មនុស្សដែលគ្មានមេត្ដា តើនឹងមានរហូតទេ?
មនុស្សជាច្រើនឯកភាពថា អាត្មានិយមជាដើមហេតុមួយដែលនាំឲ្យមនុស្សប្រព្រឹត្តដោយឥតមេត្ដា។ សង្គមមនុស្សសព្វថ្ងៃច្រើនតែគិតពីប្រយោជន៍ខ្លួនឯង ពីព្រោះយូរឆ្នាំមុននេះ គំនិតអញនិយមត្រូវបានបំផុសជាទូទៅ។ ជាលទ្ធផល មនុស្សសុខចិត្តធ្វើអ្វីក៏ដោយដើម្បីសម្រេចការរបស់ខ្លួនបាន ទោះបីជាគេត្រូវប្រព្រឹត្តដោយឥតមេត្ដាក្ដី។ នេះមិនគ្រាន់តែជាបញ្ហាបុគ្គលម្នាក់ៗទេ តែជាបញ្ហាសង្គមជាតិទាំងមូលវិញ។
ឥឡូវនេះមនុស្សលែងចេះគិតដល់ប្រយោជន៍អ្នកដទៃហើយ។ អ្នកខ្លះក៏សប្បាយនឹងធ្វើឲ្យមនុស្សគ្នីគ្នាឈឺចាប់ផង។ គេចូលចិត្តធ្វើបាបមនុស្សឯទៀតយកជាការកម្សាន្ត ដូចឧក្រិដ្ឋជនដែលសារភាពថា គេរំភើបចិត្តណាស់ពេលគេបានធ្វើអាក្រក់ដល់អ្នកដទៃ។ ហើយចុះយ៉ាងណាចំពោះមនុស្សរាប់លាននាក់ដែលចូលចិត្តមើលកុនសាហាវឃោរឃៅ? គឺដោយសារមូលហេតុនោះបានជាគេផលិតភាពយន្តបែបនេះកាន់តែច្រើនឡើងៗ។ ដោយសារមនុស្សម្នាចូលចិត្តមើលកុនបែបនេះច្រើនហួសហេតុ និងស្ដាប់សារព័ត៌មានអាក្រក់ៗជាញឹកញយពេក នោះពួកគេបែរជាលែងមានចិត្តអាណិតអាសូរទៀតហើយ។
បើមនុស្សឮ ឃើញហើយរងគ្រោះពេលអ្នកដទៃប្រព្រឹត្តដោយឥតប្រណីលើគេ នេះតែងតែមានឥទ្ធិពលអាក្រក់លើចិត្តគំនិត ហើយអាចបណ្ដាលឲ្យគេប្រព្រឹត្តដោយគ្មានមេត្ដាដែរ។ សាស្ដ្រាចារ្យម្នាក់បានស្រាវជ្រាវអំពីអំពើឃោរឃៅដែលបណ្ដាលមកពីមជ្ឈដ្ឋានអាក្រក់ជុំវិញខ្លួន។ គាត់មានប្រសាសន៍ថា៖ «សង្គមជាតិអប់រំយើងឲ្យប្រើអំពើឃោរឃៅ . . . ពេលមជ្ឈដ្ឋានជុំវិញយើងអនុញ្ញាតនិងលើកទឹកចិត្តយើងឲ្យប្រើអំពើហិង្សា នោះយើងនឹងប្រព្រឹត្តតាមអ្វីដែលយើងត្រូវបានបង្រៀន»។ (សាស្ដ្រាចារ្យ Noemí Díaz Marroquín នៅសកលវិទ្យាល័យ National Autonomous University ប្រទេសម៉ិកស៊ិក) នេះមានន័យថា មនុស្សដែលបានរងគ្រោះពេលអ្នកដទៃប្រើអំពើហិង្សាលើគេ ទំនងជានឹងក្លាយទៅជាមនុស្សដែលគ្មានមេត្ដា ឬរហូតដល់ប្រើអំពើហិង្សាដូចគ្នាវិញ។
ក្នុងករណីផ្សេងទៀត មនុស្សដែលប្រើគ្រឿងញៀនដែលអាចរួមបញ្ចូលជាតិស្រវឹងផង ច្រើនតែមានចិត្តទោរទន់ទៅរកអំពើឃោរឃៅ។ ណាមួយទៀត ពេលប្រជាជនមានកំហឹងចំពោះរដ្ឋាភិបាលដែលមិនផ្ដល់អ្វីដែលពួកគេត្រូវការ នោះក៏អាចជំរុញចិត្តមនុស្សខ្លះឲ្យប្រើអំពើហិង្សា។ អ្នកទាំងនេះប្រើអំពើសាហាវព្រៃផ្សៃនិងធ្វើភេរវកម្មដើម្បីបញ្ជាក់ពីទស្សនៈរបស់គេ ហើយនេះតែងតែប៉ះពាល់ដល់ជីវិតមនុស្សដែលមិនលូកដៃប្រឡូកចូលក្នុងរឿងទាំងនោះ។
ប៉ុន្តែ លោកអ្នកប្រហែលជាឆ្ងល់ថា ‹តើមនុស្សជាតិបានបែរជាគ្មានមេត្ដាដោយចិត្តខ្លួនឯងប៉ុណ្ណោះឬ? តើអ្នកណានៅពីក្រោយខ្នងមនុស្សដែលប្រព្រឹត្តអំពើឃោរឃៅទាំងនោះ?›។
មនុស្សដែលគ្មានមេត្ដា តើអ្នកណានៅពីក្រោយខ្នងគេ?
មានការពន្យល់ក្នុងគម្ពីរបរិសុទ្ធថា ទេវតាអាក្រក់ឈ្មោះអារក្សសាតាំងមានឥទ្ធិពលខ្លាំងលើមនុស្សសព្វថ្ងៃ ហើយក្នុងគម្ពីរនោះវាបានត្រូវហៅថា ជា«ព្រះរបស់[ពិភពលោក]នេះ»។ (កូរិនថូសទី២ ៤:៤) សាតាំងជាអ្នកដែលមានអាត្មានិយមច្រើនជាងគេ ហើយវាក៏កាចសាហាវជាងអ្នកឯទៀតក្នុងសកលលោកនេះ។ ព្រះយេស៊ូបានហៅវាជា«អ្នកសំឡាប់គេ» ហើយជា«ឪពុក»ឬអ្នកដែល«ពោលពាក្យភូតភរ»មុនគេបង្អស់។—យ៉ូហាន ៨:៤៤
តាំងពីបុរសនិងស្ត្រីមុនគេបង្អស់ (ឈ្មោះអ័ដាមនិងអេវ៉ា) មិនបានស្ដាប់បង្គាប់ព្រះ នោះមនុស្សទាំងឡាយស្ថិតនៅក្រោមឥទ្ធិពលខ្លាំងក្លារបស់សាតាំង។ (លោកុប្បត្តិ ៣:១-៧, ១៦-១៩) ប្រមាណ១.៥០០ឆ្នាំក្រោយអ័ដាមនិងអេវ៉ាបានធ្វើខុសច្បាប់ព្រះ ទេវតាមួយចំនួនក៏បានបះបោរប្រឆាំងនឹងលោកដែរ ដោយប្រែរូបកាយជាមនុស្សហើយរួមដំណេកជាមួយស្ត្រីនៅលើផែនដី។ ក្រោយមក ស្ត្រីទាំងនោះបានបង្កើតកូនខុសប្លែកពីធម្មតាដែលបានពណ៌នាក្នុងគម្ពីរថា ជាមនុស្សរូបធំសម្បើម។ តើពួកគេមានលក្ខណៈអ្វីប្លែកពីគេ? ពាក្យភាសាដើមដែលបកប្រែថា រូបធំសម្បើមនោះ មានន័យចំៗថា «អ្នកដែលធ្វើឲ្យអ្នកដទៃដួល»។ ដូច្នេះតាមមើលទៅ អ្នកទាំងនោះជាមនុស្សដែលធ្វើអំពើប្រាសចាកសីលធម៌ព្រមទាំងសាហាវឃោរឃៅហើយគ្មានមេត្ដាផង។ មានតែព្រះទេដែលអាចលុបបំបាត់ពួកគេចោលដោយធ្វើឲ្យមានទឹកជន់លិចផែនដី។ (លោកុប្បត្តិ ៦:៤, ៥, ១៧) មនុស្សរូបធំសម្បើមទាំងនោះបានស្លាប់បាត់អស់រលីងក្នុងទឹកជំនន់ តែឪពុកទាំងឡាយរបស់វាដែលជាទេវតាអាក្រក់ដែលយើងមើលមិនឃើញ បានឡើងទៅស្ថានលើវិញ។—ពេត្រុសទី១ ៣:១៩, ២០
យើងដឹងថាទេវតាបះបោរទាំងនោះមានចិត្តសាហាវឥតមេត្ដាមែន ពេលយើងអានកំណត់ហេតុអំពីក្មេងប្រុសម្នាក់នៅសម័យព្រះយេស៊ូ។ កំណត់ហេតុនោះរៀបរាប់អំពីអារក្សឬទេវតាអាក្រក់ដែលធ្វើឲ្យក្មេងប្រុសប្រកាច់ដួលននៀលនៅដី ព្រមទាំងបោះវាទៅក្នុងភ្លើងនិងទឹកជាញយៗ ដោយមានបំណងបំផ្លាញក្មេងនោះចោល។ (ម៉ាកុស ៩:១៧-២២) នេះបង្ហាញយ៉ាងច្បាស់ថា ពួកទេវតាដែលជា«អំណាចអាក្រក់»នោះ មានចិត្តគំនិតដូចមេវា គឺអារក្សសាតាំងដែលឥតចេះអាណិតមេត្ដាសោះ។—អេភេសូរ ៦:១២
នៅសម័យនេះ ពួកទេវតាអាក្រក់នៅតែបញ្ចុះបញ្ចូលមនុស្សឲ្យប្រព្រឹត្តអំពើឃោរឃៅដោយឥតញញើតដដែល។ ស្ថានការណ៍នេះបានត្រូវទាយទុកជាមុនក្នុងគម្ពីរថា៖ «នៅជាន់ក្រោយបង្អស់នឹងមានគ្រាលំបាកណាស់»។ ក៏មានការរៀបរាប់ក្នុងគម្ពីរព្រះអំពីស្ថានភាពនៅគ្រានេះថា៖ ‹មនុស្សនឹងស្រឡាញ់តែខ្លួនឯង អួតអាង មានឫកខ្ពស់ រមិលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់គ្នាតាមធម្មតា និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ចូលចិត្តនឹងល្បែងលេងជាជាងព្រះ ហើយធ្វើដូចជាអ្នកគោរពព្រះតែមិនធ្វើតាមទេ›។—ធីម៉ូថេទី២ ៣:១-៥
បទទំនាយឯទៀតបង្ហាញអំពីដើមហេតុនៃស្ថានភាពដ៏ពិបាកម្ល៉េះដែលយើងមាននៅគ្រានេះ។ នេះគឺដោយសារនៅឆ្នាំ១៩១៤ ព្រះយេស៊ូគ្រិស្តបានបង្កើតរាជរដ្ឋាភិបាលថ្មីមួយដែលជារាជាណាចក្ររបស់ព្រះ ហើយភ្លាមៗនោះលោកបានបោះទម្លាក់សាតាំងនិងទេវតាអាក្រក់ទាំងឡាយរបស់វាចេញពីស្ថានសួគ៌មក។ មានសេចក្ដីប្រកាសក្នុងគម្ពីរថា៖ «វេទនាដល់ផែនដីនឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំងដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។—វិវរណៈ ១២:៥-៩, ១២
តើនេះមានន័យថា គ្មានសង្ឃឹមទេឬ? យោងទៅតាមសាស្ដ្រាចារ្យនៅសកលវិទ្យាល័យម៉ិកស៊ិកខាងលើនោះ «មនុស្សអាចរៀនឲ្យកែប្រែអាកប្បកិរិយាមិនល្អបាន»។ ប៉ុន្តែ សាតាំងមានឥទ្ធិពលខ្លាំងទៅលើមនុស្សទូទាំងផែនដី ដូច្នេះមិនងាយឲ្យពួកគេកែប្រែទេ លើកលែងតែពួកគេអនុញ្ញាតឲ្យឥទ្ធិពលល្អហើយខ្លាំងជាងមានអានុភាពលើគំនិតនិងការប្រព្រឹត្តរបស់ខ្លួន។ តើអ្វីដែលមានឥទ្ធិពលល្អនោះ?
គេអាចកែប្រែបាន តើតាមរបៀបណា?
គួរឲ្យរីករាយណាស់ ដែលសកម្មពលរបស់ព្រះមានឥទ្ធិពលខ្លាំងជាងគេ ហើយអាចឈ្នះលើអំណាចរបស់ពួកទេវតាអាក្រក់បាន។ សកម្មពលរបស់ព្រះបណ្ដុះបណ្ដាលឲ្យមនុស្សស្រឡាញ់គ្នានិងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ប៉ុន្តែ បើមនុស្សចង់ទទួលសកម្មពលពីព្រះយេហូវ៉ា ពួកគេត្រូវតែធ្វើតាមបំណងចិត្តរបស់លោកហើយជៀសវាងទាំងស្រុងពីការប្រព្រឹត្តដោយឥតមេត្ដា។ នេះមានន័យថា មនុស្សត្រូវកែប្រែលក្ខណៈរបស់ខ្លួនស្របទៅតាមតម្រូវការរបស់ព្រះយេហូវ៉ា។ តើព្រះយេហូវ៉ាចង់ឲ្យយើងធ្វើអ្វី? ព្រះយេហូវ៉ាចង់ឲ្យយើងប្រព្រឹត្តដូចលោកឲ្យអស់ពីសមត្ថភាព។ នេះបានសេចក្ដីថា យើងត្រូវតែមានទស្សនៈដូចព្រះយេហូវ៉ាចំពោះមនុស្សដទៃ។—អេភេសូរ ៥:១, ២; កូល៉ុស ៣:៧-១០
ពេលយើងពិនិត្យមើលនូវរបៀបដែលព្រះយេហូវ៉ាបានសម្រេចការផ្សេងៗ យើងជឿជាក់ថា លោកតែងតែយកចិត្តទុកដាក់ចំពោះមនុស្សជាតិ ហើយមិនដែលប្រព្រឹត្តដោយអយុត្ដិធម៌លើមនុស្សណាឡើយ។ សូម្បីតែចំពោះសត្វផង ព្រះយេហូវ៉ាមិនដែលប្រព្រឹត្តដោយឥតមេត្ដាឡើយ។a (ចោទិយកថា ២២:១០; ទំនុកដំកើង ៣៦:៧; សុភាសិត ១២:១០) ការអ្វីក៏ដោយដែលមនុស្សប្រព្រឹត្តដោយឥតអាណិតអាសូរ នោះព្រះយេហូវ៉ាស្អប់ណាស់ ហើយលោកក៏ស្អប់អស់អ្នកដែលធ្វើអំពើដោយឥតប្រណីផង។ (សុភាសិត ៣:៣១, ៣២) ព្រះយេហូវ៉ាតម្រូវឲ្យគ្រិស្តសាសនិកបង្កើតឲ្យមានលក្ខណៈថ្មីដែលជួយពួកគេឲ្យចេះលើកកិត្ដិយសដល់អ្នកដទៃ។ (ភីលីព ២:២-៤) លក្ខណៈថ្មីរបស់គ្រិស្តសាសនិករួមបញ្ចូលគុណសម្បត្ដិដូចជា «ចិត្តក្ដួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់»។ ហើយកុំភ្លេចសេចក្ដីស្រឡាញ់ ពីព្រោះសេចក្ដីស្រឡាញ់ជា‹ចំណងគ្រប់លក្ខណ៍›។ (កូល៉ុស ៣:១២-១៤) តើលោកអ្នកយល់ស្របទេ ថាសង្គមមនុស្សយើងពិតជានឹងប្រសើរជាងមែន បើគ្រប់គ្នាមានលក្ខណៈបែបនេះ?
ប៉ុន្តែ លោកអ្នកប្រហែលជាឆ្ងល់ថា តើមនុស្សពិតជាមានលទ្ធភាពកែប្រែលក្ខណៈរបស់ខ្លួនឲ្យបានល្អរហូតទេ? សូមគិតអំពីគំរូរបស់បុរសម្នាក់ឈ្មោះម៉រធីន។b ពីមុនគាត់មានទម្លាប់គំហកដាក់ភរិយានៅមុខកូន ព្រមទាំងវ៉ៃនាងយ៉ាងសាហាវឥតញញើត។ ម៉រធីនបានវាយភរិយាខ្លាំងដល់ម្ល៉េះ បានជាម្ដងនោះកូនគាត់បានរត់ទៅសុំជំនួយពីអ្នកជិតខាង។ ប៉ុន្មានឆ្នាំក្រោយមក ក្រុមគ្រួសាររបស់ម៉រធីនបានចាប់ផ្ដើមរៀនគម្ពីរជាមួយពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ ម៉រធីនរៀនអំពីលក្ខណៈដែលគាត់គួរមាន ហើយអំពីរបៀបដែលគាត់គួរប្រព្រឹត្តទៅលើអ្នកដទៃដែរ។ តើគាត់អាចកែប្រែបានទេ? ភរិយារបស់ម៉រធីនឆ្លើយថា៖ «ពីមុន ប្ដីខ្ញុំសាហាវណាស់ពេលគាត់មានកំហឹង។ ជាលទ្ធផល យូរឆ្នាំមកហើយពួកយើងទាល់គំនិតមិនដឹងថាត្រូវធ្វើដូចម្ដេចទេ។ ខ្ញុំមិនដឹងរកពាក្យអ្វីដើម្បីថ្លែងអំណរគុណចំពោះព្រះយេហូវ៉ាដែលបានជួយប្ដីខ្ញុំឲ្យកែប្រែឡើយ។ ឥឡូវគាត់ជាឪពុកល្អ ហើយជាស្វាមីល្អប្រសើរដែរ»។
នេះជាឧទាហរណ៍តែមួយប៉ុណ្ណោះ ក្នុងចំណោមឧទាហរណ៍ជាច្រើននៃមនុស្សរាប់លាននាក់ដែលបានរៀនគម្ពីរជាមួយពួកស្មរបន្ទាល់ព្រះយេហូវ៉ា ហើយបានកែប្រែដោយឈប់ប្រព្រឹត្តដោយឥតមេត្ដា។ ត្រូវមែន មនុស្សអាចកែប្រែបាន!
មនុស្សដែលគ្មានមេត្ដាជិតលែងមានទៀតហើយ
ព្រះយេស៊ូគ្រិស្តជាអ្នកគ្រប់គ្រងដែលតែងតែបង្ហាញចិត្តអាណិតអាសូរចំពោះមនុស្សជាតិ។ រាជាណាចក្ររបស់ព្រះដែលជារាជរដ្ឋាភិបាលនៅស្ថានសួគ៌បានរៀបចំហើយ។ ពេលឆាប់ៗខាងមុខនេះ ព្រះយេស៊ូនឹងមានអំណាចទាំងស្រុងទៅលើមនុស្សនៅផែនដីទាំងមូល។ រាជរដ្ឋាភិបាលរបស់ព្រះយេស៊ូបានបោសសម្អាតស្ថានសួគ៌រួចហើយ ដោយដេញសាតាំងដែលជាប្រភពនៃអំពើអាក្រក់ទាំងឡាយចេញ ព្រមទាំងទេវតាដែលធ្វើតាមវាផង។ មិនយូរប៉ុន្មានទៀត រាជាណាចក្ររបស់ព្រះនឹងបំពេញសេចក្ដីត្រូវការរបស់រាស្ត្រលោកនៅលើផែនដីដែលស្រឡាញ់សេចក្ដីសុខ។ (ទំនុកដំកើង ៣៧:១០, ១១; អេសាយ ១១:២-៥) នេះហើយជាដំណោះស្រាយតែមួយគត់ចំពោះបញ្ហាដែលមនុស្សមាននៅសព្វថ្ងៃនេះ។ ប៉ុន្តែ ចុះយ៉ាងណាបើមនុស្សប្រព្រឹត្តដោយឥតមេត្ដាមកលើយើងឥឡូវនេះ មុនពេលដែលរាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងនោះ?
ការសងសឹកមិនអាចជួយយើងបានទេ តែបង្កើតឲ្យមានអំពើហិង្សាថែមទៀត។ យោបល់ក្នុងគម្ពីរបរិសុទ្ធលើកទឹកចិត្តយើងឲ្យទុកចិត្តលើព្រះយេហូវ៉ា ពីព្រោះលោកនឹង«សងដល់មនុស្សទាំងអស់តាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេ»។ ព្រះយេហូវ៉ានឹងចាត់វិធានការទៅតាមពេលកំណត់របស់លោក។ (យេរេមា ១៧:១០) (សូមមើលប្រអប់ដែលមានចំណងជើងថា «អ្វីដែលយើងគួរធ្វើ») នៅសព្វថ្ងៃនេះ លោកអ្នកប្រហែលជាអាចរងគ្រោះដោយសារឧក្រិដ្ឋជនដែលគ្មានមេត្ដា។ (សាស្ដា ៩:១១) ប៉ុន្តែ ព្រះយេហូវ៉ាអាចបំបាត់ចោលនូវអនុស្សាវរីយ៍ដ៏ជូរចត់ដែលបន្សល់ទុកពីអំពើដែលគេប្រព្រឹត្តដោយឥតមេត្ដា។ ទោះបើយើងរងគ្រោះដល់ស្លាប់ក្ដី នោះព្រះយេហូវ៉ានឹងប្រោសយើងឲ្យរស់ឡើងវិញស្របទៅតាមអ្វីដែលលោកបានសន្យាពីមុន។—យ៉ូហាន ៥:២៨, ២៩
ដូច្នេះ សូម្បីតែពេលមនុស្សជាច្រើនធ្វើអំពើកាចសាហាវដោយឥតប្រណីក៏ដោយ នោះយើងមិនភ័យព្រួយច្រើនហួសហេតុពេក ពីព្រោះយើងមានមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ហើយជឿជាក់ទៅលើសេចក្ដីសន្យារបស់លោក។ ជាឧទាហរណ៍ សូមគិតអំពីស្ត្រីម្នាក់ឈ្មោះសារ៉ាដែលបានចិញ្ចឹមកូនប្រុសពីរនាក់ហើយផ្គត់ផ្គង់ឲ្យគេរៀនបានខ្ពស់ ទោះជាគាត់គ្មានស្វាមីក្ដី។ ពេលសារ៉ាមានវ័យចាស់ កូនទាំងពីរនាក់បានបោះបង់ចោលគាត់ជាម្ដាយ ហើយមិនបានចិញ្ចឹមឬថែទាំគាត់សោះ សូម្បីតែពេលគាត់មានសុខភាពទ្រុឌទ្រោមក៏ដោយ។ ឥឡូវ អ្នកស្រីជាគ្រិស្តសាសនិកម្នាក់ហើយគាត់មានប្រសាសន៍ថា៖ «ខ្ញុំតែងតែពិបាកចិត្តមែន ប៉ុន្តែព្រះយេហូវ៉ាមិនបានបោះបង់ចោលខ្ញុំទេ។ ពេលបងប្អូនរួមជំនឿមកសួរសុខទុក្ខខ្ញុំ ខ្ញុំមានអារម្មណ៍ថាព្រះកំពុងជួយ។ ខ្ញុំជឿជាក់ថា មិនយូរប៉ុន្មានទៀតព្រះយេហូវ៉ានឹងដោះស្រាយបញ្ហារបស់ខ្ញុំ ហើយក៏នឹងជួយអស់អ្នកដែលពឹងលើកម្លាំងដែលព្រះប្រទានឲ្យ ព្រមទាំងធ្វើតាមបង្គាប់របស់លោក»។
តើអ្នកណាជាបងប្អូនរួមជំនឿជាមួយអ្នកស្រីសារ៉ា? ពួកគេជាគ្រិស្តសាសនិកដែលហៅថាស្មរបន្ទាល់ព្រះយេហូវ៉ា។ ពួកគេមានគ្នាច្រើននៅទូទាំងពិភពលោក ជាក្រុមមនុស្សដែលបង្ហាញចិត្តអាណិតអាសូរចំពោះអ្នកដទៃ ហើយពួកគេក៏ជឿជាក់ថា មិនយូរប៉ុន្មានទៀតផែនដីនេះនឹងលែងមានមនុស្សដែលគ្មានមេត្ដាដែរ។ (ពេត្រុសទី១ ២:១៧) អារក្សសាតាំងដែលជាប្រភពនៃអំពើអាក្រក់ព្រៃផ្សៃ និងមនុស្សទាំងឡាយដែលប្រព្រឹត្តដូចវា នឹងរលាយសាបសូន្យអស់។ សម័យនេះដែលអ្នកនិពន្ធម្នាក់ហៅថា ជា«គ្រាសាហាវឃោរឃៅ»នឹងលែងមានទៀត។ យើងសូមលើកទឹកចិត្តលោកអ្នកឲ្យមានទំនាក់ទំនងជាមួយនឹងពួកស្មរបន្ទាល់ព្រះយេហូវ៉ា ដើម្បីរៀនថែមទៀតអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យនេះ។
[កំណត់សម្គាល់]
a បើចង់ដឹងច្រើនថែមទៀតអំពីគុណសម្បត្ដិនិងលក្ខណៈរបស់ព្រះយេហូវ៉ា សូមមើលសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា ដែលបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
b ឈ្មោះខ្លះមិនមែនជាឈ្មោះពិតទេ។
[ប្រអប់នៅទំព័រ៦]
អ្វីដែលយើងគួរធ្វើ
គម្ពីរបរិសុទ្ធមានយោបល់ល្អៗអំពីអ្វីដែលយើងគួរធ្វើពេលប្រទះឃើញមនុស្សដែលគ្មានមេត្ដា។ សូមគិតអំពីរបៀបដែលលោកអ្នកអាចធ្វើតាមយោបល់ល្អៗតទៅនេះ:
‹កុំឲ្យថា៖«អញនឹងសងសឹក»នោះឡើយ ចូររង់ចាំព្រះយេហូវ៉ាចុះ! លោកនឹងជួយសង្គ្រោះអ្នកវិញ›។—សុភាសិត ២០:២២
‹បើសិនជាអ្នកឃើញគេសង្កត់សង្កិនមនុស្សទាល់ក្រ ឬពួកច្រឡោតកំពុងតែបង្វែរសេចក្ដីយុត្ដិធម៌នឹងសេចក្ដីសុចរិត នោះកុំឲ្យឆ្ងល់ពីការនោះឡើយ ដ្បិតមានអ្នកមួយដែលខ្ពស់ជាងកំពុងត្រួតមើល›។—សាស្ដា ៥:៨
«មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក»។—ម៉ាថាយ ៥:៥
«អស់ទាំងការអ្វីដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោក ប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ»។—ម៉ាថាយ ៧:១២
‹កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ ត្រូវតែខំសំដែងកិរិយាល្អនៅចំពោះមុខមនុស្សទាំងអស់វិញ។ ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ! បើសិនជាបាន ឱពួកស្ងួនភ្ងាអើយ! កុំឲ្យសងសឹកឡើយ ចូរថយចេញពីសេចក្ដីកំហឹងទៅ ដ្បិតមានសេចក្ដីចែងទុកមកថា៖ «លោកម្ចាស់មានបន្ទូលថា ការសងសឹកនោះស្រេចនឹងខ្ញុំ ខ្ញុំនឹងសងដល់គេ»›។—រ៉ូម ១២:១៧-១៩
‹ព្រះគ្រីស្ទបានរងទុក្ខជំនួសយើង ទាំងទុកដំរាប់ឲ្យយើងរាល់គ្នាដើរតាមលំអានដានលោក . . . កាលគេបានជេរប្រមាថលោក នោះលោកមិនបានជេរតបវិញទេ។ ខណៈដែលព្រះគ្រីស្ទរងទុក្ខ នោះលោកមិនបានគំហកកំហែងដល់គេដែរ តែបានប្រគល់ព្រះអង្គលោកទៅព្រះដែលជំនុំជំរះដោយសុចរិតវិញ›។—ពេត្រុសទី១ ២:២១-២៣
[រូបភាពនៅទំព័រ៧]
ព្រះយេហូវ៉ាបានបង្រៀនមនុស្សជាច្រើនឲ្យឈប់ប្រព្រឹត្តដោយឥតមេត្ដា