ការស្វែងរកមេដឹកនាំល្អម្នាក់
«ចេញទៅ! យើងធុញទ្រាន់នឹងលោកហើយ។ ដោយនូវព្រះនាមព្រះ យើងដេញលោកឲ្យចេញ!»។—ពាក្យរបស់លោកអូលីវើ ក្រមវែល ដកស្រង់ដោយលោកលីអូផូល អេមើរី ជាសមាជិកម្នាក់នៃរដ្ឋសភាអង់គ្លេស។
អស់ប្រាំបីខែសង្គ្រាមលោកលើកទី២បានបង្កឲ្យមានការហិនហោច ហើយប្រទេសអង់គ្លេសជាមួយប្រទេសសម្ព័ន្ធមិត្តមិនសូវទទួលបានជោគជ័យប៉ុន្មានឡើយ។ លោកលីអូផូល អេមើរីនិងរដ្ឋមន្ត្រីឯទៀតមានទស្សនៈថា បំលាស់ប្ដូរមេដឹកនាំគឺត្រូវការជាចាំបាច់។ ហេតុដូច្នេះ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៤០ នៅទីស្តីការរដ្ឋសភា លោកអេមើរីបានមានប្រសាសន៍ដូចខាងលើនេះទៅកាន់លោកនេវីល ចេមប៊ីលីនដែលជានាយករដ្ឋមន្ត្រីនៅសម័យនោះ។ បីថ្ងៃក្រោយមក លោកចេមប៊ីលីនបានលាឈប់ពីតំណែង ហើយលោកវិនស្តុនឆឺឈិលបានទទួលតំណែងជំនួស។
មនុស្សជាតិត្រូវការមេដឹកនាំមែន ប៉ុន្តែមិនមែនអ្នកណាក៏ដោយដែលអាចធ្វើបាននោះទេ។ សូម្បីតែក្នុងរង្វង់គ្រួសារ បិតាត្រូវមានលក្ខណៈគ្រប់គ្រាន់ទើបអាចនាំមុខភរិយានិងបុត្រធីតាដែលនឹងនាំឲ្យក្រុមគ្រួសារមានសុភមង្គល។ បើដូច្នេះ មេដឹកនាំប្រទេសឬអ្នកដឹកនាំពិភពលោកត្រូវបំពេញមុខនាទីយ៉ាងច្រើនលើសពីនេះឆ្ងាយណាស់! មិនគួរឲ្យឆ្ងល់ឡើយ ថាពិបាករកបានមេដឹកនាំដ៏ល្អម្នាក់ណាស់។
ជាលទ្ធផលនោះ ក្នុងកំឡុងរាប់ពាន់ឆ្នាំមកហើយ មានទាំងពិធីអភិសេក ការបដិវត្ត រដ្ឋប្រហារ ការតែងតាំងឲ្យមានអំណាច ការបោះឆ្នោត ការធ្វើឃាតអ្នកគ្រប់គ្រង និងបំលាស់ប្ដូររបបផ្សេងៗដែលយើងរាប់ពុំអស់ឡើយ។ មានស្តេចជាច្រើនអង្គនិងព្រះអង្គម្ចាស់ នាយករដ្ឋមន្ត្រី អគ្គលេខាធិការនិងអ្នកប្រើអំណាចផ្ដាច់ការទាំងប៉ុន្មានធ្លាប់ឡើងកាន់អំណាចមួយរយៈ ហើយក៏ត្រូវទម្លាក់ទៅវិញដែរ។ បំរែបំរួលដែលគ្មានអ្នកណានឹកស្មានទុកជាមុនក៏បានទម្លាក់ទាំងអ្នកដឹកនាំខ្លះដែលមានអំណាចខ្លាំងក្លាផងដែរ។ (សូមមើលប្រអប់នៅទំព័រទី៥ដែលមានចំណងជើងថា «ការបាត់អំណាចក្នុងមួយរំពេច») យ៉ាងណាក៏ដោយ គឺនៅតែពិបាករកមេដឹកនាំណាម្នាក់ដែលមានសមត្ថភាព និងមានការគ្រប់គ្រងដែលនឹងស្ថិតស្ថេរជារៀងរហូត។
តើយើងត្រូវ«អត់ទ្រាំ»នឹងមេដឹកនាំមិនល្អឬ?
ហេតុនេះពុំមែនជាការចម្លែកអ្វីឡើយ ថាមនុស្សជាច្រើនចេះតែអស់សង្ឃឹមស្តីអំពីការស្វែងរកមេដឹកនាំដ៏ល្អម្នាក់។ នៅប្រទេសខ្លះ ការបោះឆ្នោតតែងតែសឲ្យឃើញនូវការមិនខ្ចីអើពើនិងភាពអស់សង្ឃឹមរបស់ប្រជាជន។ លោកចេហ្វ ហ៊ីលជាអ្នកកាសែតនៅទ្វីបអាហ្វ្រិកបានកត់សម្គាល់ថា៖ «មនុស្សជាច្រើនមិនខ្ចីអើពើឬខ្ជិល[បោះឆ្នោត] ពេលដែលពួកគេមានអារម្មណ៍ថា ទង្វើនោះមិនមានឥទ្ធិពលកែប្រែជីវិតរបស់ពួកគេនោះទេ . . .។ បើមនុស្សនៅទ្វីបអាហ្វ្រិកមិនទៅបោះឆ្នោត នេះមិនមានន័យថាពួកគេស្កប់ចិត្តនោះទេ។ តាមធម្មតា ប្រជាជនមិនទៅបោះឆ្នោតដោយព្រោះជឿថា គ្មានអ្នកណាយកចិត្តទុកដាក់នឹងទុក្ខលំបាករបស់ពួកគេឡើយ»។ ស្រដៀងគ្នាដែរ អ្នកកាសែតម្នាក់នៅសហរដ្ឋអាមេរិកបានសរសេរអំពីការបោះឆ្នោតដែលត្រូវកើតឡើងនោះថា៖ «ខ្ញុំតែងតែសង្ឃឹមថា លើកនេះនឹងមានអ្នកឈរឈ្មោះគ្រប់ល័ក្ខណ៍ម្នាក់។ តែគ្មានសោះឡើយ»។ គាត់ក៏សរសេរទៀតថា៖ «យើងចេះតែអត់ទ្រាំទៅ»។
តើមនុស្សលោកត្រូវ«អត់ទ្រាំ»នឹងមេដឹកនាំមិនគ្រប់ល័ក្ខណ៍ឬ? ដោយសារមេដឹកនាំមនុស្សមិនធ្លាប់បំពេញនូវសេចក្ដីត្រូវការរបស់ប្រជានុរាស្ត្រឲ្យបានពេញលេញនោះ តើនេះបានន័យថាយើងនឹងមិនអាចរកបានមេដឹកនាំល្អជារៀងរហូតឬ? អត់ទេ! ពិតជាអាចមានមេដឹកនាំដ៏ល្អបំផុតមួយរូបមែន។ អត្ថបទបន្តបន្ទាប់នឹងពិនិត្យមើលអំពីនរណាដែលអាចដឹកនាំមនុស្សជាតិយ៉ាងល្អគ្រប់ល័ក្ខណ៍ ហើយអំពីរបៀបដែលការគ្រប់គ្រងរបស់បុគ្គលនោះនឹងនាំឲ្យមនុស្សរាប់លាននាក់ពីគ្រប់ស្រទាប់វណ្ណៈ រួមទាំងលោកអ្នកផងដែរនឹងទទួលប្រយោជន៍មែន។
[រូបភាពនៅទំព័រ៣]
ខាងលើប៉ែកខាងឆ្វេង: លោកនេវីល ចេមប៊ីលីន
ខាងលើប៉ែកខាងស្ដាំ: លោកលីអូផូល អេមើរី
ខាងក្រោម: លោកវិនស្តុន ឆឺឈិល
[អ្នកផ្ដល់សិទ្ធិ]
Chamberlain: Photo by Jimmy Sime/Central Press/Getty Images; Amery: Photo by Kurt Hutton/Picture Post/Getty Images; Churchill: The Trustees of the Imperial War Museum (MH 26392)