តើអ្នកនឹងសរសើរព្រះយេហូវ៉ាទេ?
«ឱព្រះអើយ ដែលល្បីព្រះនាមទ្រង់ បានឮសុសសាយយ៉ាងណា នោះសេចក្ដីសរសើរនៃទ្រង់ក៏បានដល់ចុងផែនដីបំផុតយ៉ាងនោះដែរ»។ នេះជាពាក្យចំរៀងទំនាយរបស់ពួកកូនចៅកូរេ។ (ទំនុកដំកើង ៤៨:១០) នៅសព្វថ្ងៃនេះ ក្រុមអ្នកចំរៀងដ៏ខ្លាំងដែលមានរាប់ពាន់នាក់នៃស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងតែសរសើរព្រះ ហើយធ្វើឲ្យព្រះនាមរបស់ទ្រង់បានឮសុសសាយ ដោយការដើរផ្សាយដំណឹងល្អនៃព្រះរាជាណាចក្ររបស់ទ្រង់។ ដោយផ្សាយដំណឹងល្អនេះក្នុង២៣២ប្រទេសនិងដល់កោះជាច្រើនទាំងឡាយនោះ ដែលមានជាង៣០០ភាសា ពួកគេកំពុងតែផ្សាយដល់«ចុងផែនដីបំផុតយ៉ាងនោះ»មែន។
តើអ្វីទៅដែលជំរុញមនុស្សដែលមានវប្បធម៌ សង្គម និងភាសាខុសៗគ្នា ឲ្យសរសើរព្រះយេហូវ៉ានោះ? មូលហេតុដ៏ធំមួយគឺកតញ្ញូធម៌របស់គេចំពោះចំណេះវិជ្ជាត្រឹមត្រូវនៃបន្ទូលរបស់ព្រះដែលជាព្រះគម្ពីរ។ សេចក្ដីពិតខាងវិញ្ញាណបានរំដោះពួកគេឲ្យចេញពីជំនឿឆ្វេង និងពីការនៅក្រោមអំណាចជំនឿសាសនា ដូចជាទារុណកម្មជាអនន្តជាដើម។ (យ៉ូហាន ៨:៣២) សេចក្ដីពិតក៏ជួយពួកគេឲ្យអបអរនឹងគុណសម្បត្ដិដ៏ល្អរបស់ព្រះ ដូចជាសេចក្ដីស្រឡាញ់ ព្រះចេស្ដា ប្រាជ្ញា និងយុត្ដិធម៌ រួមបញ្ចូលជាមួយនឹងសេចក្ដីមេត្ដាករុណា។ ការយល់អំពីការថ្វាយរបស់ព្រះនៃរាជបុត្រាតែមួយគត់ដែលកើតផ្ទាល់ពីព្រះ គឺព្រះយេស៊ូគ្រីស្ទ ដែលទុកជាយញ្ញបូជាលោះសំរាប់មនុស្សលោកនោះ នេះជំរុញទឹកចិត្តមនុស្សល្អឲ្យមកសរសើរ ហើយបំរើព្រះយេហូវ៉ា។
យោងទៅតាមសៀវភៅព្រះគម្ពីរវិវរណៈ ក្រុមអ្នកចំរៀងនៅលើមេឃស្រែកអបអរសាទរថា៖ «ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិតិនាម នឹងព្រះចេស្ដា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង»។ (វិវរណៈ ៤:១១) ការសរសើរបែបនេះ មិនមែនជាលទ្ធផលពីការដែលយល់ថាជាកាតព្វកិច្ចនោះទេ។ ផ្ទុយទៅវិញ នេះគឺចេញមកពីការគោរពដល់ព្រះយេហូវ៉ា។
ការសរសើរព្រះដោយប្រកាសដំណឹងល្អ
ក្នុងការសរសើរព្រះយេហូវ៉ា បុគ្គលម្នាក់គឺកំពុងតែយកតម្រាប់តាមគំរូដ៏ល្អរបស់ព្រះយេស៊ូគ្រីស្ទ ដែលជាអ្នកសរសើរព្រះដ៏សំខាន់បំផុត។ ការដើរតាមជំហានជើងរបស់ព្រះយេស៊ូនោះ គឺទាក់ទងនឹងការចូលរួមដើរផ្សាយអំពីដំណឹងល្អនៃរាជាណាចក្ររបស់ព្រះ។ (ម៉ាថាយ ៤:១៧, ២៣; ២៤:១៤) សកម្មភាពនៃការផ្សាយនេះ បានក្លាយទៅជាការខ្នះខ្នែងដ៏ធំមួយក្នុងពិភពលោក ក្នុងការសរសើរព្រះយេហូវ៉ា។
ការផ្សាយនេះគឺសំខាន់ណាស់ ពីព្រោះព្រះគម្ពីរបានបង្ហាញថាទាក់ទងនឹងសេចក្ដីសង្គ្រោះ។ រ៉ូម ១០:១៣-១៥អានថា៖ «ហើយគ្រប់គ្នា គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ ដូច្នេះ បើគេមិនជឿ ធ្វើដូចម្ដេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះបាន ហើយធ្វើដូចម្ដេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ មួយទៀត ធ្វើដូចម្ដេចឲ្យមានអ្នកណាប្រាប់បាន លើកតែមានអ្នកណាចាត់ឲ្យគេទៅ ដូចជាមានសេចក្ដីចែងទុកមកថា «ជើងនៃពួកអ្នកដែលប្រកាសប្រាប់ដំណឹងល្អ ពីសេចក្ដីសុខសាន្ត ហើយថ្លែងប្រាប់ពី សេចក្ដីដែលបណ្ដាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន៎»!
គ្រាន់តែនៅឆ្នាំមុននេះ ស្មរបន្ទាល់ព្រះយេហូវ៉ាបានចំណាយពេលជាងមួយពាន់លានម៉ោងក្នុងកិច្ចផ្សាយ។ ការសរសើរព្រះនេះមានលទ្ធផលដ៏ល្អណាស់! មានមនុស្សប្រមាណ៣១៤.០០០នាក់បានចូលរួមជាមួយក្រុមអ្នកចំរៀងនៃពួកអ្នកសរសើរ ដោយតំណាងការឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ាតាមរយៈធ្វើពិធីជ្រមុជទឹក។
ប៉ុន្តែ តើចំពោះអ្នកដែលមកចូលរួមក្នុងពិធីបុណ្យរំឭកមរណភាពរបស់ព្រះគ្រីស្ទ ដែលមានចំនួនប្រមាណជាង១២.២៨៨.៩១៧នាក់ នោះយ៉ាងម៉េចទៅដែរ? ក្នុងចំណោមពួកគេ មានជាង៧.០០០.០០០នាក់ដែលមិនទាន់សរសើរព្រះយេហូវ៉ាជាអ្នកផ្សាយនៃដំណឹងល្អ។ ប៉ុន្តែ វត្តមានរបស់គេនៅឯគ្រាដ៏សំខាន់នេះ ជាយថាហេតុ អាចមានមនុស្សរាប់លាននាក់ទៀត ដែលនឹងក្លាយទៅជាអ្នកសរសើរនៃក្រុមអ្នកចំរៀង។ តើនឹងអាចធ្វើអ្វី ដើម្បីនឹងជួយពួកអ្នកមានការចាប់អារម្មណ៍ឲ្យក្លាយទៅជាពួកអ្នកសរសើរព្រះយេហូវ៉ានោះ?
ការមានជំនួយ
អ្នកចូលចិត្តជាច្រើនប្រហែលជាមានសេចក្ដីប្រាថ្នាចង់សរសើរព្រះយេហូវ៉ា ប៉ុន្តែគេមានអារម្មណ៍ថាគេមិនអាចបំពេញគ្រប់តម្រូវទាំងអស់បានទេ។ ជាការល្អបើសិនជាគេនឹកចាំពីពាក្យរបស់អ្នកតែងបទទំនុកដំកើង៖ «ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ តែសេចក្ដីជំនួយជួយដល់ខ្ញុំមកពីណា សេចក្ដីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ នឹងផែនដី»។ (ទំនុកដំកើង ១២១:១, ២) ប្រាកដហើយ អ្នកតែងបទទំនុកដំកើង បានងើបភ្នែកមើលទៅឯភ្នំនៃយេរូសាឡិម ដែលជាព្រះវិហាររបស់ព្រះយេហូវ៉ា ហើយជាទីកន្លែងរដ្ឋាភិបាលព្រះនៅលើផែនដី។ តាមរបៀបនេះ យើងអាចសន្និដ្ឋានយ៉ាងត្រឹមត្រូវថា ជំនួយដែលត្រូវការដើម្បីនឹងសរសើរព្រះហើយប្រកាសសារព្រះរាជាណាចក្រនោះ គឺអាចបានមកតែពីព្រះយេហូវ៉ា ហើយអង្គការរបស់ទ្រង់ប៉ុណ្ណោះ។—ទំនុកដំកើង ៣:៤; ដានីយ៉ែល ៦:១០
នៅសព្វថ្ងៃនេះ អ្នកណាដែលប្រាថ្នាចង់សរសើរព្រះយេហូវ៉ា អាចសង្ឃឹមថានឹងអាចទទួលការជំនួយដ៏ជាទីស្រឡាញ់ពីអង្គការនៅលើផែនដីរបស់ទ្រង់។ ជាឧទាហរណ៍ ស្មរបន្ទាល់ព្រះយេហូវ៉ាផ្ដល់ជំនួយ តាមរយៈការសិក្សាព្រះគម្ពីរជាមួយមនុស្សដែលចូលចិត្តដោយឥតគិតថ្លៃ។ កម្មវិធីអប់រំនេះទាក់ទងច្រើនទៀត មិនត្រឹមតែការរៀនលទ្ធិព្រះគម្ពីរប៉ុណ្ណោះទេ។ នេះជួយសិស្សឲ្យចេះមានការអបអរនឹងអ្វីៗដែលគាត់កំពុងតែរៀន ហើយចំពោះអង្គការដែលព្រះយេហូវ៉ាកំពុងតែប្រើនោះ។
ក្នុងការស្របជាមួយរឿងនេះ ស្មរបន្ទាល់ដែលកំពុងតែបង្រៀនព្រះគម្ពីរ នឹងខំខ្នះខ្នែងធ្វើឲ្យសេចក្ដីពិតមិនត្រឹមតែឲ្យយល់នៅក្នុងគំនិតប៉ុណ្ណោះនោះទេ តែឲ្យចូលទៅដល់ក្នុងចិត្តផង។ ហើយលោកគ្រូមិនគួរទប់ពីការបង្ហាញសិស្សថា ព្រះយេហូវ៉ាកំពុងតែប្រើអង្គការរបស់ទ្រង់ ក្នុងការបំពេញគោលបំណងរបស់ទ្រង់នៅលើផែនដីនេះ។ សៀវភៅស្តើងមួយដែលមានចំណងជើង ស្មរបន្ទាល់ព្រះយេហូវ៉ា—ធ្វើតាមបំណងព្រះដោយសាមគ្គីភាពជុំវិញផែនដី និងខ្សែអាត់វីឌីអូ ស្មរបន្ទាល់ព្រះយេហូវ៉ា—អង្គការដែលគាំទ្រឈ្មោះនោះ តែងតែបានមានប្រយោជន៍ក្នុងការសម្រេចកិច្ចការនេះ។
កិច្ចប្រជុំគ្រីស្ទានក៏មានតួនាទីដ៏សំខាន់ដែរ ក្នុងការជួយអ្នកដែលអាចក្លាយទៅជាអ្នកសរសើរព្រះយេហូវ៉ា។ នៅពេលដែលសិស្សទើបតែចាប់ផ្ដើមសិក្សាព្រះគម្ពីរ នោះអាចអញ្ជើញសិស្សមកឯកិច្ចប្រជុំគ្រីស្ទាន។ មិនយូរក្រោយមក គាត់នឹងយល់ដឹងពីសារ:សំខាន់នៃការមកកិច្ចប្រជុំជាដ៏ទៀងទាត់ ហើយនឹងការចូលរួមក្នុងកិច្ចប្រជុំទាំងអស់។ (ហេព្រើរ ១០:២៤, ២៥) អ្នកត្រួតពិនិត្យអាចផ្ដល់នូវជំនួយដ៏ល្អដល់អ្នកជឿគ្នីគ្នា ហើយដល់អ្នកដែលអាចក្លាយទៅជាអ្នកសរសើរព្រះយេហូវ៉ា ដោយរៀបចំកិច្ចប្រជុំឲ្យមានការលើកទឹកចិត្តនិងឲ្យមានប្រយោជន៍។
ការជួយពួកក្មេងៗឲ្យសរសើរព្រះយេហូវ៉ា
ពួកក្មេងៗគឺនៅក្នុងចំណោមមនុស្សជាច្រើនដែលនឹងក្លាយទៅជាអ្នកផ្សាយដំណឹងល្អនៅអនាគត។ ជាពិសេស ឪពុកទាំងឡាយមានភារកិច្ចក្នុងការចិញ្ចឹមកូន ហើយ«បង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ»។ (អេភេសូរ ៦:៤) នៅពេលណាឪពុកម្ដាយបានបង្ហាត់កូនឲ្យបានត្រឹមត្រូវនោះ សូម្បីតែក្មេងតូចម្នាក់ ក៏អាចបណ្ដុះឲ្យមានចំណង់សរសើរព្រះយេហូវ៉ាដែរ។
ក្មេងស្រីតូចម្នាក់នៅប្រទេសអារ្សងទីន បានទៅជួបពួកអ្នកចាស់ទុំនៅក្នុងក្រុមជំនុំយ៉ាងញឹកញាប់ ដោយសុំឲ្យពួកគេជួយនាងអាចមានសមត្ថភាពធ្វើជាអ្នកផ្សាយព្រះរាជាណាចក្រម្នាក់។ ពេលក្រោយមក ឪពុកម្ដាយរបស់នាងនិងពួកអ្នកចាស់ទុំ ក៏បានយល់ព្រមអនុញ្ញាតឲ្យនាងធ្វើជាអ្នកផ្សាយដែលមិនទាន់ជ្រមុជទឹក។ នៅតាមទ្វារ នាងបានសម្ដែងសារព្រះរាជាណាចក្រដ៏ល្អ។ ថ្វីបើក្មេងស្រីតូចនេះ មានអាយុតែប្រាំឆ្នាំប៉ុណ្ណោះ ហើយមិនទាំងចេះអានក្ដី តែនាងបានទន្ទេញចាំនៅកន្លែងបទគម្ពីរខ្លះៗ។ ក្រោយពីរកឃើញបទគម្ពីរហើយ នាងក៏សុំអ្នកផ្ទះឲ្យអាន ហើយរួចមកនាងក៏ពន្យល់ប្រាប់គេទៅ។
ជាការច្បាស់ណាស់ ដែលពួកអ្នកចាស់ទុំនិងឪពុកម្ដាយអាចសម្រេចសេចក្ដីល្អជាច្រើន ដោយលើកទឹកចិត្ត ហើយជួយពួកអ្នកដែលលូតលាស់ឲ្យក្លាយទៅជាអ្នកសរសើររបស់ព្រះយេហូវ៉ា។—សុភាសិត ៣:២៧
ទំនាក់ទំនងដ៏អនន្តជាមួយព្រះយេហូវ៉ា
ចុះយ៉ាងណាវិញដែរ បើសិនជាអ្នកបានចូលរួមជាមួយពួកស្មរបន្ទាល់ព្រះយេហូវ៉ាជាយូរមកហើយ ប៉ុន្តែមិនទាន់បានចូលរួមជាមួយពួកគេក្នុងការផ្សាយនោះ? នេះប្រហែលជាការមានប្រយោជន៍ក្នុងការសួរខ្លួនអ្នកនូវសំនួរដូចជា៖ តើខ្ញុំជឿថា ខ្ញុំបានរកឃើញសេចក្ដីពិត ហើយថាព្រះយេហូវ៉ាជាព្រះពិតតែមួយឬ? តើខ្ញុំជឿជាក់ថា ព្រះរាជាណាចក្ររបស់ព្រះ ជាការដោះស្រាយតែមួយគត់ចំពោះបញ្ហារបស់មនុស្សលោកទេ? តើខ្ញុំបានបោះបង់ចោលសាសនាមិនពិត ទំនៀមទំលាប់លោកីយ៍ និងការប្រព្រឹត្តណាដែលទាស់ព្រះទ័យព្រះយេហូវ៉ាហើយឬនៅ? តើខ្ញុំមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះ ហើយចំពោះតម្រូវដ៏សុចរិតរបស់ទ្រង់ទេ? (ទំនុកដំកើង ៩៧:១០) បើអ្នកអាចឆ្លើយសំនួរទាំងនេះបានដ៏ស្មោះពីចិត្តនោះ តើអ្វីទៅដែលបង្ការអ្នកពីការសរសើរព្រះយេហូវ៉ានោះ?—កិច្ចការ ៨:៣៦
ការសរសើរព្រះយេហូវ៉ាមានការទាក់ទងច្រើនទៀត មិនត្រឹមតែការផ្សាយដំណឹងល្អប៉ុណ្ណោះទេ។ បើអ្នកបានស្រូបយកចំណេះវិជ្ជាត្រឹមត្រូវ មានជំនឿដ៏ពិត ហើយបានសម្របជីវិតរបស់អ្នកនឹងតម្រូវនៃព្រះហើយ អ្នកត្រូវតែធ្វើឲ្យទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះឲ្យបានមាំមួនឡើង។ តើតាមរបៀបណា? គឺដោយពិធីឧទ្ទិសថ្វាយខ្លួនដល់ទ្រង់ក្នុងសេចក្ដីអធិស្ឋាន ហើយបន្ទាប់មកបង្ហាញរឿងនេះដោយធ្វើពិធីជ្រមុជទឹក។ ពីព្រោះនេះទាក់ទងនឹងជីវិតអស់កល្បជានិច្ច។ ដូច្នេះហើយ ឥឡូវនេះសូមធ្វើតាមឱវាទរបស់ព្រះយេស៊ូចុះ៖ «ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្ដីហិនវិនាស នោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»។—ម៉ាថាយ ៧:១៣, ១៤
ដោយសារតែប្រព័ន្ធនៃលោកីយ៍នេះកំពុងតែជិតមកដល់ទីបញ្ចប់ដ៏មហន្តរាយនោះ គឺគ្មានពេលវេលាណាសំរាប់ការស្ទាក់ស្ទើរទេ។ ចូរចាត់វិធានការធ្វើដើម្បីឲ្យបានទំនាក់ទំនងដ៏អនន្តជាមួយព្រះយេហូវ៉ាភ្លាមទៅ។ ពិតប្រាកដហើយ ឥឡូវនេះគឺជាពេលវេលាដ៏ល្អសំរាប់ការតបឆ្លើយចំពោះសំនួរនេះ តើអ្នកនឹងសរសើរព្រះយេហូវ៉ាទេ?