បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/១០ ទំ. ២៤-២៨
  • តើអ្នកស្មោះត្រង់ក្នុងគ្រប់ការទាំងអស់ឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកស្មោះត្រង់ក្នុងគ្រប់ការទាំងអស់ឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ភាព​ស្មោះ​ត្រង់​រួម​បញ្ចូល​អ្វី​ខ្លះ?
  • ភាព​ស្មោះ​ត្រង់​ដែល​ទាក់ទង​នឹង​«ទ្រព្យ​សម្បត្ដិ​ទុច្ចរិត»
  • ភាព​ទៀងត្រង់​ពិត​ជា​សំខាន់​មែន
  • ភាព​ស្មោះ​ត្រង់​ក្នុង​កិច្ចបំរើ​ផ្សាយ​របស់​យើង​ជា​គ្រីស្ទាន
  • ការ​រក្សា​ខ្លួន​ដោយ​ឡែក​ពី​លោកីយ៍​នេះ
  • ពរ​ដែល​មក​ពី​ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់
  • ‹ចូរប្រើទ្រព្យសម្បត្ដិលោកីយ៍នេះឲ្យបានជាមិត្ដសំឡាញ់ដល់ខ្លួន›
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • រង្វាន់ចំសេចក្ដីស្មោះត្រង់
    ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរស្វែងរកទ្រព្យដ៏ពិតប្រាកដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/១០ ទំ. ២៤-២៨

តើ​អ្នក​ស្មោះ​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់​ឬ​ទេ?

​«អ្នក​ណា​ដែល​ស្មោះ​ត្រង់​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា ស្មោះ​ត្រង់​ក្នុង​ការ​ធំ»។—លូកា ១៦:១០

១​. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ភាព​ស្មោះ​ត្រង់​យ៉ាង​ដូច​ម្ដេច?

បើ​គិត​អំពី​ស្រមោល​ដើម​ឈើ​នោះ តើ​អ្នក​ធ្លាប់​កត់​សម្គាល់​អំពី​អ្វី​ដែល​កើត​ឡើង​ក្នុង​កំឡុង​មួយ​ថ្ងៃ​ទេ? ទំហំ​និង​ទិស​នៃ​ស្រមោល​នោះ​ចេះ​តែ​ប្រែប្រួល​ជានិច្ច! សមិទ្ធ​ផល​និង​ពាក្យ​សន្យា​របស់​មនុស្ស​ច្រើន​តែ​មាន​ភាព​មិន​នឹងន​ដូច​ជា​ស្រមោល​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​មិន​ប្រែប្រួល​សោះ។ លោក​យ៉ាកុប​បាន​សំដៅ​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​«ព្រះ​វរបិតា​នៃ​ពន្លឺ»​ហើយ​ពន្យល់​ទៀត​ថា​៖ «ទ្រង់​មិន​ចេះ​ប្រែប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្ដី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ»។ (យ៉ាកុប ១:១៧) ព្រះ​យេហូវ៉ា​មាន​ភាព​នឹងន​ហើយ​ជា​ទី​ពឹង​ពាក់​បាន សូម្បី​តែ​ក្នុង​រឿង​តូចតាច​ជា​ទីបំផុត​ក៏​ដោយ។ ទ្រង់​«ជា​ព្រះ​ដ៏​ស្មោះ​ត្រង់»។—ចោទិយកថា ៣២:៤

២​. (ក) ហេតុ​អ្វី​ក៏​គប្បី​ឲ្យ​យើង​ពិនិត្យ​មើល​ខ្លួន​ឯង​ដើម្បី​ឲ្យ​ដឹង​ថា យើង​ជា​មនុស្ស​ស្មោះ​ត្រង់​ឬ​ក៏​អត់? (ខ) តើ​យើង​នឹង​ពិគ្រោះ​សំនួរ​អ្វី​ខ្លះ ស្តី​អំពី​ភាព​ស្មោះ​ត្រង់?

២ តើ​ព្រះ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ថ្វាយ​បង្គំ​ទ្រង់​ដែល​បង្ហាញ​ថា ខ្លួន​ជា​ទី​ទុក​ចិត្ត​បាន? ទ្រង់​មាន​ទស្សនៈ​ដូច​ដាវីឌ​ដែល​បាន​មាន​បន្ទូល​អំពី​មនុស្ស​ដែល​ថ្វាយ​បង្គំ​ព្រះ​ថា​៖ «ភ្នែក​ទូល​បង្គំ​នឹង​នៅ​លើ​ពួក​អ្នក​ស្មោះ​ត្រង់​ក្នុង​ស្រុក ដើម្បី​ឲ្យ​គេ​បាន​នៅ​ជា​មួយ​នឹង​ទូល​បង្គំ​វិញ។ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀងត្រង់ អ្នក​នោះ​ឯង​នឹង​បំរើ​ទូល​បង្គំ»។ (ទំនុកដំកើង ១០១:៦) ពិត​មែន​ហើយ ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​ភាព​ស្មោះ​ត្រង់​នៃ​ពួក​អ្នក​បំរើ​ទ្រង់។ ដូច្នេះ សាវ័ក​ប៉ុល​មាន​មូលហេតុ​ត្រឹម​ត្រូវ​ក្នុង​ការ​សរសេរ​ថា​៖ «រីឯ​អ្នក​រ៉ាប់​រង ត្រូវ​ឲ្យ​គេ​បាន​ស្មោះ​ត្រង់»។ (កូរិនថូសទី១ ៤:២) តើ​ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់​រួម​បញ្ចូល​អ្វី​ខ្លះ? តើ​យើង​គួរ​ប្រព្រឹត្ត​ដោយ​ស្មោះ​ត្រង់​ក្នុង​ករណី​ណា​ខ្លះ​នៃ​ជីវិត​យើង? តើ​ការ​«ប្រព្រឹត្ត​តាម​ផ្លូវ​ទៀងត្រង់»​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី?

តើ​ភាព​ស្មោះ​ត្រង់​រួម​បញ្ចូល​អ្វី​ខ្លះ?

៣​. តើ​អ្វី​បង្ហាញ​ថា​យើង​ជា​មនុស្ស​ស្មោះ​ត្រង់​ឬ​ក៏​អត់?

៣ ហេព្រើរ ៣:៥ ចែង​ថា​៖ «លោក​ម៉ូសេ​ក៏​ស្មោះ​ត្រង់ . . . ជា​អ្នក​បំរើ»។ ហេតុ​អ្វី​បាន​ជា​ព្យាការី​ម៉ូសេ​បាន​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​ស្មោះ​ត្រង់? ពេល​ម៉ូសេ​បាន​រៀបចំ​ហើយ​កសាង​រោង​ឧបោសថ​នោះ «ម៉ូសេ​លោក​ក៏​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​បង្គាប់​មក។ លោក​ធ្វើ​ការ​នោះ​សំរេច​ទាំង​អស់»។ (និក្ខមនំ ៤០:១៦) ក្នុង​នាម​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា យើង​បង្ហាញ​នូវ​ភាព​ស្មោះ​ត្រង់​ដោយ​ស្ដាប់​បង្គាប់​ព្រះ​ក្នុង​ការ​បំរើ​ទ្រង់។ នេះ​ពិត​ជា​រួម​បញ្ចូល​ការ​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា​ពេល​ដែល​យើង​ជួប​ប្រទះ​ទុក្ខ​លំបាក​ឬ​ការ​ល្បងល​ដ៏​ធំ។ យ៉ាង​ណា​ក៏​ដោយ ការ​ស៊ូទ្រាំ​ក្រោម​ការ​ល្បងល​ដ៏​ធំ​នោះ​មិន​មែន​ជា​កត្ដា​តែ​មួយ​ប៉ុណ្ណោះ​ទេ ដែល​បញ្ជាក់​ពី​ភាព​ស្មោះ​ត្រង់​របស់​យើង។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «អ្នក​ណា​ដែល​ស្មោះ​ត្រង់​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា ស្មោះ​ត្រង់​ក្នុង​ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​ការ​ដ៏​ធំ​ដែរ»។ (លូកា ១៦:១០) យើង​ត្រូវ​រក្សា​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​រឿង​ដែល​មើល​ទៅ​ហាក់​ដូច​ជា​តូច​បំផុត​ដែរ។

៤, ៥​. តើ​ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់​«ក្នុង​ការ​តូច​បំផុត»​អាច​ស​ឲ្យ​ឃើញ​អ្វី?

៤ ការ​ស្ដាប់​បង្គាប់​«ក្នុង​ការ​តូច​បំផុត»​ជា​រៀង​រាល់​ថ្ងៃ​ជា​អ្វី​ដែល​សំខាន់ ហើយ​នេះ​គួរ​ផ្អែក​លើ​មូលហេតុ​ពីរ​យ៉ាង។ ទី​មួយ ការ​ស្ដាប់​បង្គាប់​«ក្នុង​ការ​តូច​បំផុត»​នោះ ស​ឲ្យ​ឃើញ​អារម្មណ៍​របស់​យើង​ចំពោះ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា។ សូម​គិត​អំពី​ការ​ល្បងល​ចិត្ត​ស្មោះ​ភក្ដី​ដែល​អ័ដាម​និង​អេវ៉ា​ជា​មនុស្ស​មួយ​គូ​ដំបូង​បាន​ប្រឈម​មុខ​នោះ។ ពួក​គេ​ស្ថិត​ក្រោម​តម្រូវ​ការ​មួយ​ដែល​មិន​បណ្ដាល​ឲ្យ​ពួក​គេ​រង​ទុក្ខ​លំបាក​អ្វី​សោះ។ ពួក​គេ​មាន​ម្ហូប​គ្រប់​មុខ​ក្នុង​សួនច្បារ​អេដែន តែ​ត្រូវ​ចៀស​វាង​ការ​បរិភោគ​ផ្លែ​ពីដើម​ឈើ​តែ​មួយ​គត់ ពោល​គឺ​«ដើម​ដឹង​ខុសត្រូវ»។ (លោកុប្បត្តិ ២:១៦, ១៧) ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់​ដោយ​ធ្វើ​តាម​បង្គាប់​មួយ​ដ៏​ស្រួល​នោះ អាច​បង្ហាញ​ថា​មនុស្ស​មួយ​គូ​ដំបូង​នោះ​ពេញ​ចិត្ត​ចុះ​ចូល​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា។ ការ​ធ្វើ​តាម​ពាក្យ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ជីវិត​របស់​យើង​ប្រចាំ​ថ្ងៃ​ក៏​បង្ហាញ​ថា យើង​ជា​អ្នក​គាំទ្រ​ខាង​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា។

៥ ទីពីរ ការ​ប្រព្រឹត្ត​របស់​យើង​«ក្នុង​ការ​តូច​បំផុត»​ក៏​អាច​មាន​អានុភាព​ទៅ​លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​«ក្នុង​ការ​ដ៏​ធំ​ដែរ» ពោល​គឺ​ពេល​ដែល​យើង​ជួប​ប្រទះ​រឿង​ដ៏​ធំ​ក្នុង​ជីវិត​យើង។ ស្តី​អំពី​រឿង​នេះ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ដានីយ៉ែល​និង​គូកន​ជនជាតិ​ហេព្រើរ​បី​នាក់​របស់​គាត់ ឈ្មោះ​ហាណានា មីសាអែល​និង​អ័សារា ដែល​បាន​បង្ហាញ​ភាព​ស្មោះ​ត្រង់​ដែរ។ ពួក​គាត់​បាន​ត្រូវ​ចាប់​ដោយ​នាំ​ទៅ​ស្រុក​បាប៊ីឡូន​ជា​និរទេស​ជន​នៅ​ឆ្នាំ​៦១៧ មុនគ.ស.។ ពេល​ដែល​ពួក​គាត់​នៅ​ក្មេង គឺ​ប្រហែល​ជា​ក្មេង​ជំទង់​នៅ​ឡើយ យុវជន​បួន​នាក់​នេះ​បាន​ត្រូវ​នាំ​ឲ្យ​ស្នាក់​នៅ​ក្នុង​រាជ​វាំង​នៃ​ស្តេច​នេប៊ូក្នេសា។ នៅ​ទី​នោះ​«មាន​ចំណែក​អាហារ​ហ្លួង​ចែក​ដល់​គេ​ជា​រាល់​ថ្ងៃ ព្រម​ទាំង​ស្រា​ទំពាំង​បាយ​ជូរ​ដែល​ទ្រង់​ធ្លាប់​សោយ​ផង ហើយ​ឲ្យ​ចិញ្ចឹម​គេ​យ៉ាង​ដូច្នោះ​គ្រប់​៣​ឆ្នាំ ដើម្បី​កាល​ណា​សំរេច​ពេល​កំណត់​ហើយ នោះ​ឲ្យ​គេ​បាន​ធ្វើ​ការងារ​នៅ​ចំពោះ​ស្តេច»។—ដានីយ៉ែល ១:៣​-​៥

៦​. តើ​ដានីយ៉ែល​និង​គូកន​ជនជាតិ​ហេព្រើរ​បី​នាក់​របស់​គាត់​បាន​ជួប​ប្រទះ​ការ​ល្បងល​អ្វី​ខ្លះ​ក្នុង​រាជ​វាំង​នៅ​ស្រុក​បាប៊ីឡូន?

៦ ក៏​ប៉ុន្តែ អាហារ​ដែល​ស្តេច​សាសន៍​បាប៊ីឡូន​បាន​ផ្គត់ផ្គង់​ឲ្យ​នោះ បាន​នាំ​ឲ្យ​យុវជន​សាសន៍​ហេព្រើរ​បួន​នាក់​នោះ​ជួប​ប្រទះ​ការ​ពិបាក​មួយ។ អាហារ​ដែល​ស្តេច​នោះ​ធ្លាប់​សោយ ច្បាស់​ជា​បាន​រួម​បញ្ចូល​ម្ហូប​ខ្លះ​ដែល​ស្ថិត​ក្រោម​បំរាម​ក្នុង​ក្រិត្យ​វិន័យ​ម៉ូសេ។ (ចោទិយកថា ១៤:៣​-​២០) ពេល​ដែល​ជនជាតិ​បាប៊ីឡូន​បាន​សម្លាប់​សត្វ​សំរាប់​ជា​អាហារ​នោះ ពួក​គេ​ប្រហែល​ជា​មិន​បាន​សម្រក់​ឈាម​ចោល​អស់​ទេ ដូច្នេះ​ការ​បរិភោគ​សាច់​បែប​នោះ​ជា​ការ​បំពាន​លើ​ក្រិត្យ​វិន័យ​របស់​ព្រះ។ (ចោទិយកថា ១២:២៣​-​២៥) ហើយ​ពួក​សាសន៍​បាប៊ីឡូន​ក៏​ប្រហែល​ជា​បាន​ថ្វាយ​អាហារ​នោះ​ដល់​រូប​ព្រះ​ជា​មុន ដែល​ជា​ទំលាប់​របស់​ពួក​អ្នក​ថ្វាយ​បង្គំ​នៅ​ស្រុក​បាប៊ីឡូន មុន​នឹង​គេ​ទទួល​ទាន​អាហារ​រួម​គ្នា​នោះ។

៧​. តើ​ការ​ស្ដាប់​បង្គាប់​របស់​ដានីយ៉ែល​និង​គូកន​បី​នាក់​របស់​គាត់​បាន​បង្ហាញ​អំពី​អ្វី?

៧ វង្សានុវង្ស​នៃ​ស្តេច​ស្រុក​បាប៊ីឡូន​នោះ​ច្បាស់​ជា​មិន​បាន​ចាត់​ទុក​បំរាម​លើ​អាហារ​ខ្លះៗ​ជា​រឿង​សំខាន់​ទេ។ ក៏​ប៉ុន្តែ ដានីយ៉ែល​និង​គូកន​បី​នាក់​របស់​គាត់​បាន​តាំង​ចិត្ត​មិន​ចង់​ក្លាយ​ឲ្យ​មាន​ភាព​សៅហ្មង​ដោយ​បរិភោគ​អាហារ​ដែល​ក្រិត្យ​វិន័យ​របស់​ព្រះ​ដល់​សាសន៍​អ៊ីស្រាអែល​បាន​ហាមឃាត់​នោះ។ នេះ​ជា​រឿង​មួយ​ដែល​ប៉ះ​ពាល់​ដល់​ចិត្ត​ស្មោះ​ភក្ដី​និង​ភាព​ស្មោះ​ត្រង់​របស់​ពួក​គាត់​ចំពោះ​ព្រះ។ ដូច្នេះ យុវជន​បួន​នាក់​នោះ​បាន​សូម​បរិភោគ​តែ​បន្លែ​និង​ទឹក​សុទ្ធ​ប៉ុណ្ណោះ ហើយ​នេះ​បាន​ត្រូវ​យល់​ព្រម។ (ដានីយ៉ែល ១:៩​-​១៤) មនុស្ស​ខ្លះ​សព្វ​ថ្ងៃ​នេះ​ប្រហែល​ជា​មិន​ចាត់​ទុក​ទង្វើ​របស់​យុវជន​បួន​នាក់​នេះ​ជា​អ្វី​ដែល​សំខាន់​ទេ។ យ៉ាង​ណា​ក៏​ដោយ ការ​ស្ដាប់​បង្គាប់​ព្រះ​ពេល​នោះ​បាន​បង្ហាញ​អំពី​ទស្សនៈ​របស់​ពួក​គាត់​ចំពោះ​ការ​ចោទ​ប្រឆាំង​នឹង​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា។

៨​. (ក) តើ​បុរស​សាសន៍​ហេព្រើរ​បី​នាក់​បាន​ជួប​ប្រទះ​ការ​ដ៏​សំខាន់​អ្វី ដែល​ល្បងល​ចិត្ត​ស្មោះ​ភក្ដី​របស់​ខ្លួន? (ខ) តើ​ការ​ល្បងល​នោះ​មាន​លទ្ធផល​អ្វី? ហើយ​តើ​នេះ​ផ្ដល់​មេ​រៀន​អ្វី?

៨ ការ​រក្សា​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​រឿង​មិន​សូវ​សំខាន់ បាន​ជួយ​ឲ្យ​គូកន​បី​នាក់​របស់​ដានីយ៉ែល​ត្រៀម​ខ្លួន​ដើម្បី​ប្រឈម​មុខ​នូវ​ការ​ល្បងល​ដែល​ធំ​ជាង​នោះ​ត​ទៅ​ទៀត។ សូម​បើក​មើល​ជំពូក​ទី៣​ក្នុង​សៀវភៅ​ដានីយ៉ែល​ក្នុង​ព្រះ​គម្ពីរ ហើយ​អាន​ខ្លួន​ឯង​អំពី​ទង្វើ​របស់​យុវជន​សាសន៍​ហេព្រើរ​បី​នាក់​នេះ​ពេល​ដែល​ស្តេច​បាន​កាត់​ក្ដី​ឲ្យ​ប្រហារ​ជីវិត​ពួក​គាត់​ដោយ​ព្រោះ​មិន​ព្រម​ថ្វាយ​បង្គំ​រូប​មាស​ដែល​ស្តេច​នេប៊ូក្នេសា​បាន​តាំង​ឡើង​នោះ។ ពេល​បាន​ត្រូវ​នាំ​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​ស្តេច​នោះ ពួក​គាត់​បាន​ប្រាប់​ដោយ​អង់អាច​អំពី​ការ​តាំង​ចិត្ត​របស់​ខ្លួន​ថា​៖ «បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ​ដែល​យើង​ខ្ញុំ​គោរព​ប្រតិបត្ដិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​យើង​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ។ បពិត្រ​ព្រះ​ករុណា ព្រះ​អង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​ខ្ញុំ​រួច​ពី​ព្រះ​ហស្ត​ទ្រង់​ដែរ។ តែ​បើ​មិន​ជួយ​ទេ នោះ​សូម​ឲ្យ​ទ្រង់​ព្រះ​ករុណា​ជ្រាប​ថា យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ ក៏​មិន​ព្រម​ថ្វាយ​បង្គំ​ដល់​រូប​មាស​ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ»។ (ដានីយ៉ែល ៣:១៧, ១៨) តើ​ព្រះ​យេហូវ៉ា​ប្រោស​ពួក​គាត់​ឲ្យ​រួច​ឬ​ទេ? ទាហាន​ដែល​បាន​បោះ​យុវជន​ទាំង​នេះ​ទៅ​ក្នុង​គុក​ភ្លើង​បាន​ស្លាប់ តែ​បុរស​សាសន៍​ហេព្រើរ​បី​នាក់​នោះ​បាន​រួច​រស់​ជីវិត​ចេញ​ពី​គុក​ភ្លើង​នោះ ទាំង​គ្មាន​ស្នាម​ឆេះ​រោល​ដោយ​កំដៅ​គុក​ភ្លើង​សោះ! ដោយសារ​យុវជន​ទាំង​នេះ​មាន​ទំលាប់​បង្ហាញ​ភាព​ស្មោះ​ត្រង់​ម្ដង​ហើយ​ម្ដង​ទៀត នេះ​បាន​ជួយ​ឲ្យ​ពួក​គាត់​ត្រៀម​ខ្លួន​ដើម្បី​រក្សា​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ល្បងល​ដ៏​សំខាន់​មួយ​នេះ។ ក្នុង​រឿង​នេះ​ក៏​បង្ហាញ​យើង​ពី​សារៈ​សំខាន់​នៃ​ការ​រក្សា​ភាព​ស្មោះ​ត្រង់​ក្នុង​រឿង​តូចតាច​ផង​ដែរ មែន​ទេ?

ភាព​ស្មោះ​ត្រង់​ដែល​ទាក់ទង​នឹង​«ទ្រព្យ​សម្បត្ដិ​ទុច្ចរិត»

៩​. តើ​បន្ទូល​របស់​ព្រះ​យេស៊ូ​នៅ​លូកា ១៦:១០ មាន​បរិបទ​ដែល​ពិគ្រោះ​អំពី​អ្វី?

៩ មុន​ព្រះ​យេស៊ូ​បាន​បង្រៀន​គោលការណ៍​ថា មនុស្ស​ដែល​ស្មោះ​ត្រង់​ក្នុង​ការ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​តូច នឹង​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ដ៏​សំខាន់​នោះ ទ្រង់​បាន​ជូន​យោបល់​ដល់​អ្នក​ស្ដាប់​ពេល​នោះ​ថា​៖ «ចូរ​ប្រើ​ទ្រព្យ​សម្បត្ដិ​លោកីយ[ឬ​«ទ្រព្យ​សម្បត្ដិ​ទុច្ចរិត»​, ព.ថ.]នេះ​ឲ្យ​បាន​មិត្រ​សំឡាញ់​ដល់​ខ្លួន ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​ខាន​នៅ នោះ​នឹង​មាន​គេ​ទទួល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​ក្នុង​ទីលំនៅ​ដ៏​ស្ថិត​ស្ថេរ​អស់កល្ប​ជានិច្ច​វិញ»។ ក្រោយ​មក​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​មនុស្ស​ដែល​ស្មោះ​ត្រង់​ក្នុង​ការ​តូច​បំផុត។ រួច​មក ទ្រង់​មាន​បន្ទូល​ទៀត​ថា​៖ «ដូច្នេះ បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ចំពោះ​ទ្រព្យ​សម្បត្ដិ​របស់​លោកីយ[ឬ​«ទ្រព្យ​សម្បត្ដិ​ទុច្ចរិត»​, ព.ថ.]ទេ តើ​អ្នក​ណា​ហ៊ាន​ផ្ញើ​សម្បត្ដិ​ដ៏​ពិត​ទុក​នឹង​អ្នក​រាល់​គ្នា​បាន? . . . គ្មាន​បាវ​ណា​ដែល​បំរើ​ចៅហ្វាយ​២​បាន​ទេ ពីព្រោះ​បាវ​នោះ​នឹង​ស្អប់​១ ស្រឡាញ់​១ ឬ​នឹង​កាន់​ខាង​១ ហើយ​មើលងាយ​១។ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​បំរើ​ព្រះ​ផង ទ្រព្យ​សម្បត្ដិ​ផង​ពុំ​បាន​ដែរ»។—លូកា ១៦:៩​-​១៣

១០​. តើ​យើង​អាច​បង្ហាញ​ភាព​ស្មោះ​ត្រង់​បាន​យ៉ាង​ណា ក្នុង​របៀប​ប្រើ​«ទ្រព្យ​សម្បត្ដិ​ទុច្ចរិត»​របស់​យើង?

១០ ស្រប​ទៅ​តាម​បរិបទ​នោះ បន្ទូល​របស់​ព្រះ​យេស៊ូ​នៅ​លូកា ១៦:១០ បាន​សំដៅ​មុន​ដំបូង​ទៅ​លើ​ការ​ប្រើ​«ទ្រព្យ​សម្បត្ដិ​ទុច្ចរិត» ដែល​ជា​វត្ថុ​ទ្រព្យ​និង​ធនធាន​របស់​យើង។ របស់​ទាំង​នេះ​បាន​ត្រូវ​ហៅ​ជា​អ្វី​ដែល​ទុច្ចរិត​ពីព្រោះ​ទ្រព្យ​សម្បត្ដិ ជា​ពិសេស​លុយ គឺ​ស្ថិត​ក្រោម​អំណាច​នៃ​មនុស្ស​មិន​គ្រប់​ល័ក្ខណ៍។ ម្យ៉ាង​ទៀត ការ​ប្រាថ្នា​ចង់​ប្រមែប្រមូល​ទ្រព្យ​សម្បត្ដិ​អាច​នាំ​ឲ្យ​មនុស្ស​ធ្វើ​អំពើ​ទុច្ចរិត។ យើង​បង្ហាញ​ភាព​ស្មោះ​ត្រង់​ដោយ​មាន​ប្រាជ្ញា​ក្នុង​របៀប​ដែល​យើង​ប្រើ​វត្ថុ​ទ្រព្យ​របស់​យើង។ ជាជាង​ប្រើ​វត្ថុ​ទ្រព្យ​ដើម្បី​បំពេញ​តែ​ចិត្ត​ប្រាថ្នា​របស់​ខ្លួន​យើង​ប៉ុណ្ណោះ យើង​ចង់​ប្រើ​ធនធាន​នោះ​ក្នុង​ការ​ផ្ដល់​ប្រយោជន៍​ដល់​កិច្ចការ​ខាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​ក្នុង​ការ​ជួយ​ពួក​អ្នក​ដែល​ខ្វះ​ខាត។ បើ​យើង​បង្ហាញ​ភាព​ស្មោះ​ត្រង់​តាម​របៀប​នេះ យើង​អាច​ក្លាយ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​គង់​«នៅ​ក្នុង​ទីលំនៅ​ដ៏​ស្ថិត​ស្ថេរ​អស់កល្ប​ជានិច្ច»។ ទ្រង់​ទាំង​ពីរ​អង្គ​នឹង​ព្រម​ទទួល​យើង​ឲ្យ​ចូល​ទៅ​ក្នុង​ទីលំនៅ​នោះ​ដោយ​ឲ្យ​ជីវិត​ជា​រៀង​រហូត​ដល់​យើង មិន​ថា​នៅ​លើ​ស្ថានសួគ៌​ឬ​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​ក្ដី។

១១​. ហេតុ​អ្វី​ក៏​យើង​មិន​គួរ​ស្ទាក់ស្ទើរ​ក្នុង​ការ​ពន្យល់​ដល់​ម្ចាស់​ផ្ទះ​នានា ថា​យើង​សប្បាយ​ចិត្ត​ទទួល​វិភាគទាន​ដែល​គាំទ្រ​កិច្ចការ​ទូទាំង​ពិភពលោក​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​តែ​ធ្វើ​នោះ?

១១ សូម​គិត​ផង​ដែរ​អំពី​ឱកាស​ដែល​យើង​ផ្ដល់​ដល់​ពួក​អ្នក​ដែល​ព្រម​ទទួល​ព្រះ​គម្ពីរ ឬ​ប្រកាសនវត្ថុ​ឯ​ទៀត​ដែល​មាន​មូលដ្ឋាន​ពី​ព្រះ​គម្ពីរ​ដែល​យើង​ចែក​ឲ្យ​នោះ ពេល​ដែល​យើង​ប្រកាស​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​និង​ពន្យល់​ដល់​គេ​ថា យើង​សប្បាយ​ចិត្ត​ទទួល​វិភាគទាន​ដែល​គាំទ្រ​កិច្ចការ​ទូទាំង​ពិភពលោក​ដែល​រាស្ត្រ​របស់​ព្រះ​កំពុង​តែ​ធ្វើ​នោះ។ ក្នុង​កាលៈទេសៈ​នេះ យើង​កំពុង​តែ​បើក​ឱកាស​ឲ្យ​ពួក​គេ​ប្រើ​ធនធាន​របស់​ខ្លួន​ដោយ​ប្រាជ្ញា មែន​ទេ? ទោះបី​ជា​គោលការណ៍​ក្នុង​លូកា ១៦:១០ សំដៅ​ទៅ​លើ​វត្ថុ​ទ្រព្យ​មុន​ដំបូង​ក៏​ដោយ គោលការណ៍​នោះ​ក៏​សំដៅ​ទៅ​លើ​លក្ខណៈ​ផ្សេងៗ​ទៀត​នៃ​ជីវិត​យើង​ផង​ដែរ។

ភាព​ទៀងត្រង់​ពិត​ជា​សំខាន់​មែន

១២, ១៣​. តើ​យើង​អាច​បង្ហាញ​ឲ្យ​មាន​ភាព​ទៀងត្រង់​ក្នុង​រឿង​អ្វី​ខ្លះ?

១២ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «យើង​ខ្ញុំ​ជឿជាក់​ថា យើង​ខ្ញុំ​មាន​បញ្ញា​ចិត្ត[ឬ​«មនសិការ»​, ខ.ស.]ជ្រះថ្លា ហើយ​ក៏​ប្រាថ្នា​ចង់​ប្រព្រឹត្ត​ល្អ[ឬ​«ទៀងត្រង់»​, ព.ថ.]ក្នុង​គ្រប់​ការ​ទាំង​អស់»។ (ហេព្រើរ ១៣:១៨) «គ្រប់​ការ​ទាំង​អស់»​នោះ ពិត​ជា​រួម​បញ្ចូល​រឿង​ដែល​ទាក់ទង​នឹង​លុយ​កាក់។ យើង​សង​បំណុល​និង​បង់​ពន្ធ​ឲ្យ​បាន​ឆាប់​ហើយ​យ៉ាង​ទៀងត្រង់។ ហេតុ​អ្វី? មនសិការ​យើង​ជំរុញ​ឲ្យ​ធ្វើ​ដូច្នេះ ហើយ​មូលហេតុ​ចំ​បង​ដែល​យើង​ធ្វើ​នេះ​គឺ​ដោយសារ​យើង​ស្រឡាញ់​ព្រះ​និង​ចង់​ធ្វើ​តាម​ពាក្យ​ណែនាំ​របស់​ទ្រង់។ (រ៉ូម ១៣:៥, ៦) តើ​យើង​ធ្វើ​អ្វី​ពេល​រក​ឃើញ​អីវ៉ាន់​ដែល​មិន​មែន​ជា​របស់​ផង​យើង? យើង​ខំ​រក​ម្ចាស់​វា​ដើម្បី​ជូន​ដល់​គាត់​វិញ។ នេះ​ក៏​ជា​ឱកាស​ល្អ​ឲ្យ​យើង​ធ្វើ​បន្ទាល់​ដោយ​ពន្យល់​អំពី​អ្វី​ដែល​ជំរុញ​ឲ្យ​យើង​ជូន​របស់​នោះ​ដល់​គាត់​វិញ!

១៣ ការ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ភាព​ស្មោះ​ត្រង់​ហើយ​យ៉ាង​ទៀងត្រង់​នោះ ក៏​តម្រូវ​ឲ្យ​យើង​បង្ហាញ​ភាព​ទៀងត្រង់​នៅ​ឯ​កន្លែង​ធ្វើ​ការ។ ការ​បង្ហាញ​ភាព​ទៀងត្រង់​ក្នុង​របៀប​ដែល​យើង​ធ្វើ​ការ​នោះ អាច​ស​ឲ្យ​ឃើញ​នូវ​បុគ្គលិកលក្ខណៈ​នៃ​ព្រះ​ដែល​យើង​តំណាង​ទ្រង់។ យើង​មិន​ធ្វើ​ការ​យឺត​ឬ​ដោយ​កំជិល ហាក់​ដូច​ជា​«លួច»​ម៉ោង​ពី​និយោជក​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ធ្វើ​ការ​អស់​ពី​សមត្ថភាព ហាក់​ដូច​ជា​កំពុង​តែ​ធ្វើ​ការ​នោះ​ថ្វាយ​ព្រះ​យេហូវ៉ា។ (អេភេសូរ ៤:២៨; កូល៉ុស ៣:២៣) នៅ​ប្រទេស​មួយ​នា​ទ្វីប​អឺរ៉ុប​នោះ គេ​ប៉ាន់​ស្មាន​ថា និយោជិត​មួយ​ភាគ​បី​ដែល​សុំ​សំបុត្រ​ពី​គ្រូ​ពេទ្យ​ដើម្បី​សុំ​ច្បាប់​ឈប់​សំរាក​ពី​ការងារ​ព្រោះ​ឈឺ​នោះ តាម​ពិត​មិន​មែន​ឈឺ​ទេ។ អ្នក​បំរើ​ពិត​របស់​ព្រះ​មិន​រក​លេស​ដើម្បី​ចៀស​វាង​ការ​ធ្វើ​ការងារ​ទេ។ ជួន​កាល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​អាច​ទទួល​ឋានៈ​ធំ​ជាង​នៅ​កន្លែង​ធ្វើ​ការ​បាន ពីព្រោះ​និយោជក​កត់​សម្គាល់​នូវ​ភាព​ទៀងត្រង់​និង​កិច្ចការ​ដែល​ធ្វើ​អស់​ពី​ចិត្ត​របស់​ពួក​គាត់។—សុភាសិត ១០:៤

ភាព​ស្មោះ​ត្រង់​ក្នុង​កិច្ចបំរើ​ផ្សាយ​របស់​យើង​ជា​គ្រីស្ទាន

១៤, ១៥​. តើ​យើង​អាច​បង្ហាញ​ភាព​ស្មោះ​ត្រង់​ក្នុង​កិច្ចបំរើ​ផ្សាយ​របស់​យើង​តាម​របៀប​ណា​ខ្លះ?

១៤ តើ​យើង​អាច​បង្ហាញ​ភាព​ស្មោះ​ត្រង់​ក្នុង​កិច្ចបំរើ​ផ្សាយ​ដែល​បាន​ប្រគល់​ដល់​យើង​យ៉ាង​ណា? ព្រះ​គម្ពីរ​ចែង​ថា​៖ «ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ថ្វាយ​ពាក្យ​សរសើរ​ដោយសារ​ទ្រង់ ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់​ដែល​ថ្លែង​ប្រាប់​ពី​ព្រះ​នាម​ទ្រង់»។ (ហេព្រើរ ១៣:១៥) របៀប​ដ៏​ប្រសើរ​បំផុត​ដែល​យើង​អាច​បង្ហាញ​ភាព​ស្មោះ​ត្រង់​ក្នុង​កិច្ចបំរើ​ផ្សាយ គឺ​ដោយ​រួម​ចំណែក​ក្នុង​កិច្ចការ​នោះ​យ៉ាង​ទៀងទាត់។ តើ​គប្បី​ឲ្យ​យើង​ខាន​ធ្វើ​បន្ទាល់​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​ទ្រង់​ក្នុង​កំឡុង​ខែ​ណា​មួយ​ទេ? ការ​រួម​ចំណែក​យ៉ាង​ទៀងទាត់​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​នោះ ក៏​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​បំនិន​និង​ប្រសិទ្ធភាព​ថែម​ទៀត។

១៥ របៀប​ល្អ​មួយ​ទៀត​ដែល​យើង​អាច​បង្ហាញ​ភាព​ស្មោះ​ត្រង់​ក្នុង​កិច្ចបំរើ​ផ្សាយ គឺ​ដោយ​អនុវត្ត​តាម​យោបល់​ដែល​មាន​ក្នុង​ទស្សនាវដ្ដី​ប៉មយាម និង​ក្នុង​ឯកសារ​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង។ ពេល​ដែល​យើង​រៀបចំ​និង​ប្រើ​យោបល់​អំពី​របៀប​និយាយ ឬ​ក៏​ប្រើ​ពាក្យ​ណា​ទៀត​ក៏​បាន​ដែល​មាន​ប្រសិទ្ធភាព​នោះ យើង​បង្កើត​លទ្ធផល​ច្រើន​ជាង​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង មែន​ទេ? ពេល​ដែល​យើង​ជួប​មនុស្ស​ដែល​បង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ តើ​យើង​ប្រញាប់​ទៅ​ជួប​គាត់​ម្ដង​ទៀត​ឬ? ហើយ​ចុះ​យ៉ាង​ណា​ចំពោះ​អ្នក​ចាប់​អារម្មណ៍​ដែល​យល់​ព្រម​ឲ្យ​យើង​ទៅ​បង្រៀន​ព្រះ​គម្ពីរ​នៅ​ឯ​ផ្ទះ​របស់​គាត់? តើ​យើង​ជា​មនុស្ស​ដែល​គាត់​អាច​ទុក​ចិត្ត​ថា នឹង​បំពេញ​ភារកិច្ច​នោះ​ដោយ​ស្មោះ​ត្រង់​ឬ​ទេ? ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់​ក្នុង​កិច្ចបំរើ​ផ្សាយ​របស់​យើង​អាច​នាំ​ឲ្យ​យើង​ទទួល​ជីវិត​បាន ហើយ​ឲ្យ​មនុស្ស​ដែល​ព្រម​ស្ដាប់​យើង​ទទួល​ជីវិត​បាន​ដែរ។—ធីម៉ូថេទី១ ៤:១៥, ១៦

ការ​រក្សា​ខ្លួន​ដោយ​ឡែក​ពី​លោកីយ៍​នេះ

១៦, ១៧​. តើ​យើង​អាច​បង្ហាញ​ថា​យើង​មិន​មែន​ជា​របស់​ផង​លោកីយ៍​ដោយ​របៀប​ណា​ខ្លះ?

១៦ ពេល​ដែល​ព្រះ​យេស៊ូ​បាន​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ​ម្ដង​នោះ ទ្រង់​បាន​មាន​បន្ទូល​អំពី​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា​៖ «ទូល​បង្គំ​បាន​ឲ្យ​ព្រះ​បន្ទូល​ទ្រង់​ដល់​គេ ហើយ​លោកីយ​បាន​ស្អប់​គេ​ពីព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ​ទេ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ។ ទូល​បង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ។ គេ​មិន​មែន​ជា​របស់​ផង​លោកីយ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ»។ (យ៉ូហាន ១៧:១៤​-​១៦) យើង​ប្រហែល​ជា​បាន​តាំង​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​រក្សា​ខ្លួន​ដោយ​ឡែក​ពី​លោកីយ៍​ក្នុង​រឿង​ធំដុំ​មួយ​ចំនួន​ដូច​ជា អព្យាក្រឹតភាព ពិធី​បុណ្យ​ផ្សេងៗ​ខាង​សាសនា ឬ​ខាង​រឿង​សីលធម៌​ជា​ដើម។ ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​ក្នុង​រឿង​តូចតាច​វិញ? ដោយ​ឥត​ដឹង​ខ្លួន តើ​លោកីយ៍​ប្រហែល​ជា​កំពុង​តែ​មាន​ឥទ្ធិពល​លើ​យើង​ទេ? ជា​ឧទាហរណ៍ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ជានិច្ច​នោះ ជា​ការ​ងាយ​ស្រួល​ណាស់​ឲ្យ​របៀប​ស្លៀក​ពាក់​របស់​យើង​ក្លាយ​ជា​មាន​ភាព​មិន​សមរម្យ​ឬ​រហូត​ដល់​មិន​ថ្លៃថ្នូរ​ក៏​មាន! ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់​តម្រូវ​ឲ្យ​យើង​ស្លៀក​ពាក់​សំអិត​សំអាង​«ខ្លួន​តាម​បែប​គួរ​សម​ឲ្យ​ចេះ​អៀន​ខ្លួន»។ (ធីម៉ូថេទី១ ២:៩, ១០) ពិត​មែន​ហើយ «យើង​ខ្ញុំ​ក៏​មិន​បង្អាក់​បង្អន់​ចិត្ត​ដល់​អ្នក​ណា​ក្នុង​កិច្ចការ​អ្វី​ឡើយ ក្រែង​មាន​អ្នក​ណា​ថ្កោល​ទោស​ចំពោះ​ការងារ​នេះ។ ក្នុង​គ្រប់​ការ​ទាំង​អស់​នោះ​យើង​ខ្ញុំ​ខំ​ផ្ទុក​ផ្ដាក់​ខ្លួន​ទុក​ដូច​ជា​អ្នក​បំរើ​ព្រះ»។—កូរិនថូសទី២ ៦:៣, ៤

១៧ ដោយ​មាន​បំណង​ចង់​លើក​កិត្ដិយស​ថ្វាយ​ព្រះ​យេហូវ៉ា យើង​ស្លៀក​ពាក់​បែប​ថ្លៃថ្នូរ​ពេល​ទៅ​កិច្ច​ប្រជុំ​តាម​ក្រុមជំនុំ។ គឺ​ដូច​គ្នា​ដែរ​ពេល​ដែល​យើង​ជួប​ជុំ​គ្នា​ជា​មួយ​មនុស្ស​មួយ​ចំនួន​ធំ​នៅ​ឯ​សន្និបាត​និង​មហា​សន្និបាត​របស់​យើង។ យើង​គួរ​ស្លៀក​ពាក់​បែប​គួរ​សម​និង​សមរម្យ​ផង។ នេះ​អាច​ជួយ​យើង​ធ្វើ​បន្ទាល់​ដល់​មនុស្ស​ដទៃ​ដែល​កំពុង​តែ​មើល​យើង។ សូម្បី​តែ​ពួក​ទេវតា​ក៏​កត់​សម្គាល់​ការ​ប្រព្រឹត្ត​របស់​យើង ដូច​ពេល​ដែល​ពួក​គាត់​បាន​មើល​ប៉ុល​និង​គូកន​គ្រីស្ទាន​របស់​គាត់​ដែរ។ (កូរិនថូសទី១ ៤:៩) តាម​ការ​ពិត យើង​ត្រូវ​ស្លៀក​ពាក់​បែប​គួរ​សម​ជានិច្ច។ បងប្អូន​ខ្លះ​ប្រហែល​ជា​ចាត់​ទុក​ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់​ក្នុង​ជំរើស​ស្លៀក​ពាក់​ជា​រឿង​តូចតាច តែ​ព្រះ​ចាត់​ទុក​នេះ​ជា​រឿង​សំខាន់​វិញ។

ពរ​ដែល​មក​ពី​ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់

១៨, ១៩​. តើ​មាន​ពរ​អ្វី​ខ្លះ​មក​ពី​ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់?

១៨ គ្រីស្ទាន​ពិត​បាន​ត្រូវ​ពណ៌នា​ថា ជា​«អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះ​គុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ»។ ក្នុង​ការ​បំពេញ​ភារកិច្ច​នេះ ពួក​គាត់​«បំរើ​ដោយ​កំឡាំង​ដែល​ព្រះ​ប្រទាន​ឲ្យ»។ (ពេត្រុសទី១ ៤:១០, ១១) ម្យ៉ាង​ទៀត ក្នុង​នាម​ជា​អ្នក​ចែក​ចាយ​នោះ យើង​បាន​ទទួល​បញ្ញើ​មួយ​ដែល​មិន​មែន​ជា​របស់​ផង​យើង​ទេ ពោល​គឺ​អ្វីៗ​ដែល​បង្ហាញ​ពី​ព្រះ​គុណ​របស់​ព្រះ ដែល​រួម​បញ្ចូល​កិច្ចបំរើ​ផ្សាយ​ផង​ដែរ។ ពេល​ដែល​យើង​ខំ​បង្ហាញ​ថា យើង​ជា​អ្នក​ចែក​ចាយ​ដ៏​ល្អ​នោះ យើង​ក៏​ពឹង​ផ្អែក​លើ​កម្លាំង​ដែល​ព្រះ​ប្រទាន​ឲ្យ ពោល​គឺ​«ឥទ្ធិឫទ្ធិ​ដ៏​លើស​លប់»។ (កូរិនថូសទី២ ៤:៧) នេះ​ជា​ការ​បង្ហាត់​បង្រៀន​ដ៏​ល្អ​ដែល​អាច​ជួយ​យើង​ស៊ូទ្រាំ​នូវ​រាល់​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​យើង​ប្រហែល​ជា​នឹង​ជួប​ប្រទះ​នៅ​ពេល​អនាគត!

១៩ អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​ថា​៖ «ឱ​អស់​អ្នក​បរិសុទ្ធ​របស់​ទ្រង់​អើយ! ចូរ​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា​ចុះ! ព្រះ​យេហូវ៉ា​ទ្រង់​ការពារ​មនុស្ស​ស្មោះ​ត្រង់»។ (ទំនុកដំកើង ៣១:២៣) ចូរ​ឲ្យ​យើង​តាំង​ចិត្ត​បង្ហាញ​ភាព​ស្មោះ​ត្រង់​ដោយ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា ព្រះ​យេហូវ៉ា​ជា​«ព្រះ​សង្គ្រោះ​របស់​មនុស្ស​លោក​ទាំង​អស់ ជា​ពិសេស​របស់​អ្នក[«ស្មោះ​ត្រង់»​, ព.ថ.]»។—ធីម៉ូថេទី១ ៤:១០, ខ.ស.

តើ​អ្នក​ចាំ​ទេ?

• ហេតុ​អ្វី​ក៏​យើង​គួរ​«ស្មោះ​ត្រង់​ក្នុង​ការ​តូច​បំផុត»?

• តើ​យើង​បង្ហាញ​ភាព​ស្មោះ​ត្រង់​បាន​យ៉ាង​ណា:

ដោយ​មាន​ភាព​ទៀងត្រង់?

ក្នុង​កិច្ចបំរើ​ផ្សាយ​របស់​យើង?

ក្នុង​ការ​រក្សា​ខ្លួន​ដោយ​ឡែក​ពី​លោកីយ៍?

[រូបភាព​នៅ​ទំព័រ​២៤]

ស្មោះ​ត្រង់​ក្នុង​ការ​តូច​បំផុត ស្មោះ​ត្រង់​ក្នុង​ការ​ធំ

[រូបភាព​នៅ​ទំព័រ​២៧]

‹ចូរ​ប្រព្រឹត្ត​ដោយ​ទៀងត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់›

[រូបភាព​នៅ​ទំព័រ​២៧]

របៀប​មួយ​ដែល​យើង​អាច​បង្ហាញ​ភាព​ស្មោះ​ត្រង់​គឺ​ដោយ​រៀបចំ​យ៉ាង​ល្អ​សំ​រាប់​កិច្ចបំរើ​ផ្សាយ​របស់​យើង

[រូបភាព​នៅ​ទំព័រ​២៨]

ចូរ​ស្លៀក​ពាក់​សំអិត​សំអាង​ខ្លួន​បែប​គួរ​សម

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក