ប្អូនៗយុវវ័យអើយ! ចូរសរសើរព្រះយេហូវ៉ាចុះ!
«ចូរសរសើរដល់ព្រះយេហូវ៉ាពីផែនដី . . . ទាំងមនុស្សកំឡោះនឹងស្រីក្រមុំ»។—ទំនុកដំកើង ១៤៨:៧, ១២
១, ២. (ក) តើប្អូនៗយុវជនយុវតីតែងតែដឹងអំពីកំរិតអ្វី? (ខ) ហេតុអ្វីក៏ប្អូនៗយុវវ័យមិនចាំបាច់តូចចិត្តដោយសារកំរិតដែលមាតាបិតាដាក់លើប្អូនៗ?
យុវជនយុវតីតែងតែដឹងអំពីកំរិតដែលត្រូវដាក់ទៅលើពួកគេ។ ពួកគេជាច្រើនអាចប្រាប់ភ្លាមៗថា ខ្លួនត្រូវមានអាយុប៉ុន្មានទើបអាចឆ្លងថ្នល់ដោយខ្លួនឯង ឬអាចរៀនបើកបររថយន្តបាន ហើយអំពីពេលដែលចូលគេងមិនចាំបាច់តាមម៉ោងដែលមាតាបិតាកំណត់ឲ្យ។ ពេលដែលពួកយុវវ័យសុំធ្វើនេះឬសុំធ្វើនោះ ជួនកាលពួកគេធុញស្ដាប់ចម្លើយដដែលៗថា៖ «ចាំដល់ពេលកូនធំជាងបន្ដិច»។
២ ប្អូនៗយុវវ័យដឹងថា មាតាបិតាដាក់កំរិតលើកូនដោយដឹងថានេះនឹងនាំឲ្យកូនទទួលប្រយោជន៍បាន ឬដើម្បីការពារកូន។ ហើយប្អូនៗក៏ច្បាស់ជាដឹងដែរថា ព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យកូនស្ដាប់បង្គាប់មាតាបិតា។ (កូល៉ុស ៣:២០) ប៉ុន្តែ តើប្អូនៗធ្លាប់មានអារម្មណ៍នេះឬទេថា ការដាក់កំហិតនេះហាក់ដូចជាធ្វើឲ្យប្អូនមានអារម្មណ៍ថាខ្លួនមិនទាន់ចាប់ផ្ដើមចេះរស់ដោយខ្លួនឯង? តើកិច្ចការសំខាន់ៗសុទ្ធតែស្ថិតក្រោមបំរាមទាល់តែប្អូនមានអាយុចាស់ជាងបន្ដិចឬ? មិនមែនទាល់តែសោះ! ដ្បិតមានកិច្ចការមួយកំពុងតែសម្រេចសព្វថ្ងៃនេះ ដែលសំខាន់ជាងឯកសិទ្ធិណាទៀតដែលប្អូនកំពុងតែរង់ចាំទទួល។ តើប្អូនៗយុវជនយុវតីមានសិទ្ធិរួមចំណែកក្នុងកិច្ចការនេះឬទេ? តាមពិត ប្អូនៗមិនគ្រាន់តែមានសិទ្ធិធ្វើកិច្ចការនេះប៉ុណ្ណោះទេ តែព្រះដ៏ខ្ពស់បំផុតក៏បានអញ្ជើញឲ្យប្អូនៗចូលរួមដែរ!
៣. តើព្រះយេហូវ៉ាអញ្ជើញឲ្យពួកយុវជនយុវតីទទួលឯកសិទ្ធិអ្វី? តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
៣ តើយើងកំពុងតែពិភាក្សាអំពីកិច្ចការអ្វី? សូមកត់សម្គាល់ពាក្យក្នុងប្រធានបទគម្ពីរសំរាប់អត្ថបទនេះដែលចែងថា៖ «ចូរសរសើរដល់ព្រះយេហូវ៉ាពីផែនដី . . . ទាំងមនុស្សកំឡោះនឹងស្រីក្រមុំ ទាំងចាស់ទាំងក្មេងអើយ!»។ (ទំនុកដំកើង ១៤៨:៧, ១២) ខគម្ពីរនេះបង្ហាញអំពីឯកសិទ្ធិដ៏អស្ចារ្យដែលប្អូនៗអាចមាន ពោលគឺ ការសរសើរព្រះយេហូវ៉ា។ ក្នុងនាមជាយុវជនឬយុវតីនោះ តើប្អូនមានចិត្តរំភើបរីករាយដោយសារអាចចូលរួមកិច្ចការនេះឬទេ? ប្អូនៗជាច្រើនមានចិត្តរីករាយធ្វើដូច្នេះមែន។ ដើម្បីឲ្យយើងដឹងនូវមូលហេតុដែលប្អូនៗគួរមានចិត្តរំភើបដូចនេះ យើងសូមពិចារណាសំណួរបីយ៉ាង។ ទីមួយ ហេតុអ្វីបានជាប្អូនៗគួរសរសើរព្រះយេហូវ៉ា? ទីពីរ តើប្អូនៗអាចមានប្រសិទ្ធភាពក្នុងការសរសើរព្រះបានតាមរបៀបណា? ទីបី តើប្អូនៗគួរចាប់ផ្ដើមសរសើរព្រះពីពេលណា?
ហេតុអ្វីក៏គួរសរសើរព្រះយេហូវ៉ា?
៤, ៥. (ក) យោងទៅតាមបទទំនុកដំកើងទី១៤៨ តើយើងកំពុងតែរួមចំណែកក្នុងស្ថានការណ៍ដ៏អស្ចារ្យអ្វី? (ខ) តើធម្មជាតិដែលគ្មានសមត្ថភាពវែកញែកហេតុផលឬនិយាយនោះ អាចសរសើរព្រះយេហូវ៉ាបានយ៉ាងណា?
៤ មូលហេតុសំខាន់មួយដែលប្អូនៗគួរសរសើរព្រះយេហូវ៉ា គឺដោយសារទ្រង់ជាព្រះដែលជាអ្នកបង្កើតរបស់សព្វសារពើ។ បទទំនុកដំកើងទី១៤៨ អាចជួយយើងផ្ដោតអារម្មណ៍លើហេតុការណ៍ពិតនេះ។ សូមស្រមៃគិតថា ប្អូនកំពុងតែដើរឆ្ពោះទៅមនុស្សមួយក្រុមយ៉ាងធំដែលកំពុងតែច្រៀងស្រុះគ្នានូវបទចំរៀងដ៏ពីរោះដែលធ្វើឲ្យរំជួលចិត្ត។ តើប្អូននឹងមានអារម្មណ៍យ៉ាងណា? ចុះយ៉ាងណាបើប្អូនដឹងថា ពាក្យក្នុងចំរៀងនោះសុទ្ធតែពិត ហើយបង្ហាញពីអ្វីដែលប្អូនដឹងថាជារឿងសំខាន់ ដែលជួយលើកទឹកចិត្តនិងនាំឲ្យមានអំណរផង តើប្អូននឹងចង់ទន្ទេញពាក្យទាំងនោះ ហើយចូលរួមច្រៀងដែរឬទេ? ប្រហែលជាយើងទាំងអស់គ្នាចង់ធ្វើដូច្នេះ។ តាមពិត បទទំនុកដំកើងទី១៤៨ បង្ហាញថាប្អូនៗរួមចំណែកក្នុងស្ថានភាពបែបនោះមែន តែជាស្ថានភាពប្រសើរជាងនោះទៅទៀត។ បទទំនុកដំកើងនោះពណ៌នាអំពីក្រុមមួយយ៉ាងធំដែលកំពុងតែរួមគ្នាមានសាមគ្គីភាពក្នុងការសរសើរព្រះយេហូវ៉ា។ ប៉ុន្តែ ពេលដែលប្អូនអានបទទំនុកដំកើងនោះ ប្អូនៗប្រហែលជាកត់សម្គាល់ចំណុចចម្លែកមួយ។ តើជាចំណុចអ្វី?
៥ បទទំនុកដំកើងទី១៤៨ពណ៌នាអំពីអ្វីៗជាច្រើនដែលសរសើរព្រះ តែរបស់ទាំងនោះគ្មានសមត្ថភាពវែកញែកហេតុផលឬនិយាយទេ។ ជាឧទាហរណ៍ យើងអានអំពីព្រះអាទិត្យ ព្រះចន្ទ ផ្កាយ ហិមៈ ខ្យល់ព្យុះព្រមទាំងភ្នំធំតូចដែលសរសើរព្រះយេហូវ៉ា។ តើរបស់ទាំងនេះដែលគ្មានជីវិតអាចសរសើរទ្រង់បានតាមរបៀបណា? (ខ៣, ៨, ៩) តាមការពិត របស់ទាំងនេះសរសើរព្រះយេហូវ៉ាដូចសត្វនៅក្នុងសមុទ្រនិងសត្វឯទៀតហើយដើមឈើដែរ។ (ខ៧, ៩, ១០) តើប្អូនៗធ្លាប់មើលថ្ងៃលិចដ៏ស្អាត ឬងើយភ្នែកទៅមើលព្រះចន្ទពេញវង់ដែលមានផ្កាយច្រើនឥតគណនានៅជុំវិញព្រះចន្ទនោះទេ? ឬក៏តើប្អូនធ្លាប់ឃើញពេលសត្វប្រឡែងគ្នាគួរឲ្យអស់សំណើច ឬកោតស្ងើចនឹងទេសភាពស្អាតអស្ចារ្យណាមួយទេ? បើដូច្នេះ គឺហាក់ដូចជាប្អូនបានឮធម្មជាតិច្រៀងសរសើរព្រះ។ អ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានបង្កើតមកតែងតែរំឭកយើងថា ទ្រង់ជាព្រះដែលជាអ្នកបង្កើត ហើយមានព្រះចេស្ដាខ្លាំងបំផុត។ គ្មាននរណាទៀតក្នុងសកលលោកនេះមានអំណាច ប្រាជ្ញានិងសេចក្ដីស្រឡាញ់ស្មើនឹងទ្រង់ឡើយ។—រ៉ូម ១:២០; វិវរណៈ ៤:១១
៦, ៧. (ក) តើបទទំនុកដំកើងទី១៤៨រៀបរាប់អំពីបុគ្គលណាខ្លះកំពុងតែសរសើរព្រះយេហូវ៉ា? (ខ) តើមានមូលហេតុអ្វីខ្លះដែលជំរុញឲ្យយើងសរសើរព្រះយេហូវ៉ា? សូមលើកឧទាហរណ៍។
៦ ទំនុកដំកើងទី១៤៨ក៏ពណ៌នាអំពីអ្វីៗក្នុងធម្មជាតិដែលមានសតិបញ្ញា ថាកំពុងតែសរសើរព្រះយេហូវ៉ាដែរ។ ក្នុងខ២យើងអានថា «ពួកពលបរិវារ»របស់ព្រះយេហូវ៉ានៅស្ថានសួគ៌នោះ ពោលគឺអស់ទាំងទេវតាកំពុងតែសរសើរទ្រង់។ ក្នុងខ១១ មនុស្សដែលមានអំណាចហើយជាអ្នកធំនោះ ដូចជាស្តេចនិងចៅក្រមនានាបានត្រូវអញ្ជើញឲ្យចូលរួមសរសើរព្រះ។ បើពួកទេវតាដ៏ខ្លាំងក្លានោះពេញចិត្តសរសើរព្រះយេហូវ៉ា តើមនុស្សមានមូលហេតុគិតថាខ្លួនមានឋានៈធំដល់ម្ល៉េះបានជាមិនចាំបាច់សរសើរព្រះឬ? ក្រោយមក ក្នុងខ១២និង១៣នោះ ប្អូនៗទាំងឡាយបានត្រូវអញ្ជើញឲ្យចូលរួមសរសើរព្រះយេហូវ៉ាដែរ។ តើចិត្តរបស់ប្អូនជំរុញឲ្យធ្វើដូច្នេះទេ?
៧ សូមគិតអំពីឧទាហរណ៍មួយនេះ។ បើប្អូនៗមានមិត្តជិតស្និទ្ធម្នាក់ដែលមានបំនិនប៉ិនប្រសប់ម្យ៉ាង ដូចជាពូកែលេងកីឡា លេងភ្លេងឬគូរគំនូរជាដើម តើប្អូននឹងនិយាយប្រាប់បងប្អូនញាតិមិត្តអំពីមិត្តភក្ដិម្នាក់នោះឬទេ? ប្អូនពិតជានឹងប្រាប់ពួកគេមែន! តាមពិត ការរៀនអំពីអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើនោះ អាចមានឥទ្ធិពលស្រដៀងគ្នាលើយើងដែរ។ ជាឧទាហរណ៍ ទំនុកដំកើង ១៩:១, ២ ក្នុងសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធចែងថា ផ្កាយទាំងឡាយនៅលើមេឃ«ជំរុញឲ្យតំណាលប្រាប់»។ ពេលដែលយើងគិតអំពីការដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានសម្រេចនោះ យើងពិបាកទប់មាត់ណាស់ពីការប្រាប់មនុស្សដទៃអំពីព្រះរបស់យើង។
៨, ៩. ហេតុអ្វីបានជាព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យយើងសរសើរទ្រង់?
៨ មូលហេតុសំខាន់មួយទៀតដែលយើងសរសើរព្រះយេហូវ៉ា គឺដោយសារទ្រង់សព្វព្រះហឫទ័យឲ្យយើងធ្វើដូច្នេះ។ ហេតុអ្វីក៏ទ្រង់សព្វព្រះហឫទ័យឲ្យយើងសរសើរទ្រង់? តើព្រះត្រូវការការសរសើរពីមនុស្សជាតិឬ? ទ្រង់មិនត្រូវការទេ! ជួនកាលមនុស្សយើងចង់បានការសរសើរមែន ប៉ុន្តែព្រះយេហូវ៉ាទ្រង់ខ្ពស់ជាងយើងឆ្ងាយណាស់! (អេសាយ ៥៥:៨) ព្រះយេហូវ៉ាមិនសង្ស័យអំពីបុគ្គលិកលក្ខណៈឬសមត្ថភាពរបស់ទ្រង់ទេ។ (អេសាយ ៤៥:៥) យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យយើងសរសើរទ្រង់ ហើយទ្រង់ក៏មានព្រះទ័យសប្បាយពេលដែលយើងធ្វើដូច្នេះ។ ហេតុអ្វី? សូមគិតអំពីមូលហេតុពីរយ៉ាង។ ទីមួយ ព្រះយេហូវ៉ាជ្រាបថា យើងត្រូវសរសើរទ្រង់។ ទ្រង់បានបង្កើតមនុស្សយើងឲ្យមានសេចក្ដីត្រូវការខាងវិញ្ញាណ ពោលគឺចិត្តយើងជំរុញឲ្យថ្វាយបង្គំព្រះ។ (ម៉ាថាយ ៥:៣) ព្រះយេហូវ៉ាមានព្រះទ័យសប្បាយណាស់ពេលដែលទ្រង់ទតឃើញយើងកំពុងតែបំពេញសេចក្ដីត្រូវការនោះ ដូចជាមាតាបិតាចូលចិត្តមើលកូនកំពុងតែញ៉ាំអាហារដែលមាតាបិតាដឹងថា អាចជួយឲ្យកូនធំធាត់ឡើងបាន។—យ៉ូហាន ៤:៣៤
៩ ទីពីរ ព្រះយេហូវ៉ាជ្រាបថា មនុស្សឯទៀតត្រូវការឮយើងសរសើរទ្រង់។ សាវ័កប៉ុលបានសរសេរពាក្យទាំងនេះជូនប្អូនប្រុសឈ្មោះធីម៉ូថេថា៖ «ចូរប្រុងប្រយ័តនឹងខ្លួនអ្នក ហើយនឹងសេចក្ដីបង្រៀន។ ចូរកាន់ខ្ជាប់តាមសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នោះ នោះអ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្ដាប់អ្នកផង»។ (ធីម៉ូថេទី១ ៤:១៦) ពិតមែនហើយ ពេលដែលប្អូនសរសើរព្រះយេហូវ៉ាដោយបង្រៀនមនុស្សដទៃអំពីទ្រង់ ពួកគេក៏មានឱកាសស្គាល់ទ្រង់ដែរ។ ចំណេះបែបនេះអាចនាំឲ្យពួកគេទទួលសេចក្ដីសង្គ្រោះនិងជីវិតជារៀងរហូតបានដែរ!—យ៉ូហាន ១៧:៣
១០. តើអ្វីជំរុញចិត្តយើងឲ្យចង់សរសើរព្រះរបស់យើង?
១០ ប៉ុន្តែ មានមូលហេតុមួយទៀតដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យយើងសរសើរទ្រង់។ តើអ្នកនៅចាំឧទាហរណ៍អំពីមិត្តភក្ដិរបស់ប្អូនដែលមានការប៉ិនប្រសប់ម្យ៉ាងទេ? បើប្អូនឮអ្នកដទៃនិយាយមិនពិតអំពីមិត្តនោះ ដោយនិយាយបង្កាច់បង្ខូចឈ្មោះគាត់ ប្អូននឹងមានបំណងសរសើរមិត្តនោះកាន់តែច្រើនថែមទៀត មែនទេ? ដូចគ្នាដែរ មនុស្សជាច្រើនក្នុងលោកីយ៍នេះកំពុងតែនិយាយបង្កាច់បង្ខូចនាមព្រះយេហូវ៉ា។ (យ៉ូហាន ៨:៤៤; វិវរណៈ ១២:៩) ហេតុនេះហើយបានជាពួកអ្នកដែលស្រឡាញ់ទ្រង់ក៏មានចិត្តជំរុញឲ្យប្រាប់នូវសេចក្ដីពិតអំពីទ្រង់ ដើម្បីកុំឲ្យមនុស្សយល់ខុសអំពីព្រះ។ តើប្អូនចង់ថ្លែងប្រាប់អំពីសេចក្ដីស្រឡាញ់និងចិត្តកតញ្ញូដែលប្អូនមានចំពោះព្រះយេហូវ៉ាឬទេ? តើប្អូនមានក្ដីប៉ងប្រាថ្នាចង់ឲ្យព្រះយេហូវ៉ាគ្រប់គ្រងលើប្អូនជាជាងខ្មាំងសត្រូវរបស់ទ្រង់គឺសាតាំងមកគ្រប់គ្រងជំនួសឬ? ប្អូនៗអាចធ្វើដូច្នេះបាន ដោយសរសើរព្រះយេហូវ៉ា។ ដូច្នេះសំណួរទីពីរគឺថា តើប្អូនៗអាចសរសើរព្រះយេហូវ៉ាបានតាមរបៀបណា?
របៀបដែលប្អូនៗខ្លះបានសរសើរព្រះយេហូវ៉ា
១១. តើមានគំរូអ្វីខ្លះក្នុងព្រះគម្ពីរដែលបង្ហាញថា ប្អូនៗយុវជនយុវតីអាចមានប្រសិទ្ធភាពណាស់ក្នុងការសរសើរព្រះយេហូវ៉ា?
១១ ព្រះគម្ពីរបង្ហាញថា ប្អូនៗយុវជនយុវតីមានប្រសិទ្ធភាពណាស់ក្នុងការសរសើរព្រះយេហូវ៉ា។ ជាឧទាហរណ៍ មានក្មេងស្រីជនជាតិអ៊ីស្រាអែលម្នាក់ដែលពួកសាសន៍ស៊ីរីបានចាប់យកធ្វើជាខ្ញុំកញ្ជះ។ ដោយមានចិត្តក្លាហាននោះ នាងបានធ្វើបន្ទាល់ដល់ម្ចាស់ស្រីអំពីព្យាការីម្នាក់របស់ព្រះយេហូវ៉ា ឈ្មោះអេលីសេ។ ដោយសារនាងបានធ្វើបន្ទាល់នោះ មនុស្សឯទៀតចាប់ផ្ដើមស្គាល់ព្រះយេហូវ៉ា ហើយក្រោយមកក៏មានអព្ភូតហេតុមួយកើតឡើងផង។ (ពង្សាវតារក្សត្រទី២ ៥:១-១៧) ព្រះយេស៊ូក៏បានធ្វើបន្ទាល់យ៉ាងអង់អាចពេលនៅក្មេងដែរ។ ព្រះជន្មរបស់ព្រះយេស៊ូពេលនៅក្មេងនោះបានរួមបញ្ចូលព្រឹត្ដិការណ៍ជាច្រើនដែលព្រះយេហូវ៉ាអាចបណ្ដាលឲ្យមនុស្សសរសេរ តែទ្រង់បានជ្រើសរើសព្រឹត្ដិការណ៍ដ៏សំខាន់មួយ គឺពេលដែលព្រះយេស៊ូមានព្រះជន្មាយុ១២ឆ្នាំ ជាពេលដែលទ្រង់បានបង្ហាញនូវចិត្តក្លាហានក្នុងការសួរសំណួរដល់ពួកមេដឹកនាំសាសនានៅឯព្រះវិហារក្នុងទីក្រុងយេរូសាឡិម។ សំណួរដែលព្រះយេស៊ូបានសួរនោះបានធ្វើឲ្យអ្នកទាំងនោះនឹកអស្ចារ្យក្នុងចិត្តស្តីអំពីការយល់ដឹងរបស់ព្រះយេស៊ូអំពីផ្លូវរបស់ព្រះយេហូវ៉ា។—លូកា ២:៤៦-៤៩
១២, ១៣. (ក) មិនយូរប៉ុន្មានមុនព្រះយេស៊ូសោយទិវង្គតនោះ តើទ្រង់បានធ្វើអ្វីពេលនៅឯព្រះវិហារ? តើទង្វើនោះមានឥទ្ធិពលអ្វីលើប្រជាជនទាំងពួងនៅទីនោះ? (ខ) តើព្រះយេស៊ូមានអារម្មណ៍យ៉ាងណាចំពោះពាក្យសរសើររបស់ក្មេងប្រុសទាំងប៉ុន្មាននោះ?
១២ ពេលដែលព្រះយេស៊ូមានព្រះជន្មាយុពេញវ័យហើយ ទ្រង់ក៏បានលើកទឹកចិត្តកូនក្មេងឲ្យសរសើរព្រះយេហូវ៉ាដែរ។ ជាឧទាហរណ៍ គ្រាន់តែប៉ុន្មានថ្ងៃមុនព្រះយេស៊ូបានសោយទិវង្គតនោះ ទ្រង់បានចំណាយពេលនៅឯព្រះវិហារក្នុងទីក្រុងយេរូសាឡិម។ ព្រះគម្ពីរចែងថា ព្រះយេស៊ូបានធ្វើ«ការអស្ចារ្យ»នៅទីនោះ។ ព្រះយេស៊ូបានដេញពួកអ្នកដែលបានធ្វើឲ្យកន្លែងពិសិដ្ឋនោះក្លាយជារោងចោរ។ ទ្រង់ក៏បានប្រោសមនុស្សខ្វាក់និងពិការឲ្យបានជា។ មនុស្សទាំងឡាយជាពិសេសពួកមេដឹកនាំសាសនាដែលមានវត្តមាននៅទីនោះ គួរមានចិត្តជំរុញឲ្យសរសើរព្រះយេហូវ៉ានិងរាជបុត្រារបស់ទ្រង់ដែលជាព្រះមេស្ស៊ី។ តែគួរឲ្យសោកស្ដាយមែន បណ្ដាជនជាច្រើននៅគ្រានោះមិនបានពោលពាក្យសរសើរសោះឡើយ។ ពួកគេទទួលស្គាល់ថាព្រះបានចាត់ព្រះយេស៊ូមកមែន តែពួកគេបានខ្លាចពួកមេដឹកនាំសាសនា។ យ៉ាងណាក៏ដោយ មានមនុស្សមួយពួកដែលបាននិយាយដោយចិត្តអង់អាចវិញ។ តើប្អូនៗដឹងថា អ្នកណាហ៊ានសរសើរព្រះយេស៊ូនៅពេលនោះទេ? ព្រះគម្ពីរចែងថា៖ «ពួកសង្គ្រាជនឹងពួកអាចារ្យ គេមានចិត្តគ្នាន់ក្នាញ់ណាស់ ដោយបានឃើញការអស្ចារ្យដែល[ព្រះយេស៊ូ]ធ្វើ នឹងឮកូនក្មេងទាំងប៉ុន្មានស្រែកក្នុងព្រះវិហារថា៖ ‹ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ!›។ ដូច្នោះហើយគេទូល[ព្រះយេស៊ូ]ថា៖ ‹តើអ្នកឮពាក្យដែលក្មេងទាំងនេះថាឬទេ?›»។—ម៉ាថាយ ២១:១៥, ១៦; យ៉ូហាន ១២:៤២
១៣ ពួកសង្គ្រាជនោះសង្ឃឹមថាព្រះយេស៊ូនឹងបង្គាប់ឲ្យក្មេងប្រុសដែលកំពុងតែសរសើរទ្រង់ឲ្យនៅស្ងៀមវិញ។ តើព្រះយេស៊ូធ្វើដូច្នេះទេ? ទ្រង់មិនបានមានបន្ទូលបែបនោះឡើយ! ផ្ទុយទៅវិញ ព្រះយេស៊ូបានមានបន្ទូលតបនឹងពួកសង្គ្រាជថា៖ «ឮហើយ! តើអ្នករាល់គ្នាមិនដែលមើលសេចក្ដីទេឬអីដែលថា៖ ‹ទ្រង់បានធ្វើឲ្យសេចក្ដីសរសើរបានគ្រប់លក្ខណ៍ ដោយនូវមាត់កូនក្មេងនឹងកូនដែលនៅបៅ›?»។ គឺច្បាស់ហើយ ព្រះយេស៊ូនិងព្រះវរបិតារបស់ទ្រង់សព្វព្រះហឫទ័យនឹងក្មេងប្រុសៗទាំងនោះសរសើរទ្រង់។ កូនក្មេងទាំងនោះបានធ្វើអ្វីដែលមនុស្សពេញវ័យទាំងឡាយគួរតែធ្វើ។ កូនក្មេងនោះមានសមត្ថភាពយល់ច្បាស់យ៉ាងស្រួល។ ពួកគេបានឮព្រះយេស៊ូមានបន្ទូលដោយចិត្តក្លាហានដែលបង្ហាញពីជំនឿមាំមួន ហើយបានឃើញទ្រង់ធ្វើការដ៏អស្ចារ្យនិងបង្ហាញសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះព្រះនិងរាស្ត្ររបស់ទ្រង់។ ព្រះយេស៊ូពិតជា«ព្រះវង្សហ្លួងដាវីឌ»ឬជាព្រះមេស្ស៊ី តាមដែលទ្រង់អះអាងមែន! ដោយសារក្មេងប្រុសទាំងនោះមានជំនឿទៅលើព្រះយេស៊ូ ពួកគេបានទទួលពរហើយក៏មានឯកសិទ្ធិរួមចំណែកក្នុងការបំពេញបទទំនាយមួយផងដែរ។—ទំនុកដំកើង ៨:២
១៤. តើប្អូនៗយុវជនយុវតីមានអ្វីទៅ ដែលអាចជួយពួកគេសរសើរព្រះបាន?
១៤ តើយើងអាចទាញយកមេរៀនអ្វីពីគំរូនេះ? យើងអាចរៀនថា កូនក្មេងនិងយុវជនយុវតីអាចមានប្រសិទ្ធភាពណាស់ក្នុងការសរសើរព្រះយេហូវ៉ា។ កូនក្មេងមានសមត្ថភាពយល់ច្បាស់ពីសេចក្ដីពិតយ៉ាងស្រួល ទាំងពោលប្រាប់ពីជំនឿរបស់ខ្លួនស្មោះអស់ពីចិត្តហើយដោយខ្នះខ្នែងផង។ សុភាសិត ២០:២៩ ក៏បង្ហាញថា «កំឡាំងកាយជាសេចក្ដីអំនួតរបស់មនុស្សកំឡោះ»ឬប្អូនៗទាំងឡាយ។ ពិតមែនហើយ ប្អូនៗមានកម្លាំងនិងភាពស្វាហាប់ដែលអាចជួយច្រើនក្នុងការសរសើរព្រះយេហូវ៉ា។ ប៉ុន្តែ តើប្អូនៗអាចប្រើកម្លាំងនិងភាពស្វាហាប់នោះបានយ៉ាងណា?
តើប្អូនៗអាចសរសើរព្រះយេហូវ៉ាដោយរបៀបណា?
១៥. តើប្អូនៗត្រូវមានបំណងអ្វី ទើបអាចសរសើរព្រះយេហូវ៉ាដោយមានប្រសិទ្ធភាពនោះ?
១៥ ការសរសើរព្រះយេហូវ៉ាដោយមានប្រសិទ្ធភាពត្រូវផុសចេញពីចិត្ត។ ប្អូនៗមិនអាចសរសើរព្រះយេហូវ៉ាដោយមានប្រសិទ្ធភាពបានឡើយ បើប្អូនគ្រាន់តែធ្វើដូច្នេះដោយព្រោះមនុស្សឯទៀតចង់ឲ្យប្អូនធ្វើនោះ។ ចូរចងចាំថា ក្រិត្យវិន័យសំខាន់បំផុតបង្គាប់ថា៖ «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង»។ (ម៉ាថាយ ២២:៣៧) តើប្អូនៗស្គាល់ព្រះយេហូវ៉ាដោយសារបានសិក្សាព្រះបន្ទូលរបស់ទ្រង់ដោយខ្លួនឯងឬទេ? លទ្ធផលដ៏ល្អដែលមកពីការរៀនសូត្រនេះគឺថា ប្អូននឹងមានចិត្តស្រឡាញ់ព្រះយេហូវ៉ា។ តាមធម្មតា របៀបបង្ហាញសេចក្ដីស្រឡាញ់នោះគឺដោយសរសើរទ្រង់។ ពេលដែលប្អូនមានបំណងច្បាស់លាស់និងមុតមាំនោះ ប្អូនក៏នឹងមានលទ្ធភាពសរសើរព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត។
១៦, ១៧. តើការប្រព្រឹត្តមានមុខនាទីសំខាន់អ្វីក្នុងការសរសើរព្រះយេហូវ៉ា? សូមលើកឧទាហរណ៍។
១៦ ប៉ុន្តែ សូមឲ្យប្អូនៗគិតអំពីការប្រព្រឹត្តរបស់ខ្លួន មុននឹងគិតអំពីអ្វីដែលប្អូនគួរនិយាយក្នុងការសរសើរព្រះ។ សូមគិតអំពីក្មេងស្រីសាសន៍អ៊ីស្រាអែលនៅសម័យលោកអេលីសេ។ បើនាងបានប្រព្រឹត្តម្ដងហើយម្ដងទៀតដោយទ្រគោះបោះបោក ហើយមិនបង្ហាញការគោរពឬមិនមានចិត្តទៀងត្រង់នោះ តើមនុស្សជនជាតិស៊ីរីដែលបានចាប់នាងនោះនឹងព្រមស្ដាប់នាង នៅពេលដែលនាងប្រាប់អំពីព្យាការីរបស់ព្រះយេហូវ៉ាឬទេ? ប្រហែលជាមិនស្ដាប់នាងទេ! ស្រដៀងគ្នាដែរ មនុស្សដទៃប្រហែលជានឹងយល់ព្រមស្ដាប់ប្អូនមែន បើពួកគាត់ឃើញប្អូនបង្ហាញនូវការគោរពនិងប្រព្រឹត្តយ៉ាងល្អទៀងត្រង់។ (រ៉ូម ២:២១) សូមពិនិត្យមើលឧទាហរណ៍មួយ។
១៧ នៅប្រទេសព័រទុយហ្គាល់មានក្មេងស្រីម្នាក់អាយុ១១ឆ្នាំបានត្រូវគេបង្ខិតបង្ខំនៅឯសាលាឲ្យចូលរួមបុណ្យផ្សេងៗ តែមនសិការរបស់នាងដែលបានអប់រំតាមព្រះគម្ពីរបានចាត់ទុកទង្វើនោះជាការខុស។ ដោយបង្ហាញការគោរពចំពោះអ្នកគ្រូនោះ នាងបានពន្យល់អំពីមូលហេតុដែលនាងមិនព្រមចូលរួម តែអ្នកគ្រូនោះបានបង្អាប់នាងវិញ។ អស់មួយរយៈយូរបន្ដិច អ្នកគ្រូនោះបានចំអកមើលងាយសាសនារបស់នាងម្ដងហើយម្ដងទៀតដោយមានបំណងធ្វើឲ្យនាងមានអារម្មណ៍ខ្មាសចំពោះសាសនារបស់ខ្លួន។ យ៉ាងណាក៏ដោយ នាងនៅតែបង្ហាញការគោរពចំពោះអ្នកគ្រូនោះ។ ច្រើនឆ្នាំក្រោយមក ប្អូនស្រីនេះបានបំរើជាអ្នកត្រួសត្រាយឬអ្នកផ្សព្វផ្សាយពេញពេល។ នៅឯមហាសន្និបាតមួយ ប្អូនស្រីបានមើលមនុស្សម្នាក់ៗដែលកំពុងតែទទួលបុណ្យជ្រមុជទឹក ស្រាប់តែនាងចំណាំមុខមនុស្សម្នាក់។ ស្ត្រីនោះជាអតីតអ្នកគ្រូរបស់នាង! ស្ត្រីទាំងពីរនាក់នេះបានឱបគ្នាទាំងយំហូរទឹកភ្នែកផង ហើយក្រោយមកបងស្រីបានប្រាប់ប្អូនស្រីថា អ្នកគ្រូមិនដែលភ្លេចសោះនូវកិរិយារបស់ប្អូនដែលបានបង្ហាញនូវការគោរពជានិច្ច។ ស្មរបន្ទាល់ម្នាក់បានផ្សព្វផ្សាយដល់អ្នកគ្រូនោះ ហើយអ្នកគ្រូនោះបាននិយាយអំពីកិរិយាប្រព្រឹត្តរបស់អតីតសិស្សម្នាក់នេះ។ ជាលទ្ធផលនោះ អ្នកគ្រូបានចាប់ផ្ដើមសិក្សាព្រះគម្ពីរ ហើយបានក្រសោបយកសេចក្ដីពិតពីព្រះគម្ពីរជាជំនឿរបស់ខ្លួន។ ពិតមែនហើយ កិរិយាប្រព្រឹត្តរបស់ប្អូនៗអាចមានឥទ្ធិពលខ្លាំងណាស់ក្នុងការសរសើរព្រះយេហូវ៉ា!
១៨. បើប្អូនៗមិនសូវហ៊ានចាប់ផ្ដើមពិគ្រោះអំពីព្រះគម្ពីរនិងព្រះយេហូវ៉ា តើប្អូនៗអាចធ្វើអ្វី?
១៨ តើប្អូនៗមានការពិបាកក្នុងការចាប់ផ្ដើមពិគ្រោះអំពីជំនឿរបស់ខ្លួនពេលនៅសាលាឬទេ? ចូរឲ្យដឹងថា ប្អូនៗជាច្រើននាក់មានអារម្មណ៍ដូចគ្នាដែរ។ ប៉ុន្តែ ប្អូនៗអាចបើកឱកាសឲ្យអ្នកដទៃសួរអំពីជំនឿរបស់ប្អូនបាន។ ជាឧទាហរណ៍ បើមិនខុសច្បាប់រដ្ឋហើយគេអនុញ្ញាតឲ្យសិស្សយកសៀវភៅដែលមានមូលដ្ឋានពីព្រះគម្ពីរទៅឯសាលានោះ ចូរយកសៀវភៅខ្លះទៅសាលាហើយអានសៀវភៅនោះពេលផ្អាកដើម្បីញ៉ាំអាហារឬនៅម៉ោងផ្សេងក៏បាន ឲ្យតែមានសិទ្ធិធ្វើដូច្នេះ។ ប្រហែលជាសិស្សរួមថ្នាក់នឹងសួរប្អូនថា តើប្អូនកំពុងតែអានអ្វី? ពេលប្អូនឆ្លើយដោយប្រាប់អំពីមូលហេតុដែលប្អូនចូលចិត្តអានអត្ថបទឬសៀវភៅនោះ ប្រហែលជានឹងមានឱកាសចាប់ផ្ដើមពិគ្រោះជាមួយគ្នាភ្លាមៗក៏មិនដឹង។ កុំភ្លេចសួរសំណួរដើម្បីដឹងអំពីជំនឿរបស់មិត្តរួមថ្នាក់ដែរ។ ចូរស្ដាប់ដោយគោរពសិទ្ធិគាត់ ហើយប្រាប់អំពីអ្វីដែលប្អូនបានរៀនពីព្រះគម្ពីរ។ ប្អូនៗយុវជនយុវតីជាច្រើនកំពុងតែសរសើរព្រះនៅឯសាលាតាមរបៀបនេះ។ ទង្វើនេះអាចនាំឲ្យមានអំណរហើយជួយមនុស្សច្រើនថែមទៀតឲ្យស្គាល់ព្រះយេហូវ៉ាដែរ។
១៩. តើប្អូនៗយុវជនយុវតីអាចធ្វើអ្វីដើម្បីឲ្យមានប្រសិទ្ធភាពកាន់តែច្រើនក្នុងកិច្ចការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ?
១៩ ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជាវិធីមួយដែលមានប្រសិទ្ធភាពច្រើនក្នុងការសរសើរព្រះយេហូវ៉ា។ ប្រសិនបើប្អូនមិនទាន់រួមចំណែកក្នុងការផ្សព្វផ្សាយដូចនេះ ចូរតាំងគោលដៅមួយគឺចុះឈ្មោះជាអ្នកផ្សព្វផ្សាយ។ បើប្អូនបានចុះឈ្មោះជាអ្នកផ្សព្វផ្សាយរួចហើយ តើមានគោលដៅឯទៀតដែលប្អូនអាចកំណត់សំរាប់ខ្លួនឯងបានទេ? ជាឧទាហរណ៍ ជាជាងគ្រាន់តែនិយាយដដែលៗពេលជួបម្ចាស់ផ្ទះនីមួយៗ ចូរខំរកវិធីដែលអាចលូតលាស់ក្នុងកិច្ចបំរើដោយប្រហែលជាសុំជំនួយពីមាតាបិតាឬបងប្អូនឯទៀតដែលមានបទពិសោធន៍។ ចូររៀនឲ្យចេះប្រើព្រះគម្ពីរច្រើនជាង ឬរៀនឲ្យមានប្រសិទ្ធភាពច្រើនជាងពេលត្រឡប់ទៅជួបមនុស្សដែលចាប់អារម្មណ៍ ឬរៀនឲ្យចេះលើកទឹកចិត្តអ្នកចាប់អារម្មណ៍ឲ្យចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយប្អូន។ (ធីម៉ូថេទី១ ៤:១៥) បើប្អូនសរសើរព្រះយេហូវ៉ាកាន់តែច្រើនតាមរបៀបទាំងនេះ នោះប្អូនក៏នឹងមានប្រសិទ្ធភាពកាន់តែច្រើន ហើយនឹងមានអំណរកាន់តែច្រើនផងដែរក្នុងកិច្ចបំរើផ្សាយរបស់ប្អូន។
តើប្អូនៗគួរចាប់ផ្ដើមសរសើរព្រះយេហូវ៉ានៅពេលណា?
២០. ហេតុអ្វីក៏ប្អូនៗយុវជនយុវតីមិនចាំបាច់មានអារម្មណ៍ថា ខ្លួនមិនអាចសរសើរព្រះយេហូវ៉ាដោយព្រោះក្មេងពេក?
២០ អត្ថបទនេះបានពិគ្រោះអំពីសំណួរពីរហើយ តែសំណួរទីបីនេះស្រួលឆ្លើយជាងគេ។ សូមកត់សម្គាល់នូវចម្លើយចំៗពីព្រះគម្ពីរដែលថា៖ «ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង»។ (សាស្ដា ១២:១) ត្រូវមែន គឺពេលឥឡូវនេះហើយដែលប្អូនគួរតែចាប់ផ្ដើមសរសើរព្រះយេហូវ៉ា។ ប្រហែលជាប្អូនមានគំនិតដោះសាថា៖ «ខ្ញុំមិនអាចសរសើរព្រះយេហូវ៉ាបានទេ ពីព្រោះខ្ញុំក្មេងពេកហើយអត់ទាន់ចេះទេ។ ចាំឲ្យខ្ញុំធំឡើងបន្ដិចសិន»។ ប្អូនៗយុវជនយុវតីជាច្រើនធ្លាប់មានគំនិតដូចនោះដែរ។ ជាឧទាហរណ៍ ពេលដែលយេរេមានៅក្មេងនៅឡើយ គាត់បានទូលថ្វាយព្រះយេហូវ៉ាថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ! មើល! ទូលបង្គំគ្មានវោហារអធិប្បាយទេ ដ្បិតទូលបង្គំជាមនុស្សក្មេងសុទ្ធ»។ ព្រះយេហូវ៉ាបានធ្វើឲ្យយេរេមាមានទំនុកចិត្តថា គ្មានហេតុភ័យព្រួយឡើយ។ (យេរេមា ១:៦, ៧) ដូចគ្នាដែរ យើងមិនចាំបាច់ខ្លាចអ្វីឡើយពេលដែលយើងសរសើរព្រះយេហូវ៉ា ដ្បិតទោះបើយើងជួបប្រទះគ្រោះថ្នាក់ណាក៏ដោយ ព្រះយេហូវ៉ាអាចដោះស្រាយបញ្ហានោះបាន។—ទំនុកដំកើង ១១៨:៦
២១, ២២. ហេតុអ្វីបានជាព្រះគម្ពីរប្រៀបធៀបប្អូនៗដែលសរសើរព្រះយេហូវ៉ាទៅនឹងទឹកសន្សើម? ហេតុអ្វីក៏ការប្រៀបធៀបនេះគួរឲ្យលើកទឹកចិត្តណាស់?
២១ ដូច្នេះ យើងសូមដាស់តឿនប្អូនៗយុវជនយុវតីថា កុំឲ្យស្ទាក់ស្ទើរឬមិនហ៊ានសរសើរព្រះយេហូវ៉ាឲ្យសោះ! ពេលឥឡូវនេះដែលប្អូននៅក្មេងនៅឡើយ នេះជាពេលល្អបំផុតឲ្យចូលរួមធ្វើកិច្ចការដ៏សំខាន់បំផុតដែលធ្លាប់មាននៅលើផែនដី។ ពេលដែលប្អូនចូលរួមកិច្ចការនេះ ប្អូនក៏នឹងរួមចំណែកជាមួយអ្វីដែលអស្ចារ្យ ពោលគឺរួមចំណែកក្នុងក្រុមគ្រួសារមួយដែលមានសមាជិកទូទាំងសកលលោកដែលកំពុងតែសរសើរព្រះយេហូវ៉ា។ ព្រះយេហូវ៉ាមានព្រះទ័យរីករាយណាស់ដែលប្អូនអាចរួមចំណែកក្នុងក្រុមគ្រួសារនេះ។ សូមកត់សម្គាល់ពាក្យដូចតទៅនេះដែលព្រះយេហូវ៉ាបានបណ្ដាលឲ្យអ្នកតែងបទទំនុកដំកើងទូលថ្វាយទ្រង់ថា៖ ‹រាស្ត្ររបស់ទ្រង់នឹងថ្វាយខ្លួនស្ម័គ្រពីចិត្តនៅថ្ងៃដែលទ្រង់ដំរៀបក្បួនទ័ពដំប្រដាប់ដោយគ្រឿងបរិសុទ្ធ ពួកកំឡោះរបស់ទ្រង់នឹងបានដូចជាទឹកសន្សើមដែលចេញពីផ្ទៃនៃបច្ចូសកាលមក›។—ទំនុកដំកើង ១១០:៣
២២ ទឹកសន្សើមដែលបញ្ចេញពន្លឺព្រាកៗនាពេលព្រលឹមនោះ ពិតជាស្អាតណាស់មែនទេ? ពេលយើងឃើញទឹកសន្សើម នេះធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លាពីព្រោះវាស្អាតហើយមានច្រើនពណ៌នាពុំបាន មែនទេ? នេះហើយជាទស្សនៈរបស់ព្រះយេហូវ៉ាចំពោះប្អូនៗទាំងឡាយដែលកំពុងតែសរសើរទ្រង់ដោយចិត្តស្មោះភក្ដីក្នុងគ្រាលំបាកនេះ។ គឺច្បាស់ណាស់ ព្រះយេហូវ៉ាមានព្រះទ័យរីករាយពេលដែលប្អូនៗសម្រេចចិត្តសរសើរទ្រង់។ (សុភាសិត ២៧:១១) ដូច្នេះហើយ ប្អូនៗយុវជនយុវតីទាំងឡាយអើយ! ចូរសរសើរព្រះយេហូវ៉ាចុះ!
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើមានមូលហេតុសំខាន់អ្វីខ្លះ ឲ្យយើងសរសើរព្រះយេហូវ៉ា?
• តើមានគំរូអ្វីខ្លះក្នុងព្រះគម្ពីរដែលបង្ហាញថា ប្អូនៗយុវជនយុវតីអាចមានប្រសិទ្ធភាពក្នុងការសរសើរព្រះយេហូវ៉ា?
• នៅសព្វថ្ងៃនេះ តើប្អូនៗយុវជនយុវតីអាចសរសើរព្រះយេហូវ៉ាបានយ៉ាងណា?
• តើប្អូនៗយុវជនយុវតីគួរតែចាប់ផ្ដើមសរសើរព្រះយេហូវ៉ានៅពេលណា? ហើយហេតុអ្វីនៅពេលនោះឯង?
[រូបភាពនៅទំព័រ២៥]
បើប្អូនៗមានមិត្តជិតស្និទ្ធម្នាក់ដែលមានការប៉ិនប្រសប់ម្យ៉ាង តើប្អូននឹងនិយាយប្រាប់បងប្អូនញាតិមិត្តអំពីមិត្តភក្ដិមួយនោះឬទេ?
[រូបភាពនៅទំព័រ២៧]
ប្រហែលជាសិស្សរួមថ្នាក់នឹងបង្ហាញចំណាប់អារម្មណ៍ចំពោះជំនឿរបស់ប្អូន
[រូបភាពនៅទំព័រ២៨]
បើប្អូនចង់លូតលាស់ក្នុងកិច្ចបំរើផ្សាយ ចូរសុំជំនួយពីបងប្អូនឯទៀតដែលមានបទពិសោធន៍