ចូរទុកចិត្តនឹងព្រះបន្ទូលរបស់ព្រះយេហូវ៉ា
«ទូលបង្គំទុកចិត្តនឹងព្រះបន្ទូលទ្រង់»។—ទំនុកដំកើង ១១៩:៤២
១. តើអ្នកអាចសន្និដ្ឋានយ៉ាងណាអំពីអត្តសញ្ញាណនិងអារម្មណ៍នៃអ្នកតែងបទទំនុកដំកើងទី១១៩?
អ្នកតែងបទទំនុកដំកើងទី១១៩ ជាមនុស្សម្នាក់ដែលស្រឡាញ់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាណាស់។ អ្នកតែងបទទំនុកដំកើងម្នាក់នេះប្រហែលជាឈ្មោះហេសេគាដែលជាបុត្រារបស់ស្តេចស្រុកយូដា។ អារម្មណ៍ដែលត្រូវបញ្ជាក់ក្នុងបទចំរៀងនេះដែលព្រះបណ្ដាលឲ្យសរសេរនោះ មានលក្ខណៈដូចទស្សនៈរបស់ហេសេគាដែលបាន«កាន់ខ្ជាប់តាមព្រះយេហូវ៉ា»ពេលដែលទ្រង់បំរើជាស្តេចមួយអង្គនៅស្រុកយូដា។ (ពង្សាវតារក្សត្រទី២ ១៨:៣-៧) ចំណុចមួយដែលយើងមិនសង្ស័យឡើយ គឺថា អ្នកតែងបទនេះបានទទួលស្គាល់ថាខ្លួនកំសត់ឬមានសេចក្ដីត្រូវការខាងឯវិញ្ញាណ។—ម៉ាថាយ ៥:៣
២. តើអ្វីជាមូលបទនៃទំនុកដំកើងទី១១៩? ហើយតើបទចំរៀងនេះមានរង្វាស់កាព្យបែបណា?
២ ចំណុចសំខាន់មួយដែលត្រូវបញ្ជាក់ក្នុងទំនុកដំកើងទី១១៩ គឺថាបន្ទូលឬសាររបស់ព្រះមានតម្លៃមែន។a អ្នកតែងបទចំរៀងនេះបានសរសេរ១៧៦វគ្គដែលស្របតាមលំដាប់អក្សរភាសាហេព្រើរ ហើយមើលទៅដូចជាគាត់មានបំណងចង់ជួយឲ្យស្រួលចំណាំ។ ក្នុងបទចំរៀងដើមជាភាសាហេព្រើរនោះ បទទំនុកដំកើងនេះមាន២២ល្បះ ហើយល្បះនីមួយៗមាន៨ជួរដែលពាក្យដើមក្នុងជួរទាំង៨នោះ ចាប់ផ្ដើមដោយប្រើតួអក្សរដូចគ្នា។ បទទំនុកដំកើងនេះសំដៅទៅលើព្រះបន្ទូលរបស់ព្រះនិងក្រិត្យវិន័យ សេចក្ដីបន្ទាល់ ផ្លូវ សេចក្ដីបញ្ញត្ដិ ច្បាប់និងសេចក្ដីបង្គាប់របស់ទ្រង់។ យើងនឹងពិគ្រោះបទទំនុកដំកើងទី១១៩ក្នុងអត្ថបទនេះនិងអត្ថបទបន្ទាប់ដែរ ស្របទៅតាមការបកប្រែយ៉ាងត្រឹមត្រូវនូវឯកសារដើមនៃព្រះគម្ពីរជាភាសាហេព្រើរ។ ការរំពឹងគិតអំពីបទពិសោធន៍របស់អ្នកបំរើព្រះពីបុរាណ អាចជួយយើងយល់ច្រើនជាងនូវបទចំរៀងនេះដែលព្រះបណ្ដាលឲ្យមនុស្សសរសេរ ក៏នឹងឲ្យយើងមានកតញ្ញូធម៌កាន់តែច្រើនឡើងចំពោះព្រះបន្ទូលជាលាយលក្ខណ៍អក្សររបស់ព្រះ ពោលគឺ ព្រះគម្ពីរ។
ចូរធ្វើតាមបន្ទូលរបស់ព្រះហើយមានសុភមង្គលចុះ!
៣. សូមពន្យល់និងលើកឧទាហរណ៍ដើម្បីបង្ហាញថា ការប្រព្រឹត្តយ៉ាងគ្រប់ល័ក្ខណ៍មានន័យអ្វី។
៣ ពរឬសុភមង្គលពិតត្រូវផ្អែកលើការដើរតាមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា។ (ទំនុកដំកើង ១១៩:១-៨) បើយើងធ្វើដូច្នេះ ព្រះយេហូវ៉ាចាត់ទុកយើងជាមនុស្ស«ដែលផ្លូវប្រព្រឹត្តបានគ្រប់ល័ក្ខណ៍»។ (ទំនុកដំកើង ១១៩:១) លក្ខណៈគ្រប់ល័ក្ខណ៍នេះមិនមានន័យថាយើងជាមនុស្សឥតខ្ចោះឡើយ តែបង្ហាញថាយើងជាមនុស្សដែលខំព្យាយាមធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ា។ លោកណូអេបានបង្ហាញថាខ្លួន‹ជាមនុស្សគ្រប់ល័ក្ខណ៍នៅក្នុងដំណវង្សខ្លួន›ដោយសារគាត់ជាមនុស្សដែល«ដើរជាមួយនឹងព្រះ»។ បុព្វបុរសដ៏ស្មោះភក្ដីនោះ ព្រមទាំងក្រុមគ្រួសាររបស់គាត់ បានរួចរស់ជីវិតពេលមានទឹកជំនន់លិចផែនដី ដោយព្រោះគាត់មានរបៀបរស់នៅស្របទៅតាមអ្វីដែលព្រះយេហូវ៉ាបានកំណត់ឲ្យ។ (លោកុប្បត្តិ ៦:៩; ពេត្រុសទី១ ៣:២០) ស្រដៀងគ្នាដែរ បើយើងចង់រួចរស់ជីវិតពីទីបញ្ចប់នៃរបបលោកីយ៍នេះ យើងក៏ត្រូវ‹កាន់តាមបញ្ញត្ដិរបស់ព្រះដោយម៉ត់ចត់› ហើយធ្វើតាមព្រះហឫទ័យទ្រង់។—ទំនុកដំកើង ១១៩:៤
៤. តើសុភមង្គលនិងជោគជ័យរបស់យើងពឹងផ្អែកលើអ្វី?
៤ ព្រះយេហូវ៉ានឹងមិនលះចោលយើងទេ បើយើង‹អរព្រះគុណដល់[ឬ«លើកតម្កើង», ខ.ស.]ទ្រង់ដោយចិត្តទៀងត្រង់ ហើយកាន់តាមច្បាប់របស់ទ្រង់ជានិច្ច›។ (ទំនុកដំកើង ១១៩:៧, ៨) ព្រះមិនបានលះចោលយ៉ូស្វេដែលជាមេដឹកនាំសាសន៍អ៊ីស្រាអែលនោះទេ ដ្បិតគាត់បានធ្វើតាមឱវាទឲ្យ‹អានដោយនឹកជញ្ជឹងនូវគម្ពីរក្រិត្យវិន័យទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យប្រព្រឹត្តតាមអស់ទាំងសេចក្ដីដែលកត់ទុកក្នុងគម្ពីរនោះ›។ ទង្វើនោះបាននាំឲ្យគាត់ចេះប្រព្រឹត្តដោយប្រាជ្ញានិងមានជោគជ័យផង។ (យ៉ូស្វេ ១:៨) ពេលដែលយ៉ូស្វេជិតស្លាប់នោះ គាត់នៅតែបានលើកតម្កើងព្រះហើយបានរំឭកដល់ប្រជាជនអ៊ីស្រាអែលថា៖ «នៅក្នុងចិត្ត ហើយក្នុងវិញ្ញាណរបស់ឯង នោះក៏ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ»។ (យ៉ូស្វេ ២៣:១៤) ដូចយ៉ូស្វេនិងអ្នកតែងបទទំនុកដំកើងទី១១៩នោះ យើងអាចមានសុភមង្គលនិងជោគជ័យបានដែរ ដោយសរសើរតម្កើងព្រះយេហូវ៉ានិងទុកចិត្តលើបន្ទូលរបស់ទ្រង់។
បន្ទូលរបស់ព្រះយេហូវ៉ាជួយយើង រក្សាឲ្យមានភាពស្អាតស្អំ
៥. (ក) សូមពន្យល់អំពីរបៀបរក្សាឲ្យមានភាពស្អាតស្អំខាងវិញ្ញាណ។ (ខ) តើមានជំនួយអ្វីខ្លះសំរាប់យុវជនដែលធ្វើបាបធ្ងន់?
៥ យើងអាចរក្សាឲ្យមានភាពស្អាតស្អំខាងវិញ្ញាណបាន បើយើងប្រយ័តនឹងប្រព្រឹត្តតាមព្រះបន្ទូលនៃព្រះ។ (ទំនុកដំកើង ១១៩:៩-១៦) យើងអាចធ្វើដូច្នេះមែន ទោះបីមាតាបិតារបស់យើងមិនបានទុកគំរូល្អក៏ដោយ។ ទោះបីជាបិតារបស់ហេសេគាជាអ្នកថ្វាយបង្គំរូបព្រះក៏ដោយ ហេសេគាបាន‹សំអាតផ្លូវរបស់ខ្លួន› ប្រហែលជាដោយលះបង់ឥទ្ធិពលពីពួកពាហិរជន។ ចុះយ៉ាងណាបើយុវជនដែលកំពុងតែបំរើព្រះសព្វថ្ងៃនេះធ្វើបាបធ្ងន់ណាមួយ? ប្អូននោះត្រូវតែប្រែចិត្ត អធិស្ឋានទូលថ្វាយព្រះ និងទទួលជំនួយពីមាតាបិតានិងជំនួយដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ពីអ្នកចាស់ទុំគ្រីស្ទាន ដែលអាចជួយប្អូនៗបាន ឲ្យធ្វើដូចហេសេគាដោយ‹សំអាតផ្លូវរបស់ខ្លួននិងប្រុងប្រយ័ត›ផង។—យ៉ាកុប ៥:១៣-១៥
៦. តើស្ត្រីណាខ្លះបាន‹សំអាតផ្លូវរបស់ខ្លួននិងប្រយ័តនឹងប្រព្រឹត្តតាមព្រះបន្ទូលនៃព្រះ›?
៦ នាងរស់និងរ៉ាហាបបានរស់នៅយូរឆ្នាំមុនទំនុកដំកើងទី១១៩បានត្រូវតែងមកទៅទៀត តែស្ត្រីពីរនាក់នោះបាន‹សំអាតផ្លូវរបស់ខ្លួន›។ ដំបូងមក រ៉ាហាបជាស្រីពេស្យាសាសន៍កាណាន ប៉ុន្តែក្រោយមកនាងបានត្រូវគេស្គាល់ទូទៅជាមនុស្សមានជំនឿហើយជាអ្នកថ្វាយបង្គំព្រះយេហូវ៉ា។ (ហេព្រើរ ១១:៣០, ៣១) នាងរស់ជាសាសន៍ម៉ូអាប់ដែលបានលះបង់ព្រះដែលនាងធ្លាប់ថ្វាយបង្គំពីមុន ហើយចាប់ផ្ដើមថ្វាយបង្គំព្រះយេហូវ៉ាវិញ ព្រមទាំងធ្វើតាមច្បាប់របស់ទ្រង់ចំពោះពួកជនអ៊ីស្រាអែល។ (នាងរស់ ១:១៤-១៧; ៤:៩-១៣) ស្ត្រីទាំងពីរនាក់នេះដែលមិនមែនជាជនជាតិអ៊ីស្រាអែលទេ បាន‹ប្រយ័តនឹងប្រព្រឹត្តតាមព្រះបន្ទូលនៃព្រះ› ហើយបានទទួលឯកសិទ្ធិអស្ចារ្យដោយធ្វើជាអយ្យិការបស់ព្រះយេស៊ូគ្រីស្ទ។—ម៉ាថាយ ១:១, ៤-៦
៧. តើដានីយ៉ែលនិងយុវជនសាសន៍ហេព្រើរបីនាក់បានតាំងគំរូល្អអ្វីក្នុងការរក្សាទុកភាពស្អាតស្អំខាងវិញ្ញាណ?
