ចូរប្រើទស្សនាវដ្ដីប៉មយាម ដោយប្រសិទ្ធភាព
១ ទស្សនាវដ្ដីប៉មយាមគឺជាទស្សនាវដ្ដីដែលមានតម្លៃបំផុតនិងដែលផ្ដល់ប្រយោជន៍ច្រើនបំផុតសម្រាប់មនុស្សសព្វថ្ងៃនេះ។ ហេតុអ្វី? ដោយសារសេចក្ដីពិតដែលមានក្នុងទស្សនាវដ្ដីនោះអាចមានឥទ្ធិពលល្អជារៀងរហូតទៅលើជីវិតរបស់មនុស្ស។ ក៏ប៉ុន្តែមនុស្សជាច្រើនមិនស្រេកឃ្លានចំពោះការណែនាំពីព្រះ ឬពួកគេមិនដឹងថាពួកគេត្រូវបំពេញការស្រេកឃ្លាននោះយ៉ាងដូចម្ដេចទេ។ យើងមានឯកសិទ្ធិជួយបំភ្លឺភ្នែកមនុស្ស ដូចសាវ័កប៉ូលធ្លាប់ធ្វើដែរ។—ម៉ាថ. ៥:៣; សកម្ម. ២៦:១៨
២ ចូរគិតអំពីប្រយោជន៍នៃទស្សនាវដ្ដី ហើយរៀបចំឲ្យបានល្អ: ក្នុងតំបន់ផ្សាយរបស់អ្នក ទំនងជាមានមនុស្សដែលនឹងប្រព្រឹត្តសមស្របតាមសេចក្ដីពិត។ ពួកគេខ្លះប្រហែលជាគ្រាន់តែត្រូវការនូវការលើកទឹកចិត្តដើម្បីអានទស្សនាវដ្ដី។ ដូច្នេះ ពេលដែលអ្នកស្នើផ្ដល់ទស្សនាវដ្ដីប៉មយាម ចូរប្រមូលអារម្មណ៍ទៅលើប្រយោជន៍នៃទស្សនាវដ្ដីនោះ ហើយនិយាយតាមរបៀបដែលធ្វើឲ្យម្ចាស់ផ្ទះមានចំណាប់អារម្មណ៍។ ចូរយកទស្សនាវដ្ដីខ្លះទៅជាមួយជានិច្ច ហើយឆ្លៀតយកគ្រប់ឱកាសដើម្បីចែកទស្សនាវដ្ដីនោះ ទោះជាកំពុងជូនសៀវភៅផ្សេងទៀតក៏ដោយ។
៣ តើអ្វីអាចជួយយើងឲ្យមានប្រសិទ្ធភាពច្រើនជាងក្នុងការចែកទស្សនាវដ្ដី? មុនបង្អស់ ខ្លួនយើងត្រូវយល់ច្បាស់អំពីតម្លៃនៃទស្សនាវដ្ដីទាំងនោះ។ យើងគួរស្គាល់អត្ថបទក្នុងទស្សនាវដ្ដីដែលយើងចង់ចែក ហើយនេះនឹងពង្រឹងទំនុកចិត្តរបស់យើង ហើយធ្វើឲ្យយើងរំភើបចិត្តចង់ចែក។ សូមចាំអំពីចំណុចនេះពេលដែលអ្នកអានទស្សនាវដ្ដី។ ចូរកត់សម្គាល់ចំណុចដែលអ្នកអាចប្រើក្នុងកិច្ចបម្រើផ្សាយ។ សូមសួរខ្លួនអ្នកថា ‹តើអ្នកណាខ្លះប្រហែលជាចាប់អារម្មណ៍អត្ថបទនេះ? តើមេផ្ទះ យុវជន ឬអ្នករកស៊ីនឹងចូលចិត្តអត្ថបទនេះឬទេ? តើសិស្សសាលា អ្នកដែលរៀបការហើយ ឬមួយអ្នកដែលបារម្ភអំពីបរិស្ថាននឹងចាប់អារម្មណ៍ចំណុចនេះឬទេ? ដើម្បីមានប្រសិទ្ធភាពខ្ពស់ យើងគួរប្រាប់ចំណុចល្អក្នុងទស្សនាវដ្ដីដោយផ្អែកលើចំណេះនិងអំណរដែលយើងបានទទួលពីការអានទស្សនាវដ្ដីនោះ។
៤ ចូរប្រើទស្សនាវដ្ដីខែមុនៗដោយប្រសិទ្ធភាព: សូមចាំថាទស្សនាវដ្ដីប៉មយាមមិនបាត់បង់តម្លៃទេ សូម្បីតែយើងមិនទាន់ចែកមួយឬពីរខែបន្ទាប់ពីទស្សនាវដ្ដីនោះចេញក៏ដោយ។ ព័ត៌មានក្នុងទស្សនាវដ្ដីនោះមិនបាត់បង់សារៈសំខាន់បន្ដិចម្ដងៗឡើយ ហើយយើងមិនគួរស្ទាក់ស្ទើរក្នុងការចែកទស្សនាវដ្ដីខែមុនៗទេ បើវានៅតែមានសភាពល្អ។ បើយើងទុកឲ្យទស្សនាវដ្ដីខែមុនៗគរឡើង ហើយមិនដែលចែកទេ នោះបង្ហាញថាយើងមិនឲ្យតម្លៃសៀវភៅល្អៗទាំងនេះឡើយ។ ទស្សនាវដ្ដីនីមួយៗមានសេចក្ដីពិតដែលអាចធ្វើឲ្យមនុស្សស្រេកឃ្លានចំពោះការណែនាំពីព្រះ ហើយបំពេញការស្រេកឃ្លាននោះ។ ជាជាងទុកចោលទស្សនាវដ្ដីខែមុនៗ គឺល្អជាងបើយើងព្យាយាមជាពិសេសដើម្បីចែកជូនដល់មនុស្សចាប់អារម្មណ៍ ឬទុកនៅផ្ទះដែលគ្មានមនុស្សនៅ មែនទេ?
៥ ទស្សនាវដ្ដីប៉មយាមជាឧបករណ៍សំខាន់មួយដែលផ្ដល់ការណែនាំពីព្រះយេហូវ៉ាដល់រាស្ត្ររបស់លោក ហើយក៏មានតួនាទីសំខាន់ក្នុងការផ្សាយដំណឹងល្អដែរ។
៦ កាលដែលយើងឆ្លៀតយកគ្រប់ឱកាសដើម្បីចែកទស្សនាវដ្ដី យើងអាចជឿជាក់ថាទស្សនាវដ្ដីមានប្រសិទ្ធភាពក្នុងការបំពេញសេចក្ដីត្រូវការរបស់មនុស្សដែលមានចិត្តគំនិតដូចចៀម។ យើងចង់ប្រមូលអារម្មណ៍ទៅលើប្រយោជន៍នៃទស្សនាវដ្ដី រៀបចំឲ្យបានល្អ ហើយផ្សព្វផ្សាយជាទៀងទាត់។ ក្នុងនាមជាអ្នកផ្សាយដំណឹងល្អ សូមឲ្យយើងទាំងអស់គ្នាប្រើទស្សនាវដ្ដីប៉មយាមជាទៀងទាត់ដោយប្រសិទ្ធភាព។