យុវជនអើយ! ចូរអប់រំសមត្ថភាពខាងការវែកញែករបស់អ្នក
«ឯអាហាររឹង នោះសំរាប់តែមនុស្សធំ ដែលបានបង្ហាត់ឥន្ទ្រីយ[សមត្ថភាពខាងការវែកញែក, ព.ថ.] ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ»។—ហេព្រើរ ៥:១៤
១, ២ (ក) តើស្ថានការណ៍សព្វថ្ងៃនេះ ប្រៀបធៀបនឹងសម័យគ្រីស្ទាននៅពីដើមយ៉ាងដូចម្ដេចដែរ? (ខ) តើសមត្ថភាពអ្វីខ្លះអាចការពារអ្នកពីគ្រោះថ្នាក់ ហើយតើអ្នកអាចបណ្ដុះឲ្យមានសមត្ថភាពនោះយ៉ាងដូចម្ដេច?
«ត្រូវប្រយ័តដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់»។ (អេភេសូរ ៥:១៥, ១៦) តាំងពីសាវ័កប៉ុលបានសរសេរពាក្យទាំងនោះពីរពាន់ឆ្នាំមកហើយនេះ នោះ‹ពួកអាក្រក់និងពួកឆបោកបានជំនឿនជឿនទៅខាងសេចក្ដីអាក្រក់ កាន់តែខ្លាំងឡើង›។ យើងរស់នៅក្នុង«គ្រាលំបាកណាស់» ឬសេចក្ដីបកប្រែព្រះគម្ពីរមួយទៀតចែងថា គឺគ្រាដែល«ពេញដោយគ្រោះថ្នាក់»។—ធីម៉ូថេទី២ ៣:១-៥, ១៣; សេចក្ដីបកប្រែព្រះគម្ពីរហ្វីលីព
២ ក៏ប៉ុន្តែ អ្នកអាចជៀសវាងពីការមានគ្រោះថ្នាក់ដែលប្រហែលជាចាំឆ្មក់តាមផ្លូវរបស់អ្នក ដោយបណ្ដុះឲ្យ«សេចក្ដីឆ្លៀវឆ្លាត . . . ដំរិះ ហើយនឹងសតិបញ្ញានឹងធឹង»។ (សុភាសិត ១:៤) សុភាសិត ២:១០-១២ ចែងថា៖ «ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្សដែលតែងតែនិយាយពាក្យវៀច»។ ក៏ប៉ុន្តែ តើយើងអាចបណ្ដុះបណ្ដាលសមត្ថភាពទាំងនោះយ៉ាងដូចម្ដេចទៅ? ហេព្រើរ ៥:១៤ ចែងថា៖ «ឯអាហាររឹង នោះសំរាប់តែមនុស្សធំ ដែលបានបង្ហាត់ឥន្ទ្រីយ[សមត្ថភាពខាងការវែកញែក, ព.ថ.] ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ»។ ដូចនឹងជំនាញឯទៀតដែរ នោះការឲ្យចេះប្រើសមត្ថភាពនៃការវែកញែករបស់ខ្លួនតម្រូវឲ្យមានការអប់រំ។ ពាក្យភាសាក្រិកដែលប៉ុលប្រើ មានន័យចំៗថា‹បានអប់រំដូចអ្នកហាត់កីឡាសម្ព័ន្ធ›។ តើតាមរបៀបណាដែលនឹងចាប់ផ្ដើមការអប់រំនេះ?
ការអប់រំសមត្ថភាពខាងការវែកញែករបស់អ្នក
៣. តើតាមរបៀបណាដែលអ្នកអាចប្រើសមត្ថភាពខាងការវែកញែករបស់អ្នក ពេលតម្រូវឲ្យធ្វើការសម្រេចចិត្តនោះ?
៣ ចូរកត់សម្គាល់ថាសមត្ថភាពខាងការវែកញែករបស់អ្នក គឺសមត្ថភាពរបស់អ្នកឲ្យដឹងខុសត្រូវ គឺបានត្រូវអប់រំ‹តាមរយៈការប្រើ›។ នៅពេលដែលអ្នកធ្វើការសម្រេចចិត្តមួយ ការស្មាន ការប្រព្រឹត្តតាមតែសន្ទុះចិត្ត ឬគ្រាន់តែធ្វើតាមហ្វូងមនុស្ស នោះនឹងមិនមែនជាការជ្រើសរើស ដែលប្រកបដោយប្រាជ្ញាឡើយ។ ដើម្បីធ្វើការសម្រេចចិត្តដែលប្រកបដោយប្រាជ្ញា នោះអ្នកត្រូវតែប្រើសមត្ថភាពខាងការវែកញែករបស់អ្នក។ តើយ៉ាងដូចម្ដេចទៅ? មុនដំបូង តាមរយៈការស៊ើបអង្កេតដោយហ្មត់ចត់នូវស្ថានការណ៍នោះ ហើយទទួលនូវហេតុការណ៍ទាំងអស់។ សួរសំនួរទៅបើត្រូវការនោះ។ ចូរកំណត់នូវការជ្រើសរើសរបស់អ្នក។ សុភាសិត ១៣:១៦ ចែងថា៖ «គ្រប់ទាំងមនុស្សដែលមានគំនិតឆ្លៀវឆ្លាត រមែងប្រព្រឹត្តដោយដំរិះ»។ បន្ទាប់មក ចូរខំប្ដេជ្ញាថាក្រិត្យវិន័យឬគោលការណ៍ព្រះគម្ពីរមួយណា ដែលមានស្តីអំពីប្រធាននេះ។ (សុភាសិត ៣:៥) ប្រាកដហើយ ដើម្បីសម្រេចការនេះ អ្នកត្រូវតែមានចំណេះអំពីព្រះគម្ពីរ។ ហេតុនេះហើយបានជាប៉ុលលើកទឹកចិត្តយើងឲ្យទទួលយក«អាហាររឹង» ដើម្បីឲ្យរៀន«ពីទទឹង បណ្ដោយ ជំរៅ នឹងកំពស់»នៃសេចក្ដីពិត។—អេភេសូរ ៣:១៨
៤. ហេតុអ្វីក៏ចំណេះអំពីគោលការណ៍របស់ព្រះគឺត្រូវការជាចាំបាច់?
៤ ការធ្វើអ៊ីចឹងគឺត្រូវការជាចាំបាច់ពីព្រោះយើងជាមនុស្សឥតគ្រប់ល័ក្ខណ៍ ដែលទោរទន់ទៅរកអំពើបាប។ (លោកុប្បត្តិ ៨:២១; រ៉ូម ៥:១២) យេរេមា ១៧:៩ ចែងថា៖ «ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង»។ បើគ្មានគោលការណ៍របស់ព្រះដើម្បីនឹងណែនាំយើង នោះយើងអាចបំភាន់ខ្លួនឲ្យគិតថា អ្វីៗដែលអាក្រក់ថាជាល្អវិញ ដោយព្រោះខ្លួនយើងចង់បាននោះ។ (ប្រៀបមើល អេសាយ ៥:២០) អ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «មនុស្សកំឡោះនឹងសំអាតផ្លូវដែលខ្លួនប្រព្រឹត្តដោយសារអ្វី គឺដោយប្រយ័តនឹងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់។ ទូលបង្គំបានមានយោបល់ដោយសារបញ្ញត្តទ្រង់ ហេតុនោះបានជាទូលបង្គំស្អប់ដល់អស់ទាំងផ្លូវកំភូត»។—ទំនុកដំកើង ១១៩:៩, ១០៤
៥. (ក) ហេតុអ្វីក៏ពួកយុវជនខ្លះដើរតាមផ្លូវខុស? (ខ) តើយុវជនម្នាក់បានយកសេចក្ដីពិតជារបស់ផងខ្លួនយ៉ាងដូចម្ដេច?
៥ ហេតុអ្វីក៏ពួកយុវជនខ្លះដែលបានត្រូវចិញ្ចឹមក្នុងក្រុមគ្រួសារគ្រីស្ទាន បានដើរតាមផ្លូវខុសដូច្នេះ? តើនេះដោយសារបុគ្គលបែបនេះមិនដែល«លមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង»ទេដឹង? (រ៉ូម ១២:២) អ្នកខ្លះប្រហែលជាទៅប្រជុំជាមួយឪពុកម្ដាយរបស់គេ ហើយអាចរៀបរាប់សេចក្ដីបង្រៀនដ៏សំខាន់ខ្លះពីព្រះគម្ពីរ។ ក៏ប៉ុន្តែ ពេលបានត្រូវសួរឲ្យផ្ដល់ភស្តុតាងអំពីជំនឿរបស់គេ ឬឲ្យពន្យល់នូវរបស់ដ៏ជ្រៅៗពីបន្ទូលរបស់ព្រះ នោះគួរឲ្យស្ដាយមែន ចំណេះរបស់គេតែងតែឃើញថារាក់កំផែល។ ពួកយុវជនបែបនេះក៏អាចបញ្ឆោតបានយ៉ាងស្រួលដែរ។ (អេភេសូរ ៤:១៤) ប្រសិនបើអ្នកដូចនេះ ម្ដេចក៏មិនសម្រេចចិត្តធ្វើការផ្លាស់ប្ដូរទៅ? ប្អូនស្រីក្មេងម្នាក់នឹកចាំថា៖ «ខ្ញុំបានធ្វើការស្រាវជ្រាវ។ ខ្ញុំបានសួរខ្លួនថា ‹តើយ៉ាងដូចម្ដេចដែលខ្ញុំដឹងថានេះជាសាសនាត្រឹមត្រូវនោះ? តើតាមរបៀបណាដែលខ្ញុំដឹងថាមានព្រះ ដែលមានព្រះនាមព្រះយេហូវ៉ានោះ›»?a ការពិនិត្យមើលបទគម្ពីរយ៉ាងប្រយ័ត្នប្រយែង បានធ្វើឲ្យនាងជឿស៊ប់ថាអ្វីៗដែលនាងបានរៀនពីឪពុកម្ដាយ គឺពិតជាអ៊ីចឹងមែន!—ប្រៀបមើល កិច្ចការ ១៧:១១
៦. តើតាមរបៀបណាដែលអ្នកអាចធ្វើឲ្យប្រាកដនូវ«សេចក្ដីអ្វី ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ»នោះ?
៦ ដោយបានប្រដាប់នឹងចំណេះអំពីគោលការណ៍របស់ព្រះយេហូវ៉ា នោះនឹងធ្វើបានយ៉ាងស្រួលជាងដឹងនូវ«សេចក្ដីអ្វី ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ»។ (អេភេសូរ ៥:១០) ក៏ប៉ុន្តែចុះយ៉ាងណាវិញ ប្រសិនបើអ្នកមិនប្រាកដនូវដំណើរដែលប្រកបដោយប្រាជ្ញា ដែលត្រូវធ្វើក្នុងស្ថានការណ៍ណាមួយនោះ? សូមអធិស្ឋានទៅព្រះយេហូវ៉ាសំរាប់ការណែនាំចុះ។ (ទំនុកដំកើង ១១៩:១៤៤) សូមខំនិយាយអំពីរឿងនេះជាមួយឪពុកម្ដាយរបស់អ្នក ឬជាមួយគ្រីស្ទានម្នាក់ដែលមានគំនិតចាស់ទុំ។ (សុភាសិត ១៥:២២; ២៧:១៧) ការណែនាំដ៏មានប្រយោជន៍ក៏អាចរកឃើញដោយធ្វើការស្រាវជ្រាវនៅក្នុងព្រះគម្ពីរ និងក្នុងលិបិក្រមប្រកាសនវត្ថុប៉មយាម។ (សុភាសិត ២:៣-៥) ពេលណាយើងប្រើសមត្ថភាពខាងការវែកញែករបស់យើងបានច្រើនជាង នោះក៏នឹងបានរហ័សរហួនកាន់តែខ្លាំងឡើងដែរ។
ចូរបង្ហាញនូវការពិនិត្យពិច័យខាងល្បែងកំសាន្ត
៧, ៨. (ក) តើតាមរបៀបណាដែលអ្នកប្រើសមត្ថភាពខាងការវែកញែក ដើម្បីប្ដេជ្ញាថាតើនឹងចូលរួមការប្រមូលផ្ដុំគ្នីគ្នាឬក៏អត់នោះ? (ខ) តើទស្សនៈរបស់ព្រះគម្ពីរនៃល្បែងកំសាន្តជាអ្វី?
៧ ឥឡូវនេះសូមឲ្យយើងពិនិត្យមើលនូវរបៀប ដែលអ្នកប្រហែលជាប្រើសមត្ថភាពខាងការវែកញែកនៅក្នុងស្ថានការណ៍ខ្លះៗ។ ឧបមាថា អ្នកបានត្រូវអញ្ជើញឲ្យទៅឯការជប់លៀងមួយ។ អ្នកប្រហែលជាបានទទួលប័ណ្ណអញ្ជើញចូលរួមជប់លៀងនេះ។ គេបានប្រាប់អ្នកថានឹងមានពួកយុវជនស្មរបន្ទាល់ជាច្រើននាក់ នឹងមានវត្តមាននៅទីនោះ។ ក៏ប៉ុន្តែនឹងត្រូវបង់ប្រាក់សំរាប់ការចំណាយនោះ។ តើអ្នកគួរតែចូលរួមឬទេ?
៨ បើអ៊ីចឹង ចូរប្រើសមត្ថភាពខាងការវែកញែករបស់អ្នកចុះ។ ទីមួយ រកនូវហេតុការណ៍ពិត។ តើការជប់លៀងនេះនឹងធំប៉ុនណាទៅ? តើអ្នកណានឹងនៅទីនោះ? តើនឹងចាប់ផ្ដើមនៅម៉ោងណា? តើនៅពេលណានឹងចប់? តើបានត្រូវគ្រោងទុកសកម្មភាពអ្វីខ្លះ? តើនឹងត្រូវត្រួតពិនិត្យមើលយ៉ាងដូចម្ដេច? បន្ទាប់មក ចូរធ្វើការស្រាវជ្រាវ ដោយបើកមើល «ការជប់លៀងកំសាន្ត» និង«ការកំសាន្ត» ដែលមាននៅក្នុងលិបិក្រមប្រកាសនវត្ថុប៉មយាម។b តើការស្រាវជ្រាវរបស់អ្នកប្រហែលជាលាតត្រដាងអ្វីដែរ? ចំពោះរឿងមួយ គឺថាព្រះយេហូវ៉ាមិនផ្ដន្ទាទោសការជប់លៀងលេងកំសាន្តនោះទេ។ តាមការពិត សាស្ដា ៨:១៥ ចែងថា ជាមួយនឹងការខំប្រឹងធ្វើការ នោះ«នៅក្រោមថ្ងៃ មនុស្សឥតមានអ្វីល្អជាងការស៊ីផឹក ហើយមានចិត្តរីករាយនោះទេ»។ សូម្បីតែព្រះយេស៊ូគ្រីស្ទផ្ទាល់ក៏បានទៅឯពិធីសោយដ៏ពិសេស ហើយយ៉ាងហោចណាស់ក៏បានទៅឯពិធីមង្គលការមួយដែរ។ (លូកា ៥:២៧-២៩; យ៉ូហាន ២:១-១០) បើធ្វើឡើងដោយចេះថ្លឹងថ្លែង នោះការលេងកំសាន្តអាចទៅជាមានប្រយោជន៍។
៩, ១០ (ក) តើការប្រមូលផ្ដុំគ្នាខ្លះអាចមានគ្រោះថ្នាក់យ៉ាងណា? (ខ) តើសំនួរអ្វីដែលអ្នកប្រហែលជាសួរខ្លួនអ្នក មុនសម្រេចចិត្តចូលរួមការជប់លៀងឬក៏អត់នោះ?
៩ យ៉ាងណាក៏ដោយ ការជប់លៀងដែលបានរៀបចំមិនត្រឹមត្រូវ ប្រហែលនាំឲ្យមានបញ្ហា។ នៅក្នុងកូរិនថូសទី១ ១០:៨ យើងអាននូវរបៀបដែលការសេពគប់មិនល្អ បាននាំឲ្យមានអំពើសហាយស្មន់ និងការប្រហារជីវិតនៃ«[ពួកអ៊ីស្រាអែលដ៏មិនស្មោះត្រង់]២ម៉ឺន៣ពាន់នាក់ . . . ក្នុង១ថ្ងៃ»។ ការព្រមានដ៏ធ្ងន់ធ្ងរមួយទៀតគឺមាននៅក្នុងរ៉ូម ១៣:១៣ ដែលថា៖ «ត្រូវឲ្យយើងដើរតាមដែលគួរគប្បី ដូចជាដើរនៅពេលថ្ងៃ មិនមែនដោយស៊ីផឹកលេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក នឹងឈ្នានីស នោះឡើយ»។ (ប្រៀបមើល ពេត្រុសទី១ ៤:៣) ពិតហើយ គ្មានចំនួនជាក់លាក់ណាដែលអាចទុក ថានឹងមានប៉ុន្មាននាក់អាចមកការជប់លៀងមួយទេ។ ក៏ប៉ុន្តែបទពិសោធន៍បង្ហាញថា ការជប់លៀងដែលមានគ្នាច្រើនជាង នោះគឺនឹងមានការពិបាកនឹងត្រួតត្រាមើល។ ការជប់លៀងដែលមានចំនួនតិចជាង ដែលបានចាត់ចែងបានល្អ គឺនឹងប្រហែលជាមិនទៅជា«ស៊ីផឹកជ្រុល»នោះទេ។—កាឡាទី ៥:២១
១០ ការស្រាវជ្រាវរបស់អ្នកនឹងប្រាកដជាធ្វើឲ្យមានសំនួរទៀត ដូចជា៖ តើនឹងមានគ្រីស្ទានដែលមានគំនិតចាស់ទុំខ្លះនៅឯការជប់លៀងនោះឬទេ? ប្រាកដហើយ តើនរណាដែលធានារ៉ាប់រងនឹងការជប់លៀងនេះ? តើគោលបំណងនៃការជប់លៀងនេះ ដើម្បីនាំឲ្យមានការចូលរួមដ៏ល្អ ឬដើម្បីឲ្យគុណប្រយោជន៍សំរាប់អ្នកណានោះឬ? តើមានការដាក់កំរិតថាអ្នកណានឹងអាចមកបានទេ? ប្រសិនបើការជប់លៀងនេះគឺមានក្នុងចុងសប្ដាហ៍ តើនឹងត្រូវចប់ក្នុងវេលាសមរម្យ ដើម្បីឲ្យអ្នកដែលទៅនោះ អាចចូលរួមក្នុងកិច្ចបំរើគ្រីស្ទាននៅថ្ងៃស្អែកនោះទេ? ប្រសិនបើនឹងមានបទភ្លេងនិងការរាំរែក តើនេះនឹងសមស្របតាមខ្នាតតម្រាគ្រីស្ទានឬទេ? (កូរិនថូសទី២ ៦:៣) ការសួរសំនួរបែបនេះប្រហែលជាមិនស្រួលទេ។ ក៏ប៉ុន្តែសុភាសិត ២២:៣ ព្រមានថា៖ «មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មក ក៏ពួនខ្លួនទៅ តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ»។ ត្រូវហើយ អ្នកអាចជៀសវាងស្ថានការណ៍ដ៏មានគ្រោះថ្នាក់ ដោយប្រើសមត្ថភាពនៃការវែកញែករបស់អ្នក។
មានការពិនិត្យពិច័យ ពេលគ្រោងទុកការអប់រំរបស់អ្នក
១១. តើតាមរបៀបណាដែលពួកយុវជនប្រើសមត្ថភាពខាងការវែកញែក ក្នុងការគ្រោងទុកអនាគតរបស់គេនោះ?
១១ ព្រះគម្ពីរចែងថា គឺប្រកបដោយប្រាជ្ញា ដើម្បីគ្រោងទុកសំរាប់អនាគត។ (សុភាសិត ២១:៥) តើអ្នកនិងឪពុកម្ដាយរបស់អ្នកបានពិគ្រោះអំពីអនាគតរបស់អ្នកឬទេ? ប្រហែលជាអ្នកគ្រោងទុកដើម្បីចាប់ធ្វើកិច្ចបំរើពេញពេលជាអ្នកត្រួសត្រាយម្នាក់។ ពិតហើយ គ្មានការជ្រើសរើសអាជីពណាមួយ ដែលអាចនាំឲ្យមានសេចក្ដីស្កប់ស្កល់ជាងនេះឡើយ។ ប្រសិនបើអ្នកកំពុងតែបណ្ដុះឲ្យមានទម្លាប់ការសិក្សាល្អ ហើយបណ្ដុះការប៉ិនប្រសប់ក្នុងកិច្ចបំរើ នោះអ្នកកំពុងតែរៀបចំសំរាប់អាជីពដ៏រំភើបនេះហើយ។ តើអ្នកបានគិតនូវរបៀបដែលអ្នកនឹងផ្គត់ផ្គង់ខ្លួនអ្នកនៅក្នុងកិច្ចបំរើនេះឬទេ? ប្រសិនបើនៅក្នុងអនាគត នោះអ្នកសម្រេចចិត្តនឹងចិញ្ចឹមគ្រួសារ តើអ្នកនឹងអាចមើលថែរក្សាសំរាប់ភារកិច្ចបន្ថែមនេះឬទេ? ការធ្វើសេចក្ដីសម្រេចចិត្តដែលសមរម្យ ដែលបានថ្លឹងថ្លែងអំពីរឿងបែបនេះ តម្រូវឲ្យប្រើសមត្ថភាពខាងការវែកញែក។
១២. (ក) តើតាមរបៀបណាដែលគ្រួសារខ្លះ បានសម្រេចឲ្យស្របតាមនឹងស្ថានការណ៍ខាងសេដ្ឋកិច្ចនោះ? (ខ) តើការទទួលការរៀនសូត្របន្ថែមខ្លះ ចាំបាច់មិនត្រូវនឹងគោលបំណងធ្វើជាអ្នកត្រួសត្រាយឬទេ? សូមពន្យល់?
១២ នៅកន្លែងខ្លះៗ គឺអាចទទួលការងារដែលបង្វឹកបង្វឺនជាបណ្ដើរៗ ក្នុងជំនាញដែលមានប្រយោជន៍ឬវិជ្ជាជីវណាមួយ។ គឺមានពួកយុវជនដែលរៀនអំពីការរកស៊ីរបស់គ្រួសារ ឬទទួលការហ្វឹកហ្វឺនពីមិត្តដ៏ជាមនុស្សចាស់ ដែលមានជំនួញនោះ។ អ្នកខ្លះទៀតរៀនមុខវិជ្ជានៅឯសាលា ដែលនឹងមានប្រយោជន៍ក្នុងការចិញ្ចឹមជីវិតក្រោយមក។ បើឱកាសបែបនេះឥតមាននោះទេ ក្រោយពីបានគិតវែងឆ្ងាយហើយ នោះឪពុកម្ដាយប្រហែលជាចាត់ចែងឲ្យកូនរបស់គេទទួលនូវការរៀនសូត្របន្ថែម ក្រោយពីរៀននៅវិទ្យាល័យ។ ការគ្រោងទុកជាមុនតាមរបៀបនេះ ដើម្បីទទួលភារកិច្ចជាមនុស្សចាស់ ហើយជាពិសេសដើម្បីឲ្យអាចចូលរួមក្នុងកិច្ចបំរើត្រួសត្រាយ សំរាប់ឲ្យបានរយៈពេលយូរគឺត្រូវគ្នានឹងមានការទុកព្រះរាជាណាចក្រនៃព្រះជាមុនសិន។ (ម៉ាថាយ ៦:៣៣) ហើយការរៀនសូត្របន្ថែមមិនមានសេចក្ដីថាមិនអាចធ្វើជាអ្នកត្រួសត្រាយឡើយ។ ឧទាហរណ៍ ស្មរបន្ទាល់ក្មេងម្នាក់ បានចង់ធ្វើជាអ្នកត្រួសត្រាយជាយូរយារមកហើយ។ ក្រោយពីនាងបានរៀនចប់នៅឯវិទ្យាល័យ នោះឪពុកម្ដាយនាង ដែលជាអ្នកត្រួសត្រាយដែរ បានរៀបចំឲ្យនាងមានការរៀនសូត្របន្ថែមខ្លះ។ នាងអាចធ្វើជាអ្នកត្រួសត្រាយ កាលដែលនាងទទួលការរៀនសូត្រនេះ ហើយឥឡូវនេះ នាងមានជំនាញដែលផ្គត់ផ្គង់ខ្លួននាង កាលដែលនាងបន្តការត្រួសត្រាយនេះ។
១៣. តើគ្រួសារគួរតែគិតឲ្យមែនទែនអំពីការរៀនសូត្របន្ថែមយ៉ាងដូចម្ដេច?
១៣ ស្តីអំពីរឿងការរៀនសូត្របន្ថែម នោះគ្រួសារនិមួយៗមានសិទ្ធិនិងភារកិច្ចដើម្បីធ្វើការសម្រេចចិត្តខ្លួនឯង។ ពេលការអប់រំបែបនេះជ្រើសរើសបានល្អ នោះគឺអាចមានប្រយោជន៍ណាស់។ ក៏ប៉ុន្តែ នេះក៏អាចទៅជាអន្ទាក់មួយដែរ។ ប្រសិនបើអ្នកកំពុងតែគិតអំពីការរៀនសូត្របែបនេះ តើអ្វីទៅជាគោលបំណងរបស់អ្នកនោះ? តើនេះដើម្បីប្រដាប់ខ្លួនអ្នកឲ្យប្រឈមដោះស្រាយភារកិច្ចជាមនុស្សចាស់ តាមរបៀបដ៏ថ្លៃថ្នូរឬ? ឬក៏តើអ្នក«ស្វែងរកការយ៉ាងធំសំរាប់ខ្លួន»? (យេរេមា ៤៥:៥; ថែស្សាឡូនីចទី២ ៣:១០; ធីម៉ូថេទី១ ៥:៨; ៦:៩) ចុះយ៉ាងណាវិញចំពោះការបន្តការរៀនសូត្រ ដែលត្រូវចាកចេញពីផ្ទះ ប្រហែលជារស់នៅឯអាគារសំរាប់ស្នាក់នៅឯវិទ្យាល័យ? តើនេះនឹងប្រកបដោយប្រាជ្ញាទេ ដោយដឹងអំពីការព្រមានរបស់ប៉ុល ដែលថា«ពួកម៉ាកអាក្រក់តែងនឹងបង្ខូចកិរិយាល្អ»? (កូរិនថូសទី១ ១៥:៣៣; ធីម៉ូថេទី២ ២:២២) ចូរឲ្យចាំដែរថា«ពេលវេលាកាន់តែកៀកណាស់ហើយ» (កូរិនថូសទី១ ៧:២៩, ព្រះគម្ពីរភាសាខ្មែរសម្រាយ) តើអ្នកនឹងចំណាយពេលប៉ុន្មាននឹងការរៀនសូត្របែបនេះ? តើនេះនឹងយកពេលជាច្រើនក្នុងយុវភាពរបស់អ្នកឬ? បើដូច្នេះ តើអ្នកនឹងអនុវត្តតាមការលើកទឹកចិត្តរបស់ព្រះគម្ពីរយ៉ាងណា ដែលឲ្យ«នឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង»? (សាស្ដា ១២:១) បន្ថែមទៀតនោះ តើមុខវិជ្ជាដែលអ្នករៀននេះ នឹងអនុញ្ញាតពេលសំរាប់សកម្មភាពគ្រីស្ទាន ដូចជាការទៅប្រជុំ កិច្ចផ្សាយបំរើនិងការសិក្សាផ្ទាល់ខ្លួនឬទេ? (ម៉ាថាយ ២៤:១៤; ហេព្រើរ ១០:២៤, ២៥) ប្រសិនបើអ្នកមានសមត្ថភាពខាងការវែកញែកល្អ នោះអ្នកនឹងមិនបាត់បង់នូវគោលបំណងខាងវិញ្ញាណ កាលដែលអ្នកនិងឪពុកម្ដាយរបស់អ្នកគ្រោងទុកសំរាប់អនាគតរបស់អ្នកនោះទេ។
រក្សាការដើរលេងជាគូឲ្យបានថ្លៃថ្នូរ
១៤. (ក) តើគោលការណ៍អ្វីដែលគួរណែនាំប្រុសស្រីដែលកំពុងដើរលេងជាគូ កាលដែលគេបង្ហាញសេចក្ដីស្រឡាញ់គ្នាទៅវិញទៅមកនោះ? (ខ) តើតាមរបៀបណាដែលគូខ្លះបានបង្ហាញការវិនិច្ឆ័យមិនល្អស្តីអំពីរឿងនេះ?
១៤ កន្លែងមួយទៀតដែលត្រូវការសមត្ថភាពខាងការវែកញែករបស់អ្នក នោះគឺការដើរលេងជាគូ។ គឺជាធម្មតាទេដែលចង់បង្ហាញការស្រឡាញ់ដល់បុគ្គលដែលអ្នកចូលចិត្តនោះ។ គូដែលមានលក្ខណៈពិសិដ្ឋនៅក្នុងបទចំរៀងសាឡូម៉ូន តាមមើលទៅបានបង្ហាញសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមកខ្លះ មុននឹងគេបានរៀបការ។ (បទចំរៀងសាឡូម៉ូន ១:២; ២:៦; ៨:៥) សព្វថ្ងៃនេះ ប្រុសស្រីដែលកំពុងដើរលេងជាគូ ប្រហែលជាគិតថា ការកាន់ដៃគ្នា ថើប និងការឱបគ្នាប្រហែលជាសមរម្យ ជាពិសេសពេលដែលការរៀបការនឹងមានជាមិនខាននោះ។ ក៏ប៉ុន្តែចូរចាំថា៖ «អ្នកណាដែលទីពឹងតែចិត្តខ្លួនឯង នោះជាអ្នកល្ងីល្ងើហើយ»។ (សុភាសិត ២៨:២៦) គួរឲ្យខ្លោចផ្សាណាស់ គូមួយចំនួនមិនបានប្រើការពិនិត្យពិច័យទេ ដោយដាក់ខ្លួនគេនៅក្នុងកាលៈទេសៈដែលធ្វើឲ្យខូចកិត្ដិយស។ ការសម្ដែងសេចក្ដីស្រឡាញ់បានក្លាយទៅជាខ្លាំងឡើងៗ និងមិនអាចទប់ទល់បាន មានលទ្ធផលជាការប្រព្រឹត្តដែលមិនស្អាតស្អំ ហើយព្រមទាំងធ្លាក់ដល់អំពើអសីលធម៌ផង។
១៥, ១៦. តើការប្រុងប្រយ័ត្នដែលសមហេតុផលអ្វី ដែលអាចជួយពួកដែលមានគូឲ្យយ៉ាងប្រាកដថា ការដើរលេងជាគូរបស់គេបានថ្លៃថ្នូរនោះ?
១៥ ប្រសិនបើអ្នកកំពុងតែដើរលេងជាគូ អ្នកនឹងប្រកបដោយប្រាជ្ញាឲ្យជៀសវាងពី កាលៈទេសៈមិនសមរម្យនៅតែម្នាក់ឯងជាមួយគូរបស់អ្នក។ ដូច្នេះគឺប្រហែលជាប្រសើរជាងក្នុងការចូលរួមជាមួយគ្នាតាមវិស័យជាក្រុម និងនៅតាមកន្លែងសាធារណៈ។ គូប្រុសស្រីខ្លះរៀបចំឲ្យមានអ្នកទៅជាមួយ។ ម្យ៉ាងទៀត សូមពិចារណាមើលពាក្យហូសេ ៤:១១ ដែលថា៖ «ស្រាទំពាំងបាយជូរ នឹងទឹកទំពាំងបាយជូរថ្មី នោះរមែងដកយោបល់ចេញ»។ ជាតិស្រាធ្វើឲ្យខូចដល់ការវិនិច្ឆ័យល្អ ហើយអាចនាំឲ្យគូប្រុសស្រីប្រព្រឹត្តតាមរបៀប ដែលគេនឹងស្ដាយក្រោយបន្ទាប់មក។
១៦ សុភាសិត ១៣:១០ ចែងថា៖ «ផលនៃសេចក្ដីឆ្មើងឆ្មៃ នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នកដែលស្ដាប់តាមសេចក្ដីទូន្មាន»។ ត្រូវហើយ ‹ការពិភាក្សាជាមួយគ្នា›និងពិគ្រោះនូវរបៀបដែលអ្នកនឹងកាន់ចរិយាខ្លួនអ្នក។ ការដាក់កំរិតលើការសម្ដែងសេចក្ដីស្រឡាញ់ ដែលម្នាក់ៗគោរពដល់អារម្មណ៍និងមនសិការរបស់គ្នាទៅវិញទៅមក។ (កូរិនថូសទី១ ១៣:៥; ថែស្សាឡូនីចទី១ ៤:៣-៧; ពេត្រុសទី១ ៣:១៦) ការនិយាយអំពីប្រធាននេះ ប្រហែលជាពិបាកនៅមុនដំបូង ក៏ប៉ុន្តែនេះក៏អាចបង្ការបញ្ហាធ្ងន់ធ្ងរពីការកើតឡើងនៅពេលក្រោយ។
បានត្រូវបង្រៀន«តាំងពីក្មេងមក»
១៧. តើតាមរបៀបណាដែលដាវីឌបានយកព្រះយេហូវ៉ា‹ជាទីទុកចិត្តដល់គាត់តាំងតែពីក្មេងមក› ហើយតើមេរៀនអ្វីសំរាប់ពួកយុវជនសព្វថ្ងៃនេះ?
១៧ ការជៀសវាងអន្ទាក់របស់សាតាំងនឹងតម្រូវឲ្យអ្នកប្រុងប្រយ័ត្នជានិច្ច ហើយជួនកាលគឺត្រូវការសេចក្ដីក្លាហាន។ នៅពេលខ្លះអ្នកប្រហែលជាឃើញខ្លួនមានការទាស់ទែង មិនមែនគ្រាន់តែជាមួយនឹងពួកម៉ាកនោះទេ ក៏ប៉ុន្តែជាមួយនឹងលោកីយ៍ទាំងមូល។ អ្នកតែងបទទំនុកដំកើងដាវីឌបានអធិស្ឋានថា៖ «ដ្បិតឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ជាទីសង្ឃឹមនៃទូលបង្គំ ទ្រង់ជាទីទុកចិត្តដល់ទូលបង្គំតាំងតែពីក្មេងមក។ ឱព្រះអង្គអើយ ទ្រង់បានបង្ហាត់បង្រៀនទូលបង្គំតាំងតែពីក្មេងមក ហើយដរាបដល់ឥឡូវនេះ ទូលបង្គំបានសំដែង ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់»។ (ទំនុកដំកើង ៧១:៥, ១៧)c ដាវីឌបានត្រូវល្បីឈ្មោះដោយសេចក្ដីក្លាហានរបស់គាត់។ ក៏ប៉ុន្តែ តើដាវីឌបានបណ្ដុះគុណសម្បត្ដិនេះនៅពេលណា? តាំងពីនៅក្មេងមក! សូម្បីពីមុនការប្រទល់មុខដ៏ល្បីជាមួយនឹងកូលីយ៉ាត នោះដាវីឌបានបង្ហាញនូវសេចក្ដីក្លាហានយ៉ាងអស្ចារ្យ ក្នុងការការពារហ្វូងចៀមរបស់ឪពុកគាត់ ដោយសម្លាប់សត្វតោនិងសត្វខ្លាឃ្មុំ។ (សាំយូអែលទី១ ១៧:៣៤-៣៧) ក៏ប៉ុន្តែ ដាវីឌបានឲ្យកិត្ដិយសដល់ព្រះយេហូវ៉ាចំពោះសេចក្ដីក្លាហាន ដែលគាត់បានសម្ដែងនោះ ដោយហៅទ្រង់«ជាទីទុកចិត្តដល់ទូលបង្គំតាំងតែពីក្មេងមក»។ សមត្ថភាពរបស់ដាវីឌដើម្បីពឹងលើព្រះយេហូវ៉ា បានធ្វើឲ្យគាត់អាចប៉ិនដោះស្រាយនឹងសេចក្ដីទុក្ខលំបាកណាក៏ដោយ ដែលគាត់បានប្រឈមមុខនោះ។ អ្នកក៏អាចឃើញថា ប្រសិនបើអ្នកពឹងលើព្រះយេហូវ៉ា នោះទ្រង់ក៏នឹងជួយអ្នកឲ្យមានសេចក្ដីក្លាហាននិងកម្លាំងឲ្យ‹មានជ័យជំនះលើលោកីយ៍នេះ›។—យ៉ូហានទី១ ៥:៤
១៨. តើអ្វីជាការដាស់តឿនដែលបានផ្ដល់ឲ្យពួកយុវជនដែលគោរពព្រះសព្វថ្ងៃនេះ?
១៨ ពួកក្មេងៗជាច្រើនពាន់នាក់ ដូចអ្នកដែរគឺបានយកគោលជំហរដ៏ក្លាហាន ហើយឥឡូវបំរើជាអ្នកផ្សាយដំណឹងល្អ ដែលបានទទួលបុណ្យជ្រមុជទឹកហើយ។ យើងសូមថ្លែងអំណរគុណដល់ព្រះ ចំពោះជំនឿនិងសេចក្ដីក្លាហានរបស់ពួកប្អូនៗរាល់គ្នា! ចូរប្ដេជ្ញាជានិច្ចដើម្បីគេចឲ្យផុតពីការពុករលួយនៃលោកីយ៍នេះ។ (ពេត្រុសទី២ ១:៤) សូមបន្តប្រើសមត្ថភាពខាងការវែកញែករបស់អ្នក ដែលបានត្រូវអប់រំពីព្រះគម្ពីរចុះ។ ការធ្វើបែបនេះនឹងការពារអ្នកពីវិបត្ដិភ័យនៅឥឡូវនេះ និងនៅទីបំផុត នឹងធ្វើឲ្យអ្នកប្រាកដជាបានសេចក្ដីសង្គ្រោះ។ ប្រាកដហើយ ដូចជាអត្ថបទចុងក្រោយរបស់យើងនឹងបង្ហាញ នោះអ្នកនឹងធ្វើឲ្យជីវិតរបស់អ្នកមានជោគជ័យ។
[កំណត់សម្គាល់]
a សូមមើលអត្ថបទ«យុវជនសួរ . . . តើតាមរបៀបណាដែលខ្ញុំយកសេចក្ដីពិតជារបស់ផងខ្លួន»? នៅក្នុងទស្សនាវដ្ដីភ្ញាក់រឭក! នៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៨ (ភាសាអង់គ្លេស)
b អត្ថបទ«ការកំសាន្តជាមួយគ្នីគ្នា—ទទួលនូវប្រយោជន៍ ជៀសវាងនឹងអន្ទាក់» ដែលមាននៅក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៩២ គឺមានពត៌មានច្រើនលើប្រធាននេះ។ (ភាសាអង់គ្លេស)
c ទំនុកដំកើង ៧១ គឺហាក់ដូចជាមានតពីទំនុកដំកើង ៧០ ដែលបានត្រូវសម្គាល់នៅក្នុងសេចក្ដីមុនទំនុកនិមួយៗជាទំនុកដំកើងរបស់ដាវីឌ។
សំនួរសំរាប់ពិនិត្យសារឡើងវិញ
◻ តើតាមរបៀបណាដែលយុវជនម្នាក់អប់រំសមត្ថភាពខាងការវែកញែករបស់គាត់?
◻ តើតាមរបៀបណាដែលយុវជនម្នាក់ប្រើសមត្ថភាពខាងការវែកញែករបស់គាត់ ស្តីអំពីការទៅជប់លៀងគ្រីស្ទាននោះ?
◻ តើកត្ដាអ្វីខ្លះដែលអាចយកមកគិតក្នុងការគ្រោងទុកនូវការរៀនសូត្ររបស់ខ្លួន?
◻ តើតាមរបៀបណាដែលប្រុសស្រីដើរលេងជាគូ អាចជៀសវាងអន្ទាក់នៃអំពើអសីលធម៌ខាងកាមនោះ?
[រូបភាពនៅទំព័រ១៤]
ការរៀនឲ្យចេះធ្វើការស្រាវជ្រាវនឹងជួយអ្នក ឲ្យអប់រំសមត្ថភាពខាងការវែកញែករបស់អ្នក
[រូបភាពនៅទំព័រ១៥]
ការជប់លៀងដែលមានចំនួន តូចជាងនឹងស្រួលត្រួតពិនិត្យមើលហើយនឹងមិនក្លាយទៅជាការស៊ីផឹកដែលមិនអាចទប់ទល់នោះ
[រូបភាពនៅទំព័រ១៥]
ឪពុកម្ដាយគួរតែជួយកូនរបស់គេឲ្យគ្រោងទុកនូវការរៀនសូត្ររបស់គេ
[រូបភាពនៅទំព័រ១៧]
ការដើរលេងជាគូនៅក្នុងវិស័យជាក្រុមមួយគឺជាការការពារ