៧ «គំនិតក្នុងចិត្តមនុស្ស នោះអាក្រក់តាំងតែពីក្មេងមក» តែពួកយុវជនអាចមានផ្លូវឬរបៀបរស់នៅដ៏ស្អាតស្អំបាន សូម្បីតែក្នុងលោកីយ៍ដ៏ខូចអាក្រក់នេះដែលស្ថិតក្រោមអំណាចរបស់សាតាំង។ (លោកុប្បត្តិ ៨:២១; យ៉ូហានទី១ ៥:១៩) ដានីយ៉ែលនិងយុវជនសាសន៍ហេព្រើរបីនាក់ជានិរទេសជននៅស្រុកបាប៊ីឡូន ប៉ុន្តែពួកគាត់នៅតែបាន‹ប្រយ័តនឹងប្រព្រឹត្តតាមព្រះបន្ទូលនៃព្រះ›ជានិច្ច។ ជាឧទាហរណ៍ ពួកគាត់មិនព្រមឲ្យខ្លួនសៅហ្មង«ដោយអាហាររបស់ស្តេច»សោះឡើយ។ (ដានីយ៉ែល ១:៦-១០) ពួកសាសន៍បាប៊ីឡូនបានបរិភោគសត្វមិនស្អាត ដែលត្រូវហាមក្នុងក្រិត្យវិន័យម៉ូសេ។ (លេវីវិន័យ ១១:១-៣១; ២០:២៤-២៦) ពួកសាសន៍បាប៊ីឡូនមិនតែងតែសម្រក់ឈាមចេញពីសត្វដែលគេសម្លាប់ទេ ដូច្នេះពេលដែលគេបរិភោគសាច់ដែលនៅមានឈាម នេះជាការបំពានលើច្បាប់របស់ព្រះអំពីឈាម។ (លោកុប្បត្តិ ៩:៣, ៤) ពុំមែនជាការចម្លែកអ្វីទេ ដែលបុរសសាសន៍ហេព្រើរបួននាក់នោះមិនព្រមបរិភោគអាហាររបស់ស្តេច! យុវជនទាំងនោះដែលស្រឡាញ់ព្រះ បានរក្សាទុកភាពស្អាតស្អំខាងវិញ្ញាណមែន ហើយក៏តាំងគំរូល្អសំរាប់យើងផងដែរ។
បន្ទូលរបស់ព្រះជាជំនួយក្នុងការរក្សាឲ្យមានចិត្តស្មោះភក្ដី
៨. តើយើងត្រូវការចិត្តគំនិតនិងចំណេះបែបណាដើម្បីឲ្យយល់ច្បាប់របស់ព្រះហើយប្រព្រឹត្តតាមនោះ?
៨ ការពេញចិត្តចំពោះបន្ទូលរបស់ព្រះជាកត្ដាសំខាន់មួយដើម្បីឲ្យយើងរក្សាចិត្តស្មោះភក្ដីចំពោះព្រះយេហូវ៉ា។ (ទំនុកដំកើង ១១៩:១៧-២៤) បើយើងមានលក្ខណៈដូចអ្នកដែលព្រះបណ្ដាលឲ្យតែងបទទំនុកដំកើងនេះ យើងនឹងមានចិត្តប្រាថ្នាចង់យល់នូវ«សេចក្ដីអស្ចារ្យ»ពីក្រិត្យវិន័យរបស់ព្រះដែរ។ យើងនឹង‹សង្រេង[ឬ«ផ្ដោតទៅរក», ខ.ស.]ច្បាប់ទ្រង់›ជានិច្ច ហើយបង្ហាញឲ្យឃើញនូវ‹សេចក្ដីអំណរ[ឬ«ពេញចិត្តនឹង», ខ.ស.]សេចក្ដីបន្ទាល់របស់ទ្រង់›។ (ទំនុកដំកើង ១១៩:១៨, ២០, ២៤) បើយើងបានឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ា សូម្បីតែរយៈពេលខ្លីក៏ដោយ តើយើងបាន‹ប្រាថ្នាចង់បានទឹកដោះសុទ្ធពីព្រះបន្ទូលរបស់ព្រះ›ឬទេ? (ពេត្រុសទី១ ២:១, ២, ខ.ស.) យើងត្រូវតែយល់នូវសេចក្ដីបង្រៀនបឋមនៃព្រះគម្ពីរដើម្បីមានសមត្ថភាពយល់និងអនុវត្តតាមច្បាប់របស់ព្រះ។
៩. តើយើងគួរធ្វើអ្វីពេលដែលមនុស្សទាមទារអ្វីដែលបំពានលើច្បាប់របស់ព្រះ?
៩ យើងប្រហែលជាពេញចិត្តចំពោះសេចក្ដីបន្ទាល់របស់ព្រះមែន ប៉ុន្តែចុះយ៉ាងណាបើ«ពួកអ្នកធំ»និយាយប្រឆាំងនឹងយើងដោយមូលហេតុណាមួយ? (ទំនុកដំកើង ១១៩:២៣, ២៤) សព្វថ្ងៃនេះ មនុស្សដែលកាន់អំណាចចេះតែបង្ខិតបង្ខំឲ្យយើងគោរពច្បាប់មនុស្សជាអ្វីដែលសំខាន់ជាងច្បាប់របស់ព្រះ។ នៅពេលដែលមនុស្សទាមទារអ្វីដែលបំពានលើច្បាប់របស់ព្រះ តើយើងនឹងធ្វើអ្វី? បើយើងពេញចិត្តចំពោះបន្ទូលរបស់ព្រះ នេះនឹងជួយយើងរក្សាឲ្យមានចិត្តស្មោះភក្ដីចំពោះព្រះយេហូវ៉ា។ យើងនឹងតបឆ្លើយដូចសាវ័ករបស់ព្រះយេស៊ូដែលបានទទួលទុក្ខបៀតបៀន ដោយនិយាយថា៖ «[យើង]ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។—កិច្ចការ ៥:២៩
១០, ១១. សូមលើកឧទាហរណ៍ដែលបង្ហាញថា យើងអាចរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ចំពោះព្រះយេហូវ៉ាបាន សូម្បីតែស្ថិតក្រោមកាលៈទេសៈដ៏ពិបាកបំផុតក៏ដោយ។
១០ សូម្បីតែក្រោមកាលៈទេសៈដ៏ពិបាកបំផុតនោះ យើងអាចរក្សាឲ្យមានចិត្តស្មោះភក្ដីចំពោះព្រះយេហូវ៉ាបាន។ (ទំនុកដំកើង ១១៩:២៥-៣២) បើយើងចង់មានជោគជ័យក្នុងការរក្សាឲ្យមានចិត្តស្មោះគ្រប់ល័ក្ខណ៍ចំពោះព្រះ យើងត្រូវតែសុខចិត្តទទួលការបង្រៀន ហើយត្រូវអធិស្ឋានស្មោះពីចិត្តដោយសុំការណែនាំពីទ្រង់។ យើងក៏ត្រូវរើស«យកផ្លូវស្មោះត្រង់»ផងដែរ។—ទំនុកដំកើង ១១៩:២៦, ៣០
១១ ហេសេគាដែលប្រហែលជាអ្នកសរសេរទំនុកដំកើងទី១១៩នេះ បានរើស«យកផ្លូវស្មោះត្រង់»។ ហេសេគាបានធ្វើដូច្នេះទោះជាមានអ្នកថ្វាយបង្គំព្រះមិនពិតច្រើនក៏ដោយ ហើយប្រហែលជាមានអ្នកឯទៀតក្នុងរាជវាំងប្រមាថមើលងាយផងដែរ។ ហេសេគាទំនងជាមាន‹ព្រលឹងរលាយទៅ ដោយសេចក្ដីធ្ងន់ចិត្ត›ដោយព្រោះមានកាលៈទេសៈដ៏ពិបាកនោះ។ (ទំនុកដំកើង ១១៩:២៨) ប៉ុន្តែហេសេគាបានទុកចិត្តលើព្រះ ហើយទ្រង់ជាស្តេចល្អដែលបាន«ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា»។ (ពង្សាវតារក្សត្រទី២ ១៨:១-៥) បើយើងពឹងផ្អែកលើព្រះ នោះយើងអាចស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗ ហើយរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ចំពោះព្រះដែរ។—យ៉ាកុប ១:៥-៨
បន្ទូលរបស់ព្រះយេហូវ៉ាផ្ដល់ឲ្យមានចិត្តក្លាហាន
១២. តើយើងអាចអនុវត្តតាមទំនុកដំកើង ១១៩:៣៦, ៣៧ បានយ៉ាងណា?
១២ ការធ្វើតាមពាក្យណែនាំពីបន្ទូលរបស់ព្រះអាចផ្ដល់ឲ្យយើងមានចិត្តក្លាហានដើម្បីប្រឈមមុខនឹងទុក្ខលំបាកផ្សេងៗ។ (ទំនុកដំកើង ១១៩:៣៣-៤០) យើងស្វែងរកការណែនាំពីព្រះយេហូវ៉ាដោយចិត្តរាបទាប ដើម្បីរក្សាទុកឬធ្វើតាមក្រិត្យវិន័យទ្រង់«ឲ្យអស់ពីចិត្ត»។ (ទំនុកដំកើង ១១៩:៣៣, ៣៤) ដូចអ្នកតែងបទទំនុកដំកើងនោះ យើងសូមអង្វរព្រះថា៖ «សូមធ្វើឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្ដីបន្ទាល់របស់ទ្រង់ កុំឲ្យល្អៀងទៅខាងសេចក្ដីលោភឡើយ»។ (ទំនុកដំកើង ១១៩:៣៦) ដូចសាវ័កប៉ុល យើង«ប្រព្រឹត្តល្អ ក្នុងគ្រប់ការទាំងអស់»។ (ហេព្រើរ ១៣:១៨) ប្រសិនបើនិយោជកតម្រូវឲ្យយើងធ្វើអ្វីដែលមិនល្អដោយប្រព្រឹត្តយ៉ាងឥតទៀងត្រង់នោះ យើងបណ្ដុះឲ្យមានចិត្តក្លាហានដើម្បីធ្វើតាមការណែនាំពីព្រះ ហើយព្រះយេហូវ៉ាតែងតែប្រទានពរពេលដែលយើងប្រព្រឹត្តដូច្នេះ។ ការពិត ទ្រង់ជួយឲ្យយើងទប់ទល់នឹងទំនោរចិត្តមិនល្អ។ ហេតុនេះហើយចូរឲ្យយើងអធិស្ឋានថា៖ «សូមបង្វែរភ្នែកទូលបង្គំមិនឲ្យមើលការឥតប្រយោជន៍»។ (ទំនុកដំកើង ១១៩:៣៧) ចំពោះអ្វីៗដែលឥតប្រយោជន៍និងជាទីស្អប់ខ្ពើមដល់ព្រះ យើងមិនចង់ចាត់ទុកនោះជាទីគួរឲ្យចង់បានសោះឡើយ។ (ទំនុកដំកើង ៩៧:១០) ចិត្តគំនិតបែបនេះនឹងជំរុញឲ្យយើងចៀសវាងពីរូបអាសអាភាសនិងអំពើមន្តអាគមជាដើម។—កូរិនថូសទី១ ៦:៩, ១០; វិវរណៈ ២១:៨
១៣. សិស្សរបស់ព្រះយេស៊ូដែលបានរងទុក្ខបៀតបៀននោះ តើពួកគាត់បានធ្វើអ្វីឲ្យបានចិត្តក្លាហានដើម្បីធ្វើបន្ទាល់យ៉ាងអង់អាច?
១៣ ចំណេះពិតពីបន្ទូលរបស់ព្រះនឹងឲ្យយើងមានទំនុកចិត្តដើម្បីធ្វើបន្ទាល់ដោយចិត្តក្លាហាន។ (ទំនុកដំកើង ១១៩:៤១-៤៨) ហើយយើងពិតជាត្រូវការចិត្តក្លាហានមែន ដើម្បី‹ឆ្លើយដល់អ្នកណាដែលតិះដៀលយើង›។ (ទំនុកដំកើង ១១៩:៤២) យូរៗម្ដងយើងប្រហែលជាមានទឹកចិត្តដូចសិស្សរបស់ព្រះយេស៊ូដែលបានរងទុក្ខបៀតបៀននោះ ដែលបានអធិស្ឋានថា៖ «ឱព្រះអម្ចាស់អើយ! . . . សូមប្រទានឲ្យពួកអ្នកបំរើទ្រង់ បានផ្សាយព្រះបន្ទូល ដោយសេចក្ដីក្លាហានដ៏ពេញលេញ»។ តើមានលទ្ធផលអ្វី? «គេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា រួចក៏ផ្សាយព្រះបន្ទូលដោយចិត្តក្លាហាន»។ ព្រះដ៏ជាម្ចាស់ធំបំផុតដដែលនោះក៏ប្រទានឲ្យយើងមានចិត្តក្លាហានដែរ ដើម្បីប្រកាសបន្ទូលរបស់ទ្រង់ដោយចិត្តអង់អាច។—កិច្ចការ ៤:២៤-៣១
១៤. តើអ្វីជួយយើងធ្វើបន្ទាល់ដោយចិត្តក្លាហានដូចសាវ័កប៉ុល?
១៤ យើងនឹងមានចិត្តក្លាហានដើម្បីធ្វើបន្ទាល់ដោយមិនចេះខ្មាសដែរ បើយើងស្រឡាញ់«ព្រះបន្ទូលដ៏ពិត» ហើយ«កាន់តាមក្រិត្យវិន័យទ្រង់ជានិច្ច»។ (ទំនុកដំកើង ១១៩:៤៣, ៤៤) បើយើងយកចិត្តទុកដាក់សិក្សាព្រះបន្ទូលជាលាយលក្ខណ៍អក្សររបស់ព្រះ នេះអាចជួយយើង«ពោលពីសេចក្ដីបន្ទាល់របស់ទ្រង់ នៅចំពោះពួកស្តេច»។ (ទំនុកដំកើង ១១៩:៤៦) ការអធិស្ឋាននិងវិញ្ញាណរបស់ព្រះយេហូវ៉ាក៏នឹងជួយយើងនិយាយយ៉ាងត្រឹមត្រូវដោយរបៀបគួរសមផងដែរ។ (ម៉ាថាយ ១០:១៦-២០; កូល៉ុស ៤:៦) ប៉ុលបាននិយាយយ៉ាងក្លាហានទៅកាន់អ្នកគ្រប់គ្រងនៅសតវត្សរ៍ទីមួយ ស្តីអំពីសេចក្ដីបន្ទាល់របស់ព្រះ។ ជាឧទាហរណ៍ គាត់បានធ្វើបន្ទាល់ដល់អភិបាលស្រុកជនជាតិរ៉ូម ឈ្មោះភេលីច ហើយលោកបាន«ស្ដាប់គាត់អធិប្បាយពីសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ»។ (កិច្ចការ ២៤:២៤, ២៥) ប៉ុលក៏បានធ្វើបន្ទាល់នៅមុខអភិបាលភេស្ទុសនិងស្តេចអ័គ្រីប៉ាដែរ។ (កិច្ចការ ២៥:២២–២៦:៣២) ដោយមានព្រះយេហូវ៉ាគាំទ្រយើង យើងក៏អាចជាស្មរបន្ទាល់ដោយមានចិត្តក្លាហានដែរ ហើយយើង«គ្មានសេចក្ដីខ្មាស ចំពោះដំណឹងល្អ»សោះឡើយ។—រ៉ូម ១:១៦
ព្រះបន្ទូលរបស់ព្រះជួយសំរាលទុក្ខយើង
១៥. តើព្រះបន្ទូលរបស់ព្រះអាចជួយសំរាលទុក្ខយើងបានយ៉ាងណា ពេលដែលមនុស្សដទៃមើលងាយយើង?
១៥ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាជួយសំរាលទុក្ខមនុស្សជានិច្ច។ (ទំនុកដំកើង ១១៩:៤៩-៥៦) មានពេលខ្លះដែលយើងត្រូវការការសំរាលទុក្ខច្រើនជាងធម្មតា។ ទោះបើយើងនិយាយដោយចិត្តក្លាហានក្នុងនាមជាស្មរបន្ទាល់ព្រះយេហូវ៉ាក៏ដោយ ជួនកាល«ពួកអ្នកឆ្មើងឆ្មៃ»បង្ហាញឫកដូច្នេះចំពោះព្រះហើយ‹មើលងាយយើងពន់ពេក›ដែរ។ (ទំនុកដំកើង ១១៩:៥១) យ៉ាងណាក៏ដោយ ពេលដែលយើងអធិស្ឋាន យើងប្រហែលជានឹកចាំចំណុចល្អៗដែលចែងទុកក្នុងព្រះបន្ទូលរបស់ព្រះ។ យ៉ាងនេះយើង‹នាំឲ្យខ្លួនបានក្សាន្តចិត្ត›ឬបានត្រូវសំរាលទុក្ខវិញ។ (ទំនុកដំកើង ១១៩:៥២) ពេលទូលអង្វរព្រះ យើងប្រហែលជានឹកចាំច្បាប់ឬគោលការណ៍ណាមួយពីព្រះគម្ពីរដែលជួយសំរាលទុក្ខយើងនិងឲ្យចិត្តក្លាហានដែលយើងត្រូវការពេលជួបប្រទះស្ថានភាពដែលធ្វើឲ្យតានតឹងចិត្ត។
១៦. តើអ្នកបំរើព្រះមិនធ្វើអ្វី សូម្បីតែក្រោមការបៀតបៀនក្ដី?
១៦ ពួកអ្នកឆ្មើងឆ្មៃដែលបានមើលងាយអ្នកតែងបទទំនុកដំកើងនេះ គឺជាប្រជាជនអ៊ីស្រាអែលដែលជាសមាជិកនៃសាសន៍មួយដែលត្រូវថ្វាយខ្លួនចំពោះព្រះ។ នេះជាស្ថានភាពដ៏គួរឲ្យអាម៉ាស់ខ្មាសមែន! កុំឲ្យយើងធ្វើដូចពួកគេឡើយ តែចូរឲ្យយើងតាំងចិត្តកុំឲ្យបែរចេញពីក្រិត្យវិន័យរបស់ព្រះឲ្យសោះ។ (ទំនុកដំកើង ១១៩:៥១) សូម្បីតែក្រោមការបៀតបៀននិងទុក្ខលំបាកផ្សេងៗពីរបបណាត្ស៊ីក្ដី អ្នកបំរើព្រះរាប់ពាន់នាក់ក៏មិនបានបែរចេញពីក្រិត្យវិន័យនិងគោលការណ៍ដែលមានក្នុងព្រះបន្ទូលរបស់ព្រះដែរ។ (យ៉ូហាន ១៥:១៨-២១) ហើយការស្ដាប់បង្គាប់ព្រះយេហូវ៉ាមិនមែនជាបន្ទុកធ្ងន់ទេ ដ្បិតអស់ទាំងបញ្ញត្ដិរបស់ទ្រង់ប្រៀបដូចជាទំនុកភ្លេងដ៏ពីរោះដែលជួយសំរាលទុក្ខ។—ទំនុកដំកើង ១១៩:៥៤; យ៉ូហានទី១ ៥:៣
ចូរមានចិត្តកតញ្ញូចំពោះបន្ទូលរបស់ព្រះយេហូវ៉ា
១៧. តើចិត្តអបអរចំពោះបន្ទូលរបស់ព្រះជំរុញឲ្យយើងធ្វើអ្វី?
១៧ យើងបង្ហាញជាទីសំអាងថាយើងមានចិត្តកតញ្ញូចំពោះបន្ទូលរបស់ព្រះដោយធ្វើតាមបន្ទូលនោះ។ (ទំនុកដំកើង ១១៩:៥៧-៦៤) អ្នកតែងបទទំនុកដំកើង‹បានពោលថា ត្រូវ[ឬ«សន្យា», ព.ថ.]នឹងរក្សាអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា› ហើយសូម្បីតែ‹នៅកណ្ដាលអធ្រាត្របានក្រោកឡើង ដើម្បីអរព្រះគុណដល់ព្រះ ដោយព្រោះអស់ទាំងច្បាប់ដ៏សុចរិតរបស់ព្រះ›។ បើយើងភ្ញាក់ឡើងពេលយប់ នេះហុចឱកាសល្អឲ្យយើងអធិស្ឋានថ្លែងអំណរគុណថ្វាយព្រះ! (ទំនុកដំកើង ១១៩:៥៧, ៦២) ចិត្តអបអរចំពោះបន្ទូលរបស់ព្រះជំរុញឲ្យយើងស្វែងរកការបង្រៀនពីទ្រង់ ហើយនេះក៏ធ្វើឲ្យយើងក្លាយជាមនុស្សដែលមានអំណរដោយសារជា‹មិត្រភក្ដិជាមួយនឹងអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ា› ពោលគឺ មនុស្សដែលកោតស្ងើចនិងគោរពថ្វាយបង្គំព្រះ។ (ទំនុកដំកើង ១១៩:៦៣, ៦៤) គ្មានមនុស្សណាល្អជាងនេះទេ ឲ្យយើងសេពគប់ជាមួយ មែនទេ?
១៨. ពេលដែល‹ចំណងរបស់មនុស្សអាក្រក់រុំព័ទ្ធយើង›នោះ តើព្រះយេហូវ៉ាតបឆ្លើយយ៉ាងណាចំពោះសេចក្ដីអធិស្ឋានរបស់យើង?
១៨ ពេលដែលយើងអធិស្ឋាននិងបង្ហាញចិត្តរាបទាបពេលសូមព្រះយេហូវ៉ាបង្រៀនយើង នេះជាការ‹ទូលអង្វរអស់ពីចិត្ត›ដោយមានបំណងចង់ទទួលព្រះគុណពីទ្រង់។ យើងត្រូវអធិស្ឋានជាពិសេសពេលដែល‹ចំណងរបស់មនុស្សអាក្រក់រុំព័ទ្ធយើង›។ (ទំនុកដំកើង ១១៩:៥៨, ៦១) ព្រះយេហូវ៉ាអាចកាត់ផ្ដាច់នូវចំណងរបស់ពួកសត្រូវដែលដាក់ល័ក្ខខ័ណ្ឌលើយើង ដើម្បីឲ្យយើងអាចបន្តធ្វើកិច្ចការផ្សព្វផ្សាយអំពីព្រះរាជាណាចក្ររបស់ព្រះនិងកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) នេះបានត្រូវសឲ្យឃើញច្បាស់នៅប្រទេសជាច្រើនដែលដាក់បំរាមលើកិច្ចការរបស់យើង។
ចូរមានជំនឿលើបន្ទូលរបស់ព្រះ
១៩, ២០. តើ‹ការកើតមានទុក្ខព្រួយអាចនាំឲ្យមានប្រយោជន៍›យ៉ាងដូចម្ដេច?
១៩ ជំនឿទៅលើព្រះនិងបន្ទូលរបស់ទ្រង់អាចជួយយើងស៊ូទ្រាំពេលកើតមានទុក្ខព្រួយ ហើយអាចជួយយើងធ្វើតាមព្រះហឫទ័យរបស់ព្រះផងដែរ។ (ទំនុកដំកើង ១១៩:៦៥-៧២) ទោះជា«មនុស្សឆ្មើងឆ្មៃបានបង្កើតសេចក្ដីភូតភរ ទាស់នឹង»អ្នកតែងបទទំនុកដំកើងក៏ដោយ គាត់បានច្រៀងថា៖ «ការដែលទូលបង្គំកើតមានទុក្ខព្រួយ នោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយ»។ (ទំនុកដំកើង ១១៩:៦៦, ៦៩, ៧១) តើអ្នកបំរើព្រះអាចទទួលប្រយោជន៍អ្វី ដោយសារកើតមានទុក្ខព្រួយដូច្នេះ?
២០ ពេលដែលយើងកើតមានទុក្ខព្រួយនោះ យើងច្បាស់ជាអធិស្ឋានទូលអង្វរព្រះយេហូវ៉ាអស់ពីចិត្តមែន ហើយនេះនាំឲ្យយើងចូលកាន់តែជិតនឹងទ្រង់។ យើងប្រហែលជាចំណាយពេលច្រើនជាងក្នុងការសិក្សាព្រះបន្ទូលជាលាយលក្ខណ៍អក្សររបស់ព្រះ ហើយខិតខំអនុវត្តតាមបន្ទូលនោះច្រើនថែមទៀតដែរ។ ជាលទ្ធផលនោះ យើងមានជីវិតសប្បាយជាង។ ប៉ុន្តែ ចុះយ៉ាងណាបើយើងបង្ហាញនូវលក្ខណៈមិនល្អពេលកើតមានទុក្ខព្រួយ ដូចជាមិនចេះអត់ធ្មត់ឬមានចិត្តក្រអឺតវិញ? បើយើងអធិស្ឋានអស់ពីចិត្តហើយទទួលជំនួយពីវិញ្ញាណនិងបន្ទូលរបស់ព្រះ យើងអាចយកឈ្នះលក្ខណៈមិនល្អបែបនោះ ហើយអាច‹ប្រដាប់ខ្លួនដោយមនុស្សឬបុគ្គលិកលក្ខណៈថ្មី›កាន់តែច្រើនវិញ។ (កូល៉ុស ៣:៩-១៤) ម្យ៉ាងទៀត បើយើងស៊ូទ្រាំពេលកើតមានទុក្ខព្រួយ នេះក៏អាចពង្រឹងជំនឿរបស់យើងផងដែរ។ (ពេត្រុសទី១ ១:៦, ៧) ប៉ុលបានទទួលប្រយោជន៍ពីសេចក្ដីវេទនាដែលគាត់រងទុក្ខនោះ ពីព្រោះនេះបានជំរុញឲ្យគាត់ពឹងផ្អែកលើព្រះយេហូវ៉ាច្រើនជាង។ (កូរិនថូសទី២ ១:៨-១០) តើយើងអនុញ្ញាតឲ្យទុក្ខព្រួយមានអានុភាពល្អលើយើងឬទេ?
ចូរទុកចិត្តលើព្រះយេហូវ៉ាជានិច្ច
២១. តើអ្វីកើតឡើងពេលដែលព្រះធ្វើឲ្យពួកមនុស្សឆ្មើងឆ្មៃមានសេចក្ដីខ្មាស?
២១ បន្ទូលរបស់ព្រះផ្ដល់នូវមូលដ្ឋានល្អឲ្យយើងទុកចិត្តលើព្រះយេហូវ៉ា។ (ទំនុកដំកើង ១១៩:៧៣-៨០) ប្រសិនបើយើងទុកចិត្តឲ្យមែនទែនលើព្រះដែលជាអ្នកបង្កើតយើងនោះ គ្មានមូលហេតុអ្វីសោះឲ្យយើងមានអារម្មណ៍ខ្មាសឡើយ។ ក៏ប៉ុន្តែ យើងប្រហែលជាត្រូវការនូវការដោះឬសំរាលទុក្ខដោយព្រោះអ្វីដែលមនុស្សដទៃធ្វើ ហើយយើងប្រហែលជាចង់អធិស្ឋានថា៖ «សូមឲ្យពួកមនុស្សឆ្មើងឆ្មៃត្រូវមានសេចក្ដីខ្មាសវិញ»។ (ទំនុកដំកើង ១១៩:៧៦-៧៨) ពេលដែលព្រះយេហូវ៉ាធ្វើឲ្យមនុស្សបែបនោះមានសេចក្ដីខ្មាស នេះក៏លាតត្រដាងអំពើអាក្រក់របស់ពួកគេ ហើយក៏ធ្វើឲ្យព្រះនាមរបស់ព្រះបានបរិសុទ្ធ។ យើងអាចដឹងប្រាកដថា ពួកអ្នកដែលធ្វើទុក្ខបៀតបៀនដល់រាស្ត្ររបស់ព្រះមិនអាចទទួលប្រយោជន៍អ្វីសោះ។ ជាឧទាហរណ៍ ពួកគេមិនដែលនិងមិនអាចបំផ្លាញឲ្យអស់នូវស្មរបន្ទាល់របស់ព្រះយេហូវ៉ាបានឡើយ ដែលជាមនុស្សដែលទុកចិត្តទៅលើព្រះយ៉ាងអស់ពីចិត្ត។—សុភាសិត ៣:៥, ៦
២២. តើអ្នកតែងបទទំនុកដំកើងប្រៀប«ដូចជាថង់ស្បែកដែលត្រូវផ្សែង»យ៉ាងដូចម្ដេច?
២២ បន្ទូលរបស់ព្រះពង្រឹងទំនុកចិត្តរបស់យើងទៅលើព្រះ ពេលដែលយើងទទួលទុក្ខបៀតបៀន។ (ទំនុកដំកើង ១១៩:៨១-៨៨) ដោយសារមនុស្សឆ្មើងឆ្មៃបានបៀតបៀនដល់អ្នកតែងបទទំនុកដំកើង គាត់មានអារម្មណ៍ថាខ្លួនប្រៀប«ដូចជាថង់ស្បែកដែលត្រូវផ្សែង»។ (ទំនុកដំកើង ១១៩:៨៣, ៨៦) នៅសម័យព្រះគម្ពីរគេបានធ្វើថង់ពីស្បែកសត្វ ដែលត្រូវប្រើដើម្បីដាក់ទឹក ស្រាក្រហមនិងធាតុរាវឯទៀត។ ហើយក្នុងកាលដែលឥតប្រើវា នោះថង់ស្បែកអាចទៅជារួញឬស្វិតបានបើទុកនៅជិតភ្លើងក្នុងបន្ទប់ដែលមិនមានបំពង់ផ្សែង។ តើទុក្ខលំបាកឬការបៀតបៀនធ្លាប់ធ្វើឲ្យអ្នកមានអារម្មណ៍ប្រៀប«ដូចជាថង់ស្បែកដែលត្រូវផ្សែង»ឬទេ? បើធ្លាប់មានមែន ចូរទុកចិត្តលើព្រះយេហូវ៉ានិងអធិស្ឋានថា៖ «សូមចំរើនកំឡាំងនៃទូលបង្គំ តាមសេចក្ដីសប្បុរសរបស់ទ្រង់ យ៉ាងនោះទូលបង្គំនឹងបានរក្សាសេចក្ដីបន្ទាល់ ដែលចេញពីព្រះឱស្ឋទ្រង់មក»។—ទំនុកដំកើង ១១៩:៨៨
២៣. តើយើងបានពិភាក្សាចំណុចអ្វីខ្លះ ក្នុងការសង្ខេបសេចក្ដីពីបទទំនុកដំកើងទី១១៩:១-៨៨? ហើយតើយើងអាចដណ្ដឹងសួរខ្លួនឯងអ្វី ពេលត្រៀមសិក្សាទំនុកដំកើង ១១៩:៨៩-១៧៦?
២៣ យើងបានពិភាក្សាចំណុចខ្លះៗពីទំនុកដំកើង ១១៩:១-៨៨ ដែលបញ្ជាក់ថាព្រះយេហូវ៉ារមែងបង្ហាញនូវសេចក្ដីសប្បុរសដ៏ស្មោះចំពោះអ្នកបំរើទ្រង់ ពីព្រោះពួកគេទុកចិត្តលើបន្ទូលរបស់ទ្រង់ ហើយពេញចិត្តចំពោះបញ្ញត្ដិ សេចក្ដីបន្ទាល់ សេចក្ដីបង្គាប់និងក្រិត្យវិន័យរបស់ទ្រង់។ (ទំនុកដំកើង ១១៩:១៦, ៤៧, ៦៤, ៧០, ៧៧, ៨៨) ព្រះយេហូវ៉ាសព្វព្រះហឫទ័យពេលដែលពួកអ្នកដែលមានភក្ដីភាពចំពោះទ្រង់ ប្រយ័តនឹងប្រព្រឹត្តតាមព្រះបន្ទូលទ្រង់។ (ទំនុកដំកើង ១១៩:៩, ១៧, ៤១, ៤២) ពេលដែលអ្នករង់ចាំសិក្សាតទៅទៀតនូវបទទំនុកដំកើងដ៏គួរឲ្យលើកទឹកចិត្តនេះ អ្នកប្រហែលជាចង់ដណ្ដឹងសួរខ្លួនអ្នកថា៖ ‹តើខ្ញុំពិតជាប្រើបន្ទូលរបស់ព្រះយេហូវ៉ាក្នុងការបំភ្លឺផ្លូវរបស់ខ្ញុំឬទេ?›។
[កំណត់សម្គាល់]
a នេះសំដៅទៅលើសាររបស់ព្រះយេហូវ៉ា មិនមែនរឿងទាំងឡាយក្នុងព្រះគម្ពីរដែលហៅថា ព្រះបន្ទូលរបស់ព្រះ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើសុភមង្គលពិតត្រូវផ្អែកលើអ្វី?
• តើបន្ទូលរបស់ព្រះយេហូវ៉ាជួយយើងរក្សាឲ្យមានភាពស្អាតស្អំខាងវិញ្ញាណបានយ៉ាងណា?
• តើបន្ទូលរបស់ព្រះជួយសំរាលទុក្ខនិងឲ្យចិត្តក្លាហានយ៉ាងដូចម្ដេច?
• ហេតុអ្វីបានជាយើងគួរមានជំនឿទៅលើព្រះយេហូវ៉ានិងបន្ទូលរបស់ទ្រង់?
[រូបភាពនៅទំព័រ១៩]
នាងរស់និងរ៉ាហាប ព្រមទាំងយុវជនសាសន៍ហេព្រើរដែលត្រូវនិរទេសនៅស្រុកបាប៊ីឡូន បាន‹ប្រយ័តនឹងប្រព្រឹត្តតាមព្រះបន្ទូលនៃព្រះ›
[រូបភាពនៅទំព័រ២០]
ប៉ុលបាននិយាយដោយចិត្តក្លាហានពេល‹ពោលពីសេចក្ដីបន្ទាល់របស់ព្រះនៅចំពោះពួកស្តេច›