ចូរជូនទស្សនាវដ្ដីក្នុងកិច្ចផ្សព្វផ្សាយ
១ «ពិតជាគួរឲ្យចាប់អារម្មណ៍ ទាន់សម័យ ហើយលើកទឹកចិត្តយើងមែន»។ «នោះជាទស្សនាវដ្ដីដែលលើកទឹកចិត្តមនុស្សខ្លាំងបំផុត»។ ប្រសាសន៍ទាំងនេះបញ្ជាក់យ៉ាងត្រឹមត្រូវនូវអារម្មណ៍របស់មនុស្សទូទាំងពិភពលោក ដែលធ្លាប់អានទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក! ទស្សនាវដ្ដីរបស់យើងពិតជាជំនួយដ៏មានតម្លៃកាត់ថ្លៃពុំបានសំរាប់ការផ្សាយដំណឹងល្អឲ្យ«មនុស្សទាំងអស់»បានឮ។—១ធី. ២:៤
២ ពាណិជ្ជករម្នាក់បានទទួលទស្សនាវដ្ដីភ្ញាក់រឭក!មួយក្បាល ដែលរៀបរាប់អំពីរឿងមួយដែលគាត់ចាប់អារម្មណ៍។ ក្រោយមកទៀត គាត់អានទស្សនាវដ្ដីប៉មយាម ហើយក្នុងនោះមានអត្ថបទមួយដែលនាំឲ្យគាត់គិតពិចារណាអំពីលទ្ធិព្រះឯកត្រីអង្គ ជាលទ្ធិដែលគាត់ធ្លាប់ជឿតាំងពីតូច។ នេះបានធ្វើឲ្យគាត់ចាប់អារម្មណ៍។ ប្រាំមួយខែក្រោយមក គាត់បានទទួលបុណ្យជ្រមុជទឹក។ បុរសម្នាក់ទៀតធ្លាប់ទទួលទស្សនាវដ្ដីជាទៀងទាត់ តែមិនដែលអានទេ។ ប្រពន្ធរបស់បុរសនោះមិនព្រមនិយាយជាមួយស្មរបន្ទាល់ព្រះយេហូវ៉ាទេ ប៉ុន្តែតែងតែអានទស្សនាវដ្ដីដែលស្មរបន្ទាល់ជូនឲ្យប្ដីគាត់។ ប្រពន្ធរបស់បុរសនោះបានរំជួលចិត្តពេលដែលអានអំពីសេចក្ដីសន្យាក្នុងព្រះគម្ពីរអំពីសួនមនោរម្យនៅលើផែនដីដែលពោរពេញទៅដោយមនុស្សសុចរិត។ ក្រោយមកប្រពន្ធបុរសនោះ កូនប្រុស ហើយប្អូនស្រីរបស់ប្រពន្ធបានទៅជាអ្នកបំរើព្រះយេហូវ៉ា។
៣ ដូចឧទាហរណ៍ទាំងនេះបង្ហាញនោះ យើងមិនអាចដឹងថាអ្នកណានឹងអានទស្សនាវដ្ដីរបស់យើង ហើយក៏មិនអាចដឹងថាអត្ថបទមួយណានឹងធ្វើឲ្យពួកគេចាប់អារម្មណ៍ដែរ។ (សាស. ១១:៦) ក្នុងកាលៈទេសៈខ្លះ ប្រហែលជាការល្អបើយើងជូនអ្នកចាប់អារម្មណ៍ទស្សនាវដ្ដីពីរបីក្បាលអំពីរឿងផ្សេងៗនោះ។
៤ ជាការល្អបើកំណត់មួយថ្ងៃរៀងរាល់សប្ដាហ៍សំរាប់ចែកទស្សនាវដ្ដី។ ប្រក្រតិទិនស្មរបន្ទាល់ព្រះយេហូវ៉ា ឆ្នាំ២០០៥កំណត់រាល់ថ្ងៃសៅរ៍ជា«ថ្ងៃចែកទស្សនាវដ្ដី»។ ប្រហែលជាបងប្អូនខ្លះកំណត់ថ្ងៃមួយផ្សេងទៀតសំរាប់ចែកទស្សនាវដ្ដី សមស្របតាមកាលៈទេសៈរបស់ខ្លួនឬតាមតំបន់។ តើអ្នកបានកំណត់មួយថ្ងៃសំរាប់ចែកទស្សនាវដ្ដីដែរទេ?
៥ ចូររៀបចំគោលដៅផ្ទាល់ខ្លួន: បើរៀបចំគោលដៅផ្ទាល់ខ្លួនក្នុងការចែកទស្សនាវដ្ដីរាល់ខែ នោះអាចជួយឲ្យយើងយកចិត្តទុកដាក់ច្រើនជាងទៅលើការចែកទស្សនាវដ្ដី។ តើអ្នករៀបចំផ្ដល់ទស្សនាវដ្ដីឲ្យអ្នកចាប់អារម្មណ៍ដែលចង់ទទួលជាទៀងទាត់ទេ? តើអ្នកបង្ហាញទស្សនាវដ្ដីដល់ម្ចាស់ផ្ទះក្នុងកិច្ចផ្សព្វផ្សាយឬទេ? តើអ្នកអាចចែកទស្សនាវដ្ដីពេលដែលផ្សាយតាមផ្លូវថ្នល់ នៅតំបន់ជំនួញ ឬនៅកន្លែងសាធារណៈឬទេ? តើអ្នកយកទស្សនាវដ្ដីទៅជាមួយពេលដែលត្រូវធ្វើដំណើរ ពេលទៅផ្សារឬកន្លែងណាផ្សេងទៀតឬទេ? ចូរឆ្លៀតគ្រប់ឱកាសដែលសមរម្យដើម្បីជួយឲ្យអ្នកឯទៀតទទួលប្រយោជន៍ពីទស្សនាវដ្ដីប៉មយាម។
៦ យើងក៏អាចរៀបចំឲ្យមានគោលដៅចែកទស្សនាវដ្ដីដែលយើងមានសល់ពីខែមុនៗបានដែរ។ ពត៌មានក្នុងទស្សនាវដ្ដីនៅមានតម្លៃ ទោះបើទស្សនាវដ្ដីនោះសំរាប់ចែកនៅខែមុនឬពីរខែមុនក៏ដោយ។ ចូរចែកដល់មនុស្សចាប់អារម្មណ៍ចុះ! សំរាប់មនុស្សរាប់លាននាក់ ទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក!ជា‹ពាក្យដែលចំពេល›។ (សុ. ២៥:១១) ចូរប្រើទស្សនាវដ្ដីរបស់យើងដើម្បីជួយឲ្យមនុស្សរាប់លាននាក់ស្គាល់ហើយបំរើព្រះយេហូវ៉ា។
[សំណួរសម្រាប់អត្ថបទសិក្សា]
១, ២. តើទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក!ធ្លាប់មានឥទ្ធិពលយ៉ាងណាទៅលើជីវិតមនុស្ស?
៣. បើជូនអ្នកចាប់អារម្មណ៍ទស្សនាវដ្ដីពីរបីក្បាលអំពីរឿងផ្សេងៗនោះ ហេតុអ្វីនេះអាចមានប្រយោជន៍?
៤. តើយើងអាចកំណត់ពេលសំរាប់ចែកទស្សនាវដ្ដីយ៉ាងដូចម្ដេច?
៥. តើមានឱកាសអ្វីខ្លះដែលយើងគួរឆ្លៀតចែកទស្សនាវដ្ដីនោះ? តើអ្វីអាចជួយយើង?
៦. តើយើងអាចឆ្លៀតប្រយោជន៍ពីទស្សនាវដ្ដីដែលនៅសល់ពីខែមុនៗយ៉ាងដូចម្ដេច?