បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/១០ ទំ. ១៧-២១
  • ជ័យជំនះនៃការថ្វាយបង្គំពិតជិតមកដល់ហើយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជ័យជំនះនៃការថ្វាយបង្គំពិតជិតមកដល់ហើយ
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពួក​ជន​បរទេស​នៅ​ក្នុង​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ
  • ទី​បរិសុទ្ធ​និង​គ្រឿង​តុបតែង
  • ជ័យជំនះ​ពេញទី​នៃ​ការ​ថ្វាយ​បង្គំ​ពិត
  • ដំណើរ​រស់​ឡើង​វិញ​នៅ​លើ​ផែនដី
  • បុណ្យ​បារាំ​គំរូ​ដើម
  • ពិធីបុណ្យជាព្រឹត្ដិការណ៍សំខាន់នៃប្រវត្ដិសាស្ត្ររបស់អ៊ីស្រាអែល
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • អ្នក«នឹងមានសេចក្ដីអំណរជាមិនខាន»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ព្រះវិហារខាងវិញ្ញាណដ៏ធំនៃព្រះយេហូវ៉ា
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ពួកហ្វូងធំថ្វាយកិច្ចបំរើបរិសុទ្ធ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/១០ ទំ. ១៧-២១

ជ័យជំនះ​នៃ​ការ​ថ្វាយ​បង្គំ​ពិត​ជិត​មក​ដល់​ហើយ

«ឯ​ព្រះ​យេហូវ៉ា ទ្រង់​នឹង​បាន​ជា​មហាក្សត្រ​លើ​ផែនដី​ទាំង​ដុំ​មូល»។—សាការី ១៤:៩

១. ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​មួយ តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង បាន​ពិសោធ​អ្វី​ខ្លះ ហើយ​ការ​នេះ​ត្រូវ​បាន​ទាយ​មក​យ៉ាង​ណា?

ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​មួយ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង បាន​រង​ទុក្ខ​សេចក្ដី​លំបាក​ជា​ច្រើន ហើយ​បាន​ជាប់​គុក នៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ប្រទេស​ដែល​ធ្វើ​សឹក​ទាំង​នោះ។ យញ្ញបូជា​នៃ​ការ​សរសើរ​ដល់​ព្រះ​យេហូវ៉ា ត្រូវ​បាន​ជាប់​លក្ខខណ្ឌ​យ៉ាង​ខ្លាំង ហើយ​ពួក​គេ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សភាព​ជាប់​ឃុំ​ឃាំង​ខាង​វិញ្ញាណ។ ការ​ទាំង​អស់​នេះ ត្រូវ​បាន​ទាយ​មក​នៅសាការី ១៤:២ ដែល​រៀប​រាប់​អំពី​ការ​ប្រយុទ្ធ​ពី​អន្តរជាតិ មក​លើ​យេរូសាឡិម។ ទី​ក្រុង​ក្នុង​ទំនាយ​នេះ គឺ​ជា «ក្រុង​យេរូសាឡិម​នៃ​ស្ថានសួគ៌» ជា​ព្រះ​រាជាណាចក្រ​នៃ​ស្ថានសួគ៌​របស់​ព្រះ ហើយ​ជា​លំនៅ​នៃ​«បល្ល័ង្ក​នៃ​ព្រះ នឹង​កូន​ចៀម»។ (ហេព្រើរ ១២:២២, ២៨; ១៣:១៤; វិវរណៈ ២២:៣) ពួក​ចាក់​ប្រេង​តាំង​របស់​ព្រះ​នៅ​លើ​ផែនដី​នេះ តំណាង​ទី​ក្រុង​នោះ។ ពួក​អ្នក​ស្មោះ​ត្រង់​ខ្លះ ពី​ចំណោម​ពួក​គេ បាន​គេច​រួច​ពី​ការ​ប្រយុទ្ធ​នោះ ហើយ​មិន​ព្រម​បណ្ដោយ​ឲ្យ​ខ្លួន​គេ «ចេញ​ពី​ក្រុង​នោះ»​ឡើយ។a

២, ៣. (ក) តើ​ការ​ថ្វាយ​បង្គំ​នៃ​ព្រះ​យេហូវ៉ា បាន​ជ័យជំនះ​យ៉ាង​ណា​ខ្លះ ពី​ឆ្នាំ​១៩១៩? (ខ) តាំង​ពី​ឆ្នាំ​១៩៣៥ តើ​មាន​ការ​លូត​លាស់​អ្វី​ទៀត?

២ ក្នុង​ឆ្នាំ​១៩១៩ ពួក​ចាក់​ប្រេង​តាំង​ដ៏​ស្មោះ​ត្រង់ បាន​រួច​ពី​សភាព​ជាប់​ឃុំ​ឃាំង​របស់​គេ ហើយ​ភ្លាម​នោះ គេ​បាន​ឆ្លៀត​យក​ប្រយោជន៍​ពី​គ្រា​សន្ដិសុខ​ក្រោយ​ពី​សង្គ្រាម​នេះ។ ជា​រាជ​ទូត​នៃ​ក្រុង​យេរូសាឡិម​នៃ​ស្ថានសួគ៌ ពួក​គេ​បាន​ឆ្លៀត​យក​ឱកាស​ដ៏​ល្អ​នេះ ដើម្បី​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​ដើម្បី​ជួយ​ប្រមូល​សមាជិក​ចុង​ក្រោយ​បង្អស់​នៃ​ពួក​១៤៤.០០០​នាក់។ (ម៉ាថាយ ២៤:១៤; កូរិនថូសទី២ ៥:២០) ក្នុង​ឆ្នាំ​១៩៣១ ពួក​គេ​បាន​ទទួល​យក​ឈ្មោះ​ដែល​ត្រឹម​ត្រូវ​តាម​បទ​គម្ពីរ គឺ​ជា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។—អេសាយ ៤៣:១០, ១២

៣ តាំង​ពី​ពេល​នោះ​មក ស្មរបន្ទាល់​ចាក់​ប្រេង​តាំង​របស់​ព្រះ ឈាន​ទៅ​មុខ​ជានិច្ច។ សូម្បីតែ​ហីត្លើ អង្គការ​ណាត្ស៊ីនិង​យោធា​របស់​វា ក៏​មិន​អាច​បញ្ឈប់​ពួក​គេ​បាន​ដែរ។ ថ្វី​បើ​មាន​ការ​ធ្វើ​ទុក្ខ​បៀតបៀន​នៅ​ជុំវិញ​ពិភពលោក​ក៏​ដោយ កិច្ចការ​របស់​គេ​នៅ​តែ​បង្កើត​ផល​ពាស​ពេញ​លើ​ផែនដី។ ជា​ពិសេស តាំង​ពី​ឆ្នាំ​១៩៣៥ មាន​«ហ្វូង​ធំ»​អន្តរជាតិ​មួយ បាន​ចូល​រួម​ជា​មួយ​ពួក​គេ ដែល​បាន​ទាយ​មក​ក្នុង​សៀវភៅ​វិវរណៈ។ ពួក​ទាំង​នេះ ជា​គ្រីស្ទាន​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​បាន​ជ្រមុជ​ទឹក ហើយ​គេ​«បាន​បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង​ស​ក្នុង​ឈាម​របស់​កូន​ចៀម» គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ (វិវរណៈ ៧:៩, ១៤) ប៉ុន្តែ ពួក​គេ​មិន​មែន​ជា​ពួក​ចាក់​ប្រេង​តាំង ដែល​មាន​សេចក្ដី​សង្ឃឹម​ទៅ​រស់​នៅ​ស្ថានសួគ៌​ទេ។ ពួក​គេ​សង្ឃឹម​នឹង​ទទួល​យក​អ្វីៗ​ដែល​អ័ដាម​និង​អេវ៉ា​បាន​បាត់ គឺ​ជីវិត​មនុស្ស​គ្រប់​ល័ក្ខណ៍​នៅ​លើ​ផែនដី​មនោរម្យ។ (ទំនុកដំកើង ៣៧:២៩; ម៉ាថាយ ២៥:៣៤) នៅ​សព្វ​ថ្ងៃ​នេះ ពួក​ហ្វូង​ធំ មាន​គ្នា​ច្រើន​ជាង​ប្រាំ​លាន​នាក់។ ដូច្នេះ ការ​ថ្វាយ​បង្គំ​ពិត​នៃ​ព្រះ​យេហូវ៉ា គឺ​កំពុង​តែ​បាន​ជោគជ័យ តែ​ជ័យជំនះ​ចុង​ក្រោយ នោះ​មិន​ទាន់​មក​ទេ។

ពួក​ជន​បរទេស​នៅ​ក្នុង​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ

៤, ៥. (ក) តើ​ពួក​ហ្វូង​ធំ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នៅ​ទីណា? (ខ) តើ​ពួក​គេ​មាន​ឯក​សិទ្ធិ​ធ្វើ​អ្វី ហើយ​ជា​ការ​សំរេច​ទំនាយ​មួយ​ណា?

៤ ដូច​បាន​ទាយ​មក ហ្វូង​ធំ​កំពុង​តែ​«បំរើ​ទ្រង់ នៅ​ក្នុង​ព្រះ​វិហារ​ទាំង​យប់​ទាំង​ថ្ងៃ»។ (វិវរណៈ ៧:១៥) ដោយសារ​ពួក​គេ​មិន​មែន​ជា​ពួក​សង្ឃ​អ៊ីស្រាអែល​ខាង​វិញ្ញាណ យ៉ូហាន​ប្រហែល​ជា​ឃើញ​ពួក​គេ​កំពុង​ឈរ​នៅ​ក្នុង​ព្រះ​វិហារ ក្នុង​ទីលាន​ខាង​ក្រៅ​សំរាប់​សាសន៍​ដទៃ។ (ពេត្រុសទី១ ២:៥) ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា បាន​រុងរឿង​ណាស់​ហ្ន៎ ហើយ​ទីលាន​នៅ​ជុំវិញ​នោះ ពោរពេញ​ទៅ​ដោយ​មនុស្ស​មួយ​ហ្វូង​ធំ ដែល​កំពុង​តែ​សរសើរ​ទ្រង់ ជា​មួយ​ពួក​សំណល់​នៃ​ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណ!

៥ ពួក​ហ្វូង​ធំ មិន​បំរើ​ព្រះ ក្នុង​ឋានៈ​ដែល​តំណាង​ដោយ​ទីលាន​ខាង​ក្នុង​នៃ​សង្ឃ​ទេ។ ពួក​គេ​ក៏​មិន​បាន​ចាត់​ទុក​ជា​សុចរិត ចំពោះ​បំណង​នៃ​ការ​ក្លាយ​ទៅ​ជា​កូន​ចិញ្ចឹម​ខាង​វិញ្ញាណ​របស់​ព្រះ​ដែរ។ (រ៉ូម ៨:១, ១៥) ប៉ុន្តែ​ដោយ​គេ​អនុវត្ត​ជំនឿ​ទៅ​លើ​ការ​លោះ​របស់​ព្រះ​យេស៊ូ នោះ​គេ​មាន​ឋានៈ​ស្អាត​ស្អំ​នៅ​ពី​មុខ​ព្រះ​យេហូវ៉ា។ ពួក​គេ​ត្រូវ​បាន​ចាត់​ទុក​ជា​សុចរិត ចំពោះ​បំណង​ដែល​គេ​ជា​មិត្ត​របស់​ទ្រង់។ (ប្រៀបធៀប យ៉ាកុប ២:២១, ២៣) ពួក​គេ​ក៏​មាន​ឯក​សិទ្ធិ​ថ្វាយ​យញ្ញបូជា​ត្រឹម​ត្រូវ នៅ​លើ​អាសនា​ខាង​វិញ្ញាណ​របស់​ព្រះ​ដែរ។ ដូច្នេះ ចំពោះ​ហ្វូង​ធំ​នេះ ទំនាយ​អេសាយ ៥៦:៦, ៧ កំពុង​តែ​បាន​សំរេច​យ៉ាង​អស្ចារ្យ​ថា​៖ «ឯ​ពួក​សាសន៍​ដទៃ ដែល​ភ្ជាប់​ខ្លួន​នឹង​ព្រះ​យេហូវ៉ា​ដើម្បី​ធ្វើ​ការងារ​ទ្រង់ ហើយ​នឹង​ស្រឡាញ់​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា . . . នោះ​អញ​នឹង​នាំ​គេ​មក​ឯ​ភ្នំ​បរិសុទ្ធ​របស់​អញ ហើយ​ឲ្យ​គេ​បាន​អរ​សប្បាយ​នៅ​ក្នុង​ដំណាក់​របស់​អញ ដែល​សំរាប់​ជា​ទី​អធិស្ឋាន អញ​នឹង​ទទួល​អស់​ទាំង​ដង្វាយ​ដុត នឹង​យញ្ញបូជា​របស់​គេ នៅ​លើ​អាសនា ដ្បិត​ដំណាក់​អញ​នឹង​បាន​ហៅ​ជា​ទី​អធិស្ឋាន​សំរាប់​គ្រប់​ទាំង​សាសន៍»។

៦. (ក) តើ​ពួក​ជន​បរទេស​ថ្វាយ​យញ្ញបូជា​ប្រភេទ​ណា? (ខ) តើ​ផើង​ទឹក​នៅ​ក្នុង​ទីលាន​នៃ​សង្ឃ រំឭក​ពួក​គេ​អំពី​អ្វី?

៦ ពី​ចំណោម​យញ្ញបូជា​ទាំង​ឡាយ ដែល​ជន​បរទេស​ទាំង​នេះ​ថ្វាយ គឺ​ជា​«ផល​នៃ​បបូរមាត់[ដូច​ដង្វាយ​ម្សៅ​ម៉ដ្ដ] ដែល​ថ្លែង​ប្រាប់​ពី​ព្រះ​នាម​ទ្រង់» ហើយ‹ធ្វើ​គុណ​និង​ចែក​ចាយ​ជា​មួយ​អ្នក​ដទៃ›។ (ហេព្រើរ ១៣:១៥, ១៦) ផើង​ទឹក​ដ៏​ធំ​មួយ ដែល​ពួក​សង្ឃ​ប្រើ​សំរាប់​សំអាត​ខ្លួន​ប្រាណ នោះ​ក៏​ជា​ទី​រំឭក​ដ៏​សំខាន់​មួយ ដល់​ពួក​ជន​បរទេស​ទាំង​នេះ។ ពួក​គេ​ក៏​ត្រូវ​លាង​សំអាត​ខាង​វិញ្ញាណ​និង​សីលធម៌ កាល​ដែល​ពាក្យ​បន្ទូល​របស់​ព្រះ បាន​បំភ្លឺ​ដល់​គេ​បន្ដិច​ម្ដងៗ។

ទី​បរិសុទ្ធ​និង​គ្រឿង​តុបតែង

៧. (ក) តើ​ហ្វូង​ធំ​មាន​ទស្សនៈ​យ៉ាង​ណា អំពី​ឯក​សិទ្ធិ​នៃ​ពួក​សង្ឃ​បរិសុទ្ធ? (ខ) តើ​ពួក​ជន​បរទេស​ខ្លះ បាន​ទទួល​ឯក​សិទ្ធិ​អ្វី​ទៀត?

៧ តើ​ទី​បរិសុទ្ធ​និង​គ្រឿង​តុបតែង​មាន​អត្ថន័យ​ទេ ចំពោះ​ពួក​ជន​បរទេស​មួយ​ហ្វូង​ធំ​នេះ? ពួក​គេ​នឹង​មិន​នៅ​ក្នុង​ស្ថានភាព​ដែល​តំណាង​ដោយ​ទី​បរិសុទ្ធ​ទេ។ ពួក​គេ​មិន​បាន​កើត​ជា​ថ្មី ជា​បុត្រ​ខាង​វិញ្ញាណ​របស់​ព្រះ ដោយ​មាន​សញ្ជាតិ​នៅ​ស្ថានសួគ៌​ទេ។ តើ​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ច្រណែន​ឬ? អត់​ទេ ផ្ទុយ​ទៅ​វិញ ពួក​គេ​សប្បាយ​ចិត្ត​ដោយ​មាន​ឯក​សិទ្ធិ​គាំទ្រ​ពួក​១៤៤.០០០​នាក់ ហើយ​ពួក​គេ​មាន​ចិត្ត​អបអរ​យ៉ាង​ខ្លាំង ដែល​ព្រះ​បាន​ទទួល​ចិញ្ចឹម​បុត្រ​ខាង​វិញ្ញាណ​ទាំង​នេះ ដែល​នឹង​ចូល​រួបរួម​ជា​មួយ​ព្រះ​គ្រីស្ទ ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​លោក​បាន​គ្រប់​ល័ក្ខណ៍​ឡើង​វិញ។ ម្យ៉ាង​ទៀត ហ្វូង​ធំ​នៃ​ពួក​ជន​បរទេស​នេះ​ទទួល​អបអរ​ដល់​ព្រះ​គុណ ដែល​ទ្រង់​ប្រទាន​ពួក​គេ​មាន​សង្ឃឹម​រស់​នៅ​អស់កល្ប​ជានិច្ច​លើ​ផែនដី​មនោរម្យ។ ដូច​ពួក​នេធីនិម​ពី​សម័យ​បុរាណ ពួក​ជន​បរទេស​ខ្លះ បាន​ទទួល​ឯក​សិទ្ធិ​នៃ​ការ​ត្រួត​ពិនិត្យ ក្នុង​ការ​ជួយ​ពួក​សង្ឃ​បរិសុទ្ធ។b (អេសាយ ៦១:៥) ពី​ចំណោម​ពួក​ទាំង​នេះ ព្រះ​យេស៊ូ​តែងតាំង​«ឲ្យ​ធ្វើ​ជា​ចៅហ្វាយ​នៅ​គ្រប់​លើ​ផែនដី»។—ទំនុកដំកើង ៤៥:១៦

៨, ៩. តើ​មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ សំរាប់​ពួក​ហ្វូង​ធំ ពី​ការ​ពិនិត្យ​មើល​គ្រឿង​តុបតែង​ក្នុង​ទី​បរិសុទ្ធ?

៨ កាល​ដែល​ពួក​គេ​មិន​អាច​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​នៃ​គំរូ​ដើម ពួក​ហ្វូង​ធំ​នៃ​ជន​បរទេស អាច​រៀន​មេ​រៀន​ដ៏​មាន​តម្លៃ​ពី​គ្រឿង​តុបតែង​នៅ​ក្នុង​នោះ។ ដូច​ជើង​ចង្កៀង​ដែល​ត្រូវ​ការ​ឲ្យ​មាន​ប្រេង​ជានិច្ច​នោះ ពួក​ជន​បរទេស​ក៏​ត្រូវ​ការ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​យ៉ាង​នោះ​ដែរ ដើម្បី​ជួយ​គេ​ឲ្យ​យល់​សេចក្ដី​ពិត ពី​ពាក្យ​បន្ទូល​របស់​ព្រះ ដែល​ផ្ដល់​មក​តាម​រយៈ ‹អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ›។ (ម៉ាថាយ ២៤:៤៥​-​៤៧) ថែម​ទៀត ព្រះ​វិញ្ញាណ​របស់​ព្រះ ក៏​ជួយ​គេ​ឲ្យ​តប​ឆ្លើយ​នឹង​សេចក្ដី​អញ្ជើញ​នេះ​៖ «ព្រះ​វិញ្ញាណ នឹង​ប្រពន្ធ​ថ្មោង​ថ្មី[ពួក​សំណល់​ចាក់​ប្រេង​តាំង]ពោល​ថា ‹អញ្ជើញ​មក›! ហើយ​អ្នក​ណា​ដែល​ឮ ក៏​ថា អញ្ជើញ​មក​ដែរ អ្នក​ណា​ដែល​ស្រេក នោះ​មាន​តែ​មក ហើយ​អ្នក​ណា​ដែល​ចង់​បាន មាន​តែ​យក​ទឹក​ជីវិត​នោះ​ចុះ ឥត​ចេញ​ថ្លៃ​ទេ»។ (វិវរណៈ ២២:១៧) ដូច្នេះ​ហើយ ជើង​ចង្កៀង គឺ​ជា​ការ​រំឭក​ដល់​ហ្វូង​ធំ អំពី​កាតព្វកិច្ច​របស់​គេ ដើម្បី​បញ្ចេញ​ពន្លឺ​ជា​គ្រីស្ទាន ហើយ​ដើម្បី​ចៀស​វាង​ពី​អ្វីៗ​ទាំង​អស់ ដែល​ធ្វើ​ទុក្ខ​ដល់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ ទោះ​ជា​ខាង​ចរិយា គំនិត ពាក្យ​សំដី ឬ​ការ​ប្រព្រឹត្ត​ក៏​ដោយ។—អេភេសូរ ៤:៣០

៩ តុ​នំប៉័ង​តាំង​ទុក រំឭក​ពួក​ហ្វូង​ធំ​ឲ្យ​រក្សា​ភាព​វិញ្ញាណ​ឲ្យ​បាន​ល្អ។ ពួក​គេ​ត្រូវ​តែ​ទទួល​ទាន​អាហារ​ខាង​វិញ្ញាណ​ឲ្យ​បាន​ទៀងទាត់ ពី​ព្រះ​គម្ពីរ ហើយ​ពី​ប្រកាសនវត្ថុ​ឯ​ទៀត ដែល​មក​ពី‹អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ›។ (ម៉ាថាយ ៤:៤) អាសនា​នៃ​គ្រឿង​ក្រអូប រំឭក​ពួក​គេ អំពី​សារៈ​សំខាន់​នៃ​ការ​ខំ​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា ដើម្បី​ជួយ​គេ​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​គេ។ (លូកា ២១:៣៦) ក្នុង​ការ​អធិស្ឋាន​របស់​គេ គួរ​តែ​មាន​ពាក្យ​សរសើរ​និង​ពាក្យ​ថ្លែង​អំណរគុណ​ដ៏​អស់​ពី​ចិត្ត។ (ទំនុកដំកើង ១០៦:១) អាសនា​នៃ​គ្រឿង​ក្រអូប​នេះ ក៏​រំឭក​ពួក​គេ​ដែរ អំពី​ការ​សរសើរ​ព្រះ​តាម​វិធី​ផ្សេង​ទៀត ដូច​ជា តាម​រយៈ​ការ​ច្រៀង​ចំរៀង​ព្រះ​រាជាណាចក្រ​ដ៏​អស់​ពី​ចិត្ត​នៅ​ទី​ប្រជុំ ហើយ​តាម​រយៈ​ការ​រៀប​ចំ​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​«បាន​សង្គ្រោះ ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់»។—រ៉ូម ១០:១០

ជ័យជំនះ​ពេញទី​នៃ​ការ​ថ្វាយ​បង្គំ​ពិត

១០. (ក) តើ​យើង​អាច​ទន្ទឹង​ចាំ​អនាគត​ដ៏​អស្ចារ្យ​អ្វី? (ខ) តើ​ត្រូវ​មាន​អ្វី​កើត​ឡើង​ជា​មុន​សិន?

១០ នៅ​សព្វ​ថ្ងៃ​នេះ «ប្រជាជាតិ​ជា​ច្រើន» ចេញ​ពី​គ្រប់​សាសន៍ កំពុង​តែ​ប្រមូល​គ្នា​មក​ឯ​ដំណាក់​សំរាប់​ថ្វាយ​បង្គំ​នៃ​ព្រះ​យេហូវ៉ា។ (អេសាយ ២:២, ៣) ចំពោះ​រឿង​នេះ វិវរណៈ ១៥:៤ ថ្លែង​ថា​៖ «ឱ​ព្រះ​អម្ចាស់​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ត្រូវ​កោត​ខ្លាច​ដល់​ទ្រង់ ហើយ​សរសើរ​ដំកើង​ដល់​ព្រះ​នាម​ទ្រង់ ដ្បិត​មាន​តែ​ទ្រង់​១​ដែល​បរិសុទ្ធ គ្រប់​ទាំង​សាសន៍​នឹង​មក​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​ទ្រង់ ដ្បិត​ការ​សុចរិត​របស់​ទ្រង់ បាន​សំដែង​មក​ឲ្យ​ឃើញ​ហើយ»។ សាការី ជំពូក១៤ រៀប​រាប់​ប្រាប់​អ្វីៗ​ដែល​កើត​ឡើង​ជា​បន្តបន្ទាប់។ នៅ​អនាគត​ឆាប់ៗ​នេះ ប្រទូសរ៉ាយ​នៃ​មនុស្ស​ជា​ច្រើន​នៅ​ផែនដី នឹង​ឡើង​ដល់​កំពូល​បំផុត កាល​ដែល​គេ​ប្រមូល​គ្នា​គេ មក​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​យេរូសាឡិម​ជា​លើក​ចុង​ក្រោយ​បង្អស់—ជា​អ្នក​តំណាង​នៅ​ផែនដី​នៃ​ពួក​យេរូសាឡិម​នៃ​ស្ថានសួគ៌។ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ​ភ្លាម។ ជា​អ្នក​ចំបាំង ទ្រង់​«នឹង​ចេញ​ទៅ​ច្បាំង​នឹង​សាសន៍​ទាំង​នោះ» ដែល​ហ៊ាន​ធ្វើ​ចំបាំង​នេះ។—សាការី ១៤:២, ៣

១១, ១២. (ក) តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​យ៉ាង​ណា ចំពោះ​ការ​វាយ​ប្រហារ​ទូទាំង​ពិភពលោក មក​លើ​ពួក​អ្នក​ថ្វាយ​បង្គំ​ក្នុង​ព្រះ​វិហារ​របស់​ទ្រង់? (ខ) តើ​សង្គ្រាម​របស់​ព្រះ នឹង​មាន​លទ្ធផល​យ៉ាង​ណា?

១១ «ព្រះ​យេហូវ៉ា​នឹង​វាយ​អស់​ទាំង​សាសន៍ ដែល​បាន​ច្បាំង​នឹង​ក្រុង​យេរូសាឡិម ដោយ​សេចក្ដី​វេទនា​យ៉ាង​នេះ គឺ​សាច់​គេ​នឹង​រោយរៀវ​ទៅ កំពុង​ដែល​គេ​ឈរ​នៅ ភ្នែក​គេ​នឹង​រោយរៀវ​ទៅ ក្នុង​រង្វង់​ភ្នែក អណ្ដាត​គេ​នឹង​រោយរៀវ​ទៅ នៅ​ក្នុង​មាត់​គេ​ដែរ។ នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​ចលាចល​ជា​ធំ ដែល​មាន​មក​ពី​ព្រះ​យេហូវ៉ា កើត​ឡើង​នៅ​កណ្ដាល​គេ គ្រប់​គ្នា​នឹង​ចាប់​យក​អ្នកជិតខាង​ខ្លួន ហើយ​នឹង​លើក​ដៃ​ឡើង​ទាស់​នឹង​អ្នកជិតខាង​រៀង​ខ្លួន»។—សាការី ១៤:១២, ១៣

១២ យើង​មិន​ដឹង​ថា​សេចក្ដី​វេទនា​នេះ ជា​មែន​ទែន ឬ​ជា​ប្រៀបប្រដូច​ទេ ដូច្នេះ​យើង​នឹង​រង់ចាំ​មើល។ ប៉ុន្តែ មាន​អ្វី​មួយ​ដែល​យើង​ដឹង​ជា​ប្រាកដ។ កាល​ដែល​ពួក​សត្រូវ​របស់​ព្រះ កំពុង​រៀប​ចំ​ធ្វើ​ការ​ប្រយុទ្ធ​ទូទាំង​ពិភពលោក មក​លើ​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​នឹង​ត្រូវ​បញ្ឈប់​ដោយ​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ក្លា​បំផុត​របស់​ព្រះ។ នោះ​មាត់​របស់​គេ នឹង​នៅ​ស្ងៀម​ស្ងាត់។ នេះ​ហាក់​ដូច​ជា​អណ្ដាត​ដ៏​រឹង​ទទឹង​របស់​គេ បាន​រោយរៀវ​អស់​ទៅ។ គោល​ដៅ​ដ៏​ស្រុះ​គ្នា​របស់​គេ នឹង​ទៅ​ជា​ស្រវាំង ប្រៀប​ដូច​ជា​ភ្នែក​គេ​បាន​រោយរៀវ​ទៅ​ដែរ។ កំឡាំង​របស់​គេ ដែល​ធ្វើ​ឲ្យ​គេ​ហ៊ាន​ធ្វើ​ចំបាំង​នេះ សាប​សូន្យ​ទៅ។ ក្នុង​ចលាចល ពួក​គេ​នឹង​បែរ​មក​សំឡាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ដោយ​ហេតុ​នេះ ពួក​សត្រូវ​ទាំង​អស់​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​នៅ​ផែនដី នឹង​ត្រូវ​បំផ្លាញ​អស់។ នៅ​ទីបំផុត គ្រប់​សាសន៍ នឹង​ត្រូវ​បង្ខំ ឲ្យ​ទទួល​ស្គាល់​អធិបតេយ្យភាព​សកលលោក របស់​ព្រះ​យេហូវ៉ា។ ទំនាយ​នេះ​នឹង​បាន​សំរេច​ជា​មិន​ខាន​៖ «ឯ​ព្រះ​យេហូវ៉ា ទ្រង់​នឹង​បាន​ជា​មហាក្សត្រ​លើ​ផែនដី​ទាំង​ដុំ​មូល»។ (សាការី ១៤:៩) បន្ទាប់​មក សាតាំង​និង​ពួក​បិសាច​របស់​វា នឹង​ជាប់​ចំណង កាល​ដែល​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ នឹង​ចាប់​ផ្ដើម​ឡើង ដោយ​មាន​ពរ​ជា​ច្រើន ទុក​សំរាប់​មនុស្ស​លោក។—វិវរណៈ ២០:១, ២; ២១:៣, ៤

ដំណើរ​រស់​ឡើង​វិញ​នៅ​លើ​ផែនដី

១៣. តើ​«អស់​អ្នក​សល់​នៅ​ពី​គ្រប់​សាសន៍»​នេះ ជា​ពួក​ណា?

១៣ ទំនាយ​សាការីចែង​ត​ទៅ​ទៀត នៅ​ជំពូក១៤ ខ១៦ ថា​៖ «រួច​មក អស់​អ្នក​សល់​នៅ​ពី​គ្រប់​សាសន៍​ដែល​មក​ច្បាំង​នឹង​ក្រុង​យេរូសាឡិម គេ​នឹង​ឡើង​មក​រាល់​តែ​ឆ្នាំ ដើម្បី​ថ្វាយ​បង្គំ​មហាក្សត្រ គឺ​ជា​ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ ក៏​នឹង​កាន់​រក្សា​បុណ្យ​បារាំ»។ យោង​ទៅ​តាម​ព្រះ​គម្ពីរ មនុស្ស​ទាំង​អស់​ណា​ដែល​នៅ​រស់ រហូត​ដល់​ទីបញ្ចប់​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ ហើយ​ដែល​ត្រូវ​បាន​ជំនុំជំរះ ថា​ជា​សត្រូវ​នៃ​ការ​ថ្វាយ​បង្គំ​ពិត អ្នក​នោះ​នឹង​ជាប់​មាន​«ទោស ជា​សេចក្ដី​ហិនវិនាស​អស់កល្ប​ជានិច្ច»។ (ថែស្សាឡូនីចទី២ ១:៧​-​៩; សូម​មើល ម៉ាថាយ ២៥:៣១​-​៣៣, ៤៦) ពួក​គេ​នឹង​មិន​ទទួល​ដំណើរ​រស់​ឡើង​វិញ​ទេ។ រីឯ​«អស់​អ្នក​សល់» ដែល​រួម​ទាំង​សមាជិក​នៃ​សាសន៍​ទាំង​ឡាយ ដែល​បាន​ស្លាប់​មុន​សង្គ្រាម​ចុង​ក្រោយ​បង្អស់​របស់​ព្រះ អ្នក​ដែល​មាន​សង្ឃឹម​ក្នុង​ព្រះ​គម្ពីរ​ទាំង​អស់​នោះ នឹង​ទទួល​ដំណើរ​រស់​ឡើង​វិញ។ ព្រះ​យេស៊ូ​បាន​សន្យា​ថា «ដ្បិត​មាន​ពេល​វេលា​មក ដែល​​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក គឺ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត ឯ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​វិញ គេ​នឹង​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស»។—យ៉ូហាន ៥:២៨, ២៩

១៤. (ក) តើ​ពួក​អ្នក​រស់​ឡើង​វិញ ត្រូវ​តែ​ធ្វើ​អ្វី ដើម្បី​ឲ្យ​បាន​ជីវិត​អស់កល្ប​ជានិច្ច? (ខ) ចំពោះ​ពួក​អ្នក​ដែល​មិន​ព្រម​ថ្វាយ​ខ្លួន​ទៅ​ព្រះ​យេហូវ៉ា ហើយ​អនុវត្ត​ការ​ថ្វាយ​បង្គំ​ពិត តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​គេ?

១៤ មនុស្ស​ដែល​រស់​ឡើង​វិញ​ទាំង​អស់​នេះ ត្រូវ​តែ​ធ្វើ​អ្វី​មួយ ដើម្បី​ឲ្យ​ដំណើរ​រស់​ឡើង​វិញ​របស់​គេ ទៅ​ជា​មាន​ជីវិត គឺ​មិន​ទៅ​ជា​ជាប់​មាន​ទោស។ ពួក​គេ​ត្រូវ​តែ​មក​ឯ​ទីលាន​នៅ​ផែនដី​នៃ​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា ហើយ​ត្រូវ​ក្រាប​ថ្វាយ​បង្គំ ដើម្បី​ឧទ្ទិស​ទៅ​ព្រះ តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ។ ពួក​អ្នក​រស់​ឡើង​វិញ​ណា ដែល​មិន​ព្រម​ធ្វើ​តាម​បំណង​នេះ​ទេ នោះ​នឹង​រង​ទុក្ខ​សេចក្ដី​វេទនា ដែល​ធ្លាក់​មក​លើ​ពួក​សាសន៍​នៃ​សម័យ​នេះ។ (សាការី ១៤:១៨) គ្មាន​អ្នក​ណា​ដឹង​ថា ពួក​អ្នក​រស់​ឡើង​វិញ​មាន​ចំនួន​ប៉ុន្មាន​នាក់​ទេ ដែល​នឹង​មក​ចូល​រួម​ដោយ​រីករាយ ជា​មួយ​ពួក​ហ្វូង​ធំ ក្នុង​ការ​ធ្វើ​បុណ្យ​បារាំ​ដូច​ពីដើម​នោះ។ ប្រាកដ​ហើយ នឹង​មាន​មនុស្ស​ជា​ច្រើន​អនេក ហើយ​ជា​លទ្ធផល ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា នឹង​ពោរពេញ​ទៅ​ដោយ​សិរី​ល្អ​លើស​លុប​ទៀត!

បុណ្យ​បារាំ​គំរូ​ដើម

១៥. (ក) តើ​បុណ្យ​បារាំ​ក្នុង​អ៊ីស្រាអែល​ពី​បុរាណ មាន​លក្ខណៈ​ល្អៗ​ណា​ខ្លះ? (ខ) ហេតុ​អ្វី​ក៏​ត្រូវ​ថ្វាយ​គោ​ឈ្មោល៧០ក្បាល ក្នុង​បុណ្យ​នោះ?

១៥ រៀង​រាល់​ឆ្នាំ សាសន៍​អ៊ីស្រាអែល​ពី​បុរាណ ត្រូវ​តែ​ធ្វើ​បុណ្យ​បារាំ។ បុណ្យ​នេះ​ត្រូវ​ធ្វើ​ឡើង​អស់​រយៈ​មួយ​អាទិត្យ ហើយ​ត្រូវ​ចប់​នៅ​ចុង​រដូវ​ច្រូត​កាត់។ នេះ​ជា​វេលា​សំរាប់​ថ្លែង​គុណ​ដ៏​សប្បាយ​រីករាយ។ ក្នុង​រយៈ​ពេល​មួយ​អាទិត្យ​នោះ ពួក​គេ​ត្រូវ​តែ​រស់​នៅ​ក្នុង​ជម្រក​បណ្ដោះ​អាសន្ន ដែល​ធ្វើ​ឡើង​ពី​ស្លឹក​ឈើ ជា​ពិសេស ធាងចាក។ បុណ្យ​នេះ​រំឭក​អ៊ីស្រាអែល អំពី​របៀប​ដែល​ព្រះ​បាន​ជួយ​សង្គ្រោះ​ជីដូន​ជីតា​របស់​គេ កាល​គេ​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​អំពី​របៀប​ព្រះ​មើល​ថែរក្សា​គេ កាល​ដែល​គេ​រស់​នៅ​តាម​តូប អស់៤០ឆ្នាំ ក្នុង​ទី​ហោរ​ស្ថាន រហូត​ដល់​គេ​បាន​មក​ដល់​ស្រុក​សន្យា។ (លេវីវិន័យ ២៣:៣៩​-​៤៣) ក្នុង​កំឡុង​បុណ្យ​នោះ គោ​ឈ្មោល៧០ក្បាល ត្រូវ​បូជា​នៅ​លើ​អាសនា​នៃ​ព្រះ​វិហារ។ ភស្តុតាង​បង្ហាញ​ថា លក្ខណៈ​នៃ​បុណ្យ​នេះ តំណាង​កិច្ចការ​សង្គ្រោះ​ជីវិត​ដ៏​គ្រប់​ល័ក្ខណ៍ ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ធ្វើ។ ផល​ប្រយោជន៍​នៃ​យញ្ញបូជា​លោះ​នេះ ក្រោយ​មក នឹង​បាន​ចែក​ចាយ​ទៅ​ដល់​កូន​ចៅ​ជា​ច្រើន​អនេក ពី​៧០​គ្រួសារ​មនុស្ស​លោក ដែល​ចេញ​មក​ពី​លោក​ណូអេ។—លោកុប្បត្តិ ១០:១​-​២៩; ជនគណនា ២៩:១២​-​៣៤; ម៉ាថាយ ២០:២៨

១៦, ១៧. (ក) តើ​បុណ្យ​បារាំ​គំរូ​ដើម បាន​ចាប់​ផ្ដើម​នៅ​ពេល​ណា ហើយ​បាន​ជួប​ឧបសគ្គ​អ្វី? (ខ) តើ​ហ្វូង​ធំ​បាន​ចូល​រួបរួម​ក្នុង​បុណ្យ​នេះ​យ៉ាង​ណា?

១៦ ដូច្នេះ​ហើយ បុណ្យ​បារាំ​ពី​បុរាណ​នេះ សំដៅ​ទៅ​ការ​ប្រមូល​ដ៏​សប្បាយ​រីករាយ​នៃ​ពួក​អ្នក​ដែល​បាន​លោះ ឲ្យ​មក​ចូល​ក្នុង​ព្រះ​វិហារ​ខាង​វិញ្ញាណ​ធំ​របស់​ព្រះ​យេហូវ៉ា។ ការ​សំរេច​នៃ​បុណ្យ​នេះ ចាប់​ផ្ដើម​នៅ​ភិន្ដាកុស ក្នុង​ឆ្នាំ​៣៣ ស.យ. ជា​គ្រា​ចាប់​ផ្ដើម​ប្រមូល​ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណ ឲ្យ​មក​ចូល​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន។ (កិច្ចការ ២:៤១, ៤៦, ៤៧) ពួក​អ្នក​ចាក់​ប្រេង​តាំង​ទាំង​នេះ​ជ្រាប​ថា គេ​ជា ‹អ្នក​សំណាក់​នៅ​បណ្ដោះ​អាសន្ន› ក្នុង​លោកីយ៍​របស់​សាតាំង ពីព្រោះ​ពួក​គេ​ជា​«សាសន៍​ស្ថានសួគ៌»។ (ពេត្រុសទី១ ២:១១; ភីលីព ៣:២០) ការ​ប្រមូល​ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណ​នេះ ត្រូវ​បាន​ផ្អាក​ដោយសារ​ការ​ក្បត់​ជំនឿ ដែល​ជា​លទ្ធផល បង្កើត​ឲ្យ​មាន​ពិភព​គ្រីស្ទ​សាសនា។ (ថែស្សាឡូនីចទី២ ២:១​-​៣) យ៉ាង​ណា​ក៏​ដោយ បុណ្យ​នេះ​បាន​ចាប់​ផ្ដើម​ឡើង​វិញ​ក្នុង​ឆ្នាំ​១៩១៩ ដោយ​មាន​ការ​ប្រមូល​ដ៏​រីករាយ​នៃ​សមាជិក​ចុង​ក្រោយ នៃ​អ៊ីស្រាអែល​ខាង​វិញ្ញាណ​១៤៤.០០០​នាក់ ហើយ​បន្ទាប់​មក មាន​ការ​ប្រមូល​ហ្វូង​ធំ​អន្តរជាតិ នៃ​វិវរណៈ ៧:៩។

១៧ ហ្វូង​ធំ​ត្រូវ​បាន​ពណ៌នា​ថា មាន​កាន់​ធាងចាក​នៅ​ដៃ ហើយ​នេះ​បង្ហាញ​ថា ពួក​គេ​ក៏​ជា​អ្នក​ចូល​រួបរួម​ធ្វើ​បុណ្យ​បារាំ​គំរូ​ដើម​នេះ ដោយ​រីករាយ​ដែរ។ ជា​គ្រីស្ទាន​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន ពួក​គេ​សប្បាយ​រីករាយ​នឹង​ចូល​រួបរួម​ក្នុង​កិច្ចការ​ប្រមូល​ពួក​អ្នក​ថ្វាយ​បង្គំ​ច្រើន​ទៀត ឲ្យ​ចូល​ក្នុង​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត ជា​អ្នក​មាន​បាប ពួក​គេ​ដឹង​ថា គេ​ពុំ​មាន​សិទ្ធិ​រស់​នៅ​ជា​អចិន្ត្រៃយ៍​នៅ​លើ​ផែនដី​នេះ​ទេ។ ដូច្នេះ ជា​មួយ​នឹង​ពួក​អ្នក​ដែល​នឹង​រស់​ឡើង​វិញ​នា​អនាគត ពួក​គេ​ត្រូវ​តែ​អនុវត្ត​ជំនឿ ទៅ​លើ​យញ្ញបូជា​លោះ​របស់​ព្រះ​គ្រីស្ទ រហូត​ដល់​គេ​បាន​ទទួល​ភាព​គ្រប់​ល័ក្ខណ៍​នៃ​មនុស្ស នៅ​ចុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ។—វិវរណៈ ២០:៥

១៨. (ក) តើ​មាន​អ្វី​កើត​ឡើង​នៅ​ចុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ? (ខ) តើ​ការ​ថ្វាយ​បង្គំ​ពិត​នៃ​ព្រះ​យេហូវ៉ា នឹង​បាន​ជោគជ័យ​យ៉ាង​ណា នៅ​ទីបំផុត?

១៨ បន្ទាប់​មក ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​នៅ​លើ​ផែនដី នឹង​ឈរ​នៅ​ពី​មុខ​ទ្រង់ ជា​មនុស្ស​គ្រប់​ល័ក្ខណ៍ ដោយ​មិន​ចាំបាច់​មាន​សង្ឃ​នៃ​ស្ថានសួគ៌។ ពេល​វេលា​នឹង​មក​ដល់ ដែល​ព្រះ​យេស៊ូ «នឹង​ប្រគល់​នគរ ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​ទៅ​វិញ»។ (កូរិនថូសទី១ ១៥:២៤) សាតាំង​នឹង​ត្រូវ​ដោះ​លែង ‹មួយ​រយៈ​ខ្លី› ដើម្បី​សាក​ល្បង​ដល់​ភាព​ល្អ​គ្រប់​ល័ក្ខណ៍​នៃ​មនុស្ស។ ពួក​អ្នក​មិន​ស្មោះ​ត្រង់ នឹង​ត្រូវ​បំផ្លាញ​ចោល ជា​មួយ​សាតាំង​និង​ពួក​បិសាច​របស់​វា។ រីឯ​ពួក​អ្នក​ដែល​ស្មោះ​ត្រង់​វិញ នោះ​នឹង​បាន​ទទួល​ជីវិត​អស់កល្ប​ជានិច្ច។ ពួក​គេ​នឹង​ទៅ​ជា​អ្នក​សំណាក់​ជា​អចិន្ត្រៃយ៍​នៅ​លើ​ផែនដី​មនោរម្យ។ ដូច្នេះ បុណ្យ​បារាំ​គំរូ​ដើម​នេះ នឹង​មក​ដល់​ទីបញ្ចប់​ដោយ​រុងរឿង​និង​ជោគជ័យ។ នៅ​គ្រា​នោះ ការ​ថ្វាយ​បង្គំ​ពិត​នឹង​បាន​ជោគជ័យ ដោយ​មាន​សិរី​ល្អ​ដ៏​អស់កល្ប​ជានិច្ច​ដល់​ព្រះ​យេហូវ៉ា ហើយ​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច​ដល់​មនុស្ស​លោក។—វិវរណៈ ២០:៣, ៧​-​១០, ១៤, ១៥

[កំណត់​សម្គាល់]

a ចំពោះ​ការ​អធិប្បាយ​មួយ​ខៗ អំពី​សាការី ជំពូក១៤ សូម​មើល​សៀវភៅ Paradise Restored to Mankind—By Theocracy! បោះ​ពុម្ព​ក្នុង​ឆ្នាំ​១៩៧២ ដោយ​សមាគម​ប៉មយាម​ខាង​ព្រះ​គម្ពីរ​និង​ខិត​ប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ នៅ​ជំពូក២១ និង​២២។

b បើ​ចង់​បាន​ពត៌មាន​ថែម​ទៀត អំពី​ពួក​នេធីនិម​នៃ​សម័យ​ទំនើប សូម​មើល ប៉មយាម ១៥ មេសា ១៩៩២ ទំព័រ ១៦។ (ភាសា​អង់គ្លេស)

សំនួរ​សំរាប់​ពិនិត្យ​ឡើង​វិញ

◻ ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​មួយ តើ​«ក្រុង​យេរូសាឡិម» ត្រូវ​បាន​វាយ​ប្រហារ​មក​លើ​យ៉ាង​ណា?—សាការី ១៤:២

◻ តើ​មាន​អ្វី​កើត​ឡើង​ដល់​ប្រជា​រាស្ត្រ​របស់​ព្រះ តាំង​ពី​ឆ្នាំ​១៩១៩?

◻ តើ​ពួក​ណា​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ បាន​ចូល​រួម​ក្នុង​ការ​ធ្វើ​បុណ្យ​បារាំ​គំរូ​ដើម?

◻ តើ​ការ​ថ្វាយ​បង្គំ​ពិត នឹង​បាន​ជោគជ័យ​ទាំង​អស់​យ៉ាង​ណា?

[រូបភាព​នៅ​ទំព័រ​២០]

ធាងចាក​ត្រូវ​បាន​ប្រើ​ក្នុង​ពិធី​បុណ្យ​បារាំ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក