មនុស្សឥតមេត្ដា
ម៉ារីយ៉ាមានអាយុ៦៤ឆ្នាំហើយរស់នៅផ្ទះម្នាក់ឯង។ ពេលចូលផ្ទះ គេបានប្រទះឃើញសពគាត់ដែលត្រូវវាយនិងរឹតកដោយប្រើខ្សែលួស។
ហ្វូងមនុស្សដែលមានកំហឹងខ្លាំងបានវ៉ៃប៉ូលិសបីនាក់ដោយចោទថា គេបានចាប់ជំរឹតក្មេងពីរនាក់។ ហ្វូងមនុស្សបានចាក់សាំងហើយដុត នគរបាលពីរនាក់ស្លាប់ក្នុងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។ នគរបាលម្នាក់ទៀតបានគេចរួចខ្លួន។
មានទូរស័ព្ទអនាមិកប្រាប់ពួកអាជ្ញាធរពីព័ត៌មានដែលនាំឲ្យគេរកឃើញអ្វីដ៏គួរឲ្យហួសចិត្ត ពោលគឺសពទេសចរបួននាក់ដែលបានកប់ក្នុងសួនច្បារ។ បុរសបួននាក់នោះបានត្រូវគេចងមុខចងដៃ។ ការវះមើលសពបង្ហាញឲ្យដឹងថា បួននាក់នោះបានត្រូវកប់ទាំងរស់។
អំពើអាក្រក់ព្រៃផ្សៃទាំងនេះមិនមែនជាអ្វីដែលកើតឡើងនៅក្នុងរឿងភាពយន្តទេ។ រឿងទាំងនេះសុទ្ធតែជាហេតុការណ៍ពិតដែលពេលថ្មីៗនេះបានរាយការណ៍ទូទៅក្នុងប្រទេសមួយនៅទ្វីបអាម៉េរិកខាងត្បូង។ ប៉ុន្តែ មិនមែនមានតែប្រទេសមួយនោះប៉ុណ្ណោះទេ ដែលមានមនុស្សធ្វើអំពើអាក្រក់ដោយឥតញញើតបែបនេះ។
រៀងរាល់ថ្ងៃ មនុស្សតែងតែធ្វើអំពើអាក្រក់ដោយគ្មានប្រណី។ ដូចជាការទម្លាក់គ្រាប់បែក អំពើភេរវកម្ម ការកាប់ចាក់ លួចប្លន់ បាញ់សម្លាប់និងចាប់រំលោភជាដើម។ ពួកអ្នកផ្សាយព័ត៌មានរាយការណ៍អំពីការអាក្រក់សាហាវព្រៃផ្សៃឥតឈប់ឈរ ដល់ម្ល៉េះបានជាមនុស្សលែងភ្ញាក់ផ្អើលទៀតហើយ។
លោកអ្នកប្រហែលឆ្ងល់ថា ‹ម្ដេចបានជាមនុស្សចេះតែអាក្រក់ទៅៗយ៉ាងនេះ? តើមនុស្សសុទ្ធតែគ្មានមេត្ដាដោយមិនចេះគិតដល់អ្នកដទៃ? តើលែងមាននរណាម្នាក់ឲ្យតម្លៃចំពោះជីវិតទៀតឬ?›។ ហេតុអ្វីបានជាមានស្ថានភាពបែបនេះ?
សូមគិតអំពីលោកហេរី ដែលមានអាយុ៦៩ឆ្នាំ។ គាត់មានជំងឺមហារីក ហើយភរិយារបស់គាត់ក៏មានជំងឺជាទម្ងន់ដែរ តែអ្នកជិតខាងនិងមិត្តភក្ដិតែងតែជួយគាត់ទាំងពីរនាក់។ លោកមានប្រសាសន៍ថា៖ «បើអ្នកទាំងនេះមិនបានជួយយើង ខ្ញុំអត់ដឹងធ្វើម៉េចទេ»។ លោកហេរីរស់នៅប្រទេសកាណាដា ហើយការស្រាវជ្រាវបង្ហាញឲ្យដឹងថា នៅប្រទេសនោះ៥០ភាគរយនៃពួកអ្នកដែលជួយថែទាំមនុស្សវ័យចាស់មិនមែនជាសាច់ញាតិរបស់ពួកគេទេ។ លោកអ្នកច្បាស់ជាស្គាល់មនុស្សល្អដែលមានចិត្តមេត្ដាហើយចេះជួយអ្នកជិតខាងរបស់ខ្លួន។ នេះបង្ហាញឲ្យឃើញថា មិនមែនមនុស្សទាំងអស់គ្មានមេត្ដានោះទេ តែក៏មានមនុស្សដែលចេះប្រព្រឹត្តដោយសប្បុរសនិងអាណិតអាសូរដែរ។
បើដូច្នេះ ហេតុអ្វីក៏មានអំពើអាក្រក់យង់ឃ្នងច្រើនម្ល៉េះ? តើអ្វីជំរុញមនុស្សឲ្យធ្វើអំពើឃោរឃៅដោយឥតញញើតបែបនេះ? តើមនុស្សដែលគ្មានមេត្ដាអាចកែប្រែបានទេ? តើមនុស្សដែលគ្មានមេត្ដានឹងមានរហូតទេ? បើអាចលែងមានមែន តើពេលណាទៅ ហើយយ៉ាងដូចម្ដេច?
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
Train: CORDON PRESS