របៀបសម្គាល់សាសនាដែលបង្រៀនសេចក្ដីពិត
ស្ទើរតែគ្រប់សាសនាទាំងអស់អះអាងថា ពួកគេជាអ្នកផ្សាយសាររបស់ព្រះ។ ដូច្នេះ យកល្អឲ្យយើងធ្វើតាមពាក្យរបស់លោកយ៉ូហានដែលជាសាវ័កម្នាក់របស់ព្រះយេស៊ូ។ គាត់បានសរសេរថា៖ «មិត្តជាទីស្រឡាញ់អើយ! កុំជឿគ្រប់បណ្ដាំទាំងអស់ឡើយ។ ប៉ុន្តែ ចូរពិសោធមើលថា តើបណ្ដាំនោះមកពីព្រះឬមិនមែន ពីព្រោះក្នុងពិភពលោកនេះ មានមនុស្សជាច្រើនដែលបានលេចមក ក្លែងខ្លួនជាអ្នកនាំពាក្យរបស់ព្រះ»។ (យ៉ូហានទី១ ៤:១, ព.ថ.) តើយើងអាចពិសោធមើលបណ្ដាំផ្សេងៗបានយ៉ាងណា ដើម្បីឲ្យដឹងថាបណ្ដាំនោះមកពីព្រះឬមិនមែន?
អ្វីៗទាំងអស់ដែលមកពីព្រះសុទ្ធតែបង្ហាញពីសេចក្ដីស្រឡាញ់ ដែលជាគុណសម្បត្ដិសំខាន់ចម្បងរបស់លោក។ ជាឧទាហរណ៍ ពេលយើងថើបផ្កាដែលមានក្លិនក្រអូប ព្រមទាំងដឹងក្លិនឈ្ងុយឆ្ងាញ់ដូចជានំប៉័ងដែលទើបចេញពីឡ ឬពេលផ្សំគ្រឿងសម្ល នេះបង្ហាញថាព្រះស្រឡាញ់យើង។ ពេលយើងឃើញមេអំបៅដែលមានពណ៌ចម្រុះគ្នា និងថ្ងៃលិចដែលមានសម្រស់ស្អាត ព្រមទាំងមើលកូនង៉ែតញញឹមដាក់យើង របស់ទាំងនេះជាអ្វីដែលបញ្ជាក់ថាព្រះស្រឡាញ់យើងមែន។ ណាមួយទៀត សមត្ថភាពស្ដាប់សំឡេងក៏បង្ហាញថាព្រះយេហូវ៉ាស្រឡាញ់យើងដែរ។ យើងអាចឮសំឡេងចាបយំ ស្ដាប់ភ្លេងពីរោះៗ និងស្គាល់សំឡេងរបស់បងប្អូនញាតិមិត្តដែលជាទីស្រឡាញ់។ ទោះជាយើងមិនមានលក្ខណៈល្អទាំងស្រុងក៏ដោយ យើងក៏នៅតែអាចបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះបានដែរ។ ហេតុនេះហើយ បានជា‹បើយើងអោយដល់គេ នោះយើងនឹងបានសុភមង្គលច្រើនជាង› ដូចដែលព្រះយេស៊ូបានបង្រៀន។ (កិច្ចការ ២០:៣៥, ខ.ស.) យើងចូលចិត្តបង្ហាញសេចក្ដីស្រឡាញ់ពីព្រោះព្រះយេហូវ៉ាបានបង្កើតមនុស្ស«ដូចរូបអង្គ»លោកដែរ។ (លោកុប្បត្តិ ១:២៧) ព្រះយេហូវ៉ាមានគុណសម្បត្ដិជាច្រើន ប៉ុន្តែសេចក្ដីស្រឡាញ់របស់លោកជាគុណសម្បត្ដិដែលយើងគួរកត់សម្គាល់ជាងគេ។
សេចក្ដីស្រឡាញ់របស់ព្រះក៏ត្រូវលេចធ្លោក្នុងធម៌ដែលមកពីលោក។ ប៉ុន្តែ មានធម៌សាសនាបុរាណយ៉ាងច្រើនក្នុងពិភពលោកនេះ ដូច្នេះតើធម៌ទាំងនោះបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះទេ?
ពេលពិនិត្យមើលធម៌ចាស់បុរាណជាច្រើននោះ យើងឃើញថាកម្រណាស់មានធម៌ណាពន្យល់អំពីរបៀបព្រះបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើង ឬរបៀបដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោកវិញ។ ហេតុនេះហើយបានជាមនុស្សរាប់លាននាក់ចេះតែសួរថា «បើរបស់សព្វសារពើក្នុងធម្មជាតិបង្ហាញថាព្រះអង្គស្រឡាញ់យើងមែន ហេតុអ្វីក៏មានអំពើអាក្រក់និងការឈឺចាប់ច្រើនម្ល៉េះ?»។ គួរឲ្យស្ដាយដែលធម៌ភាគច្រើនមិនឆ្លើយសំណួរនេះដែលមនុស្សចេះតែសួរទេ។ ប៉ុន្តែ ព្រះគម្ពីរបរិសុទ្ធជាធម៌ចាស់បុរាណតែមួយគត់ដែលពន្យល់យ៉ាងក្បោះក្បាយអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធក៏ជួយបង្រៀនអំពីរបៀបដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដែរ។
សៀវភៅដែលប្រាប់អំពីសេចក្ដីស្រឡាញ់
ព្រះគម្ពីរដែលជាបណ្ដាំរបស់ព្រះយេហូវ៉ាពន្យល់ថា លោកជា«ប្រភពនៃសេចក្ដីស្រឡាញ់»។ (កូរិនថូសទី២ ១៣:១១, ខ.ស.) ព្រះគម្ពីរបរិសុទ្ធរៀបរាប់អំពីមនុស្សមួយគូមុនគេដែលព្រះយេហូវ៉ាបានបង្កើត ថាពួកគេមិនចេះឈឺហើយមិនត្រូវស្លាប់ទេ។ ពួកគេមានជីវិតដែលគ្មានទុក្ខបែបនោះពីព្រោះព្រះយេហូវ៉ាស្រឡាញ់មនុស្ស។ ប៉ុន្តែ ពេលមនុស្សបានបះបោរប្រឆាំងនឹងអំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ា ពួកគេក៏ចាប់ផ្ដើមរងទុក្ខវេទនាដែរ។ (ចោទិយកថា ៣២:៤, ៥; រ៉ូម ៥:១២) យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាបានចាត់វិធានការដើម្បីរៀបចំឲ្យមនុស្សមានជីវិតដែលគ្មានទុក្ខទៀតទេ។ ធម៌របស់ព្រះយេហូវ៉ាចែងថា៖ ‹ព្រះអង្គស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីអោយអស់អ្នកដែលជឿលើបុត្រាព្រះអង្គ នឹងមានជីវិតជារៀងរហូត គឺមិនអោយគេវិនាសឡើយ›។ (យ៉ូហាន ៣:១៦, ខ.ស.) ព្រះគម្ពីរបរិសុទ្ធពន្យល់ទៀតថា ព្រះយេហូវ៉ាបានរៀបចំរដ្ឋាភិបាលល្អឥតខ្ចោះមួយ ហើយបានប្រទានឲ្យព្រះយេស៊ូមានអំណាចគ្រប់គ្រងដើម្បីជួយនាំមនុស្សដែលស្ដាប់បង្គាប់ព្រះមានភាពសុខសាន្ត។ នេះជាវិធីមួយទៀតដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្ស។—ដានីយ៉ែល ៧:១៣, ១៤; ពេត្រុសទី២ ៣:១៣
ព្រះគម្ពីររៀបរាប់ជាសរុបអំពីភារកិច្ចរបស់មនុស្សដោយពន្យល់ថា យើងត្រូវ‹ស្រឡាញ់ព្រះឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីគំនិត›។ ប៉ុន្តែព្រះគម្ពីរពន្យល់ទៀតថា៖ «នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ ហើយបញ្ញត្តទី២ក៏បែបដូចគ្នា គឺថា៖ ‹ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង›។ បណ្ដាក្រិត្យវិន័យនឹងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សំរេចនៅបទបញ្ញត្តទាំង២ប្រការនេះឯង»។ (ម៉ាថាយ ២២:៣៧-៤០) ព្រះគម្ពីរពន្យល់ថា ព្រះបានបណ្ដាលឲ្យមនុស្សសរសេរធម៌របស់លោក។ ដោយសារសំណេរក្នុងព្រះគម្ពីរបង្ហាញពីលក្ខណៈរបស់ព្រះយេហូវ៉ា នោះយើងអាចជឿជាក់ថា ព្រះគម្ពីរបរិសុទ្ធពិតជាមកពីព្រះដែលជា«ប្រភពនៃសេចក្ដីស្រឡាញ់»។—ធីម៉ូថេទី២ ៣:១៦
ដូច្នេះ យើងអាចសម្គាល់ធម៌ពីចាស់បុរាណដែលមកពីព្រះពិតមែន ដោយពិនិត្យមើលថា តើធម៌នោះបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាឬយ៉ាងណា? ណាមួយទៀត ពួកអ្នកដែលថ្វាយបង្គំព្រះពិតក៏អាចត្រូវសម្គាល់បានដែរ ដោយសារសេចក្ដីស្រឡាញ់ដែលពួកគេបង្ហាញតាមគំរូរបស់ព្រះយេហូវ៉ា។
របៀបសម្គាល់មនុស្សដែលស្រឡាញ់ព្រះពិត
យើងកំពុងតែរស់នៅគ្រាដែលព្រះគម្ពីរហៅថា «ជាន់ក្រោយបង្អស់»នៃពិភពលោកនេះ។ ដូច្នេះមិនជាការពិបាកទេ ឲ្យយើងសម្គាល់ពួកអ្នកដែលពិតជាស្រឡាញ់ព្រះ ពីព្រោះនៅសព្វថ្ងៃនេះ ‹មនុស្សចេះតែស្រឡាញ់ខ្លួនឯង ស្រឡាញ់ប្រាក់ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ›។—ធីម៉ូថេទី២ ៣:១-៤
តើអ្វីជួយសម្គាល់មនុស្សដែលស្រឡាញ់ព្រះពិត? ព្រះគម្ពីរចែងថា៖ «នេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្ត»លោក។ (យ៉ូហានទី១ ៥:៣) ពេលមនុស្សស្រឡាញ់ព្រះយេហូវ៉ា ពួកគេក៏មានសីលធម៌ស្របទៅតាមអ្វីដែលកត់ទុកក្នុងព្រះគម្ពីរ។ ជាឧទាហរណ៍ បណ្ដាំរបស់ព្រះ គឺព្រះគម្ពីរ មានច្បាប់អំពីការរួមភេទនិងការរៀបអាពាហ៍ពិពាហ៍។ ព្រះយេហូវ៉ាមិនពេញចិត្តសោះចំពោះមនុស្សដែលរួមភេទជាមួយអ្នកដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួន។ ណាមួយទៀត ព្រះយេហូវ៉ាចង់ឲ្យពីរនាក់ស្វាមីភរិយារួមរស់នៅជាមួយគ្នារហូត។ (ម៉ាថាយ ១៩:៩; ហេព្រើរ ១៣:៤) ស្ត្រីម្នាក់នៅប្រទេសអេស្ប៉ាញជានិស្សិតខាងទ្រឹស្តីសាសនា ហើយគាត់បានចូលរួមកិច្ចប្រជុំរបស់សាសនាស្មរបន្ទាល់ព្រះយេហូវ៉ាពេលកម្មវិធីនោះទាក់ទងនឹងច្បាប់សីលធម៌ក្នុងព្រះគម្ពីរ។ អ្នកស្រីប្រាប់ពីទស្សនៈរបស់គាត់ថា៖ «កម្មវិធីនោះបានលើកទឹកចិត្តខ្ញុំណាស់ មិនគ្រាន់តែដោយសារសុន្ទរកថាដែលជួយបកស្រាយន័យព្រះគម្ពីរទេ តែដោយសារសាមគ្គីភាពរបស់ពួកគេ ហើយដោយសារពួកគេមានការប្រព្រឹត្តនិងសីលធម៌ល្អដែរ»។
យើងមិនគ្រាន់តែសម្គាល់គ្រិស្តសាសនិកពិតដោយសារសេចក្ដីស្រឡាញ់ដែលពួកគេបង្ហាញចំពោះព្រះប៉ុណ្ណោះ តែដោយសារសេចក្ដីស្រឡាញ់ដែលពួកគេបង្ហាញចំពោះពួកអ្នកជិតខាងដែរ។ កិច្ចការសំខាន់ចម្បងដែលពួកគ្រិស្តសាសនិកធ្វើនោះ គឺការនិយាយជាមួយអ្នកដទៃអំពីព្រះរាជាណាចក្ររបស់ព្រះ ពីព្រោះមានតែព្រះរាជាណាចក្រនោះប៉ុណ្ណោះដែលអាចជួយមនុស្សលោកបាន។ (ម៉ាថាយ ២៤:១៤) ការជួយពួកអ្នកជិតខាងឲ្យស្គាល់ព្រះពិត ជាកិច្ចការតែមួយគត់ដែលនាំឲ្យមានប្រយោជន៍ជារៀងរហូត។ (យ៉ូហាន ១៧:៣) ពួកគ្រិស្តសាសនិកពិតក៏បង្ហាញសេចក្ដីស្រឡាញ់តាមរបៀបឯទៀតដែរ។ ពួកគេជួយមនុស្សដែលកំពុងតែកើតទុក្ខ។ ជាឧទាហរណ៍ ពេលមានការហិនហោចនៅប្រទេសអ៊ីតាលីដោយសាររញ្ជួយផែនដី កាសែតមួយនៅទីនោះបានឲ្យដឹងថា ពួកស្មរបន្ទាល់ព្រះយេហូវ៉ា«ចេះតែផ្ដល់ជំនួយដល់អស់អ្នកដែលកំពុងតែរងទុក្ខ មិនថាជនរងគ្រោះទាំងនោះកាន់សាសនាណាក៏ដោយ»។
ពួកគ្រិស្តសាសនិកមិនគ្រាន់តែស្រឡាញ់ព្រះនិងពួកអ្នកជិតខាងប៉ុណ្ណោះទេ តែពួកគេក៏ស្រឡាញ់គ្នាទៅវិញទៅមកផងដែរ។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំឲ្យសេចក្ដីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នាដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។—យ៉ូហាន ១៣:៣៤, ៣៥
តើសេចក្ដីស្រឡាញ់ដែលពួកគ្រិស្តសាសនិកបង្ហាញចំពោះគ្នាទៅវិញទៅមកពិតជាមានលក្ខណៈខុសគ្នាពីអ្នកដទៃឬទេ? នៅប្រទេសបូលីវី (ទ្វីបអាម៉េរិកខាងត្បូង) មនុស្សជនជាតិភាគតិចច្រើនតែក្រ តែអ្នកទីក្រុងច្រើនតែជាអ្នកមានវិញ។ នារីឈ្មោះអេម៉ាជាអ្នកបម្រើម្នាក់ដែលរស់នៅទីក្រុងឡាប៉ាស ហើយនាងគិតថាពួកគ្រិស្តសាសនិកពិតបានបង្ហាញសេចក្ដីស្រឡាញ់ប្លែកពីអ្នកដទៃ។ នាងពន្យល់ថា៖ «លើកទីមួយដែលខ្ញុំបានចូលរួមក្នុងកិច្ចប្រជុំរបស់សាសនាស្មរបន្ទាល់ព្រះយេហូវ៉ា ខ្ញុំឃើញបុរសម្នាក់ដែលស្លៀកពាក់ខោអាវថ្លៃកំពុងតែសន្ទនាជាមួយស្ត្រីជនជាតិភាគតិចម្នាក់ដែលអង្គុយជាមួយគាត់។ ខ្ញុំមិនដែលឃើញអ្នកណាធ្វើដូច្នេះឡើយ។ មួយរំពេចនោះ ខ្ញុំយល់ថាមនុស្សដែលកាន់សាសនានេះច្បាស់ជារាស្ត្ររបស់ព្រះមែន»។ ស្រដៀងគ្នាដែរ នារីម្នាក់ឈ្មោះមីរៀមនៅប្រទេសប្រេស៊ីល មានប្រសាសន៍ថា៖ «ខ្ញុំមិនដែលមានសុភមង្គលសោះ សូម្បីតែក្នុងក្រុមគ្រួសាររបស់ខ្ញុំក៏អត់មានដែរ។ លើកទីមួយដែលខ្ញុំបានឃើញមនុស្សបង្ហាញសេចក្ដីស្រឡាញ់ពិត គឺក្នុងចំណោមពួកស្មរបន្ទាល់ព្រះយេហូវ៉ា»។ នៅសហរដ្ឋអាម៉េរិក បុរសម្នាក់ដែលជាអ្នករៀបចំកម្មវិធីផ្សាយព័ត៌មានសម្រាប់ប៉ុស្តិ៍ទូរទស្សន៍មួយ គាត់បានសរសេរសំបុត្រផ្ញើចំពោះអង្គការស្មរបន្ទាល់ព្រះយេហូវ៉ាថា៖ «បើមនុស្សឯទៀតបានធ្វើតាមអ្វីដែលសាសនារបស់អ្នកបង្រៀន ប្រទេសយើងនឹងលែងមានស្ថានការណ៍អាក្រក់ទៀត។ ខ្ញុំជាអ្នកផ្សាយព័ត៌មានម្នាក់ដែលពិតជាដឹងថា អង្គការរបស់អ្នកមានសេចក្ដីស្រឡាញ់ជាមូលដ្ឋានគ្រឹះ ព្រមទាំងជំនឿមាំមួនលើព្រះដែលជាអ្នកបង្កើតទាំងអស់»។
ចូរស្វែងរកសាសនាពិត
សេចក្ដីស្រឡាញ់ជាលក្ខណៈសំខាន់មួយដែលសម្គាល់ពួកអ្នកដែលថ្វាយបង្គំព្រះពិត។ ព្រះយេស៊ូបានបង្រៀនថា ការស្វែងរកសាសនាពិតអាចប្រៀបដូចជាការរកច្រកចូលត្រឹមត្រូវមួយ រួមទាំងការសម្រេចចិត្តដើរតាមច្រកនោះ។ ច្រកចូលតាមទ្វារត្រឹមត្រូវតែមួយគត់នោះ អាចនាំឲ្យបានជីវិតជារៀងរហូត។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្ដីហិនវិនាស នោះធំហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ។ តែឯទ្វារដែលនាំទៅឯជីវិត នោះតូចហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»។ (ម៉ាថាយ ៧:១៣, ១៤) តាមពិត មានគ្រិស្តសាសនិកពិតតែមួយក្រុមប៉ុណ្ណោះដែលមានសាមគ្គីភាពជាមួយនឹងព្រះយេហូវ៉ាក្នុងការថ្វាយបង្គំពិត។ ដូច្នេះ ជម្រើសសាសនាពិតជារឿងសំខាន់មែន! បើអ្នករកឃើញហើយសម្រេចចិត្តកាន់តាមសាសនាដែលបង្រៀននូវសេចក្ដីពិត នោះអ្នកនឹងបានវិថីជីវិតដ៏ប្រសើរបំផុត ពីព្រោះរបៀបរស់នៅនោះមានមូលដ្ឋានលើសេចក្ដីស្រឡាញ់។—អេភេសូរ ៤:១-៤
សូមគិតអំពីអំណរដែលលោកអ្នកអាចមានពេលថ្វាយបង្គំព្រះពិត។ នេះអាចប្រៀបដូចជាអ្នកកំពុងតែដើរជាមួយនឹងព្រះ ហើយជាលទ្ធផលនោះ អ្នកនឹងទទួលប្រាជ្ញាហើយរៀនឲ្យចេះបង្ហាញសេចក្ដីស្រឡាញ់ដែរ ដើម្បីឲ្យមានទំនាក់ទំនងល្អជាមួយមនុស្សដទៃ។ លោកអ្នកអាចរៀនអំពីមូលហេតុដែលព្រះយេហូវ៉ាបានបង្កើតមនុស្ស ហើយក៏អាចយល់អំពីសេចក្ដីសន្យារបស់លោកដែលនាំឲ្យយើងមានក្ដីសង្ឃឹមចំពោះពេលអនាគត។ គឺច្បាស់ហើយថា បើលោកអ្នកខំស្វែងរកសាសនាដែលបង្រៀនសេចក្ដីពិត នោះអ្នកនឹងគ្មានហេតុស្ដាយអ្វីឡើយ!
[រូបភាពនៅទំព័រ៥]
ទោះជាមានធម៌សាសនាបុរាណជាច្រើនក៏ដោយ មានតែព្រះគម្ពីរបរិសុទ្ធទេ ដែលពន្យល់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា
[រូបភាពនៅទំព័រ៧]
យើងអាចសម្គាល់គ្រិស្តសាសនិកពិតបាន ដោយសារសេចក្ដីស្រឡាញ់ដែលពួកគេបង្ហាញ