បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/២ ទំ. ៣២
  • សំនួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំនួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • អត្ថបទស្រដៀងគ្នា
  • តើគម្ពីរហាមមិនឲ្យលេងល្បែងស៊ីសងឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • តើការលេងល្បែងស៊ីសងជាអំពើខុសឆ្គងឬទេ?
    សំណួរនិងចម្លើយពីគម្ពីរ
  • ល្បែងស៊ីសង
    ភ្ញាក់រឭក! ២០១៥
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/២ ទំ. ៣២

សំនួរ​ពី​អ្នក​អាន

តើ​ការ​លេង​ល្បែង​ភ្នាល់​ប្រាក់​តែ​បន្ដិច​បន្តួច​ខុស​ឬ​ទេ?

ព្រះ​បន្ទូល​របស់​ព្រះ​មិន​បាន​ពណ៌នា​យ៉ាង​ល្អិត​ល្អន់​អំពី​ការ​លេង​ល្បែង​ស៊ីសង​នោះ​ទេ ក៏​ប៉ុន្តែ​ព្រះ​គម្ពីរ​ចែង​នូវ​ពត៌មាន​ដែល​ចាំ​បាច់​ដើម្បី​បង្ហាញ​ថា ការ​លេង​ល្បែង​ស៊ីសង​គឺ​មិន​ស្រប​តាម​គោល​ការណ៍​ព្រះ​គម្ពីរ​ទេ។a ឧបមា​ថា គេ​ទទួល​ស្គាល់​ទូទៅ​ថា ការ​លេង​ល្បែង​ស៊ីសង​នាំ​ឲ្យ​មនុស្ស​លោភ​លន់។ ពួក​គ្រីស្ទាន​ត្រូវ​ពិនិត្យ​មើល​ហេតុ​ការណ៍​នេះ​ឲ្យ​បាន​វែង​ឆ្ងាយ ដ្បិត​ព្រះ​គម្ពីរ​ចែង​ថា«ពួក​មនុស្ស​លោភ»នឹង​មិន​ទទួល​បាន​ព្រះ​រាជាណាចក្រ​ទុក​ជា​មរតក​ទេ ឯ​សេចក្ដី​លោភ​ក៏​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ដែរ។—កូរិនថូស​ទី​១ ៦:៩, ១០; កូល៉ុស ៣:៥

ការ​លេង​ល្បែង​ស៊ីសង​ក៏​នាំ​ឲ្យ​មនុស្ស​គិត​តែ​គឺ​ប្រយោជន៍​ខ្លួន និង​មាន​គំនិត​ប្រកួត​ប្រជែង​គ្នា ពោល​គឺ​មាន​សេចក្ដី​ប្រាថ្នា​ចង់​ឈ្នះ​យ៉ាង​ខ្លាំង។ សាវ័ក​ប៉ុល​បាន​ព្រមាន​អំពី​ការ​មាន​ចិត្ត​គំនិត​បែប​នេះ ដោយ​ពោល​ថា៖ «កុំ​ឲ្យ​យើង​រាល់​គ្នា​រក​កេរ្ដិ៍​ឈ្មោះ ដែល​ឥត​ប្រយោជន៍ ទាំង​ចាក់​រុក ហើយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ»។ (កាឡាទី ៥:២៦) ម្យ៉ាង​វិញ​ទៀត ការ​លេង​ល្បែង​ស៊ីសង​លើក​ទឹក​ចិត្ត​មនុស្ស​ខ្លះ​ឲ្យ​ទុក​ចិត្ត​លើ​សំណាង​ល្អ។ ពួក​អ្នក​លេង​ល្បែង​ស៊ីសង​បង្កើត​នូវ​ជំនឿ​ឆ្វេង​គ្រប់​ប្រភេទ ដើម្បី​ឲ្យ​គេ​មាន​សំណាង​ល្អ។ ពេល​យើង​ឃើញ​ពួក​អ្នក​លេង​ល្បែង​បែប​នេះ នោះ​រំឭក​យើង​អំពី​ពួក​អ៊ីស្រាអែល​ដែល​ឥត​មាន​ចិត្ត​ស្មោះ​ត្រង់ ដែល«រៀប​អាសនា​១​ថ្វាយ​ដល់​ព្រះមានលាភ ព្រម​ទាំង​ចាក់​ស្រា​ពេញ​ពែង ថ្វាយ​ដល់​ព្រះវាសនា»។—អេសាយ ៦៥:១១

មនុស្ស​ខ្លះ​ប្រហែល​ជា​គិត​ថា ការ​ភ្នាល់​ប្រាក់​បន្ដិច​បន្តួច​ក្នុង​ពេល​លេង​បៀ ឬ​លេង​ល្បែង​បែប​ផ្សេង​ជា​មួយ​សាច់​ញាតិ​ឬ​មិត្ត​ជិត​ស្និទ្ធ គឺ​គ្រាន់​តែ​ជា​ការ​កំសាន្ត​សប្បាយ​ដែល​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ពិត​មែន មនុស្ស​ម្នាក់​ដែល​ភ្នាល់​ដាក់​ប្រាក់​បន្ដិច​បន្តួច ប្រហែល​ជា​មិន​ចាត់​ទុក​ខ្លួន​គាត់​ជា​អ្នក​លោភ ឬ​ក៏​គិត​តែ​ពី​ប្រយោជន៍​ខ្លួន ឬ​មាន​គំនិត​ប្រកួត​ប្រជែង​គ្នា ឬ​ក៏​មាន​ជំនឿ​ឆ្វេង​នោះ​ទេ។ តែ​ដែល​គាត់​លេង​ល្បែង​ស៊ីសង​ជា​មួយ​មនុស្ស​ដទៃ តើ​នេះ​មាន​អានុភាព​យ៉ាង​ណា​លើ​ពួក​គេ? ពួក​អ្នក​ញៀន​ល្បែង​ជា​ច្រើន​បាន​ចាប់​ផ្ដើម​លេង​ដោយ​ភ្នាល់​ប្រាក់​បន្ដិច​បន្តួច‹គ្រាន់​តែ​ជា​ការ​លេង​សប្បាយ​ប៉ុណ្ណោះ›។ (លូកា ១៦:១០) ការ​កំសាន្ត​ដែល​ទំនង​ជា​គ្មាន​គ្រោះ​ថ្នាក់​នេះ បាន​ទៅ​ជា​អាក្រក់​ឡើង​ៗ​ក្នុង​ករណី​នេះ។

នេះ​គឺ​ពិត​ជា​ដូច្នេះ​មែន​បើ​មាន​កូន​ក្មេង​លេង​ដែរ​នោះ។ ក្មេង​ៗ​ជា​ច្រើន​ពេល​ឈ្នះ​ការ​ភ្នាល់​បន្ដិច​បន្តួច​នោះ ពួក​គេ​សប្បាយ​ចិត្ត​ណាស់ ហើយ​នៅ​ទី​បំផុត​ក៏​ឈាន​ដល់​ការ​ភ្នាល់​ប្រាក់​យ៉ាង​ច្រើន​ទៅ​ទៀត។ (ធីម៉ូថេ​ទី​១ ៦:១០) តាម​ការ​ស្រាវ​ជ្រាវ​មួយ ដែល​បាន​ចុះ​ផ្សាយ​នៅ​សហរដ្ឋ​អាមេរិក​ដោយ​ក្រុម​ប្រឹក្សា​នៅ​រដ្ឋ​អារីហ្សូណា ស្តី​អំពី​ការ​ញៀន​ល្បែង​ស៊ីសង​បញ្ជាក់​ថា ពួក​អ្នក​ញៀន​ល្បែង​ជា​ច្រើន​បាន​លេង​ល្បែង​តាំង​ពី​នៅ​ក្មេង«ដោយ​ភ្នាល់​ដាក់​ប្រាក់​បន្ដិច​បន្តួច​ចំពោះ​កីឡា ឬ​ក៏​លេង​បៀ​ជា​មួយ​មិត្ត​ភក្ដិ​ឬ​សាច់​ញាតិ»។ របាយ​ការណ៍​មួយ​ទៀត​ចែង​ថា«កូន​ក្មេង​ៗ​ចាប់​ផ្ដើម​លេង​ល្បែង​ស៊ីសង​នៅ​ផ្ទះ ធម្មតា​គឺ​លេង​បៀ​ជា​មួយ​នឹង​គ្រួសារ​និង​មិត្ត​ភក្ដិ»។ របាយ​ការណ៍​នេះ​ក៏​ចែង​បន្ថែម​ទៀត​ថា៖ «សាមសិប​ភាគ​រយ​នៃ​កូន​ក្មេង បាន​លេង​ល្បែង​ស៊ីសង​តាំង​តែ​មិន​ទាន់​មាន​អាយុ​ដប់​មួយ​ឆ្នាំ​ម្ល៉េះ»។ ពួក​ជំទង់​ជា​ច្រើន​ដែល​លេង​ល្បែង​ស៊ីសង​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម ឬ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ដើម្បី​រក​ប្រាក់​មក​លេង​ល្បែង នេះ​យោង​ទៅ​តាម​ការ​ស្រាវ​ជ្រាវ​ក្នុង​សេចក្ដី​រាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា ហេតុ​អ្វី​ក៏​មនុស្ស​លេង​ល្បែង​ស៊ីសង​ច្រើន​ម្ល៉េះ? តើ​ដោយ​សារ​តែ​ជា​ជំងឺ​ល្បែង ឬ​ក៏​បញ្ហា​ខាង​ការ​លេង​ល្បែង​ទៅ​វិញ​ទេ? នេះ​ជា​លទ្ធផល​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​មែន ចំពោះ​អ្វី​ដែល​ពី​ដើម មើល​ទៅ​ដូច​ជា​គ្មាន​គ្រោះ​ថ្នាក់​នោះ!

ដោយ​ព្រោះ​យើង​រស់​នៅ​ក្នុង​លោកីយ៍​ដែល​មាន​អន្ទាក់​និង​សេចក្ដី​ល្បួង​ជា​ច្រើន នោះ​យើង​មិន​ចាំ​បាច់​ធ្លាក់​ទៅ​ក្នុង​ការ​ល្បួង​ផ្សេង​ទៀត​ណា​ទេ មែន​ទេ? (សុភាសិត ២៧:១២) ការ​លេង​ល្បែង​ស៊ីសង​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ​និង​ត្រូវ​ជៀស​វាង​ជា​ដាច់​ខាត ទោះ​ជា​ក្មេង​លេង ឬ​ភ្នាល់​ដាក់​ប្រាក់​បន្ដិច​បន្តួច​ក៏​ដោយ។ ពួក​គ្រីស្ទាន​ដែល​សប្បាយ​រីក​រាយ​ពេល​លេង​បៀ​សំរាប់​ជា​ការ​កំសាន្ត យក​ល្អ​គឺ​គ្រាន់​តែ​យក​ខ្មៅ​ដៃ​កត់​ពិន្ទុ ឬ​គ្រាន់​តែ​លេង​ល្បែង​សំរាប់​ការ​កំសាន្ត​តែ​ប៉ុណ្ណោះ​បាន​ហើយ មិន​ចាំ​បាច់​រក្សា​ទុក​ពិន្ទុ​ទេ។ ពួក​គ្រីស្ទាន​ដែល​មាន​ប្រាជ្ញា​ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង​ភាព​ខាង​វិញ្ញាណ ព្រម​ទាំង​មិត្ត​ភក្ដិ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ នោះ​នឹង​ជៀស​វាង​ការ​លេង​ល្បែង​ស៊ីសង ទោះ​ជា​មាន​ភ្នាល់​ប្រាក់​បន្ដិច​បន្តួច​ក៏​ដោយ។

[កំណត់​សម្គាល់]

a សព្វ​វចនាធិប្បាយ​សៀវភៅ​ពិភព​លោក បក​ស្រាយ​ការ​លេង​ល្បែង​ស៊ីសង​ជា«ការ​ភ្នាល់​ល្បែង ភ្នាល់​ចំពោះ​ព្រឹត្ដិការណ៍ ឬ​ស្ថានការណ៍​ដ៏​ចៃដន្យ​ណា​មួយ»។ សព្វ​វចនាធិប្បាយ​នេះ​ចែង​ទៀត​ថា៖ «ពួក​អ្នក​លេង​ល្បែង​ស៊ីសង​តែង​តែ​ភ្នាល់​ប្រាក់ . . . ពោល​គឺ​លេង​ឆ្នោត លេង​បៀ និង​កូន​ឡុកឡាក់»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក