ចំណងអាពាហ៍ពិពាហ៍អាចស្ថិតស្ថេរបាន ក្នុងគ្រាលំបាកនេះ
«ចូរបន្ថែមទាំងសេចក្ដីស្រឡាញ់ថែមទៀត ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍»។—កូល៉ុស ៣:១៤
១, ២. (ក) ស្តីអំពីក្រុមជំនុំគ្រីស្ទាន តើចំណុចអ្វីគួរលើកទឹកចិត្តយើង? (ខ) តើត្រូវការអ្វីដើម្បីឲ្យមានចំណងអាពាហ៍ពិពាហ៍ស្ថិតស្ថេរ?
ពេលដែលយើងមើលបងប្អូនទាំងឡាយក្នុងក្រុមជំនុំ ហើយឃើញគូស្វាមីភរិយាជាច្រើនដែលបានរក្សាភាពស្មោះត្រង់ចំពោះគូអាពាហ៍ពិពាហ៍អស់១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ ឬច្រើនឆ្នាំជាងទៅទៀត នេះជាអ្វីដ៏គួរឲ្យកក់ក្ដៅក្នុងចិត្តណាស់ មែនទេ? ពួកគាត់នៅរួមសុខរួមទុក្ខជាមួយគ្នាទោះជាមានការពិបាកយ៉ាងណាក៏ដោយ។—លោកុប្បត្តិ ២:២៤
២ គូស្វាមីភរិយាភាគច្រើនសារភាពថា ការរស់នៅជាមួយគ្នាមិនតែងតែស្រួលទេ។ អ្នកសង្កេតការណ៍ម្នាក់បានសរសេរថា៖ «ការមានអាពាហ៍ពិពាហ៍ប្រកបទៅដោយសុភមង្គលនោះ មិនមានន័យថាគូស្វាមីភរិយាគ្មានបញ្ហាទេ។ ពួកគាត់តែងតែមានពេលសប្បាយ ហើយក៏មានពេលកើតទុក្ខផងដែរ . . . ប៉ុន្តែយ៉ាងណាក៏ដោយ . . . ពួកគាត់នៅតែរួមសុខរួមទុក្ខជាមួយគ្នារហូតទោះជាមាន[ការច្របូកច្របល់]ក្នុងជីវិតនៅសម័យនេះក្ដី»។ គូស្វាមីភរិយាដែលមានចំណងអាពាហ៍ពិពាហ៍ស្ថិតស្ថេរនោះ បានរៀនឲ្យចេះប្រឈមមុខដោះស្រាយវិបត្ដិនិងទុក្ខលំបាកដែលគាត់ចៀសមិនបាន ដែលមកពីការបង្ខិតបង្ខំផ្សេងៗក្នុងជីវិត ជាពិសេសពេលត្រូវចិញ្ចឹមអប់រំកូន។ គូស្វាមីភរិយាទាំងនេះបានរៀនដោយការពិសោធន៍របស់ខ្លួនឯងថា សេចក្ដីស្រឡាញ់ពិត«មិនដែលផុតឡើយ»។—កូរិនថូសទី១ ១៣:៨
៣. តើស្ថិតិបង្ហាញយ៉ាងណាអំពីការរៀបអាពាហ៍ពិពាហ៍និងការលែងលះគ្នា? ហើយតើនេះជំរុញឲ្យសួរសំនួរអ្វីខ្លះ?
៣ ផ្ទុយទៅវិញ ចំណងអាពាហ៍ពិពាហ៍របស់មនុស្សរាប់លាននាក់មិនបានស្ថិតស្ថេរទេ តែបានបែកបាក់គ្នាវិញ។ សេចក្ដីរាយការណ៍មួយចែងថា៖ «យើងប៉ាន់ស្មានថា ហាសិបភាគរយនៃមនុស្សដែលរៀបអាពាហ៍ពិពាហ៍នៅសហរដ្ឋអាមេរិកនឹងលែងលះគ្នា។ ហើយហាសិបភាគរយនៃមនុស្សដែល[លែងលះគ្នា]នោះ នឹងបែកគ្នាមុនបានរៀបការគ្រប់៧,៨ឆ្នាំ។ . . . ក្នុងចំណោមមនុស្ស៧៥ភាគរយដែលរៀបការម្ដងទៀត នោះ៦០ភាគរយនឹងលែងលះគ្នាម្ដងទៀត»។ សូម្បីតែប្រទេសដែលពីមុនមិនសូវមានការលែងលះគ្នាប៉ុន្មានទេ ឥឡូវបានប្រែប្រួលហើយ។ ជាឧទាហរណ៍ អត្រានៃការលែងលះគ្នានៅប្រទេសជប៉ុនបានកើនមួយជាពីរនៅពេលថ្មីៗនេះ។ តើមនុស្សមានចិត្តគំនិតបែបណា ដែលនាំឲ្យមានស្ថានភាពបែបនេះ សូម្បីតែជួនកាលមានក្នុងក្រុមជំនុំគ្រីស្ទាន? តើគូស្វាមីភរិយាត្រូវធ្វើអ្វីដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍ស្ថិតស្ថេរ ទោះជាសាតាំងពុះពារពង្រេចពង្រឹលចំណងនោះក្ដី?
អាកប្បកិរិយាអាក្រក់ដែលយើងត្រូវជៀសវាង
៤. តើមានកត្ដាណាខ្លះដែលអាចបង្កគ្រោះថ្នាក់ដល់ចំណងអាពាហ៍ពិពាហ៍?
៤ ព្រះបន្ទូលរបស់ព្រះជួយឲ្យយើងយល់អំពីកត្ដាផ្សេងៗដែលអាចបង្កគ្រោះថ្នាក់ដល់ចំណងអាពាហ៍ពិពាហ៍។ ជាឧទាហរណ៍ សូមពិចារណាពាក្យរបស់សាវ័កប៉ុលស្តីអំពីស្ថានការណ៍ដែលត្រូវមាននៅជាន់ក្រោយបង្អស់នេះថា៖ «នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្ដីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ គេមានឫកពាជាអ្នកគោរពប្រតិបត្ដិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្ដា ដែលមកដោយការគោរពប្រតិបត្ដិនោះទេ ចូរបែរពីពួកមនុស្សយ៉ាងនោះចេញ»។—ធីម៉ូថេទី២ ៣:១-៥
៥. តើ‹មនុស្សដែលស្រឡាញ់តែខ្លួនឯង›អាចបង្ខូចចំណងអាពាហ៍ពិពាហ៍បានយ៉ាងណា? តើព្រះគម្ពីរមានឱវាទអ្វីស្តីអំពីរឿងនេះ?
៥ ពេលដែលយើងពិចារណាមើលពាក្យរបស់ប៉ុល យើងឃើញចំណុចជាច្រើនដែលគាត់បានរៀបរាប់នោះ គឺអាចពង្រេចពង្រឹលចំណងអាពាហ៍ពិពាហ៍បាន។ ជាឧទាហរណ៍ មនុស្សដែល«ស្រឡាញ់តែខ្លួនឯង» ជាមនុស្សអាត្មានិយមហើយមិនចេះគិតដល់អ្នកដទៃឡើយ។ ស្វាមីភរិយាដែលស្រឡាញ់តែខ្លួនឯងតែងតែចង់បំពេញចិត្តប្រាថ្នារបស់ខ្លួនតែប៉ុណ្ណោះ។ ពួកគេមិនចេះប្រែប្រួលឬបន្ទន់ទៅតាមអ្នកដទៃទេ។ តើអាកប្បកិរិយាបែបនេះអាចជួយឲ្យអាពាហ៍ពិពាហ៍មានសុភមង្គលបានទេ? មិនអាចទាល់តែសោះ! សាវ័កប៉ុលបានជូនយោបល់ដែលប្រកបទៅដោយប្រាជ្ញាចំពោះបងប្អូនគ្រីស្ទានដែលរួមបញ្ចូលគូស្វាមីភរិយាផងដែរដោយថា៖ «កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្ដីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង»។—ភីលីព ២:៣, ៤
៦. តើការស្រឡាញ់ប្រាក់អាចបំបែកចំណងអាពាហ៍ពិពាហ៍បានយ៉ាងណា?
៦ ការស្រឡាញ់ប្រាក់ក៏អាចបំបែកគូស្វាមីភរិយាដែរ ប្រៀបដូចជាប្រើស្នៀតពុះឈើដាច់ជាពីរ។ ប៉ុលបានព្រមានថា៖ «ពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្ដេសផ្ដាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្ដីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្ដីព្រួយលំបាកជាច្រើន»។ (ធីម៉ូថេទី១ ៦:៩, ១០) គួរឲ្យសោកស្ដាយណាស់ ដែលនេះបានកើតឡើងដល់អាពាហ៍ពិពាហ៍របស់មនុស្សជាច្រើននៅសព្វថ្ងៃនេះ។ ពេលដែលស្វាមីឬភរិយាខំស្វែងរកទ្រព្យសម្បត្ដិ នោះគេក៏ព្រងើយកន្តើយចំពោះសេចក្ដីត្រូវការរបស់គូអាពាហ៍ពិពាហ៍ ដែលរួមបញ្ចូលអ្វីដែលសំខាន់ ដូចជាការជ្រោមជ្រែងខាងផ្លូវចិត្តនិងការមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធជាទៀងទាត់។
៧. ក្នុងករណីខ្លះ តើការប្រព្រឹត្តអ្វីបាននាំឲ្យមានភាពមិនស្មោះត្រង់ចំពោះគូអាពាហ៍ពិពាហ៍?
៧ ប៉ុលក៏បានមានប្រសាសន៍ថា មនុស្សខ្លះនៅជាន់ក្រោយបង្អស់នេះនឹង«មានចិត្តមិនបរិសុទ្ធ[ឬ«មិនស្មោះត្រង់», ព.ថ.] មិនស្រឡាញ់តាមធម្មតាមនុស្ស[ឬ«ជាមនុស្សអត់ចិត្ត», ខ.ស.] [ហើយ]គ្មានសេចក្ដីអធ្យោគ[ឬ«គ្មានអធ្យាស្រ័យ», ខ.ស.]»។ ការសន្យារួមរស់ជាមួយគ្នាជាស្វាមីភរិយាជាសម្បថដ៏សំខាន់មួយ ដែលគួរជាទីចាប់ផ្ដើមនៃចំណងអាពាហ៍ពិពាហ៍ដែលស្ថិតស្ថេរ ហើយមិនត្រូវក្លាយជាការផិតក្បត់នោះឡើយ។ (ម៉ាឡាគី ២:១៤-១៦) ក៏ប៉ុន្តែ ស្វាមីភរិយាខ្លះបែរជាចាប់ចិត្តស្រឡាញ់បុរសឬស្ត្រីដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួន។ ស្ត្រីម្នាក់ដែលមានអាយុ៣០ឆ្នាំជាងពន្យល់ថា មុនពេលដែលស្វាមីលែងនាង នោះគាត់ជិតស្និទ្ធហួសហេតុពេកជាមួយនឹងស្ត្រីឯទៀត។ ស្វាមីនោះមិនបានទទួលស្គាល់នូវអ្វីដែលជាអាកប្បកិរិយាមិនត្រឹមត្រូវសំរាប់បុរសដែលមានភរិយា។ ពេលដែលបងស្រីបានឃើញស្វាមីជិតស្និទ្ធហួសហេតុពេកនឹងស្ត្រីឯទៀត នោះនាងព្យាយាមនិយាយដោយស្លូតបូតប្រាប់គាត់ថា នោះជាមាគ៌ានាំឲ្យមានគ្រោះថ្នាក់។ យ៉ាងណាក៏ដោយ ស្វាមីរបស់នាងបានប្រព្រឹត្តអំពើកំផិត។ ទោះបីស្វាមីនោះបានទទួលការព្រមានដោយក្ដីមេត្ដាប៉ុន្មានដងក៏ដោយ នោះគាត់មិនព្រមស្ដាប់ទេ។ ដូច្នេះគាត់បានធ្លាក់ទៅក្នុងអន្ទាក់។—សុភាសិត ៦:២៧-២៩
៨. តើអ្វីអាចនាំឲ្យមនុស្សប្រព្រឹត្តអំពើកំផិត?
៨ ព្រះគម្ពីរព្រមានយ៉ាងច្បាស់ណាស់ឲ្យជៀសវាងពីការផិតក្បត់! «អ្នកណាដែលលួចប្រពន្ធគេ នោះជាអ្នកឥតមានគំនិតឡើយ អ្នកណាដែលប្រព្រឹត្តអំពើយ៉ាងនោះ ឈ្មោះថាចង់បំផ្លាញជីវិតខ្លួនហើយ»។ (សុភាសិត ៦:៣២) តាមធម្មតា អំពើកំផិតមិនកើតឡើងភ្លាមៗដោយឥតគិតមុខគិតក្រោយនោះឡើយ។ ដូចយ៉ាកុបដែលជាអ្នកសរសេរសៀវភៅមួយច្បាប់ក្នុងព្រះគម្ពីរបានបញ្ជាក់នោះ អំពើបាបដូចជាការផិតក្បត់ រមែងកើតចេញពីចិត្តគំនិតចង់ប្រព្រឹត្តអំពើនោះ។ (យ៉ាកុប ១:១៤, ១៥) យូរៗទៅ ស្វាមីឬភរិយាដែលចេះតែមានគំនិតបែបនោះ លែងរក្សាចិត្តស្មោះចំពោះគូអាពាហ៍ពិពាហ៍ដែលគាត់បានស្បថថានឹងស្រឡាញ់យ៉ាងស្មោះជានិច្ច។ ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នករាល់គ្នាបានឮសេចក្ដី ដែលសំដែងពីដើមថា៖ ‹កុំផិតឲ្យសោះ›។ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ»។—ម៉ាថាយ ៥:២៧, ២៨
៩. តើសុភាសិត ៥:១៨-២០ មានដំបូន្មានល្អៗអ្វី?
៩ ហេតុនេះហើយបានជាផ្លូវដែលប្រកបទៅដោយប្រាជ្ញានិងបង្ហាញនូវភាពស្មោះត្រង់ គឺជាមាគ៌ាដែលត្រូវរៀបរាប់ក្នុងសៀវភៅសុភាសិតដែលថា៖ «សូមឲ្យរន្ធទឹកឯងបានពរ ចូរឲ្យឯងបានរីករាយចំពោះប្រពន្ធដែលបានគ្នាពីកាលក្រមុំកំឡោះចុះ! ប្រៀបដូចជាក្ដាន់ញីដែលគួរស្រឡាញ់ នឹងប្រើសញីសមសួន។ ត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាប ហើយត្រូវឲ្យឯងឈ្លក់ចិត្តនឹងសេចក្ដីស្រឡាញ់របស់នាងជានិច្ចផង ដ្បិតកូនអើយ! តើមានទំនងឲ្យឯងទៅឈ្លក់ចិត្តចំពោះស្ត្រីដទៃ ហើយឱបទ្រូងនៃស្ត្រីក្រៅអី?»។—សុភាសិត ៥:១៨-២០
កុំចង់រៀបអាពាហ៍ពិពាហ៍ឆាប់រហ័សឡើយ
១០. ហេតុអ្វីក៏មានប្រយោជន៍ឲ្យឆ្លៀតពេលជាមុន ដើម្បីស្គាល់ឲ្យបានច្បាស់នូវបុរសឬស្ត្រីដែលអាចក្លាយជាគូអាពាហ៍ពិពាហ៍របស់យើង?
១០ បញ្ហាអាចកើតមានឡើងពេលដែលបុរសស្ត្រីចង់រៀបអាពាហ៍ពិពាហ៍ឆាប់រហ័សពេក។ ពួកគេប្រហែលជាក្មេងពេក ឬខ្វះការពិសោធន៍ក្នុងជីវិត។ ឬមួយក៏ប្រហែលជាពួកគេមិនបានចំណាយពេលគ្រប់គ្រាន់ដើម្បីស្គាល់គ្នាឲ្យបានច្បាស់ជាមុន ពោលគឺ ត្រូវដឹងអំពីអ្វីដែលគូខ្លួនស្រឡាញ់ឬមិនស្រឡាញ់ ឬអំពីគោលដៅដែលគាត់មានក្នុងជីវិត និងអំពីប្រវត្ដិក្រុមគ្រួសាររបស់គាត់។ យកល្អឲ្យចេះអត់ធ្មត់ទាំងឆ្លៀតពេលដើម្បីស្គាល់មនុស្សនេះដែលអាចក្លាយជាគូរបស់ខ្លួន។ សូមនឹកចាំអំពីយ៉ាកុបដែលជាកូនរបស់អ៊ីសាក។ យ៉ាកុបត្រូវធ្វើការអស់ប្រាំពីរឆ្នាំ ជាកម្មកររបស់បុរសដែលនឹងក្លាយជាឪពុកក្មេករបស់គាត់ ទើបយ៉ាកុបអាចរៀបអាពាហ៍ពិពាហ៍ជាមួយនឹងរ៉ាជែល។ យ៉ាកុបសុខចិត្តធ្វើដូច្នេះពីព្រោះគាត់មានសេចក្ដីស្រឡាញ់ពិតចំពោះនាង គឺមិនមានចិត្តស្រើបស្រាលនោះទេ។—លោកុប្បត្តិ ២៩:២០-៣០
១១. (ក) តើចំណងអាពាហ៍ពិពាហ៍ជាការផ្សំផ្គុំអ្វីខ្លះ? (ខ) ក្នុងចំណងអាពាហ៍ពិពាហ៍ ហេតុអ្វីក៏ចាំបាច់គួរស្រដីដោយប្រាជ្ញា?
១១ អាពាហ៍ពិពាហ៍មិនមែនគ្រាន់តែជាសេចក្ដីស្នេហាប៉ុណ្ណោះនោះទេ។ ការរៀបអាពាហ៍ពិពាហ៍ជាការផ្សំផ្គុំមនុស្សពីរនាក់ពីគ្រួសារផ្សេងពីគ្នាដែលមានលក្ខណៈ ចិត្តគំនិត និងជួនកាលការអប់រំខុសប្លែកពីគ្នា។ ជួនកាលនេះជាការផ្សំផ្គុំនូវវប្បធម៌ពីរ ឬរហូតដល់ភាសាពីរក៏មាន។ ទោះបើមិនដូច្នេះក៏ដោយ ការរៀបអាពាហ៍ពិពាហ៍ជាការផ្សំផ្គុំមនុស្សពីរនាក់ដែលមានទស្សនៈពីរខុសគ្នាអំពីរឿងផ្សេងៗជាច្រើនណាស់! ទស្សនៈខុសៗគ្នានោះមានអានុភាពខ្លាំងទៅលើចំណងអាពាហ៍ពិពាហ៍។ មនុស្សពីរនាក់អាចប្រាប់គំនិតរបស់ខ្លួនដែលស្ដាប់ទៅដូចជាការរអ៊ូរទាំនិងរិះគន់ ឬក៏អាចប្រាប់តាមរបៀបដែលលើកទឹកចិត្តយ៉ាងកក់ក្ដៅហើយពង្រឹងកម្លាំងវិញ។ ពិតមែនហើយ យើងអាចប្រើសំដីរបស់យើងដើម្បីបញ្ឈឺចិត្តគូយើង ឬក៏ធ្វើឲ្យស្លាកស្នាមផ្លូវចិត្តជាសះស្បើយវិញ។ ការមិនចេះទប់មាត់ពិតជាអាចធ្វើឲ្យចំណងអាពាហ៍ពិពាហ៍ប្រេះឆាមែន។—សុភាសិត ១២:១៨; ១៥:១, ២; ១៦:២៤; ២១:៩; ៣១:២៦
១២, ១៣. តើយើងគួរមានទស្សនៈប្រាកដប្រជាអ្វី ស្តីអំពីចំណងអាពាហ៍ពិពាហ៍?
១២ ហេតុនេះហើយជាការប្រកបទៅដោយប្រាជ្ញាឲ្យឆ្លៀតពេលដើម្បីស្គាល់ឲ្យបានច្បាស់នូវបុរសឬស្ត្រីដែលអាចក្លាយជាគូអាពាហ៍ពិពាហ៍របស់យើង។ បងស្រីគ្រីស្ទានម្នាក់ដែលមានបទពិសោធន៍ច្រើនមានប្រសាសន៍ថា៖ «ពេលដែលអ្នកកំពុងតែមើលបុរសឬស្ត្រីដែលអាចក្លាយជាគូអាពាហ៍ពិពាហ៍របស់ខ្លួន ចូរគិតអំពីតម្រូវការសំខាន់ៗ ប្រហែលដប់ក៏បានដែលអ្នកសង្ឃឹមថាគូនោះអាចបំពេញបាន។ បើគាត់បំពេញតម្រូវការបានតែប្រាំពីរប៉ុណ្ណោះ ចូរសួរខ្លួនឯងថា៖ ‹តើខ្ញុំអាចទទួលយកបានទោះជាគាត់ខ្វះលក្ខណៈបីនោះឬទេ? ចំពោះភាពខ្វះខាតនោះតើខ្ញុំអាចទ្រាំរស់នៅជាមួយគាត់ជារៀងរាល់ថ្ងៃបានទេ?›។ ប្រសិនបើអ្នកមិនទាន់ប្រាកដក្នុងចិត្តទេ ចូរផ្អាកសិន ហើយគិតឲ្យបានវែងឆ្ងាយថែមទៀត»។ ពិតមែន យើងត្រូវគិតឲ្យបានប្រាកដប្រជា ពីព្រោះបើយើងចង់រៀបអាពាហ៍ពិពាហ៍ នោះយើងត្រូវទទួលស្គាល់ថា យើងមិនអាចរកគូបានគ្រប់ល័ក្ខណ៍ឡើយ។ យ៉ាងណាមិញ បុរសឬស្ត្រីដែលយើងរៀបការជាមួយនោះ គាត់ក៏នឹងមិនមានគូគ្រប់ល័ក្ខណ៍ដែរ!—លូកា ៦:៤១
១៣ ការរៀបអាពាហ៍ពិពាហ៍តម្រូវឲ្យយើងលះបង់ប្រយោជន៍ខ្លួនឯង។ ប៉ុលបានបញ្ជាក់ពីចំណុចនេះពេលដែលគាត់សរសេរថា៖ «ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានរួចពីសេចក្ដីកង្វល់។ ឯអ្នកដែលគ្មានប្រពន្ធ នោះតែងរវល់តែនឹងការរបស់ព្រះអម្ចាស់ ដែលនឹងធ្វើដូចម្ដេចឲ្យទ្រង់សព្វព្រះហឫទ័យប៉ុណ្ណោះ។ តែអ្នកណាដែលមានប្រពន្ធ នោះតែងរវល់នឹងការនៅលោកីយនេះវិញ ដែលនឹងធ្វើដូចម្ដេច ឲ្យប្រពន្ធបានពេញចិត្ត។ ស្ត្រីមានប្ដី នឹងស្ត្រីក្រមុំក៏ខុសពីគ្នាយ៉ាងនោះដែរ គឺស្ត្រីដែលគ្មានប្ដី នោះតែងរវល់នឹងការរបស់ព្រះអម្ចាស់ ឲ្យបានបរិសុទ្ធទាំងខ្លួនប្រាណ នឹងព្រលឹងវិញ្ញាណផង។ តែស្ត្រីណាដែលមានប្ដី នោះតែងរវល់នឹងការនៅលោកីយនេះវិញ ដែលនឹងធ្វើដូចម្ដេចឲ្យប្ដីបានពេញចិត្ត»។—កូរិនថូសទី១ ៧:៣២-៣៤
មូលហេតុដែលចំណងអាពាហ៍ពិពាហ៍ខ្លះមិនស្ថិតស្ថេរ
១៤, ១៥. តើមានអ្វីខ្លះដែលអាចពង្រេចពង្រឹលចំណងអាពាហ៍ពិពាហ៍?
១៤ ពេលថ្មីៗនេះ បងស្រីគ្រីស្ទានម្នាក់បានឆ្លងកាត់គ្រាខ្លោចផ្សាជាខ្លាំង ពេលដែលស្វាមីបានលែងលះនាង។ ស្វាមីបានចេញទៅនៅជាមួយស្ត្រីមួយទៀត ទោះជាបានរៀបការជាមួយបងស្រីអស់១២ឆ្នាំហើយ។ តើមានលក្ខណៈសម្គាល់ឬទេឲ្យបងស្រីដឹងទុកជាមុនថាមានបញ្ហា? បងស្រីពន្យល់ថា៖ «ស្វាមីខ្ញុំឈប់អធិស្ឋានទៀត។ គាត់តែងតែរកលេសពេលខានទៅកិច្ចប្រជុំគ្រីស្ទានឬខានចូលរួមកិច្ចការផ្សព្វផ្សាយ។ គាត់ក៏អះអាងថា គាត់មិនមានពេលចំណាយជាមួយខ្ញុំពីព្រោះគាត់រវល់ឬអស់កម្លាំង។ គាត់មិនសូវនិយាយជាមួយខ្ញុំទេ។ គាត់ក៏លែងពិគ្រោះជាមួយខ្ញុំអំពីរឿងខាងវិញ្ញាណ។ គួរឲ្យសោកស្ដាយណាស់ ដែលគាត់មិនមានលក្ខណៈដូចពេលដែលខ្ញុំបានរៀបការជាមួយនឹងគាត់»។
១៥ បងប្អូនឯទៀតក៏រៀបរាប់ថាគេបានឃើញលក្ខណៈសម្គាល់ស្រដៀងគ្នាដែរ ដែលរួមបញ្ចូលការមិនយកចិត្តទុកដាក់ចំពោះការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ការអធិស្ឋានឬការចូលរួមកិច្ចប្រជុំគ្រីស្ទាន។ នេះបានន័យថា បុរសនិងស្ត្រីជាច្រើនដែលបានលះចោលគូខ្លួននោះ បានអនុញ្ញាតឲ្យចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាទៅជាខ្សោយ។ ជាលទ្ធផលនោះ ពួកគេលែងប្រុងស្មារតីលើអ្វីៗខាងវិញ្ញាណ។ ពួកគេលែងទទួលស្គាល់ព្រះយេហូវ៉ាជាព្រះដែលមានព្រះជន្មរស់។ គេក៏ចាត់ទុកពិភពលោកថ្មីដ៏សុចរិតដែលបានត្រូវសន្យានោះ ជាអ្វីដែលមិនអាចកើតមានឡើងបានទេ។ ក្នុងករណីខ្លះ ការចុះខ្សោយខាងវិញ្ញាណនេះបានកើតឡើងមុនគូមិនស្មោះត្រង់នេះបានទៅជាប់ចិត្តស្រឡាញ់មនុស្សម្នាក់ទៀតដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួន។—ហេព្រើរ ១០:៣៨, ៣៩; ១១:៦; ពេត្រុសទី២ ៣:១៣, ១៤
១៦. តើអ្វីអាចពង្រឹងចំណងអាពាហ៍ពិពាហ៍?
១៦ ខុសស្រឡះពីស្ថានភាពនោះ មានស្វាមីភរិយាមួយគូដែលពន្យល់ថា ចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់ស្ថិតស្ថេរដោយព្រោះមានចំណងមិត្តភាពដ៏រឹងមាំខាងវិញ្ញាណ។ ពួកគាត់អធិស្ឋាននិងសិក្សាជាមួយគ្នា។ ស្វាមីនេះប្រាប់ថា៖ «យើងអានព្រះគម្ពីរជាមួយគ្នា។ យើងទៅផ្សព្វផ្សាយជាមួយគ្នា។ យើងចូលចិត្តធ្វើសកម្មភាពផ្សេងៗជាមួយគ្នា»។ នេះបញ្ជាក់យ៉ាងច្បាស់នូវមេរៀនដែលថា ការរក្សាចំណងមិត្តភាពល្អជាមួយនឹងព្រះយេហូវ៉ា នឹងជួយច្រើនណាស់ក្នុងការពង្រឹងចំណងអាពាហ៍ពិពាហ៍។
ចូរទទួលស្គាល់លក្ខណៈពិតនៃគូខ្លួន ហើយមានការប្រស្រ័យទាក់ទងគ្នាយ៉ាងល្អ
១៧. (ក) តើអ្វីជាកត្ដាពីរដែលអាចជួយឲ្យចំណងអាពាហ៍ពិពាហ៍ស្ថិតស្ថេរ? (ខ) តើប៉ុលបកស្រាយអត្ថន័យនៃសេចក្ដីស្រឡាញ់របស់ជនគ្រីស្ទានយ៉ាងណា?
១៧ មានចំណុចពីរទៀតដែលអាចជួយឲ្យចំណងអាពាហ៍ពិពាហ៍ស្ថិតស្ថេរ ពោលគឺ សេចក្ដីស្រឡាញ់ជាជនគ្រីស្ទាន ហើយមានការប្រស្រ័យទាក់ទងគ្នាយ៉ាងល្អ។ ពេលដែលមនុស្សពីរនាក់ស្រឡាញ់គ្នា នោះពួកគេច្រើនតែបិទភ្នែកមិនឃើញកំហុសរបស់គូស្នេហ៍របស់គេ។ ពីរនាក់នេះប្រហែលជារៀបអាពាហ៍ពិពាហ៍ដោយមានសេចក្ដីសង្ឃឹមហួសហេតុពេក ដែលប្រហែលជាមានមូលដ្ឋានលើអ្វីដែលគេបានអានក្នុងរឿងប្រលោមលោកឬបានមើលភាពយន្ត។ ក៏ប៉ុន្តែ ជាយថាហេតុ ពួកគេត្រូវតែទទួលស្គាល់លក្ខណៈពិតនៃគូខ្លួន។ ក្រោយមក កំហុសបន្ដិចបន្តួចឬទំលាប់ដែលធ្វើឲ្យខ្លួនមិនពេញចិត្តតិចតួចនឹងគូរបស់ខ្លួនអាចក្លាយជាបញ្ហាធំវិញ។ បើនេះកើតឡើង ពួកគ្រីស្ទានត្រូវបង្ហាញនូវផលផ្លែនៃវិញ្ញាណបរិសុទ្ធ ដែលរួមទាំងសេចក្ដីស្រឡាញ់។ (កាឡាទី ៥:២២, ២៣) នេះមិនមែនសំដៅទៅលើសេចក្ដីស្រឡាញ់ក្នុងន័យស្នេហានោះឡើយ តែសំដៅទៅសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកតាមគោលការណ៍គ្រីស្ទាន ហើយសេចក្ដីស្រឡាញ់នេះជាគុណសម្បត្ដិដែលមានឥទ្ធិពលខ្លាំងមែន។ ប៉ុលបានពណ៌នាអំពីសេចក្ដីស្រឡាញ់របស់ពួកគ្រីស្ទានថា៖ «សេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស . . . មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស . . . ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់»។ (កូរិនថូសទី១ ១៣:៤-៧) គឺច្បាស់ហើយ សេចក្ដីស្រឡាញ់ពិតរមែងយោគយល់ចំពោះភាពទន់ខ្សោយរបស់មនុស្សដទៃ។ សេចក្ដីស្រឡាញ់ពិតមិនតម្រូវឲ្យអ្នកដទៃមានភាពគ្រប់ល័ក្ខណ៍ទេ។—សុភាសិត ១០:១២
១៨. តើការប្រស្រ័យទាក់ទងគ្នាអាចពង្រឹងសម្ព័ន្ធមេត្រីភាពបានយ៉ាងណា?
១៨ ការប្រស្រ័យទាក់ទងគ្នាក៏ចាំបាច់ផងដែរ។ មិនថាគូស្វាមីភរិយាបានរៀបអាពាហ៍ពិពាហ៍ប៉ុន្មានឆ្នាំក៏ដោយ ពួកគាត់គួរតែនិយាយជាមួយគ្នានិងយកចិត្តទុកដាក់ស្ដាប់គូរបស់ខ្លួនដែរ។ ស្វាមីម្នាក់មានប្រសាសន៍ថា៖ «យើងប្រាប់ពីអារម្មណ៍របស់ខ្លួនដោយឥតលាក់លៀមហើយនិយាយដោយស្លូតបូត»។ យូរៗទៅ ស្វាមីនិងភរិយាមិនគ្រាន់តែចេះស្ដាប់ពាក្យដែលគូខ្លួនប្រាប់ប៉ុណ្ណោះ តែក៏យល់ចិត្តគាត់សូម្បីតែពេលដែលគាត់មិនប្រាប់ផងដែរ។ នេះបានសេចក្ដីថា យូរៗទៅស្វាមីភរិយាដែលមានសុភមង្គលក៏រៀនឲ្យចេះស្ទង់មើលចិត្តគំនិតដើម្បីស្គាល់អារម្មណ៍ ទោះជាគូមិនប្រាប់ក្ដី។ ភរិយាខ្លះប្រាប់ថា ស្វាមីមិនសូវស្ដាប់នាងទេ។ ស្វាមីខ្លះក៏ត្អូញត្អែរថា ភរិយាចេះតែចង់និយាយជាមួយគាត់ពេលដែលមិនទំនេរ។ ការប្រស្រ័យទាក់ទងគ្នាត្រូវរួមបញ្ចូលការយល់ចិត្តនិងការចេះអាណិតអាសូរ។ ការប្រស្រ័យទាក់ទងគ្នាដែលមានប្រសិទ្ធភាពនោះ មានប្រយោជន៍សំរាប់ទាំងស្វាមីនិងភរិយាផងដែរ។—យ៉ាកុប ១:១៩
១៩. (ក) ជួនកាល ហេតុអ្វីក៏ពិបាកម្ល៉េះឲ្យនិយាយសុំទោស? (ខ) តើអ្វីអាចជំរុញឲ្យយើងចេះនិយាយសុំទោស?
១៩ ជួនកាល ការប្រស្រ័យទាក់ទងគ្នារួមបញ្ចូលការសុំអត់ទោសដែរ។ នេះមិនតែងតែស្រួលទេ។ ការទទួលស្គាល់កំហុសរបស់ខ្លួនតម្រូវឲ្យយើងមានចិត្តរាបទាប។ ប៉ុន្តែ នេះអាចជួយច្រើនណាស់ក្នុងការធ្វើឲ្យចំណងអាពាហ៍ពិពាហ៍បានស្ថិតស្ថេរ! ការសុំអត់ទោសអាចបំបាត់ចោលនូវហេតុដែលនាំឲ្យឈ្លោះគ្នាថែមទៀតនៅពេលអនាគត ហើយក៏អាចបើកផ្លូវឲ្យមានការអត់ឱនទោសស្មោះពីចិត្ត ព្រមទាំងអាចជួយដោះស្រាយបញ្ហាផងដែរ។ ប៉ុលបានមានប្រសាសន៍ថា៖ «[ចូរ]ទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ! ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ។ ចូរបន្ថែមទាំងសេចក្ដីស្រឡាញ់ថែមទៀត ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍»។—កូល៉ុស ៣:១៣, ១៤
២០. ទោះជាស្វាមីភរិយាគ្រីស្ទាននៅក្នុងចំណោមមនុស្សឯទៀតឬនៅជាមួយគ្នាតែពីរនាក់ក៏ដោយនោះ តើពួកគាត់គួរមានទំនាក់ទំនងបែបណាជាមួយនឹងគ្នា?
២០ ចំណុចសំខាន់មួយទៀតក្នុងចំណងអាពាហ៍ពិពាហ៍ គឺការជួយគាំទ្រគ្នាទៅវិញទៅមក។ ស្វាមីឬភរិយាគ្រីស្ទានគួរជាមនុស្សដែលគូរបស់ខ្លួនអាចទុកចិត្តនិងពឹងផ្អែកបាន។ គូអាពាហ៍ពិពាហ៍មិនគួរពង្រេចពង្រឹលទំនុកចិត្តរបស់គូខ្លួនទេ។ យើងគួរសរសើរស្វាមីឬភរិយារបស់យើង មិនត្រូវរិះគន់គាត់ដោយពាក្យសំដីគំរោះគំរើយឡើយ។ (សុភាសិត ៣១:២៨ខ) យើងច្បាស់ជាមិនបន្ទាបបន្ថោកគូអាពាហ៍ពិពាហ៍ដោយនិយាយលេងបែបឆោតល្ងង់ឬឥតចេះគិតនោះទេ។ (កូល៉ុស ៤:៦) ការជួយគាំទ្រគូខ្លួនត្រូវពង្រឹងដោយប្រាប់និងបង្ហាញជាញយៗ ថាយើងស្រឡាញ់ស្វាមីឬភរិយារបស់យើង។ ការបបោសអង្អែល ឬពាក្យមួយម៉ាត់ដែលពោលយ៉ាងស្រទន់អាចបង្ហាញថា៖ «បងនៅស្រឡាញ់អូន»ឬ«អូននៅស្រឡាញ់បង» ឬក៏ថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលយើងបានរួមរស់ជាមួយគ្នា»។ កត្ដាទាំងនេះអាចមានឥទ្ធិពលលើសម្ព័ន្ធមេត្រីភាព ហើយអាចជួយឲ្យចំណងអាពាហ៍ពិពាហ៍ស្ថិតស្ថេរក្នុងគ្រាលំបាកនេះ។ ក៏មានកត្ដាឯទៀតដែរដែលអាចជួយបាន ហើយអត្ថបទបន្ទាប់មានការណែនាំថែមទៀតដែលមានមូលដ្ឋានលើព្រះគម្ពីរ ស្តីអំពីរបៀបពង្រឹងចំណងអាពាហ៍ពិពាហ៍ឲ្យបានស្ថិតស្ថេរ។a
[កំណត់សម្គាល់]
a បើចង់មើលពត៌មានល្អិតល្អន់ថែមទៀត សូមមើលសៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកអាចពន្យល់បានទេ?
• តើមានកត្ដាអ្វីខ្លះដែលអាចពង្រេចពង្រឹលចំណងអាពាហ៍ពិពាហ៍?
• ហេតុអ្វីក៏ការរៀបអាពាហ៍ពិពាហ៍ឆាប់រហ័សពេកមិនមែនជាការល្អ?
• តើសុខុមាលភាពខាងវិញ្ញាណអាចមានឥទ្ធិពលអ្វីលើចំណងអាពាហ៍ពិពាហ៍?
• តើកត្ដាអ្វីខ្លះអាចជួយឲ្យចំណងអាពាហ៍ពិពាហ៍ស្ថិតស្ថេរបាន?
[រូបភាពនៅទំព័រ១០]
ចំណងអាពាហ៍ពិពាហ៍ មិនមែនជាសេចក្ដីស្នេហាប៉ុណ្ណោះនោះទេ
[រូបភាពនៅទំព័រ១២]
គូស្វាមីភរិយាអាចមានចំណងអាពាហ៍ពិពាហ៍ស្ថិតស្ថេរបាន ដោយមានចំណងមិត្តភាពរឹងមាំជាមួយនឹងព្រះយេហូវ៉ា