បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៩ ទំ. ២៩-ទំ. ៣២ វ. ១១
  • គោលសំខាន់ៗពីសៀវភៅសាំយូអែលទី២

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅសាំយូអែលទី២
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ដាវីឌ​«ចំរើន​កាន់​តែ​ខ្លាំង​ឡើង»
  • (សាំយូអែលទី២ ១:១​–​១០:១៩)
  • ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​មាន​ការ​អាក្រក់​កើត​ឡើង ដល់​អ្នក​រើស​តាំង​របស់​ទ្រង់
  • (សាំយូអែលទី២ ១១:១​–​២០:២៦)
  • សូម​ឲ្យ​យើង​ធ្លាក់ «ទៅ​ក្នុង​កណ្ដាប់​ព្រះ​ហស្ត​នៃ​ព្រះ​យេហូវ៉ា»
  • (សាំយូអែលទី២ ២១:១​–​២៤:២៥)
  • យើង​អាច​ធ្វើ​ជា​អ្នក​«ដែល​ត្រូវ នឹង​ព្រះ​ហឫទ័យ​ទ្រង់»
  • ចូរពឹងលើវិញ្ញាណរបស់ព្រះពេលប្រឈមមុខនឹងការប្រែប្រួលក្នុងជីវិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • សេចក្ដីសង្ខេបពីសាំយូអែលទី២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • «សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្ដតាមព្រះហឫទ័យទ្រង់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ជនជាតិអ៊ីស្រាអែលចង់មានស្តេច
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៩ ទំ. ២៩-ទំ. ៣២ វ. ១១

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​សាំយូអែលទី២

តើ​ការ​ទទួល​ស្គាល់​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ស្ដាប់​បង្គាប់​ទ្រង់​យ៉ាង​ល្អ​ឥតខ្ចោះ​ឬ? តើ​បុគ្គល​ដែល​បង្ហាញ​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​តែង​តែ​ធ្វើ​អ្វី​ត្រឹម​ត្រូវ​ចំពោះ​ព្រះ​ឬ? តើ​មនុស្ស​បែប​ណា​ដែល​ព្រះ​ដ៏​ពិត​ចាត់​ទុក​ជា​អ្នក​«ដែល​ត្រូវ​នឹង​ព្រះ​ហឫទ័យ​ទ្រង់?»។ (សាំយូអែលទី១ ១៣:១៤) សៀវភៅ​សាំយូអែលទី២​ផ្ដល់​នូវ​ចម្លើយ​ដែល​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត​ចំពោះ​សំនួរ​ទាំង​នេះ។

សាំយូអែលទី២​ត្រូវ​បាន​សរសេរ​ដោយ​កាឌ់​និង​ណាថាន់ ជា​ព្យាការី​ពីរ​នាក់​ដែល​មាន​ចំណង​មេត្រីភាព​ដ៏​ជិត​ស្និទ្ធ​នឹង​ស្តេច​ដាវីឌ​នៅ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ។a សៀវភៅ​នេះ​ត្រូវ​បាន​សរសេរ​ចប់​នៅ​ឆ្នាំ​១០៤០ មុន​គ.ស. ហើយ​ពេល​ជិត​ដល់​ទីបញ្ចប់​នៃ​ការ​សោយ​រាជ្យ​៤០​ឆ្នាំ​របស់​ដាវីឌ សៀវភៅ​នេះ​ចែង​អំពី​ដាវីឌ​និង​ចំណង​មេត្រីភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ កំណត់​ហេតុ​នេះ​រៀប​រាប់​យ៉ាង​រំភើប​នូវ​របៀប​ដែល​សាសន៍​ដែល​ធ្លាប់​ប្រឆាំង​គ្នា​ក្លាយ​ទៅ​ជា​ព្រះ​រាជាណាចក្រ​ដែល​រីក​ចំរើន​ក្រោម​ការ​គ្រប់គ្រង​របស់​ស្តេច​ដ៏​ក្លាហាន។ កំណត់​ហេតុ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​ការ​បង្ហាញ​អារម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ។

ដាវីឌ​«ចំរើន​កាន់​តែ​ខ្លាំង​ឡើង»

(សាំយូអែលទី២ ១:១​–​១០:១៩)

ប្រតិកម្ម​របស់​ដាវីឌ​ចំពោះ​ដំណឹង​ថា​សូល​និង​យ៉ូណាថាន​បាន​សោយទិវង្គត​បង្ហើប​ឲ្យ​ឃើញ​នូវ​អារម្មណ៍​របស់​ដាវីឌ​ចំពោះ​ទ្រង់​ទាំង​ពីរ​អង្គ​និង​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ។ ដាវីឌ​ត្រូវ​បាន​តែងតាំង​ជា​ស្តេច​លើ​កុលសម្ព័ន្ធ​យូដា​នៅ​ក្រុង​ហេប្រុន។ បុត្រ​របស់​សូល​នាម​អ៊ីសបូសែត​ត្រូវ​បាន​តែងតាំង​ជា​ស្តេច​លើ​ដែន​ដី​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​នោះ។ ដាវីឌ​«ចំរើន​កាន់​តែ​ខ្លាំង​ឡើង» ហើយ​ប្រមាណ​ប្រាំ​ពីរ​ឆ្នាំ​កន្លះ​ក្រោយ​មក ដាវីឌ​សោយ​រាជ្យ​លើ​ដែន​ដី​អ៊ីស្រាអែល​ទាំង​មូល។—សាំយូអែលទី២ ៥:១០

ដាវីឌ​ចាប់​យក​ក្រុង​យេរូសាឡិម​ពី​ពួក​យេប៊ូ ហើយ​លើក​ក្រុង​នោះ​ជា​រាជធានី​នៃ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ ដាវីឌ​បាន​ព្យាយាម​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​នៅ​លើក​ដំបូង​ឥត​បាន​ជោគជ័យ​ទេ។ ប៉ុន្តែ នៅ​លើក​ទីពីរ​គឺ​ទទួល​បាន​ជោគជ័យ ហើយ​ដាវីឌ​រាំ​អរ​សប្បាយ។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​សន្យា​ជា​មួយ​នឹង​ដាវីឌ​ចំពោះ​ព្រះ​រាជាណាចក្រ។ ដាវីឌ​បាន​បង្ក្រាប​ពួក​សត្រូវ​ដោយសារ​ព្រះ​គង់​នៅ​ជា​មួយ​គាត់​ជានិច្ច។

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

២:១៨—ហេតុ​អ្វី​ក៏​ព្រះ​គម្ពីរ​ចែង​ថា​យ៉ូអាប់ អ័ប៊ីសាយ និង​អេសាអែល​ជា​កូន​ទាំង​៣​នាក់​របស់​សេរូយ៉ា​ដែល​ជា​ម្ដាយ​ទៅ​វិញ? នៅ​ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ ធម្មតា​វង្ស​ត្រកូល​គឺ​ហៅ​តាម​ខ្សែ​របស់​ឪពុក។ ស្វាមី​របស់​សេរូយ៉ា​ប្រហែល​ជា​បាន​ស្លាប់​មុន​អាយុ ឬ​ស្វាមី​គាត់​មិន​មែន​ជា​បុគ្គល​ល្អ​ដែល​សម​ឲ្យ​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​ឡើយ។ ប្រហែល​ជា​ហេតុ​ដែល​កត់​ទុក​ឈ្មោះ​សេរូយ៉ា​ពីព្រោះ​គាត់​ជា​ប្អូន​ស្រី​របស់​ដាវីឌ​ឬ​ប្អូន​ស្រី​ឪពុក​តែ​មួយ។ (របាក្សត្រទី១ ២:១៥, ១៦) មាន​ឯកសារ​យោង​តែ​មួយ​គត់​ដែល​សំដៅ​ទៅ​ឪពុក​នៃ​កូន​ទាំង​បី​គឺ​ពេល​ដែល​និយាយ​អំពី​កន្លែង​បញ្ចុះ​សព​នៅ​ភូមិ​បេថ្លេហិម។—សាំយូអែលទី២ ២:៣២

៥:១, ២—តើ​អ៊ីសបូសែត​បាន​សោយទិវង្គត​អស់​យូរ​ប៉ុន្មាន​មុន​នឹង​ដាវីឌ​ត្រូវ​គ្រប់គ្រង​ជា​ស្តេច​លើ​ដែន​ដី​អ៊ីស្រាអែល​ទាំង​មូល? គឺ​ទំនង​ជា​សម​ហេតុ​ផល​ដោយ​សន្និដ្ឋាន​ថា​ក្រោយ​ពី​ស្តេច​សូល​សោយទិវង្គត នោះ​អ៊ីសបូសែត​បាន​ចាប់​សោយ​រាជ្យ​អស់​ពីរ​ឆ្នាំ ហើយ​នេះ​គឺ​ដំណាល​គ្នា​នឹង​ពេល​ដែល​ដាវីឌ​បាន​ចាប់​ផ្ដើម​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រុន។ ដាវីឌ​បាន​គ្រប់គ្រង​ស្រុក​យូដា​ពី​ក្រុង​ហេប្រុន​អស់​ប្រាំ​ពីរ​ឆ្នាំ​កន្លះ។ បន្ដិច​ក្រោយ​ពី​បាន​ក្លាយ​ជា​ស្តេច​លើ​ដែន​ដី​អ៊ីស្រាអែល​ទាំង​មូល​ហើយ នោះ​ដាវីឌ​បាន​ដូរ​ទៅ​នៅ​ក្រុង​យេរូសាឡិម​ដែល​ក្លាយ​ជា​រាជធានី។ ហេតុ​ដូច្នេះ​ហើយ ក្រោយ​ពី​អ៊ីសបូសែត​បាន​សោយទិវង្គត​អស់​ប្រាំ​ឆ្នាំ នោះ​ដាវីឌ​បាន​ក្លាយ​ទៅ​ជា​ស្តេច​គ្រប់គ្រង​សាសន៍​អ៊ីស្រាអែល​ទាំង​មូល។—សាំយូអែលទី២ ២:៣, ៤, ៨​-​១១; ៥:៤, ៥

៨:២—តើ​សាសន៍​ម៉ូអាប់​ប៉ុន្មាន​នាក់​បាន​ស្លាប់​ក្រោយ​ពី​ច្បាំង​ជា​មួយ​ពួក​អ៊ីស្រាអែល? ចំនួន​នេះ​ប្រហែល​ជា​អាច​ដឹង​ដោយ​វាស់​មិន​មែន​ដោយ​រាប់​ចំនួន​ទេ។ ដាវីឌ​ទំនង​ជា​តម្រូវ​ឲ្យ​សាសន៍​ម៉ូអាប់​ដេក​នៅ​ជិតៗ​គ្នា​ជា​ជួរ។ បន្ទាប់​មក ដាវីឌ​ក៏​ឲ្យ​គេ​យក​ខ្សែ​វាស់​ជួរ​ទាំង​នោះ។ តាម​មើល​ទៅ ពួក​ម៉ូអាប់​ពីរ​ជួរ​ឬ​ពីរ​ភាគ​បី​គឺ​ត្រូវ​បាន​ប្រហារ​ជីវិត ហើយ​ពួក​គេ​ដែល​មាន​ប្រវែង​ខ្សែ​មួយ​ជួរ ឬ​មួយ​ភាគ​បី​ត្រូវ​បាន​សង្គ្រោះ​វិញ។

មេ​រៀន​សំរាប់​យើង:

២:១; ៥:១៩, ២៣: ដាវីឌ​បាន​ទូល​សុំ​យោបល់​ព្រះ​យេហូវ៉ា​មុន​នឹង​ដូរ​កន្លែង​ទៅ​នៅ​ក្រុង​ហេប្រុន ហើយ​មុន​នឹង​ទៅ​ច្បាំង​ពួក​សត្រូវ។ យើង​ក៏​ត្រូវ​ស្វែង​រក​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ទាក់ទង​នឹង​ភាព​ខាង​វិញ្ញាណ​របស់​យើង។

៣:២៦​-​៣០: ការ​សងសឹក​នាំ​ឲ្យ​មាន​លទ្ធផល​មិន​ល្អ។—រ៉ូម ១២:១៧​-​១៩

៣:៣១​-​៣៤; ៤:៩​-​១២: ដាវីឌ​ជា​គំរូ​ដ៏​ល្អ​ដោយសារ​មិន​បាន​សងសឹក​និង​ធ្វើ​អាក្រក់​ដល់​សត្រូវ។

៥:១២: យើង​មិន​គួរ​ភ្លេច​ថា​ព្រះ​យេហូវ៉ា​បាន​អប់រំ​យើង​តាម​ផ្លូវ​របស់​ទ្រង់ ហើយ​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​អាច​ចង​មិត្តភាព​ជា​មួយ​នឹង​ទ្រង់​បាន។

៦:១​-​៧: ទោះ​ជា​ដាវីឌ​មាន​បំណង​ចិត្ត​ល្អ​ក៏​ដោយ តែ​ការ​ព្យាយាម​យក​ហឹប​តាម​រយៈ​រទេះ​គោ​គឺ​បំពាន​ច្បាប់​របស់​ព្រះ ហើយ​ជា​លទ្ធផល​ឥត​ទទួល​បាន​ជោគជ័យ​ឡើយ។ (និក្ខមនំ ២៥:១៣, ១៤; ជនគណនា ៤:១៥, ១៩; ៧:៧​-​៩) អ៊ុសា​ក៏​ស្ទុះ​ទៅ​ទប់​ហឹប​ក៏​បង្ហាញ​នូវ​បំណង​ចិត្ត​ល្អ តែ​នេះ​មិន​បាន​ផ្លាស់ប្ដូរ​នូវ​អ្វី​ដែល​ព្រះ​តម្រូវ​ឡើយ។

៦:៨, ៩: នៅ​ក្នុង​ស្ថានការណ៍​ដ៏​ពិបាក មុន​ដំបូង​ដាវីឌ​ខឹង រួច​មក​ភ័យ​ខ្លាច ប្រហែល​ថែម​ទាំង​បន្ទោស​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ខ្លោចផ្សា។ យើង​ត្រូវ​ចៀស​វាង​ការ​បន្ទោស​ព្រះ​យេហូវ៉ា​ចំពោះ​បញ្ហា​ផ្សេងៗ​ដែល​យើង​មាន ដោយសារ​យើង​មិន​ធ្វើ​តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​នោះ។

៧:១៨, ២២, ២៣, ២៦: ចិត្ត​រាប​ទាប​របស់​ដាវីឌ ការ​មាន​ភក្ដីភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា និង​ការ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​លើក​ដំកើង​ព្រះ​នាម​របស់​ព្រះ​គឺ​ជា​គុណសម្បត្ដិ​ដែល​យើង​ត្រូវ​យក​តម្រាប់​តាម។

៨:២: ទំនាយ​ដែល​ត្រូវ​បាន​ទាយ​ប្រមាណ​៤០០​ឆ្នាំ​មុន​ត្រូវ​បាន​សម្រេច។ (ជនគណនា ២៤:១៧) បន្ទូល​របស់​ព្រះ​យេហូវ៉ា​តែង​កើត​ឡើង​ពិត​មែន។

៩:១, ៦, ៧: ដាវីឌ​បាន​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់។ យើង​ក៏​ត្រូវ​ខំ​ព្យាយាម​ធ្វើ​តាម​ពាក្យ​សំដី​របស់​យើង​ដែរ។

ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​មាន​ការ​អាក្រក់​កើត​ឡើង ដល់​អ្នក​រើស​តាំង​របស់​ទ្រង់

(សាំយូអែលទី២ ១១:១​–​២០:២៦)

ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​ដាវីឌ​ថា​៖ «អញ​នឹង​បណ្ដាល​ឲ្យ​មាន​ការ​អាក្រក់​កើត​ឡើង​ពី​ក្នុង​គ្រួ​ឯង​ឲ្យ​ទាស់​នឹង​ឯង ក៏​នឹង​យក​ពួក​ប្រពន្ធ​ទាំង​ប៉ុន្មាន​របស់​ឯង ប្រគល់​ឲ្យ​ដល់​អ្នក​ជំនិត​ឯង​នៅ​មុខ​ឯង​ផង អ្នក​នោះ​នឹង​រួម​ដំណេក​នឹង​ប្រពន្ធ​ឯង​ទាំង​នោះ នៅ​ទី​ពន្លឺ​ថ្ងៃ»។ (សាំយូអែលទី២ ១២:១១) តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ប្រកាស​ដូច្នេះ? នេះ​គឺ​ដោយសារ​ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​បាប​ជា​មួយ​នឹង​បាតសេបា។ ទោះ​ជា​ដាវីឌ​បាន​ប្រែ​ចិត្ត​ហើយ​ត្រូវ​អត់​ទោស​ឲ្យ​ក៏​ដោយ តែ​គាត់​ក៏​នៅ​តែ​ទទួល​ផល​នៃ​អំពើ​បាប​នោះ​ដែរ។

មុន​ដំបូង កូន​ដែល​បាតសេបា​សម្រាល​ត្រូវ​ស្លាប់។ រួច​មក កូន​ស្រី​ក្រមុំ​បរិសុទ្ធ​របស់​ដាវីឌ​ឈ្មោះ​តាម៉ារ​ត្រូវ​បាន​អាំណូន​ជា​បង​ប្អូន​បិតា​តែ​មួយ​មាតា​ទីទៃ​ពី​គ្នា​ចាប់​រំលោភ។ បង​ប្រុស​បង្កើត​របស់​នាង​តាម៉ារ​ឈ្មោះ​អាប់សាឡំម​បាន​សងសឹក​សម្លាប់​អាំណូន។ អាប់សាឡំម​បាន​ឃុបឃិត​ទាស់​នឹង​ឪពុក ហើយ​ប្រកាស​ថា​ខ្លួន​ជា​ស្តេច​នៅ​ក្រុង​ហេប្រុន។ ដាវីឌ​ត្រូវ​បាន​បង្ខំ​ឲ្យ​រត់​ចេញ​ពី​ក្រុង​យេរូសាឡិម។ អាប់សាឡំម​បាន​រួម​ដំណេក​នឹង​អ្នក​ម្នាង​១០​នាក់​របស់​ឪពុក ដែល​ទុក​ចោល​ឲ្យ​មើល​ថែរក្សា​ផ្ទះ​នោះ។ ដាវីឌ​បាន​ត្រឡប់​មក​សោយ​រាជ្យ​វិញ​ក្រោយ​ពី​អាប់សាឡំម​ត្រូវ​បាន​សម្លាប់។ ការ​ច្បាំង​ដោយ​សេបា​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​នាំ​ឲ្យ​សេបា​ស្លាប់។

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

១៤:៧—តើ​អ្វី​ដែល​ត្រូវ​តំណាង​ដោយ​«រងើក​ភ្លើង​របស់​ខ្ញុំ»? រងើក​ភ្លើង​គឺ​តំណាង​កូន​ដែល​នៅ​រស់។

១៩:២៩—ហេតុ​អ្វី​បាន​ជា​ដាវីឌ​មាន​ប្រតិកម្ម​ដូច្នេះ​ដល់​ការ​ពន្យល់​របស់​មភីបូសែត? បន្ទាប់​ពី​បាន​ឮ​មភីបូសែត នោះ​ដាវីឌ​ច្បាស់​ជា​បាន​ដឹង​ថា​ខ្លួន​បាន​ប្រព្រឹត្ត​ខុស នៅ​ពេល​ដែល​ទទួល​យក​ពាក្យ​របស់​ស៊ីបា។ (សាំយូអែលទី២ ១៦:១​-​៤; ១៩:២៤​-​២៨) ទំនង​ជា​នេះ​ធ្វើ​ឲ្យ​ដាវីឌ​ខឹង ហើយ​គាត់​មិន​ចង់​ដឹង​មិន​ចង់​ឮ​អំពី​រឿង​នោះ​ទៀត​ទេ។

មេ​រៀន​សំរាប់​យើង:

១១:២​-​១៥: កំណត់​ហេតុ​ជាក់លាក់​នេះ​អំពី​ភាព​ខុស​ឆ្គង​របស់​ដាវីឌ​បាន​បញ្ជាក់​ថា​ព្រះ​គម្ពីរ​គឺ​ជា​ព្រះ​ដែល​បណ្ដាល​ឲ្យ​សរសេរ។

១១:១៦​-​២៧: នៅ​ពេល​ដែល​យើង​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរ យើង​មិន​គួរ​ខំ​លាក់​បាំង​ដូច​ដាវីឌ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​សារភាព​អំពើ​បាប​របស់​យើង​ដល់​ព្រះ​យេហូវ៉ា និង​ស្វែង​រក​ជំនួយ​ពី​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ។—សុភាសិត ២៨:១៣; យ៉ាកុប ៥:១៣​-​១៦

១២:១​-​១៤: ណាថាន់​ទុក​គំរូ​ដ៏​ល្អ​ចំពោះ​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ។ ពួក​គាត់​ត្រូវ​ជួយ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប​និង​កែ​ផ្លូវ​របស់​គេ។ អ្នក​ចាស់​ទុំ​ត្រូវ​ធ្វើ​កិច្ចការ​ដោយ​ប៉ិនប្រសប់។

១២:១៥​-​២៣: ដាវីឌ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​អ្វី​ដែល​កើត​ឡើង​ដល់​ខ្លួន នេះ​បាន​ជួយ​គាត់​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ក្នុង​កាល​ជួប​ទុក្ខ​លំបាក។

១៥:១២; ១៦:១៥, ២១, ២៣: នៅ​ពេល​ដែល​ឃើញ​ជាក់​ស្តែង​ថា​អាប់សាឡំម​នឹង​ឡើង​សោយ​រាជ្យ នោះ​អំនួត​និង​ការ​ចង់​បាន​មុខ​មាត់​បាន​បណ្ដាល​ឲ្យ​អ័ហ៊ីថូផែល​ដែល​ជា​ទីប្រឹក្សា​ដ៏​ប៉ិនប្រសប់​ក្លាយ​ទៅ​ជា​អ្នក​ក្បត់​ទៅ​វិញ។ ការ​មាន​ប្រាជ្ញា​តែ​ឥត​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​ស្មោះ​ត្រង់​អាច​ជា​អន្ទាក់។

១៩:២៤, ៣០: មភីបូសែត​ពិត​ជា​អបអរ​នូវ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ដាវីឌ។ គាត់​បាន​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​នឹង​សេចក្ដី​សម្រេច​របស់​ស្តេច​ស្តី​អំពី​ស៊ីបា។ បើ​យើង​អបអរ​នឹង​ព្រះ​យេហូវ៉ា​ហើយ​អង្គការ​របស់​ទ្រង់ នោះ​នឹង​ជំរុញ​ឲ្យ​យើង​ចេះ​ចុះ​ចូល​ដែរ។

២០:២១, ២២: ប្រាជ្ញា​របស់​មនុស្ស​ម្នាក់​អាច​ជួយ​មនុស្ស​ជា​ច្រើន​រួច​ពី​គ្រោះថ្នាក់។—សាស្ដា ៩:១៤, ១៥

សូម​ឲ្យ​យើង​ធ្លាក់ «ទៅ​ក្នុង​កណ្ដាប់​ព្រះ​ហស្ត​នៃ​ព្រះ​យេហូវ៉ា»

(សាំយូអែលទី២ ២១:១​–​២៤:២៥)

គឺ​មាន​ទុរភិក្ស​អស់​បី​ឆ្នាំ​ពីព្រោះ​ទោស​ពី​ការ​កំចាយ​ឈាម​ដែល​សូល​បាន​បង្ក​ឲ្យ​មាន ដោយ​សម្លាប់​ពួក​សាសន៍​គីបៀន។ (យ៉ូស្វេ ៩:១៥) ដើម្បី​សងសឹក​នឹង​ការ​កំចាយ​ឈាម​នោះ ពួក​សាសន៍​គីបៀន​សុំ​បុត្រ​ប្រាំ​ពីរ​នាក់​របស់​សូល​យក​មក​ប្រហារ​ជីវិត។ ដាវីឌ​បាន​ឲ្យ​ពួក​គេ​ដល់​សាសន៍​គីបៀន ហើយ​ក៏​មាន​ធ្លាក់​ភ្លៀង​ដែល​នាំ​ឲ្យ​លែង​មាន​ភាព​ហួតហែង​ទៀត។ ពួក​អ្នក​មាន​មាឌ​ធំ​សំបើម​បួន​នាក់​សាសន៍​ភីលីស្ទីន​ត្រូវ​«ស្លាប់ . . . ដោយ​ដៃ​ដាវីឌ នឹង​ពួក​ទ័ព​ទ្រង់»។—សាំយូអែលទី២ ២១:២២

ដាវីឌ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​ដោយ​បង្គាប់​ឲ្យ​ធ្វើ​ជំរឿន​ខុស​ច្បាប់។ គាត់​ប្រែ​ចិត្ត​និង​ទុក​ឲ្យ​រឿង​នេះ​«ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ព្រះ​ហស្ត​នៃ​ព្រះ​យេហូវ៉ា»​ជា​អ្នក​សម្រេច។ (សាំយូអែលទី២ ២៤:១៤) ជា​លទ្ធផល ៧០.០០០​នាក់​ស្លាប់​ដោយសារ​រោគ​រាតត្បាត។ ដាវីឌ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ​យេហូវ៉ា ហើយ​គ្រោះ​កាច​នោះ​ក៏​ឈប់​មាន។

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

២១:៨—តើ​យ៉ាង​ដូច​ម្ដេច​ដែល​មី​កាល​បុត្រី​របស់​សូល​មាន​បុត្រា​ប្រាំ​នាក់ តែ​នៅ​សាំយូអែលទី២ ៦:២៣ ចែង​ថា​នាង​បាន​ស្លាប់​ដោយ​គ្មាន​បុត្រ​ឡើយ? ការ​ពន្យល់​ដែល​មនុស្ស​ទទួល​ស្គាល់​គឺ​ថា​កូន​ប្រាំ​នាក់​ទាំង​នេះ​គឺ​ជា​កូន​របស់​នាង​ម្រ៉ាប​ជា​ប្អូន​ស្រី​ដែល​រៀប​ការ​ជា​មួយ​នឹង​អ័ទ្រីអែល។ ទំនង​ជា​នាង​ម្រ៉ាប​ស្លាប់​មុន​កំណត់ ហើយ​មី​កាល​ដែល​គ្មាន​កូន​ខ្លួន​ឯង ក៏​យក​កូន​ទាំង​នោះ​មក​ចិញ្ចឹម​បី​បាច់។

២១:៩, ១០—តើ​រីសប៉ា​បាន​យាម​សព​កូន​ប្រុស​ពីរ​នាក់​និង​ចៅ​ប្រាំ​នាក់​របស់​សូល​អស់​រយៈ​ពេល​ប៉ុន្មាន ដែល​ពួក​គេ​ត្រូវ​ពួក​គីបៀន​សម្លាប់​នោះ? អ្នក​ទាំង​ប្រាំ​ពីរ​នាក់​នេះ​ត្រូវ​បាន​គេ​ព្យួរ​ក​សម្លាប់​«នៅ​ថ្ងៃ​ដំបូង​ក្នុង​រដូវ​ចំ​រូត» ពោល​គឺ​ខែ​មីនា​ឬ​មេសា។ សព​ទាំង​នោះ​ត្រូវ​បាន​ទុក​នៅ​លើ​ភ្នំ។ រីសប៉ា​បាន​យាម​សព​ទាំង​យប់​ទាំង​ថ្ងៃ​រហូត​ដល់​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​កំហឹង​របស់​ទ្រង់​អន់ថយ​ដោយ​បញ្ឈប់​នូវ​ភាព​ហួតហែង។ គ្មាន​ភ្លៀង​ខ្លាំង​នោះ​ទេ​មុន​នឹង​រដូវ​ចំ​រូត​ចប់​នៅ​ខែ​តុលា។ ហេតុ​ដូច្នេះ​ហើយ រីសប៉ា​បន្ត​យាម​សព​នោះ​អស់​ប្រាំ​ឬ​ប្រាំ​មួយ​ខែ។ ក្រោយ​មក ដាវីឌ​បាន​បង្គាប់​ឲ្យ​គេ​យក​ឆ្អឹង​បុរស​ទាំង​នោះ​មក​កប់។

២៤:១—ហេតុ​អ្វី​ក៏​ការ​ធ្វើ​ជំរឿន​ជា​អំពើ​បាប​ធ្ងន់​ដែល​ដាវីឌ​បាន​ធ្វើ? ការ​ធ្វើ​ជំរឿន​មិន​មែន​ជា​ការ​ហាម​ក្នុង​ច្បាប់​នោះ​ទេ។ (ជនគណនា ១:១​-​៣; ២៦:១​-​៤) ព្រះ​គម្ពីរ​ឥត​ចែង​ប្រាប់​នូវ​មូលហេតុ​ដែល​ដាវីឌ​ចង់​ធ្វើ​ជំរឿន​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ របាក្សត្រទី១ ២១:​១ បញ្ជាក់​ថា​សាតាំង​បាន​ជំរុញ​គាត់​ឲ្យ​ធ្វើ​ដូច្នេះ។ ក៏​ប៉ុន្តែ យ៉ូអាប់​ដែល​ជា​មេ​បញ្ជា​ការ​បាន​ដឹង​នូវ​សេចក្ដី​សម្រេច​ចិត្ត​របស់​ដាវីឌ​ដើម្បី​រាប់​ចំនួន​ប្រជាជន ដែល​វា​ជា​ការ​ខុស ហើយ​គាត់​បាន​ខំ​ព្យាយាម​ប្រាប់​ដាវីឌ​កុំ​ឲ្យ​ធ្វើ​ដូច្នេះ។

មេ​រៀន​សំរាប់​យើង:

២២:២​-​៥១: ទំនុក​ចំរៀង​របស់​ដាវីឌ​បាន​បង្ហាញ​យ៉ាង​ល្អ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត សម​ឲ្យ​យើង​ទុក​ចិត្ត​លើ​ទាំង​ស្រុង!

២៣:១៥​-​១៧: ដាវីឌ​កោត​គោរព​ចំពោះ​ក្រិត្យ​វិន័យ​របស់​ព្រះ​ស្តី​អំពី​ជីវិត​និង​ឈាម ដែល​នៅ​ពេល​នោះ គាត់​បាន​ចៀស​វាង​ពី​ការ​ធ្វើ​អ្វី​ដែល​ហាក់​ដូច​ជា​បំពាន​លើ​ក្រិត្យ​វិន័យ​នោះ។ យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​បែប​នេះ​ចំពោះ​សេចក្ដី​បង្គាប់​ទាំង​អស់​របស់​ព្រះ។

២៤:១០: មនសិការ​របស់​ដាវីឌ​បាន​ជំរុញ​គាត់​ឲ្យ​កែ​ប្រែ​ចិត្ត។ តើ​យើង​មាន​មនសិការ​បែប​នោះ ដែល​ជំរុញ​ឲ្យ​យើង​ធ្វើ​ដូច្នេះ​ដែរ​ឬ​ទេ?

២៤:១៤: ដាវីឌ​បាន​ជ្រាប​ថា​ព្រះ​យេហូវ៉ា​គឺ​មាន​ព្រះទ័យ​មេត្ដា​ករុណា​ជាង​មនុស្ស​ជាតិ។ តើ​យើង​មាន​ជំនឿ​ស៊ប់​បែប​នេះ​ទេ?

២៤:១៧: ដាវីឌ​បាន​សោក​ស្ដាយ​ដោយសារ​បាន​ប្រព្រឹត្ត​អំពើ​បាប នោះ​នាំ​ឲ្យ​សាសន៍​ទាំង​មូល​ទទួល​រង​នូវ​ទុក្ខ​វេទនា។ អ្នក​ប្រព្រឹត្ត​ខុស​គួរ​មាន​ចិត្ត​សោក​ស្ដាយ​ចំពោះ​ការ​ប្រព្រឹត្ត​ដែល​នាំ​ឲ្យ​អបកិត្ដិយស​ដល់​ក្រុមជំនុំ។

យើង​អាច​ធ្វើ​ជា​អ្នក​«ដែល​ត្រូវ នឹង​ព្រះ​ហឫទ័យ​ទ្រង់»

ស្តេច​ទីពីរ​នៃ​ប្រទេស​អ៊ីស្រាអែល​បាន​ស​ឲ្យ​ឃើញ​ថា​ជា​បុរស​«ដែល​ត្រូវ​នឹង​ព្រះ​ហឫទ័យ​ទ្រង់»។ (សាំយូអែលទី១ ១៣:១៤) ដាវីឌ​មិន​ដែល​សង្ស័យ​អំពី​ខ្នាត​តម្រា​សុចរិត​របស់​ព្រះ​យេហូវ៉ា​ទេ ហើយ​គាត់​ក៏​មិន​ខំ​ឲ្យ​បាន​ភាព​ឯក​រាជ្យ​ពី​ទ្រង់​នោះ​ដែរ។ ពេល​ដាវីឌ​ប្រព្រឹត្ត​ខុស​ម្ដងៗ គាត់​ទទួល​ស្គាល់​នូវ​អំពើ​បាប​គាត់ ទទួល​យក​ការ​ទូន្មាន និង​កែ​ផ្លូវ​របស់​គាត់។ ដាវីឌ​ជា​បុរស​ដែល​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍។ ពេល​យើង​ប្រព្រឹត្ត​ខុស យក​ល្អ​យើង​គួរ​យក​តម្រាប់​តាម​ប្រាជ្ញា​របស់​ដាវីឌ មែន​ទេ?

រឿង​របស់​ដាវីឌ​ពន្យល់​យ៉ាង​ច្បាស់​ថា​ការ​ទទួល​ស្គាល់​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា គឺ​ទាក់ទង​នឹង​ខ្នាត​តម្រា​ស្តី​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់ ហើយ​បើ​ខំ​ព្យាយាម​ធ្វើ​តាម នោះ​យើង​នឹង​ក្លាយ​ទៅ​ជា​អ្នក​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍។ យើង​អាច​ធ្វើ​ដូច្នេះ​បាន។ យើង​មាន​ចិត្ត​អបអរ​ណាស់​ចំពោះ​មេ​រៀន​ដែល​យើង​រៀន​ពី​សៀវភៅ​សាំយូអែលទី២! សារ​ដែល​ព្រះ​បណ្ដាល​ឲ្យ​សរសេរ​នៅ​ក្នុង​ព្រះ​គម្ពីរ គឺ​នៅ​រស់​និង​មាន​អំណាច។—ហេព្រើរ ៤:១២

[កំណត់​សម្គាល់]

a ទោះ​ជា​សាំយូអែល​មិន​បាន​រួម​ចំណែក​សរសេរ​ក៏​ដោយ សៀវភៅ​នេះ​មាន​ឈ្មោះ​គាត់​ពីព្រោះ​សៀវភៅ​ទាំង​ពីរ​ក្បាល​ស្ថិត​ក្នុង​រមូរ​តែ​មួយ​ក្នុង​ឯកសារ​ភាសា​ហេព្រើរ​នៅ​ដើម​ដំបូង​ឡើយ។ សាំយូអែល​បាន​សរសេរ​មួយ​ផ្នែក​ធំ​នៃ​សៀវភៅ​សាំយូអែលទី១។

[រូបភាព​នៅ​ទំព័រ​២៩]

ដោយ​ចង​ចាំ​នូវ​បុគ្គល​ដែល​បាន​តែងតាំង​គាត់​ឲ្យ​ធ្វើ​ជា​ស្តេច នេះ​បាន​ជួយ​ដាវីឌ​ឲ្យ មាន​ចិត្ត​រាប​ទាប

[រូបភាព​នៅ​ទំព័រ​៣១]

​«អញ​នឹង​បណ្ដាល​ឲ្យ​មាន​ការ​អាក្រក់​កើត​ឡើង​ពី​ក្នុង​គ្រួ​ឯង​ឲ្យ​ទាស់​នឹង​ឯង»

បាតសេបា

តាម៉ារ

អាំណូន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក