បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០១ ទំ. ៥-៦
  • ចូរបណ្ដុះឲ្យមានសមត្ថភាពវែកញែក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបណ្ដុះឲ្យមានសមត្ថភាពវែកញែក
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • កម្មវិធីថ្មីសំរាប់ថ្ងៃសន្និបាតពិសេស
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • យុវជនអើយ! ចូរអប់រំសមត្ថភាពខាងការវែកញែករបស់អ្នក
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • តើអ្នក«ចេះវែកញែកស្គាល់ល្អ ស្គាល់អាក្រក់»ទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • «ចូរល្បងខ្លួនមើលចុះ!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/០១ ទំ. ៥-៦

ចូរ​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​វែកញែក

១ គ្រា​លំបាក​នា​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ បាន​នាំ​ឲ្យ​មាន​ការ​បង្ខិត​បង្ខំ​កាន់​តែ​ច្រើន​ឡើងៗ និង​ការ​ល្បងល​ដ៏​ធំ​ផ្សេងៗមាន​មក​លើ​រាស្ត្រ​របស់​ព្រះ​នៅ​គ្រប់​ទី​កន្លែង។ (ធីម៉ូថេទី២ ៣:១​-​៥) យើង​គ្រប់​គ្នា​ត្រូវ​ការ​នូវ​ការ​លើក​ទឹក​ចិត្ត​ដើម្បី​កាន់​ជំហរ​មាំមួន​ក្នុង​ជំនឿ។ (កូរិនថូសទី១ ១៦:១៣) យើង​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ពេល​ដែល​យើង​បន្ត​អាន​ព្រះ​បន្ទូល​របស់​ទ្រង់​ជា​ទៀងទាត់ និង​ពឹងពាក់​ទៅ​លើ​វិញ្ញាណ​របស់​ទ្រង់ ហើយ​រក្សា​ខ្លួន​យើង​ឲ្យ​ជិត​ស្និទ្ធ​នឹង​អង្គការ​របស់​ទ្រង់។—ទំនុកដំកើង ៣៧:២៨; រ៉ូម ៨:៣៨, ៣៩; វិវរណៈ ២:១០

២ មាន​មូលហេតុ​ល្អ​មែន ដែល​កម្មវិធី​ថ្ងៃ​សន្និបាត​ពិសេស​ពី​ឆ្នាំ​មុន​បាន​ពន្យល់​ប្រាប់​តាម​ប្រធាន «ចូរ​ពេញ​វ័យ​ខាង​សមត្ថភាព​យល់​ដឹង»។ ប្រធាន​នោះ​មាន​មូលដ្ឋាន​លើ​កូរិនថូសទី១ ១៤:២០ ដែល​ជា​ពាក្យ​របស់​សាវ័ក​ប៉ុល​មាន​ដូច​ត​ទៅ​នេះ៖ «បងប្អូន​អើយ! កុំ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ខ្ចី​ខាង​ឯ[សមត្ថភាព​យល់​ដឹង, ព.ថ.] បើ​ខាង​ឯ​បំណង​អាក្រក់ នោះ​ចូរ​នៅ​ជា​កូន​ង៉ែត​ចុះ! តែ​ចំណែក​ខាង​ឯ[សមត្ថភាព​យល់​ដឹង, ព.ថ.] នោះ​ចូរ​ធ្វើ​ជា​មនុស្ស​ពេញ​អាយុ​វិញ»។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​កម្មវិធី​នោះ?

៣ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា៖ «ពិត​ជា​លើក​ទឹក​ចិត្ត​មែន​ទែន!» «គឺ​ចំ​នឹង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​មែន!»។ នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​ពីរ​ប៉ុណ្ណោះ​ដែល​បញ្ជាក់​ពី​អារម្មណ៍​អ្នក​ដែល​បាន​ចូល​រួម។ សូម្បី​មនុស្ស​ម្នាក់​ដែល​មិន​មែន​ជា​ស្មរបន្ទាល់​ក្ដី ក៏​បាន​ទៅ​ចូល​រួម​ថ្ងៃ​សន្និបាត​ពិសេស​ដើម្បី​មើល​កូន​ស្រី​អាយុ​១២​ឆ្នាំ​របស់​គាត់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ​ដែរ និង​គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​កោត​ស្ងើច​នឹង​កម្មវិធី​នោះ​ណាស់ និង​យល់​ឃើញ​ថា ពត៌​មាន​នោះ​អាច​មាន​ប្រយោជន៍​សំរាប់​ក្រុម​គ្រួសារ​របស់​គាត់​មែន។ តើ​អ្នក​មាន​អារម្មណ៍​ដូច​នោះ​ទេ? សូម​ឲ្យ​យើង​រំឭក​ឡើង​វិញ​អំពី​គោល​សំខាន់​ខ្លះៗពី​កម្មវិធី​នោះ។

៤ យើង​ត្រូវ​ការ​ចំណេះ​ត្រឹម​ត្រូវ​ដើម្បី​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​វែកញែក: ក្នុង​សុន្ទរកថា​ដំបូង​ដែល​មាន​ចំណង​ជើង​ថា៖ «ចូរ​បណ្ដុះ​សមត្ថភាព​យល់​ដឹង​របស់​អ្នក​ឲ្យ​ឈ្លាស​វៃ»​នោះ តើ​អ្នក​ថ្លែង​បាន​បញ្ជាក់​យ៉ាង​ណា អំពី​អ្វី​ដែល​ចាំបាច់​ដើម្បី​ប្រឈម​មុខ​ដោះស្រាយ​នឹង​ការ​ពិបាក​ផ្សេងៗនៅ​សព្វ​ថ្ងៃ​នេះ? មិន​គ្រាន់​តែ​សមត្ថភាព​គិតគូរ​ប៉ុណ្ណោះ​ទេ។ យើង​ត្រូវ​បណ្ដុះ​សមត្ថភាព​យល់​ដឹង​ពី​ព្រះ​គម្ពីរ​ឲ្យ​បាន​ឈ្លាស​វៃ ក្រែងលោ​យើង​ចុះ​ចាញ់​នឹង​អំពើ​អាក្រក់​ជួជាតិ​ដែល​នៅ​ខាង​មុខ​យើង​ជានិច្ច​នោះ។ ការ​យល់​ដឹង​បែប​នេះ​តម្រូវ​ឲ្យ​មាន​ការ​ណែនាំ​ពី​ព្រះ។ ដូច​អ្នក​តែង​បទ​ទំនុកដំកើង​ដែរ យើង​ត្រូវ​អធិស្ឋាន​សុំ​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ​យើង​យល់​នូវ​ច្បាប់​វិន័យ​និង​សេចក្ដី​រំឭក​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​បំរើ​ទ្រង់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។—ទំនុកដំកើង ១១៩:១, ២, ៣៤

៥ ក្នុង​សុន្ទរកថា​បន្ទាប់​ពី​នោះ អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល​បាន​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​«ជំនួយ​ដើម្បី​ឲ្យ​ពេញ​វ័យ​ក្នុង​ការ​យល់​ដឹង​ចំណេះ​ក្នុង​ព្រះ​គម្ពីរ» តាម​រយៈ​ព្រះ​បន្ទូល​និង​អង្គការ​របស់​ទ្រង់។ គាត់​បាន​បកស្រាយ​អត្ថន័យ​ពាក្យ​យល់​ដឹង ជា​«សមត្ថភាព​យល់​ធ្លុះ​ជ្រៅ​នូវ​រឿង​ណា​មួយ និង​ត្រិះរិះ​ពិចារណា​ឲ្យ​ដឹង​ស​ដឹង​ខ្មៅ ដោយ​យល់​ទំនាក់ទំនង​រវាង​ផ្នែក​ផ្សេងៗនិង​រឿង​ទាំង​មូល​ដើម្បី​យល់​ខ្លឹមសារ​នៃ​រឿង​នោះ»។ តើ​អ្នក​ណា​អាច​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​បែប​នេះ​បាន? ព្រះ​យេហូវ៉ា​បាន​ប្រទាន​អំណោយ​ទាន​ជា​មនុស្ស ដើម្បី​ជួយ​យើង​មាន​ជំនឿន​ខាង​វិញ្ញាណ។ (អេភេសូរ ៤:១១, ១២) អង្គការ​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ​តែង​ដាស់​តឿន​យើង​ឲ្យ​អាន​ព្រះ​បន្ទូល​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ និង​ចូល​រួម​កិច្ច​ប្រជុំ​ក្រុមជំនុំ​ជា​ទៀងទាត់។ (ទំនុកដំកើង ១:២) យើង​ទទួល​ការ​បង្រៀន​អំពី​របៀប​ប្រើ​ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​គ្រីស្ទាន​របស់​យើង ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​ជា​ក្រុម​គ្រួសារ ហើយ​ក្នុង​ការ​រៀបចំ​សំរាប់​ប្រជុំ​និង​កិច្ច​ផ្សព្វផ្សាយ​ដែរ។ តើ​អ្នក​បាន​ឆ្លៀត​ប្រយោជន៍​ពី​សំវិធានការ​ទាំង​ឡាយ​នេះ​ឬ​ទេ? តើ​អ្នក​ធ្វើ​តាម​កម្មវិធី​អាន​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​ជា​ទៀងទាត់​ឬ? នេះ​គឺ​ចាំបាច់​បើ​យើង​ចង់​រក្សា​កុំ​ឲ្យ​ខ្លួន​ចុះ​ចាញ់​នឹង​ទំនោរ​ចិត្ត​ខាង​លោកីយ៍ និង​ម៉ូដ​ប្រជាប្រិយ ទស្សនៈ​វិជ្ជា ហើយ​អានុភាព​ផ្សេងៗដែល​អាច​បញ្ឆោត​យើង​បាន។—កូល៉ុស ២:៦​-​៨

៦ យើង​ត្រូវ​បង្ហាត់​សមត្ថភាព​វែកញែក​របស់​យើង: ក្នុង​សុន្ទរកថា​ទី​មួយ​របស់​អ្នក​ថ្លែង​ដែល​ជា​ភ្ញៀវ​មក​លេង​នោះ ដែល​មាន​ចំណង​ជើង​ថា៖ «ចូរ​រក្សា​ការពារ​នូវ​ភាព​ខាង​វិញ្ញាណ ដោយ​បង្ហាត់​សមត្ថភាព​វែកញែក​របស់​អ្នក» គាត់​បាន​ពន្យល់​ថា មនុស្ស​ក្នុង​លោកីយ៍​នេះ​មិន​ចេះ​វែកញែក​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​ទេ។ (អេសាយ ៥:២០, ២១) នេះ​គឺ​ដោយ​ព្រោះ​គេ​មិន​ព្រម​ទទួល​ស្គាល់​ឬ​ធ្វើ​តាម​ខ្នាត​តម្រា​សុចរិត​របស់​ព្រះ​យេហូវ៉ា។ ផ្ទុយ​ទៅ​វិញ យើង​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ខាង​វិញ្ញាណ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ទទួល​ស្គាល់​ខ្នាត​តម្រា​សុចរិត​របស់​ព្រះ ដែល​ជួយ​នាំ​ផ្លូវ​ក្នុង​ការ​ប្រព្រឹត្ត និង​ជួយ​ឲ្យ​ចរិយា​របស់​យើង​បាន​ល្អ​ប្រសើរ។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​យើង​អាច​បញ្ជាក់​ឲ្យ​ខ្លួន​ដឹង​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​សព្វ​ព្រះទ័យ​ថា​ជា​ការ​ល្អ ហើយ​អ្វី​ដែល​សម​ស្រប​នឹង​ព្រះ​ហឫទ័យ​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ទ្រង់។—រ៉ូម ១២:២

៧ ដើម្បី​ជៀស​វាង​គំនិត​ច្របូកច្របល់​របស់​លោកីយ៍​នេះ និង​ផលវិបាក​ដែល​មាន​ជា​លទ្ធផល​នោះ យើង​ត្រូវ​បង្ហាត់​សមត្ថភាព​វែកញែក​របស់​យើង​ម្ដង​ហើយ​ម្ដង​ទៀត​ឥត​ឈប់ឈរ។ តើ​យើង​អាច​សម្រេច​ការ​នេះ​បាន​យ៉ាង​ដូច​ម្ដេច? ដូច​បាន​សរសេរ​នៅ​ហេព្រើរ ៥:១២​-​១៤ សាវ័ក​ប៉ុល​បាន​បញ្ជាក់​នូវ​សារៈ​សំខាន់​នៃ​ការ​ទទួល​ទាន​ច្រើន​ជាង​«ទឹក​ដោះ»​ពី​ព្រះ​បន្ទូល។ យើង​ត្រូវ​ការ​អាហារ​រឹង​ខាង​វិញ្ញាណ។ រួច​មក យើង​ត្រូវ​សុខ​ចិត្ត​អនុវត្ត​តាម​អ្វី​ដែល​យើង​រៀន​នោះ ក្នុង​ជីវិត​របស់​យើង។ នៅ​ពេល​យើង​ធ្វើ​ដូច្នេះ​មែន យើង​មាន​ជំនឿ​ស៊ប់​ថា គោលការណ៍​និង​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​ល្អ​ត្រឹម​ត្រូវ។ នេះ​ក៏​បង្ហាត់​នូវ​សមត្ថភាព​វែកញែក​របស់​យើង ដើម្បី​វែកញែក​ឲ្យ​ស្គាល់​ខុស​ផង​ត្រូវ​ផង។

៨ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់! ដែល​អ្នក​ខ្លះ​បាន​ខ្សោយ​ខាង​វិញ្ញាណ។ ហេតុ​អ្វី? ពីព្រោះ​គេ​មិន​បាន​ផ្ចង់​ស្មារតី​ទៅ​លើ​អ្វី​ដែល​ល្អ និង​អ្វី​ដែល​សុចរិត​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​នោះ​ទេ។ ជា​លទ្ធផល​គេ​បាន​ចុះ​ចាញ់​ដោយ​បណ្ដោយ​តាម​ទស្សនៈ​ដែល​មាន​ក្នុង​កម្មវិធី​ពិភាក្សា​គ្នា​តាម​វិទ្យុ​និង​ទូរទស្សន៍ ដែល​មាន​សាច់​រឿង​មិន​ល្អ​ផ្ទុយ​ពី​ព្រះ​គម្ពីរ ព្រម​ទាំង​ចុះ​ចាញ់​ដោយ​ស្ដាប់​បទ​ចំរៀង​ថោកទាប ឬ​ទទួល​អានុភាព​អាក្រក់​ផ្សេងៗតាម​រយៈ​សារ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​កុំព្យូទ័រ។ ដោយ​ប្រព្រឹត្ត​យ៉ាង​មាន​ប្រាជ្ញា យើង​នឹង​ជៀស​ចេញ​ពី​អានុភាព​ដែល​មក​ពី​មនុស្ស​ធ្វើ​អំពើ​អសីលធម៌ ល្ងីល្ងើ និង​ខូច​អាក្រក់។—សុភាសិត ១៣:២០; កាឡាទី ៥:៧; ធីម៉ូថេទី១ ៦:២០, ២១

៩ យុវជន​ត្រូវ​ធ្វើ​ជា​‹កូន​ង៉ែត​ខាង​ឯ​បំណង​អាក្រក់›: កម្មវិធី​នោះ​មាន​សុន្ទរកថា​ពីរ​ដែល​លើក​ទឹក​ចិត្ត​យ៉ាង​ចំៗ ឲ្យ​យុវ​វ័យ​ទាំង​អស់​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​វែកញែក។ អ្នក​ថ្លែង​សុន្ទរកថា​ទាំង​នោះ​បាន​បង្ហាញ​ថា ការ​ធ្វើ​ជា​‹កូន​ង៉ែត​ខាង​ឯ​បំណង​អាក្រក់›​មាន​ន័យ​ថា គេ​ត្រូវ​ខ្វះ​បទពិសោធន៍​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ជា​របស់​មិន​ស្អាត​ស្អំ​ដូច​ជា​កូន​ង៉ែត​មិន​យល់​ដែរ។ (កូរិនថូសទី១ ១៤:២០) យើង​គ្រប់​គ្នា​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​របៀប​ប្រើ​ពេល​វេលា​របស់​យើង ដើម្បី​ទប់ទល់​កុំ​បើក​ផ្លូវ​ឲ្យ​ខ្លួន​ប្រទះ​នឹង​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ទាំង​ជៀស​វាង​ពី​អានុភាព​នៃ​របស់​នោះ។ (អេភេសូរ ៥:១៥​-​១៧) យើង​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ពិនិត្យ​មើល​ចំនួន​ម៉ោង​ដែល​យើង​អាន​សៀវភៅ​ដែល​មិន​ជួយ​ចំរើន​នូវ​ការ​យល់​ដឹង​របស់​យើង​ខាង​វិញ្ញាណ​នោះ។ តើ​អ្នក​បាន​ធ្វើ​ដូច្នេះ​ទេ? តើ​ការ​ពិនិត្យ​មើល​នោះ​បាន​បង្ហាញ​យ៉ាង​ណា? បន្ថែម​ទៅ​លើ​ការ​អាន​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ ចូរ​ប្ដេជ្ញា​ចិត្ត​អាន​ឲ្យ​ទាន់​ពេល​នូវ​សៀវភៅ​ផ្សេងៗដែល​អង្គការ​របស់​យើង​ផ្ដល់​ឲ្យ។ ការ​ធ្វើ​ដូច​នេះ នឹង​ជួយ​យើង​គ្រប់​គ្នា រួម​ទាំង​អ្នក​នៅ​ក្មេង ឲ្យ​«ទទួល​បាន​ការ​យល់​ដឹង»។—សុភាសិត ៤:៧​-​៩, ព.ថ.

១០ «ចូរ​ទទួល​ប្រយោជន៍​ពី​ការ​អនុវត្ត​តាម​គោលការណ៍​ព្រះ​គម្ពីរ​ដោយ​ការ​យល់​ដឹង»: នេះ​ជា​ប្រធាន​សុន្ទរកថា​បញ្ចប់​កម្មវិធី​ថ្ងៃ​សន្និបាត​ពិសេស។ ភ្ញៀវ​ម្នាក់​ដែល​បាន​ថ្លែង​សុន្ទរកថា​នោះ​ពន្យល់​ថា ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​ការ​យល់​ដឹង​ដែល​ផ្ដល់​ឲ្យ​មាន​ជីវិត​ ហើយ​ក៏​ខ្ពង់​ខ្ពស់​ជាង​ការ​យល់​ដឹង​ទាំង​ឡាយ​របស់​មនុស្ស​ជាតិ​ឆ្ងាយ​ណាស់។ សូម​គិត​ទៅ​មើល​អំពី​ឱកាស​ទទួល​បាន​នូវ​ការ​យល់​ដឹង​របស់​ព្រះ​យេហូវ៉ា! ទ្រង់​ប្រទាន​ការ​យល់​ដឹង​ដោយ​ព្រះទ័យ​សទ្ធា ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ការ​យល់​ដឹង​នោះ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត និង​សុំ​ពី​ទ្រង់​ដោយ​ចិត្ត​ជឿ។ (សុភាសិត ២:៣​-​៥, ៩; ២៨:៥) តើ​អ្នក​កំពុង​តែ​ឆ្លៀត​ប្រយោជន៍​យ៉ាង​ពេញលេញ​ពី​សេចក្ដី​អញ្ជើញ​នេះ​របស់​ទ្រង់​ឬ​ទេ?

១១ យើង​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​រៀន​សម្គាល់​គោលការណ៍​នានា ពេល​ដែល​យើង​អាន​ព្រះ​គម្ពីរ។ (ធីម៉ូថេទី២ ៣:១៦, ១៧) ចូរ​សិក្សា​គោលការណ៍​នោះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​មាន​ការ​យល់​ដឹង​ពិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​មាន​បន្ទូល​នោះ។ ចូរ​ឆ្លៀត​ពេល​រំពឹង​គិត​អំពី​គោលការណ៍​ទាំង​នេះ ហើយ​ឲ្យ​គោលការណ៍​ទាំង​នោះ​ដិត​ជាប់​ក្នុង​ចិត្ត​គំនិត​របស់​យើង។ ការ​ធ្វើ​ដូច​នេះ នឹង​បង្ហាត់​សមត្ថភាព​វែកញែក​របស់​អ្នក​ដើម្បី​ឲ្យ​មាន​ជោគជ័យ​ក្នុង​កាល​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ជីវិត​។ (យ៉ូស្វេ ១:៨) សូម​ឲ្យ​យើង​ពិនិត្យ​មើល​ស្ថានការណ៍​ខ្លះៗដែល​បងប្អូន​ជា​ច្រើន​ជួប​ប្រទះ និង​មើល​នូវ​របៀប​ដែល​ការ​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ​អាច​ជួយ​យើង​ទទួល​ជោគជ័យ។

១២ ‹តើ​ខ្ញុំ​គួរ​តាម​ម៉ូដ​សំលៀក​បំពាក់​និង​ការ​តុបតែង​ខ្លួន​តាម​របៀប​ណា​មួយ​ឬ​ទេ?› ម៉ូដ​ប្រជាប្រិយ​ខាង​សំលៀក​បំពាក់​និង​ការ​តុបតែង​ខ្លួន​ក្នុង​លោកីយ៍​នេះ ច្រើន​តែ​បង្ហាញ​នូវ​ចិត្ត​គំនិត​បះបោរ។ ចិត្ត​គំនិត​បែប​នេះ​ជំរុញ​ឲ្យ​មនុស្ស​ស្លៀក​ពាក់​បែប​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួន​ឯង ថែម​ទាំង​អាក្រក់​មើល ឬ​ក៏​ធ្វើ​ឲ្យ​ស្រើបស្រាល​ទៀត​ផង។ តើ​មាន​គោលការណ៍​ណា​ខ្លះ​ក្នុង​ព្រះ​គម្ពីរ​ដែល​ទាក់ទង​រឿង​នេះ ហើយ​អាច​ជួយ​យើង​ទប់ទល់​កុំ​ឲ្យ​មាន​ទំនោរ​ចិត្ត​បែប​នេះ​បាន​យ៉ាង​ណា? ដោយ​បាន​បង្ហាត់​សមត្ថភាព​វែកញែក យើង​យក​មក​ពិចារណា​មើល​គោលការណ៍​មួយ​នៅ​ក្នុង​ធីម៉ូថេទី១ ២:៩, ១០ ឲ្យ​ស្លៀក​ពាក់​«តាម​បែប . . . ចេះ​អៀន​ខ្លួន ហើយ​ដឹង​ប្រមាណ​ខ្លួន . . . ឲ្យ​សំណំ​នឹង[អ្នក]ដែល​រាប់​ខ្លួន​ជា​អ្នក​កោត​ខ្លាច​ដល់​ព្រះ»។ គោលការណ៍​ឯ​ទៀត​ដែល​ទាក់ទង​នេះ គឺ​រួម​បញ្ចូល​ចំណុច​ដែល​បាន​រៀប​រាប់​ក្នុង​កូរិនថូសទី២ ៦:៣ និង​កូល៉ុស ៣:១៨, ២០។

១៣ ‹តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​មាន​សម្ព័ន្ធ​ភាព​ជិត​ស្និទ្ធ?› ការ​ប្រស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ល្អ​រវាង​សមាជិក​គ្រួសារ​គឺ​ចាំបាច់​ណាស់។ យ៉ាកុប ១:១៩​ប្រាប់​យើង​ថា៖ «ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្ដាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ»។ សមាជិក​គ្រួសារ​ត្រូវ​តែ​ស្ដាប់​និង​និយាយ​ជា​មួយ​គ្នា ពីព្រោះ​ក្នុង​ការ​ប្រស្រ័យ​ទាក់ទង​នឹង​គ្នា​ក្នុង​ក្រុម​គ្រួសារ ពេល​ខ្លះ​យើង​ត្រូវ​និយាយ ពេល​ខ្លះ​យើង​ត្រូវ​ស្ដាប់។ បើ​យើង​និយាយ​តាម​របៀប​កាច ដោយ​អំនួត ឬ​ដោយ​មិន​យោគ​យល់​អារម្មណ៍​អ្នក​ដទៃ នោះ​ប្រាកដ​ជា​នឹង​បំបែក​បំបាក់​ជាជាង​ជួយ ទោះ​ជា​អ្វី​យើង​បាន​និយាយ​ពិត​ក៏​ដោយ​។ ដូច្នេះ មិន​ថា​យើង​ជា​ស្វាមី​ឬ​ភរិយា មាតា​បិតា​ឬ​បុត្រ​ធីតា​ក៏​ដោយ​ ចូរ​ឲ្យ​សំដី​របស់​យើង​«ប្រកប​ដោយ​ព្រះ​គុណ​ជានិច្ច ទាំង​បង់​អំបិល​ផង»។—កូល៉ុស ៤:៦

១៤ ‹តើ​វត្ថុ​និយម​កំពុង​តែ​មាន​អានុភាព​មក​លើ​ខ្ញុំ​ឬ?› វត្ថុ​និយម​ជា​ការ​បង្ខិត​បង្ខំ​ពី​លោកីយ៍ ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​ទៅ​ជា​ស្មុគស្មាញ។ វត្ថុ​និយម​មិន​ជួយ​យើង​រក​សុភមង្គល​ពិត​ឃើញ​ឡើយ។ (សាស្ដា ៥:១០; លូកា ១២:១៥; ធីម៉ូថេទី១ ៦:៩, ១០) ដើម្បី​ជួយ​យើង​ជៀស​វាង​ផុត​ពី​អន្ទាក់​ដែល​ជា​វត្ថុ​និយម​នោះ ព្រះ​យេស៊ូ​បាន​បង្រៀន​យើង​នូវ​គោលការណ៍​សំខាន់​នេះ​ថា៖ ចូរ​តំរង់​ភ្នែក​ឲ្យ​បាន​ចំ​ត្រឹម​ត្រូវ។ ការ​រស់​នៅ​តាម​របៀប​ដ៏​មិន​ស្មុគស្មាញ​នោះ តម្រូវ​ឲ្យ​យើង​តម្រង់​ភ្នែក​ទៅ​លើ​ប្រយោជន៍​ខាង​ព្រះ​រាជាណាចក្រ ដោយ​ទុក​អ្វីៗទាំង​អស់​ផ្សេង​ទៀត​ជា​អ្វី​បន្ទាប់​បន្សំ។—ម៉ាថាយ ៦:២២, ២៣, ៣៣

១៥ អ្វី​ដែល​គួរ​ត្រូវ​ធ្វើ​ជា​គោល​ដៅ​របស់​យើង​: ព្រះ​បន្ទូល​របស់​ព្រះ​ជា​ប្រភព​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បាន សំរាប់​គោលការណ៍​សុចរិត​ដើម្បី​នាំ​ផ្លូវ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត។ យើង​ត្រូវ​រៀន​និង​រំពឹង​គិត​អំពី​គោលការណ៍​ទាំង​នេះ និង​យល់​អំពី​របៀប​អនុវត្ត​តាម​គោលការណ៍​នោះ​ក្នុង​ជីវិត​យើង។ ដោយ​‹បង្ហាត់​ឲ្យ​មាន​សមត្ថភាព​វែកញែក ដើម្បី​ឲ្យ​បាន​ដឹង​ខុស​ត្រូវ› នោះ​យើង​នឹង​ទទួល​ប្រយោជន៍​ផ្ទាល់​ខ្លួន ថែម​ទាំង​លើក​កិត្ដិយស​ថ្វាយ​ព្រះ​យេហូវ៉ា​ទៀត​ផង។—ហេព្រើរ ៥:១៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក