បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៣ ទំ. ២២-២៧
  • តើអ្នកព្រមទទួលជំនួយពីព្រះយេហូវ៉ាទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកព្រមទទួលជំនួយពីព្រះយេហូវ៉ាទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ជំនួយ​ពី​ទេវតា
  • ជំនួយ​ពី​មេ​ទេវតា
  • ជំនួយ​ពី​វិញ្ញាណ​បរិសុទ្ធ
  • ជំនួយ​ពី​ព្រះ​បន្ទូល​របស់​ព្រះ
  • ជំនួយ​តាម​រយៈ​អ្នក​ជឿ​គ្នីគ្នា
  • ព្រះយេហូវ៉ាជាជំនួយរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • របៀបដែលទេវតាអាចជួយលោកអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • ពួកទេវតា តើពួកគេមានអានុភាពលើជីវិតយើងយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ទេវតាទាំងឡាយជា«វិញ្ញាណដែលបំពេញកិច្ចបម្រើសាធារណៈ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៣ ទំ. ២២-២៧

តើ​អ្នក​ព្រម​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ទេ?

«ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ[ព្រះ​យេហូវ៉ា]ជា​ជំនួយ​ខ្ញុំ»។—ហេព្រើរ ១៣:៦

១, ២​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ព្រម​ទទួល​ជំនួយ​និង​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​ក្នុង​ជីវិត​យើង?

ឧបមា​ថា​អ្នក​កំពុង​តែ​ដើរ​កំសាន្ត​កាត់​ព្រៃ​ភ្នំ។ អ្នក​មិន​បាន​ដើរ​កំសាន្ត​តែ​ម្នាក់​ឯង​ទេ ដ្បិត​មាន​អ្នក​នាំ​ផ្លូវ​ម្នាក់​ដែល​សូម​ទៅ​ជា​មួយ ហើយ​គាត់​ជា​អ្នក​នាំ​ផ្លូវ​ល្អ​បំផុត។ ទោះ​ជា​គាត់​មាន​បទ​ពិសោធន៍​ច្រើន​និង​សុខភាព​មាំទាំ​ជាង​អ្នក​ឆ្ងាយ​ណាស់​ក៏​ពិត​មែន តែ​គាត់​អត់ធ្មត់​ដើរ​ក្បែរ​អ្នក​ជានិច្ច។ គាត់​ឃើញ​ថា​ម្ដងម្កាល​អ្នក​ជំពប់​ជើង។ ដោយសារ​ខ្វល់ខ្វាយ​ពី​សុវត្ថិភាព​អ្នក គាត់​លូក​ដៃ​ទៅ​ជួយ​ឲ្យ​អ្នក​ដើរ​ឆ្លង​កន្លែង​មួយ​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់​ជាង​គេ។ តើ​អ្នក​ចង់​បដិសេធ​មិន​ព្រម​ទទួល​ជំនួយ​ពី​គាត់​ឬ? ប្រាកដ​ជា​មិន​ចង់​ធ្វើ​ដូច្នោះ​ទេ! ពីព្រោះ​អ្នក​មិន​ចង់​មាន​គ្រោះថ្នាក់។

២ វិថី​ជីវិត​របស់​យើង​ជា​គ្រីស្ទាន​គឺ​ពិបាក​ដើរ។ តើ​យើង​ត្រូវ​ដើរ​តាម​ផ្លូវ​ចង្អៀត​នេះ​ម្នាក់​ឯង​ទេ? (ម៉ាថាយ ៧:១៤) មិន​មែន​ទេ! ព្រះ​គម្ពីរ​បង្ហាញ​ថា អ្នក​នាំ​ផ្លូវ​ល្អ​បំផុត​គឺ​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​ក៏​ឲ្យ​មនុស្ស​ជាតិ​ដើរ​ជា​មួយ​នឹង​ទ្រង់​ទៀត​ផង។ (លោកុប្បត្តិ ៥:២៤; ៦:៩) តើ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​បំរើ​របស់​ទ្រង់​ពេល​ដែល​ពួក​គេ​ដើរ​ជាមួយ​នឹង​ទ្រង់​ទេ? ទ្រង់​មាន​បន្ទូល​ថា៖ «អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្ដាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង»។ (អេសាយ ៤១:១៣) ដូច​អ្នក​នាំ​ផ្លូវ​ក្នុង​ឧទាហរណ៍​ខាង​លើ​នោះ ព្រះ​យេហូវ៉ា​ក៏​បង្ហាញ​សេចក្ដី​សប្បុរស​ដោយ​លូក​ព្រះ​ហស្ត​ជួយ​អ្នក​ដែល​ចង់​ដើរ​ជា​មួយ​នឹង​ទ្រង់​ហើយ​ក៏​ចង់​ចង​មិត្តភាព​ជា​មួយ​នឹង​ពួក​គេ​ដែរ។ ប្រាកដ​ជា​គ្មាន​យើង​ណា​ម្នាក់​ដែល​ចង់​បដិសេធ​នូវ​ជំនួយ​របស់​ទ្រង់​ឡើយ!

៣​. តើ​យើង​នឹង​ពិចារណា​សំនួរ​អ្វី​ខ្លះ​ក្នុង​ការ​សិក្សា​នេះ?

៣ ក្នុង​អត្ថបទ​មុន យើង​បាន​រៀន​វិធី​បួន​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​ធ្លាប់​ជួយ​រាស្ត្រ​ទ្រង់​នៅ​សម័យ​បុរាណ។ តើ​ទ្រង់​ជួយ​រាស្ត្រ​របស់​ទ្រង់​ដោយ​វិធី​ដូច​គ្នា​សព្វ​ថ្ងៃ​នេះ​ឬ? ហើយ​តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រាកដ​ថា​យើង​មិន​បដិសេធ​ជំនួយ​ទ្រង់? សូម​យើង​ពិចារណា​សំនួរ​ទាំង​នេះ។ យ៉ាង​នេះ យើង​នឹង​មាន​ជំនឿ​កាន់​តែ​មុត​មាំ​ថា ព្រះ​យេហូវ៉ា​ពិត​ជា​អ្នក​ជួយ​យើង។—ហេព្រើរ ១៣:៦

ជំនួយ​ពី​ទេវតា

៤​. សព្វ​ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​បំរើ​របស់​ព្រះ​អាច​ជឿជាក់​ថា​មាន​ការ​គាំទ្រ​ពី​ទេវតា?

៤ តើ​ទេវតា​ជួយ​អ្នក​បំរើ​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​ទេ? ពិត​ជា​ជួយ​មែន! ពិត​មែន​ថា បណ្ដា​ទេវតា​មិន​លេច​មក​ឲ្យ​ឃើញ​ដើម្បី​រំដោះ​អ្នក​ថ្វាយ​បង្គំ​ពិត​ឲ្យ​រួច​ពី​គ្រោះថ្នាក់​សព្វ​ថ្ងៃ​នេះ​ទេ។ តែ​សូម្បី​នៅ​សម័យ​បុរាណ​ក៏​ដោយ កម្រ​ណាស់​ដែល​ទេវតា​ធ្វើ​អន្តរាគមន៍​ដូច្នេះ។ ដូច​សព្វ​ថ្ងៃ​នេះ​ដែរ កិច្ចការ​ភាគ​ច្រើន​ដែល​ទេវតា​ធ្លាប់​ធ្វើ​មនុស្ស​មើល​ពុំ​ឃើញ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​នោះ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ណាស់ ពេល​ដែល​ទទួល​ស្គាល់​ថា​ទេវតា​ប្រុង​ប្រៀប​គាំទ្រ​ពួក​គេ។ (ពង្សាវតារក្សត្រទី២ ៦:១៤​-​១៧) យើង​មាន​ហេតុ​ត្រឹម​ត្រូវ​ឲ្យ​មាន​អារម្មណ៍​យ៉ាង​នោះ​ដែរ។

៥​. តើ​ព្រះ​គម្ពីរ​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ទេវតា​រួម​ចំណែក​ក្នុង​កិច្ច​ផ្សព្វផ្សាយ​សព្វ​ថ្ងៃ​នេះ?

៥ ទេវតា​របស់​ព្រះ​យេហូវ៉ា​ចាប់​អារម្មណ៍​ជា​ពិសេស​ទៅ​លើ​កិច្ចការ​ម្យ៉ាង​ដែល​យើង​ក៏​ចូល​រួម​ដែរ។ តើ​កិច្ចការ​នោះ​ជា​អ្វី? យើង​អាច​រក​ចម្លើយ​ឃើញ​នៅ​វិវរណៈ ១៤:៦៖ «ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ទៀត​កំពុង​ហោះ​កាត់​កណ្ដាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ»។ «ដំណឹង​ល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច»នោះ ច្បាស់​ជា​ជាប់​ទាក់ទង​នឹង‹ដំណឹង​ល្អ​ដែល​សម្ដែង​ពី​ព្រះ​រាជាណាចក្រ› ដែល​ព្រះ​យេស៊ូ​បាន​ទាយ​ថា​នឹង«ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍»មុន​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ។ (ម៉ាថាយ ២៤:១៤) ពិត​មែន​ថា ទេវតា​មិន​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​ទេ។ ព្រះ​យេស៊ូ​បាន​បង្គាប់​មនុស្ស​ឲ្យ​ធ្វើ​កិច្ចការ​ដ៏​សំខាន់​នេះ​វិញ។ (ម៉ាថាយ ២៨:១៩, ២០) ការ​ដឹង​ថា​យើង​មាន​ជំនួយ​ពី​ទេវតា​បរិសុទ្ធ​ជា​បុគ្គល​វិញ្ញាណ​ខ្លាំង​ក្លា​ដែល​មាន​ប្រាជ្ញា​នោះ ពិត​ជា​លើក​ទឹក​ចិត្ត​យើង​ណាស់ មែន​ទេ?

៦, ៧​. (ក) តើ​អ្វី​បញ្ជាក់​ថា​ទេវតា​កំពុង​តែ​គាំទ្រ​ការ​ផ្សព្វផ្សាយ​របស់​យើង? (ខ) តើ​យើង​អាច​ប្រាកដ​ថា​យើង​នឹង​ទទួល​ការ​គាំទ្រ​ពី​ទេវតា​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

៦ មាន​ភស្តុតាង​ជា​ច្រើន​ដែល​បញ្ជាក់​ថា ទេវតា​កំពុង​តែ​គាំទ្រកិច្ចការ​របស់​យើង។ ជា​ឧទាហរណ៍ យើង​ធ្លាប់​ឮ​បទ​ពិសោធន៍​ជា​ច្រើន​ថា ពេល​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​តែ​ផ្សព្វផ្សាយ​នោះ ពួក​គេ​ជួប​មនុស្ស​ដែល​ទើប​តែ​អធិស្ឋាន​ទូល​សូម​ព្រះ​ជួយ​ឲ្យ​រក​ឃើញ​សេចក្ដី​ពិត។ បទ​ពិសោធន៍​បែប​នេះ​កើត​ឡើង​ជា​ញឹកញយ​ពេក ពុំ​អាច​បដិសេធ​ថា​គ្រាន់​តែ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ​ឡើយ។ ដោយសារ​មាន​ជំនួយ​បែប​នេះ​ពី​ទេវតា មនុស្ស​កាន់​តែ​ច្រើន​កំពុង​តែ​រៀន​ធ្វើ​តាម​អ្វី​ដែល​‹ទេវតា​ហោះ​កាត់​កណ្ដាល​មេឃ›បាន​ប្រកាស​នោះ គឺ«កោត​ខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី​ល្អ​របស់​ទ្រង់»។—វិវរណៈ ១៤:៧

៧ តើ​អ្នក​ពិត​ជា​ចង់​បាន​ការ​គាំទ្រ​ពី​ទេវតា​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា​ទេ? បើ​ដូច្នេះ ចូរ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ឲ្យ​អស់​ពី​សមត្ថភាព។ (កូរិនថូសទី១ ១៥:៥៨) ពេល​ដែល​យើង​ចូល​រួម​ក្នុង​ការងារ​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​នេះ​ដោយ​មិន​សំច័យ​កម្លាំង នោះ​យើង​អាច​ប្រាកដ​ថា​នឹង​បាន​ជំនួយ​ពី​ទេវតា​ពិត​មែន។

ជំនួយ​ពី​មេ​ទេវតា

៨​. នៅ​ស្ថានសួគ៌ តើ​ព្រះ​យេស៊ូ​មាន​ឋានៈ​ខ្ពង់​ខ្ពស់​អ្វី? ហេតុ​អ្វី​នេះ​លើក​ទឹក​ចិត្ត​យើង?

៨ ព្រះ​យេហូវ៉ា​ក៏​ផ្ដល់​ជំនួយ​ម្យ៉ាង​ទៀត​តាម​រយៈ​ទេវតា។ វិវរណៈ ១០:១ ពណ៌នា​អំពី«ទេវតា​ដ៏​ខ្លាំង​ពូកែ»គួរ​ឲ្យ​ស្ញប់ស្ញែង​មួយ​ដែល​«មុខ​នៃ​ទេវតា​នោះ​ដូច​ជា​ថ្ងៃ»។ តាម​មើល​ទៅ ទេវតា​ក្នុង​ចក្ខុនិមិត្ត​នេះ​សំដៅ​ទៅ​លើ​ព្រះ​យេស៊ូ​គ្រីស្ទ​ក្រោយ​បាន​ទទួល​អំណាច​និង​សិរី​រុងរឿង​នៅ​ស្ថានសួគ៌។ (វិវរណៈ ១:១៣, ១៦) តើ​ព្រះ​យេស៊ូ​ពិត​ជា​ទេវតា​ទេ? ក្នុង​ន័យ​មួយ​គឺ​អាច​និយាយ​ថា​ព្រះ​យេស៊ូ​ជា​ទេវតា​មែន ដ្បិត​ទ្រង់​ជា​មហា​ទេវតា។ (ថែស្សាឡូនីចទី១ ៤:១៦) តើ​មហា​ទេវតា​ជា​អ្វី? ពាក្យ​នោះ​មាន​ន័យ​ថា«ទេវតា​ធំ​ជាង​គេ»ឬ«មេ​ទេវតា»។ ព្រះ​យេស៊ូ​ជា​បុត្រ​វិញ្ញាណ​ខ្លាំង​ក្លា​បំផុត​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​បាន​ដាក់​បណ្ដា​ទេវតា​នៅ​ក្រោម​បង្គាប់​ព្រះ​យេស៊ូ។ មហា​ទេវតា​នេះ​ផ្ដល់​ជំនួយ​យ៉ាង​អស្ចារ្យ​ណាស់។ តើ​តាម​វិធី​ណា​ខ្លះ?

៩, ១០​. (ក) តើ​ព្រះ​យេស៊ូ​ជា‹អ្នក​ជួយ›ពេល​ដែល​យើង​ធ្វើ​អំពើ​បាប​យ៉ាង​ដូច​ម្ដេច? (ខ) តើ​គំរូ​របស់​ព្រះ​យេស៊ូ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

៩ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា៖ ‹បើសិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ នោះ​យើង​មាន​អ្នក​ជួយ​១​អង្គ​ហើយ​ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះ​វរបិតា គឺ​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​អ្នក​សុចរិត›។ (យ៉ូហានទី១ ២:១) ហេតុ​អ្វី​យ៉ូហាន​បាន​សរសេរ​ថា​ព្រះ​យេស៊ូ​ជា‹អ្នក​ជួយ›យើង ជា​ពិសេស​ពេល​ដែល​«ភ្លាត់​ធ្វើ​បាប»នោះ? បើ​គិត​ទៅ យើង​ធ្វើ​បាប​ជា​រៀង​រាល់​ថ្ងៃ ហើយ​បាប​នាំ​ទៅ​ដល់​សេចក្ដី​ស្លាប់។ (សាស្ដា ៧:២០; រ៉ូម ៦:២៣) ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បាន​បូជា​ព្រះ​ជន្ម​ទ្រង់​ជា​តង្វាយ​លោះ​បាប​យើង។ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ព្រះ​វរបិតា​ដែល​មាន​ព្រះទ័យ​មេត្ដាករុណា​ដើម្បី​អង្វរ​ទ្រង់​ជំនួស​យើង។ យើង​ម្នាក់ៗត្រូវ​ការ​ជំនួយ​នេះ។ តើ​យើង​អាច​បង្ហាញ​ថា​យើង​ព្រម​ទទួល​ជំនួយ​នេះ​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​ប្រែ​ចិត្ត​ពី​ការ​ធ្វើ​អំពើ​បាប​របស់​យើង ហើយ​ទូល​សូម​ការ​អត់​ទោស​ដោយ​ផ្អែក​លើ​យញ្ញបូជា​របស់​ព្រះ​យេស៊ូ។ យើង​ក៏​មិន​ត្រូវ​ធ្វើ​បាប​នោះ​ទៀត​ទេ។

១០ ព្រះ​យេស៊ូ​មិន​ត្រឹម​តែ​បាន​សោយទិវង្គត​ដើម្បី​យើង​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ក៏​បាន​ធ្វើ​ជា​គំរូ​គ្រប់​ល័ក្ខណ៍​សំរាប់​យើង។ (ពេត្រុសទី១ ២:២១) គំរូ​របស់​ទ្រង់​ដឹក​នាំ​ផ្លូវ​យើង ហើយ​ក៏​ជួយ​យើង​យល់​ថា​ត្រូវ​ដើរ​តាម​មាគ៌ា​ណា​ទើប​អាច​ចៀស​មិន​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរ ហើយ​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ទៀត​ផង។ យើង​ពិត​ជា​សប្បាយ​ណាស់​ដែល​មាន​ជំនួយ​បែប​នេះ មែន​ទេ? ព្រះ​យេស៊ូ​បាន​សន្យា​នឹង​អ្នក​កាន់​តាម​ទ្រង់​ថា ជំនួយ​មួយ​ទៀត​នឹង​ត្រូវ​ប្រទាន​ឲ្យ​ពួក​គេ។

ជំនួយ​ពី​វិញ្ញាណ​បរិសុទ្ធ

១១, ១២​. តើ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​ជា​អ្វី? តើ​វិញ្ញាណ​បរិសុទ្ធ​ខ្លាំង​ប៉ុន​ណា? សព្វ​ថ្ងៃ​នេះ​ហេតុ​អ្វី​យើង​ត្រូវ​ការ​វិញ្ញាណ​នោះ?

១១ ព្រះ​យេស៊ូ​បាន​សន្យា​ថា៖ ‹ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះ​វរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ជំនួយ​១​ទៀត​មក​អ្នក​រាល់​គ្នា​ឲ្យ​បាន​នៅ​ជា​មួយ​នៅ​អស់កល្ប​រៀង​ទៅ គឺ​ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត​ដែល​លោកីយ​ទទួល​ពុំ​បាន›។ (យ៉ូហាន ១៤:១៦, ១៧) «វិញ្ញាណ​នៃ​សេចក្ដី​ពិត»ឬ​វិញ្ញាណ​បរិសុទ្ធ​មិន​មែន​ជា​បុគ្គល​ទេ ប៉ុន្តែ​ជា​ថាមពល​ម្យ៉ាង ដែល​ជា​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់។ កម្លាំង​នៃ​សកម្ម​ពល​នោះ​គ្មាន​កំរិត​ឡើយ។ នោះ​ជា​ថាមពល​ដែល​ព្រះ​យេហូវ៉ា​ធ្លាប់​ប្រើ​ដើម្បី​បង្កើត​សកលលោក ធ្វើ​អព្ភូតហេតុ​ដ៏​សែន​អស្ចារ្យ ហើយ​បើក​សម្ដែង​នូវ​ព្រះ​ហឫទ័យ​របស់​ទ្រង់​តាម​រយៈ​ចក្ខុនិមិត្ត។ ដោយសារ​ព្រះ​យេហូវ៉ា​មិន​ប្រើ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​តាម​វិធី​ទាំង​នោះ​សព្វ​ថ្ងៃ​នេះ តើ​នោះ​មាន​ន័យ​ថា​យើង​មិន​ត្រូវ​ការ​វិញ្ញាណ​បរិសុទ្ធ​ឬ?

១២ ផ្ទុយ​ទៅ​វិញ​ក្នុង«គ្រា​លំបាក»នេះ យើង​ត្រូវ​ការ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​ជាង​មុនៗទៅ​ទៀត! (ធីម៉ូថេទី២ ៣:១) វិញ្ញាណនោះ​ពង្រឹង​កម្លាំង​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​ការ​ល្បងល​ហើយ​ការ​លំបាក។ ថែម​ទាំង​ជួយ​ឲ្យ​បណ្ដុះ​គុណសម្បត្ដិ​ថ្លៃ​ថ្លា​ដែល​ធ្វើ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​និង​បងប្អូន​ខាង​វិញ្ញាណ​របស់​យើង​ជាង​មុន។ (កាឡាទី ៥:២២, ២៣) ដូច្នេះ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ទទួល​ជំនួយ​ដ៏​អស្ចារ្យ​នេះ​ពី​ព្រះ​យេហូវ៉ា?

១៣, ១៤​. (ក) ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ប្រទាន​វិញ្ញាណ​បរិសុទ្ធ​ដល់​រាស្ត្រ​ទ្រង់? (ខ) តើ​ការ​ប្រព្រឹត្ត​បែប​ណា​បង្ហាញ​ថា ការ​ពិត​យើង​មិន​ព្រម​ទទួល​វិញ្ញាណ​បរិសុទ្ធ​នោះ?

១៣ ទី​មួយ យើង​ត្រូវ​អធិស្ឋាន​ទូល​សូម​វិញ្ញាណ​បរិសុទ្ធ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះ​វរបិតា​ដែល​គង់​ស្ថានសួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​អស់​អ្នក​ដែល​សូម​ជាជាង​អម្បាលម៉ាន​ទៅ​ទៀត!»។ (លូកា ១១:១៣) ប្រាកដ​ហើយ ព្រះ​យេហូវ៉ា​ជា​ព្រះ​វរបិតា​ល្អ​បំផុត។ បើ​យើង​មាន​ជំនឿ​ហើយ​សូម​វិញ្ញាណ​បរិសុទ្ធ​ពី​ទ្រង់​នោះ ទ្រង់​នឹង​ប្រទាន​វិញ្ញាណ​បរិសុទ្ធ​ជា​អំណោយ​ជាក់​ជា​ពុំ​ខាន។ បើ​ដូច្នេះ យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​យើង​សូម​វិញ្ញាណ​បរិសុទ្ធ​ទេ? យើង​មាន​ហេតុ​ត្រឹម​ត្រូវ​ឲ្យ​សូម​វិញ្ញាណ​បរិសុទ្ធ​ជា​រៀង​រាល់​ថ្ងៃ​ពេល​ដែល​អធិស្ឋាន។

១៤ ទីពីរ យើង​បង្ហាញ​ថា​យើង​ព្រម​ទទួល​អំណោយ​នោះ ដោយ​ប្រព្រឹត្ត​ឲ្យ​សម​ស្រប​តាម​សំណូម​ពរ​របស់​យើង។ ជា​ឧទាហរណ៍: គ្រីស្ទាន​ម្នាក់​ខំ​ពុះពារ​យក​ឈ្នះ​ចំណង់​មើល​រូប​អាសអាភាស។ គាត់​បាន​អធិស្ឋាន​ទូល​សូម​វិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​ទប់​ចិត្ត​មិន​ឲ្យ​បែរ​ទៅ​មាន​ទម្លាប់​គួរ​ឲ្យ​ស្អប់​ខ្ពើម​នោះ​ម្ដង​ទៀត។ គាត់​បាន​សូម​ឱវាទ​អ្នក​ចាស់​ទុំ ហើយ​ពួក​គេ​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ចាត់​វិធានការ​ម៉ឺងម៉ាត់ ដោយ​មិន​ទៅ​ជិត​កន្លែង​ណា​ដែល​មាន​រូប​ថោកទាប​បែប​នោះ។ (ម៉ាថាយ ៥:២៩) ចុះ​បើ​គាត់​មិន​ស្ដាប់​តាម​ឱវាទ ហើយ​បណ្ដោយ​ឲ្យ​ខ្លួន​មើល​រូប​អាសអាភាស​ទៀត? តើ​គាត់​កំពុង​តែ​ប្រព្រឹត្ត​សម​ស្រប​តាម​ការ​អធិស្ឋាន​ឲ្យ​វិញ្ញាណ​បរិសុទ្ធ​ជួយ​គាត់​ឬ? ឬ​ក៏​តើ​គាត់​កំពុង​តែ​ផ្សង​គ្រោះថ្នាក់​វិញ គឺ​ការ​ធ្វើ​ឲ្យ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ព្រួយ​ដែល​នាំ​ឲ្យ​បាត់បង់​អំណោយ​នេះ​តែ​ម្ដង​នោះ? (អេភេសូរ ៤:៣០) តាម​ការ​ពិត យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ខំ​អស់​ពី​សមត្ថភាព ដើម្បី​កុំ​ឲ្យ​បាត់បង់​នូវ​ជំនួយ​ដ៏​ប្រសើរ​ក្រៃលែង​នេះ​ពី​ព្រះ​យេហូវ៉ា។

ជំនួយ​ពី​ព្រះ​បន្ទូល​របស់​ព្រះ

១៥​. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​មិន​មើល​ស្រាល​ព្រះ​គម្ពីរ?

១៥ រាប់​រយ​ឆ្នាំ​មក​ហើយ ព្រះ​គម្ពីរ​បាន​ជួយ​អ្នក​បំរើ​ស្មោះ​ភក្ដី​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ជាជាង​មើល​ស្រាល​ព្រះ​គម្ពីរ​បរិសុទ្ធ​ដោយ​ចាត់​ទុក​ជា​សៀវភៅ​ធម្មតា​នោះ យើង​ត្រូវ​តែ​ចាំ​ថា​ព្រះ​គម្ពីរ​ជា​ជំនួយ​ដ៏​ពូកែ។ យើង​ត្រូវ​តែ​ព្យាយាម ទើប​អាច​បាន​ជំនួយ​នោះ។ យើង​ត្រូវ​តែ​យក​ការ​អាន​ព្រះ​គម្ពីរ​ជា​ទម្លាប់​ក្នុង​មួយ​ជីវិត​របស់​យើង។

១៦, ១៧​. (ក) តើ​ទំនុកដំកើង ១:២, ៣ ពណ៌នា​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​អាន​ក្រិត្យ​វិន័យ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ទំនុកដំកើង ១:៣ បញ្ជាក់​ថា​យើង​ត្រូវ​ខំ​ប្រឹង​ព្យាយាម​យ៉ាង​ដូច​ម្ដេច?

១៦ ទំនុកដំកើង ១:២, ៣ រៀប​រាប់​អំពី​អ្នក​ថ្វាយ​បង្គំ​ព្រះ​ថា៖ «អ្នក​នោះ​ត្រេកអរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ អ្នក​នោះ​នឹង​ដូច​ជា​ដើម​ឈើ​ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក[ឬ«បាន​ត្រូវ​ដាំ​នៅ​ក្បែរ​ផ្លូវ​ទឹក​ជា​ច្រើន», ព.ថ.] ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​ក៏​មិន​ចេះ​ស្រពោន​ឡើយ ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់»។ តើ​អ្នក​យល់​នូវ​គោល​ចំណុច​ក្នុង​ខ​នោះ​ទេ? បើ​មិន​ប្រយ័ត្ន យើង​អាន​ខ​នោះ​នឹក​ស្មាន​ថា គ្រាន់​តែ​ចង់​ពណ៌នា​ពី​ទី​ដែល​ក្សេមក្សាន្ត​មាន​ទេសភាព​ស្អាត មាន​ដើម​ឈើ​ដុះ​ក្បែរ​មាត់​ទន្លេ ចោល​ម្លប់​ត្រជាក់​គួរ​ជា​ទី​ពេញ​ចិត្ត។ បើ​អាច​ដេក​សំរាក​នៅ​កន្លែង​នោះ​ពេល​ថ្ងៃ​ក្ដៅ ពិត​ជា​សប្បាយ​មែន! ប៉ុន្តែ ទំនុក​នេះ​មិន​ចង់​ឲ្យ​យើង​គិត​អំពី​ការ​សំរាក​នោះ​ទេ។ ទំនុក​នោះ​ចង់​បញ្ជាក់​ចំណុច​មួយ​ផ្សេង​ទៀត​ដែល​សំដៅ​លើ​ការ​ខំ​ប្រឹង​ព្យាយាម។ តើ​បញ្ជាក់​យ៉ាង​ដូច​ម្ដេច?

១៧ សូម​កត់​សម្គាល់​ថា ដើម​ឈើ​នេះ​មិន​ត្រឹម​តែ​ដើម​ល្អ​សំរាប់​ម្លប់​ដែល​ចៃដន្យ​ដុះ​ក្បែរ​ទន្លេ​នោះ​ទេ។ ដើម​នេះ​ជា​ដើម​មាន​ផ្លែ ហើយ«បាន​ត្រូវ​ដាំ»នៅ​កន្លែង​ដែល​អ្នក​ដាំ​បាន​ជ្រើសរើស គឺ«ក្បែរ​ផ្លូវ​ទឹក​ជា​ច្រើន»។ តើ​ដើម​ឈើ​មួយ​អាច​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក​ជា​ច្រើន​យ៉ាង​ដូច​ម្ដេច​បាន? នៅ​ចំការ ម្ចាស់​ប្រហែល​ជា​ជីក​ប្រឡាយ​ជា​ច្រើន ដើម្បី​ឲ្យ​ឫស​របស់​ដើម​ល្អៗអាច​ចាក់​ទៅ​ដល់​ទឹក។ ឥឡូវ​យើង​អាច​យល់​ចំណុច​នេះ​ហើយ! បើ​យើង​ចំរើន​លូត​លាស់​ឡើង​ដូច​ដើម​ឈើ​នោះ គឺ​ដោយសារ​តែ​មាន​គេ​ធ្វើ​ការ​ជា​ច្រើន​ប្រយោជន៍​យើង។ យើង​ជា​សមាជិក​អង្គការ​មួយ​ដែល​គេ​ផ្ដល់​សេចក្ដី​ពិត​ឲ្យ​ដល់​ដៃ​យើង ប្រៀប​ដូច​ជា​ផ្គត់ផ្គង់​ទឹក​សុទ្ធ​ទៅ​ឲ្យ​ដើម​ឈើ​ទាំង​នោះ​តែ​ម្ដង។ តែ​មាន​អ្វី​ដែល​យើង​ក៏​ត្រូវ​ធ្វើ​ដែរ។ យើង​ត្រូវ​តែ​រំពឹង​គិត​និង​ស្រាវជ្រាវ​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ជ្រួត​ជ្រាប​ទៅ​ដល់​ចិត្ត​និង​គំនិត ដូច​ជា​យក​ដើម​ឈើ​ទៅ​ដាំ​នៅ​កន្លែង​ដែល​អាច​ស្រូប​យក​ទឹក​បាន។ យ៉ាង​នេះ យើង​ក៏​អាច​បង្កើត​ផល។

១៨​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រក​ចម្លើយ​ព្រះ​គម្ពីរ​ចំពោះ​សំនួរ​របស់​យើង?

១៨ ព្រះ​គម្ពីរ​ជួយ​យើង​មិន​បាន បើ​ទុក​ចោល​ក្នុង​ទូ​មិន​យក​មក​អាន​ទេ។ ព្រះ​គម្ពីរ​ក៏​មិន​មែន​ជា​វត្ថុស័ក្ដិសិទ្ធិ ដែល​យើង​អាច​បិទ​ភ្នែក​បើក​ដោយ​នឹក​ស្មាន​ថា​ចម្លើយ​នៃ​សំនួរ​យើង​នឹង​ផុស​ឡើង​នៅ​លើ​ទំព័រ​តែ​ម្ដង។ នៅ​ពេល​ដែល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ យើង​ត្រូវ​តែ​រិះ​រក«សេចក្ដី​ស្គាល់​ដល់​ព្រះ»ឬ​ចំណេះ​ពី​ព្រះ ដូច​ខំ​ស្វែង​រក​កំណប់​ទ្រព្យ។ (សុភាសិត ២:១​-​៥) ធម្មតា ត្រូវ​ព្យាយាម​ស្រាវជ្រាវ​ដោយ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​រក​ឱវាទ​ព្រះ​គម្ពីរ​ដែល​ទាក់ទង​នឹង​សេចក្ដី​ត្រូវ​ការ​របស់​យើង។ យើង​មាន​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​ជា​ច្រើន​ដែល​ជួយ​យើង​រក​ឱវាទ​នោះ។ ពេល​ដែល​យើង​ប្រើ​ប្រកាសនវត្ថុ​នេះ​ដើម្បី​រិះ​រក​ប្រាជ្ញា​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ ដូច​ជា​ប្រើ​ឧបករណ៍​ជីក​រក​ត្បូង​ពេជ្រ​នោះ នេះ​បង្ហាញ​ថា​យើង​កំពុង​តែ​ទទួល​ប្រយោជន៍​ពី​ជំនួយ​ព្រះ​យេហូវ៉ា​យ៉ាង​ពិត​ប្រាកដ។

ជំនួយ​តាម​រយៈ​អ្នក​ជឿ​គ្នីគ្នា

១៩​. (ក) ហេតុ​អ្វី​អាច​ចាត់​ទុក​អត្ថបទ​ទស្សនាវដ្ដី​ប៉មយាម​និង​ភ្ញាក់រឭក!ជា​ជំនួយ​ពី​អ្នក​ជឿ​គ្នីគ្នា? (ខ) តើ​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​របស់​យើង​ធ្លាប់​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

១៩ អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​តែង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ តើ​ព្រះ​យេហូវ៉ា​បាន​ប្រែប្រួល​ទេ? ទ្រង់​មិន​បាន​ប្រែប្រួល​សោះ​ឡើយ។ យើង​ម្នាក់ៗច្បាស់​ជា​នៅ​ចាំ​ពី​ពេល​មួយ​យើង​បាន​ទទួល​ជំនួយ​ពី​អ្នក​ជឿ​គ្នីគ្នា​ដែល​ចំ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​យើង ហើយ​ក៏​ចំ​ពេល​ដែល​យើង​មាន​សេចក្ដី​ត្រូវ​ការ​ផង។ ជា​ឧទាហរណ៍ តើ​អ្នក​នៅ​ចាំ​បាន​ពី​អត្ថបទ​ប៉មយាម​ឬ​ភ្ញាក់រឭក!ដែល​បាន​សម្រាល​ទុក្ខ​អ្នក​នៅ​ចំ​ពេល​ដែល​ត្រូវ​ការ ឬ​ក៏​បាន​ជួយ​អ្នក​ដោះស្រាយ​បញ្ហា​មួយ ឬ​មួយ​ក៏​បាន​ជួយ​អ្នក​ស៊ូ​ទ្រាំ​នឹង​អ្វី​ដែល​ល្បងល​ជំនឿ​របស់​អ្នក​នោះ? ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ជំនួយ​នោះ​ដល់​អ្នក តាម​រយៈ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› ដែល​មាន​ភារកិច្ច‹ឲ្យ​អាហារ​បរិភោគ​តាម​ត្រូវ​ពេល›។—ម៉ាថាយ ២៤:៤៥​-​៤៧

២០​. តើ​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ជា«អំណោយ​ទាន​ដល់​មនុស្ស»យ៉ាង​ដូច​ម្ដេច​ខ្លះ?

២០ ក៏​ប៉ុន្តែ តាម​ធម្មតា ជំនួយ​ដែល​យើង​ទទួល​ពី​អ្នក​ជឿ​គ្នីគ្នា​គឺ​ដោយ​ជួប​នឹង​ពួក​គេ​ផ្ទាល់។ អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​ថ្លែង​សុន្ទរកថា​ដែល​លើក​ទឹក​ចិត្ត​យើង ឬ​ក៏​មក​សួរ​សុខ​ទុក្ខ​ជួយ​យើង​តស៊ូ​ក្នុង​គ្រា​មាន​ការ​ពិបាក ឬ​មួយ​ក៏​ជូន​ឱវាទ​ដោយ​សេចក្ដី​សប្បុរស ជួយ​ឲ្យ​មើល​ឃើញ​និង​ឈ្នះ​ចំណុច​ទន់ខ្សោយ​ណា​មួយ​របស់​យើង។ គ្រីស្ទាន​កតញ្ញូ​ម្នាក់​សរសេរ​អំពី​ជំនួយ​ដែល​បាន​ទទួល​ពី​អ្នក​ចាស់​ទុំ​ម្នាក់​ថា៖ «ពេល​ដែល​ផ្សព្វផ្សាយ គាត់​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​និយាយ​ពី​អ្វី​ក្នុង​ចិត្ត។ យប់​មុន​នោះ ខ្ញុំ​បាន​អធិស្ឋាន​សូម​ព្រះ​យេហូវ៉ា​ជួយ​ឲ្យ​ខ្ញុំ​រក​អ្នក​ណា​ដែល​ខ្ញុំ​អាច​និយាយ​ជា​មួយ​បាន។ ថ្ងៃ​ស្អែក​ឡើង បង​ប្រុស​នេះ​បាន​ប្រើ​សំដី​សប្បុរស​រក​ខ្ញុំ។ គាត់​ជួយ​ខ្ញុំ​យល់​ថា ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​ចាត់​អ្នក​ចាស់​ទុំ​ម្នាក់​នេះ​មក​ជួយ​ខ្ញុំ»។ តាម​វិធី​ទាំង​នេះ អ្នក​ចាស់​ទុំ​បង្ហាញ​ថា ពួក​គាត់​ពិត​ជា«អំណោយ​ទាន​ដល់​មនុស្ស» ដែល​បាន​ត្រូវ​ប្រទាន​ដោយ​ព្រះ​យេហូវ៉ា​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ ដើម្បី​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ពេល​ដែល​ដើរ​តាម​ផ្លូវ​នាំ​ទៅ​ឯ​ជីវិត។—អេភេសូរ ៤:៨

២១, ២២​. (ក) តើ​មាន​លទ្ធផល​យ៉ាង​ណា​ពេល​ដែល​គ្រប់​គ្នា​ក្នុង​ក្រុមជំនុំ​អនុវត្ត​តាម​ឱវាទ​នៅ​ភីលីព ២:៤? (ខ) ហេតុ​អ្វី​បាន​ជា​សេចក្ដី​សប្បុរស​គឺ​សំខាន់​សូម្បី​តែ​ក្នុង​រឿង​តូចតាច​ក៏​ដោយ?

២១ ក្រៅ​ពី​អ្នក​ចាស់​ទុំ គ្រីស្ទាន​ស្មោះ​ត្រង់​ម្នាក់ៗគួរ​អនុវត្ត​តាម​បង្គាប់​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​ថា «កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង»។ (ភីលីព ២:៤) នៅ​ពេល​ដែល​គ្រប់​គ្នា​ក្នុង​ក្រុមជំនុំ​អនុវត្ត​តាម​ឱវាទ​នេះ នោះ​ជា​ការ​បង្ហាញ​សេចក្ដី​សប្បុរស​យ៉ាង​អស្ចារ្យ​គួរ​ឲ្យ​កោត​ស្ងើច។ ជា​ឧទាហរណ៍ ក្រុម​គ្រួសារ​មួយ​បាន​ជួប​នឹង​រឿង​ខ្លោចផ្សា​ពីរ​ក្នុង​មួយ​រំពេច។ ឪពុក​បាន​នាំ​កូន​ស្រី​ទៅ​ផ្សារ​ជា​មួយ។ ពេល​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ ពួក​គេ​មាន​គ្រោះថ្នាក់​ចរាចរណ៍។ កូន​ស្រី​បាន​ស្លាប់ ហើយ​ឪពុក​របួស​ជា​ទម្ងន់។ ពេល​ដែល​ឪពុក​ចេញ​ពី​មន្ទីរពេទ្យ គាត់​ពិការ ធ្វើ​អ្វី​សំរាប់​ខ្លួន​ឯង​ពុំ​បាន​ឡើយ​នៅ​ដើម​ដំបូង។ ប្រពន្ធ​របស់​គាត់​ខ្លោច​ចិត្ត ពុំ​អាច​ថែរក្សា​ប្ដី​តែ​ម្នាក់​ឯង​បាន​ឡើយ។ ដូច្នេះ ស្វាមី​ភរិយា​មួយ​គូ​ក្នុង​ក្រុមជំនុំ​បាន​នាំ​ពួក​គាត់​ទាំង​ពីរ​នាក់​ឲ្យ​មក​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ជួយ​ថែរក្សា​អស់​ប៉ុន្មាន​សប្ដាហ៍។

២២ នេះ​មិន​មែន​ចង់​និយាយ​ថា ការ​បង្ហាញ​សេចក្ដី​សប្បុរស​តែង​តែ​ជាប់​ទាក់ទង​នឹង​រឿង​ខ្លោចផ្សា​នោះ​ឡើយ។ ជំនួយ​ខ្លះ​ដែល​យើង​ទទួល​គឺ​ក្នុង​រឿង​តូចតាច​ផង​ដែរ។ ប៉ុន្តែ មិន​ថា​ជា​រឿង​តូចតាច​ក៏​ដោយ យើង​នៅ​មាន​អំណរគុណ មែន​ទេ? តើ​អ្នក​នៅ​ចាំ​បាន​ទេ​ពី​ពេល​ណា​មួយ​ដែល​សំដី​ឬ​ការ​ប្រព្រឹត្ត​ដ៏​សប្បុរស​របស់​បង​ប្រុស​ឬ​បង​ស្រី​ម្នាក់​បាន​ផ្ដល់​ជំនួយ​ដែល​អ្នក​ត្រូវ​ការ​នោះ? ជា​ច្រើន​ដង​ព្រះ​យេហូវ៉ា​ជួយ​យើង​តាម​វិធី​នេះ។—សុភាសិត ១៧:១៧; ១៨:២៤

២៣​. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ពេល​ដែល​យើង​ខំ​ជួយ​អ្នក​ឯ​ទៀត?

២៣ តើ​អ្នក​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ប្រើ​អ្នក​ដើម្បី​ជួយ​បងប្អូន​ឯ​ទៀត​ទេ? អ្នក​អាច​មាន​ឯកសិទ្ធិ​នោះ​ពិត​មែន។ ការ​ពិត ព្រះ​យេហូវ៉ា​អបអរ​ពេល​ដែល​អ្នក​ខំ​ធ្វើ​ដូច្នេះ។ បន្ទូល​ទ្រង់​ចែង​ថា៖ «អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត​ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ​យេហូវ៉ា​ខ្ចី ទ្រង់​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ»។ (សុភាសិត ១៩:១៧) យើង​មាន​អំណរ​ក្រៃលែង​ពេល​ដែល​យើង​ជួយ​បងប្អូន​ប្រុស​ស្រី​របស់​យើង។ (កិច្ចការ ២០:៣៥) អ្នក​ដែល​ចង់​ញែក​ខ្លួន​ចេញ​ពី​អ្នក​ដទៃ​មិន​អាច​បាន​អំណរ​ពី​ការ​ជួយ​អ្នក​ឯ​ទៀត​ទេ ហើយ​ក៏​មិន​អាច​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ដែល​មក​ពី​អ្នក​ឯ​ទៀត​ជួយ​គាត់​ដែរ។ (សុភាសិត ១៨:១) ហេតុ​នេះ ចូរ​យើង​ទៅ​កិច្ច​ប្រជុំ​ជា​ទៀងទាត់ ដើម្បី​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។—ហេព្រើរ ១០:២៤, ២៥

២៤​. ហេតុ​អ្វី​យើង​មិន​គួរ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​បាន​បង្អត់​ឯកសិទ្ធិ​យើង ដោយសារ​យើង​មិន​បាន​ឃើញ​អព្ភូតហេតុ​អស្ចារ្យ​របស់​ទ្រង់​នៅ​សម័យ​បុរាណ​នោះ?

២៤ ការ​ពិចារណា​វិធី​ផ្សេងៗដែល​ព្រះ​យេហូវ៉ា​ជួយ​យើង​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ណាស់ មែន​ទេ? ទោះ​ជា​យើង​មិន​រស់​នៅ​សម័យ​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​ធ្វើ​អព្ភូតហេតុ​អស្ចារ្យ​ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់​ក៏​ដោយ ក៏​យើង​មិន​មាន​អារម្មណ៍​ថា​ទ្រង់​បង្អត់​ឯកសិទ្ធិ​យើង​នោះ​ទេ។ អ្វី​ដែល​សំខាន់​បំផុត គឺ​ព្រះ​យេហូវ៉ា​ប្រទាន​ជំនួយ​ដែល​យើង​ត្រូវ​ការ​ដើម្បី​អាច​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ទ្រង់​ជានិច្ច។ ហើយ​បើ​យើង​ស៊ូ​ទ្រាំ​ជា​មួយ​គ្នា​ដោយ​មាន​ជំនឿ​នោះ យើង​នឹង​មាន​ជីវិត​អាច​ឃើញ​នូវ​ការ​ប្រព្រឹត្ត​អស្ចារ្យ​បំផុត​របស់​ព្រះ​យេហូវ៉ា! ចូរ​យើង​ប្ដេជ្ញា​ចិត្ត​ព្រម​ទទួល​ហើយ​បាន​ប្រយោជន៍​ពី​ជំនួយ​របស់​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​ប្រទាន​ដោយ​សេចក្ដី​ស្រឡាញ់​នោះ ដើម្បី​យើង​អាច​និយាយ​ដូច​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០០៥​គឺ «សេចក្ដី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ​យេហូវ៉ា»។—ទំនុកដំកើង ១២១:២

តើ​អ្នក​គិត​យ៉ាង​ណា?

សព្វ​ថ្ងៃ​នេះ តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​ដែល​យើង​ត្រូវ​ការ​យ៉ាង​ដូច​ម្ដេច

• តាម​រយៈ​ទេវតា?

• តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់?

• តាម​រយៈ​ព្រះ​បន្ទូល​ដែល​ទ្រង់​បណ្ដាល​ឲ្យ​សរសេរ?

• តាម​រយៈ​អ្នក​ជឿ​គ្នីគ្នា?

[រូបភាព​នៅ​ទំព័រ​២៣]

យើង​សប្បាយ​ចិត្ត​ដោយ​ដឹង​ថា ទេវតា​កំពុង​តែ​គាំទ្រ​យើង​ក្នុង​កិច្ច​ផ្សព្វផ្សាយ

[រូបភាព​នៅ​ទំព័រ​២៦]

ព្រះ​យេហូវ៉ា​ប្រហែល​ជា​ប្រើ​អ្នក​ជឿ​គ្នីគ្នា​ដើម្បី​សម្រាល​ទុក្ខ​យើង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក