បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/២ ទំ. ៤-៧
  • សព្វថ្ងៃនេះ តើអ្នកណាសមជាមេដឹកនាំល្អ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សព្វថ្ងៃនេះ តើអ្នកណាសមជាមេដឹកនាំល្អ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មនុស្ស​ពុំ​អាច​សម្រេច​ការ​ទាំង​នោះ​បាន​ទេ
  • បុគ្គល​មួយ​រូប​ដែល​សម​ជា​មេ​ដឹក​នាំ​មែន
  • តើ​មេ​ដឹក​នាំ​ថ្មី​នោះ​នឹង​ធ្វើ​អ្វី​ខ្លះ?
  • តើនរណាអាចសង្គ្រោះពួកអ្នកដែលស្រែករកគេជួយ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • តើអ្នកដឹកនាំមួយណាដែលលោកអ្នកនឹងជ្រើសរើស? តើគម្ពីរចែងយ៉ាងណា?
    ប្រធានបទឯទៀត
  • តើអ្នកពិតជាចាត់ទុកព្រះគ្រីស្ទជាមគ្គុទ្ទេសក៍របស់អ្នកឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ការស្វែងរកមេដឹកនាំល្អម្នាក់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/២ ទំ. ៤-៧

សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​សម​ជា​មេ​ដឹក​នាំ​ល្អ?

នៅ​ឆ្នាំ​១៩៤០ រដ្ឋ​សភា​នៅ​ប្រទេស​អង់គ្លេស​មាន​វិបត្ដិ​ស្តី​អំពី​មេ​ដឹក​នាំ។ បុរស​ម្នាក់​ដែល​បាន​ស្ដាប់​ពួក​គេ​ជជែក​គ្នា​នោះ​គឺ​លោក​ដាវីឌ​លយ្ឌ ចច​ដែល​មាន​អាយុ​ចិតសិប​ប្រាំ​ពីរ​ឆ្នាំ​នៅ​ពេល​នោះ។ លោក​លយ្ឌ ចច​ជា​មេ​ដឹក​នាំ​ប្រទេស​អង់គ្លេស​ពេល​ទទួល​ជោគជ័យ​ក្នុង​សង្គ្រាម​លោក​លើក​ទី១ ហើយ​គាត់​បាន​ចំណាយ​ច្រើន​ឆ្នាំ​ក្នុង​រឿង​នយោបាយ ដូច្នេះ​នេះ​បាន​ជួយ​គាត់​ឲ្យ​ពិនិត្យ​មើល​នូវ​កិច្ចការ​នៃ​រាជការ​ជាន់​ខ្ពស់​យ៉ាង​ប៉ិនប្រសប់។ លោក​លយ្ឌ ចច​បាន​ថ្លែង​សុន្ទរកថា​នៅ​ឯ​មន្ទីររដ្ឋសភា​នៅ​ថ្ងៃ​ទី៨ ខែ​ឧសភា ឆ្នាំ​១៩៤០ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា៖ «ប្រជាពលរដ្ឋ​ទាំង​ឡាយ​នឹង​សុខ​ចិត្ត​ពលី​ជីវិត​ទាំង​មូល ឲ្យ​តែ​មាន​មេ​ដឹក​នាំ​ដ៏​ល្អ​ម្នាក់ ហើយ​នេះ​ស្រេច​តែ​រដ្ឋាភិបាល​បង្ហាញ​យ៉ាង​ច្បាស់​ពី​គោល​ដៅ​របស់​ខ្លួន ហើយ​ឲ្យ​តែ​ប្រជាជន​មាន​ទំនុក​ចិត្ត​ថា មេ​ដឹក​នាំ​ទាំង​ឡាយ​កំពុង​តែ​ដឹក​នាំ​ប្រទេស​អស់​ពី​សមត្ថភាព»។

សំដី​របស់​លោក​លយ្ឌ ចច​ស​ឲ្យ​ឃើញ​ច្បាស់​ថា មហា​ជន​ចេះ​តែ​សង្ឃឹម​ថា​មេ​ដឹក​នាំ​ទាំង​ឡាយ​មាន​សមត្ថភាព ហើយ​ក៏​សង្ឃឹម​ថា​ពួក​គេ​នឹង​ព្យាយាម​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​រីក​ចំរើន។ បុគ្គលិក​ម្នាក់​ខាង​យុទ្ធ​នា​ការ​បោះ​ឆ្នោត​បាន​ពន្យល់​ថា៖ «នៅ​ពេល​ដែល​មនុស្ស​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី នោះ​ពួក​គេ​កំពុង​តែ​ជ្រើសរើស​បុគ្គល​ម្នាក់​ដែល​នឹង​ទទួល​ខុសត្រូវ​ចំពោះ​ជីវិត អនាគត និង​កូន​របស់​គេ​ដែរ»។ ការ​ទទួល​បញ្ញើ​នេះ​គឺ​ជា​ភារកិច្ច​ធ្ងន់ធ្ងរ​មែន។ ហេតុ​អ្វី?

លោកីយ៍​នេះ​ពេញ​ទៅ​ដោយ​បញ្ហា​ដែល​គ្មាន​ដំណោះ​ស្រាយ។ ជា​ឧទាហរណ៍ តើ​យើង​ធ្លាប់​មាន​មេ​ដឹក​នាំ​ណា​ម្នាក់​ដែល​មាន​ប្រាជ្ញា​និង​អំណាច​គ្រប់គ្រាន់​ដើម្បី​បំបាត់​ចោល​ឧក្រិដ្ឋកម្ម​និង​សង្គ្រាម​ឬ​ទេ? ក្នុង​ចំណោម​មេ​ដឹក​នាំ​ទាំង​ឡាយ​សព្វ​ថ្ងៃ​នេះ តើ​មាន​នរណា​ម្នាក់​មាន​ចិត្ត​មេត្ដា​និង​មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​ផ្ដល់​អាហារ​និង​ទឹក​ដល់​មហា​ជន ព្រម​ទាំង​ថែទាំ​សុខភាព​របស់​ពួក​គេ​ទាំង​អស់​គ្នា​ឬ​ទេ? តើ​អ្នក​ណា​មាន​ចំណេះ​គ្រប់គ្រាន់​ឬ​បាន​តាំង​ចិត្ត​ការពារ​និង​ជួយ​ធ្វើ​ឲ្យ​បរិស្ថាន​បាន​ស្អាត​ឡើង​វិញ? តើ​មាន​មេ​ដឹក​នាំ​ដែល​មាន​សមត្ថភាព​និង​អំណាច​គ្រប់គ្រាន់​ដើម្បី​ធានា​ឲ្យ​មនុស្ស​ជាតិ​ទាំង​ឡាយ​មាន​ជីវិត​យូរ​អង្វែង​និង​មាន​សុភមង្គល​ឬ​ទេ?

មនុស្ស​ពុំ​អាច​សម្រេច​ការ​ទាំង​នោះ​បាន​ទេ

មេ​ដឹក​នាំ​ខ្លះ​បាន​សម្រេច​ការ​យ៉ាង​ល្អ​ពិត​មែន។ ក៏​ប៉ុន្តែ ក្រោយ​មេ​ដឹក​នាំ​បាន​កាន់​អំណាច​អស់​មួយ​រយៈ តើ​អ្នក​ណា​នឹង​ទទួល​អំណាច​ជំនួស​គាត់​វិញ? មេ​ដឹក​នាំ​ដ៏​ល្បី​ម្នាក់​នៅ​ប្រទេស​អ៊ីស្រាអែល​ពី​សម័យ​បុរាណ នាម​សាឡូម៉ូន បាន​ត្រិះរិះ​ពិចារណា​សំនួរ​នេះ​ដែរ។ ស្តេច​សាឡូម៉ូន​បាន​សន្និដ្ឋាន​ថា៖ «យើង​បាន​ស្អប់​បណ្ដា​ការ​នឿយ​ហត់​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ ដោយ​យល់​ឃើញ​ថា​យើង​ត្រូវ​ទុក​ទាំង​អស់​ឲ្យ​ដល់​មនុស្ស​ដែល​បន្ត​ក្រោយ​យើង។ ហើយ​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្នក​នោះ ថា​នឹង​ត្រឡប់​ជា​មនុស្ស​មាន​ប្រាជ្ញា ឬ​ជា​មនុស្ស​ល្ងីល្ងើ​វិញ? ប៉ុន្តែ​អ្នក​នោះនឹង​គ្រប់គ្រង​លើ​អស់​ទាំង​ការ​ដែល​យើង​បាន​ខំ​ធ្វើ ជា​ការ​ដែល​បាន​ធ្វើ ដើម្បី​សំដែង​ខ្លួន​ជា​អ្នក​មាន​ប្រាជ្ញា​នៅ​ក្រោម​ថ្ងៃ។ នេះ​ក៏​ឥត​មាន​ទំនង​ដែរ»។—សាស្ដា ២:១៨, ១៩

ស្តេច​សាឡូម៉ូន​មិន​ដឹង​ថា​អ្នក​ស្នង​រាជ្យ​ក្រោយ​ទ្រង់​នឹង​ចំរើន​ការ​ល្អ​ដែល​ទ្រង់​បាន​ធ្វើ ឬ​នឹង​បំផ្លាញ​ការ​ល្អ​នោះ​វិញ។ ស្តេច​សាឡូម៉ូន​បាន​ចាត់​ទុក​បំលាស់​ប្ដូរ​អ្នក​គ្រប់គ្រង​ថ្មី​ជា​ការ«ឥត​មាន​ទំនង»។ សេចក្ដី​បកប្រែ​ផ្សេង​ទៀត​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ​ហៅ​បំលាស់​ប្ដូរ​នេះ​ជា​អ្វី​ដែល «ឥត​បាន​ការ»ឬ«គ្មាន​បំណង»។ សេចក្ដី​បកប្រែ​មួយ​ទៀត​ចែង​ថា៖ «ជា​អ្វី​ដែល​យើង​រក​យល់​ពុំ​បាន​ឡើយ»។

ម្ដងម្កាល​មនុស្ស​ក៏​ប្រើ​អំពើ​ហិង្សា​ដើម្បី​ប្ដូរ​អ្នក​គ្រប់គ្រង។ មេ​ដឹក​នាំ​ល្អ​ខ្លះ​ត្រូវ​បាន​គេ​សម្លាប់​ចោល​ពេល​កំពុង​បំពេញ​ភារកិច្ច។ លោក​អ័ប្រាហាំ លីងខុន​ជា​អតីត​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក​ដែល​ប្រជាជន​គោរព​ណាស់ ហើយ​មាន​ពេល​មួយ​ដែល​គាត់​ប្រាប់​មហា​ជន​ថា៖ «ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​បំពេញ​មុខ​តំណែង​មួយ​រយៈ ហើយ​ស្រប​ទៅ​តាម​ទស្សនៈ​របស់​អ្នក​រាល់​គ្នា ពេល​ឥឡូវ​នេះ​ខ្ញុំ​បាន​ទទួល​អំណាច​ដែល​មិន​យូរ​មិន​ឆាប់​នឹង​ត្រូវ​កន្លង​ផុត​ទៅ»។ លោក​លីងខុន​ពិត​ជា​បាន​បំពេញ​មុខ​នាទី​រយៈ​ពេល​ខ្លី​មែន។ ទោះ​ជា​ប្រធានាធិបតី​លីងខុន​បាន​សម្រេច​ការ​ល្អ​ជា​ច្រើន​ក៏​ដោយ ហើយ​ប្រាថ្នា​ចង់​សម្រេច​ការ​ច្រើន​ថែម​ទៀត​ដើម្បី​ប្រជាជន នោះ​គាត់​បាន​ដឹក​នាំ​ប្រទេស​នោះ​តែ​បួន​ឆ្នាំ​ប៉ុណ្ណោះ។ នៅ​ដើម​អាណត្ដិ​ទីពីរ​របស់​លោក​លីងខុន គាត់​បាន​ត្រូវ​សម្លាប់​ដោយ​ឃាតករ​ម្នាក់​ដែល​ប្រាថ្នា​ចង់​ឃើញ​នូវ​ការ​ផ្លាស់ប្ដូរ​អ្នក​ដឹក​នាំ។

មេ​ដឹក​នាំ​ណា សូម្បី​តែ​មនុស្ស​ដ៏​ល្អ​បំផុត​ក្ដី ក៏​មិន​អាច​ធានា​អនាគត​របស់​ខ្លួន​គេ​ផ្ទាល់​បាន​ឡើយ។ បើ​ដូច្នេះ តើ​អ្នក​គួរ​ទុក​ចិត្ត​លើ​ពួក​គេ​ឲ្យ​ធានា​អនាគត​របស់​អ្នក​ឬ​ទេ? ព្រះ​គម្ពីរ​ចែង​ថា៖ «កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ ឬ​នឹង​ពូជ​ពង្ស​នៃ​មនុស្ស​ណា​ឡើយ គេ​នឹង​ជួយ​ឯង​មិន​បាន​ទេ។ គេ​ផុត​ដង្ហើម​ទៅ ហើយ​ត្រឡប់​ទៅ​ជា​ដី​វិញ នៅ​ថ្ងៃ​នោះ​ឯង អស់​ទាំង​គំនិត​របស់​គេ​ក៏​សូន្យ​បាត់​ទៅ»។ ក្នុង​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​ឃ្លា​ចុង​ខ​៤​នោះ​ចែង​ថា៖ «គំរោងការ​របស់​គេ​ក៏​នឹង​រលាយ​សូន្យ​នៅ​ថ្ងៃ​នោះ​ដែរ»។—ទំនុកដំកើង ១៤៦:៣, ៤

ប្រហែល​ជា​លោក​អ្នក​ពិបាក​យល់​ស្រប​នឹង​យោបល់​ដែល​ថា កុំ​ឲ្យ​ទុក​ចិត្ត​នឹង​មនុស្ស​ដែល​ធ្វើ​ជា​មេ​ដឹក​នាំ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​មិន​ចែង​ថា លោកីយ៍​នឹង​មិន​មាន​ការ​ដឹក​នាំ​ល្អ​ដែល​ស្ថិត​ស្ថេរ​រហូត​នោះ​ទេ។ ដ្បិត​អេសាយ ៣២:១ ចែង​ថា៖ «មើល! នឹង​មាន​ស្តេច​១​អង្គ​សោយ​រាជ្យ​ដោយ​សុចរិត»។ ក្នុង​នាម​ជា​ព្រះ​ដែល​បាន​បង្កើត​មនុស្ស​ជាតិ ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​មាន«ស្តេច​១​អង្គ» ជា​មេ​ដឹក​នាំ​ដែល​ឆាប់ៗខាង​មុខ​នេះ​នឹង​ចាត់​ចែង​ការ​ទាំង​អស់​នៅ​លើ​ផែនដី។ តើ​ទ្រង់​ជា​អ្នក​ណា? បទ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ​អាច​ជួយ​សម្គាល់​ទ្រង់​បាន។

បុគ្គល​មួយ​រូប​ដែល​សម​ជា​មេ​ដឹក​នាំ​មែន

ពីរ​ពាន់​ឆ្នាំ​មុន​នេះ ទេវតា​មួយ​រូប​បាន​ប្រាប់​នារី​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​ម៉ារា ថា៖ «នាង​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ​នាម​ថា៖ ‹យេស៊ូវ›។ បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ ទ្រង់​នឹង​សោយ​រាជ្យ​លើ​ពួក​វង្ស​របស់​យ៉ាកុប នៅ​អស់កល្ប​រៀង​ទៅ ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ»។ (លូកា ១:៣១​-​៣៣) ពិត​មែន​ហើយ ព្រះ​យេស៊ូ​ពី​ភូមិ​ណាសារ៉ែត​ជា​ស្តេច​ដែល​ត្រូវ​រៀប​រាប់​ក្នុង​ទំនាយ​ព្រះ​គម្ពីរ​នោះ។

គំនូរ​តាម​ប្រពៃណី​សាសនា ច្រើន​តែ​បញ្ជាក់​ពី​ព្រះ​យេស៊ូ​ជា​កូន​ង៉ែត ឬ​ជា​បុរស​ស្គម​កំព្រឹង​ម្នាក់​ដែល​ខ្វះ​អាហារ ឬ​ដូច​តាបស​ដែល​បណ្ដោយ​តាម​អ្វីៗក៏​ដោយ​ដែល​កើត​ដល់​ខ្លួន។ រូប​គំនូរ​បែប​នោះ​មិន​ជំរុញ​ឲ្យ​យើង​ចង់​ទុក​ចិត្ត​លើ​ទ្រង់​ជា​មេ​ដឹក​នាំ​ទេ។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ត្រូវ​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ បាន​ធំ​ឡើង​ជា​បុរស​ឧត្តម​ម្នាក់​ដែល​មាន​គំនិត​ចាស់​ទុំ​ហើយ​មាន​ចិត្ត​ខ្នះខ្នែង ព្រម​ទាំង​ចេះ​គិត​វែង​ឆ្ងាយ​ផង​ដែរ។ ព្រះ​យេស៊ូ​ក៏​មាន​លក្ខណៈ​សម្បត្ដិ​ឯ​ទៀត​ដែល​បង្ហាញ​ថា​ទ្រង់​សម​ជា​មេ​ដឹក​នាំ។ (លូកា ២:៥២) ត​ទៅ​នេះ​មាន​ការ​រៀប​រាប់​អំពី​លក្ខណៈ​ផ្សេងៗនៃ​បុគ្គលិកលក្ខណៈ​ដ៏​អស្ចារ្យ​របស់​ទ្រង់។

ព្រះ​យេស៊ូ​បាន​រក្សា​ចិត្ត​ស្មោះ​ភក្ដី​យ៉ាង​គ្រប់​ល័ក្ខណ៍។ ព្រះ​យេស៊ូ​មាន​ចរិយា​ដ៏​ល្អ​ត្រឹម​ត្រូវ​និង​ទៀងត្រង់​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ឲ្យ​ឱកាស​ដល់​មារ​សត្រូវ​រក​ហេតុ​ដើម្បី​ចោទ​ប្រកាន់​ទ្រង់ តែ​ពួក​គេ​រក​ហេតុ​មិន​បាន​សោះ។ (យ៉ូហាន ៨:៤៦) ដោយ​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​ដូច​នឹង​ការ​ប្រព្រឹត្ត​នោះ​បាន​ជំរុញ​ចិត្ត​មនុស្ស​ស្មោះ​ស​ជា​ច្រើន​នាក់​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​ទ្រង់។—យ៉ូហាន ៧:៤៦; ៨:២៨​-​៣០; ១២:១៩

ព្រះ​យេស៊ូ​បាន​ថ្វាយ​ខ្លួន​ទាំង​ស្រុង​ឲ្យ​ធ្វើ​ជា​អ្នក​បំរើ​ព្រះ។ ក្នុង​ការ​បង្ហើយ​កិច្ចការ​ដែល​ព្រះ​ចាត់​ឲ្យ​ទ្រង់​ធ្វើ​នោះ ព្រះ​យេស៊ូ​បាន​តាំង​ព្រះទ័យ​យ៉ាង​ម៉ឺងម៉ាត់​ដល់​ម្ល៉េះ​បាន​ជា​គ្មាន​អ្នក​ប្រឆាំង​ណា​សោះ​អាច​រារាំង​ទ្រង់​បាន​ឡើយ មិន​ថា​អ្នក​ប្រឆាំង​នោះ​ជា​មនុស្ស​ឬ​បិសាច​ក៏​ដោយ។ សូម្បី​តែ​ការ​ប្រើ​អំពើ​ហិង្សា​ក៏​មិន​អាច​បន្លាច​ទ្រង់​ដែរ។ (លូកា ៤:២៨​-​៣០) កាល​ដែល​ទ្រង់​អត់​អាហារ​និង​អស់​ព្រះ​កាយ​ពល នេះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ទ្រង់​ធ្លាក់​ទឹក​ចិត្ត​ដែរ។ (យ៉ូហាន ៤:៥​-​១៦, ៣១​-​៣៤) ទោះបី​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​យេស៊ូ​បាន​លះ​ចោល​ទ្រង់​ក៏​ដោយ ទ្រង់​មិន​បាន​ដើរ​ខុស​ពី​គោល​ដៅ​របស់​ទ្រង់​សោះ។—ម៉ាថាយ ២៦:៥៥, ៥៦; យ៉ូហាន ១៨:៣​-​៩

ព្រះ​យេស៊ូ​យក​ព្រះទ័យ​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មនុស្ស។ ព្រះ​យេស៊ូ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស​ស្រេក​ឃ្លាន។ (យ៉ូហាន ៦:១០, ១១) ទ្រង់​បាន​ជួយ​សំរាល​ទុក្ខ​មនុស្ស​ដែល​អស់​សង្ឃឹម។ (លូកា ៧:១១​-​១៥) ព្រះ​យេស៊ូ​បាន​ប្រោស​អ្នក​ខ្វាក់​ឲ្យ​មើល​ឃើញ មនុស្ស​ថ្លង់​ឲ្យ​ស្ដាប់​ឮ ហើយ​ទ្រង់​ក៏​បាន​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​ផង​ដែរ។ (ម៉ាថាយ ១២:២២; លូកា ៨:៤៣​-​៤៨; យ៉ូហាន ៩:១​-​៦) ទ្រង់​បាន​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​របស់​ទ្រង់​ដែល​ធ្វើ​ការ​យ៉ាង​នឿយ​ហត់។ (យ៉ូហាន ជំពូក​១៣​-​១៧) ព្រះ​យេស៊ូ​ពិត​ជា«អ្នក​គង្វាល​ល្អ»ដែល​ចេះ​ថែរក្សា​ចៀម​ទ្រង់។—យ៉ូហាន ១០:១១​-​១៤

ព្រះ​យេស៊ូ​ក៏​បាន​ចុះ​ប្រឡូក​ដោយ​ផ្ទាល់​ដែរ។ ព្រះ​យេស៊ូ​បាន​លាង​ជើង​របស់​ពួក​សាវ័ក​ដើម្បី​បង្រៀន​មេ​រៀន​ដ៏​សំខាន់​មួយ។ (យ៉ូហាន ១៣:៤​-​១៥) ពេល​ដែល​ព្រះ​យេស៊ូ​ដើរ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​តាម​ផ្លូវ​នៅ​ស្រុក​អ៊ីស្រាអែល ព្រះ​បាទ​របស់​ទ្រង់​ផ្ទាល់​ក៏​ប្រឡាក់​ដី​ដែរ។ (លូកា ៨:១) សូម្បី​តែ​ពេល​ដែល​ព្រះ​យេស៊ូ​ចង់​សំរាក​នៅ«ឯ​ទី​ស្ងាត់​ដោយ​ឡែក»ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ធ្វើ​តាម​សំណូម​ពរ​របស់​បណ្ដាជន​ដែល​ចង់​បាន​ការ​ណែនាំ​ថែម​ទៀត។ (ម៉ាកុស ៦:៣០​-​៣៤) ដោយ​ធ្វើ​ដូច្នេះ ព្រះ​យេស៊ូ​បាន​តាំង​គំរូ​ជា​អ្នក​ខ្នះខ្នែង​ឲ្យ​គ្រីស្ទាន​ទាំង​ឡាយ​យក​តម្រាប់​តាម។—យ៉ូហានទី១ ២:៦

ព្រះ​យេស៊ូ​បាន​បង្ហើយ​កិច្ចការ​របស់​ទ្រង់​ហើយ​បាន​ចាក​ចេញ​ពី​ផែនដី​នេះ។ ដោយសារ​ព្រះ​យេស៊ូ​បាន​បង្ហាញ​នូវ​ព្រះទ័យ​ស្មោះ​ភក្ដី​នោះ ព្រះ​យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ចំពោះ​ទ្រង់ គឺ​មាន​អំណាច​សោយ​រាជ្យ​និង​មាន​ជីវិត​អមតៈ​នៅ​ស្ថានសួគ៌។ ព្រះ​គម្ពីរ​ពណ៌នា​អំពី​ព្រះ​យេស៊ូ​ដែល​បាន​រស់​ឡើង​វិញ​នោះ​ថា៖ «ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទ្រង់​មិន​ចេះ​សុគត​ទៀត​ឡើយ ព្រោះ​សេចក្ដី​ស្លាប់​គ្មាន​អំណាច​លើ​ទ្រង់​ទៀត»។ (រ៉ូម ៦:៩) អ្នក​ក៏​អាច​មាន​ទំនុក​ចិត្ត​ថា ទ្រង់​ជា​មេ​ដឹក​នាំ​ដ៏​ល្អ​បំផុត​សំរាប់​មនុស្ស​ជាតិ។ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ទទួល​អំណាច​ពេញលេញ​លើ​ផែនដី នោះ​អ្នក​ដទៃ​នឹង​លែង​មាន​អំណាច​ទៀត ហើយ​ក៏​នឹង​លែង​មាន​ហេតុ​ប្ដូរ​មេ​ដឹក​នាំ​ទៀត​ដែរ។ គ្មាន​អ្នក​ណា​អាច​កាត់​ផ្ដាច់​អំណាច​គ្រប់គ្រង​របស់​ព្រះ​យេស៊ូ​ទេ ហើយ​គ្មាន​អ្នក​ណា​អាច​ស្នង​រាជ្យ​និង​បង្ខូច​ការ​ដែល​ទ្រង់​នឹង​ធ្វើ​នោះ​ដែរ។ ប៉ុន្តែ តើ​ព្រះ​យេស៊ូ​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ជាតិ?

តើ​មេ​ដឹក​នាំ​ថ្មី​នោះ​នឹង​ធ្វើ​អ្វី​ខ្លះ?

បទ​ទំនុកដំកើង​ទី​៧២ ជា​ទំនាយ​ដែល​រៀប​រាប់​អំពី​របៀប​គ្រប់គ្រង​របស់​ស្តេច​ល្អ​គ្រប់​ល័ក្ខណ៍​ដែល​មាន​ជីវិត​អមតៈ។ ខ​៧​និង​៨​ចែង​ថា៖ «នៅ​ក្នុង​គ្រា​ព្រះ​រាជបុត្រា នោះ​មនុស្ស​សុចរិត​នឹង​មាន​សេចក្ដី​ចំរើន​ឡើង ហើយ​នឹង​មាន​សេចក្ដី​សុខ​ជា​បរិបូរ ដរាប​ដល់​ព្រះ​ចន្ទ​រលត់​សូន្យ​ទៅ។ ទ្រង់​នឹង​មាន​អំណាច ចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ទន្លេ រហូត​ដល់​ទីបំផុត​ផែនដី»។ មនុស្ស​នឹង​រស់​នៅ​លើ​ផែនដី​ក្រោមការ​គ្រប់គ្រង​របស់​ព្រះ​យេស៊ូ​ដែល​នឹង​ផ្ដល់​នូវ​ផល​ប្រយោជន៍​ដូច​ជា​មាន​សន្ដិសុខ​ជា​រៀង​រហូត។ ព្រះ​យេស៊ូ​នឹង​បំផ្លាញ​ចោល​អាវុធ​ទាំង​ឡាយ ហើយ​នឹង​ដក​ហូត​នូវ​ការ​ចង់​ទាស់ទែង​គ្នា​ពី​ចិត្ត​មនុស្ស​ចេញ។ មនុស្ស​សព្វ​ថ្ងៃ​នេះ​ដែល​ពាធា​មនុស្ស​ដទៃ​គឺ​ប្រៀប​ដូច​ជា​សត្វ​សិង្ហ​ដ៏​សាហាវ ឬ​មនុស្ស​ដែល​ប្រព្រឹត្ត​លើ​អ្នកជិតខាង​ដូច​ជា​ខ្លាឃ្មុំ​ដែល​កាច នោះ​លក្ខណៈ​របស់​ពួក​គេ​នឹង​កែ​ប្រែ​ទាំង​ស្រុង។ (អេសាយ ១១:១​-​៩) សន្ដិភាព​នឹង​មាន​បរិបូរ​គ្រប់​ទី​កន្លែង។

បទ​ទំនុកដំកើង​ទី​៧២ ចែង​ទៀត​ក្នុង​ខ​១២​ដល់​១៤​ថា៖ «ទ្រង់​នឹង​ជួយ​ពួក​ក្រីក្រ​ឲ្យ​រួច​ក្នុង​កាល​ដែល​ថ្លែង​ទុក្ខ ព្រម​ទាំង​ពួក​កំសត់ ដែល​ឥត​មាន​អ្នក​ណា​ជួយ​នោះ​ផង។ ទ្រង់​នឹង​មាន​សេចក្ដី​អាណិត​មេត្ដា​ដល់​មនុស្ស​រហេមរហាម​នឹង​មនុស្ស​ទុគ៌ត ក៏​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​មនុស្ស​ក្រីក្រ​ផង។ ទ្រង់​នឹង​លោះ​ជីវិត​គេ ឲ្យ​រួច​ពី​ការ​សង្កត់​សង្កិន​នឹង​ការ​ច្រឡោត ឯ​ឈាម​គេ​នឹង​បាន​វិសេស​នៅ​ព្រះ​នេត្រ​ទ្រង់​ដែរ»។ មនុស្ស​រហេមរហាម​និង​មនុស្ស​ក្រីក្រ ព្រម​ទាំង​មនុស្ស​ដែល​រង​ទុក្ខ​ផង នឹង​ក្លាយ​ជា​ក្រុម​គ្រួសារ​តែ​មួយ​ដែល​មាន​សាមគ្គីភាព​ហើយ​មាន​សុភមង្គល​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ស្តេច។ ជីវិត​របស់​អ្នក​ទាំង​នោះ​នឹង​ពោរពេញ​ទៅ​ដោយ​ក្ដី​អំណរ​ជំនួស​ការ​ឈឺចាប់​និង​ភាព​អស់​សង្ឃឹម។—អេសាយ ៣៥:១០

ខ​១៦​ចែង​ថា៖ «នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក​រហូត​ដល់​កំពូល​ភ្នំ»។ មនុស្ស​រាប់​លាន​នាក់​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ​ចេះ​តែ​ឃ្លាន​ជានិច្ច។ រឿង​នយោបាយ​និង​ចិត្ត​លោភ​លន់​ច្រើន​តែ​រំខាន​ដល់​ការ​ចែក​អាហារ​គ្រប់គ្រាន់​ដោយ​ឥត​រើស​មុខ ដែល​ជា​លទ្ធផល​បណ្ដាល​ឲ្យ​មនុស្ស ជា​ពិសេស​កូន​ក្មេង​រាប់​សិប​កោដិ​នាក់​ស្លាប់​ដោយ​អត់​អាហារ។ ក៏​ប៉ុន្តែ នឹង​លែង​មាន​បញ្ហា​នេះ​ត​ទៅ​ទៀត ពេល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ ផែនដី​នឹង​បង្កើត​ផល​យ៉ាង​សម្បូរ​ហូរ​ហៀរ​ហើយ​មាន​ម្ហូប​ឈ្ងុយ​ឆ្ងាញ់​ផង​ដែរ។ មនុស្ស​ជាតិ​ទាំង​ឡាយ​នឹង​ទទួល​បាន​ម្ហូប​បរិបូរ។

តើ​អ្នក​ចង់​ទទួល​ពរ​ទាំង​នេះ​ដែល​មក​ពី​ការ​ដឹក​នាំ​ដ៏​ល្អ​ឬ​ទេ? បើ​ចង់​មែន យើង​សូម​លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​រៀន​អំពី​មេ​ដឹក​នាំ​ដែល​នឹង​កាន់​អំណាច​ទាំង​អស់​នៅ​លើ​ផែនដី​ឆាប់ៗខាង​មុខ​នេះ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​រីករាយ​នឹង​ជួយ​អ្នក​រៀន។ អ្នក​នឹង​មិន​ខក​ចិត្ត​ឡើយ ដ្បិត​ព្រះ​យេហូវ៉ា​មាន​បន្ទូល​អំពី​រាជ​បុត្រ​ទ្រង់​ថា៖ «អញ​បាន​តាំង​ស្តេច​របស់​អញ​ឡើង​ហើយ គឺ​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​អញ។»។—ទំនុកដំកើង ២:៦

[ប្រអប់​នៅ​ទំព័រ​៥]

ការ​បាត់​អំណាច​ក្នុង​មួយ​រំពេច

តាម​ធម្មតា​អ្នក​គ្រប់គ្រង​សង្ឃឹម​ថា​ប្រជានុរាស្ត្រ​នឹង​គោរព​ហើយ​គាំទ្រ​គាត់ បើ​គាត់​បង្កើត​ឲ្យ​មាន​សន្ដិសុខ​និង​សន្ដិភាព​មួយ​កំរិត។ ក៏​ប៉ុន្តែ ប្រសិន​បើ​ប្រជាជន​លែង​ទុក​ចិត្ត​អ្នក​គ្រប់គ្រង​វិញ ដោយសារ​មូលហេតុ​ណា​មួយ មិន​យូរ​មិន​ឆាប់​ម្នាក់​ទៀត​នឹង​ឡើង​កាន់​តំណែង​ជំនួស​គាត់​ភ្លាម។ ត​ទៅ​នេះ​មាន​ឧទាហរណ៍​ខ្លះ​អំពី​ស្ថានភាព​ដែល​បង្ក​ឲ្យ​មាន​ការ​ទំលាក់​អ្នក​គ្រប់គ្រង​ខ្លះ​ដែល​ខ្លាំង​ពូកែ​តែ​ក្នុង​មួយ​រំពេច​ប៉ុណ្ណោះ។

ជីវភាព​រស់​នៅ​លំបាក​ណាស់។ មក​ដល់​ចុង​សតវត្សរ៍​ទី១​៨ មាន​ការ​បង់​ពន្ធ​ជា​ច្រើន​និង​ការ​ខ្វះ​អាហារ​ក៏​ច្រើន​ផង​ដែរ​សំរាប់​ប្រជាពលរដ្ឋ​បារាំង​នៅ​ពេល​នោះ។ ស្ថានភាព​នេះ​ជា​កត្ដា​ដែល​ញុះញង់​ឲ្យ​មាន​បដិវត្តន៍​នៅ​ស្រុក​បារាំង ហើយ​ជា​លទ្ធផល​នោះ គេ​បាន​កាត់​ក្បាល​ស្តេច​លូ​វីស​ទី១៦​នៅ​ឆ្នាំ​១៧៩៣។

សង្គ្រាម។ សង្គ្រាម​លោក​លើក​ទី១​បាន​កាត់​ផ្ដាច់​អំណាច​គ្រប់គ្រង​របស់​អធិរាជ​ដ៏​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​កាន់​អំណាច​ក្នុង​ប្រវត្ដិសាស្ត្រ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩១៧ មាន​អំណត់​នៅ​ទី​ក្រុង​សាំងប៉េតេសបួរ ប្រទេស​រុស្សី ដែល​បណ្ដាល​មក​ពី​សង្គ្រាម​នៅ​គ្រា​នោះ ហើយ​នេះ​បាន​នាំ​ឲ្យ​មាន​បដិវត្តន៍​ដែល​ហៅ​ថា បដិវត្តន៍​នៅ​ខែ​កុម្ភៈ។ បដិវត្តន៍​នោះ​បាន​ទម្លាក់​អធិរាជ​នីកូឡា​ទី២ ហើយ​បាន​បើក​ឲ្យ​របប​កុម្មុយនីស្ត​កាន់​អំណាច​ជំនួស។ នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩១៨ ប្រទេស​អាឡឺម៉ង់​ចង់​ឈប់​ធ្វើ​សង្គ្រាម ប៉ុន្តែ​ប្រទេស​នានា​ដែល​ជា​សម្ព័ន្ធ​មិត្ត​នោះ​មិន​ចង់​ឈប់​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​ប្រទេស​អាឡឺម៉ង់​ទេ​ទាល់តែ​មាន​បំលាស់​ប្រែ​ក្នុង​ការ​គ្រប់គ្រង។ ជា​លទ្ធផល​នោះ អធិរាជ​វីលហេម​ទី២​ត្រូវ​ប្រជាជន​បំបរបង់​ទៅ​ប្រទេស​ហូឡង់។

ការ​ប្រាថ្នា​ចង់​បាន​របប​នយោបាយ​ផ្សេង។ នៅ​ឆ្នាំ​១៩៨៩ គេ​បាន​ដក​ចេញ​នូវ​រនាំង​ដែក។ របប​ផ្សេងៗដែល​ធ្លាប់​មើល​ទៅ​ដូច​ជា​មាន​ភាព​រឹង​មាំ​ប្រៀប​ដូច​ជា​ថ្មដា​បាន​រលំ​កាល​ដែល​ប្រជាពលរដ្ឋ​បាន​បដិសេធ​របប​កុម្មុយនីស្ត ហើយ​បាន​ស្ថាបនា​ការ​គ្រប់គ្រង​បែប​ផ្សេងៗវិញ។

[រូបភាព​នៅ​ទំព័រ​៧]

ព្រះ​យេស៊ូ​បាន​ប្រទាន​អាហារ​ដល់​អ្នក​ស្រេក​ឃ្លាន បាន​ព្យាបាល​អ្នក​ជំងឺ ហើយ​បាន​ទុក​គំរូ​ដ៏​ល្អ​មួយ​សំរាប់​ជន​គ្រីស្ទាន​ទាំង​ឡាយ

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៤]

Lloyd George: Photo by Kurt Hutton/Picture Post/Getty Images

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក