បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/១ ទំ. ២៤-២៨
  • អ្នក«នឹងមានសេចក្ដីអំណរជាមិនខាន»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នក«នឹងមានសេចក្ដីអំណរជាមិនខាន»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពូជ​សន្យា​កើត​មក
  • ‹ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ស្លាប់›
  • ចំនួន​សមាជិក​ពូជ​អ័ប្រាហាំ​មាន​គ្នា​ច្រើន
  • ពិធី​បុណ្យ​អំពី​ការ​ប្រោស​លោះ
  • ចូរ​មាន​អំណរ​ចំពោះ​ព្រះ​យេហូវ៉ា
  • ពិធីបុណ្យជាព្រឹត្ដិការណ៍សំខាន់នៃប្រវត្ដិសាស្ត្ររបស់អ៊ីស្រាអែល
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ជ័យជំនះនៃការថ្វាយបង្គំពិតជិតមកដល់ហើយ
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/១ ទំ. ២៤-២៨

អ្នក​«នឹង​មាន​សេចក្ដី​អំណរ​ជា​មិន​ខាន»

​«ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​នេះ​ថ្វាយ​ព្រះ​យេហូវ៉ា . . . ដូច្នេះ​ឯង​នឹង​មាន​សេចក្ដី​អំណរ​ជា​មិន​ខាន»។—ចោទិយកថា ១៦:១៥

១​. (ក) តើ​សាតាំង​លើក​រឿង​អ្វី​ខ្លះ​ក្នុង​ការ​ចោទ​ប្រកាន់​ព្រះ? (ខ) ក្រោយ​អ័ដាម​និង​អេវ៉ា​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា តើ​ទ្រង់​មាន​បន្ទូល​ទាយ​អំពី​អ្វី?

ពេល​សាតាំង​បាន​នាំ​មុខ​អ័ដាម​និង​អេវ៉ា​ឲ្យ​បះបោរ​ប្រឆាំង​នឹង​ព្រះ​ដែល​ជា​អ្នក​បង្កើត​ពួក​គេ នោះ​វា​លើក​រឿង​ពីរ​ដែល​ជា​ការ​ចោទ​ប្រកាន់​សំខាន់ៗ។ ទី​មួយ វា​ចោទ​ថា​ព្រះ​យេហូវ៉ា​មាន​បន្ទូល​មិន​ពិត ហើយ​ថា​ទ្រង់​មិន​គ្រប់គ្រង​ដោយ​របៀប​ត្រឹម​ត្រូវ​ទេ។ ទី​ពីរ វា​ចង់​បង្ហើប​ឲ្យ​ដឹង​ថា មនុស្ស​បម្រើ​ព្រះ​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង។ ការ​ចោទ​ប្រកាន់​ទីពីរ​នេះ វា​បាន​លើក​បញ្ជាក់​ខ្លាំង​ជាង​គេ​នៅ​សម័យ​លោក​យ៉ូប។ (លោកុប្បត្តិ ៣:១​-​៦; យ៉ូប ១:៩, ១០; ២:៤, ៥) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ភ្លាម​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ។ សូម្បី​តែ​ពេល​អ័ដាម​និង​អេវ៉ា​នៅ​ក្នុង​សួនច្បារ​អេដែន​នៅ​ឡើយ នោះ​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទាយ​អំពី​របៀប​ទ្រង់​នឹង​ដោះស្រាយ​រឿង​ទាំង​ពីរ។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទាយ​អំពី​«ពូជ»​មួយ​នឹង​កើត​មក ដែល​ត្រូវ​រង​របួស​កែង​ជើង តែ​ក្រោយ​មក​នឹង​កិន​ក្បាល​សាតាំង​ឲ្យ​ស្លាប់​ទៅ។—លោកុប្បត្តិ ៣:១៥

២​. តើ​ព្រះ​យេហូវ៉ា​បំភ្លឺ​ឲ្យ​មនុស្ស​យល់​អំពី​របៀប​ទ្រង់​នឹង​សម្រេច​បទ​ទំនាយ​នៅ​លោកុប្បត្តិ ៣:១៥ ដោយ​របៀប​ណា?

២ យូរៗ​ទៅ ព្រះ​យេហូវ៉ា​បាន​បំភ្លឺ​ឲ្យ​មនុស្ស​យល់​ទំនាយ​នោះ​កាន់​តែ​ច្បាស់ ហើយ​នេះ​ក៏​បញ្ជាក់​ថា​ទំនាយ​នោះ​នឹង​សម្រេច​ជា​មិន​ខាន។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​អ័ប្រាហាំ​ថា «ពូជ»​នោះ​នឹង​កើត​មក​ពី​កូន​ចៅ​គាត់។ (លោកុប្បត្តិ ២២:១៥​-​១៨) ចៅ​របស់​អ័ប្រាហាំ​ឈ្មោះ​យ៉ាកុប បាន​ក្លាយ​ជា​បុព្វ​បុរស​នៃ​កុលសម្ព័ន្ធ​ទាំង​១២​របស់​សាសន៍​អ៊ីស្រាអែល។ ពេល​កុលសម្ព័ន្ធ​ទាំង​នោះ​ក្លាយ​ជា​សាសន៍​មួយ​នៅ​ឆ្នាំ​១៥១៣ មុន​គ.ស. ព្រះ​យេហូវ៉ា​បាន​ប្រទាន​ក្រឹត្យ​ក្រម​ទាំង​ប៉ុន្មាន​ដែល​រួម​បញ្ចូល​ពិធី​បុណ្យ​ខ្លះៗ​ដែល​គេ​ត្រូវ​ធ្វើ​ប្រចាំ​ឆ្នាំ។ សាវ័ក​ប៉ុល​បាន​ពន្យល់​ថា ពិធី​បុណ្យ​ទាំង​នោះ​ជា​«ស្រមោល​នៃ​ការ​ដែល​ត្រូវ​មក»។ (កូល៉ុស ២:១៦, ១៧; ហេព្រើរ ១០:១) ពិធី​បុណ្យ​ទាំង​នោះ​តំណាង​អ្វីៗ​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ដើម្បី​បំពេញ​បំណង​ទ្រង់​ស្តី​អំពី​ពូជ​សន្យា។ ពេល​ពួក​អ៊ីស្រាអែល​បាន​ធ្វើ​បុណ្យ​ទាំង​នោះ ពួក​គេ​ក៏​មាន​អំណរ​ជា​ខ្លាំង​ដែរ។ ការ​ពិនិត្យ​មើល​ដោយ​សង្ខេប​នូវ​ពិធី​បុណ្យ​ទាំង​នោះ​នឹង​ពង្រឹង​ជំនឿ​របស់​យើង ថា​យើង​ពិត​ជា​អាច​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​បាន។

ពូជ​សន្យា​កើត​មក

៣​. តើ​ពូជ​សន្យា​ជា​អ្នក​ណា? តើ​កែង​ជើង​ទ្រង់​បាន​ត្រូវ​ចឹក​យ៉ាង​ណា?

៣ ជាង​៤.០០០​ឆ្នាំ​ក្រោយ​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​ទំនាយ​នោះ ពូជ​សន្យា​បាន​កើត​មក។ ព្រះ​យេស៊ូ​ជា​ពូជ​នោះ​ឯង។ (កាឡាទី ៣:​១៦) ព្រះ​យេស៊ូ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ដែល​រក្សា​ភក្ដីភាព​ចំពោះ​ព្រះ​រហូត​ដល់​សោយ​ទិវង្គត ហើយ​នេះ​ជា​ភ័ស្តុតាង​បញ្ជាក់​ថា អ្វី​ដែល​សាតាំង​អះ​អាង​នោះ សុទ្ធតែ​ជា​ពាក្យ​កុហក។ បន្ថែម​ទៅ​ទៀត ដោយ​សារ​ព្រះ​យេស៊ូ​គ្មាន​បាប​អ្វី​សោះ នោះ​ការ​សោយ​ទិវង្គត​របស់​ទ្រង់​ជា​យញ្ញបូជា​លោះ​ពិត​ជា​មាន​តម្លៃ​ថ្លៃ​ណាស់។ តាម​រយៈ​យញ្ញបូជា​នោះ ព្រះ​យេស៊ូ​បើក​ផ្លូវ​ឲ្យ​កូន​ចៅ​ស្មោះ​ត្រង់​របស់​អ័ដាម​និង​អេវ៉ា​មាន​ឱកាស​ទទួល​ការ​ប្រោស​លោះ​ពី​បាប​និង​សេចក្ដី​ស្លាប់។ ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​នៅ​លើ​បង្គោល​ទារុណកម្ម​ជា​ការ​«ចឹក​កែង​ជើង»​ពូជ​សន្យា។—ហេព្រើរ ៩:១១​-​១៤

៤​. តើ​អ្វី​តំណាង​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ?

៤ ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត​នៅ​ថ្ងៃ​ទី១៤ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស.។a ប្រជាជន​អ៊ីស្រាអែល​មាន​ទម្លាប់​ធ្វើ​បុណ្យ​រំលង​នៅ​ថ្ងៃ​ទី១៤ ខែ​ណែសាន ហើយ​បុណ្យ​នោះ​នាំ​ឲ្យ​មាន​អំណរ​យ៉ាង​ខ្លាំង។ រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​នោះ ក្រុម​គ្រួសារ​នានា​បាន​ទទួល​ទាន​អាហារ​ជា​មួយ​គ្នា​ដែល​រួម​បញ្ចូល​សាច់​កូន​ចៀម​ឥត​ខ្ចោះ​មួយ​ក្បាល។ គឺ​ដោយ​វិធី​នេះ​ហើយ​ដែល​ពួក​គេ​បាន​រំលឹក​ពី​តួ​នាទី​របស់​ឈាម​នៃ​កូន​ចៀម​ក្នុង​ការ​ប្រោស​កូន​ច្បង​របស់​ពួក​អ៊ីស្រាអែល​ឲ្យ​រួច ពេល​ទេវតា​ពិឃាត​បាន​ប្រហារ​ជីវិត​កូន​ច្បង​ពួក​អេស៊ីប​នៅ​ថ្ងៃ​ទី១៤ ខែ​ណែសាន ឆ្នាំ​១៥១៣ មុន​គ.ស.។ (និក្ខមនំ ១២:១​-​១៤) កូន​ចៀម​ក្នុង​បុណ្យ​រំលង​នោះ​តំណាង​ព្រះ​យេស៊ូ ហើយ​សាវ័ក​ប៉ុល​មាន​ប្រសាសន៍​អំពី​ទ្រង់​ថា​៖ «ព្រះ​គ្រីស្ទ​ដ៏​ជា​យញ្ញ​បូជា​នៃ​បុណ្យ​រំលង នោះ​បាន​ត្រូវ​ថ្វាយ​ជំនួស​យើង​រាល់​គ្នា​ហើយ»។ (កូរិនថូសទី១ ៥:៧) ដូច​ឈាម​នៃ​កូន​ចៀម​ក្នុង​បុណ្យ​រំលង​នោះ ព្រះ​លោហិត​របស់​ព្រះ​យេស៊ូ​ដែល​ហូរ​ចេញ​មក​នោះ បើក​ផ្លូវ​ឲ្យ​មនុស្ស​ជា​ច្រើន​ទទួល​សេចក្ដី​សង្គ្រោះ។—យ៉ូហាន ៣:១៦, ៣៦

‹ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ស្លាប់›

៥, ៦​. (ក) តើ​ព្រះ​យេស៊ូ​បាន​រស់​ឡើង​វិញ​នៅ​ពេល​ណា? ស្រប​តាម​ក្រឹត្យ​វិន័យ​ម៉ូសេ តើ​ពិធី​បុណ្យ​មួយ​ណា​តំណាង​ការ​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ? (ខ) តើ​ការ​សម្រេច​បទ​ទំនាយ​នៅ​លោកុប្បត្តិ ៣:១៥ ពឹងផ្អែក​លើ​ការ​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​យ៉ាង​ណា?

៥ នៅ​ថ្ងៃ​ទី​បី ព្រះ​យេស៊ូ​បាន​រស់​ឡើង​វិញ​ដើម្បី​ថ្វាយ​តម្លៃ​នៃ​យញ្ញបូជា​លោះ​នោះ​ចំពោះ​ព្រះ​វរបិតា​ទ្រង់។ (ហេព្រើរ ៩:២៤) ហើយ​ការ​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ ក៏​ត្រូវ​តំណាង​ដោយ​ពិធី​បុណ្យ​មួយ​ទៀត។ នៅ​ថ្ងៃ​ទី១៥ ខែ​ណែសាន ពួក​អ៊ីស្រាអែល​ចាប់​ផ្ដើម​ធ្វើ​បុណ្យ​នំប៉័ង​ឥត​ដំបែ។ ស្អែក​ឡើង គឺ​នៅ​ថ្ងៃ​ទី១៦ ខែ​ណែសាន ពួក​អ៊ីស្រាអែល​បាន​យក​ស្រូវឱក​មួយ​កណ្ដាប់​ជា​ផល​ដំបូង​ពី​ចម្រូត​នោះ​ដែល​ពួក​គេ​ច្រូត​មុន​អ្វីៗ​ទាំង​អស់។ ពួក​គេ​យក​ស្រូវ​មួយ​កណ្ដាប់​នោះ​ឲ្យ​សង្ឃ​គ្រវី​ថ្វាយ​ចំពោះ​ព្រះ​យេហូវ៉ា។ (លេវីវិន័យ ២៣:៦​-​១៤) នៅ​ឆ្នាំ​៣៣ គ.ស. គឺ​សម​ត្រឹម​ត្រូវ​ណាស់​ដែល​នៅ​ថ្ងៃ​នោះ​ឯង​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​សាតាំង​បរាជ័យ​ក្នុង​ការ​បំផ្លាញ​ចោល​ជា​រៀង​រហូត​នូវ​«ស្មរ​បន្ទាល់​ស្មោះ​ត្រង់​ហើយ​ពិត​ប្រាកដ»​របស់​ទ្រង់! នៅ​ថ្ងៃ​ទី១៦ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស. ព្រះ​យេហូវ៉ា​បាន​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​ជីវិត​អមតៈ។—វិវរណៈ ៣:១៤; ពេត្រុសទី១ ៣:១៨

៦ ព្រះ​យេស៊ូ​ជា​«ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ»​ក្នុង​សេចក្ដី​ស្លាប់។ (កូរិនថូសទី១ ១៥:២០) មិន​ដូច​មនុស្ស​ដែល​រស់​ឡើង​វិញ​ហើយ​ស្លាប់​ម្ដង​ទៀត នោះ​ព្រះ​យេស៊ូ​មិន​សោយ​ទិវង្គត​ម្ដង​ទៀត​ទេ។ ព្រះ​យេស៊ូ​បាន​ឡើង​ទៅ​ស្ថានសួគ៌​ហើយ​គង់​ខាង​ស្ដាំ​ព្រះ​យេហូវ៉ា​ដើម្បី​រង់ចាំ​ពេល​ដែល​ទ្រង់​ត្រូវ​តែងតាំង​ជា​ស្តេច​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថានសួគ៌។ (ទំនុកដំកើង ១១០:១; កិច្ចការ ២:៣២, ៣៣; ហេព្រើរ ១០:១២, ១៣) តាំង​ពី​ព្រះ​យេស៊ូ​បាន​ឡើង​សោយ​រាជ្យ​នោះ ទ្រង់​មាន​អំណាច​កិន​ក្បាល​សាតាំង​មួយ​ដង​ជា​សម្រេច​ដែល​វា​ជា​ខ្មាំង​សត្រូវ​ព្រះ ហើយ​ទ្រង់​ក៏​មាន​អំណាច​បំផ្លាញ​ពូជ​វា​អស់​ផង​ដែរ។—វិវរណៈ ១១:១៥, ១៨; ២០:១​-​៣, ១០

ចំនួន​សមាជិក​ពូជ​អ័ប្រាហាំ​មាន​គ្នា​ច្រើន

៧​. តើ​ពួក​អ៊ីស្រាអែល​ធ្វើ​អ្វី​ក្នុង​បុណ្យ​អាទិត្យ​ទី៧?

៧ ព្រះ​យេស៊ូ​ជា​ពូជ​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ក្នុង​សួនច្បារ​អេដែន​ថា នឹង​«បំផ្លាញ​ការ​របស់​អារក្ស​ចេញ»។ (យ៉ូហានទី១ ៣:៨) ក៏​ប៉ុន្តែ ពេល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​កាន់​អ័ប្រាហាំ ទ្រង់​បង្ហាញ​ឲ្យ​ដឹង​ថា «ពូជ»​អ័ប្រាហាំ​មិន​សំដៅ​ទៅ​លើ​មនុស្ស​តែ​ម្នាក់​ទេ។ ពូជ​នោះ​នឹង​«មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ»។ (លោកុប្បត្តិ ២២:១៧) កំណើត​សមាជិក​ឯ​ទៀត​នៃ​«ពូជ»​សន្យា​នោះ ត្រូវ​តំណាង​ដោយ​ពិធី​បុណ្យ​មួយ​ទៀត​ដែល​នាំ​ឲ្យ​ប្រជាជន​មាន​អំណរ។ ៥០​ថ្ងៃ​ក្រោយ​ថ្ងៃ​ទី១៦ ខែ​ណែសាន​នោះ ពួក​អ៊ីស្រាអែល​បាន​ធ្វើ​បុណ្យ​អាទិត្យ​ទី៧។ ច្បាប់​អំពី​បុណ្យ​នោះ​ចែង​ថា​៖ «[ឯង]​ត្រូវ​តែ​រាប់​ទៅ​ដល់​ថ្ងៃ​ក្រោយ​ថ្ងៃ​ឈប់​សំរាក​ទី៧​នោះ គឺ​ទាំង​អស់​ត្រូវ​ជា​៥០​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ម្សៅ​ជា​ថ្មី​ទៀត​ដល់​ព្រះ​យេហូវ៉ា។ ត្រូវ​យក​នំប៉័ង​២​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ដ​២​ខ្ញឹង​ពី​ផ្ទះ​ឯង មក​ថ្វាយ​ជា​ដង្វាយ​គ្រវី។ នំប៉័ង​នោះ​ត្រូវ​ធ្វើ​ដោយ​លាយ​ដំបែ​សំរាប់​ជា​ដង្វាយ​នៃ​ផល​ដំបូង​ថ្វាយ​ព្រះ​យេហូវ៉ា»។b—លេវីវិន័យ ២៣:១៦, ១៧, ២០

៨​. នៅ​បុណ្យ​ថ្ងៃ​ទី៥០ នា​ឆ្នាំ​៣៣ គ.ស. តើ​មាន​ព្រឹត្ដិការណ៍​អស្ចារ្យ​អ្វី​កើត​ឡើង?

៨ ពេល​ព្រះ​យេស៊ូ​គង់​នៅ​លើ​ផែនដី បុណ្យ​អាទិត្យ​ទី៧​នោះ​ត្រូវ​គេ​និយម​ហៅ​ថា បុណ្យ​ថ្ងៃ​ទី៥០​វិញ។ នៅ​បុណ្យ​ថ្ងៃ​ទី៥០ នា​ឆ្នាំ​៣៣ គ.ស. សម្ដេច​សង្ឃ​ដ៏​ឧត្តម​ជាង គឺ​ព្រះ​យេស៊ូ​គ្រិស្ត​ដែល​បាន​រស់​ឡើង​វិញ ទ្រង់​បាន​ចាក់​វិញ្ញាណ​បរិសុទ្ធ​លើ​មនុស្ស​មួយ​ក្រុម​តូច គឺ​សិស្ស​១២០​នាក់​របស់​ទ្រង់​ដែល​បាន​ប្រជុំ​គ្នា​នៅ​ទី​ក្រុង​យេរូសាឡិម។ យ៉ាង​នេះ សិស្ស​ទាំង​នោះ​ក្លាយ​ជា​អ្នក​ចាក់​ប្រេង​តាំង​ដែល​ជា​កូន​ព្រះ​និង​បងប្អូន​របស់​ព្រះ​យេស៊ូ​គ្រិស្ត។ (រ៉ូម ៨:១៥​-​១៧) ពួក​គេ​បាន​ត្រូវ​រៀបចំ​ឡើង​ជា​សាសន៍​ថ្មី​មួយ គឺ​«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»។ (កាឡាទី ៦:១៦) ដំបូង​ពួក​គេ​មាន​គ្នា​តិច តែ​ក្រោយ​មក​សាសន៍​នោះ​មាន​ចំនួន​១៤៤​.​០០០​នាក់។—វិវរណៈ ៧:១​-​៤

៩, ១០​. ក្នុង​អំឡុង​បុណ្យ​ថ្ងៃ​ទី៥០ តើ​អ្វី​តំណាង​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង?

៩ នំប៉័ង​ពីរ​ដុំ​លាយ​ដំបែ​ដែល​គេ​គ្រវី​ថ្វាយ​ព្រះ​យេហូវ៉ា​រាល់​បុណ្យ​ថ្ងៃ​ទី៥០​នោះ តំណាង​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង។ ដោយសារ​នំប៉័ង​នោះ​លាយ​ដំបែ នេះ​បង្ហាញ​ថា​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​នៅ​តែ​មាន​បាប​ជា​មត៌ក​ដែល​ប្រៀប​ដូច​ជា​ដំបែ។ យ៉ាង​ណា​ក្ដី ពួក​គេ​មាន​ផ្លូវ​ចូល​ឬ​អាច​មាន​ទំនាក់ទំនង​ជា​មួយ​ព្រះ​យេហូវ៉ា​បាន ដោយ​ផ្អែក​លើ​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ។ (រ៉ូម ៥:១, ២) ហេតុ​អ្វី​ក៏​មាន​នំប៉័ង​ពីរ​ដុំ? នេះ​ប្រហែល​ជា​បញ្ជាក់​ថា នៅ​ទីបំផុត​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​ជា​កូន​ព្រះ​នឹង​មក​ពី​មនុស្ស​ពីរ​ក្រុម គឺ​មុន​ដំបូង​មក​ពី​ពួក​យូដា ហើយ​ក្រោយ​មក​ពី​សាសន៍​ដទៃ។—កាឡាទី ៣:២៦​-​២៩; អេភេសូរ ២:១៣​-​១៨

១០ នំប៉័ង​ពីរ​ដុំ​ដែល​គេ​ថ្វាយ​នៅ​បុណ្យ​ថ្ងៃ​ទី៥០​នោះ គេ​បាន​ធ្វើ​ពី​ផល​ដំបូង​នៃ​ស្រូវ​សាលី​ដែល​គេ​ច្រូត។ ដូច​គ្នា​ដែរ ពួក​គ្រិស្ត​សា​សនិក​ដែល​ព្រះ​តែងតាំង​ដោយ​វិញ្ញាណ​ទ្រង់​ក៏​ត្រូវ​ហៅ​ថា «ផល​ដំបូង​ក្នុង​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បង្កើត​មក»។ (យ៉ាកុប ១:១៨) ពួក​គេ​ជា​មនុស្ស​មុន​បង្អស់​ដែល​ព្រះ​យេហូវ៉ា​អត់​ទោស​បាប​ឲ្យ​ដោយ​ផ្អែក​លើ​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូ ហើយ​ការ​អត់​ឱន​ទោស​នេះ​បើក​ឱកាស​ឲ្យ​ពួក​គេ​ទទួល​ជីវិត​អមតៈ​នៅ​ស្ថានសួគ៌​ដើម្បី​គ្រប់គ្រង​ជា​មួយ​ព្រះ​យេស៊ូ​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ (កូរិនថូសទី១ ១៥:៥៣; ភីលីព ៣:២០, ២១; វិវរណៈ ២០:៦) ក្នុង​នាម​ជា​កូន​ព្រះ​នៅ​ស្ថានសួគ៌ មិន​យូរ​ប៉ុន្មាន​ទៀត​ពួក​គេ​នឹង​«ឃ្វាល​[ពួក​សាសន៍​ដទៃ]​ដោយ​ដំបង​ដែក» ហើយ​នឹង​ឃើញ​ព្រះ​យេស៊ូ​«កិន​អារក្ស​សាតាំង​នៅ​ក្រោម​ជើង»​ពួក​គេ។ (វិវរណៈ ២:២៦, ២៧; រ៉ូម ១៦:២០) សាវ័ក​យ៉ូហាន​ប្រាប់​ថា​៖ «[ពួក]គេ​តាម​កូន​ចៀម​ទៅ​គ្រប់​កន្លែង​ដែល​ទ្រង់​យាង​ទៅ។ ទ្រង់​បាន​លោះ​គេ​ចេញ​ពី​ពួក​មនុស្ស​លោក​ទុក​ជា​ផ្លែ​ដំបូង​ថ្វាយ​ដល់​ព្រះ​ហើយ​នឹង​កូន​ចៀម»។—វិវរណៈ ១៤:៤

ពិធី​បុណ្យ​អំពី​ការ​ប្រោស​លោះ

១១, ១២​. (ក) តើ​អ្វី​បាន​កើត​ឡើង​នៅ​ថ្ងៃ​បុណ្យ​ធួន​នឹង​បាប? (ខ) តើ​ប្រជាជន​អ៊ីស្រាអែល​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​បូជា​កូន​គោ​មួយ​ក្បាល​និង​ពពែ​ពីរ​ក្បាល?

១១ នៅ​ថ្ងៃ​ទី១០ ខែ​អិ​ថា​និម (ដែល​ក្រោយ​មក​គេ​ហៅ​ថា​ខែ​ធី​ជ្រី​វិញ)c ពួក​អ៊ីស្រាអែល​បាន​ធ្វើ​បុណ្យ​មួយ​បង្ហាញ​ពី​របៀប​ដែល​មនុស្ស​អាច​ទទួល​ប្រយោជន៍​ពី​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ។ នៅ​ថ្ងៃ​បុណ្យ​នោះ ប្រជាជន​ទាំង​ឡាយ​បាន​ជួបជុំ​គ្នា​សម្រាប់​ថ្វាយ​សត្វ​ជា​យញ្ញបូជា​ដើម្បី​ឲ្យ​ធួន​នឹង​បាប​ឬ​ដើម្បី​លុប​បាប​របស់​ពួក​គេ​ចេញ។—លេវីវិន័យ ១៦:២៩, ៣០

១២ នៅ​ថ្ងៃ​បុណ្យ​ធួន​នឹង​បាប​នោះ សម្ដេច​សង្ឃ​បាន​បូជា​កូន​គោ​មួយ​ក្បាល ហើយ​បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ដើម្បី​ប្រោះ​ឈាម​ខ្លះ​របស់​វា​អស់​៧​ដង​នៅ​មុខ​ទី​សន្ដោស​ប្រោស​ដែល​ជា​គម្រប​ហឹប​នៃ​សេចក្ដី​សញ្ញា។ ទង្វើ​នោះ​ជា​ការ​ថ្វាយ​ឈាម​ចំពោះ​ព្រះ​យេហូវ៉ា។ តង្វាយ​នោះ​គឺ​សម្រាប់​បាប​របស់​សម្ដេច​សង្ឃ​និង​«ពូជ​ពង្ស»​របស់​គាត់​ដែល​រួម​បញ្ចូល​ពួក​សង្ឃ​ឯ​ទៀត​និង​ពួក​លេវី​ផង។ រួច​មក សម្ដេច​សង្ឃ​បាន​យក​ពពែ​ពីរ​ក្បាល ហើយ​គាត់​បូជា​មួយ​ទុក​ជា​តង្វាយ​ធួន​នឹង​បាប​របស់​«ពួក​ជន»​អ៊ីស្រាអែល។ គាត់​ក៏​ប្រោះ​ឈាម​ខ្លះ​របស់​វា​នៅ​មុខ​គម្រប​ហឹប​ក្នុង​ទី​បរិសុទ្ធ​បំផុត​ដែរ។ ក្រោយ​មក សម្ដេច​សង្ឃ​បាន​ដាក់​ដៃ​លើ​ក្បាល​ពពែ​ទីពីរ ហើយ​បាន​សារភាព​បាប​នៃ​កូន​ចៅ​អ៊ីស្រាអែល។ រួច​មក គាត់​ឲ្យ​គេ​ដឹក​ពពែ​នោះ​ទៅ​ក្នុង​ទីរហោស្ថាន ហាក់​ដូច​ជា​វា​កំពុង​តែ​យក​បាប​ចេញ​ពី​ប្រជាជន។—លេវីវិន័យ ១៦:៣​-​១៦, ២១, ២២

១៣​. តើ​ព្រឹត្ដិការណ៍​នានា​នៅ​ថ្ងៃ​បុណ្យ​ធួន​នឹង​បាប​តំណាង​តួ​នាទី​របស់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

១៣ ទង្វើ​ទាំង​នោះ​តំណាង​អ្វី​ដែល​ព្រះ​យេស៊ូ​ធ្វើ​ក្នុង​នាម​ជា​សម្ដេច​សង្ឃ​ដ៏​ឧត្តម​ជាង ពេល​ទ្រង់​ប្រើ​តម្លៃ​នៃ​ព្រះ​លោហិត​ទ្រង់​ដើម្បី​ឲ្យ​មនុស្ស​ទទួល​ការ​អត់​ឱន​ទោស​បាប។ ទី​មួយ តម្លៃ​នៃ​ព្រះ​លោហិត​ទ្រង់​នាំ​ឲ្យ​«ផ្ទះ​ខាង​ឯ​វិញ្ញាណ»​ឬ​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​១៤៤​.​០០០​នាក់​ទទួល​ប្រយោជន៍​ដោយ​ត្រូវ​រាប់​ជា​សុចរិត​ហើយ​ព្រះ​យេហូវ៉ា​ចាត់​ទុក​ពួក​គេ​ជា​មនុស្ស​ស្អាត​ស្អំ។ (ពេត្រុសទី១ ២:៥; កូរិនថូសទី១ ៦:១១) នេះ​បាន​ត្រូវ​តំណាង​ដោយ​ការ​បូជា​កូន​គោ​នោះ ហើយ​នេះ​ក៏​បើក​ផ្លូវ​ឲ្យ​ពួក​គេ​ទទួល​មត៌ក​នៅ​ឯ​ស្ថានសួគ៌។ ទីពីរ តម្លៃ​នៃ​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូ​ត្រូវ​ប្រើ​សម្រាប់​មនុស្ស​រាប់​លាន​នាក់​ឯ​ទៀត​ដែល​បង្ហាញ​ពី​ជំនឿ​របស់​ខ្លួន​លើ​ព្រះ​គ្រិស្ត ហើយ​នេះ​បាន​ត្រូវ​តំណាង​ដោយ​ការ​បូជា​ពពែ​មួយ​ក្បាល​នោះ។ មនុស្ស​រាប់​លាន​នាក់​ទាំង​នេះ​នឹង​ទទួល​ជីវិត​ជា​រៀង​រហូត​នៅ​លើ​ផែនដី ទុក​ជា​មត៌ក​ដែល​អ័ដាម​និង​អេវ៉ា​បាត់បង់​នោះ។ (ទំនុកដំកើង ៣៧:១០, ១១) ដោយ​ផ្អែក​លើ​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូ​ដែល​បាន​ហូរ​ចេញ​នោះ ទ្រង់​យក​បាប​ចេញ​ពី​មនុស្ស​ដូច​ពពែ​មួយ​ក្បាល​ដែល​ធ្វើ​ហាក់​ដូច​ជា​វា​យក​បាប​ចេញ​ពី​ប្រជាជន​អ៊ីស្រាអែល​ពេល​គេ​នាំ​វា​ទៅ​ឯ​ទីរហោស្ថាន។—អេសាយ ៥៣:៤, ៥

ចូរ​មាន​អំណរ​ចំពោះ​ព្រះ​យេហូវ៉ា

១៤, ១៥​. តើ​អ្វី​បាន​កើត​ឡើង​ក្នុង​អំឡុង​បុណ្យ​បារាំ? តើ​នេះ​បាន​រំលឹក​ពួក​គេ​អំពី​អ្វី?

១៤ ក្រោយ​ថ្ងៃ​បុណ្យ​ធួន​នឹង​បាប​នោះ ពួក​អ៊ីស្រាអែល​បាន​ធ្វើ​បុណ្យ​បារាំ​ដែល​នាំ​ឲ្យ​ពួក​គេ​មាន​អំណរ​ច្រើន​បំផុត។ (លេវីវិន័យ ២៣:៣៤​-​៤៣) ពួក​អ៊ីស្រាអែល​បាន​ធ្វើ​បុណ្យ​បារាំ​ចាប់​ពី​ថ្ងៃ​ទី១៥​រហូត​ដល់​ថ្ងៃ​ទី២១ ខែ​អិ​ថា​និម ហើយ​បុណ្យ​នោះ​ចប់​ដោយ​មាន​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​នៅ​ថ្ងៃ​ទី២២​ក្នុង​ខែ​នោះ។ ថ្ងៃ​ចុង​ក្រោយ​នៃ​បុណ្យ​បារាំ​សម្គាល់​ដោយ​ការ​ប្រមូល​ផល​ចម្រូត ដូច្នេះ​ជា​គ្រា​ថ្លែង​អំណរ​គុណ​ចំពោះ​ព្រះ​ទ័យ​សប្បុរស​របស់​ព្រះ​យេហូវ៉ា។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​បង្គាប់​ពួក​អ្នក​ដែល​ធ្វើ​បុណ្យ​នោះ​ថា​៖ «ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង​ចំពោះ​អស់​ទាំង​ផល​ចំរើន​របស់​ឯង​ហើយ​ក្នុង​គ្រប់​ទាំង​ការ​ដែល​ដៃ​ឯង​ធ្វើ ដូច្នេះ​ឯង​នឹង​មាន​សេចក្ដី​អំណរ​ជា​មិន​ខាន»។ (ចោទិយកថា ១៦:​១៥) ពេល​ធ្វើ​ពិធី​បុណ្យ​នោះ ពួក​គេ​ច្បាស់​ជា​រីករាយ​មែន!

១៥ ក្នុង​អំឡុង​បុណ្យ​បារាំ អស់​រយៈ​ពេល​៧​ថ្ងៃ​ប្រជាជន​អ៊ីស្រាអែល​បាន​ស្នាក់​នៅ​ក្នុង​រោង​ដែល​គេ​ធ្វើ។ ទង្វើ​នេះ​បាន​រំលឹក​ប្រជាជន​អ៊ីស្រាអែល​ថា កាល​នៅ​ទីរហោស្ថាន​ពួក​គេ​ធ្លាប់​ស្នាក់​នៅ​ក្នុង​រោង​ដូច​នោះ​ដែរ។ បុណ្យ​បារាំ​បាន​ផ្ដល់​ឱកាស​ឲ្យ​ប្រជាជន​រំពឹង​គិត​អំពី​របៀប​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​វរបិតា​បាន​ថែរក្សា​ពួក​គេ។ (ចោទិយកថា ៨:​១៥, ១៦) ដោយសារ​ប្រជាជន​ទាំង​ឡាយ (មិន​ថា​អ្នក​មាន​ឬ​ក្រ​ក្ដី) បាន​ស្នាក់​នៅ​ក្នុង​រោង​ប្រហាក់​ប្រហែល​នឹង​គ្នា​នោះ នេះ​បាន​រំលឹក​ពួក​គេ​ថា ក្នុង​អំឡុង​ពេល​ធ្វើ​បុណ្យ​បារាំ ពួក​គេ​ស្មើ​ភាព​គ្នា។—នេហេមា ៨:​១៤​-​១៦

១៦​. តើ​បុណ្យ​បារាំ​តំណាង​អ្វី?

១៦ បុណ្យ​បារាំ​ជា​បុណ្យ​មួយ​ទាក់ទង​នឹង​ចម្រូត ដូច្នេះ​ជា​ពិធី​ដែល​នាំ​ឲ្យ​មាន​អំណរ​ចំពោះ​ការ​ប្រមូល​ផល ហើយ​ក៏​តំណាង​ការ​ប្រមូល​អស់​អ្នក​ដែល​បង្ហាញ​ថា​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេស៊ូ​គ្រិស្ត ដែល​ពិត​ជា​ហេតុ​អរ​សប្បាយ​មែន។ ការ​ប្រមូល​ពួក​អ្នក​បម្រើ​ព្រះ​បាន​ចាប់​ផ្ដើម​នៅ​បុណ្យ​ថ្ងៃ​ទី៥០ នា​ឆ្នាំ​៣៣ គ.ស. ពេល​សិស្ស​១២០​នាក់​របស់​ព្រះ​យេស៊ូ​បាន​ត្រូវ​ចាក់​ប្រេង​តាំង​ឲ្យ​រួម​ចំណែក​ក្នុង​ចំណោម​«ពួក​សង្ឃ​បរិសុទ្ធ»។ ដូច​ពួក​អ៊ីស្រាអែល​ដែល​បាន​ស្នាក់​នៅ​ក្នុង​រោង​ប៉ុន្មាន​ថ្ងៃ​នោះ ពួក​អ្នក​ចាក់​ប្រេង​តាំង​ដឹង​ថា​ពួក​គេ​ជា​«អ្នក​ដែល​គ្រាន់​តែ​សំណាក់​នៅ»​បណ្ដោះ​អាសន្ន​ក្នុង​លោកិយ​នេះ​ដែល​មិន​គោរព​ព្រះ។ ពួក​គេ​សង្ឃឹម​នឹង​ទទួល​ជីវិត​នៅ​ស្ថានសួគ៌​វិញ។ (ពេត្រុសទី១ ២:៥, ១១) នៅ​«ជាន់​ក្រោយ​បង្អស់»​នេះ ការ​ប្រមូល​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​គឺ​ជិត​ចប់​ហើយ ដ្បិត​ឥឡូវ​នេះ​ពួក​អ្នក​នៅ​សល់​ទាំង​ប៉ុន្មាន​នៃ​១៤៤.០០០​នាក់​កំពុង​តែ​ប្រមូល​មក។—ធីម៉ូថេទី២ ៣:១

១៧, ១៨​. (ក) ក្រៅ​ពី​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​នោះ តើ​អ្វី​បង្ហាញ​ថា មនុស្ស​ឯ​ទៀត​ក៏​នឹង​ទទួល​ប្រយោជន៍​ពី​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ​ដែរ? (ខ) នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​កំពុង​តែ​ទទួល​ប្រយោជន៍​ពី​អ្វី​ដែល​បុណ្យ​បារាំ​តំណាង? តើ​គ្រា​មាន​អំណរ​ដែល​តំណាង​ដោយ​បុណ្យ​បារាំ​នោះ​នឹង​មក​ដល់​ទីបញ្ចប់​នៅ​ពេល​ណា?

១៧ ចំណុច​មួយ​ទៀត​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​គឺ​ថា ក្នុង​អំឡុង​បុណ្យ​បារាំ​ពី​បុរាណ​នោះ ពួក​គេ​បាន​ថ្វាយ​គោ​៧០​ក្បាល​ជា​យញ្ញបូជា។ (ជនគណនា ២៩:១២​-​៣៤) លេខ​៧០​នេះ​តំណាង​មនុស្ស​ទាំង​អស់​ដែល​កើត​ចេញ​ពី​៧០​គ្រួសារ​នៃ​កូន​ចៅ​ណូអេ។d ដូច្នេះ មនុស្ស​ស្មោះ​ត្រង់​ទាំង​អស់​គ្នា​អាច​ទទួល​ប្រយោជន៍​ពី​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ​បាន។ (លោកុប្បត្តិ ១០:១​-​២៩) ជា​លទ្ធផល នៅ​សម័យ​នេះ​មនុស្ស​ជា​ច្រើន​ពី​គ្រប់​ទាំង​សាសន៍​បាន​ត្រូវ​ប្រមូល​មក។ ពួក​គេ​បង្ហាញ​ថា​ខ្លួន​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ ហើយ​មាន​សេចក្ដី​សង្ឃឹម​រស់​ក្នុង​សួន​មនោ​រម្យ​នៅ​លើ​ផែនដី។

១៨ សាវ័ក​យ៉ូហាន​បាន​ឃើញ​ចក្ខុនិមិត្ត​មួយ​ដូច​ជា​សុបិន​ដែល​បង្ហាញ​អំពី​ការ​ប្រមូល​មនុស្ស​នៅ​សម័យ​យើង​នេះ។ មុន​ដំបូង គាត់​ឮ​គេ​ប្រកាស​ថា ពួក​អ្នក​នៅ​សល់​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​១៤៤.០០០​នាក់​នោះ បាន​ត្រូវ​បោះត្រា​ឬ​ជ្រើសរើស​អស់​ហើយ។ ក្រោយ​មក​គាត់​ឃើញ​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ​ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន» កំពុង​តែ​ឈរ​នៅ​មុខ​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​ទាំង​«កាន់​ធាង​ចាក​នៅ​ដៃ»។ អ្នក​ទាំង​នោះ​«ជា​ពួក​អ្នក​ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ» ហើយ​ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី។ សព្វ​ថ្ងៃ​នេះ​ពួក​គេ​គ្រាន់​តែ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ក្នុង​របប​លោកិយ​ចាស់​នេះ ព្រម​ទាំង​ទន្ទឹង​ចាំ​ដោយ​មាន​ទំនុក​ចិត្ត​រឹង​មាំ​ទៅ​លើ​គ្រា​ដែល​«កូន​ចៀម . . . នឹង​ឃ្វាល​ហើយ​នាំ​គេ​ទៅ​ដល់​រន្ធ​ទឹក​នៃ​ជីវិត»។ នៅ​គ្រា​នោះ «ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ពី​ភ្នែក​គេ​ចេញ»។ (វិវរណៈ ៧:១​-​១០, ១៤​-​១៧) បុណ្យ​បារាំ​តំណាង​ការ​សោយ​រាជ្យ​១.០០០​ឆ្នាំ​របស់​ព្រះ​គ្រិស្ត ហើយ​អ្នក​ស្មោះ​ត្រង់​ក្នុង​ចំណោម​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​និង​ពួក​អ្នក​ដែល​រស់​ឡើង​វិញ​ក្នុង​អំឡុង​១.០០០​ឆ្នាំ​នោះ ពួក​គេ​នឹង​ទទួល​ជីវិត​ជា​រៀង​រហូត​នៅ​ដំណាច់​គ្រា​នោះ។—វិវរណៈ ២០:៥

១៩​. តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ពី​ការ​ពិចារណា​ពិធី​បុណ្យ​ផ្សេងៗ​ដែល​ពួក​អ៊ីស្រាអែល​ធ្លាប់​ធ្វើ?

១៩ ពេល​យើង​រំពឹង​គិត​អំពី​អត្ថន័យ​នៃ​ពិធី​បុណ្យ​ផ្សេងៗ​នៅ​ស្រុក​យូដា​ពី​បុរាណ យើង​ក៏​«មាន​សេចក្ដី​អំណរ​ជា​មិន​ខាន»​ដែរ។ យើង​មាន​ចិត្ត​រីករាយ​ពេល​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ទុក​ជា​មុន​នូវ​របៀប​ដែល​ទ្រង់​នឹង​បំពេញ​តាម​ទំនាយ​ដែល​ទ្រង់​មាន​បន្ទូល​ក្នុង​សួនច្បារ​អេដែន ហើយ​យើង​ក៏​រំភើប​ចិត្ត​ណាស់ ពេល​មើល​ទំនាយ​នោះ​កំពុង​សម្រេច​បន្ដិច​ម្ដងៗ​នៅ​សម័យ​យើង​នេះ។ សព្វ​ថ្ងៃ​នេះ យើង​ដឹង​ថា​ពូជ​សន្យា​បាន​កើត​មក ហើយ​កែង​ជើង​ទ្រង់​បាន​ត្រូវ​ចឹក​រួច​ហើយ។ ឥឡូវ​នេះ​ព្រះ​យេស៊ូ​កំពុង​តែ​សោយ​រាជ្យ​ជា​ស្តេច។ ម្យ៉ាង​ទៀត ពួក​១៤៤.០០០​នាក់​ភាគ​ច្រើន​បាន​រក្សា​ភាព​ស្មោះ​ត្រង់​រហូត​ដល់​ទី​មរណៈ​រួច​ហើយ។ តើ​នៅ​តែ​មាន​ព្រឹត្ដិការណ៍​អ្វី​ទៀត​នឹង​កើត​ឡើង? តើ​បទ​ទំនាយ​របស់​ព្រះ​យេហូវ៉ា​នឹង​សម្រេច​ទាំង​អស់​នៅ​ពេល​ណា? យើង​នឹង​ពិភាក្សា​ចំណុច​ទាំង​នេះ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

a ខែ​ណែសាន​គឺ​ប្រហាក់​ប្រហែល​នឹង​ខែ​ចេត្រ​ដែល​ស្មើ​នឹង​ចុង​ខែ​មីនា​ដើម​ខែ​មេសា។

b ពេល​សង្ឃ​ថ្វាយ​នំប៉័ង​ពីរ​ដុំ​ជា​តង្វាយ​គ្រវី ធម្មតា​គាត់​ដាក់​នំប៉័ង​លើ​បាត​ដៃ​ទាំង​ពីរ​និង​លើក​ឡើង​លើ​ហើយ​រេ​ដៃ​ចុះ​ឡើង។ ចលនា​នោះ​តំណាង​ការ​ថ្វាយ​តង្វាយ​ចំពោះ​ព្រះ​យេហូវ៉ា។—សូម​មើល​សៀវភៅ​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង​ថា ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ (Insight on the Scriptures) ក្បាល​ទី២ ទំព័រ​៥២៨ បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

c ខែ​អិ​ថា​និម​ដែល​ហៅ​ថា​ខែ​ធី​ជ្រី​ក៏​បាន គឺ​ប្រហាក់​ប្រហែល​នឹង​ខែ​អស្សុជ​ដែល​ស្មើ​នឹង​ចុង​ខែ​កញ្ញា​ដើម​ខែ​តុលា។

d ដើម្បី​ឲ្យ​បាន​៧០ យើង​ត្រូវ​យក​៧​គុណ​នឹង​១០ ហើយ​ក្នុង​ព្រះ​គម្ពីរ​លេខ​៧​តំណាង​ភាព​គ្រប់​លក្ខណ៍​ឬ​ពេញ​លក្ខណៈ​ស្តី​អំពី​អ្វីៗ​នៅ​ស្ថានសួគ៌ និង​លេខ​១០​តំណាង​ភាព​គ្រប់​លក្ខណ៍​ឬ​ពេញ​លក្ខណៈ​ស្តី​អំពី​អ្វីៗ​នៅ​ផែនដី។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

• តើ​កូន​ចៀម​ក្នុង​បុណ្យ​រំលង​តំណាង​អ្វី?

• តើ​បុណ្យ​ថ្ងៃ​ទី៥០​តំណាង​ការ​ប្រមូល​អ្វី?

• តើ​ទង្វើ​អ្វី​ខ្លះ​នៅ​ថ្ងៃ​បុណ្យ​ធួន​នឹង​បាប​ដែល​បង្ហាញ​អំពី​របៀប​ព្រះ​យេស៊ូ​ប្រើ​យញ្ញបូជា​លោះ​របស់​ទ្រង់?

• តើ​បុណ្យ​បារាំ​តំណាង​ការ​ប្រមូល​ពួក​គ្រិស្ត​សា​សនិក​យ៉ាង​ដូច​ម្ដេច?

[តារាង​នៅ​ទំព័រ​២៦, ២៧]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

ព្រឹត្ដិការណ៍: តំណាង:

បុណ្យ​រំលង ថ្ងៃ​ទី១៤ ខែ​ណែសាន សម្លាប់​កូន​ចៀម ព្រះ​យេស៊ូ​សោយ​ទិវង្គត

សម្រាប់​បុណ្យ​រំលង ជា​យញ្ញ​បូជា​លោះ

បុណ្យ​នំប៉័ង​ឥត​ដំបែ ថ្ងៃ​ទី១៥ ខែ​ណែសាន ថ្ងៃ​ឈប់​សម្រាក

​(ពី​ថ្ងៃ​ទី១៥​-​២១ ថ្ងៃ​ទី១៦ ខែ​ណែសាន ថ្វាយ​ស្រូវ​ឱ​ក ព្រះ​យេស៊ូ​រស់​ឡើង​វិញ

ខែ​ណែសាន)

↑

៥០​ថ្ងៃ

↓

បុណ្យ​អាទិត្យ​ទី​៧ ថ្វាយ​នំប៉័ង​ពីរ​ដុំ ព្រះ​យេស៊ូ​ថ្វាយ​ចំពោះ​ព្រះ​យេហូវ៉ា

(ឬ​«បុណ្យ​ថ្ងៃ​ទី​៥០») ថ្ងៃ​ទី៦ ខែ​សែវ៉ាន់ នូវ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដំបូង

ថ្ងៃ​បុណ្យ​ធួន​នឹង​បាប ថ្ងៃ​ទី១០ ខែ​ធី​ជ្រី ថ្វាយ​គោ​មួយ ព្រះ​យេស៊ូ​ថ្វាយ​តម្លៃ​ព្រះ​

និង​ពពែ​ពីរ​ក្បាល លោហិត​ទ្រង់​សម្រាប់​មនុស្ស

លោក​ទាំង​ឡាយ

បុណ្យ​បារាំ ថ្ងៃ​ទី១៥​-​២១ ខែ​ធី​ជ្រី ពួក​អ៊ីស្រាអែល​មាន ការ​ប្រមូល​ពួក​អ្នក​ចាក់​

​(ឬ​បុណ្យ​ប្រមូល​ផល) អំណរ​ពេល​នៅ​ក្នុង​រោង​និង ប្រេង​តាំង និង​«មនុស្ស​១​

មាន​ចិត្ត​រីករាយ​ចំពោះ​ចម្រូត ហ្វូង​យ៉ាង​ធំ»​

ហើយ​ថ្វាយ​គោ​៧០​ក្បាល

[រូបភាព​នៅ​ទំព័រ​២៦]

ផល​ដំបូង​ពី​ស្រូវ​ឱ​ក​ដែល​គេ​ថ្វាយ​នៅ​ថ្ងៃ​ទី១៦ ខែ​ណែសាន តំណាង​ការ​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ

[រូបភាព​នៅ​ទំព័រ​២៧]

នំប៉័ង​ពីរ​ដុំ​ដែល​គេ​ថ្វាយ​នៅ​បុណ្យ​ថ្ងៃ​ទី៥០​តំណាង​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក