ចូរប្រើទស្សនាវដ្ដីរបស់យើងឲ្យបានប្រយោជន៍ច្រើនបំផុត
១ ពេលអ្នកទៅតូបលក់កាសែត តើអ្នកមើលឃើញអ្វីទៅ? អ្នកឃើញទស្សនាវដ្ដី។ នៅឯផ្សារ តើសៀវភៅណាទាក់ភ្នែករបស់យើងជាងគេ? គឺជាទស្សនាវដ្ដី។ ដូច្នេះ តើមនុស្សជាច្រើនកំពុងតែអានអ្វី? ទស្សនាវដ្ដី។ ការស្ទង់មតិបង្ហាញថាយុវជន៩នាក់ក្នុង១០ដែលស្ថិតក្នុងអាយុរវាង១០ឆ្នាំនិង១៨ឆ្នាំ ព្រមទាំងមនុស្សពេញវ័យ៩នាក់ក្នុង១០ អានយ៉ាងតិចមួយទស្សនាវដ្ដីក្នុងមួយខែ។ ពិភពលោកនេះនិយមយកចិត្តទុកដាក់អានទស្សនាវដ្ដីមែន។
២ តើយើងអាចជួយអ្នកណាដែលមានចិត្តស្មោះសឲ្យនិយមយកចិត្តទុកដាក់អានទស្សនាវដ្ដីប៉មយាមបានទេ? ពិតជាអាចមែន បើសិនជាយើងយកចិត្តទុកដាក់ទៅលើទស្សនាវដ្ដីប៉មយាម។ តើអ្វីអាចជួយយើងធ្វើដូច្នេះ? សូមពិចារណាយោបល់ដូចតទៅនេះ:
◼ អានទស្សនាវដ្ដីប៉មយាម: អ្នកត្រួតពិនិត្យតាមមណ្ឌលម្នាក់បានរាយការណ៍ថា ជាមធ្យមអ្នកផ្សាយ១នាក់ក្នុង៣នៅតំបន់របស់គាត់អានទស្សនាវដ្ដីប៉មយាមនិមួយៗចប់។ តើអ្នកអានទស្សនាវដ្ដីប៉មយាមទេ? ពេលអ្នកអានអត្ថបទនិមួយៗនោះ ចូរសួរក្នុងចិត្តថា‹តើអ្នកណានឹងចូលចិត្តពត៌មាននេះ? មាតាម្នាក់ អ្នកដែលសង្ស័យថាគ្មានព្រះ ពាណិជ្ជករម្នាក់ ឬមួយក៏យុវជនម្នាក់? ក្នុងទស្សនាវដ្ដីរបស់អ្នកផ្ទាល់ ចូរគូសចំណុចមួយពីរដែលអ្នកអាចប្រើពេលអ្នកស្នើជូនទស្សនាវដ្ដីនោះ។ ក្រោយមកគិតអំពីរបៀបអ្នកអាចបង្កើតចំណាប់អារម្មណ៍ទៅលើរឿងនោះ ដោយប្រើតែឃ្លាមួយពីរប៉ុណ្ណោះ។
◼ ចូរកុម្ម៉ង់ទស្សនាវដ្ដីមួយចំនួនជាក់លាក់: ចូរជំរាបបងប្រុសដែលទទួលខុសត្រូវផ្នែកទស្សនាវដ្ដីអំពីចំនួនទស្សនាវដ្ដីអ្នកចង់បានរាល់ខែ ដោយគិតឲ្យបានប្រាកដប្រជាអំពីចំនួនដែលអ្នកអាចប្រើប្រាស់បាន។ យ៉ាងនេះ អ្នកព្រមទាំងក្រុមគ្រួសាររបស់អ្នកនឹងទទួលទស្សនាវដ្ដីជាទៀងទាត់ថែមទាំងគ្រប់គ្រាន់ទៀតផង។
◼ កំណត់មួយថ្ងៃជាទៀងទាត់ដើម្បីចែកចាយទស្សនាវដ្ដី: ក្រុមជំនុំនានាបានកំណត់មួយថ្ងៃដែលត្រូវឆ្លៀតសំរាប់ការចែកចាយទស្សនាវដ្ដី។ តើអ្នកអាចចូលរួមថ្ងៃចែកចាយទស្សនាវដ្ដីនោះបានទេ? បើសិនជាមិនបាន ខិតខំប្រើពេលផ្សព្វផ្សាយខ្លះម្ដងៗសំរាប់ការចែកចាយទស្សនាវដ្ដីតាមផ្លូវថ្នល់និងពីផ្ទះមួយទៅផ្ទះមួយហើយចែកដល់អ្នកដែលទទួលទស្សនាវដ្ដីពីយើងជាទៀងទាត់នោះដែរ។
◼ ចូរប្រុងប្រៀបប្រើទស្សនាវដ្ដីជានិច្ច: ទុកទស្សនាវដ្ដីមួយច្បាប់ៗជាប់ខ្លួនជានិច្ចពេលធ្វើដំណើរឬទៅផ្សារ។ ស្នើជូនទស្សនាវដ្ដីពេលអ្នកនិយាយជាមួយអ្នកធ្វើការគ្នីគ្នា អ្នកជិតខាង មិត្តរួមថ្នាក់ ឬក៏លោកគ្រូអ្នកគ្រូរបស់អ្នក។ ស្វាមីភរិយាមួយគូដែលជិះយន្តហោះជាញឹកញយនោះ គាត់ប្រើចំណុចមួយក្នុងទស្សនាវដ្ដីថ្មីៗ ដើម្បីផ្ដើមការសន្ទនាជាមួយអ្នកដែលអង្គុយក្បែរគាត់។ គាត់បានមានបទពិសោធន៍ល្អៗជាច្រើន។ យុវជនខ្លះយកទស្សនាវដ្ដីទៅសាលាជារឿយៗ ពេលគេគិតថាអត្ថបទនោះនឹងចាប់អារម្មណ៍គ្រូឬមិត្តរួមថ្នាក់របស់គេ។ យកទស្សនាវដ្ដីទៅជាមួយផង ពេលអ្នកចេញទៅធ្វើកិច្ចការបន្ដិចបន្តួច និងស្នើជូននោះចំពោះអ្នកលក់ ក្រោយអ្នកបានទិញរបស់អ្វីដែលអ្នកត្រូវការហើយនោះ។ យើងជាច្រើននាក់ចាក់សាំងជាញយៗដែរ ដូច្នេះ យើងក៏អាចស្នើជូនទស្សនាវដ្ដីចំពោះអ្នកដែលចាក់សាំងឲ្យយើងផងដែរ។ ទុកទស្សនាវដ្ដីនៅជិតដៃពេលបងប្អូនញាតិមិត្តមកលេង ពេលអ្នកជិះយានសាធារណៈ ឬមួយក៏ពេលអ្នកកំពុងតែរង់ចាំជួបអ្នកណាម្នាក់។ តើអ្នកអាចគិតអំពីឱកាសផ្សេងទៀតដែលសមប្រើទស្សនាវដ្ដីបានទេ?
◼ ចូររៀបចំពាក្យផ្សព្វផ្សាយដ៏ខ្លីសំរាប់ទស្សនាវដ្ដី: រៀបចំពាក្យខ្លីៗ តែនិយាយពាក្យខ្លីនោះយ៉ាងប៉ិនប្រសប់។ ចូរបង្ហាញសេចក្ដីសាទរ ខិតខំទាក់ទាញចិត្តរបស់គេ និងនិយាយយ៉ាងជាក់លាក់ទៀតផង។ ចូរជ្រើសរើសចំណុចមួយពីអត្ថបទមួយ និងរៀបចំពាក្យនិយាយយ៉ាងខ្លីអំពីចំណុចនោះ រួចស្នើជូនទស្សនាវដ្ដី។ ពាក្យផ្សព្វផ្សាយដ៏ល្អបំផុត គឺលើកសំនួរមួយអំពីអ្វីដែលគេចាប់អារម្មណ៍ ហើយបញ្ជាក់ពីអត្ថបទមួយដែលឆ្លើយសំនួរពីព្រះគម្ពីរ។ សូមមើលឧទាហរណ៍ពីរបីស្តីពីរបៀបយើងអាចធ្វើដូច្នេះបាន:
៣ បើសិនជាអ្នកកំពុងតែបញ្ជាក់អត្ថបទមួយដែលទាក់ទងនឹងការកើនឡើងខាងឧក្រិដ្ឋកម្មនោះ អ្នកអាចសួរថា:
◼ «តើអ្វីអាចបំបាត់ឧក្រិដ្ឋកម្មឲ្យយើងលែងភ័យខ្លាចតទៅទៀតនោះ?»។ ម្ចាស់ផ្ទះប្រហែលជាមិនជឿថាសភាពការនឹងត្រូវអភិវឌ្ឍឲ្យល្អឡើងទេ។ អ្នកអាចតបឆ្លើយថា មនុស្សជាច្រើនគិតដូច្នោះដែរ ហើយអ្នកមានពត៌មានខ្លះដែលអ្នកជឿជាក់ថាគាត់នឹងចាប់អារម្មណ៍។ ក្រោយនោះ បញ្ជាក់ចំណុចមួយដែលសមស្របក្នុងអត្ថបទទស្សនាវដ្ដី។
៤ ពេលអ្នកកំពុងតែស្នើជូនអត្ថបទមួយអំពីជីវភាពក្នុងក្រុមគ្រួសារនោះ អ្នកអាចនិយាយថា:
◼ «មនុស្សជាច្រើនឃើញថា ការរកស៊ីចិញ្ចឹមក្រុមគ្រួសារគឺជាការពិបាកមែនសព្វថ្ងៃនេះ។ មានសៀវភៅជាច្រើនដែលគេនិពន្ធអំពីរឿងនេះ ក៏ប៉ុន្តែ សូម្បីតែអ្នកជំនាញក៏មិនយល់ស្របគ្នាអំពីដំណោះស្រាយចំពោះបញ្ហារបស់យើងដែរ។ តើយើងអាចបានការណែនាំដែលយើងអាចទុកចិត្តបាននៅកន្លែងណា?»។ ក្រោយនោះបញ្ជាក់ចំណុចមួយក្នុងទស្សនាវដ្ដីដែលបង្ហាញប្រាជ្ញាដែលមានក្នុងព្រះគម្ពីរ។
៥ អ្នកអាចប្រើពាក្យដូចតទៅនេះពេលអ្នកបង្ហាញអត្ថបទមួយអំពីបញ្ហាសង្គម:
◼ «មនុស្សជាច្រើនសព្វថ្ងៃនេះ ស្ថិតក្រោមការគាបសង្កត់។ ព្រះមិនដែលមានបំណងឲ្យមនុស្សរស់នៅដូចរបៀបនេះទេ»។ បន្ទាប់មកបង្ហាញគេនូវរបៀបពត៌មានពីព្រះគម្ពីរក្នុងអត្ថបទនោះ អាចជួយយើងស៊ូទ្រាំនឹងបញ្ហាក្នុងជីវិតប្រចាំថ្ងៃពេលឥឡូវនេះ និងក៏ផ្ដល់ឲ្យយើងមានសេចក្ដីសង្ឃឹមថានឹងមានដំណោះស្រាយនាពេលអនាគតផងដែរ។
៦ ចុះយ៉ាងណាវិញចំពោះវិភាគទាន? ដើម្បីឲ្យអ្នកដែលអបអរយល់ដឹងពីរបៀបគេអាចជួយបាននោះ យើងអាចនិយាយថា៖ «ទោះជាយើងជូនសៀវភៅរបស់យើងដោយមិនគិតថ្លៃទេ យើងអាចទទួលវិភាគទានបន្ដិចបន្តួច ដើម្បីគាំទ្រកិច្ចការទូទាំងពិភពលោករបស់យើងបាន»។
៧ អ្នកដែលទទួលទស្សនាវដ្ដីជាទៀងទាត់: ទោះជាតំបន់ផ្សាយត្រូវផ្សព្វផ្សាយចប់សព្វគ្រប់ជាទៀងទាត់ក៏ដោយ អ្នកដែលមានមនុស្សទទួលទស្សនាវដ្ដីជាទៀងទាត់អាចនៅតែជូនទស្សនាវដ្ដីជាច្រើនបាន។ អ្នកដែលទទួលទស្សនាវដ្ដីជាទៀងទាត់នោះអាចក្លាយជាសិស្សព្រះគម្ពីរបាន។
៨ ពេលអ្នកត្រឡប់ទៅជួបគេជាទៀងទាត់ដើម្បីជូនទស្សនាវដ្ដីនោះ អ្នកនឹងឃើញថា ភាពកក់ក្ដៅស្និទ្ធស្នាលរវាងអ្នកនឹងម្ចាស់ផ្ទះនឹងមានកាន់តែខ្លាំងឡើងៗ។ កាន់តែស្គាល់គ្នា កាន់តែស្រួលពិគ្រោះគ្នាអំពីរឿងព្រះគម្ពីរ។ នេះអាចហុចមកនូវឱកាសឲ្យចាប់ផ្ដើមសិក្សាព្រះគម្ពីរដែលនឹងរីកចំរើន។ ពេលម្ចាស់ផ្ទះពិតជាអបអរនឹងទស្សនាវដ្ដីនោះ ចូរស្នើឲ្យគេជាវ។ ចូរចាំមិនភ្លេចថា រៀងរាល់ដងអ្នកទៅទាក់ទងម្ចាស់ផ្ទះនោះ អ្នកអាចរាប់ការត្រឡប់ទៅជួបមួយបាន។
៩ បងស្រីម្នាក់ធ្លាប់ជូនទស្សនាវដ្ដីចំពោះស្ត្រីម្នាក់ដែលតែងតែទទួលទស្សនាវដ្ដី តែស្ត្រីដែលទទួលទស្សនាវដ្ដីនិយាយថា៖ «ខ្ញុំមិនជឿអ្វីអ្នកប្រាប់ខ្ញុំទេ»។ លើកក្រោយពេលបងស្រីត្រឡប់ទៅជួបគាត់ ស្វាមីរបស់ស្ត្រីនោះនៅផ្ទះ។ ក្រោយគេបានសន្ទនាយ៉ាងល្អអស់មួយរយៈ បងស្រីនោះបានរៀបចំឲ្យគាត់ចាប់ផ្ដើមសិក្សាព្រះគម្ពីរ។ បងស្រីនោះក៏បាននិយាយសួរសុខទុក្ខកូនប្រុសបីនាក់របស់បុរសនោះដែរ ហើយគេក៏បានចូលរួមការសិក្សាទៀតផង។ ចុងបញ្ចប់ ម្ដាយនិងកូនប្រុសនោះបានថ្វាយខ្លួនដល់ព្រះយេហូវ៉ានិងទទួលបុណ្យជ្រមុជទឹក។ ទំរាំមកដល់ពេលនេះ គឺមានសមាជិក៣៥នាក់ក្នុងក្រុមគ្រួសារនោះបានចូលសេចក្ដីពិតហើយ។ ទាំងអស់នេះដោយសារបងស្រីនោះបានត្រឡប់ទៅជួបអ្នកដែលទទួលទស្សនាវដ្ដី!
១០ មានវិធីជាច្រើនដែលយើងអាចចាប់ផ្ដើមមានអ្នកដែលទទួលទស្សនាវដ្ដីជាទៀងទាត់នោះ។ យើងអាចចាប់ផ្ដើមដោយទុកបញ្ជីរៀបរាប់អំពីទស្សនាវដ្ដីដែលអ្នកបានជូនហើយនោះ នឹងរៀបចំត្រឡប់ទៅជួបគេមួយខែម្ដងដើម្បីជូនទស្សនាវដ្ដីថ្មីៗ។ ពេលអ្នកត្រឡប់ទៅជួបគេវិញ អ្នកអាចនិយាយថា៖ «ពេលខ្ញុំបានអានអត្ថបទនេះ ខ្ញុំគិតថាអ្នកច្បាស់ជាចាប់អារម្មណ៍នឹងពត៌មាននេះ . . . » ក្រោយនោះ និយាយយ៉ាងខ្លីអំពីអត្ថបទនោះនឹងស្នើជូនឲ្យគេ។ ពេលអ្នកចេញពីផ្ទះគេហើយ ចូរកត់ចំណុចប្រាំយ៉ាងដ៏ស្រួលចាំដែលមានដូចតទៅនេះ ទៅលើបញ្ជីផ្សព្វផ្សាយរបស់អ្នក: (១) ឈ្មោះម្ចាស់ផ្ទះ (២) អាស័យដ្ឋានម្ចាស់ផ្ទះ (៣) ថ្ងៃខែដែលអ្នកជួបគេ (៤) ថ្ងៃខែទស្សនាវដ្ដីដែលគេបានទទួល និង(៥) អត្ថបទដែលអ្នកបានបង្ហាញគេ។ អ្នកផ្សាយខ្លះបានជោគជ័យខ្លាំងក្នុងការរៀបចំឲ្យមានអ្នកទទួលទស្សនាវដ្ដីជាទៀងទាត់ ដោយមានអ្នកទទួលរហូតដល់៤០នាក់ឬក៏ច្រើនជាង!
១១ រៀបចំជាក្រុមគ្រួសារ: អ្នកអាចឆ្លៀតពេលក្នុងកំឡុងការសិក្សាជាក្រុមគ្រួសារ ដើម្បីពិគ្រោះនូវការជ្រើសរើសអត្ថបទណាក្នុងទស្សនាវដ្ដីថ្មីៗដែលសមរម្យសំរាប់តំបន់ផ្សាយរបស់អ្នក។ សមាជិកក្រុមគ្រួសារទាំងកូនក្មេងផងដែរ អាចឆ្លាស់គ្នាសមពាក្យផ្សព្វផ្សាយ និងរបៀបតបឆ្លើយនឹងជំទាស់ធម្មតា ដូចជា៖ «ខ្ញុំរវល់» «យើងមានសាសនាហើយ» ឬក៏«ខ្ញុំអត់ចាប់អារម្មណ៍ទេ»។ បើសិនជាជួយគ្នាបានល្អនោះ នេះឲ្យក្រុមគ្រួសារទាំងមូលអាចចូលរួមក្នុងការចែកចាយទស្សនាវដ្ដី។
១២ អ្នកដឹកនាំការសិក្សាសៀវភៅតាមក្រុមអាចជួយផងដែរ: ពេលមានលទ្ធភាព រៀបចំឲ្យមានប្រជុំកិច្ចផ្សព្វផ្សាយនៅតាមកន្លែងការសិក្សាសៀវភៅតាមក្រុមនានាជាជាងឲ្យក្រុមជំនុំទាំងមូលជួបគ្នានៅសាលប្រជុំ។ អ្នកដែលដឹកនាំប្រជុំកិច្ចផ្សព្វផ្សាយត្រូវរៀបចំឲ្យបានល្អ ដោយមានយោបល់ជាក់លាក់សំរាប់ក្រុមទាំងមូលនោះ។ នេះអាចរួមបញ្ចូលការសម្ដែងជាឧទាហរណ៍ និងចំណុចមួយពីរពីទស្សនាវដ្ដីថ្មីៗដែលនឹងចាប់អារម្មណ៍មនុស្សក្នុងតំបន់។ ប្រជុំកិច្ចផ្សព្វផ្សាយ រួមទាំងការរៀបចំគូផ្សព្វផ្សាយផង ត្រូវធ្វើយ៉ាងខ្លី ហើយមិនយូរជាង១០ឬ១៥នាទីទេ។ អ្នកដឹកនាំការសិក្សាតាមក្រុមគួរប្រាកដថាគាត់មានផែនទីផ្សព្វផ្សាយគ្រប់គ្រាន់ ឲ្យអ្នកផ្សាយអាចមានកន្លែងផ្សព្វផ្សាយទាល់តែចប់រយៈពេលនោះ។
១៣ បង្ហាញការអបអរចំពោះទស្សនាវដ្ដី: អត្ថបទប្រធាន«ចូរប្រើទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក!ឲ្យបានប្រយោជន៍ច្រើនបំផុត» បោះពុម្ពក្នុងឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ខែកក្កដា ឆ្នាំ១៩៩៣ បានបញ្ជាក់ចំណុចសំខាន់តទៅនេះ: ‹ទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក! មិនដែលបាត់បង់ប្រយោជន៍ទេ សូម្បីតែពេលវាមិនទាន់ត្រូវចែកមួយឬពីរខែក្រោយបានត្រូវបោះពុម្ពក៏ដោយ។ ពត៌មាននៅក្នុងនោះ មិនក្លាយជាឥតសំខាន់ដោយសារពេលវេលាបានកន្លងទៅនោះទេ . . . ការប្រមូលទុកទស្សនាវដ្ដីមុនៗដូច្នេះ បង្ហាញថាយើងមិនយល់តម្លៃនៃឧបករណ៍ដ៏វិសេសនេះ . . . គឺល្អជាង បើយើងខិតខំចែកជូនទស្សនាវដ្ដីនោះចំពោះអ្នកចាប់អារម្មណ៍ ជាជាងប្រមូលទុកវាចោល មែនទេ?»។
១៤ សព្វថ្ងៃនេះមានមនុស្សចិត្តស្មោះសជាច្រើនដែលកំពុងតែស្វែងរកសេចក្ដីពិត។ ពត៌មានក្នុងទស្សនាវដ្ដីតែមួយគត់ អាចជាអ្វីដែលនាំគេទៅដល់សេចក្ដីពិតនោះ! ព្រះយេហូវ៉ាបានប្រទានសារមួយដ៏គួររំភើបឲ្យយើងផ្សព្វផ្សាយ ហើយទស្សនាវដ្ដីរបស់យើងមានតួនាទីសំខាន់ក្នុងការនាំសារនោះទៅដល់មនុស្សដទៃ។ តើអ្នកនឹងយកចិត្តទុកដាក់ទៅលើការចែកចាយទស្សនាវដ្ដីនាពេលអនាគតទេ? តើអ្នកនឹងអនុវត្តតាមយោបល់ទាំងនេះនៅថ្ងៃសៅរ៍អាទិត្យក្រោយនេះទេ? បើអ្នកធ្វើយ៉ាងនេះ អ្នកនឹងទទួលពរជាច្រើន។
យោបល់ដែលស្រួលអនុវត្តតាម
◼ អានទស្សនាវដ្ដីទុកជាមុន និងស្គាល់ពត៌មានដែលនៅក្នុងអត្ថបទនានា។
◼ ជ្រើសរើសអត្ថបទមួយដែលមានចំណាប់អារម្មណ៍ក្នុងសហគមន៍របស់អ្នក។
◼ រៀបចំពាក្យផ្សាយដែលសមស្របតាមចំណាប់អារម្មណ៍របស់មនុស្សជាច្រើន មិនថាបុរស ស្ត្រី ឬយុវជនក៏ដោយ។ ចូរបង្ហាញរបៀបទស្សនាវដ្ដីនោះទាក់ទងនឹងម្ចាស់ផ្ទះហើយមូលហេតុដែលក្រុមគ្រួសារទាំងមូលរបស់គាត់ចូលចិត្តពត៌មាននោះ។
◼ ចូររៀបចំផ្សព្វផ្សាយពេលមនុស្សភាគច្រើននៅផ្ទះ។ ក្រុមជំនុំខ្លះរៀបចំឲ្យមានការផ្សព្វផ្សាយពេលល្ងាចដើម្បីចែកចាយទស្សនាវដ្ដី។
◼ ចូរកំណត់ពាក្យផ្សព្វផ្សាយឲ្យបានខ្លីនិងចំៗ។
◼ កុំនិយាយលឿនពេក។ បើសិនជាអ្នកដែលកំពុងតែស្ដាប់មិនចាប់អារម្មណ៍ ការនិយាយលឿននឹងមិនធ្វើឲ្យគាត់ប្រែចិត្តទេ។ ចូរខំនិយាយដោយមានអារម្មណ៍ស្រួលនិងឲ្យម្ចាស់ផ្ទះមានឱកាសតបឆ្លើយ។
ឱកាសចែកជូនទស្សនាវដ្ដី
◼ ពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ
◼ ពេលផ្សព្វផ្សាយតាមផ្លូវថ្នល់
◼ ពេលផ្សព្វផ្សាយតាមហាង
◼ អ្នកដែលទទួលទស្សនាវដ្ដីជាទៀងទាត់
◼ ពេលផ្សព្វផ្សាយពេលល្ងាច
◼ ពេលត្រឡប់ទៅជួប
◼ ពេលទៅជួបអ្នកដែលធ្លាប់សិក្សាព្រះគម្ពីរ
◼ ពេលធ្វើដំណើរឬចូលផ្សារ
◼ ពេលនិយាយជាមួយបងប្អូនញាតិមិត្ត អ្នកធ្វើការគ្នីគ្នា អ្នកជិតខាង មិត្តរួមថ្នាក់ លោកគ្រូអ្នកគ្រូ
◼ ពេលជិះយាន្តសាធារណៈឬកំពុងតែរង់ចាំ