឬ​ក៏​នោះ​អាច​ជា​ការ​ពិបាក​ដោយ​សារ​ជម្ងឺ​ភ្នែក។ (កាឡាទី ៤:១៥) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ «បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម» ធ្វើ​ឲ្យ​ប៉ុល​ខ្សោយ។ គាត់​បាន​សរសេរ​ថា៖ «ខ្ញុំ​បាន​សូម​អង្វរ​ដល់​ព្រះ​អម្ចាស់​៣​ដង ឲ្យ​សេចក្ដី​នោះ​ថយ​ចេញ​ពី​ខ្ញុំ​ទៅ»។ ក៏​ប៉ុន្តែ សំណូម​ពរ​របស់​ប៉ុល​មិន​បាន​ទទួល​ការ​យល់​ព្រម​ទេ។ គឺ​បាន​ពន្យល់​ឲ្យ​ប៉ុល​ថា ប្រយោជន៍​ខាង​វិញ្ញាណ​ដែល​គាត់​បាន​ទទួល​ពី​ព្រះ ដូច​ជា​កម្លាំង​ដើម្បី​ទ្រាំ​នឹង​ការ​ល្បង​ល នោះ​គឺ​គ្រប់​គ្រាន់​ហើយ។ ម្យ៉ាង​ទៀត ព្រះ​បាន​មាន​បន្ទូល​ថា៖ «កម្លាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្ដី​កំសោយ»។—កូរិនថូស​ទី​២ ១២:៨, ៩

តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​នៃ​អេលាស៊ើរ​និង​ប៉ុល? គឺ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​ស្ដាប់​សេចក្ដី​អធិស្ឋាន​របស់​អ្នក ដែល​រក​ថ្វាយ​បង្គំ​ទ្រង់​ដោយ​បន្ទាប​ខ្លួន។ ក៏​ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​ដែល​ទ្រង់​នឹង​តែង​តែ​យល់​ព្រម​នឹង​សំណូម​ពរ​របស់​គេ ពីព្រោះ​ទ្រង់​មាន​ទស្សនៈ​វែង​ឆ្ងាយ។ ទ្រង់​ជ្រាប​ច្រើន​ជាង​យើង​អំពី​អ្វី​ដែល​ផ្ដល់​ប្រយោជន៍​ល្អ​បំផុត​មក​ដល់​យើង។ ចំណុច​សំខាន់​ជាង​នោះ​ទៅ​ទៀត គឺ​ជា​ទ្រង់​ប្រព្រឹត្ត​សម​ស្រប​នឹង​គោល​បំណង​របស់​ទ្រង់ ដែល​ទ្រង់​បាន​ថ្លែង​ប្រាប់​ក្នុង​ព្រះ​គម្ពីរ។

ពេល​សំរាប់​ការ​ព្យាបាល​ខាង​វិញ្ញាណ

ព្រះ​សន្យា​ថា​ទ្រង់​នឹង​ព្យាបាល​មនុស្សជាតិ ឲ្យ​ជា​ពី​គ្រប់​ទាំង​ជម្ងឺ​ខាង​រូប​កាយ គំនិត​និង​ផ្លូវ​ចិត្ត ក្នុង​កំឡុង​ពេល​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​ទៅ​លើ​ផែនដី នៃ​ព្រះ​រាជបុត្រ​របស់​ទ្រង់។ (វិវរណៈ ២០:១​-​៣; ២១:៣​-​៥) គ្រីស្ទាន​ស្មោះ​ត្រង់​រង់​ចាំ​ដោយ​ចិត្ត​រំភើប​សំរាប់​អនាគត​នេះ​ដែល​ត្រូវ​សន្យា​មក ទាំង​មាន​ជំនឿ​ស៊ប់​ទៅ​លើ​អំណាច​របស់​ព្រះ​ដើម្បី​ធ្វើ​ឲ្យ​សម្រេច។ ទោះ​មិន​សង្ឃឹម​ថា​បាន​ការ​ព្យាបាល​ដោយ​អព្ភូតហេតុ​នៅ​ឥឡូវ​នេះ​ក៏​ដោយ គេ​អធិស្ឋាន​ទូល​ព្រះ​សំរាប់​ការ​សម្រាល​ទុក្ខ​និង​កម្លាំង​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​ល្បង​ល។ (ទំនុកដំកើង ៥៥:២២) ពេល​គេ​ធ្លាក់​ខ្លួន​ឈឺ ពួក​គេ​ក៏​អាច​អធិស្ឋាន​ទូល​ព្រះ​សំរាប់​ការ​ណែនាំ ដើម្បី​រក​ឃើញ​ការ​ព្យាបាល​ដ៏​ល្អ​បំផុត​ដែល​សម​ស្រប​នឹង​ថវិកា​របស់​គេ។

សាសនា​ខ្លះ​លើក​ទឹក​ចិត្ត​អស់​អ្នក​ឈឺ​ឲ្យ​អធិស្ឋាន​ទទួល​ការ​ព្យាបាល​ឥឡូវ​នេះ ដោយ​សំដៅ​ទៅ​ការ​ព្យាបាល​ដោយ​អព្ភូតហេតុ ដែល​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​របស់​ទ្រង់​ធ្លាប់​ធ្វើ។ ក៏​ប៉ុន្តែ អព្ភូតហេតុ​បែប​នេះ​ត្រូវ​ធ្វើ​ដើម្បី​បំពេញ​បំណង​ពិសេស។ នោះ​បាន​បញ្ជាក់​ភស្តុ​តាង​ថា​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ព្រះ​មេស្ស៊ី​ពិត ហើយ​ដើម្បី​បង្ហាញ​ថា​ព្រះ​គុណ​របស់​ព្រះ ត្រូវ​ដក​ពី​សាសន៍​យូដា​ហើយ​ផ្ទេរ​ទៅ​លើ​ក្រុម​ជំនុំ​គ្រីស្ទាន​ដែល​នៅ​តែ​ថ្មី​នៅ​ឡើយ។ នៅ​សម័យ​នោះ សមត្ថភាព​ធ្វើ​អព្ភូតហេតុ​គឺ​ត្រូវ​ការ ដើម្បី​ពង្រឹង​ជំនឿ​របស់​ក្រុម​ជំនុំ​គ្រីស្ទាន​ដែល​ទើប​បាន​បង្កើត​ឡើង​នោះ។ នៅ​ពេល​ក្រុម​ជំនុំ​ដ៏​ថ្មី​នោះ​បាន​មាន​ស្ថេរ​ភាព និង​មាន​ភាព​ចាស់​ទុំ​ហើយ នោះ​សមត្ថភាព​ធ្វើ​អព្ភូតហេតុ​ត្រូវ«សាប​សូន្យ​ទៅ»។—កូរិនថូស​ទី​១ ១៣:៨, ១១

នៅ​សម័យ​ដ៏​សំខាន់​នេះ ព្រះ​យេហូវ៉ា​កំពុង​តែ​ណែនាំ​អ្នក​ថ្វាយ​បង្គំ​របស់​ទ្រង់ ក្នុងកិច្ច​ការដ៏​សំខាន់​ជាង​នៃ​ការ​ព្យាបាល​ខាង​វិញ្ញាណ។ ពេល​គេ​នៅ​មាន​ឱកាស នោះ​មនុស្ស​ត្រូវ​តែ​តប​នឹង​ការ​អង្វរ​នេះ​ជា​បន្ទាន់ ដែល​ថា៖ «ចូរ​ស្វែង​រក​ព្រះ​យេហូវ៉ា ក្នុង​កាល​ដែល​អាច​នឹង​រក​ទ្រង់​ឃើញ។ ហើយ​អំពាវនាវ​ដល់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ជិត​ចុះ។ ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះ​បង់​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មនុស្ស​ទុច្ចរិត​ចោល​គំនិត​អាក្រក់​របស់​ខ្លួន​ដែរ រួច​ឲ្យ​គេ​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ នោះ​ទ្រង់​នឹង​អាណិត​មេត្ដា​ដល់​គេ គឺ​ឲ្យ​វិល​មក​ឯ​ព្រះ​នៃ​យើង​រាល់​គ្នា ដ្បិត​ទ្រង់​នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ»។—អេសាយ ៥៥:៦, ៧

ការ​ព្យាបាល​ខាង​វិញ្ញាណ​នូវ​អស់​អ្នក​ដែល​បាន​ប្រែ​ចិត្ត​ពី​អំពើ​បាប​នេះ កំពុង​តែ​ត្រូវ​សម្រេច​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (ម៉ាថាយ ២៤:១៤) ដោយ​ទ្រង់​ផ្គត់​ផ្គង់​ជា​កម្លាំង​ដល់​អ្នក​បំរើ​របស់​ទ្រង់ ដើម្បី​ធ្វើកិច្ច​ការដែល​សង្គ្រោះ​ជីវិត​នេះ នោះ​ព្រះ​យេហូវ៉ា​កំពុង​តែ​ជួយ​មនុស្ស​រាប់​លាន​នាក់ ពី​គ្រប់​សាសន៍​ឲ្យ​ប្រែ​ចិត្ត​ពី​បាប​របស់​គេ ហើយ​ចូល​មក​ក្នុង​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ទ្រង់ មុន​ទី​បញ្ចប់​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ។ អស់​អ្នក​ដែល​អធិស្ឋាន​ដ៏​ស្មោះ​ស្ម័គ្រ​ពី​ចិត្ត​ឲ្យ​ទទួល​ការ​ព្យាបាល​ខាង​វិញ្ញាណ​បែប​នេះ ហើយ​ដែល​អធិស្ឋាន​សូម​ជំនួយ​ដើម្បី​ទទួល​ការ​ព្យាបាល​បែប​នេះ ពិត​ជា​ត្រូវ​សេចក្ដី​អធិស្ឋាន​របស់​គេ​ទទួល​នូវ​ចម្លើយ។

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​នៅ​ទំព័រ​៣]

Eliezer and Rebekah/The Doré Bible Illustrations/Dover Publications

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក