ព្រះយេហូវ៉ានឹង«រកយុត្ដិធម៌អោយ»រាស្ត្រទ្រង់
«ពួករើសតាំងរបស់ទ្រង់ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ នោះតើទ្រង់មិនសងសឹកជំនួស[ឬ«រកយុត្ដិធម៌អោយ»] គេដែរទេឬអី?»។—លូកា ១៨:៧; ខ.ស.
១. តើអ្នកណាជាទីលើកទឹកចិត្តអ្នក? ហើយហេតុអ្វី?
ទូទាំងពិភពលោកពួកស្មរបន្ទាល់ព្រះយេហូវ៉ាមានចិត្តរីករាយក្នុងការសេពគប់ជាមួយបងប្អូនគ្រិស្តសាសនិកដែលបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់យូរឆ្នាំហើយ។ តើអ្នកធ្លាប់ស្និទ្ធស្នាលនឹងបងប្អូនខ្លះទាំងនេះដែលគួរឲ្យរាប់អានទេ? ប្រហែលជាអ្នកកំពុងតែគិតពីអ៊ំស្រីម្នាក់ដែលបានធ្វើបុណ្យជ្រមុជទឹកយូរឆ្នាំហើយ តែកម្រណាស់ដែលគាត់ខានចូលប្រជុំនៅឯសាលព្រះរាជាណាចក្រ។ ឬមួយក៏អ្នកប្រហែលជាគិតពីអ៊ំប្រុសម្នាក់ដែលទៅផ្សព្វផ្សាយជាមួយក្រុមជំនុំយ៉ាងទៀងទាត់រាល់សប្ដាហ៍ ដែលជាទម្លាប់គាត់ច្រើនឆ្នាំហើយ។ ប្រហែលជាបងប្អូនទាំងនេះដែលបម្រើព្រះយ៉ាងស្មោះត្រង់មិនដែលនឹកស្មានថាអើម៉ាគេដូននឹងមកយឺតរហូតមកដល់ពេលនេះទេ។ ហើយទោះជាលោកិយដ៏អយុត្ដិធម៌នេះកំពុងតែនៅមានក៏ដោយ ពួកគាត់នៅតែមានទំនុកចិត្តរឹងមាំទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា ហើយពួកគាត់ក៏មិនរសាយក្ដីព្យាយាមក្នុងការ«កាន់ខ្ជាប់ដរាបដល់ចុងបំផុត»ទេ។ (ម៉ាថាយ ២៤:១៣) ជម្រៅចិត្តនៃភាពស្មោះត្រង់របស់អ្នកបម្រើទាំងនេះដែលមានចិត្តភក្ដីចំពោះព្រះយេហូវ៉ា ពិតជាលើកទឹកចិត្តក្រុមជំនុំទាំងមូលមែន។—ទំនុកដំកើង ១៤៧:១១
២. តើអ្វីធ្វើឲ្យយើងសោកស្ដាយ?
២ ប៉ុន្តែ ម្ដងម្កាលយើងឃើញបងប្អូនឯទៀតមានចិត្តគំនិតខុសពីបងប្អូនទាំងនោះ។ ស្មរបន្ទាល់ខ្លះធ្លាប់ធ្វើកិច្ចបម្រើផ្សាយច្រើនឆ្នាំ តែយូរៗទៅជំនឿរបស់ពួកគេលើព្រះយេហូវ៉ាបានចុះខ្សោយវិញ ហើយពួកគេឈប់មានទំនាក់ទំនងជាមួយក្រុមជំនុំនៃពួកគ្រិស្តសាសនិកទៀត។ យើងសោកស្ដាយណាស់ដែលបងប្អូនខ្លះបានចាកចេញពីព្រះយេហូវ៉ា តែយើងប្រាថ្នាអស់ពីចិត្តចង់ជួយ«ចៀមបាត់បង់»នោះឲ្យវិលមកឯហ្វូងចៀមវិញ។ (ទំនុកដំកើង ១១៩:១៧៦; រ៉ូម ១៥:១) ដោយសារអ្នកខ្លះរក្សាភាពស្មោះត្រង់រហូត ហើយខ្លះបាត់បង់ជំនឿវិញ នេះបណ្ដាលឲ្យមានចម្ងល់ខ្លះ ពោលគឺ សូម្បីបងប្អូនខ្លះឈប់មានជំនឿ តើអ្វីបានជួយស្មរបន្ទាល់ជាច្រើនឲ្យជឿទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ារហូត? តើយើងអាចធ្វើអ្វីដើម្បីមានជំនឿរឹងមាំជានិច្ច ថា«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់»នោះ? (សេផានា ១:១៤) ឥឡូវយើងសូមពិនិត្យមើលរឿងប្រៀបប្រដូចមួយដែលបានកត់ទុកក្នុងសៀវភៅលូកា។
ការព្រមានចំពោះអស់អ្នកដែលរស់នៅគ្រា‹កូនមនុស្សមក›
៣. តើអ្នកណាអាចទទួលប្រយោជន៍ច្រើនបំផុតពីរឿងប្រៀបប្រដូចអំពីស្ត្រីមេម៉ាយនិងចៅក្រម? ហើយហេតុអ្វី?
៣ នៅលូកា ជំពូក១៨ យើងអានរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីស្ត្រីមេម៉ាយម្នាក់និងចៅក្រមមួយរូប។ រឿងនេះមានលក្ខណៈស្រដៀងនឹងរឿងប្រៀបប្រដូចអំពីម្ចាស់ផ្ទះដែលចេះតែទទូចអង្វរមិត្តសម្លាញ់ ដែលយើងបានពិនិត្យមើលក្នុងអត្ថបទមុននេះ។ (លូកា ១១:៥-១៣) ប៉ុន្តែ ពេលមើលបរិបទឬខជុំវិញរឿងប្រៀបប្រដូចនេះ នោះបង្ហាញថារឿងអំពីស្ត្រីមេម៉ាយនិងចៅក្រមសំដៅជាពិសេសទៅលើមនុស្សដែលរស់នៅគ្រា‹កូនមនុស្សមក› ដែលបានចាប់ផ្ដើមនៅឆ្នាំ១៩១៤។—លូកា ១៨:៨a
៤. មុនព្រះយេស៊ូមានបន្ទូលប្រាប់រឿងប្រៀបប្រដូចនៅលូកាជំពូក១៨ តើទ្រង់ពន្យល់អំពីអ្វី?
៤ មុនព្រះយេស៊ូមានបន្ទូលប្រាប់រឿងប្រៀបប្រដូចនោះ ទ្រង់ពន្យល់ថាមនុស្សនឹងសម្គាល់វត្តមានរបស់ទ្រង់យ៉ាងច្បាស់ពេលទ្រង់កាន់អំណាចក្នុងព្រះរាជាណាចក្ររបស់ព្រះ។ វត្តមានទ្រង់ឃើញច្បាស់«ដូចជាផ្លេកបន្ទោរ»ដែល«ភ្លឺផ្លេកៗពីជើងមេឃម្ខាងដល់ជើងមេឃម្ខាង»។ (លូកា ១៧:២៤; ២១:១០, ២៩-៣៣) យ៉ាងណាក៏ដោយ មនុស្សភាគច្រើនដែលរស់នៅ«គ្រាចុងបំផុត»មិនយកចិត្តទុកដាក់ចំពោះទីសំអាងដែលបង្ហាញយ៉ាងច្បាស់នោះទេ។ (ដានីយ៉ែល ១២:៤) ហេតុអ្វី? ពួកគេមិនអើពើចំពោះការព្រមានរបស់ព្រះយេហូវ៉ាដូចមនុស្សនៅសម័យលោកណូអេនិងឡុត ដ្បិតគ្រានោះមនុស្ស‹កំពុងតែស៊ីផឹក លក់ដូរ ដាំដំណាំ ហើយសង់ផ្ទះដរាបដល់ថ្ងៃនោះមកបំផ្លាញគេអស់›។ (លូកា ១៧:២៦-២៩) មនុស្សសម័យនោះបាត់បង់ជីវិតពីព្រោះពួកគេជាប់រវល់នឹងអ្វីដែលគេធ្វើជាប្រចាំដល់ម្ល៉េះបានជាមិនយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះ។ (ម៉ាថាយ ២៤:៣៩) មនុស្សភាគច្រើននៅសព្វថ្ងៃនេះមានចិត្តគំនិតដូចគ្នាដែរ គឺរវល់នឹងកិច្ចការប្រចាំថ្ងៃដល់ម្ល៉េះបានជាមិនទទួលស្គាល់ទីសំអាងដែលបង្ហាញថា ទីបញ្ចប់របស់លោកិយនេះដែលមិនគោរពព្រះ នោះជិតមកដល់ហើយ!—លូកា ១៧:៣០
៥. (ក) តើព្រះយេស៊ូមានបន្ទូលព្រមានអ្នកណា? ហើយហេតុអ្វី? (ខ) តើអ្វីនាំឲ្យអ្នកខ្លះបាត់បង់ជំនឿទៅលើព្រះ?
៥ គឺច្បាស់ហើយ ព្រះយេស៊ូមានព្រះទ័យព្រួយបន្ដិចដែរ ថាលោកិយនេះរបស់សាតាំងងាយបង្វែរអារម្មណ៍អ្នកកាន់តាមទ្រង់ខ្លាំងដល់ម្ល៉េះបានជាពួកគេប្រហែលជានឹង«ត្រឡប់»ទៅរករបស់ដែលគេបានលះបង់ពីមុន។ (លូកា ១៧:២២, ៣១) ហើយគ្រិស្តសាសនិកខ្លះបានធ្វើដូច្នេះមែន។ បងប្អូនខ្លះបានទន្ទឹងចាំយ៉ាងយូរ នូវថ្ងៃដែលព្រះយេហូវ៉ានឹងបំផ្លាញលោកិយអាក្រក់នេះចោល។ ប៉ុន្តែ ពេលអើម៉ាគេដូនមិនទាន់បានមកចំពេលដែលពួកគេគិតនោះ ពួកគេបាក់ទឹកចិត្តវិញ។ ពួកគេលែងមានទំនុកចិត្តថាថ្ងៃជំនុំជម្រះរបស់ព្រះយេហូវ៉ាជិតមកដល់ហើយ។ ពួកគេមិនសូវមានសកម្មភាពដូចមុនក្នុងកិច្ចបម្រើផ្សាយ ហើយបន្ដិចម្ដងៗពួកគេជាប់រវល់នឹងជីវិតដល់ម្ល៉េះបានជាគ្មានពេលថ្វាយបង្គំព្រះយេហូវ៉ា។ (លូកា ៨:១១, ១៣, ១៤) គួរឲ្យស្ដាយណាស់! យូរៗទៅ ពួកគេបាន«ត្រឡប់»ទៅរកអ្វីដែលគេបានលះបង់ចោលពីមុន។
យើង«ត្រូវតែអធិស្ឋានជានិច្ច»
៦-៨. (ក) សូមរៀបរាប់នូវរឿងប្រៀបប្រដូចអំពីស្ត្រីមេម៉ាយនិងចៅក្រម។ (ខ) តើព្រះយេស៊ូពន្យល់អត្ថន័យរឿងនោះយ៉ាងណា?
៦ បើយើងចង់រក្សាឲ្យមានជំនឿរឹងមាំថាសេចក្ដីសន្យារបស់ព្រះយេហូវ៉ានឹងសម្រេចជាមិនខាននោះ តើយើងគួរធ្វើអ្វី? (ហេព្រើរ ៣:១៤) ព្រះយេស៊ូពន្យល់ចំណុចនេះភ្លាមៗក្រោយទ្រង់ព្រមានសិស្សទ្រង់កុំឲ្យចូលទៅក្នុងរបបលោកិយអាក្រក់របស់សាតាំងម្ដងទៀត។
៧ លោកលូការៀបរាប់ថា ព្រះយេស៊ូ«មានបន្ទូលជាពាក្យប្រៀបប្រដូចទៅគេដើម្បីនឹងបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ»។ ព្រះយេស៊ូមានបន្ទូលថា៖ «នៅក្នុងក្រុង១មានចៅក្រមម្នាក់ដែលមិនកោតខ្លាចដល់ព្រះ ក៏មិនព្រឹមញញើតចំពោះមនុស្សណាផង។ ហើយមានស្ត្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ នាងចេះតែមកនិយាយនឹងលោកនោះថា៖ ‹សូមលោកកាត់ទោសដល់ខ្មាំងសត្រូវ[ឬ«រកយុត្ដិធម៌»]ឲ្យខ្ញុំផង› តែលោកមិនទទួលព្រមជាយូរក្រែលហើយ។ លុះក្រោយមក[លោក]គិតក្នុងចិត្តថា ‹ទោះបើអញមិនខ្លាចដល់ព្រះឬព្រឹមញញើតចំពោះមនុស្សណាក៏ដោយ គង់តែអញនឹងជំនុំជំរះឲ្យស្ត្រីមេម៉ាយនេះជាមិនខាន ដោយព្រោះនាងនាំឲ្យរំខានចិត្តអញខ្លាំងណាស់ ក្រែងនាងចេះតែមករំអុកជានិច្ចដូច្នេះទៅ នឹងនាំឲ្យអញពិបាកចិត្តទៅទៀត›»។
៨ ក្រោយព្រះយេស៊ូមានបន្ទូលប្រាប់រឿងនោះ ទ្រង់ពន្យល់អត្ថន័យនេះថា៖ «ចូរពិចារណាសេចក្ដីដែលចៅក្រមទុច្ចរិតនោះនិយាយចុះ! ចំណែកព្រះវិញ ដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ដល់ពួករើសតាំងរបស់ទ្រង់ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ នោះតើទ្រង់មិនសងសឹកជំនួស[ឬ«រកយុត្ដិធម៌អោយ»]គេដែរទេឬអី? ខ្ញុំប្រាប់អ្នករាល់គ្នាថា ទ្រង់នឹងសងសឹកជំនួស[ឬ«រកយុត្ដិធម៌អោយ»]អ្នកទាំងនោះជាប្រញាប់មិនខាន។ ប៉ុន្តែ កាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្ដីជំនឿនៅផែនដីដែរឬដូចម្ដេច?»។—លូកា ១៨:១-៨; ខ.ស.
‹សូមរកយុត្ដិធម៌ឲ្យខ្ញុំផង›
៩. តើរឿងប្រៀបប្រដូចអំពីស្ត្រីមេម៉ាយនិងចៅក្រមមានមូលបទច្បាស់លាស់អ្វី?
៩ យើងអាចសម្គាល់មូលបទនៃរឿងប្រៀបប្រដូចនេះយ៉ាងច្បាស់លាស់ ដ្បិតតួអង្គទាំងពីរក្នុងរឿងនេះ ហើយព្រះយេស៊ូផងបានប្រាប់ពីមូលបទនោះ។ ស្ត្រីមេម៉ាយបានអង្វរថា៖ ‹សូមលោករកយុត្ដិធម៌ឲ្យខ្ញុំផង›។ ចៅក្រមក៏មានប្រសាសន៍ថា៖ «អញនឹងជំនុំជំរះឲ្យស្ត្រីមេម៉ាយនេះជាមិនខាន»។ ហើយព្រះយេស៊ូបានសួរថា៖ «តើទ្រង់មិនសងសឹកជំនួស[ឬ«រកយុត្ដិធម៌អោយ»]គេដែរទេឬអី?»។ រួចមក ព្រះយេស៊ូមានបន្ទូលអំពីព្រះយេហូវ៉ាថា៖ «ទ្រង់នឹងសងសឹកជំនួស[ឬ«រកយុត្ដិធម៌អោយ»]អ្នកទាំងនោះជាប្រញាប់មិនខាន»។ (លូកា ១៨:៣, ៥, ៧, ៨; ខ.ស.) តើព្រះយេហូវ៉ានឹង«រកយុត្ដិធម៌អោយ»មនុស្សនៅពេលណា?
១០. (ក) នៅសតវត្សរ៍ទីមួយ តើគ្រាសងសឹកបានមកដល់នៅពេលណា? (ខ) នៅសព្វថ្ងៃនេះ តើព្រះយេហូវ៉ានឹងរកយុត្ដិធម៌ឲ្យរាស្ត្រទ្រង់នៅពេលណា? តើទ្រង់នឹងរកយុត្ដិធម៌ឲ្យពួកគេដោយរបៀបណា?
១០ នៅសតវត្សរ៍ទីមួយ «គ្រាសងសឹក» (ឬ‹គ្រាធ្វើទោស›) បានមកលើទីក្រុងយេរូសាឡិមនៅឆ្នាំ៧០ គ.ស.។ (លូកា ២១:២២; ខ.ស.) នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ានឹងរកយុត្ដិធម៌ឲ្យរាស្ត្រទ្រង់នៅ«ថ្ងៃដ៏ធំរបស់[ទ្រង់]»។ (សេផានា ១:១៤; ម៉ាថាយ ២៤:២១) នៅគ្រានោះ ព្រះយេហូវ៉ានឹង«សងសេចក្ដីទុក្ខលំបាកដល់ពួកអ្នកដែលធ្វើទុក្ខដល់»រាស្ត្រទ្រង់។ ព្រះយេហូវ៉ានឹងសម្រេចការនោះតាមរយៈព្រះយេស៊ូគ្រិស្តក្នុងកាលដែលទ្រង់«សងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង»។—ថែស្សាឡូនីចទី២ ១:៦-៨; រ៉ូម ១២:១៩
១១. តើព្រះនឹងរកយុត្ដិធម៌ឲ្យរាស្ត្រទ្រង់«ជាប្រញាប់»យ៉ាងដូចម្ដេច?
១១ តើយើងគួរយល់យ៉ាងណានូវបន្ទូលរបស់ព្រះយេស៊ូដែលធានាថា ព្រះយេហូវ៉ានឹងរកយុត្ដិធម៌ឲ្យរាស្ត្រទ្រង់«ជាប្រញាប់»? ព្រះបន្ទូលរបស់ព្រះបង្ហាញថា ទោះជាព្រះយេហូវ៉ា«មានព្រះហឫទ័យអត់ធ្មត់»ក៏ពិតមែន តែទ្រង់នឹងរកយុត្ដិធម៌ឲ្យរាស្ត្រទ្រង់ភ្លាមៗនៅពេលកំណត់របស់ទ្រង់មកដល់។ (លូកា ១៨:៧, ៨; ពេត្រុសទី២ ៣:៩, ១០) នៅសម័យលោកណូអេ មនុស្សអាក្រក់បានត្រូវបំផ្លាញចោលភ្លាមពេលទឹកជំនន់មកដល់។ ដូចគ្នាដែរនៅសម័យលោកឡុត មនុស្សបាត់បង់ជីវិតភ្លាមពេលមានភ្លើងធ្លាក់ពីលើមេឃមកលើពួកគេដូចជាភ្លៀង។ ហើយព្រះយេស៊ូមានបន្ទូលថា៖ «នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏នឹងកើតមានដូច្នោះដែរ»។ (លូកា ១៧:២៧-៣០) នៅគ្រានោះ ‹សេចក្ដីហិនវិនាសនឹងមកលើមនុស្សអាក្រក់ភ្លាម›។ (ថែស្សាឡូនីចទី១ ៥:២, ៣) ប្រាកដហើយ យើងអាចទុកចិត្តទាំងស្រុងលើភាពយុត្ដិធម៌របស់ព្រះយេហូវ៉ាថា ទ្រង់នឹងមិនអនុញ្ញាតឲ្យលោកិយរបស់សាតាំងគង់វង្សយូរទៀតនោះទេ។
«ព្រះអង្គនឹងរកយុត្ដិធម៌អោយគេ»
១២, ១៣. (ក) តើរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីស្ត្រីមេម៉ាយនិងចៅក្រមបង្រៀនយើងយ៉ាងណា? (ខ) ហេតុអ្វីយើងអាចជឿជាក់ថា ព្រះយេហូវ៉ានឹងព្រះសណ្ដាប់សេចក្ដីអធិស្ឋានរបស់យើងហើយរកយុត្ដិធម៌ឲ្យ?
១២ រឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីស្ត្រីមេម៉ាយនិងចៅក្រមក៏បញ្ជាក់ពីសេចក្ដីពិតសំខាន់ៗឯទៀតដែរ។ ព្រះយេស៊ូបានពន្យល់ពីអត្ថន័យរឿងនោះថា៖ «ចូរពិចារណាសេចក្ដីដែលចៅក្រមទុច្ចរិតនោះនិយាយចុះ! ចំណែកព្រះ[ចំពោះ]ពួករើសតាំងរបស់ទ្រង់ . . . តើទ្រង់មិនសងសឹកជំនួស[ឬ«រកយុត្ដិធម៌អោយ»]គេដែរទេឬអី?»។ តាមពិត ព្រះយេស៊ូមិនមានបន្ទូលថាព្រះយេហូវ៉ានឹងប្រព្រឹត្តលើពួកអ្នកដែលជឿទៅលើទ្រង់ ដូចរបៀបចៅក្រមបានប្រព្រឹត្តលើស្ត្រីមេម៉ាយនោះទេ។ ផ្ទុយទៅវិញ ព្រះយេស៊ូបង្រៀនពួកអ្នកកាន់តាមទ្រង់នូវមេរៀនមួយអំពីព្រះយេហូវ៉ាដោយបញ្ជាក់ពីលក្ខណៈខុសគ្នាឆ្ងាយរវាងព្រះនិងចៅក្រមនោះ។ តើព្រះយេហូវ៉ាមានលក្ខណៈខុសគ្នាអ្វីខ្លះពីចៅក្រមក្នុងរឿងនោះ?
១៣ ចៅក្រមក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូជាមនុស្ស«ទុច្ចរិត» តែ«ព្រះទ្រង់ជាចៅក្រមសុចរិត»វិញ។ (ទំនុកដំកើង ៧:១១; ៣៣:៥) ចៅក្រមក្នុងរឿងនោះមិនចាប់អារម្មណ៍ចំពោះស្ត្រីមេម៉ាយទេ តែព្រះយេហូវ៉ាយកព្រះទ័យទុកដាក់ចំពោះមនុស្សម្នាក់ៗវិញ។ (របាក្សត្រទី២ ៦:២៩, ៣០) ចៅក្រមមិនចង់ជួយស្ត្រីមេម៉ាយទេ តែព្រះយេហូវ៉ាសព្វព្រះហឫទ័យយ៉ាងខ្លាំង គឺមានព្រះទ័យចង់ជួយអស់អ្នកដែលបម្រើទ្រង់។ (អេសាយ ៣០:១៨, ១៩) តើមានមេរៀនអ្វីសម្រាប់យើង? គឺមានមេរៀនថា បើចៅក្រមទុច្ចរិតបានស្ដាប់តាមសំណូមពររបស់ស្ត្រីមេម៉ាយនោះ ហើយបានរកយុត្ដិធម៌ឲ្យគាត់ នោះព្រះយេហូវ៉ាច្បាស់ជានឹងស្ដាប់សេចក្ដីអធិស្ឋានរបស់រាស្ត្រទ្រង់ជាងអម្បាលម៉ានទៅទៀត ហើយនឹងរកយុត្ដិធម៌ឲ្យពួកគេផង!—សុភាសិត ១៥:២៩
១៤. ហេតុអ្វីក៏យើងមិនគួរបាត់បង់ជំនឿថាថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់?
១៤ ដូច្នេះ ចំពោះមនុស្សដែលបាត់បង់ជំនឿមុនថ្ងៃរបស់ព្រះយេហូវ៉ាមកដល់នោះ ពួកគេមានកំហុសដ៏ធ្ងន់ដែលគួរឲ្យសោកស្ដាយ។ ហេតុអ្វី? ពីព្រោះពេលគេឈប់មានជំនឿមុតមាំថា«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា»ជិតមកដល់នោះ នេះគឺហាក់ដូចជាគេសង្ស័យថាព្រះយេហូវ៉ាមិនអាចទុកចិត្តបានក្នុងការធ្វើតាមសេចក្ដីសន្យារបស់ទ្រង់។ ប៉ុន្តែ គ្មាននរណាមានសិទ្ធិចោទទៅលើភាពស្មោះត្រង់របស់ព្រះយេហូវ៉ាឡើយ។ (យ៉ូប ៩:១២) សំណួរសំខាន់គឺថា តើយើងនឹងរក្សាឲ្យមានភាពស្មោះត្រង់ចំពោះព្រះឬទេ? នេះហើយជាចំណុចដែលព្រះយេស៊ូបានបញ្ជាក់ពេលបញ្ចប់សេចក្ដីក្នុងរឿងប្រៀបប្រដូចអំពីស្ត្រីមេម៉ាយនិងចៅក្រម។
‹តើទ្រង់នឹងឃើញមានជំនឿនេះនៅផែនដីឬ?›
១៥. (ក) តើព្រះយេស៊ូសួរសំណួរអ្វី? ហើយហេតុអ្វី? (ខ) តើយើងគួរសួរខ្លួនឯងនូវសំណួរអ្វី?
១៥ ព្រះយេស៊ូបានសួរសំណួរគួរឲ្យចាប់អារម្មណ៍ថា៖ «កាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្ដីជំនឿ[«នេះ»]នៅផែនដីដែរឬដូចម្ដេច?»។ (លូកា ១៨:៨; ព.ថ.) ឃ្លាដែលថា ‹ជំនឿនេះ› បង្ហាញថាព្រះយេស៊ូមិនសំដៅទៅលើជំនឿទូទៅទេ តែសំដៅទៅលើជំនឿពិសេសម្យ៉ាង គឺជំនឿដូចស្ត្រីមេម៉ាយនោះ។ ព្រះយេស៊ូមិនបានឆ្លើយសំណួររបស់ទ្រង់ទេ ដ្បិតទ្រង់បានសួរសំណួរនោះដើម្បីជំរុញសិស្សទ្រង់ឲ្យពិនិត្យមើលថា តើពួកគេមានជំនឿបែបនោះឬអត់? តើជំនឿរបស់ពួកគេចេះតែខ្សោយទៅៗដល់ម្ល៉េះបានជាពួកគេហៀបនឹងត្រឡប់ទៅរកអ្វីដែលគេបានលះបង់ចោលពីមុនឬ? ឬក៏តើពួកគេមានជំនឿដូចស្ត្រីមេម៉ាយវិញ? សព្វថ្ងៃនេះយើងគួរសួរខ្លួនឯងដែរ ថា‹តើ«កូនមនុស្ស»ឃើញថាខ្ញុំមានជំនឿបែបណា?›។
១៦. តើស្ត្រីមេម៉ាយក្នុងរឿងនោះមានជំនឿបែបណា?
១៦ បើយើងចង់រួមចំណែកក្នុងចំណោមពួកអ្នកដែលព្រះយេហូវ៉ានឹងរកយុត្ដិធម៌ឲ្យ យើងត្រូវធ្វើតាមគំរូរបស់ស្ត្រីមេម៉ាយនោះ។ តើគាត់មានជំនឿបែបណា? ស្ត្រីមេម៉ាយនោះបានបង្ហាញថាគាត់មានជំនឿដោយ‹ចេះតែនិយាយ›ជាមួយនឹងចៅក្រមម្ដងហើយម្ដងទៀតថា៖ ‹សូមលោករកយុត្ដិធម៌អោយខ្ញុំផង›។ ស្ត្រីមេម៉ាយនោះបានទទូចសូមម្ដងហើយម្ដងទៀតឲ្យមនុស្សទុច្ចរិតម្នាក់រកយុត្ដិធម៌ឲ្យគាត់។ ស្រដៀងគ្នាដែរ រាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះក៏អាចមានទំនុកចិត្តខ្លាំងថា ព្រះយេហូវ៉ានឹងរកយុត្ដិធម៌ឲ្យរាស្ត្រទ្រង់ មិនថាយឺតជាងពួកគេបាននឹកស្មានក្ដី។ ម្យ៉ាងទៀត រាស្ត្ររបស់ព្រះយេហូវ៉ាបង្ហាញទំនុកចិត្តទៅលើសេចក្ដីសន្យារបស់ទ្រង់ដោយអធិស្ឋានម្ដងហើយម្ដងទៀត ហើយ«អំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ»។ (លូកា ១៨:៧) ប្រាកដហើយ បើគ្រិស្តសាសនិកម្នាក់ឈប់អធិស្ឋានសូមព្រះយេហូវ៉ារកយុត្ដិធម៌ឲ្យគាត់ នេះបង្ហាញថាគាត់បាត់បង់ទំនុកចិត្តថាព្រះយេហូវ៉ានឹងចាត់វិធានការជួយអ្នកបម្រើទ្រង់។
១៧. ហេតុអ្វីក៏យើងគួរអធិស្ឋានម្ដងហើយម្ដងទៀតនិងរក្សាឲ្យមានជំនឿថាថ្ងៃជំនុំជម្រះរបស់ព្រះយេហូវ៉ានឹងមកជាពុំខាន?
១៧ កាលៈទេសៈក្នុងជីវិតស្ត្រីមេម៉ាយបញ្ជាក់ពីមូលហេតុផ្សេងទៀតដែលយើងគួរអធិស្ឋានម្ដងហើយម្ដងទៀត។ សូមគិតអំពីស្ថានភាពខុសគ្នារវាងយើងនិងគាត់។ ស្ត្រីមេម៉ាយនោះបានទៅជួបចៅក្រមម្ដងហើយម្ដងទៀត ទោះជាគ្មានអ្នកណាលើកទឹកចិត្តឲ្យគាត់ធ្វើដូច្នេះក៏ដោយ។ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះលើកទឹកចិត្តយើងឲ្យអធិស្ឋានម្ដងហើយម្ដងទៀតជានិច្ចដោយដាស់តឿនថា៖ «ចូរឲ្យខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន»។ (រ៉ូម ១២:១២) ណាមួយទៀត គ្មាននរណាធានាថាស្ត្រីមេម៉ាយនឹងទទួលលទ្ធផលតាមដែលគាត់សូមនោះទេ តែព្រះយេហូវ៉ាបានសន្យាថាទ្រង់នឹងរកយុត្ដិធម៌ឲ្យយើងមែន។ ព្រះយេហូវ៉ាមានបន្ទូលតាមរយៈព្យាការីទ្រង់ថា៖ «បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ! ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ»។ (ហាបាគុក ២:៣; ទំនុកដំកើង ៩៧:១០) ស្ត្រីមេម៉ាយគ្មានអ្នកអង្វរជួសគាត់ដើម្បីមានឥទ្ធិពលថែមទៀតទេ។ ប៉ុន្តែ យើងមានអ្នកជំនួយដែលមានព្រះចេស្ដាខ្លាំងក្លា គឺព្រះយេស៊ូដែល«គង់នៅខាងស្ដាំនៃព្រះ ហើយ[ទ្រង់]ជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ»។ (រ៉ូម ៨:៣៤; ហេព្រើរ ៧:២៥) ដូច្នេះ បើស្ត្រីមេម៉ាយបានទទូចសូមម្ដងហើយម្ដងទៀតឲ្យចៅក្រមរកយុត្ដិធម៌ឲ្យគាត់ ទោះជាមានកាលៈទេសៈពិបាកក្ដី នោះយើងក៏គួររក្សាឲ្យមានជំនឿខ្លាំងដែរ ថាថ្ងៃជំនុំជម្រះរបស់ព្រះយេហូវ៉ានឹងមកជាពុំខាន!
១៨. តើសេចក្ដីអធិស្ឋានអាចជួយពង្រឹងជំនឿដើម្បីទទួលក្ដីជំនុំជម្រះដោយយុត្ដិធម៌យ៉ាងដូចម្ដេច?
១៨ រឿងប្រៀបប្រដូចអំពីស្ត្រីមេម៉ាយនិងចៅក្រមបង្រៀនយើងថា សេចក្ដីអធិស្ឋាននិងជំនឿត្រូវផ្សារភ្ជាប់គ្នា ហើយការអធិស្ឋានម្ដងហើយម្ដងទៀតជានិច្ចអាចជួយយើងយកឈ្នះលើអ្វីៗដែលអាចបង្ខូចជំនឿរបស់យើង។ ប៉ុន្តែនេះមិនមានន័យថា ការធ្វើពុតជាអ្នកអធិស្ឋាននឹងជួយកុំឲ្យយើងបាត់បង់ជំនឿនោះទេ។ (ម៉ាថាយ ៦:៧, ៨) ផ្ទុយទៅវិញ ពេលចិត្តយើងជំរុញឲ្យអធិស្ឋានដោយព្រោះទទួលស្គាល់ថាជីវិតយើងពឹងទាំងស្រុងលើព្រះយេហូវ៉ា នោះសេចក្ដីអធិស្ឋាននឹងជួយយើងចូលកាន់តែជិតនឹងទ្រង់ដែរ ហើយនេះក៏ពង្រឹងជំនឿរបស់យើងផង។ ហើយដោយសារយើងត្រូវការជំនឿដើម្បីទទួលសេចក្ដីសង្គ្រោះ នោះមិនជាការងឿងឆ្ងល់អ្វីឡើយដែលព្រះយេស៊ូបានដាស់តឿនសិស្សរបស់ទ្រង់ឲ្យ«អធិស្ឋានជានិច្ច [ហើយ]ឥតរសាយចិត្តឡើយ!»។ (លូកា ៨:១; ថែស្សាឡូនីចទី២ ៣:១៣) ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកជាពុំខាន មិនថាយើងអធិស្ឋានសូមឲ្យ«ថ្ងៃដ៏ធំរបស់[ទ្រង់]»មកឬអត់ក្ដី។ ប៉ុន្តែ ការសង្ឃឹមថាព្រះយេហូវ៉ានឹងជំនុំជម្រះយើងដោយយុត្ដិធម៌ ហើយសម្រេចព្រះទ័យឲ្យយើងរួចរស់ជីវិតពីសង្គ្រាមរបស់ទ្រង់ នោះពិតជាអាស្រ័យលើជំនឿរបស់យើងនិងទម្លាប់អធិស្ឋានផងដែរ។
១៩. តើយើងបង្ហាញយ៉ាងណាថា យើងជឿជាក់ថាព្រះយេហូវ៉ានឹង«រកយុត្ដិធម៌អោយ»យើង?
១៩ យើងនឹកចាំសំណួរដែលព្រះយេស៊ូបានសួរថា៖ «កាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្ដីជំនឿ[«នេះ»]នៅផែនដីដែរឬដូចម្ដេច?»។ តើអាចឆ្លើយសំណួរគួរឲ្យចាប់អារម្មណ៍នេះបានយ៉ាងណា? យើងរីករាយណាស់ថា រាស្ត្រស្មោះត្រង់រាប់លាននាក់ទូទាំងពិភពលោកសព្វថ្ងៃនេះកំពុងតែបង្ហាញថាពួកគេមានជំនឿបែបនោះមែន! ហើយសេចក្ដីអធិស្ឋាន ចិត្តអត់ធ្មត់និងការខ្នះខ្នែងរបស់ពួកគេជាទីសំអាងពីជំនឿរបស់ពួកគេ។ ត្រូវមែន ទោះជាលោកិយរបស់សាតាំងចេះតែប្រព្រឹត្តដោយអយុត្ដិធម៌លើយើងក៏ដោយ យើងនៅតែជឿជាក់ថា ព្រះយេហូវ៉ានឹង«រកយុត្ដិធម៌អោយអស់អ្នកដែលព្រះអង្គបានជ្រើសរើស»។
[កំណត់សម្គាល់]
a ដើម្បីយល់កាន់តែច្បាស់នូវអត្ថន័យនៃរឿងប្រៀបប្រដូចនេះ សូមអានលូកា ១៧:២២-៣៣។ សូមកត់សម្គាល់ទំនាក់ទំនងរវាងឃ្លាដែលសំដៅទៅលើ«កូនមនុស្ស»នៅលូកា ១៧:២២, ២៤, ៣០ និងសំណួរនៅលូកា ១៨:៨។
តើអ្នកនៅចាំទេ?
• តើអ្វីបាននាំឲ្យគ្រិស្តសាសនិកខ្លះបាត់បង់ជំនឿ?
• ហេតុអ្វីក៏យើងអាចជឿជាក់ថា ថ្ងៃជំនុំជម្រះរបស់ព្រះយេហូវ៉ានឹងមកជាក់ជាពុំខាន?
• ហេតុអ្វីក៏យើងគួរអធិស្ឋានម្ដងហើយម្ដងទៀត?
• តើការអធិស្ឋានម្ដងហើយម្ដងទៀតនឹងជួយកុំឲ្យយើងបាត់បង់ជំនឿបានយ៉ាងណា?