បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៧ ទំ. ២៣-២៨
  • ចូរឲ្យព្រះបន្ទូលនៃព្រះបំភ្លឺផ្លូវរបស់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរឲ្យព្រះបន្ទូលនៃព្រះបំភ្លឺផ្លូវរបស់អ្នក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​ក៏​គួរ​ឲ្យ​ពេញ​ចិត្ត​នឹង​បន្ទូល​របស់​ព្រះ?
  • ចង្កៀង​ដល់​ជើង
  • បន្ទូល​របស់​ព្រះ​ទ្រទ្រង់​យើង
  • ចូរ​អធិស្ឋាន​ដោយ​ចិត្ត​ជឿ
  • ជំនួយ​តាម​រយៈ​សេចក្ដី​រំឭក​របស់​ព្រះ​យេហូវ៉ា
  • មាន​ភាព​សុខសាន្ត
  • ពន្លឺ​ដែល​បំភ្លឺ​ផ្លូវ​របស់​យើង​ជានិច្ច
  • ចូរទុកចិត្ដនឹងព្រះបន្ទូលរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ‹ចូរដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា›
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • តើអ្នកស្រឡាញ់សេចក្ដីរំឭករបស់ព្រះយេហូវ៉ាខ្លាំងបំផុតទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • តើអ្នកស្រឡាញ់បន្ទូលរបស់ព្រះប៉ុនណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៧ ទំ. ២៣-២៨

ចូរ​ឲ្យ​ព្រះ​បន្ទូល​នៃ​ព្រះ​បំភ្លឺ​ផ្លូវ​របស់​អ្នក

​«ព្រះ​បន្ទូល​នៃ​ទ្រង់ . . . ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល​បង្គំ»។—ទំនុកដំកើង ១១៩:១០៥

១, ២​. តើ​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​នឹង​បំភ្លឺ​ផ្លូវ​របស់​យើង​ឲ្យ​តែ​យើង​ធ្វើ​អ្វី?

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​នឹង​បំភ្លឺ​ផ្លូវ​របស់​យើង ឲ្យ​តែ​យើង​អនុញ្ញាត​ឲ្យ​មាន​ដូច្នេះ។ បើ​យើង​ចង់​ទទួល​ពន្លឺ​បែប​នោះ​ខាង​វិញ្ញាណ យើង​ត្រូវ​ធ្វើ​ជា​សិស្ស​ដែល​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​ការ​សិក្សា​ព្រះ​បន្ទូល​ជា​លាយ​លក្ខណ៍​អក្សរ​របស់​ព្រះ ហើយ​យើង​ក៏​ត្រូវ​អនុវត្ត​តាម​ឱវាទ​ពី​នោះ​ដែរ។ យើង​ត្រូវ​ធ្វើ​ដូច​នេះ​ទើប​យើង​អាច​មាន​ទស្សនៈ​ដូច​អ្នក​តែង​បទ​ទំនុកដំកើង​ដែល​ពោល​ថា​៖ «ព្រះ​បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល​បង្គំ​ផង»។—ទំនុកដំកើង ១១៩:១០៥

២ ឥឡូវ សូម​យើង​ពិចារណា​ទំនុកដំកើង ១១៩:៨៩​-​១៧៦។ វគ្គ​ទាំង​នេះ​ដែល​មាន​រង្វាស់​កាព្យ​ជា​១១​ល្បះ ពិត​ជា​មាន​ពត៌​មាន​ច្រើន​ណាស់! វគ្គ​ទាំង​នេះ​អាច​ជួយ​យើង​ដើរ​ជា​បន្ត​តាម​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត​ជា​រៀង​រហូត។—ម៉ាថាយ ៧:១៣, ១៤

ហេតុ​អ្វី​ក៏​គួរ​ឲ្យ​ពេញ​ចិត្ត​នឹង​បន្ទូល​របស់​ព្រះ?

៣​. តើ​ទំនុកដំកើង ១១៩:៨៩, ៩០ បង្ហាញ​យ៉ាង​ណា ថា​យើង​អាច​ទុក​ចិត្ត​លើ​បន្ទូល​របស់​ព្រះ?

៣ ការ​ពេញ​ចិត្ត​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​មាន​ភាព​លំនឹង​ខាង​វិញ្ញាណ។ (ទំនុកដំកើង ១១៩:៨៩​-​៩៦) អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​ថា​៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! ព្រះ​បន្ទូល​ទ្រង់​បាន​តាំង​នៅ​ស្ថានសួគ៌ . . . ទ្រង់​បាន​ប្រតិស្ឋាន​ផែនដី ហើយ​ផែនដី​ក៏​តាំង​នៅ​ជាប់»។ (ទំនុកដំកើង ១១៩:៨៩, ៩០) ស្រប​ទៅ​តាម​ព្រះ​បន្ទូល​នោះ មាន​«របៀប​នៅ​លើ​ផ្ទៃ​មេឃ» ពោល​គឺ ភព​ផ្សេងៗ​និង​ផ្កាយ​នានា​ធ្វើ​ចលនា​វិល​ជុំវិញ​អ័ក្ស​របស់​ខ្លួន​យ៉ាង​ឥតខ្ចោះ ហើយ​ផែនដី​បាន​ត្រូវ​តាំង​ឲ្យ​រឹង​មាំ​ជា​រៀង​រហូត។ (យ៉ូប ៣៨:៣១​-​៣៣; ទំនុកដំកើង ១០៤:៥) យើង​អាច​ទុក​ចិត្ត​លើ​អស់​ទាំង​ពាក្យ​ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ព្រះ​យេហូវ៉ា ដ្បិត​អ្វី​ដែល​ព្រះ​មាន​បន្ទូល​នោះ នឹង​«ចំរើន​កើន​ឡើង»​ក្នុង​ការ​សម្រេច​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។—អេសាយ ៥៥:៨​-​១១

៤​. ពេល​ដែល​អ្នក​បំរើ​ព្រះ​កើត​មាន​ទុក្ខ​ព្រួយ​នោះ តើ​ការ​ពេញ​ចិត្ត​ចំពោះ​បន្ទូល​ទ្រង់​អាច​ជួយ​ពួក​គេ​បាន​យ៉ាង​ណា?

៤ អ្នក​តែង​បទ​ទំនុកដំកើង​អាច‹វិនាស​ទៅ​ក្នុង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គាត់ បើ​គាត់​មិន​បាន​រីករាយ[ឬ​«ពេញ​ចិត្ត​នឹង»​, ខ.ស.]ក្រិត្យ​វិន័យ​របស់​ព្រះ›។ (ទំនុកដំកើង ១១៩:៩២) អ្នក​តែង​នោះ​មិន​បាន​កើត​ទុក្ខ​ព្រួយ​ដោយសារ​ទង្វើ​របស់​សាសន៍​ដទៃ​ទេ តែ​ជន​រំលង​ច្បាប់​ក្នុង​សាសន៍​អ៊ីស្រាអែល​ជា​អ្នក​ស្អប់​គាត់​វិញ។ (លេវីវិន័យ ១៩:១៧) ប៉ុន្តែ​ស្ថានការណ៍​នេះ​មិន​បាន​គ្រប​សង្កត់​ចិត្ត​គាត់​ទាំង​ស្រុង​ទេ ពីព្រោះ​គាត់​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ព្រះ​ដែល​ទ្រទ្រង់​គាត់​ប្រៀប​ដូច​ជា​បង្អែក​មួយ។ នៅ​ទី​ក្រុង​កូរិនថូស សាវ័ក​ប៉ុល​មាន‹អន្តរាយ​ក្នុង​ចំណោម​ពួក​បងប្អូន​ក្លែង​ក្លាយ› ដែល​ប្រហែល​ជា​រួម​បញ្ចូល​«ពួក​សាវក​យ៉ាង​ធំ​[ឬ​«អ្នក​ដែល​តាំង​ខ្លួន​ជា​មហា​គ្រីស្ត​ទូត»​, ខ.ស.]»​ដែល​រក​ហេតុ​ថ្កោល​ទោស​គាត់។ (កូរិនថូសទី២ ១១:៥, ១២​-​១៤, ២៦) ប៉ុន្តែ ប៉ុល​បាន​រួច​ខ្លួន​ខាង​វិញ្ញាណ​ដោយ​ព្រោះ​គាត់​ពេញ​ចិត្ត​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ។ ដោយសារ​យើង​ពេញ​ចិត្ត​និង​អនុវត្ត​តាម​ព្រះ​បន្ទូល​ជា​លាយ​លក្ខណ៍​អក្សរ​របស់​ព្រះ​យេហូវ៉ា យើង​ក៏​ស្រឡាញ់​បងប្អូន​របស់​យើង​ផង​ដែរ។ (យ៉ូហានទី១ ៣:១៥) សូម្បី​តែ​សេចក្ដី​សំអប់​ពី​លោកីយ៍​នេះ​ក៏​មិន​ធ្វើ​ឲ្យ​យើង​ភ្លេច​ការ​ណែនាំ​ពី​ព្រះ​ឡើយ។ យើង​បន្ត​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​ដោយ​មាន​សាមគ្គីភាព​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​របស់​យើង កាល​ដែល​យើង​សង្ឃឹម​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ក្ដី​អំណរ​ជា​និរន្តរ៍។—ទំនុកដំកើង ១១៩:៩៣

៥​. តើ​ស្តេច​អេសា​បាន​ស្វែង​រក​ព្រះ​ដោយ​ធ្វើ​អ្វី?

៥ បើ​យើង​ចង់​បញ្ជាក់​ពី​ចិត្ត​ភក្ដី​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា យើង​អាច​អធិស្ឋាន​ទូល​ថ្វាយ​ទ្រង់​ថា​៖ «ទូល​បង្គំ​ជា​របស់​ផង​ទ្រង់​ហើយ។ សូម​ជួយ​សង្គ្រោះ​ទូល​បង្គំ​ផង ដ្បិត​ទូល​បង្គំ​បាន​ស្វែង​រក​បញ្ញត្ត​ទ្រង់»។ (ទំនុកដំកើង ១១៩:៩៤) ស្តេច​អេសា​បាន​ស្វែង​រក​ព្រះ ហើយ​បាន​បំបាត់​ចោល​ការ​ក្បត់​ជំនឿ​ក្នុង​ស្រុក​យូដា។ នៅ​ឆ្នាំ​ទី១៥​នៃ​ការ​សោយ​រាជ្យ​របស់​ស្តេច​អេសា (ឆ្នាំ​៩៦៣ មុន​គ.ស.) ពេល​ដែល​ពួក​យូដា​មួយ​ចំនួន​ធំ​បាន​ជួប​ជុំ​គ្នា ពួក​គេ​បាន​«តាំង​សេចក្ដី​សញ្ញា ឲ្យ​បាន​ខំ​ប្រឹង​ស្វែង​រក​តាម​ព្រះ​យេហូវ៉ា»។ ព្រះ​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​«រក​ទ្រង់​ឃើញ» ហើយ​ទ្រង់​ក៏​«ប្រទាន​ឲ្យ​គេ​បាន​សេចក្ដី​ស្រាកស្រាន្ត នៅ​ព័ទ្ធ​ជុំវិញ»។ (របាក្សត្រទី២ ១៥:១០​-​១៥) គំរូ​នេះ​គួរ​លើក​ទឹក​ចិត្ត​អស់​អ្នក​ដែល​បាន​រសាត់​ចេញ​ពី​ក្រុមជំនុំ​គ្រីស្ទាន ឲ្យ​ចាប់​ផ្ដើម​ស្វែង​រក​ព្រះ​ម្ដង​ទៀត។ ព្រះ​នឹង​ប្រទាន​ពរ​ហើយ​ការពារ​អស់​អ្នក​ដែល​មាន​សកម្មភាព​ដោយ​មាន​ទំនាក់ទំនង​ម្ដង​ទៀត​ជា​មួយ​នឹង​រាស្ត្រ​ទ្រង់។

៦​. តើ​ដំណើរ​ជីវិត​បែប​ណា​អាច​ការពារ​យើង​ពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ?

៦ បន្ទូល​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​មាន​ប្រាជ្ញា​ដែល​អាច​ការពារ​យើង​ពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ។ (ទំនុកដំកើង ១១៩:៩៧​-​១០៤) សេចក្ដី​បង្គាប់​របស់​ព្រះ​ធ្វើ​ឲ្យ​មាន​ប្រាជ្ញា​លើស​ជាង​ខ្មាំង​សត្រូវ​របស់​យើង។ ការ​ធ្វើ​តាម​សេចក្ដី​បន្ទាល់​របស់​ព្រះ​នាំ​ឲ្យ​យើង​មាន​យោបល់​ឬ​ការ​ចេះ​ដឹង ហើយ‹ការ​រក្សា​អស់​ទាំង​បញ្ញត្ដិ​របស់​ទ្រង់​ក៏​ជួយ​យើង​យល់​បាន​ច្រើន​ជាង​ពួក​ចាស់ៗ​›។ (ទំនុកដំកើង ១១៩:៩៨​-​១០០) ប្រសិន​បើ​បន្ទូល​របស់​ព្រះ​យេហូវ៉ា‹ផ្អែម​នៅ​អណ្ដាត​យើង​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទៅ​ទៀត› នោះ​យើង​នឹង​ស្អប់​ហើយ​ចៀស​វាង​«អស់​ទាំង​ផ្លូវ​កំភូត»។ (ទំនុកដំកើង ១១៩:១០៣, ១០៤) នេះ​នឹង​ការពារ​យើង​ពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ពេល​ប្រឈម​មុខ​នឹង​មនុស្ស​ក្នុង​ជាន់​ក្រោយ​បង្អស់​នេះ ដែល​មាន​ឫក​ខ្ពស់ ចិត្ត​សាហាវ​និង​មិន​ចេះ​គោរព​ព្រះ។—ធីម៉ូថេទី២ ៣:១​-​៥

ចង្កៀង​ដល់​ជើង

៧, ៨​. ស្រប​ទៅ​តាម​ទំនុកដំកើង ១១៩:១០៥ តើ​យើង​គួរ​ធ្វើ​អ្វី?

៧ បន្ទូល​របស់​ព្រះ​ជា​ប្រភព​ពន្លឺ​ខាង​វិញ្ញាណ​ដែល​មិន​ចេះ​អស់។ (ទំនុកដំកើង ១១៩:១០៥​-​១១២) មិន​ថា​យើង​ជា​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ឬ​ជា​គូកន​របស់​ពួក​គាត់​ក្នុង​ចំណោម​«ចៀម​ឯ​ទៀត»​ក្ដី យើង​ប្រកាស​ប្រាប់​ថា​៖ «ព្រះ​បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល​បង្គំ​ផង»។ (យ៉ូហាន ១០:១៦; ទំនុកដំកើង ១១៩:១០៥) បន្ទូល​របស់​ព្រះ​ប្រៀប​ដូច​ជា​ចង្កៀង​ដែល​បំភ្លឺ​ផ្លូវ​របស់​យើង កុំ​ឲ្យ​យើង​ជំពប់​ដួល​ខាង​វិញ្ញាណ។ (សុភាសិត ៦:២៣) ប៉ុន្តែ យើង​ម្នាក់ៗ​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ជា​ចង្កៀង​ដល់​ជើង​យើង​ផ្ទាល់​ដែរ។

៨ យើង​ត្រូវ​តាំង​ចិត្ត​រឹង​មាំ​ដូច​អ្នក​សរសេរ​ទំនុកដំកើង​ទី១១​៩ ដែល​បាន​តាំង​ចិត្ត​មិន​បែរ​ចេញ​ពី​បញ្ញត្ដិ​របស់​ព្រះ។ គាត់​និយាយ​ថា​៖ «ទូល​បង្គំ​បាន​ស្បថ​ហើយ ក៏​នឹង​សំរេច​តាម​ថា ទូល​បង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ដ៏​សុចរិត​របស់[ព្រះ​យេហូវ៉ា]»។ (ទំនុកដំកើង ១១៩:១០៦) កុំ​ឲ្យ​យើង​មើលងាយ​នូវ​ប្រយោជន៍​ដែល​មក​ពី​ការ​សិក្សា​ព្រះ​គម្ពីរ​និង​ការ​ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ទៀងទាត់។

៩, ១០​. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច ថា​មនុស្ស​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ដល់​ព្រះ​យេហូវ៉ា​អាច​«វង្វេង​ចេញ​ពី​បញ្ញត្ត​ទ្រង់»​បាន? ប៉ុន្តែ តើ​យើង​អាច​ចៀស​វាង​ទង្វើ​នេះ​បាន​យ៉ាង​ណា?

៩ អ្នក​តែង​បទ​ទំនុកដំកើង​មិន​បាន‹វង្វេង​ចេញ​ពី​បញ្ញត្ដិ​ព្រះ​ទេ› តែ​នេះ​អាច​កើត​ឡើង​មែន​ចំពោះ​មនុស្ស​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ដល់​ព្រះ​យេហូវ៉ា។ (ទំនុកដំកើង ១១៩:១១០) ស្តេច​សាឡូម៉ូន​បាន​វង្វេង​ចេញ​ពី​ព្រះ ទោះបី​ជា​ទ្រង់​ជា​សមាជិក​នៃ​សាសន៍​មួយ​ដែល​បាន​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​យេហូវ៉ា​ក្ដី ហើយ​ទោះ​ជា​ទ្រង់​បាន​ប្រព្រឹត្ត​តាម​ប្រាជ្ញា​ពី​ព្រះ​តាំង​ពីដើម​ក៏​ដោយ។ «ស្ត្រី​សាសន៍​ដទៃ​បាន​នាំ​ឲ្យ​ទ្រង់​ធ្វើ​បាប​ដែរ» ដោយ​ញុះញង់​ឲ្យ​ទ្រង់​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត។—នេហេមា ១៣:២៦; ពង្សាវតារក្សត្រទី១ ១១:១​-​៦

១០ សាតាំង​ជា​«នាយ​ព្រាន»​ដែល​ដាក់​លប់​ច្រើន​ណាស់។ (ទំនុកដំកើង ៩១:៣) ជា​ឧទាហរណ៍ មនុស្ស​ដែល​ធ្លាប់​ថ្វាយ​បង្គំ​ជា​មួយ​នឹង​យើង ប្រហែល​ជា​ព្យាយាម​ញុះញង់​ឲ្យ​យើង​វង្វេង​ចេញ​ពី​ផ្លូវ​ដែល​ពេញ​ទៅ​ដោយ​ពន្លឺ​ខាង​វិញ្ញាណ ដោយ​ចូល​រួម​ជា​មួយ​អ្នក​ក្បត់​ជំនឿ​ដែល​ស្ថិត​ក្នុង​ភាព​ងងឹត​វិញ។ ក្នុង​ចំណោម​បងប្អូន​គ្រីស្ទាន​នៅ​ទី​ក្រុង​ធាទេរ៉ា មាន​«ស្ត្រី​ឈ្មោះ​យេសិបិល» ដែល​ប្រហែល​ជា​សំដៅ​ទៅ​លើ​ស្ត្រី​មួយ​ចំនួន​ដែល​បាន​បង្ហាត់​បង្រៀន​បងប្អូន​ឯ​ទៀត​ឲ្យ​ថ្វាយ​បង្គំ​រូប​ព្រះ​និង​ធ្វើ​អំពើ​កំផិត។ ព្រះ​យេស៊ូ​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​អំពើ​អាក្រក់​បែប​នោះ​ឡើយ ហើយ​យើង​ក៏​មិន​គួរ​ពេញ​ចិត្ត​នឹង​អំពើ​បែប​នោះ​ដែរ។ (វិវរណៈ ២:១៨​-​២២; យូដាស ៣, ៤) ហេតុ​នេះ​ហើយ ចូរ​ឲ្យ​យើង​អធិស្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​កុំ​ឲ្យ​យើង​វង្វេង​ចេញ​ពី​បញ្ញត្ដិ​ទ្រង់ ហើយ​បន្ត​ទទួល​ពន្លឺ​ពី​បន្ទូល​ទ្រង់​វិញ។—ទំនុកដំកើង ១១៩:​១១១, ១១២

បន្ទូល​របស់​ព្រះ​ទ្រទ្រង់​យើង

១១​. យោង​ទៅ​តាម​ទំនុកដំកើង ១១៩:១១៩ តើ​ព្រះ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​មនុស្ស​អាក្រក់?

១១ បើ​យើង​មិន​វង្វេង​ចេញ​ពី​បញ្ញត្ដិ​ព្រះ​ជានិច្ច ទ្រង់​នឹង​ទ្រទ្រង់​យើង​ប្រៀប​ដូច​ជា​បង្អែក​ដែរ។ (ទំនុកដំកើង ១១៩:១១៣​-​១២០) យើង​មិន​ពេញ​ចិត្ត​ចំពោះ​«អស់​អ្នក​ដែល​មាន​ចិត្ត​២» ដូច​ព្រះ​យេស៊ូ​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​មនុស្ស​សព្វ​ថ្ងៃ​នេះ​ដែល​អះអាង​ថា​ជា​ជន​គ្រីស្ទាន តែ​គ្រាន់​តែ​ស្ទើរៗ​ប៉ុណ្ណោះ។ (ទំនុកដំកើង ១១៩:១១៣; វិវរណៈ ៣:១៦) ព្រះ​យេហូវ៉ា​ជា‹ខែល​របស់​យើង›និង​ទ្រទ្រង់​យើង​ផង ពីព្រោះ​យើង​បំរើ​ទ្រង់​អស់​ពី​ចិត្ត។ ព្រះ​យេហូវ៉ា​នឹង‹លើក​ថ្លឹង​[ឬ​«បោះ​ចោល»​, ព.ថ.]អស់​អ្នក​ដែល​វង្វេង​ចេញ​ពី​បញ្ញត្ដិ​ទ្រង់› ដោយ​ប្រវា​រក​សេចក្ដី​ឆបោក​និង​សេចក្ដី​កំភូត។ (ទំនុកដំកើង ១១៩:​១១៤, ១១៧, ១១៨; សុភាសិត ៣:៣២) ព្រះ​យេហូវ៉ា​ចាត់​ទុក​មនុស្ស​អាក្រក់​បែប​នោះ​ជា‹ពពុះ​ដែល​ចេញ​ពី​ឆ្នាំ​ង[ឬ​«កម្ទេច​សម្រាម»​, ខ.ស.]› ដូច​ជា​សម្រាម​ដែល​ចេញ​ពី​លោហធាតុ​ថ្លៃ​ដូច​ជា​ប្រាក់​និង​មាស។ (ទំនុកដំកើង ១១៩:១១៩; សុភាសិត ១៧:៣) ចូរ​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជានិច្ច​ចំពោះ​សេចក្ដី​បន្ទាល់​របស់​ព្រះ ដ្បិត​យើង​មិន​ចង់​រួម​ចំណែក​ជា​មួយ​នឹង​មនុស្ស​អាក្រក់​ដែល​ត្រូវ​វិនាស​ទៅ​ដូច​ជា​ពពុះ​សម្រាម​នោះ​ឡើយ!

១២​. ហេតុ​អ្វី​ក៏​ការ​កោត​ខ្លាច​ព្រះ​ជា​អ្វី​ដែល​សំខាន់​ម្ល៉េះ?

១២ អ្នក​តែង​បទ​ទំនុកដំកើង​បាន​មាន​ប្រសាសន៍​ថា​៖ «រូប​សាច់​ទូល​បង្គំ​ញ័រ​ញាក់ ដោយ​ភ័យ​ខ្លាច​ដល់​ទ្រង់[ព្រះ​យេហូវ៉ា]»។ (ទំនុកដំកើង ១១៩:១២០) យើង​បង្ហាញ​ចិត្ត​កោត​ខ្លាច​ចំពោះ​ព្រះ​ដោយ​ចៀស​ចេញ​ពី​អ្វី​ដែល​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ ហើយ​នេះ​ជា​ការ​ចាំបាច់​ណាស់​បើ​យើង​ចង់​ឲ្យ​ទ្រង់​ទ្រទ្រង់​យើង​ដែល​ជា​អ្នក​បំរើ​របស់​ទ្រង់។ ការ​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​បាន​នាំ​ឲ្យ​លោក​យ៉ូប​មាន​របៀប​រស់​នៅ​ដ៏​សុចរិត។ (យ៉ូប ១:១; ២៣:១៥) ការ​កោត​ខ្លាច​ចំពោះ​ព្រះ​អាច​ជួយ​យើង​ពុះពារ​ទៅ​មុខ​តាម​មាគ៌ា​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ មិន​ថា​យើង​ត្រូវ​ស៊ូទ្រាំ​នឹង​អ្វីៗ​ក៏​ដោយ។ ក៏​ប៉ុន្តែ ការ​ស៊ូទ្រាំ​តម្រូវ​ឲ្យ​យើង​អធិស្ឋាន​ដោយ​ចិត្ត​ជឿ។—យ៉ាកុប ៥:១៥

ចូរ​អធិស្ឋាន​ដោយ​ចិត្ត​ជឿ

១៣​-​១៥​. (ក) ហេតុ​អ្វី​ក៏​យើង​អាច​ជឿ​ថា ព្រះ​នឹង​ធ្វើ​តាម​សេចក្ដី​អធិស្ឋាន​របស់​យើង? (ខ) បើ​យើង​មិន​ដឹង​ទូល​អ្វី​ពេល​អធិស្ឋាន តើ​អាច​មាន​អ្វី​កើត​ឡើង? (គ) សូម​ពន្យល់​នូវ​របៀប​ដែល​ទំនុកដំកើង ១១៩:១២១​-​១២៨ អាច​ទាក់ទង​នឹង‹ដំងូរ​ដែល​យើង​រក​ថ្លែង​ពុំ​បាន›ពេល​អធិស្ឋាន។

១៣ យើង​អាច​អធិស្ឋាន​ដោយ​ចិត្ត​ជឿ​ថា​ព្រះ​នឹង​សំរេច​ការ​ដើម្បី​ជួយ​យើង។ (ទំនុកដំកើង ១១៩:១២១​-​១២៨) ដូច​អ្នក​តែង​បទ​ទំនុកដំកើង យើង​ក៏​ជឿជាក់​ថា ព្រះ​នឹង​ធ្វើ​តាម​សេចក្ដី​អធិស្ឋាន​របស់​យើង។ ហេតុ​អ្វី? ពីព្រោះ​យើង​ស្រឡាញ់​សេចក្ដី​បង្គាប់​របស់​ព្រះ​«ច្រើន​ជាង​មាស​សុទ្ធ​ផង»។ ម្យ៉ាង​ទៀត ‹យើង​រាប់​អស់​ទាំង​បញ្ញត្ដិ​របស់​ព្រះ​ថា ជា​ត្រឹម​ត្រូវ​គ្រប់​ប្រការ›។—ទំនុកដំកើង ១១៩:​១២៧, ១២៨

១៤ ព្រះ​យេហូវ៉ា​សណ្ដាប់​ទំនូល​អង្វរ​របស់​យើង​ពីព្រោះ​យើង​អធិស្ឋាន​ដោយ​ចិត្ត​ជឿ​ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​ទ្រង់​ផង។ (ទំនុកដំកើង ៦៥:២) ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​យើង​មាន​បញ្ហា​ម្ដងម្កាល​ដែល​ធ្វើ​ឲ្យ​សុញ​គំនិត ហើយ​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​ទូល​យ៉ាង​ណា? បើ​ដូច្នេះ «វិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ»។ (រ៉ូម ៨:២៦, ២៧) ក្នុង​គ្រា​លំបាក​បែប​នោះ ព្រះ​សព្វ​ព្រះ​ហឫទ័យ​ទទួល​ស្គាល់​សេចក្ដី​ដែល​ចែង​ទុក​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់​ជំនួស​ទំនូល​អង្វរ​របស់​យើង​ផ្ទាល់។

១៥ ក្នុង​ព្រះ​គម្ពីរ មាន​សេចក្ដី​អធិស្ឋាន​និង​គំនិត​ផ្សេងៗ​ជា​ច្រើន​ដែល​សម​ស្រប​នឹង‹ដំងូរ​ដែល​យើង​រក​ថ្លែង​ពុំ​បាន›។ ជា​ឧទាហរណ៍ សូម​ពិចារណា​មើល​ទំនុកដំកើង ១១៩:១២១​-​១២៨។ សំណេរ​ក្នុង​ខ​ទាំង​នោះ​ប្រហែល​ជា​ទាក់ទង​នឹង​កាលៈទេសៈ​របស់​យើង។ ជា​ឧទាហរណ៍ បើ​យើង​ខ្លាច​អ្នក​ដទៃ​មក​គ្រប​សង្កត់​សង្កិន​ឬ​បោក​ប្រាស​យើង ប្រហែល​ជា​យើង​អាច​សុំ​ជំនួយ​ពី​ព្រះ​តាម​របៀប​ដែល​អ្នក​តែង​បទ​ទំនុកដំកើង​បាន​សរសេរ​នោះ។ (ខ​១២១​-​១២៣) ចុះ​យ៉ាង​ណា​បើ​យើង​ត្រូវ​សម្រេច​ចិត្ត​អំពី​រឿង​សំខាន់​មួយ? យើង​អាច​អធិស្ឋាន​សុំ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​ជួយ​យើង​នឹក​ឃើញ​និង​ធ្វើ​តាម​សេចក្ដី​បន្ទាល់​ឬ​សេចក្ដី​រំឭក​របស់​ទ្រង់។ (ខ​១២៤, ១២៥) ទោះបី​យើង​«ស្អប់​ដល់​គ្រប់​ទាំង​ផ្លូវ​កំភូត»​ក៏​ដោយ យើង​ប្រហែល​ជា​ត្រូវ​សុំ​ព្រះ​សំរេច​ការ​ជួយ​កុំ​ឲ្យ​យើង​ចុះ​ចាញ់​នឹង​អ្វី​ដែល​ល្បួង​ឲ្យ​រំលង​ក្រិត្យ​វិន័យ​របស់​ទ្រង់។ (ខ​១២៦​-​១២៨) បើ​យើង​អាន​ព្រះ​គម្ពីរ​រាល់​ថ្ងៃ យើង​ប្រហែល​ជា​នឹង​នឹក​ឃើញ​ខ​ល្អៗ​បែប​នេះ​ពេល​ដែល​យើង​អង្វរ​ព្រះ​យេហូវ៉ា។

ជំនួយ​តាម​រយៈ​សេចក្ដី​រំឭក​របស់​ព្រះ​យេហូវ៉ា

១៦, ១៧​. (ក) ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ការ​សេចក្ដី​រំឭក​ពី​ព្រះ? ហើយ​តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​សេចក្ដី​រំឭក​ទាំង​នោះ? (ខ) តើ​មនុស្ស​ដទៃ​ប្រហែល​ជា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​យើង? ប៉ុន្តែ តើ​អ្វី​ទៅ​ជា​រឿង​សំខាន់?

១៦ បើ​យើង​ចង់​ឲ្យ​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង ហើយ​ចង់​ទទួល​ព្រះ​គុណ​ពី​ទ្រង់ យើង​ត្រូវ​ធ្វើ​តាម​សេចក្ដី​បន្ទាល់​ឬ​សេចក្ដី​រំឭក​ពី​ទ្រង់។ (ទំនុកដំកើង ១១៩:១២៩​-​១៣៦) ដោយសារ​យើង​ចេះ​តែ​ភ្លេច​នោះ យើង​ត្រូវ​ការ​សេចក្ដី​រំឭក​របស់​ទ្រង់​ដែល​សុទ្ធតែ​អស្ចារ្យ ដើម្បី​នាំ​ឲ្យ​យើង​នឹក​គិត​ពី​ការ​ណែនាំ​និង​សេចក្ដី​បង្គាប់​របស់​ទ្រង់។ យើង​ពិត​ជា​អបអរ​មែន ពេល​ទទួល​ពន្លឺ​ខាង​វិញ្ញាណ​ដោយសារ​ការ​បើក​សំដែង​ថ្មីៗ​ពី​បន្ទូល​របស់​ព្រះ។ (ទំនុកដំកើង ១១៩:១២៩, ១៣០) យើង​ក៏​មាន​ចិត្ត​កតញ្ញូ​ដែរ ដែល​ព្រះ​យេហូវ៉ា​បាន‹ឲ្យ​ព្រះ​ភក្ដ្រ​ទ្រង់​ភ្លឺ​មក​លើ​យើង›ដោយ​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង​ទោះបី‹ទឹក​ភ្នែក​យើង​ហូរ​រហាម›ក្ដី ដោយ​ព្រោះ​មនុស្ស​ដទៃ​បំពាន​លើ​ក្រិត្យ​វិន័យ​របស់​ព្រះ។—ទំនុកដំកើង ១១៩:១៣៥, ១៣៦; ជនគណនា ៦:២៥

១៧ យើង​ពិត​ជា​អាច​មាន​ព្រះ​គុណ​ពី​ព្រះ​ជា​ដរាប​បាន បើ​យើង​ធ្វើ​តាម​សេចក្ដី​បន្ទាល់​ឬ​សេចក្ដី​រំឭក​របស់​ទ្រង់​ដែល​សុទ្ធតែ​សុចរិត។ (ទំនុកដំកើង ១១៩:១៣៧​-​១៤៤) ក្នុង​នាម​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា យើង​ទទួល​ស្គាល់​ថា ទ្រង់​មាន​សិទ្ធិ​រំឭក​យើង​ពី​សេចក្ដី​បន្ទាល់​របស់​ទ្រង់ និង​បង្គាប់​ឲ្យ​យើង​ធ្វើ​តាម​សេចក្ដី​បន្ទាល់​នោះ។ (ទំនុកដំកើង ១១៩:១៣៨) បើ​អ្នក​តែង​បទ​ទំនុកដំកើង​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ ហេតុ​អ្វី​បាន​ជា​គាត់​និយាយ​ថា​៖ «ទូល​បង្គំ​ជា​អ្នក​តូច ហើយ​ត្រូវ​គេ​មើលងាយ»។ (ទំនុកដំកើង ១១៩:១៤១) តាម​មើល​ទៅ គាត់​បាន​សំដៅ​ទៅ​លើ​ទស្សនៈ​របស់​សត្រូវ​ចំពោះ​គាត់។ បើ​យើង​រក្សា​ឲ្យ​មាន​ជំហរ​រឹង​មាំ​ដោយ​មិន​ព្រម​លះ​ចោល​គោលការណ៍​សុចរិត​នោះ មនុស្ស​ដទៃ​ប្រហែល​ជា​នឹង​មើលងាយ​យើង​ដែរ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​បំផុត គឺ​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង​ដោយសារ​យើង​ធ្វើ​តាម​សេចក្ដី​រំឭក​ដ៏​សុចរិត​របស់​ទ្រង់។

មាន​ភាព​សុខសាន្ត

១៨, ១៩​. តើ​មាន​លទ្ធផល​អ្វី​ពី​ការ​ធ្វើ​តាម​សេចក្ដី​រំឭក​របស់​ព្រះ?

១៨ ការ​ធ្វើ​តាម​សេចក្ដី​រំឭក​របស់​ព្រះ​ជួយ​យើង​រក្សា​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់។ (ទំនុកដំកើង ១១៩:១៤៥​-​១៥២) ដោយ​សារ​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​រំឭក​របស់​ព្រះ​យេហូវ៉ា យើង​មាន​អារម្មណ៍​មិន​ទើសទាល់​ទេ ក្នុង​ការ​អង្វរ​ទ្រង់​អស់​ពី​ដួង​ចិត្ត ហើយ​ក៏​សង្ឃឹម​ថា​ទ្រង់​នឹង​សណ្ដាប់​យើង​ផង។ យើង​ប្រហែល​ជា​ភ្ញាក់​«មុន​ពេល​ព្រលឹម​ស្រាង»​ហើយ​បន្លឺ​សម្លេង​សុំ​ជំនួយ។ នោះ​ពិត​ជា​ម៉ោង​ល្អ​ឲ្យ​អធិស្ឋាន! (ទំនុកដំកើង ១១៩:១៤៥​-​១៤៧) ព្រះ​ក៏​ចូល​មក​ជិត​យើង​ពីព្រោះ​យើង​ចៀស​វាង​អំពើ​អាសអាភាស ហើយ​ចាត់​ទុក​បន្ទូល​របស់​ទ្រង់​ជា​សេចក្ដី​ពិត ដូច​ព្រះ​យេស៊ូ​បាន​ធ្វើ​ដែរ។ (ទំនុកដំកើង ១១៩:១៥០, ១៥១; យ៉ូហាន ១៧:១៧) ចំណង​មេត្រីភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ក៏​ជួយ​ទ្រទ្រង់​យើង​ក្នុង​លោកីយ៍​ដ៏​ច្របូកច្របល់​នេះ ហើយ​នឹង​ពង្រឹង​កម្លាំង​យើង​ឲ្យ​ឆ្លង​កាត់​សង្គ្រាម​ដ៏​ធំ​របស់​ព្រះ​នៅ​អើម៉ាគេដូន។—វិវរណៈ ៧:៩, ១៤; ១៦:១៣​-​១៦

១៩ ដោយសារ​យើង​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បន្ទូល​របស់​ព្រះ យើង​ក៏​មាន​ភាព​សុខសាន្ត​ពិត​ផង​ដែរ។ (ទំនុកដំកើង ១១៩:១៥៣​-​១៦០) មិន​ដូច​មនុស្ស​អាក្រក់ យើង‹មិន​បែរ​ចេញ​ពី​សេចក្ដី​បន្ទាល់​[ឬ​«សេចក្ដី​រំឭក»​, ព.ថ.]​របស់​ព្រះ​យេហូវ៉ា​ឡើយ›។ យើង​ស្រឡាញ់​បញ្ញត្ដិ​របស់​ព្រះ ដូច្នេះ​យើង​មាន​ភាព​សុខសាន្ត​ដោយ​សារ​ទ្រង់​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​យើង។ (ទំនុកដំកើង ១១៩:១៥៧​-​១៥៩) សេចក្ដី​បន្ទាល់​ឬ​សេចក្ដី​រំឭក​របស់​ព្រះ​យេហូវ៉ា​ជួយ​ដាស់​ស្មារតី​យើង​ឲ្យ​នឹក​ចាំ​ពី​អ្វី​ដែល​ទ្រង់​តម្រូវ​ពី​យើង​ក្នុង​កាលៈទេសៈ​ផ្សេងៗ។ ផ្ទុយ​ទៅ​វិញ បញ្ញត្ដិ​របស់​ព្រះ​ជា​សេចក្ដី​បង្គាប់ ហើយ​យើង​ទទួល​ស្គាល់​ថា ព្រះ​មាន​សិទ្ធិ​ណែនាំ​ផ្លូវ​របស់​យើង​ពីព្រោះ​ទ្រង់​ជា​អ្នក​បង្កើត​អ្វីៗ​ទាំង​អស់។ យើង​ដឹង​ថា ‹អស់​ទាំង​ព្រះ​បន្ទូល​របស់​ព្រះ​សុទ្ធតែ​ពិត​ត្រង់​ទាំង​អស់› ហើយ​យើង​មិន​អាច​ដំរង់​ជំហាន​របស់​ខ្លួន​ដោយ​មិន​ផ្អែក​លើ​ទ្រង់​ទេ ដូច្នេះ យើង​ទទួល​ការ​ណែនាំ​ពី​ព្រះ​ដោយ​ចិត្ត​សប្បាយ។—ទំនុកដំកើង ១១៩:១៦០; យេរេមា ១០:២៣

២០​. តើ​យើង​មាន​«សេចក្ដី​សុខ​ដ៏​លើស​លប់» ដោយ​ព្រោះ​អ្វី?

២០ ដោយសារ​យើង​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា នេះ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខសាន្ត​ដ៏​លើស​លប់។ (ទំនុកដំកើង ១១៩:១៦១​-​១៦៨) ការ​ទទួល​ទុក្ខ​បៀតបៀន​មិន​អាច​ហូត​ចេញ​នូវ​«សេចក្ដី​សុខសាន្ត​របស់​ព្រះ»​ដែល​គ្មាន​អ្វី​ប្រៀបផ្ទឹម​បាន​ទេ។ (ភីលីព ៤:៦, ៧) យើង​អបអរ​ចំពោះ​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ដល់​ម្ល៉េះ​បាន​ជា​យើង​អរ​ព្រះ​គុណ​សរសើរ​ទ្រង់​ជា​ញឹកញយ គឺ​«ក្នុង​១​ថ្ងៃ ៧​ដង» ដោយសារ​មាន​ច្បាប់​ទាំង​នោះ។ (ទំនុកដំកើង ១១៩:១៦១​-​១៦៤) អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​ថា​៖ «ពួក​អ្នក​ដែល​ស្រឡាញ់​ក្រិត្យ​វិន័យ​ទ្រង់ នោះ​មាន​សេចក្ដី​សុខ​ដ៏​លើស​លប់ ហើយ​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ»។ (ទំនុកដំកើង ១១៩:១៦៥) បើ​យើង​ម្នាក់ៗ​ស្រឡាញ់​និង​ធ្វើ​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា យើង​នឹង​មិន​ជំពប់​ដួល​ខាង​វិញ្ញាណ​ដោយ​សារ​ទង្វើ​របស់​អ្នក​ដទៃ​ឬ​រឿង​ណា​ទៀត​ឡើយ។

២១​. តើ​មាន​គំរូ​អ្វី​ខ្លះ​ពី​ព្រះ​គម្ពីរ​ដែល​បង្ហាញ​ថា​យើង​មិន​គួរ​ជំពប់​ដួល​បើ​មាន​រឿងរ៉ាវ​ក្នុង​ក្រុមជំនុំ?

២១ បុគ្គល​ជា​ច្រើន​ក្នុង​កំណត់​ហេតុ​ព្រះ​គម្ពីរ​មិន​បាន​អនុញ្ញាត​ឲ្យ​មាន​អ្វីៗ​ធ្វើ​ឲ្យ​ពួក​គេ​ជំពប់​ដួល​ជា​រៀង​រហូត​ទេ។ ជា​ឧទាហរណ៍ បុរស​គ្រីស្ទាន​ម្នាក់​ឈ្មោះ​កៃយុស មិន​បាន​ជំពប់​ដួល​ដោយសារ​ឌីអូត្រេព​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ព្រះ​ឡើយ តែ​កៃយុស​បាន​បន្ត‹ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ដូច​គាត់​ធ្លាប់›ពី​មុន។ (យ៉ូហានទី៣ ១​-​៣, ៩, ១០) ប៉ុល​បាន​ទូន្មាន​ស្ត្រី​គ្រីស្ទាន​ឈ្មោះ​អ៊ើរ៉ូឌា​និង​ស៊ុនទីច​«ឲ្យ​មូល​គំនិត​តែ​១​ក្នុង​ព្រះ​អម្ចាស់» ប្រហែល​ជា​ដោយសារ​មាន​ជំទាស់​រវាង​បុគ្គល​ពីរ​នាក់​នោះ។ តាម​មើល​ទៅ ស្ត្រី​ទាំង​ពីរ​នាក់​នោះ​បាន​ទទួល​ជំនួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​ពួក​គាត់​មាន ហើយ​បាន​បន្ត​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់។ (ភីលីព ៤:២, ៣) ដូច្នេះ មិន​គួរ​ឲ្យ​យើង​ជំពប់​ដួល​ទេ បើ​មាន​រឿងរ៉ាវ​ណា​មួយ​ក្នុង​ក្រុមជំនុំ។ ចូរ​ឲ្យ​យើង​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា​ដោយ​ប្រុង​ស្មារតី​ជានិច្ច ហើយ​ចាំ​ថា ‹អស់​ទាំង​ផ្លូវ​ដែល​យើង​ប្រព្រឹត្ត នោះ​សុទ្ធតែ​នៅ​ចំពោះ​ទ្រង់​ហើយ›។ (ទំនុកដំកើង ១១៩:១៦៨; សុភាសិត ១៥:៣) បើ​ដូច្នេះ គ្មាន​អ្វី​សោះ​អាច​ដក​ហូត​នូវ​«សេចក្ដី​សុខ​ដ៏​លើស​លប់»​ចេញ​ពី​យើង​បាន​ឡើយ។

២២​. (ក) បើ​យើង​ស្ដាប់​បង្គាប់​ព្រះ តើ​យើង​អាច​ទទួល​ឯកសិទ្ធិ​អ្វី? (ខ) តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​បងប្អូន​ខ្លះ​ដែល​បាន​វង្វេង​ចេញ​ពី​ក្រុមជំនុំ​គ្រីស្ទាន?

២២ ប្រសិន​បើ​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ជានិច្ច យើង​នឹង​មាន​ឯកសិទ្ធិ​សរសើរ​ទ្រង់​ជា​រៀង​រហូត។ (ទំនុកដំកើង ១១៩:១៦៩​-​១៧៦) បើ​យើង​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​របស់​ព្រះ យើង​នឹង​មិន​គ្រាន់​តែ​មាន​ភាព​សុខសាន្ត​ខាង​វិញ្ញាណ​ប៉ុណ្ណោះ​ទេ តែ‹បបូរ​មាត់​របស់​យើង​នឹង​បន្ត​ពោល​ពាក្យ​សរសើរ›ដែរ។ (ទំនុកដំកើង ១១៩:១៦៩​-​១៧១, ១៧៤) នេះ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​បំផុត​ដែល​យើង​អាច​មាន​ក្នុង​ជាន់​ក្រោយ​បង្អស់​នេះ។ អ្នក​តែង​បទ​ទំនុកដំកើង​មាន​ចិត្ត​ចង់​រស់​និង​សរសើរ​ព្រះ​យេហូវ៉ា​ជានិច្ច តែ​យើង​មិន​ដឹង​ថា​មូលហេតុ​អ្វី​បាន​ជា គាត់​«បាន​វង្វេង​ទៅ ដូច​ជា​ចៀម​បាត់បង់»។ (ទំនុកដំកើង ១១៩:១៧៥, ១៧៦) បងប្អូន​ខ្លះ​ដែល​វង្វេង​ចេញ​ពី​ក្រុមជំនុំ​គ្រីស្ទាន​ប្រហែល​ជា​នៅ​តែ​ស្រឡាញ់​ព្រះ​និង​ចង់​សរសើរ​ទ្រង់​ទៀត។ ដូច្នេះ ចូរ​ឲ្យ​យើង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ពួក​គាត់​រក​ឃើញ​នូវ​ភាព​សុខសាន្ត​ខាង​វិញ្ញាណ​ម្ដង​ទៀត និង​មាន​អំណរ​ដែល​មក​ពី​ការ​សរសើរ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​រាស្ត្រ​ទ្រង់។—ហេព្រើរ ១៣:១៥; ពេត្រុសទី១ ៥:៦, ៧

ពន្លឺ​ដែល​បំភ្លឺ​ផ្លូវ​របស់​យើង​ជានិច្ច

២៣, ២៤​. តើ​អ្នក​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​បទ​ទំនុកដំកើង​ទី១១​៩?

២៣ យើង​អាច​ទទួល​ប្រយោជន៍​តាម​របៀប​ផ្សេងៗ​ពី​បទ​ទំនុកដំកើង​ទី១១​៩។ ជា​ឧទាហរណ៍ ទំនុក​មួយ​នេះ​អាច​ជួយ​យើង​ពឹងផ្អែក​លើ​ព្រះ​ឲ្យ​បាន​ច្រើន​ជាង ដ្បិត​បទ​នេះ​បង្ហាញ​ថា ពរ​ឬ​សុភមង្គល​ពិត​តែង​មក​ពី​ការ​«ដើរ​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា»។ (ទំនុកដំកើង ១១៩:១) អ្នក​តែង​បទ​ទំនុកដំកើង​រំឭក​យើង​ថា ‹អស់​ទាំង​ព្រះ​បន្ទូល​របស់​ព្រះ​សុទ្ធតែ​ពិត​ត្រង់​ទាំង​អស់›។ (ទំនុកដំកើង ១១៩:១៦០) នេះ​ច្បាស់​ជា​គួរ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​អបអរ​កាន់​តែ​ច្រើន​ចំពោះ​ព្រះ​បន្ទូល​ទាំង​មូល​របស់​ព្រះ​ដែល​ជា​លាយ​លក្ខណ៍​អក្សរ។ ការ​រំពឹង​គិត​លើ​ទំនុកដំកើង​ទី១១​៩ គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​សិក្សា​ព្រះ​គម្ពីរ​ដោយ​ខ្នះខ្នែង។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​អង្វរ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ «សូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូល​បង្គំ»។ (ទំនុកដំកើង ១១៩:១២, ៦៨, ១៣៥) គាត់​ក៏​បាន​អង្វរ​ថា​៖ «សូម​បង្រៀន​ឲ្យ​ទូល​បង្គំ​មាន​ប្រាជ្ញា​ធ្លុះ​យល់ ហើយ​ចេះ​ដឹង​យ៉ាង​ល្អ ដ្បិត​ទូល​បង្គំ​បាន​ជឿ​ចំពោះ​សេចក្ដី​បង្គាប់​នៃ​ទ្រង់​ហើយ»។ (ទំនុកដំកើង ១១៩:៦៦) យើង​ក៏​គួរ​អធិស្ឋាន​ដូច​នេះ​ដែរ។

២៤ សេចក្ដី​បង្រៀន​ពី​ព្រះ​អាច​បើក​លទ្ធភាព​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ជិត​សិទ្ធិ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ម្ដង​ហើយ​ម្ដង​ទៀត អ្នក​តែង​បទ​ទំនុកដំកើង​ហៅ​ខ្លួន​ជា​អ្នក​បំរើ​របស់​ព្រះ។ ការ​ពិត គាត់​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​ដោយ​ប្រើ​ពាក្យ​ដែល​បង្ហាញ​នូវ​ភាព​កក់ក្ដៅ​ថា​៖ «ទូល​បង្គំ​ជា​របស់​ផង​ទ្រង់​ហើយ»។ (ទំនុកដំកើង ១១៩:១៧, ៦៥, ៩៤, ១២២, ១២៥; រ៉ូម ១៤:៨) ការ​បំរើ​និង​សរសើរ​ព្រះ​យេហូវ៉ា​ជា​ស្មរបន្ទាល់​របស់​ទ្រង់ ពិត​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មែន! (ទំនុកដំកើង ១១៩:៧) តើ​អ្នក​កំពុង​តែ​បំរើ​ព្រះ​ដោយ​ក្ដី​អំណរ ហើយ​ធ្វើ​ជា​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ឬ​ទេ? បើ​កំពុង​តែ​ធ្វើ​ជា​អ្នក​ប្រកាស​មែន ចូរ​ជឿជាក់​ថា ព្រះ​យេហូវ៉ា​នឹង​ទ្រទ្រង់​ហើយ​ប្រទាន​ពរ​លើ​អ្នក​ជា​បន្ត​ក្នុង​កិច្ច​ការ​ពិសេស​នេះ ឲ្យ​តែ​អ្នក​ទុក​ចិត្ត​ទៅ​លើ​ព្រះ​បន្ទូល​នៃ​ព្រះ​និង​អនុញ្ញាត​ឲ្យ​បន្ទូល​នោះ​បំភ្លឺ​ផ្លូវ​របស់​អ្នក​ជានិច្ច។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ហេតុ​អ្វី​ក៏​យើង​គួរ​ពេញ​ចិត្ត​នឹង​បន្ទូល​របស់​ព្រះ?

• តើ​បន្ទូល​របស់​ព្រះ​ទ្រទ្រង់​យើង​យ៉ាង​ណា?

• តើ​សេចក្ដី​រំឭក​របស់​ព្រះ​យេហូវ៉ា​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

• ហេតុ​អ្វី​បាន​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ភាព​សុខសាន្ត?

[រូបភាព​នៅ​ទំព័រ​២៥]

បើ​យើង​ស្រឡាញ់​សេចក្ដី​រំឭក​ពី​ព្រះ​យេហូវ៉ា ទ្រង់​នឹង​មិន​ចាត់​ទុក​យើង​ជា‹ពពុះ​សម្រាម›ឡើយ

[រូបភាព​នៅ​ទំព័រ​២៦]

បើ​យើង​អាន​ព្រះ​គម្ពីរ​រាល់​ថ្ងៃ យើង​ប្រហែល​ជា​នឹង​នឹក​ឃើញ​ខ​ល្អៗ​ពេល​អធិស្ឋាន​ដែល​អាច​ជួយ​យើង​បាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក