បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/១០ ទំ. ១៩-២៣
  • «ចូរល្បងខ្លួនមើលចុះ!»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ចូរល្បងខ្លួនមើលចុះ!»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ជំនឿ​ឬ​ទេ?»
  • ​«ចូរ​ល្បង​ខ្លួន​មើល​ចុះ!»
  • ចូរ​មាន​អំណរ​ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ
  • យុវជនអើយ! ចូរអប់រំសមត្ថភាពខាងការវែកញែករបស់អ្នក
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចូរខំប្រឹងឈានទៅរកភាពចាស់ទុំ «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ចូរបណ្ដុះឲ្យមានសមត្ថភាពវែកញែក
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • «[ចូរ]ធ្វើឲ្យខ្លួនអ្នកមាំមួនឡើងដោយផ្អែកលើជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នក»
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/១០ ទំ. ១៩-២៣

​«ចូរ​ល្បង​ខ្លួន​មើល​ចុះ!»

​«ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ជំនឿ​ឬ​ទេ? ចូរ​ល្បង​ខ្លួន​មើល​ចុះ!»។—កូរិនថូសទី២ ១៣:៥

១, ២​. (ក) តើ​ការ​សង្ស័យ​អំពី​ជំនឿ​របស់​ខ្លួន​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​យើង? (ខ) នៅ​ក្នុង​ទី​ក្រុង​កូរិនថូស​នា​សតវត្សរ៍​ទី​មួយ​នោះ តើ​ស្ថានការណ៍​អ្វី​ទំនង​ជា​បាន​នាំ​ឲ្យ​បងប្អូន​ខ្លះ​មិន​ដឹង​ច្បាស់​អំពី​ផ្លូវ​ដែល​ខ្លួន​គួរ​ដើរ?

បុរស​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ជនបទ ស្រាប់​តែ​មក​ដល់​កន្លែង​មាន​ផ្លូវ​បែក​ជា​ពីរ។ បុរស​នេះ​មិន​ដឹង​ច្បាស់​ថា ផ្លូវ​មួយ​ណា​នឹង​នាំ​គាត់​ទៅ​ដល់​ទិសដៅ​របស់​ខ្លួន​ទេ ដូច្នេះ​គាត់​សុំ​យោបល់​ពី​មនុស្ស​ឯ​ទៀត​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ តែ​ពួក​គេ​ប្រាប់​គាត់​នូវ​ព័ត៌មាន​ខុសៗ​ពី​គ្នា។ ដោយសារ​បុរស​នេះ​សុញ​គំនិត​នោះ គាត់​ក៏​មិន​ហ៊ាន​ធ្វើ​ដំណើរ​ត​ទៅ​ទៀត​ដែរ។ ការ​សង្ស័យ​អំពី​ជំនឿ​របស់​យើង​ក៏​អាច​មាន​លទ្ធផល​ដូច​គ្នា​នេះ​ដែរ។ ការ​មិន​ដឹង​ច្បាស់​ថា យើង​គួរ​ជឿ​យ៉ាង​ណា​នោះ អាច​ប៉ះ​ពាល់​ដល់​សមត្ថភាព​ធ្វើ​ការ​សម្រេច​ចិត្ត ទាំង​ធ្វើ​ឲ្យ​យើង​មិន​ដឹង​ច្បាស់​ថា គួរ​ដើរ​តាម​ផ្លូវ​មួយ​ណា​នោះ​ឡើយ។

២ នៅ​សតវត្សរ៍​ទី​មួយ​នោះ​មាន​ស្ថានការណ៍​ដែល​មាន​ឥទ្ធិពល​លើ​បងប្អូន​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​នៅ​ទី​ក្រុង​កូរិនថូស នា​ប្រទេស​ក្រិច ដែល​នាំ​ឲ្យ​ពួក​គេ​មិន​ដឹង​ច្បាស់​ថា ខ្លួន​គួរ​ដើរ​តាម​ផ្លូវ​មួយ​ណា។ នៅ​ក្នុង​ក្រុមជំនុំ​នោះ មាន​«ពួក​សាវក​យ៉ាង​ធំ»​បាន​ចោទ​ប្រឆាំង​នឹង​សិទ្ធិ​អំណាច​របស់​សាវ័ក​ប៉ុល​ដោយ​មាន​ប្រសាសន៍​ថា​៖ «សំបុត្រ​លោក​មាន​ពាក្យ​ធ្ងន់ ហើយ​មាន​អំណាច តែ​កាល​ណា​លោក​នៅ​ជា​មួយ នោះ​លោក​ខ្សោយ​ខាង​រូប​សាច់​វិញ ហើយ​ពាក្យ​សំដី​លោក​ក៏​គួរ​ឲ្យ​មើល​ងាយ​ដែរ»។ (កូរិនថូសទី២ ១០:៧​-​១២; ១១:៥, ៦) ទស្សនៈ​បែប​នេះ​ប្រហែល​ជា​បាន​បណ្ដាល​ឲ្យ​បងប្អូន​ខ្លះៗ​ក្នុង​ក្រុមជំនុំ​នៅ​ទី​ក្រុង​កូរិនថូស​លែង​ដឹង​ច្បាស់​ថា ខ្លួន​គួរ​ដើរ​តាម​ផ្លូវ​មួយ​ណា។

៣, ៤​. ហេតុ​អ្វី​ក៏​យើង​គួរ​ចាប់​អារម្មណ៍​នឹង​ឱវាទ​របស់​ប៉ុល​ជូន​ចំពោះ​បងប្អូន​នៅ​ទី​ក្រុង​កូរិនថូស?

៣ ប៉ុល​ជា​អ្នក​ស្ថាបនា​ក្រុមជំនុំ​លើក​ដំបូង​នៅ​ទី​ក្រុង​កូរិនថូស​ពេល​ដែល​គាត់​បាន​ទៅ​ដល់​ទី​ក្រុង​នោះ​នៅ​ឆ្នាំ​៥០ គ.ស.។ ប៉ុល​បាន​ស្នាក់​នៅ​ទី​ក្រុង​កូរិនថូស​«អស់​១​ឆ្នាំ​៦​ខែ ព្រម​ទាំង​បង្រៀន​ព្រះ​បន្ទូល​នៅ​ក្នុង​ពួក​គេ»។ ប្រាកដ​ហើយ «ពួក​ក្រុង​កូរិនថូស​បាន​ស្ដាប់ ហើយ​ជឿ​ជា​ច្រើន ទាំង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ផង»។ (កិច្ចការ ១៨:៥​-​១១) ប៉ុល​ពិត​ជា​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខុមាលភាព​ខាង​វិញ្ញាណ​នៃ​ពួក​អ្នក​ជឿ​គ្នីគ្នា​របស់​គាត់​នៅ​ទី​ក្រុង​កូរិនថូស។ ម្យ៉ាង​ទៀត បងប្អូន​នៅ​ទី​ក្រុង​កូរិនថូស​នោះ​បាន​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ប៉ុល​ដើម្បី​សុំ​យោបល់​អំពី​រឿង​ផ្សេងៗ។ (កូរិនថូសទី១ ៧:១) ដូច្នេះ ប៉ុល​បាន​ជូន​ឱវាទ​ដ៏​ល្អៗ​ដល់​ពួក​គាត់។

៤ ប៉ុល​បាន​សរសេរ​ថា​៖ «ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ជំនឿ​ឬ​ទេ? ចូរ​ល្បង​ខ្លួន​មើល​ចុះ!»។ (កូរិនថូសទី២ ១៣:៥) បើ​បងប្អូន​នៅ​ទី​ក្រុង​កូរិនថូស​បាន​ធ្វើ​តាម​ឱវាទ​របស់​ប៉ុល នេះ​អាច​ការពារ​ពួក​គាត់​កុំ​ឲ្យ​វង្វេង​ស្តី​អំពី​ផ្លូវ​ដែល​ពួក​គាត់​គួរ​ដើរ​តាម​នោះ។ ឱវាទ​នោះ​របស់​ប៉ុល​ក៏​អាច​ជួយ​យើង​ដូច​គ្នា​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ។ បើ​ដូច្នេះ តើ​យើង​អាច​ធ្វើ​តាម​ឱវាទ​របស់​ប៉ុល​យ៉ាង​ដូច​ម្ដេច? តើ​យើង​អាច​ពិចារណា​ខ្លួន​ឯង​យ៉ាង​ដូច​ម្ដេច​បាន ថា​តើ​យើង​ស្ថិត​នៅ​ក្នុង​ជំនឿ​ឬ​ក៏​អត់? ហើយ​តើ​ការ​ល្បង​ខ្លួន​ត្រូវ​រួម​បញ្ចូល​អ្វី?

​«ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ជំនឿ​ឬ​ទេ?»

៥, ៦​. តើ​យើង​មាន​ខ្នាត​តម្រា​អ្វី ដើម្បី​ពិចារណា​ឬ​ល្បង​ខ្លួន​ឯង​ថា ស្ថិត​នៅ​ក្នុង​ជំនឿ​ឬ​ក៏​អត់? ហេតុ​អ្វី​ក៏​ខ្នាត​តម្រា​នោះ​ជា​ខ្នាត​ដ៏​ល្អ​បំផុត?

៥ ការ​ពិចារណា​ឬ​ល្បង​អ្វី​មួយ តែង​តែ​តម្រូវ​ឲ្យ​យក​រឿង​ឬ​វត្ថុ​មួយ​យក​មក​ប្រៀបផ្ទឹម​នឹង​ខ្នាត​តម្រា​មួយ។ ក្នុង​អត្ថបទ​នេះ យើង​មិន​ចង់​ពិចារណា​មើល​ឬ​ល្បង​ជំនឿ​របស់​យើង​ទេ តែ​ចង់​ពិចារណា​ឬ​ល្បង​ខ្លួន​យើង​វិញ។ ហើយ​យើង​ត្រូវ​ការ​ខ្នាត​តម្រា​គ្រប់​ល័ក្ខណ៍​មួយ​ដើម្បី​ពិចារណា​ឬ​ល្បង​ខ្លួន​យើង​បាន។ ដាវីឌ​ជា​អ្នក​តែង​បទ​ទំនុកដំកើង​មួយ​បទ​ដែល​ចែង​ថា​៖ «ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​នោះ​គ្រប់​លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ។ សេចក្ដី​បន្ទាល់[ឬ​«ព្រះ​បណ្ដាំ»​, ខ.ស.]នៃ​ព្រះ​យេហូវ៉ា​ជា​ពិត[ឬ​«ជា​ទី​ទុក​ចិត្ត»​, ខ.ស.] ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅល្ងង់​មាន​ប្រាជ្ញា។ សេចក្ដី​បញ្ញត្ត​របស់​ព្រះ​យេហូវ៉ា​សុទ្ធតែ​ទៀងត្រង់ ក៏​បណ្ដាល​ឲ្យ​ចិត្ត​រីករាយ​សប្បាយ។ ក្រិត្យ​ក្រម​នៃ​ព្រះ​យេហូវ៉ា​ជា​សុទ្ធសាធ ក៏​បំភ្លឺ​ភ្នែក»​ផង។ (ទំនុកដំកើង ១៩:៧, ៨, [ទំនុក​តម្កើង ១៩:៨, ៩, ខ.ស.]) ព្រះ​គម្ពីរ​មាន​ក្រិត្យ​វិន័យ​គ្រប់​ល័ក្ខណ៍ បញ្ញត្ដិ​ទៀងត្រង់ ព្រះ​បណ្ដាំ​ដែល​ជា​ទី​ទុក​ចិត្ត​និង​ក្រិត្យ​ក្រម​សុទ្ធសាធ​របស់​ព្រះ​យេហូវ៉ា។ សារ​ក្នុង​ព្រះ​គម្ពីរ​ជា​ខ្នាត​តម្រា​ដ៏​ល្អ​បំផុត​សំរាប់​ការ​ពិចារណា​ឬ​ល្បង​មើល​នោះ។

៦ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​អំពី​សារ​ដែល​ព្រះ​បណ្ដាល​ឲ្យ​មនុស្ស​សរសេរ​ក្នុង​ព្រះ​គម្ពីរ​ថា​៖ «ព្រះ​បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ​ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ​ទាល់តែ​កាត់​ព្រលឹង​នឹង​វិញ្ញាណ ហើយ​សន្លាក់​នឹង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ»។ (ហេព្រើរ ៤:១២) ពិត​មែន​ហើយ ព្រះ​បន្ទូល​របស់​ព្រះ​អាច​ពិចារណា​ចិត្ត​របស់​យើង​បាន ពោល​គឺ​គំនិត​ដែល​ស្ថិត​យ៉ាង​ជ្រៅ​នៅ​ក្នុង​ចិត្ត។ តើ​យើង​អាច​ឲ្យ​សារ​ដ៏​ខ្លាំង​ហើយ​មុត​ផង​នេះ​មាន​ឥទ្ធិពល​លើ​យើង​បាន​យ៉ាង​ណា? អ្នក​តែង​បទ​ទំនុកដំកើង​បាន​ពន្យល់​ដោយ​ឥត​លាក់​លៀម​ពី​របៀប​ប្រើ​សារ​ក្នុង​ព្រះ​គម្ពីរ​ដើម្បី​ពិចារណា​មើល​ខ្លួន​យើង។ គាត់​បាន​ច្រៀង​ថា​៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល . . . ត្រេកអរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ»។ (ទំនុកដំកើង ១:១, ២) «ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា»​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​ជា​លាយ​ល័ក្ខណ៍​អក្សរ​របស់​ព្រះ។ យើង​ត្រូវ​តែ​មាន​ចិត្ត​សប្បាយ​ចំពោះ​ការ​អាន​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា។ ប្រាកដ​ហើយ យើង​ត្រូវ​ឆ្លៀត​ពេល​អាន​និង​រំពឹង​គិត​អំពី​បន្ទូល​នោះ។ ពេល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​ត្រូវ​ប្រើ​សារ​ដែល​កត់​ទុក​ក្នុង​បន្ទូល​ព្រះ​ដើម្បី​ពិចារណា​មើល​ខ្លួន​យើង។

៧​. តើ​អ្វី​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ឲ្យ​យើង​ពិចារណា​មើល​ថា​យើង​ស្ថិត​នៅ​ក្នុង​ជំនឿ​ឬ​ក៏​អត់?

៧ ដូច្នេះ វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ឲ្យ​យើង​ពិចារណា​ឬ​ល្បងល​ថា យើង​ស្ថិត​នៅ​ក្នុង​ជំនឿ​ឬ​ក៏​អត់​នោះ គឺ​ដោយ​អាន​ព្រះ​បន្ទូល​របស់​ព្រះ ព្រម​ទាំង​រំពឹង​គិត ហើយ​ពិចារណា​មើល​អាកប្បកិរិយា​របស់​យើង ថា​តើ​សម​ស្រប​ទៅ​តាម​អ្វី​ដែល​យើង​រៀន​ពី​ព្រះ​គម្ពីរ​ឬ​ទេ? យើង​ក៏​គួរ​មាន​ចិត្ត​សប្បាយ​ផង​ដែរ ដោយ​មាន​ជំនួយ​ជា​ច្រើន​ដើម្បី​ឲ្យ​អាច​យល់​បន្ទូល​របស់​ព្រះ។

៨​. តើ​ប្រកាសនវត្ថុ​ដែល​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›រៀបចំ​នោះ ជួយ​យើង​យ៉ាង​ណា ឲ្យ​ពិចារណា​ថា​យើង​ស្ថិត​នៅ​ក្នុង​ជំនឿ​ឬ​ក៏​អត់?

៨ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​នូវ​សេចក្ដី​បង្រៀន​និង​ការ​ណែនាំ​តាម​រយៈ​ប្រកាសនវត្ថុ​ដែល​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›រៀបចំ​ឲ្យ ដើម្បី​ពន្យល់​អត្ថន័យ​នៃ​បទ​គម្ពីរ​នានា។ (ម៉ាថាយ ២៤:៤៥) ជា​ឧទាហរណ៍ សូម​គិត​អំពី​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «សំនួរ​សំរាប់​រំពឹង​គិត» នៅ​ចុង​ជំពូក​ជា​ច្រើន​នៃ​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។a សំនួរ​ទាំង​នោះ​ពិត​ជា​បើក​ឱកាស​ល្អ​ឲ្យ​យើង​ពិចារណា​មើល​ខ្លួន​យើង​មែន! ទស្សនាវដ្ដី​ប៉មយាម​និង​ទស្សនាវដ្ដី​ភ្ញាក់រឭក!របស់​អង្គការ​យើង​ក៏​មាន​អត្ថបទ​ដែល​ពិគ្រោះ​អំពី​ប្រធាន​ផ្សេងៗ​ដែល​អាច​ជួយ​យើង​ពិចារណា​ថា យើង​ស្ថិត​នៅ​ក្នុង​ជំនឿ​ឬ​ក៏​អត់។ ស្តី​អំពី​អត្ថបទ​ទាំង​ប៉ុន្មាន​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ជា​ភាសា​អង់គ្លេស​ដែល​បកស្រាយ​អត្ថន័យ​នៃ​សៀវភៅ​សុភាសិត​នោះ បង​ស្រី​គ្រីស្ទាន​ម្នាក់​បាន​មាន​ប្រសាសន៍​ថា​៖ «ព័ត៌មាន​ក្នុង​អត្ថបទ​ទាំង​នោះ​មាន​ប្រយោជន៍​ច្រើន​ណាស់។ អត្ថបទ​ទាំង​នោះ​ជួយ​ឲ្យ​ខ្ញុំ​ពិចារណា​ថា តើ​ពាក្យ​សំដី អាកប្បកិរិយា​និង​ចិត្ត​គំនិត​របស់​ខ្ញុំ​ពិត​ជា​ស្រប​ទៅ​តាម​ខ្នាត​តម្រា​សុចរិត​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ?»។

៩, ១០​. តើ​មាន​សំវិធានការ​អ្វី​ខ្លះ​ពី​ព្រះ​យេហូវ៉ា​ដែល​ជួយ​យើង​ពិចារណា​ថា​យើង​ស្ថិត​នៅ​ក្នុង​ជំនឿ​ឬ​ក៏​អត់?

៩ យើង​ក៏​ទទួល​ការ​ណែនាំ​និង​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន​ណាស់ នៅ​ឯ​កិច្ច​ប្រជុំ​តាម​ក្រុមជំនុំ ព្រម​ទាំង​សន្និបាត​និង​មហា​សន្និបាត​ផង។ កម្មវិធី​បែប​នេះ​ជា​សំវិធានការ​ខាង​វិញ្ញាណ​ដែល​ព្រះ​បាន​រៀបចំ​ឲ្យ​មនុស្ស​ដែល​អេសាយ​បាន​ទាយ​អំពី ពេល​ដែល​គាត់​សរសេរ​ថា​៖ «នៅ​ជាន់​ក្រោយ​បង្អស់ នោះ​ភ្នំ​ជា​ទី​ស្អាង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា នឹង​បាន​តាំង​ឡើង​ខ្ពស់​លើស​អស់​ទាំង​ភ្នំ​ធំៗ ហើយ​នឹង​បាន​ដំកើង​ឡើង​ជា​ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ​ដែរ។ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរហែ​ទៅ​ក្នុង​ទី​នោះ។ ឯ​ប្រជាជាតិ​ជា​ច្រើន គេ​នឹង​ទៅ​ដោយ​ពោល​ថា​៖ ‹ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា . . . ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ›»។ (អេសាយ ២:២, ៣) ព្រះ​យេហូវ៉ា​ពិត​ជា​ប្រទាន​ពរ​យើង​មែន ដោយ​ផ្ដល់​ការ​ណែនាំ​បែប​នេះ​អំពី​ផ្លូវ​របស់​ទ្រង់។

១០ ជំនួយ​ម្យ៉ាង​ទៀត​ដែល​ជួយ​យើង​ពិចារណា​មើល​ខ្លួន​ឯង គឺ​ឱវាទ​ដែល​យើង​ទទួល​ពី​បងប្អូន​ដែល​ដើរ​ដោយ​វិញ្ញាណ​ឬ​មាន​លក្ខណៈ​ល្អៗ​ខាង​វិញ្ញាណ ដូច​ជា​ពួក​អ្នក​ចាស់​ទុំ​ជា​ដើម។ ព្រះ​គម្ពីរ​រៀប​រាប់​អំពី​ពួក​អ្នក​ចាស់​ទុំ​ថា​៖ «ឱ​បងប្អូន​អើយ! បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះ​វិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្ដី​ល្បួង​ដែរ»។ (កាឡាទី ៦:១) យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​មែន! ដោយសារ​មាន​សំវិធានការ​មួយ​នេះ​ដែល​អាច​ជួយ​យើង​តម្រង់​ជំហាន​របស់​យើង​បាន។

១១​. តើ​ការ​ពិចារណា​ថា​យើង​ស្ថិត​នៅ​ក្នុង​ជំនឿ​ឬ​ក៏​អត់ តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី?

១១ ប្រកាសនវត្ថុ​ផ្សេងៗ កិច្ច​ប្រជុំ​គ្រីស្ទាន​និង​បុរស​ដែល​បាន​ត្រូវ​តែងតាំង​ទាំង​នោះ ជា​សំវិធានការ​ខ្លះៗ​ដ៏​ល្អ​អស្ចារ្យ​ដែល​មក​ពី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ការ​ពិចារណា​ថា​យើង​ស្ថិត​នៅ​ក្នុង​ជំនឿ​ឬ​ក៏​អត់​ក៏​តម្រូវ​ឲ្យ​យើង​ពិនិត្យ​មើល​ខ្លួន​ឯង​ដែរ។ ដូច្នេះ ពេល​ដែល​យើង​អាន​ប្រកាសនវត្ថុ​របស់​យើង ឬ​ទទួល​ឱវាទ​តាម​រយៈ​បទ​គម្ពីរ យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា​៖ ‹តើ​ព័ត៌មាន​នេះ​កំពុង​តែ​ពិគ្រោះ​អំពី​លក្ខណៈ​របស់​ខ្ញុំ​ឬ​ទេ? តើ​ខ្ញុំ​ប្រព្រឹត្ត​បែប​នេះ​ឬ​ទេ? តើ​ខ្ញុំ​កំពុង​តែ​ធ្វើ​តាម​សេចក្ដី​បង្រៀន​ទាំង​ឡាយ​នៃ​ពួក​គ្រីស្ទាន​ពិត​ឬ​ទេ?›។ ទស្សនៈ​របស់​យើង​ចំពោះ​ព័ត៌មាន​ដែល​យើង​ទទួល​តាម​រយៈ​សំវិធានការ​ផ្សេងៗ​នេះ ក៏​មាន​អានុភាព​លើ​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​យើង​ផង។ ព្រះ​គម្ពីរ​ចែង​ថា​៖ «មនុស្ស​ខាង​សាច់​ឈាម គេ​មិន​ទទួល​សេចក្ដី​ខាង​ឯ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ទេ ពីព្រោះ​ជា​សេចក្ដី​ល្ងង់​ល្ងើ​ដល់​គេ»។ តែ​«មនុស្ស​ខាង​វិញ្ញាណ​វិញ គេ​ពិចារណា​យល់​គ្រប់​ទាំង​អស់​បាន»។ (កូរិនថូសទី១ ២:១៤, ១៥) ពេល​ដែល​យើង​អាន​សៀវភៅ ទស្សនាវដ្ដី​និង​ប្រកាសនវត្ថុ​ឯ​ទៀត​របស់​អង្គការ​យើង ហើយ​ទទួល​យោបល់​ល្អៗ​ពី​ពួក​អ្នក​ចាស់​ទុំ​និង​នៅ​ឯ​កិច្ច​ប្រជុំ​ផង គួរ​គប្បី​ឲ្យ​យើង​រក្សា​ឲ្យ​មាន​ទស្សនៈ​ល្អ​ដែល​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វីៗ​ខាង​វិញ្ញាណ មែន​ទេ?

​«ចូរ​ល្បង​ខ្លួន​មើល​ចុះ!»

១២​. តើ​ការ​ល្បង​ខ្លួន​រួម​បញ្ចូល​អ្វី​ខ្លះ?

១២ ការ​ល្បង​ខ្លួន​ក៏​រួម​បញ្ចូល​ការ​ពិនិត្យ​មើល​លក្ខណៈ​សម្បត្ដិ​របស់​ខ្លួន​ជានិច្ច។ យើង​ប្រហែល​ជា​មាន​ជំនឿ​ពិត​មែន ប៉ុន្តែ​តើ​យើង​ធ្វើ​តាម​ជំនឿ​នោះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ប៉ុន​ណា​ទៅ? ការ​ល្បង​ខ្លួន​ក៏​តម្រូវ​ឲ្យ​យើង​បង្ហាញ​នូវ​ភស្តុតាង​ថា យើង​មាន​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ​ហើយ​ក៏​មាន​ចិត្ត​កតញ្ញូ​ពិត​ចំពោះ​សំវិធានការ​ខាង​វិញ្ញាណ។

១៣​. យោង​ទៅ​តាម​ហេព្រើរ ៥:១៤ តើ​អ្វី​អាច​ស​ឲ្យ​ឃើញ​ថា​យើង​មាន​ភាព​ចាស់​ទុំ?

១៣ ពេល​ល្បង​ខ្លួន​នោះ តើ​គួរ​មាន​ភស្តុតាង​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ថា​យើង​មាន​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ? សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «អាហារ​រឹង នោះ​សំរាប់​តែ​មនុស្ស​ធំ​ដែល​បាន​បង្ហាត់​ឥន្ទ្រីយ​[ឬ​«សមត្ថភាព​វែកញែក»​, ព.ថ.]ដោយ​ធ្លាប់​ខ្លួន​ហើយ ដើម្បី​ឲ្យ​បាន​ដឹង​ខុសត្រូវ»។ (ហេព្រើរ ៥:១៤) ពេល​ដែល​យើង​បង្ហាត់​សមត្ថភាព​វែកញែក​នោះ នេះ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា​យើង​មាន​ភាព​ចាស់​ទុំ។ ដូច​ពួក​កីឡាករ​ដែល​ត្រូវ​ហាត់​ពត់​សាច់​ដុំ​ម្ដង​ហើយ​ម្ដង​ទៀត​ទើប​អាច​មាន​ជំនាញ​ក្នុង​ការ​លេង​កីឡា​ណា​មួយ​នោះ យើង​ក៏​ត្រូវ​បង្ហាត់​សមត្ថភាព​វែកញែក​ដោយ​មាន​ទំលាប់​អនុវត្ត​តាម​គោលការណ៍​ព្រះ​គម្ពីរ។

១៤, ១៥​. ហេតុ​អ្វី​ក៏​យើង​គួរ​ព្យាយាម​សិក្សា​ដោយ​ចិត្ត​ខ្នះខ្នែង​ផ្ទាល់​ខ្លួន​នូវ​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ?

១៤ ក៏​ប៉ុន្តែ យើង​ត្រូវ​ទទួល​ចំណេះ​មុន​យើង​អាច​បង្ហាត់​សមត្ថភាព​វែកញែក​របស់​យើង​បាន។ ការ​សិក្សា​ផ្ទាល់​ខ្លួន​ដោយ​ចិត្ត​ខ្នះខ្នែង​ជា​ចាំបាច់​ណាស់​ដើម្បី​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​វែកញែក។ ពេល​ដែល​យើង​សិក្សា​ផ្ទាល់​ខ្លួន​ជា​ទៀងទាត់ ជា​ពិសេស​ពេល​ដែល​យើង​សិក្សា​ព័ត៌មាន​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ នោះ​យើង​ក៏​រីក​ចំរើន​ក្នុង​សមត្ថភាព​វែកញែក។ ច្រើន​ឆ្នាំ​កន្លង​មក​នេះ ទស្សនាវដ្ដី​ប៉មយាម​បាន​ពិគ្រោះ​អំពី​ប្រធាន​ដែល​ស៊ី​ជម្រៅ​ផ្សេងៗ។ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​មើល​អត្ថបទ ដែល​ពិគ្រោះ​អំពី​សេចក្ដី​ពិត​ដ៏​ជ្រាល​ជ្រៅ​បែប​នោះ? តើ​យើង​មាន​ទំនោរ​ចិត្ត​ចៀស​វាង​ពី​អត្ថបទ​បែប​នោះ​ដោយ​ព្រោះ​«មាន​សេចក្ដី​ខ្លះ​ដែល​ពិបាក​យល់»​ឬ​ទេ? (ពេត្រុសទី២ ៣:​១៦) ផ្ទុយ​ទៅ​វិញ យើង​ព្យាយាម​ស្វែង​យល់​ពី​ព័ត៌មាន​នោះ មែន​ទេ?—អេភេសូរ ៣:១៨

១៥ ចុះ​យ៉ាង​ណា​បើ​យើង​មិន​សូវ​ចេះ​សិក្សា​ផ្ទាល់​ខ្លួន? គឺ​សំខាន់​ណាស់​ឲ្យ​យើង​ខំ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ចង់​សិក្សា​ផ្ទាល់​ខ្លួន។b (ពេត្រុសទី១ ២:២) ការ​លូត​លាស់​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​មាន​ភាព​ចាស់​ទុំ​នោះ តម្រូវ​ឲ្យ​យើង​រៀន​ចេះ​ទទួល​ប្រយោជន៍​ពី​អាហារ​រឹង ពោល​គឺ​សេចក្ដី​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។ បើ​យើង​មិន​រៀន​ឲ្យ​ចេះ​ទទួល​ប្រយោជន៍​ពី​សេចក្ដី​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ សមត្ថភាព​វែកញែក​របស់​យើង​ក៏​នឹង​មាន​កំហិត​ជា​រៀង​រហូត​ដែរ។ យ៉ាង​ណា​ក៏​ដោយ ការ​បង្ហាញ​ថា​យើង​មាន​ភាព​ចាស់​ទុំ​នោះ មិន​ស្រេច​លើ​ការ​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​វែកញែក​ប៉ុណ្ណោះ​ទេ។ របៀប​រស់​នៅ​របស់​យើង​ប្រចាំ​ថ្ងៃ​ក៏​ត្រូវ​ស​ឲ្យ​ឃើញ​ថា យើង​កំពុង​តែ​អនុវត្ត​តាម​ចំណេះ​ដែល​យើង​ទទួល​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន​ដោយ​ចិត្ត​ខ្នះខ្នែង។

១៦, ១៧​. តើ​យ៉ាកុប​ជូន​យោបល់​អ្វី​ស្តី​អំពី​ការ​ក្លាយ​ជា​អ្នក​ដែល​«ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល»?

១៦ ទង្វើ​របស់​យើង​ស្រប​តាម​ជំនឿ ហើយ​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ពី​ចិត្ត​កតញ្ញូ​ចំពោះ​សេចក្ដី​ពិត​ដែល​យើង​បាន​រៀន ជា​ភស្តុតាង​ថែម​ទៀត​ដែល​ស​ឲ្យ​ឃើញ​នូវ​លក្ខណៈ​ពិត​របស់​យើង។ លោក​យ៉ាកុប​បាន​សរសេរ​ឧទាហរណនិទស្សន៍​មួយ​ដែល​បញ្ជាក់​យ៉ាង​ខ្លាំង​អំពី​ការ​ពិនិត្យ​មើល​ខ្លួន​ឯង។ គាត់​សរសេរ​ថា​៖ «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្ដាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ ដ្បិត​បើ​អ្នក​ណា​ស្ដាប់​ព្រះ​បន្ទូល​ហើយ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់។ អ្នក​នោះ​គ្រាន់​តែ​មើល​ខ្លួន រួច​ចេញ​បាត់​ទៅ ហើយ​ក៏​ភ្លេច​ពី​បែប​ភាព​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម។ តែ​អ្នក​ណា​ដែល​ពិនិត្យ​មើល​ក្នុង​ក្រិត្យ​វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​ក្រិត្យ​វិន័យ​ខាង​ឯ​សេរីភាព ហើយ​ក៏​ជាប់​ចិត្ត​ចំពោះ ឥត​មាន​ភ្លេច​សេចក្ដី​ដែល​ស្ដាប់​នោះ​ឡើយ គឺ​បាន​ប្រព្រឹត្ត​តាម​វិញ អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​ការ​ដែល​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន»។—យ៉ាកុប ១:២២​-​២៥

១៧ យ៉ាកុប​បាន​ដាស់​តឿន​ថា​៖ ‹ចូរ​មើល​ព្រះ​បន្ទូល​របស់​ព្រះ​ហាក់​ដូច​ជា​កំពុង​តែ​ឆ្លុះ​កញ្ចក់ ហើយ​ពិនិត្យ​មើល​ខ្លួន​ឯង​ចុះ! ចូរ​ព្យាយាម​ធ្វើ​ដូច្នេះ​ជានិច្ច ដោយ​ប្រើ​អ្វី​ដែល​យើង​រៀន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ដើម្បី​ពិនិត្យ​មើល​លក្ខណៈ​ពិត​របស់​ខ្លួន។ រួច​មក កុំ​រហ័ស​ភ្លេច​នូវ​អ្វី​ដែល​យើង​មើល​នោះ​ទេ។ ចូរ​កែ​ប្រែ​វិញ តាម​ដែល​ឃើញ​ថា​ជា​ចាំបាច់​នោះ›។ ការ​ធ្វើ​តាម​យោបល់​នេះ មិន​តែង​តែ​ស្រួល​ទេ។

១៨​. ហេតុ​អ្វី​ក៏​មិន​ស្រួល​ទេ ឲ្យ​យើង​ធ្វើ​តាម​យោបល់​របស់​យ៉ាកុប?

១៨ ជា​ឧទាហរណ៍ សូម​គិត​អំពី​តម្រូវ​ការ​ឲ្យ​យើង​រួម​ចំណែក​ក្នុង​កិច្ចបំរើ​ផ្សាយ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ប៉ុល​បាន​សរសេរ​ថា​៖ «យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​ក៏​បាន​សង្គ្រោះ​ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់»។ (រ៉ូម ១០:១០) ការ​ថ្លែង​ប្រាប់​ដោយ​មាត់​របស់​យើង​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​នោះ តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​កែ​ប្រែ​ខ្លះៗ។ យើង​ភាគ​ច្រើន​មិន​សូវ​ចេះ​ផ្សព្វផ្សាយ​ទេ ហើយ​ការ​ចាត់​ទុក​កិច្ចការ​ផ្សព្វផ្សាយ​ជា​កិច្ចការ​សំខាន់​ចំ​បង ព្រម​ទាំង​ចូល​រួម​កិច្ចការ​ផ្សព្វផ្សាយ​ដោយ​ចិត្ត​ខ្នះខ្នែង​នោះ តម្រូវ​ឲ្យ​យើង​ពលី​ខ្លួន​និង​ធ្វើ​ការ​កែ​ប្រែ​កាន់​តែ​ច្រើន​ថែម​ទៀត។ (ម៉ាថាយ ៦:៣៣) ប៉ុន្តែ ពេល​ដែល​យើង​ក្លាយ​ជា​អ្នក​ធ្វើ​ការ​ដែល​ព្រះ​បង្គាប់​ឲ្យ​ធ្វើ​នោះ យើង​មាន​សុភមង្គល​ដោយ​ដឹង​ថា កិច្ចការ​ផ្សព្វផ្សាយ​នេះ​កំពុង​តែ​សរសើរ​ព្រះ​យេហូវ៉ា។ បើ​ដូច្នេះ តើ​យើង​ជា​អ្នក​ប្រកាស​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដោយ​ចិត្ត​ខ្នះខ្នែង​ឬ​ទេ?

១៩​. តើ​ការ​អនុវត្ត​តាម​ជំនឿ​របស់​យើង​គួរ​រួម​បញ្ចូល​អ្វី​ខ្លះ?

១៩ តើ​យើង​គួរ​អនុវត្ត​តាម​ជំនឿ​របស់​យើង​ប៉ុន​ណា​ទៅ? ប៉ុល​មាន​ប្រសាសន៍​ថា​៖ «សេចក្ដី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ ហើយ​ឃើញ​ក្នុង​ខ្ញុំ នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ​ចុះ! ដូច្នេះ ព្រះ​នៃ​សេចក្ដី​សុខសាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»។ (ភីលីព ៤:៩) យើង​ផ្ដល់​ទី​សំអាង​ថា​យើង​ជា​មនុស្ស​បែប​ណា ដោយ​ធ្វើ​តាម​អ្វីៗ​ដែល​យើង​បាន​រៀន បាន​ទទួល បាន​ឮ ហើយ​បាន​ឃើញ ដោយ​បំពេញ​តាម​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​ជា​គ្រីស្ទាន និង​សម្រេច​ភារកិច្ច​របស់​យើង​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។ តាម​រយៈ​ព្យាការី​អេសាយ​នោះ ព្រះ​យេហូវ៉ា​ណែនាំ​ផ្លូវ​របស់​យើង​ដោយ​មាន​បន្ទូល​ថា​៖ «គឺ​ផ្លូវ​នេះ​ទេ។ ចូរ​ដើរ​តាម​នេះ​វិញ»។—អេសាយ ៣០:២១

២០​. តើ​បងប្អូន​បែប​ណា​អាច​ជួយ​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ក្នុង​ក្រុមជំនុំ?

២០ បុរស​និង​ស្ត្រី​ទាំង​ឡាយ​ដែល​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​ដោយ​ចិត្ត​ខ្នះខ្នែង ព្រម​ទាំង​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អស់​ពី​សមត្ថភាព​ហើយ​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​និង​ធ្វើ​កិច្ចការ​លើក​តម្កើង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​នោះ ជា​បងប្អូន​ពិសេស​ដែល​អាច​ជួយ​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​ក្រុមជំនុំ​នីមួយៗ។ វត្តមាន​របស់​បងប្អូន​បែប​នេះ​ក៏​ជួយ​បង្កើត​ឲ្យ​មាន​ភាព​នឹងនរ​ក្នុង​ក្រុមជំនុំ​ផង។ បងប្អូន​ទាំង​នេះ​ផ្ដល់​ជំនួយ​ជា​ច្រើន​មែន ពីព្រោះ​មាន​បងប្អូន​ថ្មី​ជា​ច្រើន​នាក់​ដែល​ត្រូវ​ការ​ជំនួយ​ផង។ ពេល​ដែល​យើង​ធ្វើ​តាម​ឱវាទ​របស់​ប៉ុល‹ឲ្យ​ពិចារណា​និង​ល្បង​ខ្លួន​ឯង›ដោយ​យក​ចិត្ត​ទុក​ដាក់​នោះ យើង​ក៏​អាច​មាន​ឥទ្ធិពល​ល្អ​លើ​មនុស្ស​ឯ​ទៀត​ដែរ។

ចូរ​មាន​អំណរ​ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ

២១, ២២​. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​មាន​អំណរ​ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ?

២១ ស្តេច​ដាវីឌ​ពី​សាសន៍​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​បាន​ច្រៀង​ថា​៖ «ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ! ទូល​បង្គំ​មាន​សេចក្ដី​អំណរ​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់ អើ ក្រិត្យ​វិន័យ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ចិត្ត​ទូល​បង្គំ»។ (ទំនុកដំកើង ៤០:៨) ដាវីឌ​ពិត​ជា​មាន​ព្រះទ័យ​រីករាយ​ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។ ហេតុ​អ្វី? ពីព្រោះ​ក្រិត្យ​វិន័យ​របស់​ព្រះ​ស្ថិត​ជាប់​ក្នុង​ព្រះទ័យ​របស់​ដាវីឌ។ ដាវីឌ​មិន​មាន​អារម្មណ៍​ញញើត​ទេ ស្តី​អំពី​ផ្លូវ​ដែល​ទ្រង់​គួរ​ដើរ។

២២ បើ​យើង​មាន​ក្រិត្យ​វិន័យ​របស់​ព្រះ​នៅ​ក្នុង​ចិត្ត​យើង យើង​ក៏​មិន​ស្ទាក់ស្ទើរ​ដែរ ស្តី​អំពី​ផ្លូវ​ដែល​យើង​គួរ​ដើរ។ យើង​មាន​អំណរ​ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។ ដូច្នេះ ចូរ​ឲ្យ​យើង​«ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត»​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា។—លូកា ១៣:២៤

[កំណត់​សម្គាល់]

a បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

b សំរាប់​យោបល់​ល្អៗ​អំពី​វិធី​សិក្សា​នោះ សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ចុះ​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​២០០២ ទំព័រ​២២​-​២៥ វគ្គ​១២​-​២១ និង​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០០២ ទំព័រ​២៦​-​២៧ វគ្គ​១៥​-​១៩ ដែល​បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

តើ​អ្នក​ចាំ​ទេ?

• តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ពិចារណា​ថា​យើង​ស្ថិត​នៅ​ក្នុង​ជំនឿ​ឬ​ក៏​អត់?

• តើ​ការ​ល្បង​ខ្លួន​រួម​បញ្ចូល​អ្វី​ខ្លះ?

• តើ​យើង​អាច​បង្ហាញ​ទី​សំអាង​យ៉ាង​ណា​ខ្លះ ថា​យើង​ជា​គ្រីស្ទាន​ដែល​មាន​ភាព​ចាស់​ទុំ?

• តើ​ការ​អនុវត្ត​តាម​ជំនឿ​របស់​យើង​នោះ ជួយ​យើង​ពិនិត្យ​មើល​ខ្លួន​បាន​យ៉ាង​ណា?

[រូបភាព​នៅ​ទំព័រ​២១]

តើ​អ្នក​ស្គាល់​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ឲ្យ​អាច​ពិចារណា​មើល​ថា​អ្នក​ស្ថិត នៅ​ក្នុង​ជំនឿ​ឬ​អត់?

[រូបភាព​នៅ​ទំព័រ​២២]

ពេល​ដែល​យើង​បង្ហាត់​សមត្ថភាព​វែកញែក នេះ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា​យើង​មាន​ភាព​ចាស់​ទុំ

[រូបភាព​នៅ​ទំព័រ​២៣]

យើង​ល្បង​ខ្លួន​ហើយ​បង្ហាញ​ពី​លក្ខណៈ​ពិត​របស់​យើង​ដោយ​ធ្វើ​ជា‹អ្នក​ប្រព្រឹត្ត​តាម›​មិន​មែន​ជា‹អ្នក​ស្ដាប់​តែ​ប៉ុណ្ណោះ›ទេ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក