បានត្រូវញែកចេញឲ្យធ្វើជាពួកអ្នកសរសើរដ៏សប្បាយពាសពេញពិភពលោក
«ចូរសរសើរដល់ព្រះយេហូវ៉ា ឱពួកអ្នកបំរើនៃព្រះយេហូវ៉ាអើយ! ចូរសរសើរចុះ ចូរសរសើរដល់ព្រះនាមព្រះយេហូវ៉ា»។—ទំនុកដំកើង ១១៣:១
១, ២. (ក) យោងទៅតាមទំនុកដំកើង ១១៣:១-៣ តើអ្នកណាដែលសមទទួលការសរសើរដ៏សាទរពីយើង? (ខ) តើសំនួរអ្វីដែលសមនឹងសួរឡើង?
ព្រះយេហូវ៉ាជាអ្នកបង្កើតដ៏ខ្ពស់ថ្កើងនៃផ្ទៃមេឃនិងផែនដី ជាព្រះមហាក្សត្រសកលលោករបស់យើងនៃភាពអស់កល្បជានិច្ច។ ទ្រង់សមនឹងទទួលការសរសើរដ៏សាទរពីយើង។ ហេតុនេះហើយបានជាទំនុកដំកើង ១១៣:១-៣ បង្គាប់យើងថា៖ «ចូរសរសើរដល់ព្រះយេហូវ៉ា ឱពួកអ្នកបំរើនៃព្រះយេហូវ៉ាអើយ! ចូរសរសើរចុះ ចូរសរសើរដល់ព្រះនាមព្រះយេហូវ៉ា សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរ ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បតទៅ ចាប់តាំងពីទីថ្ងៃរះរហូតដល់ទីថ្ងៃលិច នោះព្រះនាមព្រះយេហូវ៉ាគួរសរសើរ»។
២ ជាស្មរបន្ទាល់របស់ព្រះ យើងមានចិត្តដ៏រីករាយក្នុងការធ្វើនេះ។ ជាការដ៏រំភើបចិត្តណាស់ ដែលមិនយូរប៉ុន្មានទៀត ព្រះយេហូវ៉ានឹងបណ្ដាលឲ្យចំរៀងនៃការសរសើរដ៏សប្បាយនេះ ដែលយើងកំពុងតែច្រៀងសព្វថ្ងៃនេះ ឲ្យមានពេញលើផែនដីទាំងមូល! (ទំនុកដំកើង ២២:២៧) តើសម្លេងរបស់អ្នកកំពុងតែបានឮក្នុងចំណោមអ្នកច្រៀងដ៏ពាសពេញផែនដីនេះទេ? បើមែន នោះគឺច្បាស់ជាធ្វើឲ្យអ្នកសប្បាយចិត្តណាស់ ដែលបានត្រូវញែកចេញពីលោកដ៏ឥតឯកភាព និងដ៏ឥតសប្បាយនេះ!
៣. (ក) តើអ្វីដែលធ្វើឲ្យរាស្ត្ររបស់ព្រះយេហូវ៉ាប្លែកដ៏អស្ចារ្យ? (ខ) ក្នុងរបៀបណាដែលយើងបានញែកចេញពីគេ?
៣ ការសរសើរព្រះយេហូវ៉ាយ៉ាងសាមគ្គីភាពរបស់យើង ច្បាស់ជាធ្វើឲ្យយើងប្លែកអស្ចារ្យណាស់។ យើងនិយាយនិងបង្រៀនដោយស្របគំនិតគ្នា ហើយប្រើវិធីដូចគ្នា ដើម្បីប្រកាសនូវ‹សំបូរភាពនៃសេចក្ដីល្អរបស់ព្រះយេហូវ៉ា›។ (ទំនុកដំកើង ១៤៥:៧) ត្រូវហើយ ជារាស្ត្រដែលបានថ្វាយខ្លួនដល់ព្រះយេហូវ៉ា យើងបានញែកចេញសំរាប់កិច្ចបំរើនៃព្រះយេហូវ៉ារបស់យើង។ ព្រះបានមានបន្ទូលប្រាប់រាស្ត្រនៅសម័យដើមរបស់ទ្រង់ ពួកអ៊ីស្រាអែល ឲ្យញែកខ្លួនចេញពីសាសន៍ជុំវិញគេ ហើយកុំឲ្យប្រឡាក់ពីការប្រព្រឹត្តនៃសាសន៍ទាំងនោះ។ (និក្ខមនំ ៣៤:១២-១៦) ទ្រង់បានប្រទានច្បាប់ដល់រាស្ត្រទ្រង់ ដើម្បីជួយគេឲ្យធ្វើបែបនេះ។ សព្វថ្ងៃនេះក៏ដូចគ្នាដែរ ព្រះយេហូវ៉ាបានប្រទានឲ្យយើងនូវបន្ទូលបរិសុទ្ធរបស់ទ្រង់ ព្រះគម្ពីរ។ សេចក្ដីបង្គាប់ព្រះគម្ពីរបង្ហាញយើងនូវរបៀបដែលយើងអាចញែកចេញពីលោកីយ៍នេះ។ (កូរិនថូសទី២ ៦:១៧; ធីម៉ូថេទី២ ៣:១៦, ១៧) យើងមិនបានត្រូវញែកចេញដោយការដាក់ឲ្យដាច់ពីគេ ក្នុងវត្តឬព្រះវិហារ ដូចលោកសង្ឃនិងដូនជីនៃបាប៊ីឡូនដ៏ធំទេ។ ដោយកាន់តាមគំរូរបស់ព្រះយេស៊ូ យើងជាពួកអ្នកសរសើរព្រះយេហូវ៉ាតាមសាធារណៈ។
កាន់តាមអ្នកសរសើរដ៏ឧត្តមរបស់ព្រះយេហូវ៉ា
៤. តើតាមរបៀបណាដែលព្រះយេស៊ូទុកគំរូក្នុងការសរសើរព្រះយេហូវ៉ា?
៤ ព្រះយេស៊ូមិនដែលងាកចេញពីគោលដៅរបស់ទ្រង់ ក្នុងការបំរើព្រះយេហូវ៉ាទេ។ ហើយនេះធ្វើឲ្យទ្រង់ខុសប្លែកពីលោកីយ៍។ ក្នុងសាលាប្រជុំនិងព្រះវិហារនៃក្រុងយេរូសាឡិម ទ្រង់បានសរសើរព្រះនាមដ៏បរិសុទ្ធ។ មិនថានៅលើភ្នំឬតាមឆ្នេរសមុទ្រ កន្លែងណាក៏ដោយដែលមានមនុស្ស ព្រះយេស៊ូបានផ្សាយសេចក្ដីពិតរបស់ព្រះយេហូវ៉ាដោយសាធារណៈ។ ទ្រង់បានប្រកាសថា៖ «ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌នឹងផែនដីអើយ ទូលបង្គំសរសើរដល់ទ្រង់»។ (ម៉ាថាយ ១១:២៥) ទោះបីពេលបានកាត់ទោស នៅពីមុខលោកពីឡាត់ក៏ដោយ ព្រះយេស៊ូបានផ្ដល់ភស្តុតាងថា៖ «ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយនេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត»។ (យ៉ូហាន ១៨:៣៧) ព្រះយេស៊ូបានអបអរនឹងសារៈសំខាន់នៃកិច្ចការរបស់ទ្រង់។ ទោះជាទ្រង់នៅកន្លែងណាក៏ដោយ ព្រះយេស៊ូបានធ្វើបន្ទាល់អំពីព្រះយេហូវ៉ានិងបានសរសើរទ្រង់តាមសាធារណៈ។
៥. តើទំនុកដំកើង ២២:២២ ទាក់ទងលើអ្នកណា? ហើយតើយើងគួរមានអាកប្បកិរិយាយ៉ាងណា?
៥ ទំនុកដំកើង ២២:២២ យើងរកឃើញទំនាយមួយ អំពីអ្នកសរសើរដ៏ឧត្តមរបស់ព្រះយេហូវ៉ាថា៖ «ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរដំកើងទ្រង់ នៅកណ្ដាលពួកពួកជំនុំ»។ ហើយក្នុងហេព្រើរ ២:១១, ១២ សាវ័កប៉ុលបានអនុវត្តខទាំងនេះទៅព្រះយេស៊ូ និងអស់អ្នកដែលព្រះយេហូវ៉ាបានធ្វើឲ្យបរិសុទ្ធសំរាប់បានសិរីល្អនៅស្ថានសួគ៌។ ដូចទ្រង់ ពួកគេមិនអាម៉ាស់មុខទេក្នុងការសរសើរព្រះនាមរបស់ព្រះយេហូវ៉ានៅកណ្ដាលជំនុំ។ តើយើងមានចិត្តគំនិតដូចនេះពេលទៅក្រុមជំនុំទេ? ការចូលរួមដ៏អបអររបស់យើងក្នុងកិច្ចប្រជុំ ទាំងការប្រុងស្ដាប់និងខាងពាក្យសំដី គឺសរសើរដល់ព្រះយេហូវ៉ា។ តើការសរសើរដ៏សប្បាយរបស់យើងចប់តែប៉ុណ្ណោះឬ?
៦. តើមុខងារអ្វីដែលព្រះយេស៊ូប្រទានដល់ពួកសិស្សទ្រង់ ហើយតើតាមរបៀបណាដែលពួកស្រឡាញ់នៃពន្លឺដំកើងព្រះ?
៦ យោងទៅតាមម៉ាថាយ ៥:១៤-១៦ ព្រះអម្ចាស់យេស៊ូ ក៏បានចាត់ពួកអ្នកកាន់តាមទ្រង់ឲ្យបញ្ចេញពន្លឺរបស់គេ ដើម្បីឲ្យអ្នកដទៃសរសើរព្រះយេហូវ៉ាដែរ។ ទ្រង់មានបន្ទូលថា៖ «អ្នករាល់គ្នាជាពន្លឺនៃលោកីយ . . . ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌»។ ពួកអ្នកដែលស្រឡាញ់ពន្លឺផ្ដល់ឲ្យមានសិរីល្អដល់ព្រះ។ តើពួកគេធ្វើនេះ ដោយគ្រាន់តែនិយាយនិងធ្វើល្អ របស់ខាងមនុស្សធម៌ឬ? អត់ទេ ផ្ទុយទៅវិញ គេធ្វើនេះដោយដំកើងព្រះយេហូវ៉ា។ ត្រូវហើយ ពួកអ្នកដែលស្រឡាញ់ពន្លឺថ្វាយខ្លួនគេជូនព្រះ ហើយក្លាយទៅជាពួកអ្នកសរសើរព្រះដ៏សប្បាយ។ តើអ្នកបានយកជំហានដ៏សប្បាយនេះហើយឬ?
អំណរពីការសរសើរព្រះយេហូវ៉ា
៧. ហេតុអ្វីក៏ពួកសរសើរព្រះយេហូវ៉ាសប្បាយចិត្តម្ល៉េះ ហើយតើគេមានអំណរអ្វីក្នុងថ្ងៃនៃបុណ្យភិន្ដាកុសក្នុងឆ្នាំ៣៣ ស.យ.?
៧ ហេតុអ្វីក៏ពួកសរសើរព្រះយេហូវ៉ាមានអំណរខ្លាំងម្ល៉េះ? ពីព្រោះ អំណរជាផលផ្លែនៃវិញ្ញាណបរិសុទ្ធរបស់ព្រះ។ នៅកាឡាទី ៥:២២ បានត្រូវរៀបរាប់មកក្រោយពីសេចក្ដីស្រឡាញ់។ ពួកសិស្សរបស់ព្រះយេស៊ូក្នុងសតវត្សទីមួយ បានបង្ហាញផលផ្លែនេះនៃវិញ្ញាណរបស់ព្រះយេហូវ៉ា។ ក្នុងថ្ងៃបុណ្យភិន្ដាកុសនៃឆ្នាំ៣៣ស.យ. ពេលដែលព្រះបានចាក់វិញ្ញាណរបស់ទ្រង់មកលើសិស្សរបស់ព្រះយេស៊ូ ដែលមានប្រមាណ១២០នាក់ នោះពួកគេទាំងអស់គ្នាបានចាប់ផ្ដើមសរសើរព្រះយេហូវ៉ា ក្នុងភាសាផ្សេងៗគ្នា។ ពួកយូដាដែលគោរពព្រះដែលបានមកក្រុងយេរូសាឡិម ‹មានសេចក្ដីស្រឡាំងកាំងនិងសេចក្ដីអស្ចារ្យ›។ ពួកគេលាន់មាត់ថា៖ «យើងទាំងអស់គ្នាឮគេនិយាយពីអស់ទាំងការអស្ចារ្យរបស់ព្រះ តាមភាសារបស់យើងរៀងខ្លួន»! (កិច្ចការ ២:១-១១) តើមានលទ្ធផលយ៉ាងណា ពីការសរសើរព្រះយេហូវ៉ាតាមភាសាដ៏ច្រើនអស្ចារ្យនេះ? គឺមានពួកយូដានិងពួកកាន់តាមជាតិយូដា៣០០០នាក់ ទទួលយកដំណឹងល្អព្រះរាជាណាចក្រ ដែលស្តីអំពីព្រះមេស្ស៊ី។ ពួកដែលបានធ្វើបុណ្យជ្រមុជទឹក បានទទួលវិញ្ញាណបរិសុទ្ធ ហើយបានបន្ថែមសម្លេងរបស់គេធ្វើជាអ្នកសរសើរដ៏សប្បាយនៃព្រះយេហូវ៉ា។ (កិច្ចការ ២:៣៧-៤២) នោះគឺបានទទួលការប្រទានពរច្រើនមែន!
៨. ក្រោយពីបុណ្យភិន្ដាកុស តើពួកគ្រីស្ទានធ្វើអ្វីដើម្បីបង្កើនអំណររបស់គេ?
៨ សេចក្ដីរាយការណ៍បន្តទៀតថា៖ «រាល់តែថ្ងៃ គេនៅតែព្យាយាមក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀងគ្នា ឯកាលនៅផ្ទះ ក៏កាច់នំប៉័ង ហើយបរិភោគអាហារដោយអំណរ នឹងចិត្តស្មោះត្រង់ ព្រមទាំងសរសើរដល់ព្រះ ហើយបណ្ដាជនទាំងអស់គ្នាក៏រាប់អានគេ ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃ ទៅក្នុងពួកជំនុំថែមទៀត»។ (កិច្ចការ ២:៤៦, ៤៧) តើគ្រាន់តែមកជួបជុំគ្នានិងទទួលអាហារ នោះធ្វើឲ្យគេមានការអរខ្លាំងឬ? អត់ទេ អំណរដ៏សំខាន់របស់គេមានមកពីការសរសើរព្រះយេហូវ៉ារៀងរាល់ថ្ងៃ។ ហើយអំណររបស់គេនឹងមានច្រើនឡើង ពេលគេបានឃើញមនុស្សជាច្រើនធ្វើតាមសារនៃសេចក្ដីសង្គ្រោះរបស់គេ។ នេះក៏មានសភាពដូចយើងសព្វថ្ងៃនេះដែរ។
ពួកអ្នកសរសើរដ៏សប្បាយក្នុងគ្រប់សាសន៍
៩. (ក) ពេលណានិងរបៀបណាដែលព្រះចាប់ផ្ដើមប្រទានមនុស្សនៃគ្រប់សាសន៍ នូវឱកាសឲ្យឮដំណឹងល្អរបស់ទ្រង់? (ខ) ហេតុអ្វីក៏វិញ្ញាណបរិសុទ្ធបានត្រូវចាក់មកលើកូនេលាសនិងពួកគូកនរបស់គាត់ មុននឹងការធ្វើបុណ្យជ្រមុជទឹករបស់គេ?
៩ ព្រះយេហូវ៉ាមិនចង់ឲ្យសកម្មភាពនៃការកាន់ពន្លឺនៃពួកអ្នកបំរើរបស់ទ្រង់ មានតែក្នុងសាសន៍មួយនោះទេ។ ដូច្នេះ ចាប់ផ្ដើមពីឆ្នាំ៣៦ស.យ.មក ទ្រង់បានប្រទានដល់មនុស្សនៃគ្រប់សាសន៍ នូវឱកាសឲ្យឮដំណឹងល្អរបស់ទ្រង់។ តាមការដឹកនាំរបស់ព្រះ ពេត្រុសបានទៅផ្ទះនៃមេទ័ពសាសន៍ដទៃម្នាក់ ក្នុងក្រុងសេសារា។ នៅទីនោះ គាត់បានរកឃើញកូនេលាស បានផ្ដុំគ្នាជាមួយគូកននិងគ្រួសាររបស់គាត់។ កាលដែលពួកគេបានខំស្ដាប់ពាក្យរបស់ពេត្រុស គេបានអនុវត្តជំនឿលើព្រះយេស៊ូក្នុងចិត្តរបស់គេ។ តើតាមរបៀបណាដែលយើងដឹង? ពីព្រោះវិញ្ញាណបរិសុទ្ធរបស់ព្រះ បានមកលើពួកអ្នកជឿនៃសាសន៍ដទៃនោះ។ ជាធម្មតា អំណោយនៃវិញ្ញាណរបស់ព្រះ បានប្រទានមកក្រោយពីបុណ្យជ្រមុជទឹក ប៉ុន្តែក្នុងគ្រានោះ ព្រះយេហូវ៉ាបានបង្ហាញថាទ្រង់សព្វព្រះហឫទ័យ នឹងពួកដែលមិនមែនសាសន៍យូដា មុនគេបានជ្រមុជទឹក។ បើសិនជាព្រះយេហូវ៉ាមិនបានធ្វើដូចនេះទេ ពេត្រុសច្បាស់ជាមិនដឹងប្រាកដ ថាឥឡូវនេះ ព្រះបានទទួលពួកសាសន៍ដទៃ ជាពួកអ្នកបំរើទ្រង់ទេ ហើយថាគេមានសិទ្ធិធ្វើពិធីជ្រមុជទឹក។—កិច្ចការ ១០:៣៤, ៣៥, ៣៧, ៤៧, ៤៨
១០. តើបានត្រូវទាយមកតាមរបៀបណាពីជំនាន់បុរាណថា មនុស្សនៃគ្រប់សាសន៍នឹងសរសើរព្រះយេហូវ៉ា?
១០ តាំងពីជំនាន់ដើម ព្រះយេហូវ៉ាបានទាយប្រាប់ថាមនុស្សនៃគ្រប់សាសន៍ នឹងសរសើរទ្រង់។ ទ្រង់នឹងមានពួកសរសើរដ៏សប្បាយក្នុងគ្រប់ប្រទេស។ ដើម្បីបង្ហាញរឿងនេះ សាវ័កប៉ុលបានដកស្រង់ទំនាយជាច្រើនចេញពីបទគម្ពីរភាសាហេព្រើរ។ គាត់បានប្រាប់ក្រុមជំនុំគ្រីស្ទានអន្តរជាតិ ក្នុងក្រុងរ៉ូមថា៖ «ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមក ដូចជាព្រះយេស៊ូវបានទទួលយើងដែរ សំរាប់នឹងសរសើរដល់ព្រះចុះ។ ឥឡូវខ្ញុំថា ព្រះយេស៊ូវគ្រីស្ទទ្រង់បានត្រឡប់ជាអ្នកបំរើ ដល់ពួកកាត់ស្បែក ដើម្បីនឹង សំដែងសេចក្ដីស្មោះត្រង់នៃព្រះ ប្រយោជន៍នឹងបញ្ជាក់សេចក្ដីសន្យា ដែលបានតាំងនឹងពួកឰយុកោ ហើយឲ្យពួកសាសន៍ដទៃ បានសរសើរដំកើងព្រះដែរ ដោយព្រោះសេចក្ដីមេត្ដាករុណារបស់ទ្រង់ តាមសេចក្ដីដែលចែងទុកមកថា [នៅទំនុកដំកើង ១៨:៤៩] ‹ហេតុនោះបានជាទូលបង្គំនឹងសរសើរដំកើងទ្រង់ក្នុងពួកសាសន៍ដទៃ ហើយទូលបង្គំនឹងច្រៀងទំនុកបរិសុទ្ធ ថ្វាយព្រះនាមទ្រង់› ហើយមានសេចក្ដី១ទៀតថា [ចោទិយកថា ៣២:៤៣]‹ឱសាសន៍ដទៃទាំងប៉ុន្មានអើយ ចូរអរសប្បាយជាមួយនឹងរាស្ត្រទ្រង់› ក៏មាន១ទៀតថា [ទំនុកដំកើង ១១៧:១]‹ឱសាសន៍ទាំងឡាយអើយ ចូរសរសើរដល់ព្រះអម្ចាស់ ឱជនរាល់គ្នាអើយ ចូរដំកើងទ្រង់ចុះ›»។—រ៉ូម ១៥:៧-១១
១១. តើព្រះបានជួយមនុស្សនៃគ្រប់សាសន៍ទាំងអស់ឲ្យរៀនសេចក្ដីពិតអំពីទ្រង់ដូចម្ដេច ហើយបានមានលទ្ធផលយ៉ាងណា?
១១ មនុស្សមិនអាចបំរើព្រះយេហូវ៉ាដ៏សាមគ្គីភាព ទាល់តែគេទុកសេចក្ដីសង្ឃឹមរបស់គេលើព្រះយេស៊ូគ្រីស្ទ ជាបុគ្គលដែលព្រះបានរើសតាំងឲ្យគ្រប់គ្រងលើមនុស្សនៃគ្រប់សាសន៍។ ដើម្បីជួយគេឲ្យអបអរសេចក្ដីពិតរបស់ទ្រង់ដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច នោះព្រះបានរៀបចំកម្មវិធីអប់រំអន្តរជាតិ។ ទ្រង់កំពុងតែឲ្យការដឹកនាំតាមរយៈអ្នកបំរើស្មោះត្រង់។ (ម៉ាថាយ ២៤:៤៥-៤៧) តើមានលទ្ធផលយ៉ាងណា? មានពួកអ្នកបំរើព្រះយេហូវ៉ាដ៏សប្បាយប្រាំលាននាក់ ដែលកំពុងតែច្រៀងក្នុងជាង២៣០ប្រទេស។ ហើយរាប់លាននាក់ទៀតកំពុងតែបង្ហាញចំណូលចិត្តក្នុងការធ្វើដូចនេះដែរ។ សូមមើលនូវចំនួនមនុស្សដែលបានមកឯពិធីបុណ្យរំឭកក្នុងឆ្នាំ១៩៩៦៖ ១២.៩២១.៩៣៣។ ជាការគួរឲ្យអស្ចារ្យមែន!
ហ្វូងធំនៃពួកអ្នកសរសើរដ៏សប្បាយបានត្រូវទាយមក
១២. តើចក្ខុនិមិត្តដ៏អស្ចារ្យអ្វីដែលសាវ័កយ៉ូហានឃើញ តើអ្វីជាហេតុការណ៍ពិតនៃការរស់នៅក្នុងនោះ?
១២ ក្នុងចក្ខុនិមិត្ត សាវ័កយ៉ូហានបានឃើញ«មនុស្ស១ហ្វូងធំ»ពីគ្រប់សាសន៍។ (វិវរណៈ ៧:៩) តើអ្វីជាចំណងជើងនៃការសរសើររបស់ពួកហ្វូងធំ ដែលកំពុងតែច្រៀងជាមួយពួកអ្នកចាក់ប្រេងតាំងដែលនៅសល់? លោកយ៉ូហានប្រាប់យើងថា៖ «សេចក្ដីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង»។ (វិវរណៈ ៧:១០) នេះគឺកំពុងតែប្រកាសដ៏ក្លាហានក្នុងគ្រប់ភូមិភាគនៃពិភពលោកនេះ។ គ្រវីធាងចាកដោយសាមគ្គីភាពគ្នា បើនិយាយប្រៀបធៀប យើងដំកើងព្រះជាព្រះមហាក្សត្រសកលលោក ហើយសារភាពដ៏សប្បាយនៅពីមុខផ្ទៃមេឃនិងផែនដីថា‹យើងមាន›សេចក្ដីសង្គ្រោះរបស់យើងដោយសារទ្រង់ និងរាជបុត្រារបស់ទ្រង់ កូនចៀម ព្រះយេស៊ូគ្រីស្ទ។ តើសាវ័កយ៉ូហាននឹងមានការរំភើបចិត្តយ៉ាងណាហ្ន៎ ដែលឃើញចក្ខុនិមិត្តនៃពួកហ្វូងធំនេះ! ហើយក៏ជាការរំភើបចិត្តដែរ ដែលយើងរស់នៅសព្វថ្ងៃនេះ ដោយឃើញ ព្រមទាំងមានផ្នែកនៃការរស់នៅក្នុងហេតុការណ៍ពិតនូវអ្វីដែលយ៉ូហានបានឃើញ!
១៣. តើអ្វីដែលធ្វើរាស្ត្ររបស់ព្រះយេហូវ៉ាខុសប្លែកពីលោកីយ៍នេះ?
១៣ ជាពួកអ្នកបំរើរបស់ព្រះយេហូវ៉ា យើងកាន់ព្រះនាមទ្រង់ដោយសរសើរ។ (អេសាយ ៤៣:១០, ១២) ជាស្មរបន្ទាល់ព្រះយេហូវ៉ា ធ្វើឲ្យយើងខុសប្លែកពីលោកីយ៍នេះ។ ជាការគួរឲ្យអរសប្បាយមែន ដោយកាន់ព្រះនាមដ៏អស្ចារ្យនេះ ហើយដោយយកកិច្ចការរបស់ទ្រង់ជាគោលបំណងក្នុងជីវិតរបស់យើង! គោលបំណងដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា ក្នុងការធ្វើឲ្យព្រះនាមទ្រង់បានបរិសុទ្ធ ហើយធ្វើយុត្ដិកម្មដល់អធិបតេយ្យភាពសកលលោក ដោយមធ្យោបាយនៃព្រះរាជាណាចក្រ បានផ្ដល់ន័យដល់ជីវិតរបស់យើង។ ហើយទ្រង់បានជួយយើងឲ្យមានចំណែកក្នុងគោលបំណងទ្រង់ ដែលស្តីអំពីព្រះនាមនិងព្រះរាជាណាចក្ររបស់ទ្រង់។ ទ្រង់បានធ្វើការនេះក្នុងផ្លូវបីយ៉ាង។
បានប្រគល់ឲ្យសេចក្ដីពិត
១៤, ១៥. (ក) តើអ្វីជាផ្លូវមួយដែលព្រះបានជួយយើងឲ្យមានចំណែកក្នុងគោលបំណងរបស់ទ្រង់ ស្តីអំពីព្រះនាមនិងព្រះរាជាណាចក្ររបស់ទ្រង់? (ខ) តើតាមរបៀបណាដែលព្រះរាជាណាចក្រដែលបានស្ថាបនាឡើងក្នុង១៩១៤ ខុសគ្នានឹងព្រះរាជាណាចក្រដែលបានរំលំក្នុងឆ្នាំ៦០៧ម.ស.យ.?
១៤ ទីមួយ ព្រះយេហូវ៉ាបានប្រគល់ឲ្យរាស្ត្រទ្រង់នូវសេចក្ដីពិត។ ការបើកសម្ដែងដ៏អស្ចារ្យជាងគេ គឺអំពីព្រះរាជាណាចក្ររបស់ទ្រង់ ដែលបានចាប់ផ្ដើមគ្រប់គ្រងក្នុងឆ្នាំ១៩១៤។ (វិវរណៈ ១២:១០) រដ្ឋាភិបាលនៅស្ថានសួគ៌នេះ គឺខុសប្លែកពីព្រះរាជាណាចក្រក្នុងក្រុងយេរូសាឡិម ដែលមានជួរនៃពូជពង្សដាវីឌ ធ្លាប់ឡើងសោយរាជ្យ។ ព្រះរាជាណាចក្រនោះបានរំលំ រួចមក ចាប់ផ្ដើមក្នុងឆ្នាំ៦០៧ម.ស.យ. យេរូសាឡិមបានត្រូវចុះចូលនឹងការគ្រប់គ្រងនៃមហាអំណាចរបស់សាសន៍ដទៃ។ ព្រះរាជាណាចក្រថ្មីដែលព្រះយេហូវ៉ាបានដំឡើងក្នុងឆ្នាំ១៩១៤ គឺមានអំណាចពីស្ថានសួគ៌ ហើយនិងមិនចុះចូលឲ្យអ្នកណាមួយ លើកលែងតែព្រះយេហូវ៉ា ហើយក៏មិនត្រូវបំផ្លាញចោលទៀត។ (ដានីយ៉ែល ២:៤៤) ហើយការគ្រប់គ្រងនោះក៏ខុសគ្នាដែរ។ តើតាមរបៀបណា? វិវរណៈ ១១:១៥ ឆ្លើយថា៖ «នោះមានឮសំឡេងជាច្រើនបន្លឺឡើង នៅលើមេឃថា ‹នគរទាំងប៉ុន្មាននៅលោកីយ បានត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា នឹងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ ទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ›»។
១៥ «នគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា នឹងជារបស់ផងព្រះគ្រីស្ទ» ប្រើអំណាចទៅលើពិភពលោកទាំងមូល។ ការសម្ដែងថ្មីនៃអធិបតេយ្យភាពរបស់ព្រះយេហូវ៉ា ដែលរួមបញ្ចូលរាជបុត្រាជាព្រះមេស្ស៊ី និងបងប្អូន១៤៤,០០០នាក់របស់ព្រះយេស៊ូ ដែលភាគច្រើនបានរស់ឡើងវិញទៅស្ថានសួគ៌ហើយនោះ មិនមែនគ្រាន់តែជាការចាប់អារម្មណ៍ខាងការសិក្សា—ជាអ្វីមួយខាងទ្រឹស្តីដែលពួកសិស្សយកមកពិគ្រោះនោះទេ។ អត់ទេ ព្រះរាជាណាចក្រនៅស្ថានសួគ៌នេះ គឺជារដ្ឋាភិបាលដ៏ពិត។ ហើយសេចក្ដីសង្ឃឹមរបស់យើងក្នុងការរស់នៅអស់កល្បជានិច្ច ពីលទ្ធផលនៃការគ្រប់គ្រងនេះ នោះផ្ដល់ឲ្យយើងមានមូលហេតុជាច្រើនក្នុងការមានអំណរ។ ដោយបានប្រគល់ឲ្យសេចក្ដីពិតនៃបន្ទូលរបស់ព្រះយេហូវ៉ាបែបនេះ នោះដាស់តឿនយើងឲ្យនិយាយល្អអំពីសេចក្ដីពិត។ (ទំនុកដំកើង ៥៦:១០) តើអ្នកធ្វើការនេះជារឿយៗ ដោយប្រាប់មនុស្សគ្រប់គ្នាថា ព្រះរាជាណាចក្រនៃព្រះមេស្ស៊ី ឥឡូវនេះកំពុងតែគ្រប់គ្រងនៅស្ថានសួគ៌ទេ?
បានជួយដោយវិញ្ញាណបរិសុទ្ធនិងភាតរភាពពេញពិភពលោក
១៦, ១៧. តើអ្វីជាផ្លូវទីពីរនិងទីបីដែលបានជួយយើងឲ្យមានចំណែកក្នុងគោលបំណងរបស់ទ្រង់?
១៦ ផ្លូវទីពីរ ដែលព្រះបានជួយយើងឲ្យមានចំណែកក្នុងគោលបំណងរបស់ទ្រង់ គឺដោយប្រទានវិញ្ញាណបរិសុទ្ធដល់យើង ដែលជួយយើងឲ្យបង្កើតផលផ្លែដ៏ល្អក្នុងជីវិត និងធ្វើឲ្យទ្រង់សព្វព្រះហឫទ័យនឹងយើង។ (កាឡាទី ៥:២២, ២៣) ម្យ៉ាងទៀត ប៉ុលបានសរសេរទៅពួកគ្រីស្ទានចាក់ប្រេងតាំងថា៖ «យើងរាល់គ្នា . . . ទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យបានស្គាល់អស់ទាំងព្រះគុណ ដែលព្រះបានផ្ដល់មកយើង»។ (កូរិនថូសទី១ ២:១២) ដោយធ្វើតាមវិញ្ញាណរបស់ព្រះយេហូវ៉ា យើងគ្រប់គ្នា ឥឡូវនេះ អាចដឹងហើយយល់របស់ដ៏ល្អៗក្នុងបច្ចុប្បន្ននេះ ដែលទ្រង់បានផ្ដល់មកយើងដោយសប្បុរស—សេចក្ដីសន្យាទាំងឡាយរបស់ទ្រង់ ច្បាប់ គោលការណ៍ និងអ្វីៗផ្សេងទៀត។—ប្រៀបធៀប ម៉ាថាយ ១៣:១១
១៧ ចំពោះផ្លូវទីបីដែលព្រះកំពុងតែជួយយើង គឺយើងមានភាតរភាពពេញពិភពលោក និងការរៀបចំដ៏រីករាយរបស់ព្រះយេហូវ៉ាសំរាប់ការថ្វាយបង្គំ។ សាវ័កពេត្រុសបានមានប្រសាសន៍អំពីនេះ ពេលដែលលោកបានដាស់តឿនយើងឲ្យ‹ស្រឡាញ់បងប្អូនទាំងអស់គ្នា›។ (ពេត្រុសទី១ ២:១៧) គ្រួសារនៃបងប្អូនប្រុសស្រីអន្តរជាតិដ៏ជាទីស្រឡាញ់របស់យើង ជួយយើងឲ្យបំរើព្រះយេហូវ៉ាដោយមានចិត្តសប្បាយ ដូចទំនុកដំកើង ១០០:២ បង្គាប់យើងថា៖ «ចូរគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ ឲ្យចូលមកនៅចំពោះទ្រង់ ដោយច្រៀងចំរៀងចុះ»។ ខ៤ ចែងទៀតថា៖ «ចូរនាំគ្នាចូលតាមទ្វារទ្រង់ដោយពោលពាក្យអរព្រះគុណ ហើយចូលទៅក្នុងទីលានទ្រង់ ដោយបទសរសើរព្រះនាមទ្រង់ចុះ»។ ដូច្នេះមិនថាយើងកំពុងតែផ្សាយតាមសាធារណៈឬទៅប្រជុំរបស់យើងក៏ដោយ យើងអាចមានអំណរដែរ។ យើងបានរកឃើញសន្ដិភាពនិងសន្ដិសុខមែន ក្នុងទីធ្លាដ៏ល្អនៃព្រះវិហារខាងវិញ្ញាណរបស់ព្រះយេហូវ៉ា!
សរសើរព្រះយេហូវ៉ាដោយអំណរ!
១៨. ហេតុអ្វីក៏យើងអាចអរសប្បាយក្នុងការសរសើរព្រះយេហូវ៉ា ទោះជាមានការបៀតបៀន ឬបញ្ហាឯទៀតដែលធ្វើឲ្យយើងធ្លាក់ទឹកចិត្តនោះ?
១៨ មិនថាយើងមានកាលៈទេសៈដ៏ពិបាកណាមួយ ការបៀតបៀន ឬបញ្ហាណាទៀត ដែលអាចរំខានឥតឈប់ឈរលើយើង សូមឲ្យយើងមានចិត្តរីករាយដែលយើងនៅក្នុងដំណាក់នៃការថ្វាយបង្គំរបស់ព្រះយេហូវ៉ា។ (អេសាយ ២:២, ៣) សូមចងចាំដែរ ថាអំណរ ជាគុណសម្បត្ដិនៃចិត្ត។ ពួកបងប្អូនប្រុសស្រីគ្រីស្ទានយើងពីដើម ជាអ្នកសរសើរព្រះយេហូវ៉ាដ៏សប្បាយរីករាយ ទោះជាមានសេចក្ដីទុក្ខលំបាកជាច្រើន និងការបាត់បង់ដែលគេបានពិសោធក៏ដោយ។ (ហេព្រើរ ១០:៣៤) ពួកបងប្អូនជឿព្រះរបស់យើងសព្វថ្ងៃនេះក៏ដូចគេនោះដែរ។—ម៉ាថាយ ៥:១០-១២
១៩. (ក) តើដំបូន្មានអ្វីដែលដាស់តឿនយើងឲ្យសរសើរព្រះយេហូវ៉ា? (ខ) ជីវិតដ៏អស់កល្បជានិច្ចរបស់យើងស្រេចទៅលើអ្វី ហើយតើយើងប្ដេជ្ញាធ្វើអ្វី?
១៩ យើងគ្រប់គ្នាដែលបំរើព្រះយេហូវ៉ា មានចិត្តរីករាយក្នុងការធ្វើតាមដំបូន្មានព្រះគម្ពីរ ឲ្យសរសើរទ្រង់នោះ។ ជាញឹកញាប់ សៀវភៅវិវរណៈបានដាក់ការសរសើរព្រះ ដោយឃ្លា«ហាលេលូយ៉ា»។ (វិវរណៈ ១៩:១-៦) ក្នុងខប្រាំមួយដំបូងនៃទំនុកដំកើង ១៥០ បានត្រូវប្រាប់យើង១៣ដងឲ្យសរសើរព្រះយេហូវ៉ា។ នេះជាសេចក្ដីអង្វរដល់មនុស្សគ្រប់គ្នាក្នុងសកលលោក ឲ្យចូលរួមច្រៀងដ៏រីករាយនៃការសរសើរព្រះយេហូវ៉ា។ ជីវិតអស់កល្បជានិច្ចរបស់យើងគឺស្រេចទៅលើ ការចូលរួមច្រៀងបទទំនុកហាលេលូយ៉ាដ៏ឧត្តមនេះ! ត្រូវហើយ មនុស្សដែលនឹងរស់នៅអស់កល្បជានិច្ច គឺជាពួកដែលផ្ដល់ការសរសើរជានិច្ចដល់ព្រះយេហូវ៉ា។ ដូច្នេះ យើងត្រូវប្ដេជ្ញានៅជិតក្រុមជំនុំពេញពិភពលោកដ៏ស្មោះត្រង់របស់ទ្រង់ កាលដែលទីបញ្ចប់កាន់តែមកជិតហើយ។ បន្ទាប់មក យើងអាចសង្ឃឹមឃើញថាពាក្យបញ្ចប់នៃទំនុកដំកើង ១៥០ នឹងបានសម្រេចដ៏ពេញលេញ៖ «គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើមបានសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ»!
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើអ្វីដែលធ្វើឲ្យរាស្ត្ររបស់ព្រះយេហូវ៉ាដ៏ចម្លែកអស្ចារ្យ?
◻ ហេតុអ្វីក៏ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាសប្បាយចិត្តម្ល៉េះ?
◻ តើអ្វីដែលធ្វើឲ្យយើងខុសប្លែកពីលោកីយ៍នេះ?
◻ ក្នុងផ្លូវបីណា ដែលព្រះបានជួយយើងឲ្យមានចំណែកក្នុងគោលបំណងរបស់ទ្រង់?
[រូបភាពនៅទំព័រ១៥]
ទោះជាទ្រង់នៅកន្លែងណាក៏ដោយ ព្រះយេស៊ូបានធ្វើបន្ទាល់អំពីព្រះយេហូវ៉ានិងបានសរសើរទ្រង់តាមសាធារណៈ